ព្រះគម្ពីរមានលក្ខណៈពិសេសជាងគម្ពីរនៃសាសនាដទៃដោយសារមូលហេតុមួយទៀត។ វាគឺជាកំណត់ត្រាពីប្រវត្តិសាស្ត្រនៃមនុស្ស។ វាមិនត្រឹមតែបង្ហាញយើងពីគំនិតនៃមនុស្សខ្លះនោះទេ។ ព្រះគម្ពីរគឺជាកំណត់ត្រាសកម្មភាពរបស់ព្រះនៅក្នុងប្រវត្តិសាស្ត្រ។ ព្រះគម្ពីរបង្ហាញយើងពីផែនការរបស់ព្រះនៅលើពេលវេលា ដើម្បីសង្គ្រោះរាស្ត្ររបស់ព្រះអង្គ។ តើផ្នែកខ្លះនៃផែនការនេះជាអ្វី? (១) ព្រះសន្យាថានឹងចាត់ព្រះអង្គសង្គ្រោះមកកាន់រាស្ត្ររបស់ទ្រង់។ (២) ព្រះសន្យាពីព្រះអង្គសង្គ្រោះនេះ គឺព្រះយេស៊ូវទ្រង់នឹងយាងមកជាលើកទី២ដើម្បីនាំយករាស្ត្ររបស់ទ្រង់ទៅកាន់ស្ថានសួគ៌។
សូមអានខគម្ពីរកូរិនថូសទី១ ១៥៖៣-៥; ៥១-៥៥; រ៉ូម ៨៖១១; និងថែស្សាឡូនីចទី១ ៤៖ ១៤។ តើខគម្ពីរទាំងនេះបង្រៀនយើងយ៉ាងដូចមេ្តចអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូវ? តើការរស់ឡើងវិញរបស់ព្រះយេស៊ូវផ្តល់អោយយើងនូវសេចក្តីសង្ឃឹមអ្វី?
លោកប៉ុល និងអ្នកសរសេរនៃកណ្ឌគម្ពីរទាំង៤ដំបូងនៃគម្ពីរសញ្ញាថ្មីប្រាប់យើងថាព្រះយេស៊ូវបានសុគត។ មនុស្សទាំងនេះប្រាប់យើងថាព្រះយេស៊ូវត្រូវបានបញ្ចុះនៅក្នុងផ្នូរ។ បន្ទាប់មក ព្រះយេស៊ូវបានរស់ពីស្លាប់ឡើងវិញ ហើយបានបង្ហាញអង្គទ្រង់ទៅកាន់មនុស្សផ្សេងគ្នា។ សាក្សីជាច្រើនបានបញ្ចុះព្រះយេស៊ូវនៅក្នុងផ្នូរ។ ក្រោយមក ពួកគេបានឃើញផ្នូរនៅទទេ។ សាក្សីបានពាល់ព្រះយេស៊ូវ ហើយទ្រង់បានទទួលទានជាមួយពួកគេ។ ម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា ម្តាយព្រះយេស៊ូវ និងស្ត្រីដទៃទៀតបានឃើញព្រះយេស៊ូវ បន្ទាប់ពីព្រះអង្គបានរស់ពីសុគតឡើងវិញ។ បន្ទាប់ពីនោះមកសិស្សរបស់ព្រះយេស៊ូវបានសន្ទនាជាមួយនឹងទ្រង់នៅតាមផ្លូវទៅភូមិអេម៉ុស។ បន្ទាប់មក ព្រះយេស៊ូវបានបញ្ជាសិស្សរបស់តាមទ្រង់អោយផ្សាយដំណឹងល្អ។ លោកប៉ុលមានប្រសាសន៍ថា «បើព្រះគ្រីស្ទមិនបានរស់ឡើងវិញ នោះដំណឹងដែលយើងខ្ញុំផ្សាយនេះជាការឥតប្រយោជន៍ទទេ» កូរិនថូសទី១ ១៥៖១៤។ ក្នុង កំណែនៃព្រះគម្ពីរដទៃទៀតយើងឃើញពាក្យថា «ឥតប្រយោជន៍ទទេ» ត្រូវបានសរសេរថា «គ្មានន័យអ្វីសោះឡើយ» (កូរិនថូសទី១ ១៥៖១៤, គខប)។ អ្នកដើរតាមព្រះយេស៊ូវនិយាយថា «ព្រះអម្ចាស់ទ្រង់មានព្រះជន្មរស់ឡើងវិញមែន» (លូកា ២៤៖៣៤)។ ពាក្យដែលសរសេរថា «មែន» ក៏មានន័យថា «ជា ពិតប្រាកដ» ផងដែរ។ ពាក្យទាំងនេះគឺមកពីពាក្យក្រេកថា «អន់តូស (ontos)»។ ពាក្យនេះបានន័យថា មានអ្វីមួយដែលបានកើតឡើងយ៉ាងពិតប្រាកដ។ នោះគឺជាមូលហេតុដែលសិស្សរបស់ព្រះយេស៊ូវនិយាយ ថា «ព្រះអម្ចាស់ទ្រង់មានព្រះជន្មរស់ឡើងវិញមែន» (លូកា ២៤៖៣៤)។
ព្រះយេស៊ូវក៏ជា «ភស្តុតាង» បញ្ជាក់ពីអស់អ្នកដែលស្លាប់នឹងត្រូវរស់ពីស្លាប់ឡើងវិញ (កូរិនថូស ទី១ ១៥៖២០)។ យើងនឹងរស់ឡើងវិញដូចជាព្រះយេស៊ូវបានមានព្រះជន្មរស់ពីស្លាប់ឡើងវិញដែរ។ យើងនឹងមានរូបកាយ។ បន្ទាប់មក «គ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ ក្នុងព្រះគ្រីស្ទ» (កូរិនថូសទី ១ ១៥៖២២)។ ពាក្យថា «នឹងបានប្រោសឲ្យរស់» បង្ហាញយើងពីសកម្មភាពនាពេលអនាគតនៃព្រះសម្រាប់រាស្ត្ររបស់ទ្រង់។ ព្រះនឹងដាស់មនុស្សគ្រប់គ្នាដែលជារបស់ព្រះយេស៊ូវពីស្លាប់ឡើងវិញ «ក្នុងកាលដែលទ្រង់យាង មក» (កូរិនថូសទី១ ១៥៖២៣)។ «គឺក្នុង១ប៉ប្រិចភ្នែកប៉ុណ្ណោះ ក្នុងកាលដែលឮសូរត្រែក្រោយបង្អស់» (កូរិនថូសទី១ ១៥៖៥២)។
ថ្ងៃព្រហស្បតិ៍ ទី០២ មេសា ឆ្នាំ២០២០
ព្រះគម្ពីរផ្លាស់ប្តូរជីវិតរបស់យើង
ក្នុងខគម្ពីរពង្សាវតាក្សត្រទី២ ២២៖៣-២០ យើងឃើញថាស្តេចយ៉ូសៀសបានសម្រក់ទឹកភ្នែកលើព្រះពស្ត្ររបស់ទ្រង់។ តើហេតុអ្វីបានជាទ្រង់ធ្វើយ៉ាងដូច្នោះ? តើស្តេចបានរកឃើញអ្វីដែលផ្លាស់ប្តូរជីវិតរបស់ទ្រង់ និងជីវិតនៃមនុស្សគ្រប់គ្នានៅក្នុងស្រុកយូដា?
