សូមអានខគម្ពីរអេសាយ ៥០៖៤-១០។ តើខព្រះគម្ពីរទាំងនេះបាននិយាយអំពីអ្វីខ្លះ? តើខទាំងនេះបង្ហាញអ្នកយ៉ាងដូចម្តេចអំពីព្រះយេស៊ូវ?
---------------------------------------------------------------------------------------
នៅក្នុងខគម្ពីរអេសាយ៤៩៖៧ យើងបានដឹងថា មនុស្សមានការស្អប់ខ្ពើមចំពោះបាវបម្រើរបស់ព្រះ។ «អ្នកបំរើរបស់ពួកអ្នកដែលគ្រប់គ្រង» (អេសាយ ៤៩៖៧)។ ប៉ុន្តែ «បណ្តាក្សត្រនឹងឃើញ ហើយក្រោកឈរឡើង ព្រមទាំងពួកចៅហ្វាយដែរគេនឹងក្រាបថ្វាយបង្គំដោយព្រោះព្រះយេហូវ៉ា ទ្រង់ជាព្រះដ៏ស្មោះត្រង់» (អេសាយ ៤៩៖៧)។ អ្នកបម្រើនេះក៏ជាគ្រូបង្រៀនដ៏សុភាពរាបសាម្នាក់ដែរ។ ពាក្យពេចន៍របស់លោកធ្វើអោយអ្នកដែលទន់ខ្សោយមានកំឡាំងចិត្តឡើង (អេសាយ ៥០៖៤)។ មនុស្សទាំងឡាយនឹងវាយដំធ្វើបាបចំពោះអ្នកបំរើនោះ។ លោកនឹងត្រូវរងទុក្ខដើម្បីនឹងជួយសង្គ្រោះដល់មនុស្សមានបាប។
ការរងទុក្ខនេះពិតជាធ្វើអោយយើងស្អប់ខ្ពើមណាស់។ យ៉ាងណាមិញនៅជិតបូព៌ាប្រទេសក្នុងសម័យព្រះគម្ពីរកិត្ដិយសពិតជារឿងដែលសំខាន់ណាស់។ ប្រសិនបើជនណាម្នាក់បានជេរប្រមាថដល់ជនម្នាក់ទៀត នោះអ្នកដែលត្រូវបានគេជេរប្រមាថនឹងព្យាយាមធ្វើឱ្យជននោះឈឺចាប់វិញ។
ស្តេចដាវីឌបានវាយប្រហារនិងបោសសម្អាតដល់ស្រុកអាំម៉ូន (សាំយូអែលទី២ ១០៖១-១២)។ តើហេតុអ្វី? ពីព្រោះស្តេចអាំម៉ូន «បានចាប់មេទ័ពរបស់ដាវីឌ ហើយកោរពុកចង្កាគេ១ចំហៀងក៏កាត់អាវគេផ្តាច់ផ្នែកខាងក្រោមនៅត្រឹមគូថរួចលែងឲ្យទៅវិញ» (សាំយូអែលទី២ ១០៖៤)។ ប៉ុន្តែ សូមក្រឡេកមើលនូវអ្វីដែលបានកើតឡើងនៅពេលដែលមនុស្សបានវាយធ្វើបាបដល់អ្នកបំរើនោះក្នុងបទគម្ពីរអេសាយ៥០។ ពួកគេបានវាយធ្វើបាប និងដករោមពុកចង្ការបស់លោក ព្រមទាំងបានស្តោះទឹកមាត់ដាក់លោកថែមទៀតផង។ បាវបំរើនេះគឺជាស្តេចលើអស់ទាំងស្តេចនានា (ប្រៀបធៀបអេសាយ ៩៖៦, ៧ និងអេសាយ ១១៖១-១៦)។ ទ្រង់គឺជាព្រះអង្គសង្គ្រោះរបស់លោកីយ៍ទាំងមូល។ ទ្រង់បានគ្រប់គ្រងលើរបស់សព្វសារពើនៅលើផ្ទៃមេឃ និងផែនដីផង។ តែទ្រង់មិនបានជួយសង្រ្គោះព្រះអង្គទ្រង់ឡើយ។ នេះជារឿងដ៏ចម្លែកណាស់។ មនុស្សទាំងឡាយពិបាកនឹងជឿថា វាជាការពិតណាស់។ នៅពេលដែលព្រះយេស៊ូវទ្រង់បានជាប់នៅលើឈើឆ្កាងមេដឹកនាំទាំងឡាយបានសើចចំអកនិន្ទាអោយទ្រង់។ ពួកគេ បានពោលពាក្យឡកឡឺយអោយទ្រង់ថា៖ «បើវាជាព្រះគ្រីស្ទ ជាអ្នករើសតាំងរបស់ព្រះមែននោះឲ្យវាជួយសង្គ្រោះខ្លួនវាទៅ?» (លូកា ២៣៖៣៥)។ «បើសិនណាវាជាស្តេចសាសន៍អ៊ីស្រាអែលមែន ចូរឲ្យវាចុះពីឈើឆ្កាងមក នោះយើងនឹងជឿដល់វា» (ម៉ាថាយ ២៧៖៤២)។
សូមអានខគម្ពីរអេសាយ ៥០៖៤-១០។ ចូរធ្វើបញ្ជីនៃច្បាប់សំខាន់ៗដែលអ្នកបានឃើញនៅក្នុងខទាំងនេះ។ តើយើងអាចបង្ហាញច្បាប់ទាំងនេះនៅក្នុងជីវិតរបស់យើងយ៉ាងដូចម្តេច? តើអ្នកអាចអនុវត្តវាដោយផ្ទាល់ដោយរបៀបណា?
