មេរៀនទី៣​៖ ១១‑១៧ មករា ២០២០

ព្រះជាម្ចាស់បង្ហាញឲ្យឃើញអនាគត

Jeans
ថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ដានីយ៉ែល ២:១‑១៦, ដានីយ៉ែល ២:១៧‑២៣, ដានីយ៉ែល ២:២៤‑៣០, ដានីយ៉ែល ២:៣១‑៤៩។

ខចងចាំ៖ «ហើយ(ដានីយ៉ែល)​ទូល​ថា សូម​ឲ្យ​ព្រះ‌នាម​នៃ​ព្រះ​បាន​ប្រកប​ដោយ​ព្រះ‌ពរ នៅ​អស់‌កល្ប​ត​រៀង​ទៅ ដ្បិត​ប្រាជ្ញា និង​តេជា‌នុភាព​ជា​របស់​ផង​ទ្រង់» (ដានីយ៉ែល ២:២០)។

នៅក្នុងផ្ទៃទឹកជុំវិញកោះគ្រីនឡែនដ៍ មានភ្នំទឹកកកជាច្រើន។ ភ្នំទឹកកកគឺជាបណ្តុំផ្ទាំងទឹកកកធំៗជាច្រើនផ្ទាំង។ ពួកវាអណ្តែតនៅក្នុងសមុទ្រ។ ភ្នំទឹកកកមានទំហំខុសពីគ្នា។ ជួនកាលភ្នំទឹកកកអណ្តែតខុសទិសគ្នាក្នុងពេលដំណាលគ្នា។ ភ្នំទឹកកកតូចៗអណ្តែតទៅទិសមួយ រីឯភ្នំទឹកកកធំៗអណ្តែតទៅតាមទិសមួយផ្សេងទៀត។ តើរឿងនោះកើតឡើងយ៉ាងដូចម្តេចបាន? អ្វីដែលបានកើតឡើងនោះគឺចរន្តខ្យល់ជាអ្នកបក់ច្រានចំផ្ទាំងទឹកកកមួយដុំតូចណាមួយឲ្យអណ្តែតទៅតាមទិសដៅណាមួយ។ រីឯចរន្តទឹកវិញជាអ្នកធ្វើឲ្យផ្ទាំងទឹកកកធំៗក្រឡាប់ទៅម្ខាងទៀត។ របៀបដែលភ្នំទឹកកកក្រឡាប់គឺជារូបស័ព្ទមួយ។ វាបង្ហាញប្រាប់យើងអំពីរបៀបដែលនគរទាំងឡាយលេចឡើង ហើយក៏ដួលរលំទៅវិញក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ខ្យល់ដែលបក់ច្រានភ្នំទឹកកកនោះក៏ជារូបស័ព្ទដែរ។ ខ្យល់តំណាងឲ្យអំណាច និងអ្វីៗទាំងអស់ដែលមនុស្សអាចផ្លាស់ប្តូរបាន។ ចរន្តទឹកក៏ជារូបស័ព្ទមួយដែរ។ វាតំណាងឲ្យព្រះចេស្តារបស់ព្រះ។ វាបង្ហាញប្រាប់យើងអំពីរបៀបដែលព្រះជាម្ចាស់ធ្វើឲ្យមានការផ្លាស់ប្តូរក្នុងប្រវត្តិសាស្ត្រ។ អ្នកស្រីអែល្លិន ជី វ៉ៃត៍មានប្រសាសន៍ថា «ផ្កាយទាំងឡាយបានធ្វើដំណើរតាមគន្លងពិសេសរបស់វានៅក្នុងលំហអាកាស។ ផែនការរបស់ព្រះក៏ដូចគ្នានឹងហ្វូងផ្កាយដែរ។ ព្រះជាម្ចាស់ទ្រង់មិនប្រញាប់ប្រញាល់ ឬក៏ពន្យារពេលទៅលើអ្វីដែលព្រះមានបន្ទូលថានឹងធ្វើឡើយ។ សេចក្តីសន្យារបស់ព្រះអង្គកើតឡើងចំពេលកំណត់តែម្តង»។ ដកស្រង់ពី The Desire of Ages, page 32, adapted។ អាណាចក្រទាំងឡាយកើតឡើងហើយ ក៏​ដួលរលំចុះ។ អ្វីៗទាំងអស់ក្នុងប្រវត្តិសាស្ត្រហាក់ដូចជាកើតឡើងដោយសារអំណាចរបស់មនុស្សលោក។ ប៉ុន្តែ បទគម្ពីរដានីយ៉ែលជំពូក២ បង្ហាញប្រាប់យើងថា ព្រះជាម្ចាស់ទ្រង់គ្រប់គ្រងលើប្រវត្តិសាស្ត្រមនុស្សជាតិ។ ព្រះអង្គជាអ្នកនាំមកនូវការផ្លាស់ប្តូរប្រវត្តិសាស្ត្រមនុស្សជាតិរហូតដល់ទីចុងបំផុត។

ថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០

ព្រះចេស្តា និងសិរីល្អរបស់ព្រះជាម្ចាស់

សូមអានអំពីសុបិនដែលព្រះអម្ចាស់បានប្រទានដល់ស្តេចនេប៊ូក្នេសាក្នុងខគម្ពីរដានីយ៉ែល ២:១‑១៦។ ដោយសារតែសុបិននេះ តើលោកដានីយ៉ែល និងមិត្តភក្តិត្រូវប្រឈមនឹងគ្រោះថ្នាក់អ្វីដែរ?

