សូមអានខគម្ពីរម៉ាថាយ ៤៖២៣-២៥ និងម៉ាថាយ ៩៖៣៥។ តើកិច្ចការ៣យ៉ាងអ្វីខ្លះដែលព្រះយេស៊ូវបានធ្វើដើម្បីបំពេញតម្រូវការរបស់មនុស្ស? តើកិច្ចការទាំង៣យ៉ាងនេះបានផ្លាស់ប្តូរជីវិតរបស់មនុស្សអោយកាន់តែប្រសើរឡើងយ៉ាងដូចម្តេច?
ព្រះរាជកិច្ចរបស់ព្រះយេស៊ូវនៅលើផែនដីមាន៣ផ្នែក៖ (១)បង្រៀន (២)អធិប្បាយ និង(៣)ព្យាបាល។ ព្រះយេស៊ូវបានចែកចាយសេចក្តីពិតនៃព្រះគម្ពីរ ដើម្បីអោយយើងអាចនឹងមានគោលបំណងក្នុងការរស់នៅ។ ទ្រង់បានមានបន្ទូលថា «ខ្ញុំបានមកដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះ ពេញបរិបូរផង» (យ៉ូហាន ១០៖១០)។ ព្រះរាជកិច្ចរបស់ព្រះយេស៊ូវនៅលើផែនដីត្រូវបានបំពេញដោយ ព្រះគុណ។ ព្រះគុណគឺជាអំណោយរបស់ព្រះដែលជាសេចក្តីមេត្តាករុណា សេចក្តីលើកលែងទោស និងអំណាចឈ្នះលើអំពើបាប។ ព្រះបានយាងមកដើម្បីអោយជីវិតរបស់យើងមានពេញដោយព្រះគុណនៅ ពេលឥឡូវនេះនិងរហូតតទៅ។
សូមអានខគម្ពីរម៉ាកុស ១៖៣២-៣៩។ ព្រះយេស៊ូវបានចំណាយពេលមួយថ្ងៃពេញក្នុងការព្យាបាលអ្នកដែលមានជម្ងឺ និងបណ្តេញវិញ្ញាណអារក្សចេញពីមនុស្ស។ បន្ទាប់មក ទ្រង់បានចំណាយពេលក្នុងការអធិស្ឋាននៅព្រឹកនៃថ្ងៃបន្ទាប់ទៀត នៅពេលដែលហ្វូងមនុស្សបានចូលមកឯទ្រង់ ដើម្បីអោយ ទ្រង់ព្យាបាលមានចំនួនកាន់តែច្រើនឡើង។ ប៉ុន្តែ ព្រះយេស៊ូវបានយាងទៅឯទីក្រុងមួយទៀតទៅវិញ។ តើហេតុអ្វីបានជាព្រះយេស៊ូវពុំបានព្យាបាលមនុស្សទាំងនេះ? តើលោកអ្នកបានឃើញហេតុផលរបស់ទ្រង់ដែលមាននៅក្នុងខ៣៨ និងខ៣៩ ដែរឬទេ?
