មេរៀនទី១២​៖ ១២-១៨ កញ្ញា ២០២០

ការចែកចាយសារដ៏មានតម្លៃ

Jeans
ថ្ងៃសៅរ៍ ទី១២ ខែកកញ្ញា ឆ្នាំ២០២០
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ វិវរណៈ ១៤៖៦-៨, ១៤-២០។

ខចងចាំ៖ «ខ្ញុំ​ក៏​ឃើញ​ទេវតា​១​ទៀត កំពុង​ហោះ​កាត់​កណ្តាល​មេឃ ទាំង​មាន​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​ជានិច្ច សំរាប់​នឹង​ថ្លែង​ប្រាប់​ដល់​មនុស្ស​នៅ​ផែនដី គឺ​ដល់​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​អំបូរ គ្រប់​ភាសា ហើយ​គ្រប់​ទាំង​គ្រួសារ​ដែរ ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា ចូរ​កោតខ្លាច​ដល់​ព្រះ ហើយ​សរសើរ​សិរី ល្អ​របស់​ទ្រង់​ចុះ ដ្បិត​ពេល​ដែល​ទ្រង់​ត្រូវ​ជំនុំ​ជំរះ នោះ​បាន​មក​ដល់​ហើយ ចូរ​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ដ៏​បង្កើត ​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន​ចុះ» (វិវរណៈ ១៤៖៦)។

ព្រះយេស៊ូវបានសុគតជំនួសមនុស្សគ្រប់គ្នាដែលមានជីវិតនៅលើផែនដីនេះ។ ដូច្នេះ ដំណឹងល្អគឺសម្រាប់មនុស្សគ្រប់គ្នា។ ដំណឹងល្អគឺផ្តោតទៅលើព្រះយេស៊ូវដោយស្តីអំពីរបៀបដែលព្រះយេស៊ូវយកឈ្នះលើសង្គ្រាមប្រឆាំងទាស់នឹងអារក្ស និងសេចក្តីស្លាប់។ ព្រះយេស៊ូវបានសុគតជំនួសយើង និងមានព្រះជន្មរស់ឡើងវិញនៅថ្ងៃនេះដើម្បីយើង។ ទាំងបានយាងមករំដោះយើងអោយរួចចេញពីទណ្ឌកម្ម និងអំណាចនៃអំពើបាប។ ព្រះយេស៊ូវនឹងយាងមកម្តងទៀត ដើម្បីរំដោះយើងចេញពីអំពើបាបជារៀងរហូត។ ទ្រង់បានសុគតនៅ ក្នុងសេចក្ដីស្លាប់ដែលយើងសមនឹងទទួលដើម្បីអោយយើងអាចរស់នៅជាមួយនឹងទ្រង់វិញ។ ព្រះយេស៊ូវបានភ្ជាប់យើងជាមួយនឹងព្រះម្តងទៀត។ ទ្រង់បានធ្វើអោយយើងស្អាតនិងបរិសុទ្ធ។ មិនយូរប៉ុន្មាន ទ្រង់នឹងហ៊ំុព័ទ្ធយើងដោយសិរីល្អ និងប្រទានរូបកាយដែលនឹងមិនចេះស្លាប់។

ព្រះគម្ពីរបានបង្ហាញប្រាប់យើងអំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវ។ ទ្រង់បានយាងមកជាលើកទីមួយដើម្បីសង្គ្រោះយើង។ ហើយទ្រង់នឹងយាងត្រឡប់មកវិញម្តងទៀត ដើម្បីយកយើងទៅឯលំនៅដើមរបស់យើងវិញ។ កណ្ឌគម្ពីរវិវរណៈត្រូវបានសរសេរឡើង ដើម្បីជួយយើងអោយត្រៀមខ្លួនជាស្រេចសម្រាប់ការយាងមកជាលើកទីពីរនោះ។ សប្តាហ៍នេះ យើងនឹងក្រឡេកមើលថា តើមូលហេតុអ្វីបានជាកណ្ឌគម្ពីរវិវរណៈមានសារៈសំខាន់សម្រាប់មនុស្សសព្វថ្ងៃនេះ។ យើងនឹងក្រឡេកមើលអំពីការអញ្ជើញរបស់ព្រះយេស៊ូវទៅកាន់ពួកជំនុំចុងក្រោយរបស់ទ្រង់អោយជួយព្រះអង្គក្នុងការចែកចាយសារចុងក្រោយមួយនេះដោយសេចក្តីមេត្តាជាមួយនឹងមនុស្សលោកនៅលើផែនដីនេះ។ ​

ថ្ងៃអាទិត្យ ទី១៣ ខែកកញ្ញា ឆ្នាំ២០២០

សារបង្ហាញពីសេចក្តីពិតរបស់លោកពេត្រុស

ព្រះប្រទានបទទំនាយមកកាន់រាស្ត្ររបស់ទ្រង់នៅគ្រប់ទាំងប្រវត្តិសាស្ត្រនៃព្រះគម្ពីរ។ បទទំនាយទាំងនេះបានជួយអោយរាស្ត្ររបស់ព្រះត្រៀមខ្លួនជាស្រេចសម្រាប់ហេតុការណ៍ដែលនឹងត្រូវកើតឡើង។ ព្រះតែងតែជ្រាបជានិច្ចអំពីអ្វីដែលនឹងត្រូវកើតឡើង (អេសាយ ៤៦៖៩, ១០)។ ដូច្នេះ ព្រះបានជួយរាស្ត្រ របស់ទ្រង់អោយត្រៀមខ្លួនជាស្រេចសម្រាប់អនាគត ដោយចាត់ពួកហោរារបស់ទ្រង់អោយមកកាន់ពួកគេ។ ពួកហោរាបានព្រមានរាស្ត្ររបស់ព្រះមុនការជំនុំជំរះរបស់ព្រះប្រឆាំងទាស់នឹងពួកគេ (អេម៉ុស ៣៖៧)។ ព្រះបានប្រទានសារមួយដល់លោកណូអេ នៅក្នុងថ្ងៃមុនទឹកជំនន់មកដល់។ បន្ទាប់មក លោកណូអេបានព្រមានមនុស្សលោកនៅលើផែនដីថា នឹងមានទឹកជំនន់មកដល់។ ព្រះបានជ្រើសរើសលោកយ៉ូសែបអោយជួយមនុស្សលោកអោយត្រៀមខ្លួនជាស្រេចសម្រាប់គ្រោះទុរភិក្ស៧ឆ្នាំមុនហេតុការណ៍នោះបានកើតឡើងនៅក្នុងស្រុកអេស៊ីព្ទ។ ពួកហោរានៃសាសន៍យូដាបានព្រមានមេដឹកនាំនៃសាសន៍អ៊ីស្រាអែលថា​ កងទ័ព របស់បាប៊ីឡូននឹងមកបំផ្លាញក្រុងយេរូសាឡឹម។ សាររបស់លោកយ៉ូហានបាទីស្ទបានជួយអោយសាសន៍យូដាត្រៀមខ្លួនជាស្រេចសម្រាប់ការយាងមកលើកទីមួយរបស់ព្រះយេស៊ូវ។

សូមអានខគម្ពីរពេត្រុសទី២ ១៖១២។ តើលោកពេត្រុសបានសរសេរប្រាប់នូូវពាក្យពេចន៍អ្វីខ្លះនៅក្នុងខទាំងនេះអំពីសារដែលព្រះបានប្រទានតាមរយៈគាត់សម្រាប់គ្រីស្ទាននៅក្នុងសម័យរបស់គាត់?

