«ព្រះយេស៊ូវទ្រង់បានសោយនំប័ុង និងទឹកទំពាំងបាយជូរជាមួយនឹងពួកសិស្សរបស់ព្រះអង្គ។ ដោយសារការធ្វើបែបនេះ ព្រះយេស៊ូវបង្ហាញប្រាប់ទៅពួកសិស្សថា ទ្រង់យល់ព្រមធ្វើជាព្រះអង្គសង្គ្រោះរបស់ពួកគេ។ ព្រះយេស៊ូវក៏ប្រទានសេចក្តីសញ្ញាថ្មីដល់ពួកគេដែរ។ គ្រប់គ្នាដែលទទួលព្រះយេស៊ូវនឹងក្លាយជារាស្ត្ររបស់ព្រះ។ ពួកគេនឹងទទួលបានគ្រប់យ៉ាងដែលព្រះវរបិតានឹងប្រទានដល់ព្រះយេស៊ូវ។ សេចក្តីសញ្ញាថ្មីអាចធ្វើឲ្យរឿងទាំងនេះកើតឡើងបាន។ សេចក្តីសញ្ញាថ្មីក៏អនុញ្ញាតឲ្យសិស្សរបស់ព្រះ-យេស៊ូវមានគ្រប់ទាំងព្រះពរដែលស្ថានសួគ៌អាចប្រទានក្នុងជីវិតនេះ និងជីវិតដល់នឹងមកដែលនាពេលខាង មុខដែរ។ លោហិតរបស់ព្រះយេស៊ូវបានបង្កើតសេចក្តីសញ្ញាថ្មីនេះ។ ផ្នែកមួយនៃសេចក្តីសញ្ញាថ្មីនេះ ពួក សិស្សរបស់ព្រះយេស៊ូវនឹងត្រូវបរិភោគ និងផឹកទឹកទំពាំងបាយជូរនៅគ្រាអនាគត។ បន្ទាប់មក ពួកគេនឹងនឹកចាំអំពីព្រះយេស៊ូវដែលបានសុគតសម្រាប់ពួកគេម្នាក់ៗ។ ព្រះយេស៊ូវទ្រង់ក៏បានសុគតសម្រាប់បាបជនគ្រប់គ្នាដែលនៅគ្រប់ទីកន្លែងនៃផែនដីនេះដែរ»។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 659, adapted។
«ផ្នែកដ៏អស្ចារ្យបំផុតនៃសេចក្តីសញ្ញានេះគឺជាសេចក្តីមេត្តា។ ព្រះជាម្ចាស់ទ្រង់បង្ហាញសេចក្តីមេត្តា។ ព្រះជាម្ចាស់ទ្រង់បង្ហាញសេចក្តីមេត្តាទៅកាន់បាបជនដែលលន់តួបាបរបស់ខ្លួន និងងាកបែរចេញ ពីការធ្វើបាប។ ព្រះវិញ្ញាណបរិសុទ្ធប្រាប់យើងនូវអ្វីដែលដំណឹងល្អនិយាយអំពីព្រះយេស៊ូវ។ ដំណឹងល្អ នោះគឺ ព្រះជាម្ចាស់សង្គ្រោះយើងដោយសារសេចក្តីមេត្តាដ៏ស្រទន់របស់ព្រះអង្គ។ ព្រះអម្ចាស់មានបន្ទូល ថា ‘អញនឹងអាណិតមេត្តាចំពោះសេចក្តីទុច្ចរិតរបស់គេ ហើយអញនឹងលែងនឹកចាំពីអំពើបាប និងសេចក្តីទទឹងច្បាប់របស់គេទៀត’ (ហេព្រើរ ៨៖១២)។ តើព្រះទ្រង់បែរចេញពីសេចក្តីយុត្តិធម៌នៅពេលដែលទ្រង់សម្តែងសេចក្តីមេត្តាដល់បាបជនឬ? ទេ។ ព្រះជាម្ចាស់មិនអាចអនុញ្ញាតឲ្យនរណាម្នាក់បំពានក្រឹត្យវិន័យ របស់ព្រះអង្គហើយមិនទទួលទោសនោះទេ។ ធ្វើបែបនោះនឹងមិនតម្កើងដល់ក្រឹត្យវិន័យឡើយ។ នៅក្នុង សេចក្តីសញ្ញាថ្មី ព្រះទ្រង់សូមឲ្យមានការស្តាប់បង្គាប់ដ៏គ្រប់លក្ខណ៍។ ហេតុនោះ បាបជនត្រូវតែលន់តួបាប របស់ខ្លួន ហើយបែរចេញពីការធ្វើបាបតទៅទៀត។ នោះទើបព្រះអត់ទោសដល់បាបជនបាន។ ព្រះយេស៊ូវបានសុគតសម្រាប់បាបជនហើយ។ តាមរយៈការសុគតរបស់ព្រះអង្គ ព្រះយេស៊ូវបានបើកផ្លូវឲ្យព្រះអត់ទោសដល់បាបជនម្នាក់ៗបាន។ ព្រះយេស៊ូវទ្រង់បានធ្វើអ្វីៗគ្រប់យ៉ាងដែលក្រឹត្យវិន័យតម្រូវ។ ព្រះយេស៊ូវបានធ្វើកិច្ចការនេះសម្រាប់មនុស្សគ្រប់គ្នាដែលបែរចេញពីអំពើបាប និងជឿលើព្រះអង្គ»។ ដកស្រង់ពី Ellen G. White, God’s Amazing Grace, p. 138, adapted។
រឿងខ្លី
ព្រះវិហារសម្រាប់អ្នកទេសចរ
គ្រូគង្វាលថ្មីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលលោកបានបង្ហាញខ្លួននៅព្រះវិហារ អន្តរជាតិសេវេនដេយ៍អាត់វេនទីស្ទ ប៊ូឆារេសត៍ Bucharest គឺជាព្រះវិហារតែមួយគត់ដែលនិយាយភាសាអង់គ្លេសនៅរដ្ឋធានីនៃប្រទេសរ៉ូម៉ានី ហើយមានតែសមាជិកតែបីនាក់ប៉ុណ្ណោះ។ អ្នកទាំងបីនាក់នោះគឺជាសាសន៍រ៉ូម៉ានី។ បីសប្តាហ៍ក្រោយមក លោកគ្រូគង្វាលបេនយ៉ាមីន ស្ទេន បានដឹងថា ម្នាក់ក្នុងចំណោមអ្នកទាំងបីនាក់នោះ គឺស្ត្រីអាយុ ២១ ឆ្នាំកំពុងចាកចេញពីព្រះវិហារ។ គាត់ងឿងឆ្ងល់ថា ហេតុអ្វីបានជា ព្រះត្រាស់ហៅគាត់មកកាន់ព្រះវិហារដែលស្លាប់មួយនេះ។ គាត់បានអធិស្ឋានសួរទៅកាន់ព្រះថា៖ ហេតុអ្វីបានជាខ្ញុំមកទីនេះ? ហេតុអ្វីបានជាព្រះអង្គផ្តល់ការត្រាស់ហៅមួយនេះដល់ទូលព្រះបង្គំដូច្នេះ? នៅរំពេចនោះ ក៏មានអ្នកទេសចរជនជាតិអាមេរិកពីរនាក់បានដើរមកកាន់ឯមាត់ទ្វារ។ លោកបេនយ៉ាមីនបានដឹងថា ភ្ញៀវទេសចរទាំងនេះត្រូវការកន្លែងសម្រាប់ថ្វាយបង្គំព្រះ។ គាត់ក៏បានបន្ដការអធិស្ឋានទៀត។
