មេរៀនទី៩​៖ ២៣‑២៩ វិច្ឆិកា ២០១៩

បញ្ហា គ្រាលំបាក និងបញ្ជីស្នាម

Jeans
ថ្ងៃសៅរ៍ ទី២៣ វិច្ឆិកា ឆ្នាំ២០១៩
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ អែសរ៉ា ១:៩‑១១, ដានីយ៉ែល ១:១, ២, អែសរ៉ា ២, អែសរ៉ា ៨:១‑១៥, ចោទិយកថា ៣០:១‑៦, នេហេមា ១១:១, ២។

ខចងចាំ៖ «គេ​ក៏​កាន់​ខ្ជាប់​តាម​បង​ប្អូន និង​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ក្នុង​ពួក​គេ​ដែរ គេ​តាំង​សេចក្ដី​ផ្តាសា​ដល់​ខ្លួន ដោយ​ស្បថ​ថា នឹង​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ ដែល​បាន​ប្រទាន​មក ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ទ្រង់ ហើយ​ឲ្យ​រក្សា និង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​ក្រឹត្យ‌ក្រម​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ព្រម​ទាំង​ច្បាប់​យុត្តិ‌ធម៌ និង​បញ្ញត្ត​ិទ្រង់​ផង » (នេហេមា ១០:២៩)។

ជាញឹកញាប់យើងមិនសូវអានបញ្ជីឈ្មោះរាស្ត្ររបស់ព្រះដ៏វែង និងរឿងរ៉ាវប្រវត្តិសាស្ត្រឡើយ។ ប៉ុន្តែ ព្រះអម្ចាស់បានរាប់បញ្ចូលបញ្ជីឈ្មោះទាំងនេះដោយមានមូលហេតុមួយ។ ព្រះជាម្ចាស់ទ្រង់យកព្រះទ័យទុកដាក់នឹងរឿងគ្រប់យ៉ាងទាំងអស់។ ការដែលព្រះអង្គយកព្រះទ័យទុកដាក់លើរាល់បញ្ហាតូចធំ​ទាំង​អស់​នេះ​បង្ហាញប្រាប់យើងថា ព្រះអង្គតែងតែនឹកចាំពីយើងរាល់គ្នាជានិច្ច។

បញ្ជីឈ្មោះក្នុងព្រះគម្ពីរបង្ហាញប្រាប់យើងថា ព្រះទ្រង់ជ្រាបអំពីគ្រួសាររបស់យើងទាំងអស់។ បញ្ជីរឿងរ៉ាវផ្សេងៗក៏បង្ហាញប្រាប់យើងអំពីរឿងអ្វីមួយដែរ។ ព្រះជាម្ចាស់ទ្រង់យកព្រះទ័យទុកដាក់អំពីរឿងរ៉ាវដែលមនុស្សដទៃទៀតអាចមានអារម្មណ៍ថាមិនសូវសំខាន់។ ព្រះយេស៊ូវមានបន្ទូលថា ព្រះទ្រង់យកព្រះទ័យទុកដាក់ដល់សត្វស្លាបទាំងឡាយ។ ព្រះជាម្ចាស់ថែមទាំងជ្រាបអំពីចំនួនសរសៃសក់នៅក្បាលរបស់យើងផងដែរ! «តើ​គេ​មិន​លក់​ចាប​៥​ថ្លៃ​២​លុយ​ទេ​ឬ​អី តែ​គ្មាន​ចាប​ណា​មួយ​ដែល​ព្រះ‌ទ្រង់​ភ្លេច​ទេ សូម្បី​ទាំង​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ ដូច្នេះ កុំ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​ជាង​ចាប​ជា​ច្រើន» (លូកា ១២:៦, ៧)។ ព្រះជាម្ចាស់ទ្រង់យកព្រះទ័យទុកដាក់ដល់សត្វស្លាបទាំងឡាយ ព្រះអង្គក៏យកព្រះទ័យទុកដាក់នឹងយើងរាល់គ្នាដែរ។ ព្រះអង្គជ្រាបគ្រប់បញ្ហាទាំងអស់របស់​យើង។

ហេតុនោះ យើងអាចជឿទុកចិត្តលើព្រះជាម្ចាស់ទាំងស្រុងបាន។ ព្រះអង្គបានយកព្រះទ័យទុកដាក់លើគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់យើង។ ការយកព្រះទ័យទុកដាក់របស់ព្រះអង្គសម្រាប់យើង​ធ្វើឲ្យ​យើងបានក្សាន្តចិត្ត។ វាក៏ជួយឲ្យយើងយកចិត្តទុកដាក់លើគ្រប់ផ្នែកនៃជីវិតរបស់យើងជាងមុនផងដែរ។

ថ្ងៃអាទិត្យ ទី២៤ វិច្ឆិកា ឆ្នាំ២០១៩

ព្រះនៃប្រវត្តិសាស្ត្រ

សូមអានខគម្ពីរអែសរ៉ា ១:៩‑១១ និងខគម្ពីរដានីយ៉ែល ១:១, ២។ តើខគម្ពីរដានីយ៉ែលទាំងពីរនេះជួយយើងឲ្យយល់អំពីខគម្ពីរអែសរ៉ាខាងដើមយ៉ាងដូចម្តេចដែរ?

