មេរៀនទី៦​៖ ១-៧ សីហា ២០២០

លទ្ធភាពគ្មានដែនកំណត់

Jeans
ថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២០
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ កូរិនថូសទី១ ១២៖១២, ១៣, ១៨-២២; ម៉ាកុស ១៣៖៣៤; កូរិនថូសទី១ ១២៖៧; កូរិនថូសទី១ ១៖៤-៩។

ខចងចាំ៖ «តែ​គឺ​ជា​ព្រះវិញ្ញាណ​តែ​មួយ​ដដែល​នោះ​ឯង ដែល​ធ្វើ​គ្រប់​ការ​ទាំង​នោះ ទាំង​ចែក​ដល់​គ្រប់​គ្នា​ដោយ​មុខៗផង តាម​ដែល​ទ្រង់​សព្វ​ព្រះហឫទ័យ»។

ព្រះបង្គាប់យើងអោយធ្វើបន្ទាល់សម្រាប់ទ្រង់ (កិច្ចការ ១៖៨; អេសាយ ៤៣៖១០)។ ការធ្វើបន្ទាល់ ពុំមែនជាអំណោយទានពិសេសខាងឯព្រលឹងវិញ្ញាណដែលមានត្រឹមតែមនុស្សពីរបីនាក់នោះទេ។ ព្រះបង្គាប់អោយគ្រីស្ទានទាំងអស់ធ្វើបន្ទាល់។

ព្រះគម្ពីរបានប្រើរូបស័ព្ទផ្សេងៗគ្នា ដើម្បីពិពណ៌នាអំពីកិច្ចការរបស់យើងដែលជាស្មរបន្ទាល់សម្រាប់ព្រះ។ ព្រះយេស៊ូវបានមានបន្ទូលថា យើងត្រូវតែជា «ពន្លឺ​នៃ​លោកីយ៍ ឯ​ទី​ក្រុង​ណា​ដែល​នៅ​លើ​ភ្នំ នោះ​លាក់​មិន​កំបាំង​ទេ» (ម៉ាថាយ ៥៖១៤)។ លោកប៉ុលបានបង្ហាញប្រាប់យើងថា «យើង​ខ្ញុំ​ជា​ទូត​ដំណាង​ព្រះគ្រីស្ទ» (កូរិនថូសទី២ ៥៖២០)។ លោកពេត្រុសបានបង្ហាញប្រាប់យើងថា «អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើសរើស ជា​ពួក​សង្ឃហ្លួង» (ពេត្រុសទី១ ២៖៩)។ ព្រះអម្ចាស់ដដែលនេះបានបង្គាប់អោយយើងធ្វើបន្ទាល់ ថែមទាំងជួយយើងអោយធ្វើកិច្ចការនេះផងដែរ។ ព្រះបានប្រទានអំណោយទានរបស់ព្រះវិញ្ញាណដល់អ្នកជឿនីមួយៗ។ ព្រះពុំបានជ្រើសរើសមនុស្សដែលមានការអប់រំច្រើននោះទេ។ ទ្រង់នឹងអប់រំដល់អ្នកណាដែលព្រះអង្គបានត្រាស់ហៅអោយបម្រើទ្រង់។ ព្រះបានប្រទានសេចក្តីសង្គ្រោះដោយឥតគិតថ្លៃដល់មនុស្សដែលមានសេចក្តីជំនឿ។ ទន្ទឹមនឹងនេះ ព្រះបានប្រទានអំណោយទានរបស់ព្រះវិញ្ញាណដោយឥតគិតថ្លៃដល់មនុស្សគ្រប់គ្នា។

ដូច្នេះ យើងត្រូវតែថ្វាយជីវិតរបស់យើងទាំងស្រុងដល់ព្រះ។ ពេលនោះអ្វីដែលយើងធ្វើសម្រាប់ព្រះនឹងគ្មានដែនកំណត់ឡើយ។ «ពេលដែលបុគ្គលម្នាក់បានដកនូវភាពអាត្មានិយមចោលចេញពេលនោះអ្វី ដែលគាត់ធ្វើនឹងគ្មានដែនកំណត់ឡើយ។ ប៉ុន្តែ គាត់ត្រូវតែអនុញ្ញាតអោយព្រះវិញ្ញាណធ្វើការនៅក្នុងចិត្តរបស់គាត់ជាមុនសិន។ ហើយគាត់ ឬនាងត្រូវតែរស់នៅសម្រាប់ព្រះទាំងស្រុង»។ ដកស្រង់ពី Ellen G. White, The Ministry of Healing, page 159, adapted។ សប្តាហ៍នេះ យើងនឹងសិក្សាអំពីអ្វីដែលយើងអាចធ្វើបាន នៅពេលដែលព្រះវិញ្ញាណរបស់ព្រះសណ្ឋិតនៅក្នុងយើង។

ថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២០

អំណោយទានខាងឯវិញ្ញាណផ្សេងៗពីគ្នា

តើលោកអ្នកធ្លាប់គិតអំពីលក្ខណៈផ្សេងៗគ្នាដែលសិស្សរបស់ព្រះយេស៊ូវមានដែរឬទេ? ពួកគេមានបុគ្គលិកលក្ខណៈ និងអំណោយទានខាងឯវិញ្ញាណផ្សេងៗគ្នា។ ប៉ុន្តែ នេះពុំមែនជារឿងអាក្រក់នោះទេ។ ផ្ទុយទៅវិញ ការដែលមានបុគ្គលិកលក្ខណៈ និងអំណោយទានខាងឯវិញ្ញាណផ្សេងៗគ្នារបស់ពួកគេធ្វើអោយពួកជំនុំបានរឹងមាំឡើង។ លោកម៉ាថាយគឺជាអ្នកយកពន្ធ។ គាត់មានការប្រុងប្រយ័ត្ន និងប្រាកដប្រជា។ បន្ទាប់មក មានលោកពេត្រុសដែលជាអ្នកតែងតែនិយាយមុនពេលគាត់គិតថា គាត់គួរនិយាយអ្វី។ លោកពេត្រុសក៏ជាមេដឹកនាំពីកំណើតម្នាក់ផងដែរ។ លោកយ៉ូហានក៏និយាយអ្វីមុនគិតផង ដែរ។ ទន្ទឹមគ្នានេះ គាត់ក៏មានចិត្តទន់ភ្លន់ផងដែរ។ លោកអនទ្រេគឺជាមនុស្សរបស់បណ្តាជន។ គាត់តែងតែដឹងនូវអ្វីដែលកំពុងកើតនៅជំុវិញគាត់។ លោកអនទ្រេក៏យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអារម្មណ៍របស់មនុស្សផងដែរ។ លោកថូម៉ាស់សួរសំណួរជាច្រើនហើយតែងតែសង្ស័យ។ សិស្សទាំងនេះនីមួយៗ មានបុគ្គលិកលក្ខណៈ និងអំណោយទានផ្សេងៗគ្នា។ ប៉ុន្តែ ព្រះបានប្រើពួកគេនៅក្នុងរបៀបដ៏មានអំណាចមួយដើម្បីធ្វើបន្ទាល់សម្រាប់ទ្រង់។

សូមអានខគម្ពីរកូរិនថូសទី១ ១២៖១២, ១៣, ១៨-២២។ តើយើងបានរៀនអ្វីខ្លះ ពីខទាំងនេះ អំពីតម្រូវការសម្រាប់មនុស្សដែលមានអំណោយទានផ្សេងៗគ្នានៅក្នុងពួកជំនុំ?

