១០ឆ្នាំមកហើយ យើងបានមើលឃើញការផ្លាស់ប្តូរជាច្រើនតាមរបៀបដែលមនុស្សមានទស្សនៈចំពោះអាពាហ៍ពិពាហ៍។ ឥឡូវនេះមានប្រទេសជាច្រើនបានចេញលិខិតអនុញ្ញាតអោយមានសិទ្ធិរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាដោយស្របច្បាប់។ ច្បាប់ថ្មីនេះបានជំនួសច្បាប់ចាស់ដែលការពារអោយយកការរៀបអាពាហ៍ពិពាហ៍ និងគ្រួសាររវាងបុរស និងស្ត្រីជាគោល។ ច្បាប់ថ្មីនេះពុំដែលធ្លាប់មានពីមុនមកទេ។ ច្បាប់ទាំងនេះបានលើកជាសំណួរចោទ អំពីអំណាចរបស់ព្រះវិហារ និងរាជរដ្ឋាភិបាលអោយសម្រេចអ្វី ដែលត្រឹមត្រូវ។ ច្បាប់ទាំងនេះក៏បានលើកជាសំណួរចោទអំពីអ្វីដែលព្រះគម្ពីរបានចែងអំពីអាពាហ៍ពិពាហ៍ និងគ្រួសារផងដែរ។
សូមអានខគម្ពីរលោកុប្បត្តិ ១៖២៦-២៨ និងលោកុប្បត្តិ ២៖១៨, ២១-២៤។ តើខទាំងនេះបង្រៀនយើងអំពីផែនការរបស់ព្រះសម្រាប់អាពាហ៍ពិពាហ៍យ៉ាងដូចម្តេច?
ព្រះបានបង្កើតមនុស្សនៅថ្ងៃទី៦។ ក្នុងខគម្ពីរលោកុប្បត្តិ ១៖២៦ យើងមើលឃើញពីពាក្យ ពហុវចនៈសម្រាប់ព្រះដែលត្រូវបានសរសេរនៅក្នុងព្រះគម្ពីរជាលើកដំបូងផងដែរថា៖ «ទ្រង់ក៏មានព្រះបន្ទូលថា ចូរយើងធ្វើមនុស្សឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង» (លោកុប្បត្តិ ១៖២៦)។ «ទ្រង់ក៏បង្កើតមនុស្ស ឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី» (លោកុប្បត្តិ ១៖២៧)។ លោកអ័ដាមនិយាយទៅអេវ៉ាថា «នេះហើយជាឆ្អឹងពីឆ្អឹងអញ ជាសាច់ពីសាច់អញ និងត្រូវហៅថា ‘ស្រ្តី’ ពីព្រោះបានយកចេញពីបុរសមក» (លោកុប្បត្តិ ២៖២៣)។ លោកអ័ដាមបានហៅ នាងថា «ស្រ្តី» (លោកុប្បត្តិ ២៖២៣)។ នៅក្នុងអាពាហ៍ពិពាហ៍ «មនុស្សប្រុសនឹងលាចេញពីឪពុកម្តាយខ្លួន ទៅនៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ» (លោកុប្បត្តិ ២៖២៤)។
បន្ទាប់មក ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធបានប្រទានអំណោយដែលជាអាពាហ៍ពិពាហ៍មកកាន់មនុស្ស។ ព្រះគម្ពីរបង្ហាញថា អាពាហ៍ពិពាហ៍កើតឡើងដោយសារបុរស និងស្រ្តីតែប៉ុណ្ណោះ។ ព្រះបង្កើតគោលគំនិតនេះយ៉ាងច្បាស់លាស់នៅពេលដែលទ្រង់មានបន្ទូលទៅកាន់អ័ដាម និងនាងអេវ៉ាថា «ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងជីវិតផងទាំងឡាយដែលកំរើកនៅផែនដីផង» (លោកុប្បត្តិ ១៖២៨)។ ព្រះបានមានបន្ទូលអោយកូនៗគោរពឪពុកម្តាយរបស់ពួកគេ (និក្ខមនំ ២០៖ ១២)។ ក្មេងៗអាចធ្វើកិច្ចការទាំងនេះបានដរាបណាពួកគេកើតចេញពីគ្រួសារដែលមានម្តាយ និងឪពុក។ ដូច្នេះ យើងមើលឃើញថា ព្រះមិនអនុញ្ញាតអោយមានអាពាហ៍ពិពាហ៍ភេទដូចគ្នានោះទេ។
សូមអានព្រះបន្ទូលរបស់ព្រះយេស៊ូវដែលស្តីអំពីអាពាហ៍ពិពាហ៍នៅក្នុងម៉ាថាយ ១៩៖៣-៦។ តើខទាំងនេះបង្រៀនយើងយ៉ាងដូចម្តេចខ្លះ អំពីអាពាហ៍ពិពាហ៍? យើងត្រូវតែចងចាំថា ព្រះស្រឡាញ់មនុស្សគ្រប់គ្នា ទោះបីជាពួកគេមិនស្តាប់បង្គាប់ទ្រង់ក៏ដោយ។ ដូច្នេះ យើងគួរតែមានសេចក្តីស្រឡាញ់ និងសេចក្តីសប្បុរសទៅកាន់មនុស្សគ្រប់គ្នាផងដែរ។ ទន្ទឹមនឹងនេះ តើយើងគួរតែរក្សាជំហរតាមសេចក្តី ពិតនៃព្រះគម្ពីរអំពីអាពាហ៍ពិពាហ៍ដោយរបៀបណា?
ថ្ងៃព្រហស្បតិ៍ ទី២១ ឧសភា ឆ្នាំ២០២០
លោកុប្បត្តិ ការធ្លាក់ក្នុងអំពើបាប និងឈើឆ្កាង
ព្រះគម្ពីរផ្សារភ្ជាប់ចំណុចចាប់ផ្តើមនៃជីវិតនៅលើផែនដី ការធ្លាក់ក្នុងអំពើបាប ព្រះអង្គសង្គ្រោះ និងផែនការរបស់ព្រះដើម្បីសង្គ្រោះមនុស្សជាតិ។ គ្រប់យ៉ាងដែលព្រះបានធ្វើដើម្បីសង្គ្រោះត្រូវបានកត់ ត្រានៅក្នុងសេចក្តីពិតនៃព្រះគម្ពីរ។
សូមអានខគម្ពីរលោកុប្បត្តិ ១៖៣១; លោកុប្បត្តិ ២៖១៥-១៧ និងលោកុប្បត្តិ ៣៖១-៧។ តើ មានអ្វីកើតឡើងដល់ផែនដីដ៏ល្អឥតខ្ចោះមួយនេះ បន្ទាប់ពីព្រះបានបង្កើតវាមក?
ព្រះបានមានបន្ទូលថា ទ្រង់បានបង្កើត «ទាំងអស់ជាការល្អប្រពៃ» (លោកុប្បត្តិ ១៖៣១)។ «ព្រះបានបញ្ចប់ព្រះរាជកិច្ចក្នុងការបង្កើតរបស់សព្វសារពើនៅលើផែនដីនេះ។ . . . សួនច្បារអេដែនបញ្ចេញនៅភាពស្រស់ត្រកាលនៅលើផែនដីនេះ។ លោកអ័ដាម និងនាងអេវ៉ាអាចញុាំផ្លែឈើពីដើមនៃជីវិតដោយសេរី។ គ្មានអំពើបាប ឬសេចក្តីស្លាប់ណាមកប្រែអ្វីមួយអោយក្លាយទៅជាអាក្រក់បានឡើយ។ ដកស្រង់ពីសំណេររបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ Patriarchs and Prophets, page 47, adapted។ ព្រះបានហាម លោកអ័ដាម