សូមអានខគម្ពីរពេត្រុសទី២ ១៖១៦-២១។ យោងទៅតាមការបង្ហាញនៃខទាំងនេះ តើលោកពេត្រុស និងសិស្សរបស់ព្រះយេស៊ូវបានប្រកាស «សេចក្តីពិតបច្ចុប្បន្ន» អ្វីនៅត្រង់នេះ? សេចក្តីពិតបច្ចុប្បន្នគឺជាសេចក្តីពិតដែលមនុស្សចាំបាច់ត្រូវការដឹងសម្រាប់សម័យដែលពួកគេកំពុងតែរស់នៅ។

សេចក្តីពិតបច្ចុប្បន្នសម្រាប់សម័យរបស់លោកពេត្រុសគឺថា ព្រះយេស៊ូវបានយាងមកហើយ។ ការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងបានបង្ហាញអំពីសេចក្តីស្រឡាញ់របស់ព្រះវរបិតា។ អំពើបាបបាននាំទៅរកសេចក្តីស្លាប់។ ប៉ុន្តែ ព្រះយេស៊ូវបានធ្វើអោយមនុស្សគ្រប់គ្នាអាចទទួលយកជីវិតអស់កល្បបាន។ ប៉ុន្តែ ការទទួល ឬមិនទទួលយកអំណោយមួយនេះគឺជាជម្រើសរបស់យើង (រ៉ូម ៣៖២៣; រ៉ូម ៦៖២៣; អេភេសូរ ២៖៨)។ សារអំពីអំណោយរបស់ព្រះដែលជាជីវិតអស់កល្បនៅក្នុងព្រះយេស៊ូវនឹងមិនដែល ហួសសម័យនោះឡើយ។ សារនេះគឺជាសេចក្តីពិតបច្ចុប្បន្នសម្រាប់មនុស្សលោកទាំងអស់នៅគ្រប់ទាំងសម័យ។

កណ្ឌគម្ពីរចុងក្រោយនៃព្រះគម្ពីរគឺជាកណ្ឌគម្ពីរវិវរណៈ។ កណ្ឌគម្ពីរវិវរណៈបានបង្ហាញអំពីព្រះយេស៊ូវ និងអំណោយរបស់ទ្រង់ដែលជាជីវិតអស់កល្ប។ កណ្ឌគម្ពីរនេះត្រូវបានសរសេរឡើងដើម្បីជួយអោយមនុស្សដែលរស់នៅក្នុងសម័យចុងក្រោយត្រៀមខ្លួនជាស្រេចសម្រាប់ការយាងមកជាលើកទី២របស់ព្រះយេស៊ូវ។ កណ្ឌគម្ពីរវិវរណៈបានបង្ហាញអ្វីៗគ្រប់យ៉ាំងដែលខុសគ្នាពីរបៀបនៃការរស់នៅរបស់មនុស្សលោក និងសាសនាដែលអាត្មានិយម។ កណ្ឌគម្ពីរវិវរណៈបានបង្ហាញអំពីព្រះយេស៊ូវ និងព័ន្ធកិច្ចដែលទ្រង់បានបំពេញក្នុងការសង្គ្រោះមនុស្សលោកចាប់ពីទំព័រដំបូងរហូតដល់ទំព័រចុងក្រោយ។ ព្រះយេស៊ូវ គឺជាស្មរបន្ទាល់ដ៏មានព្រះជន្មរស់។ ទ្រង់បានបង្ហាញយើងថា តើព្រះវរបិតាជាអ្នកណា។ ព្រះយេស៊ូវគឺ «ជា​អធិបតី​លើ​អស់​ទាំង​ស្តេច​នៅ​ផែនដី» (វិវរណៈ ១៖៥)។ កណ្ឌគម្ពីរវិវរណៈទាំងមូលគឺផ្តោតទៅលើតួអង្គព្រះយេស៊ូវ។ ​

ថ្ងៃច័ន្ទ ទី១៤ ខែកកញ្ញា ឆ្នាំ២០២០

ការផ្តោតទៅលើគ្រាចុងក្រោយនៃកណ្ឌគម្ពីរវិវរណៈ

កណ្ឌគម្ពីរទាំង៤នៃព្រះគម្ពីរសញ្ញាថ្មីត្រូវបានគេហៅថា ដំណឹងល្អទាំង៤។ ដំណឹងល្អទាំង៤ជាទូទៅពិពណ៌នាអំពីការយាងមកជាលើកទី១របស់ព្រះយេស៊ូវ។ ដំណឹងល្អទាំងនេះបានបង្ហាញប្រាប់រឿងអំពីការប្រសូតរបស់ព្រះយេស៊ូវ ព្រះជន្មរបស់ទ្រង់ ព័ន្ធកិច្ចរបស់ទ្រង់សម្រាប់ព្រះនៅលើផែនដី ការ សុគតរបស់ទ្រង់នៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញ។ ដំណឹងល្អទាំង៤ក៏បានចែងអំពីការយាងមកជាលើកទី២ផងដែរ។ ប៉ុន្តែ សេចក្តីនោះពុំមែនជាប្រធានបទសំខាន់បំផុតរបស់ពួកគេនោះទេ។ កណ្ឌគម្ពីរវិវរណៈបានបកស្រាយទៅលើប្រធានបទនៃការយាងមកជាលើកទី២ដែលដំណឹងល្អទាំង៤ពុំបានបកស្រាយនោះ។ ប្រធានបទដ៏សំខាន់បំផុតនៃកណ្ឌគម្ពីរវិវរណៈគឺជាគ្រាចុងក្រោយនៃសង្គ្រាមរវាងព្រះ និងសាតាំង។ បទទំនាយដ៏សំខាន់បំផុតនៃកណ្ឌគម្ពីរនេះគឺជាគ្រាចុងក្រោយនៅក្នុងការយាងមកជាលើកទី២របស់ព្រះយេស៊ូវ។

សូមអានខគម្ពីរវិវរណៈ១៖៧; វិវរណៈ ១១៖១៥; វិវរណៈ ១៤៖១៤-២0 និងវិវរណៈ ១៩៖១១- ១៨។ តើមានអ្វីកើតឡើងនៅក្នុងខនីមួយៗនេះ? តើព្រឹត្តិការណ៍ទាំងនោះបានបញ្ចប់ដោយរបៀបណា?

