សូមអានខគម្ពីរដានីយ៉ែល ១១:១៦-២៨។ ជាការពិតណាស់ ខទាំងនេះមិនងាយយល់នោះ ទេ។ ប៉ុន្តែ តើរូបស័ព្ទ ឬនិមិត្តសញ្ញាអ្វីខ្លះ ដែលយើងបានឃើញក្នុងខទាំងនេះ? តើមានកន្លែងណាទៀត ដែលលោកអ្នកបានអានអំពីនិមិត្តសញ្ញាដូចគ្នាទាំងនេះ នៅក្នុងកណ្ឌគម្ពីរដានីយ៉ែល?
ក្នុងខគម្ពីរដានីយ៉ែល ១១:៦ យើងបានឃើញពីការប្រែប្រួលនៃអំណាច ចាប់តាំងពីស្តេចនៃ នគរក្រេករហូតដល់អាណាចក្ររ៉ូម។ ទី១ ស្តេចនៃទិសខាងជើងគឺជារូបស័ព្ទមួយតំណាងអោយសាសន៍ ក្រេក។ ប៉ុន្តែ ឥឡូវនេះ វាបានក្លាយជារូបស័ព្ទតំណាងអោយសាសន៍រ៉ូមវិញ៖ «គឺស្តេចដែលលុកចូលមក ច្បាំងនោះ នឹងធ្វើតាមតែអំពើចិត្ត ឥតមានអ្នកណាអាចនឹងឈរនៅមុខទ្រង់បានឡើយ ទ្រង់នឹងឈរនៅ ក្នុងស្រុកដ៏ឧត្តម ទាំងមានអំណាចបំផ្លាញនៅក្នុងកណ្តាប់ដៃផង» (ដានីយ៉ែល ១១:១៦)។ ទឹកដីដ៏ស្រស់ ស្អាតគឺជាទីក្រុងយេរូសាឡិម។ ស្តេចនៃទិសខាងជើង ដែលគ្រប់គ្រងលើតំបន់នោះ គឺជាអាណាចក្រ រ៉ូម។ យើងឃើញហេតុការណ៍ដែលបានកើតឡើងនៅក្នុងខគម្ពីរដានីយ៉ែល ៨ នៅពេលដែលស្នែងតូចបានពង្រីកអាណាចក្រខ្លួនអោយបានធំឡើង។ ស្នែងតូចបានពង្រីកអាណាចក្រខ្លួនទៅក្នុងទីក្រុង យេរូសាឡិម (ដានីយ៉ែល ៨:៩)។ ដូច្នេះ វាច្បាស់ណាស់ថា អំណាចដែលគ្រប់គ្រងលើផែនដីនៅពេល នេះគឺជាចក្រភពរ៉ូម។
ជំពូក ១១ បានផ្តល់អោយយើងនូវតម្រុយខ្លះៗ ពីស្តេចមួយក្នុងចំណោមស្តេចទាំងឡាយនាពេលអនាគតនៃទិសខាងជើង ឬអាណាចក្ររ៉ូមបានធ្វើ៖ «ស្តេច១ សោយរាជ្យឡើងជំនួស ជាអ្នកដែលនឹង ចាត់ភ្នាក់ងារ ឲ្យដើរកាត់ស្រុករុងរឿងក្នុងនគរ» (ដានីយ៉ែល ១១:២០)។ ខនេះ បង្ហាញយើងពី អធិរាជ សេសា-អូគូស្ទ (Caesar Augustus)។ ព្រះយេស៊ូវបានប្រសូត នៅពេលដែលអូគូស្ទគ្រងរាជ្យជាស្តេច។ នាងម៉ារី និងលោកយ៉ូសែបបានធ្វើដំណើរទៅភូមិបេថ្លេហិមនៅក្នុងអំឡុងពេលនេះ។ ដូចគ្នាផងដែរ បទគម្ពីរ ដានីយ៉ែល ១១ បានបង្ហាញយើងថា ស្តេចអូគូស្ទនឹងដើរតាមគន្លងនៃស្តេចដ៏អាក្រក់បំផុត។ «រួចនឹងមានម្នាក់ដែលគួរស្អប់ខ្ពើមតាំងខ្លួនឡើងជំនួសទ្រង់ ឥតមានអ្នកណាប្រគល់រាជសក្តិដល់អ្នកនោះឡើយ» (ដានីយ៉ែល ១១:២១)។ ប្រវត្តិសាស្ត្របានបង្ហាញយើងថា លោកទីបេរ៊ីស (Tiberius) បានក្លាយជាមេ ដឹកនាំនៃចក្រភពរ៉ូមបន្ទាប់ពីស្តេចអូគូស្ទ។ ស្តេចអូគូស្ទបានចិញ្ចឹមបីបាច់ទីបេរ៊ីស ដូចជាកូនបង្កើតរបស់ ទ្រង់។ លោកទីបេរ៊ីសជាមនុស្សពុតត្បុត និងជាមនុស្សអាក្រក់។
