ព្រះគម្ពីរបកស្រាយព្រះគម្ពីរ។ ព្រះគម្ពីរអាចធ្វើបែបដូច្នេោះបានដោយសារតែមានភាពចុះសម្រុងគ្នារវាងកណ្ឌគម្ពីរផ្សេងៗគ្នានៅក្នុងព្រះគម្ពីរ។ បើសិនជាគ្មានភាពចុះសម្រុងគ្នាទេ ព្រះគម្ពីរពុំអាចបកស្រាយពីអត្ថន័យរបស់ខ្លួនបាននោះទេ។ ដោយសារតែភាពចុះសម្រុងនៃព្រះគម្ពីរ យើងអាចប្រើផ្នែកមួយនៃព្រះគម្ពីរ ដើម្បីបកស្រាយផ្នែកមួយទៀត។
សូមអានខគម្ពីរលូកា ២៤៖២៧, ៤៤, ៤៥។ តើព្រះយេស៊ូវប្រើព្រះគម្ពីរ ដើម្បីបកស្រាយថា ព្រះអង្គជាអ្នកណាដោយរបៀបណា? តើយើងអាចប្រើព្រះគម្ពីរតាមវិធីបែបនេះ ដើម្បីជួយយើងអោយយល់ពីអត្ថន័យរបស់វាដោយរបៀបណា?
នៅពេលដែលយើងអនុញ្ញាតអោយព្រះគម្ពីរបកស្រាយពីព្រះគម្ពីរ យើងនឹងយល់ពីសេចក្តីពិត និងអត្ថន័យរបស់ព្រះគម្ពីរ។ នៅពេលដែលយើងអនុញ្ញាតអោយព្រះគម្ពីរបកស្រាយព្រះគម្ពីរ យើងនឹងមិនប្រើនូវខទាំងឡាយ ដើម្បីគាំទ្រគំនិតរបស់យើងនោះទេ។ យើងនឹងគិតយ៉ាងម៉ត់ចត់ អំពីខនីមួយៗដែលកំពុងតែនិយាយអំពីអ្វី និងហេតុអ្វី។ យើងក៏គួរតែក្រឡេកមើលខគម្ពីរមុន និងបន្ទាប់ពីខគោលដែលយើងកំពុងសិក្សានោះផងដែរ។ បន្ទាប់មក យើងគួរតែសិក្សាកណ្ឌព្រះគម្ពីរនៅកន្លែងណាដែលយើងបានឃើញខនោះ។ យើងក៏ត្រូវតែចងចាំពីអ្វីដែលលោកប៉ុលមានប្រសាសន៍នៅពេលដែលសិក្សាព្រះគម្ពីរផងដែរ ថា៖ «ដ្បិតអស់ទាំងសេចក្តីដែលបានចែងទុកមកជាមុន នោះបានចែងសំរាប់នឹងបង្រៀនដល់យើងរាល់គ្នា» (រ៉ូម ១៥៖៤)។ ពាក្យពេចន៍របស់លោកប៉ុលជួយយើងអោយយល់ថា យើងគួរតែសិក្សាពីអ្វីគ្រប់យ៉ាងដែលព្រះគម្ពីរបានចែងស្តីអំពីប្រធានបទណាមួយ។
«ព្រះគម្ពីរបកស្រាយដោយខ្លួនឯង។ ដូច្នេះ យើងត្រូវតែប្រៀបធៀបខគម្ពីរជាមួយនឹងខគម្ពីរ។ អ្នកសិក្សាព្រះគម្ពីរគួរតែយល់ថាកណ្ឌទាំងឡាយនៃព្រះគម្ពីរគឺជាផ្នែកមួយនៃសៀវភៅដ៏ធំមួយ។ អ្នកសិក្សាក៏គួរតែយល់ថា ផ្នែកទាំងឡាយនៃព្រះគម្ពីរផ្សារភ្ជាប់ជាមួយគ្នាទៅវិញទៅមកដោយរបៀបណាផងដែរ។ អ្នកសិក្សាគួរតែរៀនអំពីគោលគំនិតសំខាន់ៗទាំងឡាយនៃព្រះគម្ពីរពោលគឺ៖ ផែនការរបស់ព្រះសម្រាប់ផែនដីនេះមុនពេលមានអំពើបាប សង្គ្រាមលោករវាងអំពើល្អ និងអំពើអាក្រក់ ព្រមទាំងកិច្ចការរបស់ទ្រង់ដើម្បីសង្គ្រោះមនុស្សផងដែរ»។ ដកស្រង់ពីសៀវភៅរបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ Eduction, page 190, adapted។
