មេរៀនទី១១​៖ ០៦-១២ មីនា ២០២១

យកជ័យលើសេចក្តីអាក្រក់ដោយសេចក្តីស្រឡាញ់

Jeans
ថ្ងៃសៅរ៍ ទី០៦ ខែមីនា ២០២១
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ អេសាយ ៥៥៖១-៧; អេសាយ ៥៥៖៦-១៣; អេសាយ ៥៨៖១-១២; អេសាយ ៥៨៖១៣, ១៤។

ខចងចាំ៖ «ហើយបើឯងផ្តល់សេចក្តីសប្បុរសដល់មនុស្សស្រេកឃ្លាន ទាំងចំអែតចិត្តនៃអ្នកដែលមានទុក្ខវេទនា នោះពន្លឺរបស់ឯងនឹងភ្លឺឡើងក្នុងទីងងឹត ហើយសេចក្តីងងឹតរបស់ឯងនឹងបានភ្លឺដូចជាវេលាថ្ងៃ ត្រង់» (អេសាយ ៥៨៖១០)។

មានមេដឹកនាំព្រះវិហារជនជាតិយូដាម្នាក់ជាមួយភរិយារបស់លោកបានទទួលទូរស័ព្ទហៅចូល មួយដ៏គ្រោតគ្រាត។ បុរសរូបនេះនិងភរិយារបស់លោកបានរស់នៅក្នុងតំបន់មួយដែលមានឈ្មោះថា ណេប្រាស្កា។ ពួកគេបានដឹងថាទូរស័ព្ទនេះខលចេញពីមេដឹកនាំម្នាក់នៃក្រុមដ៏គំរក់មួយរបស់ជនជាតិអាមេរិកាំងដែលមានងារថា គូ គ្រូស ខ្លាន។ តាមពិតទៅប្តីប្រពន្ធមួយគូនេះអាចទូរស័ព្ទទៅប៉ូលិស ដើម្បីឃាត់ខ្លួនបុរសរូបនេះបាន។ ប៉ុន្តែ ពួកគេបានសម្រេចចិត្តថានឹងធ្វើនូវរឿងផ្សេងទៅវិញ។ ពួកគេក៏បានដឹងថា មេដឹកនាំក្រុមនេះគឺជាជនពិការមួយរូបដែរ។ ដូច្នេះ ពួកគេបានបង្ហាញខ្លួននៅមាត់ទ្វាររបស់បុរសពិការរូបនេះជាមួយនឹងសម្លមាន់មួយចានសម្រាប់អាហារពេលល្ងាច បុរសរូបនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សេចក្តីស្រឡាញ់របស់គូស្វាមីភរិយាមួយគូនេះបានធ្វើអោយសេចក្តីសំអប់នៅក្នុងចិត្តរបស់គាត់រលាយបាត់សូន្យ។ ប្តីប្រពន្ធមួយគូនេះនៅតែបន្តទៅសួរសុខទុក្ខបុរសនោះជាប្រចាំ។ ដូច្នេះ ដោយការប៉ះពាល់ចិត្តបុរសពិការម្នាក់នេះគិតថាចង់ក្លាយជាជនជាតិយូដា។

«តើមិនមែនជាការតមអត់យ៉ាងនេះវិញដែលអញពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបាន រួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង។ តើមិនមែនឲ្យឯងបានចែកអាហារដល់អ្នកដែលឃ្លាន ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះឯងទេឬអី ឬបើកាលណាឯងឃើញមនុស្សឥតមានសំលៀកបំពាក់ នោះតើមិនមែនឲ្យឯងបិទបាំងឲ្យគេឥតដែលពួនខ្លួននឹងសាច់ញាតិរបស់ឯងទេឬអី?» (អេសាយ ៥៨៖៦, ៧)។

ក្នុងសប្តាហ៍នេះ ចូរយើងស្វែងយល់បន្ថែមទៀតអំពីច្បាប់ខាងវិញ្ញាណដ៏សំខាន់ដែលព្រះគម្ពីរអេសាយបានបង្ហាញយើងនៅក្នុងខគម្ពីរទាំងនេះ។ ​

ថ្ងៃអាទិត្យ ទី០៧ ខែមីនា ២០២១

ទិញរបស់ម្យ៉ាងដោយឥតគិតថ្លៃ?

សូមអានខគម្ពីរនេះ៖ « អស់អ្នកដែលស្រេកអើយ ចូរមកឯទីទឹកចុះ ឯអ្នកដែលគ្មានប្រាក់អើយ ចូរមកទិញ ហើយបរិភោគទៅ» (អេសាយ ៥៥៖១)។ តើលោកអ្នកអាចទិញអ្វីបានខ្លះប្រសិនបើវាមិនគិតថ្លៃ?

---------------------------------------------------------------------------------------

ឧទាហរណ៍ថា អ្នកបានយកអាហារមួយចំនួនទៅឈរនៅតាមផ្លូវក្នុងទីក្រុងធំមួយ។ បន្ទាប់មក អ្នកបានប្រកាសដល់អស់អ្នកដែលអត់ឃ្លាននិងគ្មានផ្ទះសម្បែងថា «ហេ! តើអ្នកគ្មានលុយទេឬអី? មិនអីទេ មកទីនេះទិញអាហារសម្រាប់បរិភោគទៅ» ប៉ុន្តែ តើពួកគេអាចទិញអាហារបរិភោគបានយ៉ាងដូចម្តេចទៅប្រសិនបើពួកគេគ្មានលុយ?

