សេចក្តីស្រឡាញ់តែងតែបង្ហាញខ្លួននៅក្នុងសកម្មភាពដែលយើងធ្វើ។ សេចក្តីស្រឡាញ់របស់យើងសម្រាប់ព្រះយេស៊ូវញុាំងអោយយើងធ្វើអ្វីមួយសម្រាប់មនុស្សដែលបាត់បង់។ លោកប៉ុលបានបង្ហាញប្រាប់រឿងដូចគ្នានេះទៅកាន់ពួកជំនុំកូរិនថូសថា៖ «សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើងខ្ញុំ» (កូរិនថូស ទី២ ៥៖១៤)។ សាសនាគ្រីស្ទមិនត្រឹមតែជាការលះបង់សេចក្តីអាក្រក់ដើម្បីអោយយើងអាចបានសង្គ្រោះប៉ុណ្ណោះទេ។ ដ្បិតព្រះយេស៊ូវពុំបាន «លះបង់» សេចក្តីអាក្រក់នៅឯស្ថានសួគ៌ដើម្បីអោយទ្រង់អាចសង្គ្រោះនោះទេ។ ទ្រង់បានលះបង់ចោលសេចក្តីល្អដើម្បីអោយទ្រង់អាចសង្គ្រោះអ្នកដទៃបាន។ ព្រះយេស៊ូវពុំបានត្រាស់ហៅយើងអោយថ្វាយត្រឹមតែពេលវេលា ទេពកោសល្យ និងទ្រព្យសម្បត្តិរបស់យើងតបស្នងទៅការលះបង់របស់ទ្រង់ប៉ុណ្ណោះទេ។ ព្រះយេស៊ូវបានត្រាស់ហៅយើងអោយថ្វាយជីវិតរបស់យើងទៅឯទ្រង់។
ព្រះយេស៊ូវបានជួបជាមួយសិស្សរបស់ទ្រង់នៅលើឆ្នេរខាងមុខនៃសមុទ្រកាលីឡេនាវេលាព្រឹកមួយ។ នៅទីនោះ ព្រះយេស៊ូវបានមានបន្ទូលប្រាប់សិស្សទាំងអស់របស់ទ្រង់អំពីសេចក្តីស្រឡាញ់ និងអ្វីដែលសេចក្តីស្រឡាញ់ទាមទារពីយើង។
សូមអានខគម្ពីរយ៉ូហាន ២១៖១៥-១៩។ តើព្រះយេស៊ូវបានសួរសំណួរអ្វី ទៅកាន់លោកពេត្រុស ៣ដង ដូចដែលយើងបានមើលឃើញចេញពីខទាំងនេះ? តើលោកពេត្រុសឆ្លើយតបទៅព្រះយេស៊ូវវិញយ៉ាងដូចម្តេច? តើហេតុអ្វីបានជាព្រះយេស៊ូវសួរសំណួរដដែលនេះ៣ដងទៅកាន់លោកពេត្រុស?
លោកពេត្រុសបានបដិសេធព្រះយេស៊ូវចំនួន៣ដង។ ដូច្នេះ ព្រះយេស៊ូវបានសួរលោកពេត្រុសនូវចម្លើយនៃសេចក្តីស្រឡាញ់មួយចេញពីបបូរមាត់របស់លោកពេត្រុសផ្ទាល់ចំនួន៣ដង។ ព្រះយេស៊ូវបានធ្វើដូច្នោះនៅមុខសិស្សរបស់ទ្រង់ដើម្បីស្អាងសេចក្តីជឿទុកចិត្តរបស់ពួកសិស្សចំពោះលោកពេត្រុស និងសេចក្តីជឿទុកចិត្តរបស់លោកពេត្រុសចំពោះទ្រង់ឡើងវិញ។ ព្រះយេស៊ូវចង់អោយលោកពេត្រុសជឿថា ព្រះលើកលែងទោសដល់គាត់។ ព្រះយេស៊ូវក៏ចង់អោយលោកពេត្រុសឃើញថា ព្រះមានកិច្ចការអោយគាត់ធ្វើផងដែរ។
សូមអានខគម្ពីរយ៉ូហាន ២១៖១៥-១៩ ម្តងទៀត។ លើកនេះសូមអានយ៉ាងយកចិត្តទុកដាក់ទៅលើចម្លើយរបស់ព្រះយេស៊ូវទៅកាន់សេចក្តីស្រឡាញ់របស់លោកពេត្រុសដែលមានចំពោះទ្រង់។ តើព្រះយេស៊ូវបានមានបន្ទូលប្រាប់លោកពេត្រុសអោយធ្វើអ្វី?
