សូមអានខគម្ពីរដានីយ៉ែល ៧:៧, ៨, ១៩-២៥ ស្តីអំពីអំណាចនៃស្នែងតូច។ អំណាចនៃស្នែង តូចបានមកពីសត្វទី៤ ហើយនៅតែបន្តជាផ្នែកមួយនៃសត្វនោះ។ តើនរណាជាអំណាចនៃស្នែងតូច?
ម្សិលមិញ យើងបានមើលឃើញថាសត្វដែលមានធ្មេញដែកនោះគឺជាអាណាចក្ររ៉ូមនៅសម័យនៃព្រះគម្ពីរ។ ធ្មេញដែកហើយនិងក្រចកលង្ហិនរបស់វាបង្ហាញប្រាប់យើងថារ៉ូមបានធ្វើសកម្មភាព យ៉ាងអាក្រក់ណាស់។ ឥឡូវនេះ យើងនឹងក្រឡេកមើលអំពីអំណាចនៃស្នែងតូច។ តើវាជានរណា? ដូចដែលយើងបានឃើញនៅក្នុងសុបិនរបស់លោកដានីយ៉ែល សត្វទី៤ មានស្នែង ១០។ ស្នែង ៣ ត្រូវបានដកចេញដើម្បីអោយមានកន្លែងសំរាប់ស្នែងតូច។ ស្នែងតូចមានភ្នែកដូចជាមនុស្ស។ «ក៏មាន មាត់កំពុងតែពោលយ៉ាងធំ» (ដានីយ៉ែល ៧:៨)។ ច្បាស់ណាស់ដែលថាស្នែងតូចបានដុះចេញពីសត្វ ទី៤ ដែលតំណាងអោយអាណាចក្ររ៉ូមនៅក្នុងសម័យព្រះគម្ពីរ។ តាមរបៀបដូចគ្នា ស្នែងតូចបានបន្ត ធ្វើអ្វីៗដែលអាណាចក្ររ៉ូមបានធ្វើ។ ម្ល៉ោះហើយ ស្នែងតូចបានធ្វើដូចគ្នាជាអាណាចក្ររ៉ូម។ ដូច្នេះ ស្នែង តូចគឺជាទំរង់ផ្សេងមួយទៀតនៃអាណាចក្ររ៉ូម នាពេលក្រោយទៀតនៅក្នុងប្រវត្តិសាស្ត្រ។
លោកដានីយ៉ែលបានមើលឃើញថាស្នែងតូចនោះបានធ្វើសង្គ្រាមប្រឆាំងជាមួយនឹងរាស្ត្រ នៃព្រះ។ ទេវតាបានបង្ហាញប្រាប់លោកដានីយ៉ែលថាស្នែងតូចនោះគឺជាស្តេច។ វានឹងធ្វើកិច្ចការ ៣ យ៉ាង៖ (១) វានឹងអួត។ វានឹងនិយាយអ្វីៗទាស់នឹងព្រះ។ (២) វានឹងធ្វើទុក្ខដល់រាស្ត្រនៃព្រះ។ (៣) ហើយវានឹងព្យាយាមផ្លាស់ប្តូរពេលវេលា ព្រមទាំងច្បាប់ដែលព្រះបានប្រទានអោយផងដែរ។ នៅពេល ដែលរឿងនោះបានកើតឡើង រាស្ត្រនៃព្រះនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់វាសំរាប់ « នៅ១ខួប២ខួប ហើយកន្លះខួប (៣ ឆ្នាំកន្លះ)» (ដានីយ៉ែល ៧:២៥)។ ពាក្យថា «១ ខួប» ស្មើនឹង «១ ឆ្នាំ»។ ដូច្នេះ «២ខួប» ស្មើនឹង «២ឆ្នាំ» រីឯ «កន្លះខួប» ស្មើនឹង ៦ខែ រឺ កន្លះឆ្នាំ។ ដូច្នេះ តើមានរយៈពេល ប៉ុន្មានឆ្នាំពិតប្រាកដនៃ ៣ ឆ្នាំកន្លះនៅក្នុងសារពិសេសទាក់ទងទៅនឹងពេលវេលា? នៅពេលដែលយើង គិតអំពីក្បួន ១ ថ្ងៃស្មើ ១ ឆ្នាំ (ជនគណនា ១៤:៣៤, អេសេគាល ៤:៥, ៦) នាំអោយ ៣ ឆ្នាំកន្លះស្មើ នឹង ១២៦០ ឆ្នាំពិត។ នៅក្នុងអំឡុងពេលនេះ ស្នែងតូចនឹងច្បាំងទាស់នឹងព្រះ។ ស្នែងតូចក៏នឹងធ្វើទុក្ខដល់រាស្ត្រនៃព្រះ ហើយនិងព្យាយាមផ្លាស់ប្តូរច្បាប់នៃព្រះផងដែរ។
