មេរៀនទី១៣​៖ ២០-២៦ មិថុនា ២០២០

រស់នៅតាមព្រះបន្ទូលរបស់ព្រះ

Jeans
ថ្ងៃសៅរ៍ ទី២០ មិថុនា ឆ្នាំ២០២០
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ភីលីព ២៖១២-១៦; លូកា ៤៖៤, ៨; ១០-១២; យ៉ូហាន ៥៖៤៥-៤៧; ម៉ាថាយ ៣៖២, ៨; ទំនុកដំកើង ១១៩៖១១។

ខចងចាំ៖ «ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ» (យ៉ាកុប ១៖២២)។

ផែនការល្អបំផុតសំរាប់ការសិក្សាព្រះគម្ពីរនឹងមិនផ្តល់ផលល្អអ្វីទេ ប្រសិនបើយើងមិនរស់នៅតាមសេចក្តីពិតដែលយើងបានរៀនពីព្រះគម្ពីរ។ អ្វីដែលជាសេចក្តីពិតអំពីការអប់រំបែបយ៉ាងណា សេចក្តីពិតនៃការសិក្សាព្រះគម្ពីរក៏តាមបែបដូច្នោះដែរ។ លោកអ្នកអាចរៀនបានយ៉ាងល្អដោយអនុវត្តតាមអ្វីដែលលោកអ្នកបានរៀន។ ព្រះនឹងប្រទានព្រះពរជាអនេកដល់យើងនៅពេលណាដែលយើងធ្វើតាមសេចក្តីពិតនៃព្រះគម្ពីរ។ ព្រះនឹងមិនប្រទានព្រះពរទាំងនេះអោយយើងនោះទេ ប្រសិនបើយើងមិនបានចំណាយពេលធ្វើតាមអ្វីដែលយើងបានរៀន។ ការស្តាប់បង្គាប់នឹងផ្លាស់ប្តូរជីវិតរបស់យើងតាមរយៈវិធីដ៏គួរអោយរំភើបចិត្ត។ ការស្តាប់បង្គាប់នឹងធ្វើអោយយើងកាន់តែឆ្លាត និងមានប្រាជ្ញា។ ដូច្នេះ យើងត្រូវតែសុខចិត្តរស់នៅតាមអ្វីដែលពួកយើងបានរៀនពីព្រះគម្ពីរ។ ពេលនោះ ជំនឿរបស់យើងនឹងរឹងមាំឡើង។ យើងនឹងក្លាយទៅជាស្មរបន្ទាល់ដ៏មានអំណាចសម្រាប់ព្រះផងដែរ។ ជីវិតរបស់យើងនឹងមានភាពចុះសម្រុងដ៏ល្អ ឥតខ្ចោះជាមួយសេចក្តីពិតដែលយើងបានចែករំលែកជាមួយមនុស្សផ្សេងទៀត។

ចំណេះដឹង និងសេចក្តីមេត្តារបស់យើងនឹងបានរីកចម្រើនឡើងនៅពេលដែលអានរឿងអំពី ព្រះយេស៊ូវ។ ទ្រង់ជាគំរូដ៏ល្អបំផុតសម្រាប់យើង។ ពួកយើងត្រូវតែត្រាប់តាមជីវិតរបស់ទ្រង់។ ទ្រង់រស់នៅដោយស្របតាមផែនការរបស់ព្រះ។

សប្តាហ៍នេះ យើងនឹងសិក្សាអំពីអត្ថន័យនៃការរស់នៅតាមព្រះបន្ទូលរបស់ព្រះ។ យើងនឹងក្រឡេកមើលអំពីអត្ថន័យនៃការអនុញ្ញាតអោយព្រះគម្ពីរធ្វើជាអ្នកវិនិច្ឆ័យលើរបៀបដែលយើងរស់នៅផងដែរ។

ថ្ងៃអាទិត្យ ទី២១ មិថុនា ឆ្នាំ២០២០

ព្រះវិញ្ញាណបរិសុទ្ធ និងព្រះបន្ទូលរបស់ព្រះ

ការសិក្សាព្រះគម្ពីរតាមវិធីដ៏ត្រឹមត្រូវពិតជាសំខាន់ណាស់សម្រាប់យើង។ ការធ្វើតាមអ្វីដែលយើងបានរៀនរឹតតែសំខាន់ជាងនោះទៅទៀត។ ហេតុផលដែលយើងសិក្សាព្រះគម្ពីរពុំមែនដើម្បីអោយបានខាងឯចំណេះដឹងនោះទេ។ មែនហើយ ការដែលមានចំណេះដឹងគឺជារឿងដ៏ល្អមួយ។ ប៉ុន្តែ ហេតុផលរបស់យើងនៅក្នុងការសិក្សាព្រះគម្ពីរនោះគឺជាការដែលយើងអនុញ្ញាតអោយព្រះគម្ពីរផ្លាស់ប្តូរជីវិត និង ការគិតរបស់យើង។ រឿងនោះគឺជាអ្វីដែលសំខាន់ពិតប្រាកដ។ តើការដែលរស់នៅក្នុងសេចក្តីពិតដែលយើងបានរៀនមានអត្ថន័យយ៉ាងដូចម្តេច? នោះមានន័យថា យើងសុខចិត្តធ្វើតាមអ្វីដែលព្រះគម្ពីរបានចែងមក។ ជម្រើសនេះតែងតែរួមបញ្ចូលនូវការតយុទ្ធពីខាងក្នុងខ្លួនរបស់យើង។ ការតយុទ្ធរបស់យើងគឺថា អ្នកណានឹងត្រូវគ្រប់គ្រងលើការគិត និងជីវិតរបស់យើង។ នៅទីបញ្ចប់ មានតែភាគី២ប៉ុណ្ណោះដែលយើង អាចជ្រើសរើសបាន៖ ខាងព្រះ ឬខាងសាតាំង។

សូមអានខគម្ពីរភីលីព ២៖១២-១៦។ តើខទាំងនេះបង្ហាញប្រាប់ពីរបៀបដែលយើងគួររស់នៅយ៉ាងដូចម្តេច?

