ព្រះយេស៊ូវ និងសិស្សរបស់ទ្រង់បានត្រឡប់មកក្រុងយេរូសាឡិមវិញ។ នៅគ្រានោះ ស្តេចហេរ៉ូឌ និងមេដឹកនាំសាសនាយូដាមានការព្រួយបារម្ភអំពីព្រះយេស៊ូវជាខ្លាំង។ ពួកគេខ្លាចព្រះយេស៊ូវធ្វើអោយពួកគេមានគ្រោះថ្នាក់ដូចជាលោកយ៉ូហានបាទីស្ទដែរ។ សិស្សរបស់ព្រះយេស៊ូវរួមមានទាំងអ្នកក្រីក្រ និងមនុស្សដទៃទៀតផងចង់ឃើញការផ្លាស់ប្តូរអោយកាន់តែប្រសើរឡើងខ្លាំងណាស់។
ព្រះយេស៊ូវចង់នាំសេចក្តីសង្ឃឹមដល់មនុស្សដែលរស់នៅលើផែនដីជាងអ្វីៗទាំងអស់។ ប៉ុន្តែ ទ្រង់បានជ្រាបថា មនុស្សមានអំណាចបំផុតនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីរារាំងព្រះរាជកិច្ចរបស់ទ្រង់។ មេដឹកនាំទាំងនេះពុំចង់អោយព្រះយេស៊ូវទទួលបានជោគជ័យនោះឡើយ។
មនុស្សមួយចំនួននៅខាងព្រះយេស៊ូវ។ ក្រុមមួយនេះរាប់ទាំងសិស្សទាំង១២របស់ព្រះយេស៊ូវផងដែរ។ ពួកគេគឺជាសិស្សដ៏ពិសេសរបស់ព្រះយេស៊ូវ។ សិស្សទាំង១២ចង់អោយព្រះយេស៊ូវទទួលបានជោគជ័យ។ ទន្ទឹមនឹងនេះ ពួកគេក៏មានការភាន់ច្រឡំផងដែរ។ ខគម្ពីរម៉ាកុស ៨៖៣១-៣៣ បានបង្ហាញអំពីមូលហេតុនៃការភាន់ច្រឡំនេះ។ បរមគ្រូបានធ្វើការសាកល្បងសិស្សរបស់ទ្រង់។ ទ្រង់ចង់អោយពួកគេ «មើលឃើញ» ឬបានយល់អំពីអ្វីៗដែលពិបាកអោយពួកគេមើលឃើញ។ សិស្សរបស់ព្រះយេស៊ូវពុំបានយល់អំពីអ្វីៗដែលសំខាន់បំផុតខាងឯផ្នែកវិញ្ញាណនោះទេ (សូមអានខគម្ពីរម៉ាកុស ៨៖៣៧)។
នេះគឺជាអ្វីដែលបានកើតឡើងមុនពេលដែលព្រះយេស៊ូវបានជួបមនុស្សម្នាក់ដែលយល់ពីការនេះ។
សូមអានរឿងនៅក្នុងខគម្ពីរម៉ាកុស ១០៖៤៦-៥២ អំពីព្រះយេស៊ូវព្យាបាលលោកបារទីមេ។ លោកបារទីមេគឺជាអ្នកសំុទានពិការភ្នែកម្នាក់។ តើលោកអ្នកបានឃើញអំពីទំហំនៃសេចក្តីមេត្តាដែល ព្រះយេស៊ូវបង្ហាញដល់លោកបារទីមេ? តើការដែលបុរសពិការម្នាក់នេះប្រាថ្នាចង់ «ឃើញ» នាំទៅរកការសម្រេចចិត្តរបស់គាត់ក្នុងការ «ដើរតាម» ព្រះយេស៊ូវនៅលើផ្លូវទៅក្រុងយេរូសាឡិមយ៉ាងដូចម្តេច? តើលោកអ្នកគិតថា លោកម៉ាកុសកំពុងតែបង្ហាញយើងអំពីលក្ខណៈខុសគ្នារវាងលោកបារទីមេ និងសិស្សដទៃទៀតរបស់ព្រះយេស៊ូវដែរឬទេ? តើរឿងនេះជួយលោកអ្នកអោយយល់អំពីមូលហេតុដែលលោកអ្នកគួរតែបើកចំហចិត្តរបស់លោកអ្នកទទួលយកព្រះយេស៊ូវដោយរបៀបណា?
