មេរៀនទី២​៖ ៣-៩ តុលា ២០២០

គ្រួសារ

Jeans
ថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២០
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ កូរិនថូសទី២ ៤៖៦, លូកា ១៖២៦-៣៨, ទំនុកដំកើង ៣៧៖៧-៩, អេភេសូរ ៦៖៤, ចោទិយកថា ៦។

ខចងចាំ៖ «នែ កូន​អើយ ចូរ​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ឪពុក​ចុះ កុំ​ឲ្យ​កូន​បោះបង់​ចោល​សេចក្តី​ដំបូន្មាន​ របស់​ម្តាយ​ឯង​ឡើយ» (សុភាសិត ១៖៨)។

ក្នុងនាមជាមនុស្សជាតិយើងត្រូវតែរៀនជានិច្ច។ ជីវិតគឺជាការរៀនសូត្រ។ «ការអប់រំមានសារៈសំខាន់ជានិច្ចសម្រាប់សាសន៍យូដា។ ព្រះអម្ចាស់បានបង្គាប់អោយឪពុកម្តាយចាប់ផ្តើមការបង្រៀនដល់កូនៗរបស់ពួកគេអំពីព្រះចាប់តាំងពីពួកគេនៅជាទារកមកម៉្លេះ។ ឪពុកម្តាយសាសន៍យូដាបានបង្រៀនកូនៗរបស់ ពួកគេថា ព្រះទ្រង់ល្អ និងពេញដោយអំណាច។ ច្បាប់ និងប្រវត្តិសាស្ត្ររបស់ពួកគេក៏បានបង្ហាញថា ព្រះទ្រង់ ល្អ និងពេញដោយអំណាចផងដែរ។ ព្រះបានមានបន្ទូលប្រាប់ឪពុកម្តាយអោយបង្រៀនចម្រៀង សេចក្តី អធិស្ឋាន និងមេរៀនចេញពីព្រះគម្ពីរដល់កូនៗរបស់ពួកគេ។ ឪពុកម្តាយបានធ្វើអោយសេចក្តីបង្រៀនទាំង នេះស្រួលយល់ដល់កូនៗរបស់ពួកគេ។ ឪពុក និងម្តាយក៏បានបង្រៀនកូនៗរបស់ពួកគេថា ច្បាប់របស់ព្រះ បង្ហាញអំពីសេចក្តីស្រឡាញ់នៅក្នុងព្រះទ័យរបស់ទ្រង់។ ចិត្ត និងគំនិតរបស់ពួកគេបានផ្លាស់ប្តូរ ខណៈពេល ដែលកូនៗធ្វើតាមច្បាប់។ ច្បាប់បានជួយអោយពួកគេមានសេចក្តីស្រឡាញ់ និងសេចក្តីល្អដូចជាព្រះយេស៊ូវ។ ជាញឹកញាប់ ឪពុកម្តាយបានបង្រៀនកូនៗរបស់ពួកគេដោយពុំបានប្រើសៀវភៅណាមួយនោះទេ។ ទោះជា ដូច្នោះក្តី កូនៗក៏បានអានសំណេរជាភាសាហេព្រើរ និងសិក្សាព្រះគម្ពីរសញ្ញាចាស់ផងដែរ»។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 69, adapted។

យោងតាមប្រវត្តិសាស្ត្រ ឪពុកម្តាយភាគច្រើនបានអប់រំកូនៗរបស់ពួកគេនៅឯផ្ទះ។ តើព្រះគម្ពីរបានចែងយ៉ាងដូចម្តេចខ្លះអំពីការអប់រំនៅក្នុងគ្រួសារ? តើយើងអាចរៀនក្បួនច្បាប់សំខាន់ៗអ្វីខ្លះអំពីការអប់រំចេញមកពីព្រះគម្ពីរ?

ថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២០

គ្រួសារដំបូង

យើងពុំបានទទួលព័ត៌មានណាមួយនៅក្នុងបទគម្ពីរលោកុប្បត្តិពីរបីខដំបូងអំពីការអប់រំផ្នែកគ្រួសារនៅក្នុងសម័យដើមនៃប្រវត្តិសាស្ត្រមនុស្សជាតិនោះទេ។ ប៉ុន្តែយើងបានដឹងថា កូនៗបានរៀនអំពីអ្វីដែលពួកគេត្រូវដឹងចេញពីគ្រួសាររបស់ពួកគេ។

«គ្រួសារគឺជាចំណុចកណ្តាលសម្រាប់ការអប់រំនៅឯសួនអេដែន។ លោកអ័ដាមគឺ «ជាកូនព្រះ» (លូកា ៣៖៣៨)។ លោកអ័ដាម និងនាងអេវ៉ាគឺជាកូនរបស់ព្រះ។ ពួកគេបានរៀនពីព្រះវរបិតារបស់ពួកគេ។ សាលារៀនរបស់ពួកគេគឺជាសាលារៀនបែបគ្រួសារ»។ ដកស្រង់ពី Ellen G. White, Education, page 33, adapted។

សូមអានបទគម្ពីរលោកុប្បត្តិ ១-២, ខគម្ពីរលោកុប្បត្តិ ៣៖១-១៥, កូរិនថូសទី២ ៤៖៦, លូកា ១០៖២៧, កាឡាទី ៣៖១១ និងវិវរណៈ ២២៖១២។ ប្រាកដណាស់ លោកអ័ដាម និងនាងអេវ៉ាបានបង្កើតក្បួនច្បាប់សំខាន់ៗទាំងនេះទៅក្នុងផ្នែកនៃការអប់រំកូនៗរបស់ពួកគេ។ តើខទាំងនេះបង្ហាញយើងអ្វីខ្លះ?