ក្នុងជំនាន់ព្រះគម្ពីរ មនុស្សទាំងឡាយជឿថាសុបិនសំខាន់ណាស់។ សុបិនខ្លះប្រាប់អំពីគ្រាអាក្រក់ៗដែលត្រូវមកដល់។ ហេតុនោះហើយបានជាយើងឃើញថា ស្តេចនេប៊ូក្នេសាមិនសប្បាយព្រះ‑ទ័យ។ កាន់តែអាក្រក់ថែមទៀតនោះ ទ្រង់មិនអាចចងចាំអំពីសុបិនរបស់ព្រះអង្គទាល់តែសោះ។ ពួក​អ្នកប្រាជ្ញបាប៊ីឡូនជឿថា ព្រះក្លែងក្លាយរបស់ពួកគេអាចបកស្រាយសុបិនដល់មនុស្សបាន។ ប៉ុន្តែ ពួកអ្នកប្រាជ្ញត្រូវការឲ្យស្តេចប្រាប់សុបិនរបស់ព្រះអង្គដល់ពួកគេជាមុនសិន។ បន្ទាប់មក ពួកគេនឹងបកស្រាយថ្វាយព្រះអង្គជ្រាប។ ប៉ុន្តែ ស្តេចបានសូមឲ្យពួកអ្នកប្រាជ្ញធ្វើកិច្ចការដែលពួកគេពិបាកនឹងធ្វើ។ ទ្រង់ចង់ឲ្យពួកគេបកស្រាយអំពីសុបិន ដែលទ្រង់មិនអាចចងចាំបាន! ពួកអ្នកប្រាជ្ញបានទូលឆ្លើយថា «ការ​ដែល​ព្រះ‌ករុណា​ទ្រង់​បង្គាប់​នេះ ជា​ការ​កម្រ​មាន​ណាស់ គ្មាន​អ្នក​ណា​អាច​នឹង​បង្ហាញ​ដំណើរ​នេះ​ដល់​ព្រះ‌ករុណា​បាន​ទេ មាន​តែ​ពួក​ព្រះ​ដែល​មិន​ស្ថិត​នៅ​ក្នុង​សាច់​ឈាម​វិញ​ប៉ុណ្ណោះ» (ដានីយ៉ែល ២:​១១)។

ស្តេចទ្រង់មានសេចក្តីក្រោធនឹងពួកអ្នកប្រាជ្ញ។ ទ្រង់បានបញ្ជាដល់មេទ័ពព្រះអង្គឈ្មោះអើយ៉ុកឲ្យសម្លាប់អ្នកប្រាជ្ញទាំងអស់ក្នុងនគរបាប៊ីឡូនចោល។ ជាការគួរឲ្យបារម្ភណាស់ ក្នុងជំនាន់ព្រះគម្ពីរកាលណាស្តេចទ្រង់ខ្ញាល់តែងតែមានប្រតិកម្មបែបនេះឯង។ ដារីយ៉ុសដែលជាស្តេចដំបូងបានសម្លាប់​អ្នកប្រាជ្ញទាំងអស់ក្នុងនគរពើស៊ីពេលដែលព្រះអង្គជ្រាបពីគម្រោងការក្បត់របស់ពួកគេ។ ស៊ើកសេស ដែលជាស្តេចពើស៊ីក៏បានសម្លាប់ពួកវិស្វករទាំងអស់របស់ព្រះអង្គចោលដែរ។ ហេតុអ្វី? ដោយសារតែពួកគេបានកសាងស្ពានដែលគ្មានគុណភាព។ ហេតុនោះ នេប៊ូក្នេសាបានចេញបញ្ជាឲ្យសម្លាប់ពួកអ្នកប្រាជ្ញទាំងអស់ក្នុងអំឡុងពេលដែលលោកដានីយ៉ែល និងមិត្តភក្តិរបស់លោករៀនចប់។ ស្តេចបានប្រទានការងារដល់លោកដានីយ៉ែល និងមិត្តភក្តិរបស់លោកនៅក្នុងរាជវាំងរបស់ព្រះអង្គនៅគ្រានោះ។ ហេតុ​នោះ លោកដានីយ៉ែល និងមិត្តភក្តិរបស់លោកក៏នឹងត្រូវសម្លាប់ដែរ។ ភាសាព្រះគម្ពីរបង្ហាញប្រាប់យើង​អំពី​រឿង​យ៉ាងគួរឲ្យចាប់អារម្មណ៍។ ការសម្លាប់បានចាប់ផ្តើមភ្លាមៗ។ លោកដានីយ៉ែល និងមិត្តភក្តិនឹងត្រូវសម្លាប់នាពេលបន្ទាប់។ ប៉ុន្តែលោកដានីយ៉ែលបាន «ឆ្លើយដោយវាង‌វៃ ហើយ​ឆ្លៀវ‌ឆ្លាត» ទៅកាន់​លោកអើយ៉ុក (ដានីយ៉ែល ២:១៤)។ លោកអើយ៉ុកបានជួយលោកដានីយ៉ែល។ បន្ទាប់មក លោកដា‑នីយ៉ែលបានទូលសូមឲ្យស្តេចទុកពេលឲ្យលោកបកស្រាយសុបិន។ ស្តេចក៏បានទុកពេលឲ្យលោក។ តើលោកអ្នកឃើញទេថា ស្តេចពុំបានប្រទានពេលច្រើនថែមទៀតដល់ពួកអ្នកប្រាជ្ញទេឬ? ដោយសារតែស្តេចពុំទុកចិត្តលើពួកគេ។ ប៉ុន្តែ ទ្រង់បានទុកចិត្តលើលោកដានីយ៉ែល។ លោកដានីយ៉ែលយល់ស្របនឹងគំនិតរបស់ពួកអ្នកប្រាជ្ញដែលថា គ្មានមនុស្សលោកណាអាចបកស្រាយការអាថ៌កំបាំងបានឡើយ។ ប៉ុន្តែ លោកដានីយ៉ែលដឹងថា ព្រះជាម្ចាស់ដែលគង់នៅនគរស្ថានសួគ៌អាចធ្វើបាន។

