មេរៀនទី៤​៖ ១៨‑២៤ មករា ២០២០

ពីឡភ្លើងចូលទៅក្នុងរាជវាំង

Jeans
ថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ដានីយ៉ែល ៣:១‑១៥, វិវរណៈ ១៣:១១‑១៨, និក្ខមនំ ២០:៣‑៦, ដានីយ៉ែល ៣:១៩‑២៧។

ខចងចាំ៖ «បើ​ជា​យ៉ាង​នោះ​មែន នោះ​ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​ប្រតិបត្តិ​តាម ទ្រង់​អាច​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន​ហើយ បពិត្រ​ព្រះករុណា ព្រះអង្គ​នោះ​ក៏​នឹង​ជួយ​ឲ្យ​យើង​រួច​ពី​ព្រះហស្ត​ទ្រង់​ដែរ» (ដានីយ៉ែល ៣:១៧)។

មិត្តភក្តិទាំងបីនាក់របស់លោកដានីយ៉ែលបានបង្ហាញសេចក្តីជំនឿរបស់ខ្លួនទៅកាន់នគរបាប៊ីឡូនទាំងមូលដោយពាក្យពេចន៍នៅក្នុងខចងចាំខាងលើនេះឯង។ កំឡោះទាំងបីនាក់បានបង្ហាញឲ្យឃើញថា ព្រះជាម្ចាស់ដែលពួកគេបានថ្វាយបង្គំគឺជាព្រះដ៏មានព្រះជន្មរស់ និងពិតប្រាកដមួយអង្គ។ ជំហរនៅខាងព្រះដ៏រឹងមាំរបស់ពួកគេបង្ហាញឲ្យឃើញនូវជំនឿរបស់ពួកគេ។ កំឡោះទាំងបីនាក់បានបង្ហាញឲ្យឃើញសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់។ ពួកគេបានបង្ហាញឲ្យឃើញនូវការស្តាប់បង្គាប់របស់ខ្លួន។ ពួកគេ​បង្ហាញថា ពួកគេសុខចិត្តស្លាប់ដើម្បីព្រះ។ សេចក្តីជំនឿរបស់ពួកគេគឺជាគំរូមួយដ៏រស់រវើក។ នេះគឺជាវិធីតែមួយគត់ដើម្បីបង្ហាញឲ្យឃើញនូវព្រះចេស្តារបស់ព្រះដ៏រស់ដល់ពួកនគរបាប៊ីឡូន។ មិត្តភក្តិទាំងបីរបស់លោកដានីយ៉ែលបង្ហាញឲ្យឃើញថា ព្រះជាម្ចាស់គឺជាព្រះមួយអង្គគត់ដែលសក្តិសមនឹងទទួលបាននូវការសរសើរតម្កើង និងថ្វាយបង្គំ។ កំឡោះទាំងបីបង្ហាញឲ្យពួកបាប៊ីឡូនឃើញថា គ្មានអ្វីអាចនឹងធ្វើឲ្យ​ពួកគេ​ឱនចុះថ្វាយបង្គំរូបចម្លាក់បានឡើយ។ រឿងនេះមានមេរៀនដ៏វិសេសៗ ជាច្រើនសម្រាប់យើងរាល់គ្នា​នាសម័យចុងក្រោយនេះ»។ ដកស្រង់ពី Ellen G. White, In Heavenly Places, page 149។

នៅគ្រាចុងក្រោយ យើងក៏នឹងត្រូវឈរដើម្បីការពារសេចក្តីជំនឿរបស់យើងដែរ។ ព្រះគម្ពីរបង្ហាញ​ប្រាប់យើងថា នឹងមានការសាកល្បងលើការថ្វាយបង្គំនៅទូទាំងពិភពលោក។ ជីវិតរបស់យើងនឹងស្ថិតក្នុងគ្រោះថ្នាក់ដូចជាមិត្តភក្តិរបស់លោកដានីយ៉ែលដែរ។ ហេតុនោះ យើងត្រូវការសិក្សាបទគម្ពីរដានីយ៉ែលជំពូក៣ ដែលបង្ហាញប្រាប់យើងអំពីបទពិសោធន៍ដែលយើងនឹងត្រូវជួបក្នុងគ្រាចុងក្រោយ។

ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២០

រូបចម្លាក់មាស

សូមអានអំពីរូបចម្លាក់មាស នៅក្នុងខគម្ពីរដានីយ៉ែល ៣:១‑៧។ តើអ្វីទៅដែលបានបណ្តាលឲ្យស្តេចធ្វើរូបចម្លាក់នេះឡើង?

