មេរៀនទី១០​៖ ២៩​ សីហា -៤ កញ្ញា ២០២០

វិធីដ៏រំភើបនៃការចូលរួមក្នុងកិច្ចការរបស់ព្រះ

Jeans
ថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ លោកុប្បត្តិ ១៖១, ២, ២៦; និក្ខមនំ ១៨៖២១-២៥; កូរិនថូសទី១ ១២៖១២-២៥; កិច្ចការ ១៨៖១-៥; កិច្ចការ ៤៖៣១។

ខចងចាំ៖ «បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា ចំរូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ ដូច្នេះ ចូរ​សូម​អង្វរ​ដល់​ព្រះអម្ចាស់​នៃ​ចំរូត ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចំរូត​ទ្រង់»​ (ម៉ាថាយ ៩៖៣៧, ៣៨)។

ពាក្យស្លោកបានពោលថា «គ្នាច្រើនខ្លាំងជាងគ្នាតិច»។ តើពាក្យស្លោកនេះមានន័យយ៉ាងដូច ម្តេច? ពាក្យនេះមានន័យថា យើងនឹងទទួលបានភាពជោគជ័យបន្ថែមទៀតនៅពេលដែលយើងធ្វើកិច្ចការរួមគ្នាជាធ្លុងមួយ។ ប្រសិនបើលោកអ្នកធ្វើការជាក្រុម លោកអ្នកនឹងទទួលបានការហ្វឹកហាត់បន្ថែមទៀតជាងការដែលលោកអ្នកហ្វឹកហាត់តែម្នាក់ឯងជារៀងរាល់។ នោះគឺជាមូលហេតុដែលមនុស្សជាច្រើនបានចូលរួមក្នុងក្លឹបសុខភាព និងក្លឹបហាត់ប្រាណ។ ពួកគេជឿថា ពួកគេនឹងអាចទទួលបានការហ្វឹកហាត់បន្ថែមទៀត និងទទួលបានសេចក្តីរីករាយជាមួយការហ្វឹតហាត់នោះកាន់តែប្រសើរឡើង ប្រសិនបើពួកគេហាត់ប្រាណជាមួយនឹងអ្នកដទៃ។ ទន្ទឹមគ្នានេះ ព្រះបានបង្កើតយើងឡើងសម្រាប់មិត្តភាព។ យើងនឹងបានល្អប្រសើរ ប្រសិនបើយើងមានមិត្តភក្តិមួយក្រុមដែលគាំទ្រយើង។ រឿងនេះក៏ត្រូវជាមួយនឹងជីវិតខាងឯវិញ្ញាណ របស់យើងផងដែរ។

ក្រុមតូចៗគឺជាផ្នែកមួយនៃផែនការរបស់ព្រះសម្រាប់ធ្វើអោយជំនឿរបស់យើងកាន់តែរឹងមាំឡើងផងដែរ។ ក្រុមតូចៗជួយអោយយើងរៀនអំពីព្រះគម្ពីរបន្ថែមទៀត។ ក្រុមតូចៗពង្រឹងជីវិតនៃសេចក្តីអធិស្ឋានរបស់យើង និងជួយអោយយើងធ្វើបន្ទាល់។ ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធគឺជាក្រុមតូចមួយនៅពេលដែលព្រះអង្គបង្កើតផែនដី។ លោកម៉ូសេគឺជាមេដឹកនាំនៃក្រុមតូចៗ។ ព្រះយេស៊ូវបានចាប់ផ្តើមឡើងដោយសិស្សមួយក្រុមតូច។ លោកប៉ុលបានធ្វើដំណើរពេញនគររ៉ូមជាមួយនឹងក្រុមតូចៗរបស់គាត់។ ពួកគេបានចែកចាយដំណឹងល្អអំពីព្រះយេស៊ូវទៅគ្រប់ទីកន្លែង។

ក្នុងការសិក្សានៅសប្តាហ៍នេះ យើងនឹងក្រឡេកមើលទៅលើអ្វីដែលព្រះគម្ពីរបានចែងអំពីក្រុមតូចៗ។ យើងនឹងស្វែងយល់អំពីវិធីដ៏គួរអោយរំភើបក្នុងការធ្វើជាផ្នែកមួយនៃក្រុមតូចៗទាំងនេះ។

ថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០

ក្រុមតូចៗគឺជាគោលគំនិតដំបូងរបស់ព្រះ

សូមអានខគម្ពីរលោកុប្បត្តិ ១៖១, ២, ២៦; ហេព្រើរ ១៖១, ២ និងអេភេសូរ ៣៖៨, ៩។ តើខទាំងនេះបង្ហាញយើងថា ព្រះវរបិតា ព្រះយេស៊ូវ និងព្រះវិញ្ញាណបរិសុទ្ធចុះសម្រុងជាមួយនឹងគ្នាទៅវិញទៅមកយ៉ាងដូចម្តេចដែរ?

ព្រះវរបិតា ព្រះយេស៊ូវដែលជាព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធបានបំពេញកិច្ចការរួមគ្នាដើម្បីបង្កើតផែនដីនេះឡើង។ អង្គទាំងបីមានភារកិច្ចផ្សេងៗពីគ្នា។ ប៉ុន្តែ អង្គទាំងបីបានបំពេញកិច្ចការរួមគ្នាតែមួយ។ ព្រះវរបិតាគឺជាស្ថាបត្យករ។ ទ្រង់បានបង្កើតផែនការសម្រាប់ផែនដី។ ព្រះយេស៊ូវបានអនុវត្ត ផែនការរបស់ព្រះវរបិតាដោយមានជំនួយពីព្រះវិញ្ញាណបរិសុទ្ធ។ នេះគឺជារឿងដែលធ្វើអោយយើងពិបាកយល់អំពីរបៀបដែលអង្គទាំងបីបានធ្វើកិច្ចការរួមគ្នាក្នុងការបង្កើតផែនដីនេះ។ តើយើងអាចយល់ច្បាស់អំពីអ្វីខ្លះដែលថា ព្រះបានបង្កើតផែនដីនេះ ផ្ទៃមេឃ និងលំហអាកាសជាមួយរបស់សព្វសារពើនៅក្នុងនោះ? (សូមអានខគម្ពីររ៉ូម ១៖១៨-២០)។

