មានសេចក្តីសន្យាច្រើនជាង៣០០០ខនៅក្នុងព្រះគម្ពីរ។ រាល់សេចក្តីសន្យាទាំងអស់មានប្រភព ចេញមកពីព្រះហឫទ័យរបស់ព្រះដែលប្រកបដោយសេចក្តីស្រឡាញ់។ ព្រះអម្ចាស់មួយនេះ «ទ្រង់អាចនឹ ធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែលយើងសូម ឬគិត» ទៅទៀត (អេភេសូរ ៣៖២០)។ សេចក្តី សន្យានៃព្រះគម្ពីរគឺជាសេចក្តីសន្យាដែលព្រះបានបង្ហាញឡើងសម្រាប់យើងរាល់គ្នា។ តើនឹងមានរឿងអ្វីកើត ឡើង នៅពេលដែលយើងជឿទុកចិត្តលើសេចក្តីសន្យាទាំងនេះ ហើយក៏បង្រៀនអ្នកដទៃអោយជឿទុកចិត្តលើសេចក្តីសន្យាទាំងនេះដែរនោះ? ពេលនោះព្រះនឹងចាក់បង្អុរព្រះពររបស់ទ្រង់មកលើយើង។ លោកប៉ុល បានបង្ហាញប្រាប់យើងអំពីមូលហេតុដែលព្រះបានធ្វើកិច្ចការនេះនៅក្នុងកណ្ឌគម្ពីររ៉ូម៖ «ឯព្រះអង្គ ដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទៅជំនួសយើងរាល់គ្នា នោះតើមានទំនងអ្វី ឲ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើងជាមួយនឹងព្រះរាជបុត្រាទ្រង់នោះផង» (រ៉ូម ៨៖៣២)។ លោកពេត្រុសបានបកស្រាយហេតុផលបន្ថែមពីលើនេះ។ គាត់បានមានប្រសាសន៍ថា «ដ្បិតព្រះចេស្តានៃព្រះ បានផ្តល់ឲ្យយើងរាល់គ្នាមានគ្រប់របស់ទាំងអស់ ខាងឯជីវិតនិងសេចក្តីគោរពប្រតិបត្តិដល់ព្រះ ដោយយើងបានស្គាល់ ព្រះអង្គ ដែលទ្រង់ហៅយើងរាល់គ្នាមកដោយសារសិរីល្អ និងសគុណរបស់ទ្រង់» (ពេត្រុសទី២ ១៖៣)។ ព្រះយេស៊ូវបានឈ្នះលើសង្គ្រាមប្រឆាំងទាស់នឹងអំពើបាប នៅពេលដែលទ្រង់បានសុគត។ ទ្រង់ក៏បានឈ្នះ សង្គ្រាមប្រឆាំងទាស់នឹងសាតាំងដែលជាមេអំណាចនៃសេចក្តីអាក្រក់ និងសេចក្តីស្លាប់ផងដែរ។ ជ័យជំនះរបស់ព្រះយេស៊ូវបានអនុញ្ញាតអោយទ្រង់ប្រទានអ្វីៗទាំងអស់ដែលយើងត្រូវការ ដើម្បីរស់នៅក្នុងជីវិតដ៏បរិសុទ្ធ និងជីវិតខាងឯវិញ្ញាណ។ ព្រះយេស៊ូវក៏បានសន្យាថា នឹងផ្គត់ផ្គង់តម្រូវការមូលដ្ឋានរបស់យើងផងដែរ។
សូមប្រៀបធៀបខគម្ពីរយ៉ូហាន ១៖៧-៩ និងភីលីព ៤៖១៣, ១៩។ សេចក្តីសន្យាទាំងនេះមាន លក្ខណៈខុសពីគ្នាយ៉ាងខ្លាំង។ ប៉ុន្តែ តើសេចក្តីសន្យាទាំងនេះបានបង្រៀនយើងអ្វីខ្លះអំពីអ្វីដែលមាននៅក្នុងព្រះហឫទ័យរបស់ព្រះ? តើសេចក្តីសន្យាទាំងនេះបានធ្វើអោយជីវិតរបស់លោកអ្នកកាន់តែប្រសើរឡើងយ៉ាងដូចម្តេច?