សេចក្តីស្រឡាញ់របស់ព្រះតែងតែបញ្ចេញជាសកម្មភាព។ សេចក្តីស្រឡាញ់ពិតគឺលើសជាងអារម្មណ៍កក់ក្តៅ និងគោលគំនិតល្អណាមួយទៅទៀត។ សេចក្តីស្រឡាញ់ពិតគឺជាការលះបង់ជីវិតរបស់ អ្នកទាំងស្រុងទៅអោយនរណាម្នាក់។ សេចក្តីស្រឡាញ់ធ្វើអោយលោកអ្នកបញ្ចេញសកម្មភាព។ សេចក្តីស្រឡាញ់នាំយើងអោយជួយដល់មនុស្សដែលកំពុងខ្វះខាត។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់លោកពេត្រុសថា «ចូរឲ្យចំណីដល់កូនចៀមខ្ញុំស៊ីផង» (យ៉ូហាន ២១៖១៥)។ ខនេះមានទាំងសេចក្តីបង្គាប់ និងបន្ទូលកំសាន្តចិត្ត។ ព្រះយេស៊ូវបានសូមអោយលោកពេត្រុសឆ្លើយតបនឹងសេចក្តីស្រឡាញ់របស់ទ្រង់។ ព្រះយេស៊ូវក៏បានកំសាន្តចិត្តលោកពេត្រុសអោយជឿថា ព្រះចង់អោយគាត់បន្តធ្វើកិច្ចការសម្រាប់ទ្រង់ផងដែរ ទោះបីជាលោកពេត្រុសបានងាកចេញពីព្រះយេស៊ូវក៏ដោយ។ លោកពេត្រុសបានធ្វើពុតជាមិនស្គាល់ព្រះយេស៊ូវ ដូចជាអ្វីដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់លោកពេត្រុសថារឿងនោះនឹងកើតឡើង។
តើហេតុអ្វីបានជាយើងពិភាក្សាអំពីប្រធានបទនេះ? ពីព្រោះលោកអ្នកប្រហែលជាធ្វើអោយ ព្រះអម្ចាស់របស់លោកអ្នកខកព្រះទ័យជាច្រើនលើកច្រើនសាដូចជាលោកពេត្រុសដែរ។ ដំណឹងល្អនោះគឺថា ព្រះបានលើកលែងទោសដល់លោកអ្នកហើយ។ ប៉ុន្តែ ទ្រង់ពុំទាន់អស់កិច្ចការជាមួយនឹងលោកអ្នកនៅឡើយទេ។ ទ្រង់មានកិច្ចការអោយយើងធ្វើប្រសិនបើយើងសុខចិត្តធ្វើកិច្ចការនោះ។
ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០
សេចក្តីសន្យាប្រកបដោយសេចក្តីស្រឡាញ់
ព្រះយេស៊ូវ និងលោកពេត្រុសបានបញ្ចប់ការសន្ទនារបស់ពួកគេ។ ពួកគេបានដើរនៅតាមឆ្នេរ។ ខណៈដែលរលកកំពុងតែបោកបក់មកលើច្រាំង ព្រះយេស៊ូវបានមានបន្ទូលប្រាប់លោកពេត្រុសអំពីតម្លៃដ៏ធំធេងក្នុងការធ្វើជាសិស្សរបស់ទ្រង់។ ព្រះយេស៊ូវចង់អោយលោកពេត្រុសយល់អោយបានពេញលេញនូវបទពិសោធន៍ដែលគាត់នឹងជួប ប្រសិនបើគាត់ទទួលយកការត្រាស់ហៅរបស់ព្រះយេស៊ូវថា «ចូរឲ្យចំណីដល់កូនចៀមខ្ញុំស៊ីផង» (យ៉ូហាន ២១៖១៥)។
សូមអានខគម្ពីរយ៉ូហាន ២១៖១៨, ១៩។ តើព្រះយេស៊ូវបានមានបន្ទូលប្រាប់លោកពេត្រុស យ៉ាងដូចម្តេចអំពីតម្លៃដ៏ធំធេងក្នុងការធ្វើជាសិស្សរបស់ទ្រង់? តើលោកអ្នកគិតថា ហេតុអ្វីបានជាព្រះយេស៊ូវបង្ហាញអ្វីមួយដែលគួរអោយភ្ញាក់ផ្អើលជាខ្លាំងទៅកាន់លោកពេត្រុសនៅពេលនោះ?