ពីរបីសប្តាហ៍ក្រោយមក គាត់បានរកឃើញបុរសម្នាក់ស្លៀកពាក់ឈុតគ្រ័រសេ ហើយពាក់ក្រវាត់ក កំពុងតែរង់ចាំនៅខាងក្រៅព្រះវិហារ។ បុរសម្នាក់នោះរស់នៅប្រទេសប៉ូឡូញជាមួយនឹងក្រុមគ្រួសាររបស់ គាត់ ហើយធ្វើការនៅប្រទេសរ៉ូម៉ានី។ គាត់ធ្លាប់ជាសមាជិករបស់ព្រះវិហារគ្រីស្ទនៃក្រុមជំនុំមួយផ្សេងទៀត ប៉ុន្តែបន្ទាប់ពីបានសិក្សារៀនសូត្រព្រះគម្ពីរមក គាត់ក៏ចង់មកឯព្រះវិហារដែលរក្សាថ្ងៃសប្បាតហ៍។ លោកបេនយ៉ាមីនបានដឹងថា មានជនបរទេសជាច្រើនធ្វើការនៅប្រទេសរូម៉ានី ប៉ុន្តែមិនអាចនិយាយភាសារ៉ូម៉ានីទេ។ ពួកគេត្រូវការកន្លែងសម្រាប់ថ្វាយបង្គំព្រះ។
បន្ទាប់ពីច្រើនខែបានកន្លងផុតទៅ លោកបេនយ៉ាមីនបានស្នើឱ្យមានថ្នាក់សប្បាតហ៍ស្គូល និងពិធីថ្វាយបង្គំព្រះ នៅពេលព្រឹកនាថ្ងៃបរិសុទ្ធ។ រហូតមកទល់ពេលនោះ ព្រះវិហារមិនធ្លាប់មានថ្នាក់សប្បាតហ៍ស្គូលទេ ហើយការថ្វាយបង្គំព្រះដែលមានរយៈពេលមួយម៉ោងត្រូវបានរៀបចំឡើងនៅល្ងាចថ្ងៃសប្បាតហ៍។ សមាជិកទាំងពីររូប ក៏បានជំទាស់នឹងសំណើនេះ។ ពួកគេបានទៅព្រះវិហាររ៉ូម៉ានីនៅពេល ព្រឹកថ្ងៃសប្បាតហ៍ ដោយមិនចង់បាត់បង់មិត្តភក្តិរបស់ពួកគេ។ ប៉ុន្តែលោកបេនយ៉ាមីននៅតែទទូចចំពោះសំណើរបស់លោក។ លោកបាននិយាយថា៖ «យើងមិនមកទីនេះដើម្បីរៀនភាសាអង់គ្លេសទេ។ យើងមកទីនេះដើម្បីសិក្សាព្រះបន្ទូលរបស់ព្រះទេតើ។ យើងត្រូវបង្កើតជាព្រះវិហារមួយ»។
ដោយការចុះទៅសួរសុខទុកព្រះវិហារផ្សេងទៀត លោកបេនយ៉ាមីនក៏បានអញ្ជើញក្មេងជំទង់ពីរនាក់ និងបុរសម្នាក់ប្រហែលជាមានអាយុ ៣០ឆ្នាំដើម្បីជួយរៀបចំកម្មវិធីថ្វាយបង្គំព្រះ។ លោកក៏បានផ្សព្វផ្សាយកាលវិភាគថ្មីនៃការថ្វាយបង្គំព្រះនាពេលព្រឹកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
នៅថ្ងៃសប្បាតហ៍ ដំបូងនោះ មនុស្ស៣២នាក់បានបង្ហាញខ្លួន។ លោកបេនយ៉ាមីនបានរំឮកថា៖ «អ្នកគួរតែបានឃើញការបង្ហាញនូវអារម្មណ៍នៅលើទឹកមុខរបស់សមាជិកទាំងពីររូបនៅពេលដែលពួកគេបានមកដល់ព្រះវិហារ។ ពួកគេបានបើកភ្នែកធំៗ។ ពួកគេបានមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលពួកគេបានឃើញមនុស្សជាច្រើន ជាពិសេសយុវជននៅក្នុងព្រះវិហារ»។
