គោលគំនិត និងអារម្មណ៍របស់យើងតែងតែអាចផ្លាស់ប្តូរជីវិតមនុស្សអោយកាន់តែប្រសើរ។ អាកប្បកិរិយាកាចសាហាវ និងអាក្រក់នឹងជំរុញមនុស្សអោយឃ្លាតឆ្ងាយពីយើង។ ពួកគេតែងតែពុំចង់ស្តាប់នូវអ្វីដែលលោកអ្នកនិយាយ ទោះបីជាលោកអ្នកកំពុងតែចែកចាយអំពីសេចក្តីពិតយ៉ាងណាក្តី។
ផ្ទុយទៅវិញ អាកប្បកិរិយាល្អចំពោះអ្នកដទៃនឹងបណ្តាលអោយពួកគេចង់នៅជិតយើង។ ពាក្យសំដី និងឥរិយាបថទន់ភ្លន់ជួយអោយមិត្តភាពកាន់តែជិតស្និទ្ធឡើង។ ព្រះយេស៊ូវបានបង្កើតក្បួនច្បាប់នេះតាមបែបសាមញ្ញ និងច្បាស់លាស់ខណៈពេលដែលទ្រង់មានបន្ទូល «ខ្ញុំមិនហៅជាអ្នកបំរើទៀតពីព្រោះអ្នកបំរើគេមិនដឹងថាជាចៅហ្វាយធ្វើអ្វីទេ គឺខ្ញុំហៅអ្នករាល់គ្នាថាជាសំឡាញ់វិញពីព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់ ដែលខ្ញុំឮពីព្រះវរបិតាខ្ញុំមក» (យ៉ូហាន ១៥៖១៥)។ មិត្តភក្តិនឹងយោគយល់គ្នាទៅវិញទៅមកទោះបីជាពួកគេបានប្រព្រឹត្តខុសក៏ដោយ។ មិត្តភក្តិនឹងចែករំលែកសេចក្តីអំណរ និងសេចក្តីសោកសៅរបស់ពួកគេទៅកាន់គ្នាទៅវិញទៅមកដោយសេរី។
សូមអានខគម្ពីរម៉ាថាយ ១៥៖២១-២៨ និងម៉ាកុស ១៤៖៦-៩។ ខទាំងនេះបានបង្ហាញយើងអំពីស្ត្រីពីរនាក់ដែលមានលក្ខណៈដោយឡែកពីគ្នា។ ព្រះយេស៊ូវពុំបានចែកចាយដំណឹងល្អជាមួយស្ត្រីទាំងពីរនាក់នេះដូចគ្នានោះទេ។ ទ្រង់មានឥរិយាបថសុភាពរាបសាជាមួយនឹងស្ត្រីម្នាក់។ ប៉ុន្តែ ទ្រង់ពុំបានយកព្រះទ័យទុកដាក់ចំពោះស្រ្តីម្នាក់ទៀតកាលពីដំបូងនោះទេ។ តើលោកអ្នកបានឃើញអ្វីខ្លះនៅក្នុង រឿងនីមួយៗដែលបង្ហាញយើងថា ព្រះយេស៊ូវបានព្យាយាមសង្គ្រោះស្ត្រីទាំងពីរនាក់នេះ និងពង្រឹងសេចក្តីជំនឿពួកនាងចំពោះទ្រង់?
ស្ត្រីម្នាក់នៅក្នុងបទគម្ពីរម៉ាថាយ១៥គឺជាសាសន៍កាណាន។ ដំបូងឡើយ ព្រះយេស៊ូវពុំបានប្រទានដល់នាងនូវអ្វីដែលនាងចង់បាននោះទេ។ ប៉ុន្តែ នាងបានព្យាយាមទូលអង្វរអោយទ្រង់ជួយដល់នាង។ រឿងនេះបណ្តាលអោយជំនឿរបស់នាងកាន់តែរឹងមាំឡើង។ នៅទីបញ្ចប់ព្រះយេស៊ូវបានប្រទាន ដល់នាងនូវអ្វីដែលនាងចង់បាន។ បន្ទាប់មក ព្រះយេស៊ូវបានមានបន្ទូលជាពាក្យពេចន៍ដែលគួរអោយ ភ្ញាក់ផ្អើល។ ពុំមានមេដឹកនាំសាសន៍យូដាមួយណាដែលនឹងនិយាយពាក្យពេចន៍ទាំងនេះទៅឯស្ត្រីសាសន៍ កាណានដែលរងគ្រោះនោះទេ។ ចិត្តរបស់ស្ត្រីម្នាក់នេះប្រាកដជាមានពេញដោយសេចក្តីអំណរជាពុំខាន។ បន្ទូលរបស់ព្រះយេស៊ូវប្រាកដជាបានផ្លាស់ប្តូរជីវិតរបស់នាងតាមរបៀបដ៏ធំមួយ។
ស្ត្រីម្នាក់ដែលបានលាងព្រះបាទារបស់ព្រះយេស៊ូវជាមួយនឹងគ្រឿងក្រអូបគឺជាសាសន៍យូដា។នាងក៏ដូចជាស្ត្រីម្នាក់ខាងលើដែលអ្នកដទៃបានមើលងាយផងដែរ។ ពួកគេពុំបានគិតវិជ្ជមានចំពោះនាងទាល់តែសោះ នោះគឺដោយសារអតីតកាលរបស់នាង។ នាងបានប្រព្រឹត្តកំហុសជាច្រើនព្រមទាំងធ្វើ បាបម្តងហើយម្តងទៀត។ ប៉ុន្តែ ព្រះយេស៊ូវបានលើកលែងទោសដល់នាង។ ទ្រង់បានផ្លាស់ប្តូរនាង និងធ្វើអោយនាងក្លាយជាមនុស្សថ្មីម្តងទៀត។ ព្រះយេស៊ូវបានសរសើរសកម្មភាពរបស់នាងខណៈពេលដែលអ្នកដទៃកំពុងតែនិយាយអាក្រក់ពីនាង។ ទ្រង់បានមានបន្ទូលថា «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា កន្លែងណាដែលគេនឹងផ្សាយដំណឹងល្អនេះទូទៅគ្រប់ក្នុងលោកីយ៍ទាំងមូល នោះគេតែងនឹងដំណាលពីការដែលនាងបានធ្វើហើយនេះទុកសំរាប់ជាកេរ្តិ៍នាងតទៅ» (ម៉ាកុស ១៤៖៩)។
ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០
ការចែកចាយសេចក្តីពិតដោយសេចក្តីស្រឡាញ់
មិត្តភាពតែមួយមុខពុំអាចនាំមនុស្សទៅឯព្រះយេស៊ូវបានឡើយ។ យើងប្រហែលជាមានមិត្តភក្តិជាច្រើន។ មិត្តភក្តិគឺជាមនុស្សដែលយើងចូលចិត្តនៅជាមួយ។ ពួកគេក៏ចូលចិត្តនៅជាមួយនឹងយើងផងដែរ។ ប៉ុន្តែ តើយ៉ាងដូចម្តេចទៅវិញ ប្រសិនបើយើងពុំបានប្រាប់មិត្តភក្តិរបស់យើងអំពីព្រះយេស៊ូវសំខាន់ប៉ុនណាសម្រាប់យើងនោះ? ឬ ពុំដែលអោយពួកគេបានដឹងអំពីទ្រង់បានផ្លាស់ប្តូរជីវិតរបស់យើងដោយរបៀប ណាដែរ? ពេលនោះ មិត្តភាពរបស់យើងនឹងពុំអាចជួយអ្នកណាម្នាក់អោយរកឃើញជីវិតអស់កល្បបានឡើយ។ យើងប្រាកដជាសប្បាយរីករាយនៅពេលដែលយើងនៅជាមួយគ្នា។ ប៉ុន្តែ ព្រះចង់អោយយើង ធ្វើលើសពីរឿងនេះទៀត ពីព្រោះមិត្តភាពរបស់យើងពុំគ្រប់គ្រាន់ ដើម្បីនាំមនុស្សទៅឯព្រះយេស៊ូវនោះទេ។ អាក្រក់ជាងនេះទៅទៀត ពាក្យសម្ដី និងអារម្មណ៍មិនល្អអាចជំរុញអោយមនុស្សឃ្លាតឆ្ងាយពីព្រះយេស៊ូវ។
លោកប៉ុលបានដាស់តឿនអោយយើងនិយាយ «សេចក្តីពិតដោយសេចក្តីស្រឡាញ់» (អេភេសូរ ៤៖១៥)។ មិត្តភាពកាន់តែប្រសើរឡើងនៅពេលដែលយើងចុះចូលជាមួយអ្នកដទៃតាមដែលអាចធ្វើទៅបាន។ មិត្តភាពក៏កាន់តែប្រសើរឡើង នៅពេលដែលយើងបង្ហាញអ្នកដទៃថា យើងបានទទួលយកពួកគេ និងសរសើរពួកគេ នៅពេលដែលពួកគេធ្វើអ្វីមួយដែលល្អ។ នេះជារឿងដ៏សំខាន់ដែលយើងបង្កើតទម្លាប់ មួយក្នុងការសម្លឹងមើលសេចក្តីល្អនៅក្នុងអ្នកដទៃ។ យើងពុំត្រូវសម្លឹងមើលសេចក្តីអាក្រក់របស់អ្នកដទៃ ឡើយ។
សូមអានខគម្ពីរថែស្សាឡូនីចទី២ ១៖១-៤។ សូមរៀបរាប់សេចក្តីល្អមួយចំនួនដែលលោកប៉ុល បានសរសើរដល់ពួកជំនុំថែស្សាឡូនីច។
មានមនុស្សមួយចំនួនដែលចូលចិត្តសម្លឹងមើលកំហុសរបស់អ្នកដទៃ។ ពួកគេមានអារម្មណ៍សប្បាយរីករាយនៅពេលដែលពួកគេអាចរកឃើញកំហុសអ្វីមួយដែលបុគ្គលម្នាក់បានធ្វើ។ ទម្លាប់បែបនេះធ្វើអោយពួកគេមានអារម្មណ៍កាន់តែល្អក្នុងការគិតអំពីកំហុសដែលអ្នកដទៃបានធ្វើ។
រីឯលោកប៉ុលមានលក្ខណៈខុសពីគេ។ គាត់បានសម្លឹងមើលសេចក្តីល្អនៅក្នុងពួកជំនុំដែលគាត់បានបម្រើការ។ មែនហើយ លោកប៉ុលបានបង្ហាញពួកជំនុំអំពីកំហុសរបស់ពួកគេ។ លោកប៉ុលពុំទទួល យកអំពើបាបនោះទេ។ ប៉ុន្តែ លោកប៉ុលចង់ស្អាងពួកជំនុំដែលគាត់បានបង្កើតអោយបានរឹងមាំឡើង។ វិធីស្អាងដែលលោកប៉ុលបានធ្វើនេះគឺជាការបង្ហាញប្រាប់អំពីសេចក្តីត្រឹមត្រូវដែលពួកជំនុំបានធ្វើ។