---------------------------------------------------------------------------------------
ថ្ងៃច័ន្ទ ទី០១ ខែមីនា ឆ្នាំ២០២១
កំណាព្យស្តីអំពីអ្នកបម្រើដែលរងទុក្ខ
ខគម្ពីរអេសាយ ៥២៖១៣-៥៣៖១២ ត្រូវបានគេស្គាល់ថាជាកំណាព្យស្តីអំពី «អ្នកបំរើរងទុក្ខ»។ កំណាព្យនេះបានបង្ហាញយើងអំពីព័ន្ធកិច្ចដ៏ធ្ងន់ធ្ងររបស់ព្រះក្នុងការជួយសង្រ្គោះមនុស្សពីអំពើបាប។ មុននេះព្រះគម្ពីរអេសាយបានបរិយាយប្រាប់យើងអំពីរឿងមួយចំនួនដែលនឹងត្រូវកើតឡើងចំពោះព្រះអង្គសង្រ្គោះ។ យើងក៏បានជ្រាបខ្លះរួចមកហើយអំពីបែបផែនដែលទ្រង់នឹងត្រូវប្រសូតមក (អេសាយ ៧៖១៤)។ យើងបានឃើញថា ព្រះអង្គសង្រ្គោះនឹងយាងមកប្រសូតជាបុត្រារបស់ហ្លូងដាវីឌនាពេលអនាគត (អេសាយ ៩៖៦, ៧)។ ព្រះអង្គសង្គ្រោះទ្រង់នឹងដឹកនាំសាសន៍អ៊ីស្រាអែលអោយបានវិលត្រឡប់មករកព្រះវិញ ហើយទ្រង់នឹងចម្រើនកម្លាំងដល់គេ (អេសាយ ១១៖១-១៦)។ ទ្រង់នឹងបញ្ចប់នូវការរងទុក្ខវេទនារបស់រាស្ត្ររបស់ទ្រង់ (អេសាយ ៤២៖១-៧)។ ទ្រង់នឹងសម្រេចនូវសេចក្តីដែលត្រឹមត្រូវនិងយុត្តិធម៌។ ប៉ុន្តែ ព្រះអង្គសង្គ្រោះត្រូវតែរងទុក្ខមុនពេលដែលទ្រង់ត្រូវទទួលនូវសិរីល្អ (អេសាយ ៤៩៖១-១២; អេសាយ ៥០៖៦-១០)។ កំណាព្យដែលនិយាយអំពីអ្នកបម្រើដែលត្រូវរងទុក្ខ និងបង្ហាញយើងអោយឃើញថា តើព្រះអង្គសង្គ្រោះនឹងត្រូវរងទុក្ខយ៉ាងណាចំពោះអំពើបាបរបស់យើង។
សូមអានខព្រះគម្ពីរទាំងនេះនៅក្នុងកថាខណ្ឌខាងលើម្តងទៀត។ តើពួកវាបានប្រាប់យើងយ៉ាងដូចម្តេចអំពីព្រះយេស៊ូវដែលជាព្រះអង្គសង្គ្រោះ? តើពួកវាជួយយើងឱ្យត្រៀមខ្លួនសម្រាប់អ្វីដែលកំពុងកើតឡើងនៅបទគម្ពីរអេសាយ៥២ និងអេសាយ៥៣យ៉ាងដូចម្តេច?
---------------------------------------------------------------------------------------
ខគម្ពីរអេសាយ ៥២៖១៣-៥៣៖១ ធ្វើឱ្យយើងត្រៀមខ្លួនជាស្រេចសម្រាប់កំណាព្យនេះ។ ខគម្ពីរទាំងនេះប្រាប់យើងថាអ្នកបំរើនឹងបានទទួលនូវសិរីល្អ។ ប៉ុន្តែ ដំបូងទ្រង់នឹងត្រូវរងទុក្ខជាខ្លាំង។ ការរងទុក្ខរបស់ទ្រង់នឹងផ្លាស់ប្តូរលក្ខណៈរបស់ទ្រង់។ មនុស្សដែលស្គាល់ទ្រង់នឹងមិនជឿថានោះជាទ្រង់ទេ។ ខគម្ពីរអេសាយ ៥៣៖២, ៣ ផ្តើមសេចក្តីឡើងដោយបរិយាយប្រាប់យើងអំពីទីកន្លែងដែលអ្នកបម្រើនោះមក។ ទ្រង់មើលទៅគ្មានភាពសង្ហាឬស្រស់ស្អាតនោះទេ ប៉ុន្តែ សាមញ្ញប៉ុណ្ណោះ។ មិនយូរប៉ុន្មាន ទ្រង់នឹងត្រូវសោយសោក។ មនុស្សនឹងលើកគ្នាដើម្បីទាស់នឹងទ្រង់។ ខគម្ពីរអេសាយ ៥៣៖៤-៦ បានពន្យល់ថា អ្នកបម្រើរូបនេះកំពុងទទួលទណ្ឌកម្មជួសយើងរាល់គ្នា។ ទ្រង់ទទួលទណ្ឌកម្មជួសយើងរាល់គ្នា ដើម្បីអោយយើងរាល់គ្នាបានជាឡើង។ ខគម្ពីរអេសាយ ៥៣៖៧-៩ បានបរិយាយប្រាប់យើងថា អ្នកបម្រើដែលឥតមានទោសនេះបានសុគតទៅ។ នៅក្នុងខព្រះគម្ពីរអេសាយ ៥៣៖១០-១២ អ្នកបម្រើបានទទួលរង្វាន់ និងកិត្តិយសរបស់គាត់។ យើងបានដឹងថា ព្រះអង្គបានសុគតដោយសារតែនេះជាផែនការរបស់ព្រះដើម្បីជួយសង្រ្គោះមនុស្សមានបាប។
សូមប្រៀបធៀបកំណាព្យមួយនេះក្នុងខគម្ពីរអេសាយ ៥២៖១៣-៥៣៖១២ ទៅនឹងខព្រះគម្ពីរ ភីលីព ២៖៥-១១។ នៅក្នុងខគម្ពីរភីលីព ២៖៥-១១ យើងឃើញថា ព្រះយេស៊ូវទ្រង់ជាព្រះ ប៉ុន្តែ ទ្រង់បានក្លាយមកជាមនុស្សមានបាប។ ព្រះទ័យរបស់ព្រះអង្គគឺគ្មាននូវភាពអំនួតនោះទេ។ ទ្រង់បានជ្រើសរើសសុគតនៅលើឈើឆ្កាង។ ការជាប់ឆ្កាងគឺជាវិធីសម្លាប់មនុស្សមួយបែបដែលឃោរឃៅព្រៃផ្សៃបំផុតនៅជំនាន់ព្រះយេស៊ូវ។ ក្រោយមក ព្រះជាម្ចាស់ទ្រង់បានលើកតម្កើងព្រះយេស៊ូវអោយខ្ពស់ឡើង។ នោះហើយជាមូលហេតុដែលមនុស្សគ្រប់គ្នាគួរតែទទួលយកព្រះយេស៊ូវជាព្រះអម្ចាស់ (សូមប្រៀបធៀបខគម្ពីរ អេសាយ ៤៩៖ ៧)។
សូមអានខគម្ពីរអេសាយ ៥២៖១៣-៥៣៖១២។ ចូរសរសេរនូវអ្វីគ្រប់យ៉ាងដែលកំណាព្យនេះបានលើកឡើងស្តីអំពីការដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង។ តើសេចក្តីទាំងនេះមានសារៈសំខាន់ប៉ុនណាសម្រាប់យើងរាល់គ្នា?
ថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១
តើអ្នកណាបានជឿ?
នៅក្នុងខគម្ពីរអេសាយ ៥២៖១៣ អ្នកបំរើរបស់ព្រះបានទទួលកិត្តិយស និងសិរីរុងរឿងយ៉ាងឧត្តមក្រៃលែង។ ប៉ុន្តែ នៅក្នុងខបន្ទាប់យើងបានឃើញថា អ្នកបម្រើរបស់ព្រះត្រូវទទួលរងទុក្ខជាខ្លាំងក្រៃលែងរហូតដល់គ្មានអ្នកណាអាចមើលព្រះភ័ក្រ្តទ្រង់ស្គាល់ឡើយ។ ព្រះគម្ពីរសញ្ញាថ្មីបានពណ៌នាអំពីការឈឺចាប់ដែលព្រះយេស៊ូវទទួលរង។ ការឈឺចាប់ទាំងនេះបានបណ្តាលអោយប៉ះពាល់ដល់រូបរាងកាយរបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវត្រូវបានគេវាយដំ និងបង្ខិតបង្ខំឱ្យពាក់ភួងបន្លា។ ព្រះអង្គក៏ត្រូវគេបោះដែកគោលភ្ជាប់នឹងឈើឆ្កាង។ ហើយអ្វីដែលបានផ្លាស់ប្តូរលក្ខណៈរបស់ទ្រង់បំផុតនោះគឺបាបរបស់យើងនេះឯង។ ព្រះជាម្ចាស់បានផ្ទុកនូវអំពើបាបរបស់យើងរាល់គ្នាទៅលើអង្គព្រះយេស៊ូវ។ ព្រះមិនបានបង្កើតយើងរាល់គ្នាមកអោយធ្វើបាបនោះឡើយ។ អំពើបាបមិនមែនជារឿងធម្មជាតិនោះទេ។ នោះហើយជាមូលហេតុដែលអំពើបាបរបស់យើងធ្វើអោយព្រះយេស៊ូវលែងមានភាពជាមនុស្ស។
សូមប្រៀបធៀបរឿងស្តីអំពីព្រះយេស៊ូវនិងរឿងរបស់លោកយ៉ូប។ លោកយ៉ូបបានបាត់បង់ទ្រព្យសម្បត្តិ កិត្តិយស និងអំណាចរបស់គាត់ទាំងអស់ភ្លាមៗ។ បន្ទាប់មក គាត់ក៏បានអង្គុយប្រឡាក់ផេះនៅលើដី។ គាត់កោសដំបៅរបស់គាត់ជាមួយបំណែកឆ្នាំងដែលបាក់បែក (យ៉ូប ១, ២)។ លោកយ៉ូបបានផ្លាស់ប្តូរច្រើនណាស់។ មិត្ដសម្លាញ់របស់គាត់មើលមិនដឹងថាគាត់ជានរណានោះទេ ពេលពួកគេជួបគាត់ ជាលើកដំបូង (យ៉ូប ២៖១២)។ សំណួរសួរថា តើហេតុអ្វីបានជាយ៉ូបត្រូវរងទុក្ខ? តើហេតុអ្វីបានជាព្រះអង្គសង្គ្រោះត្រូវរងទុក្ខ? លោកយ៉ូបមិនបានធ្វើអ្វីខុសទេ ហើយព្រះយេស៊ូវក៏មិនបានធ្វើអ្វីខុសដែរ។ អ្នកទាំងពីរជាជនដែលគ្មានកំហុសទាល់តែសោះ។ តើហេតុអ្វីបានជាពួកគេរងទុក្ខ?
សូមអានម្តងទៀតក្នុងខគម្ពីរអេសាយ ៥២៖១៣-៥៣៖១២។ សូមសរសេរនូវឧទាហរណ៍ទាំងអស់ចេញពីខទាំងនេះដែលនិយាយរៀបរាប់អំពីមនុស្សស្លូតត្រង់ត្រូវរងទុក្ខជំនួសមនុស្សដែលមានទោស។ តើគំនិតនេះបង្រៀនយើងដូចម្តេចខ្លះ?
---------------------------------------------------------------------------------------
សូមក្រឡេកមើលនូវសំណួរផ្សេងៗនៅក្នុងខគម្ពីរអេសាយ ៥៣៖១។ យើងត្រូវបានសុំអោយ ជឿនូវអ្វីដែលគ្មាននរណាម្នាក់គិតថាអាចធ្វើទៅបានឡើយ។ ប៉ុន្តែ ពួកគេក៏បង្ហាញយើងផងដែរថាព្រះជាម្ចាស់សម្តែងនូវឫទ្ធានុភាពរបស់ទ្រង់ដល់អស់អ្នកណាដែលជឿលើព្រះបន្ទួលរបស់ទ្រង់ (សូមប្រៀបធៀបនឹងខគម្ពីរអេសាយ ៥២៖១០)។ តើលោកអ្នកចង់បានសង្រ្គោះដោយសារព្រះដែរឬទេ? ដូច្នេះ ចូរជឿលើព្រះបន្ទូលរបស់ទ្រង់ចុះ។
សូមក្រឡេកមើលខគម្ពីរអេសាយ ៥៣៖៦ ដោយយកចិត្តទុកដាក់។ តើមានព្រះបន្ទូលអ្វីខ្លះសំរាប់យើងនៅក្នុងខនេះ? តើខគម្ពីរទាំងនេះបានមានបន្ទូលដូចម្តេចទៅកាន់លោកអ្នកផ្ទាល់? លោកអ្នកប្រហែលជាបានធ្វើបាប ឬខកខានមិនបានធ្វើរឿងដែលត្រឹមត្រូវកាលពីមុន។ តើខគម្ពីរនេះបានផ្តល់អោយ លោកអ្នកនូវសេចក្តីសង្ឃឹមយ៉ាងដូចម្តេច?
