មេរៀនទី១២​៖ ១៣-១៩ មិថុនា ២០២០

របៀបបកស្រាយខគម្ពីរពិបាកៗ

Jeans
ថ្ងៃសៅរ៍ ទី១៣ មិថុនា ឆ្នាំ២០២០
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ធីម៉ូថេទី២ ២៖១០-១៥; របាក្សត្រទី១ ២៩៖១៧; យ៉ាកុប ៤៖៦-១០; កាឡាទី ៦៖៩; កិច្ចការ ១៧៖១១។

ខចងចាំ៖ «ហើយ​ត្រូវ​រាប់​សេចក្តី​អត់ធ្មត់​របស់​ព្រះអម្ចាស់​នៃ​យើង ទុក​ជា​សេចក្តី​សង្គ្រោះ ដូច​ជា​ប៉ុល ជា ​បង​ប្អូន​ស្ងួនភ្ងា​របស់​យើង​ខ្ញុំ បាន​សរសេរ​មក​អ្នក​រាល់​គ្នា​តាម​ប្រាជ្ញា​ដែល​ព្រះ​បាន​ប្រទាន​មក​លោក​ដែរ ដូច​ជា​ក្នុង​គ្រប់​ទាំង​សំបុត្រ​របស់​លោកដែល​សុទ្ធ​តែ​សំដែង​ពី​សេចក្តី​ទាំង​នេះ នោះ​មាន​សេចក្តី​ខ្លះ​ដែល​ពិបាក​យល់ ហើយ​ពួក​អ្នក​ខ្លៅ​ល្ងង់ និង​ពួក​មិន​ខ្ជាប់ខ្ជួន គេ​បង្វែរ​ន័យ​សេចក្តី​ទាំង​នោះ ដូច​ជា​គេ​បង្វែរ​បទ​គម្ពីរ​ឯ​ទៀត​ដែរ ឲ្យ​ខ្លួន​គេ​ត្រូវ​វិនាស» (ពេត្រុសទី២ ៣៖១៥, ១៦)។

លោកពេត្រុសមានប្រសាសន៍ថា ផ្នែកខ្លះនៃសំបុត្ររបស់លោកប៉ុលពិបាកយល់ណាស់ (ពេត្រុស ទី២ ៣៖១៥, ១៦)។ តើលោកអ្នកមើលឃើញទេថា លោកពេត្រុសពុំបានមានប្រសាសន៍ថា ផ្នែកទាំងអស់នៃសំបុត្ររបស់លោកប៉ុលពិបាកយល់ណាស់ដែរឬទេ? មានតែសំបុត្រខ្លះប៉ុណ្ណោះ។ យើងដឹងថា ព្រះគម្ពីរក៏ដូចគ្នានេះផងដែរ។ តើអ្នកណាមិនដែលធ្លាប់អានចំខណាមួយដែលចម្លែក និងពិបាកយល់ដែរឬទេ? យើងប្រាកដជាមានបទពិសោធន៍នេះនៅពេលខ្លះជាមិនខាន។

សប្តាហ៍នេះ យើងនឹងក្រឡេកមើលហេតុផលដែលថា តើហេតុអ្វីបានជាខគម្ពីរមួយចំនួនពិបាកក្នុងការយល់។ យើងនឹងឆ្លើយសំណួរថា៖ តើយើងអាចយល់ពីខនេះបានកាន់តែប្រសើរដោយរបៀបណា? នៅទីបញ្ចប់ សំណួរមួយចំនួនរបស់យើងប្រហែលត្រូវបានឆ្លើយមុនពេលដែលព្រះយេស៊ូវយាងត្រឡប់មកវិញ។ ទន្ទឹមនឹងនេះ យើងត្រូវតែនឹកចាំថា មានខជាច្រើននៅក្នុងព្រះគម្ពីរដែលមិនពិបាកយល់នោះទេ។ ដូច្នេះ យើងពុំគួរអោយខគម្ពីរមួយចំនួនតូចធ្វើអោយការជឿទុកចិត្តរបស់យើងលើព្រះគម្ពីរដែលជាព្រះ បន្ទូលរបស់ព្រះចុះខ្សោយនោះទេ។

ថ្ងៃអាទិត្យ ទី១៤ មិថុនា ឆ្នាំ២០២០

ហេតុផលសមរម្យសម្រាប់ខដែលមើលទៅដូចជាខ្វែងគំនិតគ្នាក្នុងព្រះគម្ពីរ

សូមអានការណែនាំរបស់លោកប៉ុលនៅក្នុងខគម្ពីរធីម៉ូថេទី២ ២៖១០-១៥។ លោកប៉ុលមាន ប្រសាសន៍ទៅកាន់លោកធីម៉ូថេអោយ «​ខំ​ប្រឹង» (ធីម៉ូថេទី២ ២៖១៥) និង «កាត់​ស្រាយ​ព្រះបន្ទូល​នៃ​សេចក្តី​ពិត​យ៉ាង​ត្រឹម​ត្រូវ» (ធីម៉ូថេទី២ ២៖១៥)។ តើសារសំខាន់អ្វីដែលលោកប៉ុលបានផ្តល់អោយយើងនៅទីនេះ?