អ្នកស្រីអែល្លិន ជីវ៉ៃត៍ក៏បានបង្ហាញប្រាប់អំពី សារៈសំខាន់នៃមិត្តភាពល្អផងដែរ។ «យើងត្រូវតែ លះបង់សេចក្តីអំនួតចេញពីចិត្តរបស់យើង។ បន្ទាប់មក យើងត្រូវតែមានសេចក្តីសប្បុរស និងប្រកបដោយសេចក្តីអាណិតអាសូរចំពោះអ្នកដទៃ។ យើងត្រូវតែធ្វើល្អចំពោះពួកគេ និងមានចិត្តទន់ភ្លន់។ ប្រសិនបើយើងធ្វើបែបនេះ នោះនឹងអាចមានមនុស្ស១០០នាក់ចូលរួមនៅក្នុងពួកជំនុំ ខណៈពេលដែលឥឡូវនេះមានត្រឹមតែយើងម្នាក់បានចូលរួមតែប៉ុណ្ណោះ»។ ដកស្រង់ពី Testimonies for the Church, volume 9, page 189, adapted។
សូមគិតអំពីសម្រង់ពាក្យរបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ខាងលើ។ តើនឹងមានអ្វីកើតឡើង ប្រសិនបើចិត្តរបស់សមាជិកម្នាក់ៗនៅក្នុងពួកជំនុំរបស់លោកអ្នកប្រកបដោយសេចក្តីសប្បុរស សេចក្តីទន់ភ្លន់ និងសេចក្តីមេត្តាករុណានោះ? តើពួកជំនុំរបស់លោកអ្នកមើលទៅដូចជាអ្វីដែរ? សូមក្រឡេកមើលមកក្នុងចិត្តរបស់លោកអ្នកផ្ទាល់។ តើលោកអ្នកអាចបង្ហាញសេចក្តីស្រឡាញ់របស់ព្រះទៅកាន់អ្នកដទៃអោយកាន់តែប្រសើរឡើងដោយរបៀបណា?
ថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០
គោលបំណងនៃព្រះគម្ពីរសម្រាប់ការទទួលអ្នកដទៃតាមអ្វីដែលគេមាន
សូមអានខគម្ពីររ៉ូម ១៥៖៧ និងអេភេសូរ ៤៖៣២។ តើអ្វីដែលជាហេតុផលសម្រាប់ការទទួលយកអ្នកដទៃតាមអ្វីដែលពួកគេមានដូចដែលខទាំងនេះបានបង្ហាញយើង? តើការដែលមានចិត្តទទួលយកអ្នកដទៃមានអត្ថន័យយ៉ាងដូចម្តេច?
លោកប៉ុលបានមានប្រសាសន៍អំពីក្បួនច្បាប់ដ៏សំខាន់ដែលបកស្រាយអំពីមូលហេតុដែលយើងគួរតែទទួលយកគ្នាទៅវិញទៅមកនៅក្នុងខគម្ពីររ៉ូម ១៥៖៧ និងអេភេសូរ ៤៖៣២។ ព្រះយេស៊ូវបានលើកលែងទោស និងទទួលយកយើងរាល់គ្នា។ ម៉្លោះហើយ តើយើងអាចបដិសេធក្នុងការលើកលែងទោស និងទទួលយកគ្នាដូចម្តេចនឹងកើត? ពីព្រោះព្រះយេស៊ូវបានទទួលយកយើង ហើយយើងក៏អាចទទួលយកគ្នាទៅវិញទៅមកផងដែរ ទោះបីជាយើងបានប្រព្រឹត្តកំហុស ឬមិនល្អឥតខ្ចោះយ៉ាងណាក្តី។
សូមគិតយ៉ាងយកចិត្តទុកដាក់អំពីខ្លឹមសារនៅត្រង់នេះ។ សូមគិតថា លោកអ្នកគឺជាអ្នកណាអោយពិតប្រាកដ។ សូមគិតអំពីរឿងមួយចំនួនដែលលោកអ្នកបានធ្វើ និងកំពុងតែប្រឆាំងទាស់នឹងរឿងទាំងនោះឥឡូវនេះ។ ប្រហែលជាមានតែលោកអ្នកបុ៉ណ្ណោះដែលដឹងរឿងទាំងនេះ។ ប៉ុន្តែ លោកអ្នកមានការភ័យព្រួយនៅក្នុងចិត្តអំពីអ្វីដែលនឹងកើតឡើងប្រសិនបើអ្នកដទៃបានដឹងរឿងនោះ។
ទោះជាយ៉ាងណាក្តី ព្រះយេស៊ូវនៅតែទទួលយកលោកអ្នកដោយសារសេចក្តីជំនឿរបស់លោក អ្នក។ ទ្រង់ជ្រាបអំពីរឿងគ្រប់យ៉ាងនៅក្នុងជីវិតរបស់លោកអ្នកដែលអ្នកដទៃប្រហែលជាពុំបានដឹងអំពីរឿងនោះទាល់តែសោះ។ ជាការពិតណាស់ ទ្រង់ជ្រាបអំពីរឿងទាំងអស់នោះ ហើយទ្រង់នៅតែទទួលលោកអ្នកទៀតផងដែរ។ ពុំមែនដោយសារសេចក្តីល្អអ្វីមួយដែលលោកអ្នកបានធ្វើនោះទេ។ ប៉ុន្តែ ដោយសារតែព្រះជន្មដ៏បរិសុទ្ធ និងព្រះរាជកិច្ចដ៏អស្ចារ្យរបស់ទ្រង់ទៅវិញទេ។ ដោយដឹងអំពីសេចក្តីពិតទាំងនេះ តើលោកអ្នកគួរគិត និងមានអារម្មណ៍យ៉ាងណាចំពោះអ្នកដទៃ?
