ថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២០
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ដានីយ៉ែល ៣; ទំនុកដំកើង ៧៨៖១-១៧; យ៉ូហាន ៤៖៧-២៦; របាក្សត្រទី១ ១៦៖១-៣៦; ម៉ាកុស ៧៖១-១៣។
ខចងចាំ៖ «ចូរទទួលថ្លែងប្រាប់ពីសិរីល្អនៃព្រះយេហូវ៉ា ឲ្យសំណំនឹងព្រះនាមទ្រង់ ចូរនាំយកដង្វាយ១មកនៅចំពោះព្រះយេហូវ៉ាចុះ ហើយថ្វាយបង្គំដល់ទ្រង់ ដោយសិរីលំអនៃសេចក្តីបរិសុទ្ធ» (របាក្សត្រទី១ ១៦៖២៩)។
ការថ្វាយបង្គំគឺជាផ្នែកនៃអត្តសញ្ញាណរបស់យើងជាមនុស្សលោក។ ព្រះបានប្រទានសេរីភាពក្នុងការជ្រើសរើសនៅពេលដែលបង្តើតយើងមក។ យើងមានសេរីភាពក្នុងការថ្វាយបង្គំទ្រង់។ យើងថ្វាយបង្គំព្រះពីព្រោះយើងស្រឡាញ់ទ្រង់។ ទ្រង់សមនឹងទទួលការថ្វាយបង្គំពីយើង។ ការថ្វាយបង្គំពិតជាងាយ ស្រួលណាស់សម្រាប់មនុស្សលោកមុនការធ្លាក់ចុះនៅក្នុងអំពើបាបមែនទេ? ទន្ទឹមនឹងនេះមនុស្សលោកបានឃើញព្រះមុខទល់នឹងមុខ។ គ្មានអំពើបាប ឬសេចក្តីស្លាប់នៅលើផែនដីនោះឡើយ។ យើងពិបាកនឹងបង្កើតទិដ្ឋភាពមួយនៅក្នុងគំនិតរបស់យើងអំពីសណ្ឋាននៃផែនដីនៅពេលនោះ។ ម្ល៉ោះហើយវាពិតជាពិបាកអោយយើងយល់បានអំពីការថ្វាយបង្គំដ៏ល្អអស្ចារ្យនៅពេលនោះ។
ជាការពិតណាស់ សព្វថ្ងៃនេះយើងបាននៅតែបន្តត្រូវការការថ្វាយបង្គំដល់ព្រះ។ ប៉ុន្តែ អំពើបាបបានធ្វើអោយការថ្វាយបង្គំរបស់យើងមានភាពរញ៉េរញ៉ៃ។ ដូច្នេះ យើងអាចឈានទៅដល់ការថ្វាយអ្វីដែលខុសឆ្គង។ ឬមួយយើងអាចឈានទៅដល់ការថ្វាយបង្គំព្រះជាម្ចាស់តាមបែបមិនត្រឹមត្រូវ។ (ខគម្ពីរ ម៉ាកុស ៧៖១-១៣ និងយេរេមា ៧ៈ៤ បានចែងអំពីគំរូនៃការថ្វាយបង្គំខុសឆ្គង)។
ការថ្វាយបង្គំគឺជាផ្នែកដ៏សំខាន់នៃបទពិសោធន៍របស់គ្រីស្ទាន។ ម្ល៉ោះហើយការអប់រំគ្រីស្ទានត្រូវ តែបង្រៀនយើងអំពីការថ្វាយបង្គំ។ នោះហើយជាមូលហេតុដែលការអប់រំគ្រីស្ទានគឺជាប្រធានបទសម្រាប់មេរៀននៅសប្តាហ៍នេះ។
ថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២០
យើងទាំងអស់គ្នាសុទ្ធតែថ្វាយបង្គំរបស់អ្វីមួយ
នៅពេលដែលព្រះបានបង្កើតយើងមកទ្រង់បានដាក់អោយយើងនូវសេចក្តីប៉ងប្រាថ្នាក្នុងការថ្វាយបង្គំទ្រង់។ សេចក្តីប៉ងប្រាថ្នានេះបានខូចទៅដោយសារអំពើបាប។ កាលដើមឡើយ ព្រះបានបង្កើតយើងអោយថ្វាយបង្គំទ្រង់តែម្នាក់ប៉ុណ្ណោះ។ មានតែទ្រង់មួយគត់ដែលស័ក្តិសមអោយយើងថ្វាយបង្គំ។ ទ្រង់គឺជាព្រះអម្ចាស់របស់យើង និងព្រះអាទិករដែលបានបង្កើតយើងមក។ ប៉ុន្តែ គ្រប់យ៉ាងបានផ្លាស់ប្តូរយ៉ាងខ្លាំងតាំងតែអំពើបាបបានចូលមក។
មែនហើយ យើងទាំងអស់គ្នាបានថ្វាយបង្គំអ្នកណាម្នាក់ឬរបស់អ្វីមួយ។ រឿងនេះជួយបកស្រាយអំពីមូលហេតុដែលមនុស្សលោកបានអនុវត្តការថ្វាយបង្គំទាំងអស់នៅក្នុងប្រវត្តិសាស្ត្រ និងសព្វថ្ងៃនេះផងដែរ។ មនុស្សខ្លះបានថ្វាយបង្គំស្តេចផារ៉ោននៅក្នុងប្រទេសអេស៊ីព្ទនាសម័យព្រះគម្ពីរ។ សម័យកាលក្រោយមក នៅឯប្រទេសដទៃទៀតមនុស្សបានថ្វាយបង្គំរូបសំណាកត្រី ព្រះដែលមានក្បាលជាច្រើន និងអ្វីផ្សេងៗទៀត។ មនុស្សខ្លះបានថ្វាយបង្គំព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយ។
សព្វថ្ងៃនេះមនុស្សជាច្រើនឈ្លាសវៃជ្រុលដល់ថ្នាក់ថ្វាយបង្គំរូបសំណាកកង្កែប។ (ប៉ុន្តែ មនុស្សជាច្រើនបានថ្វាយបង្គំរូបសំណាកម៉ារីដែលជាមាតារបស់ព្រះយេស៊ូវ)។ ប្រសិនបើមនុស្សពុំបានថ្វាយបង្គំរូបសំណាកនោះទេ តើមានន័យថា ពួកគេមិនថ្វាយបង្គំអ្វីមួយឬ? ទេមិនមែនដូច្នោះទេ។ មនុស្ស គ្រប់គ្នាសុទ្ធតែថ្វាយបង្គំរបស់អ្វីមួយដូចជា៖ ប្រាក់ អំណាច តណ្ហា ខ្លួនឯង តារាតន្ត្រីរ៉ក តារាសំដែងដ៏ល្បីល្បាញ ឬពួកមេដឹកនាំរដ្ឋាភិបាល។ យើងបានថ្វាយបង្គំចំពោះអ្វីដែលយើងស្រឡាញ់ជាទីបំផុត។ ឬរបស់អ្វីមួយដែលយើងរស់ ដើម្បីវា ឬផ្តល់ចំណាប់អារម្មណ៍ទាំងស្រុងរបស់យើងទៅលើរបស់មួយនោះ។ អ្នកនិពន្ធឈ្មោះលោកដាវីឌ ហ្វូស្ទឺរ វ៉ាឡាក់បានដាស់តឿនថា ប្រសិនបើលោកអ្នកថ្វាយបង្គំអ្វីមួយដែលមិនត្រឹមត្រូវ នោះ«វានឹង ‘ស៊ី’» លោកអ្នកទាំងរស់។ ត្រង់នេះមានន័យថា វានឹងសម្លាប់យើងជាមិនខាន។
តើរឿងនៅក្នុងបទគម្ពីរដានីយ៉ែល៣ បានបង្រៀនយើងអ្វីខ្លះអំពីមូលហេតុសំខាន់នៃការថ្វាយបង្គំរបស់ដែលត្រឹមត្រូវ និងតាមវិធីដែលត្រឹមត្រូវនោះ?
