អ្វីៗកាន់តែអាក្រក់ទៅៗនៅគ្រប់ទីកន្លែងលើផែនដីនេះដែលយើងបានឃើញ។ ភពមួយនេះកំពុងតែក្លាយទៅជាកន្លែងដ៏ខ្មៅងងឹតមួយ។ យើងពុំចាំបាច់ទៅខាងក្រៅឆ្ងាយពីផ្ទះដើម្បីអោយឃើញសេចក្តីងងឹងនេះនោះទេ។ យើងក៏មានបទពិសោធន៍ពិបាកជាមួយនឹងការឈឺចាប់ ជំងឺ និងទុក្ខវេទនាផ្ទាល់របស់យើងផងដែរ។ យើងបានឈឺ ហើយសោកសៅជាមួយនឹងការបាត់បង់អ្នកដែលយើងស្រឡាញ់។ យើងបានឃើញប្តីប្រពន្ធលែងលះគ្នា និងគ្រួសារបែកបាក់។ វាពិបាកក្នុងការយល់អំពីរឿងអាក្រក់ជាច្រើនដែលបានកើតឡើងនៅក្នុងជីវិត។
រឿងអាក្រក់បានកើតឡើងមែន។ ប៉ុន្តែ យើងបានឮបន្ទូលរបស់ព្រះយេស៊ូវនៅក្នុងចិត្តរបស់យើងនៅកណ្តាលនៃរឿងអាក្រក់ និងសេចក្តីងងឹតខាងឯវិញ្ញាណទាំងអស់នេះដែលមាននៅជុំវិញយើង។
«អ្នករាល់គ្នាជាពន្លឺនៃលោកីយ៍ ឯទីក្រុងណាដែលនៅលើភ្នំនោះលាក់មិនកំបាំងទេ ក៏គ្មានអ្នកណាអុជចង្កៀង យកទៅដាក់ក្រោមថាំងដែរ គេតែងដាក់លើជើងចង្កៀងវិញ នោះទើបភ្លឺដល់អ្នកដែល នៅក្នុងផ្ទះទាំងអស់គ្នា ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌» (ម៉ាថាយ ៥៖១៤-១៦)។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីរបៀបដែលយើងត្រូវរស់នៅ? ក្នុងនាមជាគ្រីស្ទាន តើទង្វើ និងអត្តចរិតរបស់យើងអាចផ្លាស់ប្តូររបៀបដែលអ្នកដទៃបានសម្លឹងឃើញព្រះយ៉ាងដូចម្តេច?
សូមបង្កើតទិដ្ឋភាពមួយនៅក្នុងគំនិតរបស់លោកអ្នកអំពីក្រុមមនុស្សដែលព្រះយេស៊ូវបានមានបន្ទូល។ ពួកគេបានអង្គុយនៅលើទីទួលម្ខាងជាប់នឹងសមុទ្រកាលីឡេទាំងកណ្តាលថ្ងៃក្តៅ។ តើលោកអ្នកគិតថា មនុស្សទាំងនេះបានយល់អំពីបន្ទូលរបស់ព្រះយេស៊ូវដែរឬទេ? មនុស្សទាំងនេះបានដឹងគ្រប់យ៉ាងអំពីពន្លឺ និងសេចក្តីងងឹត។ ជាការពិតណាស់ ពួកគេមានសេចក្តីងងឹតជាច្រើនដែលពួកគេត្រូវភ័យខ្លាច។ សាសន៍រ៉ូមបានគ្រប់គ្រងលើប្រទេសរបស់ពួកគេ។ វាគឺជាពេលមួយដ៏គួរអោយភ័យខ្លាចសម្រាប់សាសន៍យូដា។
ពួករ៉ូមមាននៅគ្រប់ទីកន្លែង។ បណ្តាជនដែលអង្គុយនៅលើទីទួលម្ខាងដឹងថា អ្នកណាម្នាក់ដែលហ៊ានសាងបញ្ហានឹងត្រូវស្លាប់នៅលើឈើឆ្កាងនៃសាសន៍រ៉ូមជាមិនខាន។
ទោះបីជាយ៉ាងនេះក្តី ព្រះយេស៊ូវកំពុងតែឈរនៅទីនេះសូមអោយសាសន៍យូដារស់នៅជាពន្លឺ ក្នុងការបង្ហាញសេចក្តីសន្តោសប្រណី ចិត្តគំនិតបរិសុទ្ធ និងជាអ្នកផ្សះផ្សាគេ។ បន្ទូលរបស់ព្រះយេស៊ូវ បានបង្ហាញយើងថា ការអប់រំគ្រីស្ទានត្រូវតែរាប់បញ្ចូលទាំងការបង្រៀនសិស្សរបស់យើងអោយធ្វើជាពន្លឺ នៅលើផែនដីនេះ។ ការអប់រំគ្រីស្ទានក៏ត្រូវតែបង្រៀនសិស្សអំពីរបៀបក្នុងការជ្រើសរើស និងសម្រេច ចិត្តល្អផងដែរ។ ជម្រើសរបស់យើងត្រូវតែបង្ហាញអ្នកដទៃថា ព្រះមានព្រះជន្មរស់ដែលទ្រង់ប្រកបដោយសេចក្តីស្រឡាញ់។
តើមានវិធីអ្វីខ្លះដែលយើងអាចបង្ហាញដល់អ្នកដទៃថា ព្រះទ្រង់មានព្រះជន្មរស់ ហើយក៏បានស្រឡាញ់ដល់ពួកគេដែរនោះ?
ថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០
ការរស់នៅក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវ
យើងចាំបាច់ត្រូវចាប់ផ្តើមឡើងជាមួយនឹងព្រះយេស៊ូវ ប្រសិនបើពួកជំនុំចង់អោយការអប់រំគ្រីស្ទានទទួលបានជោគជ័យ។ ព្រះយេស៊ូវបានត្រាស់ហៅមនុស្សអោយដើរតាមទ្រង់។ ព្រះយេស៊ូវបានបង្ហាត់បង្រៀនពួកគេអោយធ្វើកិច្ចការសម្រាប់ព្រះ។ ព្រះយេស៊ូវបានប្រទានឱកាសដល់ពួកគេអោយជួយអ្នកដទៃ។ ព្រះយេស៊ូវបានបង្ហាញសិស្សរបស់ទ្រង់អំពីរបៀបស្រឡាញ់អ្នកដទៃ និងថែរក្សាពួកគេផងដែរ។ ព្រះយេស៊ូវបានបង្ហាញពួកគេជាប្រចាំអំពីរបៀបដែលជីវិតនឹងបានល្អប្រសើរចំពោះមនុស្សគ្រប់គ្នានៅពេលដែលយើងស្រឡាញ់គ្នាទៅវិញទៅមកដូចជាបងប្អូនប្រុសស្រីដូច្នោះដែរ។
សូមអានអ្វីដែលព្រះយេស៊ូវបានមានបន្ទូលនៅក្នុងខគម្ពីរលូកា ៤៖១៨-២៣។ តើអ្វីដែលជាសាររបស់ព្រះយេស៊ូវមកកាន់យើងក្នុងនាមជាសិស្សរបស់ទ្រង់?
អស់រយៈពេលជាច្រើនឆ្នាំដែលសិស្សរបស់ព្រះយេស៊ូវបានសង្កេតមើលព្រះយេស៊ូវដែលជាគ្រូរបស់ពួកគេ។ ព្រះយេស៊ូវបានបង្ហាញសិស្សរបស់ទ្រង់អំពីរបៀបរស់នៅតាមក្បួនច្បាប់នៃនគររបស់ទ្រង់។ ព្រះយេស៊ូវបានប្រកាសក្បួនច្បាប់ទាំងនេះនៅក្នុងសេចក្តីអធិប្បាយជាលើកដំបូងរបស់ទ្រង់ក្នុងសាលាជំនុំនៅឯណាសារ៉ែត។ សាលាប្រជុំគឺជាកន្លែងថ្វាយបង្គំរបស់សាសន៍យូដា។ ព្រះយេស៊ូវបានបង្ហាញសិស្សរបស់ទ្រង់ថា ពួកគេត្រូវលើកលែងទោសជានិច្ច។ ពួកគេត្រូវតែបង្ហាញសេចក្តីសន្តោសប្រណី និងសេចក្តីស្រឡាញ់។ ការធ្វើជាសិស្សរបស់ព្រះយេស៊ូវពុំមែនជារឿងងាយស្រួលរហូតនោះទេ។ យើងត្រូវតែញែកខ្លួនចេញពីរបស់នៅលើផែនដីនេះ។ ជានិច្ចកាល យើងតែងតែមានអារម្មណ៍ឯកោ។ ពេលខ្លះជីវិតត្រូវតែជួបនឹងរឿងប្រឈមនឹងរឿងលំបាក។ ព្រះយេស៊ូវបានបង្រៀនសិស្សរបស់ទ្រង់ដទៃទៀតអំពីមេរៀនដ៏សំខាន់ទាក់ទងនឹងការដើរតាមទ្រង់។ យើងជាសិស្សអស់មួយជីវិតពុំមែនត្រឹមតែមួយថ្ងៃនោះទេ។
«សេចក្តីបង្គាប់របស់ព្រះយេស៊ូវសម្រាប់សិស្សរបស់ទ្រង់ . . . . រាប់បញ្ចូលទាំងអ្នកជឿរហូតដល់គ្រាចុងក្រោយ . . . . ព្រះបានប្រទានដំណឹងល្អដល់មនុស្សគ្រប់គ្នាដែលដើរតាមទ្រង់។ យើងត្រូវតែចែកចាយដំណឹងល្អនេះ។ ព្រះបានប្រទានភារកិច្ចដល់មនុស្សគ្រប់គ្នាដែលទទួលអំណោយនៃជីវិតរបស់ទ្រង់។ ព្រះបានសូមអោយពួកគេសង្គ្រោះមនុស្សលោកដទៃទៀត។ ព្រះបានបង្កើតពួកជំនុំអោយធ្វើកិច្ចការនេះ។ កាលណាយើងចូលរួមជាមួយនឹងពួកជំនុំ ព្រះរំពឹងថា នឹងក្លាយទៅជាអ្នករួមការងារជាមួយនឹងព្រះយេស៊ូវ»។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 822, adapted។
ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវសព្វថ្ងៃនេះ យើងចាំបាច់ត្រូវប្រាកដថា ព្រះយេស៊ូវគឺជាស្នូលនៃការប្រកប និងការថ្វាយបង្គំរបស់យើងជានិច្ច។ វាជាការល្អក្នុងការនឹកចាំថា ព្រះយេស៊ូវបានបង្កើតការដើរតាមទ្រង់របស់យើង។ ជាការពិតណាស់ រ៉ាប៊ី (លោកគ្រូ) នៅសម័យនោះមានអ្នកដើរតាមស្រាប់។ រីឯព្រះយេស៊ូវទ្រង់បានបង្កើតមនុស្សប្រុសស្រីអោយដើរតាមទ្រង់វិញ។ ពួករ៉ាប៊ីពុំដែលជឿថា ការនៅជាប់នឹងព្រះយេស៊ូវសំខាន់ជាងក្បួនច្បាប់ទាំងអស់របស់ពួកគេនោះឡើយ។ ប៉ុន្តែ នោះគឺជាអ្វីដែលព្រះចង់បង្ហាញដល់ពួកគេ។
ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវ យើងអោយតម្លៃមនុស្សគ្រប់គ្នា។ យើងធ្វើកិច្ចការរួមគ្នាក្នុងការធ្វើអោយព្រះវិហារក្លាយទៅជាកន្លែងមួយដែលមនុស្សគ្រប់គ្នាអាចលូតលាស់បាន។ ការអប់រំគ្រីស្ទាន ត្រូវតែរួមបញ្ចូលគោលគំនិតនេះផងដែរ។ យើងដើរតាមស្នាមព្រះបាទរបស់ព្រះយេស៊ូវតាមរយៈការជួយ ដល់មនុស្សដែលត្រូវការជំនួយព្រមទាំងចែកចាយដំណឹងល្អដល់មនុស្សទាំងអស់ផងដែរ។
ថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០
ការស្វែងរកសេចក្តីពិតនៃព្រះគម្ពីរ
អ្នកវិទ្យាសាស្ត្រអាល់បឺតអែងស្តែង (Albert Einstein) បានសរសេរថា៖ «រឿងសំខាន់នោះគឺមិនត្រូវឈប់សួរសំណួរនោះទេ។ យើងត្រូវតែមានសេចក្តីប៉ងប្រាថ្នាចង់ដឹងចង់រៀនពីអ្វីដែលថ្មីជានិច្ច។ ពេលនោះ យើងនឹងមានអារម្មណ៍ភ្ញាក់ផ្អើល និងរំភើប នៅពេលដែលយើងពិចារណាអំពីជីវិតមួយនេះ ជីវិតបន្ទាប់ពីជីវិតមួយនេះ និងអ្វីដែលជាការពិត។ យើងគួរតែព្យាយាមយល់ពីអាថ៌កំបាំងនេះបន្តិចម្តងៗ ជារៀងរាល់គ្នា។ សូមកុំអោយបាត់បង់សេចក្តីប៉ងប្រាថ្នាចង់ដឹងចង់រៀនពីអ្វីដែលថ្មីនោះឡើយ។ សេចក្តីប៉ងប្រាថ្នានោះគឺជាអ្វីដែលបរិសុទ្ធ»។
ជីវិតពោរពេញទៅដោយអាថ៌កំបាំង។ វិទ្យាសាស្ត្រសម័យថ្មីបានបង្ហាញយើងថា ជីរិតគឺជាការ ភ្ញាក់ផ្អើល និងអស្ចារ្យជាងអ្វីដែលយើងធ្លាប់គិតទៅទៀត។ ហើយប្រសិនបើរឿងនោះជាការពិតសម្រាប់ធម្មជាតិទៅហើយ តើវាពិតសម្រាប់ផ្នែកខាងឯវិញ្ញាណយ៉ាងណាទៅ?
សូមអានខគម្ពីរយេរេមា ២៩៖១៣; ម៉ាថាយ ៧៖៧; កិច្ចការ ១៧៖២៦, ២៧; ទំនុកដំកើង ២៥៖៥; យ៉ូហាន ១៦៖១៣ និងយ៉ូហាន ១៧៖១៧។ តើខទាំងនេះបានបង្រៀនអ្វីខ្លះអំពីការស្វែងរក សេចក្តីពិត និងចម្លើយ?
ព្រះគម្ពីរមានពេញទៅដោយរឿងទាក់ទងនឹងប្រភេទមនុស្សដែលមានលក្ខណៈដូចជាពួកយើង។ ពួកគេក៏មានសំណួរ សេចក្តីភ័យខ្លាច និងសេចក្តីអំណរផងដែរ។ ពួកគេក៏បានស្វែងរកសេចក្តីពិតផងដែរ។ ពួកគេចង់ឆ្លើយទៅកាន់សំណួរនៃជីវិតដ៏ពិបាកៗបំផុត។
«ទ្រង់បានបង្កើតរបស់សព្វសារពើឲ្យល្អតាមរដូវកាល ទ្រង់ក៏ធ្វើឲ្យចិត្តគេសង្ឃឹមដល់អស់កល្ប ទៅមុខយ៉ាងនោះមនុស្សនឹងរកយល់មិនបានពីកិច្ចការដែលព្រះបានធ្វើ តាំងពីដើមដរាបដល់ចុងនោះ ឡើយ» (សាស្តា ៣៖១១)។ តើស្តេចសាឡូម៉ូនកំពុងតែមានបន្ទូលអំពីអ្វីនៅក្នុងខនេះ? មនុស្សខ្លះបានប្រែពាក្យ «អូឡាម (Olam)» ដែលជាភាសាហេព្រើរទៅជាពាក្យថា «ដរាប (forever)»។ ប៉ុន្តែ មនុស្សដទៃទៀតបានប្រែថា «មានការជ្រាបដឹងអំពីអតីតកាល និងអនាគតកាល»។ ដូច្នេះ ខនេះបានបង្ហាញយើងថា ព្រះបានដាក់សេចក្តីប៉ងប្រាថ្នាមួយសម្រាប់ជីវិតដែលគ្មានទីបញ្ចប់នៅក្នុងចិត្តគំនិតរបស់យើង។ ព្រះបានដាក់សេចក្តីប៉ងប្រាថ្នានោះនៅក្នុងចិត្តរបស់យើងដើម្បីគិតអំពី «សំណួរធំៗ» ទាក់ទងទៅនឹងជីរិតក្នុងសភាពជាមនុស្សលោក។
ជាការពិតណាស់ ព្រះគម្ពីរមានផ្នែកដ៏ធំមួយនៅក្នុងចម្លើយឆ្លើយតបនឹងសំណួរទាំងនេះ។ តើ យើងជាអ្នកណា? តើហេតុអ្វីបានជាយើងនៅទីនេះ? តើយើងគួរតែរស់នៅដោយរបៀបណា? តើមានអ្វីកើតឡើងបន្ទាប់ពីយើងស្លាប់ទៅ? តើហេតុអ្វីបានជាមានសេចក្តីអាក្រក់ និងការឈឺចាប់នៅលើផែនដីនេះ? មនុស្សបានសួរសំណួរទាំងនេះតាំងតែពួកគេបានចាប់ផ្តើមកត់ត្រាប្រវត្តិសាស្ត្រនៃផែនដីនេះមកម៉្លេះ។ ការដែលជួយមនុស្សអោយយល់អំពីចម្លើយឆ្លើយតបទៅនឹងសំណួរទាំងនេះមួយចំនួនក៏ជាព្រះពរមួយដែរ។ការអប់រំគ្រីស្ទានបានបង្ហាញសំណួរទាំងនេះដល់មនុស្សតាមរយៈព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះ។
តើហេតុអ្វីបានជាព្រះគម្ពីរសំខាន់ម៉្លេះ ក្នុងការឆ្លើយតបទៅនឹងសំណួររបស់យើងអំពីជីវិតនេះ?