បទទំនាយនីមួយៗបានបញ្ចប់ដោយការយាងមកជាលើកទី២របស់ព្រះយេស៊ូវចាប់ពីជំពូក១ រហូតដល់ជំពូកចុងក្រោយនៅក្នុងកណ្ឌគម្ពីរវិវរណៈ។ «កូន​ចៀម​ដែល​គេ​បានសម្លាប់» (វិវរណៈ ៥៖១២)​ នឹងយាងត្រឡប់មកវិញ។ ទ្រង់គឺជាស្តេច «​លើ​អស់​ទាំង​ស្តេច ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់» (វិវរណៈ ១៩៖១៥, ១៦)។ ព្រះយេស៊ូវនឹងកំទេចខ្មាំងសត្រូវដែលធ្វើទុក្ខបៀតបៀនដល់រាស្ត្ររបស់ព្រះដោយសារសេចក្តីជំនឿរបស់ពួកគេ (វិវរណៈ ១៧ៈ១៤)។ ព្រះយេស៊ូវនឹងរំដោះរាស្ត្ររបស់ទ្រង់ចេញពីជីវិតនៃអំពើបាប។ ទ្រង់នឹងដោះលែងពួកគេពីសុបិនដ៏អាក្រក់នៃអំពើបាប ហើយនាំពួកគេត្រឡប់ទៅឯ លំនៅដើមរបស់ពួកគេវិញ។ សង្គ្រាមលោករវាងសេចក្តីល្អ និងសេចក្តីអាក្រក់បញ្ចប់ទៅ។ ព្រះនឹងបង្កើត ផែនដីថ្មី ហើយអស់អ្នកដែលបានសង្គ្រោះនឹងរស់នៅទីនោះជាមួយនឹងព្រះអម្ចាស់របស់ពួកគេជារៀងរហូត។ (វិវរណៈ ២១៖១-៤)។

ព្រះយេស៊ូវបានមានបន្ទូលនៅក្នុងខគម្ពីរវិវរណៈ ២២៖៧ថា «មើល អញ​មក​ជា​ឆាប់ មាន​ពរ​ហើយ​អ្នក​ណា​ដែល​កាន់​តាម​សេចក្តី​ទំនាយ​ក្នុង​គម្ពីរ​នេះ»។ (សូមអានខ១២, ១៧ និង២០ផងដែរ)។ សារចុងក្រោយរបស់ព្រះយេស៊ូវបានបង្ហាញយ៉ាងច្បាស់ទៅកាន់មនុស្សលោកគ្រប់គ្នា។ ទ្រង់ចង់អោយពួកគេត្រៀមខ្លួនជាស្រេចសម្រាប់ការយាងមកជាលើកទី២របស់ទ្រង់។ ដូច្នេះ ទ្រង់សូមអោយពួកគេទទួលយកសេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណា និងការកាន់តាមសេចក្តីពិតរបស់ទ្រង់។ កណ្ឌគម្ពីរ វិវរណៈបានបញ្ចប់ជាមួយនឹងការអញ្ជើញរបស់ព្រះយេស៊ូវដែលចែងថា «ព្រះវិញ្ញាណ និង​ប្រពន្ធ​ថ្មោងថ្មី​ពោល​ថា ‘អញ្ជើញ​មក ហើយ​អ្នក​ណា​ដែល​ឮក៏​ថា អញ្ជើញ​មក​ដែរ អ្នក​ណា​ដែល​ស្រេក នោះ​មាន​តែ​មក ហើយ​អ្នក​ណា​ដែល​ចង់​បាន មាន​តែ​យក​ទឹក​ជីវិត​នោះ​ចុះ ឥត​ចេញ​ថ្លៃ​ទេ’» (វិវរណៈ ២២៖១៧)។

ព្រះអម្ចាស់របស់យើងបានអញ្ជើញមនុស្សគ្រប់គ្នាដែលកំពុងតែស្វែងរកជីវិតអស់កល្បអោយចូលទៅឯទ្រង់។ បន្ទាប់មក ទ្រង់បានអញ្ជើញយើងអោយចូលរួមក្នុងការអញ្ជើញអ្នកដទៃអោយទទួលយកសារនៃសេចក្តីស្រឡាញ់របស់ទ្រង់ផងដែរ។​ សារនេះនឹងជួយពួកគេអោយត្រៀមខ្លួនរួចជាស្រេចសម្រាប់ការយាងមកជាលើកទី២របស់ព្រះយេស៊ូវ។ ទ្រង់ជិតយាងមកហើយ។ ដូច្នេះ ចូរយើងធ្វើកិច្ចការរួមគ្នាជាមួយនឹងទ្រង់ចុះ។​ ​

ថ្ងៃអង្គារ ទី១៥ ខែកកញ្ញា ឆ្នាំ២០២០

បទទំនាយអំពីគ្រាចុងក្រោយនៃកណ្ឌគម្ពីរវិវរណៈ

ចំណុចសំខាន់នៃកណ្ឌគម្ពីរវិវរណៈគឺជាជំពូក១៤។ ជំពូកនេះមានសារៈសំខាន់ជាទីបំផុតចំពោះរាស្ត្ររបស់ព្រះនៅសម័យចុងក្រោយ។ ជំពូកនេះបានបង្ហាញអំពីសារនៃគ្រាចុងក្រោយរបស់ព្រះដល់មនុស្សលោក។ សារនេះសំខាន់ណាស់ចំពោះរាស្ត្ររបស់ព្រះ និងមនុស្សលោកទាំងអស់នៅលើផែនដី។

សូមអានខគម្ពីរវិវរណៈ ១៤៖១៤-២០។ តើរូបស័ព្ទអ្វីខ្លះដែលបានប្រើនៅក្នុងខទាំងនេះដើម្បីបង្ហាញអំពីការយាងមកជាលើកទី២របស់ព្រះយេស៊ូវ?