សិស្សនៃព្រះគម្ពីរទាំងអស់ដែលពោរពេញទៅដោយគំនិត និងភាពស្មោះត្រង់នឹងទទួលស្គាល់ថា មានផ្នែកមួយចំនួននៅក្នុងព្រះគម្ពីរដែលពិបាកយល់។ យើងពុំគួរបារម្ភពីបញ្ហានេះឡើយ។ យើងគួរតែដឹងថាបញ្ហានេះនឹងកើតឡើង។ សូមចងចាំថា យើងមិនមែនជាមនុស្សល្អឥតខ្ចោះនោះទេ។ យើងមិនអាចរស់ជារៀងរហូតបាន ឬមានចំណេះវិជ្ជាដ៏ល្អឥតខ្ចោះបាននោះទេ។ គ្មានអ្នកណាម្នាក់ដឹងរឿងទាំងអស់ នៅលើផែនដីបាននោះទេ។ យើងដឹងបានបន្តិចបន្តួចតែប៉ុណ្ណោះអំពីរឿងរបស់ព្រះ។ ដូច្នេះ យើងនឹងជួបបញ្ហាមួយចំនួននៅពេលដែលយើងដែលជាមនុស្សលោកព្យាយាមស្វែងយល់អំពីប្រាជ្ញារបស់ព្រះតាមរយៈព្រះគម្ពីរ។ ប៉ុន្តែ យើងត្រូវតែចងចាំថា រឿងនេះពុំមែនជាភស្តុតាងបង្ហាញថា ព្រះគម្ពីរមិនមែនជាសេចក្តីពិតនោះទេ។

មនុស្សជាច្រើនពុំបានជឿថា ព្រះបានប្រទានព្រះគម្ពីរដល់មនុស្សទេ ពួកគេតែងតែនិយាយថា មានផ្នែកជាច្រើននៃព្រះគម្ពីរដែលខ្វែងគំនិតគ្នា។ សម្រាប់ពួកគេយល់ឃើញថា ព្រះគម្ពីរគ្រាន់តែជាសៀវភៅមួយក្បាលដែលត្រូវបានសរសេរឡើងដោយមនុស្សតែប៉ុណ្ណោះ។ ដូច្នេះយើងជឿថា ព្រះគម្ពីរ មានពេញដោយកំហុសជាច្រើន។ ពួកគេពុំបានព្យាយាមស្វែងរកការបកស្រាយដែលបង្ហាញថា មានកន្លែងស្របគ្នានៅក្នុងផ្នែកដែលខ្វែងគំនិតគ្នានោះទេ។ មនុស្សជាច្រើនដែលចាប់ផ្តើមសួរសំណួរទៅលើទំព័រដំបូងនៃព្រះគម្ពីរប្រហែលជាមានមន្ទិលសង្ស័យភ្លាមៗទៅកាន់ព្រះគម្ពីរទាំងមូលផងដែរ។

ដូច្នេះ តើហេតុអ្វីបានជាផ្នែកមួយចំនួននៃព្រះគម្ពីរខ្វែងគំនិតជាមួយផ្នែកដទៃទៀត?​ បញ្ហាប្រហែលជាចេញមកពីកំហុសដែលមនុស្សបានបង្កើតនៅពេលដែលពួកគេចម្លងព្រះគម្ពីរជាភាសាមួយទៀត។ អ្នកស្រីអែល្លិន ជីវ៉ៃត៍បានសរសេរថា «មានអ្នកខ្លះនិយាយមកកាន់យើងថា `តើលោកអ្នកពុំបាន គិតទេថា អ្នកចម្លងព្រះគម្ពីរជាភាសាដទៃបានបង្កើតកំហុសទេឬ?’រឿងនេះអាចកើតឡើងបាន។ មានមនុស្សមួយចំនួននឹងលែងជឿទុកចិត្តលើព្រះគម្ពីរតទៅទៀតដោយសារតែកំហុសទាំងនេះ។ ក្រុមដដែលនេះត្រៀមលក្ខណៈរួចជាស្រេចក្នុងការស្វែងរកបញ្ហាទៅលើគោលជំនឿដ៏អាថ៌កំបាំងនៃព្រះគម្ពីរ។ តើហេតុអ្វី? គឺដោយសារភាពកំសោយនៃចិត្តគំនិតរបស់ពួកគេដែលធ្វើមិនអោយពួកគេយល់អំពីផែនការរបស់ព្រះ។ ក្រុមដដែលនេះនឹងមានបញ្ហាក្នុងការស្វែងយល់ពីរឿងពិតដែលមនុស្សភាគច្រើនអាចទទួលយក។ ពួកគេនឹងមិនអាចយល់អំពីសេចក្តីពិតនៃព្រះវិញ្ញាណ ឬមើលឃើញព្រះបន្ទូលរបស់ព្រះយ៉ាងច្បាស់ និងស្រស់បំព្រងឡើយ។ អ្នកដែលមានជំនឿពិតប្រាកដលើព្រះគម្ពីរនឹងមិនឃើញមានបញ្ហាណាមួយ នៅក្នុងសេចក្តីពិតដែលព្រះបានបង្ហាញមកយ៉ាងច្បាស់លាស់បានឡើយ»។ ដកស្រង់ពីសំណេររបស់អ្នក ស្រីអែល្លិន ជីវ៉ៃត៍ Selected Messages, book 1, page 16, adapted។

តើហេតុអ្វីបានជាការដែលយើងសិក្សាព្រះគម្ពីរដោយចិត្តគ្មានអំនួតមានសារៈសំខាន់ម្លេ៉ះ?

ថ្ងៃច័ន្ទ ទី១៥ មិថុនា ឆ្នាំ២០២០

មានភាពស្មោះត្រង់ និងប្រុងប្រយ័ត្ននៅពេលអ្នកសិក្សា

តើលោកអ្នកធ្លាប់បានអានខណាមួយដែលលោកអ្នកមិនយល់ដែរឬទេ? តើខគម្ពីរនោះពិបាករកឃើញចំណុចផ្សារភ្ជាប់ជាមួយខដទៃទៀតមែនឬ? វាមិនគួរអោយជឿថា មានអ្នកណាម្នាក់មិនដែលធ្លាប់ ជួបបញ្ហានេះទាល់តែសោះឡើយ។ សំណួរសួរថា តើលោកអ្នកដោះស្រាយបញ្ហានេះដោយរបៀបណា? ឬ អ្វីដែលសំខាន់ជាងនេះទៅទៀត តើលោកអ្នកគួរដោះស្រាយបញ្ហានេះដោយរបៀបណា?

សូមអានខគម្ពីរកូរិនថូសទី១ ២៩៖១៧; សុភាសិត ២៖៧; ធីម៉ូថេទី១ ៤៖១៦។ តើខទាំងនេះកំពុងតែបង្ហាញប្រាប់អំពីអ្វី? តើខទាំងនេះជួយយើងអោយយល់ពីវិធីដោះស្រាយនៅពេលដែលអានចំខពិបាកយល់នោះយ៉ាងដូចម្តេច?