បុរសជនជាតិប៉ូឡូញម្នាក់នោះបានទទួលពិធីបុណ្យជ្រមុជទឹកប៉ុន្មានសប្តាហ៍ក្រោយមក។ ឥឡូវនេះ ព្រះវិហារនេះមានសមាជិក ២៦នាក់ ហើយចំនួនអ្នកចូលរួមប្រចាំសប្តាហ៍មានចាប់ពី៣០នាក់ទៅ៥០នាក់រួមទាំងអ្នកទេសចរ ពលករបរទេសនិងនិស្សិតអន្តរជាតិ។ តើមានអ្វីកើតឡើងចំពោះមនុស្សទាំងបីនាក់ដែលបានចូលរួមព្រះវិហារនៅថ្ងៃឈប់សប្បាតហ៍ដំបូងរបស់លោកគ្រូបេនយ៉ាមីន? ឥឡូវនេះ ពួកគេបានចូលរួមយ៉ាងសកម្ម រួមទាំងស្ត្រីវ័យក្មេងដែលធ្លាប់បានចាកចេញពីព្រះវិហារទៀតផង។ ឥឡូវនេះ នាងគឺជាអ្នកឹកនាំនៅព្រះវិហារ។
អំណានដង្វាយប្រចាំសប្តាហ៍
នៅពេលដែលកំឡោះអ្នកមានបដិសេធមិនយកព្រះទុកជាទីមួយ
ការយកព្រះទុកជាទីមួយមិនមែនជារឿងងាយស្រួលឡើយ។ តើយើងអាចរៀនអ្វីខ្លះពីកំឡោះអ្នកមានដែលបានបដិសេធមិនយកព្រះទុកជាទីមួយ?
នៅពេលដែលព្រះយេស៊ូវបានជួបកំឡោះអ្នកមាន ពួកសិស្សប្រហែលជារំភើបចិត្តហើយដែលបានអ្នកមានចូលរួមក្នុងក្រុម។ ប៉ុន្តែរឿងនោះមិនបានស្ថិតស្ថេរយូរទេដោយសារតែព្រះយេស៊ូវបានសូមឲ្យអ្នកកំឡោះនោះលក់របស់ទ្រព្យទាំងអស់ដែលគាត់មាន ហើយចែកឲ្យអ្នកក្រ។ តទៅនេះគឺជាសាច់រឿងដែលបានកើតឡើង៖
«ទ្រង់មានព្រះបន្ទូលថា បើអ្នកចង់បានជាគ្រប់លក្ខណ៍ ចូរអ្នកទៅលក់របស់ទ្រព្យខ្លួន ហើយចែកដល់ពួកអ្នកក្រីក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិ នៅឯស្ថានសួគ៌វិញ រួចឲ្យមកតាមខ្ញុំចុះ កាលមនុស្សកំឡោះបានឮព្រះបន្ទូលនោះហើយ នោះក៏ចេញទៅទាំងព្រួយចិត្ត ព្រោះមានទ្រព្យសម្បត្តិជាច្រើន។
នោះព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលនឹងពួកសិស្សថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សអ្នកមាននឹងចូលទៅក្នុងនគរស្ថានសួគ៌ពិបាកណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាទៀតថា ដែលសត្វអូដ្ឋនឹងចូលតាមប្រហោងម្ជុល នោះងាយ ជាជាងឲ្យមនុស្សអ្នកមានចូលទៅក្នុងនគរនៃព្រះវិញ។