ការទទួលយកអ្នកដទៃមានអត្ថន័យថា យើងទទួលយកពួកគេតាមអ្វីដែលគេមាន។ យើងទទួល យកពួកគេជាមួយនឹងអំពើបាប និងទម្លាប់អាក្រក់ទាំងអស់របស់ពួកគេ។ តើហេតុអ្វីទៅ? នោះគឺដោយសារតែព្រះបានបង្កើតពួកគេដូចជាព្រះអង្គទ្រង់។ ពីព្រោះព្រះយេស៊ូវបានសុគតជំនួសយើង «កាលដែល យើងនៅមានបាបនៅឡើយផង» ((រ៉ូម ៥៖៨) និង «សម្រុះសម្រួលយើងឲ្យជានានឹងព្រះអង្គវិញ» (រ៉ូម ៥៖១០, គខប)។
ដំបូងឡើយ យើងត្រូវតែស្អាងការទទួលយកអ្នកដទៃដោយការថែរក្សាមិត្តភាពជាមួយពួកគេ ជាមុនសិន។ បន្ទាប់មក យើងត្រូវតែចែកចាយសេចក្តីពិតនៃព្រះគម្ពីរជាមួយនឹងពួកគេតាមរបៀបដែលប្រកបដោយសេចក្តីស្រឡាញ់។ ប្រសិនបើយើងមិនធ្វើដូច្នេះទេ នោះយើងពុំបានស្រឡាញ់ពួកគេយ៉ាង ពិតប្រាកដនោះទេ។ ក្នុងនាមជាមិត្តភក្តិយើងគួរតែយកចិត្តទុកដាក់អោយខ្លាំងក្នុងការចែកចាយអំពីការផ្លាស់ប្តូរជីរិតដែលជាសេចក្តីពិតដ៏នៅអស់កល្បជាមួយនឹងមិត្តភក្តិរបស់យើង។
ព្រះយេស៊ូវពុំបានធ្វើព្រងើយកន្តើយចំពោះសិស្សរបស់ទ្រង់ដោយមានបន្ទូលថា «អ្នកអាចធ្វើ អ្វីដែលអ្នកចង់ធ្វើបាន។ គ្រប់យ៉ាងគឺល្អទាំងអស់។ អ្នកធ្វើយ៉ាងណាក៏ខ្ញុំនៅតែទទួលយកអ្នក» នោះទេ។ ពុំមែនដូច្នោះទេ។ ព្រះយេស៊ូវបានមានបន្ទូលយ៉ាងច្បាស់ថា «ទោះបីជាអ្នកប្រព្រឹត្តកំហុសក្តី ខ្ញុំនឹងលើក លែងទោសដល់អ្នក ហើយប្រទានអំណាចអោយអ្នកផ្លាស់ប្តូរផងដែរ»។ យើងនឹងអាចនាំចិត្តរបស់ពួកគេទៅឯព្រះយេស៊ូវ និងអាចផ្លាស់ប្តូរជីវិតរបស់ពួកគេបាននៅពេលដែលយើងចែកចាយសេចក្តីពិតនៃព្រះគម្ពីរដោយវិញ្ញាណរបស់ព្រះយេស៊ូវ និងចិត្តដែលប្រកបដោយសេចក្តីស្រឡាញ់នោះ។
ទន្ទឹមគ្នានេះ តើយើងអាចទទួលយកអ្នកដទៃបានដោយមិនទទួលយកទម្លាប់អាក្រក់ ឬអំពើបាបរបស់ពួកគេដោយរបៀបណា?
