សូមអានផ្នែកនៃសេចក្តីអធិស្ឋានរបស់លោកដានីយ៉ែលនៅក្នុងខគម្ពីរដានីយ៉ែល ៩:៥-១៣។ ក្នុងសេចក្តីអធិស្ឋានរបស់លោក លោកដានីយ៉ែលបានបន្តប្រសាសន៍ថា «យើង»បានធ្វើខុស។ ដូច្នេះ លោកបានរាប់បញ្ចូលទាំងខ្លួនលោកថាជាអ្នកប្រព្រឹត្តអំពើបាបដែលនាំអោយការដាក់ទោសនៃព្រះបានធ្លាក់មកលើសាសន៍យូដាកាលពី ៧០ឆ្នាំមុន។ តើហេតុអ្វីបានជាលោកដានីយ៉ែលធ្វើយ៉ាងដូច្នោះ?
សេចក្តីអធិស្ឋានរបស់លោកដានីយ៉ែលគឺជាឧទាហរណ៍មួយអំពីរបៀបដែលយើងអាចអធិស្ឋានសម្រាប់មនុស្សដទៃទៀត។ ព្រះគម្ពីរមានពោរពេញទៅដោយឧទាហរណ៍ជាច្រើននៃការអធិស្ឋានបែបនេះ។ ការអធិស្ឋានរបស់យើងសម្រាប់អ្នកដទៃធ្វើអោយរំជួលដល់ព្រះហឫទ័យនៃព្រះ។ ការអធិស្ឋានរបស់យើង អាចបង្កអោយមានរឿងល្អៗកើតមានឡើងផងដែរ។ ការអធិស្ឋានបែបនេះ អាចបណ្តាលអោយព្រះជួយ សង្គ្រោះរាស្ត្ររបស់ទ្រង់ពីសត្រូវរបស់ពួកគេបាន។ ការអធិស្ឋានរបស់យើងអាចជួយបន្ទន់ព្រះហឫទ័យនៃ ព្រះកុំអោយដាក់ទោសរាស្ត្ររបស់ទ្រង់ផងដែរ។ សេចក្តីអធិស្ឋានរបស់លោកម៉ូសេបានជួយមិនអោយព្រះ បំផ្លាញរាស្ត្ររបស់ទ្រង់បន្ទាប់ពីពួកគេបានប្រព្រឹត្តអំពើបាបរួចហើយ (និក្ខមនំ ៣២:៧-១៤, ជនគណនា ១៤:១០-២៥)។ សេចក្តីអធិស្ឋានរបស់លោក អេលីយ៉ាបានបណ្តាលអោយព្រះទម្លាក់ទឹកភ្លៀងនៅលើ ដីហួតហែង ក្រោយពេលដែលគ្មានភ្លៀងអស់ ៣ ឆ្នាំកន្លះរួចមក (ពង្សាវតាក្សត្រទី១ ១៨)។
ដូចនេះ យើងគួរតែអធិស្ឋានសម្រាប់សមាជិកគ្រួសារម្នាក់ៗ មិត្តភក្តិ និងមនុស្សដទៃទៀត។ អធិស្ឋាននៅពេលដែលលោកអ្នកមានបញ្ហាផងដែរ។ ព្រះទ្រង់ឮការអធិស្ឋានរបស់យើង។ ទ្រង់អាចជួយ យើងបាន។ ពេលខ្លះ ព្រះពុំបានឆ្លើយតបការអធិស្ឋានរបស់យើងភ្លាមៗនោះទេ។ ប៉ុន្តែ យើងប្រហែលជាដឹង ច្បាស់ថាព្រះតែងតែនឹកចាំនូវរបស់ទាំងឡាយដែលកូនរបស់ព្រះអង្គត្រូវការ។ «ដូច្នេះ ចូរឲ្យអ្នករាល់គ្នាលន់ តួទោសនឹងគ្នា ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាចុះ ដ្បិតសេចក្តីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត នោះពូកែណាស់» (សូមអានយ៉ាកុប ៥:១៦)។