ព្រះសព្វព្រះហឫទ័យក្នុងការជ្រើសរើសមនុស្សដែលមានជំនាញ និងទេពកោសល្យ ហើយទ្រង់នឹងប្រទានអំណោយទានដល់ពួកគេ ដើម្បីអោយធ្វើកិច្ចការនៅក្នុងពួកជំនុំរបស់ទ្រង់។ ពួកជំនុំគឺជារូបកាយរបស់ព្រះយេស៊ូវគ្រីស្ទ។ រូបកាយរបស់ព្រះគ្រីស្ទពុំមែនជាក្រុមមនុស្សដែលនៅតែដដែលនោះទេ។ ពួកជំនុំពុំមែនជាក្លឹបប្រទេសដែលមានមនុស្សមកពីកន្លែងតែមួយ និងគិតដូចគ្នានោះទេ។ ពួកជំនុំគឺជាក្រុមនៃមនុស្សដ៏រស់ដែលមានអំណោយទានផ្សេងៗគ្នា។ ក្រុមនេះត្រូវបានរួមមកតែមួយនៅក្នុងសេចក្តីស្រឡាញ់របស់ពួកគេសម្រាប់ព្រះយេស៊ូវ និងព្រះគម្ពីរ។ ពួកជំនុំចង់ចែកចាយអំពីសេចក្តីស្រឡាញ់ និងសេចក្តីពិតរបស់ព្រះយេស៊ូវជាមួយនឹងអ្នកដទៃ (រ៉ូម ១២៖៤; កូរិនថូសទី១ ១២៖១២)។ ពួកជំនុំនៃរូបកាយរបស់ព្រះគ្រីស្ទមានអំណោយទានផ្សេងៗគ្នា។ បុគ្គលម្នាក់ៗសុទ្ធតែសំខាន់។ ពួកជំនុំត្រូវការអោយសមាជិកទាំងអស់ធ្វើកិច្ចការរួមគ្នា។ បន្ទាប់មក ពួកជំនុំនឹងមានសេចក្តីជំនឿល្អ។ ភ្នែក ត្រចៀក និងច្រមុះ មានតួនាទីផ្សេងៗគ្នា។ ប៉ុន្តែ រូបកាយត្រូវមានអវយវៈគ្រប់ផ្នែក។ ទន្ទឹមគ្នានេះ អំណោយទានទាំងអស់ក៏មានសារៈសំខាន់ចំពោះពួកជំនុំផងដែរ (កូរិនថូសទី១ ១២៖២១, ២២)។

សូមគិតអំពីរូបកាយរបស់មនុស្ស និងរបៀបដែលវាដំណើរការ។ សូម្បីតែផ្នែកតូចល្អិតបំផុតក៏មានតួនាទីសំខាន់ផងដែរមែនទេ? សូមគិតអំពីរោមភ្នែករបស់យើង។ តើនឹងមានអ្វីកើតឡើង ប្រសិនបើយើងពុំមានរោមភ្នែក? នោះអ្វីៗដែលមិនល្អជាច្រើនអាចប៉ះពាល់ដល់ការមើលឃើញរបស់យើង។ យើងអាចបាត់បង់អំណាចរបស់យើងក្នុងការសម្លឹងមើល។ ទន្ទឹមគ្នានេះ មានសមាជិកនៃពួកជំនុំម្នាក់អាចពុំសូវសំខាន់នៅក្នុងក្រសែភ្នែករបស់សមាជិកដទៃ។ ប៉ុន្តែ បុគ្គលម្នាក់នេះគឺជាផ្នែកដ៏សំខាន់មួយនៃរូបកាយរបស់ព្រះគ្រីស្ទ។ ព្រះវិញ្ញាណបរិសុទ្ធបានប្រទានអំណោយទានដល់បុគ្គលម្នាក់នេះ។ យើងរាល់គ្នាអាចជួយដល់ព្រះ ដើម្បីសង្គ្រោះអ្នកដទៃ នៅពេលដែលយើងប្រើអំណោយទានខាងឯវិញ្ញាណទាំងអស់របស់យើងសម្រាប់ទ្រង់។

ថ្ងៃច័ន្ទ ទី៣ ខែសីហា ឆ្នាំ២០២០

ព្រះគឺជាអ្នកប្រទាននូវអំណោយទានល្អៗទាំងអស់

ខគម្ពីរកូរិនថូសទី១ ១២៖១១, ១៨; អេភេសូរ ៤៖៧, ៨ និងយ៉ាកុប ១៖១៧ បង្ហាញប្រាប់យើង ថា ព្រះគឺជាអ្នកប្រទាននូវអំណោយទានទាំងអស់។ «អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍» មានប្រភពចេញមកពីព្រះ។ ដូច្នេះ យើងអាចជឿទុកចិត្តថា ព្រះនឹងប្រទានអំណោយទានខាងឯវិញ្ញាណដល់យើងដែលជាអំណោយទានដ៏ល្អបំផុតសម្រាប់បុគ្គលិកលក្ខណៈរបស់យើង។ ព្រះនឹងប្រើជំនាញរបស់យើងយ៉ាងល្អបំផុតដើម្បីបម្រើព្រះរាជកិច្ចដ៏បរិសុទ្ធរបស់ព្រះអង្គ និងនាំសិរីល្អថ្វាយដល់ទ្រង់។

សូមអានខគម្ពីរម៉ាកុស ១៣៖៣៤ និងកូរិនថូសទី១ ១២៖១១។ តើព្រះបានប្រទានអំណោយទានខាងឯវិញ្ញាណដល់អ្នកណាតាមដែលខទាំងនេះបានបង្ហាញ?