ព្រះបានបង្កើតក្រុមតូចៗ។ យើងត្រូវតែប្រុងប្រយ័ត្ននៅពេលដែលយើងនិយាយអំពីអាថ៌កំបាំង របស់ព្រះ។ ទន្ទឹមនឹងនេះ យើងអាចនិយាយបានថា ព្រះវរបិតា ព្រះយេស៊ូវដែលជាព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធគឺជាក្រុមតូចដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រ។ ក្រុមតូចមួយនេះបានបំពេញកិច្ចការរួមគ្នាដើម្បីបង្កើតមនុស្សលោក។ បន្ទាប់មក ក្រុមតូចមួយនេះបានបំពេញកិច្ចការរួមគ្នាដើម្បីបង្កើតផែនការ ក្នុងការសង្គ្រោះមនុស្សលោកបន្ទាប់ពីពួកគេបានប្រព្រឹត្តអំពើបាប។

សូមប្រៀបធៀបខគម្ពីរយ៉ូហាន ១០៖១៧, ១៨ ជាមួយនឹងខគម្ពីររ៉ូម ៨៖១១ និងកូរិនថូសទី១ ១៥៖១៥។ តើការដែលព្រះយេស៊ូវបានមានព្រះជន្មរស់ពីស្លាប់ឡើងវិញបង្ហាញអំពីភាពចុះសម្រុងរបស់ព្រះវរបិតា ព្រះយេស៊ូវដែលជាព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធនៅក្នុងផែនការរបស់ទ្រង់ដើម្បីសង្គ្រោះមនុស្សលោកដោយរបៀបណា?

ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធបានបំពេញកិច្ចការរួមគ្នាជា «ក្រុមតូចមួយ» ដើម្បីសង្គ្រោះមនុស្សលោក។ ផែនការរបស់ «ព្រះ» ក្នុងការសង្គ្រោះមនុស្សលោកគឺមានមុនពេលវេលាបានចាប់ផ្តើមទៅទៀត»។ ដកស្រង់ពី Ellen G. White, Fundamentals of Chrsitian Educaiton, page 186, adapted។ សម្រាប់ព្រះ គ្មានអ្វីដែលសំខាន់ជាងការសង្គ្រោះមនុស្សលោកអោយបានច្រើននាក់តាមដែលអាចទៅរួចនោះទេ (ធីម៉ូថេទី១ ២៖៤; ពេត្រុសទី២ ៣៖៩)។ ក្រុមតូចៗអាចមានភារកិច្ចជាច្រើន។ យើងនឹងក្រឡេកមើលភារកិច្ចផ្សេងៗគ្នាទាំងនោះនៅក្នុងសប្តាហ៍នេះ។ ប៉ុន្តែ កិច្ចការដ៏សំខាន់បំផុតដែលក្រុមតូចៗអាចធ្វើបាននោះគឺជាការនាំព្រលឹងមនុស្សទៅឯព្រះយេស៊ូវ។ យើងនឹងអាចជួយខ្លួនយើង និងអ្នកដទៃទៀតផងដែរនៅពេលដែលយើងធ្វើកិច្ចការរួមគ្នានៅក្នុងក្រុមតូចៗ។

សូមគិតបន្ថែមទៀតអំពីភាពចុះសម្រុងរវាងព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ នេះគឺជារឿងដែលយើងយល់ពុំដល់។ ប៉ុន្តែ ទោះជាយ៉ាងណាយើងអាចជឿ និងទុកចិត្តបានទៅលើអ្វីដែលយើងយល់ពុំដល់នោះមែនទេ? តើហេតុអ្វីបានជាក្បួនច្បាប់នេះមានសារៈសំខាន់សម្រាប់យើងនៅពេលដែលនិយាយអំពីសេចក្តីជំនឿវិញនោះ?

ថ្ងៃច័ន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០

ក្រុមតូចៗនៅក្នុងព្រះគម្ពីរ

ព្រះគម្ពីរបានបង្ហាញឧទាហរណ៍នៃក្រុមតូចៗជាច្រើនដល់យើង។ មនុស្សនៅក្នុងក្រុមតូចៗទាំងនេះបានចំណាយពេលជាមួយគ្នាអធិស្ឋានលើកទឹកចិត្តគ្នាទៅវិញទៅមក និងធ្វើកិច្ចការរួមគ្នាសម្រាប់ព្រះយេស៊ូវ។ ក្រុមតូចៗផ្តល់ឱកាសអោយយើងចែកចាយអំពីព័ន្ធកិច្ចរបស់ព្រះ និងអាចប្រើអំណោយទានខាងឯវិញ្ញាណផ្សេងៗគ្នារបស់យើងបានយ៉ាងពេញលេញ។

សូមអានខគម្ពីរនិក្ខមនំ ១៨៖២១-២៥។ តើលោកយេត្រូដែលជាឪពុកក្មេករបស់លោកម៉ូសេបានផ្តល់យោបល់អ្វីខ្លះ ដែលអាចជួយដល់លោកម៉ូសេបានយ៉ាងច្រើន។ តើហេតុអ្វីបានជាផែនការនេះសំខាន់ម៉្លេះ?