បទគម្ពីរដានីយ៉ែល ១១ បង្ហាញយើងថា «ឯពលទ័ពដ៏មានជ័យនឹងត្រូវចុះចាញ់នៅចំពោះអ្នកនោះ ហើយនឹងត្រូវបាក់បែកអស់ទៅ អើ ទោះទាំងសំដេចសង្ឃនៃសេចក្តីសញ្ញាផង» (ដានីយ៉ែល ១១:២២) នៅក្នុងអំឡុងពេលដែលទីបេរ៊ីសបានគ្រងរាជ្យជាស្តេច។ តើការនេះបង្ហាញយើងពីអ្វី? វាបង្ហាញយើងថា ព្រះយេស៊ូវនឹងត្រូវសុគតនៅលើឈើឆ្កាង។ ព្រះយេស៊ូវក៏មាននាមថា «[ព្រះមែស្ស៊ី] ជាអ្នកដែលជាកំពូល បណ្តាច់» ផងដែរ (ដានីយ៉ែល ៩:២៥, សូមអានខគម្ពីរម៉ាថាយ ២៧:៣៣-៥០ ផងដែរ)។ ដូច្នេះ យើង ឃើញថា ព្រះយេស៊ូវបានសុគតនៅក្នុងអំឡុងពេលដែលទីបេរ៊ីសគ្រងរាជ្យជាស្តេច។ ខគម្ពីរ អំពីព្រះយេស៊ូវ នេះ គឺជាភស្ដុតាងដ៏មានឥទ្ធិពលបំផុត ដែលបង្ហាញថាព្រះទ្រង់ជ្រាបដឹងពីអនាគត។
ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០
នគរបន្ទាប់
សូមអានខគម្ពីរដានីយ៉ែល ១១:២៩-៣៩។ យោងតាមការបង្ហាញនៃខទាំងនេះ តើនគរមួយ ណាដែលឡើងកាន់អំណាច បន្ទាប់ពីនគររ៉ូម?
ខគម្ពីរដានីយ៉ែល ១១:២៩-៣៩ បង្ហាញយើងពីនគរថ្មីមួយនៅលើផែនដី។ នគរនេះគឺជាផ្នែកមួយនៃនគររ៉ូមចាស់។ នគរនេះបានធ្វើកិច្ចការជាច្រើនដូចដែលនគររ៉ូមបានធ្វើដែរ។ ប៉ុន្តែ អំណាច ថ្មីមួយនេះក៏មានលក្ខណៈខុសគ្នាផងដែរ (ដានីយ៉ែល ១១:២៩)។ ព្រះគម្ពីរបានចែងថា «តែជាន់ក្រោយ នេះ និងមិនបានដូចជាជាន់មុនទេ» (ដានីយ៉ែល ១១:២៩)។ យើងក៏បានឃើញផងដែរថានគរថ្មីមួយ នេះ មានឥរិយាបថដូចគ្នានឹងអំណាចខាងសាសនាដែរ។ វាបានធ្វើការវាយប្រហារទាស់នឹងព្រះ ហើយ និងរាស្ត្ររបស់ទ្រង់។ ចូរយើងក្រឡេកមើលទៅកិច្ចការមួយចំនួន ដែលនគរនេះបានធ្វើ។
ទី១ អំណាចនេះនឹង «មានឥរិយាបថដូចគ្នានឹងអំណាចខាងសាសនាដែរ» (ដានីយ៉ែល ១១: ៣០)។ សេចក្តីសញ្ញាគឺជាផែនការរបស់ព្រះ ដើម្បីសង្គ្រោះយើង។ អំណាចថ្មីនេះមានសេចក្តីគ្នាន់ក្នាញ់ចំពោះផែនការរបស់ព្រះ។
