មេរៀនទី៦​៖ ០២-០៨ ឧសភា ២០២០

ហេតុអ្វីបានជាត្រូវការការបកស្រាយព្រះគម្ពីរ?

Jeans
ថ្ងៃសៅរ៍ ទី០២ ឧសភា ឆ្នាំ២០២០
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ លូកា ២៤៖៣៦; យ៉ូហាន ១៖៤១; កិច្ចការ ១៧៖ ១៦-៣២; យ៉ូហាន ៩៖៣៩-៤១; នេហេមា ៨៖១-៣, ៨។

ខចងចាំ៖ «តែ​បើ​ឥត​មាន​សេចក្តី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះហឫទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ព្រះនោះ​ត្រូវ​តែ​ជឿ​ថា មាន​ព្រះ​មែន ហើយ​ថា ទ្រង់​ប្រទាន​រង្វាន់ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់» (ហេព្រើរ ១១៖៦)។

ការអានព្រះគម្ពីរក៏មានន័យថាការបកស្រាយព្រះគម្ពីរដែរ។ តើយើងអាចធ្វើបែបនោះបានដោយរបៀបណា? តើក្បួនច្បាប់អ្វីដែលយើងត្រូវយកមកប្រើ? តើយើងបកស្រាយបែបបទផ្សេងៗគ្នានៃការសរសេរ នៅក្នុងព្រះគម្ពីរដោយរបៀបណា? តើយើងកំពុងតែអានរឿងប្រៀបធៀបឬ? តើយើងកំពុងតែអានពីសុបិនដែលពោរពេញដោយរូបស័ព្ទដែលបង្ហាញយើងអំពីអនាគតឬ? ឬមួយយើងកំពុងតែអានរឿងមួយដែលប្រាប់យើងអំពីប្រវត្តិសាស្ត្រ? ចម្លើយឆ្លើយតបទៅនឹងសំណួរទាំងនេះក៏ជាផ្នែកនៃការបកស្រាយព្រះគម្ពីរផងដែរ។

មានពេលជាច្រើនដែលមនុស្សមួយចំនួនប្រើព្រះគម្ពីរដើម្បីប្រាប់ពួកគេពីអ្វីដែលត្រូវធ្វើ។​ ពួកគេគ្រាន់តែបើកព្រះគម្ពីរត្រង់កន្លែងណាមួយ រួចជ្រើសរើសខមួយនៅក្នុងទំព័រណាមួយដែលពួកគេរំពឹងថា នឹងផ្តល់ដំបូន្មានល្អដល់ពួកគេ។ ប៉ុន្តែ ផែនការនេះអាចនាំទៅកាន់គោលគំនិតចម្លែកៗ ហើយខុសឆ្គងបាន។ នេះគឺជាឧទាហរណ៍៖ ប្តីម្នាក់ចាកចេញពីប្រពន្ធរបស់គាត់ដោយសារស្ត្រីម្នាក់ទៀត។ ប្រពន្ធបើកខព្រះគម្ពីរ លោកុប្បត្តិ ហើយអាន៖ «អញ​នឹង​ធ្វើ​ឲ្យ​ឯង ហើយ​និង​ស្ត្រី គឺ​ទាំង​ពូជ​ឯង និង​ពូជ​នាង​មាន​សេចក្តី​ខ្មាំង​នឹងគ្នា» (លោកុប្បត្តិ ៣៖១៥)។ បន្ទាប់ពីប្រពន្ធអានខគម្ពីរនេះរួចហើយនាងមានអារម្មណ៍រីករាយ។ នាងជឿថា ព្រះគម្ពីរកំពុងតែប្រាប់នាងថា អារម្មណ៍ល្អរបស់ប្តីនាងសម្រាប់ស្ត្រីម្នាក់ទៀតនោះនឹងមិនបានយូរបុ៉ន្មាននោះទេ។

ប្រាកដណាស់ យើងត្រូវការយល់ពីអ្វីដែលខគម្ពីរមួយចែង ព្រមទាំងអត្ថន័យរបស់វា។ ប្រសិនបើមិនដូច្នេះទេ ខគម្ពីរអាចក្លាយជាលេសសម្រាប់អោយយើងធ្វើអ្វីដែលយើងចង់។ ដូច្នេះ វាសំខាន់ណាស់សម្រាប់យើងក្នុងការអានព្រះគម្ពីរដោយប្រុងប្រយ័ត្ន។ យើងត្រូវតែប្រុងប្រយ័ត្នក្នុងការបកស្រាយព្រះគម្ពីរផងដែរ។

ថ្ងៃអាទិត្យ ទី០៣ ឧសភា ឆ្នាំ២០២០

របៀបដែលយើងអានព្រះគម្ពីរ

សូមអានអំពីបទពិសោធន៍ដែលសិស្សរបស់ព្រះយេស៊ូវមាននៅក្នុងខគម្ពីរលូកា ២៤៖៣៦- ៤៥។ សិស្សរបស់ព្រះយេស៊ូវបានដឹងពីព្រះគម្ពីរយ៉ាងច្បាស់។ តើអ្វីដែលបានរារាំងពួកគេមិនអោយយល់អត្ថន័យពិតនៃព្រះបន្ទូលរបស់ព្រះ បន្ទាប់ពីរឿងដែលព្រះយេស៊ូវបានប្រាប់ដល់ពួកគេបានកើតឡើងហើយក៏ដោយ?

