សូមអានបទគម្ពីរសុភាសិត១។ តើជំពូកនេះបង្រៀនយើងថា ការអប់រំគ្រីស្ទានគួរតែទាក់ទង ទៅនឹងអ្វី?
ព្រះគម្ពីរបានប្រៀបធៀបរវាងភាពល្ងង់ខ្លៅ និងប្រាជ្ញា។ កណ្ឌគម្ពីរសុភាសិតបានជួយយើងអោយនឹកចាំអំពីគ្រោះថ្នាក់នៃឥរិយាបថល្ងង់ខ្លៅ និងការសេពគប់ជាមួយនឹងមនុស្សល្ងីល្ងើ។ ព្រះគម្ពីរ បានចែងយ៉ាងច្បាស់ថា៖ ព្រះចង់អោយរាស្ត្ររបស់ទ្រង់ស្វែងរកប្រាជ្ញា។
សិស្សខាងផ្នែកសិល្បៈ និងវិទ្យាសាស្ត្របានប្រើជំនាញ និងទេពកោសល្យរបស់ពួកគេដើម្បី អោយបានចំណេះដឹង។ ពួកគេបានព្យាយាមធ្វើកិច្ចការដ៏ល្អឥតខ្ចោះនៅក្នុងការសិក្សារបស់ពួកគេ។ គ្រូ បង្រៀនខាងផ្នែកសិល្បៈ និងវិទ្យាសាស្ត្របានសិក្សាដូចគ្នាដែរ។ យើងអាចបង្កើតសិល្បៈដ៏ស្រស់ស្អាត រួមទាំងការច្នៃប្រឌិតដ៏គួរអោយភ្ញាក់ផ្អើលខាងឯវិទ្យាសាស្ត្រដោយសារតែចំណេះដឹង និងទេពកោសល្យដែលព្រះបានប្រទានដល់យើង។
ប៉ុន្តែ តើចំណេះដឹងអំពីសិល្បៈ និងវិទ្យាសាស្ត្រមានន័យពិតយ៉ាងដូចម្តេចទៅបាន ប្រសិនបើវាពុំបានបង្រៀនយើងអំពីភាពខុសគ្នារវាងត្រូវហើយនិងខុស សេចក្តីល្អហើយនិងសេចក្តីអាក្រក់ ព្រមទាំងសេចក្តីពិតហើយនិងសេចក្តីកុហកផងដែរនោះ? មនុស្សដែលគ្រាន់តែជាអ្នកសិល្បៈដែលមានពេញដោយទេពកោសល្យដ៏អស្ចារ្យម្នាក់ពុំមានន័យថា មនុស្សម្នាក់នេះសុចរិត ឬបរិសុទ្ធនោះទេ។ អ្វីដែលយើងអាចយល់បានពីនោះគឺតាមរយៈការសិក្សាអំពីជីវិតរបស់ពួកអ្នកសិល្បៈដ៏ល្បីល្បាញបំផុតទាំងនេះនៅលើលោកនេះ។ មនុស្សម្នាក់ក៏អាចនិយាយបានដែរថា ពួកអ្នកវិទ្យាសាស្ត្រដែលបានបង្កើតអាវុធដែលអាចបំផ្លាញជីវិតគឺជាពួកអ្នកដែលឆ្លាតបំផុត និងបានទទួលនូវការអប់រំ។ ប៉ុន្តែ តើកិច្ចការរបស់គេវិញយ៉ាងដូចម្តេចដែរ? ដូចដែលយើងបានសិក្សារួចមកហើយថា ការមានចំណេះដឹងដោយឯកឯងពុំមែនសុទ្ធតែត្រឹមត្រូវទាំងអស់នោះទេ។
សូមអានខគម្ពីរសុភាសិត ១៖៧។ តើការអប់រំពិតទាំងអស់របស់គ្រីស្ទានផ្តើមឡើងដោយសារអ្វី?