ដូចដែលយើងបានឃើញ ស្តេចនេប៊ូក្នេសាបានយល់សុបិនឃើញរូបចម្លាក់មួយ។ ក្រោយមក ទ្រង់ក៏បានកសាងរូបចម្លាក់ដ៏ធំមួយ។ វាធ្វើពីមាសចាប់តាំងពីក្បាលរហូតដល់ចុងជើងតែម្តង។ ហេតុអ្វីបានជាស្តេចធ្វើរូបចម្លាក់នេះ? ប្រហែលជាទ្រង់ពុំចង់ឃើញនគររបស់ព្រះអង្គដល់ទីបញ្ចប់ទេ។ ស្តេចទ្រង់ពុំសប្បាយព្រះទ័យឡើយត្រឹមតែមានក្បាលជាមាសតែម្យ៉ាងនោះ។ ទ្រង់ចង់ឲ្យនគររបស់ព្រះអង្គបន្តគង់វង្សស្ថិតស្ថេរជារៀងរហូត។ ហេតុនោះហើយបានជាទ្រង់ធ្វើរូបចម្លាក់ពីមាសតាំងពីក្បាលរហូតដល់ចុងជើងតែម្តងទៅ ដើម្បីបង្ហាញប្រាប់ទៅរាស្ត្ររបស់ព្រះអង្គថា នគររបស់ព្រះអង្គនឹងគង់វង្សជារៀងរហូត។

ស្តេចមានព្រះទ័យពេញដោយភាពអំនួត។ អំនួតនេះជួយយើងឲ្យនឹកចាំអំពីពួកអ្នកសង់ប៉មបាបិល។ មនុស្សទាំងនោះហ៊ានផ្គើននឹងព្រះចេស្តារបស់ព្រះដោយកសាងប៉មឲ្យខ្ពស់ដល់ផ្ទៃមេឃ។ ស្តេចនេប៊ូក្នេសាក៏អាក្រក់ដូចគ្នានឹងពួកអ្នកកសាងទាំងនោះដែរ។ ទ្រង់មិនអាចទទួលយកបាននូវគំនិតដែលថានគររបស់ព្រះអង្គនឹងដល់ទីបញ្ចប់នោះឡើយ។ ហេតុនោះហើយបានជាទ្រង់កសាងរូបចម្លាក់ដើម្បីបង្ហាញអំណាចរបស់ព្រះអង្គ។ រូបចម្លាក់ក៏ជាការសាកល្បងដល់រាស្ត្ររបស់ព្រះអង្គដែរ។ វានឹងបង្ហាញ​ដល់ស្តេចថា នរណាខ្លះស្មោះត្រង់ និងមិនស្មោះត្រង់ចំពោះព្រះអង្គ។

យើងតោងតែនឹកចាំថា ស្តេចនេប៊ូក្នេសាមានឱកាសចំនួនពីរដងរួចមកហើយដើម្បីបានស្គាល់ព្រះដ៏ពិត។ ដំបូង ស្តេចបានត្រួតពិនិត្យមើលលោកដានីយ៉ែល និងមិត្តភក្តិរបស់លោកបន្ទាប់ពីពួកលោកបញ្ចប់ការហ្វឹកហ្វឺនរបស់ខ្លួន។ ស្តេចទ្រង់ទតឃើញថា កំឡោះទាំងបួនរូបឆ្លាតជាងពួកអ្នកប្រាជ្ញក្នុងនគរបាប៊ីឡូន១០ដង។ ទីពីរ លោកដានីយ៉ែលបានបង្ហាញប្រាប់ស្តេចអំពីសុបិនរបស់ព្រះអង្គ រួមទាំងការ​បក​ស្រាយផង។ លោកដានីយ៉ែលបានទូលប្រាប់អំពីគំនិតដែលមាននៅក្នុងព្រះទ័យស្តេចផងដែរ។ ស្តេច​ទ្រង់យល់ថា ព្រះរបស់លោកដានីយ៉ែលមានអំណាចជាងព្រះណាៗទាំងអស់របស់នគរបាប៊ីឡូន។ ប៉ុន្តែ បន្ទាប់មក ស្តេចនៅតែត្រឡប់ទៅថ្វាយបង្គំរូបចម្លាក់នៃព្រះក្លែងក្លាយដដែល។ ហេតុអ្វី? គឺដោយសារ​អំនួត។ មនុស្សលោកគឺជាមនុស្សមានបាប។ ក្នុងនាមជាបាបជន យើងពិបាកនឹងទទួលស្គាល់ថាយើងធ្វើខុសខ្លាំងណាស់។ យើងមិនចង់ជឿថា កិច្ចការដែលដៃ និងគំនិតយើងបានធ្វើនឹងមិនគង់វង្សឡើយ។ ជាច្រើនដងណាស់ យើងអាចនឹងប្រព្រឹត្តបែបដូចគ្នានឹងស្តេចនេប៊ូក្នេសា។ យើងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើកិច្ចការដែលយើងធ្វើ។ យើងមិននឹកចាំថា កិច្ចការរបស់យើងគឺគ្មានប្រយោជន៍អ្វីឡើយបើប្រៀបទៅនឹងព្រះចេស្តា និងសិរីល្អរបស់ព្រះជាម្ចាស់នោះ។

ស្តេចនេប៊ូក្នេសាបានធ្លាក់ចុះទៅក្នុងអន្ទាក់នៃសេចក្តីអំនួត។ តើយើងអាចធ្វើអ្វីខ្លះដើម្បីរក្សាខ្លួនយើងកុំឲ្យធ្លាក់ទៅក្នុងអន្ទាក់ដដែលនេះ?

ថ្ងៃច័ន្ទ ទី២០ ខែមករា ឆ្នាំ២០២០

ព្រះរាជបញ្ជារបស់ស្តេចឲ្យថ្វាយបង្គំ

សូមប្រៀបធៀបអំពីអ្វីដែលកើតឡើងនៅក្នុងខគម្ពីរដានីយ៉ែល ៣:៨‑១៥ ជាមួយនឹងអ្វីដែលកើតឡើងនៅក្នុងខគម្ពីរវិវរណៈ ១៣:១១‑១៨។ តើអ្វីខ្លះដែលកើតឡើងនៅជំនាន់របស់លោកដានីយ៉ែលដែលនឹងកើតឡើងនៅក្នុងអនាគតនាគ្រាចុងក្រោយ?

រូបចម្លាក់មាសត្រូវបានគេដាក់បពា្ឈរនៅវាលឌូរ៉ា។ ក្នុងភាសាអាក់កាដៀន ពាក្យថា «ឌូរ៉ា» មានន័យថា «កន្លែងដែលមានកំផែងនៅព័ទ្ធជុំវិញ»។ ឈ្មោះនេះជួយយើងឲ្យឃើញថា រូបចម្លាក់នេះស្ថិតនៅកន្លែងមួយដែលប្រៀបដូចជារោងឧបោសថ។ រោងឧបោសថគឺជាទីបរិសុទ្ធសម្រាប់ថ្វាយបង្គំព្រះ។ រោងឧបោសថភាគច្រើនបំផុតក្នុងជំនាន់ព្រះគម្ពីរមានអាសនាសម្រាប់ដង្វាយដុតដើម្បីតម្កើងដល់ព្រះ។ នៅវាលឌូរ៉ា មានឡភ្លើងមួយនៅជិតនោះ ដែលប្រៀបដូចជាអាសនាដង្វាយដុតដែរ។ បទភ្លេងបាប៊ីឡូនក៏ជាផ្នែកមួយនៃបទពិសោធន៍ថ្វាយបង្គំនេះដែរ។

សព្វថ្ងៃនេះ យើងហាក់មានសម្ពាធឲ្យព្យាយាមរកវិធីថ្មីៗក្នុងការថ្វាយបង្គំ ឬត្រូវទទួលយកគោលគំនិតថ្មីៗស្តីអំពីព្រះជាម្ចាស់។ មនុស្សជាច្រើនចង់ឲ្យយើងបោះបង់គោលជំនឿលើព្រះចេស្តា និង​ព្រះគម្ពីររបស់យើងចោល។ របៀបរបបរស់នៅជុំវិញយើងក៏មានឥទ្ធិពលខ្លាំងណាស់ដែរ។ ប៉ុន្តែ យើងគួរ​​​ តែនឹកចាំថា យើងតោងតែស្មោះត្រង់ជាមួយនឹងព្រះអាទិកររបស់យើង។

យើងកំពុងរស់នៅក្នុងគ្រាចុងក្រោយនៃប្រវត្តិសាស្ត្រផែនដីហើយ។ បទគម្ពីរវិវរណៈ​ជំពូក១៣ ប្រកាសថា មនុស្សលោកនៅលើផែនដីនេះនឹងត្រូវគេបញ្ជាឲ្យថ្វាយបង្គំអំណាច និងរូបចម្លាក់របស់សត្វសាហាវដែលឡើងពីសមុទ្រមក។ រូបចម្លាក់នេះគឺជាព្រះក្លែងក្លាយ ដែលជាទីសំគាល់នៃអំណាចរបស់សត្វសាហាវដែលឡើងពីសមុទ្រ។ សត្វនេះបានទទួលជំនួយពីអំណាចរបស់សត្វមួយទៀតដែលឡើងពីដីគោក ដែលនឹងបង្ខំ «មនុស្ស​ទាំង​អស់ ទាំង​ធំ ទាំង​តូច ទាំង​មាន ទាំង​ក្រ ហើយ​ទាំង​អ្នក​ជា និង​បាវ​គេ ឲ្យ​ទទួល​ទី​សម្គាល់​នៅ​ដៃ​ស្តាំ ឬ​នៅ​ថ្ងាស​គេ​រៀង​ខ្លួន» (វិវរណៈ ១៣:១៦)។ ​

តើលោកអ្នកឃើញថា មានមនុស្សចំនួន៦ក្រុម ដែលថ្វាយបង្គំរូបចម្លាក់សត្វសាហាវដែលឡើងពីសមុទ្រក្នុងវិវរណៈ១៣ដែរឬទេ? ពួកគេរួមមាន៖ ១) ពួកអ្នកធំ, ២) អ្នកតូច (មនុស្សជាច្រើនគិតថាមិនសូវសំខាន់), ៣) អ្នកមាន, ៤) អ្នកក្រ, ៥) អ្នកជា (អ្នកមានសេរីភាព), និង ៦) បាវគេ (ទាសករ ឬអ្នកបម្រើរបស់គេ)។ លេខសំគាល់របស់សត្វដែលឡើងពីសមុទ្រគឺ ៦៦៦។ ខគម្ពីរដានីយ៉ែល ៣:១ បង្ហាញ​ប្រាប់យើងថា នេប៊ូក្នេសាបានធ្វើរូបចម្លាក់កំពស់៦០ហត្ថ និងទទឹង៦ហត្ថ។ មានន័យថា រូប​នោះ​មាន​កំពស់ប្រហែល៣០ម៉ែត្រ និងទទឹង៣ម៉ែត្រ។ រូបចម្លាក់មាសរបស់ស្តេចនេប៊ូក្នេសាគឺជារូបស័ព្ទមួយ។ វាបង្ហាញឲ្យឃើញអំពីអ្វីដែលបាប៊ីឡូនគ្រាចុងក្រោយនឹងធ្វើនៅថ្ងៃចុងក្រោយ។ ហេតុនោះ យើងគួរយកចិត្តទុកដាក់នឹងអ្វីដែលបានកើតឡើងក្នុងរឿងនេះ។ វាបង្ហាញប្រាប់យើងថា ព្រះជាម្ចាស់ជាអ្នកគ្រប់គ្រងលើអ្វីៗដែលនឹងកើតឡើងនៅលើផែនដីនេះ។

ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០

ការសាកល្បងដោយភ្លើង

មិត្តភក្តិទាំងបីនាក់របស់លោកដានីយ៉ែលមានការងារធ្វើនៅក្នុងរាជវាំងរបស់ស្តេច។ ពួកគេ ស្មោះត្រង់ចំពោះស្តេច។ ពួកគេក៏ស្មោះត្រង់ចំពោះព្រះជាម្ចាស់ដែរ។ ភាពស្មោះត្រង់របស់ពួកគេចំពោះព្រះ ធ្វើឲ្យភាពស្មោះត្រង់របស់ពួកគេចំពោះមនុស្សលោកមានកម្រិត។ កំឡោះទាំងបីមានចិត្តចង់បម្រើស្តេច។ ប៉ុន្តែ ពួកគេមិនអាចថ្វាយបង្គំរូបចម្លាក់របស់ស្តេចបានឡើយ។

តើអ្វីទៅដែលបានជួយយុវបុរសទាំងបីនាក់នេះឲ្យឈររឹងមាំចំពោះព្រះ? សូមអានខគម្ពីរនិក្ខមនំ ២០:៣‑៦ និងចោទិយកថា ៦:៤ ដើម្បីរកចម្លើយ។

ស្តេចនេប៊ូក្នេសាបានបង្គាប់ឲ្យមនុស្សទាំងអស់ថ្វាយបង្គំដល់រូបចម្លាក់។ ស្តេចទ្រង់បង្គាប់ឲ្យមនុស្សគ្រប់គ្នាឱនចុះក្រាបថ្វាយបង្គំរូបចម្លាក់ពេលដែលពួកគេឮភ្លេងប្រគំឡើង។ ប៉ុន្តែ សាដ្រាក់ មែសាក់ និងអ័បេឌ‑នេកោពុំបានឱនចុះនោះទេ។ ពួកគេគឺជាមនុស្សតែបីនាក់ប៉ុណ្ណោះដែលមិនស្តាប់បង្គាប់ស្តេច។ ភ្លាមៗនោះពួកបាប៊ីឡូនក៏បានទូលប្រាប់ដល់ស្តេច។ ពួកគេចង់ឲ្យស្តេចខ្ញាល់នឹងសាដ្រាក់ មែសាក់ និង អ័បេឌ‑នេកោ។ ហេតុនោះ ពួកគេលើកឡើងបីចំណុច៖ ១) ពួកគេបានបន្ទោសស្តេចដែលបានតែងតាំងយុវបុរសទាំងបីឲ្យទទួលមុខតំណែងធំៗក្នុងនគរបាប៊ីឡូន។ ២) ពួកសាសន៍យូដាទាំងបីនាក់នេះមិនថ្វាយបង្គំដល់ព្រះរបស់ស្តេចទេ។ ៣) យុវបុរសទាំងបីពុំបានថ្វាយបង្គំរូបចម្លាក់មាសរបស់ស្តេចឡើយ (ដានីយ៉ែល ៣:១២)។ ដូច្នេះ ស្តេចទ្រង់ក៏ខ្ញាល់យ៉ាងខ្លាំង។ ប៉ុន្តែ ព្រះអង្គបានប្រទានឱកាសទីពីរដល់យុវបុរសទាំងបីដើម្បីថ្វាយបង្គំរូបចម្លាក់មាសនោះ។ ប្រសិនបើពួកគេបដិេសធ មនុស្សរបស់ស្តេចនឹងបោះ​សាដ្រាក់ មែសាក់ និងអ័បេឌ‑នេកោទៅក្នុងឡភ្លើងដ៏ក្តៅ។ ព្រះទ័យរបស់ស្តេចពោរពេញដោយភាពអំនួត។ ទ្រង់អួតអំពីអំណាចដ៏ខ្លាំងក្លារបស់ព្រះអង្គ។ ទ្រង់មានបន្ទូលថា «តើ​មាន​ព្រះ​ឯ​ណា​ដែល​អាច​នឹង​ដោះ​ឯង​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​យើង​បាន?» (ដានីយ៉ែល ៣:១៥)។