ទាំងលោកអែសរ៉ា និងលោកដានីយ៉ែល សុទ្ធតែនិយាយអំពីប្រវត្តិសាស្ត្រ។ ពួកលោកទាំងពីរបានប្រាប់រឿងដូចគ្នានៅក្នុងខទាំងនេះ។ ប៉ុន្តែ របៀបដែលពួកលោករៀបរាប់គឺខុសគ្នា។ តើលោកអ្នកឃើញពីរបៀបដែលលោកអែសរ៉ាបន្សល់ទុកឲ្យយើងនូវបញ្ជីសារពើភ័ណ្ឌដែលពួកបាប៊ីឡូនរឹបយកពីព្រះវិហាររបស់ព្រះដែរឬទេ? នៅពេលដែលយើងប្រៀបធៀបខគម្ពីរអែសរ៉ាទៅនឹងខគម្ពីរដានីយ៉ែល ១:១, ២ តើយើងបានឃើញអ្វីខ្លះ? លោកដានីយ៉ែលបង្ហាញរូបភាពធំអំពីអ្វីដែលបានកើតឡើងដល់យើង។ ហេតុ​នោះ យើងតោងតែអានខគម្ពីរទាំងឡាយនៅក្នុងអែសរ៉ា និងដានីយ៉ែល។ បន្ទាប់មកយើងនឹងឃើញព្រះជាម្ចាស់ទ្រង់គ្រប់គ្រងអ្វីៗទាំងអស់ដែលកើតឡើងចំពោះរាស្ត្ររបស់ព្រះអង្គនៅលើផែនដីនេះ។

«យើងអាចរៀនមេរៀនជាច្រើនចេញពីប្រវត្តិសាស្ត្រ។ ព្រះទ្រង់ប្រទានចំណែកផ្សេងៗគ្នាក្នុងផែនការធំរបស់ព្រះអង្គដល់មនុស្សម្នាក់ៗ និងប្រទេសនីមួយៗ។ សព្វថ្ងៃនេះ ព្រះទ្រង់កំពុងសាកល្បងមនុស្សជាតិ។ ព្រះអង្គកំពុងសាកល្បងប្រទេសផ្សេងៗទាំងឡាយនៅលើផែនដីនេះ។ មនុស្សលោកទាំងអស់ត្រូវសម្រេចចិត្តទទួលយកជោគវាសនាសម្រាប់ពួកគេក្នុងអនាគតដោយសារការសម្រេចចិត្តដែលពួកគេធ្វើ​នាពេលឥឡូវនេះ។ ព្រះទ្រង់គ្រប់គ្រងលើអ្វីៗទាំងអស់។ ព្រះអង្គនឹងបញ្ចប់ផែនការរបស់ព្រះអង្គដើម្បី​សង្គ្រោះ​យើងរាល់គ្នា»។ ដកស្រង់ពី Ellen G. White, Prophets and Kings, page 536, adapted។

សូមអានបទគម្ពីរដានីយ៉ែលជំពូក៥។ តើជំពូកនេះបង្រៀនយើងអ្វីខ្លះអំពីស្តេចបេលសាសារ? ហេតុអ្វីបានជាព្រះទ្រង់ជំនុំជំរះស្តេចអង្គនេះ?

នគរពើស៊ីបានវាយលុកមកលើពួកបាប៊ីឡូននៅក្នុងខែតុលាឆ្នាំ ៥៣៩ មុនគ្រិស្តសករាជ។ ស្តេចស៊ីរូសបានចាប់យកទីក្រុងបាប៊ីឡូនដោយល្បិចដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។ ស៊ីរូសគឺជាស្តេចលើកងទ័ពមេដូពើស៊ី។ តើស្តេចបេលសាសារនៃនគរបាប៊ីឡូនកំពុងធ្វើនៅយប់ដែលស្តេចស៊ីរូសចាប់យកបាប៊ីឡូននោះ? ស្តេចបេលសាសារកំពុងរៀបចំពិធីជប់លៀងដ៏ព្រៃផ្សៃមួយ! ក្នុងអំឡុងពិធីជប់លៀងនោះ មានដៃមួយពីឋាន​​​សួគ៌​បាន​សរសេរនៅលើជញ្ជាំងរាជវាំង។ ពាក្យពេចន៍ដែលបានកត់ត្រានៅលើជញ្ជាំងនោះបានព្រមានថា ស្តេចបេលសាសារនឹងត្រូវសុគតឆាប់ៗនេះ។ តើស្តេចបេលសាសារមិនបានរៀនអ្វីសោះពីហេតុការណ៍ដែលបានកើតឡើងចំពោះស្តេចនេប៊ូក្នេសាឬ? ព្រះទ័យរបស់ស្តេចនេប៊ូក្នេសាពោរពេញដោយអំនួត។ ហេតុនោះហើយបានជាព្រះជាម្ចាស់បណ្តាលឲ្យស្តេចអង្គនេះប្រែនិស្ស័យដូចជាសត្វធាតុវិញ។ ស្តេចនោះបានសោយស្មៅអស់រយៈពេល៧ឆ្នាំ។ នៅពេលដែលគ្រាកំណត់បានមកដល់ ព្រះជាម្ចាស់បានប្រទានព្រះទ័យថ្មីដល់ស្តេចអង្គនេះវិញ។ បន្ទាប់មក ស្តេចនេប៊ូក្នេសាក៏បានថ្វាយព្រះហឫទ័យរបស់ព្រះអង្គដល់ព្រះជាម្ចាស់។ រឿងនោះក៏ជាការព្រមានមួយដែរ។ ប៉ុន្តែគួរឲ្យព្រួយណាស់ ស្តេចបេលសាសារពុំបានរៀនពីរឿងរបស់ស្តេចនេប៊ូក្នេសាទាល់តែសោះ។

តើយើងអាចធ្វើយ៉ាងដូចម្តេចខ្លះដើម្បីឲ្យប្រាកដថា យើងនឹងមិនប្រព្រឹត្តកំហុសដដែលដូចដែលស្តេចបេលសាសារបានប្រព្រឹត្ត? តើការសម្លឹងមើលទៅកាន់ឈើឆ្កាងអាចជួយយើងដូចម្តេចខ្លះ?

