មេរៀនទី៥​៖ ២៥-៣១ កក្កដា ២០២០

ការធ្វើបន្ទាល់ដោយអំណាចមកពីព្រះវិញ្ញាណ

Jeans
ថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ យ៉ូហាន ១៥៖២៦, ២៧; កិច្ចការ ២៖៤១, ៤២; កិច្ចការ ៧៖៥៥; កិច្ចការ ៤៖៤, ៣១; ពេត្រុសទី២ ១៖២១; កិច្ចការ ១៦៖១១-១៥, ២៣-៣៤។

ខចងចាំ៖ «កាល​បាន​អធិស្ឋាន​រួច​ហើយ នោះ​កន្លែង​ដែល​គេ​ប្រជុំ​គ្នា​ក៏​រញ្ជួយ ហើយ​គេ​បាន​ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ទាំង​អស់​គ្នា រួច​ក៏​ផ្សាយ​ព្រះបន្ទូល​ដោយ​ចិត្ត​ក្លាហាន» (កិច្ចការ ៤៖៣១)។

ព្រះយេស៊ូវបានមានបន្ទូលប្រាប់សិស្សរបស់ទ្រង់អោយ «ទៅ​ពេញ​សព្វ​ក្នុង​លោកីយ៍​ទាំង​មូល ហើយ​ផ្សាយ​ដំណឹង​ល្អ​ទូទៅ​ដល់​គ្រប់​មនុស្ស​ទាំង​អស់» (ម៉ាកុស ១៦៖១៥)។ សិស្សរបស់ព្រះយេស៊ូវបានគិតថា​ ភារកិច្ចនេះមិនអាចសម្រេចបាននោះទេ។ តើហេតុអ្វីបានជាពួកគេមិនអាចសម្រេចភារកិច្ចនោះបាន? នោះគឺដោយសារតែពួកគេមានគ្នាត្រឹមតែមួយក្រុមតូចប៉ុណ្ណោះ។ ពួកគេមានថវិកាស្តួចស្តើង។ ពួកគេភាគច្រើនពុំបានទទួលការអប់រំនោះទេ។ ពួកគេគ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ។ ប៉ុន្តែ ពួកគេមាន ព្រះមួយអង្គដែលមានអំណាចលើសជាងមនុស្សធម្មតា។ ទ្រង់អាចប្រទានអំណាចដល់ពួកគេក្នុងការបំពេញភារកិច្ចដែលពុំអាចទៅរួច។

ព្រះយេស៊ូវបានមានបន្ទូលថា «ប៉ុន្តែ កាល​ណា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះចេស្តា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុកយូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង» (កិច្ចការ ១៖៨)។ ព្រះវិញ្ញាណបរិសុទ្ធនឹងជួយដល់ពួកគេក្នុងការចែកចាយសារអំពីឈើឆ្កាង។ បន្ទាប់មក សិស្សរបស់ព្រះយេស៊ូវនឹងអាចអធិប្បាយដោយអំណាច។ សាររបស់ពួកគេនឹងផ្លាស់ប្តូរជីវិតមនុស្សជាច្រើន។​ លោកប៉ុលបានបង្ហាញប្រាប់យើងថា ដំណឹងល្អគឺត្រូវ «ទៅ​ដល់​គ្រប់​ទាំង​មនុស្ស ដែល​កើត​ក្រោម​មេឃ​ផង» (កូឡូស ១៖២៣)។ យើងនឹងក្រឡេកមើលកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើដើម្បីអោយយើងក្លាយជាស្មរបន្ទាល់ដ៏មានអំណាចសម្រាប់ព្រះយេស៊ូវនៅក្នុងមេរៀននៃសប្តាហ៍នេះ។​

ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២០

សេចក្តីសន្យារបស់ព្រះយេស៊ូវ៖ ព្រះវិញ្ញាណបរិសុទ្ធ

សិស្សរបស់ព្រះយេស៊ូវមានការព្រួយបារម្ភ។ តើនឹងមានអ្វីកើតឡើងចំពោះពួកគេបន្ទាប់ពីព្រះយេស៊ូវបានចាកចេញពីពួកគេទៅ? តើពួកគេនឹងធ្វើកិច្ចការដែលទ្រង់បានបង្គាប់ដល់ពួកគេយ៉ាងដូចម្តេចទៅ? ម្ល៉ោះហើយ ព្រះយេស៊ូវប្រទានសេចក្តីសន្យាមួយដល់ពួកគេ។ ទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធដល់ពួកគេបន្ទាប់ពីព្រះអង្គយាងត្រឡប់ទៅស្ថានសួគ៌វិញ។ សេចក្តីសន្យានេះបានជួយអោយ សិស្សរបស់ព្រះយេស៊ូវបពា្ឈប់ការព្រួយបារម្ភរបស់ពួកគេ។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពួកគេថា «ខ្ញុំ​ប្រាប់​តាម​ត្រង់​ថា ដែល​ខ្ញុំ​ទៅនោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​វិញ ដ្បិត​បើ​ខ្ញុំ​មិន​ទៅ​ទេ នោះ​ព្រះ​ដ៏​ជា​ជំនួយក៏​មិន​មក​ឯ​អ្នក​រាល់​គ្នា​ដែរ» (យ៉ូហាន ១៦៖៧)។ «ផារ៉ាក្លេតូស (parakletos)» គឺជាពាក្យ ភាសាក្រេកសម្រាប់ពាក្យថា «ព្រះដ៏ជាជំនួយ»។ «ផារ៉ាក្លេតូស» មានន័យថា «អ្នកដែលចូលមកជិត លោកអ្នក» ដើម្បីជួយដល់លោកអ្នក។​ អត្ថន័យមួយនេះត្រូវនឹងអ្វីដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើយ៉ាងពិតប្រាកដ។ ព្រះរាជកិច្ចមួយដ៏សំខាន់បំផុតរបស់ទ្រង់គឺយាងចូលមកឯខាងយើង។​ ទ្រង់នឹងប្រទានអំណាចដល់យើង។ ទ្រង់នឹងនាំយើងតាមរយៈកិច្ចការជាស្មរបន្ទាល់របស់យើងសម្រាប់ព្រះយេស៊ូវ។ យើងនឹងមិននៅតែម្នាក់ឯងនោះទេនៅពេលដែលយើងធ្វើបន្ទាល់សម្រាប់ព្រះយេស៊ូវ។ ព្រះវិញ្ញាណបរិសុទ្ធ នឹងសណ្ឋិតនៅខាងយើង។ ទ្រង់នឹងនាំយើងទៅកាន់មនុស្សដែលមានភាពស្មោះត្រង់នៅក្នុងចិត្ត។ ពួកគេកំពុងតែស្វែងរកសេចក្តីពិត។ ព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើអោយចិត្តរបស់ពួកគេត្រៀមខ្លួនជាស្រេចមុនពេលដែលយើងបានជួបពួកគេទៅទៀត។ ព្រះវិញ្ញាណបរិសុទ្ធនឹងជួយអោយយើងនិយាយពាក្យដែលត្រឹមត្រូវ។ ទ្រង់នឹងនាំសេចក្តីពិតទៅក្នុងគំនិតរបស់មនុស្ស និងបញ្ចុះបញ្ចូលពួកគេអោយយល់ឃើញថា សេចក្តីពិតនេះគឺពិតជាត្រឹមត្រូវ។ ព្រះវិញ្ញាណបរិសុទ្ធនឹងប្រទានកម្លាំងដល់មនុស្ស ដើម្បីអោយពួកគេអាចទទួលយកនូវអ្វីដែលទ្រង់បានបង្ហាញប្រាប់ដល់ពួកគេផងដែរ។

