ពាក្យនៅក្នុងខព្រះគម្ពីរតែងតែមានពាក្យ និងខផ្សេងទៀតនៅជុំវិញពាក្យទាំងនោះ។ ពាក្យ និងខដទៃទាំងនេះជួយយើងអោយយល់ពីអត្ថន័យនៃខណាមួយ។ យើងអាចយល់ពីខនៃព្រះគម្ពីរដោយវិធីមួយក្នុងចំណោមវិធីពីរ។ ទីមួយ ពាក្យមួយតែងតែត្រូវបានសរសេរនៅក្នុងប្រយោគ។ យើងត្រូវការយល់ពីអត្ថន័យនៃពាក្យនៅក្នុងប្រយោគ។ បន្ទាប់មក យើងត្រូវការមើលទៅឯជំពូក ខ ឬជំពូកទាំងឡាយណាដែលពាក្យនោះត្រូវបានប្រើ។ វាសំខាន់ណាស់សម្រាប់យើងដើម្បីអោយបានយល់ពីខ និងជំពូកនៅជុំវិញពាក្យ និងប្រយោគទាំងនោះដែលយើងកំពុងតែសិក្សានៅក្នុងព្រះគម្ពីរ។ បន្ទាប់មក យើងនឹងមិនជឿទៅលើគោលគំនិតដែលមិនត្រឹមត្រូវនោះទេ។
សូមប្រៀបធៀបខគម្ពីរលោកុប្បត្តិ ១៖២៧ ជាមួយលោកុប្បត្តិ ២៖៧។ បន្ទាប់មក សូមអានខគម្ពីរលោកុប្បត្តិ ២៖១៥-២៣។ តើខផ្សេងៗគ្នាទាំងនេះបង្ហាញយើងពីអត្ថន័យនៃពាក្យថា «អ័ដាម» យ៉ាងដូចម្តេច? តើឈ្មោះលោកអ័ដាមជាភាសាហេព្រើរសម្រាប់ពាក្យថា «បុរស» ឬ?
យើងឃើញពីពាក្យថា «bara» នៅក្នុងខគម្ពីរលោកុប្បត្តិ ១៖២៧ ត្រូវបានសរសេរចំនួន៣ដង ដើម្បីបង្ហាញថា ព្រះបានបង្កើតមនុស្ស។ ក្នុងខគម្ពីរលោកុប្បត្តិ ១៖២៧ យើងឃើញថា បុរសគឺជាផ្នែកនៃដៃគូរវាង «ប្រុស និងស្រី»។ តើនេះបង្ហាញយើងយ៉ាងដូចម្តេច? វាបង្ហាញយើងពីពាក្យថា «អ័ដាម» នៅក្នុងខនេះមានន័យថា មនុស្ស។
ប៉ុន្តែ ក្នុងខគម្ពីរលោកុប្បត្តិ ២៖៧ លោកម៉ូសេប្រើពាក្យដូចគ្នានេះថា «អ័ដាម» ដើម្បីបង្ហាញយើងថា ព្រះ «យកធូលីដីមកសូនធ្វើជាមនុស្ស»។ (តើលោកអ្នកឃើញពីពាក្យនៃភាសាហេព្រើរសម្រាប់ «ធូលីដី» គឺជា «អ័ដាម» ដែរឬទេ? ពាក្យនេះមើលទៅដូចជាពាក្យ «អ័ដាម» ដែលប្រែថា«មនុស្ស» ដែរ)។ ក្នុងខគម្ពីរលោកុប្បត្តិ ២៖៧ យើងអានតែអំពីលោកអ័ដាមដែលជាបុរសប៉ុណ្ណោះ។ នោះគឺដោយព្រោះព្រះមិនចង់ បង្កើតនាងអេវ៉ានៅក្នុងពេលនោះទេ គឺនៅពេលក្រោយវិញ។ ព្រះក៏បានបង្កើតនាងអេវ៉ាតាមវិធីផ្សេង ផ្ទុយពីការដែលព្រះអង្គបង្កើតលោកអ័ដាម។ ដូច្នេះ ក្នុងខនេះ ហើយនិងនៅក្នុងជំពូកខុសគ្នាទាំងពីរដែលមានខទាំងនេះ យើងឃើញពីពាក្យថា «អ័ដាម» មានអត្ថន័យផ្សេងគ្នា។ ក្នុងខគម្ពីរលោកុប្បត្តិ ១៖២៧ «អ័ដាម» មានន័យថា «មនុស្ស»។ ប៉ុន្តែ ក្នុងខគម្ពីរលោកុប្បត្តិ ២៖៧ «អ័ដាម» មានន័យថា អ័ដាមដែលជាបុរស។ ក្រោយមក ព្រះគម្ពីរបង្ហាញយើងថា លោកអ័ដាមជាមនុស្សយ៉ាងពិតប្រាកដ (លោកុប្បត្តិ ៥៖១-៥; របា- ក្សត្រទី១ ១៖១; លូកា ៣៖៣៨)។ លោកប៉ុលក៏បានមានប្រសាសន៍ថា ព្រះយេស៊ូវគឺជាលោកអ័ដាមផងដែរ (រ៉ូម ៥៖១២-១៤)។
ដូច្នេះ យើងឃើញពាក្យថា អ័ដាម តាមរយៈខទាំងឡាយដែលជាក់លាក់នៅក្នុងព្រះគម្ពីរ។ ទន្ទឹមនឹងនេះ រឿងដែលស្តីពីរបៀបដែលព្រះបានបង្កើតលោកអ័ដាម និងនាងអេវ៉ាត្រូវបានរកឃើញនៅក្នុងរឿងធំៗអំពីរបៀបដែលព្រះបានបង្កើតផែនដីនៅក្នុងបទគម្ពីរលោកុប្បត្តិ ១-២។ ជំពូកទាំងនេះបង្ហាញយើងនូវគំនិត និងប្រធានបទថ្មីៗ។ ខគម្ពីរលោកុប្បត្តិ ២៖៤-២៥ តែងតែដាក់ឈ្មោះរឿងទី២ អំពីរបៀប ដែលព្រះបង្កើតផែនដី។ សប្តាហ៍ក្រោយយើងនឹងឃើញថា បទគម្ពីរលោកុប្បត្តិ ១-២ និងលោកុប្បត្តិ ២៖ ៤-២៥ ពិតជាបង្ហាញយើងពីរឿងតែមួយ។ អ្វីដែលខុសគ្នានោះគឺថា ពួកគេផ្តោតទៅលើគំនិតខុសគ្នា។ ប៉ុន្តែ រឿងទាំងពីរបង្ហាញយើងថា ព្រះបានបង្កើតមនុស្ស។
ថ្ងៃព្រហស្បតិ៍ ទី១៤ ឧសភា ឆ្នាំ២០២០
កណ្ឌគម្ពីរ និងសារនៃកណ្ឌទាំងនោះ
កណ្ឌនៃព្រះគម្ពីរគឺជាផ្នែកដ៏ធំបំផុតនៃព្រះគម្ពីរ។ ពួកគេត្រូវបានសរសេរសម្រាប់ហេតុផលផ្សេងៗគ្នា និងនៅតាមទីកន្លែងខុសៗគ្នា។ កណ្ឌព្រះគម្ពីរខ្លះបង្ហាញយើងពីអនាគត។ រីឯកណ្ឌគម្ពីរដទៃទៀត គឺជាការប្រមូលផ្តុំនៃចម្រៀង ឬកំណាព្យ (ទំនុកដំកើង)។ ក៏មានសៀវភៅប្រវត្តិសាស្ត្រផងដែរ (ពង្សាវតារក្សត្រទី១ និងទី២)។ ហើយក៏មានសំបុត្រដែលសរសេរទៅកាន់ព្រះវិហារខុសៗគ្នាផងដែរ។ (ឧទាហរណ៍ ក្នុងព្រះគម្ពីររួមទាំងសំបុត្រដែលលោកប៉ុល និងមនុស្សដទៃទៀតបានសរសេរផងដែរ។
