ថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ទំនុកដំកើង ៥៣៖១; វិវរណៈ ១៤៖៦, ៧; អេភេសូរ ៦៖១២; យ៉ូហាន ១៖១-១៤; ចោទិយកថា ៦៖៥។
ខចងចាំ៖ «ព្រះនេត្រនៃព្រះយេហូវ៉ានៅគ្រប់អន្លើ ក៏យាមមើលឃើញទាំងអស់ ទោះទាំងអាក្រក់នឹងល្អផង» (សុភាសិត ១៥៖៣)។
លោកជេស្លាវ មីឡូស្ស (Czeslaw Milosz) ដែលជាកវីនិពន្ធក៍ជនជាតិប៉ូឡូញបានសរសេរកំណាព្យអំពីសត្វតាមបែបស្រមើស្រមៃថា៖ ទន្សាយចេះនិយាយ កំប្រុកចេះនិយាយ និងមានសត្វដទៃទៀតជាច្រើន។ បន្ទាប់មក លោកមីឡូស្សបានប្រៀបធៀបសត្វស្រមើស្រមៃទាំងនេះជាមួយនឹងគោលគំនិតរបស់យើងអំពីជីវិត។ លោកមីឡូស្សបាននិយាយថា «គោលគំនិតរបស់យើងអំពីជីវិតមិនខុសគ្នាប៉ុន្មានពីសត្វទាំងនេះនោះទេ»។ បន្ទាប់មក លោកមីឡូស្សបានសរសេរទៀតថា «គោលគំនិតនេះអាចធ្វើអោយយើងមានការភ័យខ្លាចជាខ្លាំងនៅពេលដែលយើងគិតអំពីរឿងនេះ» Adapted។
គោលគំនិតជាច្រើនដែលមនុស្សលោកមានជំនឿអំពីជីវិតគឺសុទ្ធតែមិនត្រឹមត្រូវ។ ឧទាហរណ៍៖ ពួកអ្នកប្រាជ្ញ និងអ្នកមានចំណេះដឹងខ្ពង់ខ្ពស់បានយល់ខុសអំពីផែនដីនេះអស់រយៈពេលជាង២០០០ឆ្នាំមកហើយ។ ពួកគេបានគិតថា ផែនដីត្រូវអណ្តែតនៅលើលំហទទេធេង និងមិនមានចលនានោះទេ។ មនុស្សក៏បានគិតផងដែរថា ផែនដីស្ថិតនៅចំចំណុចកណ្តាលនៃហ្វូងផ្កាយ និងភពទាំងអស់នៅលើលំហទទេធេង។ ឥឡូវនេះយើងបានដឹងថា គោលគំនិតនេះគួរអោយអស់សំណើចមែន។ ប៉ុន្តែ តើមនុស្សលោកសម័យសព្វថ្ងៃពិតជាខុសគ្នាពីពួកគេទាំងនោះឬ? សព្វថ្ងៃនេះពួកអ្នកប្រាជ្ញ និងអ្នកចេះដឹងបានជឿថា ជីវិតរបស់មនុស្សលោកបានចាប់ផ្តើមចេញពីកោសិកាធម្មតាមួយ។
ក្នុងនាមជាមនុស្សជាតិ យើងបានក្រឡេកមើលផ្លូវជីវិតទាំងឡាយ និងគោលគំនិតខុសៗគ្នាអំពីជីវិត។ គោលគំនិត និងបទពិសោធន៍របស់យើងបានផ្លាស់ប្តូរការយល់ដឹងចំពោះជីវិតរបស់យើង។ ការយល់ដឹងចំពោះ ជីវិតរបស់យើងត្រូវបានគេហៅថា លោកទស្សន៍របស់យើង (ទស្សនៈយល់ដឹងអំពីពិភពលោករបស់យើង)។ ទស្សនៈរបស់យើងមានសារៈសំខាន់ដែលយើងអាចបង្រៀនមនុស្សវ័យក្មេង និងសមាជិក ព្រះវិហារដែលមានវ័យចំណាស់អំពីការបង្រៀនរបស់ព្រះគម្ពីរ ឬលោកទស្សន៍។ សប្តាហ៍នេះ យើងនឹងក្រឡេកមើលអំពីមេរៀនដែលព្រះគម្ពីរបានបង្រៀនយើងអំពីទស្សនៈរបស់ព្រះចំពោះជីវិត។
ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០
ក្នុងព្រះនេត្ររបស់ព្រះ
សាស្រ្ដាចារ្យនៅសកលវិទ្យាល័យអុកហ្វដម្នាក់បានបង្កើតគោលគំនិតនេះថា៖ គ្មានអ្វីពិតនោះទេ។ ត្រង់នេះរាប់បញ្ចូលទាំងខ្លួនយើង ផែនដី និងអ្វីៗដែលនៅជុំវិញយើង។ ប្រសិនបើយើងមិនពិតនោះទេ តើយើងជាអ្វីទៅវិញ? សូមសួរសំណួរនេះទៅកាន់សាស្ត្រាចារ្យនៅសកលវិទ្យាល័យអុកហ្វដវិញ។ តើចម្លើយរបស់គាត់យ៉ាងណាទៅវិញ? យើងពិតជាត្រូវបានបង្កើតឡើងដោយក្រុមមនុស្សដែលមានអំណាចខ្លាំងពូកែពីលំហទទេធេងជាមួយនឹងកុំព្យូទ័រដែលមានថាមពលខ្លាំង។ យើងពិតជា «រស់នៅ» នៅក្នុងកុំព្យូទ័រនិងគ្រាន់តែជារូបភាពនៃកុំព្យូទ័រនោះប៉ុណ្ណោះ។
នោះគឺជាគោលគំនិតគួរអោយអស់សំណើច។ ទន្ទឹមនឹងនេះគោលគំនិតនេះបានលើកជាសំណួរដ៏សំខាន់មួយថា៖ តើអ្វីទៅជាការពិត?