រូបស័ព្ទនៃការប្រមូលគ្រាប់ពូជត្រូវបានប្រើនៅក្នុងព្រះគម្ពីរ ដើម្បីបង្ហាញអំពីការយាងមកជាលើកទី២របស់ព្រះយេស៊ូវ (សូមអានខគម្ពីរម៉ាថាយ ១៣៖៣៧-៤៣; ម៉ាកុស ៤៖២៩)។ នៅក្នុងបទគម្ពីរវិវរណៈ ១៤ ផ្លែស្រូវដែលទុំបង្ហាញយើងអំពីមនុស្សដែលស្តាប់បង្គាប់ដល់ព្រះដែលព្រះបានសង្គ្រោះ។ ផ្លែទំពាំងបាយជូរ ដែលខូចរលួយបង្ហាញយើងថា​ ព្រះនឹងបំផ្លាញមនុស្សអាក្រក់អោយវិនាស។ ខគម្ពីរវិវរណៈ ១៤៖ ៦-១២​ បានចែងអំពីសារនៃគ្រាចុងក្រោយដ៏សំខាន់មួយ។ សារនេះនឹងជួយអោយមនុស្សប្រុសស្រីទាំងឡាយត្រៀមខ្លួនជាស្រេច នៅក្នុងការប្រមូលផលជាលើកចុងក្រោយនៅលើផែនដី។​

សូមអានខគម្ពីរវិវរណៈ ១៤៖៦, ៧។ តើខទាំងនេះបានចែងយ៉ាងដូចម្តេច? តើខទាំងនេះជួយ អោយយើងយល់យ៉ាងដូចម្តេចថា យើងគឺជាអ្នកណាក្នុងនាមជាសេវេនដេយអាត់វេនទីស្ទ?

សាររបស់ទេវតាទី១បានផ្តល់គោលបំណងដល់ជីវិតរបស់យើង។ ជីវិតបែបនោះគឺជាអ្វីដែល មនុស្សនៅក្នុងសម័យរបស់យើងត្រូវការជាទីបំផុត។ សាររបស់ទេវតាទី១បានបង្ហាញថា ព្រះនឹងលើកលែង ទោសដល់អ្នកណាដែលទទួលយកសេចក្តីមេត្តាករុណាដែលជាអំណោយរបស់ទ្រង់។ ព្រះគុណរបស់ព្រះបានសម្អាតយើងពីកំហុសនៃអំពើបាប។ ព្រះគុណរបស់ព្រះបានជួយអោយយើងយកឈ្នះលើសង្គ្រាមប្រឆាំងទាស់នឹងអំពើបាប។ សាររបស់ទេវតាទី១បានផ្តល់គោលបំណងសម្រាប់តម្លៃរបស់យើងថា៖ ព្រះយេស៊ូវបានបង្កើតយើង និងសង្គ្រោះយើង។ សាររបស់ទេវតាទី១ក៏បានបង្ហាញយើងថា ព្រះនឹងជំនុំជំរះ ហើយដាក់ទោសដល់មនុស្សអាក្រក់ផងដែរ។ នេះគឺជាដំណឹងដ៏អស្ចារ្យ។ ដំណឹងនេះបានបង្ហាញយើងថា​ សេចក្តីអាក្រក់នឹងមិនស្ថិតស្ថេរជារៀងរហូតឡើយ។

«ព្រះបានដាក់ពួកជំនុំសេវេនដេយអាត់វេនទីស្ទអោយធ្វើដូចជាអ្នកយាមល្បាត និងពន្លឺបំភ្លឺនៅលើលោកីយ៍នេះ។ ព្រះបានប្រទានការព្រមានចុងក្រោយចំពោះភពផែនដីដែលជិតនឹងស្លាប់នេះដល់ពួកជំនុំសេវេនដេយអាត់វេនទីស្ទ។ ព្រះបានប្រទានសេចក្តីពិតនៃព្រះគម្ពីរដ៏អស្ចារ្យដល់ពួកជំនុំសេវេនដេយអាត់វេនទីស្ទ។ ព្រះក៏បានប្រទានភារកិច្ចដ៏សំខាន់បំផុតដល់ពួកជំនុំសេវេនដេយអាត់វេនទីស្ទផងដែរ។ ភារកិច្ចរបស់ពួកគេគឺជាការប្រកាសអំពីសារទី១ សារទី២ និងសារទី៣របស់ពួកទេវតាទៅកាន់មនុស្សនៅលើផែនដី។ ដ្បិតគ្មានកិច្ចការណាដែលសំខាន់ជាងនេះនោះទេ។ ពួកជំនុំអាត់វេនទីស្ទមិនត្រូវអនុញ្ញាតអោយរបស់អ្វីមួយបង្វែរស្មារតីរបស់ពួកគេចេញពីភារកិច្ចនេះឡើយ»។ ដកស្រង់ពី Ellen G. White, Evangelism, pages 119, 120។ តើយើងអាចធ្វើយ៉ាងដូចម្តេច ដើម្បីអោយប្រាកដថា យើងយកចិត្តទុកដាក់ទាំងស្រុងទៅលើភារកិច្ចមួយនេះ? ​

ថ្ងៃពុធ ទី១៦ ខែកកញ្ញា ឆ្នាំ២០២០

ការយល់អំពីសារនៃគ្រាចុងក្រោយអោយកាន់តែច្បាស់

សារនៃគ្រាចុងក្រោយនៃកណ្ឌគម្ពីរវិវរណៈបានបង្ហាញអំពីព្រះយេស៊ូវ និងព្រះគុណនៃសេចក្តីសង្គ្រោះរបស់ទ្រង់។ ព្រះគុណនេះគឺសម្រាប់មនុស្សទាំងអស់នៅគ្រប់ទីកន្លែង (វិវរណៈ ១៤៖៦)។ សារនៃគ្រាចុងក្រោយនេះបានសូមអោយគោរពប្រតិបត្តិដល់ព្រះនៅក្នុងអ្វីៗទាំងអស់ដែលយើងធ្វើ។ ឥឡូវនេះព្រះកំពុងតែបំពេញព័ន្ធកិច្ចជាចៅក្រមរបស់យើង។ ម៉្លោះហើយយើងត្រូវតែគោរពកោតខ្លាចចំពោះសេចក្តីបង្គាប់ និងកាន់តាមក្បួនច្បាប់របស់ទ្រង់ (វិវរណៈ ១៤៖៧)។ ការដែល «កោតខ្លាចដល់ព្រះ» (វិវរណៈ ១៤៖៧) គឺជាការស្តាប់បង្គាប់ និងគោរពដល់ទ្រង់។​ ការកោតខ្លាចដល់ព្រះទាក់ទងជាមួយនឹង របៀបដែលយើងគិតផងដែរ។ ការកោតខ្លាចដល់ព្រះមានន័យថា យើងរស់នៅដើម្បីផ្គាប់ព្រះហឫទ័យ ព្រះ។ យើងត្រូវតែទុកទ្រង់ជាទីមួយលើអស់ទាំងគោលគំនិតរបស់យើង។ ពេលនោះ យើងនឹងចង់ធ្វើតាមព្រះដោយអស់ពីចិត្ត និងគំនិតរបស់យើង។ គោលគំនិត និងអារម្មណ៍បែបនេះនឹងនាំអោយយើង រស់នៅក្នុងជីវិតដ៏បរិសុទ្ធ (សុភាសិត ៣៖៧; កិច្ចការ ៩៖៣១; ពេត្រុសទី១ ២៖១៧)។ សាររបស់ទេវតាទី១ក៏អញ្ជើញយើងអោយ «ថ្វាយសិរីល្អ»​ ដល់ព្រះផងដែរ (វិវរណៈ ១៤៖៧)។ យើងអាចធ្វើដូច្នោះបាន ដោយការគោរពកោតខ្លាចដល់ព្រះក្នុងគ្រប់ទាំងផ្នែកនៃជីវិតរបស់យើង។