តើអ្វីជាកិច្ចការដំបូងដែលយើងត្រូវធ្វើ ដើម្បីអោយបានយល់ពីសារនៃកណ្ឌគម្ពីរណាមួយ? យើងត្រូវតែចាប់ផ្តើមដោយការសិក្សាអំពីអ្នកសរសេរ និងទីកន្លែងដែលគាត់បានសរសេរផងដែរ។ លោកម៉ូសេបានសរសេរកណ្ឌគម្ពីរប្រាំដំបូងនៃព្រះគម្ពីរសញ្ញាចាស់។ តើយើងអាចដឹងបានដោយរបៀបណា? ព្រះគម្ពីរប្រាប់យើងនៅក្នុងខគម្ពីរយ៉ូស្វេ ៨៖៣១, ៣២; ពង្សាវតាក្សត្រទី១ ២៖៣; ពង្សាវតារក្សត្រទី២ ១៤៖ ៦; ពង្សាវតារក្សត្រទី២ ២១៖៨; អែសរ៉ា ៦៖១៨; នេហេមា ៣១៖១; ដានីយ៉ែល ៩៖១១-១៣ និងមីកា ៤៖ ៤។ ព្រះយេស៊ូវ ក៏បានប្រាប់យើងពីរឿងដូចគ្នានេះនៅក្នុងខគម្ពីរម៉ាកុស ១២៖២៦; យ៉ូហាន ៥៖៤៦, ៤៧ និងយ៉ូហាន ៧៖១៩ផងដែរ។ អ្នកសរសេរគម្ពីរសញ្ញាថ្មីធ្វើយ៉ាងដូច្នេះផងដែរ (កិច្ចការ ៣៖២២; រ៉ូម ១០៖ ៥)។ ប៉ុន្តែ ជាញឹកញាប់ យើងពុំដឹងថាអ្នកណាជាអ្នកសរសេរនូវកណ្ឌព្រះគម្ពីរមួយចំនួននោះទេ។ យើងពុំ ដឹងថា អ្នកណាជាអ្នកសរសេរកណ្ឌគម្ពីរអេសធើរ នាងរស់ សាំយូអែល និងរបាក្សត្រនោះទេ។
សូមអានខគម្ពីរលោកុប្បត្តិ ១៥៖១-៥ និងលោកុប្បត្តិ ២២៖១៧, ១៨។ តើហេតុអ្វីបានជាវាសំខាន់ចំពោះយើងដែលថា លោកម៉ូសេបានសរសេរកណ្ឌគម្ពីរលោកុប្បត្តិនោះ?
ជាការពិតណាស់ លោកម៉ូសេបានសរសេរកណ្ឌគម្ពីរនិក្ខមនំ លេវីវិន័យ ជនគណនា និងចោទិយកថា បន្ទាប់ពីសាសន៍អ៊ីស្រាអែលបានចាកចេញពីស្រុកអេស៊ីព្ទមក។ ប៉ុន្តែ យើងជឿថា លោកម៉ូសេបានសរសេរកណ្ឌគម្ពីរលោកុប្បត្តិ មុនពេលដែលព្រះបានរំដោះសាសន៍អ៊ីស្រាអែលចេញពីភាពជាទាសករ។ តើហេតុអ្វីបានជាយើងគិតយ៉ាងដូច្នោះ? ពីព្រោះព្រះគម្ពីរលោកុប្បត្តិបង្ហាញយើងពីប្រវត្តិសាស្ត្រនៃកិច្ចការរបស់ព្រះតាំងពីពេលដែលព្រះបានបង្កើតផែនដីរហូតមកដល់សម័យនៃលោកអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប។
«ជាច្រើនឆ្នាំកន្លងផុតទៅ លោកម៉ូសេបានដឹកនាំសាសន៍របស់លោកទៅកាន់ទីកន្លែងដែលដាច់ស្រយាលពីមនុស្សដទៃ»។ នៅទីនោះ លោកម៉ូសេបានពិចារណាអំពីរបៀបដែលសាសន៍របស់លោកបានធ្វើជាទាសករនៅក្នុងស្រុកអេស៊ីព្ទ។ លោកម៉ូសេក៏បានពិចារណាអំពីសេចក្តីសន្យានៃព្រះផងដែរ។ ព្រះបានប្រទានសេចក្តីសន្យាទាំងនេះទៅកាន់ក្មេងជំនាន់ក្រោយនៃសាសន៍អ៊ីស្រាអែលទុកជាអំណោយដោយសារពួកគេជារាស្ត្រដែលព្រះជ្រើសតាំង។ ដូច្នេះ លោកម៉ូសេបានអធិស្ឋានសម្រាប់សាសន៍អ៊ីស្រាអែលទាំងយប់ទាំងថ្ងៃ។ ពួកទេវតាពីស្ថានសួគ៌បានដាក់ពន្លឺរបស់ពួកគេនៅជុំវិញលោកម៉ូសេ។ នៅទីនេះ ដោយមានជំនួយពីព្រះវិញ្ញាណបរិសុទ្ធ លោកម៉ូសេបានសរសេរកណ្ឌគម្ពីរលោកុប្បត្តិ»។
កណ្ឌគម្ពីរលោកុប្បត្តិបង្ហាញយើងពីទីកន្លែងប្រភពដែលយើងកើតមក។ កណ្ឌគម្ពីរនេះក៏បង្ហាញយើងពីផែនការនៃព្រះដើម្បីសង្គ្រោះបាបជន។ ក្រោយមក ព្រះបង្ហាញលោកអ័ប្រាហាំនូវទីសំគាល់ជាច្រើន អំពីផែនការនេះថា៖ នឹងចំរើនពូជដល់លោកអ័ប្រាហាំអោយមានគ្នាសន្ធឹក (លោកុប្បត្តិ ២២៖១៧)។
ថ្ងៃសុក្រ ទី១៥ ឧសភា ឆ្នាំ២០២០
សិក្សាបន្ថែម
សូមអាន Ellen G. White, “John Wycliffe,” pages 79-96; “Luther Before the Diet,” pages 145-170 in The Great Controversy. Also read section 4.a.-j. from the article “Methods of Bible Study,” which can be found at the following link: www.adventistbiblicalreasearch.org/materials/bible-interpretation-hermeneutics/methods-bible-study។
«ក្នុងព្រះគម្ពីរ ព្រះប្រទានចំណេះដឹងដល់មនុស្សដែលពួកគេត្រូវការដើម្បីអោយបានសង្គ្រោះ។ យើងត្រូវតែទទួលស្គាល់ព្រះគម្ពីរថាជាផែនការនៃព្រះសម្រាប់ជីវិតរបស់យើង។ ព្រះគម្ពីរ គឺជាព្រះបន្ទូល នៃព្រះ។ ព្រះគម្ពីរគឺជាសេចក្តីពិត។ ព្រះគម្ពីរមិនអាចកុហក ឬដឹកនាំយើងទៅកាន់ផ្លូវដែលខុសឆ្គងនោះ ទេ។ ព្រះគម្ពីរបង្ហាញយើងយ៉ាងច្បាស់នូវអ្វីដែលព្រះរំពឹងចង់បានពីយើង។ ព្រះគម្ពីរគឺជាការសាក ល្បងនៃព្រះសម្រាប់ជីវិតរបស់យើង។ ព្រះគម្ពីរបង្ហាញយើងពីរបៀបដែលយើង គិត និងមានអារម្មណ៍។ ព្រះគម្ពីរបង្រៀនយើងពីសេចក្តីពិត។ ព្រះគម្ពីរគឺជាការសាកល្បងសម្រាប់គ្រប់ទាំងបទពិសោធន៍របស់យើង . . . . មែនហើយ ព្រះបង្ហាញយើងពីផែនការរបស់ទ្រង់សម្រាប់ជីវិតរបស់យើងតាមរយៈព្រះគម្ពីរ។ ប៉ុន្តែ នោះមិនមែនបានសេចក្តីថា យើងមិនត្រូវការជំនួយនៃព្រះវិញ្ញាណបរិសុទ្ធនោះទេ។ យើងត្រូវការ ព្រះវិញ្ញាណដើម្បីដឹកនាំយើង និងជួយយើងអោយបានយល់ពីព្រះគម្ពីរ។ ព្រះយេស៊ូវបានសន្យាប្រទាន អោយយើងនូវព្រះវិញ្ញាណបរិសុទ្ធ។ ព្រះយេស៊ូវក៏បានសន្យាថា ព្រះវិញ្ញាណបរិសុទ្ធនឹងជួយដល់អ្នក បម្រើរបស់ទ្រង់អោយបានយល់ពីសេចក្តីពិតនៃព្រះគម្ពីរ។ ព្រះវិញ្ញាណនឹងធ្វើអោយការបង្រៀននៃព្រះគម្ពីរបានជាក់ច្បាស់នៅក្នុងគំនិតរបស់យើង។ ព្រះវិញ្ញាណនឹងជួយយើងអោយរស់នៅតាមសេចក្តីពិតនៃព្រះគម្ពីរផងដែរ។ សូមនឹកចាំថា ព្រះវិញ្ញាណនៃព្រះបានដឹកនាំមនុស្សអោយសរសេរព្រះគម្ពីរ។ ដូច្នេះ ព្រះវិញ្ញាណនឹងមិនដែលបង្រៀនយើងពីសេចក្តីអ្វីដែលមិនស្របតាមព្រះគម្ពីរនោះទេ។» ដកស្រង់ពីសៀវភៅ របស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ The Great Controversy, page 9, adapted។
សំនួរពិភាក្សា៖
- តើលោកអ្នកមានព្រះគម្ពីរផ្សេងៗគ្នាជាភាសារបស់លោកអ្នកមានចំនួនប៉ុន្មានដែរ? តើលោកអ្នកអាចធ្វើអ្វីអោយបានល្អបំផុតជាមួយព្រះគម្ពីរដែលលោកអ្នកមាន? តើលោកអ្នកអាចរៀនស្រឡាញ់ព្រះគម្ពីរ ហើយចាត់ទុកព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះយ៉ាងដូចម្តេច? តើវិធីអ្វីខ្លះដែលលោកអ្នកអាចគោរពតាមការបង្រៀនរបស់ព្រះគម្ពីរ?
- តើព្រះគម្ពីរបង្រៀនយើងអ្វីខ្លះ អំពីរបៀបដែលជីវិតបានចាប់ផ្តើមនៅលើផែនដីនេះ? តើ «វិទ្យាសាស្ត្រ» បង្រៀនយើងអ្វីខ្លះ? ការបង្រៀននៃព្រះគម្ពីរខុសគ្នាជាខ្លាំងពីការបង្រៀនរបស់វិទ្យាសាស្ត្រ។ មនុស្សអាច យល់ច្រឡំជាខ្លាំងនៅពេលដែលពួកគេងាកចេញពីសេចក្តីពិត និងការបង្រៀនយ៉ាងច្បាស់នៃព្រះគម្ពីរ។ តើការនេះអាចប្រាប់យើងអ្វីខ្លះអំពីមូលហេតុសំខាន់សម្រាប់យើងក្នុងការទុកចិត្តលើអ្វីដែលព្រះគម្ពីរបង្រៀន?
- បើសិនជាអាច តើលោកអ្នកមានសម្ភារៈសិក្សាខាងព្រះគម្ពីរអ្វីខ្លះ? តើសម្ភារៈទាំងអស់នោះអាចជួយលោកអ្នកអោយបានយល់ពីព្រះគម្ពីរកាន់តែច្បាស់យ៉ាងដូចម្តេច?