មែនហើយ ព្រះធ្វើការនៅក្នុងចិត្តរបស់យើង។ ប៉ុន្តែ ទ្រង់ធ្វើកិច្ចការតាមរយៈព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់តែមួយប៉ុណ្ណោះ។ ហើយក៏មានតែព្រះវិញ្ញាណបរិសុទ្ធមួយប៉ុណ្ណោះដែលអាចផ្តល់ចំណេះដឹងអោយយល់ពីព្រះគម្ពីរផងដែរ។ ជាញឹកញាប់ យើងតែងតែតយុទ្ធទាស់នឹងសេចក្តីពិតរបស់ព្រះដោយសារតែភាពជាបាបជន។ យើងពុំបានធ្វើតាមព្រះគម្ពីរឡើយ ប្រសិនបើព្រះអនុញ្ញាតអោយយើងធ្វើអ្វីៗតាមចិត្តចង់នោះ (រ៉ូម ១៖២៥; អេភេសូរ ៤៖១៧, ១៨)។ យើងពុំអាចជាប់ចិត្តនឹងសាររបស់ព្រះបានឡើយ បើគ្មានជំនួយពីព្រះវិញ្ញាណបរិសុទ្ធនោះ។ គ្មានសេចក្តីសង្ឃឹម ការជឿទុកចិត្ត និងសេចក្តីស្រឡាញ់ដក់ជាប់នៅក្នុងចិត្តរបស់យើងនោះទេ។ ប៉ុន្តែ ដោយមានជំនួយពីព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ «តែ​ឥឡូវ​នេះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ នោះ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​នៅ​ឆ្ងាយ បាន​មក​ជិត​វិញ ដោយសារ​ព្រះលោហិត​ទ្រង់» (ភីលីព ២៖១៣)។

ព្រះវិញ្ញាណបរិសុទ្ធគឺជាគ្រូបង្រៀន។ ទ្រង់ដឹកនាំយើងអោយយល់អំពីព្រះគម្ពីរកាន់តែស៊ីជម្រៅ។ ទ្រង់ចង់អោយយើងមានសេចក្តីអំណរនៅក្នុងការសិក្សាព្រះគម្ពីរ។ ព្រះវិញ្ញាណបរិសុទ្ធនាំសេចក្តីពិតនៃព្រះគម្ពីរមកក្នុងចិត្តរបស់យើង។ ទ្រង់ប្រទានការយល់ដឹងអំពីសេចក្តីពិតទាំងនោះដល់យើង។ ទ្រង់ផ្លាស់ប្តូរជីវិតរបស់យើង ដើម្បីអោយយើងបង្ហាញសេចក្តីជំនឿទៅលើព្រះអង្គ និងសេចក្តីស្រឡាញ់ដោយការធ្វើតាមក្បួនច្បាប់របស់ទ្រង់។ «ពុំមានអ្នកណាម្នាក់អាចបកស្រាយព្រះគម្ពីរដោយគ្មានជំនួយពីព្រះវិញ្ញាណបរិសុទ្ធបានឡើយ។ ម្ល៉ោះហើយ លោកអ្នកត្រូវតែសិក្សាព្រះគម្ពីរដោយចិត្តដែលគ្មានអំនួត។ លោកអ្នកក៏ត្រូវតែបើកចិត្តទៅលើការសិក្សានេះផងដែរ»។ បន្ទាប់មក ពួកបរិវាររបស់ព្រះនឹងយាងមកសណ្ឋិតជាមួយលោកអ្នក។ ពួកគេនឹងជួយលោកអ្នកអោយទទួលយកសេចក្តីពិតនៃ ព្រះគម្ពីរ»។ ដកស្រង់ពីសំណេររបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ Selected Messages, book 1, page 411។ ខគម្ពីរកូរិនថូសទី១​ ២៖១៣, ១៤ បានបង្រៀនយើងអំពីក្បួនច្បាប់ដ៏សំខាន់នៃព្រះគម្ពីរ៖ យើងត្រូវតែ «ពន្យល់​សេចក្តី​ខាង​វិញ្ញាណ ដោយសារ​សេចក្តី​ខាង​ឯ​វិញ្ញាណ» វិញ។ បន្ទាប់មក យើងនឹងអាចធ្វើតាមព្រះបន្ទូលរបស់ព្រះដោយសេចក្តីអំណរ។ ខគម្ពីរអេសាយ ៥០៖៤, ៥ បានសន្យាថា «ទ្រង់​ដាស់ ​ខ្ញុំ​រាល់​តែ​ព្រឹក គឺ​ទ្រង់​ដាស់​ត្រចៀក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្តាប់ ដូច​ជា​អ្នក​ដែល​កំពុង​តែ​រៀនសូត្រ ព្រះអម្ចាស់ យេហូវ៉ា​ទ្រង់​បាន​បើក​ត្រចៀក​ខ្ញុំ​ហើយ ខ្ញុំ​មិន​បាន​រឹងចចេស ឬ​បែរ​ក្រោយ​ឡើយ»។

ថ្ងៃច័ន្ទ ទី២២ មិថុនា ឆ្នាំ២០២០

រៀនពីគំរូរបស់ព្រះយេស៊ូវ

គ្មានគំរូណាទៀតដែលល្អជាងការធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទនោះទេ។ ព្រះយេស៊ូវបានយល់អំពីសេចក្តីពិតនៃព្រះគម្ពីរយ៉ាងច្បាស់។ ទ្រង់បានយល់ព្រមធ្វើតាមការបង្រៀនរបស់ព្រះគម្ពីរ និងរស់នៅតាមព្រះគម្ពីរ។

សូមអានខគម្ពីរលូកា ៤៖៤, ៨, ១០-១២។ តើព្រះយេស៊ូវប្រើព្រះគម្ពីរ ដើម្បីជួយទ្រង់បដិសេធការប្រព្រឹត្តអំពើបាបដោយរបៀបណា? តើរឿងនេះបង្ហាញប្រាប់អ្វីខ្លះ អំពីសារៈសំខាន់នៃព្រះគម្ពីរ ចំពោះជំនឿរបស់យើង?

ព្រះយេស៊ូវបានយល់អំពីព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះយ៉ាងច្បាស់។ ព្រះយេស៊ូវបាន យល់យ៉ាងច្បាស់ដោយទ្រង់ទន្ទេញខគម្ពីរជាច្រើន។ ទ្រង់អាចសូត្រខគម្ពីរទាំងនេះបានដោយចេញពីចិត្ត។ តើព្រះយេស៊ូវអាចយល់ពីព្រះគម្ពីរបានដោយរបៀបណា? ទ្រង់បានចំណាយពេលវេលាជាច្រើនជាមួយព្រះវរបិតានៅក្នុងការសិក្សាព្រះគម្ពីរ។