សូមអានខគម្ពីរសាស្តា ១២៖១៣, ១៤ និងកូរិនថូសទី១ ៦៖១៩, ២០។ តើខទាំងនេះជួយអោយយើងយល់អំពីអត្ថន័យនៃការ «កោតខ្លាច» និងថ្វាយសិរីល្អដល់ទ្រង់ដោយរបៀបណា?

យើងកំពុងតែរស់នៅក្នុងសម័យមួយនៅពេលមនុស្សជាច្រើនពុំចង់ទទួលខុសត្រូវចំពោះអ្វីដែលពួកគេបានធ្វើខុស។ មនុស្សរាប់លាននាក់មានអារម្មណ៍ថា ពួកគេពុំចាំបាច់សារភាពទៅកាន់អ្នកណាម្នាក់នោះទេ។ សាររបស់ទេវតាទី១ជួយអោយយើងនឹកចាំថា ឥឡូវនេះគឺជាពេលវេលាដែលព្រះនឹងជំនុំជំរះមនុស្សនៅលើផែនដី។ ដូច្នេះ យើងត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់យើង។ ការគោរពកោតខ្លាចដល់ព្រះ ការស្តាប់បង្គាប់ទ្រង់ និងព័ន្ធកិច្ចរបស់ទ្រង់ជាចៅក្រមរបស់យើងមានទំនាក់ទំនងជាមួយគ្នា។ ការគោរពប្រតិបត្តិកើតចេញពីការរក្សាមិត្តភាពជាមួយព្រះយេស៊ូវ។ មានតែជីវិតដ៏បរិសុទ្ធរបស់ទ្រង់ ប៉ុណ្ណោះដែលល្អគ្រប់គ្រាន់ ដើម្បីសង្គ្រោះយើងនៅក្នុងសម័យនេះ។ យើងមានសុវត្ថិភាពដោយសារតែសេចក្តីសុចរិតរបស់ទ្រង់។ តាមរយៈសេចក្តីសុចរិតរបស់ទ្រង់ យើងរស់នៅ ដើម្បីថ្វាយសិរីល្អដល់ព្រះនាម របស់ព្រះអង្គក្នុងគ្រប់ទាំងកិច្ចការដែលយើងធ្វើ។

សូមអានខគម្ពីរវិវរណៈ ១៤៖៧; វិវរណៈ ៤៖១១; លោកុប្បត្តិ ២៖១-៣ និងនិក្ខមនំ ២០៖៨-១១។ តើអ្វីដែលជាមូលហេតុសំខាន់សម្រាប់ការថ្វាយបង្គំដ៏ពិត? តើថ្ងៃសប្បាតហ៍បានបង្ហាញអំពីក្បួនច្បាប់ដ៏សំខាន់នេះយ៉ាងដូចម្តេច?

សាតាំងបានវាយប្រហារថ្ងៃសប្បាតហ៍។ វាដឹងថា​ ថ្ងៃបរិសុទ្ធគឺជាចំណុចសំខាន់នៃការថ្វាយបង្គំ។ ថ្ងៃសប្បាតហ៍លើកតម្កើងព្រះយេស៊ូវជាព្រះអង្គដែលបានបង្កើតផែនដី។ ថ្ងៃសប្បាតហ៍គឺជាការអញ្ជើញមនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែងអោយ «ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ដ៏​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន» (វិវរណៈ ១៤៖៧)។ នេះគឺជាការប្រកាសដ៏សំខាន់មួយសម្រាប់សម័យនេះ។ មនុស្សជាច្រើនបានជឿលើគោលគំនិតខុសឆ្គងអំពីការដែលផែនដីនេះត្រូវបានបង្កើតឡើង។ ​

ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកកញ្ញា ឆ្នាំ២០២០

ការអញ្ជើញជាលើកចុងក្រោយរបស់ព្រះ

សូមអានខគម្ពីរវិវរណៈ ១៤៖៨; វិវរណៈ ១៧៖៣-៦ និងវិវរណៈ ១៨៖១-៤។ តើលោកអ្នកបានរៀនអ្វីខ្លះអំពីនគរបាប៊ីឡូនខាងឯវិញ្ញាណចេញពីខទាំងនេះ?