មនុស្សគ្រប់គ្នានៅក្នុងជំរំអ៊ីស្រាអែលបានក្លាយជាសមាជិកនៃក្រុមមនុស្សដប់នាក់។ មេដឹកនាំ នៃក្រុមតូចៗទាំងនេះបានជួយដោះស្រាយបញ្ហាទាំងឡាយ។ ក្រុមតូចៗបានផ្តល់ជូនមិត្តភាពដល់សមាជិកនៅក្នុងក្រុម។​ ក្រុមតូចៗបានជួយអោយជីវិតខាងឯវិញ្ញាណរឹងមាំឡើង។ សមាជិកនៅក្នុងក្រុមបានពិភាក្សាអំពីផែនការរបស់ព្រះសម្រាប់សាសន៍អ៊ីស្រាអែល។ ក្រុមតូចៗបានស្អាងចំណងមិត្តភាពអោយរឹងមាំឡើង។ ឥឡូវនេះសមាជិកក្រុមដទៃទៀតអាចជួយដោះស្រាយបញ្ហារបស់សមាជិកណាមួយបាន។ ក្រុមតូចៗអាចផ្តល់អោយយើងនូវឱកាសក្នុងការទទួលបានភាពកក់ក្តៅ ចំណងមិត្តភាព ការលូតលាស់ខាងឯវិញ្ញាណ និងដំណោះស្រាយលើបញ្ហា។

តើលោកអ្នកចង់ដឹងអំពីអ្វីមួយដែលគួរអោយចាប់អារម្មណ៍ដែរឬទេ? អ្នកជំនាញក្រុមតូចៗប្រាប់យើងថា ទំហំល្អបំផុតសម្រាប់ក្រុមតូចៗគឺចន្លោះពី៦ទៅ១២នាក់។ នេះគឺជាទំហំដ៏ជាក់លាក់មួយដែលទាំងលោកម៉ូសេ​ និងព្រះយេស៊ូវបានបង្កើតក្រុមតូចៗនេះឡើង។

សូមអានខគម្ពីរលូកា ៦៖១២, ១៣; ម៉ាថាយ ១០៖១ និងម៉ាកុស ៣៖១៣-១៥។ ព្រះយេស៊ូវ មានហេតុផលពីរយ៉ាងក្នុងការជ្រើសរើសយកសិស្សរបស់ទ្រង់អោយធ្វើជាផ្នែកមួយនៃក្រុមតូចៗរបស់ព្រះអង្គ។ តើហេតុផលទាំងពីរយ៉ាងនេះគឺជាអ្វី?

ព្រះយេស៊ូវបានប្រើក្រុមតូចៗនេះក្នុងការបង្រៀនដល់សិស្សរបស់ទ្រង់អោយបំពេញព្រះរាជកិច្ច របស់ព្រះនៅលើផែនដី។ មិត្តភាពរបស់ពួកគេជាមួយនឹងព្រះយេស៊ូវបានជួយអោយជីវិតខាងឯវិញ្ញាណរបស់ពួកគេបានរឹងមាំឡើង។ សិស្សរបស់ព្រះយេស៊ូវបានរៀនអំពីរបៀបបំពេញព័ន្ធកិច្ច និងរបៀបបម្រើតាមវិធីដែលល្អប្រសើរនៅក្នុងការប្រជុំក្រុមតូចៗរបស់ពួកគេ។ ពីមួយថ្ងៃទៅមួយថ្ងៃពួកគេបានឃើញព្រះយេស៊ូវយកព្រះទ័យទុកដាក់ចំពោះតម្រូវការរបស់មនុស្សដែលនៅជុំវិញទ្រង់។ រឿងនេះបានបង្រៀនពួកគេអំពីរបៀបប្រើអំណោយទានផ្ទាល់ខ្លួនរបស់ពួកគេដើម្បីបម្រើព្រះ។ ព្រះយេស៊ូវក៏បានប្រើក្រុមតូចៗនេះដើម្បីបង្រៀនសិស្សរបស់ទ្រង់អំពីរបៀបចែកចាយសេចក្តីពិតជាមួយនឹងមនុស្សដទៃផងដែរ។

សូមគិតអំពីគ្រាមួយ នៅពេលដែលលោកអ្នកជាសមាជិកនៃក្រុមតូចមួយដែលបានយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ តើលោកអ្នកបានរៀនអ្វីខ្លះចេញពីបទពិសោធន៍នេោះដែលអាចជួយលោកអ្នកអោយយល់អំពីមូលហេតុដែលក្រុមតូចៗគួរតែជាផ្នែកដ៏សំខាន់មួយនៃជំនឿរបស់យើង?

ថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២០

រួមគ្នាដើម្បីបម្រើព្រះ

សូមអានកូរិនថូសទី១ ១២៖១២-២៥។ តើរាងកាយរបស់មនុស្សគឺជារូបស័ព្ទដ៏ល្អឥតខ្ចោះមួយសម្រាប់របៀបដែលមនុស្សធ្វើការរួមគ្នានៅក្នុងក្រុមតូចៗដោយរបៀបណា?

លោកប៉ុលបានបង្ហាញយើងអំពីមូលហេតុសំខាន់នៃអំណោយទានខាងឯវិញ្ញាណនៅក្នុងជីវិតនៃពួកជំនុំ។ គាត់ក៏បានរៀបរាប់អំពីអំណោយទានសំខាន់អោយយើងបានដឹងផងដែរ។

នៅពេលដែលយើងសិក្សាអំពីរូបវិទ្យាយើងឃើញថា សរីរាង្គកាយត្រូវបានចែកចេញជាផ្នែកផ្សេងៗគ្នា។ រីឯអំណោយទានខាងឯវិញ្ញាណទៅនឹងផ្នែកផ្សេងៗគ្នានៃរាងកាយផងដែរ។ អំណោយទានទាំងនេះអាចបំពេញតួនាទីបានយ៉ាងល្អ នៅពេលដែលអំណោយទានទាំងនេះត្រូវបានបញ្ចូលជាក្រុមមួយ។ សឹងតែផ្នែកទាំងអស់នៃរាងកាយពុំអាចធ្វើការដោយឯកឯងបាននោះទេ។ កិច្ចការនីមួយៗដែល រាងកាយកំពុងដំណើរការគឺជាផ្នែកនៃកិច្ចការដ៏ធំមួយ។ ផ្នែកផ្សេងៗគ្នានៃរាងកាយទាំងអស់បានធ្វើការរួមគ្នាដើម្បីបន្តអោយយើងមានជីវិត និងមានសុខភាពល្អ។

