មេរៀនទី១០​៖ ២៧ វិច្ឆិកា-៣ ធ្នូ ២០២១

ចូរនឹកចាំ កុំអោយភ្លេចឡើយ

Jeans
ថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ លោកុប្បត្តិ ៩៖៨-១៧; ចោទិយកថា ៤៖៣២-៣៩; ចោទិយកថា ៤៖៩, ២៣; ចោទិយកថា ៨៖៧-១៨។

ខចងចាំ៖«ចូរ​នឹក​ចាំ កុំ​ឲ្យ​ភ្លេច​ឡើយ ថា​ឯង​បាន​បណ្តាល​ឲ្យ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង មានសេចក្តី​ក្រោធ នៅ​ត្រង់​ទី​រហោស្ថាន ហើយ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ រហូត​មក​ដល់​ទី​នេះ នោះ​ឯង​រាល់​គ្នា​ចេះ​តែ​បះបោរ​នឹង​ព្រះយេហូវ៉ា​ជា​ដរាប» (ចោទិយកថា ៩៖៧)។

ពាក្យពីរម៉ាត់ត្រូវបានសរសេរនៅក្នុងព្រះគម្ពីរម្តងហើយម្តងទៀត ពាក្យទាំងនោះគឺ៖ «ចាំ» និង «ភ្លេច»។ ពាក្យទាំងពីរនេះបង្ហាញនូវអ្វីមួយដែលបានកើតឡើងនៅក្នុងគំនិតរបស់យើង។ ពាក្យទាំងពីរនេះគឺជាកិរិយាស័ព្ទ។ ពាក្យទាំងនេះក៏មានន័យផ្ទុយស្រឡះពីគ្នាផងដែរ។ «ចាំ» មានន័យថា យើងមិនបានភ្លេច។ រីឯ «ភ្លេច» មានន័យថា យើងមិនបានចាំ។

ព្រះតែងតែបង្គាប់អោយរាស្ត្ររបស់ទ្រង់នឹកចាំនូវអ្វីៗដែលទ្រង់បានធ្វើចំពោះពួកគេជានិច្ច។ ព្រះបានសូមអោយរាស្ត្ររបស់ទ្រង់នឹកចាំអំពីព្រះគុណរបស់ទ្រង់ ដែលទ្រង់សប្បុរស និងល្អចំពោះពួកគេ។ គម្ពីរសញ្ញាចាស់មានពេញទៅដោយការដាស់តឿនមកពីពួកហោរា។ ព្រះបានអោយពួកគេធ្វើកិច្ចការទាំងនេះ។ ការនឹកចាំអំពីព្រះ និងកិច្ចការរបស់ទ្រង់មានសារៈសំខាន់ជាទីបំផុត។ នេះគឺជា មូលហេតុនាំអោយលោកអេសាភដែលអ្នកសរសេរកណ្ឌគម្ពីរទំនុកដំកើងម្នាក់មានប្រសាសន៍ថា «ទូលបង្គំ​ នឹង​រលឹកពី​អស់​ទាំង​ការ​នៃ​ព្រះយេហូវ៉ា ដ្បិត​ទូលបង្គំ​នឹក​ឃើញ​អស់​ទាំង​ការ​អស្ចារ្យដែល​ទ្រង់​បាន​ធ្វើកាល​ពី​ដើម» (ទំនុកដំកើង ៧៧៖១១)។

ការដែលនឹកចាំអំពីព្រះអម្ចាស់ និងការដែលមិនភ្លេចកិច្ចការរបស់ទ្រង់នោះមិនសូវសំខាន់សម្រាប់យើងសព្វថ្ងៃនេះទេ មែនទេ? ជាការពិតណាស់ កិច្ចការទាំងពីរយ៉ាងនេះសំខាន់សម្រាប់យើងជាបុគ្គល និងជាពួកជំនុំទាំងមូល។

សប្តាហ៍នេះ យើងនឹងក្រឡេកមើលសេចក្តីពិតនៃព្រះគម្ពីរដ៏សំខាន់នេះនៅក្នុងកណ្ឌគម្ពីរចោទិយកថា។ យើងនឹងបានឃើញអំពីមូលហេតុដែលយើងគួរតែនឹកចាំអំពីព្រះ និងមិនគួរភ្លេចអំពីកិច្ចការរបស់ទ្រង់នៅក្នុងជីវិតរបស់យើង។

ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១

ការនឹកចាំអំពីឥន្ទធនូ

តើយើងឃើញពាក្យ «នឹកចាំ» នៅក្នុងព្រះគម្ពីរជាលើកដំបូងនៅពេលណា? ចម្លើយគឺនៅក្នុងបទគម្ពីរលោកុប្បត្តិ ៩។ បន្ទាប់ពីទឹកជំនន់ទូទាំងពិភពលោករួចមក ព្រះអម្ចាស់បានមានបន្ទូលប្រាប់លោកណូអេថា ទ្រង់នឹងដាក់ឥន្ទធនូរបស់ទ្រង់នៅលើមេឃ។ ឥន្ទធនូគឺជាភ័ស្តុតាងនៃសេចក្តីសញ្ញាដែលព្រះបានតាំងឡើងជាមួយនឹងលោកណូអេ។ ព្រះនឹងមិនបំផ្លាញផែនដីម្តងទៀតជាមួយនឹងទឹកជំនន់ទៀតឡើយ។

សូមអានខគម្ពីរលោកុប្បត្តិ ៩៖៨-១៧។ តើពាក្យថា «នឹកចាំ» ត្រូវបានប្រើយ៉ាងដូចម្តេចនៅក្នុងខទាំងនេះ?​ តើនិយមន័យនេះអាចជួយអោយយើងយល់អំពីមូលហេតុដែលយើងគួរតែនឹកចាំអំពីអ្វីៗដែលព្រះអម្ចាស់បានធ្វើសម្រាប់យើងដោយរបៀបណា?

--------------------------------------------------------

ជាការពិតណាស់ ព្រះពុំបាច់ត្រូវការឥន្ទធនូ ដើម្បីអោយនឹកចាំអំពីសេចក្តីសន្យា និងសេចក្តីសញ្ញារបស់ទ្រង់នោះទេ។ ប៉ុន្តែ ព្រះចង់ទំនាក់ទំនងតាមភាសាដែលមនុស្សលោកអាចយល់បាន។ ដូច្នេះហើយ ទ្រង់បានប្រទានឥន្ទធនូដល់មនុស្សលោក ដើម្បីអោយពួកគេនឹកចាំអំពីសេចក្តីសន្យារបស់ទ្រង់។ រាល់ពេលដែលរាស្រ្តរបស់ទ្រង់បានឃើញឥន្ទធនូ ពួកគេនឹងនឹកចាំថា ព្រះបានជំនុំជំរះមនុស្សលោកនៅលើផែនដីនេះ ដោយសារតែអំពើបាបរបស់ពួកគេ។ ហើយមនុស្សលោកក៏នឹកចាំផងដែរថា ព្រះបានសន្យាថា មិនអោយទឹកជំនន់លិចផែនដីនេះម្តងទៀតឡើយ។