ក្នុងឆ្នាំ ៦២១ មុនគ្រិស្តសករាជហ៊ីលគីយ៉ា ជាសំដេចសង្ឃបានរកឃើញ «គម្ពីរក្រឹត្យវិន័យ នៅ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា» (ពង្សាវតាក្សត្រទី២ ២២៖៨)។ យើងគិតថា ហ៊ីលគីយ៉ាបានរកឃើញកណ្ឌគម្ពីរទាំង៥ដំបូងរបស់លោកម៉ូសេ។ ឬប្រហែលជាលោកបានរកឃើញតែកណ្ឌគម្ពីរចោទិយកថាប៉ុណ្ណោះ។ យ៉ូសៀស គឺជាស្តេចនៅក្នុងសម័យនោះ។ យ៉ូសៀសមានព្រះជន្ម២៥ព្រះវស្សា។ ក្នុងអំឡុងពេលដែលម៉ាន៉ាសេដែលជាជីតារបស់យ៉ូសៀសគ្រងរាជ្យជាស្តេចកណ្ឌគម្ពីរនេះបានបាត់។ ម៉ាន៉ាសេជាស្តេចអាក្រក់បំផុត។ ព្រះអង្គ និងអាំម៉ូនដែលជាបុត្រារបស់ទ្រង់បានឡើងសោយរាជ្យជាស្តេច ហើយបានថ្វាយបង្គំដល់ព្រះបាលអាសេរ៉ា និងព្រះដទៃទៀត (ពង្សាវតាក្សត្រទី២ ២១៖៣-៩)។ ហ៊ីលគីយ៉ាបានអានកណ្ឌគម្ពីរនេះទៅកាន់យ៉ូសៀស។ បន្ទាប់មក យ៉ូសៀសហែកព្រះពស្ត្ររបស់ទ្រង់ដោយសារតែភាពសោកសៅជាខ្លាំងរបស់ទ្រង់។ យ៉ូសៀសយល់ថាទ្រង់ និងរាស្ត្ររបស់ទ្រង់បានងាកចេញឆ្ងាយពីព្រះ។ ភ្លាមនោះ យ៉ូសៀសចាប់ផ្តើមផ្លាស់ប្តូរអ្វីៗនៅក្នុងស្រុកយូដា។ ព្រះអង្គបានបំផ្លាញអាសនាទាំងឡាយនៃព្រះក្លែងក្លាយនៅលើទឹកដី។ នៅពេលដែលស្តេចបានធ្វើកិច្ចការទាំងនោះរួចរាល់ហើយនៅមានបំណែកតែមួយទៀតដែលនៅសល់សម្រាប់ថ្វាយបង្គំនៅក្នុងស្រុកយូដាគឺ៖ រោងឧបោសថរបស់ព្រះនៅក្នុងក្រុងយេរូសាឡិម។ ក្រឹត្យវិន័យ (Torah) ផ្លាស់ប្តូរយ៉ូសៀស និងបណ្តាលអោយទ្រង់ងាកចេញពីអំពើបាប។ ព្រះបន្ទូលរបស់ព្រះផ្តល់អោយយ៉ូសៀសនូវអំណាចដើម្បីផ្លាស់ប្តូរជីវិតរបស់គាត់។ ការផ្លាស់ប្តូរចាប់ផ្តើមជាមួយយ៉ូសៀសជាមុនដំបូង។ បន្ទាប់មក គ្រប់គ្នានៅក្នុងស្រុកយូដាចាប់ផ្តើមផ្លាស់ប្តូរជីវិតរបស់ពួកគេដើម្បីអោយបានល្អប្រសើរផងដែរ។
ព្រះគម្ពីរប្រាប់យើងថា ព្រះគម្ពីរមានអំណាចដើម្បីផ្លាស់ប្តូរជីវិតរបស់យើង និងបង្ហាញយើងពីវិធីដែលត្រូវបានសង្គ្រោះ។ តើព្រះគម្ពីរធ្វើអោយយើងដឹងពីសេចក្តីពិតទាំងនេះយ៉ាងដូចម្តេច? សម្រាប់ចម្លើយសូមអានខគម្ពីរយ៉ូហាន ១៦៖១៣; យ៉ូហាន ១៧៖១៧; ហេព្រើរ ៤៖១២; និងរ៉ូម ១២៖២។
នៅពេលដែលព្រះគម្ពីរផ្លាស់ប្តូរជីវិតរបស់អ្នកណាម្នាក់ យើងឃើញពីភស្តុតាងដ៏មានអានុភាពនៃអំណាចព្រះគម្ពីរដើម្បីផ្លាស់ប្តូរយើងផ្ទាល់ផងដែរ។ ព្រះគម្ពីរបង្ហាញយើងពីបាបរបស់យើង និងបង្ហាញយើងពីតម្រូវការរបស់យើងសម្រាប់ព្រះអង្គសង្គ្រោះផងដែរ។