ព្រះគម្ពីរបានចែងយ៉ាងច្បាស់។ ព្រះមានព្រះរាជកិច្ចដ៏ពិសេសសម្រាប់យើងរាល់គ្នា។ ទ្រង់ចង់អោយយើងចែកចាយដំណឹងល្អអំពីព្រះយេស៊ូវជាមួយនឹងអ្នកដទៃ។ យើងនឹងបានឃើញមេរៀននេះនៅពេលដែលយើងអានរឿងប្រៀបធៀបរបស់ព្រះយេស៊ូវអំពីម្ចាស់ផ្ទះម្នាក់នៅក្នុងបទគម្ពីរម៉ាកុស ១៣។ ម្ចាស់ផ្ទះបានចាត់អោយបាវព្រាវគ្រប់គ្រងលើផ្ទះរបស់គាត់ហើយគាត់បានចាកចេញទៅ។ បាវព្រាវនីមួយៗ មានភារកិច្ចត្រូវធ្វើ (ម៉ាកុស ១៣៖៣៤)។ ដូច្នេះ យើងឃើញថា ព្រះបានប្រទានភារកិច្ចពិសេសអោយមនុស្សគ្រប់គ្នា ដើម្បីធ្វើកិច្ចការនៅក្នុងពួកជំនុំរបស់ទ្រង់ចេញពីរឿងប្រៀបធៀបនេះ។ ព្រះក៏បានប្រទានអំណោយទានខាងឯវិញ្ញាណដល់យើងគ្រប់គ្នាសម្រាប់កិច្ចការនោះផងដែរ។ តើរឿងនោះកើតឡើងនៅពេលណា? គឺនៅពេលដែលយើងថ្វាយជីវិតរបស់យើងទាំងស្រុងដល់ទ្រង់ និងធ្វើបុណ្យជ្រមុជទឹកដល់សមាជិកនៃពួកជំនុំដែលជារូបកាយរបស់ទ្រង់។ បន្ទាប់មកព្រះវិញ្ញាណបរិសុទ្ធនឹងប្រទានអំណោយទានដល់យើង ដើម្បីអោយយើងអាចបម្រើដល់ពួកជំនុំ និងធ្វើបន្ទាល់ដល់មនុស្សនៅលើផែនដី។

អ្នកស្រីអែល្លិន ជីវ៉ៃត៍បានសរសេរសំបុត្រទៅកាន់បុរសម្នាក់នៅក្នុងឆ្នាំ១៩០៣។ អ្នកស្រីបានលើកទឹកចិត្តអោយគាត់ប្រើអំណោយទានដែលព្រះបានប្រទានដល់គាត់ដើម្បីបម្រើព្រះ។ អ្នកស្រីបានសរសេរថា «យើងទាំងអស់គ្នាគឺជាគ្រួសាររបស់ព្រះ។ ព្រះបានប្រទានទេពកោសល្យដល់យើង។ យើងត្រូវទទួលខុសត្រូវចំពោះអ្វីដែលយើងបានធ្វើជាមួយនឹងទេពកោសល្យទាំងនេះ។ ប្រហែលជាទេពកោសល្យរបស់យើងធំអស្ចារ្យ។ ឬប្រហែលជាទេពកោសល្យរបស់យើងតូចតាច។ ទោះបីធំ ឬតូចក្តី យើងត្រូវតែប្រើទេពកោសល្យរបស់យើងដើម្បីបម្រើព្រះ។ យើងក៏ត្រូវតែទទួលស្គាល់ថា ព្រះបានប្រទានអំណោយទានដល់អ្នកដទៃផងដែរ។ យើងត្រូវតែអនុញ្ញាតអោយមនុស្សគ្រប់គ្នាប្រើអំណោយទានរបស់គាត់សម្រាប់ព្រះ»។

«​ព្រះបានប្រទានអំណោយទាននៃគំនិត រូបកាយ​​ និងវិញ្ញាណដល់យើង។ យើងពុំត្រូវគិតថា អំណោយទានមួយណាដែលយើងទទួលបានមកពីព្រះមិនសំខាន់នោះទេ»។ ដកស្រង់ពី Letter 260, December 2, 1903, adapted។​

សូមអានខគម្ពីរកិច្ចការ ១០៖៣៦-៣៨; ម៉ាថាយ ៣៖១៦-១៨ និងកិច្ចការ ២៖៣៨-៤២។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីសេចក្តីសន្យារបស់ព្រះវិញ្ញាណបរិសុទ្ធៅពេលដែលយើងធ្វើពិធីបុណ្យជ្រមុជទឹក?

ព្រះបានបង្អុរព្រះវិញ្ញាណបរិសុទ្ធអោយមកសណ្ឋិតលើព្រះយេស៊ូវក្នុងពិធីបុណ្យជ្រមុជទឹករបស់ ទ្រង់។ ព្រះវិញ្ញាណបានជួយអោយព្រះយេស៊ូវត្រៀមខ្លួនជាស្រេចសម្រាប់ព្រះរាជកិច្ចរបស់ទ្រង់នៅលើផែនដី។ ទន្ទឹមនឹងនេះព្រះក៏បានសន្យាប្រទានព្រះវិញ្ញាណបរិសុទ្ធដល់យើងក្នុងពិធីបុណ្យជ្រមុជទឹករបស់ យើងផងដែរ។ ព្រះក៏ចង់អោយយើងជឿជាក់ថា ព្រះអង្គនឹងរក្សាសេចក្តីសន្យារបស់ទ្រង់ផងដែរ។​

ថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២០

ផែនការរបស់ព្រះសម្រាប់អំណោយទានខាងឯវិញ្ញាណ

សូមអានខគម្ពីរកូរិនថូសទី១ ១២៖៧ និងអេភេសូរ ៤៖១១-១៦។ តើហេតុអ្វីបានជាព្រះប្រទានអំណោយទានខាងឯវិញ្ញាណដល់គ្រីស្ទានគ្រប់គ្នា? តើអ្វីជាផែនការរបស់ព្រះសម្រាប់អំណោយទានទាំងនេះ?