ថ្ងៃច័ន្ទ ទី១៣ ខែមករា ឆ្នាំ២០២០

សេចក្តីអធិដ្ឋានទាំងពីររបស់លោកដានីយ៉ែល

ស្តេចបានទុកពេលឲ្យលោកដានីយ៉ែលបកស្រាយសុបិន។ បន្ទាប់ពីបានទទួលរាជានុញ្ញាតពីស្តេចហើយ តើរឿងដំបូងអ្វីដែលលោកដានីយ៉ែលបានធ្វើ? លោកបានប្រាប់មិត្តភក្តិរបស់លោកអំពីអ្វីដែលនឹងកើតឡើងប្រសិនបើព្រះជាម្ចាស់ទ្រង់ពុំបានជួយពួកគេ។ ពួកគេនឹងត្រូវស្លាប់។ ហេតុនោះ លោក​ដានីយ៉ែល និងមិត្តភក្តិរបស់លោកក៏បានអធិដ្ឋាន។ ពួកគេបានទូលសូមព្រះជាម្ចាស់ឲ្យជួយ។ យើងគួរតែអធិដ្ឋានពេលណាដែលយើងមានបញ្ហាធំៗកើតឡើង។ ព្រះជាម្ចាស់ទ្រង់ពូកែណាស់។ ព្រះអង្គអាចដោះស្រាយបញ្ហាទាំងអស់របស់យើងបាន។

សូមអានអំពីសេចក្តីអធិដ្ឋានទាំងពីរនៅក្នុងខគម្ពីរដានីយ៉ែល ២:១៧‑២៣។ តើសេចក្តីអធិដ្ឋានទាំងពីរនេះលោកដានីយ៉ែល និងមិត្តភក្តិរបស់លោករៀបរាប់រឿងអ្វីខ្លះ?

ក្នុងសេចក្តីអធិដ្ឋានទីមួយ លោកដានីយ៉ែលបានទូលសូមឲ្យព្រះបង្ហាញសុបិន និងការបក​ស្រាយ​ដល់លោក (ដានីយ៉ែល ២:១៧‑១៩)។ លោកដានីយ៉ែលពុំកត់ត្រាអំពីសេចក្តីអធិដ្ឋាននេះទេ។ ប៉ុន្តែ​ព្រះគម្ពីរប្រាប់យើងអំពីអ្វីដែលលោកដានីយ៉ែលបានទូលសូមឲ្យមិត្តភក្តិរបស់លោកអធិដ្ឋាន។ «ដើម្បី​ឲ្យ​គេ​បាន​ទូល​សូម​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ឲ្យ​ទ្រង់​បាន​ប្រោស​មេត្តា​ដល់​គេ ពី​ដំណើរ​សេចក្ដី​អាថ៌‌កំបាំង នោះ​ប្រយោជន៍​ឲ្យ​ដានី‌យ៉ែល និង​គូ‌កន​លោក​មិន​ត្រូវ​វិនាស​ជា​មួយ​នឹង​ពួក​អ្នក​ប្រាជ្ញ​ឯ​ទៀត ដែល​នៅ​ក្រុង​បាប៊ី‌ឡូន​ឡើយ» (ដានីយ៉ែល ២:១៨)។ លោកដានីយ៉ែល និងមិត្តភក្តិរបស់លោកបានអធិដ្ឋាន។ ព្រះជាម្ចាស់ក៏បានឆ្លើយតបសេចក្តីអធិដ្ឋានរបស់ពួកលោក។ ព្រះជាម្ចាស់បានបង្ហាញសុបិន និងការ​បកស្រាយដល់លោក។ យើងអាចជឿទុកចិត្តថា ព្រះជាម្ចាស់ក៏នឹងឆ្លើយតបសេចក្តីអធិដ្ឋានរបស់យើងផងដែរ។ ទ្រង់នឹង «​ប្រោស​មេត្តា​ដល់» យើង ពេលដែលយើងសូមដល់ព្រះអង្គ (ដានីយ៉ែល ២:១៨)។ ព្រះរបស់លោកដានីយ៉ែលក៏ជាព្រះរបស់យើងផងដែរ។