- លោកម៉ូសេបានប្រាប់កូនចៅអ៊ីស្រាអែលអោយបង្រៀនកូនចៅរបស់ពួកគេអំពីព្រះគម្ពីរនិងប្រាប់អំពី រឿងរ៉ាវរបស់ពួកគេអំពីអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើចំពោះពួកគេ (សូមអានចោទិយកថា ៤៖ ៩)។ តើការចែករំលែករឿងរ៉ាវរបស់យើងអំពីសេចក្ដីស្រឡាញ់របស់ព្រះ អាចជួយអោយជំនឿរបស់យើងរីកចម្រើនយ៉ាងដូចម្តេច?
លីសជាប់រវល់ធ្វើការនៅក្នុងផ្ទះរបស់នាងក្នុងទីក្រុងហ៊ូស្តុន (Houston) រដ្ឋតិចសាស់ (Texas) នៃសហរដ្ឋអាមេរិក រំពេចនោះមានអ្វីមួយបានខ្សឹបប្រាប់នាងអោយនៅស្ងៀមមួយភ្លែត។ ពេលនោះនាងបានឮសំឡេងគោះទ្វារ។
ទោះជាឮសំឡេងយ៉ាងដូច្នេះក្តីនៅពេលដែលនាងបើកទ្វារឡើង នាងមិនបានឃើញអ្នកណា ទាល់តែសោះ។ លោកគ្រូដាវីឌ ប៉ាណូ (David Pano) បានចាកចេញពីសំយ៉ាបរបស់នាង រួចដើរយ៉ាងរហ័សទៅកាន់ផ្ទះនៅជិតនោះ។ ដោយមើលឃើញការចាកចេញរបស់គាត់ លីសបានស្រែកហៅដើម្បីអោយគាត់បានដឹងថានាងនៅទីនោះ។ ប៉ាណូបានឮសំឡេងនៃការស្រែកហៅរបស់នាងហើយ នោះគាត់ក៏ដើរត្រឡប់មកផ្ទះរបស់នាងវិញ។ គាត់បានញញឹម ហើយអោយខិត្ដប័ណ្ណដ៏ភ្លឺរលោងមួយមកនាង។ «តើនេះជាខិត្តប័ណ្ណចេញពីក្រុមជំនឿចម្លែកជ្រុលមែនឬ?» នាងបានសួរ។ លោកប៉ាណូបានបញ្ជាក់ប្រាប់នាងថា វាមិនមែនទេ តែវានោះគ្រាន់តែជាខិត្ដប័ណ្ណរបស់គ្រីស្ទានមួយប៉ុណ្ណោះ។ «ខ្ញុំព្រឺណាស់ដល់ អ៊ីចឹងអម្បាញ់មិញខ្ញុំបានយល់សប្តិនៅក្នុងយល់សប្តិនោះ ខ្ញុំបានឃើញលោកគ្រូគង្វាលនៃផ្នែកផ្សាយ ដំណឹងល្អពីរនាក់បានមកកាន់ផ្ទះរបស់ខ្ញុំដើម្បីចែករំលែកពីអក្សរសាស្ត្រ។ នោះខ្ញុំដឹងថាពួកគាត់មិនមែនជាក្រុមជំនឿចម្លែកជ្រុលនោះទេ»។ លោកប៉ាណូជាលោកគ្រូគង្វាលដែលធ្វើការជាជំនួយការក្រោមនាយកផ្នែកគ្រូគង្វាល ឯខនហ្វឺរិននៃរដ្ឋមីឈីហ្គែន (Michigan) របស់ព្រះវិហារសេវេនដេយអាត់វេនទីស្ទមានចំណាប់អារម្មណ៍ចង់ដឹងពីការយល់សប្តិនោះណាស់។ រឿងនោះបានកើតឡើងទាំងអស់ តែ គាត់បានស្ងៀមស្ងាត់ដោយគិតថា គាត់នៅក្នុងហេតុការណ៍នោះតែម្នាក់ឯង។
