មេរៀនទី១១​៖ ០៦-១២ មិថុនា ២០២០

ព្រះគម្ពីរ និងបទទំនាយ

Jeans
ថ្ងៃសៅរ៍ ទី០៦ មិថុនា ឆ្នាំ២០២០
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ដានីយ៉ែល ២៖២៧-៤៥; លេវីវិន័យ ១៤៖៣៤; ដានីយ៉ែល ៧៖១-២៥; ដានីយ៉ែល ៨៖១៤; កូរិនថូសទី១ ១០៖១-១៣។

ខចងចាំ៖ «អ្នក​នោះ​ក៏​ប្រាប់​មក​ខ្ញុំ​ថា គឺ​ដរាប​ដល់​បាន​កន្លង​២៣០០​ព្រឹក​និង​ល្ងាច​ទៅ នោះ​ទើប​ទី​បរិសុទ្ធ​នឹង​បាន​ស្អាត​ឡើង​វិញ» (ដានីយ៉ែល ៨៖១៤)។

បទទំនាយនៃព្រះគម្ពីរគឺជាសារពិសេសអំពីអ្វីដែលនឹងត្រូវកើតឡើងនៅពេលអនាគត។ បទទំនាយទាំងនេះមានសារៈសំខាន់ណាស់សម្រាប់យើងដែលជាពួកជំនុំអាត់វេនទីស្ទ។ បទទំនាយទាំងនេះបង្ហាញថា យើងជាអ្នកណា និងការងារដែលព្រះបានដាក់អោយយើងធ្វើ។ បទទំនាយក៏ជាភស្តុតាងដែលបញ្ជាក់ថា ព្រះគម្ពីរគឺជាសេចក្តីពិតផងដែរ។ ដូចដែលព្រះយេស៊ូវបានមានបន្ទូលថា «ឥឡូវ​នេះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា មុនដែល​ការ​នោះ​មក​ដល់ ដើម្បី​កាល​ណា​មក​ហើយ នោះ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ» (យ៉ូហាន ១៤៖២៩; សូមអានខគម្ពីរយ៉ូហាន ១៣៖១៩ ផងដែរ)។ ហេតុអ្វីបានជាយើងចាំបាច់សួរថា៖ តើយើងអាចដឹងបានថាបទទំនាយក្លាយមកជាការពិតដោយរបៀបណា?

យើងនឹងប្រើទស្សនៈរបស់អ្នកប្រវត្តិសាស្ត្រ ដើម្បីជួយយើងអោយយល់អំពីបទទំនាយ និង​ពេលវេលាដែលវាក្លាយមកជាការពិត។ ទស្សនៈរបស់អ្នកប្រវត្តិសាស្ត្រជួយយើងអោយមើលឃើញពីបទទំនាយដែលបង្ហាញយើងអំពីប្រវត្តិសាស្ត្រមុនពេលដែលបទទំនាយបានកើតឡើង។ ទស្សនៈបង្ហាញយើងថា បទទំនាយបានចាប់ផ្តើមតាំងពីអតីតកាល និងបន្តរហូតដល់ពេលដែលព្រះនឹងតាំងនគរដ៏នៅអស់កល្បរបស់ទ្រង់ ឡើង។ ទាំងលោកដានីយ៉ែល និងលោកយ៉ូហានបានប្រើទស្សនៈរបស់អ្នកប្រវត្តិសាស្ត្រនេះ ដើម្បីជួយពួកគាត់អោយយល់ពីបទទំនាយ។

សប្តាហ៍នេះ យើងនឹងសិក្សាអំពីវិធីដែលយើងប្រើទស្សនៈរបស់អ្នកប្រវត្តិសាស្ត្រ ដើម្បីអោយបានយល់ពីបទទំនាយ។ «ប្រវត្តិសាស្ត្របង្ហាញយើងអំពីរបៀបដែលបទទំនាយបានក្លាយមកជាការពិត។ ប្រវត្តិសាស្ត្របង្ហាញយើងអំពីវិធីដែលព្រះបានដឹកនាំរាជកិច្ចដ៏សំខាន់ក្នុងការផ្លាស់ប្តូរសាសនា។ ប្រវត្តិសាស្ត្រជួយយើងអោយយល់ពីអ្វីដែលកំពុងកើតឡើងនៅលើផែនដីនេះដែលនឹងនាំទៅរកសង្គ្រាមចុងក្រោយនៅទូទាំងពិភពលោករវាងព្រះ​ និងសាតាំង»។ ដកស្រង់ពីសំណេររបស់អ្នកស្រី អែល្លិន ជីវ៉ៃត៍ Testimonies for the Church, volume 8, page 307, adapted។

ថ្ងៃអាទិត្យ ទី០៧ មិថុនា ឆ្នាំ២០២០

ប្រវត្តិសាស្ត្រ និងបទទំនាយអំពីពេលវេលា

ពួកជំនុំសេវេនដេយអាត់វេនទីស្ទប្រើទស្សនៈរបស់អ្នកប្រវត្តិសាស្ត្រ ដើម្បីអោយបានយល់ពីបទទំនាយនៃព្រះគម្ពីរ។ ដូចដែលយើងបានមើលឃើញកាលពីម្សិលមិញដែលថា ទស្សនៈរបស់អ្នកប្រវត្តិសាស្ត្របង្ហាញថា បទទំនាយចាប់ផ្តើមតាំងពីអតីតកាល និងបន្តរហូតដល់ពេលដែលព្រះនឹងតាំងនគរដ៏នៅអស់កល្បរបស់ទ្រង់ឡើង។ ទស្សនៈរបស់អ្នកប្រវត្តិសាស្ត្រក៏បង្ហាញយើងផងដែរថា មានបទទំនាយជាច្រើននៅក្នុងព្រះគម្ពីរដែលបង្ហាញអំពីប្រវត្តិសាស្ត្ររបស់មនុស្ស​តាំងតែពីដើមដំបូងរហូតដល់ទីបញ្ចប់។ បទទំនាយទាំងនេះបង្ហាញយើងអំពីការផ្សារភ្ជាប់រវាងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។

សូមអានអំពីសុបិននិមិត្តរបស់ស្តេចនេបូ៊ក្នេសានៅក្នុងខគម្ពីរដានីយ៉ែល ២៖២៧-៤៥។ តើផ្នែក អ្វីខ្លះនៅក្នុងសុបិនបង្ហាញយើងថា នគរនៅលើផែនដីកើតឡើងម្តងមួយៗ? តើសុបិននេះបង្ហាញយើងថា នគរនីមួយៗចាប់ផ្តើមភ្លាមៗនៅពេលដែលនគរផ្សេងទៀតត្រូវបានដួលរលំដោយគ្មានពេលវេលានៅចន្លោះ រវាងនគរទាំងនោះយ៉ាងដូចម្តេចដែរ? តើព្រះគម្ពីរបង្ហាញយើងពីវិធីក្នុងការយល់អំពីបទទំនាយនៃគ្រាចុង ក្រោយយ៉ាងដូចម្តេច?