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០
ការចែកចាយសេចក្តីពិតដោយសេចក្តីស្រឡាញ់
ព្រះយេស៊ូវពុំបានបរាជ័យក្នុងការចែកចាយសេចក្តីពិតដោយសេចក្តីស្រឡាញ់នោះទេ។ ប្រសិនបើទ្រង់បរាជ័យក្នុងការចែកចាយសេចក្តីពិត នោះការចែកចាយសេចក្តីពិតនេះពុំមែនដោយសេចក្តីស្រឡាញ់នោះឡើយ។ ពុំមានការខ្វែងគំនិតគ្នារវាងសេចក្តីស្រឡាញ់ និងសេចក្តីពិតនោះឡើយ។ ម៉្លោះហើយ យើងត្រូវតែចែកចាយសេចក្តីពិតតាមរបៀបដ៏សប្បុរសដោយគ្មានសេចក្តីអំនួតនៅក្នុងចិត្តរបស់យើង។ យើងត្រូវតែបង្ហាញសេចក្តីស្រឡាញ់ នៅពេលដែលយើងចែកចាយសេចក្តីពិត។ ព្រះយេស៊ូវបានមានបន្ទូលថា «ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត» (យ៉ូហាន ១៤៖៦)។ ព្រះយេស៊ូវគឺជាផ្លូវតែមួយគត់សម្រាប់អោយ យើងបានសង្គ្រោះ (កិច្ចការ ៤៖១២)។ សេចក្តីមេត្តាករុណា និងសេចក្តីមេត្រីរបស់ព្រះយេស៊ូវបានសង្គ្រោះយើង ដើម្បីអោយយើងអាចដឹងអំពីសេចក្តីពិតរបស់ទ្រង់ និងព្រះជន្មរស់របស់ព្រះអង្គ។ សេចក្តីពិតដែលមិនមានសេចក្តីស្រឡាញ់នៅក្នុងនោះនឹងនាំទៅរកការស្តាប់បង្គាប់ដោយគ្មានជីវិតខាងវិញ្ញាណដ៏ពិតប្រាកដណាមួយទាល់តែសោះ។ រីឯ «សេចក្តីស្រឡាញ់» ដែលមិនមានសេចក្តីពិតវិញនោះក៏នឹងនាំទៅ រកសាសនាតាមអារម្មណ៍ដែលពុំអាចសង្គ្រោះលោកអ្នកបានដែរ។ នោះគឺជាហេតុផលដែលសេចក្តីពិតត្រូវតែបានចែកចាយដោយសេចក្តីស្រឡាញ់។ ពេលនោះ សេចក្តីពិតនឹងអាចនាំយើងអោយមានបទ ពិសោធន៍នៃគ្រីស្ទានដ៏ពិតប្រាកដដែលបទពិសោធន៍នោះទៀតសោតផ្តល់អោយយើងនៅគោលបំណងក្នុងការរស់នៅ។
សូមអានខគម្ពីរពេត្រុសទី១ ៣៖១៥; ធីម៉ូថេទី២ ៤៖២ និងទីតុស ៣៖៤, ៥។ តើពាក្យអ្វីខ្លះនៅក្នុងខទាំងនេះ ដែលបង្ហាញយើងអំពីសារៈសំខាន់ក្នុងការដកសេចក្តីអំនួតចេញពីចិត្តរបស់យើងនៅពេលដែលយើងចែកចាយសេចក្តីពិតនៃព្រះគម្ពីរ?
អ្នកសរសេរព្រះគម្ពីរសញ្ញាថ្មីពុំដែលដាក់សេចក្តីស្រឡាញ់ខ្ពស់ជាងសេចក្តីពិតនោះទេ។ អ្នកសរសេរបានរួមបញ្ចូលទាំងសេចក្តីស្រឡាញ់ និងសេចក្តីពិតតាមរបៀបដ៏ល្អប្រពៃ ព្រមទាំងរួមបញ្ចូលសេចក្តីមេត្តាករុណាជាមួយនឹងច្បាប់ ហើយសេចក្តីសប្បុរសជាមួយនឹងសេចក្តីស្មោះត្រង់ផងដែរ។ លោកពេត្រុសបានប្រាប់គ្រីស្ទានថា «ឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាចដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា» (ពេត្រុសទី១ ៣៖១៥)។ លោកអ្នកត្រូវ តែដឹងអំពីអ្វីដែលលោកអ្នកជឿ និងមូលហេតុដែលលោកអ្នកជឿដើម្បីអោយលោកអ្នកអាចបញ្ចុះបញ្ចូលអ្នកដទៃអំពីគោលជំនឿរបស់លោកអ្នកបាន។ ប៉ុន្តែ យើងអាចធ្វើកិច្ចការនេះបានលុះត្រាតែចិត្តរបស់យើងគ្មានអំនួតជាមុនសិន។
លោកប៉ុលបានប្រាប់លោកធីម៉ូថេថា «ចូរឲ្យអ្នកផ្សាយព្រះបន្ទូលចុះ ហើយទទូចជំរុញផងទោះត្រូវពេល ឬខុសក្តី ចូររំឭកគេឲ្យដឹងខ្លួនព្រមទាំងបន្ទោស ហើយកំឡាចិត្តគេដោយចិត្តអត់ធ្មត់ និងសេចក្តីប្រៀនប្រដៅគ្រប់យ៉ាង» (ធីម៉ូថេទី២ ៤៖២)។ លោកប៉ុលបានប្រាប់លោកទីតុសថា ព្រះសង្គ្រោះយើងដោយសារតែទ្រង់ប្រកបដោយសេចក្តីសប្បុរស និងសេចក្តីស្រឡាញ់។ នោះគឺជាមូលហេតុដែលយើងអាចមានជីវិតថ្មីនៅក្នុងទ្រង់ (ទីតុស ៣៖៥)។
ព្រះក៏សំណូមពរអោយយើងចែកចាយសេចក្តីពិតប្រកបដោយសេចក្តីស្រឡាញ់ដែលគ្មានអំនួតផងដែរ។ ព្រះជាម្ចាស់របស់យើងមានសារនៃគ្រាចុងក្រោយសម្រាប់មនុស្សលោកដែលរស់នៅ ផែនដីនេះ។ ព្រះជាម្ចាស់បានអញ្ជើញយើងអោយចូលរួមជាមួយនឹងទ្រង់ក្នុងការចែកចាយសេចក្តីពិតរបស់ទ្រង់ដោយសេចក្តីស្រឡាញ់។
ប្រសិនបើអ្នកណាម្នាក់សួរលោកអ្នកថា «ហេតុអ្វីបានជាលោកអ្នកក្លាយមកជាគ្រីស្ទាន?» តើលោកអ្នកនឹងឆ្លើយតបទៅពួកគេវិញយ៉ាងដូចម្តេច? តើហេតុអ្វីបានជាលោកអ្នកឆ្លើយចំឡើយយ៉ាងដូច្នោះ?
ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០
សិក្សាបន្ថែម
«ព្រះយេស៊ូវមានព្រះទ័យសុភាពរាបសាដូចជាអ្នកគង្វាលចៀម។ ទ្រង់ប្រកបដោយសេចក្តីស្រឡាញ់ដូចជាឪពុកម្តាយ។ សេចក្តីមេត្តាករុណារបស់ទ្រង់ពុំអាចយកអ្វីមកផ្ទឹមបានឡើយ។ ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះរបស់យើងដែលប្រកបដោយសេចក្តីស្រឡាញ់។ ទ្រង់បានបង្ហាញព្រះពររបស់ទ្រង់ដល់យើងនៅក្នុងរបៀបដ៏ទាក់ទាញបំផុត។ ព្រះយេស៊ូវពុំត្រឹមតែចង់បង្ហាញប្រាប់យើងអំពីព្រះពររបស់ទ្រង់ចំពោះយើងប៉ុណ្ណោះទេ។ ទ្រង់ចង់អោយយើងប្រាថ្នាចង់បានព្រះពរទាំងនោះដោយអស់អំពីចិត្តរបស់យើង។ ក្នុងនាមជាអ្នកបម្រើទ្រង់ យើងត្រូវតែប្រកាសប្រាប់អំពីព្រះយេស៊ូវដែលជាអំណោយដ៏ពិសេសពីស្ថានសួគ៌។ សេចក្តីស្រឡាញ់ដ៏ល្អអស្ចារ្យរបស់ព្រះយេស៊ូវនឹងរំលាយចិត្តដ៏រឹងរូស របស់មនុស្ស។ សេចក្តីស្រឡាញ់របស់ព្រះអង្គមានឥទ្ធិពលខ្លាំងជាងការបង្រៀនអំពីសេចក្តីពិតនៃព្រះគម្ពីរតែម៉្យាង។ ព្រះរបស់អ្នកបានមានបន្ទូលថា ‘ចូរកំសាន្តទុក្ខ ចូរកំសាន្តទុក្ខរាស្ត្រអញចុះ’។ ‘ឱអ្នកដែលនាំដំណឹងល្អ មកដល់ក្រុងស៊ីយ៉ូនអើយ ចូរឡើងទៅប្រកាសប្រាប់ពីលើភ្នំខ្ពស់ចុះ ឱអ្នកដែលនាំដំណឹងល្អមកដល់ក្រុងយេរូសាឡិមអើយ ចូរបន្លឺសំឡេងឡើងជាខ្លាំង ចូរបន្លឺឡើង កុំខ្លាចឡើយ ចូរប្រាប់ដល់ទីក្រុងនៃស្រុកយូដាទាំងប៉ុន្មានថា មើលន៍ ព្រះនៃអ្នករាល់គ្នា . . . . ដូចជាអ្នកគង្វាល ទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឧរា ក៏នឹងនាំពួកមេៗ ដែល មានកូនខ្ចី ទៅដោយថ្នម’ (អេសាយ ៤០៖១, ៩-១១)»។ ដកស្រង់ពី Ellen G. White, The Desire of Ages, pages 826, 827, adapted។
សំនួរពិភាក្សា៖
- គួរអោយសោកស្តាយដែលមនុស្សមួយចំនួនព្យាយាមធ្វើអោយខ្លួនឯងមានអារម្មណ៍ប្រសើរឡើងតាមរយៈការនិយាយអំពីកំហុសដែលអ្នកដទៃបានធ្វើ។ តើយើងគួរធ្វើយ៉ាងដូចម្តេចដើម្បីកំុអោយខ្លួនយើងធ្លាក់ទៅក្នុងអន្ទាក់ដូចគ្នានេះ?