សូមអានខគម្ពីរ ថែស្សាឡូនីចទី២ ២:១-១២ ស្តីអំពីមនុស្សអាក្រក់។ តើនរណាដែលយើង ជឿថាជាមនុស្សអាក្រក់? តើហេតុអ្វី? តើគាត់ដូចគ្នានឹងស្នែងតូចយ៉ាងដូចម្តេច?
ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០
ទីលានវិនិច្ឆ័យនៃព្រះ
តើលោកដានីយ៉ែលបានឃើញអ្វីខ្លះ នៅក្នុងសុបិនរបស់លោកបន្ទាប់ពីសត្វទាំង ៤ ហើយនិង ស្នែងតូច? លោកដានីយ៉ែលបានឃើញបន្ទប់កាត់ក្តីនៅស្ថានសួគ៌ (ដានីយ៉ែល ៧:៩, ១០, ១៣, ១៤)។ បល្ល័ង្កមួយចំនួនត្រូវបានតម្រៀបនៅក្នុងទីលានវិនិច្ឆ័យ។ បន្ទាប់មក ព្រះវរបិតាបានគង់ចុះ។ ទេវតារាប់រយនាក់បានបំរើព្រះវរបិតា។ សមាជិកទាំងឡាយនៅក្នុងបន្ទប់ក៏បានអង្គុយចុះដែរ។ បន្ទាប់មកព្រះ បានបើកសៀវភៅកំណត់ត្រា។
តើលោកអ្នកបានឃើញអំពីកិច្ចការរបស់ព្រះក្នុងនាមជាចៅក្រមបានកើតឡើងបន្ទាប់ពី ១២៦០ ឆ្នាំបានកន្លងផុតទៅដែរឬទេ? ដូចដែលយើងបានឃើញកាលពីម្សិលមិញមកហើយដែលថា ១២៦០ ឆ្នាំបង្ហាញប្រាប់យើងអំពីពេលវេលាដែលស្នែងតូចនឹងធ្វើកិច្ចការរបស់វា។ កិច្ចការនោះបានកើតឡើង ចាប់ពី ឆ្នាំ ៥៣៨-១៧៩៨ នៃគ្រិស្តសករាជ (អានការសិក្សាបន្ថែមនៅក្នុងថ្ងៃសុក្រ)។ ដូច្នេះ កិច្ចការរបស់ ព្រះក្នុងនាមជាចៅក្រមបានកើតឡើងបន្ទាប់ពី ១២៦០ឆ្នាំ ប៉ុន្តែមុនពេលដែលព្រះបានរៀបចំអាណាចក្រ ចុងក្រោយរបស់ទ្រង់។ យើងបានឃើញដំណឹងនេះចំនួន ៣ដង នៅក្នុងសុបិនរបស់លោកដានីយ៉ែល៖
អំណាចនៃស្នែងតូច (៥៣៨-១៧៩៨ នៃគ្រិស្តសករាជ) កិច្ចការរបស់ព្រះជាចៅក្រមនៅស្ថានសួគ៌នគរដ៏នៅអស់កល្បនៃព្រះសូមអានខគម្ពីរដានីយ៉ែល ៧:១៣, ១៤, ២១, ២២, ២៦, ២៧ ស្តីអំពីកិច្ចការនៃព្រះក្នុងនាម ជាចៅក្រម។ តើកិច្ចការរបស់ព្រះជាម្ចាស់ជាទីគាប់ចិត្តដល់រាស្ត្ររបស់ទ្រង់យ៉ាងដូចម្តេច?
