មេរៀនទី២​៖ ០៤-១០ មេសា ២០២០

ដើមកំណើតព្រះគម្ពីរ

Jeans
ថ្ងៃសៅរ៍ ទី០៤ មេសា ឆ្នាំ២០២០
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ពេត្រុសទី២ ១៖១៩-២១; ធីម៉ូថេទី២ ៣៖១៦; និក្ខមនំ ៣៤៖២៧; យ៉ូហាន ១៖១៤; ហេព្រើរ ១១៖៣, ៦។

ខចងចាំ៖ «ដោយ​ហេតុ​នេះ​ទៀតបាន​ជា​យើង​ខ្ញុំ​អរ​ព្រះគុណ​ដល់​ព្រះ ឥត​មាន​ដាច់ គឺ​ដោយ​ព្រោះ​កាល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះបន្ទូល ជា​ដំណឹង​ពី​ព្រះដោយសារ​យើង​ខ្ញុំ នោះ​មិន​បាន​ទទួលទុក​ដូច​ជា​ពាក្យ​របស់​មនុស្ស​ទេ បាន​ទទួល​តាម​ភាព​ដ៏​ពិត​នៃ​ដំណឹង​នោះ​វិញ គឺ​ជា​ព្រះបន្ទូល​នៃ​ព្រះ​ដែល​បណ្តាល​មក​ក្នុង​អ្នក​រាល់​គ្នា​ជា​ពួក​អ្នក​ជឿ» (ថែស្សាឡូនីចទី១ ២៖១៣)។

តើព្រះគម្ពីរមានប្រភពមកពីណា? កើតឡើងដោយរបៀបណា? តើព្រះគម្ពីរពិតជាសាររបស់ព្រះសម្រាប់យើងមែនឬទេ? ចម្លើយឆ្លើយតបទៅកាន់សំណួរទាំងនេះអាចជួយយើងអោយយល់ថាហេតុអ្វីបានជាព្រះគម្ពីរសំខាន់ម៉្លេះសម្រាប់ជីវិត និងពួកជំនុំរបស់យើងទូទាំងពិភពលោក។ ជំនឿរបស់យើងអំពីព្រះគម្ពីរកើតចេញពីការយល់ដឹងរបស់យើងពីរបៀបដែលព្រះអនុញ្ញាតអោយមនុស្សសរសេរព្រះគម្ពីរនោះផង។

តើវិធីដ៏ល្អបំផុតដើម្បីយល់ពីព្រះគម្ពីរគឺជាអ្វី? ទី១ យើងត្រូវតែទុកអោយព្រះគម្ពីរជាអ្នកកំណត់ក្បួនច្បាប់ក្នុងការអាន និងបកស្រាយព្រះគម្ពីរដោយខ្លួនឯង។ យើងមិនអាចសិក្សាគណិតវិទ្យាដោយប្រើច្បាប់ដូចគ្នាដែលយើងប្រើដើម្បីសិក្សា និងស្វែងយល់ពីវិទ្យាសាស្ត្រនោះទេ។ យើងក៏មិនអាចសិក្សាវិទ្យាសាស្ត្រដោយប្រើវិធានការ និងឧបករណ៍ដូចគ្នាដែលយើងប្រើដើម្បីសិក្សាពីប្រវត្តិសាស្ត្រនោះដែរ។ ទន្ទឹមនឹងនេះ យើងមិនអាចយល់ពីព្រះគម្ពីរបានទេ ប្រសិនបើយើងសង្ស័យថាព្រះគម្ពីរជាការប្រឌិតនោះ។ យើងត្រូវតែជឿលើព្រះ និងជឿថាទ្រង់ដឹកនាំមនុស្សអោយសរសេរព្រះគម្ពីរផងដែរ។​ ដូច្នេះ អ្វីដែលសំខាន់បំផុតនោះគឺយើងត្រូវមានសេចក្តីជំនឿ។ បន្ទាប់មក យើងអាចចាប់ផ្តើមសិក្សាស្វែងយល់ពីអត្ថន័យនៃព្រះគម្ពីរដោយមិនសង្ស័យលើអ្វីដែលព្រះមានបន្ទូលឡើយ។

សប្តាហ៍នេះយើងនឹងពិនិត្យមើលថា តើព្រះគម្ពីរបានមកពីណា និងកើតឡើងដោយរបៀបណា។ មេរៀននេះនឹងជួយយើងអោយយល់ពីព្រះគម្ពីរបានកាន់តែប្រសើរឡើងថែមទៀត។

ថ្ងៃអាទិត្យ ទី០៥ មេសា ឆ្នាំ២០២០

ព្រះបានប្រទានព្រះគម្ពីរដល់មនុស្ស

សូមអានខគម្ពីរពេត្រុសទី២ ១៖១៩-២១។ តើលោកពេត្រុសមានប្រសាសន៍យ៉ាងដូចម្តេចអំពីប្រភពបទទំនាយនៃព្រះគម្ពីរ?