ដូច្នេះ បទគម្ពីរលោកុប្បត្តិ ៩ បានបង្ហាញយើងអំពីចំណុចសំខាន់៣យ៉ាងក្នុងការនឹកចាំអំពីព្រះ។ យើងត្រូវតែនឹកចាំអំពី (១) សេចក្តីសន្យារបស់ព្រះ (២) ការដាស់តឿនរបស់ទ្រង់ និង(៣) កិច្ចការ របស់ទ្រង់នៅលើផែនដីនេះ។

ឥន្ទធនូនៅលើមេឃក៏សំខាន់សម្រាប់យើងសព្វថ្ងៃនេះដែរ។ អ្នកវិទ្យាសាស្ត្រជាច្រើនមិនទទួលស្គាល់ទឹកជំនន់ដ៏ធំនេះទេ។ អ្នកវិទ្យាសាស្ត្រទាំងនេះបាននិយាយថា ច្បាប់ធម្មជាតិបង្ហាញថា ទឹកជំនន់ទូទាំងពិភពលោកមិនបានកើតឡើងនោះទេ។ មនុស្សជាច្រើនបានមានជំនឿដូចគ្នាទៅលើច្បាប់ធម្មជាតិ មុនទឹកជំនន់ដ៏ធំមកដល់។ ពួកគេបាននិយាយថា ច្បាប់ធម្មជាតិខ្លាំងជាងព្រះ។ ដូច្នេះ ពួកគេបានបង្រៀនថា ទឹកជំនន់ទូទាំងពិភពលោកមិនអាចទៅរួចនោះទេ។ អ្នកស្រីអែល្លិន ជីវ៉ៃត៍បានសរសេរអំពីពួកអ្នកប្រាជ្ញពីសម័យនោះ។ ពួកមនុស្សទាំងនេះបានប្រកែកថា «ច្បាប់ធម្មជាតិមិនអាចផ្លាស់ប្តូរបានឡើយ។ រីឯព្រះទ្រង់ផ្តល់ក៏មិនអាចផ្លាស់ប្តូរច្បាប់ទាំងនេះបានដែរ»។ ដកស្រង់ពី Patriarchs and Prophets, page 97, adapted។ ដូច្នេះសរុបមកមុនទឹកជំនន់ មនុស្សលោកបាននិយាយថា ទឹកជំនន់មិនអាចកើតឡើងបានឡើយ ដោយពឹងលើច្បាប់ធម្មជាតិ។ បន្ទាប់ពីទឹកជំនន់ មនុស្សលោកបាននិយាយថា ទឹកជំនន់មិនបានកើតឡើងទាល់តែសោះ ដោយពឹងលើច្បាប់ធម្មជាតិទាំងនេះដែរ។

ប៉ុន្តែ ព្រះបានមានបន្ទូលប្រាប់យើងអំពីទឹកជំនន់ដ៏ធំតាមរយៈព្រះគម្ពីរ។​ ទ្រង់បានប្រទានសេចក្តីសន្យាដល់មនុស្សលោកថា​ទ្រង់នឹងមិនបំផ្លាញផែនដីនេះជាមួយនឹងទឹកជំនន់ទៀតឡើយ។ ទ្រង់បានចារិក នូវសេចក្តីសន្យានេះតាមរយៈពណ៌ចម្រុះដ៏ស្រស់ស្អាតនៅពាសពេញផ្ទៃមេឃ។ បើយើងនឹកចាំអំពីអត្ថន័យនៃឥន្ទធនូ នោះយើងនឹងដឹងថា យើងអាចជឿទុកចិត្តលើព្រះគម្ពីរបាន។ បើយើងអាចជឿទុកចិត្តលើព្រះបន្ទូល របស់ទ្រង់នៅត្រង់សេចក្តីសន្យានេះបាន ម៉េ្តចក៏យើងមិនជឿទុកចិត្តលើសេចក្តីសន្យាទាំងអម្បាលម៉ាននៅក្នុងព្រះគម្ពីរផងដែរទៅ? លើកក្រោយ បើលោកអ្នកឃើញឥន្ទធនូ សូមគិតអំពីសេចក្តីសន្យារបស់ព្រះ។ តើយើងអាចរៀនជឿទុកចិត្តលើសេចក្តីសន្យាទាំងអស់របស់ទ្រង់ដោយរបៀបណា?

ថ្ងៃច័ន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១

ចូរក្រឡេកមើលអតីតកាល

យើងបានអានអំពីការដាស់តឿនដ៏មានអំណាចបំផុតដែលព្រះបានផ្តល់អោយរាស្ត្ររបស់ទ្រង់ នៅក្នុងបទគម្ពីរចោទិយកថា ៤។ ព្រះបានដាស់តឿនរាស្ត្ររបស់ទ្រង់កុំអោយបំពានសេចក្តីសញ្ញារបស់ទ្រង់។ បើមិនដូច្នោះទេ ពួកគេនឹងបាត់បង់ព្រះពរដែលទ្រង់បានប្រទានដល់ពួកគេក្នុងនាមជារាស្ត្រពិសេសរបស់ទ្រង់។ ដូច្នេះ ពួកគេត្រូវតែស្មោះត្រង់ចំពោះព្រះជានិច្ច។ តើអ្វីដែលអាចជួយអោយពួកគេនៅស្មោះត្រង់ជានិច្ច? នោះគឺការគោរពតាមព្រះ និងការនឹកចាំអំពីសេចក្តីស្រឡាញ់ដែលទ្រង់បានបង្ហាញដល់ពួកគេកាលពីមុនមក។ លោកម៉ូសេបានប្រាប់អោយពួកបណ្តាជននឹកចាំថា ព្រះបានរំដោះពួកគេចេញពីស្រុកអេស៊ីព្ទតាមរយៈ «ព្រះហស្ត​ដ៏​មាន​ព្រះចេស្តា និង​ដោយ​ព្រះពាហុ​លើក​សំរេច ហើយ​ដោយ​ការ​គួរ​ស្ញែង ខ្លាច​ជា​ធំ ដូច​ជា​គ្រប់​ទាំង​ការ​ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ធ្វើ ជា​ប្រយោជន៍​ដល់​ឯង​នៅ​ស្រុក​អេស៊ីព្ទ ឲ្យ​ឯង​ឃើញ​ផង​ឬ​ទេ» (ចោទិយកថា ៤៖៣៤)។ ជាការពិតណាស់ ព្រះបានធ្វើការអស្ចារ្យជាច្រើនសម្រាប់រាស្ត្ររបស់ទ្រង់។ ទ្រង់ក៏បានធ្វើការទាំងនេះតាមរបៀបដ៏មានអំណាចបំផុត ដើម្បីជួយកុំអោយរាស្ត្ររបស់ទ្រង់ភ្លេចអ្វីគ្រប់យ៉ាងដែលទ្រង់បានធ្វើសម្រាប់ពួកគេនោះដែរ។

សូមអានខគម្ពីរចោទិយកថា ៤៖៣២-៣៩។ តើព្រះអម្ចាស់បានបង្គាប់អោយរាស្ត្ររបស់ទ្រង់ នឹកចាំអំពីអ្វី? តើហេតុអ្វីបានជាការដែលពួកគេនឹកចាំអំពីរឿងទាំងនេះមានសារៈសំខាន់ម្ល៉េះ?

