«ការអ្វីដែលដៃឯងអាចធ្វើបាន នោះចូរធ្វើដោយអស់ពីកម្លាំងចុះ» (សាស្តា ៩៖១០)។ ខនេះគឺជាសេចក្តីប្រៀនប្រដៅរបស់ស្តេចសាឡូម៉ូនសម្រាប់របៀបថែរក្សារបស់ដែលព្រះបានប្រទានអោយយើងក្នុងគ្រប់ទាំងផ្នែកនៃជីវិតរបស់យើង។
តើគ្រីស្ទានកិច្ចគឺជាអ្វី? គ្រីស្ទានកិច្ចគឺជាកិច្ចដែលត្រូវថែរក្សារាល់អំណោយទានដែលព្រះបាន ប្រទានអោយយើង។ ការថែរក្សានេះគឺការធ្វើជាអ្នកគ្រប់គ្រងដ៏ល្អលើអំណោយទានទាំងនេះ។ មនុស្សជាច្រើនបានគិតថា គ្រីស្ទានកិច្ចគឺជាការចាត់ចែងថវិការបស់យើង។ ប៉ុន្តែ គ្រីស្ទានកិច្ចមានអត្ថន័យលើសជាង ទៅទៀត។ ម្ល៉ោះហើយ យើងពុំត្រូវកំណត់ការយល់ដឹងរបស់យើងអំពីគ្រីស្ទានកិច្ចត្រឹមតែជាថវិកានោះទេ។
តើអំណោយទាន របស់របរ និងព្រះពរអ្វីខ្លះ ដែលព្រះបានប្រទានអោយយើងក្នុងការធ្វើកិច្ចការរបស់ទ្រង់នៅក្នុងពួកជំនុំ? លោកពេត្រុសបានមានប្រសាសន៍ថា ព្រះបានប្រទានអំណោយទានដល់យើងរាល់គ្នា។ លោកពេត្រុសបានហៅពួកគ្រីស្ទានទាំងនេះជាមួយនឹងអំណោយទានរបស់ពួកគេថាជា «ពួក សង្ឃបរិសុទ្ធ» (ពេត្រុសទី១ ២៖៥)។ គ្រីស្ទានកិច្ចគឺជាទំនួលខុសត្រូវចំពោះព្រះសម្រាប់របៀបដែលពួកគេថែរក្សា និងប្រើរាល់អំណោយទានរបស់ព្រះដែលមានដូចជា ថវិកា ពេលវេលា កម្លាំង ទេពកោសល្យ និងអ្វីៗផ្សេងទៀត។
សូមអានខគម្ពីរសាស្តា ៩៖១០ និងកូរិនថូសទី១ ១០៖៣១។ តើខទាំងនេះបង្ហាញសារអ្វីដល់យើងអំពីរបៀបដែលយើងគួរតែធ្វើកិច្ចការ? តើយើងគួរបង្រៀនអ្នកដទៃអោយធ្វើកិច្ចការទាំងនេះបានដែរយ៉ាងដូចម្តេច?
បញ្ហាដ៏ធំបំផុតមួយនៅសព្វថ្ងៃនេះគឺថា យើងបានបែងចែកផ្នែកផ្សេងៗនៃជីវិតចេញពីគ្នា។ យើង បានបែងចែកជីវិតការងារចេញពីជីវិតគ្រួសារ។ យើងក៏បានបែងចែកជីវិតខាងឯវិញ្ញាណ និងពេលទំនេររបស់យើងចេញពីអ្វីៗផ្សេងទៀតផងដែរ។ ជាការពិតណាស់ ការបែងចែករវាងផ្នែកផ្សេងៗនៃជីវិតរបស់យើងគឺជារឿងដ៏ចាំបាច់។ ឧទាហរណ៍ថា៖ ការយកការងារពីកន្លែងធ្វើការមកធ្វើនៅផ្ទះពុំមែនជារឿងល្អនោះទេ ព្រោះការងារនោះនឹងរំខានមិនអោយលោកអ្នកបានចំណាយពេលជាមួយនឹងគ្រួសាររបស់លោកអ្នក។ ហើយការកំសាន្តនៅពេលវេលាទំនេររបស់យើងក៏មិនគួរទាញយកការចំណាយពេលជាមួយព្រះរបស់យើងនោះដែរ។