ព្រះបានប្រទានអំណោយទានខាងឯវិញ្ញាណដល់ពួកជំនុំសម្រាប់ហេតុផលមួយចំនួន។ ទ្រង់បានប្រទានអំណោយទានខាងឯវិញ្ញាណដល់ពួកជំនុំ ដើម្បីធ្វើអោយពួកគេកាន់តែរឹងមាំឡើង និងធ្វើកិច្ចការរបស់ទ្រង់។ ព្រះបានប្រទានអំណោយទានរបស់ទ្រង់ដល់ពួកជំនុំ ដើម្បីបង្រួបបង្រួមពួកជំនុំអោយ មកតែមួយ ដើម្បីអោយពួកគេអាចបញ្ចប់ភារកិច្ចរបស់ទ្រង់នៅលើផែនដី។ អ្នកសរសេរព្រះគម្ពីរបានបង្ហាញឧទាហរណ៍អំពីអំណោយទានខាងឯវិញ្ញាណដល់យើងដែលព្រះប្រទានដល់ពួកជំនុំរបស់ទ្រង់។ អំណោយទានទាំងនេះរួមទាំងការជួយដល់អ្នកដទៃការបម្រើ ការអធិប្បាយ ការបង្រៀន ការលើកទឹកចិត្ត និងការផ្តល់អោយ។ ព្រះគម្ពីរក៏បានបង្ហាញប្រាប់យើងអំពីអំណោយទានខាងឯវិញ្ញាណនៃការទទួលអាហារ និងសន្តានចិត្តល្អដល់ភ្ញៀវ ការបង្ហាញសេចក្តីមេត្តា ការខ្នះខ្នែងជួយ និងការសរសើរផងដែរ។ នេះគ្រាន់តែជាអំណោយទានបន្តិចបន្តួចដែលព្រះគម្ពីរបានបង្ហាញប្រាប់តែប៉ុណ្ណោះ។ សូមអានបទគម្ពីររ៉ូម ១២ និង កូរិនថូសទី១ ១២ សម្រាប់ការរៀបរាប់អំពីអំណោយទានទាំងអស់បន្ថែមទៀត។

លោកអ្នកប្រហែលជាងឿងឆ្ងល់អំពីទំនាក់ទំនងរវាងអំណោយទានខាងឯវិញ្ញាណ និងទេពកោសល្យពីកំណើត។ តើរបស់ទាំងពីរនេះខុសពីគ្នាយ៉ាងដូចម្តេច? ព្រះវិញ្ញាណបរិសុទ្ធបានប្រទានអំណោយទានខាងឯវិញ្ញាណដល់គ្រីស្ទានគ្រប់គ្នាដើម្បីជួយអោយគាត់ ឬនាងធ្វើកិច្ចការរបស់ព្រះនៅក្នុងពួកជំនុំ និងនៅលើផែនដី។ អំណោយទានខាងឯវិញ្ញាណក៏អាចរាប់បញ្ចូលទាំងទេពកោសល្យពីកំណើតដែលត្រូវបានញែកចេញជាបរិសុទ្ធដោយព្រះវិញ្ញាណបរិសុទ្ធ និងត្រូវបានប្រើដើម្បីបម្រើព្រះយេស៊ូវ។​រាល់ទេពកោសល្យពីកំណើតទាំងអស់មានប្រភពចេញមកពីព្រះ។​ ប៉ុន្តែ ពុំមែនទេពកោសល្យទាំងអស់សុទ្ធតែត្រូវបានប្រើដើម្បីបម្រើព្រះយេស៊ូវនោះទេ។

«យើងអានអំពីអំណោយទានខាងឯវិញ្ញាណនៅក្នុងរឿងប្រៀបធៀប។ ពុំមែនអំណោយទានខាងឯវិញ្ញាណទាំងអស់មានប្រភេពចេញមកពីព្រះវិញ្ញាណបរិសុទ្ធនោះទេ។ អំណោយទានខាងឯវិញ្ញាណអាចរាប់បញ្ចូលទាំងអំណោយទាន និងទេពកោសល្យដែលយើងមានតាំងពីកំណើត ឬព្រះបានប្រទានអោយយើង។ យើងត្រូវតែប្រើអំណោយទានរបស់យើងដើម្បីបម្រើព្រះយេស៊ូវទោះបីយើងមានអំណោយទានបែបណាក៏ដោយ។ យើងត្រូវតែថ្វាយជីវិតរបស់យើងដល់ព្រះយេស៊ូវនៅពេលដែលយើងក្លាយមកជាសិស្សរបស់ទ្រង់។ យើងត្រូវតែថ្វាយអ្វីទាំងអស់ដែលយើងមានដល់ទ្រង់។ ព្រះយេស៊ូវនឹងទទួលយកអំណោយទានដែលយើងបានថ្វាយដល់ទ្រង់។ ទ្រង់នឹងធ្វើអោយអំណោយទានទាំងនោះក្លាយជាបរិសុទ្ធ។ បន្ទាប់មក ទ្រង់នឹងប្រទានអំណោយទានទាំងនោះដល់យើងវិញ។ ឥឡូវនេះ យើងត្រូវតែប្រើអំណោយទានទាំងនេះដើម្បីថ្វាយសិរីល្អដល់ទ្រង់ និងជាព្រះពរដល់មនុស្សដទៃ»។​ ដកស្រង់ពី Ellen G. White, Christ’s Object Lessons, page 328, adapted។

ម៉្យាងទៀត ព្រះបានប្រទានអំណោយទានខាងឯវិញ្ញាណដល់ពួកជំនុំ រួមទាំងអំណោយទាននៃបទទំនាយ។ អំណោយទាននៃបទទំនាយគឺជារបៀបដ៏ពិសេសរបស់ព្រះក្នុងការសន្ទនាជាមួយពួកជំនុំរបស់ទ្រង់តាមរយៈពួកហោរាជ្រើសតាំងរបស់ទ្រង់។ អំណោយទានទាំងនេះរួមបញ្ចូលទាំងគ្រូគង្វាល ចាស់ទុំ និងគ្រូបង្រៀនដែលជួយសមាជិកអោយមានជំនឿរឹងមាំឡើង ដើម្បីអោយពួកគេអាចមានលទ្ធភាពបម្រើព្រះ (សូមអានខគម្ពីរអេភេសូរ ៤៖១១, ១២)។ មេដឹកនាំនឹងជួយអោយសមាជិករកឃើញអំណោយទានដែលពួកគេមាន។ បន្ទាប់មកពួកគេនឹងអាចបង្រៀនដល់សមាជិកឯទៀតអោយប្រើអំណោយទានទាំងនេះដើម្បីស្អាងពួកជំនុំ។

ថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២០

ការស្វែងរកអំណោយទានរបស់លោកអ្នក

សូមប្រៀបធៀបខគម្ពីរកូរិនថូសទី១ ១៖៤-៩ ជាមួយនឹងកូរិនថូសទី២ ១៖២០-២២។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីសេចក្តីសន្យារបស់ព្រះ និងអំណោយទានខាងឯវិញ្ញាណមុនពេលដែលព្រះយេស៊ូវហៀបនឹងយាងត្រឡប់មកវិញ?

