សូមអានអំពីព្រះយេស៊ូវនៅក្នុងខគម្ពីរម៉ាថាយ ២៦៖៥៧-៦៧; យ៉ូហាន ១១៖៤៥-៥៣ និង យ៉ូហាន ១៨៖២៩-៣១។ តើលោកកៃផាសជាអ្នកណា? តើលោកមានចំណែកអ្វីនៅក្នុងការសុគតរបស់ព្រះយេស៊ូវ? តើលោកប៉ុនទាសពីឡាត់ជាអ្នកណា? តើលោកបានធ្វើការសម្រេចចិត្តអ្វីអំពីព្រះយេស៊ូវយ៉ាងដូចម្តេច? តើការសម្រេចចិត្ដរបស់លោកពីឡាត់បានធ្វើយ៉ាងណាដើម្បីអោយពួកមេដឹកនាំសាសនា យូដាអាចធ្វើអ្វីដែលពួកគេបានធ្វើដល់ព្រះយេស៊ូវ?
លោកកៃផាសគឺជាមេដឹកនាំសាសនាកំពូលមួយរូប។ គាត់បានគិតឃើញផែនការដើម្បីធ្វើគុតព្រះយេស៊ូវ។ លោកចូសេហ្វ (Josephus) ដែលជាអ្នកសរសេរប្រវត្តិសាស្ត្របាននិយាយអំពីលោក កៃផាស។ «លោកកៃផាសក៏មានឈ្មោះថា យ៉ូសែបផងដែរ»។ ដំបូងឡើយ គាត់ពុំត្រូវបានតែងតាំងអោយ ធ្វើជាមេដឹកនាំសាសនាកំពូលនោះទេ។ នោះគឺដោយសារតែបុរសម្នាក់ឈ្មោះថា យ៉ូណាថានត្រូវបានជ្រើសរើសអោយធ្វើជាមេដឹកនាំសាសនាកំពូលបន្ទាប់។ លោកយ៉ូណាថានគឺជាកូនប្រុសរបស់លោកអាណាណឺស (Ananus)។ លោកអាណាណឺសធ្លាប់ធ្វើជាមេដឹកនាំសាសនាកំពូលកាលពីមុន»។ ដកស្រង់ពី Josephus, Complete Works (Grand Rapids, MI: Kregel Publications, 1969), book 18, chapter 4, page 381, adapted។
ក្នុងឆ្នាំ១៩៩០ ផ្នូររបស់ក្រុមគ្រួសារមួយត្រូវបានរកឃើញនៅឯភាគខាងត្បូងនៃទីក្រុងយេរូសាឡិម។ ប្រអប់ចំនួន១២ដែលមានពេញទៅដោយឆ្អឹងដាក់នៅក្នុងផ្នូរ។ កាក់ និងក្អមនៅក្នុងផ្នូរជួយយើងអោយដឹងពីអាយុកាលនៃផ្នូរនេះ។ ក្អម និងកាក់ទាំងនេះត្រូវបានបង្កើតនៅពាក់កណ្តាលសតវត្សទី១នៃគ្រិស្តសករាជ។ ប្រអប់ដាក់ឆ្អឹងដ៏មានតម្លៃជាទីបំផុតមានឈ្មោះឆ្លាក់នៅលើវាថា «យ៉ូសែបជាកូន របស់កៃផាស»។ មានទស្សនវិទូជាច្រើនដែលជឿថាឈ្មោះនេះបង្ហាញថា ផ្នូរ និងប្រអប់ដាក់ឆ្អឹងគឺជារបស់លោកកៃផាស។ នេះគឺជាលោកកៃផាសដែលជាមេដឹកនាំសាសនាកំពូលនៅក្នុងសម័យនៃការសុគតរបស់ព្រះយេស៊ូវ។
នៅឆ្នាំ១៩៦១ មានគេរកឃើញដុំថ្មមួយដែលមានឈ្មោះថាប៉ុនទាសពីឡាត់នៅលើនោះ។ លោកប៉ុនទាសពីឡាត់គឺជាចៅហ្វាយខេត្តយូដានៅសម័យស្តេចទីរ៉ូស។ ដុំថ្មនេះត្រូវបានគេរកឃើញនៅក្នុងរោងល្ខោនសេសារា ម៉ារីទីម៉ា (Caesarea Maritama)។
ដូច្នេះ ឧទាហរណ៍ទាំងពីរនេះជួយយើងអោយមើលឃើញថា ព្រះគម្ពីរបង្ហាញយើងពីទិដ្ឋភាពពិតនៃប្រវត្តិសាស្ត្រ។