លោកបារទីមេចង់មើលឃើញឡើងវិញ។ គាត់ចង់ឃើញក្រយៅសក់របស់ទារក និងពណ៌នៃស្រូវទុំនៅទីវាល។ ប៉ុន្តែ ការមើលឃើញមិនគ្រាន់តែជាអ្វីដែលយើងអាចមើលឃើញដោយភ្នែករបស់យើងប៉ុណ្ណោះទេ។ ការមើលឃើញក៏ស្តីអំពីការយល់ដឹងនូវសេចក្តីពិតខាងឯវិញ្ញាណផងដែរ តែជាការយល់ដឹងអំពីអ្វីដែលព្រះយេស៊ូវដ៏ជាបរមគ្រូបានមានបន្ទូលវិញ។ ព្រះយេស៊ូវទ្រង់បានជ្រាបអំពីរឿងនេះ។ គាត់ក៏ដឹងដែរថា រាល់បំណងប្រាថ្នាដ៏ជ្រាលជ្រៅរបស់មនុស្សម្នាក់ៗគឺចង់បានជីវិតថ្មី និងប្រសើរជាងមុន។
សូមអានខគម្ពីរហេព្រើរ ៥៖១២-១៤។ តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះអំពីការអប់រំដែលល្អបំផុតដែលយើងអាចទទួលបាន?
ថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២០
សិក្សាបន្ថែម
សូមអាន Ellen G. White, “The Test of Discipleship,” pages 57-65, in Steps to Christ។
អ្នកស្រីអែល្លិន ជីវ៉ៃត៍បានបង្ហាញយើងអំពីអ្វីដែលបានកើតឡើងនៅពេលដែលយើងទទួល ជឿព្រះយេស៊ូវទាំងស្រុង៖ «យើងនឹងប្រាថ្នាចង់បានដូចជាទ្រង់នៅក្នុងចិត្តរបស់យើង។ យើងចង់អោយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់សណ្ឋិតនៅក្នុងយើង។ យើងចង់ដើរតាមផែនការរបស់ព្រះសម្រាប់ជីវិតរបស់យើង។ យើងចង់ផ្គាប់ព្រះយេស៊ូវក្នុងគ្រប់ទាំងកិច្ចការដែលយើងធ្វើ»។ ដកស្រង់ពី Steps to Christ, page 58, adapted។ រាល់កិច្ចការរបស់យើងនឹង «ក្លាយជាសេចក្តីអំណរ» ដោយមានព្រះយេស៊ូវនៅក្នុង ចិត្តរបស់យើង»។ ដកស្រង់ពី Steps to Christ, page 59, adapted។ ឥឡូវនេះ សូមអានសេចក្តីអធិប្បាយនៅលើភ្នំក្នុងបទគម្ពីរម៉ាថាយ ៥-៧ វិញម្តង។ សេចក្តីអធិប្បាយនេះបានបង្ហាញយើងអំពីការបង្រៀនដ៏សំខាន់បំផុតរបស់ព្រះយេស៊ូវសម្រាប់សិស្សរបស់ទ្រង់។ នគររបស់ទ្រង់នឹងត្រូវបានតាំងឡើងដោយផ្អែកលើក្បួនច្បាប់ទាំងនេះ។
សំនួរពិភាក្សា៖
- ព្រះបានមានបន្ទូលមកកាន់លោកអ័ដាម និងនាងអេវ៉ា។ ទ្រង់បានមានបន្ទូលមកកាន់លោកយ៉ាកុប។ ទ្រង់ក៏បានមានបន្ទូលមកកាន់យើងផងដែរ។ ព្រះបានជ្រាបអំពីសេចក្តីប្រាថ្នាដ៏ជ្រាលជ្រៅរបស់យើង ដូចជាទ្រង់បានជ្រាបអំពីអ្វីដែលមាននៅក្នុងចិត្តរបស់លោកបារទីមេផងដែរ។ ព្រះជាម្ចាស់ចង់អោយយើងគិតអំពីយើងជានរណា ហើយយើងនឹងត្រូវទៅទីណា។ សូមគិតអំពីវិធីសាស្ត្រក្នុងការបង្រៀនព្រះគម្ពីរទៅកាន់កូនៗរបស់យើង និងចំពោះគ្នាទៅវិញទៅមកដោយដឹងពីសេចក្តីទាំងនេះ។ តើអ្វីខ្លះដែលធ្វើអោយការបង្រៀនព្រះគម្ពីរគួរអោយរំភើប និងមិនធុញទ្រាន់? តើយើងអាចបង្រៀនព្រះគម្ពីរយ៉ាងដូចម្តេចដើម្បីអោយមនុស្សចង់ថ្វាយជីវិតរបស់ពួកគេទៅឯព្រះ?