- ឧបមាថា មិត្តរបស់លោកអ្នកទើបតែចេញមកពីពិធីបុណ្យសព។ គាត់បាននិយាយមកកាន់លោកអ្នកថា «ខ្ញុំពិតជាមានសេចក្តីរីករាយណាស់ដែលមីងរបស់ខ្ញុំនៅឯស្ថានសួគ៌កំពុងតែសម្លឹងមើលមកខ្ញុំ។ វាធ្វើអោយខ្ញុំមានអារម្មណ៍ល្អណាស់»។ តើលោកអ្នកនឹងឆ្លើយតបមិត្តរបស់លោកអ្នកវិញយ៉ាងដូចម្តេចដោយផ្អែកទៅលើអ្វីដែលយើងបានរៀននៅក្នុងសប្តាហ៍នេះអំពីការចែកចាយសេចក្តីពិតនោះ?
- សូមពិភាក្សានៅក្នុងថ្នាក់អំពីប្រយោគទាំងនេះដែលជាពន្លឺនៃការធ្វើបន្ទាល់របស់យើងទៅកាន់អ្នកដទៃ «សកម្មភាពនៃការស្វែងរកសេចក្តីអាក្រក់របស់អ្នកដទៃនឹងវិវត្តទៅជាសេចក្តីអាក្រក់នៅក្នុងអ្នកដែលស្វែងរកកំហុសទៅវិញ។ ខណៈពេលដែលយើងគិតអំពីកំហុសរបស់អ្នកដទៃ នោះយើងបានផ្លាស់ប្តូរទៅជាមនុស្សអាក្រក់ដែរ។ យើងនឹងក្លាយជាមនុស្សដូចជាពួកគេដែរ។ ផ្ទុយទៅវិញ ខណៈពេលដែលយើងក្រឡេកមើលទៅឯព្រះយេស៊ូវហើយនិយាយអំពីសេចក្តីស្រឡាញ់ និងជីវិតដ៏ល្អឥតខ្ចោះរបស់យើង យើងនឹងបានផ្លាស់ប្តូរទៅជាមនុស្សល្អ។ ពេលនោះ យើងនឹងចាប់ផ្តើមក្លាយមកដូចជាព្រះយេស៊ូវផងដែរ។ នៅពេលយើងគិតអំពីព្រះជន្មរស់ដ៏ល្អបរិសុទ្ធរបស់ព្រះយេស៊ូវ នោះយើងនឹងបានជាបរិសុទ្ធ ហើយចិត្តរបស់យើងក៏គ្មានសេចក្តីសៅហ្មងទៀតដែរ។ ខណៈពេលដែលយើងកំពុងតែរស់នៅជាមួយនឹងព្រះ ពន្លឺបានបំភ្លឺចេញពីជីវិតរបស់យើងដែលអាចធ្វើអោយអ្នកដទៃដែលមានទំនាក់ទំនងជាមួយនឹងយើងបានភ្លឺផងដែរ»។ ដកស្រង់ពី Ellen G. White, Gospel Workers, page 479, adapted។
រឿងខ្លី
ការថ្លែងយ៉ាងអង់អាចនៅឯហ្វាំងឡង់
ស៊ីម៉ូ វេហ្វខាវួរី (Simo Vehkavuori) ដែលមានអាយុ៩០ឆ្នាំ បានចាប់ផ្តើមពិចារណាឡើងវិញអំពីជីវិតរបស់គាត់ ខណៈពេលដែលចុះសួរសុខទុក្ខពូ និងមីងដែលជាសមាជិកអាត់វេនទីស្ទនៅឯប្រទេសស៊ុយអែត។ ក្មេងជំទង់ជនជាតិហ្វាំងឡង់បានចងចាំពីការខកខានមិនបានបំពេញតាមការសន្យាក្នុងការដើរតាមព្រះនៅឯជំរុំរដូវក្តៅកាលពីរបីឆ្នាំមុន ហើយគាត់បានងឿងឆ្ងល់ជាខ្លាំងថា តើខ្ញុំបានបាត់បង់ព្រះគុណរបស់ព្រះហើយឬ?