គ្មានអ្នកណាម្នាក់បកស្រាយព្រះគម្ពីរដោយគ្មានគំនិតនោះទេ។ រាល់អ្នកអាន និងនិស្សិតគម្ពីរទាំងអស់បកស្រាយព្រះគម្ពីរដោយបទពិសោធន៍ និងប្រវត្តិផ្ទាល់ខ្លួន។ រឿងនេះនឹងបណ្តាលអោយយើងគិតពីរបៀបដ៏ជាក់លាក់មួយអំពីព្រះគម្ពីរ។ សិស្សរបស់ព្រះយេស៊ូវក៏មានគំនិតផ្ទាល់ខ្លួនអំពីអ្នកណាដែលជាអង្គសង្គ្រោះ និងពីអ្វីដែលទ្រង់ចង់ធ្វើ។ គំនិតរបស់ពួកគេបានមកពីក្តីសង្ឃឹមអំពីព្រះអង្គសង្គ្រោះដែលមនុស្សមាននៅពេលនោះ។ ដូច្នេះ គំនិតដែលសិស្សរបស់ព្រះយេស៊ូវមានអំពីព្រះអង្គសង្គ្រោះបានធ្វើអោយពួកគេមើលមិនឃើញពីសេចក្តីពិត។ គំនិតទាំងនេះបានទប់ពួកគេមិនអោយយល់ពីអ្វីដែលព្រះគម្ពីរបានចែង អំពីព្រះអង្គសង្គ្រោះ។ នោះគឺជាអ្វីដែលពួកសិស្សរបស់ព្រះយេស៊ូវជាញឹកញាប់ពុំបានយល់ពីព្រះយេស៊ូវយល់ពីជីវិតរបស់ព្រះអង្គ យល់ពីសេចក្តីស្លាប់ និងការរស់ឡើងវិញរបស់ទ្រង់។

យើងរាល់គ្នាមានជំនឿអំពីជីវិតនៅលើលោកនេះ និងព្រះ។ ពេលខ្លះជំនឿរបស់យើងអាចបណ្តាលអោយយើងយល់ពីព្រះគម្ពីរតាមបែបខុសឆ្គង។ នេះគឺជាឧទាហរណ៍មួយ។ ចូរយើងនិយាយពីអ្នកណាម្នាក់ដែលមិនជឿលើបាដិហារ្យថាជារឿងមិនអាចទៅរួច។ គាត់ពុំបានជឿថា ព្រះធ្វើកិច្ចការតាមបែបវិធីដ៏វិសេសណាមួយ ដើម្បីសង្គ្រោះរាស្ត្ររបស់ទ្រង់នោះទេ។ ដូច្នេះ បុគ្គលម្នាក់នេះនឹងមិនជឿលើបាដិហារ្យនៃព្រះគម្ពីរនោះទេ។ គាត់នឹងមិនអានហើយយល់ពីព្រះគម្ពីរថា ជាកំណត់ត្រាពិតនៃការប្រព្រឹត្ដរបស់ព្រះនៅក្នុងប្រវត្តិសាស្ត្រនោះទេ។ ទេ បុគ្គលម្នាក់នេះនឹងពន្យល់ព្រះគម្ពីរតាមរបៀបខុសគ្នាពីអ្នកដែលព្រមទទួលជឿថា​ បាដិហារ្យមានពិត។

គ្មានអ្នកបកស្រាយព្រះគម្ពីរណាម្នាក់អាចបែងចែកយ៉ាងពេញលេញពីអតីតកាល បទពិសោធន៍ យោបល់ និងគំនិតរបស់ខ្លួនបានទេ។ ដូច្នេះ នៅពេលដែលយើងសិក្សាពីព្រះគម្ពីរយើងមិនត្រូវបកស្រាយព្រះបន្ទូលរបស់ព្រះដោយគំនិតផ្ទាល់ខ្លួនអំពីជីវិត និងព្រះឡើយ។ ពេលខ្លះគំនិតរបស់យើងយោបល់ និងបទពិសោធន៍អាចរារាំងផ្លូវនៃការយល់ដឹងរបស់យើងពីព្រះគម្ពីរ។ ប៉ុន្តែ មានដំណឹងល្អសម្រាប់យើង។ ព្រះវិញ្ញាណបរិសុទ្ធអាចតម្រង់កម្រិតនៃទស្សនៈ និងគំនិតរបស់យើង។ ព្រះអង្គអាចជួយយើងអោយអានព្រះគម្ពីរដោយបើកចិត្ត និងដោយចិត្តស្មោះត្រង់។ ម្តងហើយម្តងទៀត ព្រះគម្ពីរបង្ហាញយើងថា មនុស្សដែលមានអតីតកាលខុសគ្នាខ្លាំងយ៉ាងណាក៏អាចយល់ព្រះគម្ពីរបានដែរ។ ព្រះវិញ្ញាណបរិសុទ្ធអាចធ្វើបាន។ វិញ្ញាណនៃព្រះដឹកនាំយើង «ចូល​ក្នុង​គ្រប់​ទាំង​សេចក្តី​ពិត» (យ៉ូហាន ១៦៖១៣)។

តើគំនិត និងយោបល់អ្វីខ្លះរបស់អ្នកអំពីជីវិត? តើអ្នកអាចប្រគល់អ្វីៗទាំងអស់នេះទៅព្រះ ហើយអនុញ្ញាតអោយព្រះវិញ្ញាណបរិសុទ្ធប្រទានអោយអ្នកនូវគំនិតដែលស្របតាមការបង្រៀននៃព្រះគម្ពីរយ៉ាងដូចម្តេច?

ថ្ងៃច័ន្ទ ទី០៤ ឧសភា ឆ្នាំ២០២០

ព្រះគម្ពីរ និងភាសាដើមរបស់ព្រះគម្ពីរ

អ្នកសរសេរព្រះគម្ពីរបានសរសេរជាភាសាបុរាណ។ ពួកគេបានសរសេរគម្ពីរសញ្ញាចាស់ភាគច្រើនជាភាសាហេព្រើរមានផ្នែកតិចតួចប៉ុណ្ណោះជាភាសាអារ៉ាម។ អ្នកសរសេរគម្ពីរសញ្ញាថ្មីបានសរសេរជាភាសាដែលហៅថាក្រេក។ មនុស្សដែលរស់នៅក្នុងសម័យនេះភាគច្រើនមិនអាចនិយាយភាសាទាំងនេះទៀតទេ។ ដូច្នេះ នោះគឺជាមូលហេតុដែលព្រះគម្ពីរត្រូវបានសរសេរសម្រាប់យើងជាភាសាសម័យទំនើបខុសៗគ្នា។