អ្នកសរសេរប្រវត្តិសាស្ត្រដែលរស់នៅក្នុងអំឡុង២០០ឆ្នាំបន្ទាប់ពីព្រះយេស៊ូវក៏បាននិយាយអំពីព្រះយេស៊ូវនៃស្រុកណាសារ៉ែតផងដែរ។ លោកតាស៊ីតើស (Tacitus) គឺជាម្នាក់នៅក្នុងចំណោមពួកអ្នកសរសេរប្រវត្តិសាស្ត្រទាំងនេះ។ គាត់គឺជាអ្នកសរសេរប្រវត្តិសាស្ត្ររ៉ូម។ លោកតាស៊ីតើសបានសរសេរ អំពីប្រធានបទព្រះគម្ពីរមួយចំនួនដូចជា៖ (១)ព្រះយេស៊ូវ (២)ការសុគតរបស់ទ្រង់ដោយលោកប៉ុនទាសពីឡាត់នៅក្នុងសម័យនៃទីបេរីស និង (៣)គ្រីស្ទានដំបូងនៅរ៉ូម។ ភ្លីនី (Pliny) និយាយថា គ្រីស្ទានបានជួបជុំគ្នានៅថ្ងៃដ៏ជាក់លាក់មួយមុនពេលដែលព្រះអាទិត្យចាប់ផ្តើមរះ។ បន្ទាប់មក គ្រីស្ទានបានច្រៀងចម្រៀងទៅកាន់ព្រះ។ សំណេរទាំងនេះបានបង្ហាញភស្តុតាងជាច្រើនដល់យើងថា ព្រះយេស៊ូវគឺជាមនុស្ស យ៉ាងពិតប្រាកដ។
ថ្ងៃព្រហស្បតិ៍ ទី០៤ មិថុនា ឆ្នាំ២០២០
សេចក្តីជំនឿ និងប្រវត្តិសាស្ត្រ
ការផ្លាស់ប្តូរជម្រើសរបស់យើងមិនត្រឹមតែផ្លាស់ប្តូរជីវិតរបស់យើងប៉ុណ្ណោះទេ។ ពួកគេផ្លាស់ប្តូរជីវិតរបស់មនុស្សដទៃផងដែរ។ ទន្ទឹមនឹងនេះ មានជីវិតជាច្រើននៃរាស្ត្ររបស់ព្រះនៅក្នុងជំនាន់ព្រះគម្ពីរ សញ្ញាចាស់ដែលមានអំណាចក្នុងការផ្លាស់ប្តូរជីវិតអ្នកដទៃផងដែរ។ ក្នុងបទគម្ពីរហេព្រើរ ១១ យើងមើល ឃើញពីរបៀបដែលបុព្វបុរសនៃសេចក្តីជំនឿបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាច្រើន។
សូមអានអំពីបុព្វបុរសនៃសេចក្តីជំនឿនៅក្នុងខគម្ពីរហេព្រើរ ១១៖១-៤០។ តើមេរៀនអ្វីដែលយើងអាចរៀនពីជីវិតរបស់ពួកគេ? លោកហេណុក លោកណូអេ លោកអ័ប្រាហាំ នាងសារ៉ា លោកយ៉ូសែប លោកម៉ូសេ នាងរា៉ហាប លោកសាំសុន។
សេចក្តីជំនឿមិនគ្រាន់តែជាគោលជំនឿលើអ្វីមួយ ឬអ្នកណាម្នាក់នោះទេ។ សេចក្តីជំនឿដឹកនាំយើងអោយធ្វើទង្វើដែលអាចផ្លាស់ប្តូរប្រវត្តិសាស្ត្របាន។
លោកណូអេសាងសង់ទូកធំដោយសេចក្តីជំនឿ។ គាត់ជឿទុកចិត្តលើព្រះគម្ពីរលើសជាងបទ ពិសោធន៍ និងហេតុផល។ ពុំដែលមានភ្លៀងធ្លាក់ពីមុនមកឡើយមុនទឹកជំនន់។ ដូច្នេះ បទពិសោធន៍ និងហេតុផលរបស់មនុស្សបានប្រាប់ពួកគេថា ទឹកជំនន់ពុំអាចកើតឡើងបានឡើយ។ ហេតុផលតែមួយ គត់ដែលមានមនុស្សជាច្រើននៅលើផែនដីសព្វថ្ងៃនេះ ដោយសារតែលោកណូអេបានស្តាប់បង្គាប់ព្រះ។ លោកអាប់រ៉ាមបានចាកចេញពីទីក្រុងអើុរនៅស្រុកមេសូប៉ូតាមា។ លោកបានចេញទៅ ដោយមិនដឹងថា ព្រះនឹងដឹកនាំគាត់ទៅទីណាឡើយ។ ប៉ុន្តែ លោកអាប់រ៉ាមបានជ្រើសរើសធ្វើតាមព្រះបន្ទូលរបស់ព្រះ។ លោកម៉ូសេអាចក្លាយទៅជាស្តេចនៃស្រុកអេស៊ីព្ទបាន។ ប៉ុន្តែ គាត់បានជ្រើសរើសអ្នកគង្វាលម្នាក់អោយដឹកនាំរាស្ត្ររបស់ព្រះទៅកាន់ទឹកដីសន្យា។ គាត់ជឿទុកចិត្តលើសំឡេងរបស់ព្រះដែលមានបន្ទូលមកកាន់គាត់ចេញពីគុម្ពបន្លា។ នាងរ៉ាហាបបានជ្រើសរើសជឿថា ព្រះអាចសង្គ្រោះនាងបាន។ ដូច្នេះ នាងបានការពារអ្នកសើុបការណ៍ពីរនាក់។ បន្ទាប់មក នាងបានក្លាយមកជាផ្នែកនៃសែស្រឡាយរបស់ព្រះយេស៊ូវ។ ជម្រើសរបស់យើងអាចផ្លាស់ប្តូរជីវិតមនុស្សជាច្រើននៅពេលឥឡូវនេះ និងអនាគត។
ថ្ងៃសុក្រ ទី០៥ មិថុនា ឆ្នាំ២០២០
សិក្សាបន្ថែម
សូមអាន Ellen G. White, “David and Goliath,” pages 643-648; in Patriarchs and Prophets; “Hezekiah” pages 331-339; “Deliverance from Assyria,” pages 349-366, in Prophets and Kings; section 4.k., in “The Methods of Bible Study,” which can be found at http;//www.adventistbiblicalresearch.org/materials/bible-interpretation-hermeneutics/methods-bible-study។
«ព្រះគម្ពីរមានអាយុកាលយូរជាងគេបំផុត និងជាប្រវត្តិសាស្ត្រយ៉ាងពេញលេញលើសគេដែល មនុស្សទទួលបាន។ ប្រវត្តិសាស្ត្រនេះមានប្រភពចេញមកពីព្រះ។ ព្រះរក្សាកំណត់ត្រានេះបានយ៉ាងល្អ តាំងតែពីដើមដំបូង។ ប្រវត្តិសាស្ត្ររបស់ព្រះគម្ពីរជួយយើងអោយយល់អំពីអ្វីដែលបានកើតឡើងនៅអតីតកាលជាយូរណាស់មកហើយ។ អ្នកវិទ្យាសាស្ត្រពុំអាចមើលត្រឡប់បានឆ្ងាយដោយខ្លួនគេផ្ទាល់បានឡើយ។ មានតែព្រះគម្ពីរមួយគត់ដែលបង្ហាញយើងអំពីអំណាចក្នុងការបង្កើតផ្ទៃមេឃ និងផែនដី។ មានតែព្រះគម្ពីរតែមួយគត់ដែលបង្ហាញយើងអំពីប្រវត្តិសាស្ត្រនៃការកកើតរបស់យើងដែលមិនត្រូវបានបំផ្លាញ ដោយសារអំនួតរបស់មនុស្ស ឬទស្សនៈខុសឆ្គង និងអារម្មណ៍ទាំងឡាយ»។ ដកស្រង់ពីសំណេររបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ Education, page 173, adapted។
«ប្រសិនបើលោកអ្នកបានដឹងថា ព្រះគឺជាអ្នកណា និងដឹងអំពីព្រះគម្ពីរ នោះលោកអ្នកនឹងជឿថា ព្រះគម្ពីរមានប្រភពចេញមកពីព្រះជាមិនខាន។ យើងមិនត្រូវវិនិច្ឆ័យទៅលើព្រះគម្ពីរដោយប្រើវិទ្យាសាស្ត្រដែលជាគោលគំនិតរបស់មនុស្សនោះទេ។ យើងត្រូវតែនាំយកនូវគោលគំនិតទាំងនេះផ្ទៀងជាមួយព្រះគម្ពីរ រួចបើកអោយព្រះគម្ពីរវិនិច្ឆ័យទៅលើគោលគំនិតទាំងនេះថា ត្រូវឬក៏ខុស។ យើងត្រូវតែ ជឿទុកចិត្តថា ព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះគឺជាសេចក្តីពិត។ សេចក្តីពិតមិនដែលប្រឆាំងទាស់នឹងខ្លួនឯងនោះទេ។ ដូច្នេះ ពេលណាដែលមានសេចក្តីបង្រៀនអំពីវិទ្យាសាស្ត្រដែលមិនស្របជាមួយសេចក្តីពិតនៃព្រះគម្ពីរ នោះបានន័យថា ការបង្រៀនទាំងនេះមិនត្រឹមត្រូវទេ»។ ដកស្រង់ពីសំណេររបស់ អ្នកស្រីអែល្លិន ជីវ៉ៃត៍ Ellen G. White, Testimonies for the Church, volume 8, page 325, adapted។
សំនួរពិភាក្សា៖
- មែនហើយ វាជាការល្អនៅពេលដែលវិទ្យាសាស្ត្រស្របជាមួយប្រវត្តិសាស្ត្រនៃព្រះគម្ពីរ។ ប៉ុន្តែ តើមានរឿងអ្វីកើតឡើង ប្រសិនបើវិទ្យាសាស្ត្រមិនស្របតាមព្រះគម្ពីរវិញនោះ? តើយើងអាចធ្វើយ៉ាងដូចម្តេចបាន? តើហេតុអ្វីបានជាពួកយើងត្រូវពឹងផ្អែកលើព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះដើម្បីស្វែងរកសេចក្តីពិត? តើហេតុអ្វីបានជាយើងចាំបាច់ត្រូវអោយព្រះគម្ពីរធ្វើជាអ្នកវិនិច្ឆ័យសម្រាប់អ្វីដែលជាសេចក្តី ពិត ទោះបីជាវិទ្យាសាស្ត្រមិនយល់ស្របតាមក៏ដោយ?
- សូមគិតអំពីបទទំនាយនៃព្រះគម្ពីរទាំងអស់ដែលបានក្លាយមកជាការពិត។ បទទំនាយនៃព្រះគម្ពីរគឺជាសារដ៏ពិសេសមកពីព្រះដែលបង្ហាញយើងអំពីអនាគត។ សូមគិតអំពីនគរទាំងឡាយនៅក្នុងបទគម្ពីរដានីយ៉ែល ២ និងដានីយ៉ែល ៧។ ផ្នែកទាំងឡាយនៃបទទំនាយទាំងនេះបានក្លាយមកជាការពិត រួចទៅហើយ។ ប៉ុន្តែ នៅមានផ្នែកមួយចំនួនដែលមិនទាន់កើតឡើង។ តើហេតុអ្វីបានជាយើងអាចជឿទុកចិត្តលើព្រះអម្ចាស់បានថា គ្រប់ផ្នែកនៃបទទំនាយរបស់ទ្រង់នឹងក្លាយមកជាការពិត?
រឿងខ្លី
ពីប្រទេសអាមេនីទៅទីក្រុងស៊ីប
នាងខ្ញុំកើតនៅប្រទេសអាមេនីដែលមានឪពុកជាជនជាតិក្រេក និងម្តាយជាជនជាតិអាមេនី។ នាងខ្ញុំបានជឿព្រះតាំងតែពីក្មេងមក និងប្រាថ្នាចង់បានព្រះគម្ពីរមួយជារបស់ខ្លួនឯង។ ប៉ុន្តែ នៅពេលនោះ ព្រះគម្ពីរពិបាករក ហើយមានតម្លៃថ្លៃជាទីបំផុតនៅក្នុងប្រទេសអាមេនី។
ថ្ងៃមួយ មានអ្នកជិតខាងសេវេនដេយអាត់វេនទីស្ទម្នាក់បានអញ្ជើញនាងខ្ញុំអោយចូលរួមក្នុង វគ្គនៃកិច្ចប្រជុំមួយ។ អស់អ្នកណាដែលចូលរួមយ៉ាងស្មោះត្រង់នោះនឹងទទួលបានព្រះគម្ពីរមួយដោយឥតគិតថ្លៃ។ នាងខ្ញុំបានគិតរំលងទៅដល់គំនិតដែលទីបញ្ចប់ នាងខ្ញុំនឹងទទួលបានព្រះគម្ពីរ។