តើមានរឿងអ្វីកើតឡើង ប្រសិនបើព្រះយេស៊ូវពុំបានចាំ និងយល់អំពីខគម្ពីរទាំងនោះអោយបានច្បាស់លាស់នោះ? សាតាំងប្រាកដជាអាចល្បួងព្រះយេស៊ូវបានយ៉ាងងាយ។ សូម្បីតែអារក្សក៏អាចសូត្រ និងប្រើខគម្ពីរសម្រាប់ហេតុផលស្មោកគ្រោក និងផែនការដ៏អាក្រក់របស់វាបានដែរ។ ដូច្នេះ ការដែលសូត្រខគម្ពីរតែមួយមុខមិនគ្រប់គ្រាន់នោះទេ។ យើងក៏ត្រូវការយល់អំពីចំណុចផ្សេងទៀតដែលព្រះគម្ពីរចង់បង្ហាញប្រាប់អំពីប្រធានបទណាមួយផងដែរ។ យើងត្រូវការយល់អំពីអត្ថន័យដ៏ត្រឹមត្រូវនៃខនោះផងដែរ។ នោះអារក្សនឹងមិនអាចល្បួងយើងបានឡើយ។ យើងនឹងអាចតយុទ្ធបានទៅនឹងការ វាយប្រហាររបស់សាំតាំង។ ជាថ្មីម្តងទៀត យើងបានអានអំពីរឿងដែលព្រះយេស៊ូវបានបើកចិត្តសាវករបស់ទ្រង់អោយយល់អំពីព្រះគម្ពីររួចមកហើយ។ ព្រះយេស៊ូវបានធ្វើកិច្ចការទាំងនេះដោយមានបន្ទូលទៅកាន់សិស្សរបស់ទ្រង់អំពីអ្វីដែលព្រះគម្ពីរបានចែង (លូកា ២៤៖៤៥, ៤៦; ម៉ាថាយ ១១៖១០; យ៉ូហាន ៦៖៤៥)។ ព្រះយេស៊ូវដឹងថា អ្នកណាខ្លះដែលបានអានព្រះគម្ពីរនឹងយល់អំពីសេចក្តីពិតនៃព្រះគម្ពីរយ៉ាងត្រឹមត្រូវដោយមានបន្ទូល៖ «ក្នុងក្រឹត្យវិន័យ តើ​មាន​កត់​ទុក​យ៉ាង​ដូច​ម្តេច​ខ្លះ តើ​អ្នក​មើល​យល់​ដូច​ម្តេច»។ សម្រាប់ព្រះយេស៊ូវ សេចក្តីពិតដែលត្រូវបានសរសេរនៅក្នុងព្រះគម្ពីរគឺជាច្បាប់ដែលយើងគួរតែធ្វើតាម។ ក្នុងខគម្ពីរយ៉ូហាន ៧៖៣៨ ព្រះយេស៊ូវបានបង្វែរចំណាប់អារម្មណ៍នៃសិស្សរបស់ទ្រង់ទៅឯព្រះគម្ពីរវិញ។ ព្រះគម្ពីរបានបង្រៀនយើងថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះដែលព្រះវរបិតាបានសន្យាថា ចាត់អោយ មកក្នុងលោកីយ៍នេះ (យ៉ូហាន ៥៖៣៩)។ អង្គព្រះយេស៊ូវផ្ទាល់យល់ព្រមធ្វើតាមព្រះគម្ពីរដែលជាព្រះបន្ទូលជាលាយលក្ខណ៍អក្សររបស់ព្រះ។ ប្រសិនបើព្រះយេស៊ូវយល់ព្រមធ្វើតាមព្រះគម្ពីរទៅហើយ តើរឿង នេះបង្ហាញប្រាប់យើងថា យើងគួរតែធ្វើយ៉ាងដូចម្តេចដែរ?

តើលោកអ្នកធ្លាប់មានបទពិសោធន៍នៃការប្រើព្រះគម្ពីរដើម្បីប្រឆាំងទាស់នឹងអំពើយ៉ាងដូចម្តេច? តើលោកអ្នកបានអានព្រះគម្ពីរ ឬសូត្រខគម្ពីរនៅពេលដែលសាតាំងព្យាយាមល្បួងលអ្នកអោយធ្លាក់ទៅក្នុងអំពើបាបដែរឬទេ? ប្រសិនបើលោកអ្នកបានអាន តើមានអ្វីកើតឡើងនៅពេលនោះ? តើ លោកអ្នកបានរៀនអ្វីខ្លះចេញពីបទពិសោធន៍នោះ?

ថ្ងៃអង្គារ ទី២៣ មិថុនា ឆ្នាំ២០២០

តើព្រះយេស៊ូវដែលជំទាស់នឹងព្រះគម្ពីរដែរឬទេ?

សូមអានខគម្ពីរយ៉ូហាន ៥៖៤៥-៤៧។ តើព្រះយេស៊ូវប្រើសារដ៏មានអានុភាពអ្វីមកកាន់យើង ដែលស្តីអំពីទំនាក់ទំនងរបស់ទ្រង់ជាមួយនឹងព្រះគម្ពីរនៅក្នុងខទាំងនេះ?

មនុស្សជាច្រើនបាននិយាយថា ព្រះតែងតែជំទាស់ជាមួយនឹងព្រះគម្ពីរសញ្ញាចាស់។ មនុស្សទាំងនេះលើកព្រះបន្ទូលរបស់ព្រះយេស៊ូវជាងព្រះបន្ទូលនៃព្រះគម្ពីរសញ្ញាចាស់។

ក្នុងព្រះគម្ពីរសញ្ញាថ្មី យើងអានអំពីព្រះបន្ទូលរបស់ព្រះយេស៊ូវ៖ «អ្នករាល់គ្នាបានឮសេចក្តី ដែល​ថ្លែង​ទុក​មក​ថា . . . . ប៉ុន្តែ ខ្ញុំប្រាប់ថា . . . .» (ម៉ាថាយ ៥៖៤៣, ៤៤; ប្រៀបធៀបជាមួយនឹងខគម្ពីរ ម៉ាថាយ ៥៖២១, ២២, ២៧, ២៨, ៣៣, ៣៤, ៣៨, ៣៩)។ ព្រះយេស៊ូវបានមានបន្ទូលដ៏ល្បីរន្ទឺទាំងនេះនៅក្នុងសេចក្តីអធិប្បាយនៅលើភ្នំ។ ទ្រង់ពុំបានព្យាយាមលុបព្រះគម្ពីរសញ្ញាចាស់ ដូចជាអ្នកប្រាជ្ញខាងព្រះគម្ពីរបាននិយាយនោះទេ។ តើព្រះយេស៊ូវចង់បង្ហាញអំពីអ្វីទៅវិញ? ព្រះយេស៊ូវចង់បង្ហាញថា មនុស្សនៅក្នុងសម័យរបស់ទ្រង់កំពុងតែប្រើព្រះគម្ពីរនៅក្នុងផ្លូវដែលខុសឆ្គង។ ពួកគេកំពុងតែប្រើព្រះគម្ពីរ ដើម្បីបង្ហាញថា ការដែលស្អប់ខ្មាំងសត្រូវគឺជារឿងត្រឹមត្រូវ (សូមអានខគម្ពីរម៉ាថាយ ៥៖៤៣)។ ប៉ុន្តែ ព្រះយេស៊ូវបានបង្ហាញថា ព្រះពុំបានបង្រៀនអោយធ្វើដូច្នោះទាល់តែសោះ។

