មេរៀនទី២​៖ ៤‑១០ មករា ២០២០

ពីយេរូសាឡិមទៅបាប៊ីឡូន

Jeans
ថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០២០
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ពង្សាវតារក្សត្រទី២ ២១:១០‑១៦, ២៤:១៨‑២០, យេរេមា ៣:១៣, ដានីយ៉ែល ១:៧‑២០, កាឡាទី ២:១៩, ២០, ម៉ាថាយ ១៦:២៤‑២៦, កូរិនថូសទី២ ៤:១៧, ដានីយ៉ែល ១:១៧‑២១, យ៉ូប ៣៨:៣៦, សុភាសិត ២:៦, យ៉ាកុប ១:៥។

ខចងចាំ៖ «រីឯ​មនុស្ស​កំលោះ​ទាំង​៤​នាក់​នេះព្រះ‌ទ្រង់​ប្រទាន​ឲ្យ​គេ​មាន​តម្រិះ ហើយ​ឲ្យ​បាន​ឆ្លៀវ‌ឆ្លាត​ក្នុង​គ្រប់​ទាំង​ចំណេះ និង​ប្រាជ្ញា ឯ​ដានី‌យ៉ែល លោក​ក៏​មាន​យោបល់​ក្នុង​អស់​ទាំង​ការ​ជាក់‌ស្តែង និង​ការយល់‌​សប្តិ​ផង» (ដានីយ៉ែល ១:១៧)។

តួឯកពិតប្រាកដក្នុងកណ្ឌគម្ពីរដានីយ៉ែលគឺជាព្រះជាម្ចាស់។ សូមយើងនឹកចាំអំពីសេចក្តីពិតនោះខណៈដែលយើងបន្តការសិក្សារបស់យើងទៅលើកណ្ឌគម្ពីរមួយនេះ។ យើងងាយនឹងគិតថា រឿងរ៉ាវនៅក្នុងកណ្ឌគម្ពីរនេះនិយាយតែពីលោកដានីយ៉ែល និងមិត្តភក្តិទាំងបីរបស់លោកតែប៉ុណ្ណោះ។ ប៉ុន្តែ ព្រះជាម្ចាស់បានដឹកនាំមនុស្សទាំងបួនរូបនេះ។ ព្រះអង្គបានការពារពួកលោកឲ្យរួចពីអំណាចនៃសេចក្តីអាក្រក់នៅក្នុងនគរបាប៊ីឡូន។ ការរក្សាភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ក្នុងស្រុកកំណើតរបស់លោកអ្នកពិបាក​ណាស់​មែន​ទេ? ប៉ុន្តែ លោកដានីយ៉ែល និងមិត្តភក្តិរបស់លោកនៅតែរក្សាភាពស្មោះត្រង់ចំពោះព្រះនៅក្នុងប្រទេសដទៃ។ ក្នុងនគរបាប៊ីឡូន លោកដានីយ៉ែល និងមិត្តភក្តិរបស់លោកបានជួបមនុស្សទាំងឡាយដែលមានសាសនាផ្សេងពីពួកលោក។ មនុស្សទាំងនោះមានរបៀបរបបរស់នៅផ្សេងពីពួកលោក។ ពិត​មែនហើយ កត្តាទាំងនេះធ្វើឲ្យលោកដានីយ៉ែល និងមិត្តភក្តិមានការលំបាកក្នុងការដើរតាមព្រះជាម្ចាស់ជាច្រើនលើកច្រើនគ្រា។ ប៉ុន្តែ ការទាំងនេះគឺជាការសាកល្បងខាងសេចក្តីជំនឿវិញ។ លោកដានីយ៉ែល និងមិត្តភក្តិបានប្រឡងជាប់ការសាកល្បងនេះ។ ពួកលោកបានបង្ហាញប្រាប់ទៅមនុស្សគ្រប់គ្នាថា ពួកលោក​បាន «ស្គាល់ព្រះយេស៊ូវ» (ធីម៉ូថេទី២ ១:១២, បកប្រែថ្មីពី ICB)។ ព្រះយេស៊ូវគឺជាព្រះដែលពួកគេ «បាន​​ជឿ​តាម» (ធីម៉ូថេទី២ ១:១២)។

ថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២០

ព្រះជាម្ចាស់ទ្រង់ជាអ្នកគ្រប់គ្រងអ្វីៗទាំងអស់

តើកណ្ឌគម្ពីរដានីយ៉ែលចាប់ផ្តើមដោយរបៀបដូចម្តេចដែរ? មិនសូវជាល្អទេ។ អ្វីៗហាក់ដូចមិនល្អសម្រាប់រាស្ត្ររបស់ព្រះ។ នគរយូដាបានចាញ់សង្គ្រាមតតាំងនឹងស្តេចនេប៊ូក្នេសា។ បន្ទាប់មក ស្តេចនេប៊ូក្នេសាបានរឹបអូសយកគ្រឿងប្រដាប់បរិសុទ្ធពីព្រះវិហាររបស់ព្រះយកទៅស្រុកស៊ីណើរ។ តើយើង​ឃើញពាក្យថា «ស៊ីណើរ» នៅត្រង់ណាដែរក្នុងព្រះគម្ពីរ? គឺក្នុងលោកុប្បត្តិ ១១:២។ ខនេះបង្ហាញ​ប្រាប់​យើងថា ប៉មបាបិលគឺឋិតក្នុងស្រុកស៊ីណើរ។ មនុស្សក្នុងស្រុកស៊ីណើរបានទាស់ប្រឆាំងនឹងព្រះ។ បន្ទាប់មក ពួកគេបានព្យាយាមសាងសង់ប៉មយ៉ាងខ្ពស់ដល់ផ្ទៃមេឃ។ ប៉ុន្តែពួកគេបានបរាជ័យ។ រាប់រយឆ្នាំកន្លងមក ស្តេចនេប៊ូក្នេសាបានចេញមកពីស្រុកស៊ីណើរ ហើយបានច្បាំងឈ្នះរាស្ត្ររបស់ព្រះ។ ហេតុនោះ មើល ទៅហាក់ដូចជាស្តេចនេប៊ូក្នេសា និងព្រះរបស់ព្រះអង្គខ្លាំងជាងព្រះរបស់សាសន៍អ៊ីស្រាអែលទៅទៀត។

