សូមអានខគម្ពីរធីម៉ូថេទី២ ៣៖១៤-១៧។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីមូលហេតុដែលព្រះគម្ពីរមានសារៈសំខាន់ក្នុងការអប់រំគ្រីស្ទាន?
គម្ពីរក្រឹត្យវិន័យ (Torah) គឺជាឈ្មោះកណ្ឌគម្ពីរទាំង៥នៃព្រះគម្ពីរសញ្ញាចាស់។ ពាក្យថា «Torah» តែងតែសរសេរថា «គម្ពីរក្រឹត្យវិន័យ»។ នោះគឺដោយសារតែមានក្បួនច្បាប់ជាច្រើននៅកណ្ឌទាំងនេះ។ ប៉ុន្តែ អត្ថន័យពិតនៃគម្ពីរក្រឹត្យវិន័យមានន័យថា «ការបង្រៀន»។ នៅពេលដែលមនុស្សគិតអំពី «ក្រឹត្យវិន័យ» ពួកគេសំដៅទៅលើ «ក្បួនច្បាប់» ដែលពួកគេត្រូវតែធ្វើតាមដើម្បីអោយបានគាប់ព្រះហឫទ័យព្រះ។ ប៉ុន្តែ «ក្រឹត្យវិន័យ» ពុំមានអត្ថន័យយ៉ាងដូច្នោះឡើយ។ ក្រឹត្យវិន័យគឺជាការបង្រៀនយើងអំពីរបៀបធ្វើតាមសេចក្តីសញ្ញាជាមួយនឹងព្រះ។
២ផ្នែកបន្ទាប់ទៀតនៃព្រះគម្ពីរហេព្រើរគឺជាកណ្ឌគម្ពីររបស់ពួកហោរា។ កណ្ឌគម្ពីររបស់ពួកហោរាបានបង្ហាញអំពីកម្រិតល្អប៉ុនណានៃរាស្ត្ររបស់ព្រះដែលបានដឹងដំណឹងថា ទ្រង់បានបង្រៀនពួកគេ និងកម្រិតល្អប៉ុនណាដែលពួកគេរស់នៅតាមការបង្រៀននេះ។ ផ្នែកចុងក្រោយនៃព្រះគម្ពីរសញ្ញាចាស់ ត្រូវបានគេហៅថា «សំណេរផ្សេងៗ» នៅក្នុងភាសាហេព្រើរ។ សំណេរទាំងនេះមានពេញទៅដោយ ឧទាហរណ៍ដែលបង្ហាញអំពីបទពិសោធន៍គ្រូ និងសិស្សរបស់ពួកគេ។ គ្រូ និងសិស្សមួយចំនួនគឺអ្នកដែលទទួលបានជោគជ័យ។ រីឯខ្លះទៀតពុំសូវទទួលបានជោគជ័យប៉ុន្មាននោះទេ។ គំរូរបស់មនុស្សដែលទទួលបានជោគជ័យនៅក្នុងការរៀនមេរៀនរបស់ពួកគេនោះមានដូចជាព្រះនាងអេសធើរ នាងរស់ លោកដានីយ៉ែល និងលោកយ៉ូប។ មនុស្សខ្លះដែលអាក់ខានពុំបានរៀនមេរៀនរបស់ពួកគេគឺជាមិត្តភកិ្តទាំង៤របស់លោកយ៉ូប។ កណ្ឌគម្ពីរទំនុកដំកើងគឺជាសៀវភៅចម្រៀង។ ទោះជាយ៉ាងនោះក្តី វាគួរតែមានយ៉ាងហោចណាស់ទំនុកដំកើង៣បទដែលបង្រៀនមេរៀនដល់យើងមានដូចជាបទទំនុកដំកើង១ បទទំនុកដំកើង ៣៧ និងបទទំនុកដំកើង ៧៣។