ទី២ អំណាចថ្មីនេះបាន «ដំកើងខ្លួនឡើង រហូតដល់អ្នកជាកំពូលបណ្តាច់នៃពួកពលបរិវារផង ក៏លើកចោលការថ្វាយដង្វាយដុតដែលត្រូវថ្វាយជានិច្ចពីទ្រង់ចេញ ព្រមទាំងធ្វើឲ្យទីបរិសុទ្ធរបស់ ទ្រង់អាប់ឱនទៅ» (ដានីយ៉ែល ៨:១១)។ យើងបានឃើញនៅក្នុងបទគម្ពីរដានីយ៉ែល ៨ ពីស្នែងតូច ថាវាបាន «លើកចោលការថ្វាយដង្វាយដុតដែលត្រូវថ្វាយជានិច្ចពីទ្រង់ចេញ ព្រមទាំងធ្វើឲ្យទីបរិសុទ្ធរបស់ទ្រង់អាប់ឱនទៅ» (ដានីយ៉ែល ៨:១១)។ ដូច្នេះ អំណាចថ្មីនៅក្នុងបទគម្ពីរដានីយ៉ែល ១១ នឹងធ្វើការវាយប្រហារខាងព្រលឹងវិញ្ញាណទាស់នឹងកិច្ចការរបស់ព្រះនៅក្នុងរោងឧបោសថនៃស្ថានសួគ៌។
ទី៣ អំណាចនេះបាន «តាំងសេចក្តីគួរស្អប់ខ្ពើមដែលនាំឲ្យបង្ខូចបំផ្លាញឡើង» (ដានីយ៉ែល ១១:៣១)។ ការនេះនឹងកើតមានឡើង បន្ទាប់ពីការវាយប្រហាររបស់វាទៅលើកិច្ចការរបស់ព្រះនៅលើស្ថានសួគ៌។ ឥរិយាបថនៃអំណាចនេះ បង្ហាញយើងថា វាកំពុងធ្វើសង្គ្រាមប្រឆាំងនឹងព្រះ។ វាបាន ប្រព្រឹត្តដូចជាស្នែងតូចនៅក្នុងខគម្ពីរដានីយ៉ែល ៨:១៣ ផងដែរ។
ទី៤ សង្គ្រាមទាំងឡាយនៃអំណាចនេះ ទាស់នឹងរាស្ត្ររបស់ព្រះ (ដានីយ៉ែល ១១:៣៥)។ សង្គ្រាមនេះ ជួយយើងអោយនឹកចាំពីស្នែងតូចនៅក្នុងខគម្ពីរដានីយ៉ែល ៨:១០។ (សូមអានខគម្ពីរ ដានីយ៉ែល ៧:២៥ ផងដែរ)។ ស្នែងតូចបានបោះចោលផ្កាយមួយចំនួនទៅលើដី។ យើងនឹងនឹកចាំ ថា ផ្កាយគឺជារូបស័ព្ទតំណាងអោយរាស្ត្ររបស់ព្រះ។ ដូច្នេះ ស្នែងតូចបង្ហាញយើងថាវានឹងមានការឈឺ ចាប់ ហើយក៏សម្លាប់រាស្ត្ររបស់ព្រះចោលចេញ។
ទី៥ អំណាចថ្មីនេះ «នឹងដំកើងខ្លួនហើយលើកខ្លួនខ្ពស់ជាងអស់ទាំងព្រះ វានឹងពោលយ៉ាង អស្ចារ្យ ទាស់នឹងព្រះនៃអស់ទាំងព្រះ» (ដានីយ៉ែល ១១:៣៦)។ ស្នែងតូច «ក៏មានមាត់កំពុងតែពោល យ៉ាងធំ» (ដានីយ៉ែល ៧:៨)។ វា «នោះនឹងពោលពាក្យទាស់នឹងព្រះដ៏ខ្ពស់បំផុត» (ដានីយ៉ែល ៧:២៥)។
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០
ព្រឹត្តិការណ៍នាគ្រាចុងក្រោយ
តើមានអ្វីកើតឡើងនៅក្នុងខគម្ពីរដានីយ៉ែល ១១:៤០-៤៥?