យើងត្រូវតែស្មោះត្រង់។ ភាពស្មោះត្រង់នឹងជួយយើងអោយដោះស្រាយបញ្ហាតាមវិធីដ៏ត្រឹមត្រូវមួយ។ ភាពស្មោះត្រង់ជួយអោយយើងមានសុវត្ថិភាពផងដែរ។ ភាពស្មោះត្រង់ជួយយើងអោយគេចចេញពីបញ្ហាទាំងឡាយ ឬលាក់ពួកវាទុកបាន។ ភាពស្មោះត្រង់នឹងជួយការពារយើងចេញពីការឆ្លើយចំឡើយលីលាតបនឹងបញ្ហាទាំងនេះ។ ព្រះសព្វព្រះទ័យនឹងយើងនៅពេលដែលយើងមានភាពស្មោះត្រង់។ ដូច្នេះ យើងគួរតែត្រាប់តាមគំរូរបស់ទ្រង់លើគ្រប់អ្វីៗដែលយើងធ្វើ រួមទាំងការដែលយើងសិក្សាព្រះគម្ពីរផងដែរ។

មនុស្សស្មោះត្រង់នឹងមានការប្រុងប្រយ័ត្នដោយជៀសវាងការនិយាយអំពីខគម្ពីរណាមួយដែលមិនត្រឹមត្រូវ។ ពួកគេមិនដែលកុហក ឬដឹកនាំអ្នកដទៃអោយជឿលើអ្វីដែលខុសឆ្គងនោះទេ។ វាជាការល្អប្រសើរនៅក្នុងការរង់ចាំចំឡើយរបស់ព្រះតាមរយៈការគាំទ្រនៃព្រះគម្ពីរ។ យើងមិនត្រូវព្យាយាមបកស្រាយរឿងអ្វីនៅក្នុងវិធីដែលមិនត្រឹមត្រូវ និងមិនច្បាស់លាស់នោះទេ។ យើងនឹងបង្កើនការជឿទុកចិត្តលើព្រះ និងមនុស្សដទៃទៀត នៅពេលណាដែលយើងមានភាពស្មោះត្រង់នៅក្នុងការសិក្សាព្រះគម្ពីរ។ រាល់មិត្តភាពល្អទាំងអស់ត្រូវបានបង្កើតឡើងដោយការជឿទុកចិត្ត។ ដូច្នេះ សូមកុំព្យាយាមបកស្រាយខណាមួយដែលលោកអ្នកយល់ឃើញ តែខនោះពុំបានបង្ហាញប្រាប់អំពីសេចក្តីនោះទាល់តែសោះឡើយ។ វាជាការល្អប្រសើរ ក្នុងការប្រាប់អ្នកណាម្នាក់ថា លោក​អ្នកពុំបានដឹងចំឡើយឆ្លើយតបទៅនឹងសំណួរដែលគាត់សួរនោះទេ។

មនុស្សដែលមានការប្រុងប្រយ័ត្នតែងតែចង់ដឹងសេចក្តីពិតអំពីព្រះគម្ពីរ។ ដូច្នេះ ពួកគេតែងតែប្រាកដថា ពួកគេនឹងមិនប្រញាប់ទទួលយកចំឡើយណាមួយដែលចេញពីការសម្រេចចិត្តភ្លាមៗលើអ្វីដែលព្រះគម្ពីរចង់បង្ហាញប្រាប់នោះទេ។ ពួកគេក៏មិនព្យាយាមឆ្លើយសំណួរអំពីអ្វីដែលពួកគេពុំដឹងនោះដែរ។ ពួកគេមិនប្រើភស្តុតាងដែលមិនច្បាស់លាស់ ដើម្បីបង្ហាញអ្នកដទៃថា គំនិតរបស់គេត្រឹមត្រូវនោះទេ។ មនុស្សដែលមានការប្រុងប្រយ័ត្នតែងតែយកចិត្តទុកដាក់ទៅចំណុចតូចៗនៃព័ត៌មាន ឬផ្នែកនៃខមួយដែល យល់ថាជាចំណុចសំខាន់។ ពួកគេចំណាយពេលរបស់ពួកគេដើម្បីពិចារណាអំពីអ្វីមួយ។ ពួកគេមិនប្រញាប់ប្រញាល់ឡើយ។ ពួកគេតែងតែប្រុងប្រយ័ត្នលើការសិក្សាស្វែងយល់ព្រះគម្ពីររបស់ពួកគេ។

តើលោកអ្នកនឹងធ្វើយ៉ាងដូចម្តេចជាមួយខគម្ពីរដែលលោកអ្នកពុំបានយល់ច្បាស់លាស់? តើលោកអ្នកធ្វើយ៉ាងដូចម្តេចនៅពេលដែលខគម្ពីរទាំងនេះមិនស្របតាមអ្វីដែលលោកអ្នកយល់អំពីសេចក្តីពិតនៃព្រះគម្ពីរ?

ថ្ងៃអង្គារ ទី១៦ មិថុនា ឆ្នាំ២០២០

បកស្រាយខគម្ពីរដោយចិត្តគ្មានអំនួត

សូមអានខគម្ពីរយ៉ាកុប ៤៖៦-១០; កូរិនថូសទី២ ៧៖១៤ និង សេផានា ៣៖១២។ តើហេតុអ្វី បានជាការដែលគ្មានចិត្តអំនួតមានសារៈសំខាន់នៅក្នុងការសិក្សាខគម្ពីរដែលពិបាកៗ?