មានចម្លើយ២ដែលអាចលើកមកបកស្រាយទៅលើសំណួរមួយនេះ។ ទី១ មានទស្សនៈមួយថា របស់គ្រប់យ៉ាងត្រូវបានកើតឡើងដោយឯកឯង។ គ្មានអ្នកណាម្នាក់ជាអ្នកបង្កើតនោះទេ។ របស់គ្រប់យ៉ាង គឺមានឡើងដោយខ្លួនឯង។ គ្មានព្រះនោះទេ។ របស់ពិតគឺជាអ្វីដែលយើងអាចមើលឃើញ ពាល់បាន និងមានបទពិសោធន៍។ នេះពុំមែនជាអ្វីដែលថ្មីនោះទេ។ ខណៈដែលមនុស្សម្នាក់បាននិយាយតាំងតែពី២៥០០ឆ្នាំមុនថា «មានអាតូម ឬបំណែកតូចល្អិតៗបំផុត ក្រៅពីនោះគ្មានអ្វីផ្សេងទៀតទេ»។ អ្វីដែលបុគ្គលនេះកំពុងតែនិយាយនោះគឺថា របស់ដែលពិតនោះគឺជារបស់ណាដែលយើងអាចដកបទពិសោធន៍បានតែប៉ុណ្ណោះ។
ទស្សនៈទី២គឺថា មានព្រះមួយចំនួនបានបង្កើតអោយមានរបស់សព្វសារពើ។ គោលគំនិតនេះ អាចទទួលយកបានជាងគោលគំនិតទី១ដែលថា របស់ទាំងអស់កើតឡើងដោយឯកឯង ប៉ុន្តែយើងពុំអាចបកស្រាយថា គោលគំនិតទី១អាចទៅរួចបានដោយរបៀបណានោះទេ។ គោលគំនិតទី២បានបកស្រាយអំពីមូលហេតុសម្រាប់ធម្មជាតិ និងរបស់សព្វសារពើនៅជុំវិញយើង។ រឿងនោះរួមបញ្ចូលទាំងមាន «អាតូម ឬបំណែកតូចល្អិតៗបំផុត ក្រៅពីនោះគ្មានអ្វីផ្សេងទៀតទេ»។ ប៉ុន្តែទស្សនៈនេះក៏រាប់បញ្ចូលទាំងរបស់អ្វីៗផ្សេងជាច្រើនបន្ថែមទៀតដែរ។ វាពុំមែនកំណត់ត្រឹមតែអ្វីដែលយើងមើលឃើញនោះទេ តែរាប់ទាំងរបស់គ្រប់យ៉ាងដែលយើងពុំអាចមើលឃើញផងដែរ។
សូមអានខគម្ពីរទំនុកដំកើង ៥៣៖១; សុភាសិត ១៥៖៣; យ៉ូហាន ៣៖១៦; អេសាយ ៤៥៖ ២១ និងលូកា ១៖២៦-៣៥។ តើខទាំងនេះពិព៌ណនាអំពីទស្សនៈទាំង២នេះអ្វីខ្លះដែលយើងទើបតែបានពិភាក្សាគ្នារួចមកហើយនោះ?
ផ្នែកសំខាន់មួយនៃការអប់រំគ្រីស្ទានគឺជាគោលគំនិតដែលថាព្រះជាម្ចាស់គឺជាព្រះមួយអង្គដែល ស្រឡាញ់យើង។ ព្រះក៏ចង់នៅជិតយើងដែរ។ ហើយទ្រង់ក៏ជាព្រះដែលអាចសំដែងបាដិហារ្យផងដែរ។ ព្រះធ្វើការជាមួយនឹងច្បាប់ធម្មជាតិ។ ប៉ុន្តែ ព្រះពុំបានកំណត់ដោយធម្មជាតិ ឬច្បាប់របស់វានោះទេ។ (ការប្រសូតរបស់ព្រះយេស៊ូវគឺជាឧទាហរណ៍ផ្ទាល់។ នាងម៉ារាមានគភ៌ ប៉ុន្តែបុរសនៅលើផែនដីពុំមែនជាឪពុកនៃទារកនោះឡើយ។ ការបង្រៀនអំពីព្រះនេះសំខាន់ និងចាំបាច់ណាស់នៅសព្វថ្ងៃ។ យើងកំពុងតែរស់នៅក្នុងគ្រាមួយនៅពេលដែលអ្នកប្រាជ្ញ និងការបង្រៀនជាច្រើនបាននិយាយថា វិទ្យាសាស្ត្រគាំទ្រទស្សនៈដែលថាជីវិតបានចាប់ផ្តើមឡើងដោយខ្លួនឯង និងដោយគ្មានជំនួយពីព្រះ។
សូមគិតអំពីទស្សនៈទាំង២នេះ៖ ទស្សនៈទី១ដែលនិយាយថា ជីវិតបានចាប់ផ្តើមឡើងដោយខ្លួនឯង និងទស្សនៈទី២ដែលនិយាយថា ព្រះបានបង្កើតជីវិត។ តើហេតុអ្វីបានជាទស្សនៈទី២អាចទទួលយកបានជាងទស្សនៈទី១?
ថ្ងៃច័ន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០
សំណួររបស់លោកលីនីស
ជាច្រើនឆ្នាំកន្លងមក ទស្សនវិទូនិងកវីនិពន្ធក៍ជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះហ្គូតហ្វ្រាយ វីលហេម លីនីស (Gottfirend Wilhelm Leibniz) បានសួរសំណួរមូលដ្ឋានមួយថា «តើហេតុអ្វីបានជាមានអ្វីមួយអាចទទួលបានជាងអ្វីមួយដែលគ្មានទាល់តែសោះ?»។
សូមអានខគម្ពីរលោកុប្បត្តិ ១៖១; យ៉ូហាន ១៖១-៤; និក្ខមនំ ២០៖៨-១១; វិវរណៈ ១៤៖៦, ៧; យ៉ូប ១២៖៧-១០។ តើខទាំងនេះឆ្លើយតបនឹងសំណួររបស់លោកលីនីសយ៉ាងដូចម្តេចដែរ?
តើលោកអ្នកឃើញអំពីរបៀបដែលអ្នកសរសេរព្រះគម្ពីរពុំបានព្យាយាមបង្ហាញថា មានព្រះដែរឬទេ? ព្រះមានតាំងតែពីដើមមក។ សូមក្រឡេកមើលលោកុប្បត្តិ ១៖១។ ខនេះពុំបានចាប់ផ្តើមឡើងជាមួយនឹងចង្កោមនៃហេតុផលសម្រាប់មូលហេតុថា មានព្រះនោះឡើយ។ អ្នកសរសេរកណ្ឌគម្ពីរលោកុប្បត្តិគ្រាន់តែទទួលស្គាល់ថា ព្រះមានព្រះជន្ម និងបានបង្កើតរបស់សព្វសារពើមែន។ (សូមអានខគម្ពីរនិក្ខមនំ ៣៖១៣, ១៤ ផងដែរ)។ លោកុប្បត្តិ ១៖១ បានចាប់ផ្តើមឡើងជាមួយនឹងគោលគំនិតថា ព្រះគឺ ជាអាទិករដែលបង្កើតផ្ទៃមេឃ និងផែនដី។ នេះគឺជាគ្រឹះសម្រាប់គ្រប់ទាំងសេចក្តីពិតនៃព្រះគម្ពីរ។
ការបង្រៀនថា ព្រះបានបង្កើតផ្ទៃមេឃ និងផែនដីគឺជាផ្នែកមូលដ្ឋាននៃការអប់រំគ្រីស្ទានណាមួយ។ គ្រប់យ៉ាងដែលយើងជឿក្នុងនាមជាគ្រីស្ទានចាប់ផ្តើមឡើងដោយការបង្រៀនថា ព្រះបានបង្កើតផែនដីក្នុងរយៈពេល៦ថ្ងៃ។ ព្រះគម្ពីរពុំបានចាប់ផ្តើមជាមួយនឹងការបង្រៀនអំពីលោហិតលោះបាបរបស់ព្រះយេស៊ូវ ឬច្បាប់ ឬឈើឆ្កាង ឬការបង្រៀនថា ព្រះនឹងមានព្រះជន្មរស់ពីសុគតឡើងវិញ ឬការយាងមកជាលើកទី២នោះទេ។ ពុំមែនដូច្នោះឡើយ ផ្ទុយទៅវិញព្រះគម្ពីរបានចាប់ផ្តើមឡើងជាមួយនឹងការ ប្រកាសមួយនេះ៖ ព្រះបានបង្កើតរបស់គ្រប់យ៉ាងនៅលើផែនដី និងផ្ទៃមេឃ។ តើហេតុអ្វី? ពីព្រោះគ្មានការបង្រៀននៃព្រះគម្ពីរណាដែលអាចទទួលយកបាននោះទេលុះត្រាតែយើងទទួលស្គាល់គោលជំនឿថា ព្រះបានបង្កើតយើងជាមុនសិន។