ចូរយើងក្រឡេកមើលទៅឯពាក្យមួយចំនួននៅក្នុងខទាំងនេះ។ ពាក្យពេចន៍មួយចំនួននឹងជួយយើងអោយយល់ពីខគម្ពីរកាន់តែច្បាស់៖
គ្រាចុងក្រោយ (ដានីយ៉ែល ១១:៤០)។ កណ្ឌគម្ពីរដានីយ៉ែល បង្ហាញយើងអំពី «គ្រាចុង ក្រោយ» ចាប់ផ្តើមឡើងនៅក្នុងឆ្នាំ ១៧៩៨។ វានឹងបញ្ចប់នៅពេលដែលមានការរស់ឡើងវិញលើកទី១ (ដានីយ៉ែល ១២:២)។
ស្តេចនៃទិសខាងជើង (ដានីយ៉ែល ១១:៤០)។ ឈ្មោះនេះ បង្ហាញយើងពីអំណាចផ្សេងៗគ្នា នៅពេលវេលាខុសគ្នាក្នុងប្រវត្តិសាស្ត្រ។ ទី១ ស្តេចនៃទិសខាងជើង បង្ហាញយើងពីគ្រួសារនៃសេឡេកូស បានកាន់កាប់ផ្នែកខ្លះនៃនគររបស់ស្តេចអាឡិចសាន់ដឺរ។ ប៉ុន្តែក្រោយមក ស្តេចនៃទិសខាងជើងបង្ហាញ យើងពីព្រះវិហាររ៉ូមុាំងកាតូលិក។ ដូច្នេះ ស្តេចនៃទិសខាងជើងពុំមែនជារូបស័ព្ទតំណាងអោយទីកន្លែង ណាមួយនោះទេ។ ក្នុងព្រះគម្ពីរ ទិសខាងជើង គឺជារូបស័ព្ទតំណាងអោយអំណាចរបស់ព្រះ (អេសាយ ១៤:១៣)។ ដូច្នេះ ឈ្មោះរបស់ស្តេចបង្ហាញយើងថា ទ្រង់ព្យាយាមជំនួសព្រះ។
ស្តេចនៃទិសខាងត្បូង (ដានីយ៉ែល ១១:៤០)។ ដំបូងឡើយ ឈ្មោះនេះបង្ហាញយើងពីគ្រួសារ នៃថូឡេមីដែលគ្រប់គ្រងលើស្រុកអេស៊ីព្ទ។ ស្រុកអេស៊ីព្ទស្ថិតនៅទិសខាងត្បូងនៃទឹកដីដ៏បរិសុទ្ធ។ ប៉ុន្តែក្រោយមក ស្តេចនៃទិសខាងត្បូង បានក្លាយមកជារូបស័ព្ទតំណាងអោយមនុស្សទាំងឡាយណា ដែលមិនជឿដល់ព្រះ។ អ្នកស្រី អែល្លីន ជី វ៉ៃត៍បានមានប្រសាសន៍ថា លទ្ធិបដិសេធអាទិទេព គឺជាការ បង្រៀនថាគ្មានព្រះនោះទេ។ «ស្រុកអេស៊ីព្ទ ជារូបស័ព្ទតំណាងអោយលទ្ធិបដិសេធអាទិទេព» ដកស្រង់ ពី The Great Controversy, page 269, adapted។
ស្រុកឧត្តម។ នៅក្នុងសម័យនៃគម្ពីរសញ្ញាចាស់ ស្រុកឧត្តម គឺជារូបស័ព្ទតំណាងអោយទីក្រុង ស៊ីយ៉ូន។ ទីក្រុងស៊ីយ៉ូន គឺជាឈ្មោះមួយផ្សេងទៀត តំណាងអោយទីក្រុងនៃស្រុកអ៊ីស្រាអែល ដែលជា ទឹកដីនៃសាសន៍យូដា។ បន្ទាប់ពីការសុគតនៅលើឈើឆ្កាងរួចមក រាស្ត្ររបស់ព្រះត្រូវបានរាប់បញ្ចូល ទាំងសាសន៍យូដា និងមិនមែនជាសាសន៍យូដា។ ដូច្នេះ ស្រុកឧត្តម បង្ហាញយើងពីរាស្ត្ររបស់ព្រះទាំង អស់។