- «តើលោកអ្នកនៅត្រង់ចំណុចណានៅក្នុងដំណើរជីវិតរបស់លោកអ្នក?»។ តើសំណួរនេះមានលក្ខណៈ ផ្ទាល់ខ្លួនដែរឬទេ? តើលោកអ្នកគិតថា សំណួរនេះអាចប្រឹក្សាចម្លើយជាមួយមនុស្សដែលលោកអ្នកជឿ ទុកចិត្តបានដែរឬទេ? តើគោលគំនិតអំពីពួកជំនុំជា «រូបកាយរបស់ព្រះគ្រីស្ទ» (កូរិនថូសទី១ ១២៖២៧) អាចជួយយើងអោយឆ្លើយនូវសំណួរនេះបានដោយរបៀបណា? តើហេតុអ្វីបានជាការសន្ទនារបស់យើងជាមួយនឹងអ្នកដទៃអាចជាវិធីសាស្ត្រនៃការសិក្សាបន្ថែមមួយអំពីអ្វីដែលព្រះយេស៊ូវចង់អោយយើងបានដឹង?
- លោកបារទីមេបាន «ដើរតាម»ព្រះយេស៊ូនៅតាមផ្លូវទៅក្រុងយេរូសាឡិមបន្ទាប់ពីភ្នែកគាត់អាចមើលឃើញ។ នៅតាមផ្លូវលោកបារទីមេបានឮអំពីប្រាជ្ញារបស់ព្រះយេស៊ូវជារៀងរាល់ថ្ងៃ។ ជាការពិតណាស់ លោកបារទីមេចង់អោយមនុស្សបានឃើញព្រះយេស៊ូវរស់នៅក្នុងចិត្តរបស់គាត់។ យើងអាចជឿថា ការដើរតាមព្រះយេស៊ូវបានធ្វើអោយលោកបារទីមេមានសេចក្តីអំណរដូចដែលជំហានទៅកាន់ព្រះគ្រីស្ទបានសរសេរមក។ តើហេតុអ្វីបានជាលោកអ្នកគិតថា អ្នកណាដែលដើរតាមក្បួនច្បាប់នៃសេចក្តីអធិប្បាយនៅលើភ្នំនឹងមានសេចក្តីអំណរ?
- តើលោកអ្នកអាចប្រាប់អំពីអ្វីខុស និងអ្វីត្រូវបានដែរឬទេ? តើអ្វីដែលជួយអោយយើងប្រាប់បានថា សេចក្តីទាំងពីរខុសពីគ្នា? តើហេតុអ្វីបានជាការអនុវត្តចំណេះដឹងនេះសំខាន់ជាងការដែលមានចំណេះដឹងនេះទៅទៀត?