ព្រះជាម្ចាស់បានធ្វើឲ្យយុវបុរសទាំងបីរូបរឹងមាំ និងក្លាហានឡើង។ ពួកគេបានទូលដល់ស្តេច ថា «បើ​ជា​យ៉ាង​នោះ​មែន នោះ​ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​ប្រតិ‌បត្តិ​តាម ទ្រង់​អាច​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន​ហើយ បពិត្រ​ព្រះ‌ករុណា ព្រះ‌អង្គ​នោះ​ក៏​នឹង​ជួយ​ឲ្យ​យើង​រួច​ពី​ព្រះ‌ហស្ត​ទ្រង់​ដែរ តែ​បើ​មិន​ជួយ​ទេ នោះ​សូម​ឲ្យ​ទ្រង់​ព្រះ‌ករុណា​ជ្រាប​ថា យើង​ខ្ញុំ​មិន​ព្រម​គោរព​តាម​ព្រះ​ របស់​ទ្រង់​ឡើយ ក៏​មិន​ព្រម​ថ្វាយ‌បង្គំ​ដល់​រូប​មាស ដែល​ទ្រង់​បាន​តាំង​ឡើង​នោះ​ដែរ» (ដានីយ៉ែល ៣: ១៧, ១៨)។

សាដ្រាក់ មែសាក់ និងអ័បេឌ‑នេកោដឹងថា ព្រះជាម្ចាស់អាចសង្គ្រោះពួកគេឲ្យរួចពីឡភ្លើងដ៏ក្តៅនោះបាន។ ពិតមែនហើយ ពួកគេពុំដឹងថាទ្រង់នឹងជួយឬក៏អត់នោះទេ។ ប៉ុន្តែ ពួកគេបានបដិសេធមិនស្តាប់តាមបង្គាប់ស្តេចឡើយ។ តើសេចក្តីជំនឿដ៏រឹងមាំរបស់ពួកគេបានមកពីណាដែរ? តើយើងអាចធ្វើដូចម្តេចដើម្បីបានសេចក្តីជំនឿបែបនេះដែរ?

ថ្ងៃពុធ ទី២២ មករា ឆ្នាំ២០២០

មនុស្សទី៤

សូមអានខគម្ពីរដានីយ៉ែល ៣:១៩‑២៧។ តើមានអ្វីកើតឡើងនៅក្នុងខទាំងនេះ? តើមនុស្សទី៤នៅក្នុងភ្លើងនេះជាអ្នកណា?

ស្តេចនេប៊ូក្នេសាបានបោះសាដ្រាក់ មែសាក់ និងអ័បេឌ‑នេកោទៅក្នុងភ្លើង។ ប៉ុន្តែ ស្តេចនេ‑ប៊ូក្នេសាមានការងឿងឆ្ងល់នឹងរឿងមួយ។ ទ្រង់ទតឃើញមនុស្សទី៤នៅក្នុងឡភ្លើង! ស្តេចមានបន្ទូលថា មនុស្សទី៤នោះមើលទៅដូចជា «ព្រះរាជបុត្រានៃព្រះ» (ដានីយ៉ែល ៣:២៥)។

ស្តេចមិនអាចមានបន្ទូលលើសពីនោះបានទេ។ ប៉ុន្តែយើងដឹងយ៉ាងច្បាស់ថា មនុស្សទី៤នោះ​គឺជាព្រះយេស៊ូវ។ ព្រះយេស៊ូវដដែលនេះបានលេចមកជួបនឹងអ័ប្រាហាំមុនពេលដែលព្រះបានបំផ្លាញក្រុងសូដុំម និងកូម៉ូរ៉ា។ ព្រះយេស៊ូវដដែលនេះបានបោកចំបាប់ជាមួយនឹងយ៉ាកុបនៅឯស្ទឹងយ៉ាបុក។ ព្រះយេស៊ូវដដែលនេះក៏បានលេចមកជួបលោកម៉ូសេនៅក្នុងគុម្ពោតព្រៃដែលកំពុងឆេះដែរ។ មនុស្សទី៤នៅក្នុងឡភ្លើងបង្ហាញប្រាប់យើងអំពីតួអង្គព្រះយេស៊ូវមុនពេលដែលទ្រង់យាងមកប្រសូតនៅលើផែនដី។ ព្រះយេស៊ូវទ្រង់ឈរនៅក្នុងឡភ្លើងដើម្បីបង្ហាញប្រាប់យើងថា ព្រះទ្រង់ឈរនៅជាមួយនឹងរាស្ត្ររបស់ព្រះអង្គក្នុងទុក្ខលំបាករបស់ពួកគេ។

អ្នកស្រីអែល្លិន ជី វ៉ៃត៍ មានប្រសាសន៍ថា «ប៉ុន្តែ ព្រះអម្ចាស់មិនបំភ្លេចអ្នកបម្រើផ្ទាល់របស់ព្រះអង្គទេ។ ពួកគេគឺជាស្មរបន្ទាល់របស់ព្រះអង្គ។ មនុស្សរបស់ស្តេចបានបោះពួកគេចូលទៅក្នុងឡភ្លើង។ បន្ទាប់មក ព្រះអង្គសង្គ្រោះបានបង្ហាញអង្គទ្រង់ដល់សាដ្រាក់ មែសាក់ និងអ័បេឌ‑នេកោក្នុងរូបភាពជាមនុស្ស។ ពួកគេក៏បានដើរជុំវិញភ្លើងជាមួយនឹងព្រះអង្គ។ ព្រះយេស៊ូវគឺជាព្រះអម្ចាស់លើភាពក្តៅ និង​ភាពត្រជាក់។ នៅពេលដែលព្រះយេស៊ូវបានឈានចូលដល់ក្នុងភ្លើង អណ្តាតភ្លើងមិនអាចធ្វើឲ្យយុវបុរសទាំងបីឈឺចាប់ឡើយ»។ ដកស្រង់ពី​ Prophets and Kings, pages 508, 509, adapted។