តើលោកអ្នកបានឃើញនគររបស់ស្តេចនេប៊ូក្នេសាត្រូវបានបង្ហាញថា ក្បាលជាមាសដែរឬ ទេ? លោកដានីយ៉ែលបានប្រាប់យើងថា នគរបាប៊ីឡូនគឺជានគរទី១ដោយប្រើរូបស័ព្ទនេះ (ដានីយ៉ែល ២៖៣៨)។ បន្ទាប់មក លោកដានីយ៉ែលមានប្រសាសន៍ថា «ត​ពី​ទ្រង់​ទៅ​នោះ​នឹង​មាន​នគរ​១​ទៀត​កើត​ឡើងដែល​ថោក​ជាង​ទ្រង់​រួច​នឹង​មាន​នគរ​១​ទៀត ជា​នគរ​ទី​៣​ដែល​ជា​លង្ហិន នគរ​នោះ​នឹង​មាន​អំណាច​គ្រប់គ្រង​លើ​ផែនដី​ទាំង​មូល» (ដានីយ៉ែល ២៖៣៩)។ បន្ទាប់មក នឹងមាននគរទី៤ (ដានីយ៉ែល ២៖៤០)។ ដូច្នេះ ព្រះគម្ពីរបង្ហាញយើងថា​ នគរទាំងនេះនឹងចាប់ផ្តើមភ្លាមៗតគ្នាដោយគ្មានពេលចន្លោះនោះឡើយ។ រូបសំណាកបានបង្ហាញយើងអំពីព័ត៌មាននេះផ្ទាល់។ នគរនីមួយៗត្រូវបានបង្ហាញជាផ្នែកផ្សេងៗគ្នានៃរាងកាយ។ ផ្នែកនៃរាងកាយទាំងអស់នេះបានតភ្ជាប់ពីក្បាលរហូតដល់ចុងជើង។ រឿងនេះបង្ហាញថា នគរត្រូវបានតភ្ជាប់ដូចជាពេលវេលា និង​ប្រវត្តិសាស្ត្រ។

ក្នុងបទគម្ពីរដានីយ៉ែល ៧ និង៨ យើងមិនឃើញមានចែងអំពីរូបសំណាកឡើយ។ យើងឃើញ សត្វខុសៗគ្នាវិញ។ ប៉ុន្តែ រឿងនេះបង្រៀនពីបទទំនាយដដែលទេ។ ព្រះគម្ពីរបង្ហាញយើងពីនគរទាំង៤នៅលើផែនដី (នគរ៣ដែលមាននៅក្នុងបទគម្ពីរដានីយ៉ែល ៨)។ នគរទាំងនេះចាប់ផ្តើមនៅព្រះគម្ពីរសញ្ញាចាស់។ បន្ទាប់មក ពួកគេបន្តពីពេលនោះរហូតដល់បច្ចុប្បន្ន និងទៅដល់អនាគត គឺនៅពេលដែលព្រះយេស៊ូវចាប់ផ្តើមតាំងនគរដ៏នៅអស់កល្បរបស់ទ្រង់នៅលើផែនដី។

ដូច្នេះ រូបសំណាកនៅក្នុងបទគម្ពីរដានីយ៉ែល ២ និងសុបិននៅក្នុងបទគម្ពីរដានីយ៉ែល ៧ និង ដានីយ៉ែល ៨បានផ្តល់គ្រឹះដ៏សំខាន់មួយដល់យើង។ ជំពូកទាំងពីរនេះជួយយើងអោយយល់អំពីរបៀបបកស្រាយបទទំនាយនៃព្រះគម្ពីរ។

សូមអានខគម្ពីរយ៉ូហាន ១៤៖២៩។ តើព្រះយេស៊ូវមានបន្ទូលអ្វីខ្លះ ដែលអាចជួយយើងអោយយល់អំពីមូលហេតុដែលព្រះប្រទានបទទំនាយមកយើង?

ថ្ងៃច័ន្ទ ទី០៨ មិថុនា ឆ្នាំ២០២០

ក្បួនច្បាប់មួយថ្ងៃស្មើនឹងមួយឆ្នាំ

សម្ភារៈសិក្សាព្រះគម្ពីរមួយដែលសំខាន់បំផុតដែលយើងមាន​ ដើម្បីអោយបានយល់ពីបទទំនាយនោះគឺ ក្បួនច្បាប់មួយថ្ងៃស្មើនឹងមួយឆ្នាំ។ មានទស្សនវិទូជាច្រើនបានប្រើក្បួនច្បាប់នេះជាច្រើនរយឆ្នាំមកហើយដើម្បីយល់ពីបទទំនាយដែលមាននៅក្នុងកណ្ឌគម្ពីរដានីយ៉ែល និងវិវរណៈ។ យើងទទួលបានក្បួនច្បាប់មួយថ្ងៃស្មើនឹងមួយឆ្នាំនេះពីខគម្ពីរសំខាន់ៗជាច្រើន។ លើសពីនេះទៅទៀត បទទំនាយក៏ជួយយើងអោយមើលឃើញ នៅពេលដែលយើងត្រូវការប្រើក្បួនច្បាប់នេះ។

សូមអានខគម្ពីរលេវីវិន័យ ១៤៖៣៤ និងអេសេគាល ៤៖៦។ តើព្រះជួយយើងអោយយល់ពីក្បួនច្បាប់មួយថ្ងៃស្មើនឹងមួយឆ្នាំនៅក្នុងខទាំងនេះ? តើច្បាប់នេះដំណើរការយ៉ាងដូចម្តេច?