ជាថ្មីម្តងទៀត ទស្សនៈនៃព្រះគម្ពីរចំពោះជីវិតត្រូវតែបង្ហាញថា ព្រះបានបង្កើតផែនដីក្នុងរយៈពេល៦ថ្ងៃ។ សព្វថ្ងៃនេះ គោលគំនិតនេះត្រូវបានវាយប្រហារដោយទស្សនវិទូ និងអ្នកវិទ្យាសាស្ត្រជាច្រើនដែលជឿលើការវិវត្ត។ ដូចដែលយើងបានដឹងរួចមកហើយថា ការវិវត្តគឺជាការបង្រៀនថា ជីវិតដែលយើងមើលឃើញសព្វថ្ងៃនេះបានចាប់ផ្តើមឡើងដោយសារតែការផ្លាស់ប្តូរដែលបានកើតឡើងនៅក្នុងរុក្ខជាតិ និងសត្វនៅក្នុងរយៈពេលដ៏យូរអង្វែងមួយ។ ការវិវត្តបានបំផ្លាញសេចក្តីជំនឿរបស់មនុស្សជាច្រើនចំពោះ ព្រះគម្ពីរ។ គ្មានការបង្រៀនណាមួយដែលប្រឆាំងទាស់នឹងព្រះគម្ពីរ និងជំនឿរបស់គ្រីស្ទានជាច្រើនខ្លាំងដូចជាការវិវត្តនេះឡើយ។ មនុស្សខ្លះបានគិតថា ការវិវត្តអាចស្របជាមួយនឹងការបង្រៀនរបស់ព្រះគម្ពីរ អំពីព្រះថា ជាអាទិករដែលបានបង្កើតផែនដីនេះផងដែរ។ ប៉ុន្តែ គោលគំនិតនេះគឺខុសឆ្គងជាងមនុស្សដែលជឿថាគ្មានព្រះនៅលើលោកនេះទៅទៀត។ យើងពុំអាចភ្ជាប់សេចក្តីពិតនៃព្រះគម្ពីរជាមួយនឹងគោលគំនិត ក្លែងក្លាយទាំងនេះបាននោះទេ។ បើយើងធ្វើដូច្នោះ នោះយើងនឹងធ្វើអោយព្រះគម្ពីរ និងសេចក្តីជំនឿគ្រីស្ទានរបស់យើងក្លាយទៅជារឿងកំប្លែងទៅវិញ។
ជារៀងរាល់សប្តាហ៍ ព្រះបានសូមយើងអោយនឹកចាំថា ទ្រង់បានបង្កើតយើងមក។ តើហេតុអ្វីបានជាក្រឹត្យវិន័យនេះបង្ហាញថា ការបង្រៀនថាព្រះបានបង្កើតយើងមកមានសារៈសំខាន់ចំពោះទស្សនៈគ្រីស្ទានរបស់យើងអំពីជីវិតនោះ?
ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០
ទស្សនៈនៃព្រះគម្ពីរអំពីជីវិត
ដូចដែលយើងបានពិភាក្សានៅថ្ងៃសប្បាតហ៍រួចមកហើយថា យើងបានសម្លឹងមើលជីវិតតាមរបៀបខុសៗគ្នា ហើយក៏ជឿលើគោលគំនិតខុសៗគ្នាអំពីជីវិតនេះដែរ។ តើអ្នកគ្មានសាសនាសម្លឹងមើលជីវិតនេះយ៉ាងដូចម្តេច? អ្នកគ្មានសាសនាគឺជាអ្នកដែលជឿថា គ្មានព្រះឯណានោះទេ។ នៅពេលដែលអ្នកជឿថាគ្មានព្រះសម្លឹងមើលទៅឯឥន្ទធនូនៅលើមេឃ តើគាត់បានឃើញអ្វីខ្លះ? គាត់បានឃើញរបស់មួយនៅក្នុងធម្មជាតិ។ របស់នោះគឺគ្រាន់តែជាទឹក និងពន្លឺរួមផ្សំគ្នាតែប៉ុណ្ណោះ។ ឥន្ទធនូមានអត្ថន័យទៅបានដោយសារតែមនុស្សលោកដាក់អោយវាប៉ុណ្ណោះ។ ប៉ុន្តែ មនុស្សដែលជឿលើព្រះគម្ពីរសម្លឹងឃើញថា ឥន្ទធនូគឺនិមិត្តសញ្ញានៃសេចក្តីសន្យារបស់ព្រះលែងបំផ្លាញផែនដីដោយទឹកជំនន់ទៀតឡើយ (លោកុប្បត្តិ ៩៖១៣-១៦)។ «ព្រះបានបន្ទាបអង្គទ្រង់តាមរបៀបដ៏ធំមួយ និងបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់សម្រាប់ បាបជននៅពេលដែលព្រះអង្គដាក់ឥន្ទធនូរបស់ទ្រង់នៅលើពពក។ ឥន្ទធនូគឺជានិមិត្តសញ្ញានៃសេចក្តីសន្យា និងកិច្ចព្រមព្រៀងរបស់ព្រះជាមួយនឹងមនុស្សលោក . . . . នៅពេលអនាគត កូនចៅនឹងបានឃើញឥន្ទធនូនៅលើមេឃ។ បន្ទាប់មក ពួកគេនឹងសួរឪពុកម្តាយរបស់ពួកគេអំពីអត្ថន័យនៃភាពដ៏ស្រស់ស្អាតនៃឥន្ទធនូនោះ។ នេះគឺជាផែនការរបស់ព្រះ។ ឪពុកម្តាយនឹងប្រាប់កូនចៅរបស់ពួកគេអំពីទឹកជំនន់ដ៏ធំ។ ពួកគេនឹងប្រាប់កូនចៅថា ព្រះដ៏ខ្ពស់បំផុតបានពត់ឥន្ទធនូដាក់នៅលើពពកបញ្ជាក់ពីសេចក្តីសន្យារបស់ទ្រង់។ ឥន្ទធនូបានបង្ហាញសេចក្តីសន្យារបស់ព្រះលែងបំផ្លាញផែនដីដោយទឹកជំនន់ទៀតឡើយ»។ ដកស្រង់ពី Ellen G. White, Patriarches and Prophets, page 106, adpated។
ក្នុងនាមជាសេវេនដេយអាត់វេនទីស្ទ យើងជឿថាព្រះគម្ពីរគឺជាអ្នកគាំទ្រគ្រប់ទាំងគោលជំនឿរបស់យើង។ ព្រះគម្ពីរបង្រៀនយើងអំពីលោកទស្សន៍របស់យើង ឬទស្សនៈដែលយើងយល់អំពីជីវិត។ ជីវិតនៅលើផែនដីនេះអាចខុសពីគ្នា និងច្របូកច្របល់ជាខ្លាំង។ ព្រះគម្ពីរជួយយើងអោយយល់អំពីជីវិតរបស់យើងកាន់តែប្រសើរឡើង និងសមហេតុសមផលនៃការដែលយើងកំពុងតែស្ថិតនៅក្នុងភាពភាន់ច្រឡំ។
សូមអានខគម្ពីរអេភេសូរ ៦៖១២; ម៉ាកុស ១៣៖៧; រ៉ូម ៥៖៨; រ៉ូម ៨៖២៨; សាស្តា ៩៖៥ និងវិវរណៈ ២០៖៥, ៦។ តើខទាំងនេះបានបង្ហាញសេចក្តីពិតអ្វីខ្លះនៃព្រះគម្ពីរ? តើសេចក្តីពិតទាំងនោះជួយយើងអោយយល់អំពីជីវិតនេះកាន់តែប្រសើរឡើងយ៉ាងដូចម្តេចទៅ?