ក្នុងព្រះគម្ពីរសញ្ញាថ្មី យើងមានដំណឹងល្អដូចជា កណ្ឌគម្ពីរម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន។ ដំណឹងល្អផ្តល់មេរៀនជាច្រើនដល់យើងដែលបង្រៀនយើងអំពីសេចក្តីពិតខាងឯវិញ្ញាណ។ ឧទាហរណ៍ រឿងប្រៀបធៀបរបស់ព្រះយេស៊ូវជាដើម។ សំបុត្ររបស់លោកប៉ុលជាច្រើនបានផ្តើមឡើងដោយការប្រកាសយ៉ាងខ្លាំងក្លាអំពីដំណឹងល្អ។ ប៉ុន្តែ សំបុត្រទាំងនេះបានបញ្ចប់ដោយមេរៀនអំពីជីវិតប្រចាំថ្ងៃសម្រាប់គ្រីស្ទានទៅវិញ។ កណ្ឌគម្ពីរវិវរណៈពោរពេញដោយការបង្រៀននៃព្រះគម្ពីរ។ យើងឃើញឧទាហរណ៍នេះនៅក្នុងខគម្ពីរវិវរណៈ ៥៖១-៥។ ក្នុងខទាំងនេះយើងឃើញសៀវភៅបិទត្រាទុកដែលមានតែកូនចៀម ប៉ុណ្ណោះដែលអាចបើកសៀវភៅនោះបាន។ កូនចៀមគឺជាព្រះយេស៊ូវដែលជាគ្រូដ៏ចំណានរបស់យើង។ សៀវភៅដែលបិទត្រាទុកបានបង្ហាញអំពីអនាគតនៃពួកជំនុំរបស់ព្រះយេស៊ូវ។ ចំណេះដឹងនៅក្នុងកណ្ឌគម្ពីរនេះនឹងជួយដល់ពួកគ្រីស្ទានដែលកំពុងតែរស់នៅក្នុងគ្រាចុងក្រោយ។
ពុំមែនគ្រប់ទាំងការបង្រៀនទាំងអស់ក្នុងគម្ពីរក្រឹត្យវិន័យសុទ្ធតែអាចយកមកប្រើនៅក្នុងសម័យយើងបាននោះទេ។ សូមក្រឡេកមើលខគម្ពីរចោទិយកថា ១៧៖១៤-២០ ជាឧទាហរណ៍។ ខទាំងនេះ បានចែងអំពីការជ្រើសរើសស្តេចមួយអង្គ។ ជាការពិតណាស់ សព្វថ្ងៃនេះ យើងមិនជ្រើសរើសស្តេចអោយបម្រើនៅក្នុងពួកជំនុំរបស់យើងទៀតឡើយ។ ដូច្នេះ តើយើងសម្រេចបានថា ការបង្រៀនណាខ្លះនៅក្នុង ព្រះគម្ពីរដែលយើងគួរតែយកមកប្រើសម្រាប់សម័យយើងនេះ?
ថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០
ពួកបុរស និងស្ត្រីដែលមានប្រាជ្ញា
សព្វថ្ងៃនេះ យើងបានយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា សាលារៀន ការសិក្សា និងការអប់រំ។ ប៉ុន្តែ ពាក្យទាំងនេះពុំបានប្រើនៅក្នុងព្រះគម្ពីរជាញឹកញាប់នោះទេ។ ពាក្យមួយដែលត្រូវបានភាគច្រើននៅក្នុងព្រះគម្ពីរគឺពាក្យថា «ប្រាជ្ញា»។ ព្រះគម្ពីរសញ្ញាចាស់បានចែងអំពីពួកបុរស និងស្ត្រីដែលមានប្រាជ្ញា (សាំយូអែលទី២ ១៤៖២; សុភាសិត១៦៖២៣)។
សូមអានពង្សាវតារក្សត្រទី១ ៤៖២៩-៣៤។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីសារៈសំខាន់នៃប្រាជ្ញា?
ព្រះគម្ពីរបានបង្ហាញប្រាប់យើងថា ស្តេចសាឡូម៉ូនគឺជាស្តេចដែលមានប្រាជ្ញាបំផុត។ ទ្រង់បានសរសេរអំពីជីវិតនៃសត្វ និងរុក្ខជាតិនៅក្នុងព្រះគម្ពីរ។ ទ្រង់ក៏បានសរសេរសុភាសិតជាច្រើនផងដែរ។ សុភាសិតគឺជាការបង្រៀនប្រកបដោយប្រាជ្ញា។ ទ្រង់គឺជាស្តេចដែលបានទទួលការអប់រំ (ពង្សាវតារក្សត្រទី១ ៤៖២៩-៣៤)។ ទ្រង់បានសរសេរផ្នែកនៃកណ្ឌគម្ពីរសុភាសិត និងកណ្ឌគម្ពីរសាស្តាជាច្រើន។ កណ្ឌគម្ពីរទាំងនេះមានពេញទៅដោយការបង្រៀនប្រកបដោយប្រាជ្ញារបស់ទ្រង់ និងអ្នកដទៃទៀតនៅក្នុងសម័យព្រះគម្ពីរ (សូមអានខគម្ពីរសុភាសិត ១៖១; សុភាសិត ២៥៖១; សុភាសិត ៣០៖១ និងសុភាសិត ៣១៖ ១)។
