មេរៀនទី៩​៖ ២៣-២៩ ឧសភា ២០២០

ព្រះបង្កើតផែនដី៖ សេចក្តីពិតនៃព្រះគម្ពីរ និងលោកុប្បត្តិ វគ្គ២

Jeans
ថ្ងៃសៅរ៍ ទី២៣ ឧសភា ឆ្នាំ២០២០
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ វិវរណៈ ៧៖១; វិវរណៈ ២០៖៧, ៨; លោកុប្បត្តិ ១-២៖ ៤; លោកុប្បត្តិ ៥; លោកុប្បត្តិ ១១។

ខចងចាំ៖ «ផ្ទៃ​មេឃ​សំដែង​ពី​សិរីល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ក៏​បង្ហាញ​ការ ដែល​ព្រះហស្ត​ទ្រង់​ធ្វើ» (ទំនុកដំកើង ១៩៖១)។

ទស្សនវិទូដ៏ល្បីល្បាញជាច្រើនក្នុងអតីតកាលបានអានព្រះគម្ពីរ។ ពួកគេបានសិក្សាស្វែងយល់ពីរបៀបដែលព្រះបានបង្កើតផែនដី។ សេចក្តីពិតនៃព្រះគម្ពីរនេះបានធ្វើអោយពួកគេចង់សិក្សាបន្ថែមអំពីធម្មជាតិកាន់តែខ្លាំង។ ដូច្នេះ ពួកគេបានចាប់ផ្តើមស្រាវជ្រាវពីរាជកិច្ចរបស់ព្រះ។ ការស្រាវជ្រាវរបស់ពួកគេបាននាំទៅកាន់ការចាប់ផ្តើមនៃវិទ្យាសាស្ត្រសម័យថ្មី។ អ្នកវិទ្យាសាស្ត្រទាំងនេះមួយចំនួនមានដូចជាលោកជោហាណេ ឃេប្លឺ (Johanes Kepler) លោកអ៊ីសាក ញូតុន (Isaac Newton) ចនរេយ (John Ray) និងលោក រ៉ូបឺត បយឡឺ (Robert Boyle)។ អ្នកវិទ្យាសាស្ត្រទាំងនេះបានជឿថា កិច្ចការរបស់ពួកគេបង្ហាញមនុស្សកាន់តែច្រើនឡើងៗអំពីកិច្ចការដែលព្រះបានធ្វើ។

វិទ្យាសាស្ត្របានផ្លាស់ប្តូរបន្ទាប់ពីបដិវត្តន៍បារាំងមក។ អ្នកវិទ្យាសាស្ត្របានបពា្ឈប់ការជឿទៅលើ ព្រះ។ ដូច្នេះ គ្មានចន្លោះត្រង់ណានៅក្នុងវិទ្យាសាស្ត្រសម្រាប់ព្រះទៀតឡើយ។ លោកឆាល ដាវីន (Charles Darwin) បានបង្កើតគោលគំនិតថ្មីមួយនេះនៅក្នុងសៀវភៅដ៏ល្បីល្បាញរបស់គាត់ដែលមានចំណងជើងថា ក្នុងដើមកំណើតនៃប្រភពសត្វ (On the Origins of Species)(1859)។ ដោយសារតែសៀវភៅនេះ មនុស្សជាច្រើនបានបាត់បង់គោលជំនឿទៅលើរឿងនៅក្នុងកណ្ឌគម្ពីរលោកុប្បត្តិ។ ពួកគេនិយាយថា វាគឺជារឿងប្រឌិត ដែលមិនបានបង្ហាញពីការពិតនៃប្រវត្តិសាស្ត្រដល់យើងឡើយ។

តើព្រះគម្ពីរបានបង្រៀនគោលគំនិតនេះដល់យើងឬ? តើរឿងនៃព្រះគម្ពីរដែលស្តីអំពីរបៀបដែល ជីវិតបានកកើតឡើងនៅលើផែនដីនេះ គឺជារឿងដែលរាស្ត្ររបស់ព្រះបានដកយកមកពីមនុស្សនៅជុំវិញពួកគេឬ? ឬមួយរឿងនៅក្នុងកណ្ឌគម្ពីរលោកុប្បត្តិពិតដែលបង្ហាញយើងអោយមើលឃើញអំពីជីវិតដែលចាប់ផ្តើមកកើតឡើងមែន? តើយើងអាចជឿទុកចិត្តលើព្រះគម្ពីរបានដែរឬទេ? តើព័ត៌មាននៅក្នុងព្រះគម្ពីរជារឿងពិតឬ?មានសំណួរជាច្រើនដែលយើងនឹងឆ្លើយតាមរយៈមេរៀននៅក្នុងសប្តាហ៍នេះ?

ថ្ងៃអាទិត្យ ទី២៤ ឧសភា ឆ្នាំ២០២០

ផែនដីរាងរាបស្មើឬ?

មានមនុស្សជាច្រើនដែលរស់នៅក្នុងសម័យនៃព្រះគម្ពីរបានគិតថា ផែនដីមានរាងរាបស្មើ។ មនុស្សជាច្រើនបានយល់ឃើញថា ផែនដីមានរាងមូល។ ពួកគេមានហេតុផលល្អៗជាច្រើនសម្រាប់គាំទ្រគោលគំនិតនេះ។ ទោះជាយ៉ាងណា មានមនុស្សជាច្រើនដែលនៅតែបន្តនិយាយថា ព្រះគម្ពីរខ្លួនឯងបង្រៀនថា ផែនដីគឺមានរាងរាបស្មើ។

សូមអានខគម្ពីរវិវរណៈ ៧៖១ និងវិវរណៈ​ ២០៖៧, ៨។ តើខទាំងនេះចែងអំពីអ្វី? អ្វីដែល សំខាន់ជាងនេះ តើខទាំងនេះបង្រៀនយើងថា ផែនដីមានរាងរាបស្មើឬ?