និងនាងអេវ៉ាកុំអោយញុាំផ្លែឈើពីដើមដឹងខុសត្រូវអោយសោះ។ កាលណាពួកគេញុាំវា ពួកគេនឹងស្លាប់ជាមិនខាន (លោកុប្បត្តិ ២៖១៥- ១៧)។ សត្វពស់បានចាប់ផ្តើមនិយាយមកកាន់នាងអេវ៉ាដោយសំណួរមួយ។ ប្រយោគបន្ទាប់មកសត្វពស់បាន ប្រឆាំងទាស់នឹងគ្រប់យ៉ាងដែលព្រះបានមានបន្ទូល៖ «អ្នកមិនស្លាប់ជាពិតមែនទេ» (លោកុប្បត្តិ ២៖៤)។ សាតាំង ប្រាប់នាងអេវ៉ាថា នាងនឹងបានឆ្លាត និងមានប្រាជ្ញា។ នាងនឹងបានដូចជាព្រះ។ នាងអេវ៉ាបានជឿទុកចិត្តសត្វពស់ជាខ្លាំង។
លោកប៉ុលបានមានប្រសាសន៍អំពីអំពើបាបនៅក្នុងខគម្ពីររ៉ូម ៥៖១២ និងរ៉ូម ៦៖២៣។ តើ ប្រសាសន៍របស់លោកប៉ុលបង្ហាញយើងថា អ្វីដែលព្រះមានបន្ទូលអំពីអំពើបាបនៅក្នុងលោកុប្បត្តិ ២៖១៥- ១៧ គឺជាសេចក្តីពិតយ៉ាងដូចម្តេច? តើការបង្រៀនទាំងនេះជាបម្រាមប្រឆាំងទាស់ការវិវត្តនិយមដោយរបៀបណា? ការវិវត្តគឺជាគោលគំនិតខុសឆ្គងដែលថា ព្រះបានបង្កើតជីវិតនៅលើផែនដី និងបណ្តាលអោយ ជីវិតទាំងនោះវិវត្តម្តងបន្តិចៗនៅក្នុងពេលវេលាដ៏យូរមួយតាមរយៈរុក្ខជាតិ និងសត្វដែលយើងមើលឃើញសព្វថ្ងៃនេះ។
ក្នុងបទគម្ពីររ៉ូម ៥-៨ លោកប៉ុលបានសរសេរអំពីអំពើបាប និងភាពស្រស់ត្រកាលនៃផែនការរបស់ព្រះដើម្បីសង្គ្រោះមនុស្សជាតិចេញពីអំពើបាប។ លោកប៉ុលមានប្រសាសន៍ថា៖ «ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាលដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាប ហើយ» (លោកុប្បត្តិ ៥៖១២)។ ការវិវត្តបង្រៀនយើងថា មានសេចក្តីស្លាប់នៅលើផែនដីនេះជាយូរលង់ ណាស់មកហើយ មុនពេលនៃការបង្កបង្កើតមនុស្ស។ ព្រះគម្ពីរបង្រៀនថា គោលគំនិតនេះមិនត្រឹមត្រូវទេ។ ដ្បិតសេចក្តីស្លាប់បានមានដោយសារតែអំពើបាប។ ប៉ុន្តែ ប្រសិនបើសេចក្តីស្លាប់មិនមានប្រភពមកពីអំពើបាបទេនោះ ម៉្លោះហើយយើងមិនអាចនិយាយថា ឈ្នួលរបស់អំពើបាបគឺជាសេចក្តីស្លាប់បានឡើយ (រ៉ូម ៦៖ ២៣)។ ហើយប្រសិនបើសេចក្តីស្លាប់មិនមានប្រភពចេញមកពីអំពើបាបទេនោះ ព្រះយេស៊ូវក៏មិនចាំបាច់ត្រូវ មកសុគតជំនួសបាបរបស់យើងដែរ។ តាមវិធីនេះ យើងអាចមើលឃើញថា ប្រវត្តិសាស្ត្រនៃជីវិតដែលបានកកើត រឿងនៃការធ្លាក់ក្នុងអំពើបាប និងឈើឆ្កាងមិនមានអ្វីពាក់ព័ន្ធគ្នាឡើយ។ បុ៉ន្តែ ការជឿលើគោលជំនឿខុសឆ្គងនៃការវិវត្តនិយមនឹងច្រានចោលគ្រឹះរបស់គ្រីស្ទសាសនា។