ព្រះបានសន្យាថា​ ពួកជំនុំរបស់ទ្រង់នឹងបង្ហាញអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធមុនពេលដែលព្រះយេស៊ូវហៀបនឹងយាងត្រឡប់មកវិញ។ សេចក្តីសន្យារបស់ព្រះមានយ៉ាងពិតប្រាកដ។ ទ្រង់បានប្រទានដល់យើងនូវស្មរបន្ទាល់ដែលជាព្រះវិញ្ញាណបរិសុទ្ធអោយមកសណ្ឋិតក្នុងចិត្តរបស់យើង ដើម្បីនាំយើងអោយស្វែងយល់អំពីអំណោយទានដែលយើងបានទទួលមកពីទ្រង់។ ព្រះគឹជាអ្នកប្រទានអំណោយទាន។ ព្រះនឹងបើកសំដែងអំណោយទានទាំងនេះដល់យើងតាមរយៈព្រះវិញ្ញាណរបស់ទ្រង់។

តើព្រះអញ្ជើញយើងអោយធ្វើអ្វីខ្លះប្រសិនបើយើងចង់ស្វែងរកអំណោយទានរបស់យើង? សម្រាប់ចំឡើយសូមអានខគម្ពីរលូកា ១១៖៣៣; យ៉ាកុប ១៖៥ និងម៉ាថាយ ៧៖៧។

យើងនឹងទទួលអំណោយទានរបស់ព្រះវិញ្ញាណនៅពេលដែលយើងថ្វាយជីវិតរបស់យើងដល់ ព្រះ។ បន្ទាប់មក យើងត្រូវតែទូលសូមអោយទ្រង់បង្ហាញយើងនូវអំណោយទានដែលទ្រង់បានប្រទានដល់យើង។ ចិត្តរបស់យើងត្រូវតែលះបង់ភាពអាត្មានិយម និងអំនួតចោលចេញ។​ សេចក្តីប្រាថ្នាតែមួយគត់ប៉ុណ្ណោះរបស់យើងគឺ ដើម្បីបម្រើព្រះយេស៊ូវអោយអស់អំពីចិត្ត។ ពេលនោះព្រះវិញ្ញាណរបស់ទ្រង់នឹងបង្ហាញប្រាប់យើងអំពីអំណោយទានខាងឯវិញ្ញាណដែលទ្រង់បានប្រទានសម្រាប់យើង។ «សិស្សរបស់ព្រះយេស៊ូវបានថ្វាយជីវិតរបស់ពួកគេទាំងស្រុងដល់ព្រះតាមរយៈសេចក្តីជំនឿ និងសេចក្តីអធិស្ឋាន។ បន្ទាប់មក ព្រះបានចាក់បង្អុរព្រះវិញ្ញាណរបស់ទ្រង់មកលើពួកគេ។ ព្រះបានប្រទានអំណោយទាននៃសួគ៌ាដល់សិស្សរបស់ព្រះយេស៊ូវនៅពេលនោះតាមវិធីដ៏ពិេសសមួយ . . . . អំណោយទាននៅក្នុងព្រះគ្រីស្ទ នឹងបានក្លាយជារបស់យើង។ ប៉ុន្តែ យើងត្រូវទទួលយកព្រះវិញ្ញាណរបស់ព្រះជាមុនសិន ប្រសិនបើយើងចង់បានអំណោយទានទាំងនេះ»។ ដកស្រង់ពី Ellen G. White, Christ’s Object Lessons, page 327, adapted។

ព្រះបានប្រទានអំណោយទានខាងឯព្រះវិញ្ញាណដល់យើង (សូមអានខគម្ពីរកូរិនថូសទី១ ១២៖ ៤-៦) ដើម្បីអោយយើងអាចបម្រើទ្រង់បានទាំងស្រុង។ ព័ន្ធកិច្ចបម្រើព្រះគឺជាកិច្ចការពិសេសដែលព្រះបានប្រទានអោយយើងធ្វើសម្រាប់ទ្រង់។​ ទ្រង់បានប្រទានអំណោយទានខាងឯវិញ្ញាណដល់យើង ដើម្បីអោយយើងធ្វើព័ន្ធកិច្ចនេះ។ សកម្មភាព ឬកិច្ចការពិសេសគឺជាភារកិច្ចដែលព្រះបានប្រទានដល់យើងដែលអាចអោយយើងប្រើអំណោយទានរបស់យើងបាន។ អំណោយទានខាងវិញ្ញាណពុំបានទទួលមកទាំងស្រុងនោះទេ។ យើងត្រូវហ្វឹកហាត់ប្រើអំណោយទានទាំងនេះ។ អំណោយទានទាំងនេះនឹងបានរីកចម្រើនឡើង​នៅពេលដែលយើងប្រើ។ ព្រះវិញ្ញាណបរិសុទ្ធនឹងបង្ហាញលោកអ្នកអំពីកិច្ចការដែលទ្រង់ចង់អោយយើងធ្វើ។​ សូមអធិស្ឋានដើម្បីអោយទ្រង់នាំលោកអ្នក​ទៅកាន់ព័ន្ធកិច្ចណាមួយដែលលោកអ្នកអាចប្រើអំណោយទានរបស់លោកអ្នកតាមរយៈសកម្មភាព ឬកិច្ចការដែលនឹងនាំអ្នកដទៃទៅឯព្រះយេស៊ូវ។

តើអំណោយទានខាងឯវិញ្ញាណអ្វីខ្លះដែលលោកអ្នកមាន? អ្វីដែលសំខាន់ជាងនេះទៅទៀត តើលោកអ្នកអាចធ្វើអោយអំណោយទានទាំងនេះកាន់តែរឹងមាំឡើងនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់យ៉ាងដូចម្តេច?

ថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២០

ការបង្កើនអំណោយទានរបស់យើង

សូមអានរឿងប្រៀបធៀបអំពីប្រាក់នៅក្នុងខគម្ពីរម៉ាថាយ ២៥៖១៤-៣០។ តើគំនិតអ្វីដែលលេចធ្លោជាងគេសម្រាប់អ្នកនៅក្នុងរឿងនេះ? តើហេតុអ្វីបានជាព្រះសរសេើរបាវបម្រើពីរនាក់ដំបូង តែពុំបានសរសើរបាវបម្រើចុងក្រោយ? តើរឿងប្រៀបធៀបនេះបង្រៀនយើងអំពីការប្រើទេពកោសល្យរបស់យើងយ៉ាងដូចម្តេច? សូមយកចិត្តទុកដាក់ទៅលើខគម្ពីរម៉ាថាយ ២៥៖២៩ នៅពេលដែលលោកអ្នកឆ្លើយនូវសំណួរចុងក្រោយ។