ព្រះគម្ពីរបានបង្ហាញប្រាប់យើងថា ប្រាជ្ញាគឺអ្វីមួយដែលយើងបានរៀនពីឪពុកម្តាយ និងគ្រូជានិច្ចកាលនៅពេលដែលយើងនៅក្មេងវ័យ (សាស្តា ១២៖១)។ ប៉ុន្តែ បុគ្គលម្នាក់នឹងរៀនអំពីប្រាជ្ញាពេញមួយជីវិតរបស់គេ។ ប្រាជ្ញាក៏រួមបញ្ចូលទាំងមេរៀនសម្រាប់ជីវិតប្រចាំថ្ងៃផងដែរ។ ខគម្ពីរសុភាសិត ៦៖ ៦- ៨ ជាឧទាហរណ៍ផងដែរ។ ខទាងនេះបានបង្ហាញយើងថា យើងមានអ្វីជាច្រើនដែលរៀនពីស្រមោច។ ស្រមោចប្រមូលស្បៀងទុកនៅរដូវក្តៅដើម្បីអោយពួកវាមានអាហារគ្រប់គ្រាន់សម្រាប់រដូវរងា។
ប្រាជ្ញាមិនត្រឹមតែជាដំបូន្មានអំពីជីវិតប្រចាំថ្ងៃនោះទេ។ ប្រាជ្ញាក៏មានផ្នែកខាងឯវិញ្ញាណផងដែរ។ ប្រាជ្ញាបានចាប់ផ្តើមឡើងដោយសេចក្តីជំនឿនៅក្នុងព្រះ។ ប្រាជ្ញាធ្វើតាមក្បួនច្បាប់សំខាន់ៗ (សុភាសិត ១៖៧)។ ប្រាជ្ញាជួយយើងអោយមានទំនួលខុសត្រូវនៅក្នុងជីវិត។ ប្រាជ្ញាជួយយើងអោយក្លាយជាព្រះពរដល់អ្នកដទៃផងដែរ។ ប្រាជ្ញាពុំបានឆ្លើយរាល់សំណួរដែលយើងមាននោះទេ។ ប៉ុន្តែ ប្រាជ្ញាជួយយើងអោយមានសេចក្តីរីករាយជាមួយនឹងអ្វីដែលយើងបានដឹង។ ទន្ទឹមនឹងនេះ ប្រាជ្ញាធ្វើអោយយើងបន្តស្វែងរកអ្វី ដែលយើងពុំទាន់បានដឹង។ បន្ទាប់មក យើងនឹងបានស្គាល់ព្រះកាន់តែប្រសើរឡើង ព្រមទាំងជឿទុកចិត្តលើសេចក្តីស្រឡាញ់របស់ទ្រង់ផងដែរ។ ខគម្ពីរយេរេមា ១៨៖១៨ បានបង្ហាញប្រាប់យើងថា កិច្ចការរបស់គ្រូដែលប្រកបដោយប្រាជ្ញាមានសារៈសំខាន់នៅក្នុងព្រះនេត្ររបស់ព្រះ។ កិច្ចការជាគ្រូស្មើនឹងកិច្ចការនៃមេដឹកនាំសាសនា និងហោរាម្នាក់ដូច្នោះដែរ។ ពួកគ្រូ មេដឹកនាំសាសនា និងហោរាត្រូវបង្ហាញសារមកពីព្រះដល់រាស្ត្ររបស់ទ្រង់។ ពួកគេអាចធ្វើដូច្នោះបានតាមរយៈការបង្រៀនក្រឹត្យវិន័យ ការផ្តល់ដំបូន្មាន និងសារមកពីព្រះ។
តើយើងអាចទទួលបានប្រាជ្ញាដោយរបៀបណា? តើយើងអាចផ្ទេរប្រាជ្ញាទៅអោយអ្នកជំនាន់ក្រោយយ៉ាងដូចម្តេច? តើហេតុអ្វីបានជាកិច្ចការនេះសំខាន់ម៉្លេះ?
