មេរៀនទី៥៖ ២៥‑៣១ មករា ២០២០

ពីមានអំនួតទៅជាចិត្តដែលគ្មានអំនួតវិញ

Jeans
ថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២០
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ដានីយ៉ែល ៤:១‑៣៣, សុភាសិត ១៤:៣១, ពង្សាវតារក្សត្រទី២ ២០:២‑៥, ដានីយ៉ែល ៤:៣៤‑៣៧, ភីលីព ២:១‑១១។

ខចងចាំ៖ «ទី​សម្គាល់​របស់​ទ្រង់​ធំ​ណាស់​ហ្ន៎ ហើយ​ការ​អស្ចារ្យ​របស់​ទ្រង់​ក៏​មាន​អានុ‌ភាព​ណាស់​ដែរ រាជ្យ​ទ្រង់​ជា​រាជ្យ​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច ហើយ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់​ក៏​នៅ​គ្រប់​ទាំង​ដំណ​មនុស្ស​ត​រៀង​ទៅ» (ដានីយ៉ែល ៤:៣)។

អំនួតគឺជាអំពើមុនដំបូងបង្អស់។ តើព្រះគម្ពីរបានចែងអំពីអំនួតចាប់ផ្តើមនៅកន្លែងណា? គឺនៅ​ក្នុងចិត្តរបស់លុយស៊ីហ្វ័រ។ លុយស៊ីហ្វ័រគឺជាទេវតាមួយអង្គ។ វាបានរស់នៅក្នុងដំណាក់នៃនគរស្ថានសួគ៌។ ប៉ុន្តែ ចិត្តរបស់វាពោរពេញដោយអំនួត។ ហេតុនោះ ព្រះជាម្ចាស់បានប្រាប់លុយស៊ីហ្វ័រអំពីអ្វីដែលនឹងកើតឡើងចំពោះវាថា៖ «ចិត្ត​ឯង​បាន​ស្ទួយ​ឡើង ដោយ​ព្រោះ​សេចក្ដី​លំអ​របស់​ឯង ឯង​បាន​បង្ខូច​ប្រាជ្ញា​ឯង ដោយ​ពន្លឺ​រស្មី​របស់​ឯង អញ​បាន​បោះ​ឯង​ចុះ​ដល់​ដី ព្រម​ទាំង​ដាក់​នៅ​មុខ​ពួក​ស្តេច ឲ្យ​គេ​បាន​ពិចារណា​ឯង» (អេសេគាល ២៨:១៧)។

អំនួតបានបណ្តាលឲ្យលុយស៊ីហ្វ័រធ្វើបាប។ បន្ទាប់មក ព្រះជាម្ចាស់បានបោះលុយស៊ីហ្វ័រចេញពីស្ថានសួគ៌។ ឥឡូវនេះលុយស៊ីហ្វ័រ ឬសាតាំងបានបណ្តាលឲ្យមនុស្សលោកមានអំនួតដែរ។ វាបានបង្វែរ​ពួកគេឲ្យទាស់នឹងព្រះ។ លុយស៊ីហ្វ័របំផ្លាញមនុស្សលោកតាមរបៀបនេះឯង។ យើងទាំងអស់គ្នាគឺជាមនុស្ស​ មានបាប។ យើងត្រូវពឹងផ្អែកលើព្រះជាម្ចាស់ដើម្បីបានជីវិតរស់នៅ។ អំណោយទានទាំងអស់របស់យើងសុទ្ធតែបានមកពីព្រះ។ ហេតុនោះ ចូរប្រើអំណោយទានរបស់ព្រះយកមកធ្វើការល្អគ្រប់យ៉ាងចុះ។ មានតែធ្វើដូច្នេះទេទើបយើងអាចជៀសចេញពីអំនួតបាន។ យើងមិនគួរអួតអាងអំពីអ្វីដែលយើងធ្វើឡើយ។

ទម្រាំតែយល់អំពីសេចក្តីពិតនេះ ស្តេចនេប៊ូក្នេសាត្រូវចំណាយពេលយ៉ាងយូរ។ លោកអ្នកប្រហែលជានៅនឹកចាំអំពីមនុស្សទី៤នៅក្នុងឡភ្លើងនៅឡើយ។ មនុស្សទី៤នោះគឺជាព្រះយេស៊ូវ។ ប៉ុន្តែ តើការនោះបានជួយផ្លាស់ប្តូរស្តេចនេប៊ូក្នេសាដែរឬទេ? អត់ទេ! ហេតុនោះបានជាព្រះដកហូតអាណាចក្រពី​ព្រះអង្គ។ ព្រះទ្រង់បានធ្វើឲ្យស្តេចរស់នៅជាមួយសត្វ។​ បន្ទាប់មក ស្តេចក៏បានកែប្រែចិត្ត។

ថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២០

​តើនេះ​មិន​មែន​ជា​ក្រុង​បាប៊ី‌ឡូន​ដ៏​ធំទេឬ?

សូមអានអំពីស្តេចនេប៊ូក្នេសាក្នុងខគម្ពីរដានីយ៉ែល ៤:១‑៣៣។ តើមានអ្វីកើតឡើងចំពោះ​ស្តេច? ហេតុ​អ្វីបានជារឿងនេះកើតឡើង?