--------------------------------------------------------

លោកម៉ួសេបានសូមអោយពួកបណ្តាជនក្រឡេកមើលអតីតកាលឡើងវិញ។ តើពួកគេឃើញគ្រាណាមួយដែលព្រះបានធ្វើនូវអ្វីដែលទ្រង់បានធ្វើចំពោះពួកគេដល់សាសន៍ដទៃដែរឬទេ? គ្មានទាល់តែសោះ។ លោកម៉ូសេចង់អោយពួកបណ្តាជនរៀនអំពីប្រវត្តិសាស្ត្រ ដើម្បីអោយបានឃើញអំពីទំហំដែលព្រះអម្ចាស់បានធ្វើសម្រាប់ពួកគេ។ ពេលនោះ ពួកគេនឹងមានអារម្មណ៍ដឹងគុណ រួចថ្លែងអំណរគុណចំពោះសកម្មភាពដ៏អស្ចារ្យរបស់ទ្រង់នៅក្នុងជីវិតរបស់ពួកគេ។

តើសកម្មភាពដ៏សំខាន់បំផុតមួយដែលព្រះបានធ្វើសម្រាប់រាស្ត្ររបស់ទ្រង់គឺជាអ្វី? គឺថា ព្រះបានរំដោះពួកគេចេញពីស្រុកអេស៊ីព្ទ។ ហើយអ្វីដែលគួរភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺថា ព្រះបានមានបន្ទូលជាមួយនឹងពួកគេនៅឯភ្នំស៊ីណាយ។ នៅទីនោះ លោកម៉ូសេបានមានប្រសាសន៍ថា «ទ្រង់​បាន​ឲ្យ​ឃើញ​ភ្លើង​ដ៏​ធំ​របស់​ទ្រង់ ឯង​ក៏​បាន​ឮ​ព្រះបន្ទូល​ទ្រង់​ចេញ​ពី​កណ្តាល​ភ្លើង​នោះ​មក» (ចោទិយកថា ៤៖៣៦)។

សូមអានខគម្ពីរចោទិយកថា ៤៖៤០។ តើលោកម៉ូសេចង់អោយពួកបណ្តាជនយល់យ៉ាងដូចម្តេចនៅក្នុងខនេះទាក់ទងនឹងអ្វីគ្រប់យ៉ាងដែលព្រះបានធ្វើសម្រាប់ពួកគេនោះ?

--------------------------------------------------------

ថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១

ចូរប្រយ័ត្ន . . . កុំអោយភ្លេចឡើយ

សូមអានខគម្ពីរចោទិយកថា ៤៖៩, ២៣។ តើព្រះអម្ចាស់បានបង្គាប់អោយរាស្ត្ររបស់ទ្រង់ធ្វើអ្វីនៅក្នុងខទាំងនេះ? តើហេតុអ្វីបានជាការដាស់តឿននេះសំខាន់ម្ល៉េះសម្រាប់រាស្ត្ររបស់ទ្រង់?

--------------------------------------------------------

កិរិយាស័ព្ទ២ឃ្លាដែលធ្វើអោយយើងចាប់អារម្មណ៍ភ្លាមនៅក្នុងខទាំង២នេះ កិរិយាស័ព្ទនោះ គឺ៖ «ចូរប្រយ័ត្ន» និង «កុំអោយភ្លេចឡើយ»។ តើព្រះអម្ចាស់កំពុងតែមានបន្ទូលអំពីអ្វីទៅកាន់រាស្ត្ររបស់ទ្រង់នៅត្រង់នេះ? «កុំអោយភ្លេចនូវអ្វីដែលខ្ញុំបានធ្វើសម្រាប់អ្នកឡើយ។ ក៏កុំអោយភ្លេចសេចក្តីសញ្ញាដែលខ្ញុំបានតាំងជាមួយនឹងអ្នកដែរ»។

កិរិយាស័ព្ទ «ចូរប្រយ័ត្ន» ចេញមកពីពាក្យ «ស្សាម៉ា (smr)» ជាភាសាហេព្រើរ។ (យើងក៏អាច ឃើញពាក្យ «ស្សាម៉ា» ប្រើនៅក្នុងខគម្ពីរចោទិយកថា ៤៖៩ ដែលមានន័យថា «ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន»។ «ស្សាម៉ា» ត្រូវបានប្រើនៅក្នុងគម្ពីរសញ្ញាចាស់ទាំងមូល។ ពាក្យនេះមានន័យថា «រក្សា» «ចាំយាម» «ប្រយ័ត្ន» ឬ «ការពារ»។ តើពាក្យ «ស្សាម៉ា» ត្រូវបានសរសេជាភាសាហេព្រើរនៅក្នុងព្រះគម្ពីរជាលើកដំបូងនៅពេលណា? គឺមុនអំពើបាបបានកើតឡើង។ ព្រះបានមានបន្ទូលប្រាប់អោយលោកអ័ដាម «ថែរក្សា» សួនច្បារអេដែនដែលទ្រង់បានប្រទានដល់គាត់ (លោកុប្បត្តិ ២៖១៥)។

ក្នុងបទគម្ពីរចោទិយកថា ៤ ព្រះអម្ចាស់បានមានបន្ទូលទៅកាន់រាស្ត្ររបស់ទ្រង់គ្រប់គ្នាអោយប្រយ័ត្នកុំអោយភ្លេច។ ព្រះពុំបានដាស់តឿនរាស្ត្ររបស់ទ្រង់អំពីការបាត់បង់ការចងចាំរបស់គេនោះទេ។ ព្រះមិនចង់អោយរាស្ត្ររបស់ទ្រង់ភ្លេចសេចក្តីសញ្ញារបស់ទ្រង់ឡើយ។ ពួកគេមិនត្រូវខ្ជិលជាដាច់ខាត។ ពួកគេត្រូវតែនឹកចាំថា ពួកគេជាអ្នកណា។ ពួកគេក៏ត្រូវតែនឹកចាំអំពីរបៀបដែលព្រះចង់អោយពួកគេរស់នៅ នៅមុខជនជាតិហេព្រើរ មនុស្សចម្លែក និងអ្នកស្រុកក្រៅដទៃទៀតផងដែរ។

សូមអានខគម្ពីរចោទិយកថា ៤៖៩ ម្តងទៀត (សូមអានខគម្ពីរចោទិយកថា ៦៖៧ និងចោទិយកថា ១១៖១៩ ផងដែរ)។ សូមក្រឡេកមើលផ្នែកចុងក្រោយបង្អស់។ លោកម៉ូសេបានមានប្រសាសន៍ទៅកាន់ពួកបណ្តាជនអំពីការបង្រៀនដល់កូនចៅរបស់ពួកគេទាក់ទងនឹងអ្វីគ្រប់យ៉ាងដែលព្រះបានធ្វើកាលពីមុនសម្រាប់ពួកគេ។ តើការធ្វើបែបនេះនឹងជួយកុំអោយពួកគេភ្លេចដោយរបៀបណា?