សេចក្តីស្លាប់តែងតែធ្វើអោយនាងខ្ញុំគិតជានិច្ច។ វាហាក់ដូចជាគ្មានន័យទាល់តែសោះនៅទីបញ្ចប់នៃជីវិត។ បន្ទាប់មក អ្នកអធិប្បាយព្រះគម្ពីរបានចែកចាយអំពីការរស់ឡើងវិញតាមរយៈការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវ។ វាគឺជាការអស្ចារ្យណាស់។ នាងខ្ញុំនៅតែនឹកចាំយ៉ាងច្បាស់អំពីរូបភាពដែលគាត់បានបង្ហាញអំពីមនុស្សដែលបានរស់ឡើងវិញចេញពីផ្នូររបស់ពួកគេ។ នាងខ្ញុំជាអ្នកដំបូងដែលបានក្រោកឈរឡើង បន្ទាប់ពីការអំពាវនាវអោយធ្វើពិធីបុណ្យជ្រមុជ។
ខមានរឿងមួយបានកើតឡើង។ មុនថ្ងៃជ្រមុជទឹក នាងខ្ញុំបានព្យាយាមអានព្រះគម្ពីរពីរបីដង ប៉ុន្តែ ខ្ញុំមិនយល់ពីខទាំងនោះទាល់តែសោះ។ នាងខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាអ្នកដទៃអាចចំណាយពេលអានព្រះគម្ពីរបានជាច្រើនម៉ោង។ នាងខ្ញុំចាប់ផ្តើមយល់បន្ទាប់ពីធ្វើបុណ្យជ្រមុជទឹករួច។ នាងខ្ញុំបានរាប់ការនេះថាជារឿងមួយនៅក្នុងចំណោមបាដិហារ្យជាច្រើនដែលព្រះបានធ្វើមកលើជីវិតរបស់នាងខ្ញុំ។
នាងខ្ញុំបានធ្វើដំណើរទៅទីក្រុងស៊ីប បន្ទាប់ពីជ្រមុជទឹកបាន៤ខែរួចមក។ ខ្ញុំមិនចេះនិយាយភាសាក្រេក និងមានអារម្មណ៍ដូចជាមនុស្សចម្លែកនៅក្នុងទឹកដីចម្លែកមួយ ទោះបីជានាងខ្ញុំជាជនជាតិ ក្រេកក៏ដោយ។ អស់រយៈពេល១៦ឆ្នាំដែលនាងខ្ញុំមិនបានដឹងអំពីព្រះវិហារអាត់វេនទីស្ទនៅទីក្រុងស៊ីបនោះទេ។ មានឧបសគ្គជាច្រើនបានចូលមកក្នុងជីវិតរបស់នាងខ្ញុំ ប៉ុន្តែ ព្រះបានឈរនៅខាងខ្ញុំ។
នាងខ្ញុំបានរកឃើញទីតាំងព្រះវិហារតាមរយៈមិត្តភក្តិម្នាក់។ ការភ័យខ្លាចនៅពេលដែលនាងខ្ញុំបានទៅដល់ទីនោះជាលើកដំបូង។ ខ្ញុំឆ្ងល់ថា តើពួកជំនុំរាក់ទាក់នាងខ្ញុំយ៉ាងដូចម្តេច? ការភ័យខ្លាច ទាំងអស់បានរសាត់បាត់ នៅពេលដែលពួកជំនុំឈររាក់ទាក់នៅជំុវិញនាងខ្ញុំដោយក្ដីស្រឡាញ់។ រហូតមកដល់ថ្ងៃនេះព្រះវិហាររបស់ខ្ញុំគឺជាគ្រួសាររបស់ខ្ញុំ ហើយជាផ្ទះទី២របស់ខ្ញុំ។
ចាប់តាំងពីការទៅលេងជាលើកដំបូងកាលពី៥ឆ្នាំមុនរួចមក នាងខ្ញុំមិនសូវដែលបាត់មុខពីថ្ងៃ សប្បាតហ៍ទៀតឡើយ។ ឥឡូវនេះ ខ្ញុំចេះនិយាយភាសាក្រេកយ៉ាងបុ៉នប្រសប់។ នាងខ្ញុំរីករាយក្នុងការបង្រៀនថ្នាក់សប្បាតហ៍ស្គូលមនុស្សវ័យចំណាស់ និងក្មេងជំទង់។ អ្វីដែលគួរអោយអស្ចារ្យជាងនេះទៅទៀតនោះ គឺម្ដាយ បងថ្លៃស្រីខ្ញុំ និងក្មួយស្រីពីរនាក់ក៏បានចូលរួមថ្វាយបង្គំនៅក្នុងព្រះវិហារជាមួយនាងខ្ញុំដែរ។ សេចក្ដីស្រឡាញ់របស់ពួកជំនុំបានយកឈ្នះលើចិត្តរបស់ពួកគេ។ នាងខ្ញុំកំពុងរង់ចាំ ហើយអធិស្ឋានសម្រាប់ថ្ងៃខាងមុខឆាប់ៗនេះដែលកូនប្រុសនាងខ្ញុំនឹងឈរសម្រាប់ព្រះយេស៊ូវផងដែរ។