យើងបានឃើញយ៉ាងច្បាស់អំពីគោលគំនិតនៃក្បួនច្បាប់មួយថ្ងៃស្មើនឹងមួយឆ្នាំនៅក្នុងខទាំងនេះ។ ប៉ុន្តែ តើយើងអាចដឹងបានថា ពេលណាត្រូវប្រើ និងពេលណាមិនគួរប្រើក្បួនច្បាប់នេះដោយរបៀបណា? តើហេតុអ្វីបានជាយើងចាំបាច់ត្រូវប្រើក្បួនច្បាប់មួយថ្ងៃស្មើនឹងមួយឆ្នាំជាមួយបទទំនាយនៅក្នុងខគម្ពីរដានីយ៉ែល ៧៖២៥; ដានីយ៉ែល ៨៖១៤; វិវរណៈ ១១៖២, ៣; វិវរណៈ ១២៖៦, ១៤ និង វិវរណៈ ១៣៖៥?

មានចំណុច៣យ៉ាងទៀតនៅក្នុងព្រះគម្ពីរដែលគាំទ្រការប្រើក្បួនច្បាប់មួយថ្ងៃស្មើនឹងមួយឆ្នាំរបស់យើង ដើម្បីបកស្រាយបទទំនាយនៃកណ្ឌគម្ពីរដានីយ៉ែល និងវិវរណៈ។ ចំណុចទាំង៣យ៉ាងនេះគឺ (១)រូបស័ព្ទ (២)រយៈកាលយូរអង្វែង និង(៣)សំណេរពិសេស។

(១) សត្វធំៗ និងស្នែងនៅក្នុងបទទំនាយទាំងនេះគឺជានិមិត្តសញ្ញា។ សត្វទាំងនេះតំណាង អោយនគរ។ ដូច្នេះ សត្វធំ និងស្នែងមិនមែនជារឿងពិតនោះទេ។ សត្វធំទាំងនេះជួយយើងអោយមើលឃើញថា ឆ្នាំនៅក្នុងបទទំនាយនៃពេលវេលាទាំងនេះក៏ជានិមិត្តសញ្ញាផងដែរ។ ឆ្នាំទាំងនេះមិនមែនជា ឆ្នាំពិតប្រាកដឡើយ។

(២) នគរជាច្រើនត្រូវបានបង្ហាញនៅក្នុងបទទំនាយនៃពេលវេលាដែលមានរហូតទៅដល់រាប់រយឆ្នាំ។ រឿងនេះអាចក្លាយជាការពិតទៅបាន ដរាបណាបទទំនាយនៃពេលវេលាគឺជានិមិត្តសញ្ញា។ ដូច្នេះ យើងត្រូវការប្រើក្បួនច្បាប់មួយថ្ងៃស្មើនឹងមួយឆ្នាំដើម្បីយល់ពីពេលវេលានៅក្នុងបទទំនាយទាំងនេះ។ បន្ទាប់មក ពេលវេលានៅក្នុងបទទំនាយស្របទៅនឹងអ្វីដែលបានកើតឡើងតាមបទទំនាយ។ ភាពចុះសម្រុងគ្នានេះមិនអាចកើតឡើងបានទេប្រសិនបើបទទំនាយនៃពេលវេលាមានអត្ថន័យត្រឹមតែមួយឆ្នាំពិត។

(៣) ពាក្យខ្លះនៅក្នុងបទទំនាយមានអត្ថន័យពិសេសដែលពាក្យទាំងនេះមិនមានន័យត្រង់នោះទេ។ ជាទូទៅ ពាក្យទាំងនេះតែងតែចម្លែក។ ពាក្យទាំងនេះបង្ហាញយើងអំពីរយៈកាលពិសេសនៅក្នុងបទទំនាយ។ ពាក្យពិសេសទាំងនេះជួយយើងអោយមើលឃើញថា ពេលវេលានៅក្នុងបទទំនាយមិនមែនជាការពិតនោះទេ តែជានិមិត្តសញ្ញាវិញ។ ឧទាហរណ៍ពីខគម្ពីរដានីយ៉ែល ៨៖១៤ដែលចែងថា៖ «២៣០០​ព្រឹក​និង​ល្ងាច»។ ពេលវេលានេះមិនអាចបកស្រាយតាមវិធីធម្មតាបាននោះទេ។ ដូច្នេះ សំណេរពិសេសទាំងនេះបង្ហាញយើងថា រយៈកាលនៃពេលវេលានៅក្នុងបទទំនាយនេះគឺជានិមិត្តសញ្ញា តែមិនមែនជាឆ្នាំពិតនោះទេ។

ថ្ងៃអង្គារ ទី០៩ មិថុនា ឆ្នាំ២០២០

តើអ្នកណាជាស្នែងតូច?

រាប់រយឆ្នាំមកហើយដែលទស្សនវិទូរបស់ប្រូតេស្តង់បានបង្រៀនថា ស្នែងតូចនៅក្នុងបទគម្ពីរ ដានីយ៉ែល ៧ និងដានីយ៉ែល ៨គឺជាព្រះវិហាររ៉ូមុាំងកាតូលិក។ តើហេតុអ្វីបានជាគេជឿដូច្នោះ?

សូមអានអំពីស្នែងតូចនៅក្នុងខគម្ពីរដានីយ៉ែល ៧៖១-២៥ និងដានីយ៉ែល ៨៖១-១៣។ តើលោកអ្នករៀនអំពីស្នែងតូចនៅក្នុងខទាំងនេះយ៉ាងដូចម្តេច? តើយើងអាចដឹងបានថា អ្នកណាជាស្នែងតូចដោយរបៀបណា?