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០
ការអប់រំនៅក្នុងពួកជំនុំដំបូង
យើងឃើញក្បួនច្បាប់សំខាន់ៗបំផុតអំពីការបង្រៀននៅក្នុងជីវិតរបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវដែលជាគ្រូដ៏ចំណានបានត្រៀមជាស្រេចក្នុងការចាកចេញពីសិស្សរបស់ទ្រង់។ ពួកគេបាននៅជាមួយទ្រង់ អស់រយៈពេល៣ឆ្នាំកន្លះ។ នោះក៏ជាចំនួនឆ្នាំដែលជិតស្មើនឹងពេលវេលាដែលយើងរៀននៅមធ្យមសិក្សា ឬមហាវិទ្យាល័យដូច្នោះដែរ។ នៅចុងបញ្ចប់នៃឆ្នាំសិក្សានោះ និស្សិតត្រូវបានគេរំពឹងថា នឹងត្រៀមខ្លួនជាស្រេចក្នុងការចាត់ចែងលើជីវិតដោយខ្លួនឯង។
ប៉ុន្តែ ព្រះយេស៊ូវបានជ្រាបអំពីរឿងនេះច្បាស់ជាងអ្នកណាទាំងអស់។ ម៉្លោះហើយ ទ្រង់បានប្រទានដល់សិស្សរបស់ទ្រង់នូវអ្វីដែលយើងហៅថា «ការអប់រំបន្ត» សព្វថ្ងៃេនះ។ ចំពោះសិស្សរបស់ព្រះយេស៊ូវ។ ការអប់រំបន្តនេះនឹងក្លាយទៅជាការបង្រៀនបន្ថែមមកពីព្រះវិញ្ញាណបរិសុទ្ធ។ ព្រះគម្ពីរក៏ បានហៅព្រះវិញ្ញាណថា ជាអង្គដែលកំសាន្តចិត្តយើង និងជាអង្គជំនួយផងដែរ។ អង្គជំនួយចេញមកពីភាសាក្រេកដែលហៅថា «ប៉ារ៉ាខ្លេតូស (parakletos)»។ ព្រះបានប្រទានព្រះវិញ្ញាណដល់សិស្សរបស់ ព្រះយេស៊ូវទុកជាអំណោយ។ អំណោយនេះនឹងមិនអាចដកហូតពីពួកគេបានឡើយ ក្រោយពីបានប្រគល់អោយដល់ពួកគេហើយ (យ៉ូហាន ១៤៖១៦, ១៧)។ ព្រះវិញ្ញាណក៏ត្រូវបានហៅថា ជាព្រះវិញ្ញាណនៃសេចក្តីពិតផងដែរ។ ជាការពិតណាស់ គេពុំបានហៅព្រះវិញ្ញាណបរិសុទ្ធថា ជាគ្រូ ឬអ្នកអប់រំនោះទេ។ ប៉ុន្តែ កិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធគឺដើម្បីបង្រៀន។ ទ្រង់បានជួយយើងអោយស្វែងរកឃើញសេចក្តី ពិត។
សូមអានខគម្ពីរកូរិនថូសទី១ ២៖១-១៦។ តើលោកប៉ុលកំពុងតែមានប្រសាសន៍អំពីអ្វីនៅក្នុងខទាំងនេះ? តើហេតុអ្វីបានជាសេចក្តីនោះសំខាន់សម្រាប់ការអប់រំ?
លោកប៉ុលបានផ្តើមឡើងដោយការបង្ហាញប្រាប់ពួកជំនុំកូរិនថូសថា គាត់មានប្រសាសន៍អំពីព្រះយេស៊ូវ និងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់តែប៉ុណ្ណោះ (កូរិនថូសទី១ ២៖២) នៅពេលដែលគាត់បានមកដល់ក្រុងកូរិនថូសជាលើកដំបូង។ លោកប៉ុលពុំបានបង្ហាញពាក្យឆ្លាតវៃនៃប្រាជ្ញាដល់អ្នកក្រុងកូរិនថូសនោះទេ។ គាត់បានអធិប្បាយអំពីដំណឹងល្អតែប៉ុណ្ណោះ។ ប៉ុន្តែ នោះពុំមែនជាសេចក្តីបញ្ចប់ នៃការសិក្សារបស់ពួកគេនោះឡើយ (កូរិនថូសទី១ ២៖៦)។ បន្ទាប់ពីពួកគ្រីស្ទានថ្មីៗទាំងនេះបានរៀនមេរៀនរបស់លោកប៉ុលរួចហើយ នោះគាត់នឹងត្រឡប់មកបង្រៀនពួកគេអំពីប្រាជ្ញាបន្ថែមទៀត (កូរិនថូស ទី១ ២៖៧; កូរិនថូសទី១ ២៖១០)។ ព្រះវិញ្ញាណរបស់ព្រះនឹងចូលរួមជាមួយនឹងវិញ្ញាណរបស់អ្នករៀន។ បន្ទាប់មក ទ្រង់នឹងជួយដល់ការសិក្សារបស់ពួកគេ។
