សូមអានខគម្ពីរកូរិនថូសទី២ ១០៖៥, ៦; សុភាសិត ១៖៧ និងសុភាសិត ៩៖១០។ តើហេតុអ្វី បានជាវាសំខាន់ដែលយើងត្រូវស្តាប់បង្គាប់ព្រះយេស៊ូវនៅក្នុងគំនិតរបស់យើង? តើហេតុអ្វីបានជាប្រាជ្ញាចាប់ផ្តើមពីការស្តាប់បង្គាប់ដល់ព្រះអម្ចាស់?
ព្រះបានប្រទានអោយយើងនូវជំនាញដើម្បីពិចារណា និងដើម្បីអោយបានយល់។ គ្រប់យ៉ាងដែលយើងធ្វើ និងគ្រប់ទាំងការបង្រៀនទាំងឡាយនៃព្រះគម្ពីររបស់យើងបង្ហាញថា យើងមានអំណាចក្នុងការវែកញែក។ បន្ទាប់ពីឆ្នាំ១,៧០០ មនុស្សបានផ្តល់អំណាចទៅលើការវែកញែកនៃមនុស្សជាតិលើសជាងហេតុផលដែលព្រះចង់អោយមាន។ ហេតុផលរបស់មនុស្សគឺមានកម្រិត។ វាពុំអាចជួយយើងអោយ យល់គ្រប់យ៉ាងបាននោះទេ។ អំណាចនៃហេតុផលរបស់យើងក៏ពុំអាចឆ្លើយតបទៅគ្រប់សំណួរទាំងឡាយរបស់យើង ឬដោះស្រាយគ្រប់ទាំងបញ្ហារបស់យើងនោះទេ។
មនុស្សខ្លះជឿថា ហេតុផលរបស់មនុស្សគឺជាគ្រឹះសម្រាប់អស់ទាំងចំណេះដឹង។ ពួកគេជឿថា មានតែហេតុផលរបស់មនុស្សតែប៉ុណ្ណោះដែលអាចជួយយើងអោយយល់ពីគ្រប់ទាំងសេចក្តីពិត។ ពួកគេក៏ជឿថា មានតែហេតុផលរបស់មនុស្សតែប៉ុណ្ណោះ ដែលមានអំណាចដើម្បីសម្រេចថាអ្វីដែលត្រូវហើយនិងខុស។ ពួក គេលើកហេតុផលរបស់មនុស្សអោយមានអំណាចជាងព្រះគម្ពីរ។ ក្នុងអំឡុងនៃឆ្នាំ ១,៧០០ មនុស្សបានបោះ បង់ចោលអ្វីគ្រប់យ៉ាងដែលពួកគេពុំអាចបកស្រាយដោយប្រើហេតុផល។ ពួកគេបានសង្ស័យពីអ្វីគ្រប់យ៉ាងដែលពួកគេពុំអាចបកស្រាយបាន។ ដូច្នេះ ពួកគេបានផ្លាស់ប្តូរទស្សនៈរបស់ពួកគេចំពោះព្រះគម្ពីរ។ ពួកគេបានបពា្ឈប់ការជឿទៅលើបាដិហារ្យនៃព្រះគម្ពីរ។ ពួកគេពុំជឿព្រះយេស៊ូវបានរស់ពីសុគតនៅក្នុងរាងកាយដ៏ពិតប្រាកដមួយនោះទេ។ ពួកគេបានបពា្ឈប់ការជឿដែលព្រះវិញ្ញាណបរិសុទ្ធបានដាក់ទារកព្រះយេស៊ូវទៅក្នុងរូបកាយរបស់នាងម៉ារី។ អ្នកទស្សនវិទូទាំងនេះក៏បពា្ឈប់ការជឿថា ព្រះបានបង្កើតផែនដីនៅក្នុងរយៈពេល៦ថ្ងៃផងដែរ។ ពួកគេពុំទុកចិត្តលើព្រះគម្ពីរទៀតនោះទេ។