គម្ពីរសញ្ញាចាស់បានបង្ហាញប្រាប់យើងនូវឧទាហរណ៍មួយចំនួននៃកិច្ចការរបស់ព្រះជាចៅក្រម នៅឯទីរហោស្ថាន និងនៅក្នុងដំណាក់នៃទ្រង់។ ប៉ុន្តែ កិច្ចការរបស់ទ្រង់ជាចៅក្រមនៅក្នុងបទគម្ពីរ ដានីយ៉ែល ៧ មានលក្ខណៈខុសពីគ្នា។ បទគម្ពីរដានីយ៉ែល ៧ បានបង្ហាញប្រាប់អំពីកិច្ចការរបស់ព្រះ ជាចៅក្រមលើមនុស្សគ្រប់រូប និងលើអំណាចនៅលើផែនដី។ ដូចនេះ ព្រះនឹងកាត់ក្តីប្រឆាំងនឹងស្នែងតូច។ ហើយព្រះអង្គនឹងប្រគល់អាណាចក្រទៅអោយរាស្ត្ររបស់ទ្រង់។
លោកដានីយ៉ែលពុំបានប្រាប់យើងអោយដឹងច្បាស់ថា កិច្ចការរបស់ព្រះជាចៅក្រមនឹងចាប់ផ្តើម ឬត្រូវបញ្ចប់នៅពេលណាឡើយ។ ប៉ុន្តែ យើងបានឃើញថាព្រះបានចាប់ផ្តើមកិច្ចការរបស់ទ្រង់ដោយសារតែស្នែងតូចបានវាយប្រហារមកលើរាស្ត្ររបស់ទ្រង់។ កិច្ចការរបស់ព្រះនឹងត្រូវបានធ្វើនៅ ទូទាំងពិភពលោក។ នៅក្នុងបទគម្ពីរដានីយ៉ែល ៨ និង ៩ យើងនឹងសិក្សាអំពីកិច្ចការរបស់ព្រះជាចៅ ក្រមនឹងចាប់ផ្តើមនៅពេលណា។ ហើយយើងនឹងបានឃើញថាកិច្ចការរបស់ព្រះជាចៅក្រម រួមបញ្ចូលទាំងការសំអាតអំពើបាបចេញពីដំណាក់នៅលើស្ថានសួគ៌ផងដែរ។ ដូច្នេះ បទគម្ពីរដានីយ៉ែល ៧ បានបង្រៀនយើងយ៉ាងច្បាស់អំពីកិច្ចការរបស់ព្រះជាចៅក្រមនៅលើស្ថានសួគ៌ មុនការយាងមកជាលើកទី ២។ ពួកយើងបានឃើញថា កិច្ចការរបស់ព្រះជាចៅក្រម គឺជាទីគាប់ចិត្តដល់រាស្ត្រនៃទ្រង់ផងដែរ។
ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០
ការយាងមកជាលើកទី ២
សូមអានខគម្ពីរដានីយ៉ែល ៧:១៣ ស្តីអំពីកូនមនុស្ស។ តើនរណាជាកូនមនុស្ស? តើលោក អ្នកដឹងដោយរបៀបណា? (ដើម្បីឆ្លើយ អានខគម្ពីរ ម៉ាកុស ១៣:២៦, ម៉ាថាយ ៨:២០, ម៉ាថាយ ៩:៦, លូកា ៩:២៦ និង លូកា ១២:៨)។