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
ការចែករំលែកជីវិតរបស់យើង
សូមអានខគម្ពីរថែស្សាឡូនីចទី១ ២៖៦-៨។ តើលោកប៉ុលកំពុងតែមានប្រសាសន៍អំពីអ្វី នៅ ក្នុងខទាំងនេះ? តើយើងអាចបង្ហាញអំពីក្បួនច្បាប់នេះនៅក្នុងសាលារៀន និងព្រះវិហាររបស់យើងដោយរបៀបណា?
យើងបានឃើញនៅជំុវិញយើងថា សហគមន៍ត្រូវបានវាយប្រហារ និងបែកបាក់ទៅ។ យើងកំពុងតែរស់នៅក្នុងសម័យមួយដែលព្រះគម្ពីរបានបង្រៀនអំពីពួកជំនុំត្រូវការជាងពេលណាៗទាំងអស់។ ដូចដែលខគម្ពីរម៉ាថាយ ១៨៖២០ បានចែងថា៖ «ដ្បិតកន្លែងណាដែលមាន២ឬ៣នាក់ ប្រជុំជាមួយគ្នាដោយនូវឈ្មោះខ្ញុំ នោះខ្ញុំក៏នៅកណ្តាលចំណោមអ្នកទាំងនោះដែរ»។ ពួកជំនុំនៃព្រះគម្ពីរសញ្ញាថ្មីបានចាប់ផ្តើមចេញពីផ្ទះរបស់ពួកអ្នកជឿ។ ពួកជំនុំ និងសហគមន៍គ្រីស្ទានបានលូតលាស់ឡើងចេញពីការជួបប្រជុំគ្នាទាំងនេះ។ នៅទីនេះ នៅក្នុងផ្ទះរបស់ពួកជំនុំ សហគមន៍គ្រីស្ទានបានជួបជុំគ្នានៅក្នុង ក្រុមតូចៗ។ ពួកគេបានអធិស្ឋាន ច្រៀង និងធ្វើិពិធីលៀងព្រះអម្ចាស់រួមគ្នា។ ពួកគេក៏បានរៀន និងចែករំលែកព្រះបន្ទូលរបស់ព្រះយេស៊ូវជាមួយគ្នាទៅវិញទៅមកផងដែរ។
ក្រុមថ្វាយបង្គំទាំងនេះក៏បានក្លាយមកជាសាលារៀននៃពួកជំនុំ។ នៅទីនោះ សមាជិកថ្មីៗបាន រៀនអំពីព្រះគម្ពីរ និងជីវិតថ្មីនៅក្នុងព្រះយេស៊ូវ។ ពួកជំនុំបានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីការអប់រំចំពោះសមាជិកថ្មីៗ ដូចដែលយើងបានឃើញនៅក្នុងសំណេររបស់លោកប៉ុលផងដែរ។ លោកប៉ុលបានសរសេរ នៅក្នុងខគម្ពីររ៉ូម ១២៖២ ថា៖ «កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង»។ គ្រីស្ទាននៃព្រះគម្ពីរសញ្ញាថ្មីមិនយូរប៉ុន្មានបានបង្កើតសហគមន៍នៃសេចក្តី ជំនឿដែលជាកន្លែងដ៏ល្អបំផុតក្នុងការចែកចាយដំណឹងល្អ។ នៅក្នុងពួកជំនុំ យើងមានហេតុផលក្នុងការ ច្រៀងឮជាងមុន អធិស្ឋានឮជាងមុន និងយកចិត្តទុកដាក់ខ្លាំងជាងមុខ។ នៅពេលដែលយើងឮគ្រីស្ទាន ពិភាក្សាអំពីសេចក្តីស្រឡាញ់របស់ព្រះ យើងនឹងយល់អំពីទុក្ខលំបាករបស់ពួកគេ ហើយយើងនឹងយល់អំពីសេចក្តីមេត្តា និងសេចក្តីប្រោសរបស់ព្រះ។
ក្នុងខគម្ពីរថែស្សាឡូនីចទី១ ២៖៦-៨ លោកប៉ុលបានសរសេរថា ដំណឹងល្អគឺអ្វីៗគ្រប់យ៉ាង។ ដំណឹងល្អមានអំណាចនៃឈើឆ្កាង។ ដំណឹងល្អគឺជាសេចក្តីសន្យានៃការយាងមកជាលើកទី២។ គ្មានដំណឹងណានៅលើលោកដែលប្រសើរជាងដំណឹងល្អនេះឡើយ។ នោះគឺជាមូលហេតុដែលធ្វើអោយលោកប៉ុល ចំណាយជីវិតរបស់គាត់ក្នុងការចែកចាយរឿងអំពីព្រះយេស៊ូវ។ ហើយនោះក៏ជាមូលហេតុដែលយើងគួរតែធ្វើដូច្នោះផងដែរ។
លោកប៉ុលបានបង្ហាញប្រាប់នៅក្នុងខទាំងនេះថា ផ្លូវដ៏ល្អបំផុត ដើម្បីអោយបានយល់អំពីដំណឹងល្អគឺជាការចែកចាយដំណឹងល្អ និងការរំលែកជីវិតជាមួយនឹងអ្នកដទៃ។ សូមចងចាំថា មនុស្សកំពុងតែសង្កេតមើលយើងយ៉ាងយកចិត្តទុកដាក់ ដើម្បីអោយបានច្បាស់ថា ជីវិតរបស់យើងបានបង្ហាញសារនៃសេចក្តីមេត្តាដែលមានចែងនៅក្នុងព្រះគម្ពីរដែរឬទេ។
សូមគិតអំពីរបៀបដែលលោកអ្នករស់នៅ។ តើអ្នកដទៃបានឃើញព្រះយេស៊ូវដែរឬទេ នៅពេលដែលពួកគេក្រឡេកមកមើលជីវិតរបស់លោកអ្នក?
ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០
សិក្សាបន្ថែម
«ក្នុងសេចក្តីអធិប្បាយនៅលើភ្នំ ព្រះយេស៊ូវចង់ដោះស្រាយបញ្ហាទាំងអស់ដែល បណ្តាលមកពីការបង្រៀនក្លែងក្លាយក្នុងសេចក្តីអធិប្បាយរបស់ទ្រង់នៅលើភ្នំ។ ព្រះយេស៊ូវចង់ផ្តល់ការយល់ដឹងដ៏ត្រឹមត្រូវមួយដល់បណ្តាជនទាក់ទងនឹងនគររបស់ទ្រង់ និងអត្តសញ្ញាណរបស់ទ្រង់។ ប៉ុន្តែ ព្រះយេស៊ូវពុំបានធ្វើកិច្ចការនេះដោយការបង្កើតការចោទប្រកាន់ទៅលើគោលជំនឿខុសឆ្គងរបស់បណ្តាជននោះទេ។ ព្រះយេស៊ូវបានឃើញសេចក្តីឈឺចាប់ដែលបានបណ្តាលមកពីអំពើបាប។ ប៉ុន្តែ ទ្រង់ពុំបានបង្ហាញបណ្តាជនថា ពួកគេអាក្រក់នោះទេ។ ព្រះយេស៊ូវបានបង្រៀនពួកគេអំពីសេចក្តីដែលប្រសើរជាង អ្វីដែលពួកគេបានដឹងទៅទៀត។ ព្រះយេស៊ូវពុំបានប្រឆាំងជាមួយពួកគេនោះទេ ឬឈ្លោះប្រកែកទាស់ នឹងគោលគំនិតរបស់ពួកគេអំពីនគររបស់ព្រះនោះដែរ។ ព្រះយេស៊ូវបានអនុញ្ញាតអោយពួកគេសម្រេចចិត្តដោយខ្លួនគេផ្ទាល់ អំពីក្បួនច្បាប់របស់ទ្រង់ និងអ្វីដែលក្បួនច្បាប់ទាំងនេះបានបង្ហាញដល់ពួកគេអំពីនគររបស់ព្រះ។ សេចក្តី ពិតនៃព្រះគម្ពីរដែលព្រះយេស៊ូវបានបង្រៀនក៏សំខាន់នៅសព្វថ្ងៃនេះ ដូចដែលសេចក្តីពិតទាំងនោះសំខាន់កាលពីមុនដូច្នោះដែរ។ យើងក៏ត្រូវការរៀនអំពីក្បួនច្បាប់មូលដ្ឋានសម្រាប់នគររបស់ព្រះផងដែរ»។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 299, adapted។
សំនួរពិភាក្សា៖
- លោករ៉ូបឺត លូវីស ស្ទីវ៉ែនសុន (Robert Robert Stevenson) ដែលជាអ្នកនិពន្ធកើតនៅក្នុងរដ្ឋអ៊ីឌីនបឺច (Edinburgh) ប្រទេសស្កុតឡែនក្នុងអំឡុងឆ្នាំ១៨៥០។ លោកស្ទីវ៉ែនសុនបាននិយាយរឿងរបស់គាត់កាលនៅពីក្មេងអំពីអ្វីដែលបានកើតឡើងខណៈពេលដែលគិលានុបដ្ឋាយិការបស់គាត់ហៀបនឹងចូលគេង។ លោកស្ទីវ៉ែនសុនបានសសៀរចេញពីនាង រួចដើរតម្រង់ទៅមាត់បង្អួច។ គាត់បានក្រឡេកមើល ទៅឃើញបុរសម្នាក់ដែលមានចង្កៀងនៅក្នុងដៃ។ បុរសម្នាក់នោះកំពុងអុជមួយហើយមួយទៀត។ ដោយសេចក្តីរីករាយក្នុងភាពជាកុមារភាព លោកស្ទីវ៉ែនបានដាស់គិលានុបដ្ឋាយិការបស់គាត់អោយមកនៅមាត់បង្អួចដែរ។ លោកបាននិយាយថា៖ «មើលបុរសម្នាក់នោះ! គាត់កំពុងតែបំភ្លឺនៅក្នុងទីងងឹតនោះ។ តើព្រះ ជាម្ចាស់បានប្រទានចំណែកអ្វីខ្លះដល់លោកអ្នកក្នុងការផ្តល់ពន្លឺដល់សហគមន៍របស់លោកអ្នក? ប្រសិនបើលោកអ្នកមិនច្បាស់ទេ សូមអញ្ជើញសមាជិកក្រុមជំនុំជាច្រើនអោយមកអង្គុយជាមួយនឹងលោកអ្នក។ សូមនិយាយអំពីអ្វីដែលលោកអ្នកអាចធ្វើជាមួយគ្នាបានដើម្បី «បំភ្លឺនៅក្នុងទីងងឹត» ។
- សូមក្រឡេកមើលព្រះជន្មផ្ទាល់របស់ព្រះយេស៊ូវនៅលើផែនដីនេះ៖ ទ្រង់គឺជាព្រះដែលបានយាងមកគង់នៅជាមួយនឹងយើង។ ទ្រង់បានគង់នៅលើផែនដីរបស់យើង។ ទ្រង់បានទទួលការឈឺចាប់ ទ្រង់បានសើច និងព្រះកន្សែងជាមួយនឹងយើង។ រឿងនេះជួយយើងអោយនឹកចាំថា ព្រះបានសូមអោយយើងយក ចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញយើង។ តើលោកអ្នកអាចធ្វើរឿងនេះបានយ៉ាងដូចម្តេច? សូមចងចាំថា ព្រះវិហារគឺជាកន្លែងដែលយើងធ្វើកិច្ចការរួមគ្នាជាមួយនឹងព្រះក្នុងការចែកចាយសេចក្តីស្រឡាញ់របស់ទ្រង់ដល់អ្នកដទៃ។ តើលោកអ្នកអាចធ្វើកិច្ចការរួមគ្នាជាមួយនឹងមនុស្សជំនាន់ក្រោយនៅក្នុងពួកជំនុំរបស់លោកអ្នក ដើម្បីជួយអោយលោកអ្នកសម្រេចរឿងនេះបានយ៉ាងដូចម្តេចទៅ?
