មេរៀនទី៩​៖ ២៤‑៣០ សីហា ២០១៩

អ្នកបម្រើព្រះនៅក្នុងពួកជំនុំគម្ពីរសញ្ញាថ្មី

Jeans
ថ្ងៃសៅរ៍ ទី២៤ សីហា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ កិច្ចការ ២:៤២‑៤៧, កិច្ចការ ៩:៣៦, កូរិនថូសទី២ ៨:៧‑១៥, រ៉ូម ១២, កូរិនថូសទី១ ១៥:២៦។

ខចងចាំ៖ «រីឯ​សាសនា​ដ៏​បរិសុទ្ធ ឥត​ខ្ចោះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បិតា​ជា​ម្ចាស់​វិញ គឺ​ស្ថិត​នៅ​លើ​ការ​ទៅ​សួរ​សុខ​ទុក្ខ​ក្មេង​កំព្រា និង​ស្ត្រី​មេ‌ម៉ាយ​ដែល​មាន​ទុក្ខ​លំបាក ព្រម​ទាំង​ស្ថិត​នៅ​លើ​ការ​រក្សា​ខ្លួន​ឲ្យ​ផុត​ពី​អំពើ​សៅ‌ហ្មង​របស់​លោកីយ៍​នេះ» (យ៉ាកុប ១:២៧,​ គខប)។

ក្នុងខគម្ពីរម៉ាថាយ ២៨:១៨‑២០ ព្រះយេស៊ូវបានប្រាប់ពួកសិស្សអំពីអ្វីដែលព្រះអង្គចង់ឲ្យពួកគេធ្វើ។ ខទាំងនេះគឺជាមហាបញ្ជាចុងក្រោយ។ សព្វថ្ងៃនេះ គ្រីស្ទានជាច្រើននិយាយថា ខទាំងនេះបង្ហាញប្រាប់យើងអំពីកិច្ចការរបស់យើងក្នុងនាមជាពួកជំនុំ។ ខទាំងនេះធ្លាប់បានដឹកនាំគ្រីស្ទានក្នុងអតីតកាលឲ្យបម្រើព្រះ។ សព្វថ្ងៃនេះ ខទាំងនេះក៏កំពុងដឹកនាំគ្រីស្ទានជាច្រើនឲ្យចែកចាយដំណឹងល្អអំពីព្រះយេស៊ូវដល់មនុស្សដទៃៗទៀតផងដែរ។

តើព្រះយេស៊ូវចង់មានបន្ទូលពិតប្រាកដយ៉ាងដូចម្តេចដែរនៅក្នុងមហាបញ្ជាចុងក្រោយរបស់ព្រះអង្គ? ព្រះអង្គបានប្រាប់ពួកសិស្សរបស់ព្រះអង្គឲ្យ «ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ឲ្យ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌វរ‌បិតា ព្រះ‌រាជ‌បុត្រា និង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ចុះ ហើយ​​បង្រៀន​ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង» (ម៉ាថាយ ២៨:១៩‑​២០)។ ព្រះបន្ទូលរបស់ព្រះយេស៊ូវបង្ហាញប្រាប់យើងថា ព្រះអង្គចង់ឲ្យរាស្ត្ររបស់ព្រះអង្គយកចិត្តទុកដាក់ដល់មនុស្សដែលកំពុងខ្វះខាត។ ព្រះយេស៊ូវចង់ឲ្យយើងយកចិត្តទុកដាក់ដល់មនុស្សដែលកំពុងឈឺចាប់។ ព្រះអង្គចង់ឲ្យយើងយកចិត្តទុកដាក់នឹងអ្នកជម្ងឺ។ បទបញ្ជារបស់ព្រះយេស៊ូវទៅកាន់ពួកសិស្សរបស់ព្រះអង្គពុំមែនជាអ្វីថ្មីនោះទេ។ ព្រះអង្គពុំបានប្រគល់កិច្ចការថ្មីដល់ពួកសិស្សឲ្យធ្វើនោះទេ។ ព្រះអង្គចង់ឲ្យពួកគេបន្តធ្វើកិច្ចការដែលព្រះអង្គបានធ្វើនៅលើផែនដីនេះ។ យើងអាចមើលឃើញពួកសិស្សរបស់ព្រះយេស៊ូវធ្វើកិច្ចការនេះនៅក្នុងពួកជំនុំជំនាន់គម្ពីរសញ្ញាថ្មី។

ថ្ងៃអាទិត្យ ទី២៥ សីហា ឆ្នាំ២០១៩

សហគមន៍ថ្មី

ព្រះយេស៊ូវក៏បានយាងទៅកាន់ស្ថានសួគ៌ា។ មិនយូរប៉ុន្មាន ព្រះទ្រង់ក៏បានចាក់បង្អុរព្រះវិញ្ញាណបរិសុទ្ធមកលើពួកសិស្សរបស់ព្រះយេស៊ូវ។ បន្ទាប់មក ពួកអ្នកជឿក៏បានកើនឡើងយ៉ាងឆាប់រហ័ស។ ពួកគេក៏ចាប់ផ្តើមមានពួកជំនុំគម្ពីរសញ្ញាថ្មីឡើង។ ពួកអ្នកជឿក៏បានក្លាយជាសហគមន៍ថ្មីមួយ។ សហគមន៍នេះពុំមែនកើតឡើងដោយសារពួកគេទេ។ គឺព្រះយេស៊ូវជាអ្នកចាប់ផ្តើមឲ្យមានពួកជំនុំឡើង។ ពួកជំនុំនេះបានកកើតឡើងដោយសារសេចក្តីបង្រៀនរបស់ព្រះអង្គ កិច្ចការរបស់ព្រះអង្គ និងព្រះគម្ពីរ។

សូមអានអំពីពួកជំនុំជំនាន់គម្ពីរសញ្ញាថ្មីនៅក្នុងខគម្ពីរកិច្ចការ ២:៤២‑៤៧ និងកិច្ចការ ៤:៣២‑​៣៧។ តើពួកជំនុំបានធ្វើកិច្ចការសំខាន់ៗអ្វីខ្លះ?