ថ្ងៃសុក្រ ទី២២ ឧសភា ឆ្នាំ២០២០
សិក្សាបន្ថែម
សូមអាន Ellen G. White, “The Creation,” pages 44-51; “The Creation,” pages 44-51; “The Literal Week,” pages 111-116, in Patriarchs and Prophets។
ប្រសិនបើយើងក្រឡេកមើលភាសាហេព្រើរ យើងឃើញភស្តុតាងយ៉ាងច្បាស់ពីពាក្យថា «យ៉ូម» នៅក្នុងបទគម្ពីរលោកុប្បត្តិ ១ បង្ហាញយើងពីការពិតមួយគឺ២៤ម៉ោងក្នុងមួយថ្ងៃ។
«លោកម៉ូសេបានប្រើភាសាមួយនៅក្នុងកណ្ឌគម្ពីរលោកុប្បត្តិបង្ហាញយើងពីរយៈពេល២៤ម៉ោងក្នុងមួយថ្ងៃយ៉ាងពិតប្រាកដ។ ដកស្រង់ពី Gerard F. Hansal, “The ‘Days’ of Creation in Genesis 1: Literal ‘Day’ or Figurative “periods/Epochs’ of Time?” Origins 21/1 [1994], pages 30, 31, adapted។
«មនុស្សដែលឆ្លាតត្រូវតែស្ថិតនៅក្រោមការដឹកនាំនៃព្រះគម្ពីរ។ បើមិនដូច្នេោះទេ ចិត្តគំនិតរបស់ពួកគេនឹងមានការច្របូកច្របល់នៅពេលដែលពួកគេព្យាយាមយល់អំពីទំនាក់ទំនងរវាងវិទ្យាសាស្ត្រ និងព្រះគម្ពីរ។ ព្រះ និងរាជកិច្ចរបស់ទ្រង់លើសជាងការយល់ដឹងរបស់យើង។ ក្បួនច្បាប់របស់វិទ្យាសាស្ត្រ និងធម្មជាតិមិនអាចបកស្រាយអំពីព្រះ ព្រមទាំងរាជកិច្ចរបស់ព្រះអង្គបានឡើយ។ ដោយសារតែមូលហេតុនេះហើយ មនុស្សនឹងនិយាយថា ប្រវត្តិសាស្ត្រនៃព្រះគម្ពីរមិនអាចជឿទុកចិត្តបានឡើយ»។ ដកស្រង់ពីសំណេររបស់អ្នកស្រី អែល្លិន ជីវ៉ៃត៍ Testimonies for the Church, volume 8, page 258, adapted។
សំនួរពិភាក្សា៖
- សូមពិនិត្យមើលសម្រង់ប្រសាសន៍របស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ខាងលើម្តងទៀត។ តើយើងឃើញរឿង ដែលកើតឡើងនៅក្នុងសំណេរដែលអ្នកស្រីមានប្រសាសន៍បានកើតឡើងជាញឹកញាប់នៅសព្វថ្ងៃដែរ ឬទេ? តើយើងមើលឃើញគ្រីស្ទានជឿលើវិទ្យាសាស្ត្រជាជាងការជឿលើព្រះគម្ពីរជាញឹកញាប់ប៉ុនណាដែរ? តើទស្សនៈបែបនេះបង្ហាញយើងថា ពួកគេមិនអាចជឿទុកចិត្តលើព្រះគម្ពីរបានដោយរបៀបណា?