រាល់កំណែព្រះគម្ពីរទាំងឡាយ ត្រូវបានរួមបញ្ចូលទាំងកិច្ចការនៃការបកស្រាយ។ ពាក្យខ្លះនៃភាសាមួយពុំមានអត្ថន័យពេញលេញជាមួយភាសាមួយទៀតនោះទេ។ ដូច្នេះ វាទាមទារជំនាញជាច្រើនដើម្បីសរសេរនូវកំណែព្រះគម្ពីរដោយប្រុងប្រយ័ត្ន។ កិច្ចការនៃការសរសេរព្រះគម្ពីរជាភាសាថ្មីមួយ ព្រមទាំងបកស្រាយអត្ថន័យអោយបានច្បាស់ត្រូវបានហៅថា «ការបកស្រាយព្រះគម្ពីរ (Hermeneutics)»។

សូមអានខគម្ពីរកូរិនថូសទី១​ ១២៖១០; កូរិនថូសទី១ ១៤៖២៦; យ៉ូហាន ១៖៤១; យ៉ូហាន ៩៖៧, កិច្ចការ ៩៖៣៦ និង លូកា ២៤៖២៧។ ខគម្ពីរទាំងនេះបង្ហាញយើងពីឧទាហរណ៍នៃការសរសេរព្រះគម្ពីរជាភាសាថ្មីមួយ ព្រមទាំងបកស្រាយអត្ថន័យអោយបានច្បាស់។ ក្នុងខគម្ពីរលូកា ២៤៖២៧ សូម្បីតែព្រះយេស៊ូវក៏ត្រូវការបកស្រាយអត្ថន័យនៃព្រះគម្ពីរទៅកាន់សិស្សរបស់ទ្រង់ផងដែរ។ តើកិច្ចការនេះប្រាប់យើងអំពីមូលហេតុនៃការបកស្រាយ គឺជាផ្នែកដ៏សំខាន់មួយនៃការអាន និងស្វែងយល់ពីព្រះគម្ពីរដោយ របៀបណា?

ពាក្យថា «ការបកស្រាយព្រះគម្ពីរ» ដែលយើងបានឃើញ គឺមានន័យថា ការសរសេរព្រះគម្ពីរជាភាសាថ្មី ហើយបកស្រាយអោយបានច្បាស់។ ពាក្យថា​ «Hermeneutics» ចេញមកពីភាសាក្រេក «Hermeneuo» ជាពាក្យដែលចេញពីឈ្មោះនៃព្រះក្រេក ហឺរមេស (Hermes)។ ហឺរមេស គឺជាអ្នកនាំ សាររបស់ព្រះពួកក្រេក។ ដូច្នេះ កិច្ចការរបស់ហឺរមេសគឺបកស្រាយពីសារទាំងឡាយនៃព្រះមកកាន់ មនុស្ស។

មានការបកប្រែព្រះគម្ពីរល្អៗជាច្រើនសម្រាប់យើងក្នុងការអាន។ មនុស្សដែលធ្វើកំណែព្រះគម្ពីរទាំងនេះឡើងបានធ្វើកិច្ចការយ៉ាងល្អនៃការបង្ហាញដល់យើងនូវអត្ថន័យនៃព្រះគម្ពីរ។ ដូច្នេះ យើងពុំត្រូវការយល់ពីភាសាហេព្រើរ ភាសាក្រេក ឬភាសាអារ៉ាម ដើម្បីអោយបានយល់ពីសេចក្តីពិតដ៏សំខាន់បំផុតដែលបានបង្ហាញនៅក្នុងព្រះគម្ពីរនោះទេ។ ប៉ុន្តែ យើងត្រូវមានការបកស្រាយអោយបានច្បាស់ពីខគម្ពីរ ជាមួយនឹងកំណែព្រះគម្ពីរមួយណាផងដែរ។ នោះគឺជាហេតុផលទាំងមូលនៃ «Hermeneutics» ដែលរួមបញ្ចូលទាំងការបង្កើតនូវការបកប្រែដ៏ល្អមួយ ហើយមានអត្ថន័យច្បាស់ពីព្រះគម្ពីរ។ «ការបកប្រែ ព្រះគម្ពីរ» ក៏អាចជួយយើងអោយយល់ពីរបៀបរស់នៅតាមសេចក្ដីពិតនៃព្រះគម្ពីរឥឡូវនេះផងដែរ។ ដូចដែលខគម្ពីរលូកា ២៤៖២៧ បង្ហាញយើងថា ព្រះយេស៊ូវបានធ្វើអោយសិស្សរបស់ទ្រង់យល់ពី សេចក្តីពិតនៃព្រះគម្ពីរបានច្បាស់។ សូមបង្កើតនូវទិដ្ឋភាពមួយនៅក្នុងចិត្តគំនិតរបស់លោកអ្នកក្នុងការ ដែលមានព្រះយេស៊ូវជាគ្រូបង្រៀនផ្ទាល់របស់លោកអ្នក។ សព្វថ្ងៃ ព្រះអង្គប្រទានព្រះវិញ្ញាណបរិសុទ្ធដល់យើង ដើម្បីជួយយើងអោយយល់ពីព្រះគម្ពីរ។

តើហេតុអ្វីចាំបាច់សិក្សាព្រះគម្ពីរដោយការអធិស្ឋាន? តើហេតុអ្វីចាំបាច់គោរពតាមការបង្រៀននៃព្រះគម្ពីរ?

ថ្ងៃអង្គារ ទី០៥ ឧសភា ឆ្នាំ២០២០

ព្រះគម្ពីរ និងវប្បធម៌នៅជុំវិញយើង

សូមអានខគម្ពីរកិច្ចការ ១៧៖១៦-៣២។ ក្នុងបទគម្ពីរកិច្ចការ ១៧ លោកប៉ុលបានចែកចាយដំណឹងល្អទៅកាន់មនុស្សដែលមានវប្បធម៌ខុសៗគ្នាដូចជា៖​ សាសន៍ក្រេក។ តើវិធីផ្សេងៗគ្នានៃវប្បធម៌នៅជុំវិញយើងអាចជួយយើងអោយសម្រេចពីអ្វីមួយដែលសំខាន់យ៉ាងដូចម្តេច?