ព្រះជាម្ចាស់បានប្រទានសុបិនទីពីរដល់ស្តេចនេប៊ូក្នេសា។ លើកនេះ ស្តេចនៅនឹកចាំអំពីសុបិនរបស់ព្រះអង្គ។ ប៉ុន្តែ ពួកអ្នកប្រាជ្ញបាប៊ីឡូនមិនអាចបកស្រាយសប្តិនេះបានឡើយ។ ហេតុនោះ ស្តេចក៏​បានសូមឲ្យលោកដានីយ៉ែលជួយបកស្រាយ។ ក្នុងសុបិននោះ ស្តេចទ្រង់បានទតឃើញដើមឈើមួយ​ដើម​ធំ លូតខ្ពស់ដល់ផ្ទៃមេឃ។ ស្រាប់តែមានបទបញ្ជាពីស្ថានសួគ៌ប្រាប់ឲ្យ​ទេវតាមួយអង្គកាប់ដើម​ឈើ​នេះ​ចោល។ មានតែឫសនិងគល់ប៉ុណ្ណោះដែលទុកឲ្យមាននៅលើផែនដីតទៅទៀត។ បន្ទាប់មកមានម្នាក់ក្នុងសុបិននោះបាននិយាយអ្វីមួយដែលធ្វើឲ្យស្តេចទ្រង់ភ័យខ្លាចយ៉ាងខ្លាំង។ អ្នកនោះនិយាយថា៖ «ត្រូវ​​ឲ្យ​ចិត្ត​វា​បាន​ផ្លាស់​ប្រែ​ពី​សណ្ឋាន​ចិត្ត​មនុស្ស ឲ្យ​ទៅ​ជា​ចិត្ត​របស់​សត្វ​វិញ រួច​ឲ្យ​នៅ​យ៉ាង​នោះ ដរាប​ដល់​កន្លង​ទៅ​អស់​៧​ខួប» (ដានីយ៉ែល ៤:១៦)។ លោកដានីយ៉ែលបានយល់អំពីសុបិននោះ។ លោកចង់ឲ្យសុបិននោះបានកើតឡើងចំពោះសត្រូវរបស់ស្តេចវិញជាជាង។ ប៉ុន្តែ លោកដានីយ៉ែលស្មោះត្រង់នឹង​ព្រះ។ លោកបានទូលប្រាប់ស្តេចអំពីសេចក្តីពិត។ លោកដានីយ៉ែលបានទូលប្រាប់ថា សុបិននោះគឺស្តីអំពីស្តេចអង្គទ្រង់ផ្ទាល់តែម្តង។​

ព្រះគម្ពីរបានប្រើដើមឈើធ្វើជារូបស័ព្ទតំណាងឲ្យស្តេច ប្រទេស និងអាណាចក្រ (អេសេគាល ១៧, អេសេគាល ៣១, ហូសេ ១៤, សាការី ១១:១, ២, លូកា ២៣:៣១)។ ហេតុនោះ ដើមឈើធំគឺជារូបស័ព្ទដ៏ល្អមួយតំណាងឲ្យស្តេចនេប៊ូក្នេសា។ វាបានបង្ហាញឲ្យឃើញនូវសេចក្តីអំនួតដែលមាននៅ​ក្នុង​ព្រះទ័យរបស់ព្រះអង្គ។ ព្រះជាម្ចាស់បានប្រទានអាណាចក្រ និងអំណាចដល់ស្តេចនេប៊ូក្នេសា។ ប៉ុន្តែស្តេចអង្គនេះពុំបានថ្វាយសិរីល្អដល់ព្រះជាម្ចាស់ឡើយ។ ទ្រង់ពុំជឿថា អ្វីៗទាំងអស់ដែលទ្រង់មានបានមកពីព្រះជាម្ចាស់ឡើយ។

តើស្តេចមានបន្ទូលអ្វីខ្លះនៅក្នុងខគម្ពីរដានីយ៉ែល ៤:៣០? តើខនេះបង្ហាញប្រាប់យ៉ាងដូចម្តេចថា ស្តេចមិនទាន់យល់អំពីសេចក្តីព្រមានរបស់ព្រះនៅឡើយនោះ?

តើអ្វីទៅដែលធ្វើឲ្យអំនួតមានគ្រោះថ្នាក់ខ្លាំងម៉្លេះ? អំនួតបានបណ្តាលឲ្យយើងឈប់ពឹងផ្អែកលើព្រះជាម្ចាស់សម្រាប់រឿងគ្រប់យ៉ាងតែម្តង។ តើមានអ្វីកើតឡើងពេលដែលយើងមិននឹកចាំអំពីរបៀបដែលយើងជំពាក់ព្រះ? បន្ទាប់មកយើងនឹងធ្លាក់ចូលទៅក្នុងបញ្ហា។ អំនួតបណ្តាលឲ្យយើងជួបនឹងបញ្ហាខាងព្រលឹងវិញ្ញាណ។

ថ្ងៃច័ន្ទ ទី២៧ ខែមករា ឆ្នាំ២០២០

លោកដានីយ៉ែលបានទូន្មានដល់ស្តេច

សូមអានអំពីសេចក្តីទូន្មានរបស់លោកដានីយ៉ែលដល់ស្តេចនៅក្នុងខគម្ពីរដានីយ៉ែល ៤:២៧។ តើលោកដានីយ៉ែលបានទូន្មានស្តេចអំពីអ្វីដែរ? តើលោកដានីយ៉ែលបានប្រាប់ស្តេចឲ្យធ្វើអ្វីខ្លះ ហេតុអ្វីបានជាប្រាប់ឲ្យធ្វើយ៉ាងដូច្នោះ? (សូមអានសុភាសិត ១៤:៣១ ផងដែរ)។