ដូចដែលយើងបានឃើញហើយថា ក្មេងប្រុសទាំង៣បានធ្វើតាមក្រឹត្យវិន័យទី២ (និក្ខមនំ ២០៖ ៤-៦) ដោយអស់ពីចិត្តរបស់ពួកគេ។ នេះគឺជាអ្វីដែលព្រះចង់អោយពួកគេធ្វើ។ ក្រឹត្យវិន័យទី២គឺជាផ្នែកនៃក្រឹត្យវិន័យទាំង១០ដែលបង្គាប់យើងកុំអោយសម្លាប់ ឬលួចអោយសោះ។ ដូច្នេះ ការថ្វាយបង្គំមានសារៈសំខាន់នៅក្នុងព្រះនេត្ររបស់ព្រះ។ ការថ្វាយបង្គំបានក្លាយមកជាផ្នែកមួយដ៏សំខាន់នៃការសាកល្បងចំពោះរាស្ត្ររបស់ព្រះនៅគ្រាចុងក្រោយមុនព្រះយេស៊ូវយាងត្រឡប់មកវិញ។ នោះគឺជាមូលហេតុដែលការអប់រំគ្រីស្ទានត្រូវតែបង្រៀនយើងអំពីអ្វីដែលព្រះគម្ពីរបានចែងអំពីការថ្វាយបង្គំ។ យើងត្រូវតែដឹងអំពីអត្ថន័យនៃការថ្វាយបង្គំ។ តើយើងថ្វាយបង្គំយ៉ាងដូចម្តេច? តើហេតុអ្វីបានជាការថ្វាយបង្គំសំខាន់ម្លេ៉ះ? តើយើងគួរតែថ្វាយបង្គំអ្នកណា?
សូមអានខគម្ពីរវិវរណៈ ១៤៖៦-១២។ តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះអំពីសារៈសំខាន់នៃការ ថ្វាយបង្គំនៅគ្រាចុងក្រោយបំផុតមុនពេលព្រះយេស៊ូវយាងត្រឡប់មកវិញ?
ថ្ងៃច័ន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២០
ហើយប្រាប់ពីរឿងទាំងនេះដល់កូនចៅរបស់ពួកគេ
ទំនុកដំកើងនៅក្នុងព្រះគម្ពីរសញ្ញាចាស់មិនយូរប៉ុន្មានបានក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុង ជីវិតសាសនារបស់សាសន៍អ៊ីស្រាអែលនៅសម័យព្រះគម្ពីរ។ សាសន៍អ៊ីស្រាអែលបានច្រៀងបទទំនុកដំកើង។ ពួកគេតែងតែច្រៀងបទទំនុកដំកើងជាមួយនឹងតន្ត្រីនៅក្នុងការថ្វាយបង្គំជាសាធារណៈ។ សាសន៍ អ៊ីស្រាអែលគឺជាសហគមន៍ធំមួយនៃក្រុមមនុស្ស។ ហើយក្នុងនាមជាសហគមន៍មនុស្សទាំងនេះត្រូវថ្វាយបង្គំរួមគ្នា។
បទទំនុកដំកើងគឺជាកំណាព្យ។ «តេហ៊ីលីម (Tehillim)» គឺជាភាសាហេព្រើរសម្រាប់បទទំនុកដំកើងដែលមានន័យថា «ចម្រៀងសរសើរតម្កើង»។ នៅពេលដែលយើងច្រៀងសរសើតម្កើងដល់ព្រះនោះយើងកំពុងតែថ្វាយបង្គំដល់ទ្រង់ហើយ។
សូមអានខគម្ពីរទំនុកដំកើង ៧៨៖១-១៧។ តើសារមូលដ្ឋាននៅក្នុងបទទំនុកដំកើងនេះជាអ្វី? តើសារនេះបង្រៀនយើងអ្វីខ្លះអំពីការអប់រំ និងការថ្វាយបង្គំ?
លោកអេសាភបានសរសេរបទទំនុកដំកើង៧៨។ លោកអេសាភបានមានប្រសាសន៍អំពីរបៀបដែលយើងអាចចែករំលែកនូវ «សេចក្តីអាថ៌កំបាំងពីចាស់បូរាណ»។ ពាក្យថា «អាថ៌កំបាំង (hidden)» នៅក្នុងខនេះមានន័យថា អ្វីដែលកំពុងតែរលាយបាត់ទៅ។ ប្រវត្តិសាស្ត្រអាច «រលាយបាត់ទៅ» នៅពេលដែលយើងរស់នៅក្នុងសម័យកាន់ឆ្ងាយទៅៗពីអ្វីដែលបានកើតឡើងកាលពីអតីតកាល។ នៅក្នុងកំណែ ព្រះគម្ពីរពាក្យថា «អាថ៌កំបាំង» ត្រូវបានសរសេរថា «លាក់កំបាំង (គខប)» ឬ «សេចក្តីពិតដ៏ផ្អែមល្ហែមពីចាស់បុរាណ» (យោងតាមការបកប្រែផ្សេងទៀត)។ កំណែផ្សេងៗគ្នាទាំងនេះបានបង្ហាញយើងថា ការអប់រំក្នុងសាសន៍អ៊ីស្រាអែលនៅសម័យព្រះគម្ពីររាប់បញ្ចូលទាំងការបង្រៀនកូនចៅពីរឿងរ៉ាវពីអតីតកាលដែលស្តីអំពីសេចក្តីស្រឡាញ់របស់ព្រះសម្រាប់រាស្ត្ររបស់ទ្រង់។
សូមអានខគម្ពីរទំនុកដំកើង ៧៨៖ ៦-១៧។ តើសាសន៍យូដាបានបង្រៀនមេរៀនអ្វីខ្លះដល់កូនចៅរបស់ពួកគេយោងតាមការបង្ហាញនៃខទាំងនេះ? តើអ្វីជាគោលបំណងសម្រាប់ការអប់រំក្នុងសាសន៍អ៊ីស្រាអែលនៅសម័យព្រះគម្ពីរ?