ក្នុងសេចក្តីអធិស្ឋានរបស់លោក លោកដានីយ៉ែលបានឈរនៅចំកណ្តាលរវាងព្រះ និងមនុស្ស។ ការសិក្សាព្រះគម្ពីររបស់លោកដានីយ៉ែលបានបង្ហាញលោកថាសាសន៍យូដាពោរពេញទៅដោយអំពើបាប។ ពួកគេបានបន្តរំលងបញ្ញត្តិនៃព្រះ។ ពួកគេបានបដិសេធមិនស្តាប់បង្គាប់បម្រាមនៃព្រះ។ ម្ល៉ោះហើយ លោកដានីយ៉ែលបានអធិស្ឋានទូលសូមអោយព្រះព្យាបាល និងអត់ឱនទោសដល់ពួកគេ។ ប៉ុន្តែ លោកដានីយ៉ែលក៏បានរាប់បញ្ចូលទាំងខ្លួនលោកនៅក្នុងក្រុមដែលត្រូវការការព្យាបាល និងការអត់ឱនទោសផងដែរ។ តាម របៀបនេះ លោកដានីយ៉ែលបង្ហាញយើងពីកិច្ចការរបស់ព្រះដើម្បីសង្គ្រោះយើងអោយរួចពីបាប (បទគម្ពីរ យ៉ូហាន ១៧)។ ប៉ុន្តែ មានរឿងខុសគ្នាមួយដ៏ធំរវាងលោកដានីយ៉ែល និងព្រះយេស៊ូវ។ ព្រះយេស៊ូវ «ឥតធ្វើបាបឡើយ» (ហេព្រើរ ៤:១៥)។ ដូច្នេះ ព្រះយេស៊ូវពុំចាំបាច់ត្រូវការការទូលសូមនូវការអត់ឱនទោសនោះ ទេ។ «គួរឲ្យមានសំដេចសង្ឃយ៉ាងនោះសំរាប់យើង ដែលទ្រង់បរិសុទ្ធ ឥតពុតមាយា ឥតសៅហ្មង ដែលបានញែកចេញពីមនុស្សបាប ហើយបានត្រឡប់ជាខ្ពស់ជាងស្ថានសួគ៌ទៅទៀត ទ្រង់មិនចាំបាច់នឹងថ្វាយយញ្ញបូជាជារាល់ថ្ងៃ ដូចជាសំដេចសង្ឃ ដែលថ្វាយដោយព្រោះបាបខ្លួនជាមុនដំបូង រួចមកដោយព្រោះបាបរបស់ជនទាំងឡាយនោះទេ ដ្បិតទ្រង់បានថ្វាយយញ្ញបូជានោះ១ដងជាសំរេច គឺក្នុងកាលដែលទ្រង់ថ្វាយព្រះអង្គទ្រង់នោះឯង» (ហេព្រើរ ៧:២៦, ២៧)។ ស្របពេលជាមួយគ្នានេះ ព្រះយេស៊ូវជ្រាបដឹងពីបទ ពិសោធន៍របស់យើងក្នុងរបៀបដ៏ពិសេសមួយ។ ព្រះអង្គជ្រាបដឹងពីសង្គ្រាមរបស់យើងប្រឆាំងនឹងអំពើបាប៖ «ដ្បិតឯព្រះអង្គ ដែលមិនបានស្គាល់បាបសោះ នោះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្តីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង» (កូរិនថូសទី២ ៥:២១)។
ថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២០
កិច្ចការនៃព្រះអង្គសង្គ្រោះ
សេចក្តីអធិស្ឋានរបស់លោកដានីយ៉ែលសម្រាប់រាស្ត្ររបស់លោកបានបង្ហាញយើងថាលោក ព្រួយបារម្ភអំពីរឿង ២ យ៉ាង៖ (១) អំពើបាបនៃសាសន៍អ៊ីស្រាអែល និង (២) ការបំផ្លាញទីក្រុងយេរូសាឡិម។ ដូចនេះ ព្រះបានឆ្លើយតបនឹងបញ្ហាទាំង ២ នេះ។ ព្រះអង្គសង្គ្រោះនឹងជួយរាស្ត្ររបស់ទ្រង់។ ម៉្យាងទៀត រោងឧបោសថ (ដំណាក់) នៃព្រះនឹងត្រូវបានសំអាតអោយបរិសុទ្ធ។ ព្រះអង្គសង្គ្រោះនឹងមិនសង្គ្រោះត្រឹម តែសាសន៍យូដាប៉ុណ្ណោះទេ។ ទ្រង់នឹងយាងមកដើម្បីសង្គ្រោះមនុស្សគ្រប់គ្នាដែលបានជឿលើទ្រង់។
តើទេវតាកាព្រីយ៉ែលបានពោលថានឹងមានរឿងអ្វីកើតឡើង ក្នុងខគម្ពីរដានីយ៉ែល ៩:២១-២៧? តើកិច្ចការអ្វីដែលនឹងកើតឡើងនៅក្នុងអំឡុងពេលនៃ ៧០ អាទិត្យនោះ? តើហេតុអ្វីបានជាមានតែព្រះយេស៊ូវតែមួយគត់ដែលអាចធ្វើកិច្ចការនេះបាន?