រាល់សេចក្តីសន្យានៅក្នុងខទាំងនេះមានលក្ខណៈខុសគ្នា។ ប៉ុន្តែ សេចក្តីសន្យាទាំងពីរនេះបានបង្ហាញយើងអំពីរូបភាពរបស់ព្រះដែលដូចគ្នា។ សេចក្តីសន្យាទាំងនេះបានបង្ហាញយើងថា ព្រះប្រកបដោយសេចក្តីស្រឡាញ់ និងសេចក្តីអត់ឱនទោស។ ទ្រង់មានអំណាចទាំងអស់នៅស្ថានសួគ៌ និងនៅលើផែនដី។ ព្រះក៏បានយកព្រះទ័យទុកដាក់ចំពោះតម្រូវការមូលដ្ឋានរបស់យើងផងដែរ។ ដូច្នេះ សេចក្តីសន្យានេះបានបង្ហាញយើងថា ព្រះបានយកព្រះទ័យទុកដាក់ចំពោះយើងយ៉ាងខ្លាំង។
សូមអានខគម្ពីរហេព្រើរ ៣៖១៩; ហេព្រើរ ៤៖១-៣ និងម៉ាថាយ ១៣៖៥៨។ តើខទាំងនេះបង្ហាញប្រាប់យើងអ្វីខ្លះអំពីតម្រូវការសម្រាប់សេចក្តីជំនឿរបស់យើង?
ព្រះបានប្រទានសេចក្តីសន្យាដ៏អស្ចារ្យជាច្រើននៅក្នុងព្រះគម្ពីរដល់យើង? តើយើងអាចធ្វើអោយ សេចក្តីសន្យាទាំងនេះក្លាយមកជារបស់យើងដោយរបៀបណា? យើងត្រូវតែជឿលើសេចក្តីសន្យាទាំងនេះជាមុនសិន ពីព្រោះព្រះបានបង្កើតសេចក្តីសន្យាទាំងនេះ។ ពេលនោះ ព្រះពរនៅក្នុងសេចក្តីសន្យាទាំងនេះនឹងក្លាយមកជារបស់យើង។ ដូច្នេះយើងអាចសួរថា តើហេតុអ្វីបានជាសេចក្តីសន្យារបស់ព្រះពុំអាចក្លាយមកជាការពិតនៅក្នុងជីវិតរបស់យើង? ពីព្រោះយើងពុំបានបង្ហាញសេចក្តីជំនឿគ្រប់គ្រាន់នោះទេ។ យើងពុំបានជឿថា ព្រះនឹងធ្វើតាមអ្វីដែលទ្រង់បានមានបន្ទូលថា ទ្រង់នឹងធ្វើនោះទេ។ ដូច្នេះ សូមអធិស្ឋានអោយព្រះនាំអ្នកទៅកាន់អ្នកណាម្នាក់ដែលត្រូវការសេចក្តីសន្យានៃព្រះគម្ពីរ។ សេចក្តីសន្យាទាំងនេះនឹងបំពេញចិត្តរបស់ពួកគេដោយសេចក្តីសង្ឃឹម។
ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០
ការចែកចាយសេចក្តីពិតនៃព្រះគម្ពីរ
ដំណឹងល្អគឺសម្រាប់ចែកចាយ។ សូមគិតអំពីគ្រាមួយនៅក្នុងជីវិតរបស់លោកអ្នកដែលដំណឹងល្អបានធ្វើអោយលោកអ្នកសប្បាយចិត្ត។ ប្រហែលជាដំណឹងល្អគឺជាថ្ងៃដែលលោកអ្នកបានរៀបអាពាហ៍ពិពាហ៍។ ឬជាថ្ងៃដែលកូនរបស់លោកអ្នកបានចាប់កំណើត។ ឬជាថ្ងៃដែលលោកអ្នកបានទទួលកិច្ចការថ្មីមួយ ឡានមួយគ្រឿង ឬគេហដ្ឋានមួយខ្នង។ លោកអ្នកមានអារម្មណ៍រំភើបជាខ្លាំងដែលធ្វើអោយលោកអ្នកចង់ចែកចាយដំណឹងល្អមួយនេះ។