នៅពេលដែលយើងប្រៀបធៀបខគម្ពីរជាមួយនឹងគម្ពីរ យើងត្រូវតែនឹកចាំថា ត្រូវតែសិក្សាព្រះគម្ពីរយ៉ាងប្រុងប្រយ័ត្ន។ បើសិនជាអាចទៅរួច យើងគួរតែសិក្សាព្រះគម្ពីរជាភាសាដើមរបស់វាផងដែរ។ យ៉ាងហោចណាស់ លោកអ្នករកមើលព្រះគម្ពីរចម្លងដែលនៅរក្សានូវសេចក្តីពិតទៅនឹងអត្ថន័យនៃភាសាហេព្រើរ និងក្រេកផងដែរ។ យើងពុំចាំបាច់ត្រូវការដឹងពីភាសាក្រេក និងហេព្រើរ ដើម្បីយល់ពីព្រះគម្ពីរនោះទេ។ ប៉ុន្តែ ការសិក្សាពីភាសានៃព្រះគម្ពីររបស់យើងអាចជួយអោយយើងយល់បានច្រើន។ អ្វីដែលសំខាន់បំផុតដែលយើងត្រូវតែមាននៅពេលដែលយើងសិក្សាព្រះគម្ពីរនោះគឺជា ចិត្តដែលគ្មានអំនួត។ យើងត្រូវតែថ្វាយចិត្តរបស់យើងទៅព្រះ។ បន្ទាប់មក យើងត្រូវតែអធិស្ឋានហើយទូលសូមអោយទ្រង់បើកសំដែងអោយយើងយល់ច្បាស់ពីព្រះគម្ពីរ។ នៅពេលដែលយើងធ្វើកិច្ចការទាំងនេះយើងនឹងទទួលបានជោគជ័យជាពិតប្រាកដ។
ថ្ងៃព្រហស្បតិ៍ ទី៣០ មេសា ឆ្នាំ២០២០
អ្នកស្រីអែល្លិន ជីវ៉ៃត៍ និងក្បួនច្បាប់ «ព្រះគម្ពីរតែមួយគត់»
ខគម្ពីរអេសាយ ៨៖២០ ផ្តល់អោយយើងនូវដំបូន្មានអំពីការបង្រៀនទាំងឡាយ និងក្រឹត្យវិន័យនៃព្រះគម្ពីរ។ តើហេតុអ្វីបានជាវាតែងតែសំខាន់ជានិច្ចសម្រាប់យើងដើម្បី «រក្សាសេចក្តីជំនឿរបស់យើងនៅក្នុងការបង្រៀន និងក្រឹត្យវិន័យ»? តើខនេះបង្រៀនយើងយ៉ាងដូចម្តេចអំពីរបៀបដែលយើងគួរតែមើលពីបទទំនាយនៃពួកហោរា ដែលពុំមែនជាផ្នែកនៃគម្ពីរសញ្ញាចាស់ និងគម្ពីរសញ្ញាថ្មី?
ដូចដែលយើងបានរៀនរួចមកហើយពីក្បួនច្បាប់ «ព្រះគម្ពីរតែមួយគត់»បង្រៀនថា ព្រះគម្ពីរជាអ្នកវិនិច្ឆ័យចុងក្រោយលើគ្រប់ទាំងជំនឿរបស់យើង។ នេះបង្កើតអោយមានសំណួរដែលគួរអោយចាប់អារម្មណ៍អំពីអ្នកស្រីអែល្លិន ជីវ៉ៃត៍។ សំណេររបស់អ្នកស្រីពុំមែនជាផ្នែកនៃព្រះគម្ពីរនោះទេ។ ទន្ទឹមនឹងនេះយើងជឿថា ព្រះបានបើកសំដែងដល់អ្នកស្រីអំពីព្រះវិហាររបស់ទ្រង់នាគ្រាចុងក្រោយ។ ដូច្នេះ សំណួរដែលយើងត្រូវសួរនោះគឺ តើយើងប្រៀបធៀបសំណេររបស់អ្នកស្រីជាមួយនឹងព្រះគម្ពីរយ៉ាងដូចម្តេច?
នៅពេលដែលយើងអានសំណេររបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ យើងឃើញថា ព្រះគម្ពីរគឺជាគ្រឹះសម្រាប់គ្រប់យ៉ាងដែលអ្នកស្រីបានបង្រៀនអំពីព្រះ។ ម្តងហើយម្តងទៀត អ្នកស្រីបានមានប្រសាសន៍ថា ព្រះគម្ពីរគឺជាព្រះបន្ទូលនៃព្រះ។ ទស្សនៈរបស់អ្នកស្រីគឺថា ព្រះគម្ពីរជាអ្នកវិនិច្ឆ័យចុងក្រោយនៅក្នុងការបង្រៀនរបស់យើង សេចក្តីជំនឿរបស់យើង និងការអនុវត្តរបស់យើង។ សំខាន់បំផុតនោះគឺ អ្នកស្រី អែល្លិន ជីវ៉ៃត៍បានគាំទ្រក្បួនច្បាប់ «ព្រះគម្ពីរតែមួយគត់» ដែលជាច្បាប់ប្រូតេស្តង់ (សូមអាន The Great Controversy, pages 9 and 595)។
ចំពោះទស្សនៈរបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ផ្ទាល់ សំណេររបស់អ្នកស្រីគឺជា «ពន្លឺតូចមួយ។ ព្រះ បានប្រើពន្លឺតូចនេះ ដើម្បីដឹកនាំមនុស្សប្រុសស្រីទាំងឡាយទៅកាន់ពន្លឺដ៏ធំ»។ The Advent Review and Sabbath Herald, January 20, 1903, adapted។ តើអ្វីទៅជាពន្លឺដ៏ធំ? នោះគឺជាព្រះគម្ពីរ។ សំណេររបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ពុំមែនជា «ផ្លូវកាត់» ទៅកាន់ការយល់ដឹងរបស់យើងពីព្រះគម្ពីរនោះទេ។ សំណេររបស់អ្នកស្រីពុំមែនជំនួសព្រះគម្ពីរនោះទេ។ ខ្លួនអ្នកស្រីផ្ទាល់បានសរសេរទៅមនុស្សម្នាក់ថា «អ្នកពុំបានយល់ពីព្រះគម្ពីរតាមរបៀបដែលអ្នកគួរយល់នោះទេ។ ចុះយ៉ាងណាទៅវិញ បើសិនជាអ្នកបានសិក្សាព្រះគម្ពីរដោយមានបំណងចង់បាននូវចិត្តដ៏ល្អឥតខ្ចោះ? នោះលោកអ្នកប្រហែលជាពុំចាំបាច់ ត្រូវការសាររបស់ខ្ញុំនៅក្នុងទីបន្ទាល់ទាំងឡាយទាល់តែសោះ។ បុ៉ន្តែ យើងបានខកខាននៅក្នុងការសិក្សា ព្រះគម្ពីរ។ ដូច្នេះ នោះគឺជាមូលហេតុដែលព្រះបានប្រទានសារសាមញ្ញៗទាំងនេះដល់លោកអ្នក។ ព្រះ អង្គចង់ពាល់ចិត្តរបស់លោកអ្នក»។ ដកស្រង់ពីសៀវភៅរបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ Testimonies for the Church, volume 2, page 605, adapted។ សំណេររបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ដែលសរសេរមកកាន់យើងចេញពីព្រះតែមួយអង្គដែលបានប្រទានព្រះគម្ពីរដល់យើង។ ប៉ុន្តែ សំណេររបស់អ្នកស្រីមានលក្ខណៈខុសគ្នាពីព្រះគម្ពីរផងដែរ។ ព្រះបានប្រទានសំណេរទាំងនោះដល់យើង សម្រាប់ហេតុផលមួយ ផ្សេងទៀត។ ដូច្នេះ សំណេររបស់អ្នកស្រីពុំមែនជាអ្វីដែលថ្មីនៃព្រះគម្ពីរនោះទេ។ ព្រះគម្ពីរជាអ្នកវិនិច្ឆ័យចុងក្រោយលើសំណេររបស់អ្នកស្រី។ អ្នកស្រីអែល្លិន ជីវ៉ៃត៍ខ្លួនគាត់ផ្ទាល់ ពុំដែលប្រាថ្នាអោយសំណេរ របស់អ្នកស្រីជំនួសអោយព្រះគម្ពីរនោះទេ។ មិនមែនទេ អ្នកស្រីបានមានប្រសាសន៍ថា ព្រះគម្ពីរតែមួយគត់ដែលគួរតែសម្រេចលើជំនឿ និងការអនុវត្តទាំងអស់របស់យើង។
ថ្ងៃសុក្រ ទី០១ ឧសភា ឆ្នាំ២០២០
សិក្សាបន្ថែម