តើការសិក្សានោះស៊ីជម្រៅដល់កម្រិតណាដែរ? តើមនុស្សដែលបាននាំដោយព្រះវិញ្ញាណអាចរៀនបានច្រើនប៉ុនណាដែរ? លោកប៉ុលបានបង្ហាញយើងនូវចម្លើយនៅជំពូកចុងក្រោយរបស់គាត់ដែលគាត់បញ្ចប់ដោយសម្រង់មតិចេញពីខគម្ពីរអេសាយ ៤០៖១៣ ដែលចែងថា៖ «តើអ្នកណាស្គាល់គំនិតនៃព្រះអម្ចាស់ តើអ្នកណានឹងបង្រៀនទ្រង់បាន តែយើងរាល់គ្នាមានគំនិតជារបស់ផងព្រះគ្រីស្ទវិញ» (កូរិនថូសទី១ ២៖១៦)។ លោកប៉ុលបានបង្ហាញយើងថា គ្រីស្ទានដែលប្រកបដោយព្រះវិញ្ញាណអាចចូលរួមជាមួយនឹងគំនិតរបស់ព្រះ។ បន្ទាប់មក ពួកគេអាចទទួលបានកម្រិតនៃការសិក្សា និងយល់ដឹងតាមដែល ព្រះចង់ប្រទានដល់ពួកគេ ដើម្បីអោយពួកគេបានសង្គ្រោះ (កូរិនថូសទី១ ២៖១០-១៣)។
ថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០
សិក្សាបន្ថែម
ព្រះយេស៊ូវបានសូមអោយសិស្សរបស់ទ្រង់ចែកចាយដំណឹងល្អ។ រឿងនោះបានផ្តើមកិច្ចការដ៏អស្ចារ្យនៅលើផែនដីទាំងមូល។ បន្ទាប់មក សិស្សរបស់ព្រះយេស៊ូវបានចេញទៅបង្កើតសិស្សសម្រាប់ព្រះយេស៊ូវនៅគ្រប់ទាំងទីកន្លែង។ ពួកគេបានបង្រៀនពួកសិស្សពីគ្រប់ទាំងសេចក្តីដែលព្រះយេស៊ូវបានបង្រៀនដល់ពួកគេ។ ពួកគេបានធ្វើបុណ្យជ្រមុជទឹកអោយសិស្សថ្មីៗទាំងនេះ។ អ្នកមានជំនឿថ្មីៗមកពីប្រទេសផ្សេងៗគ្នា។ ពួកគេនិយាយភាសាខុសៗគ្នា។ ខណៈពេលដែលពួកគេងើបពីទឹកឡើងវិញ ពួកគេបានចាប់ផ្តើមការអប់រំរបស់ពួកគេជាគ្រីស្ទាន។ រឿងនេះគ្មានអ្វីគួរអោយភ្ញាក់ផ្អើល។ អ្នកមានជំនឿថ្មីៗទាំងនេះមានរឿងជាច្រើនដែលត្រូវរៀន។
គ្រីស្ទានតែងតែរៀនជានិច្ច។ រឿងនេះពុំមែនដោយសារតែពួកគេចូលចិត្តរៀន ឬចង់បានចំណេះដឹងបន្ថែមទៀតនោះទេ។ ទេ ពួកគេចង់បានលើសពីនេះទៅទៀត។ លោកអ្នកក៏ឃើញដែរថា ជីវិត និងសេចក្តីជំនឿរបស់គ្រីស្ទានបានបំពេញគ្រប់ទាំងផ្នែកនៃជីវិតប្រចាំថ្ងៃ។ មានរឿងជាច្រើនដែលត្រូវរៀន។ ដោយព្រោះហេតុនេះ ព្រះគម្ពីរសញ្ញាថ្មីមានពេញដោយដំណឹងល្អអំពីព្រះយេស៊ូវ និងការបង្រៀនថា ពួកគ្រីស្ទានត្រូវការរៀនបន្ថែម។ ខគម្ពីរកូរិនថូសទី១ ២៖២ ជាឧទាហរណ៍មួយនៃការប្រកាសអំពីដំណឹងល្អ។ ការបង្រៀនបានចាប់ផ្តើមនៅក្នុងបទគម្ពីរកូរិនថូសទី១ ៤ និងបន្តទៅមុខទៀតនៅក្នុងសំបុត្រដែល នៅសេសសល់។ តើគ្រីស្ទានត្រូវតែរៀនអ្វីខ្លះ?
ពួកគេត្រូវតែរៀនអំពីកិច្ចការ ការសំរាក ឥរិយាបថល្អ របៀបចុះចូលជាមួយនឹងមនុស្ស ពួកជំនុំ និងការថ្វាយបង្គំ ការគ្រប់គ្រងថវិកា ការមើលថែរក្សាអ្នកក្រីក្រ ការធ្វើជាពលរដ្ឋដ៏ល្អ ការណែនាំ គ្រួសារ អាពាហ៍ពិពាហ៍ ការចិញ្ចឹមកូន អាហារ និងរបៀបចំអិនអាហារ សំលៀកបំពាក់ វ័យចាស់ជរា និងរបៀបត្រៀមខ្លួនជាស្រេចសម្រាប់ទីបញ្ចប់នៃជីវិត និងសម្រាប់ការយាងមករបស់ព្រះយេស៊ូវ។ ការដែលក្លាយមកជាគ្រីស្ទានមានន័យថា ការរៀនអំពីរឿងទាំងនេះ និងអ្វីៗផ្សេងទៀត។ វាពុំមែនជារឿងធម្មតានោះទេដែលយើងអាចយល់ពីរឿងទាំងនេះដោយខ្លួនឯងបាន។ យើងចាំបាច់ត្រូវតែរៀនអំពីរឿងទាំងនេះ។
សំនួរពិភាក្សា៖
- តើការអប់រំគ្រីស្ទានមានសារៈសំខាន់យ៉ាងដូចម្តចចំពោះកិច្ចការដែលយើងធ្វើតាមរយៈការចែកចាយដំណឹងល្អជាមួយនឹងអ្នកដទៃ?