មនុស្សជាច្រើនបានយល់ឃើញថា ពួកគេត្រូវតែពឹងផ្អែកលើសំភារៈសិក្សាព្រះគម្ពីរ និងមនុស្សដទៃទៀតក្នុងការបកស្រាយព្រះគម្ពីរ។ ពួកគេបានសិក្សាឃើញថា ពួកគេពុំមានចំឡើយទាំងអស់ ដើម្បីតបឆ្លើយទៅនឹងបញ្ហានៃជីវិតបានឡើយ។ មនុស្សទាំងនេះបានសិក្សាឃើញថា សេចក្តីពិតនៃព្រះគម្ពីរសំខាន់ជាងតម្រូវការរបស់ពួកគេដែលគិតថាត្រឹមត្រូវ។ ពួកគេយល់ឃើញថា សេចក្តីពិតពុំមែនដូចជាអ្វីដែលនិយាយថាត្រឹមត្រូវនោះទេ។ ប្រហែលជាសេចក្តីពិតដ៏សំខាន់បំផុតដែលមនុស្សទាំងនេះបានរៀន គឺគ្រាន់តែជាវិធីតូចមួយដែលពួកគេចង់ដឹងអំពីសេចក្តីពិតតែប៉ុណ្ណោះ។ ពួកគេដឹងថា ពួកគេ «ឃើញ​បែប ​ស្រអាប់ ដូច​ជា​ដោយសារ​កញ្ចក់» (កូរិនថូសទី១ ១៣៖១២) តែប៉ុណ្ណោះ។

ព្រះនឹងប្រទានពរដល់យើងនៅពេលណាដែលយើងមានចិត្ត និងគំនិតដែលគ្មានអំនួត។ នេះគឺជាអត្ថន័យនៃការបន្ទាបចិត្ត។ ចំណេះដឹងរបស់យើងនឹងបានកើតឡើងនៅពេលដែលយើងសិក្សាដោយបន្ទាបចិត្ត។ ការបន្ទាបចិត្តអាចជួយយើងអោយមានសេរីភាពចេញពីអំនួត។ បន្ទាប់មក យើងនឹងយល់ព្រមអនុញ្ញាតអោយព្រះបង្រៀនយើង។ តើរឿងនេះមានន័យថា មនុស្សដែលបន្ទាបខ្លួននឹងមិនដែលយល់ ខុសឬ? មិនមែនទេ។ ពួកគេប្រហែលជាយល់ខុសនៅពេលខ្លះ។ ឬពួកគេអាចផ្លាស់ប្តូរចិត្តគំនិតរបស់ពួកគេចំពោះខទាំងនោះ។ ការបន្ទាបចិត្តរបស់ពួកគេត្រឹមតែបង្ហាញបានថា ពួកគេថ្វាយចិត្តរបស់ពួកគេទៅលើសេចក្តីពិតនៃព្រះគម្ពីរតែប៉ុណ្ណោះ។ ពួកគេទទួលស្គាល់ថា ពួកគេពុំអាចដឹងរឿងទាំងអស់បានឡើយ។ ដូច្នេះ ពួកគេយល់ថា ពួកគេនៅតែអាចរៀនអ្វីថ្មីៗចេញពីព្រះគម្ពីរជានិច្ច។

«អស់អ្នកណាដែលចង់ស្វែងរកសេចក្តីពិតនៃព្រះគម្ពីរត្រូវតែចូលមកដោយបន្ទាបចិត្ត និងគំនិត។ ពួកគេត្រូវតែយល់ពីសេចក្តីពិតអំពីផែនការរបស់ព្រះក្នុងការសង្គ្រោះពួកគេ។ បន្ទាប់មក ពួកគេនឹងយល់អំពីអ្វីដែលព្រះគម្ពីរចង់បង្ហាញប្រាប់។ ប៉ុន្តែ មានមនុស្សមួយចំនួនដែលសិក្សាព្រះគម្ពីរដោយ វិញ្ញាណមួយដែលព្រះគម្ពីរពុំបានអនុញ្ញាត។ មនុស្សទាំងនេះនឹងស្វែងយល់ព្រះគម្ពីរ តែទទួលបានគោលគំនិតខុសឆ្គងវិញ។ ព្រះអម្ចាស់នឹងមិនមានបន្ទូលទៅកាន់ចិត្តដែលមិនខ្វល់ខ្វាយអំពីសេចក្តីពិតនោះទេ។ ព្រះនឹងមិនចំណាយពេលឥតប្រយោជន៍នៅក្នុងការបង្រៀនរបស់ទ្រង់ទៅកាន់មនុស្សដែលមិនបានបង្ហាញការគោរពដល់ព្រះអង្គ និងមានចិត្តដែលមិនបរិសុទ្ធនោះទេ។ ប៉ុន្តែ សាតាំងបង្រៀនដល់ចិត្តនៃ មនុស្សគ្រប់គ្នាអោយថ្វាយទៅលើការកុហករបស់វាវិញ។ មនុស្សទាំងនេះត្រៀមលក្ខណៈជាស្រេចក្នុងការនិយាយថា ក្បួនច្បាប់ដ៏បរិសុទ្ធរបស់ព្រះមិនសំខាន់នោះទេ»។

«យើងត្រូវដកនូវសេចក្តីអំនួតរបស់យើងចេញ។ យើងត្រូវស្វែងយល់ព្រះគម្ពីរដោយសេចក្តីពិត និងចិត្តបរិសុទ្ធវិញ។ មានតែមនុស្សដែលមានចិត្តរាបទាប និងសោកស្តាយចំពោះអំពើបាបតែប៉ុណ្ណោះ ដែលអាចយល់បានពីសេចក្ដីពិតនៅក្នុងព្រះគម្ពីរ»។ ដកស្រង់ពីសំណេររបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ The Advent Review and Sabbath Herald, August 22, 1907, adapted។​

ថ្ងៃពុធ ទី១៧ មិថុនា ឆ្នាំ២០២០

មិនបោះបង់ និងអត់ធ្មត់

សូមអានខគម្ពីរកាឡាទី ៦៖៩។ លោកប៉ុលបានមានប្រសាសន៍ថា យើងមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយនៅក្នុងខនេះ។ យើងត្រូវតែមានអារម្មណ៍បែបនេះនៅក្នុងចិត្តរបស់យើងនៅក្នុងពេលដែលត្រូវឆ្លើយតបនឹងសំណួរពិបាកៗ។ តើហេតុអ្វីបានជាការដែលមិនបោះបង់ និងអត់ធ្មត់មានសារៈសំខាន់នៅក្នុងការដោះស្រាយបញ្ហា?