នៅពេលដែលព្រះបានចាប់ផ្តើមកិច្ចការរបស់ទ្រង់ជាចៅក្រម បុគ្គលដែលសំខាន់បំផុតក៏បាន ចូលទៅក្នុងបន្ទប់កាត់ក្តី។ លោកគឺជាកូនមនុស្ស។ តើលោកជានរណា? ទី១ កូនមនុស្សគឺជានរណាម្នាក់ ពីស្ថានសួគ៌។ ប៉ុន្តែ ដោយឈ្មោះរបស់លោកបានបង្ហាញដែរថា មានអ្វីមួយអំពីមនុស្ស។ លោកបាន មកដើម្បីយកផ្នែកមួយនៅក្នុងកិច្ចការរបស់ព្រះជាចៅក្រម។ ទី២ កូនមនុស្សបានយាងមកជាមួយពពក នៃស្ថានសួគ៌។ ពពកទាំងនេះគឺជារូបស័ព្ទនៅក្នុងគម្ពីរសញ្ញាថ្មីតំណាងអោយការយាងមកជាលើកទី ២។ តើលោកអ្នកបានឃើញនៅក្នុងខគម្ពីរដានីយ៉ែល ៧:១៣ទេថា កូនមនុស្សពុំមែនមកពីស្ថានសួគ៌ទៅឯផែនដីនោះទេ? ទេ លោកបានធ្វើដំណើរពីទីកន្លែងមួយទៅទីកន្លែងមួយនៅក្នុងស្ថានសួគ៌។ លោក បានមកខាងមុខ នៅចំពោះព្រះវរបិតា។ ទី៣ កូនមនុស្សបានយាងមកជាមួយនឹងពពកនៃស្ថានសួគ៌គឺចង់បង្ហាញប្រាប់យើងនូវអ្វីមួយដែលសំខាន់អំពីការយាងមកជាលើកទី២។ នៅពេលដែលកូនមនុស្សបានយាងត្រឡប់មកវិញ មនុស្សទាំងអស់នឹងបានឃើញទ្រង់។ ពពកនៃស្ថានសួគ៌ក៏បានជួយយើង អោយនឹកចាំពីសម្តេចសង្ឃ នៅក្នុងគម្ពីរសញ្ញាចាស់។ សម្តេចសង្ឃបានចូលទៅក្នុងទីបរិសុទ្ធបំផុតនៅ ខាងចុងឆ្នាំ ដើម្បីដកយកអំពើបាបចេញពីដំណាក់នៃព្រះ។
កូនមនុស្សក៏ជាស្តេចផងដែរ។ ព្រះវរបិតាបានប្រគល់នគរ និងអំណាចដល់ទ្រង់។ កូនមនុស្ស ក៏ទទួលបានសិរីល្អ និងការគោរពផងដែរ។ «បណ្តាជនទាំងឡាយ សាសន៍ដទៃ និងមនុស្សគ្រប់ភាសា បានគោរពដល់ទ្រង់» (ដានីយ៉ែល ៧:១៤)។ ពាក្យថា «បំរើ» ក៏អាចសរសេរបានថា «គោរពបូជា» ផង ដែរ។ យើងបានរកឃើញពាក្យនេះ ៩ ដងនៅក្នុងបទគម្ពីរដានីយ៉ែល ១-៧ (ដានីយ៉ែល ៣:១២, ១៤, ១៧, ១៨, ២៨, ដានីយ៉ែល ៦:១៦, ២០, ដានីយ៉ែល ៧:១៤, ២៧)។ មានន័យថាថ្វាយការគោរព ដល់ព្រះ។ នេះហើយជាមូលហេតុដែលស្នែងតូចគួរអោយខ្លាច។ វាគឺជាអំណាចនៃសាសនាដែលបណ្តាល អោយបណ្តាជនថ្វាយបង្គំព្រះនៅក្នុងផ្លូវដែលខុសឆ្គង។ វាបានជំនួស កិច្ចការនៃព្រះនៅឯស្ថានសួគ៌ សំរាប់យើង ដោយកិច្ចការនៃមនុស្សនៅលើផែនដីទៅវិញ។ គ្មានមនុស្សណាម្នាក់អាចជំនួសកន្លែងរបស់ ព្រះបានឡើយ។ កិច្ចការនៃព្រះជាចៅក្រមបានបង្ហាញយើងថា ព្រះអង្គបានកែតំរូវការថ្វាយបង្គំដែលខុស ឆ្គងនេះ អោយបានត្រឹមត្រូវឡើងវិញ។ ព្រះអង្គបានបង្ហាញប្រាប់ថា មានតែកូនមនុស្សតែម្នាក់គត់ដែល អាចសង្គ្រោះមនុស្សបាន។ គម្ពីរបានចែងថា «ពីព្រោះមានព្រះតែ១ ហើយមានអ្នកសង្រួបសង្រួមតែ១ នៅកណ្តាលព្រះ និងមនុស្ស គឺជាមនុស្សដ៏ជាព្រះគ្រីស្ទយេស៊ូវនោះ» (ធីម៉ូថេទី១ ២:៥)។
ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០
ពួកបរិសុទ្ធរបស់ព្រះ
សូមអានខស្តីអំពីរាស្ត្ររបស់ព្រះ នៅក្នុងខគម្ពីរដានីយ៉ែល ៧:១៨, ២១, ២២, ២៥, ២៧។ តើមានរឿងអ្វីកើតឡើងចំពោះពួកគេ?
ពាក្យថា «ពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត» (ដានីយ៉ែល ៧:១៨) គឺជាឈ្មោះសំរាប់រាស្ត្ររបស់ ព្រះ។ រាស្ត្របរិសុទ្ធរបស់ព្រះគឺជាអ្នកដែលស្មោះត្រង់ទៅនឹងសេចក្តីពិតនៃព្រះគម្ពីរ។ នេះហើយជាមូល ហេតុដែលស្នែងតូចធ្វើទុក្ខដល់ពួកគេ។ ស្នែងតូចគឺជារូបស័ព្ទមួយតំណាងអោយព្រះវិហាររ៉ូមុាំងកាតូលិក។ មែនហើយ អាណាចក្ររ៉ូម (អំណាចសត្វទី៤) ក៏បានធ្វើទុក្ខដល់គ្រីស្ទានទាំងឡាយផងដែរ។ ប៉ុន្តែ នៅក្នុង ខគម្ពីរដានីយ៉ែល ៧:២៥ ការវាយប្រហារប្រឆាំងនឹងរាស្ត្ររបស់ព្រះ ចេញមកពីស្នែងតូច។ សែ្នងតូចអាច ឡើងកាន់អំណាចបាន បន្ទាប់ពីអាណាចក្ររ៉ូមបានបញ្ចប់ប៉ុណ្ណោះ។
រាស្ត្ររបស់ព្រះនឹងពុំត្រូវរងទុក្ខជារៀងរហូតនោះទេ។ នគរនៃព្រះនឹងមកជំនួសនគរទាំងអស់នៅលើផែនដី។ ចូរយើងក្រឡេកមើលទៅអ្វីដែលគួរអោយចាប់អារម្មណ៍អំពីនគរនេះ។ នៅក្នុងសុបិន របស់លោកដានីយ៉ែល យើងបានឃើញថា កូនមនុស្សត្រូវបានផ្តល់អោយ «នោះបានប្រទានឲ្យទ្រង់មានអំណាចគ្រប់គ្រង និងសិរីល្អ ព្រមទាំងឲ្យមានរាជ្យផង» (ដានីយ៉ែល ៧:១៤)។ ប៉ុន្តែ តើមានរឿងអ្វី កើតឡើង នៅពេលដែលទេវតាបានពន្យល់សុបិនដល់លោកដានីយ៉ែល? ទេវតាបានមានប្រសាសន៍ថា «ពួកបរិសុទ្ធ» របស់ព្រះដ៏ខ្ពស់បំផុត គេនឹងទទួលរាជ្យ (ដានីយ៉ែល ៧:១៨)។ តើនរណាជាអ្នកខុស? លោក ដានីយ៉ែល ឬក៏ទេវតា? ចម្លើយរបស់លោកទាំងពីរគឺត្រឹមត្រូវ! កូនមនុស្សគឺជាព្រះ។ ព្រះអង្គក៏ជាផ្នែកមួយនៃគ្រួសារមនុស្ស។ ដូច្នេះ នៅពេលដែលទ្រង់ឈ្នះ រាស្ត្ររបស់ព្រះក៏ទទួលជ័យជំនះផងដែរ។