ខទាំងនេះបានបង្ហាញយើងថា ឪពុកម្តាយបានបង្រៀនកូនៗរបស់ពួកគេអោយជឿទុកចិត្តលើព្រះ និងកាន់តាមក្រឹត្យវិន័យរបស់ទ្រង់។ តើខគម្ពីរវិវរណៈ១៤៖១២ បានបង្ហាញពីគោលគំនិតដដែលនេះសម្រាប់យើងយ៉ាងដូចម្តេចក្នុងនាមជាឪពុកម្តាយ និងគ្រូបង្រៀននៅសព្វថ្ងៃនេះ?
ថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០
ដោយវិញ្ញាណ និងសេចក្តីពិត
រឿងមួយដ៏អស្ចារ្យបំផុតនៅក្នុងព្រះគម្ពីរសញ្ញាថ្មីគឺជារឿងអំពីព្រះយេស៊ូវ និងស្ត្រីម្នាក់នៅឯ អណ្តូងទឹក។ រឿងនេះបានបង្ហាញអំពីរបៀបដែលព្រះយេស៊ូវប្រោសវិញ្ញាណដែលខ្ទេចខ្ទាំមួយ។
សូមអានខគម្ពីរយ៉ូហាន ៤៖៧-២៦។ តើព្រះយេស៊ូវបានមានបន្ទូលយ៉ាងដូចម្តេចអំពីការថ្វាយបង្គំទៅកាន់ស្ត្រីម្នាក់នេះ?
តើលោកអ្នកបានឃើញអំពីរបៀបដែលស្ត្រីម្នាក់នេះព្យាយាមផ្លាស់ប្តូរប្រធានបទមកនិយាយអំពីការថ្វាយបង្គំវិញដែរឬទេ? ព្រះយេស៊ូវបានប្រទានដល់ស្ត្រីម្នាក់នេះ និងយើងរាល់គ្នានូវសេចក្តីពិតខាងវិញ្ញាណយ៉ាងជ្រាលជ្រៅអំពីការថ្វាយបង្គំ និងអ្វីដែលត្រូវរាប់បញ្ចូលនៅក្នុងការថ្វាយបង្គំ។ ចំណុចដ៏សំខាន់បំផុតប្រហែលជាអ្វីដែលព្រះយេស៊ូវបានមានបន្ទូលនៅក្នុងខគម្ពីរយ៉ូហាន៤៖២៤ ថា៖ «ឯព្រះ ទ្រង់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់នោះត្រូវតែថ្វាយបង្គំ ដោយវិញ្ញាណ និងសេចក្តីពិតដែរ»។
យើងត្រូវតែថ្វាយបង្គំព្រះអម្ចាស់ «ដោយវិញ្ញាណ»។ តើរឿងនេះមានន័យយ៉ាងដូចម្តេច? រឿងនេះមានន័យថា ការថ្វាយបង្គំរបស់យើងត្រូវតែចេញមកពីសេចក្តីស្រឡាញ់របស់យើងចំពោះព្រះ។ រឿងនេះក៏ត្រូវតែចេញមកពីបទពិសោធន៍នៃការស្គាល់ទ្រង់ផ្ទាល់ខ្លួនរបស់យើងផងដែរ។ «សាសនាត្រូវមានប្រភពចេញមកពីព្រះ។ នោះគឺជាសាសនាតែមួយគត់ដែលអាចនាំយើងទៅឯព្រះបាន។ យើងត្រូវតែកើតជាថ្មីដោយអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធ។ បន្ទាប់មក យើងនឹងអាចបម្រើទ្រង់នៅក្នុងផ្លូវដ៏ត្រឹមត្រូវ។ ការកើតជាថ្មីរបស់យើងនឹងស្អាងចិត្តរបស់យើង។ ការកើតជាថ្មីរបស់យើងនឹងធ្វើអោយយើងមាន ចិត្តគំនិតថ្មី។ ពេលនោះ យើងនឹងបានដឹង និងស្រឡាញ់ព្រះបន្ថែមទៀត។ ការកើតជាថ្មីនឹងជួយយើង អោយធ្វើតាមក្រឹត្យវិន័យរបស់ព្រះ។ ការធ្វើតាមនេះគឺជាការថ្វាយបង្គំដ៏ពិតប្រាកដ។ ការថ្វាយបង្គំពិតមានប្រភពចេញមកពីព័ន្ធកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់យើង»។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 189, adapted។
ទន្ទឹមគ្នានេះយើងត្រូវតែថ្វាយបង្គំព្រះ «ដោយសេចក្តីពិត»។ យើងត្រូវតែមានចំណេះដឹងដ៏ត្រឹមត្រូវមួយអំពីព្រះ។ យើងត្រូវតែដឹងថា ទ្រង់ជាអ្នកណាហើយទ្រង់ចង់អោយយើងធ្វើអ្វី។ នេះគឺជាដើមចមនៃសេចក្តីពិត និងការបង្រៀននៃព្រះគម្ពីរ។ (វាពិតជាអស្ចារ្យណាស់ដែលដឹងថា យើងថ្វាយបង្គំព្រះដែលមិនដុតបំផ្លាញមនុស្សនៅក្នុងឋាននរកជារៀងរហូតទៅ)។
ដូច្នេះ យើងមើលឃើញចំណុច២ផ្នែកក្នុងការថ្វាយបង្គំនៅត្រង់នេះ៖ (១) បទពិសោធន៍និង (២) សេចក្តីពិត។ ការថ្វាយបង្គំរាប់បញ្ចូលទាំងបទពិសោធន៍ដែលបានមកពីការដឹង និងការធ្វើតាមព្រះ។ ការថ្វាយបង្គំក៏រាប់បញ្ចូលទាំងសេចក្តីពិតអំពីព្រះផងដែរ។ ការថ្វាយបង្គំដែលគ្មានសេចក្តីពិតអាចនាំអោយមានសាសនាមួយដែលត្រូវបានបង្កើតឡើងផ្តោតតែលើអារម្មណ៍ប៉ុណ្ណោះ។ ហើយសេចក្តីពិតដែលគ្មានបទពិសោធន៍ដោយព្រះវិញ្ញាណបរិសុទ្ធក៏អាចនាំអោយមានសាសនាមួយដែលគ្មានជីវិតផងដែរ។ ម្ល៉ោះហើយយើងត្រូវការទាំងបទពិសោធន៍ និងសេចក្តីពិត។
តើអ្វីទៅជាវិធីសាស្ត្រដ៏សំខាន់ក្នុងការបង្រៀនអ្នកណាម្នាក់អោយថ្វាយបង្គំ «ដោយវិញ្ញាណ និងសេចក្តីពិត»? តើនៅពេលណាដែលលោកអ្នកត្រូវការផ្នែកមួយច្រើនជាងផ្នែកមួយទៀត?
ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០
សិរីលំអនៃសេចក្តីបរិសុទ្ធ
សូមអានខគម្ពីររបាក្សត្រទី១ ១៦៖១-៣៦។ សូមព្យាយាមបង្កើតទិដ្ឋភាពមួយនៅក្នុងគំនិតរបស់លោកអ្នកអំពីអ្វីដែលកំពុងតែកើតឡើងនៅក្នុងខទាំងនេះ។ តើលោកអ្នកមានអារម្មណ៍ថា អ្វីកំពុងតែកើតឡើងនេះជាពេលវេលានៃសេចក្តីភ័យខ្លាចឬជាពេលវេលានៃសេចក្តីអំណរ? តើពេលវេលានេះលាយឡំទាំងសេចក្តីភ័យខ្លាច និងសេចក្តីអំណរបានយ៉ាងដូចម្តេចដែរ? តើយើងអាចរៀនអ្វីខ្លះចេញពីខទាំងនេះស្តីអំពីការថ្វាយបង្គំ? តើខទាំងនេះបានបង្រៀនយើងអ្វីខ្លះអំពីរបៀបដែលយើងគួរតែបង្រៀន និងដកបទពិសោធន៍ពីការថ្វាយបង្គំព្រះ?
កន្លែងនៃការថ្វាយបង្គំគឺជាត្រសាលជួបជុំដែលព្រះបានគង់នៅជាមួយនឹងរាស្ត្ររបស់ទ្រង់នៅឯទីរហោស្ថាន។ ព្រះបានប្រើកន្លែងនៃការថ្វាយបង្គំ ដើម្បីបង្រៀនរាស្ត្ររបស់ទ្រង់អំពីផែនការរបស់ទ្រង់ក្នុងការសង្គ្រោះពួកគេ។ ដូច្នេះ រឿងនេះបានបង្ហាញយើងថា ព្រះយេស៊ូវ និងផែនការសង្គ្រោះរបស់ទ្រង់ជាផ្នែកដ៏សំខាន់នៃការថ្វាយបង្គំ។ ព្រះបានប្រទានហេតុផលជាច្រើនដល់យើងដើម្បីសរសេើរតម្កើងទ្រង់។ ទ្រង់បានធ្វើកិច្ចការជាសម្រាប់យើងដែលគួរគប្បីអោយយើងស្រឡាញ់ និងថ្វាយបង្គំដល់ទ្រង់។ ប៉ុន្តែ រាល់ការថ្វាយបង្គំរបស់យើងគ្មានន័យអ្វីឡើយលុះត្រាតែយើងមានសេចក្តីសង្ឃឹម។ សេចក្តីសង្ឃឹមនេះមានប្រភពចេញមកពីការសុគតរបស់ព្រះយេស៊ូវសម្រាប់យើងនៅលើឈើឆ្កាង។
ខនៅក្នុងបទគម្ពីររបាក្សត្រទី១ទាំងនេះក៏បានបង្រៀនយើងថា ព្រះចង់អោយមនុស្សគ្រប់គ្នានៅលើផែនដីរៀនអំពីទ្រង់ចេញពីសាសន៍អ៊ីស្រាអែល។
សូមក្រឡេកមើលរបាក្សត្រទី១ ១៦៖២៩ ដែលបានចែងថា៖ «ចូរទទួលថ្លែងប្រាប់ពីសិរីល្អនៃព្រះយេហូវ៉ា ឲ្យសំណំនឹងព្រះនាមទ្រង់ចូរនាំយកដង្វាយ១មកនៅចំពោះព្រះយេហូវ៉ាចុះ ហើយថ្វាយ បង្គំដល់ទ្រង់ដោយសិរីលំអនៃសេចក្តីបរិសុទ្ធ»។ តើ «សិរីលំអនៃសេចក្តីបរិសុទ្ធ» មានន័យយ៉ាងដូចម្តេច?