នៅគ្រាចុងក្រោយនៃ ៧០ អាទិត្យ ព្រះអង្គសង្គ្រោះនឹងបំពេញកិច្ចការទាំង ៦ យ៉ាង។ (១)ព្រះអង្គនឹង «រំលត់បំបាត់អំពើរំលង និងធ្វើឲ្យអំពើបាបផុតទៅ» (ដានីយ៉ែល ៩:២៤)។ ពាក្យដែលបាន ចែងថា «រំលត់បំបាត់អំពើរំលង» មកពីពាក្យហេព្រើរ «ផេស្សា (Pesha)»។ «ផេស្សា» បង្ហាញយើងអំពី អំពើបាបដែលមនុស្សទន់ខ្សោយបានធ្វើប្រឆាំងនឹងមនុស្សខ្លាំងពូកែជាងខ្លួន (ខគម្ពីរសុភាសិត ២៨:២៤ បានបង្ហាញយើងអំពីឧទាហរណ៍នេះ)។ លោកអេសេគាលបានប្រើពាក្យ «ផេស្សា» ដើម្បីបង្ហាញយើងអំពីមនុស្សទាំងឡាយដែលប្រឆាំងទាស់នឹងព្រះ។ «ទ្រង់មានព្រះបន្ទូលថា កូនមនុស្សអើយ អញចាត់ឯងឲ្យទៅឯពួកកូនចៅអ៊ីស្រាអែល គឺដល់សាសន៍ដែលរឹងចចេស ដែលបានបះបោរនឹងអញ ទោះទាំងខ្លួនគេ និងពួកអយ្យកោ ក៏បានរំលងទាស់នឹងអញ ដរាបដល់ថ្ងៃនេះឯង» (អេសេគាល ២:៣)។ ការសុគត របស់ព្រះយេស៊ូវបានបង្វែរមនុស្សទាំងឡាយចេញពីអំពើបាប ហើយនាំពួកគេត្រឡប់មកឯព្រះវិញ។
ព្រះយេស៊ូវនឹង «ធ្វើឲ្យអំពើបាបផុតទៅ» (ដានីយ៉ែល ៩:២៤)។ ក្នុងកណ្ឌគម្ពីរហេព្រើរ កិរិយា ស័ព្ទសម្រាប់ពាក្យថា «ធ្វើឲ្យ» បង្ហាញយើងថាព្រះបានអត់ឱនទោសអំពើបាបរបស់យើង។ មែនហើយ មនុស្សពុំបានធ្វើតាមច្បាប់របស់ព្រះទេ បន្ទាប់ពីលោកអ័ដាមនិងនាងអេវ៉ាបានប្រព្រឹត្តអំពើបាប។
ព្រះយេស៊ូវនឹង «ធ្វើឲ្យអំពើបាបផុតទៅ» (ដានីយ៉ែល ៩:២៤, សូមអានកូឡូស ១:១៩, ២០)។ មានតែព្រះយេស៊ូវតែមួយគត់ដែលអាចធ្វើកិច្ចការនោះបាន។
ព្រះយេស៊ូវនឹង «នាំសេចក្តីសុចរិតដ៏នៅអស់កល្បជានិច្ចចូលមក» (ដានីយ៉ែល ៩:២៤)។ ព្រះយេស៊ូវបានជំនួសយើងរាល់គ្នា នៅលើឈើឆ្កាង។ ការសុគតរបស់ទ្រង់បានធ្វើអោយយើងនៅជាប់ ជាមួយនឹងព្រះ។ មានតែជំនឿរបស់យើងទៅលើព្រះយេស៊ូវតែមួយមុខប៉ុណ្ណោះ ដែលអាចផ្តល់អោយ យើងនូវអំណោយនេះ។
ព្រះយេស៊ូវនឹង «បិទត្រាការជាក់ស្តែង និងសេចក្តីទំនាយ» (ដានីយ៉ែល ៩:២៤)។ គម្ពីរសញ្ញា ចាស់មានពោរពេញទៅដោយសារពិសេសៗ និងសេចក្តីសន្យាជាច្រើនអំពីកិច្ចការនៃព្រះអង្គសង្គ្រោះ ដើម្បីសង្គ្រោះមនុស្សចេញពីបាប។ ការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងបានធ្វើអោយកិច្ចសន្យា នៃកណ្ឌគម្ពីរទាំងនេះក្លាយមកជាការពិត។
