សូមអានខគម្ពីរយ៉ូហានទី១ ៥៖១១-១៣; ហេព្រើរ ១០៖១៩-២២ និងកូរិនថូសទី១ ១៥៖១, ២។ តើខទាំងនេះបង្ហាញសេចក្តីសង្ឃឹមអ្វីដល់យើងអំពីជីវិតដ៏នៅអស់កល្បរបស់យើង? តើហេតុអ្វីបានជាយើងអាចធ្វើទីបន្ទាល់ដោយមានការធានាថា ព្រះទ្រង់បានសង្គ្រោះយើង?
យើងពុំអាចនឹងចែកចាយសេចក្តីជំនឿនេះជាមួយនឹងអ្នកដទៃទៀតបានឡើយ ប្រសិនបើយើងពុំជឿថា ព្រះយេស៊ូវបានសង្គ្រោះយើងនោះ។ យើងពុំអាចចែករំលែកនូវអ្វីដែលយើងគ្មាននោះឡើយ។ មានគ្រីស្ទានដែលល្អ និងមានចិត្តសប្បុរសដែលពួកគេតែងតែរស់នៅក្នុងភាពភ័យខ្លាច។ ពួកគេមាន សេចក្តីសង្ស័យថា តើពួកគេនឹងមានសេចក្តីល្អគ្រប់គ្រាន់ ដើម្បីអោយព្រះសង្គ្រោះពួកគេដែរឬទេ? ខណៈដែលព្រឹទ្ធាចារ្យ ដែលជាអ្នកអធិប្បាយដ៏មានវ័យចំណាស់ម្នាក់បានមានប្រសាសន៍ថា «នៅពេលដែលខ្ញុំក្រឡេកមើលខ្លួនខ្ញុំឡើងវិញ ខ្ញុំពុំឃើញមានកន្លែងណាដែលធ្វើអោយខ្ញុំបានសង្គ្រោះទាល់តែសោះ។ ប៉ុន្តែ នៅពេលដែលខ្ញុំសម្លឹងមើលទៅឯព្រះយេស៊ូវវិញ ខ្ញុំពុំឃើញមានកន្លែងណាដែលធ្វើអោយខ្ញុំបាត់បង់សេចក្តីសង្គ្រោះនោះឡើយ។ ព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលទ្រង់បានមានបន្ទូលចេញពីព្រះឱស្ឋរបស់ទ្រង់មក ព្រះបន្ទូលទាំងនោះគឺជាសេចក្តីពិតនៅគ្រប់ទាំងសម័យដែលថា៖ អស់ទាំងមនុស្សនៅចុងផែនដី អើយ ចូរមើលមកអញ ហើយទទួលសេចក្តីសង្គ្រោះចុះ ដ្បិតអញនេះជាព្រះឥតមានណាទៀតឡើយ» (អេសាយ ៤៥៖២២)។
ព្រះអម្ចាស់របស់យើងចង់សង្គ្រោះយើងជាខ្លាំងណាស់។ លើសជាងនេះទៅទៀត ទ្រង់បានប្រទានអំណោយដែលជាជីវិតអស់កល្បដល់យើងដោយមិនគិតថ្លៃ។ ទ្រង់ចង់ប្រទានអំណោយមួយនេះដើម្បីបំពេញចិត្តរបស់យើងដោយសេចក្តីអំណរ។ ទ្រង់ចង់រំដោះយើងចេញពីអំពើបាប និងអំពើរំលង។ ទ្រង់ចង់អោយយើងបានរាប់ជាសុចរិត ដើម្បីអោយបានមេត្រីជាមួយនឹងទ្រង់។ លោកប៉ុលបានមានប្រសាសន៍ ថា «ដូច្នេះ ដែលយើងរាល់គ្នាបានរាប់ជាសុចរិតដោយការជឿ នោះឈ្មោះថា យើងបានមេត្រីនឹងព្រះដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ» (រ៉ូម ៥៖១)។ លោកប៉ុលក៏មានប្រសាសន៍ទៀតដែរថា យើងអាចជឿទុកចិត្តបានថា «ឯអ្នកណាដែលមានព្រះរាជបុត្រានោះក៏មានជីវិតដែរ តែអ្នកណាដែលគ្មានព្រះរាជបុត្រានៃព្រះទេ នោះគ្មានជីវិតឡើយ» (យ៉ូហានទី១ ៥៖១២)។
យើងបានទទួលជឿព្រះយេស៊ូវដោយសេចក្តីជំនឿ។ បន្ទាប់មក ទ្រង់នឹងសណ្ឋិតនៅក្នុងចិត្តរបស់យើងតាមរយៈអំណាចនៃព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់។ ដោយសារមូលហេតុនេះហើយ បានជាយើងមានអំណោយទាននៃជីវិតអស់កល្បរហូតមកដល់សព្វថ្ងៃនេះ។ តើរឿងនេះមានន័យថា យើងនឹងមិនអាចបាត់បង់អំណោយដែលជាព្រះគុណ និងសេចក្តីមេត្តាករុណារបស់ព្រះបានទេ? យើងនៅតែអាចបាត់បង់អំណោយទាំងនេះបាន។ (សូមអានខគម្ពីរពេត្រុសទី២ ២៖១៨-២២; ហេព្រើរ ៣៖៦; វិវរណៈ ៣៖៥)។
យើងតែងតែមានជម្រើសក្នុងការងាកចេញពីព្រះ។ ប៉ុន្តែ តើយើងចង់បានជម្រើសបែបនោះធ្វើអ្វី? ឥឡូវនេះ យើងបានដឹងអំពីសេចក្តីស្រឡាញ់របស់ទ្រង់។ យើងបានយល់កាន់តែច្បាស់អំពីមូលហេតុដែលទ្រង់សុគតជំនួសយើង។ ម៉្លោះហើយ យើងគួរតែសម្លឹងរកមើលឱកាសជារៀងរាល់ថ្ងៃ ដើម្បីចែកចាយព្រះគុណដែលយើងមាននៅក្នុងព្រះយេស៊ូវជាមួយនឹងអ្នកដទៃវិញ។
តើលោកអ្នកជឿថា លោកអ្នកបានសង្គ្រោះតាមរយៈព្រះយេស៊ូវដែរឬទេ? ប្រសិនបើលោកអ្នកជឿ តើហេតុអ្វីបានជាលោកអ្នកប្រាកដម៉្លេះ? តើខគម្ពីរណាខ្លះដែលលោកអ្នករកឃើញអំពីហេតុផលសម្រាប់ការធានារបស់លោកអ្នក? ប្រសិនបើលោកអ្នកពុំជឿថា បានសង្គ្រោះតាមរយៈព្រះយេស៊ូវនោះទេ តើហេតុអ្វីបានជាលោកអ្នកស្ទាក់ស្ទើរ? តើលោកអ្នកអាចស្វែងរកការធានាដែលលោកអ្នកត្រូវការបានដោយរបៀបណា?
ថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០
ដំណឹងដ៏វិសេសក្នុងការថ្លែងពីទីបន្ទាល់
«ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្តីជំនឿ ជឿដល់ព្រះរាជបុត្រា នៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ» (កាឡាទី ២៖២០)។
ជាការពិតណាស់ មានរឿងខ្លះដែលយើងត្រូវតែលះបង់នៅពេលដែលយើងទទួលជឿព្រះយេស៊ូវ។ ទ្រង់សំណូមពរអោយយើងលះបង់រឿងទាំងអស់នេះ។ ព្រះយេស៊ូវបានបញ្ជាក់យ៉ាងច្បាស់ពីអ្វីដែលយើងត្រូវធ្វើដើម្បីដើរតាមទ្រង់ថា៖ «បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ» លូកា(៩៖២៣)។ សេចក្តីស្លាប់នៅលើឈើឆ្កាងគឺជាសេចក្តីស្លាប់ដ៏ឈឺចាប់បំផុត។ នៅពេលដែលយើងថ្វាយជីវិតរបស់យើងដល់ព្រះយេស៊ូវ នោះជីវិតចាស់ របស់យើងនឹងត្រូវព្យួរអោយស្លាប់នៅលើឈើឆ្កាងផងដែរ (សូមអានខគម្ពីររ៉ូម ៦៖៦)។ ដ្បិតនោះគឺជាសេចក្តីដ៏ឈឺចាប់បំផុត។ ការឈឺចាប់នេះគឺជាដំណាក់កាលក្នុងការលះបង់អ្វីៗដែលយើងប្រាថ្នា និងទម្លាប់ ពេញមួយជីវិតរបស់យើង។ ប៉ុន្តែ រង្វាន់តបស្នងនឹងការឈឺចាប់ដែលយើងត្រូវទទួលនោះនឹងមានតម្លៃជទីបំផុត។
រឿងនៅក្នុងព្រះគម្ពីរទាក់ទងនឹងអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើងអាចផ្លាស់ប្តូរជីវិតរបស់យើងបាន។ រឿងទាំងនេះពុំមែនជាអ្វីដែលយើងលះបង់សម្រាប់ព្រះយេស៊ូវនោះឡើយ តែជារឿងដែលព្រះយេស៊ូវបានធ្វើសម្រាប់យើងទៅវិញទេ។
ប្រវត្តិសាស្ត្រនៃសាសនាគ្រីស្ទមានពេញដោយរឿងអំពីមនុស្សដែលបានលះបង់អ្វីៗជាច្រើនសម្រាប់ព្រះយេស៊ូវ។ តើមនុស្សទាំងនេះចង់ទទួលបានជីវិតអស់កល្បតាមរយៈសកម្មភាពរបស់ពួកគេឬ? ទេ ពុំមែនដូច្នោះទេ។ គ្មានអ្វីដែលយើងអាចធ្វើដើម្បីផ្គាប់ដល់ព្រះបាននោះទេ។ បុរស និងស្ត្រីទាំងនេះបានយល់អំពីអ្វីដែលព្រះគ្រីស្ទបានធ្វើសម្រាប់ពួកគេ។ ម៉្លោះហើយ ពួកគេសុខចិត្តលះបង់អ្វីៗគ្រប់យ៉ាងសម្រាប់ព្រះយេស៊ូវក្នុងការដើរតាមទ្រង់។
រឿងផ្ទាល់ខ្លួនរបស់យើងអំពីព្រះយេស៊ូវតែងតែទាក់ទងទៅនឹងអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់ យើង។ សូមអានខគម្ពីរយ៉ូហាន ១៖១២; យ៉ូហាន ១០៖១០; យ៉ូហាន ១៤៖២៧ និងកូរិនថូសទី១ ១៖ ៣០។ សូមរៀបរាប់អំពីអំណោយមួយចំនួនដែលជាព្រះគុណរបស់ព្រះដែលលោកអ្នកបានរកឃើញនៅក្នុងខគម្ពីរខាងលើ។
ខណៈពេលដែលលោកអ្នកអានខគម្ពីរខាងលើ សូមគិតអំពីអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់លោកអ្នក។ ប្រហែលជាលោកអ្នកអាចជាគ្រីស្ទានដ៏ស្មោះត្រង់ម្នាក់ពេញមួយជីវិតរបស់លោកអ្នក។ ឬប្រហែលជាលោកអ្នកចូលទៅឯព្រះយេស៊ូវ បន្ទាប់ពីបទពិសោធន៍ដ៏មានអំណាចមួយបានផ្លាស់ប្តូរលោកអ្នក។ សូមគិតអំពីសេចក្តីល្អដែលព្រះយេស៊ូវមានចំពោះលោកអ្នកព្រមទាំងសេចក្តីសុខសាន្ត និងសេចក្តីរីករាយដែលទ្រង់បានប្រទានដល់លោកអ្នកផងដែរ។ សូមគិតអំពីគ្រាដែលទ្រង់បានប្រទានកម្លាំងដល់លោកអ្នកអោយប្រឈមជាមួយនឹងបញ្ហា និងពេលវេលាលំបាកជាច្រើននៅក្នុងជីវិត។
តើព្រះយេស៊ូវបានសូមអោយយើងលះបង់អ្វីខ្លះសម្រាប់ទ្រង់? តើលោកអ្នកបានរៀនអ្វីខ្លះ ចេញពីបទពិសោធន៍ទាំងនោះរបស់លោកអ្នក? តើអ្វីដែលលោកអ្នកបានរៀនអាចក្លាយមកជាព្រះពរទៅដល់អ្នកដទៃយ៉ាងដូចម្តេច?
ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០
សិក្សាបន្ថែម
«ហ្វូងមនុស្សដែលនៅជិតព្រះយេស៊ូវពុំមានអារម្មណ៍ថា ពួកគេបានទទួលអំណាចនៃការព្យាបាល នៅពេលដែលពួកគេពាល់ព្រះយេស៊ូវនោះទេ។ ប៉ុន្តែ ស្ត្រីម្នាក់ដែលលូកដៃរបស់នាងទៅពាល់ព្រះយេស៊ូវជឿថា នាងនឹងបានជាសះស្បើយ។ ដូច្នេះនាងមានអារម្មណ៍ថា ទទួលបានអំណាចនៃការព្យាបាលដ៏ពិសេសរបស់ព្រះយេស៊ូវ។ រីឯកិច្ចការខាងឯវិញ្ញាណក៏ដូចគ្នានឹងរឿងនេះផងដែរ។ តើមានអ្វីកើតឡើង ប្រសិនបើយើងថ្លែងប្រាប់អំពីសាសនាដោយពុំយកចិត្តទុកដាក់នោះ? ឬថា តើមានអ្វីកើត ឡើង ប្រសិនបើយើងអធិស្ឋានដោយពុំមានសេចក្តីស្រេកឃ្លានយ៉ាងពិតប្រាកដនៅក្នុងវិញ្ញាណរបស់យើងនោះ? ឬប្រសិនបើយើងពុំមានជំនឿដ៏រស់ទៅវិញនោះ តើនឹងមានអ្វីកើតឡើងដែរឬទេ? ពេលនោះសេចក្តីថ្លែងប្រាប់ សេចក្តីអធិស្ឋាន និងសេចក្តីជំនឿនឹងពុំមានអំណាចនោះឡើយ។ ប្រសិនបើយើងជឿថា ព្រះយេស៊ូវមានអំណាចក្នុងការសង្គ្រោះយើងនោះតើយ៉ាងណាទៅវិញ? នោះពុំគ្រប់គ្រាន់អោយយើងទទួលបានការព្យាបាលមកលើព្រលឹងរបស់យើងបានឡើយ។ សេចក្តីជំនឿពុំត្រឹមតែជាការដឹងអំពីសេចក្តីពិតប៉ុណ្ណោះទេ . . . . ការដែលជឿអំពីព្រះយេស៊ូវពុំគ្រប់គ្រាន់នោះទេ។ យើងត្រូវតែជឿលើទ្រង់ផងដែរ។ យើងត្រូវតែជឿថា ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះរបស់យើង។ មានតែសេចក្តីជំនឿបែបនេះទេដែលអាចព្យាបាលយើងបាន។ យើងយកជីវិតដ៏បរិសុទ្ធរបស់ព្រះយេស៊ូវមកធ្វើជាជីវិតរបស់យើងផ្ទាល់តាមរយៈសេចក្តីជំនឿ . . . .»។