លោកដានីយ៉ែលបានបកស្រាយសុបិនថ្វាយស្តេច។ បន្ទាប់មកលោកបានថ្វាយសេចក្តីទូន្មានខ្លះដល់ស្តេច។ លោកដានីយ៉ែលបានទូលប្រាប់ស្តេចអំពីអ្វីដែលត្រូវធ្វើដើម្បីកុំឲ្យរឿងអាក្រក់ៗកើតឡើង។ «ដូច្នេះ ឱ​ព្រះ‌ករុណា​អើយ សូម​ឲ្យ​ទ្រង់​បាន​រាប់​សេចក្ដី​ទូន្មាន​របស់​ទូល‌បង្គំ​ជា​គួរ​ទទួល​ចុះ សូម​ឲ្យ​ទ្រង់​ផ្តាច់​អំពើ​បាប​របស់​ទ្រង់​ចេញ ដោយ​ប្រព្រឹត្ត​សេចក្ដី​សុចរិត​វិញ ហើយ​ផ្តាច់​អំពើ​ទុច្ចរិត​របស់​ទ្រង់​ចេញ​ផង ដោយ​សម្ដែង​សេចក្ដី​មេត្តា‌ករុណា​ដល់​ពួក​ក្រីក្រ ក្រែង​នឹង​មាន​សេចក្ដី​សុខ​ជា​អង្វែង​ត​ទៅ» (ដានីយ៉ែល ៤:២៧)។

ស្តេចនេប៊ូក្នេសាបានកសាងអគារជាច្រើនក្នុងទីក្រុងបាប៊ីឡូន។ ទ្រង់បានកសាងសួនច្បារ។ ទ្រង់បានជីកព្រែកជីក។ ស្តេចនេប៊ូក្នេសាបានជីកព្រែកជីកជាច្រើនក្នុងទីក្រុងដើម្បីឲ្យទូកជាច្រើនអាចឆ្លងកាត់ចូលមកកាន់ទីក្រុងបាប៊ីឡូនបាន។ ស្តេចនេប៊ូក្នេសាក៏បានកសាងព្រះវិហាររាប់រយខ្នង។ ម៉្លោះ​ហើយ បានជាបាប៊ីឡូនក្លាយជាទីក្រុងអច្ឆរិយៈមួយនៃផែនដីក្នុងជំនាន់ព្រះគម្ពីរ! ភាគច្រើន យើងពុំសូវបានគិតអំពីសោភ័ណភាពដ៏ប្រណីតនៃសំណង់ទាំងនោះឡើយ។ ជាញឹកញាប់ ពួកទាសករជាអ្នកធ្វើការទាំងអស់នោះ។ ស្តេចទាំងឡាយបានប្រើទ្រព្យសម្បត្តិរបស់ព្រះអង្គសម្រាប់តែការកម្សាន្តសប្បាយរបស់ព្រះអង្គ ដោយពុំបានជួយដល់មនុស្សទ័លក្រឡើយ។ អំនួតរបស់នេប៊ូក្នេសាបានបណ្តាលឲ្យទ្រង់មានអារម្មណ៍ថា ទ្រង់ពុំបានជំពាក់អ្វីពីព្រះដែលត្រូវអរព្រះគុណដល់ព្រះអង្គឡើយ។ អំនួតរបស់ស្តេចធ្វើឲ្យព្រះទ័យទ្រង់មិនឆេះឆួលឡើយ។ ទ្រង់ពុំបានខ្វល់ខ្វាយចំពោះមនុស្សកំសត់ទុរគតឡើយ។ ព្រះជាម្ចាស់ទ្រង់បានយកព្រះទ័យទុកដាក់ចំពោះមនុស្សទ័លក្រខ្លាំងណាស់។ ហេតុនោះ យើងមិនគួរភ្ញាក់ផ្អើលទេដែលឃើញលោកដានីយ៉ែលទូលប្រាប់ស្តេចឲ្យនឹកចាំអំពីកិច្ចការទាំងអស់នេះនោះ។

សាររបស់លោកដានីយ៉ែលចំពោះស្តេចពុំមែនជាអ្វីដែលថ្មីទេ។ ហោរានៃគម្ពីរសញ្ញាចាស់តែងបានទូន្មានដល់រាស្ត្ររបស់ព្រះជាញឹកញាប់ឲ្យមានចិត្តសប្បុរសចំពោះមនុស្សទ័លក្រ។ ហោរាបានប្រាប់រាស្ត្ររបស់ព្រះឲ្យមានសេចក្តីយុត្តិធម៌។ ហោរាបានទូន្មានរាស្ត្ររបស់ព្រះកុំឲ្យធ្វើបាបអ្នកក្រ ឬប្រើពួកគេដើម្បីឲ្យខ្លួនឯងមានបានឡើយ។ ហេតុផលមួយដែលព្រះបានដាក់ទោសស្តេចនេប៊ូក្នេសាគឺដោយសារតែស្តេចអង្គនេះពុំយកព្រះទ័យទុកដាក់នឹងអ្នកក្រ។ កាលណាយើងមិនយកចិត្តទុកដាក់នឹងអ្នកក្រ មានន័យថាយើងកំពុងធ្វើឲ្យព្រះជាម្ចាស់ឈឺចាប់។ ហេតុនោះ យើងតោងតែមើលថែមនុស្សទ័លក្រ និង​កំសត់ទុរគត។ ដូច្នេះ ទើបយើងបង្ហាញទៅមនុស្សទាំងឡាយថា ព្រះទ្រង់គឺជាម្ចាស់លើអ្វីៗទាំងអស់។ យើងបង្ហាញប្រាប់ថា យើងពុំមែនជាម្ចាស់លើអ្វីៗនោះទេ។ យើងគ្រាន់តែជាអ្នកចាត់ចែងលើអំណោយទានដែលព្រះបានប្រទានដល់យើងតែប៉ុណ្ណោះ។ ​