ព្រះយេស៊ូវបានមានបន្ទូលប្រាប់លោកពេត្រុសអំពីរបៀបដែលគាត់ត្រូវស្លាប់នៅក្នុងខគម្ពីរយ៉ូហាន ២១៖១៨, ១៩។ ដៃទាំង២របស់លោកពេត្រុសនឹងត្រូវលាតនៅលើឈើឆ្កាង។ តើហេតុអ្វីបានជាព្រះយេស៊ូវបង្ហាញប្រាប់លោកពេត្រុសអំពីសេចក្តីស្លាប់របស់គាត់មុនពេលដែលរឿងនោះកើតឡើង? ព្រះយេស៊ូវចង់ប្រទានជម្រើសដល់លោកពេត្រុស។ ព្រះយេស៊ូវបានសន្យាថា នឹងប្រទានសេចក្តីអំណរដ៏ធំបំផុតសម្រាប់ជីវិតលោកពេត្រុសគឺជា៖ ការឃើញមនុស្សបានសង្គ្រោះសម្រាប់នគររបស់ព្រះ។ នៅថ្ងៃបុណ្យទី៥០ លោកពេត្រុសនឹងបានឃើញមនុស្សជាច្រើនទទួលជឿព្រះយេស៊ូវ។ ថ្ងៃនៃបុណ្យទី៥០គឺនៅពេលដែលព្រះបានចាក់ព្រះវិញ្ញាណរបស់ទ្រង់មកលើពួកជំនុំរបស់ទ្រង់ បន្ទាប់ពីព្រះយេស៊ូវបានយាងត្រឡប់ទៅឯស្ថានសួគ៌វិញ។ លោកពេត្រុសនឹងធ្វើការអស្ចារ្យតាមរយៈព្រះនាមរបស់ព្រះយេស៊ូវ។ លោកពេត្រុសក៏នឹងថ្វាយសិរីល្អទៅឯព្រះនៅមុខមនុស្សជាច្រើនពាន់នាក់ផងដែរ។ លោកពេត្រុសនឹងមានសេចក្តីអំណរដ៏អស់កល្បក្នុងការធ្វើកិច្ចការជាមួយនឹងព្រះយេស៊ូវ។ ប៉ុន្តែ រង្វាន់នោះនឹងបានមកដោយ មានតម្លៃ។ លោកពេត្រុសត្រូវតែលះបង់ជីវិតរបស់គាត់។ ព្រះយេស៊ូវពុំបានលាក់បាំងសេចក្តីពិតនេះពីលោកពេត្រុសនោះទេ។ ឥឡូវនេះលោកពេត្រុសបានដឹងថា គាត់នឹងត្រូវលះបង់អ្វីៗគ្រប់យ៉ាងដែលព្រះយេស៊ូវសូមអោយគាត់លះបង់។
សូមអានខគម្ពីរយ៉ូហានទី១ ៣៖១៦-១៨។ តើលោកពេត្រុសបានមានប្រសាសន៍ថា សេចក្តីស្រឡាញ់ពិតគឺជាអ្វី? តើយើងអាចបង្ហាញថា សេចក្តីស្រឡាញ់របស់យើងគឺជាសេចក្តីស្រឡាញ់ពិតដោយរបៀបណា?