«ព្រះបានបង្កើតផែនដី។ ទន្ទឹមនឹងនេះ ព្រះបានប្រទានផែនការសម្រាប់ការអប់រំដល់មនុស្សលោក។ ព្រះចង់អោយផែនការនេះក្លាយទៅជាគំរូសម្រាប់មនុស្សលោកនាពេលអនាគតផងដែរ។ ដូច្នេះ ព្រះបានបង្កើតសាលារៀននៅក្នុងសួនអេដែន។​សួនអេដែនគឺជាលំនៅនៃឪពុកម្តាយដើមរបស់យើង។ សាលារៀននៅក្នុងសួនអេដែនបានបង្ហាញក្បួនច្បាប់សំខាន់ៗរបស់ព្រះអំពីការអប់រំ។ សួនអេដែនផ្ទាល់ គឺជាថ្នាក់រៀន»។ ដកស្រង់ពី Ellen G. White, Education, page 20, adapted។

ការអប់រំរបស់គ្រីស្ទានរួមមានទាំងការបង្រៀនផ្នែកគ្រួសារ និងសមាជិកនៅក្នុងគ្រួសារអំពីការបង្រៀននៃព្រះគម្ពីរ ការថ្វាយបង្គំ ទេពកោសល្យ មិត្តភាព ការចែកចាយដំណឹងល្អអំពីព្រះយេស៊ូវ និងការបម្រើព្រះ។ គេហដ្ឋានគឺជាកន្លែងដែលលោកអ្នកត្រូវបង្ហាញសមាជិកគ្រួសារអំពីសេចក្តីស្រឡាញ់របស់ព្រះ និងបង្រៀនពួកគេអំពីសេចក្តីសន្យារបស់ព្រះយេស៊ូវ។ ឪពុកម្តាយត្រូវបង្ហាញកូនៗរបស់ពួកគេថា ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះ និងជាមិត្តរបស់ពួកគេ។ ឪពុកម្តាយក៏ត្រូវបង្រៀនកូនៗរបស់ពួកគេថា ព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះផងដែរ។ គ្រួសារគឺជាកន្លែងដែលឪពុកម្តាយត្រូវបង្ហាញកូនៗរបស់ពួកគេអោយនៅជាប់ជាមួយនឹងព្រះវរបិតារបស់ពួកគេដែលគង់នៅឯស្ថានសួគ៌។

ក្នុងខគម្ពីរលោកុប្បត្តិ ៤៖១-៤ យើងឃើញថា កាអ៊ីន និងអេបិលនាំយកដង្វាយរបស់ពួកគេថ្វាយដល់ព្រះ។ យើងអាចប្រាកដបានថា កាអ៊ីន និងអេបិលបានរៀនអំពីសារៈសំខាន់នៃដង្វាយទាំងនេះចំពោះផែនការសង្គ្រោះរបស់ព្រះ។ ជាការពិតណាស់ ដូចដែលរឿងនេះបានបង្ហាញមក ការអប់រំដ៏ល្អជានិច្ចកាលពុំអាចឃាត់សេចក្តីអាក្រក់មិនអោយកើតឡើងបាននោះទេ។

តើលោកអ្នកអាចជ្រើសរើសជម្រើសអ្វីខ្លះនៅក្នុងផ្ទះរបស់លោកអ្នកដើម្បីអោយប្រាកដថា សេចក្តីពិតត្រូវបានបង្រៀន និងមាននៅទីនោះ?

ថ្ងៃច័ន្ទ ទី៥ ខែតុលា ឆ្នាំ២០២០

ជីវិតរបស់ព្រះកាលនៅជាកុមារ

ព្រះគម្ពីរពុំបានផ្តល់អោយយើងនូវព័ត៌មានយ៉ាងច្រើនអំពីជីវិតរបស់ព្រះយេស៊ូកាលនៅជាកុមារនោះទេ។ ភាគច្រើនអំពីឆ្នាំនៃកុមារភាពរបស់ទ្រង់គឺជាអាថ៌កំបាំង។ ប៉ុន្តែ យើងបានដឹងរឿងខ្លះអំពីលោក យ៉ូសែប និងនាងម៉ារាដែលជាមាតាបិតាខាងឯសាច់ឈាមរបស់ទ្រង់។ អ្វីដែលយើងបានរៀនពីពួកគេអាច ជួយពន្យល់ដល់យើងអំពីកុមារភាពរបស់ព្រះយេស៊ូវ និងការអប់រំដំបូងរបស់ទ្រង់។

តើខគម្ពីរខាងក្រោមទាំងនេះបានបង្ហាញយើងអ្វីខ្លះ អំពីលោកយ៉ូសែប និងនាងម៉ារា? តើខទាំងនេះជួយយើងអោយយល់អំពីអ្វីដែលលោកយ៉ូសែប និងនាងមា៉រាបានធ្វើក្នុងការអប់រំដល់ព្រះយេស៊ូវយ៉ាងដូចម្តេច?

លូកា ១៖២៦-៣៨ ___________________________

លូកា ១៖៤៦-៥៥____________________________

ម៉ាថាយ ១៖១៨-២៤ _________________________

យោងតាមខទាំងនេះយើងមើលឃើញថា ទាំងលោកយ៉ូសែប និងនាងម៉ារាគឺជាសាសន៍យូដាដ៏ស្មោះត្រង់។ ពួកគេព្យាយាមធ្វើតាមច្បាប់របស់ព្រះ។ លោកយ៉ូសែប និងនាងម៉ារាបានធ្វើគ្រប់យ៉ាងតាមសេចក្តីបង្គាប់របស់ទេវតា​នៅពេលដែលទេវតាបានមកជួបពួកគេ និងប្រាប់ពួកគេអំពីអ្វីដែលនឹងត្រូវកើតឡើងចំពោះពួកគេ។

«ព្រះយេស៊ូវពុំបានទទួលការអប់រំនៅឯសាលារៀននៃសាសន៍យូដានោះទេ។ មាតារបស់ព្រះយេស៊ូវគឺជាគ្រូខាងឯសាច់ឈាមទីមួយរបស់ទ្រង់។ ព្រះយេស៊ូវបានរៀនពីព្រះមកពីពាក្យសម្តីរបស់នាង និងសំណេរនៃព្រះគម្ពីរសញ្ញាចាស់។ រាប់ពាន់ឆ្នាំមុន ព្រះយេស៊ូវបានមានបន្ទូលនូវពាក្យពេចន៍ដូចជាមាតារបស់ទ្រង់ទៅកាន់លោកម៉ូសេផងដែរ។ ឥឡូវនេះ ព្រះយេស៊ូវបានផ្អែកទៅលើពួកគេខណៈដែលទ្រង់គង់នៅលើភ្លៅរបស់មាតាទ្រង់។ ខណៈពេលដែលព្រះយេស៊ូវបានចម្រើនព្រះជន្មឡើង ទ្រង់ពុំបានចូលទៅឯសាលារៀនរបស់គ្រូសាសន៍យូដានោះឡើយ។ ទ្រង់ក៏ពុំត្រូវការការអប់រំមកពីពួកគេនោះដែរ។ ព្រះវរបិតាផ្ទាល់គឺជាបរមគ្រូរបស់ព្រះយេស៊ូវ»។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 70, adapted។