ព្រះជាម្ចាស់មានបន្ទូលថា «កាល​ណា​ឯង​ដើរ​កាត់​ទឹក​ធំ នោះ​អញ​នឹង​នៅ​ជា​មួយ កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​ឯង​ឡើយ កាល​ណា​ឯង​លុយ​កាត់​ភ្លើង នោះ​ឯង​នឹង​មិន​ត្រូវ​រលាក ហើយ​អណ្តាត​ភ្លើង​ក៏​មិន​ឆាបឆេះ​ឯង​ដែរ» (អេសាយ ៤៣:២)។ រឿងនេះអស្ចារ្យខ្លាំងណាស់។ មនុស្សជាច្រើនចង់បានយ៉ាងដូច្នេះខ្លាំងណាស់។ ប៉ុន្តែជាការគួរឲ្យស្តាយ មិនមែនគ្រប់គ្នាសុទ្ធតែមានបទពិសោធន៍ដូចគ្នានោះទេ។ ជួនកាលមនុស្សខ្លះក៏ត្រូវស្លាប់ដោយសារសេចក្តីជំនឿរបស់ពួកគេដែរ។ ព្រះជាម្ចាស់ទ្រង់ពុំបានសំដែងបាដិហារ្យដើម្បីសង្គ្រោះពួកគេទេ។ មានមនុស្សជាច្រើនដែលបានស្លាប់ដោយសារ​សេចក្តីជំនឿរបស់ពួកគេ។ ក្នុងដានីយ៉ែលជំពូក ៣ ព្រះជាម្ចាស់ទ្រង់សំដែងបាដិហារ្យដើម្បីសង្គ្រោះសាដ្រាក់ មែសាក់ និងអ័បេឌ‑នេកោ។ ប៉ុន្តែ រឿងនោះមិនមែនចេះតែកើតឡើងជានិច្ចនោះទេ។

តើរាស្ត្រទាំងអស់របស់ព្រះអាចរំពឹងថា ព្រះអង្គសង្គ្រោះពួកគេពីបញ្ហាអ្វីខ្លះ? ដើម្បីរកចម្លើយ សូមអានខគម្ពីរកូរិនថូសទី១ ១៥:១២‑២៦។

ថ្ងៃព្រហស្បតិ៍ ទី២៣ មករា ឆ្នាំ២០២០

អាថ៌កំបាំងដើម្បីឲ្យមានសេចក្តីជំនឿរឹងមាំ

សូមគិតបន្ថែមទៀតអំពីសេចក្តីជំនឿរបស់លោកសាដ្រាក់ មែសាក់ និងអ័បេឌ‑នេកោ។ យើង អាចនឹងសួរខ្លួនឯងថា «តើយើងអាចនឹងមានសេចក្តីជំនឿដ៏រឹងមាំដូចជាពួកគេដោយរបៀបណា? តើអ្វីជាអាថ៌កំបាំងដើម្បីឲ្យមានសេចក្តីជំនឿនេះ?» សាដ្រាក់ មែសាក់ និងអ័បេឌ‑នេកោបានបដិសេធមិនថ្វាយបង្គំរូបចម្លាក់មាសនោះឡើយ។ ពួកគេសុខចិត្តព្រមឲ្យគេដុតពួកគេទាំងរស់។ ចូរសាកគិតលមើល ពួកគេអាចនឹងមានលេសល្អៗជាច្រើនដើម្បីឱនចុះនៅចំពោះរូបចម្លាក់។ ប៉ុន្តែ ពួកគេពុំបានធ្វើទេ។ ពួកគេបានឈរយ៉ាងរឹងមាំដើម្បីការពារសេចក្តីជំនឿរបស់ពួកគេ។

សូមអានបទគម្ពីរហេព្រើរជំពូក១១។ តើជំពូកនេះបង្រៀនយើងអ្វីខ្លះអំពីសេចក្តីជំនឿ? តើ​អ្វី​ទៅ​ជាសេចក្តីជំនឿពិតប្រាកដ?