លោកដានីយ៉ែល និងមិត្តភក្តិសប្បាយចិត្តខ្លាំងណាស់។ ពួកលោកក៏អធិដ្ឋានម្តងទៀត។ លើក​នេះ ពួកលោកបានអធិដ្ឋានអរព្រះគុណសម្រាប់ប្រាជ្ញារបស់ព្រះអង្គ។ ពួកលោកបានអរគុណដល់ព្រះដែលទ្រង់បានគ្រប់គ្រងលើប្រវត្តិសាស្ត្រ និងរដ្ឋាភិបាលទាំងឡាយ។ មានមេរៀនដ៏សំខាន់មួយសំរាប់​យើង​នៅត្រង់ចំណុចនេះ។ យើងបានទូលសូមអ្វីជាច្រើនពីព្រះ។ ប៉ុន្តែ តើយើងនឹកចាំថាត្រូវសរសើរ​តម្កើងព្រះអង្គដែលបានឆ្លើយតបសេចក្តីអធិដ្ឋានរបស់យើងដែរឬទេ? តើលោកអ្នកនៅនឹកចាំអំពីរឿង​ព្រះយេស៊ូវ និងមនុស្សឃ្លង់ទាំង១០នាក់ឬទេ? មនុស្សឃ្លង់គឺជាមនុស្សដែលមានជំងឺស្បែក។ ព្រះយេស៊ូវបានព្យាបាលមនុស្សឃ្លង់ទាំង១០នាក់។ ប៉ុន្តែ មានមនុស្សឃ្លង់តែម្នាក់ ដែលបានត្រឡប់មក «សរសើរ​ដល់ព្រះ» (លូកា ១៧:១៨)។ រឿងរបស់អ្នកទាំងនោះបង្ហាញប្រាប់យើងអំពីរឿងដ៏គួរឲ្យព្រួយបារម្ភរបស់មនុស្សលោក។ ជាញឹកញាប់ យើងមិនបានអរគុណដល់ព្រះសម្រាប់អំណោយទាន និងព្រះពរជាច្រើនដែលព្រះអង្គប្រទានដល់យើងឡើយ។ សេចក្តីអធិដ្ឋានរបស់លោកដានីយ៉ែលជួយយើងឲ្យចងចាំដើម្បីអរព្រះគុណ និងសរសើរដល់ព្រះអង្គសម្រាប់អំណោយទានទាំងឡាយរបស់ព្រះអង្គ។ លោកដានីយ៉ែល​ជឿថា ព្រះស្រឡាញ់ដល់លោក និងបានប្រទានរបស់ពិសេសបំផុតសម្រាប់លោក។ កាលណា​យើង​អធិដ្ឋាន យើងក៏អាចជឿទុកចិត្តថាទ្រង់នឹងប្រទានរបស់ពិសេសបំផុតសម្រាប់យើងដែរ។ ហេតុនោះ​បានជាយើងគួរតែសរសើរ និងអរព្រះគុណដល់ព្រះជានិច្ច។​

ថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០

រូបចម្លាក់៖ ភាគ១

តើលោកដានីយ៉ែលមានប្រសាសន៍អ្វីខ្លះនៅក្នុងខគម្ពីរដានីយ៉ែល ២:២៤‑៣០? ហេតុដូចម្តេចបានជាពាក្យពេចន៍របស់លោកសំខាន់ដល់ការចងចាំរបស់យើងម៉្លេះ? (សូមអានយ៉ូហាន ៥:១៥ ផងដែរ)

ព្រះជាម្ចាស់បានឆ្លើយតបសេចក្តីអធិដ្ឋានរបស់លោកដានីយ៉ែល និងមិត្តភក្តិរបស់លោក។ ព្រះ​ជាម្ចាស់បានប្រាប់សុបិន និងការបកស្រាយដល់ពួកលោក។ បន្ទាប់មកលោកដានីយ៉ែលបានទូលប្រាប់ដល់ស្តេច។ តើលោកអ្នកឃើញទេថា លោកដានីយ៉ែលបានសរសើរព្រះជាម្ចាស់នៅចំពោះមុខស្តេច? លោកដានីយ៉ែលមានប្រសាសន៍ថា ព្រះជាម្ចាស់បានប្រទានចម្លើយដល់រូបលោក។ លោកដានីយ៉ែលក៏ទូលប្រាប់រឿងផ្សេងទៀតផងដែរ។ លោកបានប្រាប់ស្តេចអំពីអ្វីដែលមាននៅក្នុងព្រះទ័យរបស់ស្តេចអំពីសុបិននោះផងដែរ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះទើបអាចជ្រាបអំពីគំនិត និងអារម្មណ៍សម្ងាត់របស់យើង។ ហេតុនោះ ព័ត៌មាននេះជួយស្តេចឲ្យជឿទុកចិត្តលើសាររបស់លោកដានីយ៉ែលកាន់តែច្រើនឡើងថែមទៀត។ ស្តេចទ្រង់យល់ឃើញថា មានតែព្រះជាម្ចាស់ដែលគង់នៅនគរស្ថានសួគ៌ប៉ុណ្ណោះដែលអាច​បង្ហាញរឿងអាថ៌កំបាំងដល់ជនណាម្នាក់បាន។ ប៉ុន្តែ សុបិននោះពុំមែនជាដំណឹងល្អសម្រាប់ស្តេចឡើយ។ ហេតុ​នោះ លោកដានីយ៉ែលត្រូវហ៊ានប្រថុយជីវិតពេលដែលលោកទូលថ្វាយសេចក្តីពិតដល់ស្តេច។

សូមអានអំពីសុបិនរបស់ស្តេចនៅក្នុងខគម្ពីរដានីយ៉ែល ២:៣១‑៤៩។ តើសុបិននោះប្រាប់ថា នគររបស់ស្តេចនេប៊ូក្នេសានឹងដល់ទីបញ្ចប់ដោយរបៀបណា?