ប៉ុន្តែ យើងត្រូវតែចងចាំថា ជីវិតខាងឯវិញ្ញាណរបស់យើងត្រូវតែក្លាយទៅជាផ្នែកមួយនៃផ្នែក ទាំងអស់នៃជីវិតរបស់យើង។ គ្រីស្ទានកិច្ចនឹងបានរីកដុះដាលឡើងចេញពីការប្រកប និងកិច្ចការរបស់គាត់ជាមួយនឹងព្រះ។ កិច្ចការគឺរបៀបមួយដែលយើងអាចស្គាល់ព្រះបានកាន់តែប្រសើរឡើង និងនៅជាប់ជាមួយទ្រង់។ ដូច្នេះ ការបែងចែកជីវិតខាងឯសាសនាចេញពីផ្នែកផ្សេងៗនៃជីវិតរបស់យើងគឺជារឿងមិនត្រឹម ត្រូវនោះឡើយ។ វាប្រៀបបាននឹងការកំណត់អោយព្រះត្រឹមតែមួយថ្ងៃមួយម៉ោង ឬគ្រាន់តែជាផ្នែកបន្ទាប់បន្សំមួយនៃជីវិតរបស់យើងប៉ុណ្ណោះ។ ពេលនោះ យើងនឹងងាកចេញពីព្រះតាមរយៈផ្នែកផ្សេងៗទៀតនៃជីវិតរបស់យើង។
តើលោកអ្នកបែងចែកជីវិតខាងឯវិញ្ញាណចេញពីផ្នែកផ្សេងៗទៀតនៃជីវិតរបស់លោកអ្នកដែរឬទេ? ប្រសិនបើលោកអ្នកបានធ្វើដូច្នោះ តើអ្នកអាចធ្វើអោយមានភាពខាងឯវិញ្ញាណនៅគ្រប់ទាំងផ្នែកនៃជីវិតបានយ៉ាងដូចម្តេចទៅ?
ថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០
សិក្សាបន្ថែម
បទគម្ពីរលោកុប្បត្តិ ៣, សាស្តា ២៖១៨-២៣, អេភេសូរ ៦៖៥-៨ និងអាន Ellen G. White, “The Temptation and Fall,” pages 52-62; in Patriarchs and Prophets។
តើកិច្ចការជាបណ្តាសា ឬមួយជាព្រះពរ? តើព្រះប្រទានកិច្ចការដល់យើងទុកជាផ្នែកមួយ នៃបណ្តាសាក្នុងអំពើបាបឬ? (សូមអានខគម្ពីរលោកុប្បត្តិ ៣៖១៧)។ ប្រសិនបើយើងអានកណ្ឌគម្ពីរលោកុប្បត្តិអោយបានសុីជម្រៅ នោះយើងនឹងឃើញថា ដីបានត្រូវបណ្តាសាតែមិនមែនជាកិច្ចការនោះទេ។ អ្នកស្រីអែល្លិន ជីវ៉ៃត៍បានមានប្រសាសន៍ថា ព្រះបានប្រទានកិច្ចការដល់យើងទុកជាព្រះពរ៖ «បន្ទាប់ ពីការធ្លាក់ចុះក្នុងអំពើបាប ជីវិតរបស់មនុស្សនឹងត្រូវបានបំពេញដោយការងារលំបាក និងអ្វីៗដែលគាត់ត្រូវតែធ្វើ។ ព្រះបានប្រទានកិច្ចការនេះដល់មនុស្សពីព្រោះទ្រង់ស្រឡាញ់យើង។ មនុស្សលោកត្រូវការកិច្ចការនេះដោយសារតែអ្វីដែលអំពើបាបបានធ្វើមកលើយើង។ ដូច្នេះ កិច្ចការលំបាកអាចជួយមនុស្ស អោយគ្រប់គ្រងលើការស្រេកឃ្លានរបស់គេ រូបកាយរបស់គេ និងអ្វីៗដែលគេចង់បាន។ កិច្ចការជួយមនុស្ស អោយអភិវឌ្ឍទម្លាប់នៃការគ្រប់គ្រងលើខ្លួនឯង។ កិច្ចការគឺជាផ្នែកមួយនៃផែនការដ៏ធំរបស់ព្រះសម្រាប់ ការសង្គ្រោះមនុស្សចេញពីសេចក្តីវិនាស និងការខូចខាតដែលបណ្តាលឡើងដោយអំពើបាប»។ ដកស្រង់ ពី Partiarchs and Prophets, page 60, adapted។