ពួកសាសន៍អ៊ីស្រាអែលក្នុងគម្ពីរសញ្ញាចាស់បានខកខានក្នុងការរស់នៅតាមផែនការរបស់ព្រះទាំង​ស្រុងក្នុងជីវិតរបស់ពួកគេ។ ព្រះទ្រង់ចង់ឲ្យអ៊ីស្រាអែលប្រកាន់ខ្ជាប់នូវសេចក្តីយុត្តិធម៌ និងស្មើភាព​គ្នា។ ប៉ុន្តែ ពួកជំនុំគម្ពីរសញ្ញាថ្មីមានភាពខុសប្លែកគ្នាពីអ៊ីស្រាអែល។ ពួកគេបានអនុវត្តតាមព្រះបន្ទូលរបស់ព្រះនៅក្នុងខគម្ពីរចោទិយកថា ១៥:៤ បានយ៉ាងដិតដល់។ ខនេះមានសេចក្តីថា «នឹង​គ្មាន​អ្នក​ទ័ល‌ក្រ​នៅ​ជា​មួយ​នឹង​ឯង​ឡើយ»។ តើពួកគ្រីស្ទានបានធ្វើអ្វីខ្លះដើម្បីបង្ហាញសេចក្តីជំនឿរបស់ពួកគេ? ពួកគេបានលក់ទ្រព្យសម្បត្តិដែលខ្លួនមាន។ មានអ្នកខ្លះរហូតដល់បានលក់ដីធ្លីរបស់ខ្លួនទៀតផង។ បន្ទាប់មក ពួកគេបានប្រើលុយកាក់ទាំងនោះយកមកជួយដល់ពួកអ្នកជឿដែលទ័លក្រ។ ពួកជំនុំគម្ពីរសញ្ញាថ្មីក៏បានជួយព្យាបាលដល់អ្នកឈឺដែលត្រូវការការព្យាបាលនៅក្នុងសហគមន៍ដែរ (សូមអានកិច្ចការ ៣:១‑១១, កិច្ចការ ៥:១២‑១៦)។

ពួកជំនុំគម្ពីរសញ្ញាចាស់ពុំគ្រប់លក្ខណ៍ឡើយ។ ខណៈដែលពួកជំនុំកើនឡើង បញ្ហាក៏កើនឡើង​ដែរ។ បញ្ហាមួយក្នុងចំណោមបញ្ហាទាំងឡាយនោះគឺពាក់ព័ន្ធនឹងការចែកអាហារដល់ស្ត្រីមេម៉ាយជារៀងរាល់ថ្ងៃ (សូមអានកិច្ចការ ៦:១)។ ពួកមេដឹកនាំនៃពួកជំនុំចង់អធិប្បាយដំណឹងល្អអំពីព្រះយេស៊ូវ។ តើពួកជំនុំដោះស្រាយបញ្ហានេះដោយរបៀបណា? ពួកគេបានជ្រើសរើសបុរស៧នាក់ឲ្យទទួលខុសត្រូវលើការចែកអាហារដល់ពួកស្ត្រីមេម៉ាយ។

ពួកជំនុំបានជ្រើសរើសបុរស៧នាក់ឲ្យមើលការខុសត្រូវលើកិច្ចការប្រចាំថ្ងៃរបស់ពួកជំនុំ។ ពួកជំនុំចាប់ផ្តើមដាក់មនុស្សផ្សេងៗចូលទៅទទួលខុសត្រូវលើផ្នែកផ្សេងៗនៃកិច្ចការរបស់ព្រះ។ កិច្ចការប្រចាំថ្ងៃរបស់ពួកជំនុំរួមមានការចែកអាហារដល់ពួកស្ត្រីមេម៉ាយ និងការព្យាបាលដល់អ្នកឈឺ។ ពួកជំនុំមាន​អារម្មណ៍​ថា ជាការសំខាន់ណាស់ក្នុងការធ្វើបន្ទាល់ដល់មនុស្សដទៃទៀតតាមរយៈការ​ជួយដល់ពួកគេ។

ចូរសាកស្រមៃអំពីជីវិតរបស់ពួកជំនុំនៅជំនាន់គម្ពីរសញ្ញាថ្មីនៅក្នុងគំនិតរបស់លោកអ្នកមើល។ តើគ្រីស្ទានគម្ពីរសញ្ញាថ្មីបានធ្វើអ្វីខ្លះដើម្បីបង្ហាញថា ពួកគេបានយកចិត្តទុកដាក់ដល់មនុស្សដទៃទៀត? ក្នុងនាមជាពួកជំនុំ តើយើងអាចធ្វើអ្វីខ្លះដើម្បីបង្ហាញថា យើងក៏ត្រូវតែយកចិត្តទុកដាក់ចំពោះអ្នកដទៃផងដែរនោះ?