- ក្នុងនាមជាសេវេនដេយអាត់វេនទីស្ទ យើងត្រូវតែបង្រៀនសេចក្តីពិតរបស់ព្រះដល់អ្នកដទៃ។ តើព្រះវិហារតំបន់អាចបង្រៀនសេចក្តីពិតទាំងនេះដល់អ្នកដទៃនៅក្នុងសហគមន៍ដោយរបៀបណាខ្លះ? ទន្ទឹមនឹងនេះ តើយើងអាចធ្វើអោយព្រះវិហារក្លាយទៅជាកន្លែងដ៏មានសុវត្ថិភាពដែលមនុស្សអាចពិភាក្សា អំពីសំណួរពិបាកៗដែលពួកគេមានទាក់ទងនឹងជីវិតនេះដោយរបៀបណា?
រឿងខ្លី
វិបត្តិនៃការចុះស្តារនៅក្នុងប្រទេសបារាំង
អេលីសាបិត ប៊ីបា (Elisabeth Birba) ត្រូវបានបពា្ឈប់ដោយគ្មានការបកស្រាយ ត្រឹមតែបានមួយសប្តាហ៍ប៉ុណ្ណោះក្នុងការចុះស្តារ [ជើងត] នៅឯមន្ទីរពេទ្យសម្រាប់រយៈពេល៨សប្តាហ៍ក្នុងប្រទេសបារាំង។ នាងបានអន់ចិត្តជាខ្លាំង។ នាងត្រូវការចុះស្តារនេះ ដើម្បីអោយនាងប្រឡងជាប់ឆ្នាំទី២។ ប្រសិនបើនាងធ្លាក់ នាងនឹងត្រូវបាត់បង់អាហារូបករណ៍សម្រាប់ថ្លៃម្ហូបអាហារ និងថ្លៃផ្ទះ។ គ្រួសាររបស់នាងរស់នៅក្នុងឥណ្ឌាខាងលិចដាច់ស្រយាលពីនាងជាខ្លាំង។
អេលីសាបេតបានផ្តួលចុះនៅលើដីទាំងទ្រហោយំ។ ខណៈពេលដែលនាងកំពុងតែយំ ដូចជាមានអ្វីម៉្យាងជំរុញនាងអោយទូរស័ព្ទទៅមិត្តភក្តិរបស់នាង។ នាងមានអារម្មណ៍ថា ព្រះកំពុងតែមានបន្ទូលប្រាប់នាង៣ដងអោយទូរស័ព្ទទៅមិត្តភក្តិរបស់នាង។ ទីបំផុតនាងបានសម្រេចចិត្តទូរស័ព្ទទៅ។ នាងបាននិយាយ ថា «ខ្ញុំបានបាត់បង់ការចុះស្តាររបស់ខ្ញុំ»។ មិត្តភក្តិរបស់នាងមានការភ្ញាក់ផ្អើលជាខ្លាំង។ មិត្តនាងបានសួរថា «តើអ្នកជឿលើព្រះដែរឬទេ?»។ នៅពេលដែលអេលីសាបិតប្រាប់ថា នាងជឿមិត្តភក្តិរបស់នាងបានអោយលេខទូរស័ព្ទមន្ទីរពេទ្យមួយដល់នាង។ មិត្តនាងបាននិយាយទៀតថា «ទូរស័ព្ទទៅលេខនេះទៅប្រសិនបើអ្នកជឿលើព្រះ»។ អេលីសាបិតដឹងថាវាជារឿងដ៏ពិបាកក្នុងការទទួលបានការចុះស្តារជាលើកទី២នៅក្នុងរយៈពេលខ្លីបែបនេះ។ នាងមិនដឹងថា ត្រូវធ្វើយ៉ាងណានោះទេ។ ពេលនោះនាងបាននឹកចាំអំពីលេខទូរស័ព្ទបន្ទាន់មួយ។ មុនពេលដែលនាងចាកចេញពីប្រទេសបារាំង នាងបានទទួលលេខទូរស័ព្ទ មួយពីស្ត្រីសេវេនដេយអាត់វេនទីស្ទម្នាក់នៅក្នុងប្រទេសឥណ្ឌាខាងលិច។ ស្ត្រីម្នាក់នោះបាននិយាយថា «ប្រសិនបើអ្នកមានបញ្ហានៅក្នុងប្រទេសបារាំងចូរទូរស័ព្ទទៅវីវាន (Vivian) បងស្រីខ្ញុំចុះ»។
អេលីសាបិតបានទទួលយកលេខបន្ទាន់នោះទុកដោយភាពគួរសម។ ប៉ុន្តែ ឥឡូវនេះនាងមាន ភាពតានតឹងជាខ្លាំង ទើបនាងទូរស័ព្ទទៅប្រាប់វីវានអំពីការចុះស្តារនោះ។ វីវានបាននិយាយថា«មានតែព្រះទេដែលអាចជួយអ្នកបាន។ អ្វីដែលយើងអាចធ្វើបាននៅពេលនេះគឺអធិស្ឋានតែប៉ុណ្ណោះ»។ នាងបានសួរអេលីសាបិតថា នាងមានព្រះគម្ពីរដែរឬទេ។ នាងមានព្រះគម្ពីរមួយក្បាល ប៉ុន្តែព្រះគម្ពីរនោះប្រឡាក់ទៅដោយ ធូលីដី។ វីវានបាននិយាយទៀតថា «អ្នកត្រូវទន្ទេញបទគម្ពីរទំនុកដំកើង ៩១ អោយចាំ ហើយចាត់ទុកបទគម្ពីរនេះជារបស់អ្នក។ នៅពេលណាដែលអ្នកសូត្របទគម្ពីរនេះ ចូរនឹកចាំថាបទគម្ពីរនេះទាក់ទងនឹង បញ្ហារបស់អ្នក»។ អេលីសាបិតបានជូតទឹកភ្នែកចេញ ខណៈនាងអានបទគម្ពីរទំនុកដំកើង ៩១។ ទឹកភ្នែករបស់នាងបន្សល់ស្នាមនៅលើទំព័រព្រះគម្ពីរ។ បន្ទាប់មក នាងបានទូរស័ព្ទទៅមន្ទីរពេទ្យ ដើម្បីសាកសួរអំពីការចុះស្តារជាលើកចុងក្រោយ។ ស្ត្រីម្នាក់បានប្រាប់នាងថា «៣ថ្ងៃទៀតយើងនឹងប្រាប់អ្នកអំពីការសម្រេចចិត្តរបស់យើង»។
នាងបានអធិស្ឋាន និងតមអត់អស់រយៈពេល៣ថ្ងៃ។ នាងបានទួញយំ។ នាងបានទន្ទេញបទគម្ពីរទំនុកដំកើង ៩១។ នៅថ្ងៃទី៣ ស្ត្រីម្នាក់នោះបានទទួលយកអេលីសាបេតអោយចុះស្តារ។ នាងបាននិយាយថា «អ្នកសំណាងមែនទែន មេមិនចង់ទទួលយកអ្នកទេ ប៉ុន្តែគាត់បានផ្លាស់ប្តូរគំនិតរបស់គាត់មក យកអ្នកវិញនៅនាទីចុងក្រោយបង្អស់»។ អារម្មណ៍រំជួលបានកើតមាននៅក្នុងចិត្តអេលីសាបិត។ យប់នោះនាងគេងមិនលក់ទាល់តែសោះ។ នាងដឹងថា ព្រះបានប្រទានការចុះស្តារដល់នាង។ នាងបានទូរស័ព្ទទៅ វីវាននៅម៉ោង៤ព្រឹក។ វីវានបានសួរថា «តើមានរឿងអីខុសប្រក្រតីឬ?»។ អេលីសាបិតបាននិយាយថា«គ្មានអ្វីទេ កុំព្រួយអី ខ្ញុំគ្រាន់តែសូមអោយជូនខ្ញុំទៅព្រះវិហារអាត់វេនទីស្ទតែប៉ុណ្ណោះ»។ អេលីសាបិតបានទៅធ្វើពិធីបុណ្យជ្រមុជទឹក ហើយបានទទួលបរិញ្ញាបត្រជាន់ខ្ពស់នៅក្នុងប្រទេសបារាំង។ អេលីសាបិតដែលមានអាយុ២៧បាននិយាយថា «ប្រសិនបើខ្ញុំមិនបានថ្វាយចិត្តដល់ព្រះនៅថ្ងៃដែលខ្ញុំបានទូរស័ព្ទទៅលេខបន្ទាន់នោះទេ ការអប់រំរបស់ខ្ញុំប្រាកដជាចប់ជាមិនខាន។ ព្រះអាចធ្វើអ្វីៗគ្រប់យ៉ាង។ ខ្ញុំបានទទួលជោគជ័យដោយសារព្រះយេស៊ូវ»។
អំណានដង្វាយប្រចាំសប្តាហ៍
ថ្ងៃសម្រាប់ជួបជុំគ្នា
ព្រះជាម្ចាស់ទ្រង់ជាសេចក្តីស្រឡាញ់ ហេតុនោះសាសនាគ្រីស្ទានគឺជាសាសនាដែលពោរពេញដោយការទំនាក់ទំនងគ្នាប្រកបដោយសេចក្តីស្រឡាញ់។ សាសនាគ្រីស្ទបង្រៀនឲ្យមានទំនាក់ទំនងជាមួយព្រះ(គំនូសតាងបពា្ឈរ) និងទំនាក់ទំនងជាមួយនឹងមនុស្ស (គំនូសតាងផ្តេក)។ ព្រះយេស៊ូវបានពណ៌នាថា ការស្រឡាញ់គ្នាទៅវិញទៅមកមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះសូចនាករនេះបង្ហាញថានរណាខ្លះជាសិស្សរបស់ព្រះយេស៊ូវពិតប្រាកដ (យ៉ូហាន ១៣៖៣៥)។