ក្នុងកណ្ឌគម្ពីរវិវរណៈ «បាប៊ីឡូន» គឺជារូបស័ព្ទតំណាងអោយអំណាចនៃសាសនាក្លែងក្លាយ។ អំណាចនៃសាសនាក្លែងក្លាយនេះបានបង្រៀនមនុស្សថា អំពើល្អរបស់ពួកគេផ្ទាល់អាចសង្គ្រោះពួកគេបាន។ ការកុហកនេះគ្រាន់តែជាការកុហកមួយនៅក្នុងចំណោមនៃការបង្រៀនក្លែងក្លាយជាច្រើនរបស់បាប៊ីឡូន។ អំណាចនៃសាសនាក្លែងក្លាយនេះក៏បានបង្រៀនមនុស្សអោយគោរពកោតខ្លាចប្រពៃណីរបស់មនុស្ស និងរស់នៅក្នុងជីវិតដែលប្រឆាំងទាស់នឹងសេចក្តីពិតនៃព្រះគម្ពីរ។ បាប៊ីឡូនបានលើកតម្កើងមនុស្សលោក និងទង្វើល្អៗរបស់ពួកគេជាងព្រះយេស៊ូវ និងជីវិតដ៏បរិសុទ្ធរបស់ទ្រង់។ បាប៊ីឡូនបានចាត់ទុកសេចក្តី បង្គាប់របស់ពួកគ្រូសាសនារបស់មនុស្សខ្ពស់ជាងសេចក្តីបង្គាប់របស់ព្រះ។ ក្នុងព្រះគម្ពីរសញ្ញាចាស់បាប៊ីឡូន គឺជាស្នូលនៃការថ្វាយបង្គំព្រះក្លែងក្លាយ ការថ្វាយបង្គំព្រះអាទិត្យ និងគោលជំនឿដែលថា ព្រលឹងនៅរស់បន្ទាប់ពីរូបកាយស្លាប់បាត់ទៅ។ រីឯបាប៊ីឡូនសម័យថ្មីគឺជាការរួមបញ្ចូលគោលជំនឿសាសនា និងរបៀប នៃការរស់នៅរបស់បាប៊ីឡូននៅក្នុងជំនាន់គម្ពីរសញ្ញាចាស់ទៅក្នុងការថ្វាយបង្គំរបស់វាសព្វថ្ងៃនេះ។ សារនៃគ្រាចុងក្រោយរបស់ព្រះមកកាន់ភពផែនដីរបស់យើងដែលកំពុងតែស្លាប់នេះ គឺជាសារដែលមានតែព្រះយេស៊ូវ និងជីវិតដ៏បរិសុទ្ធរបស់ទ្រង់បុ៉ណ្ណោះដែលអាចសង្គ្រោះយើងបាន។ នោះគឺជាមូលហេតុដែលព្រះបានព្រមានយើងថា «ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ​បាន​រលំ​ហើយ បាន​រលំ​ហើយ . . . . ចូរ​ចេញ​ពី​ទី​ក្រុង​នោះ​មកដើម្បី​កុំ​ឲ្យ​ត្រូវ​មាន​ចំណែក​ក្នុង​អំពើ​បាប​វា​ឡើយ ក្រែង​ត្រូវ​វេទនា​ដូច​ជា​វា​ដែរ» (វិវរណៈ ១៨៖២, ៤)។ ព្រះបាន បង្កើតពួកជំនុំសេវេនដេយអាត់វេនទីស្ទឡើង ដើម្បីអោយប្រកាសសារទាំងមូលរបស់ព្រះយេស៊ូវ។ នោះមានន័យថា យើងត្រូវបានបង្គាប់អោយទាញយកចំណាប់អារម្មណ៍របស់មនុស្សទៅឯអ្វីដែលព្រះយេស៊ូវបានបង្រៀនវិញ។ យើងត្រូវតែប្រកាសអំពីបុគ្គលម្នាក់ដែលជា «ផ្លូវ ជាសេចក្តីពិត និងជាជីវិត» (យ៉ូហាន ១៤៖៦)។ យើងត្រូវតែបង្ហាញអំពីកំហុស និងភាពខុសឆ្គងរបស់បាប៊ីឡូនទៅនឹងសេចក្តីពិតនៃព្រះគម្ពីររបស់ព្រះយេស៊ូវ។

សូមអានខគម្ពីរវិវរណៈ ១៤៖៧, ៩-១១។ តើមនុស្សលោកថ្វាយបង្គំតួអង្គណាខ្លះនៅក្នុងខទាំងនេះ?

កណ្ឌគម្ពីរវិវរណៈ១៤​បានបង្ហាញអំពីសកម្មភាពនៃការថ្វាយបង្គំផ្សេងគ្នាពីរយ៉ាង។ (១) មានការថ្វាយបង្គំចំពោះព្រះអង្គដែលបានបង្កើតផ្នៃមេឃ និងផែនដី។ (២) មានការថ្វាយបង្គំចំពោះអំណាចនៃសត្វសមុទ្រដ៏សាហាវ។ សកម្មភាពនៃការថ្វាយបង្គំទាំងនេះបានបង្ហាញយើងអំពីសង្គ្រាមចុងក្រោយរវាងសេចក្តីល្អ និងសេចក្តីអាក្រក់ទាំងមូលគឺផ្តោតទៅលើ៖ ថ្ងៃសប្បាតហ៍។ ថ្ងៃសប្បាតហ៍ដ៏ពិតគឺជាសញ្ញានៃការឈប់សម្រាក សេចក្តីសង្ឃឹម និងការជឿទុកចិត្តដែលយើងមានលើព្រះយេស៊ូវ ដើម្បីសង្គ្រោះយើង និងយាងត្រឡប់មកធ្វើជាស្តេចរបស់យើងវិញ។ រីឯថ្ងៃសប្បាតហ៍ក្លែងក្លាយគឺជាសញ្ញាមួយនៃគោលគំនិត របស់មនុស្ស និងក្បួនច្បាប់ដែលមនុស្សបង្កើតដោយខ្លួនឯងវិញ។ ​

ថ្ងៃសុក្រ ទី១៨ ខែកកញ្ញា ឆ្នាំ២០២០

សិក្សាបន្ថែម

«ព្រះបានបង្គាប់រាស្ត្រអ៊ីស្រាអែលនៅក្នុងសម័យព្រះគម្ពីរអោយក្រោកឡើងធ្វើជាស្មរបន្ទាល់នៅលើផែនដីនេះ។ ព្រះបានបង្គាប់ពួកជំនុំរបស់ទ្រង់នៅសព្វថ្ងៃនេះអោយបំពេញកិច្ចការដូចគ្នានេះដែរ។ ព្រះក៏បានញែកពួកជំនុំសេវេនដេយអាត់វេនទីស្ទចេញពីពួកជំនុំផ្សេងៗទៀត និងចេញពីមនុស្សនៅលើលោកីយ៍នេះផងដែរ។ ព្រះបានប្រើសេចក្តីពិតដូចជាកាំបិតដ៏មុតស្រួចយកមកកាត់ផ្តាច់រាស្ត្ររបស់ ទ្រង់ចេញពីពួកជំនុំផ្សេងៗទៀត។ សេចក្តីពិតដែលព្រះបានប្រើ ដើម្បីញែករាស្ត្ររបស់ទ្រង់ចេញនោះគឺជាសាររបស់ទេវតាទី១ ទី២ និងទី៣។ ព្រះបានញែករាស្ត្ររបស់ទ្រង់ ដើម្បីអោយពួកគេបាននៅជិតនឹងទ្រង់ផ្ទាល់។ ព្រះបានប្រទានក្បួនច្បាប់ដល់រាស្ត្ររបស់ទ្រង់ ព្រមទាំងបទទំនាយសម្រាប់សម័យនេះផងដែរ។ ព្រះបានរំពឹងអោយរាស្ត្ររបស់ទ្រង់ចែកចាយសេចក្តីពិតទាំងនេះជាមួយនឹងមនុស្សគ្រប់គ្នានៅលើផែនដីនេះ។ ព្រះបានសូមអោយសាសន៍អ៊ីស្រាអែលបំពេញកិច្ចការដូចគ្នានេះដែរនៅក្នុងសម័យព្រះគម្ពីរនៅពេលទ្រង់ប្រទានក្រឹត្យវិន័យដល់ពួកគេ»។