សូមអានខគម្ពីរយ៉ូហាន ១៥៖២៦, ២៧ និងយ៉ូហាន ១៦៖៨។ តើខទាំងនេះបង្ហាញប្រាប់យើងអ្វីខ្លះអំពីកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើដើម្បីជួយយើងអោយធ្វើបន្ទាល់?

ព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់អំពីព្រះយេស៊ូវ។ ផែនការរបស់ទ្រង់គឺដើម្បីនាំមនុស្សជាច្រើនទៅឯព្រះយេស៊ូវតាមដែលអាចទៅរួច។​ ព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធគឺថ្វាយសិរីល្អដល់ព្រះយេស៊ូវ។ ព្រះវិញ្ញាណបរិសុទ្ធបានបង្ហាញប្រាប់ដល់អ្នកជឿទាំងអស់ថា ព្រះរាជកិច្ចនេះគឺជាភារកិច្ចរបស់ពួកគេក្នុងការធ្វើបន្ទាល់អំពីព្រះយេស៊ូវទៅកាន់មនុស្ស។ ព្រះវិញ្ញាណបរិសុទ្ធនឹងបើកភ្នែករបស់យើង។ ទ្រង់នឹងជួយអោយយើងមើលឃើញអំពីសេចក្តីល្អទាំងអស់ដែលមាននៅក្នុងមនុស្សដែលនៅជំុវិញយើង។ ព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធពុំអាចមើលឃើញបាននោះទេ។ ទ្រង់នឹងធ្វើកិច្ចការនៅក្នុងចិត្តរបស់មនុស្ស តាមរបៀបដែលយើងពុំអាចមើលឃើញ។ ទ្រង់នឹងជួយមនុស្សអោយទទួលយកដំណឹងល្អអំពីព្រះយេស៊ូវ។

កណ្ឌគម្ពីរយ៉ូហានបង្ហាញយ៉ាងច្បាស់អំពីព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធ៖ ព្រះវិញ្ញាណបរិសុទ្ធ​នឹង​សំដែងអោយមនុស្ស​នៅលើផែនដី​ «ដឹង​ច្បាស់ពី​អំពើ​បាប» (យ៉ូហាន ១៦៖៨)។ ព្រះវិញ្ញាណបរិសុទ្ធនឹងបណ្តាលចិត្តរបស់មនុស្ស។ ទ្រង់នឹងបង្ហាញពួកគេអំពីគម្លាតដ៏ឆ្ងាយដាច់ចេញពីព្រះដែលពួកគេមាន។ ទ្រង់នឹងបង្ហាញប្រាប់ពួកគេអោយងាកចេញពីអំពើបាប។ ប៉ុន្តែ ព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធមិនគ្រាន់តែបង្ហាញប្រាប់ពួកយើងថា ពួកយើងអាក្រក់ប៉ុនណានោះទេ ។ ទ្រង់នឹងបង្ហាញអំពីទំហំនៃសេចក្តីល្អសេចក្តីសប្បុរស និងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវដល់យើងផងដែរ។ បន្ទាប់មក ព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើកិច្ចការយ៉ាងមមាញឹកដើម្បីធ្វើអោយយើងមើលទៅដូចជាព្រះយេស៊ូវ។

ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០

ពួកជំនុំបានពេញដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ

កណ្ឌគម្ពីរកិច្ចការតែងតែត្រូវបានគេហៅថា ជា «កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ»។ នោះគឺដោយសារតែកណ្ឌគម្ពីរកិច្ចការបង្ហាញយើងអំពីរឿងរបស់អ្នកជឿដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សទាំងនេះបានលះបង់ជីវិតរបស់ពួកគេដើម្បីព្រះ។ ព្រះវិញ្ញាណបានជួយអោយពួកគេផ្លាស់ប្តូរជីវិតរបស់មនុស្សដទៃបានកាន់តែប្រសើរ។ កណ្ឌគម្ពីរកិច្ចការគឺជាសៀវភៅដ៏គួរអោយចង់អាន។ កណ្ឌគម្ពីរនេះបង្ហាញយើងអំពីការធ្វើបន្ទាល់ និងការចែកចាយដំណឹងល្អរបស់ពួកជំនុំ។ យើងក៏បានឃើញអំពីសន្ទុះនៃការកើនឡើងរបស់ពួកជំនុំផងដែរ។ ព្រះគម្ពីរសញ្ញាថ្មីពឹងផ្អែកទាំងស្រុងទៅលើព្រះវិញ្ញាណបរិសុទ្ធ។ ព្រះវិញ្ញាណបានធ្វើការអស្ចារ្យ និងអ្វីដែលល្អៗជាច្រើននៅក្នុងពួកជំនុំ។ ពួកជំនុំគឺជាឧទាហរណ៍អំពីអ្វីដែលព្រះវិញ្ញាណបរិសុទ្ធ អាចធ្វើបាននៅក្នុងជីវិតរបស់ពួកបុរស​ និងស្ត្រីដែលបានបម្រើព្រះយ៉ាងពេលលេញ។