សូមចងចាំថា អំពើបាបបានធ្វើអោយហេតុផលរបស់យើងអន់ថយទៅ។ ដូច្នេះ យើងត្រូវតែអោយព្រះយេស៊ូវគ្រប់គ្រងលើចិត្តគំនិតរបស់យើង។ យើងពុំបានយល់ពីអ្វីៗតាមរបៀបដែលយើងគួរតែយល់នោះទេ។ ចិត្តរបស់យើងបានដាច់ចេញពីព្រះទៅ (អេភេសូរ ៤៖១៨)។ ដូច្នេះ យើងត្រូវការព្រះគម្ពីរដើម្បីព្យាបាលចិត្តគំនិត និងផ្តល់នូវការយល់ដឹងដល់យើងឡើងវិញ។ ព្រះបានបង្កើតយើងហើយទ្រង់បាន ប្រទានអំណាចដើម្បីវែកញែក និងពិចារណា។ ដូច្នេះ ការនោះគួរតែប្រាប់យើងដែរថា ការយល់ដឹងរបស់យើងពុំមែនជាអ្វីដែលធ្វើការដាច់ពីព្រះនោះទេ។ «សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធនោះគឺជាយោបល់» (សុភាសិត ៩៖១០, សុភាសិត ១៖៧)។ នៅ ពេលដែលយើងទទួលយក ហើយធ្វើតាមព្រះគម្ពីរ នោះយើងអាចវែកញែកបានយ៉ាងត្រឹមត្រូវ។
ពីរបីរយឆ្នាំមុនប្រធានាធិបតីនៃសហរដ្ឋអាមេរិក ថូម៉ាស ជេហ្វឺសុន (Thomas Jefferson) បានធ្វើច្បាប់ចម្លងនៃគម្ពីរសញ្ញាថ្មីដោយខ្លួនឯង។ លោកបានលុបចោលអ្វីគ្រប់យ៉ាងដែលលោកបានគិត ថាវាប្រឆាំងទាស់នឹងហេតុផល។ លោកបានលុបចោលបាដិហារ្យរបស់ព្រះយេស៊ូវ និងសេចក្តីពិតអំពីការ រស់ឡើងវិញរបស់ទ្រង់។ តើ «គម្ពីរ» របស់ប្រធានាធិបតី ថូម៉ាស ជេហ្វឺសុន បង្រៀនយើងអ្វីខ្លះ អំពីដែន កំណត់នៃហេតុផលរបស់មនុស្ស? តើហេតុអ្វីបានជាវាពុំអាចជួយអោយយល់ពីគ្រប់ទាំងសេចក្តីពិតបាន?
ថ្ងៃព្រហស្បតិ៍ ទី២៣ មេសា ឆ្នាំ២០២០
ព្រះគម្ពីរ
ព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំមនុស្សអោយសរសេរព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះ។ ដូច្នេះ យើងអាចជឿទុកចិត្តលើព្រះគម្ពីរជាមគ្គុទេសក៍សម្រាប់ជីវិតរបស់យើងបាន។ ព្រះវិញ្ញាណបរិសុទ្ធមិនដែលដឹកនាំយើងអោយជឿលើអ្វីមួយដែលទាស់នឹងព្រះបន្ទូលនៃព្រះនោះទេ។ ព្រះវិញ្ញាណក៏មិន ដែលដឹកនាំយើងអោយឃ្លាតឆ្ងាយពីព្រះបន្ទូលនៃព្រះផងដែរ។ ចំពោះគ្រីស្ទបរិស័ទនៃគណៈសេវេនដេយអាត់វេនទីស្ទព្រះគម្ពីរមានអំណាចលើសជាងប្រពៃណី ឬរបៀបដែលត្រូវបានអនុវត្តជាយូរមកហើយទៅទៀត។ សម្រាប់យើង ព្រះគម្ពីរក៏មានអំណាចលើសជាងបទពិសោធន៍ ហេតុផល និងវប្បធម៌ផងដែរ។ មានតែព្រះគម្ពីរតែមួយគត់គឺជាការសាកល្បងសម្រាប់អ្វីៗទាំងអស់ក្នុងជីវិត។ ព្រះគម្ពីរជួយយើងអោយសម្រេចនូវអ្វីដែលល្អ និងត្រឹមត្រូវ។
សូមអានខគម្ពីរយ៉ូហាន ៥៖៤៦, ៤៧ និងយ៉ូហាន ៧៖៣៨។ តើចម្លើយឆ្លើយតបទៅគ្រប់ទាំងសំណួរនៃព្រលឹងវិញ្ញាណចេញមកពីណាសម្រាប់ព្រះយេស៊ូវ? តើព្រះគម្ពីរបង្ហាញថា ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះដ៏ពិតប្រាកដដោយរបៀបណា?