យើងតោងតែជួយដល់មនុស្សដទៃដោយអំណោយទានដែលព្រះប្រទានដល់យើង។ នោះ​ទើបជាការតម្កើងដល់ព្រះ និងបង្ហាញថា ទ្រង់គឺជាព្រះអម្ចាស់របស់យើង។ ហេតុនោះ យើងគួរតែនឹកចាំសេចក្តីពិតនៃព្រះគម្ពីរជានិច្ចកាលណាយើងត្រូវសម្រេចចិត្តលើអំណោយទានណាមួយរបស់ព្រះអង្គ។ យើងគួរតែប្រើអំណោយទានរបស់ព្រះអង្គជួយដល់មនុស្សដែលកំពុងខ្វះតាមរបៀបនេះឯង។

ថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០

ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើអ្វីៗទាំងអស់

លោកដានីយ៉ែលបានទូន្មានស្តេចឲ្យឈប់ធ្វើបាប និងសូមការអភ័យទោសពីព្រះជាម្ចាស់។ ប៉ុន្តែ​ ព្រះទ័យរបស់ស្តេចនេប៊ូក្នេសាពោរពេញដោយអំនួត។ សេចក្តីអំនួតរបស់ព្រះអង្គបណ្តាលឲ្យព្រះដាក់ទោសដល់ទ្រង់ (ដានីយ៉ែល ៤:២៨‑៣៣)។ តើរឿងនេះកើតឡើងយ៉ាងដូចម្តេចដែរ? ស្តេចទ្រង់​បានយាងក្នុងរាជវាំង។ ទ្រង់សរសើរអង្គឯងសម្រាប់កិច្ចការដ៏អស្ចារ្យទាំងអស់របស់ព្រះអង្គ។ រំពេចនោះ ស្រាប់តែទ្រង់ប្រែក្លាយជាឆ្កួតលីលាតែម្តង។ រាស្ត្ររបស់ព្រះអង្គក៏បានបង្ខំព្រះអង្គឲ្យចាកចេញពីព្រះ​បរម​​រាជវាំង។ តើមានអ្វីកើតឡើងចំពោះគំនិតរបស់ស្តេច? ទ្រង់ទំនងជាមានជំងឺម្យ៉ាងដែលគេហៅថា ជំងឺឆ្កែចចក (lycanthropy)។ ជំងឺនេះបណ្តាលឲ្យអ្នកជំងឺជឿថា ខ្លួនឯងគឺជាឆ្កែចចក។ ជំងឺឆ្កែចចកធ្វើឲ្យអ្នកជំងឺប្រព្រឹត្តខ្លួនដូចជាសត្វយ៉ាងដូច្នោះដែរ។

សូមអានពង្សាវតារក្សត្រទី២ ២០:២‑៥, យ៉ូណាស ៣:១០, និងយេរេមា ១៨:៧, ៨។ តើខទាំងនេះប្រាប់យើងអ្វីខ្លះអំពីឱកាសរបស់ស្តេចក្នុងការគេចចេញពីការដាក់ទោសរបស់ព្រះជាម្ចាស់?

គួរឲ្យស្តាយ ស្តេចមានការពិបាកទទួលយកមេរៀនរបស់ព្រះអង្គខ្លាំងណាស់។​ ក្នុងនាមជាស្តេច នេប៊ូក្នេសាបានបដិសេធមិនទទួលស្គាល់ថាទ្រង់ជំពាក់អ្វីៗទាំងអស់ចំពោះព្រះជាម្ចាស់ឡើយ។ ហេតុ​នោះ ព្រះជាម្ចាស់បានបញ្ជូនឲ្យស្តេចនេប៊ូក្នេសាទៅរស់នៅជាមួយសត្វនៅក្នុងព្រៃ។ ព្រះជាម្ចាស់បានប្រទានឱកាសមួយដល់ស្តេចដើម្បីឲ្យបានដឹងថា ព្រះជាម្ចាស់បានប្រទានអ្វីៗទាំងអស់ដល់ទ្រង់។ មេរៀនដ៏សំខាន់បំផុតដែលព្រះចង់បង្រៀនដល់ស្តេចនោះគឺ៖ «ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើនគរទាំងឡាយរបស់មនុស្សលោក» (ដានីយ៉ែល ៤:១៧, បកប្រែពី ERV)។ ព្រះជាម្ចាស់ចង់ឲ្យយើងរៀនពីមេរៀននេះផងដែរគឺ៖ «ទោស​នេះ គឺ​ជា​ពួក​ពិនិត្យ​ត្រួត​មើល​ដែល​កាត់​ឲ្យ ហើយ​សេចក្ដី​នេះ​ក៏​តាម​បង្គាប់​នៃ​ពួក​បរិសុទ្ធ ប្រយោជន៍​ឲ្យ​មនុស្ស​ដែល​នៅ​រស់​បាន​ដឹង​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ក៏​ប្រគល់​ដល់​អ្នក​ណា​តាម​ព្រះ‌ហឫទ័យ ព្រម​ទាំង​តាំង​មនុស្ស​សណ្ឋាន​ទាប​ថោក​បំផុត​ឡើងឲ្យ​គ្រប់‌គ្រង​ផង» (ដានីយ៉ែល ៤:១៧)។