តើលោកអ្នកចង់មានសេចក្តីជំនឿរឹងមាំដែរឬទេ? ដូច្នេះ រឿងដំបូងដែលលោកអ្នកត្រូវធ្វើគឺត្រូវសួរថា៖ តើអ្វីទៅជាសេចក្តីជំនឿ? មនុស្សខ្លះជឿថា សេចក្តីជំនឿគឺជាចម្លើយទៅនឹងសេចក្តីអធិដ្ឋានដែលពួកគេបានទទួលពីព្រះ។ ពួកគេបានទៅផ្សារហើយអធិដ្ឋានសូមឲ្យមានកន្លែងសម្រាប់ចតឡាន។ ប្រសិន​បើពួកគេមានកន្លែងចត នោះពួកគេជឿថាពួកគេកំពុងមានសេចក្តីជំនឿរឹងមាំ។ ប៉ុន្តែប្រសិនបើ​ពួកគេ​ទៅផ្សារ ហើយរកកន្លែងចតឡានមិនបានវិញ យ៉ាងដូចម្តេចដែរ? ព្រះមិនបានឆ្លើយតបនឹងសេចក្តីអធិដ្ឋានរបស់ពួកគេទេ។ ហេតុនោះ ពួកគេអាចនឹងគិតថា សេចក្តីជំនឿរបស់ពួកគេខ្សោយខ្លាំងណាស់។ ការ‑យល់ដឹងអំពីសេចក្តីជំនឿបែបនេះគឺគ្រោះថ្នាក់ខ្លាំងណាស់។ វាបានព្យាយាមបង្ខំព្រះឲ្យធ្វើអ្វីមួយដែល​យើងចង់បាន។ វាពុំបានជឿទុកចិត្តលើប្រាជ្ញា និងព្រះចេស្តារបស់ព្រះដែលទ្រង់អាចនឹងជ្រើសរើសព្រះពរពិសេសបំផុតសម្រាប់យើងនោះឡើយ។

មិត្តភក្តិរបស់លោកដានីយ៉ែលបានបង្ហាញប្រាប់យើងអំពីសេចក្តីជំនឿដ៏ពិត។ ពួកគេបាន​ស្គាល់​ព្រះ។ ពួកគេមានភាពជិតស្និទ្ធនឹងព្រះអង្គ។ ភាពជិតស្និទ្ធរបស់ពួកគេជាមួយនឹងព្រះជួយពួកគេ​ឲ្យជឿ​ទុកចិត្តកាន់តែពេញលេញឡើង។ សេចក្តីជំនឿពុំបានព្យាយាមបង្ខំព្រះឲ្យធ្វើអ្វីដែលយើងចង់បានឡើយ។ ដូចដែលយើងបានឃើញ មិត្តភក្តិទាំងបីនាក់របស់លោកដានីយ៉ែលពុំបានដឹងច្បាស់ថាតើព្រះនឹងធ្វើអ្វីដើម្បីនឹងជួយដល់ពួកគេឡើយ។ ប៉ុន្តែ ពួកគេបានសម្រេចចិត្តធ្វើរឿងដ៏ត្រឹមត្រូវ បើទោះបីជាពួកគេត្រូវ​ស្លាប់ក្តី។ គំរូរបស់ពួកគេបង្ហាញប្រាប់យើងអំពីសេចក្តីជំនឿដ៏ពិត។ ពិតមែនហើយ យើងបង្ហាញសេចក្តីជំនឿដ៏ពិតពេលដែលយើងអធិដ្ឋានទៅកាន់ព្រះអម្ចាស់សម្រាប់អ្វីៗដែលយើងចង់បាន។ ប៉ុន្តែ បន្ទាប់មកយើងក៏ត្រូវតែជឿទុកចិត្តថា ទ្រង់នឹងធ្វើអ្វីដែលប្រសើរបំផុតសម្រាប់យើងដែរ។ យើងអាចនឹងមិនយល់អំពីអ្វីដែលកើតឡើង និងមូលហេតុរបស់វាជានិច្ចទេ។ ប៉ុន្តែ យើងជឿទុកចិត្តលើព្រះគ្រប់ពេលវេលាតែម្តង។ នោះហើយទើបជាសេចក្តីជំនឿដ៏ពិតប្រាកដ។

តើយើងអាចបង្ហាញសេចក្តីជំនឿពីមួយថ្ងៃទៅមួយថ្ងៃដោយរបៀបណាខ្លះ បើទោះបីជាក្នុង «រឿង​តូចតាច» ក្តី? តើការធ្វើរឿងតូចតាចទាំងនេះជួយឲ្យសេចក្តីជំនឿរបស់យើងរឹងមាំកាន់តែខ្លាំងឡើងដោយរបៀបណាដែរ? តើរឿងទាំងនេះនឹងជួយឲ្យយើងត្រៀមខ្លួនសម្រាប់បញ្ហាធំៗនៅក្នុងអនាគតយ៉ាងដូចម្តេចដែរ? ហេតុអ្វីបានជាការសាកល្បងលើ «រឿងតូចតាច» គឺជាការសាកល្បងដ៏សំខាន់បំផុតដែរ?