- តើអ្នកស្រីអែល្លិន ជីវ៉ៃត៍ចង់មានន័យយ៉ាងណានៅពេលដែលអ្នកស្រីសរសេរថា «ស្ថានសួគ៌គឺជាសាលារៀន» នោះ(Education, page 301)?
- សូមអានខគម្ពីរកូរិនថូសទី១ ២៖១-១៦ ម្តងទៀត។ សូមក្រឡេកមើលចំណុចដែលលោកប៉ុលបានបង្ហាញប្រាប់យើងអំពីអ្វីដែលព្រះបានបង្ហាញដល់យើងដោយមានជំនួយពីព្រះវិញ្ញាណរបស់ទ្រង់។ សូមគិតអំពីប្រសាសន៍របស់លោកប៉ុលដែលថា ពួកមេដឹកនាំ និងប្រាជ្ញាលោកីយ៍នឹងត្រូវបញ្ចប់ទៅ។ លោក ប៉ុលបានមានប្រសាសន៍អំពីរឿងនេះជាយូរណាស់មកហើយ។ តើប្រសាសន៍របស់គាត់ត្រឹមត្រូវប៉ុនណា ដែរនៅសព្វថ្ងៃនេះ? តើនឹងមានអ្វីកើតឡើងចំពោះ «ប្រាជ្ញា» លោកីយ៍របស់យើងមួយចំនួន?
រឿងខ្លី
រស់ឡើងវិញនៅក្នុងប្រទេសឥណ្ឌូនេស៊ី
និស្សិតបេសកជនពីរនាក់បានសួរសុខទុក្ខលោកសាន់បេ ជីដែលជាអ្នកមើលការខុសត្រូវពួកគេដោយសេចក្តីរំភើបរីករាយនៅពេលដែលគាត់បានទៅដល់ភូមិព្រៃរបស់ពួកគេនៅលើកោះប៉ាពួ (Papua) ប្រទេសឥណ្ឌូនេស៊ី។
សាន់តូស (Santos) ដែលជានិស្សិតបេសកជនអាយុ២២ឆ្នាំមកពីសាកលវិទ្យាល័យសេវេនដេយអាត់វេនទីស្ទ យូនីវឺស៊ីតាស ខ្លាបាត (Univerisitas Klabat) នៅលើកោះ សូឡាវេស៊ី (Sulawesi) ដែលនៅសែនឆ្ងាយបាននិយាយថា «លោកគ្រូ ពួកយើងមានរឿងល្អមួយមកប្រាប់ដល់លោកគ្រូ។ ពួកយើងបានអធិស្ឋានអោយក្មេងស្រីអាយុ៨ឆ្នាំម្នាក់ដែលបានស្លាប់ហើយ រួចនាងបានរស់ឡើងវិញ»។ លោកគ្រូសាន់បេដែលជាអ្នកបម្រើការជាប្រធាននៃចលនាបេសកជន១០០០នាក់នៅភាគខាងត្បូងបានជិះយន្តហោះតូចមួយមក រួចដើរ១យប់២ថ្ងៃ ទើបទៅដល់ភូមិប៉ាពួក្នុងស្រុកសាមារ (Samir) ។ គាត់ចុះមកបង្វឹកនិស្សិតបេសកជននៅពាក់កណ្តាលឆ្នាំនៃការបម្រើបេសកកម្មក្នុងរយៈពេលមួយឆ្នាំរបស់ពួកគេ ប៉ុន្តែ ជាដំបូងគាត់ចង់ស្តាប់អំពីក្មេងស្រីនោះ។ និស្សិតបេសកជនបានរ៉ាយរ៉ាប់អំពីរឿងដ៏គួរអោយភ័យខ្លាចមួយ បានកើតឡើងកាលពីពីរបីថ្ងៃមុននេះ។ ពេលត្រឡប់មកពីការសួរសុខទុក្ខនៅតាមផ្ទះរួចមក ពួកគេបានឃើញអ្នកភូមិយំ និងសូត្រធម៌នៅក្នុងបន្ទប់នៃខ្ទមមួយរបស់មេភូមិ។ អ្នកភូមិកំពុងកាន់ទុក្ខចំពោះណាអូមី ដែលជាកូនស្រីរបស់មេភូមិ នាងបានស្លាប់កាលពី២ម៉ោងមុន ហើយកំពុងតែដេកនៅលើរនាបខ្ទម។ គ្រូអាបធ្មប់ម្នាក់កំពុងតែដឹកនាំអ្នកភូមិសូត្រធម៌។