តើរឿងនោះពិតទេ? ចូរយើងក្រឡេកមើលខដំបូងៗក្នុងកណ្ឌគម្ពីរដានីយ៉ែលឲ្យបានកាន់តែច្បាស់ឡើងថែមទៀត។ លោកអ្នកនឹងឃើញពីមូលហេតុពិតប្រាកដដែលស្តេចនេប៊ូក្នេសាបានឈ្នះ។ ពិតមែនហើយ រាស្ត្ររបស់ព្រះបានធ្វើសង្គ្រាមចាញ់ស្តេចនេប៊ូក្នេសាមែន។ ប៉ុន្តែ ស្តេចនេប៊ូក្នេសាពុំបានឈ្នះដោយសារតែព្រះអង្គខ្លាំងជាងនោះឡើយ។ ទ្រង់ឈ្នះដោយសារតែ «ព្រះ‌អម្ចាស់​ទ្រង់​ប្រគល់​យេហូ‌យ៉ាគីម ជា​ស្តេច​យូដា ទៅ​ក្នុង​កណ្តាប់​ដៃ​នេប៊ូ‌ក្នេសា» ប៉ុណ្ណោះ (ដានីយ៉ែល ១:២)។ ហេតុអ្វីបានជាព្រះជាម្ចាស់ទ្រង់អនុញ្ញាតឲ្យស្តេចនេប៊ូក្នេសាឈ្នះ? ព្រះជាម្ចាស់ទ្រង់បានព្រមានប្រាប់រាស្ត្ររបស់ព្រះអង្គជាមុនរាប់សិបឆ្នាំមកហើយ។ ព្រះអង្គបានប្រាប់ពួកគេអំពីផលវិបាកដែលនឹងកើតឡើងប្រសិនបើពួកគេបំពានសេចក្តីសញ្ញារបស់ព្រះអង្គ។ រាស្ត្ររបស់ព្រះអង្គនឹងក្លាយទៅជាអ្នកទោស។ ឥឡូវនេះ លោកដានីយ៉ែល បានឃើញថា ព្រះបន្ទូលរបស់ព្រះបានក្លាយជាការពិត។ ហេតុនោះ លោកដានីយ៉ែលបានដឹងថា ព្រះជាម្ចាស់គឺជាអ្នកគ្រប់គ្រងលើអ្វីៗទាំងអស់។ ព្រះជាម្ចាស់ទ្រង់គ្រប់គ្រងលើកងទ័ពបាប៊ីឡូន និងអ្វីៗទាំងអស់ក្នុងប្រវត្តិសាស្ត្រ។ ការយល់ដឹងនេះបានផ្តល់នូវភាពក្លាហានដល់លោកដានីយ៉ែល និងមិត្តភក្តិរបស់ លោក។ វាបានជួយឲ្យពួកលោកមានសេចក្តីជំនឿរឹងមាំក្នុងនគរបាប៊ីឡូន។

ហេតុអ្វីបានជាព្រះដាក់សាសន៍យូដា និងយេរូសាឡិមឲ្យស្ថិតនៅក្នុងការគ្រប់គ្រងរបស់នគរបាប៊ីឡូន? ដើម្បីរកចម្លើយ សូមអានពង្សាវតារក្សត្រទី២ ២១:១០‑១៦, ២៤:១៨‑២០, និងយេរេមា ៣:១៣។

កណ្ឌគម្ពីរដានីយ៉ែលបង្ហាញឲ្យយើងឃើញនូវរូបភាពដ៏អស្ចារ្យរបស់ព្រះ។ ព្រះដែលយើងកំពុងបម្រើគឺជាព្រះដែលគ្រប់គ្រងលើប្រវត្តិសាស្ត្រ។ ព្រះអង្គខ្លាំងពូកែណាស់។ ប៉ុន្តែព្រះអង្គក៏សព្វព្រះទ័យនឹងបង្ហាញសេចក្តីមេត្តាប្រាប់ដល់រាស្ត្ររបស់ព្រះអង្គដែរ។ យើងនឹងឃើញថា មនុស្សអាក្រក់បានព្យាយាមធ្វើបាបមកលើលោកដានីយ៉ែល និងមិត្តភក្តិរបស់លោកផងដែរ។ ហេតុអ្វី? ពីព្រោះពួកលោកបានស្តាប់បង្គាប់តាមព្រះ។ ហេតុនោះ ព្រះជាម្ចាស់បានសង្គ្រោះពួកគេ។ ព្រះអង្គក៏ធ្វើរឿងដូចគ្នានេះចំពោះរាស្ត្រ របស់ព្រះអង្គក្នុងគ្រាចុងបំផុតដែរ។

ហេតុអ្វីបានជាយើងអាចជឿទុកចិត្តលើព្រះជាម្ចាស់ថា ព្រះអង្គនឹងសង្គ្រោះយើងពេលណាយើងកំពុងជួបនឹងបញ្ហាណាមួយ?