ព្រះគម្ពីរខុសគ្នាពីសៀវភៅឯទៀត។ លោកពេត្រុសមានប្រសាសន៍ថា ព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំពួកហោរាអោយសរសេរព្រះគម្ពីរ។ ព្រះវិញ្ញាណបរិសុទ្ធបានប្រទាននូវសាររបស់ទ្រង់មកកាន់មនុស្សទាំងអស់នេះ។ ពួកហោរាពុំបានប្រឌិតសារដែលពួកគេបានសរសេរនោះទេ។ ព្រះគម្ពីរមិនមែនជា «រឿងព្រេង​ប្រឌិត​ដោយ​ដំរិះ​នោះ​ទេ» (ពេត្រុសទី២ ១៖១៦)។ ដូច្នេះ យើងអាចជឿទុកចិត្តលើព្រះគម្ពីរបាន។ ព្រះគម្ពីរគឺជាសេចក្តីពិតរបស់ព្រះសម្រាប់ជីវិតរបស់យើង។ «ដ្បិត​សេចក្តី​ទំនាយ​មិន​ដែល​មក ដោយ​បំណង ​ចិត្ត​មនុស្ស​ទេ គឺ​ជា​មនុស្ស​បរិសុទ្ធ​របស់​ព្រះដែល​បាន​ទាយ ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ​ទ្រង់​បណ្តាល​វិញ» (ពេត្រុសទី២ ១៖២១)។ ព្រះបានជ្រើសតាំងមនុស្សអោយធ្វើជាពួកហោរារបស់ព្រះអង្គ។ បន្ទាប់មក ទ្រង់បានបង្ហាញដល់ពួកគេពីសេចក្តីពិតរបស់ព្រះអង្គដល់ពួកគេ។

មែនហើយ​ ព្រះបានសន្ទនាជាមួយអ្នកបម្រើរបស់ទ្រង់គឺជាពួកហោរានេះឯង។ នោះជាមូលហេតុដែលធ្វើអោយព្រះគម្ពីរមានលក្ខណៈពិសេស។ ព្រះគម្ពីរត្រូវបានបំពេញដោយអំណាចរបស់ព្រះហើយក៏ជាបទបន្ទូលរបស់ទ្រង់មកកាន់យើងដែរ។ យើងត្រូវតែនឹកចាំនូវចំណុចទាំងនេះនៅពេលដែលយើងសិក្សាព្រះគម្ពីរ។ ព្រះដ៏បរិសុទ្ធនៃយើងគឺជាអ្នកនិពន្ធនៃព្រះគម្ពីរយ៉ាងពិតប្រាកដ។ នោះជាមូលហេតុដែលកណ្ឌគម្ពីរទាំងឡាយនៅក្នុងព្រះគម្ពីរត្រូវបានហៅថា «គម្ពីរ​បរិសុទ្ធ» (រ៉ូម ១៖២; ធីម៉ូថេទី២ ៣៖១៥)។

ព្រះបានប្រទានព្រះគម្ពីរដល់យើងដើម្បីផ្លាស់ប្តូរជីវិតរបស់យើង។ ព្រះគម្ពីរ «ក៏​មាន​ប្រយោជន៍​ សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្តី​សុចរិត» (ធីម៉ូថេទី២ ៣៖១៦)។ ព្រះគម្ពីរបានផ្តល់ «ឲ្យ​អ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះសំរាប់ ​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ» (ធីម៉ូថេទី២ ៣៖១៧)។

យើងត្រូវការជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីយល់និងដើរតាមសេចក្តីពិតនៃព្រះគម្ពីរបាន។ លោកពេត្រុសមានប្រសាសន៍ថា យើងមិនត្រូវបកស្រាយព្រះគម្ពីរតាមតែចិត្តរបស់យើងដែលចង់និយាយនោះទេ។ យើងត្រូវតែទទួលយកសេចក្តីពិតរបស់ព្រះ ដូចដែលទ្រង់បានចែងទុកមក។ នោះគឺជាមូលហេតុដែលយើងត្រូវការជំនួយរបស់ព្រះវិញ្ញាណ។ ព្រះអង្គនឹងជួយយើងអោយយល់ពីអត្ថន័យនៃព្រះគម្ពីរ។

ព្រះគម្ពីរក៏បានចែងយ៉ាងដូច្នេះដែរថា «ទ្រង់​សំដែងឲ្យ​ពួក​ហោរាជា​អ្នក​បំរើ​ទ្រង់ឃើញ​គំនិត​លាក់កំបាំង​របស់​ទ្រង់ផង» (អេម៉ុស ៣៖៧)។ ពាក្យថា «វិវរណៈ» បង្ហាញយើងថា ព្រះបានបង្ហាញការលាក់កំបាំងអោយយើងបានយល់។ ក្នុងសភាពជាមនុស្ស យើងត្រូវការព្រះជួយយើងអោយបានយល់ពីរឿងទាំងឡាយ។ យើងជាបាបជន។ អំពើបាបរបស់យើងបានខ័ណ្ឌញែកយើងចេញពីព្រះ។ ដូច្នេះ យើងត្រូវការជំនួយពិសេសរបស់ព្រះ​ដើម្បីយល់ពីផែនការរបស់ទ្រង់សម្រាប់ជីវិតរបស់យើង។