ភាពជោគជ័យពិតប្រាកដតែងតែចេញមកពីការដែលមិនបោះបង់។ ប្រសិនបើយើងមិនព្យាយាមធ្វើកិច្ចការ ដើម្បីអោយទទួលបានអ្វីមួយទេ នោះយើងប្រហែលជាមិនខ្វល់ខ្វាយអំពីវាឡើយ។ ខគម្ពីរពិបាកៗនៅក្នុងព្រះគម្ពីរអាចផ្តល់អោយយើងនូវឱកាសក្នុងការប្រើប្រាស់ខួរក្បាលរបស់យើងដើម្បីធ្វើការ។ កម្លាំង និងពេលវេលាដែលយើងបានដាក់ទៅក្នុងការដោះស្រាយបញ្ហាបង្ហាញយើងអំពីសារៈសំខាន់នៃចម្លើយ។ គ្រប់ពេលដែលយើងចំណាយនៅក្នុងការសិក្សាព្រះគម្ពីរដើម្បីស្វែងយល់បន្ថែមអំពីអត្ថន័យ និងសារនៃខទាំងនេោះ ហើយជាព្រះពរមួយនៅពេលណាដែលយើងស្វែងរកចំឡើយនៅក្នុងព្រះគម្ពីរដោយយកចិត្តទុកដាក់ គឺជាការចំណាយពេលដែលមានប្រយោជន៍ ទោះបីជាយើង ត្រូវចំណាយពេលវេលាយូរក៏ដោយ។ ហើយក៏ប្រហែលជាអាចទទួលបានព្រះពរបន្ថែមលើសជាងការ ដែលយើងរកឃើញចំឡើយភ្លាមៗទៅទៀត។ ពេលដែលយើងព្យាយាមបកស្រាយខដែលពិបាកនោះ ចំឡើយដែលយើងទទួលបាននឹងមានតម្លៃជាទីបំផុត។

លោកអ្នកប្រហែលជាមិនអាចបកស្រាយខទាំងនោះបានភ្លាមៗទេ។ ប៉ុន្តែ សេចក្តីនោះពុំមានន័យថា លោកអ្នកបកស្រាយខទាំងនោះបានទាល់តែសោះឡើយ។ វាគួរអោយភ្ញាក់ផ្អើលដែលយើងតែងតែភ្លេចអំពីរឿងនេះ។ មានមនុស្សជាច្រើនដែលបានអានខពិបាកៗនៅក្នុងព្រះគម្ពីរ។ ពួកគេពុំបានយល់ខទាំងនេះភ្លាមៗបានទេ។ ម្ល៉ោះហើយ ពួកគេមានអារម្មណ៍ថា ខទាំងនេះពុំអាចបកស្រាយបានឡើយ។ បន្ទាប់មក ពួកគេគិតថា ព្រះគម្ពីរមិនអាចជឿទុកចិត្តបានឡើយ។ ប៉ុន្តែ យើងត្រូវតែចងចាំថា ចំឡើយនៃខទាំងនេះប្រហែលជាងាយស្រួលទៅវិញក៏ថាបាន។ យើងប្រហែលជាមើលមិនឃើញចំឡើយងាយស្រួលនោះទេ។ តើយើងគិតយ៉ាងណាចំពោះសិស្សដែលព្យាយាមដោះស្រាយបញ្ហា គណិតវិទ្យាដ៏លំបាក ហើយបោះបង់ចោលបន្ទាប់ពីបានតែកន្លះម៉ោង? បន្ទាប់មក សិស្សម្នាក់នេះនិយាយឡើងថា ខ្ញុំរកឃើញចំឡើយហើយ។ តើហេតុអ្វី? នោះគឺដោយសារតែគាត់ពុំបានដោះស្រាយបញ្ហានោះទេ។ យើងក៏ត្រូវតែធ្វើយ៉ាងដូច្នោះដែរ នៅពេលណាដែលយើងសិក្សាព្រះគម្ពីរ។ សូមចងចាំថា អ្នកជឿនាសម័យចុងក្រោយគឺជាពួកអ្នកដែលមានសេចក្តីអត់ធ្មត់។

តើយើងអាចរៀនអ្វីបានខ្លះពីមនុស្សដទៃទៀតដែលមានការអត់ធ្មត់នៅក្នុងការសិក្សាខគម្ពីរពិបាកៗ? តើយើងអាចលើកទឹកចិត្តមនុស្សដទៃទៀតមិនអោយលះបង់ការស្វែងរកសេចក្តីពិតយ៉ាងដូចម្តេច?

ថ្ងៃព្រហស្បតិ៍ ទី១៨ មិថុនា ឆ្នាំ២០២០

សូមអធិស្ឋាននៅពេលដែលលោកអ្នកសិក្សាខគម្ពីរពិបាកៗ

សូមអានខគម្ពីរកិច្ចការ ១៧៖១១; កិច្ចការ ៨៖៣៥ និងកិច្ចការ ១៥៖១៥, ១៦។ តើពួកសាវក ឬមេដឹកនាំ ព្រមទាំងគ្រូបង្រៀន និងពួកជំនុំនៅក្នុងព្រះគម្ពីរសញ្ញាថ្មីដោះស្រាយបញ្ហាយ៉ាងដូចម្តេច? តើហេតុអ្វីបានជាព្រះគម្ពីរតែងតែផ្តល់អោយយើងនូវការបកស្រាយខគម្ពីរដ៏ល្អបំផុត?