រឿងនេះពិតជាមានប្រយោជន៍ខ្លាំងណាស់។ ក្រោយពីបានព្យាបាលមនុស្សកាលពីថ្ងៃម្សិលរួចហើយ នោះនៅថ្ងៃបន្ទាប់ ព្រះយេស៊ូវបានចាកចេញពីហ្វូងមនុស្សទៅ។ ពួកគេបានមករកព្រះយេស៊ូវ។ ពួកគេក៏ត្រូវការការព្យាបាលផងដែរ។ តើហេតុអ្វីបានជាព្រះមិនគង់នៅទីនោះ ហើយព្យាបាលដល់ពួក គេទៅ? ព្រះយេស៊ូវបានមានបន្ទូលថា គោលបំណងដែលទ្រង់យាងមកផែនដីគឺដើម្បីចែកចាយអំពីដំណឹងល្អ។ ព្រះយេស៊ូវពុំមែនត្រឹមតែជាអ្នកធ្វើការអស្ចារ្យម្នាក់ប៉ុណ្ណោះនោះទេ។ ទ្រង់គឺជាព្រះរាជបុត្រារបស់ព្រះដែលយាងមកសង្គ្រោះមនុស្សលោក។ ព្រះយេស៊ូវចង់អោយមនុស្សទទួលយកអំណោយដែលជាជីវិតអស់កល្ប។ ទ្រង់ចង់ប្រទានអំណោយដល់ពួកគេគ្រប់គ្នា។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់យើងយ៉ាងច្បាស់អំពីគោលបំណងដែលទ្រង់យាងមកផែនដីនេះ៖ «ដ្បិតកូនមនុស្សបានមកដើម្បីនឹងរក ហើយជួយសង្គ្រោះដល់មនុស្សបាត់បង់» (លូកា ១៩៖១០)។ រាល់ពេលដែលព្រះយេស៊ូវព្យាបាលអ្នកណាម្នាក់ ទ្រង់បានបង្ហាញមនុស្សថា ព្រះជាអ្នកណា ហើយអ្វីដែលជាបំណងព្រះហឫទ័យរបស់ទ្រង់។ រាល់សកម្ម ភាពនៃការព្យាបាលរបស់ព្រះយេស៊ូវបានបញ្ចប់ការឈឺចាប់ និងផ្តល់នូវឱកាសសម្រាប់ជីវិតអស់កល្បដល់ ពួកគេ។
តើការរស់នៅដ៏ពេញលេញក្រោមព្រះគុណដែលព្រះប្រទានដល់លោកអ្នកអាចទៅរួចដែរឬទេ ប្រសិនបើលោកអ្នកជាអ្នកក្រ ឬជាអ្នកមានជម្ងឺនោះ? តើព្រះយេស៊ូវប្រទានដល់មនុស្សនូវអ្វីដែលមិនត្រឹមតែជាការព្យាបាលលើរូបកាយរបស់ពួកគេមែនឬ? បើមែន តើរបស់នោះជាអ្វី? តើលោកអ្នកអាចនាំមនុស្សទៅឯសេចក្តីពិតខាងឯវិញ្ញាណដោយរបៀបណានៅពេលដែលយើងជួយផ្គត់ផ្គង់តម្រូវការនៃចិត្ត និងរូបកាយរបស់ពួកគេ?
ថ្ងៃព្រហស្បតិ៍ ទី២០ សីហា ឆ្នាំ២០២០
អ្វីដែលព្រះយេស៊ូវយកព្រះទ័យទុកដាក់បំផុត
ព្រះយេស៊ូវបានបង្ហាញប្រាប់សិស្សរបស់ទ្រង់អំពីរឿងប្រៀបធៀប៣នៅក្នុងខគម្ពីរម៉ាថាយ២៥។ រឿងប្រៀបធៀបទាំង៣នេះបង្ហាញយើងអំពីអ្វីដែលព្រះយេស៊ូវបានរំពឹងទុកអំពីមនុស្សនាសម័យចុងក្រោយដែលរង់ចាំការយាងមកជាលើកទី២របស់ទ្រង់។ រឿងប្រៀបធៀបអំពីស្ត្រីព្រហ្មចារីទាំង១០បានបង្ហាញយើងថា