ការដាក់ទោសមកលើស្តេចនេប៊ូក្នេសាគឺជាមេរៀនមួយសម្រាប់មនុស្សគ្រប់គ្នានៅលើផែនដីនេះ។ ហេតុនោះ យើងតោងតែយកចិត្តទុកដាក់ទៅលើមេរៀននេះ។ យើងគួរនឹកចាំថា «ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើនគរទាំងឡាយរបស់មនុស្សលោក» (ដានីយ៉ែល ៤:១៧, បកប្រែពី ERV)។

ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើអ្វីៗទាំងអស់។ ហេតុដូចម្តេចបានជាមេរៀននេះមានសារៈសំខាន់សម្រាប់យើងរាល់គ្នាខ្លាំងម៉្លេះ? តើសេចក្តីពិតនៃព្រះគម្ពីរនេះគួរតែបានផ្លាស់ប្តូរពាក្យសម្តីដែលយើងនិយាយ និងអ្វីៗដែលយើងប្រព្រឹត្តចំពោះមនុស្សនៅក្រោមការគ្រប់គ្រងយ៉ាងដូចម្តេចដែរ?

ថ្ងៃពុធ ទី២៩ មករា ឆ្នាំ២០២០

ងើបភ្នែកឡើងទៅលើមេឃ

សូមអានថែមទៀតអំពីស្តេចនេប៊ូក្នេសាក្នុងខគម្ពីរដានីយ៉ែល ៤:៣៤‑៣៧។ តើការទាំងនេះ បានផ្លាស់ប្តូរយ៉ាងដូចម្តេចខ្លះសម្រាប់ស្តេច? ហេតុអ្វីបានជាដូច្នោះ?

ព្រះជាម្ចាស់ទ្រង់បណ្តោយឲ្យស្តេចនេប៊ូក្នេសាមានជំងឺចម្លែកមួយ។ ប៉ុន្តែ ប្រាំពីរឆ្នាំក្រោយមក ព្រះជាម្ចាស់ក៏បានធ្វើឲ្យគំនិតរបស់ស្តេចថ្មីឡើងវិញ។ តើអ្វីទៅដែលផ្លាស់ប្តូរអ្វីៗទាំងអស់ហ្នឹង? អ្វីៗផ្លាស់ប្តូរនៅពេលដែលស្តេចងើបភ្នែកឡើងទៅលើមេឃ (ដានីយ៉ែល ៤:៣៤)។

«អាកប្បកិរិយារបស់ស្តេចនេប៊ូក្នេសាបានធ្វើឲ្យរាស្ត្ររបស់ព្រះភ្ញាក់ផ្អើលអស់រយៈពេលប្រាំពីរឆ្នាំ។ ស្តេចទ្រង់រងភាពអាម៉ាស់នៅចំពោះមនុស្សគ្រប់គ្នានៅលើផែនដីនេះអស់រយៈពេល៧ឆ្នាំ។ បន្ទាប់​មក ព្រះជាម្ចាស់បានប្រទានគំនិតរបស់ព្រះអង្គត្រឡប់មកវិញ។ ស្តេចក៏បានងើបភ្នែកឡើងទៅលើ​មេឃ។ ព្រះទ័យស្តេចលែងមានសេចក្តីអំនួតទៀតហើយ។ ឥឡូវនេះ ទ្រង់យល់ឃើញថា ព្រះជាម្ចាស់បានដាក់​ទោសព្រះអង្គ។ ហេតុនោះ ស្តេចក៏បានធ្វើសេចក្តីប្រកាសជាសាធារណៈ។ ទ្រង់មានបន្ទូលថា ទ្រង់មាន​ទោសដោយសារអំពើបាប។ ទ្រង់មានបន្ទូលថា ការដែលព្រះជាម្ចាស់ប្រទានគំនិតដល់ស្តេចវិញ គឺព្រះជាម្ចាស់បានបង្ហាញឲ្យព្រះអង្គឃើញនូវសេចក្តីមេត្តាយ៉ាងច្រើន»។ ដកស្រង់ពី Ellen G. White, Prophets and Kings, page 520, adapted។

ពិតមែនហើយ ការផ្លាស់ប្តូរធំៗអាចនឹងកើតឡើងក្នុងជីវិតរបស់យើងកាលណាយើងងើបភ្នែកមើលទៅលើមេឃ។ ព្រះជាម្ចាស់បានប្រទានគំនិតដល់ស្តេចឡើងវិញ។ បន្ទាប់មក ស្តេចក៏បានបង្ហាញប្រាប់ទៅមនុស្សគ្រប់គ្នាពីភស្តុតាងដែលទ្រង់បានរៀន។