សូមអានខគម្ពីរកិច្ចការ​ ២៖៤១, ៤២; កិច្ចការ ៤៖៤, ៣១; កិច្ចការ ៥៖១៤, ៤២; កិច្ចការ ៦៖៧ និងកិច្ចការ ១៦៖៥។ តើផ្នែកដ៏សំខាន់នៃខគម្ពីរទាំងនេះមានអ្វីខ្លះ? ឬអ្វីដែលប៉ះពាល់ចិត្តរបស់លោកអ្នកជាទីបំផុត? លោកលូកាបានសរសេរកណ្ឌគម្ពីរកិច្ចការនេះឡើង។ លោកលូកាបានមានប្រសាសន៍អំពីសន្ទុះនៃការកើនឡើងរបស់ពួកជំនុំតាមការរៀបរាប់នៃខទាំងនេះ។ តើហេតុអ្វីបានជាលោកលូកាចាំបាច់បង្ហាញប្រាប់ពួកយើងអំពីរឿងនោះ? តើលោកលូកាកំពុងតែព្យាយាមចែកចាយសារអ្វីដល់យើង?

តើហេតុអ្វីលោកលូកាសរសេរកណ្ឌគម្ពីរកិច្ចការ? ពីព្រោះគាត់ចង់អោយអ្នកអានគ្រប់គ្នាបានដឹងអំពីព្រះរាជកិច្ចដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើតាមរយៈពួកជំនុំនៃព្រះគម្ពីរសញ្ញាថ្មី។​

តើលោកអ្នកឃើញដែរឬទេថា លោកលូកាបានបង្ហាញប្រាប់អំពីចំនួនមនុស្សជាច្រើនដែលបានធ្វើពិធីបុណ្យជ្រមុជទឹក? លោកលូកាបានបង្ហាញប្រាប់តួលេខទាំងនេះ ពីព្រោះគាត់ចង់ប៉ាន់ប្រមាណអំពីព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងសតវត្សទី១។ លោកលូកាបានបង្ហាញប្រាប់យើងថា មានមនុស្សចំនួន៣០០០នាក់ដែលបានធ្វើពិធីបុណ្យជ្រមុជទឹកក្នុងរយៈពេលមួយថ្ងៃ និងនៅទីកន្លែងតែមួយនៅក្នុងខគម្ពីរកិច្ចការ ២៖៤១។ លោកលូកាបានបង្ហាញប្រាប់យើងថា​ មានមនុស្សចំនួន៥០០០នាក់ដែលបានធ្វើពិធីបុណ្យជ្រមុជទឹកនៅក្នុងខគម្ពីរកិច្ចការ ៤៖៤។ ហ្វូងមនុស្សដ៏ធំបានទទួលជឿដល់ព្រះ និងបានធ្វើពិធីបុណ្យជ្រមុជទឹក។​

លោកលូកាបានបង្ហាញប្រាប់យើងអំពីពួកបុរស និងស្ត្រីដែលបានធ្វើពិធីបុណ្យជ្រមុជទឹកផងដែរ។ អ្នកទាំងនោះមាន លីឌាមួយអ្នកយាមគុកនៃក្រុងភីលីពមួយ ក្មេងស្រីដែលមានអារក្សចូលមួយ និងបុរសនៃសាសន៍អេធីយ៉ូពីមួយ។ លោកលូកាបានបង្ហាញយើងអំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធបានពាល់ចិត្តរបស់មនុស្សទាំងនេះនៅក្នុងរឿងនីមួយៗ។ យើងក៏បានឃើញផងដែរថា ហ្វូងមនុស្សដ៏ធំនោះមានទាំងពួកបុរស និងស្ត្រីផងដែរ។ បុរសនិងស្ត្រីគឺជាកូនរបស់ព្រះ។​ ព្រះយេស៊ូវបានសុគតជំនួសពួកគេរាល់គ្នា។ មែនហើយ យើងទាំងអស់គ្នាចូលចិត្តតួលេខធំៗ។ តួលេខធំៗធ្វើអោយយើងមានអារម្មណ៍ថា យើងទទួលបានជោគជ័យ។ ប៉ុន្តែ នៅទីបំផុតការធ្វើបន្ទាល់ជាញឹកញាប់គឺសំដៅទៅលើការនាំមនុស្សម្នាក់របស់យើងទៅឯព្រះយេស៊ូវនៅពេលតែមួយវិញ។

អ្នកជឿព្រះគម្ពីរសញ្ញាថ្មីក៏បានចាប់ផ្តើមបង្កើតពួកជំនុំក្រុមថ្មីៗជាច្រើនផងដែរ។ ក្រុមទាំងនេះបានជួយអោយពួកជំនុំលូតលាស់យ៉ាងឆាប់រហ័ស។ ពួកជំនុំក្រុមថ្មីៗបានជួយពួកជំនុំនៃព្រះគម្ពីរសញ្ញាថ្មីអោយលូតលាស់រឹងមាំឡើងខាង​ឯផ្នែកព្រលឹងវិញ្ញាណផងដែរ។ នេះគឺជាមេរៀនដ៏សំខាន់មួយសម្រាប់យើង។

ថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០

ព្រះវិញ្ញាណបរិសុទ្ធ និងការធ្វើបន្ទាល់

យើងបានឃើញអំពីព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងកណ្ឌគម្ពីរកិច្ចការទាំងមូល។ ព្រះវិញ្ញាណបរិសុទ្ធបានជួយអោយអ្នកជឿធ្វើបន្ទាល់សម្រាប់ព្រះអម្ចាស់របស់គេតាមវិធីជាច្រើន។ ព្រះវិញ្ញាណបរិសុទ្ធបានប្រទានកម្លាំងដល់ពួកគេ។ ទ្រង់បានជួយពួកគ្រីស្ទានអោយធ្វើបន្ទាល់តាមទីកន្លែងដែលមានមនុស្សពុំទាន់បានទទួលជឿដល់ព្រះ។ ព្រះវិញ្ញាណបរិសុទ្ធបាននាំមនុស្សអោយស្វែងរកសេចក្តីពិតនៃព្រះគម្ពីរ។ ព្រះវិញ្ញាណបរិសុទ្ធធ្វើអោយចិត្តរបស់មនុស្សត្រៀមខ្លួនជាស្រេច ដើម្បីទទួលជឿព្រះយេស៊ូវ។ ទ្រង់បានជួយក្រុងទាំងអស់អោយត្រៀមខ្លួនជាស្រេច ដើម្បីទទួលព្រះអម្ចាស់មុនពេលដែលពួកគ្រីស្ទានចូលទៅក្នុងក្រុងទាំងនោះទៅទៀត។ ព្រះវិញ្ញាណបរិសុទ្ធបានប្រទានឱកាសអោយសិស្ស របស់ព្រះយេស៊ូវធ្វើបន្ទាល់ដែលពួកគេពុំដែលគិតថាអាចទៅរួច។ ព្រះវិញ្ញាណបរិសុទ្ធបានធ្វើអោយ វោហារស័ព្ទ និងសកម្មភាពរបស់ពួកគេបានរឹងមាំឡើង។

សូមអានខគម្ពីរកិច្ចការ ៧៖៥៥; កិច្ចការ ៨៖២៩; កិច្ចការ ១១៖១៥; កិច្ចការ ១៥៖២៨, ២៩ និងកិច្ចការ ១៦៖៦-១០។ តើព្រះវិញ្ញាណបរិសុទ្ធជួយសិស្សរបស់ព្រះយេស៊ូវតាមបទពិសោធន៍នីមួយៗដែលបានបង្ហាញនៅក្នុងខទាំងនេះយ៉ាងដូចម្តេច? តើព្រះវិញ្ញាណបរិសុទ្ធធ្វើអ្វីខ្លះដើម្បីជួយដល់សិស្សរបស់ព្រះយេស៊ូវ?

ព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអំឡុងសតវត្សទី១គឺជារឿងដ៏ល្អអស្ចារ្យបំផុត។ បទពិសោធន៍ដែលលោកអ្នកបានអានគ្រាន់តែជាឧទាហរណ៍ដ៏តូចមួយនៃព្រះរាជកិច្ចរបស់ទ្រង់តែប៉ុណ្ណោះ។ ព្រះវិញ្ញាណបរិសុទ្ធបានប្រទានកម្លាំងខាងឯព្រលឹងវិញ្ញាណដល់លោកស្ទេផាន ដើម្បីធ្វើបន្ទាល់សម្រាប់ទ្រង់។ នោះគឺនៅពេលដែលមនុស្សមួយក្រុមធំចង់ចោលសម្លាប់លោកស្ទេផានដោយដំុំថ្ម។ ព្រះវិញ្ញាណបាននាំលោកភីលីពទៅកាន់មន្ត្រីសាសន៍អេធីយ៉ូពីម្នាក់ដែលកំពុងតែស្វែងរកសេចក្តីពិត។ ការជួបគ្នានោះបានបើកទ្វារនៃទ្វីបអាហ្រ្វិកទាំងមូលសម្រាប់ដំណឹងល្អ។ ព្រះវិញ្ញាណបរិសុទ្ធបានប្រទានសញ្ញាដល់លោកពេត្រុស ដើម្បីជួយអោយលោកដឹងថា ព្រះក៏បានប្រទានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ដល់សាសន៍ដទៃផងដែរ។ ព្រះវិញ្ញាណបានបង្រួបបង្រួមពួកជំនុំអោយមកតែមួយនៅពេលដែលពួកគេបំរុងនឹងបែកបាក់គ្នា។ ព្រះវិញ្ញាណបរិសុទ្ធបានធ្វើអោយការចែកចាយដំណឹងល្អទៅកាន់ទ្វីបអឺរ៉ុបសម្រាប់លោក ប៉ុល និងពួកគ្រីស្ទានដទៃទៀតអាចទៅរួចផងដែរ។

ព្រះវិញ្ញាណបរិសុទ្ធបានធ្វើការយ៉ាងសកម្មនៅក្នុងពួកជំនុំនៃព្រះគម្ពីរសញ្ញាថ្មី និងបន្តធ្វើការយ៉ាងសកម្មនៅក្នុងជីវិតនៃពួកជំនុំនៅសព្វថ្ងៃនេះ ដើម្បីអោយយើងបានរឹងមាំឡើងផងដែរ។ ទ្រង់ក៏ចង់បង្រៀនយើង ដឹកនាំយើង ធ្វើអោយពួកយើងក្លាយមកតែមួយ និងចាត់យើងអោយចេញទៅបំពេញកិច្ចការដ៏សំខាន់បំផុតនៅលើផែននេះផងដែរ។ កិច្ចការនោះគឺជាការនាំពួកបុរស និងស្ត្រីទៅឯព្រះយេស៊ូវ និងសេចក្តីពិតរបស់ទ្រង់។ ដូច្នេះ ចូរយើងចងចាំថា ព្រះវិញ្ញាណបរិសុទ្ធនៅតែបន្តធ្វើកិច្ចការនៅសព្វថ្ងៃនេះដូចដែលទ្រង់បានធ្វើនៅក្នុងសម័យនៃព្រះគម្ពីរសញ្ញាថ្មីផងដែរ។

តើយើងអាចធ្វើអ្វីបានខ្លះ ជារៀងរាល់ថ្ងៃ ដើម្បីអោយយើងកាន់តែបើកចំហទៅនឹងអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ? ដូចគ្នានេះផងដែរ តើយើងអាចជ្រើសរើសជម្រើសអ្វីខ្លះដែលអាចអនុញ្ញាតអោយព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងយើងដើម្បីជួយដល់អ្នកដទៃ?

ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០

ព្រះវិញ្ញាណបរិសុទ្ធ ព្រះគម្ពីរ និងការធ្វើបន្ទាល់

ពួកជំនុំនៃព្រះគម្ពីរសញ្ញាថ្មីបានធ្វើបន្ទាល់សម្រាប់ព្រះយេស៊ូវ។ ព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះគឺជាអ្នកគាំទ្រសម្រាប់ការធ្វើបន្ទាល់របស់ពួកគេ។ លោកពេត្រុសបានធ្វើបន្ទាល់ទៅកាន់សាសន៍យូដាដោយការអធិប្បាយនៅក្នុងបទគម្ពីរកិច្ចការ ៤។ ខទាំងនេះបានបង្ហាញថា ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះ។ ក្រោយមក លោកពេត្រុសបានមានប្រសាសន៍ថា «ព្រះអង្គ​បាន​ប្រទាន​ព្រះ‌បន្ទូល​មក​ឲ្យ​ជនជាតិ​អ៊ីស្រា‌អែល» (កិច្ចការ ១០៖៣៦, គខប)។ បន្ទាប់មក លោកពេត្រុសបានចែកចាយរឿងជាមួយនឹងលោកកូនេលាសអំពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ។ លោកស្ទេផានក៏បានធ្វើដូចជាលោកពេត្រុសផងដែរ។ គាត់បានអធិប្បាយអំពីប្រវត្តិសាស្ត្ររបស់សាសន៍អ៊ីស្រាអែលនៅក្នុងសម័យព្រះគម្ពីរ សញ្ញាចាស់ មុនពេលដែលគាត់ត្រូវបានគេចោលសម្លាប់ផងដែរ។ លោកប៉ុលបានមានប្រសាសន៍អំពីសេចក្តីសន្យានៃព្រះគម្ពីរសញ្ញាចាស់អំពីព្រះអង្គសង្គ្រោះផងដែរ។ លោកភីលីពក៏បានប្រើព្រះគម្ពីរសញ្ញាចាស់ ដើម្បីជួយអោយសាសន៍អេធីយ៉ូពីម្នាក់យល់សេចក្តីសន្យាអំពីព្រះអង្គសង្គ្រោះនៅក្នុងបទគម្ពីរអេសាយ ៥៣ផងដែរ។ សិស្សរបស់ព្រះយេស៊ូវបានប្រកាសអំពីសេចក្តីពិតរបស់ព្រះ តែមិនមែនជាសេចក្តី ពិតរបស់ពួកគេឡើយនៅក្នុងរឿងនីមួយៗ។ ព្រះគម្ពីរគឺជាអ្នកគាំទ្រសម្រាប់ការអធិប្បាយរបស់ពួកគេ។

សូមអានខគម្ពីរកិច្ចការ ៤៖៤, ៣១; កិច្ចការ ៨៖៤; កិច្ចការ ១៣៖៤៨, ៤៩; កិច្ចការ ១៧៖២; កិច្ចការ ១៨៖២៤, ២៥។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីទំនាក់ទំនងរវាងព្រះវិញ្ញាណបរិសុទ្ធ ព្រះគម្ពីរ និងការធ្វើបន្ទាល់ដោយពួកជំនុំនៃព្រះគម្ពីរសញ្ញាថ្មី?

ព្រះវិញ្ញាណបរិសុទ្ធដដែលនេះជាអង្គដែលបាននាំមនុស្សអោយសរសេរព្រះគម្ពីរ ហើយក៏បានធ្វើអោយព្រះគម្ពីរផ្លាស់ប្តូរជីវិតរបស់មនុស្សផងដែរ។ ដ្បិតនៅក្នុងព្រះគម្ពីរមានអំណាចដែលផ្តល់អោយមានជីវិត។ តើហេតុអ្វីបានជាព្រះគម្ពីរមានអំណាចនេះ? ពីព្រោះព្រះវិញ្ញាណបានប្រទានអំណាចដល់ព្រះគម្ពីរ។ ព្រះគម្ពីរគឺជាព្រះបន្ទូលដ៏រស់របស់ព្រះយេស៊ូវ។

សូមអានខគម្ពីរពេត្រុសទី២ ១៖២១ និងហេព្រើរ ៤៖១២។ តើហេតុអ្វីបានជាព្រះគម្ពីរមានពេញដោយអំណាចគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរជីវិតរបស់មនុស្ស?

«អំណាចដដែលនេះដែលបានបង្កើតផែននេះគឺមាននៅក្នុងព្រះគម្ពីរ។ ព្រះបន្ទូលនេះបាន ប្រទានអំណាចដល់យើង។ ព្រះបន្ទូលបានចាប់ផ្តើមអោយមានជីវិតឡើង។ រាល់សេចក្តីបង្គាប់នៃគម្ពីរគឺជាសេចក្តីសន្យា។ យើងត្រូវតែយកព្រះបន្ទូលដាក់នៅក្នុងព្រលឹងរបស់យើងនៅពេលដែលយើងទទួលសេចក្តីសន្យារបស់ព្រះ។ រាល់សេចក្តីសន្យានឹងនាំជីវិតរបស់ព្រះចូលទៅក្នុងព្រលឹងរបស់យើង។ សេចក្តីសន្យានឹងផ្លាស់ប្តូរយើង។ សេចក្តីសន្យានឹងធ្វើអោយយើងបានកើតជាថ្មី។ បន្ទាប់មក យើងនឹងបានដូចជាព្រះនៅក្នុងចិត្តរបស់យើង»។ ដកស្រង់ពី Ellen G. White, Education, page 126, adapted។

ព្រះគម្ពីរមានអំណាចក្នុងការផ្លាស់ប្តូរជីវិតដោយសារតែព្រះវិញ្ញាណបានផ្លាស់ប្តូរយើងនៅពេលដែលយើងអានព្រះគម្ពីរ។ នេះគឺជាព្រះវិញ្ញាណដដែលដែលបានជួយមនុស្សអោយសរសេរព្រះគម្ពីរ។ ព្រះវិញ្ញាណនឹងធ្វើការនៅក្នុងជីវិតរបស់មនុស្ស នៅពេលដែលយើងចែកចាយអំពីសេចក្តីពិតជាមួយនឹងពួកគេផងដែរ។ ព្រះបានសន្យាថា នឹងប្រទានពរដល់ព្រះបន្ទូលរបស់ទ្រង់ តែមិនមែនជាពាក្យរបស់យើងនោះទេ។ អំណាចមាននៅក្នុងព្រះគម្ពីរតែមិនមាននៅក្នុងគំនិតរបស់មនុស្សនោះទេ។

ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០

អំណាចក្នុងការផ្លាស់ប្តូរជីវិតរបស់ព្រះវិញ្ញាណបរិសុទ្ធ

កណ្ឌគម្ពីរកិច្ចការបានបង្ហាញថា ព្រះធ្វើការអស្ចារ្យតាមរយៈព្រះវិញ្ញាណរបស់ទ្រង់នៅក្នុងជីវិត របស់មនុស្ស។ កណ្ឌគម្ពីរកិច្ចការបានបង្ហាញយើងអំពីរបៀបដែលដំណឹងល្អបានយកឈ្នះលើគោលគំនិតខុសឆ្គងទាំងឡាយ។ ដំណឹងល្អក៏បានផ្លាស់ប្តូរទម្លាប់ដែលមានមួយជីវិតផងដែរ។​ ដំណឹងល្អបានបង្រៀនមនុស្សគ្រប់គ្នាអំពីសេចក្តីមេត្តាករុណា សេចក្តីអត់ឱនទោស និងសេចក្តីពិតរបស់ព្រះ។ ព្រះវិញ្ញាណបរិសុទ្ធបានជួយមនុស្សតាមទីកន្លែងពួកគេរស់នៅ។​ ប៉ុន្តែ ទ្រង់ពុំបានចាកចេញពីពួកគេនៅទីនោះឡើយ។ យើងត្រូវផ្លាស់ប្តូរដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ។

សូមអានខគម្ពីរកិច្ចការ ១៦៖១១-១៥; ២៣-២៤; កិច្ចការ ១៧៖៣៣, ៣៤ និងកិច្ចការ ១៨៖៨។ ខទាំងនេះគ្រាន់តែជារឿងនៃព្រះគម្ពីរមួយចំនួនតូចស្តីអំពីការផ្លាស់ប្តូរជីវិត។ តើរឿងទាំងនេះបង្រៀនយើងអ្វីខ្លះអំពីអំណាចរបស់ព្រះក្នុងការផ្លាស់ប្តូរជីវិតរបស់មនុស្សផ្សេងៗគ្នា?

ខទាំងនេះបានបង្ហាញយើងអំពីមនុស្សដែលមានភាពខុសគ្នាដាច់ដោយឡែក។ នាងលីឌាគឺជាអ្នកជំនួញដែលជោគជ័យម្នាក់។ អ្នកយាមគុកក្រុងភីលីពគឺជាពលរដ្ឋរ៉ូមុាំងវណ្ណៈកណ្តាល។ ព្រះវិញ្ញាណបរិសុទ្ធអាចពាល់ចិត្តរបស់មនុស្សពីគ្រប់ទាំងវណ្ណៈនៃសង្គម។ អំណាចរបស់ព្រះវិញ្ញាណបានផ្លាស់ប្តូរទាំងពួកបុរស និងស្ត្រី ទាំងអ្នកមាន និងអ្នកក្រ ព្រមទាំងអ្នកមានវិជ្ជា ឬអ្នកអវិជ្ជាផងដែរ។

មនុស្សពីរនាក់ចុងក្រោយនៅក្នុងបញ្ជីរបស់យើងគួរអោយភ្ញាក់ផ្អើលនិងអស្ចារ្យ។ ខគម្ពីរកិច្ចការ ១៧៖៣៤ បានបង្ហាញប្រាប់យើងអំពីលោកឌេវនីសនៃសាសន៍អើរីយ៉ូស។ ពួកអើរីយ៉ូសនៃក្រុងអាថែនគឺជាក្រុមចៅក្រមស្របច្បាប់ដែលវិនិច្ឆ័យរឿងក្តីនៅក្នុងតុលាការ។ ចៅក្រមទាំងនេះជាសមាជិកដ៏សំខាន់នៃក្រុងរបស់ពួកគេ។

ព្រះវិញ្ញាណបរិសុទ្ធបានធ្វើការតាមរយៈលោកប៉ុល ដើម្បីពាល់ចិត្តរបស់មនុស្សដ៏សំខាន់ទាំងនេះ។ គ្រីសប៉ុសគឺជាបុគ្គលម្នាក់នៅក្នុងចំណោមនោះ (កិច្ចការ ១៨៖៨)។ លោកគ្រីសប៉ុសគឺជាមេសាលាប្រជំុំរបស់ពួកជំនុំសាសន៍យូដា។ លោកគ្រីសប៉ុសបានកាន់តាមប្រពៃណីចាស់របស់សាសន៍យូដា។ ប៉ុន្តៃ ព្រះវិញ្ញាណបរិសុទ្ធបានផ្លាស់ប្តូរជីវិត និងគោលគំនិតរបស់គាត់។ រឿងទាំងនេះបានបង្ហាញយើងថា ព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើរឿងដ៏ល្អអស្ចារ្យជាច្រើននៅក្នុងជីវិតរបស់អ្នកដទៃនៅពេលដែលយើងចែកចាយអំពីព្រះយេសូវ និងសេចក្តីពិតនៃព្រះគម្ពីរជាមួយនឹងពួកគេ។ យើងពុំអាចនិងមិនគួរធ្វើការស្មានអំពីអ្នកណាម្នាក់ដែលយើងគិតថាអាច ឬមិនអាចទទួលបានសេចក្តីសង្គ្រោះនោះទេ។ ភារកិច្្ចរបស់យើងគឺជាការធ្វើ បន្ទាល់ដល់អ្នកណាម្នាក់ និងមនុស្សគ្រប់គ្នាដែលព្រះបាននាំពួកគេចូលមកក្នុងជីវិតរបស់យើង។ ព្រះជាម្ចាស់នឹងបំពេញកិច្ចការដែលនៅសេសសល់។

ការសុគតរបស់ព្រះយេស៊ូវគឺសម្រាប់មនុស្សគ្រប់គ្នា។ តើសេចក្តីពិតមួយនេះបង្រៀនយើងអ្វីខ្លះអំពីមូលហេតុដែលយើងពុំគួរវិនិច្ឆ័យថា អ្នកណាម្នាក់ពុំអាចបានសង្គ្រោះ?

ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០

សិក្សាបន្ថែម

សូមអាន Ellen G. White, “The Gift of the Spirit,” pages 47-56, in The Acts of the Apostles; “ ‘Let Not Your Heart Be Troubled,’ “ pages 667-672, in The Desire of Ages។​

ព្រះវិញ្ញាណបរិសុទ្ធបំពេញព្រះរាជកិច្ចជាមួយនឹងព្រះវរបិតា និងព្រះយេស៊ូវដែលជាព្រះរាជបុត្រាដើម្បីសង្គ្រោះយើង។ យើងបានសហការជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធនៅក្នុងព្រះរាជកិច្ចរបស់ទ្រង់ក្នុងការសង្គ្រោះមនុស្សលោកនៅពេលដែលយើងធ្វើបន្ទាល់។ ទ្រង់នឹងពាល់ចិត្តរបស់មនុស្សលោក។ ទ្រង់ នឹងប្រទានឱកាសអោយយើងដើម្បីធ្វើបន្ទាល់ទៅកាន់មនុស្សលោក។ ព្រះគម្ពីរដែលជាបន្ទូលរបស់ទ្រង់នឹងបង្ហាញសេចក្តីពិតអំពីព្រះយេស៊ូវដល់មនុស្សលោក។ ព្រះវិញ្ញាណបរិសុទ្ធនឹងកាត់ផ្តាច់យើងចេញពីភាពជាទាសករទៅនឹងគោលគំនិតអាក្រក់ទាំងឡាយ។ ទ្រង់នឹងជួយអោយយើងយកឈ្នះសង្គ្រាមប្រឆាំងទាស់ នឹងគោលគំនិតខុសឆ្គងទាំងឡាយ។ ទ្រង់នឹងប្រោសអោយយើងមានសេរីភាពចេញពីទម្លាប់អាក្រក់ទាំងឡាយដែលធ្វើអោយយើងជាប់ចំណង។

យើងកំពុងតែធ្វើកិច្ចការជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធនៅពេលដែលយើងធ្វើបន្ទាល់សម្រាប់ព្រះយេស៊ូវ។ ទ្រង់បានគង់នៅទីនោះមុនយើង។ ទ្រង់បានធ្វើអោយចិត្តរបស់យើងត្រៀមខ្លួនជាស្រេចសម្រាប់ដំណឹងល្អ។ ព្រះវិញ្ញាណបានគង់ជាមួយនឹងយើងនៅទីនោះ ដើម្បីជួយយើងអោយជ្រើសរើសគោលគំនិត និងពាក្យសម្តីទាំងឡាយដែលត្រឹមត្រូវ។ ទ្រង់បានជួយអោយយើងធ្វើសកម្មភាពដោយសប្បុរសដើម្បីជួយមនុស្សលោក។ ទ្រង់បានជួយយើង នៅពេលដែលយើងចែកចាយរឿងរបស់យើងអំពីរបៀបដែល ព្រះយេស៊ូវបានផ្លាស់ប្តូរជីវិតរបស់យើងផងដែរ។ ព្រះវិញ្ញាណបរិសុទ្ធបានគង់ជាមួយនឹងយើង នៅពេលដែលយើងបង្រៀនព្រះគម្ពីរផងដែរ។ ទ្រង់បានគង់ជាមួយនឹងយើងនៅពេលដែលយើងអោយកូនសៀវភៅ តូចមួយអំពីសេចក្ដីពិតក្នុងព្រះគម្ពីរទៅកាន់អ្នកណាម្នាក់។ ទ្រង់បានគង់ជាមួយនឹងយើង នៅពេលដែលយើងចែកចាយសេចក្តីពិតនៃព្រះគម្ពីរជាមួយនឹងមនុស្សនៅគ្រប់ទីកន្លែងនៅលើផែនដី។ ព្រះវិញ្ញាណនឹងបន្តធ្វើការនៅក្នុងចិត្តរបស់មនុស្សជាយូរមកហើយមុនពេលដែលយើងបានចាកចេញពីពួកគាត់ទៅ។ ទ្រង់នឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចទៅរួចដើម្បីសង្គ្រោះបុគ្គលម្នាក់នោះ។

សំនួរពិភាក្សា៖
  1. សូមលោកអ្នកនិយាយអំពីគ្រាមួយនៅពេលដែលលោកអ្នកមានអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធបានធ្វើការតាមរយៈវិធីដ៏មានអំណាចមួយនៅក្នុងជីវិតរបស់លោកអ្នកនៅពេលដែលលោកអ្នកធ្វើបន្ទាល់ទៅកាន់អ្នកណាម្នាក់។

  2. តើលោកអ្នកធ្លាប់មានអារម្មណ៍ភ័យខ្លាចក្នុងការចែកចាយសេចក្តីជំនឿរបស់លោកអ្នកដែរឬទេ? តើការដឹងអំពីព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធបានបពា្ឈប់សេចក្តីភ័យខ្លាចនោះយ៉ាងដូចម្តេច? តើព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធបានលើកទឹកចិត្តដល់លោកអ្នកនៅក្នុងការធ្វើបន្ទាល់របស់លោកអ្នកយ៉ាងដូចម្តេច? ​

  3. សប្តាហ៍នេះ យើងបានពិពណ៌នាអំពី «ព្រះរាជកិច្ច» របស់ព្រះវិញ្ញាណបរិសុទ្ធតាមរយៈកាធ្វើបន្ទាល់ របស់យើង។ តើមានវិធីផ្សេងគ្នាណាខ្លះដែលព្រះវិញ្ញាណធ្វើការជាមួយនឹងយើងតាមរយៈកិច្ចការនៃការធ្វើបន្ទាល់របស់យើងសម្រាប់ព្រះយេស៊ូវ? ​

  4. តើហេតុអ្វីបានជាព្រះគម្ពីរមានសារៈសំខាន់សម្រាប់សេចក្តីជំនឿ និងសេចក្តីបន្ទាល់របស់យើង? ​