ភ្លាមៗនោះថេល័រ ហ៊ីនខល (Taylor Hinkle) ដែលជាគ្រូគង្វាលដៃគូជាមួយគាត់នៅតាមផ្លូវនោះបានមកដល់។ ហ៊ីនខលដែលជាសាសនាចារ្យ និងជាគ្រូបង្រៀនព្រះគម្ពីរនៅឯវិទ្យាស្ថានសំរាប់ឧត្តមសិក្សា ហ្គ្រេត លេក អាត់វេនទីស្ទ (Great Lakes Adventist Academy) នៅក្នុងរដ្ឋមីឈីហ្គែនបានអស់ខិត្តប័ណ្ណរបស់គាត់នៅតាមផ្លូវ ដូច្នេះគាត់បានដើរតម្រង់មកកាន់លោកគ្រូប៉ាណូដើម្បីសូមខិត្ត បណ័្ណមួយចំនួនបន្ថែម។ ឥឡូវនេះ មានលោកគ្រូគង្វាលពីរនាក់នៃផ្នែកផ្សាយដំណឹងល្អនៅមុខទ្វាររបស់នាងហើយ។ លីសបានសំឡឹងមើលទៅឯលោកគ្រូប៉ាណូ និងលោកគ្រូហ៊ីខល។ នាងបាននិយាយថា «ខ្ញុំជឿថាការនេះចេញមកពីព្រះ នៅក្នុងការយល់សប្តិរបស់ខ្ញុំ ខ្ញុំបានឃើញលោកគ្រូគង្វាលពីរនាក់ឈរនៅមុខទ្វាររបស់ខ្ញុំដើម្បីនាំមកនូវសេចក្តីសង្ឃឹមមកអោយខ្ញុំ។ ហើយខ្ញុំបានឮសំឡេងពីលើមេឃមកថា នេះគឺជាឱកាសចុងក្រោយសម្រាប់នាងហើយ ខ្ញុំនឹងយាងត្រឡប់មកវិញឆាប់ៗនេះ។ សូមលោកគ្រូជួយអធិស្ឋានសម្រាប់ខ្ញុំ ដ្បិតខ្ញុំត្រូវការព្រះយេស៊ូវនៅក្នុងជីវិតរបស់ខ្ញុំ»។
លោកគ្រូគង្វាលវ័យក្មេងទាំងពីររូបដែលដើរពីផ្ទះមួយទៅផ្ទះមួយជាមួយនឹងក្រុមក្មេងជំទង់នៅក្នុងអំឡុងសន្និបាតប្រចាំឆ្នាំនៃ ជី វ៉ាយ ស៊ី (GYC) នៅក្នុងទីក្រុងហ៊ូស្តុននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ បានអធិស្ឋានអោយនាងដោយក្តីរីករាយ។ លីសបានចុះឈ្មោះសិក្សាព្រះគម្ពីរនៅក្នុងព្រះវិហារតំបន់។
ព្រះបានចាត់មនុស្សរបស់ទ្រង់ដែលជាអ្នកបម្រើនៃសេចក្តីសង្ឃឹមអោយទៅក្នុងទីងងឹត និងលោកីយ៍ដែលអាប់អួដើម្បីបង្ហាញដល់មនុស្សទាំងឡាយអំពីប្រភពនៃសេចក្តីសង្ឃឹម។ អ្នកស្រីអែល្លិន ជីវ៉ៃត៍ដែលជាអ្នករួមផ្តួចផ្តើមបង្កើតនូវព្រះវិហារអាត់វេនទីស្ទបានសរសេរថា «យើងត្រូវតែបម្រើទៅកាន់មនុស្សដែលបាត់បង់ក្តីសង្ឃឹមដោយបំពេញនូវសេចក្តីសង្ឃឹមជំនួសអោយការអស់សង្ឃឹមវិញ»។