ថ្ងៃច័ន្ទ ទី០៦ មេសា ឆ្នាំ២០២០

របៀបដែលព្រះវិញ្ញាណបានបណ្តាលអោយមនុស្សសរសេរព្រះគម្ពីរ

ព្រះប្រើភាសាដើម្បីបង្ហាញសេចក្តីពិតរបស់ទ្រង់ទៅកាន់មនុស្ស។ ដូច្នេះ ព័ត៌មាននេះជួយយើងអោយមើលឃើញថា សេចក្តីពិតរបស់ព្រះអាចត្រូវបានកត់ត្រាទុកជាលាយលក្ខណ៍អក្សរបាន។ ដូចដែលយើង បានឃើញស្រាប់ហើយថា ព្រះគម្ពីរគឺជាសេចក្តីពិតរបស់ព្រះ។ ព្រះចែករំលែកសេចក្តីពិតរបស់ទ្រង់តាម រយៈអ្នកបម្រើរបស់ទ្រង់គឺជាពួកហោរា។ ពួកហោរាគឺជាអ្នកនាំសារដ៏ពិសេសរបស់ព្រះ។ ព្រះវិញ្ញាណបរិសុទ្ធបង្ហាញសេចក្តីពិតរបស់ព្រះទៅកាន់ពួកហោរា។ ព្រះវិញ្ញាណក៏បានធ្វើអោយប្រាកដថា ពួកហោរាសរសេរសាររបស់ព្រះដោយយកចិត្តទុកដាក់ផងដែរ។ ព្រះវិញ្ញាណរក្សាសារអោយមានសុវត្ថិភាពពីកំហុស។ នោះ គឺជាហេតុផលដែលយើងអាចរំពឹងថានឹងមើលឃើញកណ្ឌទាំងឡាយនៃព្រះគម្ពីរគាំទ្រគ្នាទៅវិញទៅមក។ កណ្ឌគម្ពីរទាំងនោះសុទ្ធតែបង្រៀនពីសេចក្តីពិតដូចគ្នា។ យើងអាចមើលឃើញរឿងនេះតាំងពីលោកុប្បត្តិ រហូតដល់វិវរណៈ។ (សូមប្រៀបធៀបខ គម្ពីរលោកុប្បត្តិ ៣៖១៤, ១៥ រហូតដល់វិវរណៈ ១២៖១៧)។

សូមអានខគម្ពីរពេត្រុសទី២ ១ៈ២១, ធីម៉ូថេទី២ ៣៖១៦ និងចោទិយកថា ១៨៖១៨។ តើខទាំងនេះបង្ហាញយើងអំពីរបៀបដែលពួកហោរាបានសរសេរព្រះគម្ពីរដោយរបៀបណា?

ព្រះគម្ពីរទាំងមូលមានប្រភពមកពីព្រះ។ ជាការពិត ផ្នែកខ្លះនៃព្រះគម្ពីរពុំមានអត្ថន័យច្រើនសម្រាប់ជីវិតរបស់យើងឥឡូវនេះដូចសម្រាប់រាស្ត្ររបស់ព្រះកាលពីអតីតកាលនោះទេ។ (ពិធីបុណ្យនៃសាសន៍ហេព្រើរជាឧទាហរណ៍មួយ។ ព្រះបានសូមអោយជនជាតិអ៊ីស្រាអែលចូលរួមអបអរចំពោះពិធីបុណ្យទាំងនេះ។ ប៉ុន្តែ យើងមិនចាំបាច់ប្រារព្ធពិធីទាំងនោះនៅពេលបច្ចុប្បន្ននេះទៀតទេ)។ មែនហើយ ផ្នែកខ្លះនៃព្រះគម្ពីរមិនងាយស្រួលអាន និងយល់ភ្លាមនោះទេ។ ផ្នែកខ្លះទៀតមិនសូវមានខ្លឹមសារប៉ុន្មាន ទេសម្រាប់ជីវិតរបស់យើងនាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែ យើងត្រូវការរៀនពីគ្រប់ទាំងអស់នៃព្រះគម្ពីរ។

ដូចគ្នាផងដែរ មិនមែនគ្រប់យ៉ាងនៅក្នុងព្រះគម្ពីរសុទ្ធតែទទួលមកពីព្រះតាមរបៀបដូចគ្នានោះទេ។ ពេលខ្លះព្រះបានសូមមកកាន់អ្នកសរសេរព្រះគម្ពីរអោយសិក្សាយ៉ាងប្រុងប្រយ័ត្នពីអ្វីដែលនូវជុំវិញពួកគេ។ ពេលខ្លះទៀតព្រះបានសូមអោយអ្នកសរសេរព្រះគម្ពីរប្រើព័ត៌មានពីសៀេវភៅផ្សេងៗ នឹងកំណត់ត្រាទាំងឡាយ (សូមអានខគម្ពីរយ៉ូស្វេ ១០៖១៣; លូកា ១៖១-៣)។ ព្រះបានប្រើការសរសេរទាំងនេះដើម្បីធ្វើជាសារទៅកាន់អ្នកសរសេររបស់ទ្រង់។ ទោះបីជាយ៉ាងណាក្តី ព្រះគម្ពីរទាំងមូលមានប្រភពមកពីព្រះ (ធីម៉ូថេទី២ ៣៖១៦)។ នេះគឺជាហេតុផលដែលធ្វើអោយលោកប៉ុលមានប្រសាសន៍ថា «ដ្បិត ​អស់​ទាំង​សេចក្តី​ដែល​បាន​ចែង​ទុក​មក​ជា​មុន នោះ​បាន​ចែង​សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​យើង​បាន​សេចក្តី​សង្ឃឹម» (រ៉ូម ១៥៖៤)។

«ព្រះគម្ពីរបង្ហាញយើងថា ព្រះគឺជាអ្នកនិពន្ធផ្ទាល់។ ទន្ទឹមនឹងនេះ អ្នកសរសេរព្រះគម្ពីរបានប្រើបែបបទក្នុងការសរសេរផ្សេងៗពីគ្នា។ យើងឃើញបែបបទនៃការសរសេរផ្សេងៗនៅពេលដែលយើងអានព្រះគម្ពីរ។ មែនហើយ សេចក្តីពិតដែលបានបង្ហាញនៅក្នុងព្រះគម្ពីរនោះគឺ ‘ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ’។ ប៉ុន្តែ ព្រះបន្ទូលត្រូវបានសរសេរជាភាសានៃមនុស្សវិញ»។ ដកស្រង់ពីសៀវភៅរបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ The Great Controversy, page 7, adapted។

ថ្ងៃអង្គារ ទី០៧ មេសា ឆ្នាំ២០២០

ព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះដែលលាយលក្ខណ៍ជាអក្សរ

រួច​ព្រះយេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​កត់​ពាក្យ​ទាំង​នេះ​ចុះ ដ្បិត​អញ​តាំង​សេចក្តី​សញ្ញា​របស់​អញ​នឹង​ឯង ហើយ​និង​ពួក​អ៊ីស្រាអែល​តាម​ន័យ​ពាក្យ​ទាំង​នេះ។ តើហេតុអ្វីបានជាព្រះសុំអោយលោកម៉ូសេកត់ត្រាបន្ទូលរបស់ទ្រង់ដោយមិនគ្រាន់តែមានបន្ទូលទៅកាន់រាស្ត្ររបស់ទ្រង់ប៉ុណ្ណោះទេ? តើហេតុអ្វីបានជាការដែលមានច្បាប់ចម្លងមួយច្បាប់នៃព្រះបន្ទូលរបស់ព្រះ ដែលក្លាយជាព្រះគម្ពីរនេះសំខាន់ម៉្លេះ?