«ព្រះបានជ្រើសរើសយកយើងអោយយើងបង្ហាញអំពីព្រះយេស៊ូវទៅកាន់មនុស្សនៅលើផែនដីនេះ។ ជាការពិតណាស់ យើងត្រូវតែជឿទៅលើអ្វីដែលព្រះគម្ពីរបានបង្ហាញប្រាប់យើងអំពីព្រះគុណរបស់ ព្រះ។ ប៉ុន្តែលើសពីនេះទៅទៀត ទីបន្ទាល់ផ្ទាល់ខ្លួនអំពីបទពិសោធន៍របស់យើងគឺជាភ័ស្តុតាងដ៏មានអំណាចជាទីបំផុត។ យើងគឺជាស្មរបន្ទាល់របស់ព្រះ។ ក្នុងនាមជាស្មរបន្ទាល់របស់ទ្រង់ យើងត្រូវតែបង្ហាញថា អំណាចរបស់ព្រះនៅក្នុងយើងទៅកាន់អ្នកដទៃ។ ដ្បិតគ្មានមនុស្សឯណាទៀតដែលដូចជាលោកអ្នក ឬខ្ញុំនៅលើផែនដីនោះទេ។ យើងរាល់គ្នាមានលក្ខណៈពិសេស និងខុសពីមនុស្សដទៃទៀត។ ម៉្លោះហើយ យើងម្នាក់ៗមានបទពិសោធន៍ដែលខុសពីមនុស្សដទៃទៀតផងដែរ។ ព្រះចង់អោយយើងសរសើរតម្កើងដល់ទ្រង់។ ការសរសើរតម្កើងដែលយើងថ្វាយដល់ទ្រង់ពុំដូចជាការសរសើរតម្កើងរបស់អ្នកណាម្នាក់នោះឡើយ។
សំនួរពិភាក្សា៖
- តើអ្វីដែលធ្វើអោយទីបន្ទាល់អំពីព្រះយេស៊ូវគួរអោយចាប់អារម្មណ៍ និងគួរអោយរំភើប? សូមអាន ទីបន្ទាល់របស់លោកប៉ុលដែលគាត់បានទូលដល់ស្តេចអ័គ្រីប៉ា (កិច្ចការ ២៦៖១-២៣)។ តើអ្វីដែលជាមូលហេតុនៃទីបន្ទាល់របស់លោកប៉ុល?
- តើលោកអ្នកគិតថា មូលហេតុអ្វីខ្លះដែលធ្វើអោយទីបន្ទាល់របស់លោកអ្នកអំពីព្រះយេស៊ូវពោរពេញ ទៅដោយអំណាចនោះ? តើលោកអ្នកនឹងឆ្លើយតបទៅកាន់សំណួរដែលសួរដោយអ្នកណាម្នាក់យ៉ាងដូចម្តេចដែលថា៖ «តើខ្ញុំគួរធ្វើយ៉ាងដូចម្តេច ប្រសិនបើខ្ញុំមិនមានបទពិសោធន៍ដូចអ្នក? តើខ្ញុំគួរតែកាន់តាមព្រះយេស៊ូវយ៉ាងដូចម្តេចទៅ?»។
- តើអ្វីខ្លះដែលលោកអ្នកពុំគួរនិយាយនៅពេលដែលលោកអ្នកចែកចាយទីបន្ទាល់ជាមួយនឹងអ្នកដទៃដែលពុំជឿលើព្រះយេស៊ូវ?
- សូមគិតអំពីភាពប្រាកដប្រជាដែលថា យើងត្រូវបានសង្គ្រោះ។ តើហេតុអ្វីបានជារឿងនេះគឺជាផ្នែកមួយដ៏សំខាន់នៃបទពិសោធន៍ជាគ្រីស្ទានរបស់យើង? តើយើងអាចដឹងប្រាកដថា យើងត្រូវបានសង្គ្រោះដោយរបៀបណា? ទន្ទឹមនឹងនេះ តើហេតុអ្វីបានជាយើងត្រូវប្រុងប្រយ័ត្នក្នុងការជឿថា យើងត្រូវបានសង្គ្រោះហើយនៅពេលដែលយើងពុំទាន់បានសង្គ្រោះនៅឡើយនោះ?