«នឹងចាក់ប្រេងតាំងអ្នកដ៏បរិសុទ្ធបំផុតឡើង» (ដានីយ៉ែល ៩:២៤)។ ខនេះបង្ហាញយើងថាការចាប់ផ្តើមនៃកិច្ចការរបស់ព្រះយេស៊ូវដើម្បីសង្គ្រោះយើងនៅស្ថានសួគ៌។ «នោះគឺថា យើងរាល់គ្នាមាន សំដេចសង្ឃ១អង្គយ៉ាងនោះ ដែលទ្រង់បានគង់ខាងស្តាំបល្ល័ង្កនៃឫទ្ធានុភាពនៅស្ថានសួគ៌» (ហេព្រើរ ៨:១)។
ថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២០
២៣០០ ថ្ងៃ
លោកអ្នកនឹងនឹកចាំថាលោកដានីយ៉ែលមានការភ្ញាក់ផ្អើលនៅចុងបញ្ចប់នៃសុបិនរបស់លោក អំពី ២៣០០ថ្ងៃ។ លោកពុំអាចយល់ត្រង់ផ្នែកនោះបានទេ។ «នោះខ្ញុំដានីយ៉ែល ក៏ខ្សោះល្វើយ ហើយឈឺនៅបួនដប់ថ្ងៃ»។ ១០ ឆ្នាំក្រោយមក ទេវតាកាព្រីយ៉ែលបានលេចមកដើម្បីពន្យល់អោយលោក ដានីយ៉ែល បាន«យល់»អំពីសុបិននោះ។ «កាលអ្នកទើបនឹងចាប់តាំងអធិស្ឋាន នោះមានចេញបង្គាប់ស្រេចហើយ រួចយើងបានចេញមក ដើម្បីនឹងប្រាប់ដល់អ្នក ដ្បិតអ្នកជាមនុស្សសំណព្វយ៉ាងសំខាន់ ដូច្នេះ ចូរពិចារណាសេចក្តីនេះហើយយល់ការជាក់ស្តែងចុះ» (ដានីយ៉ែល ៩:២៣)។ ទេវតាកាព្រីយ៉ែលបានបកស្រាយថាកិច្ចការនៃព្រះអង្គសង្គ្រោះនឹងកើតឡើងនៅចុងបញ្ចប់នៃ ៧០ អាទិត្យ។ យើងត្រូវតែប្រើ ក្បួនច្បាប់ ១ ថ្ងៃស្មើ ១ឆ្នាំក្នុងខគម្ពីរជនគណនា ១៤:៣៤ និង អេសេគាល ៤:៥, ៦ ដើម្បីអោយបាន យល់អំពីពេលវេលានៃ ៧០ អាទិត្យស្មើនឹងប៉ុន្មានឆ្នាំជាក់ស្តែង។ នោះ យើងនឹងបានឃើញ ៧០អាទិត្យ ស្មើនឹង ៤៩០ឆ្នាំជាក់ស្តែង។ តើ ៤៩០ឆ្នាំចាប់ផ្តើមនៅពេលណា? គឺនៅពេលដែលស្តេចអើថាសើុកសេស បានចេញបញ្ជាអោយសាសន៍យូដាសាងសង់ទីក្រុងយេរូសាឡិមឡើងវិញ។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅក្នុងឆ្នាំ ៤៥៧ នៃគ្រិស្តសករាជ (បទគម្ពីរអែសរ៉ា ៧)។ ព្រះគម្ពីរបង្ហាញយើងថា ៧០ អាទិត្យ «បានអនុញ្ញាត» (ដានីយ៉ែល ៩:២៤) ឬ «ផ្តល់អោយ» ដោយព្រះផ្តល់ទៅកាន់រាស្ត្ររបស់ទ្រង់។ តើការ នេះបង្ហាញយើងពីអ្វី? វាបង្ហាញយើងថា ៧០ អាទិត្យ ឬ ៤៩០ ឆ្នាំគឺជាផ្នែកមួយនៃសារនៃពេលវេលា យូរអង្វែង។ ឆ្នាំទាំងនេះជាផ្នែកនៃ ២៣០០ ឆ្នាំក្នុងបទគម្ពីរដានីយ៉ែល ៨។ ដូច្នេះ ទីសំគាល់នេះបាន ជួយយើងអោយឃើញថាទាំង ២៣០០ ឆ្នាំ ហើយនិង ៤៩០ ឆ្នាំចាប់ផ្តើមក្នុងពេលវេលាតែមួយ។ នោះ បានសេចក្តីថា ឆ្នាំទាំង ២ នេះចាប់ផ្តើមឡើងនៅក្នុងឆ្នាំ ៤៥៧ មុនគ្រិស្តសករាជ។
៧០ អាទិត្យត្រូវបានចែកជា ៣ ផ្នែក៖ (១) ៧ អាទិត្យ, (២) ៦២ អាទិត្យ, និង (៣) អាទិត្យទី ៧០។
៧ អាទិត្យស្មើនឹង ៤៩ ឆ្នាំជាក់ស្តែង។ ឆ្នាំទាំងនេះ បង្ហាញយើងពីពេលវេលាដែលសាសន៍យូដានឹងសាងសង់ទីក្រុងយេរូសាឡិមឡើងវិញ។ បន្ទាប់ពី ៧ អាទិត្យនេះ នោះនឹងមាន ៦២ អាទិត្យ ទៀត (ឬ ៤៣៤ ឆ្នាំជាក់ស្តែង)។ បន្ទាប់មក ព្រះអង្គសង្គ្រោះនឹងយាងមក។ «ចាប់តាំងពីចេញបង្គាប់ឲ្យតាំងក្រុងយេរូសាឡិម ហើយសង់ឡើងវិញ ដរាបដល់គ្រាអ្នកដែលចាក់ប្រេងតាំងនោះ គឺជាអ្នកដែលជាកំពូលបណ្តាច់នោះត្រូវជាចំនួន៧អាទិត្យ និង៦២អាទិត្យ រួចនៅគ្រាជ្រួលច្រាល់ នោះទីក្រុងនឹងបានសង់ឡើងវិញ មានទាំងផ្លូវធ្លា និងកំផែងផង» (ដានីយ៉ែល ៩:២៥)។ ដូច្នេះ ៤៨៣ ឆ្នាំបន្ទាប់ពីការបញ្ជានៃ ស្តេចអើថាសើុកសេស ព្រះយេស៊ូវនឹងត្រូវធ្វើបុណ្យជ្រមុជទឹកក្នុងឆ្នាំ ២៧ នៃគ្រិស្តសករាជ។ ហើយព្រះនឹងចាក់ព្រះវិញ្ញាណបរិសុទ្ធមកលើព្រះយេស៊ូវ ដើម្បីជួយដល់ទ្រង់អោយបំពេញកិច្ចការនៅលើផែនដីក្នុងអំឡុងអាទិត្យទី ៧០។
ក្នុងអំឡុងអាទិត្យទី ៧០ មានរឿងសំខាន់ៗជាច្រើនបានកើតឡើង៖ (១) «អ្នកដែលបានចាក់ ប្រេងតាំងឡើង នឹងត្រូវផ្តាច់ចេញវិញ» (ដានីយ៉ែល ៩:២៦)។ ខនេះបង្ហាញយើងអំពីការសុគតរបស់ ព្រះយេស៊ូវ។ (២) ព្រះអង្គសង្គ្រោះនឹង «តាំងសញ្ញាយ៉ាងម៉ឺងម៉ាត់នឹងមនុស្សជាច្រើននៅរវាង១អាទិត្យ» (ដានីយ៉ែល ៩:២៧)។ ខនេះបង្ហាញយើងអំពីកិច្ចការដ៏ពិសេសរបស់ព្រះយេស៊ូវនៅលើផែនដីសម្រាប់សាសន៍យូដា។ ខនេះក៏បង្ហាញយើងផងដែរ ពីកិច្ចការនៃអ្នកដែលដើរតាមព្រះយេស៊ូវបានធ្វើ បន្ទាប់ពី ទ្រង់បានយាងត្រឡប់ទៅស្ថានសួគ៌វិញ។ កិច្ចការនេះកើតឡើងចាប់ពី ឆ្នាំ ២៧ ដល់ ឆ្នាំ ៣៤ នៃគ្រិស្ត សករាជ។ (៣) «តែដល់ពាក់កណ្តាលអាទិត្យនោះ នឹងធ្វើការថ្វាយយញ្ញបូជា និងដង្វាយឈប់ទៅ» (ដានីយ៉ែល ៩:២៧)។ ៣ ឆ្នាំកន្លះ បន្ទាប់ពីព្រះយេស៊ូវបានធ្វើបុណ្យជ្រមុជទឹក ការថ្វាយសត្វជាយញ្ញ បូជានឹងពុំត្រូវការអនុវត្តនៅក្នុងរោងឧបោសថទៀតទេ។ តើហេតុអ្វី? ពីព្រោះ ព្រះយេស៊ូវបានសុគតនៅលើ ឈើឆ្កាង ដូចជាយញ្ញបូជាដ៏ល្អឥតខ្ចោះសម្រាប់អំពើបាបរបស់យើង។ បទទំនាយស្តីពីអាទិត្យចុងក្រោយនៃ ៧០ អាទិត្យបានបញ្ចប់នៅក្នុងឆ្នាំ ៣៤ នៃគ្រិស្តសករាជ។ នៅពេលនោះ លោកស្ទេផានត្រូវបានចោលសម្លាប់ដោយថ្ម។ បន្ទាប់មក អ្នកដែលដើរតាមព្រះយេស៊ូវចាប់ផ្តើមផ្សាយដំណឹងល្អទៅកាន់មនុស្សដទៃទៀតដែលពុំមែនជាសាសន៍យូដាផងដែរ។
ថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២០
សិក្សាបន្ថែម
ខាងក្រោមនេះគឺជាគំនូសតាង។ វាបង្ហាញអំពីបទទំនាយស្តីពី ៧០ អាទិត្យក្នុង ខគម្ពីរ ដានីយ៉ែល ៩:២៤-២៧។ គំនូសតារាងជួយយើងអោយមើលឃើញថា ៧០ អាទិត្យ (ឬ ៤៩០ ឆ្នាំជាក់ ស្តែង) មានទំនាក់ទំនងជាមួយ ២៣០០ ថ្ងៃ (ឬ ២៣០០ ឆ្នាំជាក់ស្តែង)។ យើងក៏អាចមើល ឃើញដែរ ថា ៧០ អាទិត្យ និង ២៣០០ ថ្ងៃចាប់ផ្តើមនៅក្នុងពេលតែមួយ។ ដូចដែលយើងបានឃើញពីម្សិលមិញ ផងដែរថា ២៣០០ ឆ្នាំចាប់ផ្តើមនៅក្នុងឆ្នាំ ៤៥៧ មុនគ្រិស្តសករាជ។ ដូច្នេះ ប្រសិនបើលោកអ្នករាប់ ២៣០០ ឆ្នាំចាប់តាំងពីឆ្នាំ ៤៥៧ មុនគ្រិស្តសករាជទៅ លោកអ្នកនឹងឃើញទៅដល់ ១៨៤៤ នៃគ្រិស្ត សករាជ។ (ចូរចងចាំថា ឆ្នាំសូន្យពុំបានរាប់បញ្ចូលនោះទេ)។ ប្រសិនបើលោកអ្នកដក ៤៩០ ឆ្នាំចេញពី ២៣០០ ឆ្នាំ (នោះគឺ ២៣០០ ឆ្នាំដក ៤៩០) នោះលោកអ្នកនឹងឃើញនៅសល់ ១៨១០ ឆ្នាំ។ ប្រសិន បើលោកអ្នកបូក ១៨១០ ឆ្នាំទាំងនោះ លោកអ្នកនឹងឃើញឆ្នាំ ៣៤ នៃគ្រិស្តសករាជ (ជាឆ្នាំដែល ៤៩០ ឆ្នាំបានបញ្ចប់) ហើយលោកអ្នកក៏នឹងបានមកដល់ឆ្នាំ ១៨៤៤ នៃគ្រិស្ត សករាជ។ ដូច្នេះ កិច្ចការរបស់ ព្រះយេស៊ូវដើម្បីសំអាតរោងឧបោសថនៃស្ថានសួគ៌ក្នុងខគម្ពីរដានីយ៉ែលចាប់ផ្តើមឡើងក្នុងឆ្នាំ ១៨៤៤។