ថ្ងៃច័ន្ទ ទី២៥ វិច្ឆិកា ឆ្នាំ២០១៩

ក្នុងទីក្រុងរបស់ពួកគេ

សូមអានអំពីបញ្ជីមួយចំនួនដែលមានរៀបរាប់ក្នុងបទគម្ពីរអែសរ៉ាជំពូក២ និងនេហេមា​ជំពូក​​៧។ តើលោកអ្នកឃើញអ្វីខ្លះនៅក្នុងជំពូកទាំងនេះ?

បទគម្ពីរអែសរ៉ាជំពូក២ប្រាប់យើងអំពីបញ្ជីឈ្មោះមនុស្សដែលបានចាកចេញពីនគរបាប៊ីឡូន។ លោកសេរ៉ូបាបិល និងលោកយ៉ូស្វេបានដឹកនាំពួកគេត្រឡប់មកទីក្រុងយេរូសាឡិមវិញ។ រឿងដដែលនេះក៏ត្រូវបានកត់ត្រានៅក្នុងបទគម្ពីរនេហេមាជំពូក៧ដែរ។ មានមូលហេតុមួយសម្រាប់ការកត់ត្រានោះ។ ពិតមែនហើយ យើងប្រហែលជាធុញទ្រាន់នឹងអានបញ្ជីទាំងឡាយនោះហើយមើលទៅ។ ប៉ុន្តែ បញ្ជីទាំងនោះបានបង្ហាញប្រាប់យើងនូវគោលគំនិតដ៏សំខាន់មួយ។ ព្រះជាម្ចាស់ទ្រង់យកព្រះទ័យទុកដាក់គ្រប់រឿងតូចធំទាំងអស់ដែលមើលទៅហាក់ដូចជាមិនសូវសំខាន់សម្រាប់យើង។

នៅគ្រានេះ បណ្តាជនបានបញ្ចប់ការសាងសង់កំផែងក្រុងយេរូសាឡិមហើយ។ ព្រះគម្ពីរចង់បង្ហាញប្រាប់យើងអំពីក្រុមមនុស្សដំបូងដែលបានវិលត្រឡប់មកក្រុងយេរូសាឡិមវិញ។ ពួកគេបានធ្វើការជាមួយគ្នាដើម្បីជួយកសាងកំផែងក្រុង។ ពួកគេដឹងថា ជោគជ័យរបស់ពួកគេគឺបានមកតែពីព្រះជាម្ចាស់តែមួយអង្គគត់។ ក្រុមយូដាបន្ទាប់មកទៀតដែលបានវិលត្រឡប់មកវិញដែរនោះក៏បានជួយបង្ហើយកិច្ចការដែលក្រុមទីមួយបានចាប់ផ្តើមធ្វើដែរ។ ពួកគេបានសហការគ្នាល្អណាស់។ កិច្ចការនោះគឺជាកិច្ចការដ៏លំបាកមួយ។ ពួកបណ្តាជនបានប្រឈមមុខនឹងបញ្ហាជាច្រើន។ ពួកគេក៏ពុំបានបញ្ចប់កិច្ចការឲ្យឆាប់តាមការគ្រោងទុកដែរ។ ប៉ុន្តែ ពួកគេនៅតែបន្តធ្វើការនោះរហូតដល់សម្រេចការសង់កំផែង។

ជោគជ័យរបស់ពួកគេភាគច្រើនបានមកពីលោកអែសរ៉ា និងលោកនេហេមា។ បុរសទាំងពីររូបនេះគឺជាមេដឹកនាំដ៏ប្រសើរខ្លាំងណាស់។ ពួកលោកបានលើកទឹកចិត្តដល់បណ្តាជនឲ្យខិតខំធ្វើការ មិនឲ្យបោះបង់ចោលការងារកណ្តាលទីឡើយ។ បញ្ជីដែលត្រូវបានកត់ត្រាទុកក្នុងបទគម្ពីរអែសរ៉ា ២ និង​នេហេមា ៧ ក៏បង្ហាញប្រាប់យើងរឿងផ្សេងទៀតដែរ។ យើងឃើញថា ការចាប់ផ្តើមកិច្ចការនៅក្នុង​អែសរ៉ា ២ មានទំនាក់ទំនងគ្នានឹងការបញ្ចប់កិច្ចការនៅក្នុងនេហេមា ៧។ ព្រះវិហារទីពីរទីបំផុតក៏ត្រូវបានសាងសង់រួចជាស្រេច។ មិនត្រឹមតែប៉ុណ្ណោះទេ ពួកបណ្តាជនថែមទាំងបានសាងសង់ទីក្រុងយេរូសាឡិមឡើងវិញផងដែរ។

សូមអានខគម្ពីរនេហេមា ៧:៧៣។ ក្នុងខនេះ យើងឃើញថា ពួកបណ្តាជនមានចិត្តចង់តម្កើងផែនការរបស់ព្រះសម្រាប់ជីវិតរបស់ពួកគេខ្លាំងណាស់។ តើពួកបណ្តាជនបានទទួលជោគជ័យទេ? ប្រសិន​បើបានមែន តើពួកគេបានទទួលជោគជ័យច្រើនប៉ុនណាដែរ?