បុរសម្នាក់ដែលពុំបានជឿដល់ព្រះក៏បានទទួលរង្វាន់ណូបែលផងដែរ។ គាត់បានសិក្សាអំពី លំហអាកាស និងកម្លាំងដែលបណ្តាលអោយវាមានចលនា។ បុរសម្នាក់នេះបានសរសេរថា៖ «កាលណាយើងយល់អំពីលំហអាកាសកាន់តែច្រើនឡើង វាកាន់តែគ្មានន័យ»។ តើទស្សនៈរបស់គាត់បង្ហាញប្រាប់យើងអ្វីខ្លះ អំពីចំណេះដឹងដែលពុំមានព្រះអាចនឹងគ្មានន័យ ថែមទាំងនាំមនុស្សអោយគិតតាមបែបមិនត្រឹមត្រូវបាន?
ថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០
ព្រះអម្ចាស់បានឆ្លើយនឹងលោកយ៉ូប
សូមអានបទគម្ពីរយ៉ូប៣៨។ តើជំពូកនេះបង្រៀនយើងអ្វីខ្លះអំពីព្រះដ៏ជាព្រះអាទិករដែលបង្កើតយើង និងប្រទានអោយយើងមានជីវិត? តើសេចក្តីពិតនៃព្រះគម្ពីរដ៏សំខាន់នេះអាចផ្លាស់ប្តូររបៀបដែលយើងយល់អំពីសិល្បៈ និងវិទ្យាសាស្ត្រយ៉ាងដូចម្តេច?
«មនុស្សជាច្រើនបានបង្រៀនថា ធម្មជាតិមានអំណាចក្នុងការផ្តល់អោយមានជីវិតដោយខ្លួនឯង។ ពួកគេជឿថា ធម្មជាតិទាំងនេះមានកម្លាំង និងថាមពល។ ធម្មជាតិទាំងនេះបានបន្តជីវិតរបស់ពួកគេដោយខ្លួនឯង។ មនុស្សទាំងនេះក៏ជឿថា របស់គ្រប់យ៉ាងដែលបានកើតឡើងនៅក្នុងធម្មជាតិ គឺដោយសារតែច្បាប់ធម្មជាតិជាអ្នកកំណត់អោយផងដែរ។ រីឯព្រះទ្រង់ផ្ទាល់ពុំអាចផ្លាស់ប្តូរច្បាប់ធម្មជាតិទាំងនេះបានឡើយ។ នេះគឺជាវិទ្យាសាស្ត្រមិនត្រឹមត្រូវ។ ព្រះគម្ពីរពុំបានគាំទ្រគោលគំនិតទាំងនេះទាល់តែសោះ។ ធម្មជាតិគឺជាអ្នកបម្រើរបស់ព្រះអាទិករ . . . . ធម្មជាតិបង្ហាញយើងអំពីគំនិតដ៏ឆ្លាតវៃ និងអំណាចរបស់ ព្រះនៅក្នុងច្បាប់ធម្មជាតិ។ ព្រះ និងព្រះរាជបុត្រារបស់ទ្រង់បានបំពេញព្រះរាជកិច្ចនៅក្នុងធម្មជាតិគ្រប់ពេលវេលា។ ព្រះយេស៊ូវបានមានបន្ទូលថា ‘ព្រះវរបិតាខ្ញុំ ទ្រង់ធ្វើការដរាបមកដល់ឥឡូវនេះ ហើយខ្ញុំក៏ធ្វើការដែរ’»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, page 114, adapted។
គួរអោយសោកស្តាយ វិទ្យាសាស្ត្រជាច្រើនបានបង្រៀនថា គ្មានព្រះទេនៅលើលោកនេះដូចជាអ្វី ដែលយើងបានពិភាក្សាអម្បាញ់មិញនេះដែរ។ រឿងនេះមានន័យថា អ្នកវិទ្យាសាស្ត្រអាចសិក្សាអំពីរបស់ អ្វីមួយដ៏ស្រស់ស្អាត និងពិបាកយល់បាន។ ប៉ុន្តែ គេនឹងនិយាយថា របស់មួយនោះមាននៅលើផែនដីនេះដោយចៃដន្យទៅវិញ។ ព្រះពុំមានអ្វីពាក់ព័ន្ធជាមួយនឹងមូលហេតុដែលបណ្តាលអោយរបស់មួយនេះមាននៅលើផែនដីនេះនោះទេ។ ភាពស្រស់ស្អាត និងជីវិតរបស់វាគ្មានន័យ ឬហេតុផលអ្វីនោះឡើយ។