ថ្ងៃច័ន្ទ ទី៦ ខែមករា ឆ្នាំ២០២០

សេចក្តីជំនឿដែលមិនរង្គើ

សូមអានអំពីបទពិសោធន៍របស់លោកដានីយ៉ែល និងមិត្តភក្តិរបស់លោកក្នុងបទគម្ពីរដានី‑យ៉ែល ១។ តើពួកលោកកំពុងជួបនឹងបញ្ហាអ្វី? តើអ្វីទៅដែលបានធ្វើឲ្យមានការលំបាកសម្រាប់ពួកលោកក្នុងការរក្សាភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់នៅគ្រានោះ?

លោកដានីយ៉ែល និងមិត្តភក្តិរបស់លោកបានមកដល់បាប៊ីឡូន។ មិនយូរប៉ុន្មានបន្ទាប់ពីបាន​មកដល់ ពួកលោកក៏បានជួបនឹងការសាកល្បងដ៏ធំមួយ។ ពួកបាប៊ីឡូនបានផ្តល់នូវការហ្វឹកហ្វឺនពិសេសមួយដល់លោកដានីយ៉ែល និងមិត្តភក្តិរបស់លោកដើម្បីឲ្យពួកលោកអាចធ្វើការបម្រើស្តេចបាន។ ក្នុង​ជំនាន់នោះ ជាញឹកញាប់ស្តេចតែងតែជ្រើសរើសពួកអ្នកទោសល្អបំផុតខ្លះឲ្យចូលបម្រើការនៅក្នុងរាជវាំង។ ស្តេចចង់ឲ្យអ្នកទោសរបស់ព្រះអង្គស្មោះត្រង់ចំពោះព្រះអង្គ និងថ្វាយបង្គំព្រះរបស់ព្រះអង្គដែរ។ ផ្នែកមួយនៃផែនការនេះបានតម្រូវឲ្យមានការផ្លាស់ប្តូរឈ្មោះរបស់លោកដានីយ៉ែល និងមិត្តភក្តិរបស់លោក។ ឈ្មោះថ្មីបង្ហាញថា លោកដានីយ៉ែល និងមិត្តភក្តិរបស់លោកឥឡូវនេះក្លាយជាមនុស្សរបស់បាប៊ីឡូនរួចទៅហើយ។ ឈ្មោះរបស់លោកដានីយ៉ែល និងមិត្តភក្តិរបស់លោកជាភាសាហេព្រើរបង្ហាញប្រាប់ពីសេចក្តីជំនឿរបស់ពួកលោកលើព្រះនៃសាសន៍អ៊ីស្រាអែល។ ពួកបាប៊ីឡូនចង់ឲ្យមានការផ្លាស់ប្តូរ។ ហេតុនោះ​ហើយ ពួកគេក៏បានដាក់ឈ្មោះថ្មីដែលមានន័យតម្កើងដល់ព្រះរបស់ពួកគេដល់លោកដានីយ៉ែល និង​មិត្តភក្តិរបស់លោក។ បន្ទាប់មក ស្តេចក៏បានបង្គាប់ឲ្យមនុស្សវ័យក្មេងទាំងឡាយបរិភោគអាហាររបស់ព្រះអង្គ។ កាលណានរណាម្នាក់បរិភោគអាហាររបស់ស្តេច មានន័យថា អ្នកនោះស្មោះត្រង់ចំពោះស្តេច។ ជាញឹកញាប់ គេតែងតែឧទ្ទិសថ្វាយអាហារទាំងនោះដល់ព្រះរបស់បាប៊ីឡូនជាមុនសិន។ ហេតុនោះ តើមានអ្វីកើតឡើងប្រសិនបើលោកដានីយ៉ែល និងមិត្តភក្តិរបស់លោកបរិភោគអាហារនោះ? វាបង្ហាញ​ឲ្យ​ឃើញថា ពួកលោកថ្វាយបង្គំព្រះរបស់ស្តេច និងទទួលជឿលើព្រះរបស់ស្តេចដែរ។

ហេតុនោះ លោកដានីយ៉ែល និងមិត្តភក្តិរបស់លោកត្រូវជួបនឹងបញ្ហា។ តើពួកលោកត្រូវធ្វើយ៉ាងដូចម្តេចដើម្បីរក្សាភាពស្មោះត្រង់ចំពោះព្រះ ហើយអាចបម្រើស្តេចបានក្នុងពេលតែមួយបាន? មានតែបាដិហារ្យប៉ុណ្ណោះទើបអាចសង្គ្រោះមនុស្សវ័យក្មេងទាំងនេះបាន។ តើអ្វីទៅដែលជាឧបសគ្គកាន់តែធំឡើងសម្រាប់ពួកលោក? បាប៊ីឡូនគឺជារូបភាពនៃអំណាចនិងភាពរុងរឿងរបស់មនុស្ស។ ទីក្រុងនេះ​ពោរពេញដោយព្រះវិហារ និងសួនច្បារយ៉ាងស្រស់បំព្រង។ ទន្លេអ៊ើប្រាតហូរកាត់ចំកណ្តាលក្រុងតែម្តង។ ស្តេចបានផ្តល់ឱកាសដល់លោកដានីយ៉ែល និងមិត្តភក្តិឲ្យរស់នៅយ៉ាងសុខស្រួលប្រសិនបើពួកលោកធ្វើតាមព្រះអង្គ។ នោះពួកលោកនឹងលែងមានឋានៈជាទាសករហេព្រើរទៀតហើយ។ ពួកលោកអាចនឹងក្លាយជាមេដឹកនាំរបស់រាជវង្ស។ តើមនុស្សវ័យក្មេងទាំងនេះនឹងបោះបង់ជំនឿរបស់ខ្លួនឬ? តើពួកលោកនឹងជ្រើសរើសដើរតាមផ្លូវដែលងាយស្រួលឬ?