ចំឡើយដ៏ល្អបំផុតដើម្បីដោះស្រាយព្រះគម្ពីរតែងតែមាននៅក្នុងព្រះគម្ពីរខ្លួនឯង។ ដូច្នេះ វាជាការដ៏ល្អបំផុត នៅពេលដែលយើងសិក្សាខពិបាកៗនៃព្រះគម្ពីរ ដើម្បីស្វែងរកចំឡើយនៅក្នុងព្រះគម្ពីរទាំងមូល។ នោះប្រសើរជាងការព្យាយាមយល់ខគម្ពីរដោយខ្លួនឯង។ យើងត្រូវតែប្រើព្រះគម្ពីរទាំងមូល ដើម្បីជួយអោយយល់ពីខគម្ពីរ។ នោះគឺជាវិធីដ៏ល្អបំផុតមួយដែលយើងត្រូវធ្វើ។

ឧបមាថា លោកអ្នកពុំយល់ខព្រះគម្ពីរណាមួយ។ តើលោកអ្នកគួរធ្វើយ៉ាងដូចម្តេច? សូមព្យាយាមស្វែងរក «តំរុយ» ឬចំឡើយមួយចំនួនដែលមាននៅក្នុងខដទៃទៀតដែលបានចែងអំពីប្រធានបទដូចគ្នានោះ។ សូមព្យាយាមរកអំណះអំណាងច្បាស់លាស់ពីព្រះគម្ពីរដែលអាចជួយលោកអ្នកអោយយល់ពីខដែលស្រពេចស្រពិលទាំងនោះ។ ក៏កុំព្យាយាមប្រើវិទ្យាសាស្ត្រ ឬគោលគំនិតរបស់មនុស្ស ឬសំណេរផ្សេងទៀតមកបកស្រាយអត្ថន័យនៃព្រះគម្ពីរផងដែរ។ យើងគួរតែអោយព្រះគម្ពីរជាអ្នកបង្ហាញអត្ថន័យដោយខ្លួនឯង។

យើងត្រូវតែនឹកចាំការអធិស្ឋាននៅពេលដែលយើងសិក្សាព្រះគម្ពីរផងដែរ។ យើងតោងសម្លឹងមើលបញ្ហានៅក្នុងពន្លឺថ្មីមួយដោយការលុតជង្គង់។ ពេលដែលយើងអធិស្ឋាន យើងអាចបង្ហាញដល់ព្រះថា យើងត្រូវការជំនួយពីទ្រង់ ដើម្បីអោយបានយល់ពីព្រះគម្ពីរ។ ពេលដែលយើងអធិស្ឋាន យើងអាចបង្ហាញដល់ព្រះថា យើងចង់អោយព្រះវិញ្ញាណរបស់ទ្រង់ជួយយើងអោយបានយល់។ នេះគឺជាព្រះវិញ្ញាណដដែលដែលបានដឹកនាំមនុស្សអោយសរសេរព្រះគម្ពើរផងដែរ។

ពេលដែលយើងអធិស្ឋាន យើងនឹងមើលឃើញអ្វីមួយនៅក្នុងចិត្តរបស់យើង។ យើងអាចទូលទៅព្រះអំពីមូលហេតុដែលយើងចង់ដឹងអ្វីដែលបានអាន។ យើងអាចសូមអោយព្រះបើកភ្នែករបស់យើងក្នុងការស្វែងយល់ព្រះគម្ពីរ​ និងអោយយើងមានស្មារតីស្ម័គ្រចិត្តធ្វើតាមសេចក្តីពិតរបស់ទ្រង់តាមរយៈការអធិស្ឋានរបស់យើង (នេះជារឿងដ៏សំខាន់បំផុត)។ ព្រះដឹកនាំយើងដោយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ដើម្បីឆ្លើយតបនឹងការអធិស្ឋានរបស់យើង។ ទ្រង់ពុំដែលប្រឆាំងទាស់នឹងអ្វីដែលព្រះអង្គបានមានបន្ទូលនៅក្នុងព្រះគម្ពីរឡើយ។ ព្រះតែងតែស្របជាមួយព្រះគម្ពីរជានិច្ច។ ទ្រង់នឹងផ្អែកលើការពិតដែលព្រះអង្គបានដឹកនាំអ្នកសរសេរព្រះគម្ពីរអោយសន្ទនាជាមួយយើង។

តើសេចក្តីអធិស្ឋានជួយយើងអោយមានស្មារតីត្រឹមត្រូវ ដើម្បីជួយយើងអោយយល់ និងធ្វើតាមព្រះគម្ពីរបានកាន់តែប្រសើរឡើងដោយរបៀបណា?

ថ្ងៃសុក្រ ទី១៩​ មិថុនា ឆ្នាំ២០២០

សិក្សាបន្ថែម

សូមអាន Ellen G.White, “What to Do With Doubt?” pages 105-113 in Stepts to Christ. Read section 8 in the article “Methods of Bible Study,” which can be found at http://www.adventistbiblicalresearch/methods-bible-study។

យើងអាចស្វែងយល់អាថ៌កំបាំងនៅក្នុងព្រះគម្ពីរ។ អាថ៌កំបាំងទាំងនេះគឺពិបាកសម្រាប់គំនិតរបស់យើងដែលជាមនុស្សលោកក្នុងការយល់។ យើងពុំអាចបកស្រាយអាថ៌កំបាំងអោយបានពេញលេញនោះទេ។ នេះហើយជាមូលហេតុដែលយើងត្រូវការចិត្តដែលគ្មានអំនួត។ យើងគួរតែមានឆន្ទៈក្នុងការរៀនពីព្រះគម្ពីរ។ យើងអាចអនុញ្ញាតអោយព្រះគម្ពីរខ្លួនឯងបង្ហាញប្រាប់ពីអត្ថន័យ ដរាបណាយើងជឿទុកចិត្តទៅលើអ្វីដែលព្រះគម្ពីរបានចែង។ យើងត្រូវតែគោរពព្រះគម្ពីរដោយពុំបានកែ ឬងាកចេញពីអត្ថន័យ នៃសេចក្តីពិតរបស់ព្រះគម្ពីរ។ (មែនហើយ មនុស្សមួយចំនួនបានកែខព្រះគម្ពីរទៅតាមអ្វីដែលពួកគេចង់និយាយ)។