លោកយ៉ូហានគឺជាអ្នកសរសេរខទាំងនេះ។ គាត់កំពុងតែសរសេរអំពីពេលវេលាចុងក្រោយ។ គាត់សរសេរអំពីទេវតាទាំងបីនៃស្ថានសួគ៌ «ឈរ​នៅ​ជ្រុង​ផែនដី​ទាំង​៤​ ទាំង​ទប់​ខ្យល់​នៅ​ផែនដី​ទាំង​៤​ទិស មិន​ឲ្យ​បក់​មក​លើ​ផែនដី ឬ​សមុទ្រ ឬ​ដើម​ឈើ​ណា​ឡើយ» (លោកុប្បត្តិ ៧៖១)។ តើលោកអ្នកមើលឃើញ នៅក្នុងខនេះថាលោកយ៉ូហានសរសេរពាក្យថា «ទាំង៤» ចំនួន៣ដងដែរឬទេ? នោះគឺដោយសារតែលោកយ៉ូហានចង់ផ្សារភ្ជាប់ចិត្តគំនិតរបស់យើងទៅនឹងទេវតាដែលឈរនៅក្នុងទិសទាំង៤លើត្រីវិស័យដែលមានទិស៖ ខាងជើង ខាងត្បូង ខាងកើត និងខាងលិច។

ដូច្នេះ លោកយ៉ូហានកំពុងតែប្រើរូបស័ព្ទនៅទីនេះ។ យើងក៏បានធ្វើយ៉ាងដូច្នេះនៅសព្វថ្ងៃនេះផងដែរ។ យើងនិយាយថា «ថ្ងៃរះ» ឬខ្យល់ «ពីទិសខាងកើត»។ ខទាំងនេះបង្ហាញយើងថា ខ្យល់ទាំង៤គឺជារូបស័ព្ទតំណាងអោយទិសទាំង៤៖ ខាងជើង ខាងត្បូង ខាងកើត និងខាងលិច។ ដូច្នេះ យើងត្រូវតែនិយាយថា ខ្យល់ទាំង៤នៅត្រង់នេះគឺជាការពិត។ ការបកស្រាយបែបនោះធ្វើអោយខទាំងនេះ ចែងពីអ្វីមួយដែលពួកគេមិនបានបង្រៀនទាល់តែសោះ។ ព្រះយេស៊ូវបានប្រើរូបស័ព្ទដោយផ្ទាល់ដូចជាលោកយ៉ូហានផងដែរ។ ទ្រង់ប្រើពាក្យ «ចិត្ត» ដើម្បីមានបន្ទូលអំពីទីកន្លែងដែលគំនិតអាក្រក់បានផ្តើមមានឡើង។ ទ្រង់មានបន្ទូលថា៖ «ដ្បិត​គឺ​ពី​ក្នុង​ចិត្ត​នោះ​ឯង​ដែល​ចេញ​អស់​ទាំង​គំនិត​អាក្រក់» (ម៉ាថាយ ១៥៖១៩)។ ព្រះយេស៊ូវពុំបានមានបន្ទូលអំពីចិត្តពិតប្រាកដរបស់មនុស្សនោះទេ។ ទ្រង់ប្រើចិត្តរបស់មនុស្សជារូបស័ព្ទ ដើម្បីបង្រៀនសេចក្តីពិតនៃព្រះគម្ពីរអំពីទីកន្លែងដែលអំពើបាបចាប់ផ្តើមនៅក្នុងយើង។

សូមអានព្រះគម្ពីរយ៉ូប ២៦៖៧-១០ និងអេសាយ ៤០៖២១, ២២។ តើខទាំងនេះបង្រៀនយើងអំពីផែនដីយ៉ាងដូចម្តេច?

ខគម្ពីរយ៉ូប ២៦៖៧ បង្ហាញយើងថា ផែនដីត្រូវបានព្យួរនៅទទេធេង «ទ្រង់​ត្រដាង​ទិស​ខាង​ជើង​ពី​លើ​ទី​ល្ហល្ហេវ ហើយ​ក៏​ព្យួរ​ផែនដី​នៅ​ទទេ​ធេង»។ ផែនដីគឺមានរាង «មូល» (យ៉ូប ២៦៖១០)។ វាមិនមែនរាបស្មើនោះទេ។ ខគម្ពីរអេសាយ ៤០៖២២ ចែងថា «គឺ​ព្រះ​ដែល​គង់​ពី​លើ​រង្វង់​ផែនដី ហើយ​មនុស្ស​នៅ​ផែនដី​ប្រៀប​ដូច​ជា​កណ្តូប​វិញ គឺ​ទ្រង់​ដែល​លាត​ផ្ទៃ​មេឃ ដូច​ជា​លាត​បារាំ ហើយ​សន្ធឹង​ទៅដូច​ជា​ត្រសាល​សំរាប់​អាស្រ័យ​នៅ»។

ថ្ងៃច័ន្ទ ទី២៥ ឧសភា ឆ្នាំ២០២០

កំណត់ត្រាតាំងពីសម័យព្រះគម្ពីរអំពី របៀបដែលមនុស្សត្រូវបានបង្កើត

បុរាណវិទូគឺជាក្រុមអ្នកវិទ្យាសាស្ត្រដែលស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ។ ពួកគេបានស្វែងរកឃើញ កំណត់ត្រាពីប្រទេសអេស៊ីព្ទនៅក្នុងសម័យព្រះគម្ពីរ។ កំណត់ត្រាទាំងនេះបានចារប្រវត្តិសាស្ត្រអំពីទឹកជំនន់ និងរបៀបដែលផែនដីចាប់ផ្តើមកកើត។ រឿងទាំងនេះមានអាយុកាលយូរជាងព្រះគម្ពីរទៅទៀត។ ដូច្នេះ មនុស្សចាប់ផ្តើមមានចម្ងល់ថា លោកម៉ូសេប្រហែលជាចម្លងរឿងរបស់អេស៊ីព្ទទាំងនេះទៅក្នុង ព្រះគម្ពីរ នៅពេលដែលគាត់សរសេរកណ្ឌគម្ពីរលោកុប្បត្តិ។​ ប៉ុន្តែ តើរឿងនេះជាការពិតឬ?