តើលោកអ្នកគិតថាមានហេតុផលអ្វីទើបធ្វើឲ្យពួកលោកដានីយ៉ែលបោះបង់ជំនឿរបស់ខ្លួន?តើលោកអ្នកវិញនឹងគិតដូចម្តេចដែរប្រសិនបើស្ថិតក្នុងស្ថានភាពដូចគ្នានេះ?

ថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២០

ការសម្រេចចិត្តដ៏ម៉ឺងម៉ាត់

សូមអានខគម្ពីរដានីយ៉ែល ១:៧‑២០។ តើមានអ្វីខ្លះកើតឡើងនៅក្នុងខទាំងនេះ? តើមានក្បួនច្បាប់ដ៏សំខាន់អ្វីដែលយើងឃើញមាននៅទីនេះ?

អ្នកទោសហេព្រើរវ័យក្មេងទាំងបួននាក់បានបដិសេធមិនទទួលយកឈ្មោះថ្មីរបស់បាប៊ីឡូន។ ជាការពិត តើពួកលោកអាចធ្វើអ្វីបានខ្លះ? មិនច្រើនទេ។ ប៉ុន្តែ ពួកលោកអាចសម្រេចចិត្តលើរឿងម្ហូប‑អាហារ និងស្រារបស់ស្តេចបាន។ អ្នកទាំងបួនមានសិទ្ធិដើម្បីសម្រេចចិត្តថា ត្រូវទទួល ឬមិនទទួល។ ការសម្រេចចិត្តរបស់ពួកលោកគឺជាផ្នែកដ៏សំខាន់ក្នុងរឿងនេះ។

បុរសដែលទទួលខុសត្រូវលើអ្នកទាំងបួនបានផ្លាស់ប្តូរឈ្មោះរបស់ពួកលោក។ ហេតុនោះ លោកក៏អាចផ្លាស់ប្តូរមុខម្ហូបផងដែរ។ លោកដានីយ៉ែល និងមិត្តភក្តិសង្ឃឹមថា គាត់នឹងយល់ព្រមផ្លាស់ប្តូរមុខ​ម្ហូបដោយសារហេតុផលចំនួនពីរ។ ទីមួយ ម្ហូបអាហាររបស់ស្តេចរួមមានសាច់មិនស្អាតក្នុងនោះ (សូម​អានលេវីវិន័យ ១១)។ ទីពីរ ពួកមេដឹកនាំសាសនាក្នុងនគរបាប៊ីឡូនបានឧទ្ទិសថ្វាយអាហារទាំងនោះដល់រូបសំណាកនៃព្រះរបស់ពួកគេ មុននឹងថ្វាយអាហារទាំងនោះដល់ស្តេច។ ហេតុនោះ លោកដានី‑យ៉ែលបានប្រាប់ដល់អ្នកមើលការខុសត្រូវអំពីមូលហេតុដែលពួកលោកមិនចង់បរិភោគអាហាររបស់ស្តេច។ លោកដានីយ៉ែលមានសេចក្តីក្លាហានខ្លាំងណាស់។ លោកមិនបានកុហកអំពីមូលហេតុពិតឡើយ។ លោក​បានបញ្ជាក់យ៉ាងច្បាស់ថា លោកនិងមិត្តភក្តិរបស់លោកចង់លើកតម្កើងដល់ព្រះនៃសាសន៍អ៊ីស្រាអែល (ដានីយ៉ែល ១:៨)។

ចូរយើងក្រឡេកមើលផ្នែកសំខាន់ៗមួយចំនួនទៀតក្នុងសាច់រឿងនេះ។ ទីមួយ យើងឃើញថា លោកដានីយ៉ែលយល់ច្បាស់ណាស់អំពីគ្រោះថ្នាក់។ បុរសដែលមើលការខុសត្រូវអាចនឹងមានគ្រោះថ្នាក់​ ប្រសិនបើគាត់ព្រមជួយដល់លោកដានីយ៉ែល និងមិត្តភក្តិ។ ហេតុនោះ លោកដានីយ៉ែលក៏បានកើតគំនិតសាកល្បងមួយ។ លោកដានីយ៉ែល និងមិត្តភក្តិបានស្នើសូមបរិភោគតែម្ហូបអាហារណាដែលនាំមកនូវសុខភាពល្អចំនួន១០ថ្ងៃ។ បន្ទាប់មក​ ឲ្យមន្ត្រីមកត្រួតពិនិត្យពួកលោកថាមានបញ្ហាឬអត់។ ទីពីរ លោក​ដានីយ៉ែលដឹងប្រាកដថា ផែនការរបស់លោកនឹងមានប្រសិទ្ធភាព។ រយៈពេល១០ថ្ងៃខ្លីណាស់។ ប៉ុន្តែ លោកដានីយ៉ែលបានជឿទុកចិត្តលើព្រះ។ ហេតុនោះ លោកដានីយ៉ែលដឹងថាផែនការរបស់លោកនឹងបានទទួលជោគជ័យ។ ទីបី លោកដានីយ៉ែលបានជ្រើសរើសបរិភោគបន្លែ និងផ្លែឈើ។ ផែនការអាហារនេះដូចគ្នានឹងអាហារដែលព្រះជាម្ចាស់បានប្រទានដល់លោកអ័ដាម និងនាងអេវ៉ាដែរ (សូមអាន​លោកុប្បត្តិ ១:២៩)។ តើមានអាហារណាដែលប្រសើរជាងនេះទៀត?