ការគិតខុសឆ្គងបែបនេះគឺជាអ្វីដែលវិទ្យាសាស្ត្រភាគច្រើនបានបង្រៀនមកគ្រប់ពេល។ ជីវិតនៅលើផែនដីចាប់ពីមេអំបៅរហូតដល់មនុស្សជាតិបានកើតឡើងដោយសារតែសារធាតុគីមីដែលបណ្តាលអោយមានជីវិតដ៏ចៃដន្យមួយកើតឡើងកាលពីយូរលង់ណាស់មកហើយ។ ជីវិតដ៏សាមញ្ញនោះបានផ្លាស់ ប្តូរទៅជារបស់គ្រប់យ៉ាងដែលរស់ មានចលនា និងដកដង្ហើមនៅលើផែនដីសព្វថ្ងៃនេះ។ ការបង្រៀននេះ ហៅថា ការវិវត្ត។
ការវិវត្តសព្វថ្ងៃនេះបានបង្រៀនថា គោលគំនិតដែលថាមានព្រះដែលបានបង្កើតនៅលើផែនដីនេះមិនមែនជា «វិទ្យាសាស្ត្រ» នោះទេ។ វិទ្យាសាស្ត្រពុំអាចស្វែងយល់អំពីគោលគំនិតរបស់ព្រះបានឡើយ ពីព្រោះគ្មានការ «សាកល្បង» នៃវិទ្យាសាស្ត្រណាបង្ហាញថា ព្រះមានពិតនោះទេ។ ម្ល៉ោះហើយ វិទ្យាសាស្ត្របានច្រានចោលគោលគំនិតរបស់ព្រះចេញ។ វិទ្យាសាស្ត្រខ្លួនឯងផ្ទាល់ក៏ពុំបានបង្រៀនគោល គំនិតថា គ្មានព្រះនោះដែរ។ វិទ្យាសាស្ត្របានបង្រៀនថា ភាពស្រស់ស្អាតនៅលើផែនដីបានបង្ហាញយើងនូវភ័ស្តុតាងរបស់ព្រះ។
បញ្ហាគឺថា ព្រះគម្ពីរបានបង្រៀនអ្វីដែលផ្សេងពីនេះ។ ព្រះបានបង្កើតរបស់សព្វសារពើ។ ទ្រង់ បានប្រទានជីវិតដល់របស់គ្រប់យ៉ាងព្រមទាំងនៅតែធ្វើអោយរបស់ទាំងនោះមានដំណើរការផងដែរ។ ដូច្នេះ គ្រូបង្រៀនខាងផ្នែកការអប់រំគ្រីស្ទានត្រូវតែប្រឆាំងទាស់គោលគំនិតពេញនិយមទាំងឡាយដែលវិទ្យាសាស្ត្របានបង្រៀនសព្វថ្ងៃនេះ។ ពួកគេត្រូវតែបង្រៀនសេចក្តីពិតនៃព្រះគម្ពីរ។
ថ្ងៃសុក្រ ទី៤ ខែធ្នូ ឆ្នាំ២០២០
សិក្សាបន្ថែម
ហេតុផល២យ៉ាងបានបង្ហាញអំពីកំហុសនៃវិទ្យាសាស្ត្រអំពីការបកស្រាយរបៀបដែលជីវិតចាប់ផ្តើមឡើងនៅលើផែនដី។ ទី១ វិទ្យាសាស្ត្របានសិក្សាអំពីធម្មជាតិ និងច្បាប់ធម្មជាតិ។ ដូច្នេះ ការសិក្សានេះក្រឡេកមើលចម្លើយចេញពីធម្មជាតិ និងច្បាប់ធម្មជាតិតែប៉ុណ្ណោះ។ ទី២ វិទ្យាសាស្ត្របាននិយាយថា ច្បាប់ធម្មជាតិត្រូវតែទៀងទាត់ជានិច្ច។ ប៉ុន្តែ គោលគំនិតទាំង២នេះជាគោលគំនិតមិនត្រឹមត្រូវនោះទេទៅលើការបកស្រាយរបៀបដែលជីវិតបានចាប់ផ្តើមឡើង។