ក្នុងនាមជាគ្រីស្ទាន យើងត្រូវតែឈរអោយរឹងមាំសម្រាប់សេចក្តីពិតរបស់យើង។ ព្រះគម្ពីរគឺជាសេចក្តីពិតដែលព្រះបានបង្ហាញដល់មនុស្សលោក។ សេចក្តីពិតនៃព្រះគម្ពីរបានបកស្រាយរឿងរ៉ាវជាច្រើនសម្រាប់យើងអំពីជីវិតដែលយើងពុំអាចយល់ដល់ ឬដឹងបានដោយខ្លួនយើងផ្ទាល់នោះទេ។ ម៉្លោះហើយ រាល់ការអប់រំនៃគ្រីស្ទានត្រូវតែយកព្រះគម្ពីរធ្វើជាឫសគល់នៃការអប់រំទាំងនោះ។ យើងត្រូវតែបោះបង់ចោលសេចក្តីបង្រៀនទាំងឡាយណាដែលប្រឆាំងទាស់នឹងព្រះគម្ពីរ។
តើសេចក្ដីបង្រៀននៃព្រះគម្ពីរអ្វីខ្លះដែលប្រឆាំងទាស់នឹងគោលជំនឿពេញនិយមនៅសព្វថ្ងៃនេះ ? តើហេតុអ្វីបានជាយើងត្រូវធ្វើតាមព្រះគម្ពីរតែមួយគត់?
ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០
ថ្វាយបង្គំព្រះអង្គសង្គ្រោះ
ព្រះគម្ពីរបង្រៀនថា ព្រះបង្កើតផែនដីក្នុងរយៈពេល៦ថ្ងៃ។ ការបង្រៀននៃព្រះគម្ពីរនេះមានសារៈសំខាន់ចំពោះសេចក្តីជំនឿរបស់យើង។ ប៉ុន្តែ ការបង្រៀននេះមិនមែនជាការបង្រៀនដ៏សំខាន់តែមួយប៉ុណ្ណោះទេ។ ជាញឹកញាប់ យើងឃើញការបង្រៀននេះផ្សារភ្ជាប់ជាមួយនឹងការបង្រៀនអំពីផែនការរបស់ព្រះក្នុងការសង្គ្រោះបាបជន។ នោះគឺដោយសារតែយើងរស់នៅលើភពមួយដែលពោរពេញទៅដោយអំពើបាប និងសេចក្តីស្លាប់។ ម្ល៉ោះហើយ ការបង្រៀននៃព្រះគម្ពីរអំពីព្រះជាអ្នកបង្កើតរបស់សព្វសារពើពុំទាន់គ្រប់គ្រាន់នៅឡើយទេ។ យើងរស់យើងទទួលការឈឺចាប់ បន្ទាប់មកមានរឿងអ្វីកើតឡើងបន្តទៀត? យើងនឹង ស្លាប់។ ជីវិតរបស់យើងនឹងបញ្ចប់ទៅមិនខុសគ្នាពីសត្វដែលស្លាប់នៅតាមដងផ្លូវនោះទេ។ តើជីវិតបែបនេះល្អយ៉ាងដូចម្តេចទៅ?
មិនល្អទាល់តែសោះ។ ដូច្នេះ ការបង្រៀនអំពីព្រះអង្គសង្គ្រោះមានសារៈសំខាន់ចំពោះលោកទស្សន៍គ្រីស្ទានរបស់យើង។ ដូចដែលលោកអ្នកបានដឹងរួចមកហើយថា លោកទស្សន៍គឺជាទស្សនៈដែលយើងយល់អំពីជីវិត។ ព្រះយេស៊ូវ ការសុគតរបស់ទ្រង់នៅលើឈើឆ្កាង និងការមានព្រះជន្មរស់ឡើងវិញមានសារៈសំខាន់ជាទីបំផុតចំពោះអ្វីគ្រប់យ៉ាងដែលយើងជឿ។
សូមអានខគម្ពីរយ៉ូហាន ១៖១-១៤។ តើខទាំងនេះបង្ហាញប្រាប់យើងអ្វីខ្លះអំពីព្រះយេស៊ូវជាអ្នកណា និងអ្វីដែលទ្រង់បានធ្វើសម្រាប់យើង?
សូមក្រឡេកមើលសាររបស់ទេវតាទី១ដែលបានចែងថា៖ «ខ្ញុំក៏ឃើញទេវតា១ទៀតកំពុងហោះ កាត់កណ្តាលមេឃ ទាំងមានដំណឹងល្អដ៏នៅអស់កល្បជានិច្ច សំរាប់នឹងថ្លែងប្រាប់ដល់មនុស្សនៅផែនដី គឺដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារដែរ ទេវតានោះបន្លឺសំឡេង យ៉ាងខ្លាំងថា ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ ដ្បិតពេលដែលទ្រង់ត្រូវជំនុំជម្រះ នោះបានមកដល់ហើយ ចូរក្រាបថ្វាយបង្គំដល់ព្រះដ៏បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរន្ធទឹកទាំងប៉ុន្មាន ចុះ» (វិវរណៈ ១៤៖៦, ៧)។ តើលោកអ្នកបានឃើញថា «ដំណឹងល្អដ៏នៅអស់កល្បជានិច្ច» មានទំនាក់ទំនង ជាមួយព្រះអាទិករដែរឬទេ? ព្រះអង្គដដែលនេះក៏បានជំនួសអំពើរំលងរបស់យើងនៅលើឈើឆ្កាងផងដែរ។ ទ្រង់ត្រូវបានទទួលទារុណកម្មជំនួសអំពើបាបរបស់យើង។ គ្មានអ្វីដែលគួរឱ្យឆ្ងល់ឡើយដែលយើងត្រូវតែ ថ្វាយបង្គំទ្រង់នោះ។
ព្រះយេស៊ូវ និងឈើឆ្កាងត្រូវតែជាស្នូលរាល់ការបង្រៀនគ្រប់យ៉ាងរបស់យើង។ ការបង្រៀនអំពី ព្រះយេស៊ូវនេះក៏ត្រូវតែរាប់បញ្ចូលទាំងការយាងមកជាលើកទី២ផងដែរ។ ការយាងមកជាលើកទី១របស់ ព្រះយេស៊ូវពុំបានផ្តល់អោយនូវសេចក្តីល្អយ៉ាងពេញលេញដោយគ្មានការយាងមកជាលើកទី២នោះទេ មែនទេ? ការយាងមកជាលើកទី១ និងលើកទី២របស់ព្រះយេស៊ូវចែកចេញជាពីរផ្នែកនៅក្នុងផែនការតែមួយគឺជា៖ ផែនការរបស់ព្រះក្នុងការសង្គ្រោះបាបជនចេញពីអំពើបាប និងសេចក្តីស្លាប់។
សូមគិតអំពីគោលគំនិតនៅក្នុងខគម្ពីរយ៉ូហាន ១៖៣ ដែលបានចែងថា៖ ព្រះ «ដែលបានបង្កើត» អ្វីគ្រប់យ៉ាងគឺជាអង្គដែលបានសុគតនៅលើឈើឆ្កាងជំនួសបាបរបស់យើងរាល់គ្នា។ តើហេតុអ្វីបានជាយើងគួរតែថ្វាយបង្គំដល់ទ្រង់ដោយសារតែរឿងនេះ?
ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០
ក្រឹត្យវិន័យរបស់ព្រះ
ប៉ុន្មានឆ្នាំមុនបណ្តាជននៅក្នុងប្រទេសបារាំងបានជជែកអំពីចម្លើយឆ្លើយតបទៅកាន់សំណួរនេះថា៖ តើការប្រហារជីវិតមនុស្សដែលមានទោសពីបទឧក្រិដ្ឋជារឿងត្រឹមត្រូវដែរឬទេ? តើរដ្ឋាភិបាល និងច្បាប់គួរតែអនុញ្ញាតអោយប្រហារជីវិតមនុស្សចំពោះបទឧក្រិដ្ឋរបស់ពួកគេដែរឬទេ? ក្រុមមនុស្សដែលចូលចិត្តលុបច្បាប់ចេញបាននិយាយជាមួយនឹងអ្នកនិពន្ធ និងទស្សនវិទូដ៏ល្បីល្បាញម្នាក់ដែលមានឈ្មោះថា មីកែលហ្វូហ្គូ (Michel Foucault)។ ក្រុមនេះបានសូមអោយលោកហ្វូហ្គូសរសេរអត្ថបទមួយបកស្រាយអំពីទស្សនៈរបស់ពួកគេ។ លោកហ្វូហ្គូបានយល់ព្រមនឹងពួកគេ។ ប៉ុន្តែ ទស្សនៈរបស់គាត់ខ្លាំងជាងក្រុមមនុស្សដែលសូមអោយគាត់សរសេរទៅទៀត។ លោកហ្វូហ្គូបានសរសេរថា បារាំងត្រូវការលុបច្បាប់ដែលបានអនុម័តជាផ្លូវការអោយប្រហារជីវិតមនុស្សចំពោះបទឧក្រិដ្ឋរបស់ពួកគេចោលចេញ។ លោកហ្វូហ្គូក៏ បាននិយាយផងដែរថា បារាំងត្រូវការលុបច្បាប់ឃុំឃាំង និងដាក់គុកនៅក្នុងប្រទេសបារាំង ហើយដោះលែងអ្នកទោសអោយមានសេរីភាព។
តើហេតុអ្វី? ពីព្រោះ សម្រាប់លោក មីកែល ហ្វូហ្គូ ច្បាប់ទាំងអស់អំពីអ្វីដែលត្រូវ និងខុសត្រូវបានបង្កើតឡើងដោយមនុស្ស។ ច្បាប់ទាំងនោះត្រូវបានបង្កើតឡើង ដោយសារតែមនុស្សមានអំណាចចង់គ្រប់គ្រងមនុស្សគ្រប់គ្នា។ ដូច្នេះ សម្រាប់លោកហ្វូហ្គូ ច្បាប់អំពីអ្វីដែលខុស និងត្រូវមិនសមហេតុ សមផល និងមិនមានអំណាចទាល់តែសោះ។
សម្រាប់មនុស្សជាច្រើន ទស្សនៈរបស់លោកហ្វូហ្គូប្រហែលទៅឆ្ងាយណាស់។ ប៉ុន្តែ តាមពិតទៅទស្សនៈរបស់គាត់ពុំមានអ្វីថ្មីនោះទេ។ លោកម៉ូសេបានដោះស្រាយបញ្ហាដូចគ្នានៅក្នុងសាសន៍ អ៊ីស្រាអែលជាច្រើនពាន់ឆ្នាំមុនកន្លងមកហើយ។ «មិនត្រូវធ្វើដូចជាយើងធ្វើនៅទីនេះសព្វថ្ងៃ គឺតាមតែគ្រប់គ្នាគិតឃើញថាត្រូវនោះទេ» (ចោទិយកថា ១២៖៨, គខប; សូមអានខគម្ពីរពួកចៅហ្វាយ ១៧៖៦; សុភាសិត ១២៖១៥ ផងដែរ)។ ដូច្នេះ តើយើងអាចដឹងថា អ្វីដែលយើងធ្វើទៅត្រឹមត្រូវដោយរបៀបណា? ព្រះអម្ចាស់ដែលបង្កើតយើងមកបានប្រទានច្បាប់ក្នុងការរស់នៅ។ ភ្នែករបស់យើងប្រហែលជាពុំ «ឃើញ» អ្វីៗនៅក្នុងផ្លូវដ៏ត្រឹមត្រូវនោះទេ។ ប៉ុន្តែ ព្រះនេត្ររបស់ព្រះអាចមើលឃើញនៅក្នុងផ្លូវដ៏ត្រឹមត្រូវជានិច្ច។
សូមអានខគម្ពីរចោទិយកថា ៦៖៥; ម៉ាកុស ១២៖២៩-៣១; វិវរណៈ ១៤៖១២។ តើខទាំងនេះបង្រៀនយើងអំពីរបៀបដ៏ត្រឹមត្រូវក្នុងការរៀបចំឥរិយាបថ?