អំពើបាបគឺអាក្រក់ជាទីបំផុត។ អំពើបាបធ្វើអោយមានគ្រោះថ្នាក់ ការឈឺចាប់ និងទុក្ខវេទនា។ នៅសម័យគម្ពីរសាសន៍នៅជុំវិញសាសន៍អ៊ីស្រាអែលក៏បានធ្វើអំពើអាក្រក់ជាច្រើនផងដែរ ខណៈពេលដែលពួកគេថ្វាយបង្គំព្រះរបស់ពួកគេ។ ពួកគេជាច្រើននាក់បានសម្លាប់កូនចៅរបស់ពួកគេ។ បន្ទាប់មក ពួកគេបានថ្វាយរូបកាយដែលស្លាប់ទាំងនោះទុកជាសំណែនដល់ព្រះរបស់ពួកគេ។ កិច្ចការទាំងនេះបានបង្ហាញយើងអំពីទិដ្ឋភាពនៃមនុស្សទាំងនេះ។
ប៉ុន្តែ ព្រះចង់អោយរាស្ត្ររបស់ទ្រង់មានលក្ខណៈខុសពីពួកគេ។ ទ្រង់ចង់អោយសាសន៍អ៊ីស្រាអែលក្លាយទៅជាសាសន៍ដ៏បរិសុទ្ធ។ ព្រះចង់អោយបណ្តាជននៃសាសន៍អ៊ីស្រាអែលមានចិត្ត និងគំនិតបរិសុទ្ធ។ ផែនការរបស់ព្រះសម្រាប់ការថ្វាយបង្គំបានធ្វើអោយមានសិរីលំអ និងខ្លឹមសារ។ ពួកហោរានៃព្រះគម្ពីរសញ្ញាថ្មីបានស្តីបន្ទោសម្តងហើយម្តងទៀតដល់មនុស្សដែលមានចិត្តមិនសុចរិតជាមួយនឹងព្រះ។ មនុស្សទាំងនេះបានធ្វើការអាក្រក់ខណៈពេលដែលពួកគេថ្វាយបង្គំដល់ព្រះអម្ចាស់។ គួរអោយស្តាយណាស់ចិត្តរបស់ពួកគេបានឃ្លាតឆ្ងាយពីព្រះទៅហើយ។
ថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០
ការបង្រៀនមនុស្សអោយថ្វាយបង្គំព្រះក្លែងក្លាយ
នៅសម័យព្រះគម្ពីរ រាស្ត្ររបស់ព្រះបានរស់នៅជិតពួកអ្នកដែលជឿងប់លើសាសនាជាច្រើន។ ពួកមនុស្សទាំងនោះបានថ្វាយបង្គំព្រះរបស់ពួកគេដោយការសម្លាប់កូនចៅផ្ទាល់របស់ពួកគេ រួចយកពួកគេមកថ្វាយដល់ពួកព្រះទុកជាដង្វាយ។ វាទាមទារសេចក្តីជំនឿយ៉ាងខ្លាំងទៅលើព្រះរបស់លោកអ្នកដែលធ្វើអោយលោកអ្នកសុខចិត្តសម្លាប់កូនចៅផ្ទាល់ ដើម្បីថ្វាយដល់ព្រះរបស់លោកអ្នកទុកជាសំណែន។ តើលោកអ្នកអាចនិយាយបានថា ពួកមនុស្សទាំងនេះពិតជាគោរពព្រះរបស់ពួកគេមែនឬ?
រឿងនេះជួយយើងអោយមើលឃើញអំពីមូលហេតុដ៏សំខាន់បំផុតនៃការថ្វាយបង្គំព្រះដ៏ពិត។ នេះគឺជាផ្នែកមួយនៃផែនការរបស់ព្រះដើម្បីការពាររាស្ត្ររបស់ទ្រង់ចេញពីការថ្វាយបង្គំខុសឆ្គងនៅជុំវិញពួកគេ។ ព្រះបានដាស់តឿនរាស្ត្ររបស់ទ្រង់កំុអោយថ្វាយបង្គំព្រះក្លែងក្លាយជាដាច់ខាត។ ប៉ុន្តែ រាស្ត្ររបស់ទ្រង់នៅតែថ្វាយបង្គំដល់ពួកព្រះទាំងនោះដដែល។ ពួកគេក៏បានធ្វើរឿងទាំងអម្បាលម៉ានដែលព្រះបានដាស់តឿនពួកគេកុំអោយធ្វើផងដែរ។
ចុះយើងសព្វថ្ងៃនេះវិញ? តើហេតុអ្វីបានជាការថ្វាយបង្គំព្រះដ៏ពិតមានសារៈសំខាន់បំផុតសម្រាប់យើង? តើហេតុអ្វីបានជាការប្រាប់គ្នាទៅវិញទៅមកអំពីរឿងល្អៗដែលព្រះបានធ្វើសម្រាប់យើងក៏មានសារៈសំខាន់ផងដែរ? តើការធ្វើកិច្ចការទាំងនេះអាចជួយយើងអោយប្រឆាំងនឹងការថ្វាយបង្គំពួកព្រះក្លែងក្លាយនៃ «សម័យថ្មី» យ៉ាងដូចម្តេចទៅបាន?
សូមអានខគម្ពីរម៉ាថាយ ៧៖១-១៣។ តើលោកអ្នកឃើញមានក្បួនច្បាប់ដ៏សំខាន់អ្វី នៅក្នុងខ ៧-៩ ដែលអាចជួយការពារយើងអោយគេចផុតពីគ្រោះថ្នាក់នៃការបង្រៀនខុសឆ្គងនៅជុំវិញយើង?
គោលគំនិតពេញនិយមជាច្រើនដែលបានបង្រៀននៅក្នុងសាលារៀនសព្វថ្ងៃនេះចេញមកពីការជឿថា គ្មានព្រះនោះទេ។ នោះមានន័យថា សិស្សនឹងត្រូវបានបង្រៀនអំពីអ្វីៗដែលប្រឆាំងទាស់នឹងព្រះគម្ពីរ។ យើងអាចថ្វាយបង្គំព្រះក្លែងក្លាយបាន។ យើងអាចថ្វាយបង្គំគំនិតនៃទស្សនវិទូ អ្នកវិទ្យាសាស្ត្រ និងគណិតវិទូដែលបានបង្កើតគោលគំនិតទាំងនេះឡើង។ គោលគំនិតទាំងនេះតែងតែមិនស្របជាមួយនឹងសេចក្តីពិតនៃព្រះគម្ពីរជានិច្ច។ បញ្ហានោះគឺថា មនុស្សជាច្រើនបានជឿលើគោលគំនិតពេញ និយមទាំងនេះ។ គោលគំនិតទាំងនេះត្រូវបានបង្រៀននៅឯសាលារៀនភាគច្រើន។ ម្ល៉ោះហើយ គ្រូបង្រៀនគ្រីស្ទានបានព្យាយាមលាយ និងបញ្ចូលគោលគំនិតទាំងនេះទៅក្នុងការអប់រំគ្រីស្ទាន។ មានតែវិធីមួយ គត់ដែលធ្វើទៅបានដើម្បីអោយទទួលបានជោគជ័យ។ លោកអ្នកត្រូវតែលុបចោលសេចក្តីពិតនៃព្រះគម្ពីរជាមុនសិន រួចទើបផ្លាស់ប្តូរតាមក្រោយ។ បន្ទាប់មកលោកអ្នកអាចធ្វើអោយព្រះគម្ពីរ «ស្រប» ជាមួយនឹងគោលគំនិតពេញនិយមនៅសព្វថ្ងៃនេះបាន។
តើអ្វីទៅជាគោលជំនឿ និងគោលគំនិតពេញនិយមនៅសព្វថ្ងៃនេះដែលប្រឆាំងនឹងសេចក្តីពិតក្នុងព្រះគម្ពីរ? តើយើងដែលជាពួកជំនុំអាចការពារខ្លួនពីការបង្រៀនគោលគំនិតទាំងនេះនៅក្នុងសាលារៀនរបស់យើងដោយរបៀបណា?
ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០
សិក្សាបន្ថែម
«ចិត្តរបស់មនុស្សពោរពេញទៅដោយសេចក្តីកុហកលើសជាងអ្វីៗទាំងអស់។ ហើយក៏អាក្រក់ហួសល្បត់ផង។ អ្នកជឿមួយចំនួនមិនចង់ពិនិត្យមើលចិត្តរបស់ពួកគេ ដើម្បីអោយដឹងថា ពួកគេស្មោះត្រង់ចំពោះព្រះនោះទេ។ ពួកគេភាគច្រើនកំពុងតែជឿទុកចិត្តលើសេចក្តីសង្ឃឹមក្លែងក្លាយ។ អ្នកខ្លះបានជឿទុកចិត្តលើបទពិសោធន៍ពីមុនដែលពួកគេមានជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែ ឥឡូវនេះយើងកំពុងតែរស់នៅក្នុងសម័យមួយ នៅពេលដែលមនុស្សគ្រប់គ្នាត្រូវតែស្វែងរកព្រះហឫទ័យរបស់ព្រះ។ ក្នុង អំឡុងពេលនេះ យើងទាំងអស់គ្នាត្រូវតែមានបទពិសោធន៍ជាប្រចាំនៅក្នុងព្រះ។ ប៉ុន្តែ មនុស្សទាំងនេះមានត្រឹមតែបទពិសោធន៍កាលពីមុនប៉ុណ្ណោះ តែគ្មានបទពិសោធន៍ថ្មីអំពីព្រះ ដើម្បីប្រាប់ដល់អ្នកដទៃ នោះឡើយ។ ពួកគេបានគិតថា គ្រាន់តែជឿលើសេចក្តីពិតប៉ុណ្ណោះគឺស័ក្តិសមល្មមអោយពួកគេបាន សង្គ្រោះ។ ប៉ុន្តែ ព្រះទ្រង់ស្អប់អំពើបាបនៅក្នុងចិត្តរបស់យើង។ យើងត្រូវតែយកឈ្នះសង្គ្រាមប្រឆាំងនឹង អំពើបាបទាំងនោះ។ នៅពេលដែលរឿងនេះកើតឡើង ព្រះយេស៊ូវនឹងយាងមកគង់នៅក្នុងចិត្តរបស់យើង។ ពេលនោះ យើងអាចនិយាយបានថា សូមសរសើរដល់ព្រះដែលទ្រង់បានប្រទានព្រះយេស៊ូវដែលជាអ្នក ជួយយើងអោយយកឈ្នះសង្គ្រាមប្រឆាំងទាស់នឹងអំពើបាប។ តើសេចក្តីជំនឿរបស់លោកអ្នកក្តៅមិន ក្តៅត្រជាក់មិនត្រជាក់ដែរឬទេ? បើដូច្នោះមែន នោះសេចក្តីជំនឿនេះនឹងធ្វើអោយព្រះអម្ចាស់រីករាយឡើង ប្រសិនបើលោកអ្នកពុំបានហៅខ្លួនថាជាគ្រីស្ទានវិញនោះ។ អ្នកជឿដែលក្តៅមិនក្តៅត្រជាក់មិនត្រជាក់បានចូលមកក្នុងផ្លូវរបស់មនុស្សដែលចង់ដើរតាមព្រះយេស៊ូវ។ ពួកគេបានធ្វើអោយមនុស្សដែលពុំបាន ស្គាល់ព្រះងាកចេញពីទ្រង់។ ពួកគេបានធ្វើអោយពួកទេវតាអាក្រក់សប្បាយរីករាយឡើង។ សេចក្តីជំនឿ នេះធ្វើអោយពួកគេមានលេស ដើម្បីធ្វើទុក្ខដល់ពួកទេវតារបស់ព្រះ។ ពួកទេវតាអាក្រក់បានបង្ហាញពួក ទេវតារបស់ព្រះគ្រប់ទាំងសេចក្តីអាក្រក់ដែលអ្នកជឿក្តៅមិនក្តៅត្រជាក់មិនត្រជាក់កំពុងតែធ្វើដោយនូវ ព្រះនាមរបស់ព្រះយេស៊ូវ។ អ្នកជឿក្លែងក្លាយទាំងនេះគឺជាបណ្តាសាធ្វើអោយប៉ះពាល់ដល់ពួកជំនុំ ឬនៅ ក្រៅពួកជំនុំរបស់ព្រះ។ ពួកគេបាននិយាយពាក្យត្រឹមត្រូវទាំងអស់អំពីព្រះ។ ប៉ុន្តែ ចិត្តរបស់ពួកគេនៅឆ្ងាយពីព្រះវិញ»។ ដកស្រង់ពី Ellen G. White, Spiritual Gifts, volume 2, page 227, adapted។
សំនួរពិភាក្សា៖
- យើងបានដឹងថាភាពប៉ះពាល់នៃការថ្វាយបង្គំមិនពិតគឺជាបញ្ហាខាងឯចិត្តយោងតាមខគម្ពីរម៉ាកុស ៧: ១-១៣ ។ ព្រះនឹងមិនផ្ទៀងព្រះកាណ៌ការថ្វាយបង្គំរបស់យើងនោះទេ ប្រសិនបើការថ្វាយបង្គំនេះមិនចេញពីចិត្តរបស់យើង។ តើហេតុអ្វីបានជាដំណឹងល្អអំពីព្រះយេស៊ូវ និងរឿងនៃការសុគតរបស់ទ្រង់គឺជាវិធីសាស្ត្រដ៏មានអំណាចបំផុតក្នុងការបើកចំហចិត្តរបស់យើងចំពោះព្រះ និងស្រឡញ់ទ្រង់?
- យើងត្រូវតែថ្វាយបង្គំព្រះដោយអស់ពីចិត្តរបស់យើង។ យើងក៏ត្រូវតែធ្វើតាមសេចក្តីពិតរបស់ទ្រង់ផងដែរ។ តើយើងអាចធ្វើរឿងមួយ ហើយមិនធ្វើរឿងមួយទៀតបានដែរឬទេ? ឬមួយការថ្វាយបង្គំតម្រូវអោយយើងធ្វើរឿងទាំងពីរនេះ? ប្រសិនបើដូច្នោះមែន តើហេតុអ្វីបានជាយើងត្រូវធ្វើរឿងទាំងពីរយ៉ាងនេះ?