ថ្ងៃច័ន្ទ ទី២៦ សីហា ឆ្នាំ២០១៩

កិច្ចការរបស់នាងតេប៊ីថាថ្វាយព្រះយេស៊ូវ

ពួកជំនុំជំនាន់គម្ពីរសញ្ញាថ្មីចាប់ផ្តើមរីកចម្រើនឡើងយ៉ាងឆាប់រហ័ស។ ព្រះយេស៊ូវបានប្រាប់ពួកសិស្សរបស់ព្រះអង្គអំពីរបៀបដែលរឿងនេះនឹងកើតឡើង។ «ប៉ុន្តែ កាល​ណា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ‌ចេស្តា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង» (កិច្ច ការ ១:៨)។ មានអ្នកជឿថ្មីៗជាច្រើនបានចូលរួមជាមួយនឹងពួកជំនុំ។ អ្នកជឿម្នាក់នោះឈ្មោះតេប៊ីថា (ខ្លះហៅថានាងក្តាន់ ឬដូខាស់)។ នាងតេប៊ីថារស់នៅក្នុងក្រុងមួយឈ្មោះយ៉ុបប៉េ។ ច្បាស់ណាស់ នាងតេប៊ីថាបានជឿលើបន្ទូលរបស់ព្រះយេស៊ូវអំពីការចែកសំលៀកបំពាក់ដល់អ្នកក្រ។ ព្រះយេស៊ូវបានប្រាប់ពួកសិស្សរបស់ព្រះអង្គឲ្យចែកខោអាវដល់អ្នកក្រ។ ព្រះយេស៊ូវមានបន្ទូលថា ការធ្វើបែបនោះប្រៀបដូច ជាបានធ្វើដល់ព្រះអង្គដែរ (សូមអានម៉ាថាយ ២៥:៣៨, ៤០)។

សូមអានអំពីរឿងនាងតេប៊ីថា និងកិច្ចការពិសេសរបស់នាងថ្វាយព្រះយេស៊ូវនៅក្នុងខគម្ពីរ កិច្ចការ ៩:៣៦។ តើលោកអ្នកបានធ្វើកិច្ចការពិសេសអ្វីថ្វាយព្រះយេស៊ូវដែរឬទេ? តើកិច្ចការអ្វីដែលលោកអ្នកចង់ឲ្យមនុស្សទាំងឡាយនឹកចាំថា លោកអ្នកបានធ្វើវាសម្រាប់ថ្វាយព្រះអង្គ?

មនុស្សជាច្រើនបានដឹងអំពីរឿងនាងតេប៊ីថា និងកិច្ចការរបស់នាងថ្វាយព្រះយេស៊ូវ។ «នាង​នោះ​បាន​ធ្វើ​គុណ ហើយ​ដាក់​ទាន​ជា​ច្រើន» (កិច្ចការ ៩:៣៦)។

លោកពេត្រុសបានមកសួរសុខទុក្ខពួកជំនុំនៅក្រុងលីឌា ដែលនៅជិតក្រុងយ៉ុបប៉េ ដែលនាង តេប៊ីថារស់នៅ។ បណ្តាជនទាំងឡាយបានឮថា លោកពេត្រុសស្ថិតនៅក្រុងលីឌា។ ពួកគេក៏បានសូមឲ្យពេត្រុសធ្វើដំណើរមកកាន់ទីក្រុងរបស់គេដែរពីព្រោះនាងតេប៊ីថាបានស្លាប់ (សូមអានកិច្ចការ ៩: ៣៧‑៤១)។ ពេលដែលលោកពេត្រុសទៅដល់ទីក្រុងយ៉ុបប៉េ មានមនុស្សជាច្រើនបានមកជួបនឹងលោក។ ពួកគេគឺជាមនុស្សដែលនាងតេប៊ីថាបានជួយកាលដែលនាងនៅរស់។ ពួកគេបានបង្ហាញសំលៀកបំពាក់ដែលនាងតេប៊ីថាបានកាត់ដេរឲ្យគេ។ ពិតណាស់ ពួកគេបានរៀបរាប់ប្រាប់រឿងជាច្រើនដល់លោកពេត្រុសអំពីកិច្ចការល្អៗរបស់នាងតេប៊ីថាដែលបានជួយដល់ពួកគេ និងអ្នកដទៃផ្សេងទៀត។

លោកពេត្រុសបានអធិដ្ឋានឲ្យនាងតេប៊ីថា។ បន្ទាប់មក ព្រះទ្រង់បានប្រោសនាងតេប៊ីថាឲ្យរស់ឡើងវិញ។ ជាការពិត យើងមិនអាចនិយាយថា កាលណាគ្រីស្ទានធ្វើល្អដាក់អ្នកក្រ និងជួយដល់អ្នក​ដែល​កំពុងខ្វះខាត នោះពួកគេនឹងទទួលបានផលល្អជានិច្ចរហូតទេ។ យើងតោងតែនឹកចាំថា នាងតេប៊ីថាបាន​ធ្លាក់ខ្លួនឈឺមុនពេលដែលនាងស្លាប់។ យើងក៏តោងតែនឹកចាំអំពីអ្វីដែលបានកើតឡើងដល់លោកស្ទេផានផងដែរ។ លោកគឺជាអ្នកជំនួយការម្នាក់ក្នុងចំណោមអ្នកជំនួយការទាំង៧នាក់ ដែលត្រូវបានជ្រើសរើសឲ្យមើលការខុសត្រូវលើពួកស្ត្រីមេម៉ាយក្នុងពួកជំនុំ។ លោកស្ទេផានត្រូវគេគប់សម្លាប់ដោយដុំថ្ម (កិច្ចការ ៧:៥៤‑៦០)។ ហេតុនោះ ជីវិតជាអ្នកបម្រើព្រះពុំមែនសុទ្ធតែងាយស្រួលនោះឡើយ។