គ្រាន់តែដឹងថា បានសង្គ្រោះមានសារៈសំខាន់សម្រាប់ទស្សនៈគ្រីស្ទានរបស់យើងចំពោះជីវិតទៅហើយ ម្ល៉ោះហើយច្បាប់របស់ព្រះក៏សំខាន់ដូចគ្នាដែរ។ ព្រះបានសង្គ្រោះយើងរាល់គ្នាចេញពីការរំលងច្បាប់របស់ទ្រង់ (រ៉ូម ៣៖២០)។ ដំណឹងល្អពុំអាចទទួលយកបានឡើយ ប្រសិនបើគ្មានច្បាប់របស់ព្រះទេនោះ។ ជាការពិតណាស់ ច្បាប់ពុំអាចសង្គ្រោះយើងបាននោះទេ។ ប៉ុន្តែ ព្រះបានបង្គាប់យើងអោយធ្វើតាមច្បាប់ទាំងនោះ។ នោះគឺជាមូលហេតុដែលយើងត្រូវការដំណឹងល្អ។ ដូច្នេះ ការអប់រំនៃសេវេដេយអាត់វេនទីស្ទត្រូវតែបង្ហាញថា ច្បាប់មានសារៈសំខាន់ និង «នៅតែមានអំណាចលើជីវិតរបស់យើងរាល់គ្នា»។ ដកស្រង់ពី Ellen G. White, The Great Controversy, page 63, adapted។ ច្បាប់រាប់បញ្ចូល ទាំងការគោរពថ្ងៃបរិសុទ្ធផងដែរ។ សូមចងចាំថា ផែនការរបស់ព្រះគឺថា ការអប់រំនឹងជួយអោយយើងបានជាបរិសុទ្ធដូចជាព្រះយេស៊ូវទ្រង់បរិសុទ្ធដូច្នោះដែរ។ នោះគឺជាមូលហេតុដែលច្បាប់របស់ព្រះត្រូវតែជាគំរូបង្ហាញយើងអំពីអ្វីដែលបរិសុទ្ធ និងសុចរិតនៅក្នុងព្រះនេត្ររបស់ព្រះ។
ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០
សិក្សាបន្ថែម
តើអ្វីទៅជាផែនការរបស់ព្រះសម្រាប់ការអប់រំ? ទ្រង់ចង់អោយមនុស្សក្លាយមកជាបរិសុទ្ធ ដូចជាទ្រង់ដូច្នោះដែរ»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, page 595, adapted។
គោលគំនិតនេះជួយយើងអោយមើលឃើញអំពីមូលហេតុនៃទស្សនៈរបស់ព្រះគម្ពីរសំខាន់ជាទីបំផុតសម្រាប់ការអប់រំអាត់វេនទីស្ទ។ នៅក្នុងមេរៀនមុន យើងបាននិយាយថា ការអប់រំពុំមែនសុទ្ធតែជារឿងល្អទាំងអស់នោះទេ។ មនុស្សអាចទទួលបានការអប់រំជាច្រើន។ ប៉ុន្តែ ពួកគេប្រហែលជាបានរៀនអំពីគោលគំនិតមិនត្រឹមត្រូវផងដែរ។ ពួកគេប្រហែលជាបានរៀន និងទទួលយកការបង្រៀនដែលប្រឆាំងទាស់នឹង សេចក្តីពិតនៃព្រះគម្ពីរ។ ម្ល៉ោះហើយ ក្នុងនាមជាគ្រីស្ទានសាលារៀន និងមហាវិទ្យាល័យរបស់យើងត្រូវតែបង្រៀនសេចក្តីពិតនៃព្រះគម្ពីរ និងមានទស្សនៈគ្រីស្ទានដ៏ជាក់លាក់មួយ។ ដូច្នេះ វិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រ សីលធម៌ និងអ្វីៗផ្សេងទៀតដែលយើងបង្រៀនត្រូវតែមានប្រភពមកពីព្រះគម្ពីរ។ យើងក៏បានរៀនដែរថា ការយល់របស់មនុស្សម្នាក់ៗអំពីជីវិតចេញមកពីលោកទស្សន៍របស់ពួកគេ។ ដូច្នេះ រឿងនេះមានសារៈសំខាន់ដោយការបង្រៀនរបស់យើងត្រូវតែមានការគាំទ្រពីទស្សនៈនៃព្រះគម្ពីរស្តីអំពីជីវិត។
សំនួរពិភាក្សា៖
- តើមានឧទាហរណ៍អ្វីខ្លះដែលអ្នកអាចគិតពីប្រវត្តិសាស្ត្រដែលបង្ហាញពីការបង្រៀន និងផែនការនៃការអប់រំដែលបានបំផ្លាញដល់ជីវិតរបស់សិស្ស? តើសិស្សទាំងនោះត្រូវបានបង្រៀនអ្វីខ្លះ? តើយើងអាចរៀនអ្វីខ្លះ ចេញពីការបង្រៀនខុសឆ្គងទាំងនេះ? តើយើងអាចការពារសាលារៀនរបស់យើងចេញពីការបង្រៀនទាំងនេះដោយរបៀបណា?
- សប្តាហ៍នេះ យើងបានក្រឡេកមើលនូវផ្នែកសំខាន់ៗមួយចំនួននៃទស្សនៈគ្រីស្ទានដែលមាន៖ (១) ព្រះមានព្រះជន្មរស់។ (២) ព្រះបានបង្កើតផែនដីនៅក្នុងរយៈពេល៦ថ្ងៃ។ (៣) ព្រះគម្ពីរបានបង្ហាញយើងអំពីសេចក្តីពិតរបស់ព្រះ។ (៤) ព្រះគឺជាព្រះអង្គសង្គ្រោះរបស់យើង។ (៥) សារៈសំខាន់នៃក្រឹត្យវិន័យរបស់ព្រះ។ តើមានការបង្រៀនសំខាន់អ្វីផ្សេងទៀតដែលយើងគួររាប់បញ្ចូលនៅក្នុងលោកទស្សន៍គ្រីស្ទានរបស់យើង?
- ទស្សនវិទូនៅក្នុងឆ្នាំ១៨០០បានសរសេរថា៖ «ឱគំនិតខ្ញុំអើយ! ឱគំនិតខ្ញុំអើយ! អ្នកមានអំណាចរបស់ ព្រះ និងអំណោយទានក្នុងការវែកញែកអ្វីដែលខុស ហើយនិងត្រូវ។ អ្នកពិតជាអ្នកនាំផ្លូវមនុស្សលោកក្នុង គ្រាដែលគេបញ្ចេញភាពល្ងង់ខ្លៅ ទោះបីជាគេកើតមកមានប្រាជ្ញាឈ្លាសវៃ និងមានសេរីភាពក៏ដោយ។ ឱគំនិតខ្ញុំអើយ អ្នកគឺជាចៅក្រមដ៏ល្អឥតខ្ចោះ។ អ្នកដឹងអំពីរបៀបក្នុងការជ្រើសរើសរវាងសេចក្តីល្អ និងសេចក្តីអាក្រក់។ អ្នកធ្វើអោយមនុស្សលោកអ្នកបានដូចជាអង្គព្រះផ្ទាល់»។ តើអ្វីដែលត្រូវអំពីទស្សនៈនេះ? ឬអ្វីដែលខុសអំពីទស្សនៈនេះទៅ?
- សូមក្រឡេកមើលសម្រង់មតិរបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ម្តងទៀត។ តើការដែលព្រះចង់អោយយើងបានជាបរិសុទ្ធមានន័យយ៉ាងដូចម្តេចទៅ? តើផែនការនេះបង្ហាញយើងអំពីមូលហេតុដែលការអប់រំអាត់វេនទីស្ទត្រូវតែមានលក្ខណៈខុសគ្នាជាច្រើនពីការអប់រំនៅលើផែនដីនេះយ៉ាងដូចម្តេចទៅ?