លោកចៅហ្វាយ «ឲ្យ​គ្រប់​គ្នា​តាម​ដំរិះ​គេ​រៀង​ខ្លួន» (ម៉ាថាយ​២៥៖១៥)។ បន្ទាប់មក គាត់ប្រគល់ប្រាក់ដល់អ្នកបម្រើនីមួយៗតាមចំនួនខុសៗគ្នា។ បាវបម្រើម្នាក់បានទទួលប្រាក់ចំនួន៥ពាន់ ម្នាក់ទៀត២ពាន់ ហើយអ្នកទីបី១ពាន់។ បាវបម្រើនីមួយៗមានជម្រើសអំពីរបៀបដែលត្រូវប្រើប្រាក់ដែលពួកគេបានទទួល។​ ចំណុចសំខាន់នៅត្រង់នេះគឺថា ប្រាក់ទាំងនេះពុំមែនជាកម្មសិទ្ធិរបស់ពួកគេនោះទេ។ ប្រាក់ទាំងនេះគឺជាកម្មសិទ្ធិរបស់មនុស្សម្នាក់ផ្សេងទៀតដែលបានដាក់អោយពួកគេគ្រប់គ្រងលើប្រាក់ទាំងនេះ។

លោកចៅហ្វាយពុំបានខ្វល់ថា អ្នកណាជាបាវបម្រើដ៏ល្អបំផុត ឬទទួលបានប្រាក់ច្រើនជាងគេនោះទេ។ គាត់គ្រាន់តែខ្វល់អំពីអ្វីដែលបាវបម្រីម្នាក់ៗបានធ្វើជាមួយនឹងប្រាក់ទាំងនេះដែលពួកគេទទួលបានតែប៉ុណ្ណោះ។

លោកប៉ុលបានមានប្រសាសន៍នៅក្នុងខគម្ពីរកូរិនថូសទី២ ៨៖១២ ថា «ដ្បិត​បើ​សិន​ជា​ប្រុង​ប្រៀប​នឹង​ធ្វើ​ហើយ នោះ​ព្រះ​ទ្រង់​ទទួល​អ្នក​តាម​ដែល​មានមិន​មែន​តាម​ដែល​គ្មាន​នោះ​ទេ»។ នៅចំពោះព្រះនេត្រ របស់ព្រះមិនថាយើងមានអំណោយទានតិច ឬច្រើនប៉ុនណានោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺយើងបានប្រើអំណោយទានទាំងនេះ។

ព្រះបានសរសើរបាវបម្រើពីរនាក់ដំបូងដោយសារតែពួកគេបង្ហាញអំពីសេចក្តីជំនឿរបស់ពួកគេតាមវិធីដែលពួកគេប្រើប្រាក់របស់ពួកគេ។ ម្ល៉ោះហើយ ប្រាក់របស់ពួកគេបានកើនឡើងនៅពេលដែលពួកគេប្រើប្រាស់។ រីឯបាវ «អាក្រក់» ពុំបានប្រើប្រាក់ដែលលោកចៅហ្វាយបានប្រគល់អោយគាត់នោះទេ។ ម្ល៉ោះហើយ ប្រាក់រប​ស់គាត់ពុំបានកើនឡើងទេ។ នេះគឺជាសេចក្តីពិតដ៏នៅអស់កល្បជានិច្ចដែល «នៅពេលយើងបម្រើព្រះ កិច្ចការដែលយើងធ្វើបានផ្សារភ្ជាប់យើងទៅនឹងព្រះ និងទៅកាន់អ្នកដទៃ»។ ដកស្រង់ពី Ellen G. White, Christ’ Object Lessons, page 326, adapted។​ បាវបម្រើដែលគ្មានសេចក្តីជំនឿលើព្រះនឹងត្រូវបាត់បង់ឱកាសក្នុងការបម្រើ។ បន្ទាប់មក គាត់ក៏បាត់បង់ប្រាក់របស់គាត់ផងដែរ។

យើងត្រូវតែប្រើអំណោយទានដែលព្រះបានប្រទានដល់យើង។ ពេលនោះ យើងនឹងថ្វាយសិរីល្អដល់ព្រះនាមរបស់ទ្រង់។ អំណោយទានរបស់យើងនឹងបានរីកចម្រើនឡើង។​ តើលោកអ្នកអាចស្វែងរកអំណោយទានដែលព្រះបានប្រទានដល់លោកអ្នកដោយរបៀបណា? គឺដោយលះបង់សេចក្តីអំនួតចេញពីចិត្តរបស់លោកអ្នក។ បន្ទាប់មក ចូរទូលសូមអោយព្រះបង្ហាញលោកអ្នកអំពីកន្លែងដែលទ្រង់ចង់អោយលោកអ្នកបម្រើទ្រង់។ ចូរផ្តើមធ្វើកិច្ចការសម្រាប់ព្រះ នៅពេលដែលព្រះអង្គបង្ហាញយើងអំពីផែនការរបស់ទ្រង់។ អំណោយទានរបស់លោកអ្នកនឹងបានកើនឡើងនៅពេលដែលលោកអ្នកប្រើអំណោយទានទាំងនេះ។ បន្ទាប់មក លោកអ្នកនឹងរកឃើញសេចក្តីអំណរក្នុងការបម្រើទ្រង់ជាពុំខាន។

សូមគិតអំពីរឿងប្រៀបធៀបនេះ និងមេរៀនដែលរឿងនេះបានផ្តល់សម្រាប់ជីវិតរបស់យើងផ្ទាល់។ តើរឿងទាំងនេះបង្ហាញប្រាប់យើងអ្វីខ្លះអំពីកិច្ចការដែលយើងកំពុងតែធ្វើសម្រាប់ព្រះជាមួយនឹងអំណោយទានដែលទ្រង់បានប្រទានដល់យើង?

ថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២០

សិក្សាបន្ថែម

សូមអាន Ellen G. White, “Talents,” pages 325-365, in Christ’s Object Lessons។

យើងត្រូវការការយល់ដឹងដ៏ត្រឹមត្រូវមួយនៃការបង្រៀនព្រះគម្ពីរអំពីអំណោយទានខាងឯវិញ្ញាណ។ ពេលនោះ យើងនឹងមានភាពសុខសាន្ត និងភាពចុះសម្រុងគ្នានៅក្នុងពួកជំនុំ។ យើងក៏ត្រូវតែយល់ថា យើងរាល់គ្នាមានតម្លៃនៅចំពោះព្រះនេត្ររបស់ព្រះ។ រាល់សមាជិកទាំងអស់នៃពួកជំនុំមានសារៈសំខាន់សម្រាប់ការបញ្ចប់ព្រះរាជកិច្ចរបស់ព្រះនៅលើផែនដី។ នោះគឺជាមូលហេតុដែលព្រះប្រទានអំណោយទានខាងឯវិញ្ញាណដល់សមាជិកទាំងអស់ ដើម្បីអោយពួកគេបម្រើដល់ទ្រង់។

«ព្រះបានប្រទានភារកិច្ចដល់សមាជិកទាំងអស់អោយធ្វើកិច្ចការសម្រាប់ទ្រង់។ ទ្រង់បានប្រទានអំណោយទានខាងឯវិញ្ញាណដល់អ្នកបម្រើរបស់ទ្រង់។ ទ្រង់ ‘បាន​ឲ្យ​ប្រាក់​ទៅ​ម្នាក់​៥​ពាន់ ម្នាក់​ទៀត​២​ពាន់ ហើយ​អ្នក​ទី​បី​១​ពាន់ គឺ​ឲ្យ​គ្រប់​គ្នា​តាម​ដំរិះ​គេ​រៀង​ខ្លួន’ (ម៉ាថាយ ២៥៖១៥)។ អ្នកបម្រើនីមួយៗត្រូវ ទទួលខុសត្រូវសម្រាប់ចំនួនប្រាក់ដែលពួកគេទទួលបាន។ ព្រះបានសម្រេចថា នឹងប្រទានអំណោយទានប៉ុនណាដល់យើងដោយយោងតាមជំនាញដែលយើងមាន។ ព្រះពុំមានអ្នកសំណព្វនោះទេ។ ទ្រង់ពុំបាន ប្រទានអំណោយទានអោយបុគ្គលណាម្នាក់ច្រើនជាង ឬតិចជាងបុគ្គលម្នាក់ទៀតដោយព្រោះតែទ្រង់ចូល ចិត្តបុគ្គលម្នាក់នោះខ្លាំងជាងនោះឡើយ។ ទ្រង់បានប្រទានទេពកោសល្យដល់យើងដែលស័ក្តិសមនឹង ជំនាញរបស់យើង។ ទ្រង់រំពឹងអោយយើងប្រើអំណោយទាននេះសម្រាប់ទ្រង់»។ ដកស្រង់ពី Ellen G. White, Testimonies for the Church, volume 2, page 282, adapted។

សូមចងចាំថា​ ព្រះបានប្រទានអំណោយទាននៃព្រះវិញ្ញាណដល់យើងសម្រាប់សិរីល្អរបស់ទ្រង់ ពុំមែនសម្រាប់ខ្លួនយើងផ្ទាល់នោះទេ។ ព្រះបានប្រទានអំណោយទានទាំងនេះដល់យើងដើម្បីអោយយើងថ្វាយសិរីល្អដល់ទ្រង់ និងជួយយើងអោយបញ្ចប់ព្រះរាជកិច្ចរបស់ព្រះអង្គនៅលើផែនដីនេះ។

សំនួរពិភាក្សា៖
  1. ព្រះបានប្រទានអំណោយទានដល់យើងទាំងអស់គ្នា។ តើអំណោយទានទាំងនេះនឹងធ្វើអោយពួកជំនុំរបស់លោកអ្នកមានសេចក្តីជំនឿបានកាន់តែប្រសើរយ៉ាងដូចម្តេច? តើគោលគំនិតនេះជួយយើងអោយក្លាយជាអ្នកធ្វើកិច្ចការសម្រាប់ព្រះបានកាន់តែប្រសើរយ៉ាងដូចម្តេច?

  2. តើអំណោយទានរបស់សមាជិកដទៃទៀតធ្លាប់បានក្លាយជាព្រះពរដល់ជីវិតរបស់លោកអ្នកដែរឬទេ? ប្រសិនបើមានសូមចែករំលែកនៅក្នុងថ្នាក់អំពីរបៀបដែលលោកអ្នកទទួលបានព្រះពរមកពីពួកគេ។ សូមចែករំលែកនៅក្នុងថ្នាក់ផងដែរ អំពីរបៀបដែលលោកអ្នករកឃើញអំណោយទានផ្ទាល់ខ្លួនរបស់លោកអ្នក។ តើលោកអ្នកគិតថា លោកអ្នកមានអំណោយទានអ្វីខ្លះ? តើលោកអ្នកប្រើអំណោយទានទាំងនេះ ដើម្បីជាព្រះពរដល់អ្នកដទៃយ៉ាងដូចម្តេច? ​

  3. អំណោយទានខាងឯវិញ្ញាណរបស់យើងនឹងបានរីកចម្រើនឡើងនៅពេលដែលយើងប្រើអំណោយទានទាំងនេះ។ តើអំណោយទានរបស់លោកអ្នកបានរីកចម្រើនឡើង នៅពេលដែលលោកអ្នកប្រើអំណោយទានទាំងនេះសម្រាប់ព្រះយ៉ាងដូចម្តេច? ទន្ទឺមគ្នានេះ តើលោកអ្នកធ្លាប់ប្រើអំណោយទានរបស់លោកអ្នក ដើម្បីបម្រើព្រះតាមដែលលោកអ្នកអាចធ្វើទៅបានដែរឬទេ? ​

រឿងខ្លី

«កាឡូស» គាត់ជាមនុស្សសាមញ្ញ

Jeans

ប្រសិនបើលោកជេ កាឡូស សាន់ឆេស រួស (J. Carlos Sanchez Ruiz) ជាលោកនាយកនៃការិយាល័យសេវេនដេយអាត់វេនទីស្ទយូញាននៅក្នុងប្រទេសប៉េរូដែលជាស្រុកកំណើតរបស់គាត់ ពួកជំនុំប្រហែលជាហៅគាត់យ៉ាងសមរម្យថាជា «លោកនាយកមិសិន»។ ប៉ុន្តែ នៅប្រទេសអ៊ុយរូហ្គាយដែលលោកកាឡូសធ្វើជាលោកនាយកនៃយូញានអ៊ុយរូហ្គាយនៃព្រះវិហារមិស្សិន គាត់ត្រូវបានគេហៅយ៉ាងសាមញ្ញថា «កាឡូស»។

ពួកបុរសបានហៅគាត់ថា «កាឡូស»។ ពួកស្រ្តីបានហៅគាត់ «កាឡូស»។ សូម្បីតែក្មេងៗ ក៏ហៅគាត់ថា «កាឡូស» ផងដែរ។

គ្មានអ្នកណាម្នាក់ដែលហៅគាត់ថាជាលោកនាយកនោះទេ។ ក៏គ្មានអ្នកណាម្នាក់ដែលប្រើពាក្យថា លោកគ្រូគង្វាលនោះដែរ។ គាត់គ្រាន់តែជា «កាឡូស» សាមញ្ញធម្មតា។