សុបិននោះនិយាយអំពីរូបចម្លាក់។ ក្បាលរបស់វាធ្វើពីមាស ទ្រូងនិងដៃរបស់វាធ្វើពីប្រាក់ ពោះ​និងភ្លៅរបស់វាធ្វើពីលង្ហិន ជើងរបស់វាធ្វើពីដែក រីឯប្រអប់ជើងគឺជាដែកលាយដីឥដ្ឋ (ដានីយ៉ែល ២:៣២, ៣៣)។ រូបចម្លាក់ទាំងមូលក៏ត្រូវបែកបាក់ខ្ទេចខ្ទីអស់ទៅ។ បន្ទាប់មក លោកដានីយ៉ែលបានបកស្រាយអំពីអត្ថន័យនៃលោហធាតុនីមួយៗ។ លោកមានប្រសាសន៍ថា លោហធាតុនីមួយៗគឺជានគរផ្សេងៗដែលនឹងកើតឡើងក្នុងប្រវត្តិសាស្ត្រអនាគត។ នគរនីមួយៗនឹងជំនួសនគរដែលមានពីមុន។ សារនេះបានប្រាប់​យ៉ាងច្បាស់ថា៖ នគរបាប៊ីឡូននឹងដល់ទីបញ្ចប់។ នគរមួយទៀតនឹងឡើងមកជំនួសវិញ។ ហើយនគរនោះក៏នឹងត្រូវជំនួសដោយនគរមួយផ្សេងទៀតដែរ។ ព្រះជាម្ចាស់ក៏នឹងជំនួសនគរទាំងអស់នៅលើផែនដីនេះដោយនគររបស់ព្រះអង្គ។ មានតែនគររបស់ព្រះប៉ុណ្ណោះដែលនឹងគង់វង្សស្ថិតស្ថេរជារៀងរហូត។

ចូរក្រឡេកមើលភាពមិនទៀងទាត់នៃនគរទាំងអស់នៅលើផែនដីនេះចុះ។ តើគោលគំនិតនេះ បង្រៀនយើងអ្វីខ្លះអំពីក្តីសង្ឃឹមដែលយើងមាននៅក្នុងព្រះយេស៊ូវ? (ដើម្បីរកចម្លើយ សូមអានខគម្ពីរ យ៉ូហាន ៦:៥៤, និង កូរិនថូសទី២ ៤:១៨)។

ថ្ងៃពុធ ទី១៥ មករា ឆ្នាំ២០២០

រូបចម្លាក់៖ ភាគ២

សូមអានសុបិន និងការបកស្រាយម្តងទៀត (ដានីយ៉ែល ២:៣១‑៤៩)។ តើការបកស្រាយ បង្ហាញប្រាប់យើងអ្វីខ្លះអំពីព្រះជាម្ចាស់? តើទ្រង់ជ្រាបអំពីអនាគតប៉ុនណាដែរ?

បទគម្ពីរដានីយ៉ែលជំពូក២ ជួយយើងឲ្យយល់ពីព័ត៌មាននៅក្នុងដានីយ៉ែលជំពូក៧, ៨, និង​១១។ ជំពូកទី២នេះគឺជាបទទំនាយនៃគ្រាអនាគត ដែលបង្ហាញប្រាប់យើងអំពីអ្វីដែលនឹងកើតឡើងនៅក្នុងគ្រាអនាគត។

ក្បាលមាស គឺជារូបស័ព្ទតំណាងឲ្យនគរបាប៊ីឡូន (៦២៦មុនគ.ស. ដល់ ៥៣៩ មុនគ.ស.)។ គ្មានលោហធាតុណាប្រសើរជាងនេះដែលអាចតំណាងឲ្យអំណាច និងភាពសម្បូររុងរឿងរបស់នគរបា‑ប៊ីឡូនឡើយ។ ព្រះគម្ពីរបានហៅនគរបាប៊ីឡូនថា «ទីក្រុងមាស» (អេសាយ ១៤:៤)។ ព្រះគម្ពីរក៏បានប្រើរូបស័ព្ទដ៏ឆើតមួយទៀតតំណាងឲ្យនគរបាប៊ីឡូនដែរ៖ «បាប៊ីឡូន​ជា​ពែង​មាស​នៅ​ព្រះ‌ហស្ត​នៃ​ព្រះ‌‑​យេហូវ៉ា» (យេរេមា ៥១:៧, សូមអានវិវរណៈ ១៨:១៦ផងដែរ)។ ប្រវត្តិវិទូម្នាក់ឈ្មោះហេរ៉ូដូទុសបានប្រាប់យើងថា ទីក្រុងបាប៊ីឡូនគឺស្រោបទៅដោយមាសភាគច្រើន។

ទ្រូង និងដៃប្រាក់ គឺជារូបស័ព្ទតំណាងឲ្យនគរមេឌី‑ពើស៊ី (៥៣៩មុនគ.ស.ដល់ ៣៣១មុន​គ.ស.)។ ប្រាក់មិនសូវថ្លៃដូចជាមាសទេ។ ដូចគ្នាដែរ នគរមេដូ‑ពើស៊ីមិនអាចប្រៀបផ្ទឹមស្មើនឹងភាពរុងរឿងរបស់នគរបាប៊ីឡូនឡើយ។ ប្រាក់គឺជានិមិត្តរូបដ៏ល្អសម្រាប់នគរពើស៊ី។ ប្រជាជនពើស៊ីបង់ពន្ធជូនរាជការជាប្រាក់សុទ្ធ។