រឿងខ្លី
បាដិហារ្យនៅលើផ្លូវឥណ្ឌា
នៅថ្ងៃមួយ ប្តីរបស់ខ្ញុំ និងខ្ញុំបានធ្វើដំណើរទៅឯទីក្រុង ដើម្បីទិញសំភារៈសំរាប់ព្រះវិហារដែលយើងកំពុងតែសាងសង់នៅក្នុងភូមិមួយនៅឯប្រទេសឥណ្ឌា។ យើងក៏ត្រូវការការផ្គត់ផ្គង់សម្រាប់និស្សិតស្ម័គ្រចិត្តដែលបានជួយយើងក្នុងការចែកចាយដំណឹងល្អនៅតំបន់នោះផងដែរ។
ប្តីរបស់ខ្ញុំបានទិញគ្រឿងអគ្គិសនីសម្រាប់គម្រោងសាងសង់ ហើយខ្ញុំបានទិញហ្គីតារចំនួន១៥ដើមសម្រាប់អ្នកស្ម័គ្រចិត្ត និងសៀវភៅ១០០ក្បាលសម្រាប់ថ្នាក់របស់និសិ្សតទាំងនោះ។ ប្រហែលជាម៉ោង៩យប់ហើយ នៅពេលដែលយើងចាប់ផ្តើមបើកឡានអស់រយៈពេល៣ម៉ោងត្រឡប់ទៅឯភូមិ វិញ។ យើងជជែកលេង និងស្តាប់ចម្រៀងខណៈដែលប្តីរបស់ខ្ញុំកំពុងតែបើកបរ។
ប្រហែលជាកន្លះម៉ោងមុនពេលទៅដល់ផ្ទះ មានសំឡេងចម្លែកមួយបានធ្វើអោយយើងភ្ញាក់ផ្អើលជាខ្លាំង។ ដាត ដាត ដាត ផាំង! សំឡេងនោះខ្លាំងគួរសម។ យើងមិនដឹងថា មានអ្វីបានកើតឡើងនោះទេ។ ម៉្លោះហើយប្តីរបស់ខ្ញុំបានឈប់ឡាន ហើយចេញទៅក្រៅដើម្បីសង្កេតមើល។ កង់ឡានបានបែក។
ពេលដែលយើងឃើញសំបកកង់រាបស្មើ យើងបានក្រឡេកមើលមុខគ្នាទៅវិញទៅមក ហើយសើចយ៉ាងខ្លាំងអស់មួយសន្ទុះ។ ប្តីរបស់ខ្ញុំបានសួរ «តើយើងបែកសំបកកង់ប៉ុន្មានដងមកហើយ?» ខ្ញុំបានតបទៅវិញថា «ចាំខ្ញុំរកនឹកសិន។ វាច្រើនដងមែនទែនបើយើងរាប់ទាំងបែកកង់បន្ថែមទៀត។ ជីវិតរបស់យើងពិតជាមិនអផ្សុកទេអូនសំឡាញ់»។
យើងគ្មានកង់សាកួរសម្រាប់ផ្លាស់នោះទេ។ ដោយទ្រឹងពាក់កណ្តាលយប់នៅតាមទីជនបទយើងបានទូរស័ព្ទសុំជំនួយពីគ្រូគង្វាលអាប៊ីសាក់ (Abishek)។ តន្ត្រីលេងយ៉ាងទន់ភ្លន់នៅក្នុងឡានដែលបិទជិតនៅពេលដែលប្តីរបស់ខ្ញុំអង្គុយយ៉ាងស្ងៀមស្ងាត់នៅលើកៅអីអ្នកបើកបររង់ចាំផ្លូវគ្រូគង្វាល។ ម៉ាស៊ីនត្រជាក់ឡានមិនដំណើរការទេ ម្ល៉ោះហើយមិនយូរប៉ុន្មាន យើងក៏ចាប់ផ្តើមបែកញើសជោក។ ហើយខ្ញុំវាយមូសនៅជុំវិញឡាន។
រំពេចនោះ ផ្លេកបន្ទោរភ្លឺផ្លេកៗកាត់មេឃដ៏ងងឹត ហើយផ្គរលាន់ក៏គ្រហឹមឡើង។ ភ្លៀងបានធ្លាក់ជោកជាំពាសពេញបង្អួច។ ខ្ញុំបាននិយាយថា «បងសំឡាញ់ យើងពិតជាស៊យមែន ប៉ុន្តែ ក៏អស់សំណើចណាស់ដែរ ដ្បិតជីវិតនៅប្រទេសឥណ្ឌាមិនធុញទ្រាន់នោះទេ»។