សូមអានខគម្ពីរលោកុប្បត្តិ ១-២៖៤។ បន្ទាប់មក សូមអានខទាំងនេះដែលត្រូវបានដកចេញពីរឿងអ័ត្រាហាស៊ីស (Atra-Hasis): «ជាយូរលង់ណាស់មកហើយ ពួកព្រះបានធ្វើកិច្ចការទាំងអស់មិនមែនមនុស្សឡើយ។ ពួកព្រះមានបន្ទុកយ៉ាងធ្ងន់ កិច្ចការនេះលំបាកណាស់សម្រាប់ពួកគេ។ ដ្បិតមានបញ្ហាជាច្រើន . . . . ដូច្នេះ ពួកព្រះទាំងនេះបាននិយាយថា ‘ចូរអោយព្រះម៉ែនីនទូ (Nintu) បង្កើត កូនជាមនុស្សទៅ។ ដើម្បីអោយមនុស្សធ្វើកិច្ចការដែលពួកព្រះធ្លាប់បានធ្វើ . . . ព្រះមួយអង្គឈ្មោះ ហ្គេសធ្វី (Geshtu-e) ជាព្រះដែលមានប្រាជ្ញាឈ្លាសវៃលើសគេ។ ពួកគេបានសំឡាប់ព្រះនេះទៅ។ បន្ទាប់មក ព្រះម៉ែនីនទូបានលាយដីឥដ្ឋជាមួយរូបកាយ និងឈាមរបស់ព្រះហេ្គសធ្វីដើម្បីបង្កើតជា មនុស្ស . . . .»​។ ដកស្រង់ពី Stephanie Dalley, Myths from Mesopotamia: Creation, the Flood, Gilgamesh, and Others (New York: Oxford University Press, 1989), pages 9, 14, 15. How are the Genesis story and the Atra-Hasis story different?

ពិតមែនហើយ មានចំណុចខ្លះៗដែលស្រដៀងគ្នានៅក្នុងរឿងទាំងពីរនេះ។ មនុស្សដំបូងនៅក្នុងរឿងទាំងពីរត្រូវបានបង្កើតឡើងដោយដីឥដ្ឋ។ ប៉ុន្តែ រឿងទាំងពីរនេះមានចំណុចខុសគ្នាជាច្រើន។

ទី១ នៅក្នុងរឿង អ័ត្រាហាស៊ីស មនុស្សធ្វើកិច្ចការជំនួសពួកព្រះ ដើម្បីអោយពួកគេអាចសម្រាក។ ក្នុងកណ្ឌគម្ពីរលោកុប្បត្តិ ព្រះបង្កើតផែនដី និងរបស់សព្វសារពើសម្រាប់មនុស្ស។ បន្ទាប់មក ព្រះឈប់សម្រាកជាមួយពួកគេ។ ក្នុងកណ្ឌគម្ពីរលោកុប្បត្តិ ព្រះបានដាក់មនុស្សនៅក្នុងសួនអេដែន។ បន្ទាប់មក ព្រះបានហៅពួកគេអោយចូលមកនិយាយជាមួយនឹងព្រះអង្គ និងថែរក្សាផែនដី។ យើងពុំបាន ឃើញគោលគំនិតនេះនៅក្នុងរឿង អ័ត្រាហាស៊ីសទាល់តែសោះ។

ទី២ ក្នុងរឿង អ័ត្រាហាស៊ីស​ ព្រះត្រូវបានសម្លាប់។ បន្ទាប់មក ពួកព្រះបានលាយឈាមរបស់ គាត់ជាមួយដីឥដ្ឋ ដើម្បីបង្កើតមនុស្សប្រុស និងស្រី។ ក្នុងកណ្ឌគម្ពីរលោកុប្បត្តិ លោកអ័ដាមត្រូវបានបង្កើតដោយសារព្រះទ្រង់ផ្ទាល់ជាលើកដំបូង។ បន្ទាប់មក នាងអេវ៉ាត្រូវបានបង្កើតនៅពេលក្រោយដើម្បី ជាជំនួយដល់គាត់។ ព្រះបានផ្លុំខ្យល់ដង្ហើមជីវិតចូលទៅក្នុងលោកអ័ដាម។ ព្រះពុំបានបង្កើតអ័ដាម និង នាងអេវ៉ាចេញពីឈាមរបស់ព្រះដែលស្លាប់នោះទេ។

ទី៣​ ទុក្ខវេទនា និងការឈឺចាប់ពុំមែនជាផ្នែកនៃរបៀបដែលមនុស្សដែលបានកកើតនៅក្នុងកណ្ឌគម្ពីរលោកុប្បត្តិនោះទេ។ ប៉ុន្តែ វាមិនពិតឡើយនៅក្នុងរឿងអ័ត្រាហាស៊ីស។

រឿងនៃព្រះគម្ពីរស្តីអំពីការចាប់ផ្តើមនៃជីវិតរបស់មនុស្សគឺពោរពេញដោយសេចក្តីស្រឡាញ់។ ព្រះគម្ពីរបង្ហាញពីព្រះដែលពោរពេញដោយអំណាចដែលព្រះអង្គបង្កើតមនុស្សសម្រាប់ហេតុផលដ៏បរិសុទ្ធមួយដើម្បីអោយបានរស់នៅលើផែនដីដ៏ឥតខ្ចោះមួយ។ ជាចុងបញ្ចប់ រឿងនៅក្នុងកណ្ឌគម្ពីរលោកុប្បត្តិមានលក្ខណៈខុសគ្នាជាខ្លាំងពីរឿងអ័ត្រាហាស៊ីស។​