ជាការពិតណាស់ វាពិតជាអស្ចារ្យណាស់ក្នុងការចែករំលែកសេចក្តីអំណរជាមួយនឹងអ្នកដទៃ។ ប៉ុន្តែ ដំណឹងល្អបំផុតដែលយើងអាចចែកចាយបានគឺជាដំណឹងល្អអំពីព្រះយេស៊ូវ។ សូមគិតអំពីគ្រាមួយនៅពេលដែលលោកអ្នកបានរកឃើញសេចក្តីពិតដ៏អស្ចារ្យមួយនៅក្នុងព្រះគម្ពីរ។ លោកអ្នកប្រាកដជាចង់ចែកចាយសេចក្តីពិតនេះមែនទេ? រឿងនេះក៏បានកើតឡើងចំពោះលោកពេត្រុសដូចគ្នាដែរ។ មេដឹកនាំសាសនាបានព្យាយាមបពា្ឈប់លោកពេត្រុស និងមិត្តភក្តិរបស់គាត់កុំអោយចែកចាយសេចក្តីពិតនៃព្រះគម្ពីរតទៅទៀត។ ប៉ុន្តែ លោកពេត្រុសបានប្រាប់ទៅពួកគេវិញថា «ដ្បិតយើងខ្ញុំនឹងលែងនិយាយពីការដែលយើងខ្ញុំបានឃើញ ហើយឮពុំបានទេ» (កិច្ចការ ៤៖២០)។
«បុគ្គលម្នាក់តែងតែចង់ប្រាប់អ្នកដទៃថា ព្រះយេស៊ូវគឺជាមិត្តភក្តិដ៏វិសេសរបស់គាត់ នៅពេលដែលគាត់បានទទួលជឿព្រះយេស៊ូវភ្លាមៗ។ គ្មានអ្វីដែលអាចបពា្ឈប់ពួកគាត់កំុអោយចែកចាយសេចក្តីពិតនេះបានឡើយ។ យើងនឹងត្រូវបានបំពេញដោយសេចក្តីអំណរនៃព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះយេស៊ូវ ដែលសណ្ឋិតនៅក្នុងយើងនៅពេលដែលទ្រង់ញែកយើងចេញជាបរិសុទ្ធ។ យើងនឹងចង់ប្រាប់អ្នកដទៃអំពីដំណឹងល្អមួយនេះ»។ ដកស្រង់ពី Ellen G. White, Steps to Christ, page 78, adapted។
លោកប៉ុលបានសរសេរនៅក្នុងខគម្ពីររ៉ូម ១៖១៤-១៦ថា «ខ្ញុំមានសេចក្តីជំពាក់ទាំងសាសន៍ក្រេក និងសាសន៍ដទៃ ទាំងអ្នកប្រាជ្ញ និងអ្នកខ្លៅផង ដូច្នេះ ឯខ្ញុំៗ ប្រុងប្រៀបតែនឹងប្រាប់ដំណឹងល្អមកអ្នករាល់គ្នាដែលនៅក្រុងរ៉ូមដែរ ដ្បិតខ្ញុំគ្មានសេចក្តីខ្មាសចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្តានៃព្រះសំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ គឺដល់ទាំងសាសន៍យូដាជាដើមនិងសាសន៍ក្រេកផង» (រ៉ូម ១៖១៤-១៦)។ លោកប៉ុលពុំដែលអស់កម្លាំងក្នុងការប្រាប់រឿងរបស់គាត់អំពីរបៀបដែលព្រះយេស៊ូវបានផ្លាស់ប្តូរជីវិតរបស់គាត់ជាមួយនឹងអ្នកដទៃនោះឡើយ។ សម្រាប់លោកប៉ុល ដំណឹងល្អត្រូវ តែចែកចាយចេញទៅ។ គាត់ពុំអាចនៅស្ងៀមបានឡើយ។
តើក្បួនច្បាប់សំខាន់អ្វីខ្លះអំពីការចែកចាយសេចក្តីពិតនៃព្រះគម្ពីរដែលបានបង្ហាញប្រាប់យើង នៅក្នុងខគម្ពីរអេសាយ ៥០៖៤; សាស្តា ៣៖១ និងធីម៉ូថេទី២ ៤៖២?