មួយស្របក់ក្រោយមក គ្រូគង្វាលអាប៊ីសាក់បានមកយកពួកយើង។ យើងយកហ្គីតារចំនួន១៥ដើម សៀវភៅ១០០ក្បាល និងគ្រឿងអគ្គិសនីទៅដាក់នៅក្នុងឡានដឹកទំនិញធុនតូចរបស់គាត់។ នៅពេលយើងបើកឡានឆ្ពោះទៅផ្ទះវិញ គ្រូគង្វាលបានធ្វើអោយយើងមានការភ្ញាក់ផ្អើលជាខ្លាំង។ គាត់បាននិយាយថា «នៅពេលដែលអ្នកទាំងពីរទូរស័ព្ទមកខ្ញុំ ទូរស័ព្ទដៃរបស់ខ្ញុំបានបិទសំឡេង សូម្បីតែរំញ័រ ក៏ត្រូវបានបិទដែរដើម្បីអោយខ្ញុំអាចគេងលក់។ ខ្ញុំមិនដឹងថាយ៉ាងម៉េចបានជាខ្ញុំភ្ញាក់ឡើងនៅពាក់កណ្តាលអធ្រាត្រ ហើយក្រឡេកមើលទូរស័ព្ទរបស់ខ្ញុំ ចំពេលដែលអ្នកទាំងពីរបានទូរស័ព្ទមកតែម្តង»។
ចិត្តរបស់ពួកយើងញាប់ញ័រជាខ្លាំងនៅពេលឮគាត់និយាយយ៉ាងដូច្នោះ។ ព្រះបានដាស់គាត់នៅពេលយប់ជ្រៅ ហើយបានដាស់អារម្មណ៍អោយគាត់ទាញមើលទូរស័ព្ទរបស់គាត់។ ព្រះទ្រង់បានជ្រាបថា កូនៗពីរនាក់របស់ទ្រង់កំពុងចង់ត្រឡប់ទៅផ្ទះវិញ។ មកដល់ពេលនេះ ភ្លៀងកំពុងតែធ្លាក់ខ្លាំង។ ផ្លេកបន្ទោរបានភ្លឺផ្លេកៗបំភ្លឺផ្លូវហើយផ្គរលាន់ក៏បន្លឺឡើងដែរ។ ប៉ុន្តែ យើងសប្បាយចិត្តណាស់ដោយសារតែយើងបានត្រឡប់ទៅផ្ទះវិញ។ អរគុណព្រះជាម្ចាស់។ សូមអរគុណទេវតាអាប៊ីសាក់។
អំណានដង្វាយប្រចាំសប្តាហ៍
ការណាត់ជួបប្រចាំសប្តាហ៍
លោកល្វីស អូគូស្ទោ ដែលជាមនុស្សដែលញៀនស្រាយ៉ាងខ្លាំងរស់នៅជាមួយគ្រួសាររបស់គាត់នៅក្នុងព្រៃអាម៉ាហ្សូន។ ពេលត្រឡប់មកពីទីក្រុងតួចមួយឈ្មោះរ៉ូឌ្រីហ្គូ អាលវេសនៃប្រទេសប្រេស៊ីល ម្តងៗ គាត់មិនដែលស្វាងម្តងណាឡើយ។ ជួនកាលគាត់ផឹកជ្រុលអស់ជាច្រើនថ្ងៃដែលធ្វើឲ្យលំបាកដល់គ្រួសាររបស់គាត់ថែមទៀត។ ប៉ុន្តែ លើកនេះគាត់បានធ្វើដំណើរទៅទីក្រុងដោយហេតុផលមួយផ្សេងវិញ។
ក្រោយពីបានទស្សនាការផ្សាយដំណឹងល្អតាមកញ្ចក់ទូរទស្សន៍ណូវ៉ូតិមប៉ូ (Brazilian Hope Channel) អស់ជាច្រើនថ្ងៃកន្លងមក លោកល្វីសបានសំរេចចិត្តជាលើកដំបូងទទួលយកព្រះយេស៊ូវជាព្រះអម្ចាស់ និងស្វែងរកព្រះវិហារអាត់វេនទីស្ទតាមការណែនាំពីកម្មវិធីទូរទស្សន៍។ នៅថ្ងៃសប្បាតហ៍បន្ទាប់ លោកបានចាកចេញពីផ្ទះនៅវេលាម៉ោង៣ព្រឹក ដោយត្រូវដើរកាត់ព្រៃអស់រយៈពេល៤ម៉ោង ដើម្បីទៅរកព្រះវិហារអាត់វេនទីស្ទ។ ដោយមិនអាចរកព្រះវិហារឃើញ គាត់បានអង្គុយចាំនៅកន្លែងមួយ រង់ចាំមនុស្សខ្លះដើរកាត់មកដើម្បីសួររកផ្លូវទៅព្រះវិហារ។ ទីបំផុត គាត់ក៏រកដំណាក់របស់ព្រះឃើញ។ នៅពេលដែលអ្នកទទួលភ្ញៀវសួរគាត់ថា តើគាត់មកលេងព្រះវិហារមែនទេ គាត់តបយ៉ាងច្បាស់ថា «អត់ទេ ខ្ញុំមកស្នាក់នៅនឹងព្រះវិហារទេតើ»។ ហើយគាត់ក៏បានស្នាក់នៅក្នុងព្រះវិហារពិតមែន។