ផ្នែកផ្សេងៗគ្នានៃរូបកាយបានបង្រៀនយើងអំពីអ្វីដែលយើងត្រូវការដើម្បីអោយយើងអាចប្រើអំណោយទានខាងឯវិញ្ញាណរបស់យើងបានយ៉ាងល្អបំផុត។ យើងងាយនឹងបាត់បង់សេចក្តីសង្ឃឹមជាទីបំផុតនៅពេលដែលយើងធ្វើកិច្ចការតែម្នាក់ឯង។ ផ្ទុយទៅវិញ យើងនឹងធ្វើកិច្ចការកាន់តែប្រសើរឡើងនៅពេលដែលយើងជាផ្នែកមួយនៃក្រុមតូចៗ។ យើងគឺជាផ្នែកនៃក្រុមមនុស្សដែលមានចំណាប់អារម្មណ៍ដូចគ្នា។ មនុស្សទាំងនេះចង់បានអ្វីដូចជាយើង។ មនុស្សទាំងនេះនឹងជួយយើងអោយធ្វើកិច្ចការកាន់តែប្រសើរឡើង និងធ្វើបានច្រើនយ៉ាងផងដែរ។

ក្រុមតូចៗផ្តល់អោយយើងនូវទីកន្លែងដ៏ល្អបំផុតដើម្បីប្រើអំណោយទានខាងឯវិញ្ញាណរបស់យើង។ ក្រុមតូចៗអាចក្លាយជាចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកជំនុំក្នុងការចែកចាយដំណឹងល្អជាមួយនឹងអ្នកដទៃ។

អ្នកស្រីអែល្លិន ជីវ៉ៃត៍បានមានប្រសាសន៍អំពីអត្ថប្រយោជន៍នៃក្រុមតូចៗថា «ព្រះជាម្ចាស់ពុំបានខុសក្នុងការដែលទ្រង់បានបង្កើតក្រុមតូចៗនោះទេ។ ទ្រង់បានបង្ហាញខ្ញុំថា ការបំពេញព័ន្ធកិច្ចជាក្រុមតូចៗមានសារៈសំខាន់ចំពោះគ្រីស្ទានជាទីបំផុត។ សមាជិកទាំងអស់គួរតែជួបជុំគ្នាជាក្រុមតូចៗ ប្រសិនបើមានមនុស្សជាច្រើននាក់នៅក្នុងពួកជំនុំ។ ពួកគេគួរតែធ្វើកិច្ចការសម្រាប់សមាជិកនៃពួកជំនុំ និងសម្រាប់ អ្នកដទៃដែលពុំទាន់បានជឿ។ ឧទាហរណ៍ថា មានទីកន្លែងមួយដែលមានមនុស្សត្រឹមតែពីរ ឬបីនាក់ប៉ុណ្ណោះដែលដឹងអំពីសេចក្តីពិតនៃព្រះគម្ពីរ។ នោះពួកគេគួរតែចូលរួមជាមួយគ្នា និងកំុអោយបែកចេញពីគ្នានោះឡើយ។ ពួកគេគួរតែរួមគ្នាដោយសេចក្តីស្រឡាញ់ និងសេចក្តីព្រមព្រៀងគ្នា។ ពួកគេអាចលើកទឹកចិត្តគ្នាទៅវិញទៅមកដើម្បីបន្តព័ន្ធកិច្ចរបស់ព្រះទៅមុខទៀត។ បន្ទាប់មក ពួកគេនឹងទទួលបានភាពក្លាហាន និងកម្លាំងពីគ្នាទៅវិញទៅមក»។ ដកស្រង់ពី Testimonies for the Church, volume 7, pages 21, 22, adapted។

ព្រះនឹងទទួលយកកិច្ចការដែលបានបំពេញដោយក្រុមតូចៗ។ ក្រុមទាំងនេះជួយអោយជីវិតខាងឯវិញ្ញាណរបស់ពួកជំនុំកាន់តែរឹងមាំឡើង។ ក្រុមតូចៗក៏អាចជួយសមាជិកអោយមានចំណងមិត្តភាពជិត ស្និទ្ធនឹងគ្នាផងដែរ។ នៅក្នុងក្រុមតូចៗសមាជិកក៏អាចប្រើអំណោយទានរបស់ពួកគេដែលព្រះបានប្រទានអោយដើម្បីបម្រើទ្រង់ផងដែរ។

ថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២០

ក្រុមតូចៗនៃព្រះគម្ពីរសញ្ញាថ្មី

ពួកជំនុំនៃព្រះគម្ពីរសញ្ញាថ្មីបានកើនឡើងយ៉ាងឆាប់រហ័ស។ ត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ពួកជំនុំនេះបានកើនឡើងចេញពីក្រុមតូចៗនៃអ្នកជឿរហូតទៅដល់មានអ្នកចូលរួមថ្វាយបង្គំរាប់មឺុននាក់។ មានហេតុផលជាច្រើនដែលធ្វើអោយពួកជំនុំនេះបានកើនឡើងយ៉ាងឆាប់រហ័ស។ (១) ព័ន្ធកិច្ចរបស់ព្រះយេស៊ូវ នៅលើផែនដីបានជួយអោយមនុស្សត្រៀមខ្លួនជាស្រេច ដើម្បីទទួលយកការចែកចាយពីសិស្សរបស់ទ្រង់។ (២) ព្រះបានចាក់បង្អុរព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់មកលើសិស្សរបស់ព្រះយេស៊ូវ។ (៣) រីឯហេតុផល មួយទៀតគឺថា ពួកជំនុំនៃព្រះគម្ពីរសញ្ញាថ្មីបានកើនឡើងយ៉ាងឆាប់រហ័សដោយសារតែក្រុមតូចៗ។

សូមអានខគម្ពីរកិច្ចការ ១៨៖១-១៥ និងកិច្ចការ ២០៖១-៤។ តើហេតុអ្វីបានជាលោកលូកាបានបង្ហាញប្រាប់យើងនៅក្នុងខទាំងនេះអំពីឈ្មោះរបស់បុគ្គលមួយចំនួនដែលលោកប៉ុលបានធ្វើកិច្ចការយ៉ាងជិតស្និទ្ធជាមួយនឹងពួកគេ?