យើងអាចធ្វើអោយកិច្ចការក្លាយជាបណ្តាសាបាន។ ជាការពិតណាស់ កិច្ចការអាចធ្វើអោយយើងមានអារម្មណ៍ដូចជាបណ្តាសានៅពេលណាដែលយើងធ្វើកិច្ចការលើសកម្រិត ឬកិច្ចការទាំងនោះគួរអោយធុញធ្រាន់ពេក។ កិច្ចការក៏អាចក្លាយទៅជាបណ្តាសាបានដែរ នៅពេលណាដែលយើងចាត់ទុកកិច្ចការរបស់យើងសំខាន់ជាងអ្វីៗទាំងអស់ដែលយើងគួរតែធ្វើ។ តើលោកអ្នកគិតយ៉ាងដូចម្តេចនៅត្រង់នេះ? មិនថា កិច្ចការរបស់យើងនៅក្នុងជីវិតនោះជាអ្វីនោះទេ យើងគួរតែគិតអំពីកិច្ចការរបស់យើងតាមផ្លូវដ៏ត្រឹមត្រូវមួយ។ ម្ល៉ោះហើយ ការអប់រំគ្រីស្ទានត្រូវតែជួយមនុស្សអោយរៀនអំពីសារៈសំខាន់នៃកិច្ចការ។ ទន្ទឹមគ្នានេះ យើងមិនត្រូវបង្កើតព្រះក្លែងក្លាយណាមួយចេញពីកិច្ចការនេះជាដាច់ខាត។
សំនួរពិភាក្សា៖
- សូមអានខគម្ពីរសាស្តា ២៖១៨-២៤។ តើហេតុអ្វីបានជាស្តេចសាឡូម៉ូនមានបន្ទូលថា កិច្ចការគឺជាព្រះពរផង និងជាបណ្តាសាផង? តើយើងអាចគិតវិជ្ជមានអំពីកិច្ចការរបស់យើងបានយ៉ាងដូជម្តេច? តើខទាំងនេះបង្រៀនយើងយ៉ាងដូចម្តេច?
- តើយើងអាចបង្រៀនគ្រួសាររបស់យើងថា កិច្ចការគឺជារឿងល្អដោយរបៀបណា?
- តើការធ្វើកិច្ចការល្អឥតខ្ចោះ និងការធ្វើកិច្ចការលើសកម្រិតខុសគ្នាយ៉ាងដូចម្តេច? តើយើងអាចជៀសវាងពីការធ្លាក់ចូលទៅក្នុងអន្ទាក់នៃការធ្វើកិច្ចការលើសកម្រិតបានរបៀបណា? (សាស្តា ២៖២៣)
- លោកប៉ុលបានមានប្រសាសន៍ថា «កាលយើងខ្ញុំនៅជាមួយនឹងអ្នករាល់គ្នានោះក៏បានផ្តាំថា បើអ្នកណាមិនចង់ធ្វើការ មិនត្រូវទាំងឲ្យអ្នកនោះបរិភោគផង» (ថែស្សាឡូនីចទី២ ៣៖១០)។ ជាការពិតណាស់ ក្បួនច្បាប់ដ៏សំខាន់នេះគឺជាដំបូន្មានដ៏ល្អមួយ។ តើលោកអ្នកអាចគិតឃើញនូវឧទាហរណ៍ណាខ្លះដែលមិនត្រឹមជាមួយនឹងក្បួនច្បាប់នេះដែរឬទេ? តើហេតុអ្វីបានជាយើងត្រូវប្រាកដថានឹងមិនធ្វើអោយក្បួនច្បាប់នេះក្លាយជាក្បួនច្បាប់មួយដែលពុំមានករណីលើកលែងនោះឡើយ?