«ដូច្នេះ ពួក​សង្ឃ ពួក​លេវី ពួក​ឆ្មាំ​ទ្វារ ពួក​ចម្រៀង ពួក​បណ្តា‌ជន​ខ្លះ ពួក​នេធីនិម និង​ពួក​អ៊ីស្រា‌អែល ទាំង​អស់​បាន​នៅ​ក្នុង​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន​ហើយ» (នេហេមា​ ៧:៧៣)។ ខនេះបង្ហាញប្រាប់យើងថា ព្រះជាម្ចាស់បានប្រទានពរដល់រាស្ត្ររបស់ព្រះអង្គដោយជោគជ័យយ៉ាងច្រើន។ ពួកគេបានបញ្ចប់កិច្ចការសាងសង់ព្រះវិហារឡើងវិញ។ ឥឡូវនេះ ពួកគេអាចត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនបាន។

កិច្ចការដែលពួកបណ្តាជនបានធ្វើកើតចេញជាបាដិហារ្យច្រើនអន្លើណាស់។ ពួកបាប៊ីឡូនបានចាប់យកពួកយូដាធ្វើជាអ្នកទោស ហើយនាំយកពួកគេឲ្យចេញពីស្រុកទេសរបស់ពួកគេ។ ព្រះវិហារ និងទីក្រុងរបស់ពួកគេត្រូវបានបំផ្លាញ។ ពួកគេក៏បានសាងសង់ឡើងវិញ។ នេះគឺជាបាដិហារ្យមួយយ៉ាងពិតប្រាកដ។ អ្វីៗបានកើតឡើងដូចដែលព្រះជាម្ចាស់បានសន្យាពិតមែន។

ថ្ងៃអង្គារ ទី២៦ វិច្ឆិកា ឆ្នាំ២០១៩

តើពួកសង្ឃនៅឯណាដែរ?

ដូចដែលយើងឃើញកាលពីម្សិលមិញហើយថា ព្រះជាម្ចាស់បានធ្វើបាដិហារ្យមួយដោយនាំយករាស្ត្ររបស់ព្រះអង្គត្រឡប់មកពីនគរបាប៊ីឡូនវិញ។

ជាការពិត មានបញ្ហាច្រើនណាស់។ ពិតមែនហើយ ពួកយូដាបានដឹងថា ព្រះជាម្ចាស់ទ្រង់មានសេចក្តីសន្យាដ៏អស្ចារ្យជាច្រើនជាមួយនឹងពួកគេ។ ព្រះអង្គបានសន្យាថា នឹងជួយពួកគេកសាងទីក្រុង​របស់ពួកគេឡើងវិញ។ ប៉ុន្តែ ពួកយូដាភាគច្រើនមិនចង់វិលត្រឡប់មកកាន់ទីក្រុងយេរូសាឡិមវិញឡើយ។ ពួកគេចង់តែស្នាក់នៅបាប៊ីឡូនបន្តទៀត។

សូមអានខគម្ពីរអែសរ៉ា ៨:១‑៥។ សូមអានដោយប្រុងប្រយ័ត្ននៅក្នុងខ៥។ ពួកបណ្តាជន​កំពុង​មានបញ្ហាដ៏ធំមួយ តើបញ្ហានោះគឺជាអ្វី?

ដូចបានជម្រាបរួចមកហើយថា មិនមែនពួកយូដាទាំងអស់ចង់វិលត្រឡប់មកទីក្រុងយេរូសាឡិមវិញឡើយ។ ហេតុអ្វីបានជាដូច្នោះ? ពីព្រោះមានមូលហេតុជាច្រើន។ ពួកយូដាភាគច្រើនបានកើតនៅក្នុងនគរបាប៊ីឡូន។ តាំងពីតូចរហូតដល់ធំ ពួកគេបានរស់នៅទីនោះឯង។ ពួកគេស្គាល់តែទីក្រុងបាប៊ីឡូនមួយប៉ុណ្ណោះ។ ហេតុនោះហើយបានជាពួកយូដាភាគច្រើនមិនចង់វិលធ្វើដំណើរតាមផ្លូវដ៏វែងឆ្ងាយទៅកាន់ទឹកដីដែលពួកគេមិនដែលស្គាល់ឡើយ។ ពួកយូដាដែលបានវិលត្រឡប់មកវិញនៅមានបញ្ហាមួយទៀត។ ពួកគេមានការលំបាកនឹងស្វែងរកពួកលេវី ឲ្យត្រឡប់មកមើលថែព្រះវិហារក្នុងទីក្រុងយេរូសាឡិមខ្លាំងណាស់។ យើងនឹងរៀនថែមទៀតអំពីរឿងនោះនៅថ្ងៃព្រហស្បតិ៍។