ដូច្នេះ ព្រះយេស៊ូវពុំបានបោះបង់ចោលព្រះគម្ពីរសញ្ញាចាស់នោះទេ។ ទ្រង់ពុំបានបំផ្លាញអំណាចនៃព្រះគម្ពីរសញ្ញាចាស់នោះទេ។ ព្រះគម្ពីរសញ្ញាចាស់បង្ហាញយើងថា ព្រះយេស៊ូវគឺជាអ្នកណា។ ព្រះយេស៊ូវបានបកស្រាយអំពីអ្វីដែលព្រះចង់បង្ហាញប្រាប់នៅក្នុងព្រះគម្ពីរសញ្ញាចាស់។ ព្រះយេស៊ូវបានបន្ថែមអំណាចទៅលើព្រះគម្ពីរសញ្ញាចាស់ដោយធ្វើយ៉ាងដូច្នោះ។

គួរអោយសោកស្តាយ មនុស្សបែរជាប្រើព្រះបន្ទូលរបស់ព្រះយេស៊ូវ ដើម្បីយកលេសថា ព្រះគម្ពីរពុំមានអំណាចមកលើជីវិតរបស់យើងទៀតទេ។​ ឬពួកគេប្រើព្រះបន្ទូលរបស់ព្រះយេស៊ូវដើម្បីនិយាយថា ផ្នែកខ្លះនៃព្រះគម្ពីរពុំត្រូវបានសរសេរដោយមានជំនួយពីព្រះវិញ្ញាណបរិសុទ្ធនោះទេ។ នេះគឺជាការវាយប្រហារទាស់នឹងព្រះគម្ពីរដ៏អាក្រក់ខ្លាំងបំផុត។ តើហេតុអ្វី? នោះគឺដោយសារតែការវាយប្រហារទាំងនេះត្រូវបានធ្វើឡើងក្នុងព្រះនាមព្រះយេស៊ូវ។ យើងមានគំរូរបស់ព្រះយេស៊ូវអំពីអំណាចដ៏លើសលុបដែលទ្រង់បានប្រទានទៅអោយព្រះគម្ពីរដ៏បរិសុទ្ធនេះ។ ព្រះគម្ពីរត្រូវបានបង្កើតត្រឹមតែព្រះគម្ពីរសញ្ញាចាស់តែប៉ុណ្ណោះនៅក្នុងសម័យរបស់ទ្រង់។ រឿងនេះបង្ហាញប្រាប់យើងពីភស្តុតាងគ្រប់គ្រាន់ ដែលស្តីអំពីទស្សនៈបែបណាដែលយើងមានចំពោះព្រះគម្ពីរសញ្ញាចាស់។

ព្រះយេស៊ូវពុំបានយាងមក ដើម្បីនឹងបំផ្លាញព្រះគម្ពីរនោះទេ។ ទ្រង់តែងតែបង្រៀនសិស្សរបស់ព្រះអង្គអោយជឿទុកចិត្តទៅលើព្រះគម្ពីរ។ ទ្រង់បានបង្រៀនពួកគេអោយពឹងផ្អែកទៅលើព្រះគម្ពីរ ក្នុងការដឹកនាំជីវិតរបស់ពួកគេផងដែរ។ ព្រះយេស៊ូវមានបន្ទូលថា «សុំកុំនឹកស្មានថា ខ្ញុំមកលុបបំបាត់​គម្ពីរ‌វិន័យ ឬ​គម្ពីរ​ព្យាការីចោល​ឡើយ។ ខ្ញុំ​មិន​មែន​មក​លុប​បំបាត់​ទេ គឺ​ខ្ញុំ​មក​ធ្វើ​ឲ្យ​គម្ពីរ​មាន​អត្ថ‌ន័យ​ពេញ​លក្ខណៈ​ទៅ​វិញ»​ (ម៉ាថាយ ៥៖១៧, គខប)។ បន្ទាប់មក ព្រះយេស៊ូវប្រទានការព្រមាននេះមកកាន់យើងផងដែរ៖ «អ្នក​ណា​ដែល​ នឹង​រំលង​បទ​ណា​មួយ សូម្បី​យ៉ាង​តូច​បំផុតក្នុង​បញ្ញត្តិ​ទាំង​នេះ ហើយ​បង្រៀន​មនុស្ស​ឲ្យ​ធ្វើ​ដូច្នោះ​ដែរ នោះ​នឹង​ត្រូវ​ហៅ​ជាអ្នកតូចបំផុត​ក្នុង​នគរស្ថានសួគ៌ តែ​អ្នក​ណា​ដែល​កាន់​តាម ហើយ​បង្រៀន​ចំពោះ​បញ្ញត្តិទាំង​នេះ នោះ​នឹង​បាន​ហៅ​ជា​អ្នក​ធំ​ក្នុង​នគរ​ស្ថានសួគ៌​វិញ»។

ថ្ងៃពុធ ទី២៤ មិថុនា ឆ្នាំ២០២០

ពេលវេលាស្ងប់ស្ងាត់ជាមួយព្រះគម្ពីរ

ជីវិតរបស់យើងតែងតែរវល់ និងពោរពេញដោយភាពតានតឹង។ ពេលខ្លះ យើងខំប្រឹងប្រែងធ្វើការជាខ្លាំងគ្រាន់តែសម្រាប់ផ្គត់ផ្គង់គ្រួសារ និងចំណាយទៅលើតម្រូវការផ្សេងៗតែប៉ុណ្ណោះ។ ជួនកាល យើងប្រហែលជាមានអ្វីៗគ្រប់គ្រាន់ដែលយើងត្រូវការ។ ប៉ុន្តែ យើងនៅតែខំប្រឹងធ្វើការលើសពីអ្វីដែលយើងត្រូវការទៅទៀត ដោយសារតែយើងមិនចេះស្កប់ស្កល់។ យើងប្រាថ្នាចង់បានអ្វីៗដែលយើងគិតថា នឹងធ្វើអោយយើងមានសេចក្តីរីករាយ។ ប៉ុន្តែ ស្តេចសាឡូម៉ូនបានព្រមានយើងនៅក្នុងកណ្ឌគម្ពីរសាស្តាដែលថា រឿងនោះមិនតែងតែកើតឡើងតាមអ្វីដែលយើងប្រាថ្នានោះទេ។