រឿងខ្លី
សេចក្តីសង្ឃឹមនៅក្នុងការិយាល័យវេជ្ជបណ្ឌិត
ស៊េរីនៃការផ្លាស់ប្តូរជីវិតសំខាន់ៗជាបញ្ហាដល់នាង ហេឡេន អាយបូរ៉ា (Helene Iborra) នៅ ទីក្រុងប៉ារីសប្រទេសបារាំង។ នាងបានបាត់បង់ម្តាយរបស់នាង បន្ទាប់ពីចិញ្ចឹមកូនពីរនាក់មក។ ដោយ មានបំណងចង់ធ្វើអ្វីថ្មីនៅក្នុងជីវិតរបស់នាង នាងបានធ្វើការនៅហាងទំនើបមួយ។ ប៉ុន្តែ បន្ទាប់មកនាង មានបញ្ហាជើងដែលចាំបាច់ត្រូវការការវះកាត់។ បន្ទាប់ពីការវះកាត់រួចមក នាងត្រូវទៅជួបវេជ្ជបណ្ឌិតជាប្រចាំ ដើម្បីតាមដានអាការៈជើងរបស់នាង។
ក្នុងអំឡុងពេលនៃការណាត់ជួបទាំងនោះ នាងបានឃើញសៀវភៅតូចមួយក្បាលដាក់នៅលើតុក្នុងបន្ទប់រង់ចាំរបស់វេជ្ជបណ្ឌិត។ សៀវភៅនោះមានចំណងជើងថា ក្តីសង្ឃឹមដ៏អស្ចារ្យ ហាក់ដូចជាចង់ អន្ទងចិត្តនាងអោយអាន។ ហេឡេនបានគិតថា នេះហើយគឺជាអ្វីដែលខ្ញុំត្រូវការ។
ពេលត្រឡប់ទៅផ្ទះវិញ ហេឡេនបានអានសៀវភៅ ក្តីសង្ឃឹមដ៏អស្ចារ្យ ពីទំព័រមួយទៅទំព័រមួយនៅថ្ងៃនោះ។ នាងមានការអស្ចារ្យជាមួយនឹងរឿងដែលស្តីអំពីគ្រាចុងក្រោយនៃផែនដី និងការយាង មកជាលើកទីពីរនៃព្រះយេស៊ូវ។ នាងបានសម្រេចចិត្តថា រឿងនេះពុំមែនជាការចៃដន្យដែលនាងបានប្រទះ ឃើញសៀវភៅមួយក្បាលនេះនៅក្នុងការិយាល័យវេជ្ជបណ្ឌិតនោះទេ។ នាងបានឃើញកំណត់ត្រាមួយនៅក្នុងក្តីសង្ឃឹមដ៏អស្ចារ្យ ដោយសរសេរថា នេះគឺជាការដកស្រង់ចេញពីសៀវភៅធំមួយដែលជាសៀវភៅមហាវិវាទ និងណែនាំនាងអោយអានភាគទាំងមូលនៃសៀវភៅនោះ។ នាងបានចូលអនឡាញ ហើយទិញសៀវភៅ មហាវិវាទ ដែលជាសំណេររបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍។ នាងបានឃើញពាក្យថា «ព្រះវិហារ សេវេនដេយអាត់វេនទីស្ទ» នៅក្នុងសៀវភៅនេះផងដែរ ។ នាងមិនធ្លាប់ដែលឮពីនិកាយមួយនេះឡើយ។ ប៉ុន្តែ បន្ទាប់មកនាងបាននឹកចាំថា នាងមានជីដូនម្នាក់ដែលបានក្លាយជាអាត់វេនទីស្ទនៅក្នុងវ័យចំណាស់ របស់គាត់។ ពួកគេមិនដែលបានជួបគ្នាទេ។ នាង និងគាត់ពុំដែលបានជួបគ្នាទាល់តែសោះ។ ហេឡេនបានសម្រេចចិត្តអានព្រះគម្ពីរបន្ទាប់ពីសៀវភៅទាំងនោះ។ បន្ទាប់ពីអានសៀវភៅនេះរួច នាងគិតថា ខ្ញុំត្រូវតែអានព្រះគម្ពីរឥឡូវនេះ។ នាងមានចំងល់ជាច្រើនអំពីជីវិតរបស់នាង ប៉ុន្តែ នាងមានអារម្មណ៍ថា ចំណេះដឹងរបស់នាងមានកម្រិត។ បន្ទាប់មក នាងបានចាំថា ជីដូនរបស់នាងបានក្លាយជាអាត់វេនទីស្ទ បន្ទាប់ពីការសិក្សាព្រះគម្ពីរជាមួយនឹងគ្រូគង្វាលអាត់វេនទីស្ទរួចមក។ ដូច្នេះ នាងត្រូវការស្វែងរកគ្រូគង្វាលអាត់វេនទីស្ទម្នាក់អោយជួយ។