«ពេលណាដែលយើងបើកព្រះគម្ពីរដោយគ្មានការគោរព ឬអធិស្ឋានជាមុន នោះការសង្ស័យនឹងកើតមាននៅក្នុងចិត្តរបស់យើង។ សេចក្តីនេះអាចកើតឡើងនៅពេលណាដែលគំនិត និងអារម្មណ៍របស់យើងពុំបានស្របទៅតាមព្រះ និងផែនការរបស់ទ្រង់សម្រាប់ជីវិតរបស់យើង។ ពេលដែលរឿងនេះកើតឡើង នោះការសង្ស័យនឹងកើតមាននៅពេលណាដែលយើងសិក្សាព្រះគម្ពីរផងដែរ។ បន្ទាប់មក ពួក ខ្មាំងសត្រូវនឹងគ្រប់គ្រងលើគំនិតរបស់យើង។ ដូច្នេះ នោះគឺជាមូលហេតុដែលមនុស្សត្រូវតែព្យាយាម ដើម្បីអោយបានស្របជាមួយនឹងព្រះតាមរយៈអ្វីដែលពួកគេនិយាយ និងធ្វើ។ បើពុំដូច្នោះទេ វាក៏អាចទៅរួចដែលថា ពួកគេនឹងមានកំហុសនៅក្នុងការយល់ដឹងអំពីព្រះគម្ពីរ។ វាមិនមានសុវត្ថិភាពក្នុងការជឿទុក ចិត្តលើការបកស្រាយរបស់ពួកគេនោះទេ។ ទោះបីជាពួកគេឆ្លាតប៉ុនណាក៏ដោយ។ មនុស្សដែលអាន ព្រះគម្ពីរ ដើម្បីស្វែងរកកំហុសពុំមានប្រាជ្ញាខាងឯវិញ្ញាណឡើយ។ ទស្សនៈរបស់ពួកគេជាទស្សនៈខុសឆ្គង។ ពួកគេនឹងមើលឃើញហេតុផលជាច្រើនដែលគួរអោយសង្ស័យ និងមិនអាចជឿទៅបានទៅលើរឿងទាំង នោះដែលមានអត្ថន័យសាមញ្ញ និងងាយស្រួលទៅវិញសោះ»។ ដកស្រង់ពីសំណេររបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ Steps to Christ, pages 110,111, adapted។
សំនួរពិភាក្សា៖
  1. តើហេតុអ្វីបានជារឿងដែលយើងបានពិភាក្សានៅក្នុងសប្តាហ៍នេះមានសារៈសំខាន់ចំពោះការយល់ដឹងល្អអំពីព្រះគម្ពីរ? តើមានអ្វីទៀតដែលលោកអ្នកគិតថា មានសារៈសំខាន់ក្នុងការជួយអ្នកអោយយល់ពីព្រះគម្ពីរអោយកាន់តែច្បាស់?

  2. តើហេតុអ្វីបានជាយើងមិនគួរភ្ញាក់ផ្អើលទៅលើការរកឃើញខនៅក្នុងព្រះគម្ពីរដែលពិបាកយល់ និងបកស្រាយ? សូមគិតអំពីអ្វីៗទាំងអស់ដែលមាននៅក្នុងធម្មជាតិដែលជួនកាលពិបាកយល់។ រហូតមកដល់សព្វថ្ងៃនេះ ទឹកពោរពេញទៅដោយអាថ៌កំបាំង។ បើសិនជាទឹកមានពោរពេញដោយអាថ៌កំបាំងនោះ ចុះម្តេចឡើយព្រះគម្ពីរត្រូវខុសគ្នាដែរ? ​

  3. កំណែព្រះគម្ពីរភាគច្រើនបង្ហាញថា ព្រះយេស៊ូវមានបន្ទូលទៅកាន់ចោរនៅលើឈើឆ្កាងថា គាត់នឹងទៅស្ថានសួគ៌ជាមួយនឹងព្រះអង្គនៅថ្ងៃនោះនៅក្នុងខគម្ពីរលូកា ២៣៖៤៣។ តើយើងអាចបកស្រាយខដ៏ពិបាកនេះយ៉ាងដូចម្តេច? តើខគម្ពីរយ៉ូហាន ២០:១៧; សាស្ដា ៩: ៥; និង កូរិនថូសទី១ ១៥: ១៦-២០ អាចជួយយើងយល់ពីខគម្ពីរលូកា ២៣៖៤៣ដោយរបៀបណា? ​

រឿងខ្លី

រោងចក្រក្លាយទៅជាសាលារៀន

អ្នកជំនួញសេវេនដេយអាត់វេនទីស្ទម្នាក់ឆ្ងល់ថា តើគាត់អាចប្រើប្រាស់ទ្រព្យសម្បត្តិរបស់គាត់ ដើម្បីកែលំអទីក្រុងថៃឆៀវ (Tiachiv) ដែលជាស្រុកកំណើតរបស់គាត់នៅភាគខាងលិចអ៊ុយក្រែនយ៉ាងដូចម្តេច។ គាត់បានចំណាយថវិកាទិញសៀវភៅចម្លងរាប់ពាន់ក្បាលនៃជំហានទៅកាន់ព្រះគ្រីស្ទរបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ ដើម្បីចែកចាយសៀវភៅទាំងនោះទៅអោយក្រុមគ្រួសារទាំងអស់នៅក្នុងទីក្រុងដែលមានមនុស្សចំនួន ៩០០០ នាក់។ បន្ទាប់មក គាត់បានធ្វើយ៉ាងដូច្នេោះទៀតដោយទិញ និងចែកចាយសៀវភៅព្រះនៃសេចក្តីស្រឡាញ់ និង មហាវិវាទ។ ព្រះវិហារតំបន់នៃអាត់វេនទីស្ទមានសេចក្តីរីករាយជាមួយនឹងកេរ្តិ៍ឈ្មោះល្អនៅក្នុងស្រុក និងការកើនឡើង៧០នាក់បន្ថែមទៀតនៅក្នុងសមាជិកភាព។