យល់ដឹងអំពីវប្បធម៌នៅជិតបូព៌ាប្រទេសមានប្រយោជន៍ខ្លាំងណាស់។ ព័ត៌មាននេះ អាចជួយយើងអោយយល់ព្រះគម្ពីរបានកាន់តែប្រសើរ។ នេះគឺជាវិធីមួយ៖ «នៅក្នុងវប្បធម៌នៃសាសន៍ហេព្រីរ មនុស្សម្នាក់ត្រូវបានទទួលខុសត្រូវចំពោះអំពើអាក្រក់ដែលគាត់មិនបានធ្វើ ប៉ុន្តែគាត់នៅតែអនុញ្ញាតអោយវាកើតឡើង។» ដូច្នេះ ទើបអ្នកសរសេរព្រះគម្ពីរជាច្រើនតែងតែនិយាយថា ព្រះបានធ្វើកិច្ចការដែលទ្រង់ពុំបានធ្វើ ប៉ុន្តែទ្រង់បានបណ្តាលអោយហេតុការណ៍នោះកើតឡើង។ ឧទាហរណ៍មួយពីចិត្តរបស់ស្តេច ផារ៉ោន។ ព្រះអនុញ្ញាតអោយចិត្តរបស់ស្តេចកាន់តែរឹងរូសឡើង។» -Section 4.p., adapted។

វប្បធម៌ក៏បានលើកឡើងពីសំណួរសំខាន់ៗមួយចំនួនអំពីរបៀបដែលយើងអាន និងបកស្រាយពីព្រះគម្ពីរផងដែរ។ តើព្រះគម្ពីរមានត្រឹមតែអត្ថន័យសម្រាប់មនុស្សដែលរស់នៅក្នុងវប្បធម៌មួយនៅពេលដែលវាត្រូវបានសរសេរឬ? ឬក៏សារនៃព្រះមានអត្ថន័យសម្រាប់មនុស្សគ្រប់គ្នា? តើមានអ្វីខ្លះកើតឡើង ប្រសិនបើបទពិសោធន៍នៃវប្បធម៌របស់បុគ្គលណាម្នាក់បានក្លាយមកជាការសាកល្បង ឬជាក្បួនច្បាប់សម្រាប់របៀបដែលយើងសម្រេចពីអ្វីដែលព្រះគម្ពីរបានចែងនោះ?

ក្នុងគម្ពីរកិច្ចការ​១៧៖២៦ លោកប៉ុលប្រាប់នូវទស្សនៈដែលគួរអោយចាប់អារម្មណ៍មួយអំពីជីវិតដែលមនុស្សតែងតែខ្វះខាតនៅពេលដែលពួកគេអានខនេះ។ លោកប៉ុលមានប្រសាសន៍ថា ព្រះបានបង្កើតមនុស្សទាំងអស់នៅលើផែនដីចេញពីមនុស្សម្នាក់។ មែនហើយ យើងទាំងអស់គ្នាចេញមកពីវប្បធម៌ខុសៗគុ្នា។ យើងដើរតាមផ្លូវជីវិតផ្សេងៗគ្នា។ ប៉ុន្តែ យើងទាំងអស់គ្នាចេញពីមនុស្សតែម្នាក់ គឺលោកអ័ដាម។ លោកអ័ដាមគឺជាឪពុកនៃយើងគ្រប់គ្នា។ ដូច្នេះ វាធ្វើអោយយើងទាំងអស់គ្នាក្លាយមកតែមួយ បើទោះបីជាយើងមានទម្រង់តាមបែបផ្សេងៗគ្នាក៏ដោយ។ ព្រះគឺជាអ្នកដែលបានបង្កើតមនុស្សទាំងអស់។ អំពើបាបមិនត្រូវបានកំណត់ចំពោះវប្បធម៌តែមួយប៉ុណ្ណោះទេ។ មនុស្សទាំងអស់ក៏ត្រូវការការសង្គ្រោះផងដែរ។ យើងទាំងអស់គ្នាត្រូវការជីវិតអស់កល្បដែលជាអំណោយនៃព្រះ។ អំណោយនេះ ត្រូវបានផ្តល់អោយតាមរយៈព្រះយេស៊ូវដែលទ្រង់បានសុគតជំនួសយើង។

មែនហើយ ព្រះមានបន្ទូលមកកាន់មនុស្សដែលកំពុងរស់នៅក្នុងសម័យខុសៗគ្នានៅក្នុងព្រះគម្ពីរ។ ក្នុងពេលតែមួយ​ សាររបស់ព្រះអង្គគឺសម្រាប់មនុស្សពីអស់ទាំងសម័យកាលខុសៗគ្នានៅក្នុងប្រវត្តិសាស្ត្រ។ សេចក្តីពិតនៃព្រះគម្ពីរពុំបានដាក់សម្រាប់តែមនុស្សដែលរស់នៅសម័យដែលព្រះគម្ពីរត្រូវបានសរសេរនោះទេ។ ចូរពិចារណាអំពីពិជគណិត។ ពិជគណិតជាទម្រង់ដ៏ពិសេសនៃគណិតវិទ្យា។ បុគ្គលម្នាក់បានបង្កើតពិជគណិតនៅក្នុងរង្វង់ឆ្នាំ៩០០នៃគ្រិស្តសករាជនៅក្នុងទីក្រុងបាកដាដ។ តើនេះ មានន័យថា ច្បាប់នៃពិជគណិតព្រមទាំងសេចក្តីពិតរបស់វាត្រូវបានកំណត់ត្រឹមតែពេលវេលា និងទីកន្លែងនោះទេឬយ៉ាងណា? មែនហើយ ព្រះគម្ពីរត្រូវបានសរសេរជាយូរលង់ណាស់មកហើយនៅក្នុងវប្បធម៌ដែលខុសពីសម័យយើង។ ប៉ុន្តែ សេចក្ដីពិតនៃគម្ពីរ គឺសំខាន់ដូចសព្វថ្ងៃនេះដែរនៅពេលដែលបានត្រូវសរសេរជាលើកដំបូង។