ក្នុងអំឡុងពេលដែលនាងរស់នៅ នាងតេប៊ីថាបានបង្ហាញសេចក្តីស្រឡាញ់របស់ព្រះតាមរយៈកិច្ចការដែលនាងបានធ្វើដើម្បីជួយដល់មនុស្សទ័លក្រ។ ហេតុនោះ ព្រះទ្រង់បានប្រើសេចក្តីស្លាប់របស់នាងតេប៊ីថាដើម្បីធ្វើជាបាដិហារ្យឡើង។ ការរស់ឡើងវិញរបស់នាងបង្ហាញប្រាប់ពីអំណាចរបស់ព្រះ​ដល់​មនុស្សទាំងឡាយដែលនៅក្នុងក្រុងយ៉ុបប៉េ។ «មនុស្ស​ទាំង‌ឡាយ​បាន​ដឹង​ដំណឹង​ពី​ការ​នោះ នៅ​ពេញ‌ពាស​ក្នុង​ក្រុង​យ៉ុបប៉េ ហើយ​មាន​មនុស្ស​ជា​ច្រើន បាន​ជឿ​ដល់​ព្រះ‌អម្ចាស់» (កិច្ចការ ៩:៤២)។

ថ្ងៃអង្គារ ទី២៧ សីហា ឆ្នាំ២០១៩

ការថ្វាយប្រាក់ដង្វាយគឺជាវិធីចែករំលែកមួយបែប

តើលោកប៉ុលបានធ្វើអ្វីខ្លះបន្ទាប់ពីលោកបានទទួលជឿព្រះយេស៊ូវ?​ លោកបានអធិប្បាយដំណឹងល្អទៅកាន់សាសន៍ដទៃ។ ព្រះទ្រង់បានប្រទានជោគជ័យដល់លោកប៉ុលយ៉ាងច្រើន។ មានសាសន៍ដទៃជាច្រើនបានចូលរួមជាមួយនឹងពួកជំនុំ។ បន្ទាប់មក ពួកគ្រីស្ទានយូដាចាប់ផ្តើមបារម្ភអំពីការចូលរួមក្នុងពួកជំនុំពីសំណាក់ពួកសាសន៍ដទៃ។ ពួកគេបារម្ភខ្លាចពួកគ្រីស្ទានសាសន៍ដទៃនឹងមិនគោរពដល់គោលជំនឿ និងទំនៀមទម្លាប់របស់ពួកសាសន៍យូដា។ ហេតុនោះ ពួកមេដឹកនាំពួកជំនុំគម្ពីរសញ្ញាថ្មីក៏បានជួបប្រជុំគ្នាដើម្បីជជែកអំពីបញ្ហានោះ។ ពួកគេបានទទូលជំនួយពីព្រះ។ កិច្ចប្រជុំដ៏ធំនេះត្រូវបានគេហៅថា ក្រុមប្រឹក្សាយេរូសាឡិម។ លោកអ្នកអាចអានរឿងនេះនៅក្នុងបទគម្ពីរកិច្ចការ ជំពូក១៥។

លោកប៉ុលបានរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំនៅក្នុងបទគម្ពីរកាឡាទី ជំពូក២។ លោកក៏បានផ្តល់ព័ត៌មានបន្ថែមពីលើលទ្ធផលនៃកិច្ចប្រជុំស្តីអំពីកិច្ចការរបស់លោកប៉ុលសម្រាប់ពួកសាសន៍ដទៃផងដែរ។ «លោក​ផ្តាំ​ឲ្យ​តែ​យើង​ខ្ញុំ​នឹកចាំ​ពី​ពួក​អ្នក​ក្រ ជា​ការ​ដែល​ខ្ញុំ​ឧស្សាហ៍​ខំ​ធ្វើ​ដែរ» (កាឡាទី ២:​១០)។

លោកប៉ុលតែងតែបន្តជួយដល់មនុស្សទ័លក្រក្នុងគ្រប់ទាំងកិច្ចការបម្រើព្រះរបស់​លោកដរាប។

សូមអានខគម្ពីរកូរិនថូសទី២ ៨:៧‑១៥។ តើលោកប៉ុលបានបង្ហាញប្រាប់ថា រវាងដំណឹងល្អ និងការថ្វាយប្រាក់ដង្វាយតើមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេចខ្លះ?

លោកប៉ុលបានប្រាប់ដល់ពួកអ្នកជឿឲ្យថ្វាយប្រាក់ដង្វាយឲ្យបានច្រើន និងចេះជួយគ្នាក្នុងគ្រា លំបាក។ លោកបានប្រាប់ពួកគេអំពីគ្រាដែលព្រះទ្រង់បានប្រទាននំម៉ាន៉ាដល់សាសន៍អ៊ីស្រាអែល។ លោកបានប្រើរឿងនេះដើម្បីបង្ហាញពួកជំនុំអំពីគំរូនៃការថ្វាយដង្វាយ និងការចែករំលែក (សូមអាន កូរិនថូសទី២ ៨:១៥)។ លោកប៉ុលក៏បានប្រាប់ពួកអ្នកជឿឲ្យនឹកចាំអំពីសេចក្តីដែលមានចែងក្នុងខគម្ពីរទំនុកតម្កើង ១១២:៩ ផងដែរ៖ «ដូច​សេចក្ដី​ដែល​ចែង​ទុក​មក​ថា ‘ទ្រង់​បាន​ចែក​សុស‌សាយ ទ្រង់​បាន​ប្រទាន​ទៅ​ពួក​ទ័ល‌ក្រ សេចក្ដី​សុចរិត​ទ្រង់​នៅ​ជាប់​អស់​កល្ប‌ជានិច្ច’» (កូរិនថូសទី២ ៩:៩)។