តាមពិតទៅ រឿងនេះពុំមែនជារឿងអំពីស្តេចនេប៊ូក្នេសាទេ។ វាគឺជារឿងដែលនិយាយអំពីសេចក្តីមេត្តារបស់ព្រះវិញទេ។ ស្តេចបានខកឱកាសបីដងសម្រាប់ទទួលជឿព្រះនៃសាសន៍អ៊ីស្រាអែលថាជាព្រះអម្ចាស់នៃព្រះជន្មរបស់ព្រះអង្គ។ ឱកាសលើកទី១ បានមកដល់ពេលដែលទ្រង់បានឃើញថា លោក ដានីយ៉ែល និងមិត្តភក្តិរបស់លោកឆ្លាតជាងពួកអ្នកប្រាជ្ញក្នុងនគរបាប៊ីឡូនទាំងអស់ (ដានីយ៉ែល ១)។ ឱកាសលើកទី២ បានមកដល់ពេលដែលលោកដានីយ៉ែលបកស្រាយសុបិនថ្វាយព្រះអង្គ (ដានីយ៉ែល ២)។ ឱកាសលើកទី៣មកដល់ពេលដែលព្រះជាម្ចាស់បានសង្គ្រោះសាដ្រាក់ មែសាក់ និងអ័បេឌ‑នេកោ (ដានីយ៉ែល ៣)។ ប្រសិនបើបទពិសោធន៍នោះពុំបានផ្លាស់ប្តូរគំនិតរបស់ស្តេច តើអ្វីវិញ? ប៉ុន្តែ ស្តេចទ្រង់ រឹងចចេសខ្លាំងណាស់។ បើទោះបីជាដូច្នោះក្តី ព្រះជាម្ចាស់ក៏បានប្រទានឱកាសលើកទី៤ដល់ស្តេច។ ទីបំផុត លើកនេះព្រះជាម្ចាស់ក៏បានយកឈ្នះលើព្រះទ័យរបស់ស្តេច (ដានីយ៉ែល ៤)។ ព្រះជាម្ចាស់ក៏ បានប្រទានគំនិត និងនគររបស់ព្រះអង្គដល់ស្តេចវិញ។ រឿងរបស់ស្តេចនេប៊ូក្នេសាបង្ហាញប្រាប់យើងថា ព្រះជាម្ចាស់បានប្រទានឱកាសជាច្រើនដល់យើង។ ហេតុអ្វីបានជាព្រះអង្គធ្វើដូច្នោះចំពោះយើង? ពីព្រោះព្រះជាម្ចាស់ចង់សង្គ្រោះយើងរាល់គ្នា។ ទ្រង់ចង់ឲ្យយើងបានជិតស្និទ្ធនឹងព្រះអង្គ។ ដូចលោកប៉ុលបាន ប្រាប់យើងថា៖ (ធីម៉ូថេទី១ ២:៤)។ រឿងរបស់ស្តេចនេប៊ូក្នេសាគឺជាឧទាហរណ៍អំពីសេចក្តីពិតនៃព្រះ‑គម្ពីរយ៉ាងមានអំណាច។

តើព្រះជាម្ចាស់បានជួយលោកអ្នកដូចម្តេចខ្លះឲ្យមើលឃើញថា តើលោកអ្នកត្រូវការទ្រង់ប៉ុនណានោះ?

ថ្ងៃព្រហស្បតិ៍ ទី៣០ មករា ឆ្នាំ២០២០

ចិត្តដែលប្រកបដោយការអរព្រះគុណដល់ព្រះ

ស្តេចនេប៊ូក្នេសាមានការសោកស្តាយចំពោះអំពើបាបរបស់ព្រះអង្គ។ បន្ទាប់មក ទ្រង់បានថ្វាយព្រះទ័យរបស់ព្រះអង្គដល់ព្រះជាម្ចាស់។ ទ្រង់បានប្រកាសថា៖ «ឯ​អស់​ទាំង​មនុស្ស​លោក​ក៏​រាប់​ទុក​ជា​ឥត​ការ​ទទេ» (ដានីយ៉ែល ៤:៣៥)។ តើទ្រង់ចង់មានន័យដូចម្តេចដែរ?

តើយើងដឹងបានយ៉ាងដូចម្តេចថា ស្តេចនេប៊ូក្នេសាពិតជាទទួលជឿព្រះដ៏ពិតនោះ? ភស្តុតាង​ដ៏​ធំបំផុតនោះគឺ ទ្រង់បានសរសេរសំបុត្រមួយច្បាប់ ដែលក្លាយជាផ្នែកមួយនៃបទគម្ពីរដានីយ៉ែល៤។ ស្តេចបានផ្ញើសំបុត្រនេះផ្សព្វផ្សាយទៅទូទាំងនគររបស់ព្រះអង្គ។ ក្នុងសំបុត្ររបស់ព្រះអង្គ ស្តេចទ្រង់បានលើកឡើងអំពីសេចក្តីអំនួតរបស់ព្រះអង្គ។ ទ្រង់ក៏បានមានបន្ទូលអំពីការបាត់បង់គំនិត និងការប្រព្រឹត្តដូចជាសត្វរបស់ព្រះអង្គផងដែរ។ បន្ទាប់មក ទ្រង់មានបន្ទូលថា ទ្រង់អរព្រះគុណចំពោះព្រះជាម្ចាស់ដែលបានសង្គ្រោះព្រះអង្គឲ្យបានជាពីជំងឺរបស់ព្រះអង្គ។ ក្នុងជំនាន់ព្រះគម្ពីរ ស្តេចកម្រនឹងសរសេរអំពីរឿងអាក្រក់ៗអំពីអង្គទ្រង់ឡើយ។ កំណត់ត្រាស្ទើរតែទាំងអស់ពីស្តេចក្នុងជំនាន់ព្រះគម្ពីរសុទ្ធតែបានសរសើរតម្កើងដល់ស្តេច។ ហេតុនោះ សំបុត្ររបស់ស្តេចនេប៊ូក្នេសាគឺជាករណីដ៏ចម្លែកធំមួយ។ វាបង្ហាញប្រាប់យើងថា ស្តេចពិតជាបានថ្វាយព្រះទ័យដល់ព្រះជាម្ចាស់ពិតមែន។ សំបុត្ររបស់ស្តេចគឺជាភស្តុតាងមួយ។ វាបានប្រាប់​ដល់មនុស្សគ្រប់គ្នានៅលើផែនដីនេះអំពីបទពិសោធន៍របស់ព្រះអង្គជាមួយនឹងព្រះជាម្ចាស់។ សំបុត្រនោះបានបញ្ជាក់អំពីព្រះចេស្តា និងការគ្រប់គ្រងរបស់ព្រះលើអ្វីៗទាំងអស់។ ស្តេចមិនអាចនៅស្ងៀមអំពីអ្វីដែលទ្រង់បានរៀនសូត្រ និងមានបទពិសោធន៍ជាមួយនឹងព្រះជាម្ចាស់ឡើយ។ សំបុត្រនោះគឺជាសេចក្តីអធិដ្ឋានមួយទៅកាន់ព្រះជាម្ចាស់។ ស្តេចក៏បានសរសើរតម្កើងដល់ព្រះជាម្ចាស់ផងដែរ (ដានីយ៉ែល ៤: ៣៤‑៣៧)។