មនុស្សមួយចំនួននិយាយថា ព្រះវិញ្ញាណបរិសុទ្ធបានប្រទានដល់ពួកគេនូវបទទំនាយ និងសេចក្តីពិត។ ប៉ុន្តែ សាររបស់ពួកគេបានទាស់នឹងសេចក្តីពិតនៃព្រះគម្ពីរ។ មនុស្សទាំងនេះលើក «ព្រះ វិញ្ញាណបរិសុទ្ធ» ធំជាងព្រះគម្ពីរ។ នៅពេលដែលយើងទាស់នឹងព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះ ព្រមទាំងសេចក្តីបង្រៀនយ៉ាងច្បាស់លាស់របស់ព្រះគម្ពីរផងនោះយើងកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ហើយ។ ព្រះវិញ្ញាណបរិសុទ្ធមិនដែលនាំយើងអោយឃ្លាតឆ្ងាយពីសេចក្តីពិតនៃព្រះគម្ពីរនោះទេ។ ព្រះគម្ពីរគឺជាខែលនៃព្រលឹងវិញ្ញាណរបស់យើង។ មានតែព្រះគម្ពីរមួយគត់ដែលអាចទុកចិត្តបាន ដើម្បីបង្ហាញយើងពីអ្វីដែលត្រូវជឿ និងអនុវត្ត។
«ព្រះវិញ្ញាណបរិសុទ្ធប្រើព្រះគម្ពីរ ដើម្បីបង្ហាញយើងពីសេចក្តីពិត។ បែបនេះព្រះវិញ្ញាណបរិសុទ្ធបង្ហាញយើងពីអ្វីដែលខុសឆ្គង ហើយជួយយើងអោយដកវាចេញពីចិត្តរបស់យើង។ ព្រះវិញ្ញាណបរិសុទ្ធគឺជាសេចក្តីពិតនៃព្រះវិញ្ញាណ។ ព្រះគ្រីស្ទធ្វើការនៅក្នុងយើងតាមរយៈព្រះវិញ្ញាណនៃទ្រង់ ដើម្បីជួយដល់រាស្ត្រជ្រើសតាំងរបស់ព្រះអង្គ អោយថ្វាយជីវិតរបស់ពួកគេទៅឯទ្រង់វិញ»។ ដកស្រង់ពីសៀវភៅរបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ The Desire of Ages, page 671, adapted។
យើងពុំគួរគិតថា ព្រះវិញ្ញាណបរិសុទ្ធជំនួសអោយព្រះគម្ពីរនោះទេ។ ទេ ព្រះវិញ្ញាណបរិសុទ្ធធ្វើការជាមួយព្រះគម្ពីរដើម្បីនាំទៅឯព្រះយេស៊ូវ។ ព្រះគម្ពីរបង្រៀនយើងពីសេចក្តីពិត (សូមអានខគម្ពីរ ធីម៉ូថេទី១ ៤៖៦)។ ដូច្នេះ យើងអាចទុកចិត្តលើព្រះបន្ទូលនៃព្រះ ព្រមទាំងទទួលយកវាយ៉ាងពេញលេញ ផង។ វាពុំមែនជាកិច្ចការរបស់យើងក្នុងការវិនិច្ឆ័យលើព្រះគម្ពីរនោះទេ។ ប៉ុន្តែ ព្រះបន្ទូលនៃព្រះមានអំណាចក្នុងការវិនិច្ឆ័យយើង ព្រមទាំងចិត្តគំនិតរបស់យើងផង។ ព្រះគម្ពីរមានអំណាចនេះ ដោយសារតែវាគឺជាពាក្យដែលត្រូវបានសរសេរដោយព្រះ។
តើហេតុអ្វីបានជាព្រះគម្ពីរគឺជាមគ្គុទ្ទេសក៍ដ៏មានសុវត្ថិភាព? តើព្រះគម្ពីរអាចជួយយើងអោយឆ្លើយតបទៅនឹងសំណួរខាងឯព្រលឹងវិញ្ញាណបានប្រសើរជាងគំនិត និងអារម្មណ៍ផ្ទាល់ខ្លួនរបស់យើងដោយរបៀបណា? តើយើងនឹងមានគ្រោះថ្នាក់អ្វី ប្រសិនបើយើងមិនទទួលយកព្រះគម្ពីរជាគោលការ និងការសាកល្បងរាល់ការបង្រៀននិងបទពិសោធន៍?