នៅពេលដែលមេដឹកនាំសាសនាខ្ពស់បំផុតបានសួរសំណួរទៅកាន់ព្រះយេស៊ូវ តើទ្រង់ជាព្រះ អង្គសង្គ្រោះមែនទេ? ព្រះយេស៊ូវមានព្រះបន្ទូលថា «គឺខ្ញុំនេះហើយ មួយទៀត អ្នករាល់គ្នានឹងឃើញកូនមនុស្ស អង្គុយនៅខាងស្តាំនៃព្រះចេស្តា ហើយទាំងមកក្នុងពពកនៅលើមេឃផង» (ម៉ាកុស ១៤:៦២)។ ដូច្នេះ ព្រះយេស៊ូវ គឺជាអ្នកដែលឈរតំណាងអោយពួកយើងនៅក្នុងសវនាការនៃស្ថានសួគ៌។ ព្រះអង្គ បានយកឈ្នះសាតាំងរួចហើយ។ ព្រះអង្គបានចែករំលែកនូវជ័យជំនះរបស់ទ្រង់ជាមួយនឹងមនុស្សទាំង ឡាយណា ដែលចូលមកជិតទ្រង់នៅក្នុងចិត្តរបស់ពួកគេ។ នេះហើយជាមូលហេតុដែលគ្មានហេតុ ផលណាដែលគួរអោយយើងខ្លាចនោះទេ។ ដូចជាលោកសាវកប៉ុលបានមានប្រសាសន៍យ៉ាងច្បាស់ ថា៖ «គឺក្នុងសេចក្តីទាំងនោះ យើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជំនះទៅទៀត ដោយសារ ព្រះអង្គដែលទ្រង់ស្រឡាញ់យើង ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ទីមានកំពស់ ទីជំរៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី នោះពុំអាចនឹងពង្រាត់យើង» (រ៉ូម ៨:៣៧-៣៩) ចេញពីសេចក្តីស្រឡាញ់របស់ព្រះបានឡើយ។
ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០
សិក្សាបន្ថែម
នៅពេលដែលអាណាចក្ររ៉ូមបានបញ្ចប់ មេដឹកនាំបរិសុទ្ធខ្ពស់បំផុតនៃព្រះវិហារនៅក្នុង ទីក្រុងរ៉ូម បានតាំងខ្លួនជាមេដឹកនាំខ្ពស់បំផុតនៃទីក្រុងរ៉ូម។ ព្រឹត្តិការណ៍នេះបានកើតឡើង នៅក្នុងឆ្នាំ ៥៣៨ នៃគ្រិស្តសករាជ។ ក្រោយមក ព្រះវិហាររ៉ូមុាំងកាតូលិក និងអាណាចក្ររ៉ូមចាស់ បានរួមបញ្ចូលអំណាច របស់ពួកគេ។ ដូច្នេះហើយ មេដឹកនាំបរិសុទ្ធរបស់ព្រះវិហារ ឬសម្តេចប៉ាប មានអាកប្បកិរិយាដូចគ្នានឹងព្រះ មហាក្សត្ររ៉ូមុាំងតាមរបៀបជាច្រើន។ នេះហើយជាមូលហេតុ ដែលព្រះវិហារអាចគ្រប់គ្រងលើសាសនា និងរដ្ឋាភិបាលទាំងឡាយបាន។ បន្ទាប់មក នៅក្នុងឆ្នាំ ១៧៩៨ អធិរាជ ណាប៉ូឡេអុង