«ឥឡូវនេះ ពួកយូដាបានស្នាក់នៅក្នុងនគរបាប៊ីឡូនបានរស់នៅទីនោះអស់រយៈពេលជិត១៥០ឆ្នាំហើយ។ យើងដឹងថា ពួកអ្នកមានយូដាជាច្រើនរស់នៅក្នុងដែនដីនិពពើរក្នុងជំនាន់ស្តេចអើថាស៊ើកសេសទី១។ ហេតុនោះ យើងគិតថា លោកអែសរ៉ាមានការលំបាកណាស់ក្នុងការបញ្ចុះបញ្ចូលពួកអ្នកមានយូដាឲ្យចាកចេញពីបាប៊ីឡូនត្រឡប់មកទីក្រុងយេរូសាឡិមវិញ។ ជីវិតរស់នៅក្នុងក្រុងយេរូសាឡិមនឹងមានការលំបាក។ ការស្នាក់នៅក្នុងស្រុកបាប៊ីឡូនមានភាពងាយស្រួលជាងច្រើនណាស់។ ជីវិតនៅទីនោះក៏មានសេចក្តីសុខក្សេមក្សាន្តដែរ។ ហេតុនោះ វាជាការចម្លែកណាស់ដែលលោកអែសរ៉ាបបួលមនុស្ស​បាន២០០០គ្រួសារឲ្យត្រឡប់មកកាន់ទីក្រុងយេរូសាឡិមជាមួយនឹងលោក»។ ដកស្រង់ពី The SDA Bible Commentary, volume 3, page 376, adapted។

«ត្រូវ​តែ​ទ្រាំ​រង​ទុក្ខ​វេទនា​ជា​ច្រើន ទើប​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន» (កិច្ចការ ១៤:២២)។ តើខនេះមានន័យដូចម្តេចដែរ? តើខនេះប្រាប់យើងអ្វីខ្លះអំពីបញ្ហាទាំងឡាយ និងការសាកល្បងទាំងឡាយដែលយើងនឹងជួបក្នុងជីវិតនេះ? ហេតុអ្វីបានជាការទាំងនេះគឺជាផ្នែកមួយនៃបទពិសោធន៍របស់អស់អ្នកដែលជ្រើសរើសបម្រើព្រះអម្ចាស់?

ថ្ងៃពុធ ទី២៧ វិច្ឆិកា ឆ្នាំ២០១៩

ទឹកចិត្តដែលគ្មានសេចក្តីអំនួត

សូមអានខគម្ពីរចោទិយកថា ៣០:១‑៦។ តើសេចក្តីសន្យាអ្វីខ្លះនៅក្នុងខទាំងនេះដែលព្រះទ្រង់​បានប្រទានដល់ពួកសាសន៍ហេព្រើរ? តើលោកអ្នកគិតថា លោកអែសរ៉ា និងលោកនេហេមាគិតដូចម្តេចខ្លះអំពីសេចក្តីសន្យានេះ? តើលោកអ្នកគិតថា សេចក្តីសន្យានេះមានន័យចំពោះពួកគេយ៉ាងដូចម្តេចដែរ?

លោកអែសរ៉ា និងលោកនេហេមាសុទ្ធតែដឹងអំពីសេចក្តីសន្យារបស់ព្រះជាម្ចាស់ចំពោះរាស្ត្ររបស់ព្រះអង្គ។ ពួកលោកដឹងថា ព្រះជាម្ចាស់នឹងនាំយករាស្ត្ររបស់ព្រះអង្គចេញពីបាប៊ីឡូនទៅកាន់ស្រុកទេសរបស់ពួកគេវិញ។ ក្នុងបទគម្ពីរនេហេមាជំពូក៩ យើងបានឃើញថា ពួកបណ្តាជនមានការយល់ដឹងអំពីប្រវត្តិសាស្ត្ររបស់ពួកគេ។ ពួកគេដឹងអំពីមូលហេតុដែលពួកគេមានបញ្ហា។ ដំណាលគ្នានោះ ពួកគេ​ក៏ដឹងថា ព្រះជាម្ចាស់មានព្រះទ័យពោរពេញដោយសេចក្តីមេត្តាដែរ។ ព្រះអង្គនឹងដឹកនាំពួកគេ និងបង្ហាញសេចក្តីស្រឡាញ់ដល់ពួកគេកាលណាពួកគេបែរចេញពីអំពើបាបរបស់ខ្លួនវិញ។

ហេតុនោះ ពួកបណ្តាជនក៏បានជឿទុកចិត្តលើព្រះអម្ចាស់ឡើងវិញ។ ព្រះអង្គនឹងប្រទានជោគជ័យដល់ពួកគេ។ សេចក្តីសន្យារបស់ព្រះពុំមានន័យថា រាស្ត្ររបស់ព្រះនឹងគ្មានបញ្ហានៅតាមផ្លូវ​នោះ​ឡើយ។

សូមអានខគម្ពីរអែសរ៉ា ៨:១៦‑២៣។ តើអ្វីទៅដែលជាបញ្ហានៅក្នុងខទាំងនេះ? តើពួកបណ្តាជនធ្វើអ្វីខ្លះដើម្បីដោះស្រាយបញ្ហានេះ?