ថ្ងៃសុក្រ ទី២៤ មេសា ឆ្នាំ២០២០
សិក្សាបន្ថែម
សូមអាន Ellen G. White, “The Scriptures a Safeguard,” pages 593-602, in The Great Controversy។
ប្រពៃណីគឺជារបៀបដែលត្រូវបានអនុវត្តជាយូរមកហើយ។ ប្រពៃណីតែងតែជាផ្នែកដ៏ធំមួយនៃរបៀបដែលយើងគិត និងយល់អំពីព្រះគម្ពីរ។ ដូចគ្នាទៅនឹងបទពិសោធន៍ ហេតុផល និងវប្បធម៌ផងដែរ។ សំណួរសំខាន់ដែលយើងត្រូវសួរខ្លួនឯងនោះគឺ៖ តើចំណុចមួយណាដែលចុងក្រោយនិយាយស្របតាម អ្វីដែលយើងជឿ? វាគឺជាអ្វីមួយដែលនិយាយថា ព្រះគម្ពីរមានគុណតម្លៃ។ យើងត្រូវការធ្វើយ៉ាងដូច្នោះ។ ប៉ុន្តែ យើងក៏ត្រូវតែអនុញ្ញាតអោយព្រះគម្ពីរផ្លាស់ប្តូរជីវិតរបស់យើងដោយមានជំនួយពីព្រះវិញ្ញាណបរិសុទ្ធផងដែរ។
វប្បធម៌ បទពិសោធន៍ ហេតុផល និងប្រពៃណីមិនអាក្រក់នោះទេ។ ប៉ុន្តែ ពួកវាបានក្លាយមកជាបញ្ហានៅពេលដែលពួកយើងប្រឆាំងទាស់ការបង្រៀនយ៉ាងច្បាស់លាស់នៃព្រះគម្ពីរ។ អ្វីដែលអាក្រក់ជាង នេះទៅទៀត គឺនៅពេលដែលយើងលើកការទាំងនេះសំខាន់ជាងព្រះគម្ពីរ។ នៅពេលដែលយើងក្រឡេកមើលប្រវត្តិសាស្ត្រនៃគម្ពីរសញ្ញាចាស់ និងគម្ពីរនៃសញ្ញាថ្មី យើងឃើញពីការអាក្រក់ដែលបានកើតឡើង ចំពោះរាស្ត្ររបស់ព្រះនៅពេលដែលពួកគេបានជំនួសការបង្រៀនរបស់ព្រះជាមួយនឹងគំនិតនៃមនុស្ស។
សំនួរពិភាក្សា៖
- ព្រះបញ្ជាយើងអោយស្រឡាញ់ទ្រង់ដោយអស់ពីចិត្ត ព្រលឹង និងគំនិតរបស់យើង (ម៉ាថាយ ២២៖៣៧-៤០។ យើងក៏ត្រូវតែស្រឡាញ់អ្នកជិតខាងរបស់យើងផងដែរ។ តើហេតុអ្វីបានជាវាងាយស្រួលក្នុងការអនុវត្តតាមប្រពៃណីរបស់មនុស្សជាជាងការអនុវត្តតាមច្បាប់របស់ព្រះ?
- តើប្រពៃណីគួរតែមានអំណាចប៉ុនណាដែរនៅក្នុងព្រះវិហាររបស់យើង? តើព្រះពរអ្វីខ្លះដែលបានមកពីការអនុវត្តតាមប្រពៃណី? តើអ្វីខ្លះជាបញ្ហា?