រឿងខ្លី

សុបិន៤យប់ជាប់គ្នា

Jeans

ក្តីសុបិនដំបូងបានកើតឡើងបន្ទាប់ពីលោកអ័ប្រាហាំ ខេតា (Abraham Keita) បានក្រោកឡើងនៅម៉ោង៣ព្រឹកសម្រាប់ការអធិស្ឋានដូចសព្វដងនៅលើកន្ទេលអធិស្ឋានរបស់គាត់នៅឯភូមិ ប៊ូហ្វា (Bufa) ដែលជាភូមិមួយនៅក្នុងប្រទេសហ្គីនា (Guinea) នៃទ្វីបអាហ្វ្រិកខាងលិច។

លោកអ័ប្រាហាំបានអធិស្ឋានថា «ឱព្រះអង្គអើយ ទូលបង្គំអាយុជាង៤០ឆ្នាំហើយ។ ទូលបង្គំគ្មានប្រពន្ធ ឬកូន ឬការងារ ឬប្រាក់ណាឡើយ។ សូមទ្រង់ជួយដល់ទូលបង្គំ។ ទូលបង្គំចង់អោយព្រះអង្គធ្វើអោយទូលបង្គំក្លាយទៅជាហោរាម្នាក់ដែលអាចនិយាយទៅកាន់អ្នកដទៃបានតាមរយៈទ្រង់»។

ខ្យល់បានចាប់ផ្តើមបក់នៅពេលគាត់អធិស្ឋាន។ គាត់មានអារម្មណ៍ល្វើយ ហើយលង់លក់នៅលើកន្ទេលនោះទៅ។ រំពេចនោះ មនុស្សម្នាក់បានកេះគាត់ហើយនិយាយថា «កូនអើយ ចូរទៅខាងក្នុងហើយគេងនៅលើគ្រែរបស់ឯងទៅ»។

ប៉ុន្មាននាទីក្រោយមក គាត់កំពុងតែគេងនៅលើគ្រែរបស់គាត់ ហើយគាត់បានសុបិន។ នៅក្នុងសុបិន មនុស្សម្នាក់ដែលមានព្រះនេត្រមើលទៅដូចជាភ្លើងបានចូលមកជិតគាត់។ លោកអ័ប្រាហាំបានគិតថា គាត់នឹងត្រូវបុគ្គលម្នាក់នោះធ្វើបាបជាមិនខាន។ លោកអ័ប្រាហាំបានសួរទៅបុគ្គលនោះដោយភ័យខ្លាចថា «តើអ្នកជាអ្នកណា?»។ បុគ្គលម្នាក់នោះបានតបថា «យើងគឺជាព្រះយេស៊ូវ»។

លុះព្រឹកឡើង លោកអ័ប្រាហាំបានឆ្ងល់ថា តើនឹងមានរឿងអ្វីកើតឡើងបន្ទាប់។ គាត់បានមានសុបិនមួយទៀត នៅយប់បន្ទាប់ទៀត។ គាត់បានសុបិនឃើញបុគ្គលម្នាក់នោះម្តងទៀត។ លើកនេះទាំងពីរនាក់បានដើរតាមច្រកភ្នំដ៏ខ្ពស់មួយ។

នៅយប់ទីបី គាត់បានសុបិនថា គាត់កំពុងតែស្វែងរកការងារ ហើយព្រះយេស៊ូវគឺជាអ្នកជួលកម្មករធ្វើការ។ លោកអ័ប្រាហាំបានសុបិនឃើញព្រះយេស៊ូវគង់នៅនឹងតុ ទ្រង់កំពុងតែស្រង់ឈ្មោះរបស់កម្មករ និងចុះឈ្មោះពួកគេ។

នៅយប់ទីបួន លោកអ័ប្រាហាំបានឃើញព្រះយេស៊ូវគង់នៅពេញក្នុងទឹកនៃមហាសមុទ្រអាត្លង់ទិច។ ព្រះយេស៊ូវបានទតមើលគាត់ ហើយគាត់បានសម្លឹងមើលទៅឯព្រះយេស៊ូវវិញ។

៣ឆ្នាំបានកន្លងផុតទៅ។ លោកអ័ប្រាហាំបានប្តូរទៅនៅឯកូនាគ្រី (Conakry) ដែលជារាជធានីនៃប្រទេសហ្គីនា ហើយគាត់ត្រូវបានគេជួលអោយធ្វើជាកម្មករសំណង់។ គាត់បានជួបលោកត្រេន ខ្វេល ហ្វាសីណាឌូណូ (Tranqulle Fassinadouno) ដែលជាអ្នកត្រួសត្រាយនៃបេសកកម្មពិភពលោកនៅតាមផ្លូវទៅផ្ទះបន្ទាប់ពីចេញពីធ្វើការមក។

លោកត្រេនខ្វេលបានសួរគាត់ថា «តើអ្នកសុខសប្បាយឬទេ? ខ្ញុំគឺជាគ្រីស្ទាន។ តើអ្នកចង់ទៅលេងព្រះវិហាររបស់ខ្ញុំទេ?»។ ខ្ញុំបានតបទៅវិញថា «តើខ្ញុំអាចទៅបានយ៉ាងដូចម្តេច? ខ្ញុំជាអ្នកជឿសាសនាដទៃ។ ខ្ញុំអត់យល់ថា អ្នកកំពុងតែនិយាយអំពីអ្វីនោះទេ»។

ទោះយ៉ាងណា ពេលទៅដល់ផ្ទះគាត់បាននឹកឃើញសុបិនរបស់គាត់អំពីព្រះយេស៊ូវ។ បន្ទាប់មក គាត់បានសំរេចចិត្តទៅព្រះវិហាររបស់អ្នកត្រួសត្រាយនៃបេសកកម្មពិភពលោកដើម្បីអោយបានដឹងថា តើព្រះវិហារបង្រៀនអំពីអ្វី។ គាត់ត្រូវបានគេស្វាគមន៍យ៉ាងកក់ក្តៅហើយគាត់បានចូលចិត្តព្រះបន្ទូលដែលគាត់បានឮនៅឯព្រះវិហារ។ គាត់បានត្រឡប់មកវិញជារៀងរាល់ថ្ងៃសប្បាតហ៍បន្ទាប់ពីពេលនោះមកគាត់បានថ្វាយចិត្តរបស់គាត់ដល់ព្រះយេស៊ូវ។

Powered by CAM