រឿងខ្លី
ទីបន្ទាល់របស់អ្នកនាងមើរី គ្រេសបាឡូរៀ
ខ្ញុំមិនដែលគិតថា យប់មួយនឹងក្លាយទៅជាយប់ដ៏ខ្មៅងងឹងនៅក្នុងជីវិតខ្ញុំនោះទេ។ វាបានកើតឡើង នៅពេលយប់ដ៏ងងឹតបំផុតដែលព្រះបានបង្ហាញខ្ញុំនូវពន្លឺដ៏អស្ចារ្យរបស់ទ្រង់។
ភ្លៀងបានធ្លាក់យ៉ាងខ្លាំងធ្វើអោយខ្ញុំភ្ញាក់ដឹងខ្លួននៅម៉ោង ១២៖៤៥ នាទីយប់។ វាងងឹតទាំងស្រុងនៅក្នុងបន្ទប់មួយដែលខ្ញុំបានស្នាក់នៅជាមួយដៃគូបេសកកម្មម្នាក់នៅខេត្តសាម៉ាភាគខាងកើត។ នៅសល់តែពីរសប្តាហ៍ទៀតប៉ុណ្ណោះ នឹងគម្រប់ខួបមួយឆ្នាំនៃចលនាបេសកជន១០០០នាក់ហើយ និងជាពេលដែលការរញ្ជួយដីដ៏ធំមួយបានរើពីតំបន់នោះទៅដោយគ្មានអំណាចអ្វីសោះឡើយ។ ខ្ញុំមើលមិនឃើញអ្វីទាំងអស់នៅយប់នោះ ប៉ុន្តែខ្ញុំបានឮសំឡេងចម្លែកៗ។ ខ្ញុំបានយកពិលរបស់ខ្ញុំបញ្ចាំងទៅឯមាត់ទ្វារ។ ខ្ញុំពុំបានឃើញអ្នកណាម្នាក់នោះទេ ប៉ុន្តែខ្ញុំដឹងច្បាស់ថា មានមនុស្សចូលមកខាងក្នុងផ្ទះហើយ។ ខ្ញុំបានលុតជង្គង់នៅក្រោមមុងធំដែលគ្របពីលើគ្រែខ្ញុំ និងគ្រែដៃគូរបស់ខ្ញុំដោយមានការភ័យញ័រជាខ្លាំង។ ខ្ញុំបានអធិស្ឋានថា «សូមព្រះអង្គជួយដល់ទូលបង្គំផង ដូចជាព្រះអង្គបានជួយដល់លោកដានីយ៉ែល និងលោកយ៉ូសែបដែរ បើមិនមែនសម្រាប់ព្រះអង្គទេ ទូលបង្គំមិនមកទីនេះឡើយ»។ ខ្ញុំបានគេងទៅលើគ្រែវិញដោយសូត្រខគម្ពីរទំនុកដំកើង ២៣៖១ ម្តងហើយម្តងទៀតដែលចែងថា «ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំខ្ញុំនឹងមិនខ្វះអ្វីសោះ»។ ខ្ញុំបានបញ្ចាំងពិលម្តងទៀត។ អ្វីដែលខ្ញុំបានឃើញគឺហួសពីការស្រមើស្រមៃរបស់ខ្ញុំទៅទៀត។ វាគួរអោយរន្ធត់ណាស់។ ខ្ញុំបានឃើញបុរសម្នាក់ដែលមានភ្នែកឡើងក្រហម និងសក់សើម។ គាត់បានកាន់កាំបិតធំមួយហើយលុតជង្គង់នៅខាងក្នុងមុងរបស់យើង។ ដោយមានការ ភ័យខ្លាចជាខ្លាំង ខ្ញុំបានស្រែកពេញមួយទំហឹងរបស់ខ្ញុំ។ ដៃគូរបស់ខ្ញុំបានភ្ញាក់ឡើង ហើយស្រែកទាំងអស់គ្នា។ ជនល្មើសបានកាប់ពួកយើងជាមួយនឹងកាំបិតដ៏មុតស្រួច ហើយយើងព្យាយាមធាក់គាត់ចេញទៅឆ្ងាយ។ រំពេចនោះ មានរបស់រឹងអ្វីមួយបានប៉ះក្បាលរបស់ខ្ញុំ។ ខ្ញុំបានដួលទៅលើដី ភាពឈឺចាប់បានរោលរាលពេញរាងកាយរបស់ខ្ញុំ។ ខ្ញុំបានគិតនៅក្នុងចិត្តថា «ឱព្រះអង្គអើយ តើទូលបង្គំ ស្លាប់ហើយមែនទេ?»។ ដោយឮអ្នកណាម្នាក់កំពុងព្យាយាមបើកទ្វារផ្ទះ ខ្ញុំបានស្រែកឡើងថា «បើកបង្អួច!» នៅពេលដែល ដៃគូខ្ញុំ និងខ្ញុំបានឃើញបង្អួចបានបើកឡើង ពួកយើងបានរត់ទៅរកវា ហើយផ្លោះចេញយ៉ាងលឿន។ អ្នកជិតខាងម្នាក់បានឃើញមុខតក់ស្លុតរបស់ខ្ញុំ ទើបសួរនាំថា មានរឿងអ្វីកើតឡើង។ នៅពេលដែលនាង ឮ អំពីជនល្មើស នាងបានប្រញាប់ប្រញាល់ត្រឡប់ទៅផ្ទះវិញ ដោយខ្លាចមានរឿងអ្វីកើតឡើងចំពោះកូនៗរបស់ នាងដែរ។ ដៃគូខ្ញុំ និងខ្ញុំបានដើរដោយជើងទទេនៅតាមដងផ្លូវទាំងសើមជោក ហើយស្រែករកជំនួយ។ មនុស្សគ្រប់គ្នាហាក់ដូចជាគេងលក់អស់ហើយ។ ទីបំផុត មានគេនាំពួកយើងទៅឯមន្ទីរពេទ្យនៅម៉ោង៣ព្រឹក។ ដៃគូរបស់ខ្ញុំមានការដាច់រលាត់នៅលើដៃ និងជើង។ ខ្ញុំមានរបួសធ្ងន់ចេញពីភ្នែកខាងឆ្វេងទៅដល់ថ្គាមរបស់ខ្ញុំ។ គ្រូពេទ្យជំនាញបានរុំរបួស និងចាក់ថ្នាំអោយពួកយើង។
ពេលវេលាដ៏រីករាយបំផុត នៅយប់ដ៏ខ្មៅងងឹតនោះ បានបំភ្លឺឡើងជាមួយនឹងការរះឡើងនៃព្រះអាទិត្យ។ នៅពេលព្រះអាទិត្យរះ វាហាក់ដូចជារះបំភ្លឺសម្រាប់ខ្ញុំអ៊ីចឹងដែរ។ ខ្ញុំបានញញឹមឡើង។ ខ្ញុំ មានអារម្មណ៍ថា ព្រះយេស៊ូវស្រឡាញ់ខ្ញុំជាខ្លាំង។ ទ្រង់បានគង់នៅជាមួយខ្ញុំតាំងតែពីដើមរៀងមករហូតដល់ទីបញ្ចប់ អ្នកគង្វាលកំពុងតែមើលថែចៀមរបស់ទ្រង់។ គេបានចាប់ជនល្មើសបាននៅពេលព្រឹកហើយចាប់គាត់ដាក់នៅក្នុងពន្ធនាគារ។ ខ្ញុំមិនមានការខកចិត្តអ្វីឡើយ។ ៨ឆ្នាំក្រោយមក នៅពេលដែលខ្ញុំមានអាយុ២២ឆ្នាំ ខ្ញុំបានចាប់ផ្តើមឆ្នាំទី២នៃការបម្រើការជាមួយចលនាបេសកជន១០០០នាក់ លើកនេះនៅឯប្រទេសកូរ៉េខាងត្បូងវិញម្តង។ ឥឡូវនេះ ខ្ញុំកំពុងតែបម្រើការនៅក្នុងឆ្នាំទី៣របស់ខ្ញុំហើយ។ ខ្ញុំសូមអរគុណព្រះអម្ចាស់ចំពោះបទពិសោធន៍នេះ។ ព្រះអម្ចាស់បានមានបន្ទូលនៅក្នុងខគម្ពីរយេរេមា៣៣៖៣ «ចូរអំពាវនាវដល់អញ នោះអញនឹងឆ្លើយតប ហើយនិងបង្ហាញឲ្យឯងឃើញការយ៉ាងធំ ហើយមុតមាំ ដែលឯងមិនដឹង»។ ទស្សនៈជីវិតរបស់ខ្ញុំត្រូវបានផ្លាស់ប្តូរទៅ។ ជីវិតរបស់ខ្ញុំមិនមែនជារបស់ខ្ញុំទៀតទេ។ ជីវិតរបស់ខ្ញុំគឺជារបស់ព្រះ។