ជាការពិតណាស់លោកយ៉ូសែប និងនាងម៉ារាគឺជាគ្រូដ៏ល្អ។ ប៉ុន្តែ ខគម្ពីរលូកា ២៖៤១-៥០ បង្ហាញថា លោកយ៉ូសែប និងនាងម៉ារាពុំបានយល់រឿងគ្រប់យ៉ាងអំពីកូនរបស់ពួកគេនោះទេ។ ព្រះយេស៊ូវមានចំណេះដឹង និងប្រាជ្ញាដែលមានប្រភពចេញមកពីព្រះតែមួយគត់។

សូមអានសម្រង់មតិរបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ខាងលើម្តងទៀត។ កាលនៅជាកុមារភាព ព្រះយេស៊ូវបានរៀនពីមាតារបស់ទ្រង់នូវពាក្យពេចន៍ដែលព្រះអង្គទ្រង់ផ្ទាល់បានមានបន្ទូលទៅកាន់លោកម៉ូសេ។ វាពិបាកសម្រាប់យើងក្នុងការបង្កើតទិដ្ឋភាពមួយនេះនៅក្នុងគំនិតរបស់យើងមែនទេ? តើព្រះយេស៊ូវបង្រៀនអ្វីខ្លះអំពីសេចក្ដីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះ?

ថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២០

ការប្រាស្រ័យទាក់ទង

ការអប់រំគឺជាការប្រាស្រ័យទាក់ទង។ គ្រូគឺជាបុគ្គលម្នាក់ដែលមានចំណេះដឹង ប្រាជ្ញា ព៌ត័មាននិង សេចក្តីពិតទាំងឡាយដើម្បីផ្តល់អោយសិស្ស។ បុគ្គលម្នាក់ដែលមានចំណេះដឹងជាច្រើនត្រូវតែមានជំនាញក្នុងការបង្ហាញចំណេះដឹងទាំងនោះនៅកាន់មនុស្សដទៃ។ ប្រសិនបើគ្រូពុំអាចធ្វើដូច្នេះបាននោះទេ អ្វីៗគ្រប់យ៉ាងដែលគាត់បានដឹងមានប្រយោជន៍អ្វីទៅសម្រាប់គាត់?

ជំនាញនៃការបង្រៀនល្អៗទាមទារច្រើនជាងការប្រាស្រ័យទាក់ទងទៅទៀត។ លោកគ្រូអ្នកគ្រូត្រូវតែបង្កើតទំនាក់ទំនងមិត្តភាពជាមួយសិស្សរបស់ពួកគេ។ «អំណោយដ៏ល្អបំផុតដែលគ្រូអាចផ្តល់អោយសិស្សរបស់គាត់បាននោះគឺជាអំណោយនៃមិត្តភាពរបស់គាត់។ យើងអាចយល់អំពីអ្នកដទៃបានតាមរយៈការចែករំលែកសេចក្តីអំណរ និងសេចក្តីឈឺចាប់របស់ពួកគេតែប៉ុណ្ណោះ។ នេះគឺជាសេចក្តីពិតសម្រាប់បុរស និងស្ត្រីគ្រប់គ្នា។ តើសេចក្តីពិតនេះសំខាន់យ៉ាងណាទៅសម្រាប់យុវជន និងកុមារ? ដូច្នេះ យើងត្រូវយល់ពីអ្នកដទៃ។ ពេលនោះយើងនឹងអាចជួយពួកគេបន្ថែមទៀត»។ ដកស្រង់ពី Ellen G. White, Education, page 212, adapted។

តើសម្រង់មតិនេះកំពុងតែនិយាយអំពីអ្វីទៅ? សម្រង់មតិនេះបង្ហាញប្រាប់យើងថា ការបង្រៀនល្អពុំមែនត្រឹមតែជាការចែកចាយព៌ត័មាននោះទេ។ ការបង្រៀនល្អក៏ត្រូវមានទាំងការកែលម្អខាងឯចិត្ត និងគំនិតរបស់សិស្សផងដែរ។ នេះគឺជាចំណុចដ៏សំខាន់បំផុតនៅក្នុងគ្រួសារដែលជាសាលាដំបូងរបស់កុមារ។ ទំនាក់ទំនងជិតស្និទ្ធត្រូវតែបង្កើតឡើងរវាងសិស្ស និងគ្រូ។

ការប្រាស្រ័យទាក់ទងជួយបង្កើត និងបង្កើនទំនាក់ទំនងរបស់យើងជាមួយនឹងអ្នកដទៃ។ តើ នឹងមានអ្វីកើតឡើងនៅពេលដែលគ្រីស្ទានពុំបានសន្ទនាជាមួយនឹងព្រះ? ឬនៅពេលដែលពួកគេពុំបានអធិស្ឋាន ឬអានព្រះគម្ពីរនោះ? ពេលនោះទំនាក់ទំនងរបស់ពួកគេចំពោះព្រះនឹងចុះខ្សោយទៅ។ ក្រុមគ្រួសារត្រូវការជំនួយរបស់ព្រះដើម្បីអោយបានរឹងមាំនៅក្នុងព្រះ។

សូមអានខទាំងនេះ៖ ទំនុកដំកើង ៣៧៖៧-៩; សុភាសិត ១០៖៣១, ៣២; សុភាសិត ២៧៖ ១៧; អេភេសូរ ៤៖១៥; យ៉ូហានទី១ ៣៖១៨; ទីតុស ៣៖១, ២ និងយ៉ាកុប ៤៖១១។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីរបៀបធ្វើអោយក្រុមគ្រួសារបានរឹងមាំឡើង?

សូមចំណាយពេលសន្ទនាជាមួយសមាជិកគ្រួសារ។ ការប្រាស្រ័យទាក់ទងល្អនឹងជួយអោយសមាជិកគ្រួសារកាន់តែជិតស្និទ្ធជាមួយព្រះ និងជាមួយអ្នកដទៃ។ ការប្រាស្រ័យទាក់ទងនឹងជួយអោយកូនៗរបស់លោកអ្នកទទួលបានជោគជ័យនៅក្នុងជីវិតនៅពេលដែលពួកគេធំពេញវ័យ។ ក្បួនច្បាប់ដ៏សំខាន់បំផុតនៅក្នុងខទាំងនេះពុំមែនសម្រាប់តែឪពុកម្តាយប៉ុណ្ណោះទេ។ ក្បួនច្បាប់ទាំងនេះអាចជួយយើងអោយក្លាយទៅជាមិត្ត បុគ្គលិកការងារនិងសមាជិកគ្រួសារបានកាន់តែល្អប្រសើរ។

សូមគិតផងដែរថា ការដែលយើងនិយាយមិនសំខាន់ដូចជារបៀបដែលយើងនិយាយនោះទេ។ តើហេតុអ្វី? ប្រហែលជាលោកអ្នកនិយាយអ្វីមួយដែលត្រឹមត្រូវនៅក្នុងអតីតកាលទៅកាន់អ្នកណាម្នាក់។ ប៉ុន្តែ លោកអ្នកបាននិយាយសេចក្តីនោះតាមរបៀបដ៏ត្រឹមត្រូវនោះទេ ហើយធ្វើអោយបុគ្គលម្នាក់នោះទទួលឈឺចាប់។ តើលោកអ្នកបានរៀនអ្វីខ្លះនៅត្រង់នេះ?

ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០

ផែនការរបស់ព្រះសម្រាប់ឪពុកម្តាយ

«ឪពុក​រាល់​គ្នា​អើយ កុំ​ឲ្យ​ចាក់រុក​កូន​របស់​ខ្លួន​ឡើយ ចូរ​បង្រៀន​វា​ទៅ​តាម​ដំបូន្មាន និង​សេចក្តី​ដាស់តឿន​របស់​ព្រះអម្ចាស់​វិញ» (អេភេសូរ ៦៖៤)។

«ឯ​ស្ត្រី​គ្រប់​លក្ខណ៍ តើ​អ្នក​ណា​នឹង​រក​បាន ដ្បិត​ស្ត្រី​យ៉ាង​នោះ​មាន​តម្លៃជា​ជាង​ពួក​ត្បូង​ទទឹម​ទៅ​ទៀត» (សុភាសិត ៣១៖១០)។

ឪពុកម្តាយមានតួនាទីដ៏សំខាន់មួយ។ ឪពុកគឺជាមេគ្រួសារ។ គ្រួសារគឺជាកន្លែងបង្ហាត់បង្រៀន ក្មេងៗមុនគេបង្អស់ គឺមុនសាលារៀន ព្រះវិហារ និងសហគមន៍ទៅទៀត។ តើយ៉ាងទៅណាវិញ ប្រសិនបើឪពុកគ្មានទំនួលខុសត្រូវនោះ? ពេលនោះគ្រួសារ ព្រះវិហារ សាលារៀន និងសហគមន៍នឹងទទួលការឈឺចាប់ព្រមទាំងអន់ថយផងដែរ។ ឪពុករាល់គ្នាគួរតែបង្ហាញផលផ្លែខាងឯព្រះវិញ្ញាណទៅកាន់សមាជិកគ្រួសារ។ «តែ​ឯ​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ​វិញ នោះ​គឺ​សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត គ្មាន​ក្រឹត្យវិន័យ​ណា​ទាស់​នឹង​សេចក្តី​យ៉ាង​នោះ ​ទេ» (កាឡាទី ៥៖២២, ២៣)។ ជាការពិតណាស់ម្តាយរាល់គ្នាមានឥទ្ធិពលខ្លាំងនៅក្នុងផ្ទះ និងនៅលើជីវិតកូនៗរបស់ពួកគេ។ ម្តាយរាល់គ្នាអាចសម្រេចចិត្តបានថា កូនៗរបស់ពួកគេនឹងក្លាយទៅជាយ៉ាងណានាពេលខាងមុខ។ ម្តាយរាល់គ្នាក៏អាចធ្វើអោយផ្ទះក្លាយទៅជាកន្លែងដ៏សប្បាយរីករាយផងដែរ។ ឪពុករាល់គ្នាគួរតែធ្វើគ្រប់យ៉ាងដែលពួកគេអាចធ្វើទៅបានដើម្បីជួយអោយម្តាយបង្រៀនកូនៗរបស់ពួកគេ។

សូមអានខគម្ពីរកាឡាទី ៥៖២២, ២៣, ២៥, ២៦; កូរិនថូសទី១ ១១៖៣; កូរិនថូសទី២ ៦៖១៤; រ៉ូម ១៣៖១៣, ១៤; ពេត្រុសទី២ ១៖៥-៧; ភីលីព ៤៖៨។

គ្រួសារគ្រីស្ទានត្រូវតែធ្វើជាគំរូតំណាងអោយព្រះយេស៊ូវ និងពួកជំនុំរបស់ទ្រង់។ អាពាហ៍ពិពាហ៍ គឺជារូបស័ព្ទនៃព្រះគម្ពីរដែលបង្ហាញអំពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវចំពោះពួកជំនុំរបស់ទ្រង់។ តើមានអ្វីកើតឡើងនៅពេលដែលឪពុកម្តាយពុំបានបង្ហាញសេចក្តីស្រឡាញ់នេះដល់កូនៗរបស់ពួកគេនោះ? ព្រះបានបង្គាប់អោយឪពុកម្តាយគ្រីស្ទានទាំងអស់បង្រៀនកូនៗរបស់ពួកគេយ៉ាងប្រុងប្រយ័ត្ន (សូមអាន ខគម្ពីរចោទិយកថា ៦៖៧)។ ឪពុកម្តាយត្រូវតែបង្រៀនកូនៗអោយស្រឡាញ់ព្រះអោយអស់ពីចិត្តរបស់ពួកគេ។ ឪពុកម្តាយក៏ត្រូវតែបង្រៀនកូនៗរបស់ពួកគេអោយស្តាប់បង្គាប់ព្រះ ព្រមទាំងថ្វាយជីវិតរបស់ពួកគេទាំងស្រុងទៅឯទ្រង់ផងដែរ។

ព្រះបានមានបន្ទូលប្រាប់រាស្ត្ររបស់ទ្រង់អោយអប​់រំកូនៗរបស់ពួកគេអំពីរឿងដ៏អស្ចារ្យទាំងអម្បាលមានដែលព្រះអង្គបានធ្វើសម្រាប់ពួកគេ។ ដូច្នេះ ការបង្រៀនដែលយើងបានផ្តល់អោយកូនៗរបស់ យើងនឹងជួយពួកគេអោយជ្រើសរើសបម្រើព្រះ។ បន្ទាប់មក ពួកគេនឹងឆ្លើយតបទៅឯព្រះនូវរាល់ការសម្រេចចិត្តរបស់ពួកគេ។

ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០

សូមកុំអោយភ្លេច

លោកម៉ូសេបានប្រាប់កូនចៅអ៊ីស្រាអែលជាថ្មីម្តងទៀត មុនពេលដែលកូនចៅអ៊ីស្រាអែលចូលទៅក្នុងទឹកដីសន្យា។ លោកម៉ូសេបានប្រាប់សាសន៍អ៊ីស្រាអែលអំពីរបៀបដ៏អស្ចារ្យដែលព្រះបានដឹកនាំពួកគេកាលគ្រាកន្លងមក។ លោកម៉ូសេក៏បានព្រមានរាស្ត្ររបស់ព្រះម្តងហើយម្តងទៀត។ គាត់បានព្រមានពួកគេកុំអោយភ្លេចរឿងទាំងឡាយដែលព្រះបានធ្វើសម្រាប់ពួកគេ។ ក្បួនច្បាប់ដែលលោកម៉ូសេបានសរសេរនៅក្នុងកណ្ឌគម្ពីរចោទិយកថាបានបន្តក្លាយជាផ្នែកដ៏សំខាន់មួយសម្រាប់ជីវិតរបស់យើងសព្វថ្ងៃនេះ។

សូមអានបទគម្ពីរចោទិយកថា៦។ តើក្បួនច្បាប់សំខាន់អ្វីខ្លះដែលយើងបានរៀនអំពីការអប់រំនៅក្នុងជំពូកនេះ? តើយើងគួរតែបង្រៀនផ្នែកអ្វីខ្លះទៅកាន់កូនៗរបស់យើង និងទៅកាន់អ្នកដទៃដែលពុំទាន់ដឹងអំពីព្រះ? តើយើងបានឃើញការប្រមានអ្វីខ្លះនៅក្នុងខទាំងនេះ?

រាស្ត្ររបស់ព្រះបានបង្រៀនកូនចៅរបស់ពួកគេអំពីរឿងដ៏អស្ចារ្យដែលព្រះបានធ្វើសម្រាប់ពួកគេ។ ព័ត៌មាននេះគឺជាផ្នែកដ៏សំខាន់មួយដែលសាសន៍អ៊ីស្រាអែលបានបង្រៀនដល់កូនចៅរបស់ពួកគេ។ តើលោកអ្នកឃើញការព្រមានដ៏មុឺងម៉ាត់របស់លោកម៉ូសេដែរឬទេ? គាត់បានប្រាប់សាសន៍អ៊ីស្រាអែលកុំអោយភ្លេចអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះ។

ឪពុកម្តាយមានតួនាទីដ៏សំខាន់មួយ។ ពួកគេគឺជាមនុស្សដំបូងដែលត្រូវបង្រៀនកូនៗរបស់ពួកគេអំពីសេចក្តីពិតនៃព្រះគម្ពីរ។ ដើម្បីអោយជីវិតរបស់ពួកគេត្រូវតែបង្ហាញថា ពួកគេដឹងអំពីសេចក្តីពិតនៃព្រះគម្ពីរ។ ឪពុកម្តាយក៏ត្រូវតែចំណាយពេលវេលាគ្រប់គ្រាន់ជាមួយនឹងកូនៗរបស់ពួកគេដើម្បីជួយពួកគេអោយរៀនអំពីសេចក្តីពិតនៃព្រះគម្ពីរផងដែរ។

«ម្តាយគឺជាគ្រូទីមួយរបស់កូន។ មានគ្រាមួយនៅក្នុងជីវិតរបស់កូននៅពេលដែលចិត្តគំនិត របស់គាត់កើនឡើងយ៉ាងឆាប់រហ័ស និងបើកទទួលយកគោលគំនិតថ្មីៗ។ ក្នុងអំឡុងពេលនេះការអប់រំ របស់គាត់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម្តាយរបស់គាត់សឹងតែគ្រប់ផ្នែក»។ ដកស្រង់ពី Ellen G. White, Education, page 275, adapted។​

ឪពុកម្តាយរាល់គ្នាត្រូវតែបង្រៀនកូនអំពីសេចក្តីស្រឡាញ់ និងសេចក្តីសន្យារបស់ព្រះនៅក្នុងឆ្នាំដំបូងនៃជីវិតរបស់កុមារ។ ដូច្នេះ ចូរជ្រើសរើសពេលវេលាមួយនៅពេលដែលលោកអ្នកអាចជួបជាមួយ កូនរបស់លោកអ្នកជារៀងរាល់ថ្ងៃ។ ចូរចំណាយពេលបង្រៀនកូនអំពីប្រាជ្ញា និងសេចក្តីសន្យារបស់ព្រះ។ ចូរផ្តល់អំណោយជាពេលវេលា និងប្រាជ្ញាដល់កូនៗរបស់លោកអ្នក។ ពេលនោះ លោកអ្នកនឹងផ្តល់ព្រះពរដល់គ្រួសាររបស់លោកអ្នកជាច្រើនឆ្នាំទៅទៀតនាពេលអនាគត។

សូមអានខគម្ពីរនេះដែលចែងថា៖ «ត្រូវ​ឲ្យ​ប្រិតប្រៀន​សេចក្តី​ទាំង​នេះ​ដល់​កូន​ចៅ​ឯង ព្រម​ទាំង​និយាយ​ដំណាលក្នុង​កាល​ដែល​អង្គុយ​នៅ​ក្នុង​ផ្ទះ​ហើយ​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេកហើយ​ក្រោក​ឡើងផង» (ចោទិយកថា ៦៖៧)។ សូមបកស្រាយថា ខនេះមានន័យយ៉ាងណា។ តើខនេះជួយអោយយើងយល់អំពីសារៈសំខាន់ក្នុងការបង្រៀនខ្លួនយើងផ្ទាល់ និងកូនៗរបស់យើងអោយទុកព្រះជាទីមួយជានិច្ចដោយរបៀបណា?

ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០

សិក្សាបន្ថែម

សូមអាន Ellen G. White, “Prepareation,” pages 275-282 in Education; «Cooperation,» pages 283-286 in Education; “Discipline,” pages 287-297 in Education។

«ឪពុក និងម្តាយរាល់គ្នា ឪពុកនិងម្តាយត្រូវទទួលខុសត្រូវចំពោះការបណ្តុះបណ្តាលដំបូង និងក្រោយរបស់កុមារ។ ឪពុកម្តាយទាំងពីរត្រូវធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានជាមុនដើម្បីត្រៀមខ្លួនបង្រៀនកូនៗ។ ឪពុកម្តាយទាំងពីរត្រូវធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើទៅបានជាមុនដើម្បីត្រៀមខ្លួនជាស្រេចក្នុងការបង្ហាត់បង្រៀនកូនៗ។ ឪពុកម្តាយត្រូវធ្វើកិច្ចការនេះអោយបានឆាប់កាន់តែល្អ។ មុនពេលដែលបុរស និងស្ត្រីក្លាយទៅជាឪពុកម្តាយពួកគេគួរតែរៀនអំពីរបៀបនៃការលូតលាស់ផ្នែករាងកាយ . . . . ពួកគេគួរតែយល់អំពីរបៀបនៃការលូតលាស់ផ្នែកចិត្តគំនិតផងដែរ។ ពួកគេក៏ត្រូវការរៀនអំពីរបៀបបង្ហាត់ បង្រៀនកូនៗរបស់ពួកគេក្នុងការជ្រើសរើសរវាងអ្វីដែលត្រូវ និងខុស»។ ដកស្រង់ពី Ellen G. White, Education, page 276, adapted។

«ឪពុក និងម្តាយរាល់គ្នាគួរតែរៀនអំពីរបៀបធ្វើកិច្ចការរួមគ្នា។ កិច្ចការនេះត្រូវតែចាប់ផ្តើមឡើងនៅក្នុងផ្ទះ។ ពួកគេត្រូវតែធ្វើកិច្ចការរួមគ្នា ដើម្បីបង្ហាត់បង្រៀនកូនៗរបស់ពួកគេ។ ដូច្នេះ ពួកគេគួរតែព្យាយាមធ្វើកិច្ចការរួមគ្នាជានិច្ច។ ពួកគេគួរតែថ្វាយចិត្តរបស់ពួកគេទាំងស្រុងទៅឯព្រះ។ បន្ទាប់មក ពួកគេនឹងអាចទូលសូមដល់ទ្រង់អោយជួយ . . . . ឪពុកម្តាយដែលបង្ហាត់បង្រៀនកូនៗរបស់ពួកគេតាមផ្លូវដ៏ត្រឹមត្រូវនឹងមិនបន្ទោសគ្នាទៅវិញទៅមកនោះទេ។ ពួកគេយល់ឃើញថា ពួកគេទាំងពីរមានទំនួលខុសត្រូវសម្រាប់ការបង្ហាត់បង្រៀនដល់កូនៗរបស់ពួកគេ។ ​ដូច្នេះ ឪពុកម្តាយមានអារម្មណ៍ថា ពួកគេជាម្ចាស់ កម្មសិទ្ធិដល់កូនៗរបស់ពួកគេ និងសាលារៀន ដើម្បីគោរពគ្នាទៅវិញទៅមក និងធ្វើកិច្ចការរួមគ្នា»។ ដក ស្រង់ពី Education, page 283, adapted។​

សំនួរពិភាក្សា៖
  1. លោកអ្នកខ្លះប្រហែលជាពុំទាន់មានកូននៅឡើយ។ ប៉ុន្តែ យើងទាំងអស់គ្នាសុទ្ធតែមានគ្រួសាររៀងៗខ្លួន។ យើងទាំងអស់គ្នាបានចែករំលែក និងនិយាយជាមួយនឹងមនុស្សដទៃ។ តើលោកអ្នកបានរៀនអ្វីខ្លះពីមេរៀននៅក្នុងសប្តាហ៍នេះដែលអាចជួយលោកអ្នកអោយមានទំនាក់ទំនងល្អជាមួយនឹងមនុស្សនៅឯកន្លែងដែលលោកអ្នករស់នៅ? តើលោកអ្នកអាចចែកចាយអំពីព្រះយេស៊ូវជាមួយនឹងពួកគេដោយរបៀបណា?

  2. យើងចាត់ទុកការអប់រំជារឿងល្អ។ ប៉ុន្តែ តើកាលៈទេសៈបែបណាដែលការអប់រំពុំមែនរឿងល្អនោះ? តើអ្នកអាចគិតពីឧទាហរណ៍ណាមួយបានដែរឬទេ? តើយើងអាចរៀនអ្វីខ្លះពីគំរូអាក្រក់ទាំងនេះដែលអាចជួយយើងអោយបង្កើតការអប់រំជារឿងល្អទៅបាន? ​

  3. ព្រះបានប្រទានដល់មនុស្សគ្រប់គ្នានូវសេរីភាពក្នុងការជ្រើសរើសរវាងអ្វីដែលត្រូវនិងខុស។ មិនយូរមិនឆាប់ ក្មេងៗនឹងត្រូវធ្វើការសម្រេចចិត្តដោយខ្លួនឯងអំពីព្រះដែលគេបានរៀននៅក្នុងជីវិតជាកុមារភាពរបស់ពួកគេ។ តើហេតុអ្វីបានជាឪពុកម្តាយត្រូវចងចាំអំពីសេរីភាពក្នុងការជ្រើសរើសដែលជាសេចក្តីពិតដ៏សំខាន់នេះ? ​

រឿងខ្លី

ជនជាតិអូស្ត្រាលីជួបការសាកល្បងខាងសេចក្តីអធិស្ឋាននៅទ្វីបអាហ្វ្រិក

Jeans

អិតធៀន មេខឃ្លីនថក់ (Ettienne McClintock) ដែលមានអាយុ៥១ឆ្នាំមើលទៅទំនងជាមិនបានទទួលការឆ្លើយតបនៅឯប្រទេសអេត្យូពីនោះទេ។ អ្នកផ្សាយបុ៉ស្តិ៍វិទ្យុ ស្រ៊ីអេប៊ីអេនអូស្ត្រាលី (3ABN Australia) ម្នាក់កំពុងតែផ្សព្វផ្សាយសេចក្តីអធិប្បាយនៅឯស៊ីសូ (Shisho) ដែលជាទីក្រុងជនបទមួយដែលមានចម្ងាយ៣៥ គីឡូម៉ែតពីទីក្រុងអាវ៉ាស្សា (Awassa) ជាទីក្រុងធំជាងគេលំដាប់ទី២នៅក្នុងប្រទេសអេត្យូពី ដែលជាផ្នែកមួយនៃការចូលរួមពីសមាជិកគ្រប់គ្នានាឆ្នាំ២០១៩ដែលបានរៀបចំឡើងដោយឌីវីសិន អាហ្វ្រិក មជ្ឈិមបូព៌ា។ ដោយចរន្តអគ្គិសនីមានភាពរអាក់រអួល លោកអិតធៀនបានចំណាយពេលពីរយប់ដំបូងអធិប្បាយនៅក្នុងទីងងឹត។