- តើលោកអ្នកបានស្គាល់គ្រីស្ទានណាមួយដែលជឿលើការវិវត្តដែលឬទេ? លោកអ្នកក៏នឹកចាំដែរថា ការវិវត្តគឺជាគោលជំនឿដែលជីវិតនៅលើផែនដីបានមានឡើង ដោយសារតែការផ្លាស់ប្តូរដែលបានកើតឡើងបន្តិចម្តងៗក្នុងរយៈកាលដ៏យូរអង្វែងមួយ។ តើហេតុអ្វីបានជាលោកអ្នកមិនសូមអោយបុគ្គលនោះ បកស្រាយពីអ្វីដែលលោកប៉ុលបានមានប្រសាសន៍អំពីឈើឆ្កាងនៅក្នុងបទគម្ពីររ៉ូម៥? លោកប៉ុលបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងរវាងអំពើបាប និងសេចក្តីស្លាប់របស់លោកអ័ដាមជាមួយនឹងការសុគតរបស់ ព្រះយេស៊ូវនៅលើឈើឆ្កាង។ តើបុគ្គលនោះបកស្រាយយ៉ាងដូចម្តេចមកកាន់លោកអ្នក?
- តើយើងអាចជួយអ្នកណាដែលកំពុងមានចម្ងល់អំពីអាពាហ៍ពិពាហ៍ភេទដូចគ្នាយ៉ាងដូចម្តេច? ក្នុងបទគម្ពីរយ៉ូហាន៨ យើងឃើញឧទាហរណ៍មួយពីស្ត្រីម្នាក់ដែលគាត់បានមានកំហុសដោយសារតែអំពើបាបផ្លូវភេទ។ នាងត្រូវបានគេនាំទៅរកព្រះយេស៊ូវ ដើម្បីអោយគេចោលសម្លាប់នឹងដុំថ្ម។ តើគំរូរបស់ព្រះយេស៊ូវបង្ហាញយើងអំពីរបៀបដែលយើងត្រូវតែបង្ហាញមនុស្សដែលមានកំហុសដោយរបៀបណា? តើហេតុអ្វីបានជាយើងមិនត្រូវ «ចោលដំុថ្ម» ទៅកាន់ពួកគេ?
រឿងខ្លី
ពន្យារពេលនៃការគាំងបេះដូង
ការឈឺចុកចាប់នៅក្នុងពោះដ៏គួរអោយខ្លាចមួយបានដាស់អោយខ្ញុំភ្ញាក់នៅម៉ោង៥ភ្លឺ។ ទោះបីបានសម្រាកហើយក៏ដោយ ខ្ញុំនៅតែមានអារម្មណ៍ថាហត់នឿយ និងចង់ដាច់ខ្យល់។ ខ្ញុំមានអាយុជិត៦០ឆ្នាំហើយ រីឯសុខភាពក៏ទ្រុឌទ្រោមណាស់ដែរ ដូច្នេះ ខ្ញុំបានទៅមន្ទីរពេទ្យនៅក្នុងទីក្រុងស៊ីប ប្រទេស នីកូស៊ី។ លោកវេជ្ជបណ្ឌិតម្នាក់បានពិនិត្យសុខភាពខ្ញុំ និងមានប្រសាសន៍ថា គ្រប់យ៉ាងគឺល្អប្រក្រតីទេ រួចគាត់បានប្រាប់ខ្ញុំអោយត្រឡប់ទៅផ្ទះវិញ។
ម៉ាប៊ីដែលជាភរិយារបស់ខ្ញុំក៏នៅក្បែរខ្ញុំផងដែរ។ នាងធ្លាប់បានជួយខ្ញុំអោយផ្តាច់ការជក់បារីប្រាំកញ្ចប់ក្នុងមួយថ្ងៃ។ នាងក៏បាននាំខ្ញុំអោយជឿព្រះយេស៊ូវ និងមានសមាជិកភាពនៅក្នុងព្រះវិហារសេវេនដេយអាត់វេនទីស្ទផងដែរ។ នាងបានយល់ព្រមរៀបការជាមួយខ្ញុំក្រោយពីជីវិតរបស់ខ្ញុំបានផ្លាស់ប្តូរ និងធ្វើបុណ្យជ្រមុជទឹករួច។
ឥឡូវខ្ញុំនៅទីនេះ ទើបបាន២ឆ្នាំនៃការផ្លាស់ប្តូរមកជំនឿថ្មី និងអាពាហ៍ពិពាហ៍តែប៉ុណ្ណោះ ខ្ញុំមានអារម្មណ៍ថា មិនសូវស្រួលខ្លួនទាល់តែសោះ។ «ខ្ញុំអត់ទៅណាទេលោកគ្រូ» ខ្ញុំបានតបទៅលោកវេជ្ជបណ្ឌិត។
ខ្ញុំនៅតែឈឺឆ្អល់ និងចង់ដឹងពីមូលហេតុណាស់។ ដោយឃើញការទទូចអង្វររបស់ខ្ញុំ លោកវេជ្ជបណ្ឌិតបានយល់ព្រមហៅអ្នកជំនាញខាងជំងឺបេះដូងដែលមិនមានកាតព្វកិច្ចអោយមកជួបខ្ញុំ។ ខ្ញុំបានរង់ចាំ មួយម៉ោង ពីរម៉ោងបានកន្លងផុតទៅ។ រួចប្រាំ ប្រាំពីរ ប្រាំបីម៉ោងបន្តទៀត។ រហូតដល់ម៉ោង១៖១០នាទី។ ការឈឺឆ្អល់កាន់តែខ្លាំងឡើងៗ។ ខ្ញុំចេញទៅឈរនៅខាងក្រៅដើម្បីស្រូបយកខ្យល់បរិសុទ្ធ ដោយព្យាយាមដកដង្ហើមមួយៗ។ ខ្ញុំចាប់ផ្តើមវិលមុខ និងភាពងងឹតគ្របលើខ្ញុំ។ បុគ្គលម្នាក់បានស្រែកឡើងថា «ប្រញាប់ឡើង គាត់កំពុងគាំងបេះដូងហើយ»។ ពេលនោះ អ្នកឯកទេសខាង ជំងឺបេះដូងបានមកដល់។ បុគ្គលិកពេទ្យបានបញ្ជូនខ្ញុំទៅឯបន្ទប់សង្គ្រោះបន្ទាន់។ នៅពេលដែលខ្ញុំបាន ដឹងខ្លួនឡើង ខ្ញុំបានដឹងថា សរសៃឈាមនៃបេះដូងរបស់ខ្ញុំត្រូវបានបិទយ៉ាងធ្ងន់ធ្ងរ។
«យើងបានធ្វើអ្វីដែលយើងអាចធ្វើបានរួចហើយ» អ្នកឯកទេសខាងជំងឺបេះដូងបានមានប្រសាសន៍។ ខ្ញុំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងបន្ទប់ថែទាំអស់រយៈពេល៣សប្តាហ៍។ លោកវេជ្ជបណ្ឌិតបានធ្វើការវះកាត់បេះដូង នៅពេលដែលអាការៈរបស់ខ្ញុំបានល្អប្រសើរឡើង។ ខ្ញុំនៅក្នុងបន្ទប់វះកាត់អស់រយៈពេល៩ម៉ោងកន្លះ។ ដោយព្រះគុណរបស់ព្រះ ការវះកាត់បានធ្វើទៅយ៉ាងរលូន ក្រោយមកខ្ញុំមានកំឡាំង និងរីករាយជាថ្មីម្តងទៀត។
ក្រឡេកមើលទៅក្រោយវិញ ខ្ញុំជឿថាការឈឺចុកចាប់ដែលបានដាស់ខ្ញុំនៅម៉ោង៥ភ្លឺ គឺជាការពន្យារពេលនៃការគាំងបេះដូង។ ខ្ញុំអាចនឹងស្លាប់ភ្លាមៗនៅពេលនោះ។ ទោះយ៉ាងណាព្រះដែលប្រកបដោយសេចក្តីស្រឡាញ់របស់យើងបានពន្យារពេលគាំងបេះដូងអស់រយៈពេល៨ម៉ោងកន្លះរហូតដល់អ្នកជំនាញខាងជំងឺបេះដូងបានមកដល់ ដូច្នេះខ្ញុំអាចរក្សាជីវិតរបស់ខ្ញុំបានបន្តទៅទៀត។