- តើយើងដែលជាក្រុមជំនុំម្នាក់អាចធ្វើយ៉ាងដូចម្តេច ដើម្បីអោយប្រាកដថា ប្រពៃណីនឹងមិនសំខាន់ជាងព្រះគម្ពីរនោះទេ? ទន្ទឹមនឹងនេះ តើយើងអាចប្រាកដបានថា ប្រពៃណីជាចុងក្រោយនឹងមិនប៉ះពាល់ដល់ការសម្រេចចិត្តរបស់យើងដែលជាគ្រីស្ទបរិស័ទដោយរបៀបណាដែរ?
- ប្រសិនបើមានអ្នកណាម្នាក់បាននិយាយថាព្រះបានមានបន្ទូលមកកាន់គាត់ ឬក្នុងសុបិនរបស់គាត់ដោយមានបន្ទូលថា ថ្ងៃអាទិត្យគឺជាថ្ងៃឈប់សម្រាកដ៏ពិតប្រាកដ។ តើយើងនឹងឆ្លើយតបទៅគាត់វិញយ៉ាងដូចម្តេច? តើរឿងនេះបង្រៀនយើងយ៉ាងដូចម្តេច អំពីបទពិសោធន៍? តើហេតុអ្វីបានជាបទពិសោធន៍ចាំបាច់ត្រូវស្របតាមព្រះគម្ពីរ?
- និយាយអំពីវប្បធម៌ដែលយើងមាន។ តើវប្បធម៌អាចធ្វើអោយជំនឿរបស់យើងកាន់តែល្អប្រសើរដោយរបៀបណា? តើវប្បធម៌អាចធ្វើអោយជំនឿរបស់យើងចុះខ្សោយដោយរបៀបណាដែរ? តើឧទាហរណ៍អ្វីខ្លះដែលយើងអាចឃើញនៅក្នុងប្រវត្តិសាស្ត្រពីរបៀបដែលប្រពៃណីបានធ្វើអោយក្រុមជំនុំឈឺចាប់? តើយើងអាចរៀនអ្វីខ្លះពីកំហុសរបស់យើងពីអតីតកាល ដើម្បីជៀសវាងកុំអោយមានកំហុសដដែលនៅពេលបច្ចុប្បន្ន?
រឿងខ្លី
កញ្ចប់ដែលមិនបានដឹងជាមុននៅហ្វាំងឡង់
ធីម៉ូ ហ្វ្លីង (Timo Flink) ដែលមានអាយុ៦ឆ្នាំបានមើលទៅរូបភាពនៃការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវនៅក្នុងសៀវភៅរឿងនៃព្រះគម្ពីររបស់លោក អ័រធឺរ ម៉ាក់វែល (Arthur Maxwell)។ គាត់បានសម្លឹងទៅឯព្រះយេស៊ូវដែលកំពុងតែអង្គុយនៅលើដុំពពកជាមួយពពួកទេវតា។ ហ្វ្លីងបានគិតនៅក្នុងចិត្តថា ខ្ញុំចង់ទៅនៅជាមួយពពួកទេវតាដែរ។
ពេលដែលគាត់មានវ័យជំទង់គាត់ចង់បម្រើព្រះដែរ ប៉ុន្តែគាត់ត្រូវបានបង្អាក់ដោយកុំព្យូទ័រ។ នៅពេលគាត់បានរៀនអោយក្លាយជាវិស្វករផ្នែកកម្មវិធីម្នាក់គាត់ក៏បានចូលរួមជាមួយក្រុមយុវជនដែលបានពិភាក្សាព្រះគម្ពីរជារៀងរាល់ល្ងាចថ្ងៃសុក្រជាមួយលោកគ្រូគង្វាលម្នាក់ផងដែរ។
មិនយូរប៉ុន្មាន ក្រុមនេះបានចូលប្រឡូកក្នុងការជជែកវែកញែកអំពីពិធីបុណ្យជ្រមុជទឹកអោយទារក។ ព្រះវិហាររបស់ហ្វ្លីងបានធ្វើពិធីបុណ្យជ្រមុជទឹកដល់ទារក រីឯក្មេងជំទង់ៗដែលជាក្រុមនៃព្រះវិហារថ្ងៃអាទិត្យដទៃទៀតបានប្រារព្ធធ្វើពិធីបុណ្យជ្រមុជទឹកដោយប្រោះ។ ហ្វ្លីងមានការភ្ញាក់ផ្អើលជាខ្លាំងដែលលោកគ្រូគង្វាលរបស់គាត់បានយល់ស្របលើការជ្រមុជទឹកដល់ទារក ប៉ុន្តែ មិនអាចអះអាងនូវការអនុវត្ពពីព្រះគម្ពីរបានទេ។