ព្រះបានបង្កើតភាសារបស់មនុស្ស។ ព្រះអង្គជួយអ្នកបម្រើរបស់ទ្រង់អោយចែករំលែកនូវសេចក្តីពិតរបស់ទ្រង់ និងគំនិតទាំងឡាយជាលាយលក្ខណ៍អក្សរដែលយើងអាចជឿជាក់បាន។ ដូច្នេះ យើងពុំមានអ្វីប្លែកដើម្បីសិក្សាអោយយល់ថា ព្រះបានមានបន្ទូលទៅកាន់អ្នកសរសេរព្រះគម្ពីរអោយកត់ត្រាសេចក្តីបង្រៀន និងសេចក្តីពិតទាំងឡាយរបស់ព្រះអង្គនោះទេ។

តើខខាងក្រោមទាំងនេះ បង្រៀនយើងអំពីមូលហេតុដែលព្រះបានមានបន្ទូលមកកាន់អ្នកបម្រើរបស់ទ្រង់អោយកត់ត្រាសាររបស់ទ្រង់យ៉ាងដូចម្តេច?

និក្ខមនំ ១៧៖១៤; និក្ខមនំ ២៤៖៤___​

យ៉ូស្វេ ២៤៖២៦_________________​

យេរេមា ៣០៖២_________________​

វិវរណ៖ ១៖១១, ១៩ វិវរណ៖ ២១៖៥ និងវិវរណ៖ ២២៖១៨,១៩____​

តើហេតុអ្វីបានជាព្រះប្រាប់ដល់អ្នកបម្រើរបស់ព្រះអង្គអោយកត់ត្រាសាររបស់ទ្រង់? ដូច្នេះ យើងនឹងចងចាំពីសារទាំងនោះបានកាន់តែប្រសើរឡើង។ យើងអាចទុកចិត្តលើព័ត៌មានដែលយើងបានអានជាជាងទុកចិត្តលើអ្នកណាម្នាក់ដែលនិយាយមកកាន់យើង។ សំណេរអាចចម្លងបានជាច្រើនលើកច្រើនសា។ សំណេរទាំងនោះត្រូវបានចែករំលែកជាមួយមនុស្សជាច្រើននៅលើផែនដី។

ថ្ងៃពុធ ទី០៨ មេសា ឆ្នាំ២០២០

លក្ខណៈដូចគ្នារវាងព្រះយេស៊ូវ និងព្រះគម្ពីរ

សូមអានខគម្ពីរយ៉ូហាន ១៖១៤; យ៉ូហាន ២៖២២; យ៉ូហាន ៨៖៣១, ៣២ និងយ៉ូហាន ១៧៖ ១៧។ ខទាំងនេះពិពណ៌នាអំពីព្រះយេស៊ូវ និងព្រះគម្ពីរដែលជាព្រះបន្ទូលនៃព្រះ។ ព្រះយេស៊ូវក៏ជាព្រះបន្ទូល ឬសេចក្តីពិតរបស់ព្រះផងដែរ។ ព្រះយេស៊ូវដែលដើមឡើយជាព្រះបន្ទូលបានប្រសូតជាមនុស្សលោក។ តើព្រះយេស៊ូវហើយនិងព្រះគម្ពីរដូចគ្នាត្រង់ណាខ្លះ?

សូតចេញពីព្រះដូចគ្នានេះដែរ។ ប៉ុន្តែ ព្រះបានប្រទានព្រះគម្ពីរមកកាន់យើងតាមរយៈអ្នកសរសេរដែលជាមនុស្ស។ ពួកគេបានសរសេរព្រះគម្ពីរដោយមានជំនួយពីព្រះវិញ្ញាណបរិសុទ្ធ។

ព្រះយេស៊ូវបានប្រសូតមកជាមនុស្សលោក។ ព្រះអង្គមានព្រះជន្មរស់នៅក្នុងអំឡុងពេលមួយ និងនៅកន្លែងមួយដ៏ច្បាស់លាស់។ ប៉ុន្តែ ព្រះអង្គបានបន្តធ្វើជាព្រះ។ ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះតែមួយសម្រាប់មនុស្សគ្រប់គ្នាដែលរស់នៅលើផែនដីនេះ (សូមអានខគម្ពីរកិច្ចការ ៤៖១២)។ ទន្ទឹមនឹងនេះ ព្រះបានប្រទានព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ទ្រង់ជាលាយលក្ខណ៍អក្សរដល់យើងនៅក្នុងពេលវេលា និងទីកន្លែងមួយដ៏ជាក់លាក់។ ប៉ុន្តែ សារនៃព្រះគម្ពីរពុំមែនសម្រាប់មនុស្សមួយចំនួននៅក្នុងពេលវេលា និងទីកន្លែងមួយជាក់លាក់នោះទេ។ សេចក្តីពិតនៃព្រះគម្ពីរគឺសម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។