រឿងនេះគួរអោយចាប់អារម្មណ៍ដោយឃើញថា លោកលូកាបានបង្ហាញប្រាប់យើងអំពីឈ្មោះ របស់បុគ្គលមួយចំនួនដែលលោកប៉ុលបានធ្វើកិច្ចការយ៉ាងជិតស្និទ្ធជាមួយនឹងពួកគេ។ បុគ្គលនីមួយៗសុទ្ធតែសំខាន់សម្រាប់លោកប៉ុល។ គាត់បានស្គាល់ឈ្មោះរបស់ពួកគេ។ លោកប៉ុល និងមិត្តភក្តិរបស់គាត់បានជួយគ្នាទៅវិញទៅមកក្នុងព័ន្ធកិច្ចរបស់ពួកគេសម្រាប់ព្រះ។ លោកលូកាពុំបានបង្ហាញប្រាប់យើងអំពីឈ្មោះរបស់បុគ្គលទាំងអស់ដែលលោកប៉ុលបានធ្វើកិច្ចការជាមួយនោះទេ។ ប៉ុន្តែ ឈ្មោះដែលលោកលូកាបានបង្ហាញប្រាប់យើងនៅត្រង់នេះបង្ហាញថា​ ការធ្វើកិច្ចការយ៉ាងជិតស្និទ្ធជាមួយនឹងមិត្តភក្តិរបស់ គាត់មានសារៈសំខាន់ជាទីបំផុតសម្រាប់លោកប៉ុល ទោះបីជានៅក្នុងក្រុមតូចៗក៏ដោយ។

បុគ្គលនីមួយៗនៅក្នុងខទាំងនេះមានអំណោយទានផ្សេងៗគ្នា។ ពួកគេទាំងអស់គ្នាមកពីស្រុក ដែលមានវប្បធម៌ផ្សេងៗគ្នា។ ម៉្លោះហើយ ពួកគេតែងតែមានទស្សនៈពុំដូចគ្នា។ ទន្ទឹមនឹងនេះ បុគ្គលនីមួយៗមានភារកិច្ចពិសេសមួយចំនួនដើម្បីបំពេញថ្វាយដល់ព្រះ។ បុគ្គលម្នាក់ៗមានបទពិសោធន៍ផ្ទាល់ជាមួយ នឹងព្រះយេស៊ូវ។ អំណោយទានផ្សេងៗគ្នា និងបទពិសោធន៍របស់ពួកគេជួយអោយពួកជំនុំនៃព្រះគម្ពីរសញ្ញាថ្មីបានកើនឡើង។

សូមប្រៀបធៀបខគម្ពីរកិច្ចការ ១៦៖១១-១៥, ៤០ និងកិច្ចការ ១២៖១១, ១២។ តើការអញ្ជើញរបៀបណាដែលន​ាងលីឌាបានធ្វើចំពោះលោកប៉ុល បន្ទាប់ពីនាងបានក្លាយជាគ្រីស្ទានដូចដែលយើងបានឃើញនៅក្នុងខទាំងនេះ? តើលោកប៉ុល និងលោកពេត្រុសបានធ្វើដំណើរទៅកន្លែងណាបន្ទាប់ពីព្រះបានរំដោះពួកគេចេញពីគុក?

ពួកជំនុំនៃព្រះគម្ពីរសញ្ញាថ្មីបានជួបជុំគ្នានៅក្នុងផ្ទះរបស់ពួកគេ។ ផ្ទះរបស់ពួកគេបានក្លាយជាកន្លែងដ៏សំខាន់សម្រាប់ការចែកចាយអំពីសេចក្តីពិតរបស់ព្រះ ព្រមទាំងបានក្លាយមកជាកន្លែងធ្វើកិច្ចការដែលក្រុមតូចៗបានធ្វើថ្វាយព្រះផងដែរ។

តើលោកអ្នកធ្លាប់បានគិតថា នឹងចាប់ផើ្តមក្រុមតូចៗនៅក្នុងផ្ទះរបស់លោកអ្នកដែរឬទេ? លោកអ្នកប្រហែលជាមានក្រុមតូចៗមួយក្រុមរួចទៅហើយ។ ប្រសិនបើមានមែន តើក្រុមតូចៗមួយនោះបានក្លាយ ជាព្រះពរមកលើជីវិតខាងឯវិញ្ញាណរបស់លោកអ្នកយ៉ាងដូចម្តេចខ្លះ?

ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០

របៀបដែលក្រុមតូចៗបំពេញកិច្ចការ

ព្រះបានប្រើក្រុមតូចៗអោយពង្រីកពួកជំនុំរបស់ទ្រង់។ ក្រុមតូចៗគឺជាកន្លែងដ៏មានសុវត្ថិភាពសម្រាប់អោយមនុស្សចែករំលែកអំពីបញ្ហា និងចំណាប់អារម្មណ៍ ឬកង្វល់អំពីអ្វីមួយរបស់ពួកគេ។ ក្រុមតូចៗផ្តល់ឱកាសអោយមនុស្សបានរឹងមាំឡើងខាងឯវិញ្ញាណ។ ចំណងមិត្តភាពក៏ជាបទពិសោធន៍មួយផ្នែកនៃក្រុមតូចៗផងដែរ។ អ្នកដែលពុំមែនជាគ្រីស្ទានជាច្រើនមានអារម្មណ៍កក់ក្តៅក្នុងការជួបជំុំនៃក្រុមតូចៗនៅឯផ្ទះជាជាងទៅឯព្រះវិហារជាលើកដំបូង។

សូមអានខគម្ពីរកិច្ចការ ៤៖៣១; កិច្ចការ ១២៖១២ និងកិច្ចការ ២០៖១៧-១៩, ២៧-៣២។ សូមរៀបរាប់អំពីកិច្ចការផ្សេងៗគ្នាទាំងអស់ដែលក្រុមនៃព្រះគម្ពីរសញ្ញាថ្មីទាំងនេះបានធ្វើ។ តើពួកគេបានធ្វើអ្វីខ្លះ?