---------------------------------------------------------------------------------------
ថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១
មនុស្សដែលពិបាកជួយសង្រ្គោះ
មនុស្សមួយចំនួនមិនដែលគិតថាបាវបំរើដែលរងទុក្ខគឺជានរណាម្នាក់ដែលពិសេសនោះឡើយ។ ពួកគេស្អប់ទ្រង់ (អេសាយ ៥៣៖២, ៣)។ កណ្ឌគម្ពីរអេសាយបានបង្ហាញយើងពីមូលហេតុដែលយើង រាល់គ្នាគួរតែស្រឡាញ់ទ្រង់។ បាវបំរើគឺជាបុត្រតូចមួយដែលបានប្រសូតមកសម្រាប់យើងរាល់គ្នា។ ទ្រង់គឺជាម្ចាស់នៃសន្តិភាព។ មែនហើយ មនុស្សផ្សេងទៀតបានស្អប់ទ្រង់មែន។ ប៉ុន្តែ យើងរាល់គ្នាដឹងថាទ្រង់ជាអ្នកណា។
មានអ្នកខ្លះបាននិយាយថា «យើងបានជួបសត្រូវរបស់យើងហើយ។ ឯខ្មាំងសត្រូវរបស់យើងនោះគឺជាខ្លួនយើងនេះឯង»។ បាវបម្រើមិនមែនជាបុគ្គលដំបូងដែលត្រូវបានគេស្អប់នោះឡើយ។ ទ្រង់មិនមែនជាបុគ្គលទីមួយដែលរងទុក្ខនោះទេ។ ស្ដេចដាវីឌក៏ត្រូវបានគេស្អប់ខ្ពើមដែរ។ ទ្រង់បានរងទុក្ខនៅពេលដែលទ្រង់បានរត់ភៀសព្រះកាយចេញពីអាប់សាឡំមបុត្រារបស់ទ្រង់ (សាំយូអែលទី២ ១៥៖៣០)។ ប៉ុន្តែ បាវបម្រើមិនដែលបានធ្វើអ្វីមួយដែលនាំអោយព្រះអង្គទ្រង់មានការឈឺចាប់ខ្លួនឯងឡើយ។ ការរងទុក្ខរបស់ទ្រង់មិនមែនបណ្តាលមកពីអំពើបាបរបស់ទ្រង់ទេ។ អ្នកបម្រើមិនបានរងទុក្ខសម្រាប់បុគ្គលតែម្នាក់នោះទេ។ «ព្រះយេហូវ៉ាបានទម្លាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់» (អេសាយ ៥៣៖៦)។ តើហេតុអ្វីបានជាបាវបំរើបានជ្រើសរើសរងទុក្ខ? ពីព្រោះទ្រង់ស្រឡាញ់យើងរាល់គ្នា។ ទ្រង់បានជ្រើសរើសជួយសង្គ្រោះដល់អស់អ្នកដែលគួរតែស្លាប់។
ប៉ុន្តែ មនុស្សមួយចំនួនមិនបានយល់ពីសេចក្តីស្រឡាញ់របស់ព្រះ ឬហេតុផលនៃការរងទុក្ខរបស់ទ្រង់នោះទេ។ ពួកគេគិតថា អ្នកបំរើរូបនេះបានរងទុក្ខដោយសារ «ព្រះបានដាក់ទណ្ឌកម្មដល់ទ្រង់» (អេសាយ ៥៣៖៤)។ ដូចគ្នានេះដែរ មិត្តភក្តិរបស់លោកយ៉ូបបានគិតថាយ៉ូបប្រាកដជាបានធ្វើអ្វីមួយដែល ខុសឆ្គងហើយទើបបានជាគាត់ត្រូវរងទុក្ខបែបនេះ។ ពួកសាវករបស់ព្រះយេស៊ូវក៏បានគិតដូចគ្នាដែរចំពោះបុរសខ្វាក់ម្នាក់។ ហេតុនេះហើយ បានជាពួកគេសួរព្រះយេស៊ូវថា៖ «តើបុរសនេះកើតមកខ្វាក់ដោយសារគាត់បានធ្វើបាបមែនទេ? ឬក៏ឪពុកម្តាយរបស់គាត់បានធ្វើបាប?» (យ៉ូហាន ៩៖២)។ មនុស្សដែលបានឃើញព្រះយេស៊ូវនៅលើឈើឆ្កាង ពួកគេបានគិតមិនល្អទាល់តែសោះអំពីទ្រង់។ ពួកគេបានចងចាំពាក្យរបស់លោកម៉ូសេដែលថា៖ «ដ្បិតអ្នកណាដែលត្រូវព្យួរ នោះជាអ្នកដែលត្រូវព្រះដាក់បណ្តាសាហើយ» (ចោទិយកថា ២១៖២៣)។ សូមប្រៀបធៀបខនេះទៅនឹងខគម្ពីរជនគណនា ២៥៖៤។
អ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះព្រះយេស៊ូវគឺជាផ្នែកមួយនៃផែនការរបស់ព្រះដើម្បីជួយសង្រ្គោះមនុស្សមានបាប។ «ព្រះគ្រីស្ទទ្រង់បានលោះយើងរាល់គ្នា ឲ្យរួចពីសេចក្តីបណ្តាសារបស់ក្រឹត្យវិន័យដោយទ្រង់ត្រូវបណ្តាសាជំនួសយើងរាល់គ្នា ដ្បិតមានសេចក្តីចែងទុកមកថា «ត្រូវបណ្តាសាហើយ អ្នកណាដែលត្រូវព្យួរនៅលើឈើ» (កាឡាទី ៣៖១៣)។ «ដ្បិតឯព្រះអង្គដែលមិនបានស្គាល់បាបសោះ នោះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាបជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្តីសុចរិតរបស់ព្រះដោយនូវព្រះអង្គនោះឯង» (កូរិនថូសទី២ ៥៖២១)។
«សូមក្រឡេកមើលទៅឯតម្លៃដែលព្រះទ្រង់បានប្រោសលោះយើង។ ចូរមើលទៅឯលើឈើឆ្កាង និងអ្នកដែលត្រូវព្យួរនៅទីនោះ។ សូមក្រឡេកមើលព្រះហស្តរបស់ទ្រង់ដែលត្រូវបានចាក់ទម្លុះដោយដែកគោល។ សូមក្រឡេកមើលព្រះបាទារបស់ទ្រង់ដែលត្រូវបានគេដំដែកគោលជាប់នឹងដើមឈើ។ ព្រះយេស៊ូវបានយកអំពើបាបរបស់យើងមកដាក់នៅលើរូបអង្គរបស់ទ្រង់។ ការរងទុក្ខនិងការឈឺចាប់របស់ទ្រង់គឺជាថ្លៃដែលព្រះបានចំណាយដើម្បីជួយសង្រ្គោះយើងរាល់គ្នា»។ ដកស្រង់ពី Ellen G. White, God’s Amazing Grace, page 172, adapted។
សូមក្រឡេកមើលថា តើព្រះជាម្ចាស់ត្រូវចំណាយអស់ប៉ុន្មាន ដើម្បីជួយសង្គ្រោះយើង? តើរឿងនេះបានប្រាប់យើងយ៉ាងដូចម្តេចអំពីសេចក្តីស្រឡាញ់របស់ទ្រង់?
ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១
តង្វាយដែលផ្លាស់ប្តូរជីវិតជារៀងរហូត
តើអ្នកយល់អំពីខនេះយ៉ាងដូចម្តេច៖ អ្នកបំរើបានថ្វាយអង្គទ្រង់ទុក «ជាតង្វាយសម្រាប់លោះ បាប» (អេសាយ ៥៣៖ ១០)?
---------------------------------------------------------------------------------------
នៅក្នុងភាសាហេព្រើរពាក្យថា «តង្វាយ» បានបង្ហាញយើងអំពីតង្វាយដែលបានថ្វាយសំរាប់អំពើបាប (លេវីវិន័យ ៥៖១៤-៦៖៧; លេវីវិន័យ ៧៖១-៧)។ បុគ្គលមានបាបម្នាក់បានថ្វាយតង្វាយនេះ នៅពេលដែលគាត់បានធ្វើខុសចំពោះបុគ្គលម្នាក់ទៀត (លេវីវិន័យ ៦៖២, ៣)។ កណ្ឌគម្ពីរអេសាយ បានចែងអំពីអំពើបាបទាំងនេះ (អេសាយ ១-៣; អេសាយ ១០៖១, ២; អេសាយ ៥៨)។ ដូចគ្នានេះដែរ អ្នកមានបាបត្រូវតែប្រគល់អ្វីដែលគាត់បានលួច និងវត្ថុមួយចំនួនថែមទៀត។ គាត់ត្រូវធ្វើដូច្នេះ មុនពេលដែលគាត់ត្រូវថ្វាយតង្វាយទៅព្រះជាម្ចាស់ហើយសុំការអត់ទោសពីទ្រង់ (លេវីវិន័យ ៦៖៤-៧ ប្រៀបធៀបម៉ាថាយ ៥៖២៣, ២៤)។ ចុះបើមាននរណាម្នាក់បានប្រើប្រាស់នូវអ្វីដែលជាកម្មសិទ្ធិរបស់ព្រះក្នុងផ្លូវខុសវិញនោះ? បន្ទាប់មក បុគ្គលនោះត្រូវតែថ្វាយតង្វាយទៅព្រះវិញ (លេវីវិន័យ ៥៖១៦)។
ព័ត៌មាននេះជួយយើងរាល់គ្នាអោយបានយល់អំពីព្រះគម្ពីរអេសាយ ៤០៖២។ ព្រះជាម្ចាស់បានលួងលោមរាស្ត្ររបស់ទ្រង់នៅស្រុកបាប៊ីឡូន។ ទ្រង់បានមានព្រះបន្ទូលប្រាប់ពួកគេថា ពួកគេបានចំណាយពេលគ្រប់គ្រាន់ហើយសម្រាប់អំពើបាបរបស់ពួកគេ។ ប៉ុន្តែ ព្រះជាម្ចាស់ទ្រង់ត្រូវការតង្វាយ។ បទគម្ពីរអេសាយ៥៣ បង្ហាញយើងពីតង្វាយដែលត្រូវថ្វាយដល់ព្រះ៖ តង្វាយនោះមិនមែនជាសត្វពាហនៈនោះទេ តែគឺជា «អ្នកបំរើរបស់ព្រះ» នឹងត្រូវបានដឹកនាំទៅដូចជាចៀមដែលត្រូវគេសម្លាប់ (អេសាយ ៥៣៖ ៧)។ ទ្រង់ត្រូវគេធ្វើគុតសម្រាប់មនុស្សដែលបានងាកចេញពីព្រះ (អេសាយ ៥៣៖៦)។
អ្នកបម្រើ «ត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់នេះ» (អេសាយ ៥៣៖ ៨ ប្រៀបធៀបដានីយ៉ែល ៩៖ ២៦)។ ប៉ុន្តែ ទ្រង់បានរស់ពីសុគតឡើងវិញ។ ព្រះជាម្ចាស់បានតម្កើងទ្រង់ឡើង។ អ្នកបម្រើរបស់ទ្រង់ បានរស់ពីសុគតឡើងវិញដើម្បីបានជូបជុំជាមួយមនុស្សដែលទ្រង់បានសង្គ្រោះ (អេសាយ ៥៣៖១០-១២)។
សូមត្រួតពិនិត្យខព្រះគម្ពីរខាងក្រោមនេះ។ តើខគម្ពីរនីមួយៗបានបង្ហាញនូវលក្ខណៈដូចគ្នានឹងបទគម្ពីរអេសាយ៥៣យ៉ាងដូចម្តេច?
-ទំនុកដំកើង ៣២៖១, ២ ----------------------------
-រ៉ូម ៥៖៨ ---------------------------------------------
-កាឡាទី ២៖១៦ ------------------------------------
-ភីលីព ៣៖៩ -----------------------------------------
-ហេព្រើរ ២៖៩ --------------------------------------
-ពេត្រុសទី១ ២៖២៤ -------------------------------
តើដំណឹងល្អនៃខគម្ពីរអេសាយ ៥២៖១៣-៥៣៖១២ ជាដំណឹងល្អអ្វីទៅ?
ថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១
សិក្សាបន្ថែម
«ព្រះយេស៊ូវបានយកអំពើបាបរបស់យើងមកដាក់លើរូបអង្គរបស់ទ្រង់ផ្ទាល់នៅលើឈើឆ្កាង . . . . អំពើបាបនោះពិតជាគួរឱ្យស្ញែងខ្លាចណាស់ប្រសិនបើគ្មានបុគ្គលណាម្នាក់អាចថ្វាយតង្វាយ អោយធួននឹងបាបនោះទេ។ បណ្តាសាចំពោះអំពើបាបនោះពិតជាគួរឱ្យស្ញែងខ្លាចណាស់ ដែលមានតែព្រះមួយអង្គប៉ុណ្ណោះដែលអាចបញ្ចប់វាបាន។ ឈើឆ្កាងរបស់ព្រះយេស៊ូវបង្ហាញមនុស្សគ្រប់រូបអោយឃើញថា ឈ្នួលនៃអំពើបាបគឺជាសេចក្ដីស្លាប់»។ ដកស្រង់ពី Ellen G. White, Our High Calling, page 44, adapted។
«ព្រះយេស៊ូវបានប្រទាននូវសិរីរុងរឿង និងព្រះកិត្ដិសព្ទដល់ក្រឹត្យវិន័យរបស់ព្រះនៅពេលដែល ទ្រង់បានសុគតនៅលើឈើឆ្កាង។ ច្បាប់នេះជាច្បាប់នៃអាណាចក្ររបស់ព្រះនៅឯស្ថានសួគ៌។ ព្រះយេស៊ូវ គឺជាព្រះរាជបុត្រាតែមួយរបស់ព្រះ។ ទ្រង់បានទម្លាក់ទោសពៃរ៍ទាំងឡាយមកលើអង្គទ្រង់សំរាប់អំពើបាបរបស់មនុស្សទាំងអស់។ របស់គ្រប់យ៉ាងដែលយើងត្រូវការគឺមានតែនៅក្នុងព្រះយេស៊ូវប៉ុណ្ណោះ នៅពេលដែលទ្រង់បានយាងមកផែនដីនេះជាមនុស្សហើយក៏សុគតជួសយើងរាល់គ្នា។ ទ្រង់បានរងទុក្ខជំនួសយើងរាល់គ្នាដោយសារព្រះបានប្រទាននូវកម្លាំងដល់ទ្រង់។ ទ្រង់គ្មានបាបសោះឡើយ។ ទ្រង់បានស្មោះត្រង់នឹងព្រះគ្រប់បែបយ៉ាង។ ព្រះយេស៊ូវបានមានជ័យជំនះលើមហាវិវាទប្រឆាំងនឹងអំពើបាបសំរាប់យើង។ ទ្រង់បានទទួលរងនូវទណ្ឌកម្មជំនួសយើងរាល់គ្នា។ ទ្រង់បានប្រទាននូវអំណោយទានជាជីវិតអស់កល្បជានិច្ចដល់យើងផងដែរ។ ទ្រង់បានធ្វើគ្រប់យ៉ាងទាំងអស់នៅពេលដែលទ្រង់បានសុគត។ សេចក្តីសុគតរបស់ទ្រង់បានផ្ដល់នូវភាពរុងរឿង និងកិត្ដិសព្ទដល់ក្រឹត្យវិន័យរបស់ព្រះ»។ ដកស្រង់ពី Ellen G. White, Selected Messages, book 1, page 302, adapted។
សំនួរពិភាក្សា៖
- ខគម្ពីរអេសាយ ៥៣៖៧-៩ បង្ហាញយើងពីការសុគតរបស់អ្នកបម្រើព្រះ។ បន្ទាប់មក វាបានបង្ហាញយើងថា សាកសពរបស់ទ្រង់ត្រូវបានគេដាក់ផ្តេកនៅក្នុងផ្នូរមួយនៅខាងលើដីដែលឆ្លាក់ពីថ្ម។ តើអ្នកបាន ឃើញអ្វីខ្លះនៅក្នុងខទាំងនេះដែលបានកើតឡើងចំពោះព្រះយេស៊ូវនៅចុងបញ្ចប់នៃព្រះជន្មរបស់ទ្រង់? (សម្រាប់ចម្លើយសូមអានខគម្ពីរម៉ាថាយ ២៦៖៥៧-២៧៖៦០; ម៉ាកុស ១៤៖៥៣-១៥៖៤៦; លូកា ២២៖៥៤-២៣៖៥៣; យ៉ូហាន ១៨៖១២-១៩៖៤២)។
- ចូរលោកអ្នកពិនិត្យមើលនូវអត្ថបទដកស្រង់ទីពីរនៅខាងលើរបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍។ គាត់បានមានប្រសាសន៍អំពីរបៀបដែលព្រះយេស៊ូវបានផ្តល់កិត្តិសព្ទដល់ច្បាប់របស់ព្រះនៅពេលដែលទ្រង់សុគត។ តើអ្នកស្រីចង់មានន័យយ៉ាងដូចម្តេច?តើការសោយទិវង្គតរបស់ព្រះយេស៊ូវបង្ហាញថាក្រឹត្យវិន័យរបស់ព្រះនៅតែមានជារៀងរហូតយ៉ាងដូចម្តេច?
រឿងខ្លី
វ៉ដកាសម្រាប់បុណ្យអ៊ីស្ទើរ
លោកស៊ើហ្គី សុគុលជាប្រធានវិស្វករប្រចាំក្រុមហ៊ុនភេសជ្ជៈមួយកន្លែងនៅភាគខាងជើងនៃរដ្ឋកាហ្សាក់ស្ថាន។ លោកមានសេចក្តីសោមនស្សរីករាយនៅពេលដែលមិត្តរួមការងាររបស់លោកម្នាក់បានប្រកាសក្នុងអំឡុងពេលសម្រាកអាហារថ្ងៃត្រង់ថា មនុស្សគ្រប់គ្នាគួរតែអបអរសាទរបុណ្យអ៊ីស្ទើរដោយប្រើស្រាវ៉ដកា ស៊ុតលាបពណ៌ និងគូលុចដែលជានំប័ុងបុណ្យអ៊ីស្ទើរតាមជំនឿគ្រីស្ទានបែបបុរាណ។ ប្រជាជនភាគច្រើនដែលរស់នៅក្នុងរដ្ឋកាហ្សាក់ស្ថានបានចូលរួមអបអរសាទរបុណ្យអ៊ីស្ទើរជាមួយស្រាវ៉ដកា ស៊ុតលាបពណ៌ និងនំបុ័ងគូលុច។ លោកស៊ើហ្គីបានសួរថា «តើព្រះគម្ពីរបានចែងយ៉ាងដូចម្តេចអំពីបុណ្យអ៊ីស្ទើរ?»