ថ្ងៃអង្គារ ទី២៦ ឧសភា ឆ្នាំ២០២០

កណ្ឌគម្ពីរលោកុប្បត្តិមិនបង្រៀនអោយថ្វាយបង្គំធម្មជាតិទេ

កណ្ឌគម្ពីរលោកុប្បត្តិមិនពឹងផ្អែកលើរឿងប្រឌិតពីសាសនាដទៃទៀត នៅក្នុងសម័យព្រះគម្ពីរអំពីរបៀបដែលជីវិតបានកកើតឡើងនោះទេ។ លោកម៉ូសេបានសរសេរកណ្ឌគម្ពីរលោកុប្បត្តិ ដើម្បីបង្ហាញថា រឿងប្រឌិតទាំងនេះពុំមែនជារឿងពិត។ លោកបង្ហាញថា មានតែព្រះតែមួយគត់ដែលបង្កើតផ្ទៃមេឃ និងផែនដី។

សូមអានខគម្ពីរលោកុប្បត្តិ ១៖១៤-១៩។ តើព្រះបានបង្កើតអ្វីនៅថ្ងៃទី៤? តើលោកម៉ូសេបកស្រាយថារបស់ទាំងនោះបង្កើតដើម្បីអ្វី?

លោកម៉ូសេពុំបានសរសេរពាក្យថា «ព្រះអាទិត្យ» និង «ព្រះច័ន្ទ»ទេ។ ប្រាកដណាស់​ លោកមិនចង់ប្រើពាក្យទាំងនេះនោះទេ។ ឈ្មោះរបស់ពួកវានៅក្នុងភាសាហេព្រើរមានអត្ថន័យដូចគ្នាទៅនឹង ព្រះអាទិត្យ និងព្រះច័ន្ទនៅជិតទិសបូព៌ា និងស្រុកអេស៊ីព្ទនាសម័យព្រះគម្ពីរ។ លោកម៉ូសេហៅ ព្រះអាទិត្យថា «១​ដែល​ធំ​ជាង» (លោកុប្បត្តិ ១៖១៦)។ លោកហៅព្រះច័ន្ទថា «១​ដែល​តូចជាង»។ ឈ្មោះទាំងនេះបង្ហាញយើងថា ព្រះបានបង្កើតព្រះអាទិត្យ និងព្រះច័ន្ទអោយធ្វើកិច្ចការពិសេស។ «ទ្រង់​ដាក់​តួ​ពន្លឺ​ទាំង​នោះ​នៅ​ផ្ទៃ​មេឃ សំរាប់​នឹង​បំភ្លឺ​មក​លើ​ផែនដី» (លោកុប្បត្តិ ១៖១៧)។ ព្រះអង្គ «ញែក​ពន្លឺ​ចេញ​ ពី​ងងឹត» (លោកុប្បត្តិ ១៖១៨)។ ដូច្នេះ ខទាំងនេះបង្ហាញយើងយ៉ាងច្បាស់ថា ព្រះអាទិត្យ និងព្រះច័ន្ទពុំមែនជាពួកព្រះនោះទេ។ ពួកវាគឺជារបស់នៅក្នុងធម្មជាតិដែលព្រះបានបង្កើតដើម្បីអោយធ្វើការ។

សូមអានខគម្ពីរលោកុប្បត្តិ ២៖៧, ១៨-២៤។ តើព្រះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងការងារ បង្កើតអ័ដាមនិងអេវ៉ាយ៉ាងដូចម្តេច?

រឿងនៅជិតបូព៌ាប្រទេសបង្ហាញថា ពួកព្រះបង្កើតអោយមនុស្សអោយធ្វើការលំបាក។ បន្ទាប់មក ពួកព្រះពុំចាំបាច់ប្រឹងប្រែងធ្វើការទៀតទេ។ បុ៉ន្តែ ព្រះគម្ពីរមិនយល់ស្របតាមគោលគំនិតនេះទាល់តែសោះ។ ព្រះគម្ពីរបង្រៀនថា ព្រះបានបង្កើតមនុស្ស និងដាក់គាត់អោយគ្រប់គ្រងលើផែនដី។

កណ្ឌគម្ពីរលោកុប្បត្តិបង្ហាញយើងពីសេចក្តីពិតអំពីរបៀបដែលជីវិតចាប់ផ្តើមកកើត។ តើលោកម៉ូសេធ្វើយ៉ាងដូច្នេះបានដោយរបៀបណា? លោកបានមានប្រសាសន៍អំពីរាជកិច្ច និងផែនការរបស់ព្រះសម្រាប់មនុស្សនៅពេលដែលព្រះអង្គបានបង្កើតពួកគេ។

រាប់រយឆ្នាំមកហើយ រឿងនៃព្រះគម្ពីរស្តីអំពីរបៀបដែលជីវិតរបស់មនុស្សចាប់ផ្តើមកកើតបានប្រឆាំងទាស់នឹងគោលគំនិតរបស់មនុស្សជាច្រើននាសម័យនោះ។ សព្វថ្ងៃនេះ សេចក្តីពិតនៃព្រះគម្ពីរដូចគ្នានេះប្រឆាំងទាស់នឹងគោលគំនិតដែលមនុស្សជាច្រើនមានទាក់ទងនឹងរបៀបដែលជីវិតរបស់មនុស្សចាប់ផ្តើមកកើត។​ តើហេតុអ្វីបានជាយើងមិនគួរមានការភ្ញាក់ផ្អើលពីរឿងនេះ?

ថ្ងៃពុធ ទី២៧ ឧសភា ឆ្នាំ២០២០

កណ្ឌគម្ពីរលោកុប្បត្តិ និងសម័យកាល

សូមអានបទគម្ពីរលោកុប្បត្តិ ៥ និង១១។ តើព្រះគម្ពីរបង្ហាញយើងអំពីប្រវត្តិសាស្ត្ររបស់មនុស្សតាំងពីសម័យលោកអ័ដាមរហូតដល់លោកណូអេ និងពីណូអេរហូតដល់លោកអ័ប្រាហាំយ៉ាងដូចម្តេច?

ក្នុងព្រះគម្ពីរ យើងឃើញមានបញ្ជីឈ្មោះយ៉ាងវែង។ បញ្ជីឈ្មោះទាំងនេះបង្ហាញយើងអំពីឪពុក និងកូន។ បញ្ជីទាំងនេះក៏បង្ហាញយើងពីសម័យកាលផងដែរ។ ដូច្នេះ យើងទទួលបានព័ត៌មានតាមរយៈបញ្ជីទាំងនេះដែលមាន២ផ្នែក៖ (១) ឈ្មោះរបស់បុគ្គលម្នាក់ និង(២) សម័យកាលដែលកូនរបស់ គាត់បានកើត។ ឧទាហរណ៍៖ «ពេលដែលបុគ្គលទី១បានរស់នៅជាច្រើនឆ្នាំមក គាត់បានក្លាយមកជាឪពុករបស់បុគ្គលទី២។ បន្ទាប់មក បុគ្គលទី១បានរស់នៅជាច្រើនឆ្នាំបន្ថែមទៀតបន្ទាប់ពីគាត់កើតបានកូនប្រុស និងកូនស្រី»។ កណ្ឌគម្ពីរលោកុប្បត្តិ ៥ បានបន្ថែមផ្នែកមួយទៀត៖ «បុគ្គលទី១បានរស់នៅសរុបប៉ុន្មានឆ្នាំ។ ក្រោយមក គាត់បានស្លាប់»។ កណ្ឌគម្ពីរលោកុប្បត្តិ ៥ និង១១ បង្ហាញយើងអំពីអនាគតទាំងអស់នៃកូនៗរបស់លោកអ័ប្រាហាំ។ គ្មានអ្នកណាម្នាក់ត្រូវបានបន្ថែមទៅក្នុងបញ្ជីនោះទេ។ ក៏គ្មានអ្នកណាម្នាក់បាត់ឈ្មោះខ្លួននោះដែរ។ ខគម្ពីររបាក្សត្រទី១ ១៖១៨-២៧ បង្ហាញយើងពីព័ត៌មានដែល ត្រឹមត្រូវទាំងនេះ។ ព្រះគម្ពីរអាចបកស្រាយដោយខ្លួនឯងតាមវិធីបែបនេះ។

អស់រយៈពេលជាង ២០០០ឆ្នាំមកហើយ អ្នកប្រាជ្ញខាងព្រះគម្ពីររបស់សាសន៍យូដា និងគ្រីស្ទានបានបង្រៀនថា កណ្ឌគម្ពីរលោកុប្បត្តិ ៥ និង១១ បង្ហាញយើងអំពីប្រវត្តិសាស្ត្រ។ ជំពូកទាំង២នេះក៏ជួយយើងអោយយល់ពីកាលបរិច្ឆេទដែលទឹកជំនន់បានកើតឡើង និងពីអាយុកាលរបស់ផែនដីផងដែរ។

មិនយូរប៉ុន្មាន មនុស្សចាប់ផ្តើមបង្កើតការបកស្រាយថ្មីៗសម្រាប់កណ្ឌគម្ពីរលោកុប្បត្តិ ៥ និង ១១។ ទស្សនវិទូ​ទាំងនេះបាននិយាយថា ព័ត៌មានពីវិទ្យាសាស្ត្រ និងប្រវត្តិសាស្ត្របង្ហាញថា ផែនដីមិនបានបង្កើតនៅក្នុងរយៈពេល៦ថ្ងៃនោះទេ។ ផែនដីក៏មានអាយុកាលជាយូរមកដែរ។ ប្រសិនបើអ្វីដែលពួកគេនិយាយជារឿងត្រឹមត្រូវ នោះយើងមិនអាចជឿទុកចិត្តលើព្រះគម្ពីរថា ជារឿងពិតបានឡើយ។

ប៉ុន្តែ យើងដឹងថា យើងអាចជឿទុកចិត្តលើព្រះគម្ពីរបាន។ យើងដឹងថា​កណ្ឌគម្ពីរលោកុប្បត្តិ ៥ និង១១ បង្ហាញយើងពីសេចក្តីពិត «អំពីព្រះ និងប្រវត្តិសាស្ត្រ។ ជំពូកទាំង២នេះផ្សារភ្ជាប់លោកអ័ដាមទៅកាន់ពូជអំបូរទាំងអស់របស់មនុស្ស។ ជំពូកទាំង២នេះក៏ផ្សារភ្ជាប់ព្រះជាមួយមនុស្សផងដែរ។ កណ្ឌគម្ពីរលោកុប្បត្តិ ៥ និងលោកុប្បត្តិ ១១៖១០-២៦ បង្ហាញយើងថា រាស្ត្ររបស់ព្រះត្រូវបានផ្សារភ្ជាប់ជាមួយមនុស្សក្នុងការដែលព្រះបង្កើតនៅថ្ងៃទី៦នៅពេលដែលព្រះអង្គបង្កើតផែនដី។ មនុស្សម្នាក់នោះ ឈ្មោះថា អ័ដាម»។ ដកស្រង់ពី Gerhard F. Hasel, “The Meaning of the Chronogenealogies of Genesis 5 and 11,” Origins 7/2 [1980], page 69, adapted។

ខគម្ពីរនៅក្នុងកណ្ឌគម្ពីរលោកុប្បត្តិ ៥ និងលោកុប្បត្តិ ១១បានកត់ត្រានៅក្នុងព្រះគម្ពីរសម្រាប់ ហេតុផលដ៏ល្អបំផុតមួយ។ ទន្ទឹមនឹងនេះ លោកប៉ុលដាស់តឿនយើងតាមរយៈខគម្ពីរធីម៉ូថេទី១ ១៖៤ និងទីតុស ៣៖៩ អំពីគ្រោះថា្នក់នៃការវាយប្រហារមកលើបញ្ជីទាំងនេះ។ តើគ្រោះថ្នាក់អំពីអ្វីដែលលោកប៉ុលបានដាស់តឿនយើង?