ពិតមែនហើយ បញ្ហាជាច្រើនបានកើតឡើង។ បញ្ហាមួយនោះគឺការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេ។ លោកអែសរ៉ាដឹងថា នឹងមានគ្រោះថ្នាក់ជាច្រើននៅតាមផ្លូវ។ ហេតុនោះ លោកបានទូលសូមដល់ ព្រះជាម្ចាស់។ លោកបានតមអត់អាហារ។ លោកបង្ហាញថា លោកមានចិត្តដែលគ្មានអំនួត។ លោក បង្ហាញទៅព្រះជាម្ចាស់ថា លោកដឹងថាលោកត្រូវពឹងផ្អែកលើព្រះជាម្ចាស់ច្រើនប៉ុនណា។ ពិតមែនហើយ មានគ្រោះថ្នាក់ជាច្រើនអាចនឹងកើតមានឡើង។ ប៉ុន្តែ លោកអែសរ៉ាពុំបានទូលសូមជំនួយពីស្តេចនគរពើស៊ីដូចដែលលោកនេហេមាបានសូមឡើយ (នេហេមា ២:៩)។ អត់ទេ។ លោកអែសរ៉ាពុំបានទូលសូមជំនួយពីស្តេចនគរពើស៊ីឡើយ។ ប្រហែលជាលោកអែសរ៉ាចង់បង្ហាញដល់ស្តេចនគរពើស៊ីថា ព្រះ‑ជាម្ចាស់នឹងការពារដល់រាស្ត្ររបស់ព្រះអង្គហើយមើលទៅ។ លោកអែសរ៉ាបានទូលប្រាប់ដល់ស្តេចថា «ដ្បិត​ដែល​សូម​ទាហាន និង​ពល​សេះ​ពី​ស្តេច ឲ្យ​ទៅ​រាំង‌រា​ពួក​ខ្មាំង​សត្រូវ​តាម​ផ្លូវ នោះ​នឹង​នាំ​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​ខ្មាស ពី​ព្រោះ​យើង​បាន​ទូល​ស្តេច​ហើយ​ថា ព្រះ‌ហស្ត​នៃ​ព្រះ​របស់​យើង​រាល់​គ្នា សណ្ឋិត​នៅ​នឹង​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់ ដើម្បី​នឹង​ប្រោស​ឲ្យ​បាន​សេចក្ដី​ល្អ តែ​ព្រះ‌ចេស្តា និង​សេចក្ដី​ក្រេវ‌ក្រោធ​នៃ​ទ្រង់ នោះ​ទាស់​នឹង​អស់​អ្នក​ដែល​បោះ‌បង់​ចោល​ទ្រង់​វិញ» (អែសរ៉ា ៨:២២)។ ទីបំផុត អ្វីៗគ្រប់យ៉ាងដំណើរការ យ៉ាងរលូន។ ក្រោយមកទៀត លោកអែសរ៉ាក៏បានកត់ត្រាថា ព្រះអម្ចាស់បានការពារពួកគេ (អែសរ៉ា ៨:៣១)។ ពួកគេក៏បានត្រឡប់មកដល់ស្រុកទេសដោយសុវត្ថិភាព។

ជាការពិត យើងតោងតែជឿទុកចិត្តលើព្រះជាម្ចាស់សម្រាប់គ្រប់ការទាំងអស់។ ទន្ទឹមគ្នានេះ តើពេលណាទើបយើងគួរសូមឲ្យពួកអ្នកដែលមិនជឿព្រះជួយដល់យើង? ហេតុអ្វីបានជាការនោះក៏ជារឿងត្រឹមត្រូវដែលត្រូវធ្វើដែរ?

ថ្ងៃព្រហស្បតិ៍ ទី២៨ វិច្ឆិកា ឆ្នាំ២០១៩

នៅក្នុងទីក្រុងបរិសុទ្ធ

សូមអានខគម្ពីរនេហេមា ១១:១, ២។ តើមានអ្វីកើតឡើងខ្លះនៅក្នុងខទាំងនេះ? ហេតុអ្វីបានជាបណ្តាជនត្រូវជ្រើសរើសឈ្មោះ? តើពួកគេត្រូវធ្វើអ្វីខ្លះដើម្បីសម្រេចចិត្ត?

តើបទគម្ពីរនេហេមា១១បង្ហាញប្រាប់យើងអ្វីខ្លះ?​ ពួកបណ្តាជនត្រូវសម្រេចចិត្តថា នរណាខ្លះនឹងត្រូវរស់នៅក្នុងក្រុងយេរូសាឡិម។

ជីវិតនៅទីជនបទប្រសើរជាងជីវិតរស់នៅក្នុងទីក្រុង។ នៅតាមជនបទ បណ្តាជនមានដីធ្លីផ្ទាល់ ខ្លួន។ ប៉ុន្តែប្រសិនបើពួកគេរស់នៅទីក្រុង ពួកគេត្រូវបោះបង់ដីធ្លីរបស់ខ្លួន។ ភាគច្រើនពួកគេមិនចង់ធ្វើ​ដូច្នោះឡើយ។

តើលោកអ្នកគិតថា ការដែលត្រូវចេញទៅផ្សាយដំណឹងល្អអំពីព្រះយេស៊ូវនៅទីក្រុងថ្មី ឬជនបទថ្មី មានការលំបាកយ៉ាងដូចម្តេចដែរ? លោកអ្នកប្រាកដជាត្រូវប្រឈមនឹងបទពិសោធន៍ថ្មីៗ មែនទេ? លោកអ្នកក៏ត្រូវមានឆន្ទៈហ៊ានប្រឈមនឹងគ្រាលំបាកៗផងដែរ។