នាងបានអនឡាញ ហើយរកឃើញព្រះវិហារអាត់វេនទីស្ទមួយ រួចចាប់ផ្តើមសិក្សាព្រះគម្ពីរ២ ដងក្នុង១សប្តាហ៍ជាមួយនឹងគ្រូគង្វាល។ ជាច្រើនខែក្រោយមក នាងបានរៀនអំពីថ្ងៃទី៧ជាថ្ងៃសប្បាតហ៍ និងបានធ្វើបុណ្យជ្រមុជទឹកផងដែរ។ នាង និងប្តីរបស់នាងបានធ្វើបុណ្យជ្រមុជទឹកទាំងពីរនាក់។ ហេឡេន ពុំបានដឹងថា អ្នកណាជាអ្នកដាក់សៀវភៅក្តីសង្ឃឹមដ៏អស្ចារ្យ នៅក្នុងការិយាល័យវេជ្ជបណ្ឌិតនៅ ទូទាំងទីក្រុងប៉ារីសនោះទេ ប៉ុន្តែ នាងដឹងថា សៀវភៅនេះពុំមែនជារបស់វេជ្ជបណ្ឌិតនោះឡើយ ដោយសារតែគាត់ពុំមែនជាអាត់វេនទីស្ទ។ សព្វថ្ងៃនេះ នាងដាក់សៀវភៅនៃក្តីសង្ឃឹមដ៏អស្ចារ្យនៅក្នុងការិយាល័យវេជ្ជបណ្ឌិតទូទាំងទីក្រុប៉ារីស។ ហេឡេនបាននិយាយថា «ខ្ញុំមានសេចក្តីអំណរជាខ្លាំងដែល ខ្ញុំប្រទះឃើញនឹងសៀវភៅនោះ។ ខ្ញុំជឿជាក់ថា រឿងនេះពុំមែនជារឿងចៃដន្យនោះទេ។ ភាពជឿជាក់របស់ខ្ញុំបានកើនឡើង ហើយខ្ញុំនៅមានជាច្រើនទៀតដែលត្រូវរៀនពីការសិក្សា ព្រះគម្ពីរ និងសំេណររបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍។ព្រះមានផែនការសម្រាប់ខ្ញុំ។ ហើយខ្ញុំក៏ស្រឡាញ់ពួកជំនុំរបស់ខ្ញុំផងដែរ»។
អំណានដង្វាយប្រចាំសប្តាហ៍
អ្នកថ្វាយដង្វាយ១០ហូត១ដែលនៅម្នាក់ឯង
តើមានអ្វីកើតឡើងប្រសិនបើមានឧបសគ្គចំពោះការ «ប្រជុំគ្នា» របស់យើងនៅក្នុងពួកជំនុំនោះ (ហេព្រើរ ១០៖២៤, ២៥)? តើយើងម្នាក់ៗត្រូវធ្វើយ៉ាងដូចម្តេចដើម្បីរក្សាភាពស្មោះត្រង់ និងសេចក្តីជំនឿឲ្យបានគង់វង្សខណៈដែលយើងនៅឆ្ងាយដាច់ស្រយាលពីព្រះវិហារនោះ?
រឿងរបស់លោកយាយមេរូពី ជីកា ស្ត្រីសាសន៍អាល់បានី គឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ។ លោកយាយមេរូពីបានទទួលជឿសេចក្តីពិតរបស់ព្រះវិហារអាត់វេនទីស្ទតាមរយៈលោកដានីយ៉ែល លូវិស ដែលជាបេសកជនមានដើមកំណើតអាល់បានីមកពីសហរដ្ឋអាមេរិកក្នុងទសវត្សឆ្នាំ១៩៤០។ ទោះជាយ៉ាងណា ដោយសារមានហេតុផលមួយចំនួន គាត់ពុំទាន់បានទទួលបុណ្យជ្រមុជទឹកភ្លាមទេ។ បន្ទាប់មក នៅចុងបញ្ចប់សង្គ្រាមលោកលើកទីពីរ ពេលដែលរបបកុម្មុយនីស្តឡើងកាន់អំណាចក្នុងប្រទេសអាល់បានី ព្រះវិហារគ្រីស្ទានទាំងអស់ត្រូវបានបិទ ហើយលោកលូវិសក៏ត្រូវបានចាប់ខ្លួន។ ហេតុនោះ លោកយាយមេរូពីក៏នៅឃ្លាតឆ្ងាយពីសហគមន៍អាត់វេនទីស្ទភាគច្រើនអស់រយៈកាលជិត៥០ឆ្នាំ! ទីបំផុត ពេលដែលឆ្នាំ១៩៩១មកដល់ លោករេយ៍ ដាប្រូស្គី ពីព្រះវិហារអាត់វេនទីស្ទពិភពលោកបានរកលោកយាយឃើញបន្ទាប់ពីរដ្ឋាភិបាលដកបម្រាមខាងសាសនាចេញវិញនោះ។