តើទីសំគាល់នេះ បង្ហាញប្រាប់យើងពីអ្វី? នេះគឺជាការបកស្រាយមួយដែលអាចទៅរួច៖ (១) ស្តេចនៃទិសខាងត្បូងច្បាំងនឹងស្តេចនៃទិសខាងជើង។ សង្គ្រាមរបស់ពួកគេ ជារូបស័ព្ទតំណាងអោយ បដិវត្តន៍បារាំង។ បដិវត្តន៍បារាំងបានព្យាយាមបពា្ឈប់សាសនា និងព្រះវិហាររ៉ូមុាំងកាតូលិក។ ប៉ុន្តែ វាបាន ទទួលបរាជ័យ។ (២) ស្តេចនៃទិសខាងជើងច្បាំងនឹងស្តេចនៃទិសខាងត្បូង ហើយបានឈ្នះ។ សង្គ្រាម នេះ បង្ហាញយើងពីពលទ័ពរបស់ព្រះវិហាររ៉ូមុាំងកាតូលិក និងសម្ព័ន្ធមិត្តរបស់វាបានយកឈ្នះអ្នកដែល មិនជឿព្រះ (អ្នកដែលកាន់លទ្ធិបដិសេធអាទិទេព)។ បន្ទាប់មក ពួកអ្នកដែលមិនជឿព្រះនឹងចុះចូលជាមួយវា។ (៣) ស្រុកអេដុំម ស្រុកម៉ូអាប់ ហើយនិងបណ្តាជននៃស្រុកអាំម៉ូននឹងគេចចេញពីអំណាចនៃ សាសន៍រ៉ូម។ ស្រុកអេដុំម ស្រុកម៉ូអាប់ ហើយនឹងបណ្តាជននៃស្រុកអាំម៉ូន ជារូបស័ព្ទតំណាងអោយក្រុម មនុស្សដែលពុំមែនជាផ្នែកនៃព្រះវិហាររបស់ព្រះ។ (៤) ស្តេចនៃទិសខាងជើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីច្បាំងនឹងស្រុកឧត្តម។ ព្រះបានបំផ្លាញស្តេចនៃទិសខាងជើង ហើយនឹងអំណាចនៃអំពើអាក្រក់ទាំង អស់។ បន្ទាប់មក ព្រះអង្គបានចាប់ផ្តើមតាំងនគរដ៏នៅអស់កល្បរបស់ទ្រង់ឡើង។
ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០
សិក្សាបន្ថែម
លោកម៉ាទីនលូធើរ (Martin Luther) បានជឿថា «ការអាក្រក់បណ្តាលអោយមានការ បំផ្លិចបំផ្លាញ» ក្នុងខគម្ពីរដានីយ៉ែល១១:៣១ បានបង្ហាញយើងពីព្រះវិហាររ៉ូមុាំងកាតូលិក ហើយនិងការ បង្រៀនទាំងឡាយរបស់វា។ ដូច្នេះ យើងអាចមើលឃើញពីលោកលូធើរបានថា វាមានទំនាក់ទំនងច្បាស់ លាស់ រវាងបទគម្ពីរដានីយ៉ែល ១១, ដានីយ៉ែល ៧ និងដានីយ៉ែល ៨។ ជំពូកទាំងអស់នេះ បង្ហាញយើង ពីកិច្ចការ ហើយនិងការបង្រៀនរបស់ព្រះវិហាររ៉ូមុាំងកាតូលិកនៅក្នុងប្រវត្តិសាស្ត្រ។ អ្នកស្រី អែល្លីន ជី វ៉ៃត៍បានមានប្រសាសន៍ថា «ព្រះវិហាររ៉ូមុាំងកាតូលិកពុំបានអនុញ្ញាតអោយព្រះវិហារណាមួយដែលស្ថិត នៅក្រោមការគ្រប់គ្រងរបស់វា