ព្រះអម្ចាស់ក៏បានញែកថ្ងៃពិសេសមួយ គឺថ្ងៃសប្បាតហ៍ ចេញទុកសំរាប់ទំនាក់ទំនងជាប្រចាំជាមួយនឹងទ្រង់ និងក្រុមជំនុំទាំងឡាយ។ ប៉ុន្តែ ជួនកាលដើម្បីបានថ្ងៃមួយនេះ ទាមទារឲ្យមានការលះបង់ដែរ។ ឧទាហរណ៍ កន្លែងមួយចំនួននៅតំបន់ព្រៃអាម៉ាហ្សូន មនុស្សជាច្រើនត្រូវចំណាយពេលយ៉ាងយូរដើម្បីធ្វើដំណើរមកកាន់ព្រះវិហារ។ គ្រួសារខ្លះចាប់ផ្តើមចេញដំណើររបស់ពួកគេនៅល្ងាចថ្ងៃសុក្រ និងត្រឡប់ទៅផ្ទះវិញនៅថ្ងៃអាទិត្យ។ ពួកគេធ្វើដូច្នោះមិនមែនមានន័យថា ពួកគេសំបូរពេលវេលាសម្រាប់ចំណាយចោលទេ ប៉ុន្តែគឺដោយសារពួកគេយល់ឃើញថា ការនោះគឺជាការអនុវត្តខាងព្រលឹងវិញ្ញាណដើម្បីពង្រឹងសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះ និងចំពោះអ្នកជិតខាងរបស់ពួកគេ។ ពួកគេយល់ឃើញថា ការប្រកបជាមួយគ្រីស្ទានដទៃទៀត និងការថ្វាយបង្គំព្រះនៅថ្ងៃសប្បាតហ៍អាចជួយឲ្យជីវិតព្រលឹងវិញ្ញាណរបស់ពួកគេរីកចម្រើនឡើង។
ក្នុងជំនាន់ពួកសាវ័ក មានមនុស្សមួយចំនួនហាក់ដូចជាព្រងើយកន្តើយនឹងការជួបជុំគ្នាជាទៀងទាត់ជាមួយនឹងពួកអ្នកជឿផ្សេងទៀតរួចទៅហើយ។ ប៉ុន្តែ ព្រះជាម្ចាស់បានដាស់តឿនពួកគេ ក៏ដូចជាយើងរាល់គ្នាផងដែរថា ការជួបជុំគ្នាត្រូវតែកើនឡើងជាងមុនដោយសារតែថ្ងៃដែលព្រះយេស៊ូវយាងមកវិញកាន់តែខិតជិតដល់ហើយ (ហេព្រើរ ១០៖២៥)។ ក្នុងខគម្ពីរលេវីវិន័យ ២៣៖៣ ព្រះអម្ចាស់ទ្រង់ក៏បានបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងជាមួយគ្នានៅថ្ងៃសប្បាតហ៍យ៉ាងដូច្នេះថា៖ «ត្រូវឲ្យធ្វើការក្នុងរវាង៦ថ្ងៃ តែដល់ថ្ងៃទី៧ នោះជាថ្ងៃឈប់ឲ្យបានសំរាកសំរាប់ប្រជុំជំនុំបរិសុទ្ធវិញ មិនត្រូវឲ្យឯងរាល់គ្នាធ្វើការអ្វីនៅថ្ងៃនោះឡើយ ដ្បិតជាថ្ងៃឈប់សំរាករបស់ព្រះយេហូវ៉ានៅក្នុងគ្រប់ទាំងទីលំនៅរបស់ឯងរាល់គ្នា»។ ព្រះអម្ចាស់បានចាត់ទុកការ «ប្រជុំ» គ្នាគឺជាការរួបរួមគ្នាដ៏បរិសុទ្ធដែលកើតចេញពីការរក្សាថ្ងៃសប្បាតហ៍។
សម្រាប់ពួកជំនុំអាត់វេនទីស្ទ ការប្រាស្រ័យទាក់ទងគ្នារឹតតែមានអត្ថន័យកាន់តែខ្លាំងឡើងថែមទៀត។ ការថ្វាយដង្វាយ១០ហូត១ និងដង្វាយតាមការសន្យាចំពោះព្រះវិហារ ដែលជាឃ្លាំងរបស់ព្រះ គឺជាការពង្រឹងទំនាក់ទំនងរបស់យើងជាមួយនឹងពួកជំនុំប្រុសស្រីទាំងឡាយនៅទូទាំងពិភពលោកដែលកំពុងអនុវត្តដូចគ្នានេះដែរ។ យើងកំពុងតែអនុវត្តការជឿទុកចិត្ត និងធ្វើបន្ទាល់ថា យើងមានការរួបរួមគ្នា មានសេចក្តីស្រឡាញ់និងគិតគូរដល់គ្នាទៅវិញទៅមក និងមានគោលដៅរួមគ្នាតែមួយក្នុងនាមជាពួកពលរបស់ព្រះ ដែលមានតួនាទីពន្លឿនការផ្សាយដំណឹងល្អ និងការយាងមកវិញលើកទីពីររបស់ព្រះយេស៊ូវផងដែរ។
សេចក្តីអំពាវនាវ៖ ខណៈដែលយើងមកកាន់ព្រះវត្តមានរបស់ព្រះជាម្ចាស់នៅថ្ងៃនេះ ចូរយើងថ្វាយបង្គំព្រះអង្គតាមបែបជាសហគមន៍ និងពង្រឹងចំណងទំនាក់ទំនងរបស់យើងតាមរយៈការថ្វាយដង្វាយ១០ហូត១ និងដង្វាយតាមពាក្យសន្យាដល់ព្រះអង្គចុះ។
សេចក្តីអធិដ្ឋាន៖ ទូលបង្គំយើងខ្ញុំគឺជារបស់ទ្រង់ហើយ! សូមព្រះអង្គទទួលយកការថ្វាយបង្គំរបស់ទូលបង្គំនៅថ្ងៃនេះផងចុះ! អាម៉ែន!