--------------------------------------------------------

ជាការពិតណាស់ កូនចៅជំនាន់ក្រោយនៃសាសន៍អ៊ីស្រាអែលត្រូវដឹងអំពីអ្វីគ្រប់យ៉ាងដែលព្រះបានធ្វើសម្រាប់រាស្ត្ររបស់ទ្រង់កាលពីមុនមក។ ទន្ទឹមគ្នានេះ អ្នកដែលនិយាយរឿងម្តងហើយម្តងទៀតក៏បានទទួលពរផងដែរ។ បទពិសោធន៍នេះអាចជួយអោយពួកគេនឹកចាំគ្រប់ទាំងការអស្ចារ្យដែលព្រះបានធ្វើសម្រាប់ពួកគេជានិច្ច។ តើលោកអ្នកធ្លាប់និយាយរឿងប្រាប់អ្នកដទៃអំពីការអស្ចារ្យទាំងអស់ដែលព្រះអម្ចាស់បានធ្វើសម្រាប់លោកអ្នកដែរឬទេ? បើធ្លាប់ តើបទពិសោធន៍នោះបានជួយដល់ពួកគេយ៉ាងដូចម្តេចទៅ? តើការនិយាយរឿងរបស់លោកអ្នកជួយកុំអោយលោកអ្នកភ្លេចអំពីរបៀបដែលព្រះអម្ចាស់បានដឹកនាំលោកអ្នកកាលពីមុនដោយរបៀបណា?

ថ្ងៃពុធ ទី១ ខែធ្នូ ឆ្នាំ២០២១

អ្នកនឹងបានឆ្អែតនៅពេលដែលបរិភោគហើយ

សូមអានខគម្ពីរចោទិយកថា ៨៖៧-១៨។ តើព្រះអម្ចាស់បានដាស់តឿនរាស្ត្ររបស់ទ្រង់អំពីអ្វីនៅក្នុងខទាំងនេះ? តើហេតុអ្វីបានជាការដាស់តឿននេះសំខាន់ម្ល៉េះសម្រាប់យើងសព្វថ្ងៃនេះដែរ?​

--------------------------------------------------------

សូមក្រឡេកមើលព្រះពរទាំងអស់ដែលពួកបណ្តាជននឹងទទួលបាន ប្រសិនបើពួកគេគោរពតាមព្រះ។ ព្រះនឹងប្រទានទឹកដីដ៏ស្រស់ស្អាត និងសម្បូរបែបដោយបានមានបន្ទូលយ៉ាងដូច្នេះថា «ឯង​នឹង​បរិភោគ​អាហារមិន​មែន​ដោយ​រិតត្បិត​ទេ ឯង​នឹង​មិន​ខ្វះខាត​អ្វី​នៅ​ស្រុក​នោះ​ឡើយ» (ចោទិយកថា ៨៖៩)។ ព្រះក៏នឹងប្រទានពរដល់រាស្ត្ររបស់ទ្រង់ច្រើនជាងនេះផងដែរ។ ព្រះនឹងប្រទានហ្វូងសត្វ មាស ប្រាក់ និងផ្ទះដ៏ស្រស់ស្អាតដល់រាស្ត្ររបស់ទ្រង់។ ព្រះអម្ចាស់ក៏នឹងប្រទានរបស់ល្អៗគ្រប់យ៉ាងដល់ជនជាតិអ៊ីស្រាអែលនៅក្នុងមួយជីវិតរបស់ពួកគេយ៉ាងសម្បូរបែបផងដែរ។

ប៉ុន្តែ តើនឹងមានអ្វីកើតឡើងបន្ទាប់? រាស្ត្ររបស់ព្រះនឹងមានគ្រោះថ្នាក់ជាមិនខាន។ អស់អ្នកណាដែលមានបាននៅក្នុងជីវិតនេះនឹងប្រឈមមុខនឹងគ្រោះថ្នាក់នេះ។ ជនជាតិអ៊ីស្រាអែលនឹងមានហានិភ័យនៃការភ្លេចថា​ ព្រះអម្ចាស់គឺជាហេតុផលដែលនាំអោយពួកគេមាន «ឥទ្ធិឫទ្ធិ ឲ្យ​បាន​ទ្រព្យ​សម្បត្តិ ដើម្បី​នឹង​បញ្ជាក់​សេចក្តី​សញ្ញាដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ឯង» (ចោទិយកថា ៨៖១៨)។

ប្រហែលជាការភ្លេចរបស់ពួកគេមិនកើតមានភ្លាមៗនោះទេ។ ប៉ុន្តែ ច្រើនឆ្នាំទៅមុខទៀត ពួកគេនឹងភ្លេចអតីតកាលរបស់ពួកគេជាមិនខាន។ ពួកគេនឹងមានគ្រប់ទាំងរបស់កំសាន្តចិត្តនៅក្នុងជីវិតដែលពួកគេត្រូវការ។ ម្ល៉ោះហើយ ពួកគេនឹងភ្លេចអំពីរបៀបព្រះអម្ចាស់បានដឹកនាំពួកគេ «ចេញ​ពី​ភ្នំ​ហោរែប​ដើរ​ កាត់​អស់​ទាំង​ទី​រហោស្ថាន​សំបើម គួរ​ស្ញែងខ្លាច» ជាមិនខាន។ ហើយពួកគេនឹងគិតថា ពួកគេទទួលបានជោគជ័យដោយសារតែប្រាជ្ញា និងទេព្យកោសល្យរបស់ពួកគេជាមិនខាន។

ព្រះបានដាស់តឿនពួកគេកុំអោយរឿងបែបនេះកើតមានឡើង។ ប៉ុន្តែ យើងបានឃើញនៅក្នុងព្រះគម្ពីរនៅពេលក្រោយៗមកទៀតគឺថា ពួកគេបានធ្វើរឿងដែលព្រះបានហាមពួកគេមិនអោយធ្វើ។