ព្រះបានបង្ហាញអង្គទ្រង់អោយមនុស្សឃើញនៅពេលដែលទ្រង់បានក្លាយមកជាមនុស្សលោក។ ព្រះយេស៊ូវបានប្រសូតមកជាមនុស្សលោកបន្ទាប់ពីសាច់ឈាមនៃមនុស្សបានចុះខ្សោយអស់រយៈកាល ៤០០០ឆ្នាំក្នុងអំពើបាប។ ប៉ុន្តែ ព្រះយេស៊ូវមិនបានប្រព្រឹត្តអំពើបាបនោះទេ។ ព្រះគម្ពីរត្រូវបានសរសេរជាភាសានៃមនុស្សតាមរបៀបដូចគ្នាដែលព្រះយេស៊ូវបានប្រសូតនៅក្នុងសាច់ឈាមជាមនុស្សដែរ។ ព្រះគម្ពីរពុំបានជាភាសានៃទេវតាដែលគ្មានអ្នកណាអាចយល់បានទេ។ មែនហើយ ភាសាពិតជាមានកម្រិតរបស់វា។ វាមិនអាចនិយាយអ្វីបានគ្រប់យ៉ាងតាមដែលយើងចង់បាននោះទេ។ ប៉ុន្តែ ព្រះបានបង្កើតយើងមកទ្រង់ក៏បានបង្កើតភាសានៃមនុស្សផងដែរ។ ព្រះអាចសន្ទនាសេចក្តីពិតរបស់ទ្រង់ទៅកាន់មនុស្សតាមវិធីមួយដែលយើងអាចយល់ហើយទុកចិត្តបាន។

ពិតប្រាកដណាស់ ព្រះយេស៊ូវ និងព្រះគម្ពីរពុំដូចគ្នាបេះបិទនោះទេ។ ក៏ប៉ុន្តែ ក៏មានចំណុចដែលដូចគ្នាច្រើនផងដែរ។ ព្រះគម្ពីរមិនមែនជាព្រះទេ ហើយព្រះក៏មិនមែនជាសៀវភៅមួយក្បាលនោះដែរ។ ព្រះដែលនៅក្នុងព្រះយេស៊ូវបានក្លាយមកជាមនុស្ស។ យើងស្រឡាញ់ព្រះគម្ពីរ ដោយសារតែយើងថ្វាយបង្គំព្រះអង្គសង្គ្រោះដែលព្រះគម្ពីរបានចែងអំពីទ្រង់។

ព្រះគម្ពីរគឺជាសៀវភៅដ៏ពិសេសដែលបង្ហាញពីរបៀបដែលព្រះរួមគ្នាជាមួយមនុស្សសរសេរព្រះគម្ពីរឡើង។ អ្នកស្រីអែល្លិន ជីវ៉ៃត៍បានយល់ពីគំនិតនេះ។​ អ្នកស្រីបានសរសេរថា៖ «ព្រះគម្ពីរគឺជា សេចក្តីពិតដែលព្រះបានប្រទានដល់យើង។ មនុស្សបានសរសេរសេចក្តីពិតរបស់ព្រះជាភាសានៃមនុស្ស។ ព្រះគម្ពីរបង្ហាញយើងពីរបៀបដែលព្រះបានរួមជាមួយមនុស្ស។ យើងឃើញពីអ្វីដូចគ្នាទាំងនេះនៅក្នុងជីវិតនៃព្រះយេស៊ូវ។ ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ និងជាកូននៃមនុស្ស។ ដូច្នេះ យើងអាចនិយាយបានដូចគ្នាអំពីព្រះគម្ពីរដែលលោកយ៉ូហានបានមានប្រសាសន៍អំពីព្រះយេស៊ូវថា៖ ‘ព្រះបន្ទូល​ក៏​ត្រឡប់​ជា​សាច់​ឈាម ហើយបាន​ស្នាក់​នៅជា​មួយ​នឹង​យើង​រាល់​គ្នា’ (យ៉ូហាន ១៖១៤)»។ ដកស្រង់ពីសៀវភៅ របស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ The Great Controversy, page 8, adapted។

ថ្ងៃព្រហស្បតិ៍ ទី០៩ មេសា ឆ្នាំ២០២០

យើងត្រូវការជំនឿដើម្បីស្វែងយល់ពីព្រះគម្ពីរ

សូមអានខព្រះគម្ពីរហេព្រើរ ១១៖៣, ៦។ តើហេតុអ្វីបានជាយើងត្រូវមានជំនឿដើម្បីស្វែងយល់អំពីព្រះ ហើយនិងព្រះគម្ពីរ? តើយើងអាចផ្គាប់ព្រះហឫទ័យព្រះដោយគ្មានជំនឿបានទេ? ប្រសិនបើមិនអាចទេ តើហេតុអ្វីបានជាយើងត្រូវការជំនឿដើម្បីផ្គាប់ព្រះហឫទ័យព្រះ?

យើងត្រូវការសេចក្តីជំនឿ។ បើមិនដូច្នេះទេ យើងមិនអាចរៀនអ្វីមួយអំពីព្រះ ឬព្រះគម្ពីរបានទេ។ យើងត្រូវតែមានជំនឿដូចដែលក្មេងមានទៅលើឪពុកម្តាយរបស់វាផងដែរ។ ជំនឿនេះនឹងជួយយើងអោយរៀនពីអ្វីៗដែលថ្មី។ ជំនឿគឺជាការទុកចិត្តលើព្រះដើម្បីអោយទ្រង់ដឹកនាំយើង។ ជំនឿគឺជាការជឿថាព្រះនឹងជួយយើងអោយរៀនអំពីសេចក្តីស្រឡាញ់ និងផែនការរបស់ទ្រង់សម្រាប់ជីវិតរបស់យើង។ ដូច្នេះ ចំណេះដឹងរបស់យើង និងការស្វែងយល់ពីព្រះគម្ពីរនឹងរីកចំរើនឡើងនៅពេលដែលយើងកាន់តែខិតជិត នឹងព្រះ។