មានចំណុច៧យ៉ាងដែលយើងបានរៀនអំពីស្នែងតូចនៅក្នុងខគម្ពីរដានីយ៉ែល ៧ និង ដានីយ៉ែល ៨។ (១) ស្នែងតូចត្រូវបានបង្ហាញដោយរូបស័ព្ទនៃស្នែងមួយ។ (២) ស្នែងតូចធ្វើទុក្ខដល់មនុស្សលោក (ដានីយ៉ែល ៧៖២១, ២៥; ដានីយ៉ែល ៨៖១០, ២៤)។ (៣) ស្នែងតូចបានអួតអំពីខ្លួនវា។ វាបានព្យាយាមលួចអំណាចរបស់ព្រះ (ដានីយ៉ែល ៧៖៨, ២០, ២៥; ដានីយ៉ែល ៨៖១០, ១១, ២៥)។ (៤) វាបានធ្វើទុក្ខបៀតបៀនដល់រាស្ត្ររបស់ព្រះ (ដានីយ៉ែល ៧៖២៥; ដានីយ៉ែល ៨៖២៤)។ (៥) ស្នែងតូច ធ្វើកិច្ចការរបស់វាសម្រាប់ពេលវេលាដ៏យូរអង្វែង (ដានីយ៉ែល ៧៖២៥; ដានីយ៉ែល ៨៖១៣, ១៤)។ (៦) វាធ្វើកិច្ចការរហូតដល់គ្រាចុងក្រោយ (ដានីយ៉ែល ៧៖២៥, ២៦; ដានីយ៉ែល ៨៖១៧, ១៩)។ (៧) ព្រះ បំផ្លាញស្នែងតូច (ដានីយ៉ែល ៧៖១១, ២៦; ដានីយ៉ែល ៨៖២៥)។ ប្រវត្តិសាស្ត្របង្ហាញយើងថា នគរទី១នៅក្នុងកណ្ឌគម្ពីរដានីយ៉ែលគឺជាបាប៊ីឡូន (ដានីយ៉ែល ២៖៣៨)។ នគរទី២គឺជាមេឌី-ពើស៊ី (ដានីយ៉ែល ៨៖២០)។ នគរទី៣គឺជាក្រេក (ដានីយ៉ែល ៨៖២១)។ ប្រវត្តិសាស្ត្របានបង្ហាញយ៉ាងច្បាស់អំពីនគរដែលត្រូវមកបន្ទាប់គឺ៖ រ៉ូម។ ក្នុងបទគម្ពីរដានីយ៉ែល ២ មានរូបស័ព្ទមួយតំណាងអោយរ៉ូម។ ដែកដែលបង្ហាញពីនគររ៉ូមបន្តរហូតដល់ប្រអប់ជើងដែលមានដែកលាយដីឥដ្ឋ។ រឿងនេះបង្ហាញយើង ថា នគររ៉ូមបន្តអំណាចរបស់វារហូតដល់គ្រាចុងក្រោយ។ ស្នែងតូចនៅក្នុងបទគម្ពីរដានីយ៉ែល ៧មានប្រភព មកពីសត្វធំទី៤ និងបន្តជាផ្នែកមួយនៃសត្វនោះ។

តើអំណាចអ្វីដែលចេញមកពីនគររ៉ូម ហើយបន្តមាននៅលើផែនដីអស់រយៈពេលយ៉ាងតិចបំផុត១២៦០ឆ្នាំ (សូមអានខគម្ពីរដានីយ៉ែល ៧៖២៥)? មានអំណាចតែមួយប៉ុណ្ណោះដែលត្រូវនឹងប្រវត្តិសាស្ត្រ និងបទទំនាយនេះគឺជា៖ ព្រះវិហាររ៉ូមុាំងកាតូលិក។ ព្រះវិហាររ៉ូមុាំងកាតូលិកបានឡើងកាន់អំណាចលើកុលសម្ព័ន្ធទាំង១០នៅអឺរ៉ុប។ វាបានបំផ្លាញ៣ក្រុមចេញពីកុលសម្ព័ន្ធទាំងនេះ (ដានីយ៉ែល ៧៖ ២៤)។ អំណាចថ្មីមួយនេះគឺ «ប្លែក​ពី​ស្តេច​មុនៗ»។ វាបានពោល «ពាក្យ​ទាស់​នឹង​ព្រះ​ដ៏​ខ្ពស់​បំផុត» (ដានីយ៉ែល ៧៖២៥)។ អំណាចនេះ «​ដំកើង​ខ្លួន​ឡើងរហូត​ដល់​អ្នក​ជា​កំពូល​បណ្តាច់​នៃ​ពួក​ពល​បរិវារ​ផង» (ដានីយ៉ែល ៨៖១១)។ វាបានធ្វើដូច្នេះដោយដកយករាជកិច្ចរបស់ព្រះយេស៊ូវចេញ ហើយជំនួសខ្លួនវាជាសម្តេចប៉ាបដែលបានវាយប្រហាររាស្ដ្ររបស់ព្រះ។

ថ្ងៃពុធ ទី១០ មិថុនា ឆ្នាំ២០២០

រាជកិច្ចរបស់ព្រះជាចៅក្រមនៅក្នុងរោងឧបោសថនៃស្ថានសួគ៌

មុនឆ្នាំ១៨០០ គ្រីស្ទានពុំបានយល់ច្បាស់ពីបទទំនាយ២៣០០ថ្ងៃ និងការវិនិច្ឆ័យមុនការយាងមកជាលើកទី២ទេ។ ការវិនិច្ឆ័យមុនការយាងមកជាលើកទី២ គឺជាពេលវេលាដែលព្រះនឹងជំនុំជំរះរាស្ត្ររបស់ទ្រង់។ រឿងនេះកើតឡើងបន្ទាប់ពីឆ្នាំ១៧៩៨ និងមុនពេលនៃការយាងមកជាលើកទី២។

សូមអានខគម្ពីរដានីយ៉ែល ៧៖៩-១៤; ដានីយ៉ែល ៨៖១៤, ២៦។ តើមានរឿងអ្វីកើតឡើងនៅស្ថានសួគ៌ដូចដែលយើងបានឃើញនៅក្នុងខទាំងនេះ?