។ អ្នករួមការងារម្នាក់នេះមិនដឹងថា ត្រូវរកពាក្យនិយាយយ៉ាងម៉េចនោះទេ ព្រោះគាត់មិនដែលអានព្រះគម្ពីរសោះ។ លោកស៊ើហ្គីក៏បានរត់ទៅកាន់ការិយាល័យរបស់លោក ហើយបានត្រឡប់មកវិញជាមួយព្រះគម្ពីរមួយក្បាល។ ដោយប្រើបទានុក្រមព្រះគម្ពីរមួយក្បាលជាជំនួយ លោកស៊ើហ្គីនិងមិត្ត រួមការងាររបស់លោកជាច្រើនរកមិនឃើញនូវការលើកឡើងអំពីបុណ្យអ៊ីស្ទើរដែលជាទិវាឈប់សម្រាកមួយអបអរការរស់ឡើងពីសុគតរបស់ព្រះយេស៊ូវឡើយ។ ប៉ុន្ដែ ពួកគេបានប្រទះឃើញនូវឯកសារយោងជាច្រើនទាក់ទងនឹងបុណ្យរំលងរបស់ជនជាតិយូដាដែលនៅក្នុងភាសាដើមរុស្ស៊ីរបស់ពួកគេមានឈ្មោះ ដូចគ្នានឹងបុណ្យអ៊ីស្ទើរដែរគឺ «ប៉ាស្កា»។ ហើយអាហារមួយប្រភេទដែលព្រះគម្ពីរបានចែងអោយបរិភោគនៅក្នុងបុណ្យប៉ាស្កាគឺសាច់ចៀមអាំង ឬពពែអាំងជាមួយនំបុ័ងឥតដំបែ និងឱសថល្វីង។ អ្នករួមការងារ ម្នាក់បានស្រែកថា «ចុះស្រាវ៉ដកា ស៊ុតលាបពណ៌ និងនំបុ័ងគូលុចមានចែងនៅត្រង់ណាទៅ?»។ លោកស៊ើហ្គីក៏ញញឹម។ លោកចូលចិត្តនូវកិច្ចសន្ទនាទាំងនេះណាស់ ពីព្រោះវាបានដឹកនាំមនុស្សអោយទៅរកព្រះយេស៊ូវ។ មិត្តរួមការងាររបស់ស៊ើហ្គីមិនដែលហ៊ាននិយាយដោយបើកចំហអំពីព្រះគម្ពីរទេ នៅពេលដែលលោកបានចូលមកធ្វើការក្នុងក្រុមហ៊ុនលើកដំបូង។ លោកបាននិយាយទាំងបើកចំហអំពីជំនឿរបស់ខ្លួន ថាលោកជាអ្នកសេវេនដេយអាត់វេនទីស្ទម្នាក់។ ប៉ុន្តែ អ្នករួមការងាររបស់លោកបានយល់ថា ជំនឿរបស់លោកពិតជាចម្លែកណាស់។ ពួកគេបានខ្សឹបខ្សៀវគ្នាថា៖ «បុរសម្នាក់នោះគឺជាអ្នកដែលប្រកាន់និកាយជ្រុលនិយមមួយរូប»។ លោកស៊ើហ្គីមិនបាននឹកប្រកាន់ខឹងនឹងការនិយាយផ្តេសផ្តាសទាំងនោះទេ ហើយលោកក៏បានអធិស្ឋានសុំអោយព្រះបានប្រទាននូវប្រាជ្ញាដល់លោកក្នុងការចែករំលែកនូវសេចក្តីសង្ឃឹមអំពីដំណើរនៃការយាងមកជាឆាប់របស់ព្រះយេស៊ូវ។ លោកចេះតែនឹកគិតថាតើលោកអាចចែកចាយនូវសៀវភៅ ឬខិត្តប័ណ្ណព្រះបន្ទូលទៅដល់អ្នកដទៃបានដោយរបៀបណា។ បន្ទាប់មកលោកក៏បានចាំថា មិត្តរួមការងាររបស់លោកទាំងអស់សុទ្ធតែមានថ្ងៃខួបកំណើត។ លោកក៏បានចាប់ផ្តើមចូលរួមអបអរថ្ងៃខួបកំណើតមិត្តភក្តិរបស់លោកជាមួយនឹងកាដូសៀវភៅរបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ដូចជាសៀវភៅមហាវិវាទ និងជំហានទៅកាន់ព្រះគ្រីស្ទជាដើម។ អ្នករួមការងាររបស់លោកជាច្រើនបានអានសៀវភៅទាំងនោះ ហើយចាប់ផ្តើមសួរសំណួរផ្សេងៗនៅពេលអាហារថ្ងៃត្រង់។ នៅពេលដែលព្រះវិហារអាត់វេនទីស្ទក្នុងតំបន់បានបើកជា «មជ្ឈមណ្ឌលជះឥទ្ធិពលក្នុងក្រុង» ផ្តល់ជាការម៉ាស្សាដោយឥតគិតថ្លៃនៅតាមទីតាំងរបស់ខ្លួន លោកស៊ើហ្គីក៏បានអញ្ជើញមិត្តរួមការងាររបស់លោកអោយមកចុះឈ្មោះដែរ។ មានស្ត្រីបីនាក់បានអញ្ជើញមក នោះគាត់បានផ្តល់អោយពួកគេនូវដំណើរកម្សាន្តចូលទៅក្នុងរោងឧបោសថ បន្ទាប់មកក៏ទៅទីតាំងត្រសាលតូចៗ និងថ្នាក់រៀនរបស់កុមារជាដើម មុនពេលដែលត្រូវទទួលការម៉ាស្សា។ មិត្តរួមការងាររបស់លោកបានស្ងើចសរសើរក្រុមជុំនុំអាត់វេនទីស្ទណាស់ បន្ទាប់ពីពួកគេបានទទួលនូវការម៉ាស្សារយៈពេល១០ថ្ងៃកន្លងមកនោះ។ មិត្តម្នាក់បានជំរាបលោកស៊ើហ្គីក្នុងពេលអាហារថ្ងៃត្រង់ថា៖ «ដំបូងឡើយយើងគិតថា លោកគឺជាសមាជិករបស់ក្រុមនិកាយជ្រុលនិយមម្នាក់ ប៉ុន្តែ វាបានក្លាយទៅជាព្រះវិហារមួយដែលជាព្រះវិហារដ៏ល្អទៅវិញ»។ ស៊ើហ្គីបានមានប្រសាសន៍ថា លោកគ្មានអារម្មណ៍ដូចជាអ្នកបេសកជនផ្សព្វផ្សាយដំណឹងល្អអំពីព្រះយេស៊ូវនោះទេ។ «ខ្ញុំមិនបានគិតថាខ្ញុំកំពុងធ្វើអ្វីដែលពិសេសទេ» ។ នេះគឺគ្រាន់តែជាអ្វីដែលខ្ញុំអាចធ្វើបានប៉ុណ្ណោះ» នេះបើតាមប្រសាសន៍របស់លោកស៊ើហ្គី។
អំណានដង្វាយប្រចាំសប្តាហ៍
នៅពេលដែលលោកពេត្រុសយកព្រះទុកជាទី១
ការយកព្រះទុកជាទី១មិនមែនជារឿងងាយស្រួលឡើយ។ តើយើងអាចរៀនបានអ្វីខ្លះពីលោកពេត្រុសដែលនឹងជួយយើងរាល់គ្នាឲ្យយកព្រះទុកជាទី១ក្នុងជីវិតរបស់យើងសព្វថ្ងៃនេះ?