បានបពា្ឈប់អំណាច នៃព្រះវិហារនេះចេញ។ ការវាយប្រហាររបស់ណាប៉ូឡេអុងប្រឆាំងនឹងព្រះវិហាររ៉ូមុាំងកាតូលិកពុំបានបញ្ចប់ រ៉ូមដោយខ្លួនឯងនោះទេ។ ប៉ុន្តែ សង្គ្រាមរបស់ណាប៉ូឡេអុងបានបញ្ចប់ការវាយប្រហាររបស់ព្រះវិហារទៅលើរាស្ត្រ របស់ព្រះ។ ដូចនេះ អំណាចនៃព្រះវិហារនៅលើផែនដីត្រូវបានបញ្ចប់ ប៉ុន្តែការបង្រៀនរបស់វាមិនទាន់បានបញ្ចប់នោះទេ។ ព្រះវិហារកាតូលិកបានបន្តបង្រៀនគំនិតផ្សេងៗដែលប្រឆាំងទាស់នឹងសេចក្តីពិតនៃព្រះគម្ពីរ ចាប់តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃ។ ព្រះវិហារនេះបានប្រកាសថា ប៉ាបបានឈរ ជំនួសកន្លែងរបស់ព្រះយេស៊ូវ នៅលើផែនដី។ ព្រះវិហារនេះបានអួតថា ប៉ាបមានអំណាចទាំងអស់ដូចជាព្រះយេស៊ូវ ដើម្បីធ្វើជាស្តេច និងអាចអត់ទោសបាបបាន។ ព្រះវិហារនេះក៏បានអួតថាវាបានផ្លាស់ប្តូរថ្ងៃបរិសុទ្ធទៅថ្ងៃអាទិត្យផងដែរ។ ការបង្រៀនខុសឆ្គងមួយនៅក្នុងចំណោមនៃការបង្រៀនទាំងឡាយនៃព្រះវិហារ នេះ គឺស្ថានឃុំព្រលឹង។ ស្ថានឃុំព្រលឹង គឺជាកន្លែងមួយ ដែលព្រះវិហារនេះបានប្រកាសថា ព្រលឹងនៃ មនុស្សនឹងចុះទៅ បន្ទាប់ពីពួកគេស្លាប់។ មនុស្សចុះទៅឋាននេះ ដើម្បីទទួលទារុណកម្ម ដើម្បីអោយពួក គេអាចបានល្អ និងស្អាត។ បន្ទាប់ពីពួកគេរងទុក្ខគ្រប់គ្រាន់ហើយ ព្រះនឹងអនុញ្ញាតឱ្យពួកគេចូលស្ថានសួគ៌។ ព្រះវិហារនេះក៏បានបង្រៀនទៀតថា មនុស្សគួរតែសារភាព អំពើបាបរបស់ពួកគេទៅកាន់សម្តេច សង្ឃដែលជាមនុស្ស ឬទៅកាន់មេដឹកនាំបរិសុទ្ធទាំងឡាយ។ បុ៉ន្តែ តើពួកមេដឹកនាំបរិសុទ្ធទាំងនេះមិនមែនជាមនុស្សមានបាបដែរឬទេ? ម្យ៉ាងទៀត ព្រះវិហារក៏បានបង្រៀន ការកុហកដែរថា អ្នកអាចរកវិធីរបស់ អ្នកដើម្បីចូលទៅក្នុងស្ថានសួគ៌ដោយសេចក្តីជំនឿ រួមជាមួយការប្រព្រឹត្តល្អ ក៏ពុំមែនដោយជំនឿតែមួយមុខ នោះទេ។