ខុសប្លែកពីសៀវភៅដទៃទៀតឡើយ ព្រះគម្ពីរគឺជាព្រះបន្ទូលដ៏ «រស់»របស់ព្រះ។ ព្រះគម្ពីរ មាន (១) ប្រវត្តិសាស្ត្រ (២) បទទំនាយ និង (៣) អំណាចដើម្បីផ្លាស់ប្តូរជីវិត។ អ្វីដែលសំខាន់នោះគឺ ព្រះគម្ពីរបង្ហាញយើងពីព្រះយេស៊ូវ។ ព្រះយេស៊ូវសន្យាថា នឹងចាត់ព្រះវិញ្ញាណរបស់ទ្រង់ដើម្បីដឹកនាំយើងចូលទៅ «ក្នុងគ្រប់ទាំងសេចក្តីពិត» (យ៉ូហាន ១៦៖១៣)។ ព្រះគម្ពីរគឺជាសេចក្តីពិតរបស់ព្រះ។ ដូច្នេះ ព្រះគម្ពីរបង្រៀនយើងពីច្បាប់ដ៏សំខាន់ទាំងឡាយដែលអាចជួយយើងអោយយល់ពីបំណងរបស់ព្រះ។ យើងអាចរៀនពីច្បាប់ទាំងនេះនៅពេលដែលយើងសិក្សាព្រះគម្ពីរ។ យើងក៏គួរតែសិក្សាផងដែរអំពីរបៀបដែលអ្នកសរសេរព្រះគម្ពីរអនុញ្ញាតអោយព្រះគម្ពីរបកស្រាយដោយខ្លួនឯងផងដែរ។
ថ្ងៃសុក្រ ទី០៣ មេសា ឆ្នាំ២០២០
សិក្សាបន្ថែម
សូមអានសំណេរ Ellen G. White, “The Scriptures a Safeguard,” pages 593-602, in The Great Controversy; “Let Not Your Heart Be Troubled,” pages 662-680, in The Desire of Ages។
មនុស្សជាច្រើននៅក្នុងអតីតកាលបានបាត់បង់ជីវិតដោយសារជំនឿរបស់ពួកគេ។ លោកវេជ្ជបណ្ឌិត រ៉ូឡែន ថេល័រជាឧទាហរណ៍។ វេជ្ជបណ្ឌិតថេល័រគឺជាគ្រូគង្វាលម្នាក់នៅក្នុងទីក្រុងហាដលីប្រទេសអង់គ្លេស។ គាត់បានក្រោកឈរប្រឆាំងទាស់នឹងការបង្រៀន និងគោលជំនឿទាំងឡាយរបស់កាតូលិកនៅក្នុងអំឡុងពេលដែលម៉ារី ប្លត់ឌី (Bloody Mary) ធ្វើជាម្ចាស់ក្សត្រី។ វេជ្ជបណ្ឌិតថេល័រ ត្រូវបានបណ្តេញចេញពីព្រះវិហារ។ បណ្តាជនបានសើចចំអកគាត់ដោយការប្រកាន់យ៉ាងខ្ជាប់របស់គាត់ទៅលើព្រះគម្ពីរ។ ដូច្នេះ វេជ្ជបណ្ឌិតថេល័រ បានទៅជួបនឹងសម្តេចសង្ឃនៃវីនឆេស្ទ័រ (Winchester) លោកគឺជាមេដឹកនាំសាសនាកំពូលម្នាក់នៅក្នុងប្រទេសអង់គ្លេស។ ប៉ុន្តែ សម្តេចសង្ឃបានចាប់វេជ្ជបណ្ឌិត ថេល័រដាក់ក្នុងគុក។ បន្ទាប់មក សម្តេចសង្ឃបានបញ្ជាអោយគេដុតវេជ្ជបណ្ឌិតថេល័ររហូតដល់ ស្លាប់។ គាត់បានស្លាប់នៅក្នុងឆ្នាំ១៥៥៥។ មុនពេលដែលគាត់រៀបនឹងស្លាប់គាត់បាននិយាយថា៖ «ឱ មនុស្សល្អអើយ ខ្ញុំមិនបានបង្រៀនអ្វីក្រៅពីព្រះគម្ពីរដែលជាព្រះបន្ទូលដ៏បរិសុទ្ធរបស់ព្រះនោះទេ។ ខ្ញុំ បានបង្រៀនអ្នកនូវមេរៀនចេញពីសៀរភៅដ៏បរិសុទ្ធ។ ឥឡូវនេះ ខ្ញុំមកទីនេះ នៅថ្ងៃនេះ ដើម្បីបោះត្រាឈាមខ្ញុំសម្រាប់សៀវភៅនេះ»។ ដកស្រក់ពី John Foxe, The New Foxe’s Book of Martyrs, edited by Harold J. Chadwick (North Brunswick, NJ: Bridge- Logos Publishers, 1997), page 193, adapted។ បណ្តាជនបានឮវេជ្ជបណ្ឌិត ថេល័រសូត្រពីបទទំនុកដំកើង៥១ មុនពេលដែលភ្លើងរៀបនឹង បញ្ឆេះគាត់ រួចគាត់ក៏បានស្លាប់នៅក្នុងភ្នក់ភ្លើងទៅ។
សំណួរដែលពួកយើងជាច្រើនត្រូវសួរមកខ្លួនយើងម្នាក់ៗនោះគឺ៖ តើយើងនឹងនៅតែរក្សាភាពស្មោះត្រង់ទៅលើសេចក្តីពិតនៃព្រះគម្ពីរដែរឬទេ? យើងកំពុងតែរស់នៅក្នុងសម័យចុងក្រោយ។ មិនយូរមិនឆាប់ការសាកល្បងនឹងមកដល់។ ពិតប្រាកដណាស់ ឥឡូវនេះជាពេលវេលាដើម្បីត្រៀមខ្លួនសម្រាប់ការសាកល្បង។
សំនួរពិភាក្សា៖
- តើបទទំនាយបង្ហាញយើងថាព្រះគម្ពីរមកពីព្រះដោយរបៀបណា? តើបទទំនាយទាំងនេះអាចធ្វើអោយជំនឿរបស់យើងកាន់តែរឹងមាំយ៉ាងដូចម្តេច?
- តើហេតុអ្វីបានជាភស្តុតាងដែលថាព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះដែលបានសន្យាមានឥទ្ធិពលខ្លាំងម៉្លេះ?
- ព្រះយេស៊ូវ និងសិស្សរបស់ទ្រង់បានបង្ហាញជំនឿដ៏មុតមាំនៅក្នុងព្រះគម្ពីរ។ តើព្រះយេស៊ូវបានមានបន្ទូលអំពីព្រះគម្ពីរ ហើយបន្ទូលទាំងនោះនឹងក្លាយជាការពិតប៉ុន្មានដង? (សម្រាប់ចម្លើយសូមអានខគម្ពីរ ម៉ាថាយ ២៦៖៥៤, ៥៦; ម៉ាកុស ១៤៖៤៩; លូកា ៤៖២១; យ៉ូហាន ១៣៖១៨; និងយ៉ូហាន ១៧៖១២)។ ដូច្នេះ បើព្រះយេស៊ូវអង្គទ្រង់ផ្ទាល់មានជំនឿយ៉ាងមុតមាំទៅលើព្រះគម្ពីរ តើយើងគួរតែមានជំនឿលើព្រះគម្ពីរយ៉ាងដូចម្តេចដែរ?
រឿងខ្លី
គ្រាប់ស្រូវនៃការអធិស្ឋាន
យ៉ូឡានដា ម៉លឡា (Yolanda Malla) បានរៀនអំពីអំណាចនៃការអធិស្ឋានពីវាលស្រែមួយ។ ម៉លឡាបានធ្វើការងារដាំដុះ និងធ្វើស្រែនៅក្នុងវាលមួយនៅប្រទេសហ្វីលីពីនដែលជាប្រទេសកំណើតរបស់នាង បន្ទាប់ពីប្តីរបស់នាងបានលែងលះជាមួយនាងដោយទុកអោយនាងនៅជាមួយកូនប្រុសពីរនាក់។ ម្ចាស់ចំការបានអនុញ្ញាតអោយនាងធ្វើការនៅក្នុងស្រែចំការក្រោមលក្ខខណ្ឌមួយ គឺនាងត្រូវប្រគល់ភោគផលពាក់កណ្តាលអោយទៅគាត់។ វាលស្រែនេះ មានទីតាំងស្ថិតនៅក្បែរវាលស្រែមួយទៀតដែលគ្រប់គ្រងដោយសាច់ញាតិរបស់នាងម្នាក់។