ថ្ងៃសុក្រ ទី២៤ មករា ឆ្នាំ២០២០

សិក្សាបន្ថែម

«យើងអាចរៀនមេរៀនដ៏សំខាន់ជាច្រើនចេញពីយុវបុរសហេព្រើរទាំងបីនាក់នៅត្រង់វាលឌូរ៉ាបាន។ ក្នុងជំនាន់របស់យើង អ្នកបម្រើព្រះជាច្រើននាក់នឹងត្រូវរងទុក្ខវេទនាដោយសារសេចក្តីជំនឿរបស់ពួកគេ។ មានអ្នកខ្លះអាចនឹងធ្វើបាបពួកគេ។ ទុរជនទាំងនេះមានចិត្តអាក្រក់។ ពួកគេមានពេញដោយវិញ្ញាណខុសឆ្គងទាស់នឹងអ្នកបម្រើរបស់ព្រះ។ សាតាំងជាអ្នកគ្រប់គ្រងលើពួកគេ។ ពួកគេនឹងធ្វើឲ្យរាស្ត្ររបស់ព្រះឈឺចាប់ដោយព្រោះសេចក្តីជំនឿ។ ភាគច្រើនបំផុត ទុរជនទាំងនេះនឹងខឹងសម្បានឹងអស់អ្នកណាដែលរក្សាថ្ងៃសប្បាតហ៍ដ៏ពិត។ ទីបំផុត មនុស្សអាក្រក់ទាំងនេះនឹងបង្កើតច្បាប់មួយ។ ច្បាប់នោះនឹង​ចែងថា អស់អ្នកណាដែលរក្សាថ្ងៃសប្បាតហ៍នឹងត្រូវប្រហារជីវិត។

«នៅគ្រានោះ រាស្ត្ររបស់ព្រះនឹងត្រូវការសេចក្តីជំនឿដែលមិនងាករេ។ កូនរបស់ព្រះតោងតែបង្ហាញយ៉ាងច្បាស់ប្រាប់ទៅមនុស្សគ្រប់គ្នាថា ព្រះជាម្ចាស់តែមួយអង្គគត់ដែលពួកគេត្រូវថ្វាយបង្គំ។ រាស្ត្ររបស់ព្រះតោងតែបង្ហាញថា ពួកគេនឹងមិនមានអ្វីជាប់ទាក់ទងនឹងការថ្វាយបង្គំក្លែងក្លាយឡើយ។ គ្មានច្បាប់ ឬបញ្ញត្តិរបស់មនុស្សណាមានអំណាចជាងព្រះបន្ទូលរបស់ព្រះឡើយ។ ព្រះបន្ទូលរបស់ព្រះគឺជាព្រះគម្ពីរ។ ព្រះបន្ទូលគង់វង្សស្ថិតស្ថេរជារៀងរហូត។ មនុស្សស្មោះត្រង់របស់ព្រះនឹងស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះអង្គ បើទោះបីជាពួកគេត្រូវចាប់ដាក់គុក ឬប្រហារជីវិតក្តី»។ ដកស្រង់ពី Ellen G. White, Prophets and Kings, pages 512, 513 adapted។


សំនួរពិភាក្សា៖
  1. សូមអានពេត្រុសទី១ ១:៣‑៩។ ហេតុអ្វីបានជាព្រះជាម្ចាស់សង្គ្រោះមនុស្សខ្លះពីបញ្ហា និងមិនសង្គ្រោះ​អ្នកខ្លះផ្សេងទៀត? តើយើងពិតជាអាចឆ្លើយនឹងសំណួរនេះក្នុងជីវិតនេះហើយឬនៅ? ហេតុអ្វីបានជាយើង​​ ត្រូវបន្តជឿទុកចិត្តលើសេចក្តីស្រឡាញ់របស់ព្រះ បើទោះបីជាទ្រង់មិនសំដែងបាដិហារ្យសង្គ្រោះយើងក្តី?

  2. ចុះប្រសិនបើរឿងឡភ្លើងបានបញ្ចប់តាមរបៀបផ្សេងទៀតវិញយ៉ាងដូចម្តេចដែរ? ចុះប្រសិនបើយុវបុរសហេព្រើរទាំងបីនាក់ស្លាប់វិញយ៉ាងដូចម្តេចដែរ? តើយើងអាចរៀនបានមេរៀនអ្វីវិញ? ​
  3. ​​
  4. ចូរគិតអំពីសំណួរដ៏សំខាន់បំផុតដែលយើងត្រូវឆ្លើយនៅគ្រាចុងក្រោយ៖ តើយើងនឹងថ្វាយបង្គំអ្នកណា? តើចម្លើយទៅនឹងសំណួរនេះបង្ហាញប្រាប់យើងអ្វីខ្លះអំពីថ្ងៃសប្បាតហ៍? តើថ្ងៃសប្បាតហ៍សំខាន់យ៉ាងដូចម្តេចដែរ? ​

  5. សូមអានអំពីបន្ទូលរបស់ព្រះយេស៊ូវនៅក្នុងខគម្ពីរលូកា ១៦:១០។ តើបន្ទូលរបស់ព្រះយេស៊ូវជួយយើងយ៉ាងដូចម្តេចខ្លះឲ្យយល់អំពីរបៀបដែលយើងអាចរស់នៅតាមសេចក្តីជំនឿ? ​
  6. ​​
  7. ស្តេចនេប៊ូក្នេសាមានបន្ទូលទៅកាន់មិត្តភក្តិរបស់លោកដានីយ៉ែលថា៖ «តើ​មាន​ព្រះ​ឯ​ណា​ដែល​អាច​នឹង​ដោះ​ឯង​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​យើង​បាន?» (ដានីយ៉ែល ៣:១៥)។ តើលោកអ្នកនឹងឆ្លើយតបយ៉ាងដូចម្តេចដែរ? ​
Powered by CAM