សូមក្រឡេកមើលហេតុផលទី១។ ហេតុផលនេះបាននិយាយថា មានបុព្វហេតុធម្មជាតិសម្រាប់ អ្វីៗគ្រប់យ៉ាងដែលកើតឡើងនៅក្នុងធម្មជាតិ។ នោះគឺជាការបកស្រាយដ៏ល្អចំពោះការយល់ដឹងអំពីខ្យល់ ព្យុះ។ ប៉ុន្តែ ការបកស្រាយនេះពុំអាចជួយយើងអោយយល់អំពីខគម្ពីរលោកុប្បត្តិ ១៖១ ដែលចែងថា «កាល ដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី» (លោកុប្បត្តិ ១៖១) បាននោះទេ។ វិទ្យាសាស្ត្របាន និយាយថា ព្រះពុំមានអ្វីពាក់ព័ន្ធជាមួយនឹងការចាប់ផ្តើមនៃជីវិតនោះឡើយ។ ដូច្នេះ តើវិទ្យាសាស្ត្របង្រៀនយើងអំពីជីវិតដែលបានចាប់ផ្តើមឡើងជាមួយនឹងការអស្ចារ្យមកពីព្រះដោយរបៀបណា?
ចុះចំណែកហេតុផលទី២វិញយ៉ាងណាដែរ? ហេតុផលទី២អាចទទួលយកបានដរាបណាយើងអានខគម្ពីររ៉ូម ៥៖១២ «ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្តី ស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាលដល់មនុស្ស គ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ»។ ខនេះបង្រៀនយើងអំពីគោលគំនិតមួយថា មានគ្រាមួយដែលពុំទាន់មានសេចក្តីស្លាប់នៅលើផែនដីនេះនៅឡើយ។ ការបង្រៀននេះបានជំទាស់នឹងអ្វីៗ គ្រប់យ៉ាងដែលវិទ្យាសាស្ត្របង្រៀនយើងសព្វថ្ងៃនេះ។ ការគិតថា ការបង្រៀនរបស់ព្រះគម្ពីរអំពីរបៀប ដែលជីវិតបានចាប់ផ្តើមឡើង និងវិទ្យាសាស្ត្រសម័យថ្មីអោយមានទំនាក់ទំនងជាមួយគ្នាតាមវិធីណាមួយ គឺជារឿងមិនត្រឹមត្រូវ។ ការបង្កើតកំហុសបែបនេះនឹងនាំយើងចេញពីសេចក្តីពិតនៃព្រះគម្ពីរបែរទៅរកគោលគំនិតខុសឆ្គងទាំងឡាយវិញ។
សំនួរពិភាក្សា៖
- សូមពិភាក្សាអំពីគោលគំនិតនៃភាពស្រស់ស្អាតនៅក្នុងថ្នាក់។ តើភាពស្រស់ស្អាតគឺជាអ្វី? តើលោកអ្នកដឹងថាភាពស្រស់ស្អាតជាអ្វីបានដោយរបៀបណា? តើការយល់ដឹងរបស់គ្រីស្ទានអំពីភាពស្រស់ស្អាត ខុសពីការយល់ដឹងរបស់អ្នកមិនមែនជាគ្រីស្ទានយ៉ាងដូចម្តេច?
- តើយ៉ាងណាទៅវិញ ប្រសិនបើព្រះយេស៊ូវបានយាងមកផែនដីនេះក្នុងសណ្ឋានជាអ្នកវិទ្យាសាស្ត្រដ៏ឆ្លាតបំផុតនៅពេលដែលទ្រង់យាងមកជាលើកដំបូងនោះ? ឬជាតន្ត្រីករដ៏ចំណានម្នាក់វិញនោះ? ប៉ុន្តែ ទ្រង់ពុំបានធ្វើដូច្នោះទេមែនទេ? ទ្រង់បានយាងមកទទួលការបង្ហាត់បង្រៀនក្នុងនាមជាជាងឈើ។ នៅពេល ដែលទ្រង់យាងមកផែនដីនេះ ទ្រង់បានរៀនអំពីរបៀបធ្វើការដោយប្រើឧបករណ៍ និងឈើ ហើយទ្រង់ក៏បានបំពេញព័ន្នកិច្ចរបស់ទ្រង់ក្នុងនាមជាសិស្សដែលស្តាប់បង្គាប់ម្នាក់ផងដែរ។ តើរឿងនេះផ្តល់ការលើកទឹកចិត្តអ្វីខ្លះដល់យើងក្នុងនាមជាសិស្ស និងជាបុគ្គលិក?