នៅឯស្ថានសួគ៌យើងនឹងមានអារម្មណ៍ថា យើងពុំបានធ្វើអ្វីគ្រប់គ្រាន់សម្រាប់ព្រះយេស៊ូវនៅឡើយទេ។ ព្រះយេស៊ូវនឹងប្រទានរបស់គ្រប់យ៉ាំងដល់យើងនៅឯស្ថានសួគ៌លើសជាងអ្វីដែលយើងធ្លាប់ថ្វាយដល់ទ្រង់នៅក្នុងជីវិតមួយនេះទៅទៀត។ នោះគឺជាមូលហេតុដែលយើងគួរតែរីករាយក្នុងការបង្ហាញសេចក្តីស្រឡាញ់របស់យើងចំពោះព្រះយេស៊ូវដោយពាក្យសម្តី និងសកម្មភាពរបស់យើង។ យើងនឹងបង្ហាញដល់ព្រះថា យើងស្រឡាញ់ទ្រង់ នៅពេលដែលយើងពុំបានលាក់អ្វីមួយពីព្រះអង្គ។ សេចក្តីស្រឡាញ់របស់ព្រះក៏ជួយអោយយើងធ្វើជាបន្ទាល់ទៅកាន់អ្នកដទៃ និងបង្ហាញពួកគេអំពីព្រះយេស៊ូវផងដែរ។ ពេលនោះ យើងនឹងអាចធ្វើតាមផែនការរបស់ព្រះសម្រាប់ជីវិតរបស់យើង។ ព្រះបានមានបន្ទូលថា «បើអ្នករាល់គ្នាដឹង សេចក្តីទាំងនេះ ហើយប្រព្រឹត្តតាម នោះមានពរហើយ» (យ៉ូហាន ១៣៖១៧)។ ចូរចែករំលែកសេចក្តីពិតរបស់ព្រះ និងសេចក្តីស្រឡាញ់របស់ទ្រង់ចុះ។ ចូរអោយជីវិតរបស់លោកអ្នកបានរស់សម្រាប់ទ្រង់ផង។ នោះយើងនឹងបានស្គាល់សេចក្តីអំណរដ៏ពិត និងសេចក្តីរីករាយជារៀងរហូត នៅពេលដែលយើងថ្វាយសិរី ល្អដល់ព្រះ។
សូមបង្កើតទិដ្ឋភាពមួយនៅក្នុងគំនិតរបស់លោកអ្នកអំពីជីវិតអស់កល្បជាមួយនឹងព្រះយេស៊ូវ។ តើទិដ្ឋភាពនោះមើលទៅយ៉ាងដូចម្តេចដែរ? សូមចែករំលែកគំនិតនៃទិដ្ឋភាពនេះនៅក្នុងថ្នាក់។
ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០
សិក្សាបន្ថែម
«មេដឹកនាំដែលចាត់ចែងលើពួកជំនុំគួរតែស្វែងរកវិធីដែលអាចធ្វើអោយសមាជិកចូលរួមនៅក្នុងផ្នែកណាមួយនៃព័ន្ធកិច្ចរបស់ព្រះ។ វិធីបែបនេះពុំទាន់បានធ្វើគ្រប់គ្រាន់នៅឡើយទេកាលពីមុន មក។ ទេពកោសល្យរបស់សមាជិកនីមួយៗនៅក្នុងពួកជំនុំគួរតែប្រើ ដើម្បីបម្រើព្រះ។ មេដឹកនាំគួរតែចាត់ វិធានការ និងអនុវត្តតាមវិធានការនោះ។ មានមនុស្សតិចតួចណាស់ដែលយល់អំពីការបាត់បង់ពួកជំនុំជាច្រើនដោយសារតែយើងពុំបានធ្វើតាមការណែនាំនេះ»។
«មេដឹកនាំនៅក្នុងព័ន្ធកិច្ចរបស់ព្រះជាទូទៅត្រូវតែមានភាពឆ្លាតវ័យ។ ពួកគេត្រូវតែចាត់វិធានការដើម្បីធ្វើអោយពួកជំនុំបានរីកចម្រើនទៅមុខ។ ពួកគេត្រូវតែរៀនយល់អំពីកិច្ចការដែលសមាជិកពួកជំនុំអាចធ្វើបានសម្រាប់មិត្តភកិ្ត និងអ្នកជិតខាងរបស់ពួកគេ។ ព័ន្ធកិច្ចរបស់ព្រះនៅលើផែនដីនេះពុំអាចបញ្ចប់បានឡើយ ដរាបណាសមាជិកពួកជំនុំបានធ្វើកិច្ចការដែលត្រូវធ្វើ។ ពួកគេត្រូវតែសហការជាមួយលោកគ្រូគង្វាល និងមេដឹកនាំរបស់ពួកជំនុំ»។