- មែនហើយ ចិត្តរបស់យើងត្រូវតែបរិសុទ្ធដើម្បីអោយយើងអាចថ្វាយបង្គំព្រះបាន។ ប៉ុន្តែ តើការដែលមានចិត្តបរិសុទ្ធមានន័យយ៉ាងណាទៅ? តើលោកអ្នកត្រូវតែរង់ចាំរហូតដល់លោកអ្នកបាននៅជាប់នឹងព្រះ ១០០% ហើយជីវិតរបស់លោកអ្នកបានល្អឥតខ្ចោះទើបលោកអ្នកអាចថ្វាយបង្គំដល់ទ្រង់យ៉ាងណា? តើការថ្វាយបង្គំពិតអាចជួយអោយចិត្តរបស់លោកអ្នកនៅក្នុងកន្លែងដ៏ត្រឹមត្រូវជាមួយនឹងព្រះយ៉ាងដូចម្តេច?
រឿងខ្លី
អធិស្ឋានសម្រាប់កិច្ចការនៅប្រទេសបារាំង
អាដេលកាដា ហេនី (Abdelkader Henni) ពុំបានចាប់អារម្មណ៍សាសនាគ្រីស្ទនោះទេ ហើយគាត់មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលគ្រូសាសនាប្រចាំសាលាម្នាក់បាននិយាយជាមួយគាត់អំពីព្រះយេស៊ូវនៅ ឯសាលាមួយដែលគាត់បានចូលរួមក្នុងសកម្មភាពក្រៅម៉ោងសិក្សាជាមួយយុវជនដទៃទៀតនៅក្នុងប្រទេសបារាំង។
គ្រូសាសនាប្រចាំសាលាបាននិយាយថា «អ្នកតែងតែមកញឹកញាប់» ។ តើហេតុអ្វីបានជាអ្នកមិនក្លាយជាគ្រីស្ទានតែម្តងទៅ? អាដេលកាដាដែលបានរស់នៅស្ទើរតែមួយជីវិតរបស់គាត់នៅក្នុងប្រទេសបារាំង បន្ទាប់ពីឪពុក ម្តាយរបស់គាត់បានធ្វើចំណាកស្រុកពីប្រទេសអាល់ហ្សេរី ហើយបានលែងទៅចូល រួមសកម្មភាពក្រោយពីម៉ោងរៀនទៀតហើយ។ ប៉ុន្តែ អាដេលកាដាមិនដឹងថា ត្រូវធ្វើអ្វីនោះទេ។ គាត់បានបញ្ចប់វិទ្យាល័យហើយ តែគាត់នៅតែមិនអាចរកការងារធ្វើបាន។ មិនយូរប៉ុន្មាន គាត់បានជួបអ្នកជំនួយ ការអាត់វេនទីស្ទម្នាក់មកពីអាល់ហ្សេរី។ ចិត្តរបស់អាដេលកាដាឆេះឆួលជាខ្លាំងនៅពេលគាត់បានស្តាប់រឿងរបស់អាត់វេនទីស្ទម្នាក់នោះ។ គាត់បានដឹងថា ជនជាតិអាល់ហ្សេរីអាចក្លាយជាគ្រីស្ទានបាន រួចគាត់បានចាប់ផ្តើមអានអំពីគ្រីស្ទសាសនា។ ក្នុងរង្វង់ពេលនោះគាត់បានរត់ទៅរកមិត្តភក្តិវិទ្យាល័យចាស់ម្នាក់។ គ្រីស្តាល់ (Crystal) មិនសប្បាយចិត្តទាល់តែសោះកាលនៅរៀនវិទ្យាល័យ តែនៅពេលនេះសេចក្តីអំណរ មានពេញនៅក្នុងចិត្តនាង។ អាដេលកាដាបានងឿងឆ្ងល់អំពីអ្វីដែលបានកើតឡើង ហើយខណៈដែលគាត់កំពុងតែអាន គ្រីស្តាល់ បានរៀបរាប់ប្រាប់គាត់។ នាងបាននិយាយថា «ខ្ញុំបានជួបមនុស្សម្នាក់ ហើយបុគ្គល ម្នាក់នោះបានផ្លាស់ប្តូរជីវិតខ្ញុំទាំងស្រុង»។ អាដេលកាដាបានសួរថា «តើអ្នកបានជួបអ្នកណា?»។ នាងបានតបទៅវិញថា «ខ្ញុំបានជួបព្រះយេស៊ូវគ្រីស្ទ»។
អាដេលកាដាឆ្ងល់ថា តើព្រះយេស៊ូវអាចផ្លាស់ប្តូរជីវិតរបស់គាត់បានដែរឬទេ។ គាត់បានអមដំណើរគ្រីស្តាល់ទៅចូលរួមការអធិស្ឋាននៃពួកជំនុំនៅល្ងាចនោះ។ មានមនុស្សម្នាក់សួរថា តើគាត់មានសំណូមពរអធិស្ឋានដែរឬទេ គាត់បានឆ្លើយថា «ខ្ញុំចង់បានការងារធ្វើ» ។ នៅព្រឹកបន្ទាប់ ទូរស័ព្ទរបស់គាត់រោទិ៍ឡើង។ សំឡេងមិនដែលស្គាល់បានសួរថា «អ្នកគឺជាអាដេលកាដាមែនទេ?» គាត់បានឆ្លើយថា «បាទ ខ្ញុំនឹងហើយ» ។ នាងបានសួរថា «តើអ្នកកំពុងរកការងារធ្វើឬ?»