ទន្ទឹមនឹងនេះ យើងនឹងមិនយល់ពីព្រះគម្ពីរត្រឹមត្រូវបានទេ ប្រសិនបើសិក្សាដោយមានចិត្តសង្ស័យ។ យើងត្រូវការសិក្សាព្រះគម្ពីរជាមួយនឹងវិញ្ញាណនៃសេចក្តីស្រឡាញ់ និងជំនឿ។ លោកប៉ុល សរសេរថា «បើ​ឥត​មាន​សេចក្តី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះហឫទ័យ​ព្រះ​បាន​ឡើយ» (ហេព្រើរ ១១៖៦)។ ដូច្នេះ យើងត្រូវមានជំនឿ នៅពេលដែលយើងសិក្សាព្រះគម្ពីរ។ យើងក៏ត្រូវតែជឿថា ព្រះគម្ពីរមានប្រភពមកពីព្រះផងដែរ។ ព្រះគម្ពីរមិនមែនជាសៀវភៅរបស់មនុស្សនោះទេ។ ព្រះវិញ្ញាណបរិសុទ្ធបានជួយមនុស្សអោយសរសេរព្រះគម្ពីរឡើងមក។

ពួកជំនុំព្រះវិហារសេវេនដេយអាត់វេនទីស្ទបានលើកយកគោលគំនិតនេះដាក់ក្នុងគោលជំនឿដំបូងទី១នៃព្រះវិហាររបស់ខ្លួន។ យើងអានថា៖ «ទាំងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មីគឺជាព្រះបន្ទូលជាលាយលក្ខណ៍អក្សររបស់ព្រះ។ អ្នកសរសេរព្រះគម្ពីរបានមានប្រសាសន៍​ និងសរសេរនៅពេលដែលពួកគេត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ។ ព្រះគម្ពីរបង្ហាញមនុស្សជាតិពីចំណេះដឹងដែលពួកគេត្រូវការដើម្បីអោយបានសង្គ្រោះ។ ព្រះគម្ពីរមានអំណាចអោយនិយាយជំនួសព្រះ និងបង្ហាញយើងពីអ្វីដែលព្រះអង្គចង់បានពីយើង។ ព្រះគម្ពីរបង្ហាញយើងពីផែនការដ៏ឥតខ្ចោះសម្រាប់ជីវិតរបស់យើង។ ព្រះគម្ពីរបង្ហាញយើងពីរបៀបដែលយើងគួរតែគិត និងមានអារម្មណ៍ដែរ។ ព្រះគម្ពីរជួយយើងអោយវិនិច្ឆ័យលើបទពិសោធន៍ទាំងឡាយ ហើយយល់ពីបទពិសោធន៍ទាំងនោះ។ ព្រះគម្ពីរបង្រៀនយើងពីសេចក្តីពិតនៃព្រះ។ យើងអាចទុកចិត្តលើព្រះគម្ពីរ។ ព្រះគម្ពីរមានភាពច្បាស់លាស់ និងបានកត់ត្រាយ៉ាងត្រឹមត្រូវ។ ព្រះគម្ពីរបង្ហាញយើងពីសកម្មភាពរបស់ព្រះនៅក្នុងប្រវត្តិសាស្ត្រ។ (ទំនុកដំកើង ១១៩៖១០៥; សុភាសិត ៣០៖៥; អេសាយ ៨៖២០; យ៉ូហាន ១៧៖១៧; ថែស្សាឡូនីចទី១ ២៖ ១៣; ធីម៉ូថេទី២ ៣៖១៦, ១៧; ហេព្រើរ ៤៖១២ និងពេត្រុសទី២ ១៖២០, ២១)។» ដកស្រង់ពី Fundamental Beliefs of Seventh-day Adventists,” in The Seventh-day Adventist Church Manual, page 162, adapted។

តើហេតុអ្វីបានជាមនុស្សត្រូវតែសិក្សា និងមានសេចក្តីជំនឿលើព្រះគម្ពីរ? តើមានរឿងអ្វីកើតឡើង ប្រសិនបើពួកគេពុំមានសេចក្តីជំនឿ? តើមានហេតុផលល្អអ្វីខ្លះដែលយើងមានសម្រាប់ជំនឿរបស់យើងលើព្រះគម្ពីរ?

ថ្ងៃសុក្រ ទី១០ មេសា ឆ្នាំ២០២០

សិក្សាបន្ថែម

សូមអាន “2. Presuppositions Arising From the Claims of Scripture,” part a) Origin and part b) Authority in “Methods of Bible Study” (www.adventistbiblical research.org/materials/bible-interpretation-hermeneutics/methods-bible-study)។

ព្រះគម្ពីរសំខាន់ណាស់សម្រាប់សេចក្តីជំនឿរបស់យើង។ ប៉ុន្តែ ព្រះគម្ពីរតែមួយមុខមិនមានតម្លៃពិតប្រាកដសម្រាប់យើងទេ ប្រសិនបើយើងមិនមានជំនួយនៃព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ យើងត្រូវមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្ត និងគំនិតរបស់យើង។ បន្ទាប់មក យើងនឹងអាចយល់ពីអ្វីដែលយើងអាន និងរៀននៅក្នុងព្រះគម្ពីរ។