ពោះ និងភ្លៅលង្ហិន គឺជារូបស័ព្ទតំណាងឲ្យនគរក្រេក។ ខគម្ពីរអេសេគាល ២៧:១៣ បាន​ចែង​ថា មុខទំនិញដែលពួកក្រេកជួញដូរផលិតចេញពីលង្ហិន។ មួក ខែល និងពូថៅរបស់ទាហានក្រេកសុទ្ធតែធ្វើពីលង្ហិនទាំងអស់។ លោកហេរ៉ូដូទុសបានប្រាប់យើងអំពីអ្វីដែលស្តេចផ្សាម្មេទីគុសទី១​បានមានបន្ទូលពេលដែលព្រះអង្គបានឃើញចោរសមុទ្រក្រេក។ ស្តេចផ្សាម្មេទីគុសទី១គឺជាស្តេចនៃប្រទេសអេស៊ីព្ទ។ ព្រះអង្គមានបន្ទូលថា ពួកចោរសមុទ្រក្រេកគឺជាក្រុមមនុស្សដែលប្រទេសអេស៊ីព្ទញញើតខ្លាំងណាស់។ អ្នកនាំសារមួយរូបបានហៅក្រុមចោរទាំងនេះថា «មនុស្សលង្ហិនដែលចេញពីសមុទ្រមក»។

ជើងដែក បង្ហាញប្រាប់យើងអំពីនគររ៉ូម (១៦៨ មុនគ.ស.ដល់៤៧៦គ.ស.)។ ដូចដែលលោក​ដានីយ៉ែលបានបកស្រាយ ដែកតំណាងឲ្យអំណាចរបស់នគររ៉ូម។ នគរនេះបានសោយរាជ្យបានយូរជាងនគរមុនៗ។ ដែកគឺជាលោហធាតុដ៏ឥតខ្ចោះមួយសម្រាប់បង្ហាញដល់យើងអំពីរបៀបដែលនគររ៉ូម​ធ្វើ​សកម្មភាព។ វាបានជាន់ឈ្លីអ្វីៗគ្រប់យ៉ាងដែលទាស់ទទឹងនឹងវា។

ប្រអប់ជើងដែកលាយដីឥដ្ឋ បង្ហាញប្រាប់យើងអំពីនគរអឺរ៉ុបដែលបែកបាក់បន្ទាប់ពីនគររ៉ូមបាន​ដួលរលំ (៤៧៦គ.ស. រហូតដល់ព្រះយេស៊ូវយាងមកវិញជាលើកទីពីរ)។ មានស្តេចជាច្រើនបានព្យាយាម​បង្រួបបង្រួមអឺរ៉ុបឲ្យក្លាយជាប្រទេសតែមួយឡើងវិញ ប៉ុន្តែសុទ្ធតែបរាជ័យ។ លោកដានីយ៉ែលបាន​បង្ហាញ​ប្រាប់យើងថា អឺរ៉ុបនឹងនៅបែបនេះរហូតទាល់តែព្រះជាម្ចាស់បានតាំងនគរដ៏នៅអស់កល្បរបស់ព្រះអង្គ ឡើង។

ថ្ងៃព្រហស្បតិ៍ ទី១៦ មករា ឆ្នាំ២០២០

ថ្ម

សូមអានអំពីខគម្ពីរដានីយ៉ែល ២:៣៤, ៤៤, ៤៥។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីផែនដីនេះ? តើប្រវត្តិសាស្ត្រមនុស្សជាតិនឹងត្រូវបញ្ចប់ដោយរបៀបណា?

សុបិនប្រាប់យើងអំពីហេតុការណ៍ដែលនឹងកើតឡើងនៅគ្រាចុងក្រោយ (ដានីយ៉ែល ២:២៨)។ អាណាចក្រលោហធាតុ (រួមទាំងដីឥដ្ឋផង) មានអំណាច និងសម្បូររុងរឿងខ្លាំងណាស់។ ប៉ុន្តែអាណា‑ចក្រទាំងនេះមិនអាចប្រៀបស្មើនឹងអាណាចក្រថ្មបានឡើយ។ លោហធាតុ និងដីឥដ្ឋគឺជារូបស័ព្ទតំណាងឲ្យអាណាចក្រមនុស្សជាតិ។ ប៉ុន្តែ ថ្មនៅក្នុងសុបិនពុំមែនធ្វើឡើងដោយដៃមនុស្សឡើយ។ សុបិនបង្ហាញ​ប្រាប់យើងថា អាណាចក្រថ្មនឹងគង់វង្សស្ថិតស្ថេរជារៀងរហូត។ ថ្មគឺជារូបស័ព្ទតំណាងឲ្យព្រះជាម្ចាស់ (សូមអានចោទិយកថា ៣២:៤, សាំយូអែលទី១ ២:២, ទំនុកតម្កើង ១៨:៣១)។ ថ្មក៏ជារូបស័ព្ទតំណាងឲ្យព្រះយេស៊ូវដែរ (ទំនុកតម្កើង ១១៨:២២, ពេត្រុសទី១ ២:៤, ៧)។ ហេតុនោះ ថ្មគឺជារូបស័ព្ទដ៏ល្អបំផុតតំណាងឲ្យនគរដ៏អស់កល្បរបស់ព្រះជាម្ចាស់។