មនុស្សជាង៤០០នាក់បានចូលរួមការប្រជុំនៅទីសាធារណៈ ទោះបីជាមានបញ្ហាផ្នែកបច្ចេកទេសយ៉ាងណាក៏ដោយ។ ហ្វូងមនុស្សមានចំនួនច្រើនដែលអគារព្រះវិហារពុំអាចដាក់អស់ ហើយអិតធៀន កំពុងតែអធិប្បាយចេញពីរោងបណ្តោះអាសន្នដែលមានដំបូលធ្វើពីតង់កៅស៊ូ។

លោកអិតធៀនមានការព្រួយបារម្ភជាខ្លាំង ខណៈពេលដែលគាត់រៀបចំសេចក្តីអធិប្បាយសម្រាប់ ការប្រជុំជាលើកទី៣។ ពេលដែលជួលបានម៉ាស៊ីនភ្លើងមកហើយ ភ្លៀងចាប់ផ្តើមធ្លាក់អស់រយៈពេល៣០នាទីមុនវេលាបើកការប្រជុំ។ គាត់សង្ឃឹមថា ហ្វូងមនុស្សនឹងអាចចូលរួមនៅក្នុងការប្រជុំដោយគ្មានឧបសគ្គអ្វីមករារាំងនោះឡើយ។

ភ្លៀងបានឈប់ចំពេលនៃការចាប់ផ្តើមការប្រជុំ ប៉ុន្តែ ពពកខ្មៅមានពេញនៅលើមេឃ។ លោក អិតធៀនបានចំណាយពេល១៥នាទីនៅក្នុងសេចក្ដីអធិប្បាយរបស់គាត់ ខណៈពេលដែលភ្លៀងចាប់ផ្ដើមធ្លាក់ម្តងទៀត។ នៅពេលទឹកភ្លៀងកាន់តែខ្លាំងឡើង ហ្វូងមនុស្សបានចាកចេញពីការប្រជុំនោះ។ ទោះបីជាលោកអិតធៀនមានទីជ្រកខ្លះនៅក្នុងរោងបណ្តោះអាសន្នយ៉ាងណាក្តី ទស្សនិកជនរបស់គាត់កំពុងតែអង្គុយនៅកណ្តាលវាល។ លោកអិតធៀនបាននិយាយថា «ចាស់ទុំព្រះវិហារ និងខ្ញុំបានអធិស្ឋានសូមអោយភ្លៀងទៅអោយឆ្ងាយ ស្រាប់តែភ្លៀងនោះត្រឡប់មកកន្លែងដើមវិញ​ យើងគួរតែធ្វើអ្វីម៉្យាងហើយមើលទៅ​ ប៉ុន្តែគួរតែធ្វើអ្វីទៅហ្ន៎?»។

រំពេចនោះ ភ្លៀងបានសាចមកដល់គាត់។ ជារៀងរាល់យប់ គាត់បានចែកចាយអំពីអំណាចរបស់ព្រះលើជំងឺ អំពើបាប និងសេចក្តីស្លាប់។ ប៉ុន្តែ ព្រះក៏មានអំណាចលើអាកាសធាតុផងដែរ។ គាត់គួរតែអធិស្ឋានសូមអោយភ្លៀងរាំង។ ប៉ុន្តែ ប្រសិនបើព្រះសម្រេចថានឹងមិនបពា្ឈប់ភ្លៀងនោះ តើយ៉ាងណា ទៅវិញ? សាររបស់ទ្រង់នឹងបាត់បង់ការជឿជាក់ ហើយហ្វូងមនុស្សអាចនឹងលែងចូលរួមនៅក្នុងការប្រជុំនោះទៀត។

នៅពេលនោះ ខគម្ពីរយ៉ូហានទី១ ៥:១៤ បានលេចឃើញក្នុងចិត្តរបស់លោកអិតធៀនដែលបានចែងថា៖ «យើង​ក៏​មាន​សេចក្តី​ក្លាហាន ដល់​ទ្រង់​យ៉ាង​ដូច្នេះ​ដែរ គឺ​ថា បើ​យើង​នឹង​សូម​អ្វី ដែល​ត្រូវ​តាម​ព្រះហឫទ័យ​ទ្រង់ នោះ​ទ្រង់​នឹង​ទទួល​ព្រម»។ លោកអិតធៀនបានអធិស្ឋានដោយស្ងៀមស្ងាត់ថា «ឱព្រះអម្ចាស់អើយ ទូលបង្គំជឿលើទ្រង់ ប៉ុន្តែសូមទ្រង់ជួយដល់ការមិនជឿរបស់ទូលបង្គំ»។ គាត់បានអញ្ជើញទស្សនិកជនអោយអធិស្ឋានជាមួយនឹងគាត់សូមអោយភ្លៀងរាំងតាមរយៈអ្នកបកប្រែរបស់គាត់។ ពេលដែលគាត់និយាយថា «អាមែ៉ន» ភ្លៀងបានរាំង។ ពុំមានភ្លៀងទៀតឡើយសម្រាប់កម្មវិធីដែលនៅសល់។ បន្ទាប់ពីសេចក្តីអធិប្បាយ ហ្វូងមនុស្សប្រហែលជា២០០នាក់បានឡើងមកអធិស្ឋាន។ លោក អិតធៀនបាននិយាយថា «មានមនុស្សជាច្រើនលុតជង្គង់នៅគ្រប់ទីកន្លែងខណៈដែលយើងបានលុតជង្គង់ ចុះនៅលើដី យើងបានអធិស្ឋានអរព្រះគុណ និងឧទ្ទិសថ្វាយដល់ព្រះ»។

ដោយមើលឃើញពាក់កណ្តាលនៃទស្សនិកជនលុតជង្គង់នៅលើដី លោកអិតធៀនបាននឹកចាំពីក្រុមគ្រួសារ និងមិត្តភក្តិរបស់គាត់បានអធិស្ឋានសម្រាប់ការប្រជុំរបស់គាត់នៅឯប្រទេសអូស្ត្រាលី។ គាត់បានថ្លែងអំណរគុណដល់ព្រះចំពោះសេចក្តីអធិស្ឋានរបស់ពួកគេ។ គាត់បាននិយាយថា«ព្រះបានប្រទានបទពិសោធន៍ថ្មីមួយដល់ខ្ញុំ។ រហូតដល់ចំណុចនោះនៅក្នុងជីវិតខ្ញុំ ខ្ញុំបានសាកល្បងការជឿទុកចិត្តលើព្រះ»។ នេះគឺជាប្រថុយដ៏ធំដែលធ្វើអោយខ្ញុំមិនស្រួលចិត្ត និងងាយរងគ្រោះ ប៉ុន្តែរង្វាន់ដែលខ្ញុំទទួលបានពិតជាអស្ចារ្យណាស់។