ថ្ងៃពុធ ទី០៦ ឧសភា ឆ្នាំ២០២០

អ្វីដែលអំពើបាបបានធ្វើមកលើចិត្តរបស់យើង

សូមអានខគម្ពីរយ៉ូហាន ៩៖៣៩-៤១ និងយ៉ូហាន ១២៖៤២, ៤៣។ តើអ្វីដែលបានបពា្ឈប់មនុស្សពីការទទួលយកនូវសេចក្តីពិតនៃព្រះគម្ពីរនៅក្នុងខទាំងនេះ? តើមានបម្រាមអ្វីសម្រាប់យើងនៅក្នុងរឿងទាំងនេះ?

វាងាយស្រួលសម្រាប់យើងដែលមិនចូលចិត្តអ្នកដឹកនាំសាសនាដែលមិនបានទទួលយកព្រះយេស៊ូវ។ មែនហើយ មេដឹកនាំមានភស្តុតាងដ៏មានអំណាចដែលបញ្ជាក់ថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មេដឹកនាំបានបដិសេធព្រះយេស៊ូវ។ យើងត្រូវតែប្រុងប្រយ័ត្ន គឺយើងមិនត្រូវប្រព្រឹត្តតាមរបៀបដូចគ្នានេះចំពោះព្រះគម្ពីរនោះទេ។

មែនហើយ អំពើបាបបានផ្លាស់ប្តូរចិត្តរបស់យើង។ វាបានទាញយើងអោយឆ្ងាយពីព្រះ។ អំពើបាបផ្លាស់ប្តូរគ្រប់យ៉ាងនៃជីវិតរបស់យើង។ អំពើបាបក៏បានផ្លាស់ប្តូររបៀបដែលយើងយល់ដឹង និងរបៀបបកស្រាយព្រះគម្ពីរផងដែរ។ នោះគឺដោយព្រោះអំពើបាបបានធ្វើអោយចិត្ត និងគំនិតរបស់យើងឈឺចាប់។ ម្ល៉ោះហើយ ចិត្តនិងគំនិតរបស់យើងមិនព្រមទទួលយកសេចក្តីពិតរបស់ព្រះ។ អំពើបាបធ្វើអោយយើងមានគំនិតអាក្រក់។ អំពើបាបបំពេញចិត្ត និងគំនិតរបស់យើងដោយអំនួត និងការសង្ស័យ។ វានាំអោយយើងកុហក។ យើងមិនបាននៅជាប់នឹងព្រះ ក៏មិនបាននៅជាប់ជាមួយគ្នាទេ។ យើងមិនធ្វើតាមក្រឹត្យ-វិន័យរបស់ព្រះទេ។ ដោយហេតុនេះ យើងក៏មិនបានស្តាប់បង្គាប់ក្រឹត្យវិន័យរបស់ព្រះផងដែរ។ ដូច្នេះ យើងមិនគួរមានចិត្តដែលពោរពេញទៅដោយអំនួតនោះទេ។

អំនួតបណ្តាលអោយមនុស្សលើកដំកើងហេតុផលនៃមនុស្សជាជាងសេចក្តីពិតនៃព្រះគម្ពីរ។ នោះគឺដោយសារពួកគេបានអោយហេតុផលនៃមនុស្សជាអ្នកវិនិច្ឆ័យលើគ្រប់ទាំងសេចក្តីពិតរួមបញ្ចូលទាំងសេចក្តីពិតនៃព្រះគម្ពីរ។ នៅពេលណាដែលយើងគិតយ៉ាងដូច្នេះ យើងបានដកចេញនូវអំណាចនៃព្រះបន្ទូលរបស់ព្រះដែលជាព្រះគម្ពីរ។

មនុស្សមួយចំនួនស្តាប់ត្រឹមតែគំនិតដែលពួកគេចូលចិត្ត, សូម្បីតែគំនិតទាំងនេះប្រឆាំងនឹងសេចក្តីពិតនៃព្រះនៅក្នុងព្រះគម្ពីរក៏ដោយ។ នេះប្រៀបបាននឹងការកុហកមកកាន់ខ្លួនយើង។ ព្រះព្រមានយើងអំពីគ្រោះថ្នាក់នៃការកុហកខ្លួនឯង (វិវរណៈ ៣៖១៧)។ អំពើបាប និងការកុហកទៅកាន់គ្នាទៅវិញទៅមកក៏បណ្តាលអោយការសង្ស័យរីកលូតលាស់នៅក្នុងចិត្តរបស់យើង។ បន្ទាប់មក យើងនឹងមិនជឿលើព្រះបន្ទូលនៃព្រះទៀតឡើយ។​ នៅពេលណាដែលយើងមានមទ្ទិលសង្ស័យចំពោះព្រះបន្ទូលនៃព្រះ យើងនឹងមិនអាចយល់ច្បាស់អំពីសេចក្តីពិតបាននោះទេ។ នោះគឺដោយសារមនុស្សដែលមានការសង្ស័យ តាំងខ្លួនគាត់ជាចៅក្រម។ បន្ទាប់មកគាត់សម្រេចថា ផ្នែកណាមួយនៃព្រះគម្ពីរដែលជាសេចក្តីពិត។ ពេលដែលរឿងនេះកើតឡើងយើងនឹងជួបនូវគ្រោះថ្នាក់ជាច្រើន។