ព្រះវិហាររ៉ូមុាំងកាតូលិកបានប្រឆាំងនឹងរាស្ត្ររបស់ព្រះនៅក្នុងសម័យយុគងងឹត។ រយៈពេលនេះបានបញ្ចប់នៅក្នុងឆ្នាំ១៧៩៨ នៅពេលដែលមេទ័ពបើធីយឺរ (Berthier) បានដាក់ប៉ាបអោយធ្វើជាអ្នកទោស (វិវរណៈ ១៣៖៣)។ បន្ទាប់ពីព្រឹត្តិការណ៍នោះមក បទគម្ពីរដានីយ៉ែល ៧ និងដានីយ៉ែល ៨បង្ហាញយើងថា ព្រះបានចាប់ផ្តើមរាជកិច្ចរបស់ទ្រង់ជាចៅក្រមនៅស្ថានសួគ៌។ ដូចដែលយើងបានឃើញ រួចមកហើយថា ព្រះរាជកិច្ចនេះត្រូវបានហៅថា ការវិនិច្ឆ័យមុនការយាងមកជាលើកទី២។ ក្នុងសុបិនអំពីអនាគត លោកដានីយ៉ែលបានឃើញព្រះកំពុងតែធ្វើកិច្ចការនេះ៖ «ការ​វិនិច្ឆ័យ​បាន​រៀបចំ​ជា​ស្រេច» (ដានីយ៉ែល ៧៖១០)។ បន្ទាប់មក លោកដានីយ៉ែលបានឃើញ «មាន​១​អង្គ​ដូច​ជា​មនុស្ស​ជាតិ ទ្រង់​យាង ​មក​ក្នុង​ពពក​ឰដ៏​អាកាស​ទ្រង់​យាង​មក​ឯ​ព្រះ​ដ៏​មាន​ព្រះជន្ម​ពី​បុរាណ​នោះ ហើយ​មាន​គេ​នាំ​ចូល​ទៅ​ចំពោះ ​ព្រះអង្គ» (ដានីយ៉ែល ៧៖១៣)។ ជាថ្មីម្តងទៀតការវិនិច្ឆ័យចុងក្រោយនេះកើតឡើងបន្ទាប់ពីឆ្នាំ ១៧៩៨ និងមុនពេលយាងមកជាលើកទីពីររបស់ព្រះយេស៊ូវ។

ការវិនិច្ឆ័យនៅក្នុងបទគម្ពីរដានីយ៉ែល ៧គឺមានទំនាក់ទំនងជិតដិតទៅនឹងព្រះរាជកិច្ចរបស់ ព្រះក្នុងការលាងសំអាតរោងឧបោសថនៃស្ថានសួគ៌ចេញពីអំពើបាប ដូចដែលយើងបានអាននៅក្នុងខគម្ពីរដានីយ៉ែល ៨៖១៤។ បទគម្ពីរដានីយ៉ែល ៧ និងដានីយ៉ែល ៨ កំពុងតែពិពណ៌នាអំពីរឿងតែមួយ។ ពាក្យមួយទៀតដែលប្រើសម្រាប់ការលាងសំអាតរោងឧបោសថនៃស្ថានសួគ៌គឺ ថ្ងៃបុណ្យធួននឹងបាប។ ខគម្ពីរដានីយ៉ែល ៨៖១៤បង្ហាញយើងថា ថ្ងៃធួននឹងបាបបានចាប់ផ្តើមបន្ទាប់ពី២៣០០ព្រឹកនិងល្ងាច។ ក្បួនច្បាប់មួយថ្ងៃស្មើមួយឆ្នាំជួយយើងអោយយល់ថា ថ្ងៃទាំងនេះស្មើនឹង២៣០០ឆ្នាំពិតប្រាកដ។ ឆ្នាំទាំងនេះចាប់ផ្តើមនៅក្នុងឆ្នាំ៤៥៧មុនគ្រិស្តសករាជ ហើយបញ្ចប់នៅក្នុងឆ្នាំ១៨៤៤។

ខគម្ពីរដានីយ៉ែល ៩៖២៤បង្ហាញយើងពីការចាប់ផ្តើមនៃកាលបរិច្ឆេទសម្រាប់២៣០០ឆ្នាំ។ ខទាំងនេះបង្ហាញប្រាប់យើងថា ៧០អាទិត្យ (៤៩០ឆ្នាំ) ត្រូវបាន «ឆាតាក់ (chatak)» ឬ «កាត់ចេញ» ពី២៣០០ឆ្នាំ។ ៧០អាទិត្យ (៤៩០ឆ្នាំ) អាចកាត់ចេញពី ២៣០០ឆ្នាំបានដរាបណាឆ្នាំទាំងពីរនេះគឺជា ផ្នែកនៃបទទំនាយតែមួយ។ ខគម្ពីរដានីយ៉ែល ៩៖២៥ដែលជាខបន្ទាប់បង្ហាញប្រាប់យើងពីពេលវេលាដែល៧០អាទិត្យ (៤៩០ឆ្នាំ) និង២៣០០ថ្ងៃបានចាប់ផ្តើម។ ឆ្នាំទាំងពីរនេះ «ចាប់​តាំង​ពី​ចេញ​បង្គាប់​ឲ្យ​តាំង​ក្រុង​យេរូសាឡិម ហើយ​សង់​ឡើង​វិញ» (ដានីយ៉ែល ៩៖២៥)។ ការចេញបង្គាប់អោយតាំងទីក្រុង យេរូសាឡិមឡើងវិញត្រូវបានបើកសំដែងនៅក្នុងអំឡុង «ឆ្នាំ​ទី​៧​ក្នុង​រាជ្យ​ស្តេច​អើថាស៊ើកសេស» (ឬ ៤៩០ឆ្នាំមុនគ្រិស្តសករាជ) (អែសរ៉ា ៧៖៧)។ បើយើងបូក២៣០០ឆ្នាំជាមួយ៤៥៧ឆ្នាំមុនគ្រិស្តសករាជ នោះយើងនឹងបានតួលេខ ១៨៤៤។ នេះគឺជាឆ្នាំដែលព្រះយេស៊ូវយាងចូលទៅក្នុងបន្ទប់ដ៏បរិសុទ្ធបំផុត នៃរោងឧបោសថនៅស្ថានសួគ៌ ដើម្បីចាប់ផ្តើមរាជកិច្ចរបស់ទ្រង់នៅក្នុងការលាងសំអាតរោងឧបោសថ ចេញពីអំពើបាបទាំងអស់របស់យើង។