កាលពួកសិស្សបានឮដូច្នោះ នោះក៏នឹកប្លែកក្នុងចិត្តជាខ្លាំងក្រៃលែង ហើយទូលសួរថា ដូច្នេះ តើអ្នកណាអាចនឹងបានសង្គ្រោះ ព្រះយេស៊ូវទ្រង់ទតទៅគេ ដោយព្រះបន្ទូលថា ការនោះមនុស្សលោកធ្វើមិនកើតទេ តែព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់»។ ដកស្រង់ពី ម៉ាថាយ ១៩៖២១-២៦)។
អ្វីដែលកំឡោះអ្នកមានមិនទទួលស្គាល់នោះគឺសាមញ្ញទេ៖ បទពិសោធន៍នៃសេចក្តីសង្គ្រោះ និងការទំនាក់ទំនងដ៏ពេញលេញជាមួយព្រះនិងមនុស្សជាតិគឺតម្រូវឲ្យមានការចែកចាយនូវទ្រព្យសម្បត្តិរបស់គាត់។ ព្រះគម្ពីរចង់បង្រៀនថា បទពិសោធន៍នេះគឺជាសេចក្តីសុខសាន្ត ដែលជាភាពសមប្រកបគ្នាទាំងស្រុងរួមទាំំងសេចក្តីសុខសាន្តជាមួយព្រះ មនុស្សជាតិ ខ្លួនឯង និងធម្មជាតិផង។
ចំពោះយើងរាល់គ្នាដែលមានទ្រព្យសម្បត្តិ មិនមែនទ្រព្យនោះតិចឬច្រើនទេ យើងរាល់គ្នាក៏កំពុងត្រូវល្បួងឲ្យហួងហែងវាទុកផងដែរ។ ទ្រព្យសម្បត្តិអាចផ្តល់ឲ្យយើងនូវអារម្មណ៍ថាមានលំនឹងនិងមានអំណាច។ ទ្រព្យសម្បត្តិខ្លួនឯងគឺជាព្រះពរមកពីព្រះអម្ចាស់។ ប៉ុន្តែនៅពេលដែលយើងចាប់ផ្តើមជឿថាវាកើតឡើងដោយសារកម្លាំងកិច្ចការរបស់យើង ហើយមិនគួរចែករំលែកទៅឲ្យអ្នកដទៃទេនោះ នោះវាអាចក្លាយទៅជាបណ្តាសាវិញ។
កំឡោះអ្នកមានបានយកទ្រព្យសម្បត្តិទុកជាទីមួយ។ ព្រះយេស៊ូវទ្រង់ព្រះកន្សែងនៅដែលរឿងនោះបានកើតឡើងពីព្រោះវាគឺជាសោកនាដកម្មសម្រាប់កំឡោះអ្នកមានដ៏លោភលន់ដែលបានបាត់បង់សេចក្តីសង្គ្រោះដោយសារទ្រព្យសម្បត្តិរបស់ខ្លួន។ ការយកព្រះទុកជាទីមួយមានន័យថាគឺជាការយកទ្រព្យសម្បត្តិទុកជាទីពីរវិញ។ ភាពសប្បុរសគឺជាលក្ខណៈសម្បត្តិដែលមិនអាចចរចាបាននៃនគររបស់ព្រះ។
កំឡោះអ្នកមានបានបដិសេធមិនយកព្រះទុកជាទីមួយ។ លទ្ធផលចេញមកគឺអាក្រក់ណាស់សម្រាប់គាត់និងមនុស្សដែលនៅជុំវិញគាត់។ គំរូអាក្រក់របស់កំឡោះអ្នកមានដាស់តឿនយើងរាល់គ្នានៅថ្ងៃនេះ ហើយសេចក្តីស្រឡាញ់របស់ព្រះក៏ជម្រុញយើងឲ្យយកនគររបស់ព្រះទុកជាទីមួយដែរ។ ខណៈដែលអ្នកជំនួយការកំពុងប្រមូលប្រាក់ដង្វាយ សូមយកព្រះទុកជាទីមួយចុះ។