«ទេវតាទាំង៣នៅក្នុងកណ្ឌគម្ពីរវិវរណៈគឺជារូបស័ព្ទ។ រូបស័ព្ទទាំងនេះបានបង្ហាញយើងអំពីមនុស្សដែលទទួលយកសាររបស់ទេវតាទាំង៣ និងព្រមានមនុស្សគ្រប់គ្នានៅលើផែនដី។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់សិស្សរបស់ទ្រង់ថា៖ ‘អ្នក​រាល់​គ្នា​ជា​ពន្លឺ​នៃ​លោកីយ៍’ (ម៉ាថាយ ៥៖១៤)។ ឈើឆ្កាងនៅ ភ្នំកាល់វ៉ារីបានបង្ហាញដល់មនុស្សគ្រប់គ្នាដែលទទួលជឿព្រះយេស៊ូវអំពីតម្លៃដ៏វិសេសវិសាលរបស់ព្រលឹងមនុស្ស។ ‘ទ្រង់​ផ្តាំ​គេ​ថា «ចូរ​អ្នក​រាល់​គ្នា​ទៅ​ពេញ​សព្វ​ក្នុង​លោកីយ៍​ទាំង​មូល ហើយ​ផ្សាយ​ដំណឹង​ល្អ​ទួទៅ​ដល់​គ្រប់​មនុស្ស​ទាំង​អស់​ចុះ»’ (ម៉ាកុស ១៦៖១៥)។ យើងពុំត្រូវអនុញ្ញាតអោយអ្វីមួយមកបពា្ឈប់យើងមិនអោយបំពេញកិច្ចការនេះបានឡើយ។ ដ្បិតកិច្ចការនេះមានសារៈសំខាន់បំផុតសម្រាប់សម័យរបស់យើង . . . . ព្រះយេស៊ូវបានបង្ហាញអំពីទំហំនៃសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សលោក នៅពេលដែល ទ្រង់សុគតនៅលើឈើឆ្កាងដើម្បីសង្គ្រោះពួកគេ។ សេចក្តីស្រឡាញ់ដូចគ្នានេះនឹងញុាំងអោយអ្្នកដើរ តាម ព្រះយេស៊ូវបំពេញកិច្ចការថ្វាយទ្រង់»។

«ព្រះយេស៊ូវមានសេចក្តីសោមនស្សក្នុងការទទួលយកមនុស្សទាំងអស់ដែលថ្វាយជីវិតរបស់គេទាំងស្រុងទៅឯព្រះយេស៊ូវ។ ព្រះយេស៊ូវបានផ្សារភ្ជាប់មនុស្សលោកទៅឯព្រះ។ សេចក្តីស្រឡាញ់នេះគឺជាអាថ៌កំបាំងមួយ។ សេចក្តីស្រឡាញ់នេះបានធ្វើអោយព្រះក្លាយទៅជាមនុស្ស និងយាងចុះមកផែនដី។ សូមប្រកាសប្រាប់ អធិស្ឋាន និងច្រៀងសរសើរអំពីសេចក្តីស្រឡាញ់មួយនេះចុះ។ សូមអោយផែនដីទាំងមូលបានពេញដោយសារនៃសេចក្តីពិតរបស់ព្រះយេស៊ូវផងដែរ»។ ដកស្រង់ពី Ellen G. White, Counsels for the Church, pages 58, 59។
​ ​
សំនួរពិភាក្សា៖
  1. តើសាររបស់ទេវតាទាំង៣នៅក្នុងកណ្ឌគម្ពីរវិវរណៈ ១៤បានបង្ហាញយើងអំពីខ្លឹមសារសម្រាប់ពួកជំនុំ សេវេនដេយអាត់វេនទីស្ទ និងមូលហេតុដែលយើងរស់នៅលើផែនដីនេះយ៉ាងដូចម្តេចខ្លះ?

  2. សូមគិតអំពីថ្ងៃសប្បាតហ៍។ ជារៀងរាល់សប្តាហ៍​ ព្រះបានបង្គាប់យើងអោយនឹកចាំថា ទ្រង់ជាព្រះអង្គ ដែលបានបង្កើតយើង និងសង្គ្រោះយើង។ តើសេចក្តីពិតនៃព្រះគម្ពីរនេះជួយអោយយើងយល់អំពីសារៈ សំខាន់នៃថ្ងៃសប្បាតហ៍យ៉ាងដូចម្តេច? តើថ្ងៃសប្បាតហ៍បង្ហាញយើងអំពីអ្វីខ្លះ? ​

  3. យើងត្រូវតែមានឥរិយាបថសុភាពរាបសា និងសប្បុរស នៅពេលដែលយើងដាស់តឿនអ្នកដទៃអំពីបាប៊ីឡូន និងសញ្ញាសម្គាល់របស់សត្វសាហាវដែលឡើងមកពីសមុទ្រ។ តើយើងអាចចែកចាយសេចក្តី ពិតទាំងនេះតាមវិធីសាស្ត្រដ៏ល្អបំផុតដែលអាចធ្វើទៅបានដោយរបៀបណា? ​

រឿងខ្លី

ចង់កើតជាសេវេនដេយអាត់វេនទីស្ទម្តងទៀត

Jeans

ស្ត្រីវ័យចំណាស់ម្នាក់បានស្តាប់យ៉ាងយកចិត្តទុកដាក់នៅក្នុងថ្នាក់សប្បាតហ៍ស្គូលនៅឯប្រទេស មួយនៅអាស៊ីអាគ្នេយ៍។

សៀវភៅមេរៀនសប្បាតហ៍ស្គូលរបស់គាត់ត្រូវបានឆ្លើយយ៉ាងល្អិតល្អន់។ គាត់បានបើកមើលខនីមួយៗនៅក្នុងព្រះគម្ពីររបស់នាង។ ខជាច្រើនត្រូវបានគូសបន្ទាត់នៅពីក្រោម។ នាងបានដាក់លុយទៅក្នុងដង្វាយនៃបេសកកម្មសប្បាតហ៍ស្គូល។ ស្ត្រីនេះប្រៀបដូចជាសេវេនដេយអាត់វេនទីស្ទគំរូម្នាក់ដែលត្រូវបានហៅដោយសមាជិកព្រះវិហារថា «លោកយាយ»។