- ព្រះពុំបានសូមអោយគ្រីស្ទានគ្រប់គ្នាអោយបង្រៀននៅក្នុងសាលារៀននោះទេ។ គ្រីស្ទានជាច្រើនបានបង្រៀនតាមការផ្សព្វផ្សាយអំពីព្រះយេស៊ូវជាមួយនឹងអ្នកដទៃ។ ឬពួកគេបង្ហាញអោយអ្នកបានឃើញ ទ្រង់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេតាមរយៈសកម្មភាព និងអាកប្បកិរិយា។ តើគ្រីស្ទានគួរតែមានទម្លាប់ អ្វីខ្លះ ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវ និងជាគ្រូទៅកាន់អ្នកដទៃនៅលើផែនដីនេះ?
រឿងខ្លី
មើលក្មួយប្រុសពីរនាក់អោយស្ងៀមស្ងាត់
ការមើលក្មេងអោយរក្សាភាពស្ងៀមស្ងាត់នៅក្នុងព្រះវិហារក្លាយទៅជាបញ្ហាប្រឈមជាខ្លាំងនៅពេលដែលក្មួយស្រីរបស់ខ្ញុំដែលកំពុងតែផ្តាច់គ្រឿងញៀនបានប្រគល់កូនប្រុសទាំងពីររបស់នាងអោយខ្ញុំ និងប្តីខ្ញុំមើលការខុសត្រូវ។
អូម៉ារីអន (Omarion) ដែលមានអាយុ៥ឆ្នាំ និងដាយមុនតេ (Diamonte) អាយុ៦ឆ្នាំ ពុំដែលធ្លាប់ចូលព្រះវិហារពីមុនមកនោះទេ។ ពួកគេលេងមិនចេះហត់ ហើយពួកគេក៏ពុំដែលធ្លាប់លុតជង្គង់អធិស្ឋាន ពីមុនមកនោះដែរ។ លើសពីនេះទៅទៀត សេចក្តីអធិស្ឋានជាផ្លូវការហាក់ដូចជាបន្តទៅមុខយូរទៀត។ ខណៈដែលក្មួយប្រុសទាំងពីររើចុះរើឡើងមិនឈប់មិនឈរក្នុងពេលអធិស្ឋាននៅថ្ងៃសប្បាតហ៍មួយ ខ្ញុំបានសួរខ្លួនឯងថា «តើខ្ញុំអាចធ្វើអោយពួកគេនៅស្ងៀមស្ងាត់ដោយរបៀបណា? តើខ្ញុំចង់បង្រៀនអ្វីដល់ពួកគេអំពីសេចក្តីអធិស្ឋាន?»។ ខណៈពេលដែលខ្ញុំកំពុងតែអំពាវនាវដល់ព្រះសូមជំនួយ នោះស្រាប់តែគំនិតមួយបានលេចឡើងនៅក្នុងចិត្តរបស់ខ្ញុំ។ ខ្ញុំ៊គួរតែអធិស្ឋានដោយស្ងៀមស្ងាត់ផ្ទាល់ជាមួយនឹងពួកគេវិញមិនល្អទេឬអ្វី។ ភ្លាមនោះ ខ្ញុំបានចាប់ផ្តើមអធិស្ឋាន។ ខ្ញុំបានអធិស្ឋានខ្សឹបៗថា «ឱព្រះអង្គអើយ ទូលបង្គំសូមថ្លែងអំណរគុណជាអនេកសម្រាប់សាលារៀន លោកគ្រូ អ្នកគ្រូ ស្បែកជើងរបស់ពួកគេ ប្រដាប់ ប្រដាលេងរបស់ពួកគេ និងព្រះពរទាំងអស់របស់ទ្រង់សម្រាប់អូម៉ារីអន និងដាយមុនតេ»។ ពួកគេបាន បពា្ឈប់ការរើចុះរើឡើង។ ខ្ញុំបានអធិស្ឋានបន្តទៀតថា «ឱសូមព្រះអង្គអើយ សូមទ្រង់គង់នៅជាមួយនឹង