យើងនៅតែរវល់ជាខ្លាំងនៅក្នុងជីវិតរបស់យើង មិនថាហេតុផលនោះជាអ្វីនោះទេ។ ដូច្នេះ ការដែលរុញច្រានព្រះចេញពីជីវិតរបស់យើងគឺជារឿងងាយស្រួល។ ជាញឹកញាប់ រឿងនេះកើតឡើងនៅពេលដែលយើងពុំបានចំណាយពេលគ្រប់គ្រាន់នៅក្នុងការអានព្រះគម្ពីរ អធិស្ឋាន និង​ចូលទៅជិត ព្រះអម្ចាស់។ «ទ្រង់គឺជាព្រះដែលមានព្រះចេស្តាលើជីវិតរបស់អ្នក និងផ្លូវជីវិតរបស់អ្នកផង» (ដានីយ៉ែល ៥៖២៣, បកប្រែថ្មីពី ICB)។ យើងអាចត្រូវទាញចេញអោយឆ្ងាយពីព្រះ បានដោយរបស់ផ្សេងៗ។ ពេលនោះ យើងនឹងអាក់ខានពុំបានចំណាយពេលជាមួយនឹងទ្រង់។ យើងទាំងអស់គ្នាត្រូវការពេលវេលាដើម្បី សម្រាក និងជួបព្រះអង្គសង្គ្រោះរបស់យើង។ តើព្រះវិញ្ញាណបរិសុទ្ធអាចមានបន្ទូលមកកាន់យើងយ៉ាង ដូចម្តេច ប្រសិនបើយើងពុំបានចំណាយពេលដើម្បីឈប់ និងផ្ទៀងស្តាប់នូវអ្វីដែលទ្រង់បានមានបន្ទូលមកនោះ? ពេលវេលាស្ងប់ស្ងាត់ដ៏ពិសេសជាមួយព្រះគឺជាអាថ៌កំបាំង ទៅកាន់ជីវិតខាងឯព្រលឹងវិញ្ញាណ របស់យើង។ ការអធិស្ឋាន​ និងការអានព្រះបន្ទូលរបស់ព្រះនឹងធ្វើអោយយើងបានរឹងមាំឡើង។

សូមអានខគម្ពីរទំនុកដំកើង ៣៧៖៧; ទំនុកដំកើង ៤៦៖១០ និងទំនុកដំកើង ៦២៖១, ២, ៥។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះ អំពីតម្រូវការរបស់យើងសម្រាប់ពេលវេលាដ៏ស្ងប់ស្ងាត់ជាមួយនឹងព្រះ? តើហេតុអ្វីបានជាការចំណាយពេលវេលាស្ងប់ស្ងាត់ជាមួយនឹងព្រះគឺជារឿងសំខាន់?

យើងចូលចិត្តចំណាយពេលវេលាតែពីរនាក់ជាមួយអ្នកណាម្នាក់ ប្រសិនបើយើងស្រឡាញ់គាត់។ សូមជ្រើសរើសទីកន្លែងណាមួយដែលយើងអាចអានព្រះគម្ពីរ និងជួបជាមួយនឹងព្រះបាន។ គឺជាទីកន្លែងណាមួយដែលគ្មានអ្នកណាមករំខានលោកអ្នក។ លោកអ្នកត្រូវតែជ្រើសរើសពេលវេលាដ៏ពិសេសណាមួយ ដើម្បីណាត់ជួបជាមួយនឹងព្រះ។ បើពុំដូច្នោះទេ ការណាត់ជួបនឹងមិនអាចកើតមានឡើងបានទេ។ ជាញឹកញាប់ ពេលវេលាដែលល្អនៅក្នុង១ថ្ងៃគឺជាពេលព្រឹកព្រលឹម។ ពេលវេលានេះដែលលោក អ្នកនៅតែម្នាក់ឯងជាមួយនឹងព្រះ អាចក្លាយជាព្រះពរសម្រាប់មួយថ្ងៃពេញរបស់លោកអ្នក។ គោលគំនិតដែលលោកអ្នកទទួលបានពីការចំណាយពេលវេលាជាមួយនឹងព្រះអាចជួយលោកអ្នកបានជាច្រើនម៉ោងទៅមុខទៀត។ ចូរធ្វើអ្វីគ្រប់យ៉ាងដែលលោកអ្នកត្រូវតែធ្វើ ដើម្បីអោយប្រាកដថា លោកអ្នកអាចជួបជាមួយនឹងព្រះបានដោយគ្មានអ្នកណា ឬអ្វីមួយមកឆក់យកពេលវេលានេះចេញពីលោកអ្នកទៅបាន។

ពុំមានវិធីណាដែលនឹងជួយលោកអ្នកអោយផ្សារភ្ជាប់ជាមួយនឹងព្រះបាន ក្រៅពីការអធិស្ឋាន និងការសិក្សាព្រះគម្ពីរនោះទេ។ ការអធិស្ឋាន និងការសិក្សាព្រះគម្ពីរនឹងជួយលោកអ្នកអោយគិត និងប្រព្រឹត្តបានដូចជាអង្គព្រះយេស៊ូវ។

តើលោកអ្នកខិតខំព្យាយាមចំណាយពេលតែម្នាក់ឯងជាមួយនឹងព្រះយ៉ាងដូចម្តេច? តើលោកអ្នក ធ្វើអ្វីខ្លះ នៅពេលលោកអ្នកចំណាយពេលជាមួយនឹងទ្រង់? តើលោកអ្នកទទួលបានបទពិសោធន៍យ៉ាង ដូចម្តេចដែរ? តើការចំណាយពេលជាមួយនឹងព្រះអាចជួយលោកអ្នកឱ្យស្គាល់សេចក្តីស្រឡាញ់របស់ ទ្រង់បានកាន់តែប្រសើរយ៉ាងដូចម្តេច?