ព្រះយេស៊ូវបានប្រទានឱកាសដល់យើងអោយធ្វើបន្ទាល់ នៅពេលដែលយើងថ្វាយជីវិតរបស់យើងទាំងស្រុងដល់ទ្រង់។ ទ្រង់បាននាំមនុស្សអោយចូលមកក្នុងជីវិតរបស់យើងគឺជាពួកអ្នកដែលទ្រង់បានបើកចិត្ត។ យើងត្រូវតែចងចាំក្បួនច្បាប់ទាំង៣នេះ នៅពេលដែលធ្វើបន្ទាល់៖ (១)អ្វីដែលយើងនិយាយ (២)របៀបដែលយើងនិយាយ និង (៣)នៅពេលណាដែលយើងនិយាយ។
តើលោកអ្នកអាចធ្វើជាស្មរបន្ទាល់អោយកាន់តែប្រសើរទៅកាន់អ្នកដទៃនៅក្នុងជីវិតរបស់លោកអ្នកដោយរបៀបណា?
ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០
សិក្សាបន្ថែម
សូមអាន Ellen G. White, “A Knowledge of God,” pages 87-91, in Stepts to Christ; “Bible Readings With Families,” pages 192, 193, in Gospel Workers; and “Bible Work Techniques,” pages 481-486, in Evangelism។
ព្រះបានធ្វើការនៅក្នុងចិត្តរបស់មនុស្សទាំងអស់ដែលនៅជំុវិញយើង។ យើងត្រូវមានចក្ខុវិស័យខាងឯវិញ្ញាណ ដើម្បីអោយមើលឃើញកន្លែងដែលព្រះបានធ្វើការ។ បន្ទាប់មក យើងនឹងឃើញឱកាសក្នុងការចែកចាយសេចក្តីពិតនៃព្រះគម្ពីរជាមួយនឹងអ្នកដទៃ។ ព្រះបានត្រៀមចិត្តរបស់ពួកគេជាស្រេច ដើម្បី អោយយើងដាំគ្រាប់ពូជនៃសេចក្តីពិត។ ព្រះវិញ្ញាណបរិសុទ្ធក៏បានត្រៀមចិត្តរបស់ស្ត្រីម្នាក់ដែលនៅឯអណ្តូងទឹកផងដែរ។ រួមទាំងចិត្តរបស់ស្ត្រីដែលមានជម្ងឺធ្លាក់ឈាម ចោរដែលជាប់ឆ្កាង មេទ័ពនៃកងទ័ពរ៉ូមុាំង និងមនុស្សដទៃទៀតផងដែរ។ ព្រះវិញ្ញាណបានធ្វើអោយពួកគេត្រៀមខ្លួនជាស្រេចដើម្បីទទួលជឿដល់ព្រះយេស៊ូវមុនពេលដែលទ្រង់បានជួបគេទៅទៀត។ ព្រះវិញ្ញាណបានធ្វើកិច្ចការទាំងនេះតាមការប្រទានបទពិសោធន៍ ផ្សេងៗគ្នានៅក្នុងជីវិតដល់ពួកគេ។ ព្រះវិញ្ញាណក៏បានបំពេញចិត្ត និងគំនិតរបស់ពួកគេដោយគោលគំនិតដែលមកពីព្រះផងដែរ។