ប៉ុន្តែ លោកស្ទេផាន ដចយៃ (Stepan Dordyai) គិតថា តើគាត់អាចធ្វើអ្វីបានបន្ថែមទៀត? ថ្ងៃមួយ គាត់បានរៀបរាប់ប្រាប់ពីការគិតរបស់គាត់ទៅកាន់វ្ល៉ាឌីមៀ ទិកឆុក (Vladimir Tkachuk) រួចនាយកអប់រំនៃភូមិ ភាគអឺរ៉ូអាស៊ី (Euro-Asia) របស់ព្រះវិហារអាត់វេនទីស្ទដែលមានទីតាំងភូមិសាស្ត្រួនៅក្នុងចន្លោះប្រទេសអ៊ុយក្រែន និងសហភាពសូវៀត។ ទិកឆុកបានឆ្លើយតបថា «សាលារៀន» គឺជាវិធីដ៏ល្អបំផុតនៅក្នុងការផ្សាយដំណឹង ល្អទៅកាន់ពិភពលោកនាពេលបច្ចុប្បន្ននេះ។ អ្នកជំនួញបានសម្លឹងមើលទិកធុកដោយភាពងឿងឆ្ងល់។ គាត់ បាននិយាយថា «ខ្ញុំមានអគារមួយ។ ខ្ញុំអាចយកអគារនោះធ្វើជាសាលាបាន»។

ក្នុងរយៈពេល៣ខែ លោកដចយៃបានកែប្រែអគាររោងចក្រទៅជាសាលារៀន៣ជាន់ ជាមួយទីលានកីឡាដ៏ស្រស់ស្អាតមួយ។ សាលារៀនអាត់វេនទីស្ទហាប់ភី ផ្លេសបានបើកទ្វារទទួលសិស្សក្មេងៗចំនួន៣០នាក់នៅក្នុងខែកញ្ញា ឆ្នាំ២០១៦។

ក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ ការចុះឈ្មោះចូលរៀននៅក្នុងសាលារៀនដែលបង្រៀនថ្នាក់ទី១ ដល់ទី៤ និងថ្នាក់សាលាមត្តេយ្យដែលមានចំនួនសិស្សតូចៗកើនឡើងទៅដល់៧០នាក់ដែលជាចំនួនទ្វេដង។ ទីលានកីឡានៃសាសារៀនក្លាយជាកន្លែងហាត់ប្រាណដ៏ល្អបំផុតមួយនៅក្នុងទីក្រុង ហើយសាលារៀនដទៃទៀតបានបញ្ជូនកូនៗរបស់ពួកគេអោយចូលរួមក្នុងការប្រកួតមិត្តភាពដោយសេរី។ រាល់ពេលដែលក្មេងៗមកដល់សាលារៀន នាយកសាលាអាត់វេនទីស្ទតែងតែប្រកាសថា «នេះជាសាលាពិសេស។ យើងសិក្សាព្រះគម្ពីរ នៅទីនេះ និងមិនជេរប្រមាថគ្នាឡើយ។ ដូច្នេះ តើកូនៗចង់ទន្ទេញខគម្ពីរខ្លីទេ មុនពេលកូនៗលេងបន្តទៅទៀត?»។

ក្មេងៗបានឆ្លើយតបទៅវិញដោយសំឡេងខ្លាំងៗថា «បាទ/ចាស!»។ នៅថ្ងៃថ្មីមួយនោះ ក្មេងៗបានទន្ទេញខគម្ពីរយ៉ូហាន ១០៖១០ ចាំយ៉ាងច្បាស់ដែលព្រះយេស៊ូវមានបន្ទូលថា «ខ្ញុំ​បាន​មក ដើម្បី​ឲ្យ​វា​រាល់​គ្នា​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​នោះ​ពេញ​បរិបូរ​ផង»។

លោកទិកឆុកដែលមានវត្តមានបានរៀបរាប់ពីព្រឹត្តិការណ៍នៅជុំវិញសាលានោះថា «ក្មេងបានទន្ទេញ ចាំខគម្ពីរមួយនេះយ៉ាងឆាប់រហ័ស រួចសូត្រខគម្ពីរនេះម្តងទៀត។ បន្ទាប់មកពួកគេបានលេង»។

ព្រះវិហារដ៏ធំដែលមានសមាជិក៣០០នាក់ដែលមានចម្ងាយ៧៥គីឡូម៉ែតពីទីក្រុងថៃឆៀវ បានសង្កេតឃើញការរីកដុះដាលនៃសាលារៀននោះ ហើយសួរគ្នាថា «ហេតុអ្វីបានជាយើងមិនបើកសាលារៀនដែរទៅ?» ដូច្នេះ ពួកគេបានបើកសាលារៀនមួយដែលមានសិស្សតូចៗចំនួន២២នាក់នៅក្នុងទីក្រុងអៀលនីសា (Ilnytsya) របស់ពួកគេ។ នេះគឺជារឿងគួរអោយកត់សម្គាល់មួយដែលកំពុងផ្សព្វផ្សាយនៅទូទាំងភូមិភាគអឺរ៉ូ-អាស៊ីដែលធ្វើអោយសាលារៀនជាច្រើននៃព្រះវិហារបានកើនឡើងពី១៤កន្លែង នៅក្នុងឆ្នាំ២០១២ រហូតដល់មានជាង៦០ទីកន្លែងនាពេលបច្ចុប្បន្ននេះ។ លោកម៉ាខាយ ខាមិនស្គី (Mikhail Kaminskiy) ដែលជាប្រធាន ភូមិភាគអឺរ៉ូអាស៊ីបានមានប្រសាសន៍ថា «សាលារៀនជាច្រើនត្រូវបានបង្កើតយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះដោយហេតុផលផ្សេងៗគ្នា ប៉ុន្តែ ហេតុផលដែលសំខាន់មួយនោះ គឺជាការបង្កើតសាលារៀនដ៏ត្រឹមត្រូវ មួយ និងជាកន្លែងសម្រាប់ព្រះ ដើម្បីបំពេញផែនការរបស់ទ្រង់»។

Powered by CAM