លោកប៉ុលបានប្រាប់ទៅពួកជំនុំរបស់លោកឲ្យថ្វាយដង្វាយដោយចេញអស់ពីចិត្តរបស់ពួកគេ។ ពួកអ្នកជឿក៏គួរតែចេះសន្សំប្រាក់ដែលពួកគេរកបានមួយចំណែកទុកដែរ។ មិនយូរប៉ុន្មាន លោក ប៉ុល ឬលោកទីតុសនឹងមកសួរសុខទុក្ខពួកជំនុំរបស់ពួកគាត់។ បន្ទាប់មក លោកប៉ុលនឹងនាំយកប្រាក់ដង្វាយដែលពួកជំនុំប្រមូលបានផ្ញើទៅជូនពួកជំនុំនៅក្រុងយេរូសាឡិម។ ប្រាក់នោះនឹងត្រូវយកទៅជួយ ដល់គ្រីស្ទានដែលទ័លក្រនៅទីនោះ។ លោកប៉ុលបានលើកឧទាហរណ៍អំពីពួកជំនុំមួយកន្លែងដើម្បីលើកទឹកចិត្តដល់ពួកជំនុំនៅកន្លែងដទៃៗទៀតដែលចង់ថ្វាយដែរ។ លោកប៉ុលបានកត់ត្រាថា «ហើយ​ដោយ​គេ​ឃើញ​ភស្តុ‌តាង​ពី​ការ​ជំនួយ​នេះ នោះ​គេ​សរសើរ‌តម្កើង​ដល់​ព្រះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​សម្ដែង​ច្បាស់​ ថា ខ្លួន​ជា​អ្នក​ចុះ​ចូល​តាម​ដំណឹង​ល្អ​នៃ​ព្រះ‌គ្រីស្ទ​ពិត ហើយ​ដោយ​ព្រោះ​ការ​សទ្ធា​ដែល​អ្នក​រាល់​គ្នា​ផ្ញើ​ទៅ​ គេ និង​មនុស្ស​ទាំង​អស់​ផង» (កូរិនថូសទី២ ៩:១៣)។

ជាការពិត យើងមិនអាចចេះតែបរិច្ចាគ ឬថ្វាយដង្វាយសម្រាប់ជួយគ្រប់ករណីបានទាំងអស់ទេ។ យើងតោងតែជ្រើសរើសជួយ។ ហេតុនោះ តើយើងត្រូវធ្វើដូចម្តេចឲ្យត្រឹមត្រូវក្នុងការសម្រេចចិត្តជួយនរណាខ្លះ និងជួយប៉ុន្មាននោះ?

ថ្ងៃពុធ ទី២៨ សីហា ឆ្នាំ២០១៩

ដំបូន្មានរបស់លោកប៉ុលស្តីអំពីការរស់នៅ និងការស្រឡាញ់ដែលត្រឹមត្រូវ

ក្នុងបទគម្ពីររ៉ូមជំពូក១ដល់១១ លោកប៉ុលបានមានប្រសាសន៍អំពីរបៀបដែលព្រះទ្រង់សង្គ្រោះយើងដោយសារសេចក្តីជំនឿលើអង្គព្រះយេស៊ូវ។ ប៉ុន្តែក្នុងជំពូកទី១២ លោកប៉ុលចាប់ផ្តើមមានប្រសាសន៍អំពីរឿងផ្សេងទៅវិញ។ លោកបានផ្តល់ដំបូន្មានអំពីការសំដែងសេចក្តីស្រឡាញ់របស់ព្រះប្រាប់ដល់អ្នកដទៃ និងការរស់នៅជាជីវិតគ្រីស្ទានដ៏ល្អវិញម្តង។ «ដូច្នេះ បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ដោយ​សេចក្ដី​​មេត្តា‌ករុណា​នៃ​ព្រះ ឲ្យ​បាន​ថ្វាយ​រូប‌កាយ​ទុក​ជា​យញ្ញ‌បូជា​រស់ ហើយ​បរិសុទ្ធ ដែល​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ ជា​ការ​គោរព​នៃ​អ្នក​រាល់​គ្នា ដែល​មាន​ទំនង» (រ៉ូម ១២:១)។ ហេតុដូចម្តេចបានជាលោកប៉ុលមានប្រសាសន៍ថា យើងគួរតែថ្វាយរូបកាយរបស់យើងជាដង្វាយបរិសុទ្ធដល់ព្រះ? ពីព្រោះដោយសារតែអ្វីដែលព្រះទ្រង់បានធ្វើសម្រាប់យើងក្នុងអង្គព្រះយេស៊ូវនោះឯង។ ហេតុនោះហើយបានជាយើងគួរតែរស់នៅសម្រាប់ព្រះអង្គវិញ។

សូមអានបទគម្ពីររ៉ូមជំពូក១២។ តើជំពូកនេះនិយាយអំពីអ្វីខ្លះ? តើលោកមានប្រសាសន៍អំពីសេចក្តីស្រឡាញ់ និងការចេះជួយឈឺឆ្អាលចំពោះអ្នកដទៃដូចម្តេចខ្លះ?​ តើលោកមានប្រសាសន៍ថា យើង​គួរធ្វើអ្វីខ្លះដល់មនុស្សដែលកំពុងខ្វះខាត?