លោកកាឡូសមកពីប្រទេសប៉េរូដែលជាប្រទេសមួយដែលមនុស្សអោយតម្លៃខ្ពស់ចំពោះឋានៈ បុណ្យសក្តិបានមកចំណាយពេលប្រហែលជាមួយឆ្នាំ ដើម្បីសម្របខ្លួនទៅនឹងប្រទេសអ៊ុយរូហ្គាយ នៅពេលដែលគាត់បានជាប់ឆ្នោតជានាយកដំបូងក្នុងឆ្នាំ២០១១។

លោកបានមានប្រសាសន៍ថា «ប្រទេសអ៊ុយរូហ្គាយគឺជាប្រទេសមួយដែលពុំដូចជាប្រទេសឯទៀតនៅអាមេរិកខាងត្បូង។ «ទោះបីជាជនជាតិអ៊ុយរូហ្គាយទទួលស្គាល់ និងគោរពភាពជាមេដឹកនាំក្តីក៏ពួកគេពុំទទួលស្គាល់បែបបទនៃឋានៈបុណ្យសក្តិនោះឡើយ។ មេដឹកនាំគឺមានឋានៈស្មើនឹងអ្នកដទៃ»។

មេដឹកនាំព្រះវិហារបានមានប្រសាសន៍ថា ផ្នត់គំនិតរបស់ជនជាតិអ៊ុយរូហ្គាយដែលលោកកាឡូស បានដក់ជាប់នូវឥទ្ធិពលនៃអឺរ៉ុបយ៉ាងខ្លាំងបានធ្វើអោយប្រទេសនេះក្លាយជាតំបន់បេសកកម្មដ៏ជោគជ័យមួយ។ ពួកជំនុំអាត់វេនទីស្ទមានសមាជិកត្រឹមតែ៧៣៥៨នាក់ប៉ុណ្ណោះ នៅក្នុងប្រទេសដែលមានប្រជាជនសរុប ចំនួន៣.៥លាននាក់ ឬអាចនិយាយបានថា សមាជិកអាត់វេនទីស្ទម្នាក់ត្រូវផ្សាយទៅកាន់មនុស្ស៤៧០នាក់ដែលជាសមាមាត្រដ៏តូចបំផុតនៅអាមេរិកខាងជើង។ ប្រហែលជាមានជនជាតិអ៊ុយរូហ្គាយពាក់កណ្តាលដែលរស់នៅក្នុងរាជធានីម៉ុងតេវីដ (Montevideo)។

លោកនាយកនៃព្រះវិហារអាត់វេនទីស្ទ ថេដ អេន ស៊ី វីលសិន (Ted N. C. Wilson) បានសួរគ្រូគង្វាលនៅពេលដែលគាត់ចុះសួរសុខទុក្ខពួកគេក្នុងអំឡុងឆ្នាំ២០១៩ថា «តើយើងអាចផ្សព្វផ្សាយដំណឹងល្អនៅក្នុងរាជធានីម៉ុងតេវីដ និងទីក្រុងនានានៅជំុវិញពិភពលោកបានយ៉ាងដូចម្តេចទៅ?»។

គាត់បើកព្រះគម្ពីររបស់គាត់ហើយអានខគម្ពីរយេរេមា ៣២៖២៧ ដែលបានចែងថា «មើលអញ ​នេះ​ជា​ព្រះយេហូវ៉ាជា​ព្រះ​នៃ​គ្រប់​ទាំង​សាច់ តើ​មាន​ការ​អ្វី​ដែល​ពិបាក​ពេក​ដល់​អញ​ដែរ​ឬ?»។ លោកវីលសិនបានមានប្រសាសន៍ថា «ព្រះនឹងឆ្លើយតបទៅនឹងសំណួររបស់ទ្រង់ផ្ទាល់តាមវិធីដ៏អំណាចមួយ»។ បន្ទាប់មក គាត់បើកទៅឯខគម្ពីរយេរេមា ៣៣៖៣ ហើយអានថា «ចូរ​អំពាវនាវ​ដល់​អញ នោះ​អញ​នឹង​ឆ្លើយ​តប ហើយ​នឹង​បង្ហាញ​ឲ្យ​ឯង​ឃើញ​ការ​យ៉ាង​ធំ ហើយ​មុតមាំដែល​ឯង​មិន​ដឹង»។

«ចូរទូលសូមនូវសេចក្តីសន្យានេះ សម្រាប់ប្រទេសអ៊ុយរូហ្គាយ និងសម្រាប់ការងាររបស់អ្នក នៅតាមទីក្រុងនានា។ អ្នកកំពុងតែប្រឈមមុខនឹងបញ្ហាពីពួកអ្នកដែលមិនជឿព្រះ និងវត្ថុនិយមយ៉ាងខ្លាំង ដូចជានៅអឺរ៉ុបដែរ។ ប៉ុន្តែ គ្មានអ្វីដែលពិបាកពេកសម្រាប់ព្រះអម្ចាស់នោះទេ។

មនុស្សម្នាកំពុងតែទទួលបុណ្យជ្រមុជទឹកនៅក្នុងប្រទេសអ៊ុយរូហ្គាយ បន្ទាប់ពីចូលរួមកម្មវិធីនៅ ឯមជ្ឈមណ្ឌលនៃសហគមន៍ ឬហៅថា «មជ្ឈមណ្ឌលទីក្រុងនៃឥទ្ធិពល» ដែលដំណើរការដោយព្រះវិហារតាមការចង្អុលបង្ហាញរបស់លោកវីលសិនថា គ្មានអ្វីដែលពិបាកសម្រាប់ព្រះអម្ចាស់នោះទេ។ ក្នុងចំណោមសមាជិកថ្មី មានយុវជនម្នាក់ឈ្មោះ ហ្វឺណាន់ដូអ័ឃៀរេ (Fernado Aguirre) ដែលបានថ្វាយចិត្តរបស់គាត់ដល់ព្រះយេស៊ូវក្នុងឆ្នាំ ២០១៩ បន្ទាប់ពីបានរៀនវគ្គគ្រប់គ្រងការតានតឹងនៅឯមជ្ឈមណ្ឌលទីក្រុងនៃឥទ្ធិពលក្នុងរាជធានីម៉ុងតេវីដ។ សូមលោកអ្នកជួយអធិស្ឋានសម្រាប់ ប្រទេសអ៊ុយរូហ្គាយ និងតំបន់បេសកកម្មដទៃទៀតដែលកំពុងទទួលជោគជ័យនៅក្នុងសង្គមនៃអ្នកមិនជឿព្រះនៅជំុវិញពិភពលោក។

Powered by CAM