ព្រះយេស៊ូវបានបង្ហាញសិស្សរបស់ទ្រង់ថា ការថ្វាយបង្គំនៅក្នុងសាលាប្រជុំនៅថ្ងៃបរិសុទ្ធគឺជារឿងដ៏សំខាន់។ សាលាប្រជុំគឺជាកន្លែងថ្វាយបង្គំរបស់សាសន៍យូដា។ បន្ទាប់ពីព្រះយេស៊ូវបានមានព្រះជន្មរស់ពីស្លាប់ឡើងវិញ សិស្សរបស់ទ្រង់បានបន្តថ្វាយបង្គំនៅក្នុងសាលាប្រជុំនៅថ្ងៃសប្បាតហ៍។ សាលាប្រជុំបានក្លាយទៅជាកន្លែងដ៏សំខាន់បំផុតសម្រាប់សិស្សរបស់ព្រះយេស៊ូវក្នុងការប្រកាសប្រាប់អំពីព្រះជន្មរស់ឡើងវិញរបស់ព្រះ។ ថ្ងៃសប្បាតហ៍បានផ្តល់ឱកាសដ៏ល្អឥតខ្ចោះដល់សិស្សរបស់ព្រះយេស៊ូវ ក្នុងការចូលមករៀនជំុគ្នា។ ព្រះយេស៊ូវគឺជាព្រះមែស្សុីនៃជនជាតិហេព្រើរ។ ព្រះមែស្សុីត្រូវបានបង្ហាញនៅក្នុងគម្ពីរសញ្ញាចាស់។ គម្ពីរសញ្ញាចាស់ត្រូវបានអាននៅក្នុងសាលាប្រជុំជារៀងរាល់ថ្ងៃសប្បាតហ៍។ តើមានកន្លែងណាទៀតសម្រាប់អោយពួកអ្នកជឿចែកចាយអំពីព្រះយេស៊ូវអោយល្អប្រសើរជាងសាលាប្រជុំនេះទៅទៀតនោះ? (សូមអានខគម្ពីរកិច្ចការ ១៣៖១៦, ២៦)។
សូមក្រឡេកមើលខទាំងនេះ៖ កិច្ចការ ១៣៖១៤-៤៥; កិច្ចការ ១៦៖១៣, ១៤; កិច្ចការ ១៧៖១-៥ និងកិច្ចការ ១៨៖៤។
លោកប៉ុល និងសិស្សដទៃទៀតរបស់ព្រះយេស៊ូវនៅក្នុងខទាំងនេះបានចែករំលែកទីបន្ទាល់ផ្ទាល់ខ្លួនរបស់ពួកគេអំពីព្រះយេស៊ូវ។ លោកប៉ុលបានមានប្រសាសន៍អំពីប្រវត្តិសាស្ត្ររបស់សាសន៍អ៊ីស្រាអែលដោយផ្តើមជាមួយនឹង «ព្រះវរបិតារបស់យើង» (កិច្ចការ ១៣៖១៧) នៅក្នុងស្រុកអេសុីព្ទ។ បន្ទាប់មក លោកប៉ុលបានមានប្រសាសន៍អំពីប្រវត្តិសាស្ត្ររបស់សាសន៍អុីស្រាអែលចាប់ពីគ្រាដែលពួក គេរស់នៅក្នុងទឹកដីសន្យារហូតដល់គ្រាជំនុំជម្រះ។ លោកប៉ុលក៏បានមានប្រសាសន៍អំពីពូជពង្សស្តេច និងស្តេចដាវីឌផងដែរ។ ចាប់ពីនោះមកលោកប៉ុលបានមានប្រសាសន៍អំពីព្រះយេស៊ូវ។
លោកប៉ុល គ្រូបង្រៀន និងមេដឹកនាំដទៃទៀតបានបង្ហាញអំពីរបៀបដែលព្រះគម្ពីរគាំទ្របទពិសោធន៍ផ្ទាល់ខ្លួន និងការយល់ឃើញរបស់ពួកគេអំពីព្រះ។ មនុស្សទាំងនេះបានចែករំលែកដំណឹង។ បន្ទាប់មក ពួកគេបានពិភាក្សា និងវែកញែកអំពីដំណឹងនោះ។ ដូច្នេះ ពួកគេបានចែករំលែកបទពិសោធន៍ ផ្ទាល់ខ្លួនរបស់ពួកគេ ចែកចាយព្រះគម្ពីរ អធិប្បាយ និងបង្រៀនដល់អ្នកដទៃ។ នេះគឺជាការរូមផ្តុំមួយដ៏មានអំណាចជាទីបំផុត។ ព្រះគម្ពីរក៏បានចែងផងដែរថា ពួកមេដឹកនាំសាសនាបានច្រណែននឹងសិស្សរបស់ព្រះយេស៊ូវ និងអំណាចរបស់ពួកគេ។