ថ្ងៃព្រហស្បតិ៍ ទី១១ មិថុនា ឆ្នាំ២០២០

ក្បួនច្បាប់ពិសេសនៃព្រះគម្ពីរ

រូបស័ព្ទដែលយើងបានឃើញនៅក្នុងកណ្ឌគម្ពីរដានីយ៉ែល និងវិវរណៈមានអត្ថន័យតែមួយប៉ុណ្ណោះ។ ប៉ុន្តែ មានពេលខ្លះ រូបស័ព្ទមួយនៅក្នុងព្រះគម្ពីរអាចមានអត្ថន័យច្រើនជាងមួយ។ រូបស័ព្ទនោះសំដៅទៅលើបុគ្គល ឬព្រឹត្តិការណ៍នៃព្រះគម្ពីរសញ្ញាចាស់ដែលបង្ហាញយើងពីរឿងពិតនៅក្នុង ប្រវត្តិសាស្តជាមុនសិន។ ប៉ុន្តែ ក្រោយមកបុគ្គល ឬព្រឹត្តិការណ៍ទាំងនោះក៏បង្ហាញយើងអំពីសេចក្តីពិតធំជាងអ្វីដែលនឹងកើតឡើងនាពេលអនាគតទៅទៀត។ អត្ថន័យទ្វេដងនេះត្រូវបានហៅថា និមិត្តរូបវិទ្យា (Typology) (វិធីបកស្រាយព្រះគម្ពីរដោយប្រើពាក្យតំណាង ឬតួយ៉ាងជំនួសអោយរបស់ពិត ឬតួអង្គពិត)។ ព្រះយេស៊ូវអង្គទ្រង់ផ្ទាល់ និងអ្នកសរសេរព្រះគម្ពីរសញ្ញាថ្មីបានប្រើនិមិត្តរូបវិទ្យា ដើម្បីបកស្រាយព្រះគម្ពីរ។ ហើយយើងក៏បានឃើញអ្នកសរសេរព្រះគម្ពីរសញ្ញាចាស់ប្រើនិមិត្តរូបវិទ្យានេះផងដែរ។ រូបស័ព្ទមាន២ផ្នែកនៅក្នុងនិមិត្តរូបវិទ្យា៖ (១)និមិត្តរូប (Type) និង (២)សច្ចរូប (Antitype)។ និមិត្តរូបសំដៅលើមនុស្ស ទីកន្លែង ឬរបស់ដែលជាគំរូ ឬស្រមោលរបស់តួអង្គពិតដែលនឹងត្រូវមក។ សច្ចរូបសំដៅលើអត្ថន័យពិសេសដែលមនុស្សពិត ទីកន្លែងពិត ឬរបស់ពិតនឹងកើតមាននាពេលអនាគត។

សូមអានខគម្ពីរកូរិនថូសទី១ ១០៖១-១៣។ តើលោកប៉ុលកំពុងមានប្រសាសន៍អំពីអ្វីនៅក្នុងខទាំងនេះ? តើលោកប៉ុលកំពុងតែដាស់តឿនព្រះវិហារកូរិនថូសអំពីអ្វី? តើមានមេរៀនអ្វីនៅក្នុងខទាំងនេះសម្រាប់យើងដែលរស់នៅសព្វថ្ងៃនេះ?

លោកប៉ុលបង្ហាញយើងថា អ្វីគ្រប់យ៉ាងដែលបានកើតទៅលើសាសន៍អ៊ីស្រាអែលនៅក្នុងទីរហោស្ថានគឺជារូបស័ព្ទនៃបទពិសោធន៍របស់យើងផ្ទាល់ដែលជាគ្រីស្ទាន។ លោកប៉ុលបង្ហាញយើងថា យើងអាចរៀនពីទោសកំហុសរបស់ពួកគេបានដូចដែលយើងកំពុងរស់នៅក្នុងសម័យចុងក្រោយដូច្នេោះដែរ។

សូមអានខគម្ពីរខាងក្រោម ហើយសរសេរពីនិមិត្តរូប និងសច្ចរូបនៅក្នុងខនីមួយៗដែលពណ៌នាក្នុងព្រះគម្ពីរសញ្ញាថ្មី។

ម៉ាថាយ ១២៖៤០ ______​

យ៉ូហាន ១៩៖៣៦ ______​

យ៉ូហាន ៣៖១៤,១៥ ___​

រ៉ូម ៥៖១៤ __________​

យ៉ូហាន ១៖២៩ ______​

ព្រះយេស៊ូវ និងអ្នកសរសេរព្រះគម្ពីរសញ្ញាថ្មីបានប្រើនិមិត្តរូប និងសច្ចរូបដើម្បីបកស្រាយបទទំនាយអំពីអនាគតនៅក្នុងខនីមួយៗ។ មនុស្សទាំងនេះបានបង្ហាញយើងអំពីអត្ថន័យដ៏ស៊ីជម្រៅនៅក្នុងរូបស័ព្ទលើសជាងអ្វីដែលបានកើតឡើងជាក់ស្តែងនៅក្នុងអតីតកាលទៅទៀត។

ថ្ងៃសុក្រ ទី១២​ មិថុនា ឆ្នាំ២០២០

សិក្សាបន្ថែម

សូមអាន Clifford Goldstein, 1844 Made Simple (Boise, ID: Pacific Press, 1988) to learn more about the 2,300 day prophecy, or special message about time។

សូមសិក្សាអំពីគំនូសតាងខាងក្រោមនេះ៖

Jeans

គំនូសតាងនេះបង្ហាញយើងពីគោលគំនិតដ៏សំខាន់មួយ។ រាជកិច្ចរបស់ព្រះជាចៅក្រមនៅក្នុង ខគម្ពីរដានីយ៉ែល ៧ និងរាជកិច្ចរបស់ព្រះក្នុងការសំអាតរោងឧបោសថនៃស្ថានសួគ៌នៅក្នុងខគម្ពីរដានីយ៉ែល ៨៖១៤គឺជាព្រះរាជកិច្ចតែមួយ។ រាជកិច្ចរបស់ព្រះជាចៅក្រមនៅស្ថានសួគ៌ដឹកនាំទៅកាន់នគរដ៏ នៅអស់កល្បរបស់ទ្រង់នាគ្រាចុងក្រោយនៃប្រវត្តិសាស្ត្ររបស់មនុស្សលោក។ ដូច្នេះ យើងមានភស្ដុតាង ដែលពោរពេញដោយអំណាចចេញពីព្រះគម្ពីរអំពីមូលហេតុដ៏សំខាន់ និងអត្ថន័យនៅក្នុងខគម្ពីរដានីយ៉ែល ៨:១៤។