ស្តេចក៏មានព្រះទ័យថ្មី។ ព្រះជន្មរបស់ព្រះអង្គក៏ត្រូវបានផ្លាស់ប្រែ។ រីឯជំនឿរបស់ព្រះអង្គអំពីជីវិតក៏ផ្លាស់ប្តូរដែរ។ ទ្រង់យល់ឃើញថា អំណាចរបស់មនុស្សលោកនៅមានកម្រិត។ ស្តេចនេប៊ូក្នេសាក៏បានអរព្រះគុណដល់ព្រះរបស់លោកដានីយ៉ែលនៅក្នុងសេចក្តីអធិដ្ឋានដ៏រំជួលព្រះទ័យរបស់ព្រះអង្គ។ នោះហើយជាមូលហេតុដែលទ្រង់មានបន្ទូលថា «ឯ​អស់​ទាំង​មនុស្ស​លោក​ក៏​រាប់​ទុក​ជា​ឥត​ការ​ទទេ» នោះ (ដានីយ៉ែល ៤:៣៥)។ សេចក្តីអធិដ្ឋានរបស់ស្តេចនេប៊ូក្នេសាបង្ហាញប្រាប់យើងថា មនុស្សលោកគ្មានអ្វីដែលត្រូវអួតទាល់តែសោះ។ គ្រាចុងក្រោយបង្អស់ដែលយើងឃើញស្តេចនេប៊ូក្នេសាក្នុងកណ្ឌគម្ពីរដានីយ៉ែល​គឺនៅក្នុងជំពូកទី៤។ រឿងចុងក្រោយនេះបង្ហាញប្រាប់យើងអំពីស្តេចដែលគ្មានសេចក្តីអំនួតក្នុងព្រះទ័យមួយអង្គ។ ព្រះទ័យរបស់ព្រះអង្គមានពេញដោយការអរព្រះគុណ និងសរសើរតម្កើងចំពោះព្រះជាម្ចាស់។ ស្តេចបានទូន្មានយើងរាល់គ្នាកុំឲ្យមានចិត្តអំនួតឡើយ។

ពិតមែនហើយ ព្រះជាម្ចាស់កំពុងតែបន្តផ្លាស់ប្តូរជីវិតរបស់យើងរាល់គ្នាសព្វថ្ងៃនេះដែរ។ បាបជនទាំងឡាយសុទ្ធតែមានចិត្តអំនួត។ ប៉ុន្តែព្រះជាម្ចាស់ទ្រង់មានសេចក្តីមេត្តា និងព្រះចេស្តានឹងបង្វែរបាបជនដ៏អំនួតឲ្យក្លាយជាកូនរបស់ព្រះនៃស្ថានសួគ៌វិញ។

សូមអានខគម្ពីរភីលីព ២:១‑១១។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីមូលហេតុដែលយើង មិនគួរមានអំនួតនៅក្នុងចិត្តរបស់យើងនោះ?

ថ្ងៃសុក្រ ទី៣១ មករា ឆ្នាំ២០២០

សិក្សាបន្ថែម

កាលពីអតីតកាល ព្រះទ័យរបស់ស្តេចនេប៊ូក្នេសាមានពេញដោយសេចក្តីអំនួត។ បន្ទាប់មក ព្រះអង្គក៏បានក្លាយជាកូនរបស់ព្រះ។ កាលពីអតីតកាល ស្តេចនេប៊ូក្នេសាបានប្រើអំណាចរបស់ព្រះអង្គយកមកគ្រប់គ្រងលើមនុស្សទាំងឡាយ និងធ្វើជាចៅហ្វាយលើមនុស្សដែលនៅជុំវិញ។ ប៉ុន្តែឥឡូវនេះ ព្រះអង្គគឺជាស្តេចដែលមានប្រាជ្ញា និងសេចក្តីស្រឡាញ់វិញ។ ស្តេចបានបង្ហាញឲ្យឃើញថា ព្រះអង្គបានយកព្រះទ័យទុកដាក់ចំពោះរាស្ត្ររបស់ព្រះអង្គ។ ទ្រង់ចង់ឲ្យពួកគេសប្បាយចិត្ត។ ស្តេចទ្រង់បានខិតខំលើកទឹកចិត្តមនុស្សទាំងឡាយឲ្យស្តាប់បង្គាប់ព្រះជាម្ចាស់។ ក្នុងអតីតកាល ស្តេចនេប៊ូក្នេសាបានពោលទាស់នឹងព្រះនៃស្ថានសួគ៌។ ហេតុនោះ ព្រះបានដាក់ទោសស្តេចនេប៊ូក្នេសា។ ឥឡូវនេះ ស្តេចបានទទួលស្គាល់ព្រះចេស្តារបស់ព្រះ។ ស្តេចទ្រង់ជ្រាបថា ព្រះជាម្ចាស់គឺជាស្តេចលើអស់ទាំងស្តេច និងជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់។ ព្រះជាម្ចាស់ទ្រង់បានបង្រៀនមេរៀនមួយដល់ស្តេចនេប៊ូក្នេសាដែលមេដឹកនាំទាំងអស់ត្រូវរៀនគឺ៖ ប្រសិនបើអ្នកចង់ទទួលបានជោគជ័យ អ្នកត្រូវតែធ្វើអំពើល្អជាមុនសិន។ ស្តេចនេ‑ប៊ូក្នេសាបានប្រាប់មនុស្សគ្រប់គ្នាក្នុងនគរបាប៊ីឡូនថា ព្រះយេហូវ៉ាគឺជាព្រះដ៏មានព្រះជន្មរស់...