ដូច្នេះ តើយើងគួរតែអាន និងបកស្រាយព្រះគម្ពីរដោយរបៀបណា?​ យើងគួរតែចូលមកឯព្រះគម្ពីរដោយគ្មានចិត្តអំនួតនោះទេ។ យើងគួរតែថ្វាយចិត្តរបស់យើងទៅព្រះ។ យើងគួរតែកុំមើលមកអ្វីៗនៅក្នុងព្រះគម្ពីរ ដើម្បីឆ្ងល់ ឬស្តីបន្ទោសនោះទេ។ បើពុំដូច្នោះទេ យើងនឹងមិនចង់ស្តាប់បង្គាប់ដល់ ទ្រង់ទៀតទេ។

តើលោកអ្នកធ្លាប់ដែលប្រឆាំងទាស់នឹងសេចក្តីពិតនៃព្រះគម្ពីរដែរឬទេ? នោះគឺថា តើព្រះគម្ពីរបានបង្ហាញអ្នកអោយធ្វើអ្វីមួយ តែអ្នកបែរចង់ធ្វើអ្វីមួយផ្សេងទៀតដែរឬទេ? តើមានអ្វីកើតឡើង? តើអ្នកបានរៀនអ្វីខ្លះពីបទពិសោធន៍នេះ?

ថ្ងៃព្រហស្បតិ៍ ទី០៧ ឧសភា ឆ្នាំ២០២០

ហេតុអ្វីបានជាត្រូវយល់អោយបានច្បាស់ពីសេចក្តីពិតនៃព្រះគម្ពីរ

សូមអានខគម្ពីរនេហេមា ៨៖១-៣, ៨។ តើហេតុអ្វីបានជាយើងម្នាក់ៗត្រូវការយល់អោយបាន ច្បាស់ពីព្រះគម្ពីរ? តើហេតុអ្វីបានជាការនោះសំខាន់សម្រាប់យើងដែលជាសមាជិកផងដែរ?

តើអ្វីដែលជាសំណួរសំខាន់បំផុតនៅក្នុងព្រះគម្ពីរ? តើយើងបានសង្គ្រោះដោយរបៀបណា? បើសិនជាគ្មានចំណេះដឹងនេះទេ តើយើងមានសេចក្តីសង្ឃឹមអ្វី? ដូចដែលអង្គព្រះយេស៊ូវផ្ទាល់បានមានបន្ទូលថា «ដ្បិត ​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ៍​ទាំង​មូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើ​មាន​ប្រយោជន៍អ្វី​ដល់​អ្នក​នោះ» (ម៉ាថាយ ១៦៖២៦)?

ដូច្នេះ យើងត្រូវតែយល់អោយបានច្បាស់អំពីផែនការរបស់ព្រះដើម្បីសង្គ្រោះយើង។ បើយើង បកស្រាយព្រះគម្ពីរនៅក្នុងផ្លូវខុស យើងនឹងជឿលើគំនិតខុសឆ្គងជាមិនខាន។ ហើយមិនត្រឹមតែអំពីផែនការសង្គ្រោះរបស់ព្រះតែប៉ុណ្ណោះទេ។ យើងនឹងជឿលើគំនិតខុសឆ្គងអំពីអ្វីៗផ្សេងទៀតដែលព្រះគម្ពីរបង្រៀន។ សូម្បីតែសិស្សរបស់ព្រះយេស៊ូវក៏ជួបនឹងបញ្ហានេះដែរ។ ក្នុងជំនាន់របស់ពួកគេ មានការបង្រៀនខុសឆ្គងជាច្រើនបានចូលមកក្នុងព្រះវិហារ។ គ្រូបង្រៀនបានបង្កើតការបង្រៀនក្លែងក្លាយទាំងនេះតាម រយៈការបកស្រាយខុសឆ្គងទាំងឡាយអំពីព្រះគម្ពីរ។

សូមអានខគម្ពីរពេត្រុសទី២ ៣៖១៥, ១៦។ តើខទាំងនេះប្រាប់យើងអំពីមូលហេតុនៃការយល់ពីព្រះគម្ពីរមានសារៈសំខាន់យ៉ាងដូចម្តេចខ្លះ?

យើងចង់រស់នៅតាមព្រះគម្ពីរពោលគឺ ព្រះគម្ពីរតែមួយគត់។ ដូច្នេះ វាសំខាន់ណាស់ពីរបៀបដែលយើងជ្រើសរើសក្នុងការបកស្រាយព្រះគម្ពីរ។ យើងមិនអនុញ្ញាតអោយអ្នកដទៃ ឬអ្វីទាំងឡាយមកបកស្រាយព្រះគម្ពីរសម្រាប់យើងនោះទេ។ យើងមិនពឹងផ្អែកលើប្រពៃណី ឬរបៀបដែលត្រូវបានធ្វើនៅក្នុងអតីតកាលនោះទេ។ យើងមិនពឹងផ្អែកលើអ្នកដឹកនាំព្រះវិហារនោះទេ។ យើងមានព្រះគម្ពីរតែមួយគត់ ដើម្បីចង្អុលប្រាប់យើងពីអ្វីដែលយើងត្រូវជឿ និងពីរបៀបដែលយើងត្រូវរស់នៅ។ ដូច្នេះ នោះគឺជាមូលហេតុសំខាន់សម្រាប់យើងក្នុងការដែលយល់ដឹងអោយបានត្រឹមត្រូវពីព្រះគម្ពីរ។

បើសិនជាគ្មានការយល់ដឹងអោយបានត្រឹមត្រូវពីព្រះគម្ពីរនោះទេ យើងពុំអាចម​ានភាពចុះសម្រុងនៅក្នុងការបង្រៀនរបស់យើង ឬព្រះវិហារដែលមានសុខភាពល្អនោះទេ។ យើងនឹងមិនអាចរួមមកតែមួយនៅក្នុងចិត្តរបស់យើង ឬនៅក្នុងការងារដែលយើងធ្វើសម្រាប់ព្រះក្នុងនាមជាពួកជំនុំនោះទេ។ យើងមានដំណឹងមួយ ដើម្បីផ្តល់អោយមនុស្សគ្រប់គ្នានៅលើផែនដី។ ដូច្នេះ យើងមិនត្រូវយល់ច្រឡំអំពីអត្ថន័យនៃសារនេះទេ។ បើយើងយល់ច្រឡំនោះ តើយើងអាចរំពឹងថាចែកចាយសារនោះទៅកាន់មនុស្សដែលត្រូវការឮពីវាដោយរបៀបណា?