«អ្នកបម្រើព្រះរបស់យើងមួយចំនួននៅពុំទាន់បានធ្វើការផ្សាយដំណឹងល្អដល់មនុស្សដទៃៗទៀតឲ្យបានពេញដៃពេញជើងនៅឡើយទេ។ មេដឹកនាំរបស់យើងត្រូវភ្ញាក់រឭកឡើង។ ពួកគេត្រូវមើលឃើញអំពីកិច្ចការដែលពួកគេត្រូវបំពេញ។ ខ្ញុំគិតអំពីទីក្រុងទាំងឡាយដែលពួកគេបានធ្វើកិច្ចការត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ។ មានមនុស្សរាប់លាននាក់កំពុងរស់នៅទីក្រុងទាំងនេះ។ ពួកគេត្រូវបានស្តាប់ដំណឹងអំពីការយាងមកវិញឆាប់ៗរបស់ព្រះយេស៊ូវ។ ខ្ញុំមានបំណងយ៉ាងជ្រាលជ្រៅចង់ឃើញបុរសស្ត្រីទាំងឡាយចេញទៅធ្វើការនៅក្នុងទីក្រុងទាំងនេះ។ ពួកគេត្រូវធ្វើការក្នុងអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេតោងតែពោរពេញដោយសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវចំពោះបាបជនទាំងឡាយ។ ពីព្រោះបាបជនទាំងនេះកំពុងត្រូវការព្រះអង្គសង្គ្រោះ»។ ដកស្រង់ពី Ellen G. White, Testimonies for the Church, volume 7, page 40, adapted។

សូមអានបញ្ជីឈ្មោះរបស់ពួកសង្ឃ និងពួកលេវីនៅក្នុងនេហេមា ១២:១‑២៦។ ហេតុអ្វីបាន ជាលោកអ្នកគិតថា បញ្ជីនេះគួរតែមាននៅក្នុងជំពូកនេះ? តើមានទំនាក់ទំនងអ្វីនឹងគ្នារវាងពួកបណ្តាជន និងកំផែងនៅក្នុងនេហេមា ១២:២៧‑៤៧?

ព្រះជាម្ចាស់ទ្រង់ចង់ឲ្យពួកគេបានធ្វើការឲ្យឆាប់ចប់។ ព្រះអង្គត្រូវការបណ្តាជនដែលចង់បម្រើ ព្រះអង្គដោយអស់ពីចិត្ត។ ទើបព្រះអង្គអាចប្រើពួកគេឲ្យធ្វើកិច្ចការធំដុំបាន។ មានគ្រួសារពួកសង្ឃជា​ច្រើន​បានជួយលោកនេហេមាកសាងកំផែងដែរ។ បន្ទាប់មកពួកគេក៏អាចថ្វាយបង្គំព្រះដោយសុវត្ថិភាពនៅក្នុងព្រះវិហារ។ ប៉ុន្តែកំផែងនៅជុំវិញព្រះវិហារនៅមិនទាន់រួចស្រេចបាច់នៅឡើយ។ ហេតុនោះ យើង​អាចឃើញថា រាស្ត្រទាំងអស់របស់ព្រះសុទ្ធតែមានចំណែកដែលត្រូវធ្វើក្នុងកិច្ចការរបស់ព្រះអង្គ។

ថ្ងៃសុក្រ ទី២៩ វិច្ឆិកា ឆ្នាំ២០១៩

សិក្សាបន្ថែម

សូមអាន Ellen G. White, “The Test of Discipleship,” pages 57-65, in Steps to Christ.