«មនុស្សពុំអាចតយុទ្ធទៅនឹងការវាយប្រហាររបស់អារក្សសាតាំងមកកាន់ពួកគេ ដោយអំណាច ផ្ទាល់របស់ពួកគេនោះឡើយ។ សាតាំងបានចោទប្រកាន់មនុស្សថាបានធ្វើខុស។ មនុស្សបានឈរនៅចំពោះ ព្រះ។ មនុស្សបានស្លៀកសំលៀកបំពាក់ដែលកខ្វក់ជាមួយនឹងអំពើបាបរបស់គាត់។ គាត់បានសារភាពទោស កំហុសរបស់គាត់។ ប៉ុន្តែព្រះយេស៊ូវ គឺជាមេធាវីរបស់មនុស្សនៅក្នុងសវនាការនៃស្ថានសួគ៌។ ព្រះយេស៊ូវ បានសុំអោយព្រះ បង្ហាញសេចក្តីមេត្តាទៅកាន់មនុស្សគ្រប់រូបដែលបានងាកចេញពីអំពើបាបហើយចូល មកឯទ្រង់ដោយសេចក្តីជំនឿ។ ព្រះយេស៊ូវបានសុំអោយព្រះលើកលែងទោសដល់មនុស្សទាំងនេះ ហើយ ចងចាំនូវអ្វីគ្រប់យ៉ាងដែលទ្រង់បានធ្វើសំរាប់មនុស្សមានបាបនៅកាល់វ៉ារី។ នេះគឺជារបៀប ដែលព្រះយេស៊ូវ បានទទួលជ័យជំនះគ្រប់ពេលសំរាប់យើង ដើម្បីប្រឆាំងនឹងសាតាំង។ ការស្តាប់បង្គាប់របស់ព្រះយេសូ៊វទៅ កាន់ច្បាប់របស់ព្រះ គឺល្អឥតខ្ចោះ ។ កំណត់ត្រាដ៏ល្អឥតខ្ចោះ បានផ្តល់អោយទ្រង់នូវគ្រប់ទាំងអំណាច នៅឯស្ថានសួគ៌ និងលើផែនដី។ ដូច្នេះហើយ ព្រះយេស៊ូវបានសុំព្រះវរបិតានៃទ្រង់នូវសេចក្តីមេត្តាកុរណាដល់មនុស្សដែលមានកំហុសទាំងឡាយ។ ព្រះយេស៊ូវបានដឹកនាំមនុស្សត្រឡប់មកឯព្រះវិញ.......ខគម្ពីរសាការី ៣:៤។» ដកស្រង់ពីសៀវភៅរបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ The Prophets and Kings, pages 586-587, adapted។
សំនួរពិភាក្សា៖
- ចូរក្រឡេកមើលម្តងទៀត ទៅឯលក្ខណៈទាំងអស់នៃអំណាចរបស់ស្នែងតូចដែលចេញពី ហើយនិងនៅជា ផ្នែកមួយនៃសត្វទីបួន អាណាចក្ររ៉ូម។ តើអំណាចអ្វីតែមួយគត់ដែលចេញពីរ៉ូមុាំងជាច្រើនសតវត្សរ៍មកហើយ ដែលក្រៅពីការបៀតបៀនដល់រាស្ត្ររបស់ព្រះ នៅតែបន្តមានដល់សព្វថ្ងៃនេះ? ហេតុអ្វីទីសំគាល់ដ៏ច្បាស់ លាស់ នេះគួរតែជួយការពារយើងពីការរំពឹងទុកអំពីទីសំគាល់របស់វា រួមទាំងគំនិតដែលថាស្នែងតូច សំដៅទៅលើស្តេចក្រេកដែលបានបាត់ខ្លួនពីប្រវត្តិសាស្រ្តជាងមួយសតវត្សរ៍កន្លះមុនការយាងមកជាលើក ដំបូងរបស់ព្រះយេស៊ូវនោះ? តើទីសំគាល់នេះគួរតែជួយការពារយើងពីគោលជំនឿដែលថាស្នែងតូច គឺ ជាអំណាចនាគ្រាអនាគត ដែលមិនទាន់កើតឡើងដោយរបៀបណា?