លោកដានីយ៉ែលមានសិទ្ធិក្នុងការសម្រេចចិត្ត។ តើការសម្រេចចិត្តរបស់លោកបានបើកទ្វារឲ្យ ព្រះជួយដល់លោកបានដោយរបៀបណា (សូមអានដានីយ៉ែល ១:៩)។ តើលោកដានីយ៉ែលបង្រៀនយើងអ្វីខ្លះអំពីហេតុផលដែលយើងត្រូវចេះសម្រេចចិត្តត្រឹមត្រូវ? តើការជឿទុកចិត្តលើព្រះរបស់យើងជួយយើងដូចម្តេចខ្លះក្នុងការសម្រេចចិត្តបានត្រឹមត្រូវល្អ?

ថ្ងៃពុធ ទី៨ មករា ឆ្នាំ២០២០

ឆ្លាត ហើយគ្រប់លក្ខណ៍ថែមទៀត

ស្តេចនេប៊ូក្នេសាបានជ្រើសរើសយកលោកដានីយ៉ែល និងមិត្តភក្តិឲ្យបម្រើការនៅរាជវាំង។ ស្តេចមានវិន័យយ៉ាងតឹងរ៉ឹងក្នុងការជ្រើសរើសយកអ្នកដែលត្រូវចូលមកធ្វើការថ្វាយព្រះអង្គ។ អ្នកបម្រើ​ព្រះ​អង្គតោងតែមាន «រូបរាងល្អ» ឬ «សុខភាពល្អ» (ដានីយ៉ែល ១:៤, បកប្រែថ្មីពីNLV)។ ព្រះជាម្ចាស់ក៏មានក្បួនច្បាប់បែបនេះសម្រាប់ដង្វាយយញ្ញបូជា និងសង្ឃដែលធ្វើការក្នុងព្រះវិហាររបស់ព្រះអង្គដែរ។ ពួកអ្នកធ្វើការទាំងនោះតោងតែឥតខ្ចោះអ្វីឡើយ (លេវីវិន័យ ២២:១៧‑២៥, ២១:១៦‑២៤)។ ព័ត៌មាននេះជួយយើងឲ្យយល់អំពីគោលគំនិតដ៏សំខាន់មួយ។ លោកដានីយ៉ែល និងមិត្តភក្តិរបស់លោកគឺប្រៀបដូចជាយញ្ញបូជារស់សម្រាប់ព្រះជាម្ចាស់ក្នុងនគរបាប៊ីឡូនយ៉ាងដូច្នោះដែរ។

តើយើងអាចរក្សាភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់បានគ្រប់ពេលទាំងអស់ឬទេ? ដើម្បីរក​ចម្លើយ សូមអានកាឡាទី ២:១៩, ២០, ម៉ាថាយ ១៦:២៤‑២៦ និងកូរិនថូសទី១ ៤:១៧។

ព្រះជាម្ចាស់បានប្រទានកិត្តិយសដល់លោកដានីយ៉ែល និងមិត្តភក្តិរបស់លោក។ ក្រោយពី​សាកល្បង១០ថ្ងៃ តើពួកលោកមានសភាពយ៉ាងដូចម្តេចដែរ? ពិតណាស់ ពួកលោកមើលទៅស្រស់បស់ជាងនិស្សិតដទៃទៀតដែលបរិភោគអាហាររបស់ស្តេច។ ហេតុនោះ ព្រះជាម្ចាស់បានប្រទានរង្វាន់ដល់លោកដានីយ៉ែល និងមិត្តភក្តិរបស់លោក។ «រីឯ​មនុស្ស​កំលោះ​ទាំង​៤​នាក់​នេះ ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​គេ​មាន​តម្រិះ ហើយ​ឲ្យ​បាន​ឆ្លៀវ‌ឆ្លាត​ក្នុង​គ្រប់​ទាំង​ចំណេះ និង​ប្រាជ្ញា ឯ​ដានី‌យ៉ែល លោក​ក៏​មាន​យោបល់​ក្នុង​អស់​ទាំង​ការ​ជាក់‌ស្តែង និង​ការ​យល់‌សប្តិ​ផង» (ដានីយ៉ែល ១:១៧)។ ក្រោយមកទៀត អំណោយទាន​របស់ដានីយ៉ែលបានក្លាយជាផ្នែកដ៏សំខាន់នៃកិច្ចការរបស់លោកក្នុងនាមជាហោរារបស់ព្រះ។