រឿងខ្លី
ការនិយាយរបស់ស្ត្រីដែលកំពុងស្លាប់
លោកថូម៉ាស់ ខារូដា (Tomasz Karauda) គឺជាគ្រូពេទ្យសេវេនដេយអាត់វេនទីស្ទម្នាក់នៅឯប្រទេសប៉ូឡូញដែលមានអាយុ២៨ឆ្នាំ ត្រូវបានសូមអោយចុះហត្ថលេខាលើលិខិតមរណភាពរបស់ស្ត្រី ម្នាក់ដែលមានជីវិតនៅឡើយ។
គិលានុប្បដ្ឋាយិកាម្នាក់បានរុញស្ត្រីនោះទៅបន្ទប់ដែលបំពាក់ដោយបំពង់អុកស៊ីសែនដែលលោក ថូម៉ាស់កំពុងតែធ្វើការនៅក្នុងបន្ទប់ពេទ្យរបស់គាត់។ បើមើលតាមរូបរាងខាងក្រៅនាងស្លាប់បាត់ហើយ។ នាងមានជម្ងឺមហារីកសួត ដោយសារតែការជក់បារីអស់រយៈពេលជាយូរឆ្នាំ។ សាច់ដុំ និងសន្លាក់នៃរាងកាយ ឈប់ដំណើរការ ដោយមានឈាមហូរនៅខ្នងខាងក្រោមរបស់នាង។ ស្បែករបស់នាងតាមធម្មតាមានពណ៌ផ្កាឈូក ខណៈដែលឈាមពេញដោយអុកស៊ីសែនបានហូរឆ្លងកាត់សរសៃឈាមឆ្មាររបស់នាងដែលបានប្រែទៅជាស្លេកស្លាំងនៅពេលដែលឈាមរបស់នាងហូរចូលទៅក្នុងសរសៃឈាមខ្មៅ។ អាការៈរបស់នាង គឺមិនអាចត្រឡប់ទៅជាធម្មតាវិញបានឡើយ។
«ខ្ញុំពុំដែលឃើញអ្វីបែបនេះពីមុនមកនោះទេនាងបានស្លាប់ហើយ ប៉ុន្តែនាងកំពុងតែអាចអង្គុយ និយាយនៅលើរទេះរុញបាន» លោកថូម៉ាស់បាននិយាយ នៅពេលដែលគាត់ពិចារណាឡើងវិញ។ ស្ត្រីម្នាក់នេះត្រូវបានបញ្ជូនទៅកាន់បន្ទប់មើលថែដែលមានផ្ទុកអ្នកជំងឺជាច្រើន ប៉ុន្តែ គ្រូពេទ្យរបស់គាត់ឃើញថា គាត់មិនអាចធ្វើអ្វីបានលើសពីនេះទៀតនោះទេបានជាគាត់បញ្ជូននាងចេញទៅ ដើម្បីអោយមានគ្រែទំនេរសម្រាប់ករណីធ្ងន់ធ្ងរផ្សេងទៀត។ គិលានុប្បដ្ឋាយិកាបានសួរលោកថូម៉ាស់ថា តើស្រ្តីម្នាក់នោះអាចស្នាក់ នៅក្នុងបន្ទប់ដែលបំពាក់ដោយបំពង់អុកស៊ីសែននោះបានដែរឬទេ។
បន្ទប់ដែលបំពាក់ដោយបំពង់អ៊ុកស៊ីសែនក៏ពុំមានគ្រែទំនេរណាមួយដែរ ម៉្លោះហើយលោកថូម៉ាស់ បានដាក់គ្រែរុញនៅគែមផ្លូវដើរ ហើយបានដាក់ស្ត្រីម្នាក់នោះថ្មមៗទៅលើគ្រែនោះ។ គាត់បានយកកៅអីមកអង្គុយចុះ ហើយនិយាយជាមួយនឹងនាងអស់រយៈពេលពីរម៉ោងទៀត។