ការដែលមានពេញដោយព្រះវិញ្ញាណបរិសុទ្ធគឺជារឿងដ៏សំខាន់។ រឿងប្រៀបធៀបអំពីប្រាក់ទាំង១០បានបង្ហាញយើងអំពីមូលហេតុដែលយើងត្រូវប្រើអំណោយទានដែលព្រះប្រទានដល់យើងគ្រប់គ្នា។ រឿងប្រៀបធៀបអំពីចៀម និងពពែបានបង្ហាញយើងថា គ្រីស្ទានដ៏ពិតតែងតែយកចិត្តទុកដាក់ចំពោះតម្រូវការ របស់អ្នកដទៃដែលព្រះបាននាំមកក្នុងជីវិតរបស់យើងជារៀងរាល់ថ្ងៃ។
សូមអានខគម្ពីរម៉ាថាយ២៥៖៣១-៤៦។ តើព្រះយេស៊ូវបានមានបន្ទូលថា គ្រីស្ទានដ៏ពិតប្រាកដមានលក្ខណៈយ៉ាងដូចម្តេច? សូមរៀបរាប់អំពីប្រភេទនៃព័ន្ធកិច្ចដែលបានធ្វើសម្រាប់ព្រះនៅក្នុងខទាំងនេះ។
រឿងប្រៀបធៀបនៅក្នុងខគម្ពីរម៉ាថាយ ២៥៖៣១-៤៦ បានចែងអំពីការយកចិត្តទុកដាក់ចំពោះតម្រូវការខាងផ្នែកសុខភាពរបស់មនុស្ស។ ទន្ទឹមគ្នានេះ តើមានអ្វីដែលសំខាន់បន្ថែមនៅក្នុងរឿងប្រៀបធៀបនេះដែរឬទេ? មែនហើយ ចំណុចសំខាន់បន្ថែមពិតជាមាន។ មនុស្សលោកមានការស្រេកឃ្លានចំពោះព្រះយេស៊ូវនៅក្នុងវិញ្ញាណរបស់ពួកគេ។ មានតែព្រះយេស៊ូវតែមួយគត់ដែលពួកគេត្រូវការ ដើម្បីចំអែតនូវសេចក្តីស្រេកឃ្លានរបស់ពួកគេ (យ៉ូហាន ៦៖៣៥; យ៉ូហាន ៤៖១៣, ១៤)។ យើងទាំងអស់គ្នានឹងពុំមានអ្វីទាំងអស់ លុះត្រាតែព្រះយេស៊ូវចាក់បំពេញយើងដោយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់។ ព្រះយេស៊ូវនឹងហ៊ុំព័ទ្ធយើងដោយសេចក្តីស្រឡាញ់ និងសេចក្តីលើកលែងទោសរបស់ទ្រង់ដូចជាបុគ្គលម្នាក់ដែលត្រូវបានបិទបាំងដោយសំលៀកបំពាក់ផងដែរ (វិវរណៈ ៣៖១៨; វិវរណៈ ១៩៖៧, ៨)។
ពួកហោរានៃព្រះគម្ពីរសញ្ញាថ្មីតែងតែនិយាយថា មនុស្សលោកជាអ្នកមានជម្ងឺ ហើយពុំអាចព្យាបាលជម្ងឺនោះដោយខ្លួនឯងបានឡើយ (អេសាយ ១៖៥; យេរេមា ៣០៖១២-១៥)។ មនុស្សកំពុងតែឈឺ ហើយពួកគេនឹងស្លាប់ជាពុំខាន។ ប៉ុន្តែ ហោរាយេរេមាបានបង្ហាញអំពីវិធីមួយដែលអាចជួយព្យាបាលដល់យើងបាន៖ «ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា `អញនឹងមើលឯងឲ្យជា ហើយនឹងធ្វើឲ្យរបួសឯងបានសះទៅ’» (យេរេមា ៣០៖១៧)។ ព្រះយេស៊ូវបានព្យាបាលយើងអោយជាពីអំពើបាបដែលធ្វើអោយយើងឈឺ និងធ្វើអោយយើងស្លាប់ផងដែរ។