ក្នុងបទគម្ពីររ៉ូមជំពូក១២ លោកប៉ុលមានប្រសាសន៍អំពីការងារផ្សេងៗដែលយើងធ្វើក្នុងនាមជាគ្រីស្ទានក្នុងពួកជំនុំ។ លោកក៏មានប្រសាសន៍អំពីអំណោយទានដែលព្រះប្រទានដល់យើងសម្រាប់ធ្វើកិច្ចការរបស់ព្រះអង្គផងដែរ។ អំណោយទានទាំងនេះរាប់បញ្ចូលទាំងការបម្រើអ្នកដទៃ និងការលើក​ទឹកចិត្តដល់ពួកគេផងដែរ។ អំណោយទានខាងវិញ្ញាណមួយទៀតនោះគឺការថ្វាយដង្វាយដល់ព្រះជាម្ចាស់ (សូមអានរ៉ូម ១២:៣‑៨)។ មែនហើយ គ្រីស្ទានគួរតែធ្វើរឿងទាំងនេះ។ យើងគួរតែធ្វើវាដោយសេចក្តី​ស្រឡាញ់ផងដែរ (សូមអានរ៉ូម ១២:៩‑១១)។

តើពាក្យថា ការធ្វើការបម្រើព្រះដោយសេចក្តីស្រឡាញ់អស់ពីចិត្ត មានន័យដូចម្តេច? លោក ប៉ុលបានពន្យល់អំពីរឿងនេះ។ លោកមានប្រសាសន៍ថា ពួកអ្នកជឿគួរតែអត់ធ្មត់ក្នុងអំឡុងគ្រាលំបាក។ គ្រីស្ទានក៏គួរជួយដល់អ្នកដែលកំពុងខ្វះខាតដែរ។ ពួកអ្នកជឿក៏គួរតែខិតខំធ្វើយ៉ាងណាឲ្យមានសេចក្តីសុខសាន្តផងដែរ។ ពួកគេគួរតែមានចិត្តសប្បុរសកាលណាមនុស្សទាំងឡាយមិនយុត្តិធម៌។ ពួកគេគួរតែយកឈ្នះលើសេចក្តីអាក្រក់ដោយសារការធ្វើអំពើល្អ (សូមអានរ៉ូម ១២:២០, ២១)។

បទគម្ពីររ៉ូមជំពូក១២ បង្ហាញប្រាប់យើងអំពីរបៀបរស់នៅជាមនុស្សថ្មី។ វាក៏បង្ហាញប្រាប់ដល់រាស្ត្ររបស់ព្រះអំពីរបៀបបម្រើព្រះក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ និងក្នុងសហគមន៍របស់ពួកគេ។ លោក​ប៉ុលបានប្រាប់ពួកគ្រីស្ទានថា សេចក្តីជំនឿរបស់ពួកគេគួរតែផ្លាស់ប្តូរជីវិតទាំងស្រុងរបស់ពួកគេ។ ពួក​ គ្រីស្ទានរ៉ូមមានជីវិតរស់នៅលំបាកណាស់។ ពួកគេរស់នៅក្នុងរាជធានីនៃអាណាចក្ររ៉ូម។ លោកប៉ុលបានប្រាប់ពួកគេឲ្យមានជំហររឹងមាំ។ លោកបានប្រាប់ពួកគេកុំឲ្យរស់នៅតាមរបៀបមនុស្សដែលមិនជឿ​ព្រះ។ «កុំ​ឲ្យ​ត្រាប់​តាម​សម័យ​នេះ​ឡើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​វិញ ដោយ​គំនិត​បាន​កែ​ជា​ថ្មី​ឡើង ដើម្បី​នឹង​អាច​ល​មើល​ឲ្យ​បាន​ស្គាល់​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះ ដែល​ល្អ ស្រួល​ទទួល ហើយ​គ្រប់​លក្ខណ៍​​ផង» (រ៉ូម ១២:២)។

ថ្ងៃព្រហស្បតិ៍ ទី២៩ សីហា ឆ្នាំ២០១៩

លោកយ៉ាកុបជាអ្នកប្រកាន់ខ្ជាប់សេចក្តីយុត្តិធម៌

គ្រីស្ទានជាច្រើនជឿថា ប្អូនប្រុសរបស់ព្រះយេស៊ូវឈ្មោះ យ៉ាកុប បានក្លាយជាអ្នកដឹកនាំម្នាក់នៅក្នុងពួកជំនុំគម្ពីរសញ្ញាថ្មីនៅក្រុងយេរូសាឡិម។ ពួកគេក៏ជឿថា លោកយ៉ាកុបក៏ជាមេដឹកនាំលើក្រុមប្រឹក្សាយេរូសាឡិមដែរ (សូមអានគម្ពីរកិច្ចការ ១៥, និងកាឡាទី ១, ២)។ ប្រសិនបើដូច្នោះមែន លោកក៏ទំនងជាអ្នកនិពន្ធកណ្ឌគម្ពីរយ៉ាកុបផងដែរ។