អំណានដង្វាយប្រចាំសប្តាហ៍
ដង្វាយនៃការលះបង់របស់លួនណា
«ខ្ញុំជាមនុស្សតែម្នាក់គត់នៅក្នុងថ្នាក់ ដែលគ្មានទូរស័ព្ទដៃប្រើ» លួនណា បូហ្វីនដែលមានអាយុ១៥ឆ្នាំ បានរអ៊ូរទាំទៅកាន់ឪពុករបស់នាង។ គាត់ជាគ្រូគង្វាលដែលរស់នៅភាគខាងត្បូងនៃប្រទេសប្រេស៊ីល នៅក្នុងដើមឆ្នាំ២០០០។ លោកឪពុកបានតបទៅវិញដោយលេងសើចថា «ហេតុអ្វីបានជាកូនស្រីមិនព្រមទិញទូរស័ព្ទមួយគ្រឿងទៅ?» នាងក៏បានតបទៅវិញដោយញញឹមហើយរអ៊ូថា «ប៉ាដឹងថាខ្ញុំគ្រាន់តែជាសិស្សនៅឡើយ ហើយខ្ញុំក៏មិនមានប្រាក់ដែរ»។ ឪពុករបស់នាងបានឲ្យយោបល់ថា «អ៊ីចឹង ហេតុអ្វីបានជាកូនមិនធ្វើការរកចំណូល? ធ្វើដូច្នេះ កូនស្រីអាចធ្វើកិច្ចការរបស់ព្រះបាន ហើយក៏អាចរកប្រាក់បានខ្លះ នៅក្នុងពេលតែមួយផងដែរ»។
នៅចុងបញ្ចប់នៃយុទ្ធនាការ តាមរយៈការងារនៃក្រុមនិស្សិតដែលធ្វើការរកចំណូល នៅទីបំផុតនាងអាចទិញទូរស័ព្ទដៃដំបូងរបស់នាង បន្ទាប់ពីបានថ្វាយដង្វាយ១០ហូត១ និងដង្វាយ តាមការសន្យា (ជាភាគរយទៀងទាត់ និងជាប្រព័ន្ធ) ពីចំណូលទាំងអស់ដែលនាងរកបាន។ នាងបានធ្វើការរកចំណូលម្តងទៀតនៅក្នុងឆ្នាំបន្ទាប់ ហើយបានស្វែងរកចំណូលគ្រប់គ្រាន់សម្រាប់ការចំណាយផ្ទាល់ខ្លួនទាំងឡាយរបស់នាង។ នាងបានដាក់ថ្វាយខ្លះទៅព្រះ និងបានទុកប្រាក់ចំណូលខ្លះដែរ។
ថ្ងៃមួយ ឪពុករបស់នាងកំពុងសញ្ជឹងគិតអំពីវិធីដែលអាចផ្តល់ឲ្យនាងនូវថវិកាផ្នែកអប់រំដ៏ល្អបំផុតមួយ។ ដូច្នេះ គាត់បានណែនាំទៅកូនស្រីរបស់គាត់ឲ្យបើកគណនីសន្សំមួយ ដើម្បីទទួលបានការប្រាក់ខ្លះពីគណនីសន្សំនោះ។ «ប៉ុន្តែ ខ្ញុំមិនមានលុយនោះទៀតទេ!» លួនណាបានឆ្លើយ។ ឪពុករបស់នាងមានការភ្ញាក់ផ្អើលជាខ្លាំង។ «តើកូនស្រីចំណាយប្រាក់ទាំងអស់ដោយរបៀបណា?» គាត់បានសួរដោយមិនគួរឲ្យជឿ ដោយគាត់គិតថាឪពុកម្តាយត្រូវតែដឹងខ្លះពីការទទួលខុសត្រូវចំពោះវិធីដែលកូនៗគ្រប់គ្រងធនធានរបស់ពួកគេ។
នាងបាននិយាយថា «មែនហើយ នៅថ្ងៃបរិសុទ្ធសប្តាហ៍មុន លោកគ្រូគង្វាលបានប្រាប់យើងថា ពួកគេបានចាប់ផ្តើមផែនការដើម្បីជួសជុលព្រះវិហារ ហើយបានអំពាវនាវដល់សមាជិកណាដែលចង់ថ្វាយដង្វាយស្ម័គ្រចិត្ត ជាដង្វាយនៃការបរិច្ចាគ និងជាការសន្យារបស់ពួកគេផង។ បន្ទាប់ពីអធិស្ឋានរួចហើយ ខ្ញុំបានសម្រេចចិត្តថា ប្រសិនបើប៉ាណែនាំឲ្យខ្ញុំបើកគណនីសន្សំមួយ នេះគួរតែជាសញ្ញាដែលប្រាប់ថា ខ្ញុំគួរតែវិនិយោគប្រាក់ទាំងអស់ទៅក្នុងការជួសជុលព្រះវិហារ»។
សេចក្តីអំពាវនាវ៖ យើងត្រូវបានអញ្ជើញដោយព្រះបន្ទូលរបស់ព្រះឲ្យថ្វាយមួយភាគដប់ជាទៀងទាត់ និងថ្វាយតាមការសន្យា។ ប៉ុន្តែ ព្រះអម្ចាស់អញ្ជើញយើងម្តងម្កាល ឲ្យថ្វាយដង្វាយស្ម័គ្រចិត្តដោយយោងទៅតាមការបំផុសនៃព្រះវិញ្ញាណផងដែរ។ ចូរយើងទូលសូមដល់ព្រះ ដើម្បីជួយយើងឲ្យមានការប្រុងប្រយ័ត្នទៅនឹងសំឡេងរបស់ទ្រង់នៅពេលដែលទ្រង់បានហៅយើងឲ្យលះចោលខ្លួនឯង ហើយលះបង់សម្រាប់នគររបស់ទ្រង់ដែលនឹងត្រូវមកនាពេលខាងមុខនេះ។
សេចក្តីអធិស្ឋាន៖ ព្រះអម្ចាស់អើយ សូមបង្រៀនទូលបង្គំឲ្យមានប្រាជ្ញា សូមឲ្យទូលបង្គំបានទុកចិត្តថាទ្រង់គឺជាអ្នកផ្គត់ផ្គង់ ហើយសូមកុំឲ្យទូលបង្គំមានទំនុកចិត្តលើអ្វីៗដែលជារបស់លោកីយ៍នេះផងដែរ។ សូមទ្រង់ទទួលយកដង្វាយរបស់យើងផង។