សំនួរពិភាក្សា៖
  1. សូមអានបទគម្ពីរដានីយ៉ែល២។ យើងបានឃើញនគរមួយឡើងកាន់អំណាចបន្ទាប់ពីនគរមួយទៀតនៅក្នុងជំពូកនេះ។ ព្រះបានប្រទានទស្សនៈរបស់អ្នកប្រវត្តិសាស្ត្រមកអោយយើង ដើម្បីបកស្រាយបទទំនាយនៃព្រះគម្ពីរ។ ទស្សនៈរបស់អ្នកប្រវត្តិសាស្ត្របង្ហាញយើងថា បទទំនាយនៅក្នុងអតីតកាល និងបន្តមានរហូតដល់ពេលដែលព្រះចាប់ផ្តើមតាំងនគរដ៏នៅអស់កល្បរបស់ទ្រង់ឡើងដូចដែលយើងបានសិក្សារួូចមកហើយ។ បទទំនាយទាំងនេះបង្ហាញយើងថា​ អតីតកាល បច្ចុប្បន្នកាល និងប្រវត្តិសាស្ត្រត្រូវបានផ្សារ​ ភ្ជាប់ជាមួយគ្នា។ តែគួរអោយសោកស្តាយមានគ្រីស្ទាននៃនិកាយមួយចំនួនតូចប៉ុណ្ណោះក្រៅពីពួកជំនុំ អាត់វេនទីស្ទដែលជឿលើទស្សនៈរបស់អ្នកប្រវត្តិសាស្ត្រ។ តើហេតុអ្វីបានជារឿងនោះធ្វើអោយសារនាគ្រាចុងក្រោយរបស់យើងកាន់តែពិសេសជាងមុនទៅទៀត?

  2. តើលោកអ្នកយល់អំពីបទទំនាយនៃ២៣០០ព្រឹក និងល្ងាចនៅក្នុងខគម្ពីរដានីយ៉ែល ៨៖១៤បានប៉ុនណាដែរ? បើសិនជាលោកអ្នកមិនយល់ពីបទទំនាយនេះទេ ហេតុអ្វីបានជាលោកអ្នកមិនចំណាយពេលសិក្សា និងចែករំលែកបទទំនាយនេះនៅក្នុងថ្នាក់សប្បាតហ៍ស្គូលរបស់លោកអ្នកចាប់ពីពេលនេះតទៅ? ​

  3. សូមអានខគម្ពីរដានីយ៉ែល ៧៖១៨, ២១, ២២, ២៥ និង២៧។ តើលោកអ្នកបានឃើញរឿងអ្វីកើតឡើងទៅកាន់រាស្ត្ររបស់ព្រះនៅក្នុងខទាំងនេះ? តើស្នែងតូចបានធ្វើអ្វីទៅកាន់ពួកគេ? តើព្រះបានធ្វើអ្វីសម្រាប់រាស្ត្ររបស់ទ្រង់? តើមានដំណឹងល្អអ្វីសម្រាប់រាស្ត្ររបស់ព្រះនៅក្នុងការវិនិច្ឆ័យមុនការយាងមកជាលើកទី២របស់ព្រះយេស៊ូវ? តើការវិនិច្ឆ័យនេះផ្តល់អ្វីដល់រាស្ត្ររបស់ព្រះ? ​

រឿងខ្លី

រត់ដើម្បីព្រះ

Jeans

ការរត់លំហាត់ប្រាណបាននាំខ្ញុំទៅព្រះវិហារមួយនៅក្នុងប្រទេស​ប៉ូឡូញ។ ដោយនៅក្មេងនៅឡើយ ខ្ញុំចាប់ផ្តើមធ្វើលំហាត់ប្រាណពីព្រោះវេជ្ជបណ្ឌិតបានដាស់តឿនខ្ញុំអោយចាត់វិធានការដើម្បីពង្រឹងសុខភាពរបស់ខ្ញុំ។ បន្ទាប់មក ខ្ញុំអាចរត់បាននៅក្នុងចម្ងាយដ៏ឆ្ងាយ។ ខ្ញុំចូលចិត្តការរត់នេះណាស់។ ខ្ញុំបានរត់ប្រណាំងម៉ារ៉ាតុងដែលមានចម្ងាយរហូតទៅដល់១០០គីឡូម៉ែត និងរត់នៅក្នុងចម្ងាយ ២០៣គីឡូម៉ែតដោយប្រើរយៈពេលតែ២៤ម៉ោងតែប៉ុណ្ណោះ។ ខ្ញុំបានចូលរួមនៅក្នុងក្រុមអ្នករត់ប្រណាំងមួយដែលហ្វឹកហាត់ រួមគ្នាក្នុងមួយអាទិត្យពីរទៅបីដង។ មួយសន្ទុះក្រោយមកខ្ញុំបានកត់សម្គាល់ឃើញថា ភីធ័រ (Piotr) ដែលជាអ្នករត់ប្រណាំងនៅក្នុងក្រុមរបស់យើងបានខកខានការហ្វឹកហាត់របស់យើងនៅរៀងរាល់ថ្ងៃសៅរ៍។ ខ្ញុំមិនដឹងថាមានមូលហេតុអ្វីទេ ទីបំផុតខ្ញុំក៏សម្រេចចិត្តសួរនាំគាត់។ ភីធ័របានតបថា «ខ្ញុំកំពុងតែគិតអំពីអត្ថន័យនៃជីវិត។ ខ្ញុំបានអានព្រះគម្ពីរ និងចូលទៅឯព្រះវិហារជាច្រើនជាប្រចាំ ដើម្បីស្វែងរកព្រះវិហារមួយដែលកាន់តាមព្រះគម្ពីរ។ ឥឡូវនេះ ខ្ញុំបានរកឃើញព្រះវិហារនោះហើយ។ តើអ្នកចង់រៀនព្រះគម្ពីរជាមួយនឹងខ្ញុំដែរឬទេ?»។