«ព័ន្ធកិច្ចក្នុងការសង្គ្រោះមនុស្សរួមមានកិច្ចការផ្ទាល់ខ្លួនដែលយើងទាំងអស់គ្នាត្រូវតែធ្វើផងដែរ។ យើងត្រូវតែចែកចាយសេចក្តីពិតជាមួយនឹងអ្នកដទៃ។ ខ្ញុំ (អ្នកស្រី អែល្លិន ជីវ៉ៃត៍) សង្ឃឹមថា ខ្ញុំអាចរកបានពាក្យសម្តីដ៏ត្រឹមត្រូវ ដើម្បីនិយាយទៅកាន់មនុស្សប្រុសស្រីអោយភ្ញាក់រលឹក និងជំរុញអោយធ្វើកិច្ចការនេះ។ យើងពុំមានពេលវេលាច្រើនទៀតទេ។ យើងកំពុងតែឈរនៅលើព្រំដែនឆ្ពោះទៅរកជីវិតអស់កល្ប។ ដូច្នេះ យើងពុំត្រូវខ្ជះខ្ជាយពេលវេលាឡើយ។ ដ្បិតគ្រប់វិនាទីសុទ្ធតែសំខាន់សម្រាប់យើង។ ពេលវេលាគឺជាមាសប្រាក់ដ៏មានតម្លៃក្នុងការយកមកប្រើដើម្បីផ្គាប់ចិត្តយើង។ តើអ្នកណាខ្លះដែលប្រើពេលវេលានេះដើម្បីស្វែងរកព្រះ? តើអ្នកណាខ្លះដែលនឹងទទួលបានកម្លាំង និងអំណាចមកពីព្រះ ដើម្បីអោយក្លាយ ជាអ្នកបម្រើដ៏ស្មោះត្រង់នៅលើផែនដីនេះទៅ?»។
«ពួកជំនុំមានទេពកោសល្យជាច្រើន។ ទេពកោសល្យទាំងនេះអាចអភិវឌ្ឍទៅជាជំនួយដ៏អស្ចារ្យនៅក្នុងព័ន្ធកិច្ចរបស់ព្រះ។ រឿងនេះអាចកើតឡើងទៅបាននៅពេលដែលពួកជំនុំរបស់យើងប្រើទេពកោសល្យទាំងនេះនៅក្នុងវិធីដែលត្រឹមត្រូវ។ អ្វីដែលពួកយើងទាំងអស់គ្នាត្រូវការជាទីបំផុតក្នុងពេលនេះគឺជាការស្អាងពួកជំនុំរបស់យើងអោយក្លាយទៅជាអ្នកបម្រីការដែលយល់ពីទេពកោសល្យដែលមាននៅក្នុងព្រះវិហារ។ ទេពកោសល្យទាំងនេះត្រូវអភិវឌ្ឍឡើង។ យើងត្រូវតែហ្វឹកហាត់ខ្លួនយើងអោយប្រើ ទេពកោសល្យរបស់យើងសម្រាប់ព្រះ»។ ដកស្រង់ពី Testimonies for the Church, volume 9, pages 116, 117, adapted។
សំនួរពិភាក្សា៖
- តើមានគោលគំនិតសំខាន់អ្វីខ្លះនៅក្នុងសម្រង់មតិរបស់អ្នកស្រី អែល្លិន ជីវ៉ៃត៍ខាងលើនេះ? តើការអភិវឌ្ឍអំណោយទាន និងទេពកោសល្យរបស់យើងអាចផ្លាស់ប្តូរការធ្វើបន្ទាល់របស់យើងយ៉ាងដូចម្តេចទៅ? តើការអភិវឌ្ឍនេះអាចជួយអោយទីបន្ទាល់ពួកជំនុំរបស់លោកអ្នកទៅកាន់អ្នកដទៃបានរឹងមាំយ៉ាងដូចម្តេចដែរ?
- តើសេចក្តីស្រឡាញ់ពិតតែងតែបង្ហាញចេញយ៉ាងដូចម្តេច? តើមានឧទាហរណ៍នៃសេចក្តីស្រឡាញ់អ្វីខ្លះដែលពុំមែនជាសេចក្តីស្រឡាញ់ពិត?