គ្រីស្ទាននៃព្រះគម្ពីរសញ្ញាថ្មីបានជួបជុំគ្នាដើម្បីអធិស្ឋានសម្រាប់អ្នកដទៃ។ ពួកគេក៏បានអធិស្ឋានអំពីរឿងទាំងឡាយដែលពួកគេព្រួយបារម្ភផងដែរ។ ពួកគេបានចែករំលែកមិត្តភាពដ៏កក់ក្តៅ សិក្សាព្រះគម្ពីរ រៀនអំពីរបៀបបម្រើព្រះអោយកាន់តែប្រសើរឡើង ការពារគ្នាទៅវិញទៅមក និងធ្វើបន្ទាល់រួមគ្នា។

ក្រុមតូចៗបានធ្វើអោយជីវិតកាន់តែប្រសើរឡើង។ សមាជិកនៅក្នុងក្រុមតូចៗបានបញ្ចូលអំណោយទានរបស់ពួកគេរួមគ្នា ដើម្បីបម្រើដល់ព្រះ។ ពួកគេបានអនុញ្ញាតអោយព្រះវិញ្ញាណប្រើពួកគេអោយចែកចាយដំណឹងល្អជាមួយនឹងអ្នកដទៃ។ ក្រុមតូចៗគឺជា «ឧបករណ៍» ដ៏មានអំណាចជាទីបំផុតនៅក្នុងព្រះហស្តរបស់ព្រះ។

សូមអានខគម្ពីរម៉ាថាយ ៩៖៣៧, ៣៨។ តើព្រះយេស៊ូវមានបន្ទូលយ៉ាងដូចម្តេចអំពី «ចម្រូត» ដ៏ធំរបស់មនុស្សដែលត្រូវការនាំចូលទៅក្នុងនគររបស់ព្រះដូចដែលយើងបានឃើញនៅក្នុងខទាំងនេះ? តើព្រះយេស៊ូវមានបន្ទូលថា បញ្ហាអាចនឹងដោះស្រាយបានដោយរបៀបណា?

សិស្សរបស់ព្រះយេស៊ូវមើលឃើញសេចក្តីសង្ឃឹមតិចតួចជាទីបំផុតសម្រាប់អោយដំណឹងល្អអាចចែកចាយទៅកាន់មនុស្សគ្រប់គ្នាបាន។ ប៉ុន្តែ ព្រះយេស៊ូវបានទតឃើញឱកាសក្នុងការទទួលបានជោគជ័យដ៏ធំ។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់សិស្សរបស់ទ្រង់អំពីដំណឹងដ៏អស្ចារ្យថា «ចំរូតធំណាស់» (ម៉ាថាយ៩៖៣៧)។ បន្ទាប់មក ព្រះយេស៊ូវបានមានបន្ទូលប្រាប់សិស្សរបស់ទ្រង់អំពីបញ្ហាមួយ។ «តែ​មាន ​អ្នក​ច្រូត​តិច​ទេ» (ម៉ាថាយ ៩៖៣៧)។ ចំឡើយរបស់ព្រះយេស៊ូវចំពោះបញ្ហាមួយនោះគឺជាការអធិស្ឋាន។ «ដូច្នេះ ចូរ​សូម​អង្វរ​ដល់​ព្រះអម្ចាស់​នៃ​ចំរូតឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចំរូត​ទ្រង់» (ម៉ាថាយ ៩៖៣៨)។ ក្រុមតូចៗគឺជាចំឡើយឆ្លើយតបទៅនឹងសេចក្តីអធិស្ឋានរបស់ព្រះយេស៊ូវ។ ក្រុមតូចៗបានជួយអោយចំនួននៃអ្នកធ្វើការបានកើនឡើង។

កិច្ចការដ៏សំខាន់បំផុតដែលក្រុមតូចៗមាននោះ គឺជាការធ្វើបន្ទាល់ និងការបម្រើព្រះ។ ក្រុមតូចៗត្រូវតែនាំមនុស្សទៅឯព្រះយេស៊ូវ ពង្រឹងជំនឿរបស់ពួកគេ និងជួយពួកគេអោយធ្វើជាស្មរបន្ទាល់។

ថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២០

សិក្សាបន្ថែម

ជាច្រើនឆ្នាំមុនក្រុមថ្វាយបង្គំមួយនៅអឺរ៉ុបបានសម្រេចថា នឹងធ្វើកិច្ចការដ៏ធំ និងសំខាន់មួយសម្រាប់ព្រះ។ ពួកជំនុំពុំបានកើនឡើងទាល់តែសោះ។ គ្មានអ្នកថ្មីណាម្នាក់បានទទួលបុណ្យជ្រមុជទឹកនៅក្នុងក្រុមថ្វាយបង្គំមួយនេះជាយូរណាស់មកហើយ។ ក្រុមថ្វាយបង្គំមួយនេះពុំមានអនាគតភ្លឺស្វាងនោះទេ។ គ្រូគង្វាល និងមេដឹកនាំក្រុមថ្វាយបង្គំបានរួមគ្នាអធិស្ឋាន។ ពួកគេបានគិតអំពីផែនការដើម្បីជួយដល់ក្រុមថ្វាយបង្គំមួយនេះ។