សូមអានសារនៃទេវតាទាំងបីនៅក្នុងខគម្ពីរវិវរណៈ ១៤៖៦-១២។ តើហេតុអ្វីបានជាការយល់ដឹងត្រឹមត្រូវអំពីសារទាំងនេះមានសារៈសំខាន់ចំពោះកិច្ចការដែលព្រះបានប្រទានដល់ពួកជំនុំរបស់យើងអោយធ្វើ?

ថ្ងៃសុក្រ ទី០៨​ ឧសភា ឆ្នាំ២០២០

សិក្សាបន្ថែម

សូមអាន Ellen G. White, “What to do with Doubt,” pages 105-113, in The Steps to Christ, and from the document “Methods of Bible Study” Section 1: “Bible Study: Presuppositions, Principles, and Methods”, Seciton 2: “Presuppositions Arising from the Claims of Scripture”, and Section 3: “Principles for Approaching the Interpretation of Scripture.” (Methods of Bible Study can be found at www.adventistbiblicalreasearch.org/materials/bible-interpretation-hermeneutics/methods-bible-study)។

«នៅពេលដែលលោកអ្នកសិក្សាព្រះគម្ពីរ សូមដកចេញនូវគំនិត និងជំនឿផ្ទាល់ខ្លួនទាំងឡាយអំពីអ្វីដែលព្រះគម្ពីរគួរតែចែង។ លោកអ្នកនឹងមិនអាចរកឃើញសេចក្តីពិតបានឡើយ បើសិនណាលោកអ្នកសិក្សាព្រះគម្ពីរត្រឹមតែបង្ហាញថា គំនិតរបស់លោកអ្នកជាគំនិតដែលត្រឹមត្រូវនោះ។ សូមដាក់គំនិតផ្ទាល់ខ្លួនរបស់លោកអ្នកដោយឡែក។ ដោយដកចេញនូវចិត្តអំនួត រួចចូលមកអង្គុយនៅទៀបព្រះបាទព្រះយេស៊ូវ ហើយរៀនពីទ្រង់ចុះ។ បន្ទាប់មកលោកអ្នកអាចសិក្សាព្រះគម្ពីរ ដើម្បីអោយបានឃើញពីអ្វីដែលព្រះចង់មានបន្ទូលមកកាន់លោកអ្នក។ លោកអ្នកនឹងរីកចំរើននៅក្នុងការយល់ដឹងផងដែរ។ មនុស្សមួយចំនួនគិតថា ពួកគេមានប្រាជ្ញាឈ្លៀសវៃក្នុងការសិក្សាព្រះគម្ពីរ។ ព្រះយេស៊ូវមានបន្ទូលទៅពួកគេថា អ្នកត្រូវតែមានចិត្តដែលគ្មានអំនួត បើសិនជាអ្នកចង់រៀនដើម្បីអោយបានសង្គ្រោះ។

«សូមកុំអោយជំនឿ និងគំនិតចាស់ៗមានឥទ្ធិពលមកលើអ្វីដែលលោកអ្នកជឿអំពីព្រះគម្ពីរ។ សូមបើកចិត្តលោកអ្នកអោយទូលាយចេញពីគំនិតទាំងនេះ។ សូមអានព្រះគម្ពីរដោយការអធិស្ឋាន។ សិក្សាពីព្រះគម្ពីរយ៉ាងប្រុងប្រយ័ត្ន។ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធបង្ហាញលោកអ្នកថា គំនិតចាស់ៗ របស់លោកអ្នកមិនត្រឹមត្រូវនោះ សូមកុំព្យាយាមធ្វើអោយព្រះគម្ពីរស្របតាមគំនិតរបស់លោកអ្នក។ តែសូមអោយគំនិតរបស់លោកអ្នកស្របតាមព្រះគម្ពីរវិញ។ សូមកុំអោយជំនឿ ឬការអនុវត្តចាស់ៗរបស់លោកអ្នកដែលចេញពីអតីតភាពគ្រប់គ្រងលើការយល់ដឹងរបស់លោកអ្នកបានឡើយ។ សូមបើកចិត្ត ដើម្បីអោយឃើញនូវកិច្ចការដ៏ល្អប្រពៃនៅក្នុងក្រឹត្យវិន័យនៃព្រះ។ ស្វែងរកអ្វីដែលបានសរសេរនៅទីនោះ។ បន្ទាប់មក រក្សាជំហរអោយបានរឹងមាំនៅលើថ្មដាដ៏នៅអស់កល្ប គឺជាព្រះយេស៊ូវ»។ ដកស្រង់ពីសៀវភៅរបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ Message to Young People, page 260។

សំនួរពិភាក្សា៖
  1. តើទស្សនៈរបស់យើងអំពីជីវិត ការអប់រំ និងវប្បធម៌របស់យើង ឬរបៀបរស់នៅរបស់យើងគ្រប់គ្រងលើអ្វីដែលយើងគិតអំពីព្រះគម្ពីរយ៉ាងដូចម្តេច? តើហេតុអ្វីបានជាយើងត្រូវដឹងអំពីរបៀបដែលប្រភពទាំងនេះគ្រប់គ្រងលើអ្វីដែលយើងជឿលើគម្ពីរ?