ហើយរីករាយនឹងសេរីភាពនោះទេ។ ពុំមានព្រះវិហារណាមួយ ដែលត្រូវ បានអនុញ្ញាតអោយសម្រេចចិត្តធ្វើអ្វីមួយដែលត្រូវ ឬខុសសម្រាប់ពួកគេនោះទេ។ មិនយូរមិនឆាប់ នៅពេលដែលព្រះវិហាររ៉ូមុាំងកាតូលិកបានទទួលអំណាច វាបានប្រើអំណាចរបស់វា ដើម្បីបំផ្លាញមនុស្ស គ្រប់គ្នា ដែលមិនព្រមទទួលយកការគ្រប់គ្រងរបស់វា។ មួយហើយមួយទៀត ព្រះវិហារទាំងអស់បានស្ថិត នៅក្រោមការគ្រប់គ្រង និងនៅក្រោមអំណាចរបស់វា»។ ដកស្រង់ពី The Great Controversy, Page 62, adapted។
សំនួរពិភាក្សា៖
- យើងត្រូវតែបង្ហាញថា យើងយកចិត្តទុកដាក់អំពីអារម្មណ៍របស់មនុស្សដទៃណាដែលមិនជឿលើអ្វីដែលយើងធ្វើ។ ដូច្នេះ យើងគួរតែមានចិត្តសប្បុរស ហើយសុភាពរាបសាទៅកាន់មនុស្សទាំងឡាយ នៅ ពេលដែលយើងកំពុងប្រាប់ពីទីបន្ទាល់ទៅកាន់ពួកគេ។ តើយើងអាចចែករំលែកសេចក្តីពិតអំពីផ្នែកមួយនៃ ព្រះវិហាររ៉ូមុាំងកាតូលិកដែលនឹងដើរតួ នៅគ្រាចុងក្រោយ ប្រកបដោយសេចក្តីស្រឡាញ់ជាមួយពួកគេ យ៉ាង ដូចម្តេច?
- ខគម្ពីរដានីយ៉ែល ១១:៣៣ បានចែងថា «ពួកអ្នកដែលមានប្រាជ្ញាក្នុងបណ្តាជន គេនឹងបង្រៀនមនុស្ស ជាច្រើន ប៉ុន្តែគេនឹងត្រូវដួលដោយដាវនឹងភ្លើង ព្រមទាំងត្រូវដឹកទៅជាឈ្លើយ ហើយត្រូវគេរឹបជាន់ជាយូរ ថ្ងៃផង»។ តើខទាំងនេះ ប្រាប់យើងថានឹងមានរឿងអ្វីកើតឡើងទៅកាន់រាស្ត្ររបស់ព្រះ ដោយសារតែ សេចក្តីជំនឿរបស់ពួកគេ? តើមនុស្សទាំងនេះបានធ្វើអ្វីខ្លះ មុនពេលដែលពួកគេត្រូវបានសម្លាប់? តើមេរៀនអ្វីដែលបង្រៀនយើងនៅថ្ងៃនេះ?
- ខគម្ពីរដានីយ៉ែល ១១:៣៦ បានចែងថា «ស្តេចនោះនឹងធ្វើតាមតែអំពើចិត្ត ក៏នឹងដំកើងខ្លួនហើយលើកខ្លួនខ្ពស់ជាងអស់ទាំងព្រះ វានឹងពោលយ៉ាងអស្ចារ្យ ទាស់នឹងព្រះនៃអស់ទាំងព្រះ វានឹងចេះតែចំរើន ដរាបដល់សេចក្តីគ្នាន់ក្នាញ់បានសម្រេច ដ្បិតការដែលបានសម្រេចនឹងធ្វើហើយ នោះត្រូវធ្វើទៅ»។ តើខនេះ ជួយយើងអោយនឹកចាំពីអ្នកណា ហើយនិងពីអ្វី? (សម្រាប់តំរុយបន្ថែម សូមអានខគម្ពីរអេសាយ ១៤: ១២-១៧ និងអានខគម្ពីរថែស្សាឡូនីចទី២ ២:១-៤ ផងដែរ។)