ថ្ងៃព្រហស្បតិ៍ ទី២៨ ឧសភា ឆ្នាំ២០២០

ព្រះគម្ពីរ និងកណ្ឌគម្ពីរលោកុប្បត្តិ

សូមអានខគម្ពីរខាងក្រោម។ បន្ទាប់មក សូមសរសេរប្រធានបទដែលខនីមួយៗបានចែងនៅក្នុងកណ្ឌគម្ពីរលោកុប្បត្តិ ១-១១៖

ម៉ាថាយ ១៩៖៤,​ ៥ _____​

ម៉ាកុស ១០៖៦-៩ ______​

លូកា ១១៖៥០, ៥១ ____​

យ៉ូហាន ១៖១-៣ ______​

កិច្ចការ ១៤៖១៥ ______​

រ៉ូម ១៖២០ __________​

កូរិនថូសទី២ ៤៖៦ ____​

អេភេសូរ ៣៖៩ _______​

ធីម៉ូថេទី១ ២៖១២-១៥ __​

យ៉ាកុប ៣៖៩ __________​

ពេត្រុសទី១ ៣៖២០ ____​

យូដាស ១៖១១, ១៤____​

វិវរណៈ ២៖៧__________​

វិវរណៈ ៣៖១៤_________​

វិវរណៈ ២២៖២, ៣______​

ព្រះយេស៊ូវ និងអ្នកសរសេរព្រះគម្ពីរសញ្ញាថ្មីទាំងអស់បានទទួលស្គាល់បទគម្ពីរលោកុប្បត្តិ ១-១១ ថាជាប្រវត្តិសាស្ត្រដែលពិតប្រាកដ។ ព្រះយេស៊ូវមានបន្ទូលអំពីកំណត់ត្រារបស់លោកម៉ូសេ និងពេលវេលាដែលព្រះបានបង្កើតលោកអ័ដាម និងនាងអេវ៉ា (ម៉ាថាយ ១៩៖៤)​។ លោកប៉ុលប្រកាសប្រាប់មនុស្សនៅក្នុងទីក្រុងអាថែនថា មានតែព្រះមួយគត់ដែលបានបង្កើតផែនដី «និង​របស់​សព្វ​សារពើ ព្រះអង្គ​នោះ ទ្រង់​ជា​ព្រះអម្ចាស់​នៃ​ស្ថានសួគ៌ និង​ផែនដី ទ្រង់​មិន​គង់​នៅ​ក្នុង​វិហារ​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​ទេ» (កិច្ចការ ១៧៖២៥)។ អ្នកសរសេរព្រះគម្ពីរសញ្ញាថ្មីបានបង្កើតការបង្រៀនរបស់ពួកគេដោយផ្អែក លើសេចក្តីពិតនៃព្រះគម្ពីរដែលមានចែងនៅក្នុងកណ្ឌគម្ពីរលោកុប្បត្តិ។ អ្នកសរសេរទាំងនេះអាចបង្ហាញអ្នកអានសម័យថ្មីអំពីរាជកិច្ចដ៏សំខាន់របស់ព្រះនៅក្នុងកណ្ឌគម្ពីរលោកុប្បត្តិ១ និង២តាមវិធីនេះ។

ថ្ងៃសុក្រ ទី២៩​ ឧសភា ឆ្នាំ២០២០

សិក្សាបន្ថែម

សូមអាន Gerald A. Klingbeil, editor, The Genesis Creation Account and Its Reverberations in the Old Testament (Berrien Springs, MI: Andrews University Press, 2015)។

«ព្រះគម្ពីរគឺជាកំណត់ត្រានៃប្រវត្តិសាស្ត្រដ៏ល្អបំផុតដែលមនុស្សលោកទទួលបាន។ ព្រះគម្ពីរអាចបង្រៀនមនុស្សពីរឿងរ៉ាវជាច្រើន។ ព្រះគម្ពីរមានប្រភពចេញមកពីព្រះហស្តរបស់ព្រះ។ ព្រះហស្តរបស់ព្រះបានរក្សាព្រះគម្ពីរយ៉ាងល្អតាំងតែពីសម័យដែលព្រះគម្ពីរត្រូវបានសរសេរឡើង។ ព្រះគម្ពីរគឺជាសៀវភៅតែមួយគត់ដែលបង្ហាញយើងអំពីប្រវត្តិសាស្ត្រដ៏ពិតប្រាកដនៃពូជអំបូររបស់មនុស្ស។» ដកស្រង់ពីសំណេររបស់អ្នកស្រី អែល្លិន ជីវ៉ៃត៍ Testimonies for the Church, volume 5, page 25, adapted។