គ្រូបង្រៀនគម្ពីរខ្លះបានអះអាងថា ព្រះយេស៊ូវបានចាប់ផ្តើមអាណាចក្រថ្មរបស់ព្រះអង្គក្នុងអំឡុងពេលដែលព្រះអង្គធ្វើការនៅលើផែនដី។ ក្រោយមក ពួកសិស្សរបស់ព្រះអង្គក៏បានចែកចាយដំណឹងល្អអំពីព្រះយេស៊ូវនៅគ្រប់ទីកន្លែង។ ហេតុនោះ អ្នកប្រាជ្ញព្រះគម្ពីរខ្លះគិតថា អាណាចក្រថ្មលំដាប់ពិភពលោក​បានចាប់ផ្តើមនៅពេលដែលពួកសិស្សរបស់ព្រះយេស៊ូវចែកចាយដំណឹងល្អនោះឯង។ ប៉ុន្តែ អាណាចក្រថ្មចាប់ផ្តើមបន្ទាប់តែពីអាណាចក្រលោហធាតុទាំងបួន និងអាណាចក្រដែលបានបែងចែកដល់ទីបញ្ចប់ប៉ុណ្ណោះ។ ហេតុនោះ អាណាចក្រថ្មមិនអាចចាប់ផ្តើមក្នុងជំនាន់ព្រះយេស៊ូវបានឡើយដោយសារ​អាណាចក្ររ៉ូមកំពុងគ្រប់គ្រងអំណាចនៅឡើយ។

នៅក្នុងសុបិនយើងឃើញថ្មបានបុកកម្ទេចរូបចម្លាក់ «ឯ​ថ្ម​ដែល​ទង្គិច​នឹង​រូប​នោះ ក៏​ត្រឡប់​ទៅ​ជា​ភ្នំ​យ៉ាង​ធំ​នៅ​ពេញ​ផែនដី​ទាំង​ដុំ​មូល» (ដានីយ៉ែល ២:៣៥)។ តើភ្នំនេះបង្ហាញប្រាប់យើងអំពីអ្វី? វាគឺជារូបស័ព្ទតំណាងឲ្យភ្នំស៊ីយ៉ូន។ ភ្នំស៊ីយ៉ូនគឺជាកន្លែងដែលគេសាងសង់ព្រះវិហាររបស់ព្រះក្នុងជំនាន់គម្ពីរសញ្ញាចាស់។ ភ្នំស៊ីយ៉ូនគឺជានិមិត្តរូបនៃនគររបស់ព្រះនៅលើផែនដីក្នុងជំនាន់គម្ពីរសញ្ញាចាស់ផងដែរ។ តើលោកអ្នកឃើញទេថា ដំបូង ថ្មត្រូវបានដាប់ផ្តាច់ចេញពីភ្នំមែនទេ? បន្ទាប់មក ថ្មនោះបានប្រែ​ក្លាយ​ជាភ្នំមួយ! ភ្នំនេះគឺជាកន្លែងពិតប្រាកដមួយនៅនគរស្ថានសួគ៌។ យើងជឿថា វាគឺជារូបស័ព្ទតំណាង​ឲ្យរោងឧបោសថរបស់ព្រះ។ រោងឧបោសថរបស់ព្រះគឺជាកន្លែងដែលព្រះយេស៊ូវទ្រង់កំពុងបំពេញព័ន្ធកិច្ចនាពេលឥឡូវនេះដើម្បីសង្គ្រោះយើងពីអំពើបាប។ ម្យ៉ាងទៀត រោងឧបោសថរបស់ព្រះក៏ត្រូវបានគេហៅថាស៊ីយ៉ូនដែរ។ ព្រះយេស៊ូវទ្រង់នឹងយាងចាកចេញពីរោងឧបោសថក្នុងនគរស្ថានសួគ៌ឆាប់ៗ។ បន្ទាប់មក ទ្រង់នឹងយាងមកកាន់ផែនដីនេះ។ ទ្រង់នឹងចាប់ផ្តើមនគររបស់ព្រះអង្គដែលនឹងគង់វង្សស្ថិតស្ថេរជារៀងរហូត។ ដំបូង ទ្រង់នឹងយករាស្ត្ររបស់ព្រះអង្គទៅរស់នៅជាមួយនឹងព្រះអង្គក្នុងនគរស្ថាន‑សួគ៌។ បន្ទាប់ពីនោះ១០០០ឆ្នាំ ព្រះយេស៊ូវនឹងនាំយកទីក្រុងបរិសុទ្ធ យេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មក​កាន់ផែនដី (វិវរណៈ ២១:១‑២២:៥)។

បទទំនាយក្នុងដានីយ៉ែលជំពូក២ កំពុងតែបានសម្រេចឡើងជាបន្តបន្ទាប់។ ហេតុនោះ ហេតុអ្វីបានជាយើងគួរជឿទុកចិត្តលើបទទំនាយស្តីអំពីអាណាចក្រចុងក្រោយដែលជិតនឹងកើតឡើងផងដែរ?