លោកពេត្រុសគឺជាសិស្សម្នាក់ក្នុងចំណោមសិស្សមុនគេបង្អស់ដែលព្រះយេស៊ូវបានហៅ។ លោកមានការតាំងចិត្ត និងមានការជឿជាក់លើខ្លួនឯងខ្ពស់។ នៅរាត្រីមួយដែលមានព្យុះ ព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ដល់ពួកសិស្សហាក់ដូចជាខ្មោចកំពុងដើរលើទឹក។ លោកពេត្រុសគឺជាសិស្សដំបូងគេដែលហ៊ានថ្លែងប្រាប់អំពីបំណងរបស់គាត់ដែលចង់ដើរជាមួយព្រះយេស៊ូវ ដែលចង់មានន័យថាគាត់ចង់លោតចេញពីទូក ហើយដើរលើទឹកដែរ។ ការយកព្រះទុកជាទី១ហាក់ដូចជាងាយស្រួលណាស់សម្រាប់លោកពេត្រុស។ រហូតទាល់តែដល់ពេលដែលគាត់ប៊ិះតែនឹងលង់ទឹក។
បន្ទាប់ពីបានដើរលើទឹកបានបន្តិច លោកពេត្រុសក៏មានការសង្ស័យ។ ខណៈដែលលោកពេត្រុសចាប់ផ្តើមលិចទៅក្រោមផ្ទៃទឹកនៃសេចក្តីល្បួង លោកប្រាកដជាមានអារម្មណ៍ថាខ្មាសគេ។ លោកបានសូមដើរលើទឹកជាមួយព្រះយេស៊ូវ ហើយឥឡូវនេះសិស្សទាំងអស់អាចឃើញហើយថាគាត់បានបរាជ័យ។ ការយកព្រះទុកជាទី១ក្នុងពេលដែលយើងបរាជ័យមិនមែនជារឿងងាយស្រួលឡើយ។ ប៉ុន្តែលោកពេត្រុសធ្វើបាន។ លោកបានស្រែករកជំនួយ ហើយព្រះយេស៊ូវក៏បានជួយសង្គ្រោះលោក។
សាច់រឿងបែបនេះបានកើតឡើងម្តងទៀតនៅពេលដែលព្រះយេស៊ូវត្រូវបានចាប់យកទៅឆ្កាង។ លោកពេត្រុសបានសន្យាថានឹងមិនបោះបង់ព្រះយេស៊ូវចោលឡើយមិនថាមានអ្វីកើតឡើងឡើយ ប៉ុន្តែព្រះយេស៊ូវបានប្រាប់លោកថាលោកនឹងក្បត់ព្រះអង្គនៅយប់នោះឯង។ លោកពេត្រុសមិនខ្លាចឡើយ។ លោកបានត្រៀមខ្លួនស្លាប់ដើម្បីព្រះយេស៊ូវស្រេចហើយ។ រឿងនេះយើងឃើញច្បាស់ណាស់ក្នុងការវាយប្រហាររបស់លោកពេត្រុសនៅក្នុងសួនគេតសេម៉ានី។ បើទោះបីជាមានពួកទាហានជាច្រើននៅជុំវិញក្តី ក៏លោកពេត្រុសនៅតែព្យាយាមសម្លាប់ពួកគេដែរ។
អរគុណព្រះអង្គដែលលោកត្រឹមតែជាអ្នកនេសាទ មិនមែនជាទាហាន។ លោកកាប់គេខុស ត្រូវត្រឹមតែត្រចៀករបស់មនុស្សម្នាក់ទៅវិញ។
អ្វីដែលព្រះយេស៊ូវបានធ្វើបន្ទាប់មកទៀតធ្វើឲ្យលោកយល់ច្រឡំទៅវិញ។ ព្រះយេស៊ូវបានព្យាបាលបុរសរងគ្រោះ ហើយបានមានបន្ទូលថាទ្រង់មិនត្រូវការការការពារទេ។ តើបន្ទូលនេះមានន័យដូចម្តេចទៅ? លោកពេត្រុសត្រៀមខ្លួនសម្រាប់តតាំងស្រេចហើយ ស្រាប់តែព្រះយេស៊ូវបែរជាបន្ទោសគាត់ទៅវិញ។ នៅយប់នោះ លោកបានដើរតាមព្រះយេស៊ូវពីចម្ងាយ ហើយបានបដិសេធមិនស្គាល់ព្រះអង្គបីដងដូចជាអ្វីដែលព្រះយេស៊ូវបានទាយប្រាប់ជាមុនពិតមែន។ ទន្ទឹមគ្នានោះដែរ លោកយ៉ូហានក៏ស្ថិតនៅក្បែរព្រះយេស៊ូវក្នុងពេលដែលគេកាត់ទោស និងឆ្កាងព្រះយេស៊ូវដែរ។ លោកពេត្រុសបានបរាជ័យម្តងទៀតហើយ។ តើលោកអាចធ្វើអ្វីកើតខ្លះទៅបន្ទាប់ពីរឿងនោះកើតឡើង?
ការយកព្រះទុកជាទី១ក្នុងគ្រាដែលយើងបរាជ័យ យល់ច្រឡំ និងអាម៉ាសគឺមិនអាចទៅរួចឡើយ។ មានតែពឹងលើព្រះចេស្តារបស់ព្រះទេទើបយើងអាចទទួលយកការលើកលែងទោសរបស់ព្រះជាម្ចាស់ និងចាប់ផ្តើមជាថ្មីបាន។ ក្រោយមក លោកពេត្រុសបានក្លាយជាមេដឹកនាំដ៏វិសេសមួយរូបដោយសារតែព្រះយេស៊ូវជឿទុកចិត្តលើរូបលោកម្តងហើយម្តងទៀតដែរ។ លោកអ្នកប្រហែលជាមិនស្មោះត្រង់នឹងប្រាក់ដង្វាយ១០ហូត១ និងដង្វាយសទ្ធាក្នុងគ្រាអតីតកាល។ ឬមួយក៏លោកអ្នកធ្លាប់បរាជ័យដែរ។ នេះគឺជាការចាប់ផ្តើមជឿទុកចិត្តលើព្រះជាមួយហិរញ្ញវត្ថុរបស់លោកអ្នកម្តងទៀត។
លោកពេត្រុសយកព្រះទុកជាទី១។ គំរូរបស់លោកដាស់តឿនយើងរាល់គ្នាឲ្យធ្វើតាមលោក។ ខណៈដែលពួកអ្នកជំនួយការប្រាក់ដង្វាយកំពុងប្រមូលប្រាក់ដង្វាយ សូមយើងរាល់គ្នា បានទទួលយកព្រះជាម្ចាស់ទុកជាទី១ចុះ។