យើងប្រហែលជាមានការខ្មាសអៀនក្នុងការសួរអ្នកដទៃថា យើងអាចអធិស្ឋានជាមួយនឹងពួកគេបានដែរឬទេ យើងអាចចែកចាយអំពីសេចក្តីសន្យានៃព្រះគម្ពីរ ឬប្រគល់ទស្សនាវដ្តីអំពីព្រះគម្ពីរដល់ពួកគេបានដែរឬទេ។ ប៉ុន្តែ តើអ្នកបានដឹងអ្វីខ្លះ ដែលកំពុងតែកើតឡើងយ៉ាងពិតប្រាកដនៅពេលដែលលោកអ្នកចង់ចែកចាយជំនឿរបស់អ្នកជាមួយនឹងអ្នកណាម្នាក់? លើសពីនេះទៅទៀត លោកអ្នកមានអារម្មណ៍បែបនេះពីព្រោះព្រះវិញ្ញាណបរិសុទ្ធបានត្រៀមចិត្តរបស់បុគ្គលម្នាក់នោះរួចទៅហើយដើម្បីអោយបានស្តាប់នូវអ្វីដែល លោកអ្នកត្រូវនិយាយ។
សំនួរពិភាក្សា៖
- បើមានអ្នកណាម្នាក់ចូលមកឯលោកអ្នកហើយនិយាយថា គាត់មានអារម្មណ៍ថា មានកំហុសជាខ្លាំង។ គាត់ត្រូវការព្រះ ដើម្បីលើកលែងទោសអោយគាត់។ តើដំបូន្មានអ្វីខ្លះដែលលោកអ្នកនឹងផ្តល់អោយគាត់? តើខគម្ពីរអ្វីខ្លះដែលលោកអ្នកនឹងចែកចាយដល់គាត់? តើលោកអ្នកធ្លាប់មានបទពិសោធន៍អ្វីខ្លះអំពីកំហុស និងអំណាចនៃការអត់ឱនទោសរបស់ព្រះនៅក្នុងជីវិតរបស់លោកអ្នកផ្ទាល់?
- ពេលខ្លះ ព្រះបាននាំមនុស្សចូលមកក្នុងជីវិតរបស់លោកអ្នក ពីព្រោះទ្រង់ចង់អោយពួកគេបានដឹងអំពី សេចក្តីពិតរបស់ទ្រង់។ តើយើងអាចធ្វើអ្វីបានខ្លះដើម្បីធានាថា យើងបានត្រៀមខ្លួនជាស្រេចក្នុងការជួយដល់អ្នកទាំងនោះដែលព្រះបាននាំពួកគេមកឯយើង?
- សូមគិតអំពីអំណាចរបស់ព្រះ និងបន្ទូលរបស់ទ្រង់នៅក្នុងរឿងនៃកណ្ឌគម្ពីរលោកុប្បត្តិអំពីរបៀបដែល ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី។ លំហអាកាសធំល្វឹងល្វើយ។ វាជាការពិបាកសម្រាប់អោយយើងបង្កើតទិដ្ឋភាពនៃលំហអាកាសនៅក្នុងគំនិតរបស់យើង។ ប៉ុន្តែ ព្រះដែលបានបង្កើតលំហអាកាសឡើង ទ្រង់ប្រាកដជាមានអំណាចដ៏អស្ចារ្យលើសជាងអ្វីដែលព្រះអង្គបានបង្កើតទៅទៀត។ ព្រះដ៏មានអំណាចមួយនេះក៏មានព្រះហឫទ័យស្រឡាញ់យើងផងដែរ។ តើគោលគំនិតមួយនេះអាចកំសាន្តចិត្តយើងយ៉ាងដូចម្តេច? តើសេចក្តីសង្ឃឹមអ្វី ដែលយើងទទួលបានពីរឿងទាំងអស់នេះអំពីព្រះ? តើការដែលដឹងអំពីរឿងនេះអាចធ្វើអោយយើងក្លាយជាស្មរបន្ទាល់បានកាន់តែប្រសើរយ៉ាងដូចម្តេច?