ដូច្នេះ នៅក្នុងអំឡុងពេលដែលពួកគេទទួលបានជោគជ័យ លោកម៉ូសេបានដាស់តឿនពួកគេអោយនឹកចាំថា ព្រះអម្ចាស់គឺជាហេតុផលតែមួយគត់នៃភាពជោគជ័យរបស់ពួកគេ។ លោកម៉ូសេបានដាស់តឿនពួកគេកុំអោយចាញ់បញ្ឆោតតាមរយៈព្រះពរខាងឯសម្ភារៈដែលព្រះបានប្រទានដល់ពួកគេនោះឡើយ។ រាប់រយឆ្នាំក្រោយមក ព្រះយេស៊ូវនឹងផ្តល់នូវការដាស់តឿនអំពីទ្រព្យសម្បត្តិដដែលនេះដូចជាលោកម៉ូសេដូច្នោះដែរ។ យើងអាចឃើញនូវការដាស់តឿននេះនៅក្នុងរឿងប្រៀបធៀបដែលព្រះយេស៊ូវបាននិទានអំពីបុរសដាំគ្រាប់ពូជម្នាក់។ ព្រះយេស៊ូវបានដាស់តឿនពួកយើងកុំអោយចាញ់បញ្ឆោតតាមរយៈ «ចិត្ត​លោភ‌លន់​ចង់​បាន​ទ្រព្យ​សម្បត្តិ» នោះឡើយ (ម៉ាកុស ៤៖១៩)។

ប្រហែលជាគ្នាយើងមួយចំនួនមានប្រាក់ និងរបស់ល្អៗជាច្រើននៅក្នុងជីវិតនេះ។ មិនថា យើងមានអ្វីច្រើនប៉ុនណានោះទេ យើងត្រូវចងចាំថា៖ យើងទាំងអស់គ្នានឹងស្លាប់នៅថ្ងៃណាមួយជាមិនខាន លុះត្រាតែព្រះយេស៊ូវបានយាងត្រឡប់មកវិញមុនថ្ងៃនោះមកដល់។ តើសេចក្តីពិតនៃព្រះគម្ពីរបានប្រាប់យើងអ្វីខ្លះ អំពីគ្រោះថ្នាក់ដែលបណ្តាលមកពីទ្រព្យសម្បត្តិនោះ? តើទ្រព្យសម្បត្តិអាចធ្វើអោយយើងភ្លេចសេចក្តីត្រូវការរបស់យើងទៅលើព្រះអង្គដែលអាចជួយសង្គ្រោះយើងចេញពីសេចក្តីស្លាប់បានដោយរបៀបណា?

ថ្ងៃព្រហស្បតិ៍ ទី២ ខែធ្នូ ឆ្នាំ២០២១

ចូរនឹកចាំថា អ្នកក៏ជាទាសករដែរ

សូមអានខគម្ពីរចោទិយកថា ៥៖១៥; ចោទិយកថា ៦៖១២; ចោទិយកថា ១៥៖១៥; ចោទិយកថា ១៦៖៣, ១២ និងចោទិយកថា ២៤៖១៨, ២២។ តើអ្វីដែលព្រះអម្ចាស់មិនចង់អោយរាស្ត្ររបស់ទ្រង់ភ្លេចនោះ?

--------------------------------------------------------

តាមរយៈគម្ពីរសញ្ញាចាស់ទាំងមូល ព្រះអម្ចាស់ចង់អោយរាស្ត្ររបស់ទ្រង់នឹកចាំថា ទ្រង់បានរំដោះពួកគេចេញពីស្រុកអេស៊ីព្ទមក។ រហូតមកដល់សព្វថ្ងៃនេះ ជនជាតិយូដាជាច្រើននាក់បានប្រារព្ធពិធីនៅថ្ងៃនេះ ដែលគេអោយឈ្មោះថា បុណ្យរំលង។ ដូចដែលលោកម៉ូសេបានបង្គាប់ពួកបណ្តាជនយ៉ាងដូច្នេះថា «កាល​ណា​អ្នក​រាល់​គ្នា​បាន​ចូលទៅ​ក្នុង​ស្រុក​ដែល​ព្រះយេហូវ៉ា​នឹង​ប្រទាន​មក​តាម​សេចក្តី​សន្យាទ្រង់ នោះ​ត្រូវ​កាន់​តាម​របៀប​នេះ​កុំ​ខាន បើ​កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា តើ​របៀប​នេះ​មាន​ន័យ​ដូច​ម្តេច នោះ​ត្រូវ​ឆ្លើយ​ថា នេះ​គឺ​ជា​យញ្ញបូជា​នៃ​បុណ្យ​រំលង​ថ្វាយ​ដល់​ព្រះយេហូវ៉ា ដែល​ទ្រង់​យាង​រំលង​ផ្ទះ​ ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ស្រុក​អេស៊ីព្ទ ក្នុង​កាល​ដែល​ទ្រង់​បាន​វាយ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​បាន​ប្រោសឲ្យ​ពួក​ផ្ទះ​យើង​រាល់​គ្នា​រួច» (និក្ខមនំ ១២៖២៥-២៧)។

សព្វថ្ងៃនេះ បុណ្យរំលងបង្ហាញយើងអំពីរបៀបដែលយើងត្រូវបានសង្គ្រោះ។ លោកប៉ុលបានបកស្រាយយ៉ាងដូច្នេះថា «ចូរ​សំអាត​ដំបែរ​ចាស់​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ដុំ​ម្សៅ​ថ្មី​វិញ ដ្បិត​អ្នក​រាល់​គ្នា​បាន​ឥត​ដំបែ​ហើយ ព្រោះ​ព្រះគ្រីស្ទ​ដ៏​ជា​យញ្ញបូជា​នៃ​បុណ្យ​រំលង នោះ​បាន​ត្រូវ​ថ្វាយ​ជំនួស​យើងរាល់​គ្នា​ហើយ» (កូរិនថូសទី១ ៥៖៧)។

សូមអានខគម្ពីរអេភេសូរ ២៖៨៖១៣។ តើលោកប៉ុលបានប្រាប់គ្រីស្ទានដែលមិនមែនជាសាសន៍ យូដាអោយនឹកចាំអំពីអ្វីនៅក្នុងខទាំងនេះ? តើខទាំងនេះប​ង្ហាញយើងយ៉ាងដូចម្តេច អំពីរឿងដដែលដែលលោកម៉ូសេចង់អោយជនជាតិហេព្រើរនឹកចាំតាមរយៈកណ្ឌគម្ពីរចោទិយកថានោះ?