និស្សិតបេសកជនទាំង២បានចាប់ផ្តើមយំ។ ពួកគេចង់អោយអ្នកភូមិងាកចេញពីព្រះនៃដើមឈើ និងសត្វរបស់ពួកគេដែលគ្មានជីវិត ហើយបែរមកជឿទុកចិត្តលើព្រះនៃឋានសួគ៌វិញ។ សាន់តូស និងមិត្ត របស់គាត់បានអង្គុយនៅជិតនាងណាអូមី។ សាន់តូសបានលើកនាងថ្នមៗ ហើយដាក់ដៃព័ទ្ធជុំវិញនាង។ គាត់បានអធិស្ឋានថា «ឱព្រះអង្គអើយ សូមបង្ហាញការអស្ចារ្យដល់អ្នកភូមិទាំងនេះផង។ ពួកយើងបានបង្រៀនព្រះគម្ពីរដល់ពួកគេ ហើយពួកគេក៏បានស្តាប់ការបង្រៀនរបស់ពួកយើងដែរ។ សូមទ្រង់បង្ហាញពួកគេអោយ ឃើញថា ទ្រង់មានអំណាចលើសជាងដើមឈើ និងសត្វទៅទៀតផង»។ បេសកជនទាំង២បានអធិស្ឋានអស់ រយៈពេល២ម៉ោងដោយឱបសពរបស់នាងណាអូមីទាំងយំ។ ពួកគេបានច្រៀងចម្រៀងនៃដំណឹងល្អមួយដែលមានចំណងជើងថា «ដោយព្រោះទ្រង់រស់»។ អ្នកភូមិបានរំជួលចិត្តដោយឃើញទឹកភ្នែក ការអធិស្ឋាន និងឮចម្រៀង។ រំពេចនោះ ស្រាប់តែនាងណាអូមីបានភ្ញាក់ឡើង។ នាងបានងាកទៅរកម្ដាយដែលពេញដោយភាពស្រឡាំងកាំង។ នាងនិយាយថា «ម៉ាក់ខ្ញុំឃ្លានណាស់ម៉ាក់» ។ ឪពុករបស់នាងដែលជាមេភូមិបាន ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ គាត់បានឃើញអ្វីមួយដែលមានអំណាចអស្ចារ្យជាងដើមឈើ និងសត្វទៅទៀត។
មេភូមិបានប្រមែប្រមូលអ្នកភូមិសម្រាប់ថ្នាក់ព្រះគម្ពីរនៅពេលដែលលោកគ្រូសាន់បេបានមកដល់។ អ្នកភូមិដែលពេញវ័យទាំងអស់៥៧ នាក់បានថ្វាយចិត្តរបស់ពួកគេដល់ព្រះយេស៊ូវ។ សព្វថ្ងៃនេះលោកសាន់បេគឺជានាយកនៃថ្នាក់សិក្ខាសាលា និងមហាវិទ្យាល័យអាត់វេនទីស្ទប៉ាគីស្ថានបាននិយាយថា «វាជាបាដិហារ្យដ៏អស្ចារ្យមួយ។ មនុស្សខ្លះអាចនឹងគិតថា ការរស់ឡើងវិញបានកើតឡើងកាលពីរពាន់ឆ្នាំមុនតែប៉ុណ្ណោះ ប៉ុន្តែ ការអស្ចារ្យនៅតែកើតឡើងសព្វថ្ងៃនេះនៅពេលដែលយើងជឿទុកចិត្តទាំងស្រុងទៅលើព្រះ»។
អំណានដង្វាយប្រចាំសប្តាហ៍
ជីវិតសាមញ្ញធម្មតា
លោកផាវែល ហ្គូយ៉ា ដែលជាបណ្ណាធិការទស្សវដ្តី Ministry តែងតែនឹកចាំរឿងល្អៗពីផ្ទះរបស់ឪពុកម្តាយលោក។ បើទោះបីជាឪពុករបស់លោកជាអ្នកម៉ៅការសំណង់ដ៏ធូរធារមួយរូបក្នុងជំនាន់កុម្មុយនីស្តរ៉ូម៉ានីក្តី ក៏គ្រួសាររបស់លោកមិនដែលប្រើឡានទំនើប គ្រឿងសង្ហារិមថ្លៃៗ ឬវិឡាធំស្កឹមស្កៃឡើយ។ លោកហ្គូយ៉ានៅចាំពាក្យសំដីដែលឪពុកនិយាយទៅកាន់ម្តាយរបស់លោកថា «ប្រសិនបើជីវភាពយើងប្រសើរឡើង យើងគួរតែជួយដល់កិច្ចការរបស់ព្រះ។ យើងមិនអាចយកអ្វីទៅតាមខ្លួនបានឡើយពេលដែលស្លាប់ទៅ។ ដូច្នេះ ចូរយើងប្រើទ្រព្យសម្បត្តិរបស់យើងសម្រាប់ជួយសង្គ្រោះព្រលឹងមនុស្សចុះ»។