ព្រះវិហារសេវេនដេយអាត់វេនទីស្ទក៏មានប្រវត្តិនៃការចែកចាយដ៏ខ្លាំងក្លាអំពីព្រះយេស៊ូវតាមរបៀបដែលលោកប៉ុល និងសិស្សរបស់ព្រះយេស៊ូវដទៃទៀតបានធ្វើយ៉ាងដូច្នោះដែរ។ យើងបានចែករំលែកទីបន្ទាល់ផ្ទាល់ខ្លួនរបស់យើងអំពីព្រះយេស៊ូវ។ យើងបានបង្រៀន អធិប្បាយ និងផ្សព្វផ្សាយសេចក្តី ពិតនៃព្រះគម្ពីរ។ រឿងនេះបានកើតឡើងនៅក្នុងថ្នាក់សប្បាតហ៍ស្គូល ក្នុងអំឡុងពេលអធិប្បាយ និងការជួបជុំផ្សេងៗទៀតនៅក្នុងថ្ងៃសប្បាតហ៍។ នេះគឺជាផ្នែកទាំងអស់នៃផែនការអប់រំនៃពួកជំនុំរបស់យើង។ ការថ្វាយបង្គំព្រះរបស់យើងគឺជាពេលវេលាសម្រាប់ការរៀនបន្ថែមអំពីទ្រង់។ នេះគឺជាផ្នែកមួយដ៏សំខាន់បំផុតនៃបទពិសោធន៍ថ្ងៃសប្បាតហ៍របស់យើង។
ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០
សិក្សាបន្ថែម
សូមអាន Ellen G. White, “The Sabbath,” pages 281-289, in The Desire of Ages។
«ព្រះបានប្រទានរបស់ជាច្រើនដល់រាស្ត្ររបស់ទ្រង់ដើម្បីញែកពួកគេចេញពីមនុស្សដែលនៅជុំវិញពួកគេ។ ថ្ងៃសប្បាតហ៍បានបង្ហាញអំពីការញែកនេះលើសជាងអ្វីទាំងអស់។ ព្រះចង់អោយសាសន៍ យូដាញែកថ្ងៃសប្បាតហ៍ចេញជាបរិសុទ្ធ ដើម្បីបង្ហាញមនុស្សគ្រប់គ្នាថា ពួកគេបានថ្វាយបង្គំព្រះ។ ថ្ងៃសប្បាតហ៍បានបង្ហាញថា សាសន៍យូដាមិនថ្វាយបង្គំព្រះក្លែងក្លាយនោះទេ។ ថ្ងៃសប្បាតហ៍ក៏បានបង្ហាញអំពីទំនាក់ទំនងរវាងសាសន៍យូដាជាមួយនឹងព្រះផងដែរ។ ប៉ុន្តែ មនុស្សក៏ត្រូវតែបរិសុទ្ធផងដែរដើម្បីញែកថ្ងៃសប្បាតហ៍ចេញជាបរិសុទ្ធបាន។ ពួកគេត្រូវតែទទួលអំណោយទាននៃសេចក្តីមេត្តាករុណារបស់ព្រះយេស៊ូវ និងជីវិតដ៏បរិសុទ្ធរបស់ទ្រង់ដោយសេចក្តីជំនឿ។ ព្រះបានមានបន្ទូលប្រាប់សាសន៍អុីស្រាអែលថា៖ «ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាកដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ» (និក្ខមនំ ២០៖៨)។ ព្រះអម្ចាស់ក៏បានមានបន្ទូលផងដែរថា «យើងចាត់ទុកអ្នករាល់គ្នាជាមនុស្សដ៏វិសុទ្ធ» (និក្ខមនំ ២២៖៣១, គខប)។ ការរស់នៅក្នុងជីវិតដ៏បរិសុទ្ធគឺជាវិធីសាស្ត្រតែមួយគត់ដែលសាសន៍យូដាអាចញែកថ្ងៃសប្បាតហ៍ចេញ ជាបរិសុទ្ធ។ បន្ទាប់មក ពួកគេនឹងអាចបង្ហាញថា ពួកគេគឺជាអ្នកថ្វាយបង្គំព្រះ»។ ដកស្រង់ពី The Desire of Ages, page 283, adapted។
«បន្ទាប់មក ថ្ងៃសប្បាតហ៍គឺជាសញ្ញានៃអំណាចរបស់ព្រះក្នុងការញែកយើងចេញជាបរិសុទ្ធ. . . . ព្រះប្រទានថ្ងៃសប្បាតហ៍ដល់មនុស្សគ្រប់គ្នាដែលបានក្លាយមកជារាស្ត្រអុីស្រាអែលរបស់ទ្រង។ យើង បានក្លាយមកជាផ្នែកមួយនៃរាស្ត្ររបស់ព្រះដោយសារសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ»។ ដកស្រង់ពី The Desire of Ages, pages 288, 289, adapted។
សំនួរពិភាក្សា៖
- សេវេនដេយអាត់វេនទីស្ទតែងតែចំណាយពេលខ្វល់ខ្វាយជាខ្លាំងអំពីអ្វីដែលពួកគេអាចធ្វើបាន និងពុំអាចធ្វើបានក្នុងថ្ងៃសប្បាតហ៍។ សូមលោកអ្នកផ្តើមជាមួយនឹងសំណុំសំណួរដែលជួយអោយអ្នករក្សាថ្ងៃសប្បាតហ៍បានគិតអំពីគោលគំនិតដែលយើងបានសិក្សានៅក្នុងសប្តាហ៍នេះ។ (ចូរចងចាំថា គោលគំនិតទាំងនេះប្រាប់ថា ថ្ងៃបរិសុទ្ធគឺជាពេលវេលាមួយសម្រាប់ការអប់រំ)។ នេះគឺជាឧទាហរណ៍នៃសំណួរមួយដែលចោទសួរថា៖ «តើខ្ញុំគួរតែធ្វើអ្វីខ្លះនៅថ្ងៃសប្បាតហ៍ដែលជួយអោយខ្ញុំបានរៀនបន្ថែមអំពីសេចក្តីស្រឡាញ់របស់ព្រះ?» ។
- សូមពិចារណាបន្ថែមទៀតអំពីសម្រង់មតិដកស្រង់ពីអ្នកស្រីអែល្លិន ជីវ៉ៃត៍នៅក្នុងការសិក្សានៅសព្វថ្ងៃនេះ។ សម្រង់មតិទាំងនេះបានបង្ហាញថា ការរក្សាថ្ងៃសប្បាតហ៍ពុំមែនគ្រាន់តែសំដៅទៅលើក្បួនច្បាប់នោះទេ។ ដូច្នេះ តើ «ការដែលក្លាយមកជាផ្នែកមួយនៃរាស្ត្ររបស់ព្រះដោយសេចក្តីជំនឿលើព្រះយេស៊ូវ គ្រីស្ទ» មានន័យយ៉ាងដូចម្តេចទៅវិញ? តើការដែលញែកចេញជា «បរិសុទ្ធ» មានន័យយ៉ាងដូចម្តេច? តើរឿងនេះមានអ្វីពាក់ព័ន្ធជាមួយនឹងថ្ងៃសប្បាតហ៍ដែរនោះ?