«មានមនុស្សជាច្រើនដែលស្គាល់សេចក្តីស្រឡាញ់ និងការអត់ទោសរបស់ព្រះយេស៊ូវ។ មនុស្សទាំងនេះចង់ក្លាយខ្លួនជាកូនរបស់ព្រះ។ ប៉ុន្តែពួកគេដឹងខ្លួនថា ពួកគេពុំទាន់គ្រប់លក្ខណ៍នៅឡើយទេ។ ពួកគេបានប្រព្រឹត្តខុសយ៉ាងច្រើនក្នុងជីវិត។ ហេតុនោះ ពួកគេកំពុងតែសង្ស័យថា តើព្រះវិញ្ញាណបរិសុទ្ធអាចកែប្រែឲ្យចិត្តរបស់ពួកគេត្រឡប់ជាថ្មីបានដែរឬទេ។ ខ្ញុំចង់ផ្តល់ឱវាទខ្លះៗដល់មនុស្សទាំងនេះថា៖ កុំឲ្យងាកបែរចេញពីព្រះជាម្ចាស់ឡើយ។ ហើយក៏កុំឲ្យព្រួយចិត្តដែរ។ ជាញឹកញាប់យើងត្រូវយំសោកនៅ ទៀបព្រះបាទព្រះយេស៊ូវ។ យើងនឹងយំសោកដោយសារតែយើងបានធ្វើបាប និងធ្វើខុស។ ប៉ុន្តែកុំឲ្យ អស់សង្ឃឹមឡើយ។ បើទោះបីជាសាតាំងបណ្តាលយើងឲ្យបរាជ័យក្តី តែព្រះទ្រង់មិនបោះបង់យើងចោល ឡើយ។ ព្រះយេស៊ូវទ្រង់គង់នៅខាងព្រះហស្តស្តាំរបស់ព្រះ។ ព្រះអង្គបានសូមឲ្យព្រះជាម្ចាស់អត់ទោសដល់យើង... ព្រះជាម្ចាស់ចង់កែលោកអ្នកឲ្យថ្មីឡើងវិញ។ ព្រះអង្គចង់នាំលោកអ្នកឲ្យខិតទៅជិតព្រះអង្គម្តងទៀត។ ព្រះជាម្ចាស់ចង់ឃើញព្រះជន្មដ៏បរិសុទ្ធ និងស្អាតស្អំរបស់ព្រះអង្គបានរះឡើងក្នុងលោកអ្នក។ ហេតុនោះ ចូរថ្វាយខ្លួនរបស់លោកអ្នកទាំងស្រុងដល់ព្រះជាម្ចាស់ចុះ។ ព្រះអង្គបានចាប់ផ្តើមកិច្ចការល្អមួយនៅក្នុងចិត្តរបស់លោកអ្នកហើយ។ ព្រះអង្គនឹងមិនឈប់ឡើយរហូតទាល់តែកិច្ចការនោះបានសម្រេច​សព្វគ្រប់។ បន្ទាប់មកព្រះយេស៊ូវនឹងយាងមកវិញ។ ហេតុនោះ ចូរអធិដ្ឋានឲ្យបានច្រើនជាងមុន។ ចូរ​ជឿឲ្យបានខ្លាំងជាងមុន។ មិនត្រូវជឿទុកចិត្តលើកម្លាំងផ្ទាល់ខ្លួនថាអាចសង្គ្រោះខ្លួនឯងឡើយ។ ចូរជឿ​ទុកចិត្តលើព្រះចេស្តាដែលមាននៅក្នុងព្រះអង្គសង្គ្រោះវិញ។ ចូរសរសើរតម្កើងព្រះអង្គ ចុះ។ ព្រះអង្គនឹងប្រទានសុខភាពល្អដល់យើងរាល់គ្នា»។ ដកស្រង់ពី Ellen G. White, Steps to Christ, page 64, adapted។

សំនួរពិភាក្សា៖
  1. ក្នុងបទគម្ពីរដានីយ៉ែល២ យើងឃើញថា លោកដានីយ៉ែលបានមើលឃើញអនាគតជាច្រើនរយឆ្នាំកន្លងមកហើយ។ លោកបានបង្ហាញប្រាប់យើងនូវរូបភាពពិតប្រាកដមួយអំពីហេតុការណ៍ទាំងឡាយដែលនឹងកើតឡើងនាគ្រាអនាគត។ តើបទទំនាយរបស់លោកដានីយ៉ែលជួយកម្សាន្តចិត្ត និងផ្តល់ក្តីសង្ឃឹមដល់លោកអ្នកដូចម្តេចខ្លះ? ពិតមែនហើយ ជួនកាលជីវិតតែងតែជួបនូវរឿងរ៉ាវផ្តេសផ្តាស និង​អាក្រក់ៗជាច្រើន។ ប៉ុន្តែ តើដានីយ៉ែល២ បង្ហាញប្រាប់លោកអ្នកយ៉ាងដូចម្តេចខ្លះថា ព្រះទ្រង់ជ្រាបអ្វីៗគ្រប់យ៉ាងអំពីអនាគតមុនដែលរឿងទាំងនោះកើតឡើងទៅទៀតនោះ? តើចំណេះដឹងអំពីរឿងនោះជួយលោកអ្នកយ៉ាងដូចម្តេចដែរ ដើម្បីឲ្យជឿថា ព្រះអង្គជាអ្នកគ្រប់គ្រងលើអ្វីៗទាំងអស់?

  2. ព្រះជាម្ចាស់ជ្រាបអ្វីៗទាំងអស់អំពីយើងម្នាក់ៗ។ គំនិតនេះជួយឲ្យយើងបានទទួលការកម្សាន្តចិត្ត និងក្តីសង្ឃឹមក្នុងយើងរាល់គ្នា។ យើងដឹងថា យើងស្ថិតនៅក្នុងការមើលថែរបស់ព្រះអង្គ (សូមអានអេសាយ ៤៣:១)។ តើលោកអ្នកអាចជួយដល់មនុស្សដទៃទៀតដូចម្តេចខ្លះដើម្បីឲ្យពួកគេស្គាល់ថា ព្រះជាម្ចាស់​ស្រឡាញ់ដល់ពួកគេ និងគង់នៅជាមួយពួកគេ បើទោះជាក្នុងគ្រាលំបាកក្តី? ​

  3. នៅក្នុងមេរៀនថ្ងៃពុធ យើងដឹងថា លោកអែសរ៉ាពុំទូលសូមជំនួយពីស្តេចឡើយ។ តើលោកអែសរ៉ាខ្លាចស្តេចគិតអំពីរឿងអ្វីប្រសិនបើលោកទូលសូមឲ្យស្តេចជួយ? ចូរយើងគិតអំពីចម្លើយទៅនឹងសំណួរនេះដោយសម្លឹងរកឧទាហរណ៍ណាមួយ។ យើងដឹងថា ព្រះជាម្ចាស់ទ្រង់ព្យាបាលយើង។ ប៉ុន្តែ ប្រសិន​បើយើងឈឺ ហើយយើងទៅរកគ្រូពេទ្យឲ្យព្យាបាលយើង នោះតើយ៉ាងដូចម្តេចដែរ? ​
Powered by CAM