  2. តើអំពើបាបបានធ្វើអ្វីខ្លះចំពោះយើងដែលបណ្តាលអោយយើងមិនយល់ព្រះគម្ពីរ? សូមយើងនិយាយថា យើងចង់ធ្វើអ្វីមួយដែលព្រះគម្ពីរប្រាប់ថាមិនត្រឹមត្រូវ។ តើអំពើបាបនោះនឹងធ្វើអោយយើងអានហើយយល់ព្រះគម្ពីរតាមរបៀបខុសឆ្គងយ៉ាងដូចម្តេច? ​

រឿងខ្លី

បាត់បង់កូនបួននាក់នៅក្នុងប្រទេស​ប៉ូឡូញ

Jeans

ព្រះបានប្រទានពរអោយអ្នកស្រី វីស្លាវ៉ា វីនីអាស្កា (Wieslawa Winiarska) មានកូនប្រុស៤នាក់នៅក្នុងទីក្រុងឡូដូស ប្រទេសប៉ូឡូញ។ បន្ទាប់មក ហ្សេហ្គ័រ (Grzegorz) ដែលជាកូនប្រុសរបស់ នាង បានស្លាប់នៅក្នុងគ្រោះថ្នាក់ដ៏ចៃដន្យមួយ នៅពេលដែលលោកមានអាយុ ២៦ឆ្នាំ។ គាត់បានរត់ លេង ហើយខណៈពេលដែលកំពុងរត់នៅក្បែរផ្លូវដែកនោះ គាត់ត្រូវបានទាញចូលទៅក្នុងផ្លូវដែកដោយ កំឡាំងនៃរថភ្លើងដែលបរយ៉ាងលឿន។

ចាស្សាក់ (Jacek) ដែលជាកូនប្រុសគាត់បានធ្វើអត្តឃាតនៅអាយុ២៨ឆ្នាំ។ គាត់ធុញទ្រាន់ នឹងជីវិតរួចបានចងកសម្លាប់ខ្លួនទៅ។

ស្លាវែក (Slawek) មានអាយុ៣៩ឆ្នាំ គាត់ត្រូវបានគេវាយធ្វើបាបយ៉ាងសាហាវនៅតាមដងផ្លូវ។ គាត់បានស្លាប់នៅក្នុងមន្ទីរពេទ្យ។

ចារ៉ូស្លាវ (Jaroslaw) ដែលជាកូនចុងក្រោយរបស់គាត់ ត្រូវបានរកឃើញថាមានដុំសាច់ដុះក្នុងខួរក្បាលនៅពេលដែលគាត់មានអាយុ១៦ឆ្នាំ។ បន្ទាប់ពីការវះកាត់ជាច្រើនសារមកគាត់បានស្លាប់នៅអាយុ ៣៣ឆ្នាំ។

អ្នកស្រី វីនីអាស្កាគ្មានកូនប្រុសដែលនៅសេសសល់ ដើម្បីជួយដល់គាត់នៅពេលដែលគាត់មានវ័យចំណាស់នោះទេ។ នៅអាយុ៦៨ឆ្នាំ អ្នកស្រីមានសុខភាពទ្រុឌទ្រោមជាខ្លាំង។ គាត់មានជំងឺទឹកនោមផ្អែម និងមានជំងឺដាច់សរសៃឈាមខួរក្បាលពីរកន្លែង។ គាត់មានបញ្ហាឆ្អឹងខ្នងយ៉ាងធ្ងន់ធ្ងរ ហើយត្រូវដើរដោយកាន់ឈើច្រត់។ នាងបានបាត់បង់ការមើលឃើញភាគច្រើន ហើយរំពឹងថានឹងត្រូវខ្វាក់។

អ្នកស្រីបាននិយាយថា «ជីវិតរបស់ខ្ញុំមិនមែនជាគ្រែនៃផ្កាកុលាបនោះទេ ទោះបីជាយ៉ាងនេះក្តី ខ្ញុំនៅតែអាចនិយាយបានថា ខ្ញុំសប្បាយចិត្ត។ ជាការពិត ខ្ញុំមិនដែលធ្លាប់សប្បាយដូចជាពេលនេះទេ»។

ជាច្រើនឆ្នាំក្រោយមក និស្សិតពេទ្យវ័យក្មេងម្នាក់ លោកថូម៉ាស ការូដា (Tomasz Karauda) បានគោះទ្វារផ្ទះរបស់គាត់ដោយមានទស្សនាវដ្តីមួយច្បាប់ក្រោមប្រធានបទ សញ្ញានៃពេលវេលា។ បន្ទាប់ពីនោះ និស្សិតពេទ្យវ័យក្មេងតែងតែចូលមកនិយាយលេង និងលើកទឹកចិត្តដល់គាត់។ គាត់បានជូនអ្នកស្រីធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ដើម្បីសួរសុខទុក្ខកូនប្រុសរបស់គាត់ដែលហៀបនឹងស្លាប់ រួចបានលួងលោមអ្នកស្រីនៅថ្ងៃដែលកូនប្រុសគាត់បានស្លាប់។

«ថូម៉ាសគឺជាមនុស្សដំបូងនៅក្នុងជីវិតរបស់ខ្ញុំដែលបានជួយដល់រូបខ្ញុំ។ ក្មេងម្នាក់នេះបានបង្ហាញព្រះដល់ខ្ញុំ។ «ខ្ញុំមានអារម្មណ៍ដូចជាលោកយ៉ូប។ ខ្ញុំបានទទួលពរច្រើនណាស់ ហើយខ្ញុំក៏បាត់បង់ច្រើនណាស់ដែរ។ ប៉ុន្តែ ព្រះជាម្ចាស់បានប្រទានជីវិតជាលើកទី២ដល់រូបខ្ញុំដូចជាលោកយ៉ូបដែរ»។ អ្នកស្រី វីនីអាស្កាបាននិយាយ។ គាត់បានថ្វាយចិត្តរបស់គាត់ទៅព្រះយេស៊ូវ បន្ទាប់ពីអ្នកស្រីបានបាត់បង់កូនប្រុសរបស់គាត់។ អ្នកស្រី វីនីអាស្កាស្រឡាញ់ខគម្ពីរទំនុកដំកើង ២៣៖៤នេះណាស់ដែលចែងថា «អើ ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយគង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ ព្រនង់ ហើយនិងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ»។

Powered by CAM