- តើលោកអ្នកអាចធ្វើអោយបទពិសោធន៍នៃថ្ងៃសប្បាតហ៍របស់លោកអ្នកកាន់តែល្អប្រសើរឡើងដោយ វិធីណាខ្លះ? សូមគិតអំពីកិច្ចការ៣យ៉ាងដែលលោកអ្នកចង់រៀនដើម្បីញែកថ្ងៃសប្បាតហ៍ចេញជាបរិសុទ្ធក្នុងរយៈពេល១២ខែទៀត។
រឿងខ្លី
រត់ចេញពីឪពុកនៅក្រុងប៉ារីស
ខ្ញុំកើតក្នុងគ្រួសារដែលមិនមែនជាគ្រីស្ទាននៅប្រទេសអាល់ហ្សេរី ប៉ុន្តែ ខ្ញុំមិនបានរស់នៅតាម ជំនឿរបស់ខ្ញុំដែលខ្ញុំគួរតែធ្វើនោះឡើយ។ ឪពុកម្តាយរបស់ខ្ញុំបានចាកចេញពីខ្ញុំជាមួយជីដូនរបស់ខ្ញុំផ្លាស់មកនៅប្រទេសបារាំងវិញ នៅពេលខ្ញុំមានអាយុ៣ឆ្នាំ។ នៅពេលដែលខ្ញុំមានអាយុ១៨ឆ្នាំ ឪពុករបស់ខ្ញុំបាននាំខ្ញុំទៅក្រុងប៉ារីសដែរដើម្បីមើលថែប្រពន្ធចុង និងកូនៗរបស់គាត់។
ពេលវេលាដែលខ្ញុំនៅជាមួយនឹងពួកគេប្រៀបបានទៅនឹងនរកអុីចឹង។ ឪពុកខ្ញុំគឺជាមនុស្សដែល តឹងរឹុង។ គាត់មិនត្រឹមតែប្រើខ្ញុំអោយសំអាតផ្ទះ និងមើលថែកូនៗរបស់គាត់ប៉ុណ្ណោះទេ តែគាត់ប្រើខ្ញុំដូចជាខ្ញុំប្រពន្ធគាត់អុីចឹង។ គាត់បានវាយខ្ញុំនៅពេលដែលខ្ញុំជំទាស់មិនព្រមធ្វើតាមគាត់។ ជាច្រើនឆ្នាំកន្លងផុតទៅខ្ញុំបានព្យាយាមសម្លាប់ខ្លួន។
ឪពុករបស់ខ្ញុំបានបិទមិនអោយខ្ញុំចាកចេញពីផ្ទះជាដាច់ខាតលើកលែងតែជូនកូនៗរបស់គាត់ ទៅសាលារៀនតែប៉ុណ្ណោះ។ ថ្ងៃមួយខណៈពេលដែលខ្ញុំនាំក្មេងៗទៅឯសាលារៀន ខ្ញុំបានជួបនឹងបុរសវ័យក្មេងម្នាក់ដែលជាអ្នកជិតខាងនៅជាប់ផ្ទះដែលមានចិត្តអាណិតអាសូរខ្ញុំជាខ្លាំង។ ដោយឃើញស្នាមជាំនៅលើមុខរបស់ខ្ញុំ គាត់បានអោយក្រដាសតូចមួយសន្លឹកដែលមានលេខទូរស័ព្ទម្តាយរបស់គាត់នៅក្នុងនោះ។ ប៉ុន្តែ ខ្ញុំពុំបានទូរស័ព្ទទៅសុំជំនួយនោះទេ។ ផ្ទុយទៅវិញ ខ្ញុំបានចំណាយពេលជាច្រើនមើលទៅឯបង្អួចដើម្បីរត់ចេញ។ បុរសវ័យក្មេងម្នាក់នោះបានឃើញខ្ញុំ រួចប្រាប់ម្តាយរបស់គាត់ថា «តើម៉ាក់បានឃើញក្មេងស្រីដែលមើលមកឯបង្អួចដែរឬទេ?