បន្ទាប់ពីព្រះអម្ចាស់បានរំដោះគាត់ពីទម្លាប់អាក្រក់ៗរួចមក លោកល្វីសក៏បានទទួលបុណ្យជ្រមុជទឹក។ បន្ទាប់មក គ្រួសាររបស់គាត់ក៏បានចូលរួមជាមួយគាត់រៀងរាល់សប្បាតហ៍ដោយត្រូវដើរកាត់ព្រៃ៤ម៉ោងទម្រាំដល់ព្រះវិហារ។ អ្នកខ្លះនឹកឆ្ងល់ថា តើការខំប្រឹងប្រែងរបស់ពួកគាត់មានតម្លៃដែរឬទេ។ តើមិនងាយស្រួលជាងទេឬបើពួកគាត់នៅផ្ទះ ហើយទស្សនាកម្ម វិធីសាសនានៅតាមកញ្ចក់ទូរទស្សន៍ «ដូចជាអ្នកខ្លះធ្លាប់» វិញនោះ? (ហេព្រើរ ១០៖២៥)។
ព្រះបន្ទូលរបស់ព្រះបានចែងយ៉ាងច្បាស់ថា យើងត្រូវ «ពិចារណាមើលគ្នាទៅវិញទៅមក ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង» ដោយការផ្សារភ្ជាប់ទំនាក់ទំនងនឹងគ្នាជាប្រចាំ (ហេព្រើរ ១០៖២៤)។ ហើយខបន្ទាប់ក៏បានដាស់តឿនយើងផងដែរថា «ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផងតាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ» (ហេព្រើរ ១០៖២៥)។
លោកល្វីសយល់សេចក្តីដែលព្រះអម្ចាស់បង្រៀនយ៉ាងច្បាស់ថា គ្មានវិធីណាផ្សេងទៀតដែលអាចជំនួសការថ្វាយបង្គំជាទៀតទាត់ជាមួយនឹងបងប្អូនប្រុសស្រីរបស់យើងក្នុងពួកជំនុំឡើយ។ ព្រះវិហារគឹជាឃ្លាំងរបស់ព្រះដែលយើងត្រូវយកដង្វាយ១០ហូត១ និងដង្វាយសទ្ធាទៅទុកនៅទីនោះ ហើយយើងក៏អាច ១)អធិដ្ឋាន ២)ច្រៀងសរសើរព្រះ ៣)សិក្សាព្រះបន្ទូល និងថ្វាយបង្គំព្រះអង្គផងដែរ។
សេចក្តីអំពាវនាវ៖ ចូរយើងនាំយកដង្វាយ១០ហូត១ និងដង្វាយតាមការសន្យារបស់យើង ដើម្បីបង្ហាញអំពីអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់យើងក្នុងសប្តាហ៍នេះចុះ! ចូរយើងមានអំណរ និងថ្វាយបង្គំទ្រង់ចុះ!
សេចក្តីអធិដ្ឋាន៖ ឱព្រះជាម្ចាស់ ដ៏ជាព្រះអាទិករនៃចក្រវាឡអើយ សូមទទួលយកដង្វាយដែលស្ម័គ្រពីចិត្តរបស់យើងខ្ញុំផង! សូមទទួលយក និងសូមឲ្យសម្រេចតាមព្រះឬទ័យរបស់ទ្រង់ចុះ។