លោកយាយមេរូពីបានជម្រាបលោកដាប្រូស្គីថា លោកយាយមានបំណងធំៗចំនួនបី៖ ទីមួយ គាត់សូមទទួលបុណ្យជ្រមុជទឹក ទីពីរ គាត់សូមថ្វាយដង្វាយ១០ហូត១និងដង្វាយសទ្ធាដែលគាត់បានញែកចេញអស់រយៈកាល៤៦ឆ្នាំ និងទីបី គាត់ចង់ឃើញអគារព្រះវិហារអាត់វេនទីស្ទសង់ឡើងក្នុងប្រទេសរបស់គាត់ (ANN, Feb. 19, 2001)។ មានតែបំណងពីរដំបូងប៉ុណ្ណោះដែលបានសម្រេចឡើងមុនពេលលោកយាយទទួលមរណភាពនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០១ ក្នុងអាយុ៩៧ឆ្នាំ។ តើលោកយាយមេរូពីឆោតល្ងង់ឬដែលខំរក្សាប្រាក់ដង្វាយទុកអស់រយៈកាលយ៉ាងយូរដែលធ្វើឲ្យប្រាក់ដង្វាយនោះបាត់បង់តម្លៃមួយចំនួនដោយសារតែអតិផរណា៤៦ឆ្នាំនោះ? គាត់គួរណាស់តែបានប្រើប្រាស់ថវិកាទាំងនោះជួយដល់មនុស្សដែលខ្វះខាត ឬឧបត្ថម្ភដល់អ្នកផ្សាយដំណឹងល្អក្នុងប្រទេសដែលកំពុងខ្ទេចខ្ទាំដោយភាពក្រីក្រមែនទេ?
ច្បាស់ណាស់ លោកលូវិសបានបង្រៀនយ៉ាងស្មោះត្រង់ដល់លោកយាយមេរូពីអំពីគោលការព្រះគម្ពីរ ហើយលោកយាយក៏បានយល់យ៉ាងច្បាស់ផងដែរ។ លោកយាយបានអនុវត្តតាមអ្វីដែលព្រះគម្ពីរបង្រៀនយ៉ាងពិតប្រាកដស្តីអំពីប្រធានបទមួយនេះ៖ ប្រាក់មួយចំណែកពីប្រាក់ចំណូលរបស់យើងដែលហៅថាដង្វាយ១០ហូត១ ១)តោងតែតំណាងឲ្យភាគរយដែលត្រឹមត្រូវ (គឺ១០ភាគរយ) ២) តោងតែយកទៅដាក់ក្នុងឃ្លាំងរបស់ព្រះ (ចោទិយកថា ១២៖១៤, របាក្សត្រទី២ ៣១, ម៉ាឡាគី ៣៖៨‑១០), ៣) តោងតែយកទៅប្រើប្រាស់តាមការណែនាំរបស់ព្រះ គឺសម្រាប់ឧបត្ថម្ភដល់ព័ន្ធកិច្ចស្របច្បាប់របស់ព្រះ (លេវីវិន័យ ១៨៖២១, ២៤), និង ៤) តោងតែយកទៅបែងចែកឲ្យស្មើភាពគ្នាក្នុងព័ន្ធកិច្ចរបស់ព្រះ (ចោទិយកថា ១៨៖១‑៨, នេហេមា ១៣៖៨‑១៤)។
សេចក្តីអំពាវនាវ៖ ការថ្វាយដង្វាយ១០ហូត១គឺជាសកម្មភាពនៃការចុះចូលចំពោះព្រះជាម្ចាស់ដែលបានបង្កើតប្រព័ន្ធនេះមក និងដែលបានកំណត់របៀបប្រើប្រាស់ដង្វាយនេះផងដែរ។
សេចក្តីអធិដ្ឋាន៖ ឱព្រះវរបិតាសួគ៌ សូមជួយយើងឲ្យទទួលយកការណែនាំរបស់ព្រះអង្គដល់ទូលបង្គំអំពីបញ្ហានេះផង។ អាម៉ែន។