ព្រះជាម្ចាស់ក៏បានប្រទានប្រាជ្ញាដល់យើងរាល់គ្នាដែរ។ ព្រះអង្គបានជួយយើងឲ្យចេះដោះស្រាយបញ្ហាផ្សេងៗក្នុងជីវិត។ បទពិសោធន៍របស់លោកដានីយ៉ែល និងមិត្តភក្តិរបស់លោកបង្រៀនយើងថា យើងអាចរក្សាខ្លួនឲ្យបរិសុទ្ធ និងស្មោះត្រង់ចំពោះព្រះជាម្ចាស់ក្នុងជីវិតនេះបាន។ រឿងរបស់លោកដានី‑យ៉ែលបង្ហាញប្រាប់យើងថា យើងមិនចាំបាច់រត់គេចចេញពីបញ្ហាជីវិតទើបអាចបម្រើព្រះបានប្រសើរឡើងនោះទេ។ លោកដានីយ៉ែល និងមិត្តភក្តិបានរស់នៅក្នុងដែនដីដែលពោរពេញដោយការភូតកុហក។ មនុស្សដែលនៅជុំវិញលោកដានីយ៉ែលចូលចិត្តពាក្យភូតកុហក។ ប៉ុន្តែ លោកដានីយ៉ែល និងមិត្តភក្តិរបស់លោកនៅតែរក្សាភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់។

យើងរាល់គ្នាក៏ជួបបញ្ហាក្នុងជីវិតដូចលោកដានីយ៉ែល និងមិត្តភក្តិរបស់លោកដែរ។ មនុស្សដែលនៅជុំវិញយើងសុទ្ធតែមិនជឿលើសេចក្តីពិតនៃព្រះគម្ពីរ។ តើលោកអ្នកបានឃើញការភូតកុហកអ្វីខ្លះនៅក្នុងផ្លូវជីវិតរបស់មនុស្សដែលនៅជុំវិញលោកអ្នក? តើលោកអ្នកតតាំងនឹងរឿងអាក្រក់ទាំងនេះដែរឬទេ? ឬមួយក៏លោកអ្នកសម្របខ្លួនតាមរឿងទាំងនេះ?

ថ្ងៃព្រហស្បតិ៍ ទី៩ មករា ឆ្នាំ២០២០

ការប្រឡងបិទវគ្គបញ្ចប់

សូមអានអំពីលោកដានីយ៉ែល និងមិត្តភក្តិរបស់លោកក្នុងខគម្ពីរដានីយ៉ែល ១:១៧‑២១។ តើអ្វីទៅដែលជាមូលហេតុដែលធ្វើឲ្យពួកលោកបានជោគជ័យ? (ដើម្បីរកចម្លើយ សូមអានខគម្ពីរយ៉ូប ៣៨:៣៦, សុភាសិត ២:៦, និងយ៉ាកុប ១:៥)។

លោកដានីយ៉ែល និងមិត្តភក្តិរបស់លោកបានសិក្សានៅ «សកលវិទ្យាល័យនៃនគរបាប៊ីឡូន» អស់រយៈកាលបីឆ្នាំ។ បន្ទាប់មក ពួកលោកត្រូវឈរនៅចំពោះស្តេចដើម្បីប្រឡងបិទវគ្គបញ្ចប់។ លោក​ដានីយ៉ែល និងមិត្តភក្តិមើលទៅមានសុខភាពមាំទាំណាស់។ ពួកលោកមើលទៅមាំមួនជាងនិស្សិតដទៃៗទៀត។ លោកដានីយ៉ែល និងមិត្តភក្តិរបស់លោកសុទ្ធតែឆ្លាតវៃ។ ពួកលោកក៏មានចំណេះ និងប្រាជ្ញា​ផងដែរ។ ពិតមែនហើយ ពួកលោកប្រាកដជាបានរៀនអំពីគោលគំនិត និងសាសនារបស់នគរបាប៊ីឡូន។ លោកដានីយ៉ែល និងមិត្តភក្តិរបស់លោកក៏មានចំណេះដឹងផ្នែកនេះច្បាស់ដែរ បើទោះបីជាពួកលោក​មិន​បានជឿវាក្តី។

ស្តេចអាចនឹងគិតថា អាហារ និងការហ្វឹកហ្វឺនរបស់ព្រះអង្គគឺជាមូលហេតុដែលធ្វើឲ្យលោកដានីយ៉ែល និងមិត្តភក្តិរបស់លោកបានជោគជ័យ។ ប៉ុន្តែ លោកដានីយ៉ែល និងមិត្តភក្តិរបស់លោកដឹងអំពីមូលហេតុពិតប្រាកដ។ ជោគជ័យរបស់ពួកលោកបានមកពីព្រះជាម្ចាស់។ បទពិសោធន៍របស់​លោក​ដានីយ៉ែល និងមិត្តភក្តិរបស់លោកគឺជាឧទាហរណ៍ដ៏មានអានុភាពមួយ។ វាបង្ហាញប្រាប់យើងអំពីអ្វី​ដែល​ព្រះអាចធ្វើសម្រាប់រាស្ត្ររបស់ព្រះអង្គកាលណាពួកគេជឿទុកចិត្តលើព្រះអង្គ។ ហេតុនោះ យើងមិនគួរ​ខ្លាចនរណាម្នាក់ឡើយ។ មនុស្សខ្លះអាចនឹងព្យាយាមធ្វើបាបលើយើងដោយសារតែសេចក្តីជំនឿរបស់យើង។ ពិតមែនហើយ មេដឹកនាំរដ្ឋាភិបាល ទូរទស្សន៍ កាសែត និងក្រុមមនុស្សផ្សេងៗទៀតសុទ្ធតែមានអំណាចយ៉ាងច្រើន។ ពួកគេអាចនឹងព្យាយាមបំផ្លាញយើងដោយសារតែគោលជំនឿរបស់យើង។ ប៉ុន្តែ យើងរាល់គ្នាគឺជាកូនរបស់ព្រះ។ យើងបានជឿទុកចិត្តលើព្រះអង្គ។ ហេតុនោះ យើងអាចដឹងយ៉ាង​ច្បាស់​ថា ព្រះទ្រង់នឹងថែរក្សាយើងរាល់គ្នាក្នុងគ្រាលំបាក។ សម្រាប់យើងរាល់គ្នា វាជាការសំខាន់ណាស់ក្នុង​ការនឹកចាំថា ត្រូវតែចេះសម្រេចចិត្តឲ្យបានល្អនៅពេលគ្រាលំបាកៗចូលមកដល់។