ម្តាយរបស់ពួកគេ ដ្បិតនាងស្រឡាញ់ពួកគេខ្លាំងណាស់។ សូមទ្រង់ព្យាបាលនាងចេញពីគ្រឿងញៀន ហើយគង់នៅជាមួយនឹងនាងនៅថ្ងៃនេះផង ដ្បិតទ្រង់ជ្រាបអំពីតម្រូវការរបស់នាង»។ ក្មួយប្រុសទាំងពីរ បានស្តាប់ពាក្យគ្រប់ម៉ាត់។ ពួកគេកំពុងតែគិតអំពីម្តាយរបស់ពួកគេដែលពួកគេនឹក ហើយស្រឡាញ់ជាទីបំផុត។ សេចក្តីអធិស្ឋាននៅតែបន្តទៅទៀតនៅខាងលើអាសនានៃព្រះវិហារ។ ខ្ញុំបានអធិស្ឋានបន្តទៀត ថា «ឱព្រះអង្គអើយ សូមទ្រង់គង់នៅជាមួយនឹងឪពុករបស់ដាយមុនតេ ដែលកំពុងតែនៅទីឃុំឃាំងផង សូមទ្រង់ជួយអោយអ្នកដែលជាប់ឃុំឃាំងជាមួយនឹងគាត់ជាមនុស្សល្អផង ឱព្រះអង្គអើយ សូមទ្រង់គង់ នៅជាមួយនឹងឪពុករបស់អូម៉ារីអន ដ្បិតទ្រង់ជ្រាបអំពីតម្រូវការរបស់គាត់ សូមទ្រង់សម្តែងអោយគាត់ដឹង ថា ទ្រង់គង់នៅជិតគាត់ក្នុងពេលនេះផង»។ ខ្ញុំបានអធិស្ឋានរហូតដល់សេចក្តីអធិស្ឋានជាផ្លូវការនៅខាង មុខបានចប់។ ក្មេងទាំងពីរនៅតែរក្សាភាពស្ងៀមស្ងាត់ ហើយគោរពតាមការថ្វាយបង្គំរហូតដល់ចប់។ នៅថ្ងៃ សៅរ៍បន្ទាប់ ខ្ញុំបានអធិស្ឋានខ្សឹបៗសម្រាប់ក្មួយប្រុសរបស់ខ្ញុំទន្ទឹមនឹងការអធិស្ឋានជាផ្លូវការនៅលើអាសនា។ ពួកគេបានស្តាប់យ៉ាងយកចិត្តទុកដាក់។ សេចក្តីអធិស្ឋានរបស់ខ្ញុំទាក់ទងទៅនឹងជីវិតរបស់ពួកគេ និងអ្នកជា ទីស្រឡាញ់របស់ពួកគេ។ រឿងទាំងនោះសំខាន់សម្រាប់ពួកគេ។ ខ្ញុំបានអធិស្ឋានជាមួយពួកគេជារៀងរាល់ថ្ងៃ សប្បាតហ៍រហូតដល់ពួកគេអាចរក្សាភាពស្ងៀមស្ងាត់ក្នុងពេលអធិស្ឋានជាផ្លូវការក្នុងព្រះវិហារ។ ជាការពិត ណាស់ យើងបានបន្តអធិស្ឋាននៅឯផ្ទះថែមទៀត។
ខ្ញុំមិននឹកស្មានថា ដំណោះស្រាយដ៏សាមញ្ញមួយអាចផ្លាស់ប្តូរក្មួយពួកគាត់បាននោះទេ។ ព្រះបានអនុញ្ញាតអោយខ្ញុំធ្វើជាបេសកជននៅក្នុងផ្ទះដែលជាកន្លែងបេសកកម្មសំខាន់ជាងគេបំផុតជាមួយនឹងដំណោះស្រាយមួយនេះ។ អ្នកស្រីអែល្លិនជីវ៉ៃត៍បានមានប្រសាសន៍ថា «ឪពុកម្តាយរាល់គ្នាអើយ សូមកុំអោយភ្លេចទីកន្លែងបេសកកម្មដ៏ធំដែលស្ថិតនៅពីមុខអ្នករាល់គ្នានៅក្នុងផ្ទះ។ ម្តាយគ្រប់គ្នាមានទំនួលខុសត្រូវដ៏ពិសិដ្ឋមកពីព្រះនៅក្នុងការប្តេជ្ញាចិត្តរបស់កូនៗចំពោះនាង។ ព្រះបានមានបន្ទូលថា៖ ‘ចូរយកកូនប្រុសកូនស្រីនេះទៅ ហើយបង្ហាត់បង្រៀននូវ បេសកកម្មដ៏ធំនេះសម្រាប់ខ្ញុំ។ ចូរធ្វើអោយបេសកកម្មនោះបានជាបរិសុទ្ធតាមលំនាំពីស្ថានសួគ៌ ដើម្បីអោយបានភ្លឺនៅក្នុងដំណាក់នៃព្រះអម្ចាស់ជារៀងរហូត’»។ (Testimonies for the Church, vol.9, p.37)។ ព្រះទ្រង់ល្អណាស់។ ទ្រង់បានប្រទានគំនិតដែលស្រឡាញ់បេសកកម្មដល់យើង នៅពេលដែលយើងត្រូវការគំនិតទាំងនោះជាទីបំផុត។
អំណានដង្វាយប្រចាំសប្តាហ៍
ដើមឈើតូចៗនឹងជំនួសដើមឈើធំៗ
មន្ត្រីម្នាក់បាននិយាយទៅកាន់លោកផាវ៉ែល ដែលជាឪពុករបស់លោកហ្គូយ៉ាថា «យើងបានប្រាប់អ្នកឯងច្រើនដងហើយថា ឲ្យឈប់និយាយរឿងព្រះគម្ពីរ និងកសាងព្រះវិហារតទៅទៀត»។ ក្នុងជំនាន់កុម្មុយនីស្តរ៉ូម៉ានី ជាញឹកញាប់ជនណាដែលប្រឆាំងនឹងរដ្ឋាភិបាល ឬផ្សព្វផ្សាយព្រះគម្ពីរ ត្រូវបានគេចាប់ខ្លួន និងវាយដំយ៉ាងធ្ងន់ធ្ងរ។ លោកហ្គូយ៉ា ដែលជាបណ្ណាធិការនៃទស្សនាវដ្តី Ministry បានបង្ហើបប្រាប់ថា «មិត្តភក្តិរបស់គាត់ជាច្រើននាក់ត្រូវបានគេវាយដំយ៉ាងដំណំ។ សូម្បីតែ មនុស្សល្បីៗមួយចំនួនថែមទាំងរងការធ្វើបាបខ្លាំងជាងនេះផងក៏មាន។
ឧទាហរណ៍ មានតារាកំប្លែងម្នាក់ពេលបានឡើងនិយាយតាមទូរទស្សន៍អស់ជាច្រើនឆ្នាំឆ្លៀតចំអកឡកឡឺយដាក់មេដឹកនាំផ្តាច់ការ។ ដោយមិនចង់ឲ្យតារាកំប្លែងក្លាយជាវីរបុរសល្បីឈ្មោះ មន្ត្រីរដ្ឋាភិបាលក៏បានសម្រេចចិត្តសម្លាប់គាត់តាមរូបភាពដែលបង្វែងដានកុំឲ្យគេថ្កោលទោសមកលើរដ្ឋាភិបាលបាន។ ហេតុនោះ ពួកគេក៏បានប្រើវិទ្យុសកម្មដោយមិនឲ្យគាត់ដឹងខ្លួន ហើយបញ្ជូនគាត់ឲ្យទៅស្លាប់នៅផ្ទះ។
នៅគ្រានោះ លោកផាវ៉ែលមិនត្រូវបានគេវាយដំទេ ប៉ុន្តែពួកគេបានព្រមានគាត់ម្តងហើយ ម្តងទៀតយ៉ាងចម្លែក ដោយទុកគាត់ក្នុងបន្ទប់មួយពេញមួយយប់។ ព្រឹកស្អែកឡើង ទើបពួកគេដោះលែងគាត់ឲ្យត្រឡប់ទៅផ្ទះ ដោយពុំបានធ្វើទារុណកម្មលើគាត់ទេ។ លោកផាវ៉ែលញញឹមហើយសួរថា «ពួកលោកទើបតែទុកខ្ញុំចោលក្នុងបន្ទប់មួយនេះហ្នឹង?» ប៉ុន្តែ ពួកគេគ្រវីក្បាលហើយនិយាយថា «អ្នកឯងនៅតែមិនទាន់យល់ទៀតមែនទេ?»