ថ្នាក់សិក្សាព្រះគម្ពីរដែលបង្រៀនដោយលោកគ្រូគង្វាលអាត់វេនទីស្ទបានធ្វើអោយខ្ញុំវង្វេងវង្វាន់ជាខ្លាំង។ ខ្ញុំបានរាប់ខ្លួនខ្ញុំថា ជាគ្រីស្ទានដ៏ប្តេជ្ញាចិត្តមួយរូប និងជាពួកជំនុំម្នាក់នៃព្រះវិហារនិកាយផ្សេងមួយទៀត។

ថ្ងៃមួយ នៅពេលដែលខ្ញុំកំពុងតែរត់ ភីធ័របានពញ្ញាក់ខ្ញុំដោយសំណួរមួយថា «តើអ្នកដឹងទេថា បព្វជិត (clergy) របស់អ្នកមិនបានបង្រៀនអ្នកពីការពិតដែរឬទេ?»។ ខ្ញុំបានឧទានឡើងថា «អ្នកឯងដូច ជានិយាយលើសហើយ»។ ភីធ័របាននិយាយថា «អ្នកយល់ច្រលំហើយ។ លើកក្រោយពេលជួបគ្នាខ្ញុំនឹងយកព្រះគម្ពីរមួយក្បាលមក។ អ្នកយកសៀវភៅនៃគោលលិទ្ធិរបស់ព្រះវិហារអ្នកមក។ យើងនឹងមើលឃើញ សេចក្តីពិតទាំងអស់គ្នា»។ សំណើនេះហាក់ដូចជាល្អសម្រាប់ខ្ញុំ។ ខ្ញុំតែងតែព្យាយាមរស់នៅក្នុងជីវិតនៃសេចក្តីពិត ហើយកាន់តាមសេចក្តីពិតនោះដែលខ្ញុំបានដឹង។ នៅការណាត់ជួបបន្ទាប់របស់យើង ភីធរ និងខ្ញុំបានប្រៀបធៀបសៀវភៅទាំងពីរនោះ។ ខ្ញុំស្រឡាំងកាំងជាខ្លាំងនៅពេលដឹងថា សៀវភៅគោលលិទ្ធិ របស់ខ្ញុំមិនត្រូវគ្នានឹងការបង្រៀននៅក្នុងព្រះគម្ពីរនោះទេ។ ប៉ុន្មានខែក្រោយមក ខ្ញុំបានទទួលបុណ្យជ្រមុជទឹក។ ពេលនោះខ្ញុំមានអាយុ៤៥ឆ្នាំហើយ។

ខ្ញុំមានអារម្មណ៍ល្អដែលបានចូលរួមនៅក្នុងព្រះវិហារមួយដែលពួកជំនុំយកចិត្តទុកដាក់ចំពោះសុខភាពរបស់ពួកគេ។ មិនយូរប៉ុន្មាន ខ្ញុំបានកត់សម្គាល់ឃើញថា ពួកជំនុំភាគច្រើនមិនបរិភោគសាច់នោះទេ។ ខ្ញុំបានស្រាវជ្រាវរបបអាហារដែលមានមូលដ្ឋានលើរុក្ខជាតិ ហើយខ្ញុំក៏ឈប់បរិភោគសាច់ទៀតដែរ។ កាលពីមុនខ្ញុំបានឃើញរាងកាយរបស់ខ្ញុំជារបស់ខ្ញុំផ្ទាល់ ហើយបានកេងចំណេញវាសម្រាប់បំណងប្រាថ្នារបស់ខ្ញុំ។ ឥឡូវនេះខ្ញុំយល់ថា រាងកាយរបស់ខ្ញុំមិនមែនជារបស់ខ្ញុំទៀតទេ។ ខ្ញុំព្យាយាមធ្វើមិនអោយរូបកាយខ្ញុំខូចបង់ឡើយ។ ពីព្រោះរាងកាយខ្ញុំគឺជាព្រះវិហាររបស់ព្រះ។

សព្វថ្ងៃនេះ ខ្ញុំមានអាយុ៧១ឆ្នាំហើយ ការរត់នៅតែជាផ្នែកសំខាន់មួយនៃជីវិតរបស់ខ្ញុំទោះបីជាខ្ញុំឈប់ហ្វឹកហាត់ និងរត់ប្រណាំងនៅថ្ងៃឈប់សម្រាកក៏ដោយ។ ការរត់គឺជាវិធីដ៏ល្អបំផុតក្នុងការផ្សព្វផ្សាយដំណឹងល្អ។ បន្ទាប់ពីការរត់ម៉ារ៉ាតុងរួចមក មនុស្សគ្រប់គ្នាមានអារម្មណ៍ស្រស់ស្រាយចំពោះសមិទ្ធិផលរបស់ពួកគេ និងជាឱកាសល្អក្នុងការនិយាយអំពីព្រះ។ ខ្ញុំចែករំលែកអំពីព្រះដែលបានផ្តល់កម្លាំងអោយខ្ញុំនៅក្នុងការរត់នៅអាយុដ៏ច្រើនរបស់ខ្ញុំនេះ។

ខ្ញុំរត់យ៉ាងហោចណាស់៣ដងក្នុងមួយសប្តាហ៍នៅក្នុង១០គីឡូម៉ែត្រជាប្រចាំ។ ខ្ញុំត្រូវការចំណាយពេលប្រហែលជា៥៥នាទី។ ខ្ញុំរត់នៅក្នុងព្រៃ និងរត់កាត់ធម្មជាតិ។ ខ្ញុំគិតអំពីជីវិតរបស់ខ្ញុំហើយគិតអំពីព្រះពេលដែលកំពុងរត់។ ខ្ញុំច្រៀងទំនុកតម្កើង និងចងចាំខគម្ពីរនៅក្នុងចិត្ត។ ខ្ញុំអធិស្ឋានទូលសូមដល់ព្រះអោយដឹកនាំអ្នកណាម្នាក់នៅតាមផ្លូវរបស់ខ្ញុំ ដើម្បីអោយខ្ញុំអាចផ្សាយអំពីទ្រង់។ ហើយទ្រង់បាននាំមនុស្សមកឯខ្ញុំមែន។

Powered by CAM