ថ្ងៃព្រហស្បតិ៍ ទី២៥ មិថុនា ឆ្នាំ២០២០

ខគម្ពីរ និងបទចម្រៀង

«ទូលបង្គំបាន​កំណត់​ចាំ​ព្រះបន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្តប្រយោជន៍​កុំ​ឲ្យ​ទូលបង្គំ​ធ្វើ​បាប​នឹង​ទ្រង់ ​ឡើយ» (ទំនុកដំកើង ១១៩៖១១)។

យើងត្រូវ «លាក់ទុក» ព្រះបន្ទូលរបស់ព្រះនៅក្នុងចិត្តរបស់យើង។ យើងត្រូវតែសិក្សាខគម្ពីរ អោយបានច្បាស់ ដើម្បីអោយយើងអាចសូត្រខទាំងនោះបានដោយពុំចាំបាច់អានខទាំងនោះពីព្រះគម្ពីរ។ បន្ទាប់មក យើងនឹងបានយល់អំពីខទាំងនេះជារៀងរហូត។ ដូច្នេះ សូមចំណាយពេល ដើម្បីលាក់ទុក ព្រះបន្ទូលរបស់ព្រះនៅក្្នុងចិត្តរបស់យើង។ ពេលនោះ ព្រះនឹងប្រទានពរជាអនេកដល់លោកអ្នក។ ខទាំង នេះដែលយើងបានយល់យ៉ាងច្បាស់នឹងផ្លាស់ប្តូរគោលគំនិត និងឥរិយាបថរបស់យើង។ ខទាំងនេះនឹង ជួយយើងអោយធ្វើការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ។ ការលាក់ទុកខគម្ពីរនៅក្នុងចិត្តនឹងជួយអោយព្រះគម្ពីរមានជីវិតរស់ឡើងតាមរបៀបថ្មី។ នោះគឺជាមូលហេតុដ៏សំខាន់សម្រាប់យើងក្នុងការសិក្សាខគម្ពីរអោយបានយល់ច្បាស់ ដើម្បីអោយយើងអាចសូត្រខទាំងនោះបានដោយពុំចាំបាច់មើលនៅក្នុងព្រះគម្ពីរ។ ការធ្វើបែបនេះនឹងជួយអោយយើងថ្វាយបង្គំព្រះ និងរស់នៅតាមការបង្ហាញប្រាប់នៃព្រះគម្ពីរ។

ការសិក្សាមួយពាក្យម្តងនៃព្រះគម្ពីរគឺជាហេតុផលមួយទៀតដ៏សំខាន់។ ខទាំងនេះនឹងជួយការពារយើងអោយរួចចេញពីការកុហក និងអន្ទាក់របស់សាតាំង។ យើងនឹងអាចសូត្រខទាំងនេះបាន ទោះបីជាយើងពុំមានព្រះគម្ពីរនៅក្នុងដៃរបស់យើងក៏ដោយ។ រឿងនេះអាចជួយដល់យើងបាន នៅពេលដែលសាតាំងកំពុងតែព្យាយាមយ៉ាងខ្លាំង ដើម្បីល្បួងយើងអោយប្រព្រឹត្តអំពើបាប។ ដូច្នេះ យើងត្រូវតែលាក់សេចក្តីសន្យារបស់ព្រះមកកាន់យើងដែលមាននៅក្នុងព្រះគម្ពីរទុកនៅក្នុងចិត្តរបស់យើង។ បន្ទាប់មក យើងនឹងអាចផ្លាស់ប្តូរការគិតរបស់យើងទៅលើសេចក្តីពិតនៃព្រះគម្ពីរ ជាជាងការចំណាយពេលគិតអំពីបញ្ហារបស់យើង។ យើងនឹងថ្វាយចិត្តគំនិតរបស់យើងទៅកាន់ព្រះ។ ទ្រង់មានដំណោះស្រាយរាប់ពាន់វិធី ដើម្បីជួយយើងនៅពេលណាដែលយើងមើលពុំឃើញពីដំណោះស្រាយណាមួយទាល់តែសោះ។

សូមអានប្រសាសន៍រប​ស់លោកប៉ុលអំពីចម្រៀងនៅក្នុងខគម្ពីរអេភេសូរ ៥៖១៩ និងកូឡូស ៣៖១៦។ តើខគម្ពីរដែលយើងលើកយកមកតែងជាចម្រៀងអាចជួយយើងអោយលាក់ទុកព្រះបន្ទូលរបស់ព្រះនៅក្នុងចិត្តរបស់យើងបានយ៉ាងដូចម្តេច?

យើងគួរតែរៀនតែងពាក្យពេចន៍នៃព្រះគម្ពីរជាចម្រៀង។ នេះគឺជាវិធីដ៏មានអំណាចមួយក្នុងការសិក្សាខគម្ពីរ។ បទចម្រៀងពីរោះៗនឹងជួយយើងអោយមានភាពងាយស្រួលក្នុងការសិក្សាខគម្ពីរ។ យើងក៏មិនមានអារម្មណ៍ព្រួយបារម្ភ ឬសោកសៅផងដែរ នៅពេលណាដែលយើងច្រៀងចម្រៀងដែល ស្រង់អត្ថន័យពីព្រះគម្ពីរ។ សូម្បីតែកុមារក៏អាចរៀនច្រៀងចម្រៀងដែលស្រង់អត្ថន័យពីព្រះគម្ពីរនេះបានដែរ។ ព្រះគម្ពីរបានទាក់ទាញតន្ត្រីករជាច្រើនអោយនិពន្ធបទចម្រៀងដែលអាចជួយអោយយើងមាន អារម្មណ៍រីករាយ។ បទចម្រៀងទាំងនេះនឹងបង្វែរចិត្តរបស់យើងទៅឯព្រះ និងព្រះគម្ពីររបស់ទ្រង់វិញ។ ភ្លេងបែបនេះ គឺជាព្រះពរដ៏វិសេសវិសាល។

«ភ្លេងគឺជាផ្នែកមួយនៃការថ្វាយបង្គំដល់ព្រះដែលគង់នៅស្ថានសួគ៌។ យើងគួរតែព្យាយាមកែលំអចម្រៀងនៃការសរសើរតម្កើងរបស់យើងអោយសមប្រកបគ្នាជាមួយនឹងបទចម្រៀងដែលទេវតាបានច្រៀង»។ ដកស្រង់ពីសំណេររបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ Patriarchs and Prophets, page 594, adapted។

ថ្ងៃសុក្រ ទី២៦​ មិថុនា ឆ្នាំ២០២០

សិក្សាបន្ថែម

សូមអាន Ellen G. White, “The Privilege of Prayer,” pages 93-104, in Steps in Christ។

«ភ្នែករបស់មនុស្សតែមួយមុខមិនអាចមើលឃើញពីសិរីល្អនៃព្រះយេស៊ូវបានឡើយ។ យើងត្រូវការជំនួយពីព្រះវិញ្ញាណបរិសុទ្ធ។ ព្រះវិញ្ញាណក៏អាចជួយយើងអោយមើលឃើញដែរថា យើងនឹងមិនទទួលបានសេចក្តីសង្ឃឹមឡើយ បើសិនជាគ្មានព្រះយេស៊ូវ។ យើងត្រូវការសេចក្តីមេត្តាករុណា និងការអត់ឱនទោសរបស់ព្រះយេស៊ូវ។ មានតែព្រះអង្គមួយប៉ុណ្ណោះដែលបានលោះបាបយើងចេញដោយព្រះលោហិតរបស់ទ្រង់ផ្ទាល់។ ទ្រង់បំពេញគ្រប់ទាំងតម្រូវការ។ មានតែព្រះវិញ្ញាណបរិសុទ្ធមួយប៉ុណ្ណោះ ដែលអាចជួយយើងអោយយល់អំពីសេចក្តីមេត្តាករុណា សេចក្តីស្រឡាញ់ ព្រះទ័យសន្តោសប្រណី និងសិរីល្អដ៏គ្មានទីបញ្ចប់របស់ព្រះយេស៊ូវ។ ដកស្រង់ពីសំណេររបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ The Upward Look, page 155, adapted។