សូមអាន “The Analogy of Scripture,” pages 64-66, in the Handbook of Seventh-day Adventist Theology. Read chapter 20, “Bible Teaching and Study” in the book Education, pages 185-192; “The Primary of the Word,” in Seclected Messages, book 3, pages 29-33។
«អ្នកសិក្សាព្រះគម្ពីរគួរតែត្រូវបានបង្រៀនអោយសិក្សាព្រះគម្ពីរជាមួយនឹងចិត្តនៃអ្នកដែលចង់រៀន។ យើងត្រូវការស្វែងរកទំព័រនៃព្រះគម្ពីរសម្រាប់សេចក្តីពិត។ ប៉ុន្តែ យើងពុំចាំបាច់អានព្រះគម្ពីររក ភស្តុតាងមកគាំទ្រគំនិតផ្ទាល់ខ្លួនរបស់យើងនោះទេ។ ទេ យើងត្រូវការសិក្សាព្រះគម្ពីរដើម្បីអោយបានយល់ពីអ្វីដែលព្រះចង់មានបន្ទូល។ យើងអាចទទួលបានចំណេះដឹងពិតប្រាកដនៃព្រះគម្ពីរដរាបណាមានជំនួយពីព្រះវិញ្ញាណបរិសុទ្ធ។ ព្រះវិញ្ញាណបានប្រទានសេចក្តីពិតនៃព្រះគម្ពីរទៅកាន់អ្នកសរសេរគម្ពីរសញ្ញាចាស់ និងគម្ពីរសញ្ញាថ្មី។ យើងពុំអាចទទួលបាននូវចំណេះដឹងនៃព្រះគម្ពីរបានទេ លុះត្រាតែយើងអនុវត្ត ទៅតាមអ្វីដែលយើងរៀន។ ដូច្នេះយើងត្រូវតែធ្វើតាមអ្វីគ្រប់យ៉ាងដែលព្រះគម្ពីរបានបង្គាប់អោយយើង ធ្វើ. . . .។ នៅពេលដែលយើងសិក្សាព្រះគម្ពីរ យើងត្រូវខិតខំ ព្រមទាំងយកចិត្តទុកដាក់ ដើម្បីអោយបានយល់ពីបទបន្ទូល។ យើងមិនត្រូវចុះចាញ់ឡើយ។ យើងត្រូវតែធ្វើកិច្ចការតាមរបៀបដែលអ្នករុករករ៉ែមាសបានធ្វើ។ អ្នករុករករ៉ែមាសប្រឹងប្រែងជីកទៅក្នុងដីជ្រៅដើម្បីអោយបានរ៉ែមាស។ ទន្ទឹមនឹងនេះ យើងក៏ ត្រូវតែស្វែងរកកំណប់នៅក្នុងព្រះគម្ពីរផងដែរ»។ ដកស្រង់ពីសៀវភៅរបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ Edu cation, page 189, adapted។
«លោកអ្នកត្រូវតែធ្វើអោយព្រះគម្ពីរក្លាយទៅជាអាហារ និងភេសជ្ជៈរបស់លោកអ្នក។ លោកអ្នកត្រូវតែយកសេចក្តីពិត និងក្បួនច្បាប់នៃព្រះគម្ពីរមកធ្វើជាផ្នែកមួយនៃជីវិតរបស់លោកអ្នក។ បន្ទាប់មក លោកអ្នកនឹងដឹងពីរបៀបនៃការទទួលយកដំបូន្មានពីព្រះបានកាន់តែល្អប្រសើរ។ ខ្ញុំកាន់ព្រះបន្ទូលរបស់ព្រះ គឺព្រះគម្ពីរនៅចំពោះអ្នកនៅថ្ងៃនេះ។ ព្រះបន្ទូលនៃព្រះវិសេសណាស់។ សូមកុំអោយនិយាយថា «អ្នកស្រីអែល្លិន ជីវ៉ៃត៍បានមានប្រសាសន៍យ៉ាងដូច្នេះ និងដូច្នោះ» ឡើយ។ សូមអាននៅក្នុងព្រះគម្ពីរ ដោយខ្លួនឯងនូវអ្វីដែលព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលមកកាន់លោកអ្នក។ បន្ទាប់មក លោកអ្នកធ្វើតាមអ្វីដែលព្រះមានបន្ទូល»។ ដកស្រង់ពីសៀវភៅរបស់ អ្នកស្រីអែល្លិន ជីវ៉ៃត៍ Selected Messages, book 3, page 33, adapted។
សំនួរពិភាក្សា៖
- តើជំនឿខុសឆ្គងអ្វីខ្លះដែលមនុស្សមានដោយសារតែពួកគេមើលត្រឹមតែពីរបីខពីព្រះគម្ពីរតែមិនមែន ជាអ្វីទាំងអស់ដែលព្រះគម្ពីរចែងអំពីគោលគំនិតណាមួយនោះ?