ពួកគេបានចាប់ផ្តើមសិក្សាព្រះគម្ពីរសញ្ញាថ្មី។ ខណៈពេលដែលពួកគេសិក្សាព្រះគម្ពីរ ពួកគេបានសម្រេចថា នឹងបង្កើតក្រុមតូចៗមួយ ដើម្បីបម្រើអោយកាន់តែពេញលេញ។ សមាជិក៩នាក់នៃពួកជំនុំមានសេចក្តីរំភើបចំពោះផែនការមួយនេះជាខ្លាំង។ ពួកគេបានសម្រេចចិត្តអធិស្ឋានរួមគ្នា និងសិក្សាអំពីរបៀបអនុវត្តក្រុមតូចៗរបស់ពួកគេ ដើម្បីបម្រើព្រះអោយបានល្អបំផុត។ មិនយូរប៉ុន្មាន ពួកគេបានសម្រេចយកផ្ទះរបស់ពួកគេម្នាក់ៗធ្វើជាទីតាំងសម្រាប់ការចែកចាយសេចក្តីពិតនៃព្រះគម្ពីរជាមួយនឹងអ្នកដទៃ។ សមាជិកនៅកុ្នុងក្រុមបានរៀនអំពីរបៀបប្រើអំណោយទានរបស់ពួកគេតាមវិធីផ្សេងៗគ្នា។ ពួកគេបានបង្កើតក្រុមថ្មីៗសម្រាប់ការអធិស្ឋាន និងការជួយដល់អ្នកក្រីក្រ និងអ្នកខ្វះខាត។ ពួកគេបង្កើតមិត្តភាពជាមួយនឹង អ្នកដទៃនៅក្នុងសហគមន៍របស់ពួកគេ។ ពួកគេបានបង្ហាញសេចក្តីស្រឡាញ់បន្ថែមទៀតទៅកាន់សមាជិក ក្រុមគ្រួសារ មិត្តភក្តិ និងសមាជិកអាត់វេនទីស្ទដទៃទៀតដែលបានចូលមកក្នុងក្រុមថ្វាយបង្គំ។ មេដឹកនាំ ក្រុមតូចៗទាំង៩នាក់បានបង្កើតថ្នាក់ព្រះគម្ពីរនៅក្នុងផ្ទះរបស់ពួកគេ និងមានភ្ញៀវ៤០នាក់បានចូលរួមថ្វាយបង្គំជាមួយនឹងពួកគេ។ សមាជិកនៃក្រុមតូចៗមានសេចក្តីរំភើបជាខ្លាំងទៅលើការអស្ចារ្យដែលព្រះវិញ្ញាណបរិសុទ្ធបានបណ្តាល។ មិនយូរប៉ុន្មាន មនុស្ស១៧នាក់នៅក្នុងចំណោមភ្ញៀវទាំង៤០នាក់នោះបានទទួលបុណ្យជ្រមុជទឹក។ តើរឿងនេះបានបង្ហាញយើងអ្វីខ្លះ? រឿងនេះបានបង្ហាញថា ក្រុមតូចៗអាចធ្វើអោយការផ្លាស់ប្តូរធំៗកើតឡើងបាន។ ក្រុមតូចៗគឺជាវិធីសាស្ត្រមួយរបស់ព្រះក្នុងការរួមបញ្ចូលសមាជិកព្រះវិហារផ្សេងៗគ្នាជាច្រើនទៅក្នុងព័ន្ធកិច្ចរបស់ពួកជំនុំ។

សំនួរពិភាក្សា៖
  1. សូមពិភាក្សាគ្នាបន្ថែមអំពីមេរៀននៃថ្ងៃព្រហស្បតិ៍ និងកិច្ចការសំខាន់ៗដែលក្រុមតូចៗបានធ្វើនៅក្នុងថ្នាក់។ តើមានកិច្ចការអ្វីផ្សេងដែលក្រុមតូចៗអាចធ្វើបានទៀតដែរឬទេ? តើមានវិធីអ្វីខ្លះ ដែលក្រុមតូចៗអាចជួយសមាជិកដែលមានអំណោយទានអោយមានលទ្ធភាពប្រើអំណោយទានទាំងនោះ ខណៈ ដែលពួកគេពុំធ្លាប់ដែលប្រើអំណោយទានទាំងនោះពីមុនមក?

  2. តើហេតុអ្វីបានជាការដែលក្រុមតូចៗត្រូវចាំជានិច្ចថា​ភារកិច្ចដ៏សំខាន់បំផុតរបស់ពួកគេគឺជាការចែកចាយដំណឹងល្អជាមួយនឹងអ្នកដទៃដែលពុំទាន់បានដឹង ជារឿងដ៏សំខាន់សម្រាប់ក្រុមតូចៗ? ទន្ទឹមនឹងនេះ តើហេតុអ្វីបានជាការផ្សារភ្ជាប់ជាមួយនឹងពួកជំនុំដទៃៗទៀតមានសារៈសំខាន់សម្រាប់ក្រុមតូចៗ? ​

  3. តើលោកអ្នកធ្លាប់ជាផ្នែកមួយនៃក្រុមតូចដែលបានស្លាប់ទៅហើយដែរឬទេ? តើលោកអ្នកគិតថា ហេតុអ្វីបានជារឿងនោះកើតឡើង? ​

  4. សូមគិតរឿងដែលលោកអ្នកបានអាននៅក្នុងការសិក្សានៅថ្ងៃនេះអំពីក្រុមថ្វាយបង្គំតូចមួយនៅអឺរ៉ុប។ តើអ្វីដែលធ្វើអោយក្រុមតូចរបស់ពួកគេបានទទួលជោគជ័យ? តើផ្នែកអ្វីខ្លះ ដែលពួកគេបានធ្វើការនៅឯផ្ទះដែលនាំទៅរកភាពជោគជ័យរបស់ពួកគេ? នៅពេលដែលលោកអ្នកចាប់ផ្តើមព័ន្ធកិច្ចរបស់លោកអ្នកសម្រាប់ព្រះនៅក្នុងសហគមន៍របស់លោកអ្នកជាលើកដំបូង? តើហេតុអ្វីបានជាការជួបជុំនៅឯផ្ទះ ឬនៅទីកន្លែងដទៃទៀតមានសុវត្ថិភាពជាងនៅឯព្រះវិហារ? ​

រឿងខ្លី

ការអភ័យទោសនៅឯទីម័រខាងកើត

Jeans

ឃាតករដែលពុំបានទទួលជោគជ័យក្នុងការសម្លាប់ស្មៀននៃហាងសេវេនដេយអាត់វេនទីស្ទនឹងមិនត្រូវប្រឈមមុខនឹងការកាត់ទោសនោះឡើយ បន្ទាប់ពីអាជ្ញាធរទីម័រខាងកើតទទួលយកការសម្រេចចិត្តរបស់ស្មៀនថា នឹងអភ័យទោសជាជាងស្វែងរកយុត្តិធម៌ទៅលើការវាយប្រហារនោះ។​ ករណីនេះបានធ្វើអោយប្រជាជននៃទីក្រុងឡូស៉្បាឡូស (Lospalos) នៃប្រទេសទីម័រមានការភ្ញាក់ផ្អើលជាខ្លាំង ដែលការផ្តន្ទាទោសគឺជារឿងធម្មតា សូម្បីតែអាជ្ញាធរក៏បានបង្ហាញអារម្មណ៍ពុំគួរអោយជឿដែលថា អេឌូ វ៉ាឈូមូរា (Edu Wachumura) ដែលជាស្មៀនហាងបានជ្រើសរើសអភ័យទោសអោយឃាតករនោះទៅវិញ។