លោកគ្រីកូរី វីតសេដ (Gregory Whitsett) ដែលជាអ្នកដឹកនាំព្រះវិហារបានទៅលេងសហរដ្ឋអាមេរិក ហើយបានជួបសំណេះសំណាលជាមួយលោកយាយ បន្ទាប់ពីថ្វាយបង្គំរួច ដើម្បីសួរនាំពីមូលហេតុដែលគាត់ចាកចេញពីសាសនានៃលោកីយ៍ដែលមិនមែនជាគ្រីស្ទានរបស់នាងដើម្បីក្លាយមកជាអាត់វេនទីស្ទ។ លោកយាយបានរៀបរាប់ពីរឿងសោកនាដកម្មមួយអំពីការបាត់បង់ឪពុកម្តាយរបស់គាត់នៅក្នុងឧបទ្ទវហេតុមួយ នៅពេលដែលគាត់អាយុប្រាំឆ្នាំ និងការឈឺចាប់ដែលធ្វើទុក្ខទោម្នេញដោយវិញ្ញាណ អាក្រក់អស់ជាច្រើនឆ្នាំ។ គាត់បានទៅរកជំនួយពីគ្រូពេទ្យ និងគ្រូចាប់ខ្មោច ប៉ុន្តែ ឱសថគ្រាន់តែធ្វើអោយ គាត់បានធូរស្រាលជាបណ្តោះអាសន្នប៉ុណ្ណោះ។ ថ្ងៃមួយ គ្រូគង្វាលអាត់វេនទីស្ទម្នាក់បានផ្លាស់ទៅរស់នៅជិតផ្ទះរបស់គាត់ ហើយលោកយាយបានសម្លឹងមើលមនុស្សជួបជុំគ្នានៅឯផ្ទះរបស់គ្រូគង្វាលជារៀងរាល់ ល្ងាចថ្ងៃសុក្រទាំងចំឡែកនៅក្នុងចិត្ត។ លោកយាយបានឈរនៅខាងមុខរបងផ្ទះរបស់គ្រូគង្វាលនោះ ដើម្បីអោយដឹងថា មានអ្វីកំពុងតែកើតឡើង រួចបានឮសំឡេងភ្លេង។ លោកយាយមានពេញដោយសេចក្តីសុខសាន្តខណៈពេលដែលគាត់បានស្តាប់ភ្លេងនោះពីសប្តាហ៍មួយទៅសប្តាហ៍មួយទៀត។ គ្រូគង្វាលពុំអាចបញ្ចុះបញ្ចូលគាត់អោយចូលមកក្នុងផ្ទះបានឡើយ ប៉ុន្តែ គ្រូគង្វាលបានដឹងអំពីបញ្ហាឯវិញ្ញាណរបស់លោកយាយ និងបានអធិស្ឋានជូនគាត់។ លោកយាយបានយល់ព្រមអធិស្ឋានជាមួយគ្រូគង្វាលម្នាក់នោះ ពេលនោះវិញ្ញាណអាក្រក់បានចាកចេញពីគាត់ជារៀងរហូតទៅ។ ជាការតបស្នងគុណ លោកយាយបានទទួលជឿព្រះយេស៊ូវ និងបានចូលជាសមាជិកអាត់វេនទីស្ទ។

លោកគ្រូវីតសេដដែលជានាយកមជ្ឈមណ្ឌលសាសនាអាស៊ីបូព៌ាក្នុងផ្នែកមួយនៃកម្មវិធីបេសកកម្មអាត់វេនទីស្ទពិភពលោកបានស្នើសុំអោយលោកយាយពន្យល់ពីព្រះយេស៊ូវមានសារៈសំខាន់យ៉ាងណាចំពោះគាត់។ លោកយាយបាននិយាយ​តាមរយៈបេសកជនបកប្រែភាសាថា «ព្រះយេស៊ូវគឺជាអ្វីៗគ្រប់យ៉ាងសម្រាប់ខ្ញុំ ទ្រង់បានព្យាបាលខ្ញុំ និងប្រទានសេចក្តីសុខសាន្តដល់ខ្ញុំ»។ ខ្ញុំពុំអាចជួយអ្វីដល់ទ្រង់បានឡើយ ក្រៅពីការនិយាយប្រាប់អំពីព្រះយេស៊ូវទៅកាន់មនុស្សគ្រប់គ្នាដែលខ្ញុំបានជួបតែប៉ុណ្ណោះ។ ខ្ញុំគឺជាស្ត្រីវ័យចំណាស់ម្នាក់ ហើយក៏រស់មិនយូរប៉ុន្មានទៀតដែរ។ ប៉ុន្តែ ខ្ញុំស្រឡាញ់ព្រះយេស៊ូវខ្លាំងណាស់ទើបខ្ញុំសម្រេចចិត្តថា នឹងធ្វើជាគ្រីស្ទាននៅក្នុងជីវិតបន្ទាប់ទៀតរបស់ខ្ញុំផងដែរ»។ បេសកជនបកប្រែភាសាស្រឡាំងកាំងជាខ្លាំង។ នាងបានសិក្សាព្រះគម្ពីរជាមួយនឹងលោកយាយ ហើយស្មានថា លោកយាយបានលះចោលទស្សនៈពីមុនទាំងស្រុងអស់ទៅហើយ។

អ្នកដឹកនាំពួកជំនុំនិយាយថា ស្ថានភាពរបស់លោកយាយមិនមែនជារឿងចម្លែកនោះទេក្នុងចំណោមមនុស្សដែលបានក្លាយជាគ្រីស្ទានបន្ទាប់ពីការកាន់តាមសាសនាដទៃនៃលោកីយ៍ និងការកាន់មន្តអាគមបែបប្រពៃណី។ នេះគឺជាបញ្ហាប្រឈមដ៏ធំមួយនៅក្នុងការផ្សព្វផ្សាយដំណឹងល្អ និងជាហេតុផលសម្រាប់ការ បង្កើតមជ្ឈមណ្ឌលសាសនាអាស៊ីបូព៌ា និងមជ្ឈមណ្ឌលបេសកកម្មពិភពលោកដទៃទៀតនៅក្នុងគេហទំព័រ globalmissioncenters.org។ សូមអធិស្ឋានសម្រាប់កិច្ចការនៃមជ្ឈមណ្ឌលបេសកកម្មពិភពលោក និងអធិស្ឋានសម្រាប់អ្នកដទៃដែលដូចជាលោកយាយផងដែរ។

Powered by CAM