--------------------------------------------------------

លោកប៉ុលចង់អោយពួកជំនុំអេភេសូរនឹកចាំថា ព្រះបានសង្គ្រោះពួកគេចេញពីអំពើបាប។ ព្រះបានអត់ឱនទោសអោយពួកជំនុំអេភេសូរ ហើយបានបង្ហាញពួកគេអំពីព្រះគុណរបស់ទ្រង់។ ឥឡូវនេះ គ្រីស្ទានទាំងនេះបានទទួលព្រះពរដ៏ហូរហៀរ។ ប៉ុន្តែ លោកប៉ុលបានប្រាប់ពួកជំនុំអេភេសូរថា ពួកគេគ្មានអ្វីដែលត្រូវអួតនោះទេ។ ទង្វើល្អរបស់ពួកគេមិនអាចធ្វើអោយពួកគេផ្គាប់ព្រះទ័យព្រះបានឡើយ។ ការសព្វព្រះទ័យនេះគឺជាអំណោយទៅវិញទេ។

មិនថា យើងជាអ្នកណាក៏ដោយ យើងត្រូវតែនឹកចាំអំពីអ្វីដែល​ព្រះបានធ្វើសម្រាប់យើងតាមរយៈព្រះយេស៊ូវជានិច្ច។ ពាក្យពេចន៍ទាំងនេះអាចជួយអោយយើង «ចំណាយពេលគិតមួយម៉ោងជារៀងរាល់ថ្ងៃអំពីព្រះជន្មរបស់ទ្រង់។​ លើសពីនេះទៅទៀ់ត សូមគិតអំពីគ្រាចុងក្រោយនៃព្រះជន្មរបស់ទ្រង់។ នៅពេលលោកអ្នកគិតអំពីការសុគតរបស់ព្រះយេស៊ូវជំនួសលោកអ្នកនៅលើឈើឆ្កាងនោះ ការជឿទុក ចិត្តរបស់លោកអ្នកទៅលើព្រះនឹងកាន់តែបានរឹងមាំឡើង។ សេចក្តីស្រឡាញ់របស់លោកអ្នកនឹងចាក់ ឫសកាន់តែជ្រៅទៅៗ។ ពេលនោះ លោកអ្នកនឹងត្រូវបានបំពេញដោយសេចក្តីស្រឡាញ់របស់ទ្រង់យ៉ាង ជ្រាលជ្រៅបន្ថែមទៀត»។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 83, adapted។

ថ្ងៃសុក្រ ទី៣ ខែធ្នូ ឆ្នាំ២០២១

សិក្សាបន្ថែម

«ព្រះបានដាក់ឥន្ទធនូដ៏ស្រស់ស្អាតនៅលើពពក។ ព្រះបានបន្ទាបអង្គទ្រង់អោយដល់កម្រិតរបស់យើង នៅពេលដែលទ្រង់ប្រទានអំណោយនេះដល់យើង។ ទ្រង់ចង់បង្ហាញយើងដែលជាបាបជនថា ទ្រង់ស្រឡាញ់យើងខ្លាំងប៉ុនណា។ ដូច្នេះ ទ្រង់បានដាក់ឥន្ទធនូនៅលើមេឃទុកជាភ័ស្តុតាងនៃសេចក្តីសញ្ញារបស់ទ្រង់ជាមួយនឹងមនុស្សលោក។ ព្រះអម្ចាស់បានប្រកាសថា ទ្រង់នឹងអនុវត្តសេចក្តីសន្យានេះ នៅពេលដែលទ្រង់បានឃើញឥន្ទធនូ។ ទ្រង់នឹងនឹកចាំអំពីសេចក្តីសញ្ញារបស់ទ្រង់។ តើសេចក្តីប្រកាស នេះបង្ហាញយើងថា ព្រះនឹងភ្លេចសេចក្តីសន្យារបស់ទ្រង់ម្តងម្កាលមែនទេ? មិនមែនដូច្នោះឡើយ ព្រះបានទំនាក់ទំនងជាមួយយើងតាមរយៈពាក្យពេចន៍ដែលអាចជួយអោយយើងយល់អំពីទ្រង់បានកាន់តែប្រសើរឡើង។ ព្រះមានផែនការសម្រាប់ឥន្ទធនូ។ នៅពេលអនាគត ពួកកូនចៅនៃរាស្ត្ររបស់ទ្រង់នឹងបានឃើញឥន្ទធនូនេះ។ ពេលនោះ ពួកគេនឹងសួរឪពុកម្តាយរបស់ពួកគេអំពីវា។ បន្ទាប់មក ឪពុកម្តាយរបស់ពួកគេគួរតែប្រាប់កូនចៅរបស់គេអំពីរឿងនៃទឹកជំនន់ដ៏ធំ។ ពួកគេគួរតែប្រាប់កូនចៅរបស់ពួកគេថា ព្រះដ៏ខ្ពស់បំផុតបានពុតឥន្ទធនូដាក់នៅលើពពក។ ឥន្ទធនូគឺជាសេចក្តីសន្យាមួយ។ វាបង្ហាញមនុស្សលោកថា ព្រះនឹងមិនពន្លិចផែនដីនេះនៅក្នុងទឹកទៀតទេ។ ដូច្នេះ ចាប់ពីពេលនោះមក ឥន្ទធនូនឹងបង្ហាញអំពីសេចក្តីស្រឡាញ់ដែលព្រះមានចំពោះក្រុមគ្រួសារនៃមនុស្សជាតិជានិច្ច។ សេចក្តីស្រឡាញ់នេះនឹងជំរុញអោយមនុស្សលោកជឿទុកចិត្តលើព្រះកាន់តែខ្លាំងឡើង»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, pages 106, 107, adapted។

សំនួរពិភាក្សា៖
  1. តើទ្រព្យសម្បត្តិ និងភាពជោគជ័យអាចផ្លាស់ប្តូរជីវិតខាងឯវិញ្ញាណរបស់យើងដោយរបៀបណា? តើមានវិធីអ្វីខ្លះដែលយើងអាចការពារខ្លួនយើងចេញពីគ្រោះថ្នាក់ខាងឯវិញ្ញាណមួយចំនួនដែលបណ្តាលមកពីប្រាក់ និងការមានសម្ភារៈជាច្រើននោះ?

  2. សូមពិភាក្សាអំពីគ្រាចុងក្រោយនៃព្រះជន្មរបស់ព្រះយេស៊ូវនៅក្នុងថ្នាក់។ តើគ្រាចុងក្រោយទាំងនេះបង្ហាញយើងយ៉ាងដូចម្តេចអំពីសេចក្តីស្រឡាញ់របស់ព្រះចំពោះយើង? តើហេតុអ្វីបានជាយើងមិនត្រូវភ្លេចអំពីរបៀបដែលព្រះបានស្រឡាញ់យើងនេះ? តើមានរឿងដទៃទៀតណាខ្លះ ដែលលោកអ្នកគិតឃើញថា ព្រះទ្រង់ល្អ និងបានស្រឡាញ់យើងជាខ្លាំងនោះ? តើហេតុអ្វីបានជាយើងត្រូវរក្សាទុករឿងទាំងនេះនៅក្នុងចិត្តរបស់យើងជានិច្ច? ​

  3. អ្នកវិទ្យាសាស្ត្រខ្លះបាននិយាយថា គ្មានទឹកជំនន់ដ៏ធំនោះទេ។ អ្នកវិទ្យសាស្ត្រដទៃទៀតបាននិយាយថា ព្រះពុំបានបង្កើតផែនដីនេះទេ។ តែព្រះគម្ពីរបានពិពណ៌នាប្រាប់យើងថា រឿងទាំង២យ៉ាងនេះបានកើតឡើងមែន។ (លើសពីនេះទៅទៀត ថ្ងៃសប្បាតហ៍ក៏បានបង្ហាញប្រាប់យើងថា ព្រះបានបង្កើតផ្ទៃមេឃ និងផែនដីនេះក្នុងរយៈពេល៦ថ្ងៃផងដែរ)។ តើគោលគំនិតនៃអ្នកវិទ្យាសាស្ត្រសម័យថ្មីទាំងនេះបង្ហាញយើងថា វប្បធម៌ ទស្សនៈ គោលជំនឿ និងគោលគំនិតអាចមានឥទ្ធិពល និងគ្រោះថ្នាក់យ៉ាងដូចម្តេច នៅពេលណាដែលរបស់ទាំងនេះមិនមែនបានមកពីព្រះគម្ពីរនោះ?