«យើងអាចរៀនសូម្បីតែជំពូកទាំងមូល និងផ្នែកផ្សេងៗនៃព្រះគម្ពីរដោយចិត្ត។ ពេលនោះ យើងនឹងអាចសូត្រខគម្ពីរទាំងនោះនៅពេលណាដែលសាតាំងចូលមកជិតយើង និងព្យាយាមល្បួងយើងអោយធ្វើអ្វីដែលខុសឆ្គង . . . . សាតាំងនឹងព្យាយាមទាញចិត្តរបស់យើងអោយគិតអំពីរបស់នៅលើលោកីយ៍ និងភាពត្រេកត្រអាលរបស់វា។ វិធីដ៏ល្អបំផុតដើម្បីយកឈ្នះសង្គ្រាមប្រឆាំងនឹងសាតាំងនៅ គ្រានោះបាន គឺដោយនិយាយថា ‘ព្រះគម្ពីរបានចែងថា’»។ The Advent Review and Sabbath Herald, April 8, 1884, adapted។​
សំនួរពិភាក្សា៖
  1. ព្រះបានប្រទានអំណោយទានក្នុងការជ្រើសរើសដោយឥតគិតថ្លៃដល់យើង។ យើងពុំចាំបាច់ព្យាយាមគ្រប់គ្រងលើអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតរបស់យើងនោះទេ។ ប៉ុន្តែ យើងមានសេរីភាពក្នុងការជ្រើសរើសទទួលយកអំណោយទាននៃជីវិតអស់កល្បរបស់ព្រះ។ តើលោកអ្នកកំពុងតែធ្វើអ្វីខ្លះជាមួយនឹងអំណោយ ទានក្នុងការជ្រើសរើសដោយឥតគិតថ្លៃដែលព្រះបានផ្តល់អោយលោកអ្នក? តើជម្រើសខាងឯព្រលឹងវិញ្ញាណអ្វីខ្លះដែលលោកអ្នកកំពុងតែធ្វើ?

  2. សូមគិតអំពីផ្នែកនៃថ្ងៃសប្បាតហ៍ដែលអាច និងគួរតែផ្តល់អោយយើងនូវពេលវេលាដ៏ស្ងប់ស្ងាត់ជាមួយនឹងព្រះ។ តើការដែលរក្សាថ្ងៃបរិសុទ្ធអាចជួយការពារលោកអ្នកពីការធ្វើការងារជាច្រើន និងធ្វើកិច្ចការផ្សេងៗ ដែលអាចរារាំងលោកអ្នកពីការចំណាយពេលជាមួយនឹងព្រះយ៉ាងដូចម្តេច? តើលោកអ្នកអាចធ្វើអោយថ្ងៃបរិសុទ្ធក្លាយមកជាព្រះពរខាងឯព្រលឹងវិញ្ញាណនៅក្នុងជីវិតរបស់លោកអ្នកយ៉ាងដូចម្តេច? ​

  3. តើលោកអ្នកមានបទពិសោធន៍អ្វីខ្លះក្នុងការចំណាយពេលតែម្នាក់ឯងជាមួយនឹងព្រះតាមរយៈការ អធិស្ឋាន និងការសិក្សាព្រះគម្ពីរ? តើការអនុវត្តខាងឯព្រលឹងវិញ្ញាណនេះអាចធ្វើអោយជំនឿរបស់លោកអ្នកកាន់តែរឹងមាំឡើងយ៉ាងដូចម្តេច? សូមចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកអ្នកជាមួយនឹងព្រះនៅក្នុងថ្នាក់។ តើលោកអ្នកបានរៀនអ្វីខ្លះ ពីការចំណាយពេលនៅក្នុងការអធិស្ឋាន និងការសិក្សាព្រះគម្ពីរ? តើបទពិសោធន៍របស់លោកអ្នកអាចជួយដល់អ្នកដទៃអោយកាន់តែមានជំនឿរឹងមាំយ៉ាងដូចម្តេច? ​

  4. តើខគម្ពីរត្រង់ណាខ្លះ ដែលអ្នកចូលចិត្តជាងគេ និងបានសិក្សាយ៉ាងល្អិតល្អន់? តើលោកអ្នកចូលចិត្តខទាំងនេះនៅត្រង់ចំណុចណាខ្លះ? តើការដែល «លាក់ទុក» ខទាំងនេះនៅក្នុងចិត្តរបស់លោកអ្នកនឹងក្លាយមកជាព្រះពរដល់លោកអ្នកយ៉ាងដូចម្តេច? ​

រឿងខ្លី

រួចខ្លួនពីការធ្លាក់យន្តហោះ

Jeans

លោកផាយអ៊េស កាបាឌី ធីស៊ីអូប៊ី (Pius Kabadi Tshiombe) ដែលជាអ្នកផ្សព្វផ្សាយដំណឹងល្អអាយុ៥៣ឆ្នាំម្នាក់ បានជិះយន្តហោះខ្នាតតូចAn-2 ហោះទៅសួរសុខទុក្ខនៅឯព្រះវិហារមួយដែលគាត់បានបង្កើតនៅតំបន់ដាច់ស្រយាលមួយនៃតំបន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ប៉ុន្តែ យន្ដហោះសូវៀតដែលដំឡើងដោយក្រុមហ៊ុនអាកាសចរណ៍អ៊ែរ ខាសៃ (Air Kasai) ដែលមានមូលដ្ឋាននៅឯគីនសាសា (Kin-shasa-based) បានបង្កបញ្ហាដល់ម៉ាស៊ីនភ្លាមៗបន្ទាប់ពីបានហោះចេញពីទីក្រុងខាម៉ាកូ (Kamako) បានចម្ងាយ១៥០គីឡូម៉ែត្រទៅកាន់ទីក្រុងស៊ីវីកាប៉ា (Tshikapa) ដែលស្ថិតនៅជិតព្រំប្រទល់ អង់ហ្គោឡា។ យន្ដហោះ បានបាត់បង់ព័ត៌មានរយៈកំពស់ និងមានផ្សែងចេញពាសពេញបន្ទប់បើកបរ ក្នុងពេលដែលអ្នកបើកបរកំពុងតែ ព្យាយាមស្វែងរកកន្លែងចុះចត។ លោកធីស៊ីអូប៊ីបានឃើញអ្នកបើកយន្ដហោះគេចចេញពីបន្ទប់បើកបរយន្ដហោះ និងឮសំឡេងរហៀងៗហាក់ដូចជានិយាយថា «ទៅតាមអ្នកបើកយន្តហោះទៅ»។