បទគម្ពីរដានីយ៉ែលជំពូក១ បង្រៀនយើងអំពីមេរៀនដ៏សំខាន់មួយស្តីអំពីព្រះជាម្ចាស់។ ១) ព្រះជាម្ចាស់ទ្រង់គ្រប់គ្រងលើប្រវត្តិសាស្ត្រ។ ២) ព្រះជាម្ចាស់ជាអ្នកដែលប្រទានប្រាជ្ញាដល់មនុស្សលោក។ ព្រះអង្គជួយយើងឲ្យសម្រេចចិត្តបានល្អក្នុងគ្រាលំបាកៗ។ ៣) ព្រះជាម្ចាស់ប្រទានកិត្តិយសដល់មនុស្សដែលជឿទុកចិត្តលើព្រះអង្គ។

ជំពូក១នេះបានបញ្ចប់ដោយខចុងក្រោយយ៉ាងដូច្នេះថា៖ «ហើយ​ដានី‌យ៉ែល​ក៏​នៅ​រៀង​ត​ទៅ ដរាប​ដល់​ឆ្នាំ​ទី​១​ក្នុង​រាជ្យ​ស្តេច​ស៊ីរូស» (ដានីយ៉ែល ១:២១)។ ស៊ីរូសគឺជាស្តេចនៃនគរពើស៊ី។ ព្រះជា‑ម្ចាស់បានជ្រើសរើសស្តេចស៊ីរូសឲ្យរំដោះសាសន៍យូដាចេញពីនគរបាប៊ីឡូន។ ស្តេចស៊ីរូសបានរាជា‑នុញ្ញាតឲ្យរាស្ត្ររបស់ព្រះត្រឡប់ទៅលំនៅឋានរបស់ពួកគេដែលស្ថិតនៅទីក្រុងយេរូសាឡិមវិញ។ ពិត​មែន​ហើយ យើងនឹងត្រូវជួបគ្រាលំបាកក្នុងជីវិត។ យើងនឹងរងទុក្ខវេទនា និងឈឺចាប់។ ប៉ុន្តែ ព្រះជាម្ចាស់ តែងតែនាំមកនូវសេចក្តីសង្ឃឹមដល់ជីវិតរបស់យើង។ ព្រះអង្គជួយយើងឲ្យមើលឃើញសេចក្តីអំណរ និងសិរីល្អដែលកំពុងរង់ចាំយើងបន្ទាប់ពីសេចក្តីវេទនារបស់យើងកន្លងផុតទៅ។