រឿងខ្លី
បេះដូងថ្មីសម្រាប់អាឡិច
អាឡិចត្រូវបានគេពិនិត្យឃើញថា ជម្ងឺបេះដូងប្រហោងតាំងតែពីគាត់នៅជាទារកនៅឯប្រទេសហ្វាំងឡង់។ វេជ្ជបណ្ឌិតសង្ឃឹមថា បេះដូងរបស់គាត់នឹងជាសះស្បើយដោយខ្លួនឯង ប៉ុន្តែវាពុំបានជាសះស្បើយទាល់តែសោះ។ ដូច្នេះវេជ្ជបណ្ឌិតបានធ្វើការវះកាត់បេះដូងរបស់គាត់នៅពេលដែលគាត់មានអាយុ៨ឆ្នាំ។ ម្តាយបានសម្លឹងមើលកូនប្រុសតូចរបស់គាត់កំពុងតែដេកនៅក្នុងបន្ទប់សុវត្ថិភាព ហើយគិតថា ព្រះបានអនុញ្ញាតអោយរឿងនេះកើតឡើងសម្រាប់ហេតុផលមួយចំនួន។ ទ្រង់មានគោលបំណងសម្រាប់ជីវិតរបស់យើង។
ម្តាយបានសរសេរអំពីបទពិសោធន៍នៅក្នុងហ្វេសប៊ុក។ មានជនជាតិហ្វាំងឡង់ជាច្រើនបានតាមដានគេហទំព័រនៃហ្វេសប៊ុករបស់គាត់ ដែលផ្តល់ឱកាសអោយនាងនិយាយអំពីព្រះជាមួយនឹងមនុស្សដែលពុំចង់ស្តាប់អំពីព្រះ។ អាឡិចកំពុងក្លាយទៅជាបេសកជនម្នាក់។
ក្មេងប្រុសនេះបានជាសះស្បើយឡើងវិញភ្លាមៗក្រោយពីការវះកាត់ ហើយបានត្រលប់មកផ្ទះវិញបន្ទាប់ពីវះកាត់បានតែ៥ថ្ងៃប៉ុណ្ណោះ។ នេះគឺជាការអស្ចារ្យមួយ។ អារក្សបានព្យាយាមឆក់យកអាឡិចទៅ ប៉ុន្តែ ព្រះយេស៊ូវបានប្រទានបេះដូងថ្មីដល់គាត់។
ទោះបីជាយ៉ាងនោះក្តី រដូវក្តៅបានប្រែជាក្តៅទៅៗ។ ល្ងាចមួយអាឡិចបានត្អូញត្អែរអំពីការឈឺចុកចាប់នៅក្នុងទ្រូងរបស់គាត់។ នៅឯមន្ទីរពេទ្យវេជ្ជបណ្ឌិតបានពិនិត្យឃើញថា បេះដូងរបស់គាត់បានហើមធំជាងធម្មតាពីរដង (សូមមើលទៅឯរូបខាងក្រោម)។ អាឡិចត្រូវបានបញ្ជូនទៅឯផ្នែកវះកាត់ជាបន្ទាន់។ ជាច្រើនម៉ោងក្រោយមក វេជ្ជបណ្ឌិតបានប្រាប់ថា ការវះកាត់បានទទួលជោគជ័យ។ អារក្សបានព្យាយាមឆក់យកជីវិតរបស់ អាឡិចម្តងទៀត ប៉ុន្តែ ព្រះយេស៊ូវបានប្រទានបេះដូងថ្មីដល់គាត់។
អាឡិចបានធ្វើសកម្មភាពខុសពីធម្មតានៅពេលដែលគាត់ត្រឡប់មកផ្ទះវិញ។ ជាធម្មតាគាត់តែងតែមានចរិតល្អ និងស្ងៀមស្ងាត់ ប៉ុន្តែ គាត់បានប្រែក្លាយជាកាចសាហាវ និងនិយាយខ្លាំងៗជាពិសេសទៅកាន់ឪពុក។ ល្ងាចមួយអាឡិចបានខឹងយ៉ាងខ្លាំង គាត់បានស្រែកគំហកនូវពាក្យដែលពុំគួរសម ហើយចោលវ៉ែនតារបស់គាត់ទៅលើឥដ្ឋ។