លោកធីស៊ីអូប៊ីបានរលាស់ជើងរបស់លោក។ អ្នកបើកយន្តហោះបានបើកទ្វារចេញ ហើយលោតចុះទៅក្រោម។ លោកធីស៊ីអូប៊ីក៏បានលោតចុះទៅដែរ។ មួយសន្ទុះក្រោយមក យន្តហោះAn-2បានហោះទៅបុកគុម្ពោតព្រៃ ហើយផ្ទុះនៅក្នុងអណ្តាតភ្លើងទៅ។ ឧបទ្ទវហេតុនេះបានកើតឡើងចម្ងាយប្រហែលជា៣គីឡូម៉ែត្រពីអាកាសយានដ្ឋានខាម៉ាកូនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ មានតែលោកធីស៊ីអូប៊ី និងអ្នកបើកបរយន្តហោះប៉ុណ្ណោះដែលមានជីវិត។ អ្នករួមដំណើរ៥នាក់ទៀតបានបាត់បង់ជីវិត។ នីកូល (Nicole) ដែលជា ភរិយារបស់លោកធីស៊ីអូប៊ីជាអ្នកដែលទទួលបានការអះអាងបន្ថែមអំពីរូបភាពនៃអាការៈប្តីរបស់អ្នកស្រីដែលបានបញ្ជូនមកអោយអ្នកស្រីដោយមិត្តភក្តិម្នាក់តាមប្រព័ន្ធ វត់ស្អាប់ (WhatsApp) បន្ទាប់ពីការធ្លាក់យន្តហោះនោះមក អ្នកស្រីបាននិយាយថា «គាត់បានរួចជីវិតជាមួយទូរស័ព្ទដៃមួយគ្រឿងរបស់គាត់ប៉ុណ្ណោះ។ គាត់មាន របួសស្រាលនៅលើក្បាល និងជើងតែមិនបាក់ឆ្អឹងត្រង់ណាឡើយ»។

ក្នុងចំណោមរូបភាពទាំងនោះមានរូបភាពមួយរបស់លោកធីស៊ីអូប៊ីដែលមានទឹកមុខតក់ស្លុតជាមួយនឹងទូរស័ព្ទដៃដែលប្រឡាក់ទៅដោយឈាម។ នីកូលពុំអាចទាក់ទងទៅស្វាមីរបស់អ្នកស្រីទាល់តែសោះអស់រយៈពេល៣ថ្ងៃ ប៉ុន្តែ ពាក្យពេចន៍ដំបូងតាមទូរស័ព្ទរបស់គាត់ពោរពេញទៅដោយការសរសើរតម្កើងព្រះ។ គាត់បានប្រាប់នាងថា «ខ្ញុំនឹងមិនចាកចេញពីព្រះមួយនេះឡើយ ពីព្រោះទ្រង់គឺជាព្រះដ៏ល្អអស្ចារ្យ»។

លោកធីស៊ីអូប៊ីមានបំណងចង់ទៅសុខទុក្ខក្រុមថ្វាយបង្គំតូចមួយដែលមានពួកជំនុំ១៥នាក់ដែលគាត់បានបង្កើតបន្ទាប់ពីកម្មវិធីផ្សាយដំណឹងល្អរួចនៅក្នុងភូមិខាប៊ូឃីយូ (Kabungyu)។ ប៉ុន្តែ គាត់បានប្តូរ ទៅជិះយន្តហោះតូចAn-2វិញ បន្ទាប់ពីទទួលព័ត៌មានថា ជើងយន្តហោះដែលគាត់មានបំណងចង់ជិះនឹងត្រូវចាកចេញនៅថ្ងៃសៅវ៍។

ភរិយារបស់គាត់បាននិយាយថា «ពួកគេប្រាប់គាត់អោយធ្វើដំណើរនៅថ្ងៃបរិសុទ្ធ តែគាត់ និយាយ ថា ‘ខ្ញុំមិនអាចធ្វើដំណើរនៅថ្ងៃនោះបានទេ ពីព្រោះខ្ញុំត្រូវថ្វាយបង្គំព្រះនៅថ្ងៃបរិសុទ្ធ។ ខ្ញុំនឹងព្យាយាមស្វែងរក វិធីផ្សេង ដើម្បីអោយបានទៅដល់គោលដៅរបស់ខ្ញុំ’»។

លោកធីស៊ីអូប៊ីដែលជាអ្នកទី២នៅខាងឆ្វេងនៅក្នុងរូបភាពបានទូរស័ព្ទទៅភរិយារបស់គាត់ពីអាកាសយានដ្ឋាន ដើម្បីប្រកាសប្រាប់ពីការផ្លាស់ប្តូរនៃគម្រោងហោះហើរ។ គាត់សង្ឃឹមថានឹងអាចស្វែងរកវិធីដែល អាចទាក់ទងទៅក្រុមជំនុំខាប៊ូឃីយូបាន។ អ្នកស្រីនីកូលមានសំណួរជាច្រើនអំពីហេតុការណ៍ដែលបានកើតឡើង។ អ្នកស្រីពុំបានយល់អំពីមូលហេតុថា តើេហតុអ្វីបានជាមានតែលោកធីស៊ីអូប៊ី និងអ្នកបើកយន្តហោះដែលបានរួចជីវិតនោះទេ។ អ្នកស្រីពុំបានដឹងថា ការសម្រេចចិត្តក្នុងការរក្សាថ្ងៃបរិសុទ្ធ របស់លោកធីស៊ីអូប៊ីជាមូលហេតុដ៏សំខាន់នៅក្នុងរឿងនោះទេ។ ប៉ុន្តែ អ្នកស្រីជឿថា គាត់ត្រូវបានរំដោះតាមសេចក្តីសន្យានៅក្នុងខគម្ពីរទំនុកដំកើង ៩១៖១៤ ដែលព្រះបានមានបន្ទូលថា «នោះអញ នឹងជួយឲ្យរួច អញនឹងតាំងឡើងយ៉ាងខ្ពស់ពីព្រោះ វាបានស្គាល់ឈ្មោះអញ»។ អ្នកស្រីបាននិយាយថា «ចូររក្សាភាពស្មោះត្រង់នៅក្នុងព្រះ ពីព្រោះទ្រង់អាចជួយសង្គ្រោះយើងបានគ្រប់ពេលវេលា»។

Powered by CAM