- ក្នុងខគម្ពីរម៉ាថាយ ១១៖១១ ព្រះយេស៊ូវមានបន្ទូលសេចក្តីទាំងនេះ អំពីលោកយ៉ូហាន បាទីស្ទថា៖ «ខ្ញុំ ប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងបណ្តាមនុស្សដែលកើតពីស្ត្រីមក នោះគ្មានអ្នកណាបានធំជាងយ៉ូហាន បាទីស្ទទេ»។ ព្រះយេស៊ូវមានបន្ទូលសេចក្តីទាំងនេះអំពីហោរាម្នាក់ដែលពុំបានសរសេរកណ្ឌណាមួយនៅក្នុងព្រះគម្ពីរ។ ដូច្នេះ តើប្រសាសន៍របស់ព្រះយេស៊ូវអាចប្រាប់យើងអ្វីខ្លះអំពីមូលហេតុដែលហោរាដ៏ពិតម្នាក់មិនចាំបាច់ទាល់តែបានសរសេរកណ្ឌណាមួយនៅក្នុងព្រះគម្ពីរនោះទេ?
រឿងខ្លី
ផ្លូវទៅឯព្រះយេស៊ូវ
ខ្ញុំធំឡើងនៅក្នុងទីក្រុងស៊ីបដែលជាប្រទេសដែលកាន់សាសនាគ្រីស្ទ។ ប៉ុន្តែ គ្រួសារខ្ញុំគ្រាន់តែជាគ្រីស្ទសាសនិកប៉ុណ្ណោះ។
ពេលដែលខ្ញុំអាយុបាន ១២ឆ្នាំ ខ្ញុំបានធ្លាក់ខ្លួនឈឺ ហើយគ្មានវេជ្ជបណ្ឌិតណាដែលអាចជួយខ្ញុំអោយធូរស្រាលបានឡើយ។ ដូច្នេះ ខ្ញុំបានចាប់ផ្តើមស្វែងរកព្រះ។ ខ្ញុំបានចូលទៅឯព្រះវិហារផ្សេងៗគ្នាដោយមានសេចក្តីសង្ឃឹមថានឹងបានជា។ ខ្ញុំបានក្រាបចុះនៅចំពោះរូបសំណាក ហើយអុជធូបដោយគិតថាការធ្វើបែបនេះអាចបញ្ចុះបញ្ចូលព្រះអោយជួយដល់ខ្ញុំបាន។ ប៉ុន្តែ វាមិនបានការទាល់តែសោះ។
ជាច្រើនឆ្នាំក្រោយមក នៅពេលដែលខ្ញុំមានអាយុ៣០ឆ្នាំ ខ្ញុំបានរកឃើញខិត្តប័ណ្ណមួយនៅក្រោមទ្វាររបស់ខ្ញុំដែលផ្សព្វផ្សាយពីការបង្រៀន អំពីបូរាណវិទ្យា និងរឿងរ៉ាវជាច្រើននៅតាមសាលសាធារណៈ។ ប្រធានបទប្រចាំយប់ត្រូវបានសរសេរនៅក្នុងនោះ។ ទោះបីខ្ញុំមិនបានដឹងអំពីវានៅពេលនោះក៏ដោយដែលការផ្សាយដំណឹងល្អត្រូវបានរៀបចំឡើងដោយព្រះវិហារសេវេនដេយអាត់វេនទីស្ទ។
ខ្ញុំមិនចាប់អារម្មណ៍ទេ។ ប៉ុន្តែ មានប្រធានបទមួយដែលនៅចំកណ្តាលនៃបញ្ជីប្រធានបទនានាបានទាក់ទាញចំណាប់អារម្មណ៍ខ្ញុំនោះគឺ៖ «អ្នកដែលប្រឆាំងនឹងព្រះគ្រីស្ទ ហើយនិងលេខ៦៦៦»។ ខ្ញុំបានសម្រេចចិត្តចូលរួមស្តាប់ពីប្រធានបទមួយនោះ។