«ខ្ញុំបានទទួលការបើកសំដែងថា ថ្មនៃវិទ្យាសាស្ត្រផ្ទាល់ពុំអាចបកស្រាយអ្វីដែលត្រឹមត្រូវបានឡើយ។ ថ្មនៃវិទ្យាសាស្ត្រត្រូវការជំនួយពីប្រវត្តិសាស្ត្រនៅក្នុងព្រះគម្ពីរ។ មែនហើយ អ្នកវិទ្យាសាស្ត្របានរកឃើញវត្ថុបុរាណទាំងឡាយនៅក្នុងដី។ វត្ថុបុរាណទាំងនេះគឺជាភស្តុតាងបង្ហាញយើងពីសម័យអតីកាល ដែលខុលគ្នាពីអ្វីនៅសព្វថ្ងៃនេះ។ ប៉ុន្តែ មានតែព្រះគម្ពីរមួយគត់ដែលអាចជួយយើងអោយយល់ពីអាយុកាលពិតប្រាកដនៃវត្ថុបុរាណទាំងអស់នេះ។ វាមិនមានអ្វីខុសនោះទេក្នុងការដែលសន្និដ្ឋាន ឬមានចម្ងល់លើវត្ថុអ្វីមួយដែលយើងបានរកឃើញនៅក្នុងធម្មជាតិ។ នោះមិនមែនជាបញ្ហាឡើយ ដរាបណាការសន្និដ្ឋានរបស់យើងមិនប្រឆាំងទាស់នឹងសេចក្តីពិតរបស់ព្រះគម្ពីរ។ ប៉ុន្តែ ពេលណាដែលមនុស្សងាកចេញពីសេចក្តីពិតរបស់ព្រះគម្ពីរ ហើយព្យាយាមបកស្រាយធម្មជាតិដោយប្រើវិទ្យាសាស្ត្រតែមួយមុខ នោះពួកគេនឹងជួបបញ្ហាជាពុំខាន។ ដូចគ្នាផងដែរ គ្មានអ្នកណាម្នាក់ដឹងអំពីរបៀបដែលព្រះបានបង្កើតផ្ទៃមេឃ និងផែនដីនៅក្នុងរយៈ៦ថ្ងៃយ៉ាងពិតប្រាកដទាល់តែសោះ។ ព្រះពុំបានបង្ហាញសេចក្តីពិតនេះមកកាន់មនុស្សនោះទេ។ រាជកិច្ចរបស់ទ្រង់គឺលើសជាងអំណាចនៃចិត្តគំនិតរបស់យើងដែលព្យាយាមចង់យល់ចង់ដឹងទៅទៀត។ រួមទាំងជីវិតរបស់ព្រះអង្គផងដែរ។» ដកស្រង់ពីសំណេររបស់អ្នកស្រី អែល្លិន ជីវ៉ៃត៍ Spiritual Gifts, book 3, page 93, adapted។

សំនួរពិភាក្សា៖
  1. អ្នកវិទ្យាសាស្ត្របានលើកការបកស្រាយទាំងឡាយដែលបណ្តាលអោយកើតមានជំលោះ និងភាពមិនចុះសម្រុងគ្នាជាច្រើន។ តើហេតុអ្វីបានជាមានមនុស្សជាច្រើននៅតែទទួលជឿការបកស្រាយរបស់វិទ្យាសាស្ត្រដែលថា ជីវិតនៅលើផែនដីនេះបានចាប់ផ្តើមជាយូរណាស់មកហើយមុនពេលដែលមនុស្សបានកកើតឡើងយ៉ាងដូច្នេះ?

  2. វិទ្យាសាស្ត្រសម័យថ្មីនិយាយថា លោកអ្នកមិនអាចមើលឃើញបាដិហារ្យនៅក្នុងធម្មជាតិបាននោះទេ។ ម្ល៉ោះហើយ លោកអ្នកមិនអាចនិយាយបានថា មានកង្វះខាតស្បៀងអាហារពីព្រោះមេធ្មប់បានដាក់បណ្តាសាមកលើដីបានដែរ។ តើវិធីនៃគោលគំនិតបែបនេះមានដែនកំណត់ប៉ុនណាដែរបើប្រៀបធៀបទៅនឹងរឿងនៅក្នុងកណ្ឌគម្ពីរលោកុប្បត្តិ ១ និង ២? រឿងនៅក្នុងកណ្ឌគម្ពីរលោកុប្បត្តិដែលស្តីអំពីរបៀបដែលព្រះបានបង្កើតផែនដីគឺជាអ្វីដែលមានតែទ្រង់ប៉ុណ្ណោះដែលអាចធ្វើទៅបាន។ ប៉ុន្តែ ប្រសិនបើលោកអ្នកបដិសេធមិនទទួលស្គាល់អំណាចរបស់ព្រះក្នុងការបកស្រាយពីរបៀបដែលផែនដីត្រូវបានបង្កើតទេនោះ តើហេតុអ្វីបានជាគោលគំនិតផ្សេងដែលលោកអ្នកនឹកឃើញយកមកបកស្រាយពីជីវិតនៅលើ ផែនដីមិនត្រឹមត្រូវផងដែរទៅ? ​

រឿងខ្លី

បេសកជនសួរថា «ហេតុអ្វី?»

Jeans

ឡេហ្វ ហុងគីស្ទរ (Leif Hongisto) ងឿងឆ្ងល់ថា ហេតុអ្វីបានជាលោកធ្វើដំណើរត្រឡប់ទៅហ្វាំងឡង់វិញ បន្ទាប់ពីបម្រើការជានាយកនៅឯសាកលវិទ្យាល័យ មីតដល អ៊ីស (Middle East University) នៅក្នុងទីក្រុងបេរូត ប្រទេសលីបង់។ គាត់ចូលចិត្តសាកលវិទ្យាល័យអាត់វេនទីស្ទ ព្រមទាំងអាកាសធាតុនៃមហាសមុទ្រមេឌីទែរ៉ាណេ និងដីដែលមានជីជាតិនេះណាស់។ អ្វីដែលសំខាន់ជាងនេះទៅទៀត គាត់មានអារម្មណ៍ថា គាត់មិនបានដឹងពីចក្ខុវិស័យពេញលេញរបស់គាត់សម្រាប់សាកលវិទ្យាល័យទេ តែការសម្រេចចិត្តថាត្រឡប់ទៅផ្ទះវិញបានធ្វើអោយគាត់មានការភ្ញាក់ផ្អើលជាខ្លាំង។ គាត់បាននិយាយថា «ស៊ូអោយខ្ញុំយល់ច្រលំអំពីមូលហេតុថា ហេតុអ្វីបានជាព្រះកំពុងដឹកនាំជីវិតរបស់ខ្ញុំចេញពីអ្វីដែលខ្ញុំបាន សុាំ និងត្រូវតាមបំណងចិត្តរបស់ខ្ញុំរួចទៅហើយនោះ»។