រឿងខ្លី

ភ្ញៀវដំបូងដែលបានដឹងរឿងគ្រប់យ៉ាង

Jeans

នាងសាន់ដ្រា សាទរ (Sandra Sato) ដែលជាជនអន្ដោប្រវេសន៍ប្រេស៊ីលម្នាក់បានបើកឡានតម្រង់ទៅឯព្រះវិហារសេវេនដេយអាត់វេនទីស្ទនៅក្នុងទីក្រុងកាគេកាវ៉ា (Kakegawa) ប្រទេសជប៉ុន ដើម្បីថ្លែងអំណរគុណដល់ព្រះសម្រាប់ការទទួលបានប័ណ្ណបើកបរថ្មីរបស់នាង។ នាងបានសន្យាជាមួយព្រះថា ប្រសិនបើនាងទទួលបានប័ណ្ណបើកបរមែននោះ កន្លែងដែលនាងនឹងបើកឡានទៅមុនគេបំផុតនោះគឺជាព្រះវិហារ។

នៅពេលល្ងាចនោះ នាងសាន់ដ្រា បាននិយាយប្រាប់សមាជិកនៃមជ្ឈមណ្ឌលព្រះវិហារគ្រីស្ទាន តូគៃ (Tokai) ដោយក្តីអំណរថា ព្រះបានឆ្លើយតបនឹងសេចក្តីអធិស្ឋានរបស់នាងក្នុងការទទួលបានប័ណ្ណបើកបរ។ នាងបានប្រកាសថា «ខ្ញុំត្រៀមខ្លួនរួចរាល់ហើយសម្រាប់ពិធីបុណ្យជ្រមុជទឹក»។ សមាជិកមានការភ្ញាក់ផ្អើលជាខ្លាំង។ ពួកគេមិនដែលធ្លាប់ឃើញនាងសាន់ដ្រាក្រៅពីល្ងាចមួយនោះឡើយ។ ពួកគេកាន់តែភ្ញាក់ផ្អើលថែមទៀត នៅពេលដែលនាងសាន់ដ្រាបានងាកទៅហៅឈ្មោះសមាជិកមួយចំនួន។ នាងបាននិយាយថា «ខ្ញុំធ្លាប់តាមដានការផ្សាយផ្ទាល់ខាងផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គម ខ្ញុំស្គាល់អ្នកទាំងអស់គ្នាភាគច្រើន»។ បន្ទាប់មក នាងបាននិយាយប្រាប់នូវរឿងរបស់នាង។ នាង និងប្តីរបស់នាងដែលជាអតីតអាត់វេនទីស្ទម្នាក់បានធ្វើការជាមួយនឹងជនអន្ដោប្រវេសន៍ប្រេស៊ីលរាប់ពាន់នាក់នៅក្នុងរោងចក្រកណ្តាលនៃប្រទេសជប៉ុន។

ពេលកំពុងពិភាក្សាអំពីសាសនា ប្ដីរបស់នាងបានប្រកាសថា បើនាងចង់ថ្វាយបង្គំព្រះនោះ គាត់នឹងយល់ព្រមទទួលយកការចូលរួមរបស់នាងនៅក្នុងព្រះវិហារអាត់វេនទីស្ទតែមួយប៉ុណ្ណោះ។ នាងធ្លាប់ជាសមាជិកនៃគ្រីស្ទាននិកាយដទៃទៀត។ ដោយមានការជំរុញពីសេចក្តីជំនឿកាលពីមុនរបស់ប្តីនាង សាន់ដ្រាបានមើលការផ្សាយផ្ទាល់ចេញពីមជ្ឈមណ្ឌលព្រះវិហារគ្រីស្ទានតូគៃ។ ដោយមានជំនួយពីប្តីរបស់នាង នាងបានបញ្ចប់ការសិក្សាព្រះគម្ពីរដែលផ្តល់អោយតាមរយៈសាខាប៉ុស្តិ៍នៃសេចក្តីសង្ឃឹមនៅក្នុងប្រទេសប្រេស៊ីល។ បន្ទាប់មក នាងបានសន្យានឹងព្រះថា នាងនឹងចាប់ផ្តើមចូលព្រះវិហារដោយខ្លួនឯង ប្រសិនបើនាងទទួលបានប័ណ្ណបើកបរ។

បន្ទាប់ពីការសាកសួរអំពីព្រះគម្ពីរដោយគ្រូគង្វាលនៃមជ្ឈមណ្ឌលគ្រីស្ទានតូគៃរួចមក នាងសាន់ដ្រាបានទទួលបុណ្យជ្រមុជទឹក។ គ្មានសមាជិកគ្រួសារណាបានចូលរួមពិធីបុណ្យនេះម្នាក់ឡើយ សូម្បីតែប្តីរបស់នាងក៏មិនដឹងដែរ។ ប៉ុន្តែ សេចក្តីជំនឿរបស់នាងនៅតែរឹងមាំ។ ក្រុមសិក្សាព្រះគម្ពីរតូចមួយត្រូវបានបង្កើតឡើងនៅឯអ៊ីវ៉ាតា (Iwata) ដែលជាទីក្រុងមួយទៀតតាមគំនិតផ្តួចផ្តើមរបស់នាងសម្រាប់មនុស្សដែលចង់ស្គាល់ព្រះគ្រីស្ទ។ ព្រះបន្ទូលរបស់ព្រះអម្ចាស់កំពុងតែផ្សព្វផ្សាយនៅក្នុងប្រទេសជប៉ុន។

អំណានដង្វាយប្រចាំសប្តាហ៍

នៅពេលជូនៀ និងស្តេហ្វានីយកព្រះទុកជាទីមួយ

លោកជូនៀនិងអ្នកស្រីស្តេហ្វានីបានសម្រេចចិត្តយកព្រះទុកជាទី​១បើទោះបីជាពួកគេមានការភ័យខ្លាចនិងមិនច្បាស់អំពីអនាគតក្តី។ ថ្ងៃនេះតើយើងអាចរៀនអ្វីបានខ្លះពីរឿងរបស់ ពួកគេដែលនឹងជួយយើងឲ្យយកព្រះទុកជាទី១នៅក្នុងជីវិតផ្ទាល់របស់យើង?