បទបង្ហាញដ៏រស់រវើកបានធ្វើអោយខ្ញុំចាប់អារម្មណ៍ ហើយខ្ញុំបានសម្រេចថានឹងចូលរួមនៅក្នុងកម្មវិធីផ្សាយដំណឹងល្អដែលនៅសល់។ នៅថ្ងៃបញ្ចប់ អ្នករៀបចំកម្មវិធីបានអញ្ជើញអ្នកចូលរួមទាំងអស់អោយមកថ្វាយបង្គំនៅឯព្រះវិហារសេវេនដេយអាត់វេនទីស្ទ។
ខ្ញុំបានចាប់ផ្តើមចូលរួមថ្វាយបង្គំជាប្រចាំ ហើយនៅទីបំផុតក៏បានយល់ច្បាស់លើគោលជំនឿអាត់វេនទីស្ទ។ ប៉ុន្តែ ខ្ញុំមានការស្ទាក់ស្ទើរអំពីការធ្វើពិធីជ្រមុជទឹក។ នីកូស៊ី (Nicosia) គឺជាទីក្រុងតូច មួយគួរសម ហើយសង្គមក៏មានភាពស្និទ្ធស្នាលគ្នាផងដែរ ម្ល៉ោះហើយខ្ញុំឆ្ងល់ថា តើមិត្តភក្តិ និងក្រុមគ្រួសារ របស់ខ្ញុំនឹងមានប្រតិកម្មយ៉ាងណាប្រសិនបើពួកគេបានរកឃើញថាខ្ញុំបានបោះបង់ចោលកុមារភាពរបស់ខ្ញុំ ដើម្បីក្លាយជាអ្នកសេវេនដេយអាត់វេនទីស្ទ។
អស់រយៈពេល១០ឆ្នាំហើយដែលខ្ញុំបានពិចារណាថា តើវាជាការចាំបាច់ ឬដែលត្រូវធ្វើបុណ្យ ជ្រមុជទឹក។ តើវាអាចធ្វើអោយខ្ញុំក្លាយមកជាមនុស្សដែលកាន់តែប្រសើរឬ? តើខ្ញុំត្រៀមខ្លួនក្នុងការកាន់ និងរស់នៅតាមរបៀបព្រះវិហារនេះហើយឬនៅ?
លោកគ្រូគង្វាលបានព្យាយាមអត់ធ្មត់។ យូរៗទៅយើងបានក្លាយមកជាមិត្តល្អ។ បន្ទាប់ពីការលើកទឹកចិត្តមួយចំនួនដ៏សុភាពរាបសា ខ្ញុំក៏បានធ្វើបុណ្យជ្រមុជទឹក។ ខ្ញុំមិនដែលសោកស្តាយដែលបានសម្រេចចិត្តធ្វើយ៉ាងដូច្នោះទេ។
ជាច្រើនឆ្នាំបានកន្លងមកចាប់តាំងពីថ្ងៃដ៏ស្រស់បំព្រងមួយនោះ។ សព្វថ្ងៃខ្ញុំអាយុ៥៥ឆ្នាំ ហើយនៅតែសកម្មនៅក្នុងគ្រួសារនៃព្រះវិហារដ៏តូចរបស់យើង។ ខ្ញុំបង្រៀនថ្នាក់សប្បាតហ៍ស្គូល និងធ្វើការជាមួយលោកគ្រូគង្វាលដែលទើបតែផ្លាស់មកថ្មីក្នុងការបង្កើតគេហទំព័រមួយ ដើម្បីផ្សាយដំណឹងល្អដល់ប្រជាជនស៊ីប។