នៅពេលនោះ ហ្វ្លីងបានចូលរួមនៅក្នុងក្រុមសិក្សានៃកណ្ឌគម្ពីរវិវរណៈ។ គាត់មានអារម្មណ៍ថា កណ្ឌគម្ពីរនេះសំខាន់ណាស់ ប៉ុន្តែ គាត់មិនអាចយល់ពីវាបានទេ។ គាត់បានអធិស្ឋានដើម្បីអោយបានយល់។ នៅពេលដែលគាត់កំពុងតែច្របូកច្របល់ខ្លាំងបំផុត គាត់បានទៅលេងឪពុកម្តាយរបស់គាត់ក្នុងអំឡុងពេលសម្រាកនិទាឃរដូវ។ នៅពេលដែលកំពុងតែអង្គុយចុះញុាំបាយគាត់ភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលឃើញសៀវភៅមួយក្បាល។ ឪពុករបស់គាត់មិនមែនជាអ្នកអានសៀវភៅច្រើននោះទេ ម្ល៉ោះហើយគាត់ឆ្ងល់ថា ហេតុអ្វីបានជាឪពុករបស់គាត់មានសៀវភៅនៅទីនេះ។ គាត់ក៏សួរថា «លោកប៉ា នេះជាសៀវភៅអ្វី?»។ ឪពុករបស់គាត់បានតបថា «អ្នកនាំសំបុត្របានយកវាមកអោយកាលពីម្សិលមិញសាច់ញាតិដែលនៅឆ្ងាយបានផ្ញើវាមក»។
ហ្វ្លីងបានពិនិត្យមើលសៀវភៅនោះកាន់តែជិត។ ចំណងជើងនៃសៀវភៅនោះគឺមហាវិវាទ រួចគាត់បានអានអក្សរតូចៗនៅលើក្របសរសេរថា «បទទំនាយពីចាស់បុរាណកំពុងតែក្លាយជាការពិតហើយ»។ នៅពេលនោះ គាត់បាននឹកចាំពីរូបភាពនៃការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវកាលពីគាត់នៅជាកុមារ។ បីថ្ងៃក្រោយមកគាត់បានអានសៀវភៅនោះចប់។ វាបានឆ្លើយតបរាល់សំណួររបស់គាត់ដែលទាក់ទងនឹងកណ្ឌគម្ពីរវិវរណៈ ហើយនិងការជ្រមុជទឹកអោយទារក។ គាត់បានគិតនៅក្នុងចិត្តថា នេះគឺជាអ្វីដែលខ្ញុំកំពុងតែស្វែងរក។
ហ្វ្លីងបានអានសៀវភៅនោះម្តងទៀតនៅរដូវក្តៅ និងជាលើកទី៣នៅរដូវស្លឹកឈើជ្រុះ។ បន្ទាប់មកគាត់បានឃើញកាសែតនៃការប្រកាសសម្រាប់វគ្គសិក្ខាសាលានៃកណ្ឌគម្ពីរដានីយ៉ែលនៅឯព្រះវិហារអាត់វេនទីស្ទ។ ដោយគាត់ធ្លាប់បានអានសៀវភៅអំពីនិកាយអាត់វេនទីស្ទនៅក្នុងសៀវភៅមហាវិវាទ គាត់ក៏បានសម្រេចចិត្តទៅចូលរួម។ គាត់បានធ្វើពិធីជ្រមុជទឹក។ អត្ថបទអំពីពិធីបុណ្យជ្រមុជទឹករបស់គាត់បានលេចចេញនៅក្នុងទស្សនាវដ្តីព្រះវិហារមួយដែលផ្សព្វផ្សាយការប្រកាសអំពីបេក្ខជនដែលធ្វើពិធីបុណ្យជ្រមុជទឹកទាំងអស់។ នៅឯនាយនៃប្រទេសហ្វាំងឡង់សាច់ញាតិឆ្ងាយដែលបានផ្ញើសៀវភៅនោះបានអរសប្បាយចំពោះដំណឹងនេះ។