លោកជូនៀនិងអ្នកស្រីស្តេហ្វានីគឺជាម្ចាស់សេវ៉ាកម្មលក់អាហារកុម្ម៉ង់ក្នុងប្រទេសចាម៉ៃកា។ ពួកគេបានថ្វាយជីវិតរបស់ពួកគេដល់ព្រះ និងបានទទួលបុណ្យជ្រមុជទឹកជាមួយគ្នាបន្ទាប់ពីរៀបការបានមួយខែ។ ពួកគេមានការពិបាកក្នុងការសម្រេចយកព្រះទុកជាទីមួយនៅក្នុងមុខជំនួញរបស់ពួកគេ។ អាហារសមុទ្រនិងស្រាគឺលក់ដាច់ជាងគេ ហើយការសម្រេចចិត្តឈប់លក់អាហារសមុទ្រនិងស្រាអាចមានន័យថាមុខជំនួញរបស់ពួកគេដល់ទីបញ្ចប់។ លើសពីនេះទៀត ពួកគេត្រូវបញ្ឈប់សកម្មភាពលក់ដូរទាំងអស់នៅថ្ងៃសប្បាតហ៍។ ចុះប្រសិន បើអតិថិជនរអ៊ូ ហើយបែរទៅទិញអ្នកផ្សេងវិញយ៉ាងដូចម្តេចដែរ? តើពួកគេមានសេចក្តីក្លាហានក្នុងការយកព្រះទុកជាទីមួយដោយមិនគិតពីផលប៉ះពាល់ដែរឬទេ?

បើទោះបីជាមានការភ័យខ្លាចនិងមិនច្បាស់ពីអនាគតក្តីពួកគេនៅតែសម្រេចចិត្តយកព្រះទុកជាទី​១ក្នុងមុខជំនួញរបស់ពួកគេ។ ដំបូងឡើយមុខជំនួញរបស់ពួកគេជួបការលំបាក។ វាសឹងតែធ្វើឲ្យមុខជំនួញរបស់ពួកគេមិនអាចទៅមុខទៀតបានពីព្រោះអតិថិជនគេត្រូវការអាហារសមុទ្រនិងស្រា។ ហើយព្រឹត្តិការណ៍ភាគច្រើនកើតឡើងចំពេលល្ងាចថ្ងៃសុក្រ និងថ្ងៃសៅរ៍។ រឿងនោះធ្វើឲ្យពួកគេបាត់បង់ប្រាក់ចំណូលយ៉ាងច្រើន។

ក្រោយពីសាកល្បងសេចក្តីជំនឿរបស់ពួកគេជាច្រើនដងរួចមក ពួកគេក៏បានស្គាល់ការដឹកនាំរបស់ព្រះអម្ចាស់។ សព្វថ្ងៃនេះ ពួកគេទាំងពីរមានការសប្បាយចិត្តខ្លាំងណាស់ ហើយក្រុមហ៊ុនរបស់ពួកគេក៏ចម្រើនលូតលាស់ដែរ។ ប្រាក់ចំណូលរបស់ពួកគេមានស្ថេរភាពជាងមុន ហើយពួកគេក៏ចេះពីរបៀបស្គាល់ប្រភេទអតិថិជនដែលពួកគេត្រូវការដែរ។

អ្នកស្រីអែល្លិនជីវ៉ៃត៍បានសរសេរអំពីរឿងនេះថា «ពិភពលោកនិងព្រះវិហារទាំងឡាយកំពុងតែប្រព្រឹត្តរំលងច្បាប់របស់ព្រះ ហើយពួកគេក៏ត្រូវតែបានទទួលនូវការព្រមានផងដែរថា ‘បើអ្នកណាក្រាបថ្វាយបង្គំដល់សត្វនោះ និងរូបវា ហើយទទួលទីសំគាល់វានៅលើថ្ងាស ឬនៅ ដៃ អ្នកនោះនឹងត្រូវផឹកស្រាផងសេចក្តីឃោរឃៅរបស់ព្រះ ជាស្រាឥតលាយ ដែលចាក់ទៅក្នុងពែងនៃសេចក្តីក្រោធរបស់ទ្រង់’ (វិវរណៈ ១៤៖៩, ១០)។ ដោយសារតែបណ្តាសាបែបនេះត្រូវធ្លាក់មកលើមនុស្សដែលរំលងលើថ្ងៃសប្បាតហ៍ដ៏បរិសុទ្ធរបស់ព្រះដែរនោះ តើយើងមិនគួរបង្ហាញភាពស្មោះត្រង់កាន់តែធំធេងឡើង និងឆេះឆួលឡើងទេឬអី? ហេតុអ្វីបានជាយើងរាល់គ្នាដូចគ្នានឹងមនុស្សលោកិយម៉្លេះ អាត្មានិយមម៉្លេះ ចាប់ចិត្តនឹងរបស់លោកិយម៉្លេះ? តើការចាប់ចិត្តរបស់យើងបំបែកយើងពីព្រះយេស៊ូវមែនទេ? តើសេចក្តីពិតមុតស្រួចពេក និងតឹងតែងពេកដែលព្រលឹងរបស់យើងមិនអាចធ្វើតាមបានមែនទេ? តើយើងបានបែរមុខចេញពីមនុស្សទ័លក្រនៃលោកិយនេះដូចជាពួកសិស្សដែលទទឹងច្បាប់របស់ព្រះគ្រីស្ទដែរមែនទេ? យើងរាល់គ្នាចំណាយលុយសម្រាប់គោលបំណងអាត្មានិយម និងបំពេញបំណងផ្ទាល់ខ្លួន ខណៈដែលព្រលឹងជាច្រើនកំពុងតែស្លាប់ទៅដោយពុំបានស្គាល់ព្រះយេស៊ូវនិងសេចក្តីពិតសោះ»(CS, p.51)។

លោកជូនៀ និងអ្នកស្រីស្តេហ្វានីត្រូវល្បួងឲ្យយកខ្លួនឯងទុកជាទី១ ប៉ុន្តែពួកគេនៅតែស្មោះត្រង់ក្នុងការយកព្រះទុកជាទីមួយ។ សព្វថ្ងៃនេះសេចក្តីក្លាហានរបស់លោកក៏បណ្តាល​ ចិត្តយើងដែរ។ ព្រះយេស៊ូវបានលះបង់គ្រប់យ៉ាងដើម្បីប្រោសលោះយើង ហើយសេចក្តីស្រឡាញ់ របស់ទ្រង់ក៏ជំរុញយើងឲ្យយកនគររបស់ទ្រង់ទុកជាទី១ក្នុងជីវិតផ្ទាល់របស់យើងដែរ។ ខណៈ​ដែល​អ្នក​ជំនួយការប្រមូលប្រាក់ដង្វាយ យើងក៏ត្រូវបានលើកទឹកចិត្តឲ្យយកព្រះទុកជាទី១ដែរ។ ​

Powered by CAM