។ នៅពេលព្រឹកមួយស្របក់ក្រោយ មកអ្នកទូរស័ព្ទបានមកសម្ភាសអាដេលកាដានៅក្នុងឡានរបស់នាង ខណៈដែលនាងកំពុងតែបើកឡាន ជូនគាត់ឆ្ពោះទៅរកការងារថ្មីរបស់គាត់។ គាត់មានការភ្ញាក់ផ្អើលជាខ្លាំង។ គាត់បានដាក់ពាក្យសុំការងារ ប៉ុន្មានសប្តាហ៍មុន ប៉ុន្តែទើបតែទទួលការឆ្លើយតបបានមកវិញ បន្ទាប់ពីអធិស្ឋានរួច។ គាត់ជឿថា ព្រះយេស៊ូវអាចផ្លាស់ប្តូរជីវិតរបស់គាត់បាន។ ពេលត្រឡប់មកផ្ទះវិញ គាត់បានអធិស្ឋានថា «ទូលបង្គំចង់ដឹង ថា ព្រះវិហារណាមួយដែលទូលបង្គំគួរតែចូលជឿ»។ ៣ថ្ងៃក្រោយមក គាត់បានឮបុរសម្នាក់និយាយអំពីថ្ងៃសប្បាតហ៍ជាថ្ងៃទីប្រាំពីរនៅលើវិទ្យុ។ បុរសម្នាក់នោះអានខគម្ពីរអេសាយ ៥៦៖១, ២ ដែលមួយផ្នែកបាន ចែងថា «មានពរហើយ . . . . អ្នកដែលថែរក្សាថ្ងៃឈប់សំរាកឥតបង្អាប់»។ អាដេលកាដាបាននឹកចាំដល់អាត់វេនទីស្ទម្នាក់មកពីអាល់ហ្សេរី និងរបៀបដែលអាត់វេនទីស្ទបានទៅឯព្រះវិហារនៅថ្ងៃសប្បាតហ៍ដែលជាថ្ងៃទីប្រាំពីរ។ គាត់បានចូលជាសមាជិកនៃពួកជំនុំអាត់វេនទីស្ទ។
សព្វថ្ងៃនេះលោកគ្រូអាដេលកាដាដែលឈ្មោះមានន័យថា «អ្នកបំរើរបស់ព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លា» គឺជាគ្រូគង្វាលអាត់វេនទីស្ទម្នាក់ដែលមានអាយុ៥១ឆ្នាំ ហើយកំពុងតែធ្វើព័ន្ធកិច្ចជាមួយនឹងអ្នកមិនមែនជាគ្រីស្ទាននៅក្នុងប្រទេសបារាំង។ គាត់មានប្រសាសន៍ថា «រាល់ថ្ងៃ ខ្ញុំសរសើរតម្កើងដល់ព្រះចំពោះការងារដែលទ្រង់បានប្រគល់អោយខ្ញុំធ្វើនេះណាស់» ។
អំណានដង្វាយប្រចាំសប្តាហ៍
ការលះបង់របស់លោកប្រេម
បន្ទាប់ពីលោកប្រេមរៀនផ្នែកវេជ្ជសាស្ត្រចប់ លោកបានសម្រេចចិត្តធ្វើការជាអ្នកត្រួសត្រាយផ្លូវរបស់គ្លូបលមិស្សិនប្រចាំនៅទីប្រជុំជននៅតំបន់ចុងកាត់មាត់ញកក្នុងប្រទេសឥណ្ឌា ដោយមានប្រាក់ឧបត្ថម្ភតិចតួច។ មុនលោកប្រេមទៅដល់ទីនោះពុំធ្លាប់មានអ្នកអាត់វេនទីស្ទឡើយ។ មន្ទីរពេទ្យដែលនៅជិតបំផុតត្រូវធ្វើដំណើរច្រើនម៉ោងបានទៅដល់ ហេតុនោះលោកប្រេមក៏បានប្រើចំណេះដឹងដែលព្រះប្រទានដល់គាត់យកមកបម្រើអ្នកជំងឺនៅក្នុងទីប្រជុំជននោះ។ លោកបានសារ៉េកន្លែងរស់នៅរបស់លោកទៅជាគ្លីនិកសម្រាប់ព្យាបាល និងប្រើសម្រាប់បង្រៀនអំពីមេរៀនសុខភាពផងដែរ។ បន្ទាប់មក លោកក៏បានអធិដ្ឋានសូមឲ្យកំពូលវេជ្ជបណ្ឌិតពីឋានសួគ៌ព្យាបាល និងប្រទានពរដល់ពួកគេ។
ដោយសារពាក្យពេចន៍ និងសកម្មភាពដ៏ប្រកបដោយក្តីអាណិតអាសូររបស់លោកប្រេម ឥឡូវនេះមានអតីតអ្នកជំងឺរបស់លោកជាច្រើនបានមកកាន់អគារព្រះវិហារនៅទីនោះរៀងរាល់ថ្ងៃសប្បាតហ៍។ នៅទីនោះ ពួកគេទន្ទឹងចាំឲ្យលោកប្រេមព្យាបាលអ្នកជំងឺរួច ដើម្បីឲ្យលោកអាចបង្រៀនពួកគេអំពីព្រះយេស៊ូវថែមទៀត។
«វិធីសាស្ត្ររបស់ព្រះគ្រីស្ទតែមួយគត់នឹងនាំមកនូវជោគជ័យក្នុងការឈោងទៅរកមនុស្សទាំងឡាយ។ ព្រះអង្គសង្គ្រោះទ្រង់បានចុះសួរសុខទុក្ខ និងស្វែងយល់អំពីសេចក្តីត្រូវការរបស់ពួកគេ។ ព្រះអង្គទ្រង់សំដែងទឹកចិត្តអាណិតអាសូរដល់ពួកគេឆ្លើយតបតាមសេចក្តីត្រូវការរបស់ពួកគេ និងបានស្ទូចចិត្តរបស់ពួកគេ។ បន្ទាប់មក ព្រះអង្គបានបង្គាប់ទៅពួកគេឲ្យតាមព្រះអង្គ»។ ដកស្រង់ពី Ellen G. White, The Ministry of Healing, p.143។
សេចក្តីអំពាវនាវ៖ ពួកអ្នកត្រួសត្រាយផ្លូវគ្លូបលមិស្សិនបានលះបង់យ៉ាងច្រើនដើម្បីពាំនាំដំណឹងល្អរបស់ព្រះយេស៊ូវទៅកាន់ទីក្រុង ទីប្រជុំជន និងភូមិទាំងឡាយ ដែលមិនទាន់មានអ្នកជឿនៅឡើយនៅទូទាំងពិភពលោក។ គឺពួកគាត់ទាំងនេះហើយដែលយកវិធីសាស្ត្ររបស់ព្រះយេស៊ូវទៅអនុវត្តពិតៗក្នុងជីវិតជាអ្នកបម្រើព្រះ។ តើលោកអ្នកមានចិត្តចង់លះបង់ដើម្បីជួយគាំទ្រពួកគាត់ដែរឬទេ?
សេចក្តីអធិដ្ឋាន៖ ឱព្រះអម្ចាស់អើយ សូមជួយទូលបង្គំយើងខ្ញុំឲ្យចេះលះបង់សម្រាប់បេសកកម្ម ដូចជាទ្រង់បានលះបង់ទាំងអស់សម្រាប់យើងរាល់គ្នាដែរ!