នាងនឹងក្លាយជាប្រពន្ធរបស់ខ្ញុំនៅថ្ងៃណាមួយជាមិនខាន»។ ខ្ញុំពុំបានឮការសន្ទនានោះទេ ប៉ុន្តែ ខ្ញុំអាចដឹងបានថា បុរសវ័យក្មេងម្នាក់នោះចង់រៀបការជាមួយខ្ញុំ។ ខ្ញុំ បានបំភ្លេចគំនិតនោះចេញ។ ខ្ញុំពុំអាចរៀបការជាមួយអ្នកណាម្នាក់ក្រៅពីអ្នករួមជំនឿរបស់ខ្ញុំនោះទេ។ ជីវិតរបស់ខ្ញុំបានឈានទៅដល់ចំណុចមួយដែលខ្ញុំមិនអាចឈប់យំបានឡើយ។ ឪពុកបានចូលមកក្នុងបន្ទប់របស់ខ្ញុំជារៀងរាល់យប់។ ខ្ញុំមិនចង់រស់ទៀតទេ។ យប់មួយខ្ញុំបានមើលទៅមេឃដ៏ខ្មៅងងឹតក្រៅ បង្អួច ហើយបើកចិត្តរបស់ខ្ញុំចំពោះព្រះ។ ខ្ញុំដឹងប្រាកដថា ព្រះគង់នៅលើមេឃ។ ខ្ញុំចាំបានថា ជីដូនរបស់ខ្ញុំប្រាប់ខ្ញុំអំពីព្រះមួយអង្គ។ ខ្ញុំបានប្រាប់ខ្លួនឯងថា «ខ្ញុំនឹងរៀបការជាមួយនឹងបុរសវ័យក្មេងម្នាក់នោះ។ ខ្ញុំនឹងមានផ្ទះ ហើយនិងមានកូន»។ នៅថ្ងៃបន្ទាប់ ឪពុករបស់ខ្ញុំបានវាយដំខ្ញុំម្តងទៀតរួចចេញពីផ្ទះទៅ។ ប្រពន្ធរបស់គាត់បានជេរប្រមាថខ្ញុំ រួចទៅធ្វើកិច្ចការបាត់ទៅ។ ក្មេងៗនៅឯសាលារៀន។ ខ្ញុំបានទូរស័ព្ទទៅបុរសវ័យក្មេងម្នាក់នោះ។ ខ្ញុំបាននិយាយថា «ខ្ញុំចង់ទៅជាអ្នកដែរ»។ គាត់បានតបថា «ខ្ញុំនឹងទៅទទួល អ្នកក្នុងរយៈពេល១ម៉ោងទៀត»។ ខ្ញុំបានរៀបចំអីវ៉ាន់របស់ខ្ញុំ។ ខ្ញុំបានស្គាល់ជូលីន (Juleen) ដែលជាឈ្មោះរបស់គាត់ ហើយគាត់ជាសេវេនដេយអាត់វេនទីស្ទម្នាក់មកពីប្រទេសឥណ្ឌាខាងលិច។ សុីម៉ន់ (Simone) ដែលជាម្តាយរបស់គាត់បានរៀបចំអោយខ្ញុំទៅស្នាក់នៅជាមួយនឹងអាត់វេនទីស្ទមួយគ្រួសារនៅឯកន្លែងដែលឪពុករបស់ខ្ញុំពុំអាចរកខ្ញុំឃើញនៅក្្នុងក្រុងប៉ារីស។ គ្រួសារនោះក៏ជាអ្នកអាល់ហ្សេរីផងដែរ។
នោះគឺជារបៀបដែលខ្ញុំបានជួបព្រះយេស៊ូវ។ សព្វថ្ងៃនេះ ជូលីន និងខ្ញុំមានកូន និងមានផ្ទះផ្ទាល់ខ្លួនរបស់យើង។ យើងបានថ្វាយបង្គំជារៀងរាល់ថ្ងៃសប្បាតហ៍នៅក្នុងព្រះវិហារ។ ទីបំផុត ឪពុករបស់ខ្ញុំបានរកឃើញខ្ញុំ គាត់បានយំសូមការអភ័យទោសពីខ្ញុំ។ ខ្ញុំបានលើកលែងទោសអោយគាត់។ ឪពុករបស់ខ្ញុំបានស្លាប់តាំងតែពីពេលនោះមក ហើយគ្រួសាររបស់ខ្ញុំមិនព្រមទទួលស្គាល់ខ្ញុំដោយសារតែខ្ញុំក្លាយមកជាគ្រីស្ទាន។ តែមិនថ្វីនោះទេព្រះវិហារគឺជាគ្រួសារថ្មីរបស់ខ្ញុំ។
អំណានដង្វាយប្រចាំសប្តាហ៍
ស៊ុតពីរគ្រាប់ចុងក្រោយនៅថ្ងៃគ្រិស្តម៉ាស់
បាណា មែហ្គយ៉ារ៉ូស៊ីមានអារម្មណ៍ថាធុំក្លិននំដុត ខណៈដែលគាត់កំពុងឡើងជណ្តើរទៅផ្ទះរបស់គាត់ដែលនៅជាន់ខាងលើ។ គ្រានោះជាល្ងាចមុនថ្ងៃគ្រិស្តម៉ាសក្នុងប្រទេសកុម្មុយនីស្ត រ៉ូម៉ានីទស្សវត្សឆ្នាំ១៩៨០ មើលទៅហាក់ដូចជាគ្រប់ផ្ទះកំពុងតែធ្វើនំដំណាលគ្នាតែម្តងហើយ! គាត់គិតក្នុងចិត្តថា នឹងមានអ្វីពិសេសទុកទទួលគាត់ដែរហើយមើលទៅ ប៉ុន្តែពេលដែលគាត់ចូលដល់ក្នុងគាត់ចាប់ផ្តើមខកចិត្តដ្បិតអីក្លិននំដុតបានរសាត់បាត់អស់ទៅហើយ!