រឿងប្រៀបធៀបអំពីចៀម និងពពែបានព្រមានយើងអោយយកចិត្តទុកដាក់ចំពោះតម្រូវការរបស់មនុស្សដែលនៅជុំវិញយើង។ រឿងនេះក៏បានបង្ហាញយើងអំពីរបៀបដែលព្រះយេស៊ូវយកព្រះទ័យទុកដាក់ជាខ្លាំងចំពោះតម្រូវការនៃចិត្តរបស់យើងផងដែរ។ រឿងនេះក៏បានអញ្ជើញយើងអោយធ្វើកិច្ចការរួមគ្នាជាមួយនឹងព្រះយេស៊ូវ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់មនុស្សដែលនៅជុំវិញយើងផងដែរ។ ដូច្នេះ យើងពុំចង់រស់នៅក្នុងជីវិតដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន និងពុំបានធ្វើអ្វីសោះសម្រាប់អ្នកដទៃនោះឡើយ។ ពេលនោះ យើងនឹងស្ថិតនៅក្នុងគ្រោះថ្នាក់នៃការបាត់បង់ជីវិតដ៏អស់កល្ប។ ព្រះយេស៊ូវបានលើកតម្កើងដល់មនុស្សដែលរស់ដើម្បីជួយដល់អ្នកដទៃតាមរយៈរឿងប្រៀបធៀបមួយនេះ។ បន្ទាប់មក ព្រះជាម្ចាស់នឹងស្វាគមន៍ពួកគេអោយចូលទៅក្នុងនគរស្ថានសួគ៌ជាមួយនឹងទ្រង់ជារៀងដរាបតទៅ។ ប៉ុន្តែ អ្នកដែលចូលទៅក្នុងនគរស្ថានសួគ៌បានពុំមែនជាអ្នកដែលរស់នៅដោយភាពអាត្មានិយមនោះឡើយ។ ពួកគេពុំបានខ្វល់ខ្វាយអំពីការជួយដល់អ្នកដទៃនៅលើផែនដីនេះឡើយ។ ម៉្លោះហើយ ព្រះយេស៊ូវមិនស្វាគមន៍ពួកគេអោយចូលទៅក្នុងនគរស្ថានសួគ៌នោះឡើយ។
ថ្ងៃសុក្រ ទី២១ សីហា ឆ្នាំ២០២០
សិក្សាបន្ថែម
មានមនុស្សជាច្រើនដែលពុំបានជឿព្រះ។ ពួកគេក៏លែងមានជំនឿលើមនុស្សទៀតដែរ។ ប៉ុន្តែ ចិត្តរបស់ពួកគេត្រូវបានជំរុញដោយសកម្មភាពនៃការអាណិតអាសូរ និងការជួយដល់អ្នកដទៃ។ បុគ្គលដែលមានចិត្តបែបនេះពុំបានធ្វើសម្រាប់ការសរសើរ ឬសម្រាប់ប្រាក់កាសនោះឡើយ។ គាត់បានចូលទៅផ្ទះរបស់ពួកគេ។ គាត់បានជួយដល់អ្នកមានជម្ងឺ។ គាត់បានចំអែតអ្នកដែលស្រេកឃ្លាន។ គាត់បានចែកសំលៀកបំពាក់ដល់អស់អ្នកដែលគ្មាន។ គាត់បានកំសាន្តចិត្តមនុស្សដែលមានចិត្តសោកសង្រេង។ គាត់បាននាំអ្នកដែលគាត់បានជួយទៅឯព្រះយេស៊ូវ។ អ្នកបម្រើមនុស្សជាតិម្នាក់នេះបានបង្ហាញថា គាត់គឺជាអ្នកនាំសាររបស់ព្រះ។ សេចក្តីស្រឡាញ់ និងសេចក្តីអាណិតអាសូរនៅក្នុងចិត្តជាមនុស្សជាតិរបស់គាត់មានប្រភពចេញមកពីព្រះយេស៊ូវ។ ខណៈពេលដែលអ្នកដទៃឃើញសកម្មភាពនៃសេចក្តីសប្បុរសរបស់គាត់បានធ្វើអោយចិត្តរបស់ពួកគេឆេះឆួលឡើងដែរ។ ពួកគេមានអំណរគុណជាអនេក។ សេចក្តីជំនឿបានលូតលាស់នៅក្នុងចិត្តរបស់ពួកគេ។ ពួកគេបានមើលឃើញថា ព្រះយកព្រះទ័យទុកដាក់ចំពោះពួកគេ។ ពួកគេក៏បានត្រៀមខ្លួនជាស្រេចក្នុងការផ្ទៀងត្រចៀកស្តាប់ខណៈពេលដែលព្រះគម្ពីរត្រូវបានបើកឡើង បង្រៀនដល់ពួកគេផងដែរ»។ ដកស្រង់ពី Ellen G. White, The Ministry of Healing, page 145, adapted។
ព្រះរាជកិច្ចរបស់ព្រះយេស៊ូវបានជួយអោយមនុស្សជឿទុកចិត្តលើទ្រង់ និងជួយអោយពួកគេទទួលយកដំណឹងល្អ។ ពួកជំនុំគឺជារូបកាយរបស់ព្រះយេស៊ូវនៅលើផែនដី។ សមាជិកនៃពួកជំនុំបានបំពេញតម្រូវការរបស់មនុស្សនៅគ្រប់ទីកន្លែងដោយសេចក្តីស្រឡាញ់។ ព្រះយេស៊ូវបានចាត់អោយយើងចេញទៅដោយនូវព្រះនាមរបស់ទ្រង់។ ទ្រង់បានចាត់អោយយើងចូលក្នុងទីក្រុង និងចូលទៅឯអ្នកជិតខាងរបស់យើង ដើម្បីធ្វើអោយជីវិតរបស់ពួកគេបានកាន់តែប្រសើរឡើង។ មែនហើយ យើងត្រូវតែប្រុង ប្រយ័ត្នកុំអោយខ្លួនយើងប្រឡាក់ដោយអំពើបាប និងសេចក្តីអាក្រក់នៅលើផែនដីនេះ។ ទន្ទឹមនឹងនេះ យើងក៏មិនត្រូវនៅឆ្ងាយពីពួកគេផងដែរ។ យើងត្រូវតែចូលទៅឯពួកគេ ហើយពាល់ជីវិតរបស់ពួកគេនៅទីកន្លែងដែលពួកគេរស់នៅ។ យើងត្រូវតែអនុញ្ញាតអោយព្រះប្រើយើងអោយបំពេញព្រះរាជកិច្ចរបស់ ទ្រង់។ ព្រះចង់យកមនុស្សទាំងនេះពីកន្លែងដែលពួកគេរស់នៅ ហើយនាំពួកគេទៅឯកន្លែងមួយដែលពួកគេគួរតែទៅ។
សំនួរពិភាក្សា៖
- តើហេតុអ្វីបានជាកិច្ចនៃសេចក្តីស្រឡាញ់ដែលព្រះយេស៊ូវបានបំពេញមានអំណាចខ្លាំងម៉្លេះក្នុងការរំលាយចិត្តដ៏រឹងរូស និងការជួយដល់អ្នកដទៃអោយទទួលយកសេចក្តីពិតខាងឯវិញ្ញាណ? ចុះប្រសិនបើយើងជាមនុស្សដែលបានបង្ហាញការព្រួយបារម្ភចំពោះអ្នកដទៃដូចជាព្រះយេស៊ូវបានធ្វើនោះ តើទីបន្ទាល់របស់យើងនឹងមានប្រសិទ្ធភាពយ៉ាងណាទៅ?
- សូមគិតអំពីគ្រាមួយនៅពេលដែលលោកអ្នកបាននិយាយអ្វីមួយដែលជាសេចក្តីពិត។ ប៉ុន្តែ លោកអ្នកបាននិយាយអំពីសេចក្តីពិតនោះតាមរបៀបដែលមិនត្រឹមត្រូវទៅវិញ។ តើលោកអ្នកបានរៀនអ្វីខ្លះចេញពីបទពិសោធន៍នោះ ដើម្បីកុំអោយលោកអ្នកបន្តនិយាយខុសតទៅទៀត? តើហេតុអ្វីបានជាការចែកចាយសេចក្តីពិតនៅពេលដែលយើងមានអារម្មណ៍ស្ងប់ជារឿងដ៏សំខាន់បំផុត?