«ក្នុងព្រះគម្ពីរ ព្រះប្រទានចំណេះដឹងដល់មនុស្សដែលពួកគេត្រូវការដើម្បីបានសង្គ្រោះ។ យើងត្រូវតែទទួលស្គាល់ព្រះគម្ពីរថា ជាផែនការរបស់ព្រះសម្រាប់ជីវិតរបស់យើង។ ព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះ។ ព្រះគម្ពីរគឺជាសេចក្តីពិត។ ព្រះគម្ពីរមិនចេះកុហក ឬដឹកនាំយើងនៅក្នុងផ្លូវខុសឆ្គងនោះទេ។ ព្រះគម្ពីរបង្ហាញយើងយ៉ាងពិតប្រាកដពីអ្វីដែលព្រះរំពឹងទុកពីយើង។ ព្រះគម្ពីរគឺជាការសាកល្បងរបស់ព្រះសម្រាប់ជីវិតរបស់យើង។ ព្រះគម្ពីរបង្ហាញយើងពីរបៀបដែលយើងគួរតែគិត​ និងមានអារម្មណ៍។ ព្រះគម្ពីរបង្រៀនយើងពីសេចក្តីពិត។ ព្រះគម្ពីរគឺជាការសាកល្បងសម្រាប់បទពិសោធន៍ទាំងអស់របស់យើង. . . .មែនហើយ ព្រះបង្ហាញយើងពីផែនការរបស់ទ្រង់សម្រាប់ជីវិតរបស់យើងនៅក្នុងព្រះគម្ពីរ។ ប៉ុន្តែ ព្រះគម្ពីរពុំមានន័យថា យើងមិនត្រូវការជំនួយពីព្រះវិញ្ញាណបរិសុទ្ធនោះទេ។ យើងត្រូវការព្រះវិញ្ញាណដើម្បីដឹកនាំ និងជួយយើងអោយយល់ពីព្រះគម្ពីរ។ ព្រះយេស៊ូវបានសន្យាប្រទានព្រះវិញ្ញាណបរិសុទ្ធដល់យើង។ ព្រះយេស៊ូវក៏បានសន្យាថា ព្រះវិញ្ញាណបរិសុទ្ធនឹងជួយអ្នកបម្រើរបស់ព្រះអង្គអោយយល់ពីសេចក្តីពិតនៃព្រះគម្ពីរ។ ព្រះវិញ្ញាណនឹងធ្វើអោយការបង្រៀនក្នុងព្រះគម្ពីរបានយល់ច្បាស់នៅក្នុងគំនិតរបស់យើង។ ព្រះវិញ្ញាណនឹងជួយយើងអោយរស់នៅតាមសេចក្តីពិតនៃព្រះគម្ពីរផងដែរ។ សូមចងចាំថា ព្រះវិញ្ញាណនៃព្រះបានដឹកនាំមនុស្សអោយសរសេរព្រះគម្ពីរ។ ដូច្នេះ ព្រះវិញ្ញាណពុំដែលបង្រៀនយើងនូវអ្វីផ្សេងដែលមិនស្របជាមួយព្រះគម្ពីរនោះទេ។» ដកស្រង់ពីសៀវភៅ របស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ The Great Controversy, page 9, adapted។

សំនួរពិភាក្សា៖
  1. តើហេតុអ្វីបានជាព្រះបង្ហាញអង្គទ្រង់ និងផែនការរបស់ទ្រង់មកកាន់យើងនៅក្នុងព្រះគម្ពីរ? តើហេតុអ្វីបានជាយើងត្រូវការព្រះ ដើម្បីបង្ហាញយើងពីសេចក្តីពិតរបស់ទ្រង់តាមរបៀបដ៏ពិសេស?

  2. ព្រះក៏បង្ហាញអង្គទ្រង់មកកាន់យើងតាមរយៈធម្មជាតិផងដែរ។ ព្រះបង្ហាញអង្គទ្រង់នៅក្នុងសុបិនទៅកាន់អ្នកបម្រើជ្រើសតាំងរបស់ទ្រង់ផងដែរ (ដានីយ៉ែល ៧៖១; លោកុប្បត្តិ ១៥៖១); ទីសំគាល់ទាំងឡាយ (ពង្សាវតាក្សត្រទី១ ១៨៖២៤, ៣៨)។ ព្រះយេស៊ូវក៏បង្ហាញយើងផងដែរថា តើព្រះជាអ្នកណា (ហេព្រើរ ១៖១, ២)។ តើព្រះបានបង្ហាញអង្គទ្រង់ដល់យើងដោយរបៀបណាដែរ? សូមចែករំលែកពីបទពិសោធន៍របស់លោកអ្នក? ​

  3. មនុស្សខ្លះបង្រៀនថា រឿងនៅក្នុងព្រះគម្ពីរគឺជារឿងប្រឌិតដែលបង្រៀនពីសេចក្តីពិតខាងឯព្រលឹងវិញ្ញាណ។ តើហេតុអ្វីបានជាវិធីនៃការគិតបែបនេះមានគ្រោះថ្នាក់ដល់យើង? ​

  4. តើអាកប្បកិរិយារបស់លោកអ្នកបង្រៀនអ្នកដទៃយ៉ាងដូចម្តេចអំពីព្រះ? តើលោកអ្នកបង្ហាញទៅកាន់មនុស្សលោកថា ព្រះជាអ្នកណា?