«តើហេតុអ្វីបានជាឯងធ្វើយ៉ាងដូច្នេះ?» ឪពុកបានសួរគាត់ ដោយដាក់ដៃអធិស្ឋានពីលើក្បាលរបស់អាឡិច។ នេះគឺជាអ្វីដែលឪពុកបានធ្វើជាច្រើនដងដើម្បីអធិស្ឋានអោយគាត់។
ប៉ុន្តែ លើកនេះអាឡិចបានបដិសេធមិនព្រមអធិស្ឋាន។ «យកដៃចេញអោយឆ្ងាយ» គាត់បានស្រែកគំហក។ គាត់បានងាកមើលឪពុករបស់គាត់ដោយភ្នែកដែលពោរពេញដោយសេចក្តីសម្អប់នៅក្នុងភ្នែករបស់គាត់។ ឪពុកពុំដែលធ្លាប់ឃើញទឹកមុខរបស់គាត់បែបនេះពីមុនមកនោះទេ។ គាត់បានចូលទៅឯចង្ក្រានបាយជាកន្លែងដែលម្តាយកំពុងតែរៀបចំអាហារពេលល្ងាច។
ឪពុកបាននិយាយថា «នេះមិនមែនជារឿងធម្មតានោះទេ។ នេះពុំមែនជាអាឡិចរបស់យើងឡើយ។ យើងត្រូវតែអធិស្ឋាន»។ ឪពុក និងម្តាយបានដើរទៅរកអាឡិច។ ឪពុកបានដាក់ដៃនៅលើក្បាលរបស់អាឡិចដោយមិននិយាយអ្វីទាល់តែសោះ។ ម្តាយបានដាក់ដៃនៅលើស្មានៃកូនរបស់គាត់។ ឪពុកបាននិយាយថា «នែវិញ្ញាណអារក្ស យើងបង្គាប់ឯង ចូរចេញពីអាឡិចភ្លាមនៅក្នុងនាមព្រះយេស៊ូវ។ យើងបានថ្វាយអាឡិចទៅឯព្រះហើយគ្មានកន្លែងសម្រាប់ឯងនៅក្នុងជីវិតរបស់អាឡិចនោះទេ»។
បន្ទាប់ពីការអធិស្ឋានរួចមកអាឡិចបានប្រែក្លាយទៅជាធម្មតាវិញ។ គាត់បានញញឹម និងសើចហាក់ដូចជាគ្មានអ្វីបានកើតឡើងនោះឡើយ។ អារក្សបានព្យាយាមឆក់យកអាឡិចទៅ ប៉ុន្តែ ព្រះយេស៊ូវបានប្រទានជីវិតថ្មីដល់គាត់។ ម្តាយសង្ឃឹមថា អាឡិចនឹងធំឡើងដោយមានចិត្តនៃបេសកកម្ម ហើយរឿងរបស់គាត់នឹងផ្លាស់ប្តូរចិត្តរបស់មនុស្សជាច្រើន។ ម្តាយបាននិយាយថា «ខ្ញុំបានថ្វាយជីវិតរបស់គាត់ទៅឯព្រះហើយ។ យើងមានអារម្មណ៍ថា អាឡិចមានទំនាក់ទំនងពិសេសមួយជាមួយនឹងព្រះ។ ជីវិតរបស់គាត់បានឆ្លងកាត់ការលំបាកជាច្រើន ប៉ុន្តែ យើងជឿថា ព្រះនឹងធ្វើអ្វីមួយដ៏អស្ចារ្យសម្រាប់គាត់»។