ម៉លឡាយបានខំប្រឹងប្រែងធ្វើស្រែយ៉ាងខ្លាំង ហើយនាងបានសង្កេតឃើញថា ការប្រមូលផលទំនងជាបានស្រូវដ៏ល្អលេខមួយនៅពេលដែលកួរស្រូវចាប់ផ្តើមពន្លកឡើង។ នាងបានអធិស្ឋានថា «ឱព្រះអម្ចាស់អើយ ទូលបង្គំមិនចង់អោយមានគ្រោះមហន្តរាយណាមួយកើតឡើងលើស្រែនេះឡើយ ដ្បិតទូលបង្គំត្រូវការផលវាដើម្បីចិញ្ចឹមកូនៗទូលបង្គំ»។
ពីរអាទិត្យក្រោយមក មានព្យុះដ៏ខ្លាំងមួយបក់បោកមកលើតំបន់នោះ។ ម៉លឡាបានផ្ទៀងស្តាប់សំឡេងនៃខ្យល់ និងទឹកភ្លៀងមកបុកយ៉ាងខ្លាំងទៅនឹងជញ្ចាំងផ្ទះរបស់នាង។ រំពេចនោះ នាងនឹកឃើញពីស្រូវ។ នាងបានអធិស្ឋានថា «ឱព្រះអម្ចាស់អើយ ខ្ញុំមិនអាចធ្វើអ្វីបានទេ សូមទ្រង់នឹកចាំពីការអធិស្ឋានរបស់ទូលបង្គំផង»។ ពីរបីថ្ងៃក្រោយមក បន្ទាប់ពីទឹកជំនន់ស្រកចុះ នាងអាចចាកចេញពីផ្ទះរបស់នាងបានហើយធ្វើដំណើរទៅកាន់វាលស្រែ ដើម្បីពិនិត្យមើលពីការខូចខាត។ ទាំងមានការភ្ញាក់ជាខ្លាំងដែលឃើញកួរស្រូវរបស់នាងមានពណ៌ត្នោតហើយទុំ។ ពុំមានសញ្ញាណាមួយដែលខ្យល់ដ៏កាចសាហាវហាក់ដូចជាមិនបានកើតឡើងនោះទេ។
បន្ទាប់មក ម៉លឡាបានក្រឡេកទៅមើលវាលស្រែនៅជុំវិញនាង។ វាលស្រែទាំងនោះបានខូចខ្ទេចខ្ទីអស់។ សូម្បីតែស្រែចំការរបស់សាច់ញាតិនាងក៏ត្រូវបំផ្លាញផងដែរ។ ម្ចាស់ចំការមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលប្រមូលភោគផល។ គាត់បាននិយាយទាំងភ្ញាក់ផ្អើលថា «នេះគឺជាលើកដំបូងហើយដែលវាលស្រែនេះបានបង្កើតស្រូវដ៏ល្អលេខមួយ។ សត្វកណ្តុរបានស៊ីស្រូវរបស់កសិករដែលបានខ្ចីដីធ្វើស្រែកាលពីឆ្នាំមុន»។
សត្វកកេរបានស៊ីស្រូវអស់ជាច្រើននៅពេលដែលកសិករមុននាងបានប្រមូលផលទុកដោយខ្លួនឯង។ តែស្រែរបស់ម៉លឡាវិញ ត្រូវការមនុស្សចំនួន១៧នាក់ ដើម្បីជួយគាត់ប្រមូលផលស្រូវ។
នាងបានក្រឡេកមកមើលភោគផលដ៏ច្រីនអនេក ម៉លឡាបាននឹកចាំពីការអធិស្ឋានរបស់នាងនៅក្នុងយប់នៃខ្យល់ព្យុះនោះ។ នាងបាននិយាយនៅក្នុងកិច្ចសម្ភាសមួយនៅក្នុងទីក្រុងស៊ីប (Cyprus) ជាទីកន្លែងដែលនាងបម្រើការជាអ្នកជំនួយនៅក្នុងស្រុកថា «ការអធិស្ឋានដ៏តូច គឺជាការអធិស្ឋានដ៏មានអំណាចបំផុតមួយ គ្រាប់ស្រូវដ៏តូចមួយនៃការអធិស្ឋានបានបង្កើតចេញជាមួយលានគ្រាប់ស្រូវ។ យើងមិនអាចសូម្បីតែរាប់នូវកួរស្រូវទាំងនោះផង»។