លោកហ្គូយ៉ាមានប្រសាសន៍ថា «ថ្ងៃមួយពេលដែលយើងកំពុងកសាងព្រះវិហារ ឪពុកខ្ញុំបានយកលុយចំនួន២៥០០០ដុល្លារដែលបានមកពីការប្រក់ដំបូលឲ្យសាលារៀនមួយកន្លែង។ ម្តាយរបស់ខ្ញុំបានសួរថា តើយើងគួរថ្វាយព្រះប៉ុន្មាន? តើ១០ភាគរយមែនទេ? ឪពុកខ្ញុំតបថា អត់ទេ អត់ទេ គឺត្រូវថ្វាយទាំងអស់តែម្តង។ បន្ទាប់មកម្តាយខ្ញុំបបួលថា ចូរយើងទុក២០០០ដុល្លារទៅសម្រាប់ការចាយវាយក្នុងផ្ទះនិងគ្រាអាសន្ន។ ឪពុកខ្ញុំក៏យល់ព្រមដោយសម្រេចថា ថ្វាយព្រះ៩០ភាគរយ និងទុកតែ១០ភាគរយប៉ុណ្ណោះ»។
លោកហ្គូយ៉ានឹកចាំថា «ជួនកាលឪពុកខ្ញុំថ្វាយពាក់កណ្តាលទៅព្រះ អាស្រ័យទៅតាមសេចក្តីត្រូវការរបស់ព្រះវិហារ មិនមែនតាមសេចក្តីត្រូវការរបស់យើងឡើយ។ គាត់បានរំព្ញកថា តើនរណាជាអ្នកប្រទានលុយកាក់ដល់យើង? តើនរណាជាអ្នកប្រទានសុខភាពដល់យើង? ទ្រង់នឹងប្រទានដល់យើងថែមទៀត។ ចូរថ្វាយទាំងអស់ចុះ។ ចូរថ្វាយទាំងអស់ទៅព្រះវិហារចុះ»។
លោកហ្គូយ៉ាបន្តថា «រឿងបែបនោះមិនមែនកើតឡើងតែម្តងទេ ពួកយើងឮឪពុកខ្ញុំរំព្ញករឿងនេះម្តងហើយម្តងទៀត រហូតដល់ចាំជាប់នឹងត្រចៀក និងប្រព្រឹត្តវាជាទម្លាប់ទៅហើយ»។
សេចក្តីអំពាវនាវ៖ តើព្រះជាម្ចាស់អាចប្រើលោកអ្នកឲ្យបង្រៀនកូនចៅរបស់លោកអ្នកអំពីសារៈសំខាន់នៃការរស់នៅសាមញ្ញ និងការថ្វាយដង្វាយដោយស្ម័គ្រពីចិត្តទៅព្រះដោយរបៀបណា ដែលអាចជួយឲ្យចិត្តរបស់ពួកគេនៅជាប់នឹងព្រះអង្គជានិច្ចនោះ? ប្រសិនបើយើងអាចបង្កើតទម្លាប់ថ្វាយដង្វាយដល់កូនចៅរបស់យើងតាំងពីពួកគេនៅក្មេង ទម្លាប់នេះអាចការពារពួកគេឲ្យរួចពីសម្ភារៈនិយម និងការបរិភោគអាហារថ្លៃៗ ប្រែនៗបាន។ ឧទាហរណ៍ លោកអ្នកអាចឲ្យលុយកាក់បន្តិចបន្តួចទៅពួកគេ ហើយបង្រៀនពួកគេឲ្យចេះដាក់ដង្វាយ១០ហូត១ និងដង្វាយតាមពាក្យសន្យា (យ៉ាងទៀងទាត់ ជាប្រព័ន្ធ និងជាភាគរយ) មុននឹងចំណាយទៅលើអ្វីផ្សេងទៀត។ ព្រះយេស៊ូវបង្រៀនថា ទីណាដែលកូនក្មេងដាក់ដង្វាយ ចិត្តរបស់ពួកគេនឹងដក់ជាប់នៅទីនោះផងដែរ (ម៉ាថាយ ៦៖២១)។
សេចក្តីអធិដ្ឋាន៖ ឱព្រះអម្ចាស់អើយ ខណៈដែលយើងខ្ញុំថ្វាយបង្គំព្រះអង្គតាមរយៈដង្វាយ១០ហូត១ និងសទ្ធានៅពេលនេះ សូមជួយយើងកុំឲ្យត្រឹមតែថ្វាយសម្រាប់សិរីល្អទ្រង់ប៉ុណ្ណោះឡើយ ប៉ុន្តែសូមឲ្យបានថ្វាយដើម្បីទុកជាគំរូ និងជាការអប់រំដល់ក្មេងជំនាន់ក្រោយផងដែរ។