- សូមពិភាក្សាអំពីរបស់ទាំងឡាយដែលមនុស្សបានថ្វាយសម្រាប់ព្រះអម្ចាស់។ តើមនុស្សដែលបានបាត់បង់ជីវិតដោយសារតែសេចក្តីជំនឿរបស់គេយ៉ាងណាទៅវិញ? តើលោកអ្នកអាចរៀនអ្វីខ្លះចេញពីរឿងទាំងនេះ?
- តើលោកអ្នកបានលះបង់អ្វីខ្លះសម្រាប់ព្រះយេស៊ូវ? តើហេតុអ្វីបានជាលោកអ្នកធ្វើយ៉ាងដូច្នោះ? តើការលះបង់នោះមានតម្លៃដែរឬទេ? តើលោកអ្នកនឹងបកស្រាយយ៉ាងដូចម្តេចចំពោះអ្វីដែលលោកអ្នកបានធ្វើ និងមូលហេតុរបស់លោកអ្នកទៅកាន់អ្នកណាម្នាក់ដែលពុំមែនជាគ្រីស្ទាននោះ?
រឿងខ្លី
មានផ្ទៃពោះអស់រយៈពេលពីរឆ្នាំ
ហ្វាន់តា កាមេរ៉ា (Fanta Camara) មានសេចក្តីរំភើបជាខ្លាំងនៅពេលដែលនាងកត់សំគាល់ឃើញពោះរបស់នាងកាន់តែប៉ោងៗទៅ។ ប៉ុន្តែ ពោះរបស់នាងកាន់តែធំឡើងៗធ្វើអោយនាងចាប់ផ្តើមឈឺ។ នាងមានអារម្មណ៍ភ័យព្រួយជាខ្លាំងបានជានាងទៅពិនិត្យនៅឯមន្ទីរពេទ្យក្នុងក្រុងកូណាគ្រី (Conakry) នៃប្រទេសហ្គីណេ (Guinea)។ គ្រូពេទ្យម្នាក់បានពិនិត្យពោះរបស់នាង រួចនិយាយថា «នាងមិនមានផ្ទៃពោះទេ»។ ហ្វាន់តាពុំជឿគ្រូលើគ្រូពេទ្យម្នាក់នោះឡើយ។ នាងបានស្នើសូមដល់សាច់ញាតិរបស់នាងម្នាក់ដែលជាគិលានុបដ្ឋាយិកាអោយជួយពិនិត្យ។ សាច់ញាតិរបស់នាងបាននិយាយថា «ឯងមានផ្ទៃពោះពិតមែន។ មានទារកនៅក្នុងពោះរបស់ឯងពិតមែន»។ ហ្វាន់តាមានសេចក្តីអំណរជាថ្មីម្តងទៀត។ ប៉ុន្តែ នាងនៅតែមានអារម្មណ៍ថាឈឺ ហើយសាច់ញាតិរបស់នាងពុំដឹងថា នឹងជួយនាងយ៉ាងណានោះទេ។ នាងបានទៅពិនិត្យនៅឯមន្ទីរពេទ្យផ្សេងមួយទៀត។ គ្រូពេទ្យបានឆ្លើយប្រាប់ថា«នាងមិនមានផ្ទៃពោះទេ»។ ដោយមិនអស់ចិត្តនាងបានចូលទៅពិនិត្យនៅឯមន្ទីរពេទ្យទី៣។ គ្រូពេទ្យម្នាក់នេះបានឆ្លើយថា «នាងមាន ផ្ទៃពោះពិតមែន»។ ប៉ុន្តែ គ្រូពេទ្យមិនដឹងថា ជួយនាងយ៉ាងដូចម្តេចអោយបាត់ឈឺនោះបានឡើយ។
មួយសប្តាហ៍បានកន្លងផុតទៅ សុខភាពរបស់ហ្វាន់តាកាន់តែទ្រុឌទ្រោមទៅៗ។ នាងពុំអាចដើរបាននោះទេ។ ៥ខែក្រោយមក បន្ទាប់ពីនាងកត់សំគាល់ឃើញមានស្នាមជាំនៅលើពោះរបស់នាង មានមនុស្សចម្លែកម្នាក់បានលេចមកនៅក្នុងបន្ទប់របស់នាង។ ម្នាក់នោះមានជើង និងម្រាមជើងជាមនុស្ស ប៉ុន្តែ ទ្រូងនិងមុខជាសត្វខ្លារខិន។ នាងមានសេចក្តីភ័យខ្លាចជាខ្លាំង។ «នាងនឹងមិនមានទារកនៅក្នុងផ្ទៃ របស់នាងឡើយ» មនុស្សចម្លែកម្នាក់នោះបាននិយាយ ហើយសំឡេងរបស់មនុស្សនោះក៏រសាត់ទៅតាមជញ្ជាំងបាត់ទៅ។ នៅយប់បន្ទាប់ មនុស្សចម្លែកនោះបានលេចមកក្នុងបន្ទប់គេងរបស់នាងម្តងទៀត។ ម្នាក់នោះបាននិយាយពាក្យដដែលថា «នាងនឹងមិនមានទារកនៅក្នុងផ្ទៃរបស់នាងឡើយ»។ ជារៀងរាល់យប់មនុស្សចម្លែកនោះតែងតែលេចអោយនាងឃើញ។
មួយឆ្នាំបានកន្លងផុតទៅ។ ពីរឆ្នាំបានកន្លងផុតទៅ។ នៅដើមឆ្នាំទី៣ ហ្វាន់តានាងនៅតែមានផ្ទៃពោះ និងឈឺចាប់ជាខ្លាំង។ ពេលនោះនាងបាននឹកចាំដល់លោកទ្រេនគ្វាល ហ្វាសសីនណាឌូណូ (Tranqulle Fassinadouno)។ នាងបានបដិសេធគាត់ដោយសារតែគាត់គឺជាគ្រីស្ទានតែម្នាក់គត់ដែល ជាអ្នកជិតខាងរបស់នាង ប៉ុន្តែ ពេលនោះនាងបានបាក់ទឹកចិត្តជាខ្លាំង។ បន្ទាប់ពីស្តាប់រឿងរបស់នាងរួចមក លោកទ្រេនគ្វាលដែលជាអ្នកត្រួសត្រាយនៃបេសកកម្មពិភពលោកបានអធិស្ឋាន និងតមអត់អស់ រយៈពេល៣ថ្ងៃដើម្បីទូលសូមប្រាជ្ញាមកពីព្រះ។ បន្ទាប់មក គាត់បានទៅជួបហ្វាន់តា ហើយបើកព្រះគម្ពីររបស់គាត់ឡើង រួចអានខគម្ពីរអេភេសូរ ៦៖១២ ដែលចែងថា «ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ ឈាមទេ គឺនឹងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ»។ គាត់បាននិយាយទៅកាន់វិញ្ញាណអាក្រក់ ដែលសណ្ឋិតនៅក្នុងផ្ទះនោះថា «វិញ្ញាណអាក្រក់ទាំងអស់នៅទីនេះដែលមិនបានលន់តួចំពោះព្រះនាម ព្រះយេស៊ូវគ្រីស្ទនោះទេ ចូលចាកចេញភ្លាមៗ ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ»។ គាត់បានងាកមកនិយាយប្រាប់ហ្វាន់តាថា «លើកក្រោយ បើនាងឃើញវិញ្ញាណអាក្រក់ម្តងទៀតចូលបង្គាប់អោយវាចេញទៅដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ»។
យប់នោះវិញ្ញាណបានលេចមកអោយនាងឃើញនៅពេលដែលនាងកំពុងតែគេងនៅលើគ្រែ។នាងបាននិយាយនៅមុខវិញ្ញាណអាក្រក់នោះថា «ចូរឯងចេញពីនេះភ្លាមដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ»។ ភ្លាមនោះវិញ្ញាណអាក្រក់បានរសាត់ទៅក្នុងផ្សែងបាត់ទៅ។ ៣ថ្ងៃក្រោយមកហ្វាន់តាបានផ្តល់កំណើតអោយទារកស្រីដ៏មានសុខភាពល្អម្នាក់។ ហ្វាន់តាបាននិយាយថា «ខ្ញុំជឿព្រះយេស៊ូវហើយ»។