មានមេដឹកនាំម្នាក់ក្នុងជំនាន់គម្ពីរសញ្ញាថ្មីឈ្មោះយ៉ាកុបយុត្តិធម៌។ លោកបានទទួលគោរមងារនេះដោយសារតែលោកយកចិត្តទុកដាក់ដល់មនុស្សដែលត្រូវគេមិនអើពើ។ លោកបានខិតខំពុះពារយ៉ាងខ្លាំងដើម្បីធ្វើឲ្យជីវិតពួកគេប្រសើរឡើង។ មនុស្សភាគច្រើនជឿថា លោកយ៉ាកុបយុត្តិធម៌គឺជាប្អូនប្រុសរបស់ព្រះយេស៊ូវនោះឯង។ កណ្ឌគម្ពីរយ៉ាកុបប្រៀបដូចជាកណ្ឌគម្ពីរសុភាសិតរបស់គម្ពីរសញ្ញាថ្មីដែរ។ កណ្ឌគម្ពីរយ៉ាកុបបានផ្តល់ដំបូន្មានដល់ពួកគ្រីស្ទានអមពីរបៀបរស់នៅដើម្បីព្រះ។

អ្នកនិពន្ធកណ្ឌគម្ពីរយ៉ាកុបចង់ឲ្យអ្នកអានដែលជាគ្រីស្ទានរបស់គាត់ «ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​... កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ» (យ៉ាកុប ១:២២)។ លោកយ៉ាកុបក៏បានមានប្រសាសន៍អំពីសាសនាតែមួយដែលព្រះទទួលស្គាល់ផងដែរ។ ព្រះទ្រង់ចង់ឲ្យយើងយកចិត្តទុកដាក់ដល់មនុស្សដែលខ្វះខាត និងឲ្យយើងរក្សាចិត្តឲ្យបានបរិសុទ្ធ (សូមអានយ៉ាកុប ១:២៧)។

សូមអានយ៉ាកុប ២:១‑៩ និងយ៉ាកុប ៥:១‑៥។ តើលោកយ៉ាកុបគិត និងមានអារម្មណ៍ដូចម្តេចអំពីអ្នកមាន? តើការគិតរបស់គាត់ខុសគ្នាពីការគិតរបស់មនុស្សភាគច្រើនយ៉ាងដូចម្តេចខ្លះ? ចុះយើង​វិញ តើគួរគិតអំពីអ្នកមាន និងអ្នកក្រដូចម្តេចដែរ? តើលោកយ៉ាកុបមានប្រសាសន៍ថា យើងគួរធ្វើអ្វីខ្លះ​សំរាប់​​ពួកគេ?

លោកយ៉ាកុបមានប្រសាសន៍ថា ការដែលគ្រាន់តែឲ្យពរដល់មនុស្សទាំងឡាយ ដោយពុំបាន​ផ្តល់អាហារ ឬសំលៀកបំពាក់ផងទេនោះនៅមិនទាន់គ្រប់គ្រាន់ឡើយ។ លោកអ្នកត្រូវតែផ្តល់សំលៀក​បំពាក់ និងផ្តល់អាហារជាមុនសិន។ យើងតោងតែបង្ហាញដល់មនុស្សទាំងឡាយថា យើងយកចិត្តទុកដាក់ដល់សេចក្តីត្រូវការរបស់ពួកគេ។ បន្ទាប់មក ទើបពួកគេព្រមជឿយើង ពេលណាយើងប្រាប់ពួកគេអំពីសេចក្តីស្រឡាញ់របស់ព្រះ (សូមអានយ៉ាកុប ២:១៤‑១៦)។​ លោកយ៉ាកុប មានប្រសាសន៍ថា វាជាការសំខាន់ណាស់ដែលត្រូវឲ្យសេចក្តីជំនឿរបស់យើងលេចធ្លោជាងពាក្យសម្តីរបស់យើង។ សេចក្តីជំនឿរបស់យើងកាន់តែគ្រប់លក្ខណ៍ឡើងដោយសារការធ្វើល្អ ឬកិច្ចការល្អដែលយើងធ្វើសម្រាប់អ្នកដទៃនោះឯង។ លោកយ៉ាកុបក៏បានពន្យល់អំពីអត្ថន័យនៃពាក្យថា ការស្រឡាញ់ដល់អ្នកជិតខាងរបស់​លោក​​អ្នកដែរ។ យើងតោងតែបង្ហាញសេចក្តីនេះជារៀងរាល់ថ្ងៃតាមរយៈការបម្រើដល់អ្នកដទៃ។ យើងពុំមែនជួយអ្នកដទៃដើម្បីឲ្យព្រះស្រឡាញ់យើង ឬសង្គ្រោះយើងនោះឡើយ។ យើងជួយអ្នកដទៃដោយសារតែព្រះទ្រង់បានសង្គ្រោះយើងហើយ។ នោះទើបជីវិតរបស់យើងនឹងបង្ហាញឲ្យឃើញនូវសេចក្តីពិតនេះនៅក្នុងអំពើល្អទាំងអស់ដែលយើងធ្វើ។

ថ្ងៃសុក្រ ទី៣០ សីហា ឆ្នាំ២០១៩

សិក្សាបន្ថែម

សូមអាន Ellen G. White, “TDorcas-Her Ministry and Its Influence,“ pages 66, 67, in Welfare Ministry; “A Liberal Church,”pages 335-345, in The Acts of the Apostles; “This Is Pure Religion,” pages 35-41, in Welfare Ministry.