ថ្ងៃសុក្រ ទី១៧ មករា ឆ្នាំ២០២០

សិក្សាបន្ថែម

ដូចដែលយើងបានឃើញ រូបចម្លាក់ក្នុងដានីយ៉ែល២ ធ្វើសុទ្ធតែពីមាសនិងប្រាក់។ លោហធាតុទាំងនេះបង្ហាញប្រាប់យើងអំពីភាពសម្បូររុងរឿងនៃនគរបាប៊ីឡូន និងមេឌី‑ពើស៊ី។ រូបចម្លាក់ក៏ធ្វើពីលង្ហិន និង​ដែកដែរ។ សាសន៍ក្រេកចូលចិត្តប្រើលង្ហិន រីឯសាសន៍រ៉ូមចូលចិត្តប្រើដែក។ ពួកគេប្រើលោហធាតុទាំងនេះធ្វើជាឧបករណ៍ប្រើប្រាស់ អាវុធ និងចានឆ្នាំងជាដើម។ សាសន៍ក្រេកនិងរ៉ូមពូកគេធ្វើឆ្នាំងបានយ៉ាងល្អប្រណីត។ ពួកគេប្រើឆ្នាំងជាប្រចាំរាល់ថ្ងៃ។ ប៉ុន្តែ ពួកសិល្បករដែលផលិតឆ្នាំងមានជំនាញខ្លាំងណាស់។ ជាញឹកញាប់ ពួកគេបានគូររូបជាច្រើននៅលើឆ្នាំងដែលពួកគេស្រឡាញ់។ រូបភាពទាំងនោះបង្ហាញឲ្យឃើញអំពីសេចក្តីជំនឿរបស់ពួកគេ និងគោលគំនិតអំពីជីវិត។ ហេតុនោះ រូបចម្លាក់ក្នុងបទគម្ពីរដានីយ៉ែលជំពូក២ គឺជាឧទាហរណ៍ដ៏អស្ចារ្យមួយស្តីអំពីសិល្បៈ សោភ័ណភាព និងអំណាចនៃនគរទាំងឡាយក្នុងជំនាន់ព្រះគម្ពីរ។ ផ្នែកផ្សេងៗទៀតនៃរូបចម្លាក់ក៏បង្ហាញយើងផងដែរអំពីអាណាចក្រផ្សេងៗទៀតដែលនឹងគ្រប់គ្រងលើផែនដីរហូតដល់ព្រះយេស៊ូវយាងមកវិញ។ ប្រអប់ជើងនៃរូបចម្លាក់បង្ហាញប្រាប់យើងអំពីរូបភាពយ៉ាងពិតប្រាកដនៃបណ្តា​ប្រទេសអឺរ៉ុបនៅគ្រាចុងក្រោយ។ បន្ទាប់មកយើងឃើញថ្មលេចឡើង។ ថ្មនេះមិនមែនដាប់ចេញដោយ «ដៃ​មនុស្ស» ឡើយ (ដានីយ៉ែល ២:៤៥)។ ថ្មគឺជារូបស័ព្ទដ៏មានអំណាច។ វាជួយឲ្យយើងយល់អំពីរឿងមួយ​ដ៏​សំខាន់។ ព្រះជាម្ចាស់នឹងបញ្ចប់ប្រវត្តិសាស្ត្រផែនដីនេះ និងភាពរុងរឿងទាំងអស់របស់មនុស្សលោក។

«ចំពោះក្រសែភ្នែករបស់មនុស្ស ប្រវត្តិសាស្ត្រមើលទៅហាក់ដូចជាធំធេងស្មុគស្មាញខ្លាំងណាស់... ប៉ុន្តែ លោកដានីយ៉ែលបានបង្ហាញយើងថា ព្រះជាម្ចាស់បានគង់នៅពីខាងក្រោយអ្វីៗទាំងអស់ដែលយើងមើលឃើញ។ ព្រះជាម្ចាស់ទតមើលឃើញអ្វីៗទាំងអស់នៅលើផែនដីនេះ។ ទ្រង់ធ្វើការក្នុងចិត្ត និងគំនិតរបស់មេ‑​ដឹកនាំទាំងឡាយ។ ទ្រង់ជាអ្នកបណ្តាលឲ្យអ្វីៗទាំងអស់កើតឡើង។ ទ្រង់ធ្វើអ្វីដែលប្រសើរបំផុត»។ ដកស្រង់​ពី William H. Shea, Daniel: A Reader’s Guide (Nampa ID: Pacific Press Publishing Association, 2005), page 98, adapted ។


សំនួរពិភាក្សា៖
  1. ជាការប្រសើរហើយដែលដឹងថា ព្រះជាម្ចាស់ទ្រង់គ្រប់គ្រងលើអ្វីៗទាំងអស់នៅលើផែនដីនេះ។ មានការលំបាកវេទនាច្រើនណាស់ក្នុងជីវិត។ ប៉ុន្តែ ព្រះទ្រង់នឹងបញ្ចប់រឿងទាំងអស់។ ទម្រាំតែដល់ពេលនោះ តើយើងអាចធ្វើអ្វីខ្លះដើម្បីបពា្ឈប់ទុក្ខវេទនាដែលយើងឃើញនៅជុំវិញយើងរាល់ថ្ងៃនេះ?

  2. ស្តេចនេប៊ូក្នេសាបានបណ្តាលឲ្យរាស្ត្ររបស់ព្រះឈឺចាប់យ៉ាងច្រើន។ ហេតុនោះ ហេតុអ្វីបានជាលោកដានីយ៉ែលនៅតែធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងស្តេច ព្រមទាំងស្មោះត្រង់នឹងព្រះអង្គថែមទៀតផង? ​
  3. ​​
  4. ថ្មនៅក្នុងបទគម្ពីរដានីយ៉ែលជំពូក២ បង្ហាញប្រាប់ថា នគររបស់ព្រះយេស៊ូវនឹងលាតសន្ធឹងពាសពេញផែនដីទាំងមូល។ រឿងនោះអាចនឹងកើតឡើងបានបន្ទាប់ពីការយាងមកវិញលើកទីពីរប៉ុណ្ណោះ។ ដូច្នេះ ហេតុអ្វីបានជាការយាងមកវិញលើកទីពីរគឺជាការបកស្រាយដ៏ត្រឹមត្រូវបំផុតដែលពណ៌នាអំពីអ្វីដែលថ្មបានធ្វើនៅគ្រាចុងក្រោយ? ​
Powered by CAM