តើលោកអ្នកបានឃើញទេថាឆ្នាំ ១៨៤៤ ពិតជាត្រូវជាមួយអ្វីដែលយើងបានសិក្សាអំពីបទ គម្ពីរដានីយ៉ែល ៧ និង ៨ ដែរ ឬទេ? នោះបានសេចក្តីថា កិច្ចការរបស់ព្រះជាចៅក្រមនៅក្នុងបទគម្ពីរដានីយ៉ែល ៧ ចាប់ផ្តើមបន្ទាប់ពី ១២៦០ ឆ្នាំដែលស្នែងតូចបានធ្វើទុក្ខដល់រាស្ត្ររបស់ព្រះ។ «ស្តេចនោះនឹងពោលពាក្យទាស់នឹងព្រះដ៏ខ្ពស់បំផុត ហើយនឹងធ្វើទុក្ខបៀតបៀនដល់ពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុតដែរ ព្រមទាំងគិតបំផ្លាស់ពេលកំណត់ និងច្បាប់ផង ហើយគេនឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចនោះ នៅ១ខួប២ខួប ហើយកន្លះខួប» (ដានីយ៉ែល ៧:២៥)។ កិច្ចការរបស់ព្រះជាចៅក្រមកើតឡើងនៅអំឡុងពេលតែមួយ ដែលព្រះទ្រង់ធ្វើអោយរោងឧបោសថបានស្អាតឡើងវិញ។ ដូច្នេះ ទាំង កិច្ចការរបស់ព្រះជាចៅក្រម និងកិច្ចការនៃការសំអាតរោងឧបោសថរបស់ទ្រង់កើតឡើងបន្ទាប់ពី ១២៦០ ឆ្នាំនៃការវាយប្រហារទាស់នឹងរាស្ត្ររបស់ព្រះ។ ស្របពេលជាមួយគ្នានេះ កិច្ចការរបស់ព្រះជាចៅក្រម និងការសំអាតរោងឧបោសថរបស់ព្រះកើតមុនការយាងមកជាលើកទី២ របស់ព្រះយេស្៊ូវ។ ក្រោយពេល នោះមក ព្រះយេស៊ូវនឹងតាំងនគរដ៏នៅអស់កល្បរបស់ទ្រង់ឡើង។
សំនួរពិភាក្សា៖
- បណ្ឌិតខាងព្រះគម្ពីរបានមានប្រសាសន៍ថាសារនៃពេលវេលា ២៣០០ ថ្ងៃ និង សារនៃពេលវេលា ៧០ អាទិត្យពិតជាបទទំនាយមួយដ៏ធំបំផុត ឬសារដ៏ពិសេសអំពីអនាគត។ តើហេតុអ្វីបានជាលោកអ្នក គិតថាពួកគេនិយាយដូច្នេះ? តើភស្តុតាងអ្វីដែលលោកអ្នកអាចរកឃើញដើម្បីបង្ហាញថាគំនិត នេះគឺជា ការពិត?
- តើយើងអាចរៀនអ្វីបានខ្លះ ពីការអធិស្ឋានរបស់លោកដានីយ៉ែលសម្រាប់សាសន៍របស់លោក? តើវាអាចជួយយើងក្នុងជីវិតនៃការអធិស្ឋានផ្ទាល់ខ្លួនរបស់យើងយ៉ាងដូចម្តេច?