«ផែនការរបស់ព្រះគឺសម្រាប់ឲ្យនគរដ៏មានអំណាចបំផុតនៅផែនដីបានសរសើរតម្កើងព្រះអង្គ។ ហើយវាក៏បានកើតឡើងដូច្នោះមែន។ ស្តេចបានប្រកាសជាសាធារណៈអំពីសេចក្តីមេត្តារបស់ព្រះ។ ស្តេច​ទ្រង់មានបន្ទូលថា ព្រះជាម្ចាស់ទ្រង់ល្អ។ ទ្រង់មានគ្រប់ទាំងព្រះចេស្តាទាំងនៅស្ថានសួគ៌ និងផែនដី។ កាយវិការនេះគឺជារឿងចុងក្រោយដែលត្រូវបានកត់ត្រាអំពីស្តេចនៅក្នុងព្រះគម្ពីរ»។ ដកស្រង់ពី Prophets and Kings, page 521, adapted។


សំនួរពិភាក្សា៖
  1. «អំនួតបណ្តាលឲ្យមានអាកប្បកិរិយាអាក្រក់ៗកើតឡើង។ អំនួតគឺជាអំពើបាបដ៏អាក្រក់ទាស់នឹងព្រះ។ តើលោកអ្នកគិតថា ពាក្យពេចន៍របស់ខ្ញុំវាធ្ងន់ធ្ងរណាស់មែនទេ? ប្រសិនបើមែន ខ្ញុំចង់ឲ្យលោកអ្នកគិតអំពីរឿងមួយ... លោកអ្នកកាន់តែមានអំនួតនៅក្នុងចិត្តរបស់លោកអ្នក លោកអ្នកកាន់តែស្អប់អំនួតនៅក្នុងអ្នកដទៃទៀត។ តើលោកអ្នកចង់ដឹងទេថា លោកអ្នកមានសេចក្តីអំនួតច្រើនប៉ុនណា? វិធីដ៏ងាយស្រួលបំផុតនោះគឺត្រូវសួរខ្លួនឯងថា៖ ‘តើខ្ញុំស្អប់វាខ្លាំងប៉ុនណាពេលដែលមនុស្សដទៃទៀតគេមិនសប្បុរសចំពោះខ្ញុំ? តើខ្ញុំស្អប់វាខ្លាំងប៉ុនណាពេលដែលមនុស្សទាំងឡាយមិនយកចិត្តទុកដាក់នឹងខ្ញុំ? តើខ្ញុំស្អប់វាប៉ុនណាពេលដែលមនុស្សទាំងឡាយព្យាយាមធ្វើខ្លួនជាចៅហ្វាយលើខ្ញុំ? ឬមួយក៏ពួកគេធ្វើឫកគ្រាន់បើជាងខ្ញុំ? ឬមួយក៏ពួកគេអួតក្អេងក្អាងដាក់ខ្ញុំ?’ អ្វីដែលខ្ញុំចង់និយាយគឺ អំនួតរបស់មនុស្សម្នាក់ៗរមែងតែង​ ប្រយុទ្ធប្រឆាំងនឹងអំនួតរបស់មនុស្សផ្សេងទៀត។ ពីព្រោះខ្ញុំចង់ក្លាយជាតួឯកដល់ក្រុម ប៉ុន្តែមានគេផ្សេងទៀតកំពុងតែលេចធ្លោជាងដែលធ្វើឲ្យខ្ញុំខឹងនឹងគេនោះ»។ ដកស្រង់ពី C. S. Lewis, Mere Christianity [New York: Touchstone, 1996], page 110។ តើមានអ្វីខ្លះដែលលោក Lewis មានប្រសាសន៍នេះអាចជួយលោកអ្នកឲ្យឃើញថា មានអំនួតច្រើនប៉ុនណានៅក្នុងចិត្តរបស់លោកអ្នក?

  2. បទគម្ពីរដានីយ៉ែល ៣ និង៤ បង្រៀនយើងអំពីព្រះចេស្តារបស់ព្រះជាម្ចាស់។ ទ្រង់គ្រប់គ្រងលើអ្វីៗទាំងអស់នៅលើស្ថានសួគ៌ និងនៅលើផែនដី។ ហេតុអ្វីបានជាគោលគំនិតនេះមានសារៈសំខាន់សម្រាប់ឲ្យយើងស្វែងយល់ខ្លាំងម៉្លេះ? តើថ្ងៃសប្បាតហ៍ជួយយើងឲ្យយល់សេចក្តីពិតនេះយ៉ាងដូចម្តេចដែរ? ​
Powered by CAM