ប៉ុន្តែ បន្ទាប់ពីនោះបួនប្រាំថ្ងៃ លោកផាវ៉ែលចាប់ផ្តើមរាករូសយ៉ាងខ្លាំង ហើយសក់ក៏ចាប់ផ្តើមជ្រុះ រីឯក្រចកក៏ជ្រុះដែរ។ វេជ្ជបណ្ឌិតបានប្រាប់គាត់ថា គាត់មានជំងឺមហារីកគ្រាប់ឈាមដែលបណ្តាលមកពីវិទ្យុសកម្មខ្ពស់។ លោកហ្គូយ៉ាបានមានប្រសាសន៍មុនពេលស្លាប់ថា «ប្រសិនបើខ្ញុំរស់ ខ្ញុំរស់ដើម្បីព្រះយេស៊ូវ ហើយប្រសិនបើខ្ញុំស្លាប់ ក៏ស្លាប់ដើម្បីព្រះយេស៊ូវដែរ ជួនកាល ការយកដើមឈើចាស់ចេញក៏ល្អដែរដើម្បីទុកឲ្យដើមឈើតូចៗលូតលាស់ឡើង ព្រះជាម្ចាស់អើយ សូមជួយឲ្យកូនចៅរបស់ខ្ញុំឆេះឆួលឡើង»។ គាត់មានបំណងចង់ឲ្យកូនចៅរបស់គាត់ស្រឡាញ់ព្រះអម្ចាស់ និងធ្វើបន្ទាល់ថ្វាយទ្រង់ ហើយព្រះជាម្ចាស់ក៏បានឆ្លើយតបតាមសំណូមពររបស់គាត់!
សេចក្តីអំពាវនាវ៖ តើកូនចៅរបស់យើងហ៊ានលះបង់ច្រើនប៉ុនណាដើម្បីព្រះគ្រីស្ទ? ប្រសិនបើ ពួកគេមិនមានចិត្តលះបង់រឿងខ្លះដើម្បីរក្សាថ្ងៃសប្បាតហ៍ រក្សាភាពស្អាតស្អំខាងសីលធម៌ រស់នៅតាមបែបបទសុខភាព ឬចេះថ្វាយដង្វាយ១០ហូត១ និងដង្វាយតាមសន្យាទេនោះ តើពួកគេនឹងហ៊ានលះបង់សូម្បីតែជីវិតរបស់ពួកគេដើម្បីព្រះយេស៊ូវបានឬ? សព្វថ្ងៃនេះ យើងត្រូវតែបង្រៀនពួកគេដោយផ្តល់គំរូល្អអំពីរបៀបលះបង់ដើម្បីព្រះយេស៊ូវ។
សេចក្តីអធិដ្ឋាន៖ ខណៈដែលយើងថ្វាយបង្គំព្រះអង្គ តាមរយៈការថ្វាយដង្វាយ១០ហូត១ និងដង្វាយតាមសន្យា សូមជួយយើងខ្ញុំឲ្យរៀនអំពីរបៀបលះបង់ថ្វាយព្រះអង្គ និងរបៀបបង្រៀនផង។