គាត់ និងភរិយារបស់គាត់បានរៀបចំវ៉ាលី ឥវ៉ាន់ដាក់នៅក្នុងកេះ ហើយឡើងយន្តហោះត្រឡប់ទៅឯប្រទេសហ្វាំងឡង់វិញ បន្ទាប់ពីការអធិស្ឋានដោយចិត្តក្តុកក្តួលជាច្រើនលើកច្រើនសារួចមក។ ជាទំលាប់មួយនៅក្នុងដំណើរការសម្រាប់បេសកជនដែលវិលត្រឡប់ទៅផ្ទះវិញ លោកហុងគីស្ទរ​ត្រូវឆ្លងកាត់ការពិនិត្យសុខភាពនៅឯមន្ទីរពេទ្យជាមុនសិន។ ក្នុងអំឡុងពេលនៃការត្រួតពិនិត្យ វេជ្ជបណ្ឌិតបានរកឃើញកម្រិតនៃការកើនឡើងរបស់អង់ទីករនៃក្រពេញប្រូស្តាតនៅក្នុងឈាមរបស់លោក ហុងគីស្ទរដែលអាចជារោគសញ្ញានៃជំងឺមហារីកក្រពេញប្រូស្តាត។ «តើលោកមានផលវិបាកទាក់ទងសុខភាពដែរឬទេ?» វេជ្ជបណ្ឌិតបានសួរ។ គាត់តបទៅវិញថា «ខ្ញុំមានអាម្មណ៍ល្អជាធម្មតាទេ»។

ទោះជាយ៉ាងណាក៏ដោយបានបញ្ជាឱ្យមានការធ្វើតេស្តតាមដាន។ ទោះជាយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិតបានណែនាំអោយមានការធ្វើតេស្តតាមដាន។ ពីរបីខែក្រោយមកកម្រិតអង់ទីករនៃក្រពេញ ប្រូស្តាតបានកើនឡើងកាន់តែខ្លាំងធ្វើអោយវេជ្ជបណ្ឌិតដែលមានការព្រួយបារម្ភពីអាការៈ ពេលនេះបានអំពាវនាវអោយមានការធ្វើតេស្តបន្ថែម និងការធ្វើកោសល្យវិច័យ។ មិនយូរប៉ុន្មាន លោកហុងគីស្ទរត្រូវបានវេជ្ជបណ្ឌិតបញ្ជូនទៅធ្វើការវះកាត់រយៈពេល៥ម៉ោង ហើយវេជ្ជបណ្ឌិតបានធ្វើការវះកាត់យកដុំសាច់ទម្ងន់១០០ក្រាម (១ខាំ) ចេញពីខ្លួនរបស់គាត់ ។ លោកបាននិយាយថា «ការត្រួតពិនិត្យសុខភាពជា ប្រចាំបានបង្ហាញថា ខ្ញុំមានដុំសាច់កាចនៃជំងឺមហារីក។ ខ្ញុំចាប់ផ្តើមយល់ពីមូលហេតុដែលព្រះអនុញ្ញាត អោយខ្ញុំត្រឡប់មកប្រទេសហ្វាំងឡង់វិញ ដែលជាកន្លែងដែលខ្ញុំនឹងទទួលបានការព្យាបាលពីពេទ្យជំនាញ ដែលប្រកដដោយឧបករណ៍ទំនើបៗ»។

លោកហុងគីស្ទរដែលមានអាយុ៦២ឆ្នាំនៅតែបន្តធ្វើជាបេសកជន។ គាត់មានសុខភាពល្អ និងបម្រើការនៅក្នុងមហាវិទ្យា័យ ហ្វាំងឡង់ ជូនា (Finland Junior College) សាលាបណ្ឌិត្យសភា និងសាលានៅពេលថ្ងៃដែលមានសិស្សប្រហែល ១៨៥នាក់ដែលមានអាយុចាប់ពី ៦ទៅ ១៨ឆ្នាំនៅក្រុង ភីគ្គីអូ (Piikkio) ដែលជាទីក្រុងមួយនៅភាគនិរតីនៃប្រទេសហ្វាំងឡង់។ សិស្សជាច្រើននៅឯសាលាដែល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩១៨ គឺមកពីគ្រួសារដែលមិនមែនជាអាត់វេនទីស្ទ។ ហ្វាំងឡង់ផ្ទាល់គឺជា ប្រទេសដែលមានអ្នកមិនជឿព្រះជាច្រើន តែពួកជំនុំអាត់វេនទីស្ទមានត្រឹមតែ៤៨០០នាក់ប៉ុណ្ណោះ នៅក្នុងចំណោមប្រជាជនចំនួន ៥,៥លាននាក់។

ដោយឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទីតាំងក្នុងឆ្នាំ២០១៨របស់គាត់ត្រឡប់មកកាន់ប្រទេសហ្វាំងឡង់វិញ លោកហុងគីស្ទរបានថ្លែងសុន្ទរកថានៅក្នុងពិធីបញ្ចប់វគ្គសិក្សាជាលើកដំបូងរបស់គាត់នៅឯមហាវិទ្យាល័យ ហ្វាំងឡង់ ជូនា នៅខែឧសភាឆ្នាំ ២០១៨ ។ គាត់បានថ្លែងប្រាប់និសិត្សទាំងអស់ថា «អ្នកទាំងអស់គ្នាគិតថាជីវិតនៅចំពោះមុខអ្នកទាំងអស់គ្នា ហើយអ្នកទាំងអស់គ្នាមានទស្សនវិស័យថាវានឹងក្លាយទៅជាយ៉ាងណា។ អ្វីដែលប្អូនរំពឹងគិតនឹងមិនក្លាយជាការពិតនោះទេ។ ជីវិត នឹងប្រែទៅជាខុសគ្នាឆ្ងាយពីអ្វីដែលប្អូនបានគិត។ ប៉ុន្តែ ពេលណាដែលអ្នកទាំងអស់គ្នាថ្វាយវាទៅព្រះ ជាជីវិតដែលរស់នៅក្នុងសេចក្តីជំនឿតែងតែជួបរឿងគួរអោយរំភើបជាង គួរអោយចាប់អារម្មណ៍ គួរឱ្យកត់សម្គាល់ និងសំខាន់ដែលអ្នកមិនធ្លាប់ស្រមៃពីមុនមក»។

Powered by CAM