«ព្រះអង្គសង្គ្រោះចង់ឲ្យពួកជំនុំរបស់ព្រះអង្គយកចិត្តទុកដាក់ដល់មនុស្សដែលកំពុងមានទុក្ខព្រួយ។ ព្រះអង្គក៏ចង់ឲ្យពួកជំនុំរបស់ព្រះអង្គជួយដល់មនុស្សដែលកំពុងតែប្រយុទ្ធប្រឆាំងនឹងអំពើបាបដែរ។ ហេតុនោះហើយបានជាព្រះអង្គសង្គ្រោះបានប្រទានព្រះជន្មរបស់ព្រះអង្គដើម្បីចាប់ផ្តើមពួកជំនុំមួយដែលចេះយកចិត្តទុកដាក់ចំពោះមនុស្សទាំងឡាយ។ ក្រុមមនុស្សដែលជឿអាចជាមនុស្សទ័លក្រ។ ពួកគេខ្លះមានចំណេះវិជ្ជាបន្តិចបន្តួច។ ខ្លះជាមនុស្សសាមញ្ញធម្មតា។ ប៉ុន្តែនៅក្នុងអង្គព្រះយេស៊ូវ មនុស្ស​​ ក្រុមនេះឯងអាចធ្វើកិច្ចការរបស់ព្រះនៅតាមផ្ទះរបស់ខ្លួន នៅតាមផ្ទះរបស់អ្នកជិតខាង នៅតាមព្រះវិហារ និងនៅតាមកន្លែងផ្សេងៗឆ្ងាយៗផងដែរ។ កិច្ចការដែលពួកសិស្សរបស់ព្រះយេស៊ូវធ្វើនឹងផ្លាស់ប្តូរជីវិតរបស់មនុស្សទាំងឡាយជារៀងរហូត»។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 641, adapted ។

«ពួកគ្រីស្ទានក្នុងជំនាន់គម្ពីរសញ្ញាថ្មីពុំមានចិត្តអាត្មានិយមឡើយ។ ពួកគេបានថ្វាយ និង​បរិច្ចាគ​យ៉ាងច្រើន។ ពួកគេបានធ្វើយ៉ាងដូច្នេះជាប្រចាំ។ ពួកគេចូលចិត្តការថ្វាយ និងបរិច្ចាគ។ ទម្លាប់បែបនេះ​នាំឲ្យពួកជំនុំពេញដោយសេចក្តីអំណរ។ ពួកអ្នកជឿបានដឹងថា ប្រាក់ដង្វាយរបស់ពួកគេបានជួយចាត់​បញ្ជូនពួកសិស្សរបស់ព្រះយេស៊ូវឲ្យទៅធ្វើការនៅកន្លែងដទៃៗទៀត។ នៅទីនោះ ពួកសិស្សរបស់ព្រះយេស៊ូវបានចែកចាយដំណឹងល្អអំពីព្រះយេស៊ូវដល់មនុស្សដែលពួកគេពុំធ្លាប់ស្គាល់។ អំណោយ និង ប្រាក់ដង្វាយរបស់ពួកអ្នកជឿបង្ហាញឲ្យឃើញថា សេចក្តីជំនឿរបស់ពួកគេលើសេចក្តីមេត្តារបស់ព្រះគឺមានពិតប្រាកដមែន។ ព្រះវិញ្ញាណបរិសុទ្ធបានផ្លាស់ប្តូរជីវិតរបស់ពួកគេ និងធ្វើឲ្យពួកគេ​បរិសុទ្ធ។ ហេតុនោះហើយបានជាពួកគេថ្វាយប្រាក់ដង្វាយយ៉ាងច្រើន។ ការថ្វាយដង្វាយរបស់ពួកគេគឺជា​បាដិហារ្យ​មួយ។ វាបានបង្ហាញឲ្យឃើញនូវព្រះគុណរបស់ព្រះដែលបានធ្វើការក្នុងជីវិតរបស់ពួកគេ។ ព្រះគុណ របស់ព្រះគឺជាអំណោយទាននៃសេចក្តីមេត្តា សេចក្តីអត់ឱនទោស និងអំណាចរបស់ព្រះដែលជួយឲ្យឈ្នះលើអំពើ​បាបរបស់ព្រះ។ ដកស្រង់ពី The Acts of the Apostles, page 344, adapted។

សំនួរពិភាក្សា៖
  1. តើពួកជំនុំមូលដ្ឋានរបស់លោកអ្នកត្រូវធ្វើដូចម្តេចខ្លះដើម្បីអាចយកគំរូតាមពួកជំនុំដែលមាននៅក្នុងបទគម្ពីរកិច្ចការជំពូកទី១ដល់ទី៣បាន?

  2. សប្តាហ៍នេះយើងបានរៀនអំពីរបៀបដែលពួកជំនុំគម្ពីរសញ្ញាថ្មីបានប្រមូលប្រាក់ដង្វាយ និងបានចែកចាយដល់ពួកអ្នកជឿដែលនៅកន្លែងផ្សេងៗទៀត។ ពួកជំនុំសេវេនដេយ៍អាត់វេនទីស្ទកំពុងអនុវត្តតាមក្បួនច្បាប់ទាំងនេះឯង។ យើងបានផ្ញើប្រាក់ដង្វាយទៅកាន់ទីកន្លែងផ្សេងៗនៅលើផែនដីផងដែរដើម្បីកិច្ចការរបស់ព្រះបានរីកចម្រើនឡើង។ ហេតុដូចម្តេចបានជាផែនការសម្រាប់ចែកចាយនេះល្អ​គួរឲ្យអនុវត្តតាម?

  3. ខគម្ពីរយ៉ាកុប ៥:១‑៥ បានដាស់តឿនយើងយ៉ាងច្បាស់អំពីប្រាក់។ ហេតុដូចម្តេចបានជាការព្រមានដ៏ខ្លាំងនេះចាំបាច់ម៉្លេះ?
Powered by CAM