បាណាបានសួរម្តាយរបស់គាត់ឈ្មោះហ្គេនេវិវថា «តើយើងមិនធ្វើនំអ្វីញុាំក្នុងថ្ងៃគ្រិស្តម៉ាស់ទេឬម៉ាក់?» ម្តាយគាត់តបថា «ម៉ាក់មិនចេះធ្វើនំដែលមានគ្រឿងផ្សំតែស៊ុតពីរគ្រាប់ទេកូន»។ ដោយមានអារម្មណ៍តូចចិត្តដែលមិនអាចរកអ្វីមកធ្វើនំឲ្យកូនបាន នាងបានដើរចូលទៅក្នុងបន្ទប់មួយទៀតហើយបិទទ្វារ និងបានដង្ហោយរកជំនួយពីព្រះ។ ដូចគ្នានឹងស្ត្រីមេម៉ាយក្រីក្រដែរ គាត់បានយកព្រះទុកជាទី១ ដោយថ្វាយប្រាក់ដង្វាយ១០ហូត១សូម្បីតែក្នុងគ្រាដ៏លំបាកបំផុតក្តី។ ដោយសារការសម្រេចចិត្តជឿលើសេចក្តីសន្យារបស់ព្រះអង្គថាទ្រង់នឹងផ្គត់ផ្គង់ដល់គ្រួសាររបស់នាង ក្នុងចិត្តរបស់នាងក៏ចាប់ផ្តើមមានសេចក្តីសុខសាន្តឡើង។
បួនដប់នាទីក្រោយមក ស្រាប់តែអ្នកជិតខាងម្នាក់បានគោះទ្វារ និងសុំខ្ចីស៊ុតពីរគ្រាប់ដើម្បីយកទៅធ្វើនំគ្រិស្តម៉ាស់។
ដោយជឿជាក់លើការផ្គត់ផ្គង់របស់ព្រះហ្គេនេវិវសុខចិត្តឲ្យស៊ុតពីរគ្រាប់ចុងក្រោយរបស់នាងទៅអ្នកជិតខាងនោះ។ នាងសប្បាយចិត្តណាស់ដែលបានជួយគេ ប៉ុន្តែចិត្តរបស់នាងកំពុងតែឈឺចាប់ដោយបារម្ភថា តើកូនទាំងបីរបស់នាងនឹងបានអ្វីបរិភោគនៅល្ងាចនោះ។ ទោះជាយ៉ាងណា ដោយប្រកាន់តាមគោលការនាងបានយកព្រះជាម្ចាស់ទុកជាទី១ អ្នកជិតខាងទីពីរ និងបំណងចិត្តរបស់នាងក្រោយគេបង្អស់វិញ។
១៥នាទីក្រោយមក មានមនុស្សចំឡែកម្នាក់បានគោះទ្វាររបស់ពួកគេ។ ជននោះគឺជាមនុស្សដែលដឹងគុណដល់ឪពុករបស់បាណាដែលធ្វើការនៅដេប៉ូហ្វាម៉ាស៊ី និងដែលតែងតែជួយដល់មនុស្សក្រីក្រជាថ្នាំពេទ្យជាដើម។ នៅព្រឹកនោះ ស្រាប់តែគាត់មានអារម្មណ៍ថាចង់យកប្រេង ម្ស៉ៅ ស្ករ និងស៊ុតមួយចំនួនទៅឲ្យគ្រួសាររបស់បាណា។ ឥឡូវនេះពួកគេអាចធ្វើនំបានហើយ! (លោកបាណា មែហ្គយ៉ារ៉ូស៊ីបច្ចុប្បន្នគឺជាអគ្គលេខាធិការនៃភូមិភាគអន្តរអឹរ៉ុប)។
សេចក្តីអំពាវនាវ៖ ពេលដែលយើងមើលឃើញត្រឹមតែទ្វារដែលបិទជិត ព្រះជាម្ចាស់ទ្រង់មានបង្អួចរាប់ពាន់ដែលទ្រង់អាចបើកឲ្យបាន! ខណៈដែលយើងថ្វាយបង្គំទ្រង់តាមរយៈដង្វាយ១០ហូត១ និងសទ្ធាដែលគ្រាន់តែជាចំណែកតូចមួយពីព្រះពរដែលទ្រង់បានប្រទានដល់យើងនោះ ចូរយើងហាត់ជឿទុកចិត្តលើការផ្គត់ផ្គង់ដ៏អស្ចារ្យរបស់ទ្រង់ចុះ។
សេចក្តីអធិដ្ឋាន៖ ឱព្រះអម្ចាស់អើយ សូមទទួលយកដង្វាយដែលទូលបង្គំយើងខ្ញុំនាំយកមកថ្វាយទ្រង់នៅថ្ងៃនេះដែលបានមកពីព្រះពរដែលទ្រង់ប្រទានដល់ទូលបង្គំយើងដោយព្រះទ័យដ៏សប្បុរសនោះឯង។