យប់មួយ គាត់បានចេញទៅឯសួនខាងក្រោយ ហើយលុតជង្គង់ទាំងទួញយំនៅក្បែរដើមលីឡាក់ (Lilac) ធំមួយ។ គាត់បានទូលថា «ឱព្រះយេស៊ូវអើយ ប្រសិនបើទ្រង់នៅតែទទួលយកទូលបង្គំនៅឡើយ ហើយប្រសិនបើយប់នេះគឺជាវេលាដ៏ត្រឹមត្រូវក្នុងការថ្វាយចិត្តរបស់ទូលបង្គំទៅឯទ្រង់មែននោះ សូមទ្រង់បង្ហាញសញ្ញាដល់ទូលបង្គំដោយធ្វើអោយផ្កាយលេចឡើងនៅលើមេឃចុះ»។ ខណៈដែលគាត់ឈរនៅទីនោះ ផ្កាយដ៏ធំមួយក៏បានលេចឡើងនៅលើមេឃ។
នៅពេលស៊ីម៉ូវិលត្រឡប់មកឯគ្រួសារអ្នកកសិករនៅឯផ្ទះនៃប្រទេសហ្វាំងឡង់វិញ សហគមន៍ កសិកម្មបានឮអំពីការសម្រេចចិត្តរបស់គាត់ក្នុងការដើរតាមព្រះ។ អ្នកខ្លះបានចំអកឡកឡឺយដល់គាត់នាំអោយគាត់គិតថា តើគាត់គួរតែបើកចំហអំពីសេចក្តីជំនឿរបស់គាត់ឬយ៉ាងណា។ ល្ងាចមួយ អ្នកត្រួតពិនិត្យនៃរដ្ឋាភិបាលបានមកដើម្បីត្រួតពិនិត្យដូចសព្វដង ខណៈពេលដែលស៊ីម៉ូរឺតទឹកដោះគោនៅក្នុងកសិដ្ឋានរបស់ឪពុកគាត់។ អ្នកត្រួតពិនិត្យបានឮអំពីការផ្លាស់ប្តូរជំនឿរបស់គាត់ ហើយនាងបាននិយាយ ចំអកអោយគាត់។ នាងបាននិយាយខណៈពេលដែលស៊ីម៉ូកំពុងតែរឺតទឹកដោះគោថា «សូមស្តាប់ មានពាក្យចចាមអារ៉ាមបានលេចឮតគ្នាអំពីឯង។ ខ្ញុំសង្ឃឹមថា ឯងពុំមែនជាគ្រីស្ទាននៅឯប្រទេសស៊ុយអែតទៅចុះ។ តើការទៅរាំលេង និងមើលកុនជាមួយក្មេងៗដទៃទៀត និងរកការសប្បាយចេញពីពិភពលោកនេះតាមដែលអាចទៅរួច មិនល្អប្រសើរជាងទេឬអី?»។
ស៊ីម៉ូបានឆ្លើយតបដោយសម្លឹងមើលទៅឯនាងវិញថា «ឱមិត្តជាទីស្រឡាញ់អើយ ល្ងាចនេះខ្ញុំអាចប្រាប់អ្នកថា ខ្ញុំបានជួបព្រះយេស៊ូវដែលជាព្រះអង្គសង្គ្រោះរបស់ខ្ញុំផ្ទាល់នៅឯប្រទេសស៊ុយអែត ហើយខ្ញុំចង់ដើរតាមទ្រង់ទៅគ្រប់ទីកន្លែងដែលទ្រង់នាំខ្ញុំទៅ»។ គាត់និយាយបានតែប៉ុន្មានម៉ាត់ប៉ុណ្ណោះ ខណៈពេលមានសំឡេងផ្ទុះយ៉ាងខ្លាំងលាន់ឮពេញកសិដ្ឋាន។ គោដែលគាត់កំពុងតែរឺតយកទឹកដោះបានដួលស្លាប់នៅនឹងដី។ រីឯគោផ្សេងៗទៀតបានលុតជង្គង់ចុះ។ ភ្លាមនោះកសិដ្ឋានទាំងមូលបានស្ងៀមស្ងាត់ឈឹង។ បន្ទាប់មក គោទាំងអស់បានស្រែកយំយ៉ាងទ្រហឹងអឺងកង ការស្រែកយំរបស់ពួកគេប្រៀបដូចជាសំឡេងព្រូសនៃសត្វឆ្កែអុីចឹង។ ភ្លើងអំពូលដែលមានទំហំប៉ុនបាល់វាយកូនហ្គោលបានធ្លាក់ដល់ដីហើយផ្ទុះឡើង នៅចន្លោះស៊ីម៉ូ និងគោ។ ស្បែកជើងកៅស៊ូរបស់ស៊ីម៉ូបានការពារគាត់ពីការឆក់។ អ្នកត្រួតពិនិត្យបានឈរទ្រឹងនៅលើកម្រាលឥដ្ឋ។ មុខរបស់នាងស្លេកស្លាំងជាខ្លាំង។ ប្រដាប់ប្រដារបស់នាងបានធ្លាក់ចុះទៅក្នុងចង្អូរដែលពេញដោយលាមកគោ។ ទីបំផុតនាងបាននិយាយឡើង។ នាងបាននិយាយថា «តើអ្នកអាចអត់ទោសអោយពាក្យសំដីរបស់ខ្ញុំបានដែរឬទេ ស៊ីម៉ូ។ ពាក្យចំអកបានបាត់ពីមាត់នាងហើយ។ បន្ទាប់ពីឈប់ទ្រឹងមួយស្របក់ នាងបាននិយាយថា «យើងប្រៀបបាននឹងធូលីដី នៅពេលដែលធម្មជាតិបង្ហាញអំណាចរបស់វា។ សូមអោយអ្នកបន្តដើរនៅតាមផ្លូវដែលឯងបានជ្រើសរើសតទៅទៀតចុះ។ តើខ្ញុំអាចដើរនៅលើផ្លូវដូចគ្នានឹងអ្នកបានយ៉ាងដូចម្តេចទៅ?»។
នៅពេលនោះ ស៊ីម៉ូបានតាំងចិត្តថា នឹងមិនខ្មាសអៀនក្នុងការចែកចាយជំនឿរបស់គាត់ទៀតទេ។ គាត់បានអធិស្ឋាននៅក្នុងបន្ទប់របស់គាត់នាពេលយប់នោះថា“ សូមទ្រង់ទទួលយកចិត្ត និងជីវិតទូលបង្គំទាំងមូលផង ហើយអនុញ្ញាតអោយទូលបង្គំតាមព្រះអង្គគ្រប់កន្លែងដែលទ្រង់នាំទូលបង្គំទៅ»។