រឿងខ្លី
ការបំពេញតម្រូវការដ៏គួរអោយភ្ញាក់ផ្អើលនៅឯប្រទេសសូដង់
ការរស់នៅឯប្រទេសសូដង់គឺជាបញ្ហាប្រឈមសម្រាប់ប្តីប្រពន្ធអាត់វេនទីស្ទមួយគូដែលធ្វើការសម្រាប់អង្គការអាដ្រា (ADRA)។ ចាប់ពីខែឧសភារហូតដល់ខែកញ្ញា សីតុណ្ហភាពឡើងពី៣៩ទៅដល់៤២អង្សាសេជារៀងរាល់ថ្ងៃ។ ភេសជ្ជៈគឺជាជំនួយ បន្ទាប់ពីការធ្វើការអស់រយៈពេលមួយថ្ងៃសម្រាប់ខ្ញុំ និងស៊ូសានណេ (Suzanne) ដែលជាប្រពន្ធរបស់ខ្ញុំ។
ពេលដែលត្រឡប់មកផ្ទះវិញនៅថ្ងៃមួយ ខ្ញុំបានដើរតាមស៊ូសានណេទៅក្នុងផ្ទះបាយ រួចឡើងអង្គុយនៅនឹងតុ ដើម្បីជជែកនៅពេលដែលនាងកំពុងចំអិនអាហារ។ ខណៈពេលដែលខ្ញុំអង្គុយនៅនឹងតុ យោលជើងរបស់ខ្ញុំចុះឡើងដូចជាក្មេងប្រុស ពេលនោះស៊ូសានណេបានសួរខ្ញុំថា តើខ្ញុំចង់ញុាំភេសជ្ជៈអ្វីដែរ។ ខ្ញុំបានសួរទៅវិញថា «តើអូនឯងមានភេសជ្ជៈអ្វីខ្លះដែរ?»។ នាងបានដាក់ដៃរបស់នាងនៅលើភ្លៅរបស់នាង រួចឆ្លើយប្រាប់ខ្ញុំដោយសំឡេងលះៗថា «យើងមានទឹកក្រូចហ្វាន់តា រូបបៀរ ឬស្ព្រាយ»។ «អូ...បងចង់បាន ស្្ឃ្វីត (Squirt)» ខ្ញុំបានតបទៅវិញដោយសំដៅទៅលើភេសជ្ជៈដែលខ្ញុំចូលចិត្តបំផុត តែខ្ញុំពុំដែលធ្លាប់ឃើញវាទាល់តែសោះតាំងតែខ្ញុំបានចាកចេញពីសហរដ្ឋអាមេរិកមក។
«ខ្ញុំអត់មានភេសជ្ជៈស្ឃ្វីតទេ» ស៊ូសានណេបានឆ្លើយដោយសំឡេងលះៗដូចមុន។ ខ្ញុំបានហក់ចុះពីតុផ្ទះបាយ រួចផ្តួលខ្លួនទៅលើឥដ្ឋ ហើយបានចាប់ផ្តើមស្រែកននៀលដូចជាកូនក្មេង។ ខ្ញុំទាមទារចង់បានភេសជ្ជៈនោះ ដោយយំននៀលដី។ ខ្ញុំបានស្រែកយំថា «ខ្ញុំចង់បានស្ឃ្វីត! ខ្ញុំចង់បានស្ឃ្វីត»។
វាគ្មានប្រយោជន៍ទេ។ យើងអត់មានស្ឃ្វីតទេ។ ខ្ញុំ និងស៊ូសានណេបានសើចយ៉ាងក្អាកក្អាយអំពីភាពឡប់ៗរបស់យើង។ ពេលវេលាបែបនេះធ្វើអោយយើងអាចទ្រាំបាននៅក្នុងថ្ងៃដ៏សែនក្តៅ។