ជូវីនីល អានានាស (Juvinil Ananias) បានយកលំពែងចាក់ចូលទៅតាមទ្វារហាងដោយមានបំណងចង់សម្លាប់អេឌូនៅក្នុងឆ្នាំ២០១៧ទាំងស្រវឹង។ អេឌូបានជួយជូវីនីលនៅឯប៉ុស្តិ៍​ប៉ូលីសឡូសស៉្បាឡូស នៅក្នុងឆ្នាំ២០១៩ និងបានចុះហត្ថលេខាលើសេចក្តីប្រកាសលើកលែងទោសដល់ជូវីនីល។ ជូវីនីលបានសម្ដែងវិប្បដិសារីដោយស្ងៀមស្ងាត់។ គាត់បាននិយាយថា «អោយខ្ញុំសូមទោសទៅលើទង្វើដែលខ្ញុំបានធ្វើទៅលើអ្នក។ សូមអរគុណ»។

ជូវីនីលបានសម្លាប់ជ្រូក និងបានអញ្ជើញអេឌូអោយចូលរួមជាកិត្តិយសនៅក្នុងកម្មវិធីជប់លៀងរបស់គាត់ ប៉ុន្តែ អេឌូបានបដិសេធការអញ្ជើញនោះដោយពន្យល់ថា គាត់តមសាច់ជ្រូក។ មន្ត្រីអាជ្ញាធរបានសម្លឹងមើលទាំងពុំគួរអោយជឿ ខណៈដែលអេឌូបានចុះហត្ថលេខាលើក្រដាសនៅក្នុងទីឃុំឃាំងរបស់ពួកគេ។ មន្ត្រីម្នាក់បាននិយាយទៅកាន់ជូវីនីលថា «យ៉ាងហោចណាស់ ឯងគួរតែជូនសគុណ ឬគោមួយក្បាលដល់អេឌូ»។

ការវាយប្រហារមួយនេះត្រូវបានបង្ហាញជារឿងនៃបេសកកម្មសប្បាតហ៍ស្គូលនៅក្នុងត្រីមាសទី៤ ឆ្នាំ២០១៨ ដែលបានកើតឡើងបន្ទាប់ពីជូវីនីលស្រវឹងបានទំលុះចូលទៅក្នុងហាង និងបានជេរប្រទេច ផ្តាសាលើអេឌូ អាយុ២៨ឆ្នាំ ដែលកំពុងតែធ្វើការនៅខាងក្រោយតុគិតលុយ។ អេឌូដែលបានចូលជាពួកជំនុំអាត់វេនទីស្ទ បន្ទាប់ពីការសិក្សាព្រះគម្ពីរពីលោកសេលីនដូ ជោអូ ឡេយ (Zelindo Joao Lay) ដែលជាម្ចាស់ហាងគាត់បន្ទោសជូវីនីលដោយស្រទន់។ ជូវីនីលបានគំរាមកំហែងថា នឹងសម្លាប់អេឌូ ប៉ុន្តែ បានដកខ្លួនទៅវិញ នៅពេលដែលគាត់ឃើញអតិថិជនដទៃទៀតនៅក្នុងហាងនោះដែរ។ គាត់បាននិយាយទាំងសង្គ្រឺតធ្មេញ ខណៈដែលគាត់បើកទ្វារហាងបំរុងនឹងចេញថា «អញនឹងសម្លាប់ឯងយប់នេះ»។

យប់នោះ អេឌូបានឮសំឡេងគោះទ្វារពីខាងក្រៅទ្វារដែកទី២ដែលនៅខាងក្រោយហាង។ គាត់បានដើរទៅដល់ទ្វារដែលចាក់សោនឹងច្រវាក់ជាប់គ្នា រួចលួចមើលនៅតាមចន្លោះច្រវាក់សោនោះដើម្បី អោយដឹងថា តើអ្នកណានៅខាងក្រៅ។ នៅពេលនោះ លំពែងមួយបានចាក់ចូលមកតាមទ្វារ។ អេឌូបានលើកដៃរបស់គាត់បញ្ជៀសទិសដៅនៃលំពែងនោះចេញភ្លាមមួយរំពេច។ ចុងលំពែងបានវាសចំច្រមុះរបស់ គាត់។

ពីរថ្ងៃក្រោយមក អាជ្ញាធរបានចូលមកក្នុងហាង ដើម្បីសើុបសួរអេឌូថា តើគាត់ចង់អោយអ្នកលួចប្រហារគាត់ចូលទៅក្នុងគុកដែរឬទេ។ អេឌូបានគ្រវីក្បាលគាត់។ គាត់បាននិយាយថា «ខ្ញុំបានអភ័យទោសអោយបុរសម្នាក់នោះហើយ»។ ទោះបីជាដូច្នោះក្តី អាជ្ញាធរបានចាប់ឃុំជូវីនីលអស់រយៈពេលមួយអាទិត្យ តែក្រោយមកក៏ដោះលែងគាត់វិញ។ នីតិវិធីច្បាប់ដ៏វែងអន្លាយត្រូវបានអនុវត្តរហូតដល់ឆ្នាំ២០១៩ នៅពេលដែលជូវីនីលត្រូវបានប្រកាសជាផ្លូវការពីការលើកលែងទោសដោយសំណាក់អាជ្ញាធរ។

ហ្សេលីនដូ (Zelindo) សង្ឃឹមថាសហគមន៍ក្នុងតំបន់ដែលស្រឡាំងកាំងនឹងយល់បានថា ព្រះ ចង់លើកលែងទោសអោយពួកគេដូចដែលអេឌូបាន អភ័យទោសដល់ជូវីនីលយ៉ាងដូច្នោះដែរ។ បន្ទាប់ពីការវាយប្រហារនោះមក បងប្អូនប្រុសស្រីរបស់អេឌូបានទទួលបុណ្យជ្រមុជទឹក។ ហ្សេលីនដូសង្ឃឹមថា មនុស្សជាច្រើននឹងធ្វើតាមគំរូរបស់ពួកគេផងដែរ។

Powered by CAM