ថ្ងៃសុក្រ ទី១០ មករា ឆ្នាំ២០២០

សិក្សាបន្ថែម

«លោកដានីយ៉ែល និងមិត្តភក្តិរបស់លោកសុទ្ធតែមានវ័យក្មេង។ ពួកលោកគឺជាអ្នកទោស ហើយត្រូវបានគេនាំយកទៅនគរបាប៊ីឡូន។ នៅទីនោះ ពួកលោកបានឆ្លងកាត់បទពិសោធន៍ដ៏លំបាកជាច្រើន។ បទពិសោធន៍ទាំងនេះ គឺជាការសាកល្បងដែលបង្ហាញឲ្យឃើញពីជំនឿនៅក្នុងចិត្តនិងគំនិតរបស់ពួកលោក។ លោកអ្នកអាចនឹងគិតថា លោកដានីយ៉ែល និងមិត្តភក្តិមានសណ្ឋានជីវិតងាយស្រួលជាងលោកយ៉ូសែបដែលរងទុក្ខវេទនាកាលនៅស្រុកអេស៊ីព្ទ។ មើលទៅហាក់ដូចជាយ៉ាងដូច្នោះដែរ។ ប៉ុន្តែ លោកដានីយ៉ែល និងមិត្តភក្តិរបស់លោកក៏បានឆ្លងកាត់ការសាកល្បង និងបទពិសោធន៍ដ៏ពិបាកៗដូចលោកយ៉ូសែបដែរ។ លោក​ដា​នីយ៉ែល និងមិត្តភក្តិរបស់លោកជាប់សែស្រឡាយរាជវង្សនៃសាសន៍យូដា។ ពួកបាប៊ីឡូនបាននាំយកលោក​ដា​នី​យ៉ែល និងមិត្តភក្តិរបស់លោកទៅកាន់ទីក្រុងដែលមានអំណាចបំផុតនៅលើផែនដីនេះ។ នៅទីនោះ ពួកលោកត្រូវបម្រើការក្នុងរាជវាំង។ ស្តេចបានជ្រើសរើសពួកលោកឲ្យបម្រើព្រះអង្គ។ ព្រះអង្គបានប្រទានការហ្វឹកហ្វឺនពិសេសដល់ពួកលោក។ រាជវាំងរបស់ស្តេចមានពោរពេញដោយទ្រព្យសម្បត្តិ និងសោភ័ណភាព។ ហើយក៏ពោរពេញដោយអំពើបាបផងដែរ។ លោកដានីយ៉ែល និងមិត្តភក្តិមានឱកាសក្នុងការធ្វើបាបបានគ្រប់ពេលវេលា។ ចំណុចដ៏លំបាកមួយនោះគឺ ពួកបាប៊ីឡូនបានធ្វើឲ្យជីវិតរបស់លោកដានីយ៉ែល និងមិត្តភក្តិរបស់លោកត្រូវជួបការលំបាក។ ពួកគេបានអួតក្អេងក្អាងអំពីការឈ្នះសង្គ្រាមទាស់នឹងសាសន៍យូដា។ សាសន៍យូដាបានក្លាយជាអ្នកទោសរបស់ពួកគេក្នុងនគរបាប៊ីឡូន មែនទេ? ស្តេចនេប៊ូក្នេសាបាននាំយកទ្រព្យសម្បត្តិពីព្រះវិហាររបស់ព្រះ ហើយយកទ្រព្យសម្បត្តិទាំងនោះទៅដាក់ក្នុងព្រះវិហារនៃព្រះរបស់ព្រះអង្គវិញ។ ស្តេចនៃសាសន៍យូដាក៏ជាអ្នកទោសក្នុងនគរបាប៊ីឡូនដែរ។ ពួកបាប៊ីឡូនបានសើចចំអកអំពីរឿងទាំងអស់នេះ។ ពួកគេបាននិយាយគ្នាថា រឿងទាំងនេះជាភស្តុតាងបញ្ជាក់ថា សាសនារបស់ពួកគេ និងផ្លូវជីវិតរបស់ពួកគេ​ប្រសើរជាងពួកសាសន៍យូដា។ លោកដានីយ៉ែល និងមិត្តភក្តិរបស់លោកត្រូវរស់នៅក្នុងភាពអាម៉ាស់។ ពិត​មែនហើយ រាស្ត្ររបស់ព្រះបានបង្កឲ្យមានសេចក្តីវេទនា និងភាពអាម៉ាស់ដោយខ្លួនឯង។ ទន្ទឹមគ្នានោះ ព្រះជាម្ចាស់ក៏បានប្រើបទពិសោធន៍ដ៏អាក្រក់នេះដើម្បីបង្រៀនមេរៀនមួយដល់នគរបាប៊ីឡូនដែរគឺ ព្រះជាម្ចាស់ជាអ្នកគ្រប់គ្រងលើអ្វីៗទាំងអស់។ ក្រឹត្យវិន័យរបស់ព្រះអង្គបរិសុទ្ធ។ សេចក្តីបញ្ញត្តិរបស់ព្រះអង្គក៏សម្រាប់ឲ្យមនុស្សលោកស្តាប់បង្គាប់តាមដែរ។ ព្រះជាម្ចាស់បានបង្ហាញទៅពួកបាប៊ីឡូនអំពីអ្វីដែលនឹងកើតឡើងកាលណាមនុស្សលោកស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះអង្គ។ ព្រះជាម្ចាស់បានប្រទានសារនេះដល់លោកដានីយ៉ែល និងមិត្តភក្តិរបស់លោក។ ពួកលោកគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះជាម្ចាស់។ ព្រះអង្គបានជ្រើសរើសពួកលោកឲ្យនិយាយជំនួសព្រះអង្គពីព្រោះពួកលោកគឺជាមនុស្សស្មោះត្រង់។ នោះហើយគឺជាវិធីតែមួយគត់ដែលព្រះអង្គធ្វើការតាមរយៈពួកលោក»។ ដកស្រង់ពី Ellen G. White, Education, page 54។

សំនួរពិភាក្សា៖
  1. តើមានផ្លូវជីវិតអ្វីខ្លះដែលនៅជុំវិញយើងដែលធ្វើឲ្យពួកជំនុំធ្លាក់ចុះខ្សោយ? តើយើងគួរធ្វើយ៉ាងណាដើម្បី​រក្សាភាពរឹងមាំរបស់យើងឲ្យបាន?

  2. ពួកបាប៊ីឡូនមានអារម្មណ៍ថា ព្រះរបស់ពួកគេខ្លាំងជាងព្រះរបស់សាសន៍អ៊ីស្រាអែល។ តើមានការពិតអ្វីខ្លះដែលលោកអ្នកគិតថាបានជួយលោកដានីយ៉ែល និងមិត្តភក្តិរបស់លោកឲ្យរក្សាសេចក្តីជំនឿបានយ៉ាងរឹងមាំក្នុងគ្រានោះ? ហេតុអ្វីបានជាការស្គាល់សេចក្តីពិតខាងព្រះគម្ពីរសំខាន់ខ្លាំងម៉្លេះ? ​
  3. ​​
  4. ហេតុអ្វីបានជាយើងត្រូវបង្ហាញសេចក្តីជំនឿរបស់យើងទៅកាន់មនុស្សដែលយើងកំពុងបម្រើ និងមាន​បំណងឲ្យគេបានសង្គ្រោះដែរ? តើសេចក្តីជំនឿរបស់យើងបង្ហាញប្រាប់មនុស្សដទៃយ៉ាងដូចម្តេចដើម្បីឲ្យគេដឹងថាព្រះជាអ្នកណា? ​
Powered by CAM