រឿងខ្លី

ពិធីបុណ្យជ្រមុជទឹកហ្វីលីពីន ៣នាក់នៅទីក្រុងស៊ីប

Jeans

យូឡាដា ម៉លឡា ដែលជាអ្នកជំនួយការហ្វីលីពីនម្នាក់នៅក្នុងទីក្រុងស៊ីប បានឃើញថាមិត្តរបស់នាងឈ្មោះ បៀទ្រីស្ទ (Beatrise) បានភ្ជាប់ឈ្មោះរបស់នាងនៅក្នុងសេចក្តីអធិប្បាយរបស់សេវេនដេយអាត់វេនទីស្ទលើគេហទំព័រហ្វេសប៊ុក។ ម៉លឡាបានជួបជាមួយបៀទ្រីស្ទដែលជាជំនួយការនៅក្នុងស្រុកនៃប្រទេសអ៊ីស្រាអែល ទើបតែពីរបីឆ្នាំកន្លងមកនៅពេលដែលពួកគេទាំងពីរបានបម្រើការជាអ្នកជំនួយការនៅក្នុងស្រុកនៃប្រទេសតៃវ៉ាន់។ ម៉លឡាចាំថា បៀទ្រីស្ទបានធ្វើបុណ្យជ្រមុជទឹកថ្មីៗនៅក្នុងប្រទេសអ៊ីស្រាអែល។ នាងបានសរសេរនៅក្នុងហ្វេកប៊ុកថា «តើហេតុអ្វីបានជាអ្នកក្លាយមកជាសេវេនដេយអាត់វេនទីស្ទ?» បៀទ្រីស្ទបានសរសេរតបទៅវិញថា «សូមអ្នកមើលវីដេអូដែលខ្ញុំបានផ្ញើទៅកាន់អ្នកនោះអ្នក នឹងបានយល់»។

ម៉លឡាបានចុចលើវីដេអូ ហើយឮពីការអធិប្បាយអំពីព្រះបានញែកសេវេនដេយអាត់វេនទីស្ទចេញដោយឡែកនៅពេលដែលទ្រង់បង្កើតផែនដី ដើម្បីរំលឹករាស្ត្ររបស់ព្រះអង្គអោយនឹកចាំពីថ្ងៃសប្បាតហ៍ ព្រមទាំងក្រឹត្យវិន័យដប់ប្រការ និងការត្រាស់ហៅអោយគោរពថ្ងៃសប្បាតហ៍នៅទូទាំងកណ្ឌគម្ពីរសញ្ញាថ្មី។ ម៉លឡាមានការភ្ញាក់ផ្អើលជាខ្លាំង រួចនាងបានពិនិត្យមើលអត្ថបទនៃការអធិប្បាយនៅក្នុងព្រះគម្ពីរ។ នាងបានរកឃើញថា ថ្ងៃសប្បាតហ៍គឺជាថ្ងៃសៅរ៍។

នាងឆ្ងល់ថា «តើហេតុអ្វីបានជាខ្ញុំទៅព្រះវិហារជាច្រើន តែមិនដែលធ្លាប់ឮការអធិប្បាយមួយណាពីគ្រូគង្វាលអំពីថ្ងៃសប្បាតហ៍? តើហេតុអ្វីបានជាគ្មានអ្នកណាម្នាក់និយាយអំពីថ្ងៃសប្បាតហ៍?» នាងបានទូរស័ព្ទទៅបៀទ្រីស្ទ។ នាងនិយាយថា «វីឌីអូនេះបានបើកគំនិតរបស់ខ្ញុំ។ ខ្ញុំចង់ស្វែងរកព្រះវិហារដែលរក្សាថ្ងៃបរិសុទ្ធនេះណាស់ ប៉ុន្តែ តើខ្ញុំអាចរកវាឃើញនៅឯណាក្នុងទីក្រុងស៊ីប?» បៀទ្រីស្ទបានធ្វើការស្រាវជ្រាវមួយចំនួន រួចផ្ញើលេខទូរស័ព្ទរបស់ប្រេនីស្លាវ មីរីឡូវ (Branislav Mirilov) ដែលជាអគ្គនាយកមិស្សិននៃព្រះវិហារអាត់វេនទីស្ទនៅក្នុងទីក្រុងស៊ីប។ ម៉លឡាបានតេតាមលេខទូរស័ព្ទនោះ ហើយក៏ស្គាល់ផ្លូវទៅកាន់ព្រះវិហារនៅក្នុងទីក្រុងរបស់នាងលីម៉ាសូល (Limassol)។

ម៉លឡាបានចាប់ផ្តើមចូលរួមក្នុងក្រុមសិក្សាព្រះគម្ពីររបស់ព្រះវិហារជារៀងរាល់ថ្ងៃអាទិត្យ។ មិនយូរប៉ុន្មាន នាងបាននាំបងប្អូនរបស់នាងម្នាក់ គឺលោកមីកែលីន (Michelin)​ ដែលធ្វើការជាអ្នកជំនួយនៅក្នុងទីក្រុងស៊ីបអោយមកចូលរួមសិក្សាជាមួយនាងផងដែរ។ បន្ទាប់មក នាងបាននាំមិត្តរួមការងារហ្វីលីពីនម្នាក់ទៀតឈ្មោះ ម៉ារាអោយមកចូលរួមផងដែរ។ ប៉ុន្តែ ម៉ារាមើលថែស្ត្រីចំណាស់ម្នាក់ដែលត្រូវការការថែរក្សាសឹងតែគ្រប់ម៉ោង ដូច្នេះនាងពុំអាចចាកចេញពីផ្ទះបានឡើយ។

«គ្មានបញ្ហាអ្វីឡើយ យើងអាចសិក្សាព្រះគម្ពីរនៅក្នុងកម្មវិធីផ្ញើសារនៃហ្វេសប៊ុកវិញក៏បាន» ម៉ារីកា មីរីឡូវ ដែលជាភរិយារបស់អគ្គនាយកនៃមិស្សិន និងជាអ្នកបម្រើការផ្នែកព្រះគម្ពីរបានមានប្រសាសន៍។ ត្រឹមតែរយៈពេលខ្លីមួយប៉ុណ្ណោះ ម៉លឡា មីកែលីន និងម៉ារាបានទទួលបុណ្យជ្រមុជទឹក។

Powered by CAM