អំណានដង្វាយប្រចាំសប្តាហ៍

ឆ្កួតដើម្បីទ្រង់

លោកផាវេល ហ្គោយ៉ា (Pavel Goya) ដែលជាលោកឪពុកនិពន្ធនាយកនៃទស្សនាវដ្តី​ នៃកិច្ចការបម្រើព្រះ ហើយក៏ជាអ្នកម៉ៅការសំណង់ម្នាក់ដែលធ្វើការក្នុងវិស័យឯកជន នៅក្នុង​ប្រទេសរ៉ូមនាសម័យកុម្មុយនិស្តផងដែរ។ ក្នុងនាមជាអ្នកផ្សាយដំណឹងល្អដ៏សកម្មម្នាក់នៃគណៈនិកាយសេវេនដេយអាត់វេនទីស្ទមួយរូប គាត់បានអធិប្បាយ កសាងព្រះវិហារ និងចែកចាយ​ព្រះ​គម្ពីរ ដែលគាត់បានយកមកលាក់នៅក្នុងឡានរបស់គាត់ពីអតីតប្រទេសយូហ្គោស្លាវី។

នៅ​គ្រាមួយ បន្ទាប់ពីមានការចាប់ខ្លួនលោក មន្ត្រីម្នាក់បានយកកាំភ្លើងទៅភ្ជង់ទ្រូងរបស់លោកផាវ៉េល ហើយនិយាយថា «យើងបានប្រាប់ឯងរួចហើយថាកុំឲ្យយកព្រះគម្ពីរមកទៀត ឥឡូវនេះយើង​​នឹងសម្លាប់ឯងចោល»។ លោកផាវ៉េលបានលើកដៃរបស់គាត់ដោយអង្វរថា «សូម​លោករង់ចាំ​​មួយ​ភ្លែត!» ប៉ុន្តែប៉ូលីសបានបង្អាក់គាត់ដោយនិយាយថា «ឈប់អង្វរយើងទៀត​ទៅ យើង​នឹង​មិនឲ្យឯងរួចខ្លួននោះទេ»។

លោកផាវ៉េលបានប្រកែកថា «ទេ មិនមែនដូច្នេះទេ ខ្ញុំមិនបានសូមអង្វរឲ្យខ្ញុំរួចជីវិតនោះទេ សូមអស់លោករង់ចាំបន្តិច»។ ប៉ូលីសបាននិយាយថា «ហេតុអ្វីបានជាយើងត្រូវចាំ? តើឯងចង់អធិស្ឋានជាលើកចុងក្រោយឬ?»។ គាត់បាននិយាយ «ទេ ទេ ខ្ញុំមិនអធិស្ឋាននៅពេលដែលខ្ញុំជួបវិបត្តិនោះទេ។ ខ្ញុំអធិស្ឋានគ្រប់ពេលវេលា»។ មន្ត្រីស្នងការបានសួរទៅវិញថា «បើអ៊ីចឹង ហេតុអ្វីបានជាយើងត្រូវរង់ចាំ?»

លោកផេវ៉េលបានដោះអាវរបស់គាត់តាមសម្រួល ហើយលោកបានមានប្រសាសន៍​ថា «ឥឡូវនេះ លោកស្នងការអាចបាញ់ខ្ញុំបាន» ។ មន្ត្រីស្នងការបាននិយាយថា «គ្រាប់កាំភ្លើងអាចទំលុះចូលទៅក្នុងអាវដោយគ្មានបញ្ហាអ្វីនោះទេ»។ «បាទដឹងហើយបញ្ហានោះគឺថា មានមនុស្សជាច្រើនដែលពុំមានអាវពាក់ ដូច្នេះ សូមលោកកុំធ្វើឲ្យវាប្រឡាក់។ តែសូមលោកស្នងការយកអាវនេះទៅជូននរណាម្នាក់ក៏បាន» លោកបានឆ្លើយ។ មន្ត្រីស្នងការបានបញ្ជាប៉ូលីសដោះលែងគាត់ ហើយនិយាយថា «ឯងឆ្កួតហើយ!»។

គ្រីស្ទានពិតប្រាកដ តែងតែគិតពីតម្រូវការរបស់អ្នកដទៃមុនបង្អស់ ដោយយកតម្រាប់តាមគំរូរបស់ព្រះយេស៊ូវ ដែលព្រះអង្គបានលះបង់ជីវិតរបស់ទ្រង់ ជាប្រយោជន៍ដល់អ្នកឯទៀត។ បន្ថែមពីលើការថ្វាយបង្គំព្រះ មូលហេតុចម្បងនៃការថ្វាយដង្វាយមួយភាគក្នុងដប់ និងការថ្វាយ​ដង្វាយស្ម័គ្រចិត្ត គឺដើម្បីផ្តល់នូវការសង្គ្រោះដល់អ្នកដទៃទាំងនៅឆ្ងាយ និងនៅជិតយើង។

សេចក្តីអំពាវនាវ៖ ក្នុងគ្រាមានវិបត្តិ យើងប្រហែលជាមិនតម្រូវឲ្យដោះសម្លៀកបំពាក់ដែលយើងកំពុងពាក់ ដើម្បីជាប្រយោជន៍ដល់អ្នកដទៃនោះទេ។ ទោះជាយ៉ាងណាក៏ដោយ យើងអាចជួយពួកគេតាមបែបវិធីផ្សេងៗគ្នា ដោយថ្វាយដង្វាយមួយភាគដប់ និងភាគរយដែលកំណត់ដោយប្រាក់ចំណូលរបស់យើងទុកជាដង្វាយសទ្ធា។

សេចក្តីអធិស្ឋាន៖ ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌អើយ សូមទ្រង់ទទួលយកការថ្វាយបង្គំរបស់ទូលបង្គំនៅថ្ងៃនេះ ហើយសូមទ្រង់ប្រទានពរដល់ដង្វាយទាំងនោះ ដើម្បីឲ្យដង្វាយអាចទៅដល់មនុស្សនៅកន្លែងដែលពួកគេត្រូវការចាំបាច់បំផុត។ ទូលបង្គំសូមដាក់ថ្វាយនៅក្នុងព្រះនាមនៃព្រះអម្ចាស់ព្រះយេស៊ូវ។ អាម៉ែន។

Powered by CAM