ស្ត្រីម្នាក់នោះបានដឹងថា នាងហៀបនឹងស្លាប់ទៅហើយ។ នាងបានសំដែងការសោកស្តាយចំពោះជម្រើសនៅក្នុងជីវិតរបស់នាង។ «ខ្ញុំបានចំណាយពេលជក់បារីពេញមួយជីវិតរបស់ខ្ញុំ ប្រសិនបើខ្ញុំអាចវិលត្រឡប់ទៅក្រោយវិញ នោះខ្ញុំមិនធ្វើដូច្នោះទៀតទេ»នាងបាននិយាយ។ លោកថូម៉ាស់ពុំដឹងថា ត្រូវនិយាយអ្វីនោះទេ។ គាត់មានអារម្មណ៍ថា គាត់កំពុងតែស្ថិតនៅក្នុងរឿងនៃព្រះគម្ពីរដែលស្តីអំពីចោរនៅលើឈើឆ្កាង។ គាត់បានកាន់ដៃស្ត្រីម្នាក់នោះ។
ទីបំផុត ស្ត្រីនោះបានដកដង្ហើមចុងក្រោយរបស់នាង។ លោកថូម៉ាស់បានចុះហត្ថលេខាលើលិខិតមរណៈភាព។ លោកថូម៉ាស់បាននិយាយថា «ការដែលធ្វើជាគ្រូពេទ្យគ្រីស្ទានម្នាក់ជាទំនួលខុសត្រូវដ៏ធំមួយ។ ដ្បិតគ្មានអ្នកណាម្នាក់បានបង្រៀនយើងនៅក្នុងសាសាពេទ្យអំពីរបៀបដោះស្រាយជាមួយនឹងបញ្ហាបែបនេះនោះទេ»។
គាត់បានរកឃើញថា វាមានប្រយោជន៍ខ្លាំងណាស់ក្នុងការដែលកាន់ដៃ និងផ្តល់សេចក្តីសង្ឃឹម ដល់អ្នកណាម្នាក់ដោយនិយាយថា «អ្នកនឹងមិនអីទេ» បើទោះបីបុគ្គលដែលហៀបនឹងស្លាប់នោះដឹងថា អ្វីដែលគាត់ត្រូវរង់ចាំនោះគឺជាសេចក្តីស្លាប់ក៏ដោយ។
«ពេលខ្លះ ការដែលមិននិយាយអ្វីសោះគឺជារឿងដ៏ល្អបំផុត ប៉ុន្តែពេលខ្លះអ្វីដែលយើងត្រឹមតែអាចធ្វើបាននោះគឺ កាន់ដៃបុគ្គលម្នាក់នោះ ហើយអធិស្ឋានជូនគាត់ដោយស្ងៀមស្ងាត់»។មនុស្សលោកទាំងអស់កំពុងតែស្លាប់នៅក្នុងអំពើបាប។ ក្នុងករណីជាច្រើនដែលសាច់ដុំ នឹងសន្លាក់នៃរាងកាយឈប់ដំណើរការ ហើយអាការៈរបស់អ្នកជំងឺមិនអាចត្រឡប់ទៅជាធម្មតាវិញបានឡើយ។ តើលោកអ្នកនឹងកាន់ដៃបុគ្គលម្នាក់នោះដែរឬទេ? តើលោកអ្នកនឹងអធិស្ឋានជូនគាត់ដែរឬទេ? តើលោកអ្នកនឹងផ្តល់សេចក្តីសង្ឃឹមដល់គាត់ដែរឬទេ?