ពីរម៉ោងក្រោយមក មិត្តរបស់ខ្ញុំម្នាក់បើកឡានចូលមកក្នុងផ្លូវផ្ទះរបស់យើង។ នាងបានធ្វើការជាមួយនឹងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិនៅក្នុងទីក្រុងខាទុំ (Khartoum) ដែល ជារដ្ឋធានីនៃប្រទេសសូដង់ និងមានតួនាទីជាមន្រ្តីទំនាក់ទំនងរបស់យើងសម្រាប់គម្រោងអាដ្រាជាច្រើនដែលផ្តល់មូលនិធិដោយទីភ្នាក់ងារយូអេសអេអាយឌី (USAID) ។ នាងបានអនុញ្ញាតអោយពួកយើងទៅទទួលសំបុត្រនៅឯទីតាំងការិយាល័យរបស់នាង តែនៅថ្ងៃនេះនាងបាននាំយកប្រអប់មួយមកដែលមានគ្រឿងសម្អាងសក់ជាច្រើនពីសហរដ្ឋអាមេរិក។ ខ្ញុំបានហែកបើកប្រអប់នោះ ដោយដឹងថា មិត្តជនជាតិអាមេរិកាំងរបស់យើងបានផ្ញើកាបូបយួរដៃសម្រាប់ស៊ូសានណេ។ ជាការពិតណាស់ កាបូបយួរដៃបានដាក់នៅខាងលើក្នុងប្រអប់នោះ។ នៅពីខាងក្រោមកាបូបយួរដៃទាំងនោះមានសាប៊ូអប់សក់ពីរកំប៉ុង។ ប៉ុន្តែ ចាំមួយភ្លែតសិន។ វាហាក់ដូចជាមានអ្វីបន្ថែមទៀតនៅខាងក្នុងប្រអប់នោះ។ កកាយចុះទៅខាងក្រោម កញ្ចប់ក្រដាស ខ្ញុំបានឃើញភេសជ្ជៈស្ឃ្វីតមួយដបដ៏ធំដែលកំពុងតែរង់ចាំខ្ញុំដោយសំបកបៃតងពីខាងក្រៅយ៉ាងភ្លឺ។
ខ្ញុំពុំបានស្នើសុំភេសជ្ជៈពីអ្នកណាម្នាក់នៅឯសហរដ្ឋអាមេរិកនោះទេ។ ប៉ុន្តែ ព្រះបានប្រទានតម្រូវការដ៏ពិសេសមួយនៅក្នុងថ្ងៃដ៏សែនក្តៅក្នុងប្រទេសសូដង់។ សប្តាហ៍មុនៗខ្ញុំបានសួររកភេសជ្ជៈពីស៊ូសានណេ ស្រាប់តែភេសជ្ជៈមួយដបនោះកំពុងតែនៅតាមផ្លូវមកឯទីក្រុងខាទុំ។ ព្រះបានយកព្រះទ័យទុកដាក់សូម្បីតែរឿងដ៏តូចតាចបំផុតនៅក្នុងជីវិតរបស់យើង ហើយទ្រង់មានព្រះទ័យសោមនស្សក្នុងការប្រទានអោយនូវរបស់ទាំងនោះ។ «ការរស់នៅគឺជាការផ្តល់អោយ» (The Desire of Ages, p.623)។ ព្រះបានសន្យាថា «តែអស់អ្នកណាដែលស្វែងរកព្រះយេហូវ៉ា នោះនឹងមិនខ្វះអ្វីដែលល្អឡើយ» (ទំនុកដំកើង ៣៤៖១០)។ នៅពេលដែលព្រះបានឃើញភាពឡប់ និងការយំននៀលដីរបស់ទូលបង្គំ ទ្រង់ប្រហែលជាបានញញឹមនិងគិតថា «ចូររង់ចាំមើលនូវអ្វីដែលខ្ញុំមាននៅក្នុងជង្រុកសម្រាប់អ្នកសិន»។