ប៉ុន្ដែ ចុះយ៉ាងដូចម្តេចដែរប្រសិនបើលោកអ្នកបន្ថែមពាក្យទាំងនេះដូចគម្ពីរអេសាយថា៖ «អ្នក នឹងមិនចាំបាច់ចំណាយអ្វីទាំងអស់» (អេសាយ ៥៥៖១)។ បន្ទាប់មកខគម្ពីរនេះនឹងកាន់តែមានន័យថែម ទៀតមែនទេ? ហោរាអេសាយបានអំពាវនាវអោយប្រជាជនរបស់ខ្លូនទទួលយកការអត់ទោសពីព្រះ (អេសាយ ៥៥៖៧)។ ព្រះជាម្ចាស់ទ្រង់បានប្រទាននូវការអត់ទោសដល់ពួកគេដោយមិនទាមទារអ្វីឡើយ។ ដូច្នេះហេតុអ្វីក៏គម្ពីរអេសាយសរសេរពាក្យថា «ទិញ»? ពាក្យថា «ទិញ» បង្ហាញយើងពីអ្វីដែលព្រះបានប្រទានមកដល់មនុស្ស។ ព្រះជាម្ចាស់បានប្រទានអោយដើម្បីបំពេញតាមតម្រូវការរបស់យើង។ ពាក្យថា «ទិញ» ក៏បង្ហាញផងដែរថាអ្វីដែលព្រះទ្រង់ប្រទានអោយគឺមានតម្លៃណាស់។ ដូច្នេះ ប្រសិនបើយើងចង់បាននូវអំណោយទានទាំងនេះ នោះយើងត្រូវតែទូលសូម។ ព្រះជាម្ចាស់បានអត់ទោសអោយយើងរាល់គ្នាហើយ។ អំណោយទាននៃការអត់ទោសបាបគឺជាផ្នែកមួយនៃសេចក្តីសញ្ញាដែលទ្រង់បានតាំងជាមួយនិងរាស្រ្តរបស់ទ្រង់។ ព្រះជាម្ចាស់ទ្រង់បានប្រទាននូវការអត់ទោសដោយឥតគិតថ្លៃ។ ប៉ុន្តែ ការអត់ទោសបាបដោយឥតគិតថ្លៃបែបនេះ មិនមែនមានន័យថាវាថោកនោះឡើយ។ ព្រះទ្រង់បាន «ចេញថ្លៃ» អត់ទោសបាបដល់យើងរាល់គ្នាក្នុងតម្លៃមួយដ៏សម្បើមក្រៃណាស់។ អ្នកបំរើរបស់ទ្រង់បានសុគត ដើម្បីសងថ្លៃលោះបាបជំនួសយើងរាល់គ្នា។ ដូច្នេះ អំណោយទាននេះមិនបានគិតថ្លៃសម្រាប់យើងមែន ប៉ុន្តែ ការអត់ទោសបាបបានប្រទានមកជាមួយនឹងតម្លៃដ៏ធំសម្រាប់ព្រះ។ នោះគឺជាអ្វីដែលពាក្យ «ទិញ» ចង់បង្ហាញយើង។

តើព្រះជាម្ចាស់បានចេញថ្លៃប្រោសលោះអ្វីដើម្បីជួយសង្គ្រោះយើង? សម្រាប់ចម្លើយសូមអានខគម្ពីរពេត្រុសទី១ ១៖១៨, ១៩។

---------------------------------------------------------------------------------------

សូមអានខគម្ពីរអេភេសូរ ២៖៨, ៩ តើខគម្ពីរទាំងនេះបានបង្រៀនអ្វីខ្លះអំពីសេចក្តីសង្រ្គោះរបស់យើង? សូមប្រៀបធៀបសេចក្តីបង្រៀននេះទៅនឹងសេចក្តីបង្រៀនរបស់គម្ពីរអេសាយ។ តើពួកវាមានលក្ខណៈដូចគ្នាយ៉ាងណាដែរ?

---------------------------------------------------------------------------------------

កណ្ឌគម្ពីរអេសាយបានបង្រៀនយើងរាល់គ្នាអំពីដំណឹងល្អ។ សេចក្តីបង្រៀនស្តីអំពីដំណឹងល្អនៅក្នុងគម្ពីរសញ្ញាចាស់គឺដូចគ្នានឹងដំណឹងល្អនៅក្នុងគម្ពីរសញ្ញាថ្មីដែរ។ គម្ពីរសញ្ញាចាស់មិនបានបង្រៀនយើងរាល់គ្នាថា មនុស្សនឹងបានសង្គ្រោះដោយការប្រព្រឹត្តល្អនោះឡើយ។ មានតែផ្លូវមួយគត់ដែលយើងអាចបានសង្រ្គោះ។ ព្រះជាម្ចាស់ជួយសង្រ្គោះយើងរាល់គ្នាដោយសេចក្តីជំនឿជឿលើសេចក្តីមេត្តាករុណារបស់ទ្រង់ (អេភេសូរ ២៖៨)។ ទ្រង់បានប្រទានអោយយើងរាល់គ្នានូវ «អំណោយទាននៃជីវិតអស់កល្បជានិច្ចដោយឥតគិតថ្លៃ ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា» (រ៉ូម ៦៖២៣)។

ថ្ងៃច័ន្ទ ទី០៨ ខែមីនា ២០២១

គំនិត និងផ្លូវដ៏ជ្រាលជ្រៅ

ព្រះជាម្ចាស់មានព្រះបន្ទូលថា «គំនិតអញ មិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេ ឯផ្លូវរបស់ ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់អញដែរ ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់អញ ខ្ពស់ជាងផ្លូវរបស់ឯង» (អេសាយ ៥៥៖៨, ៩)។ តើហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលដូច្នេះ?

---------------------------------------------------------------------------------------

យើងមិនអាចយល់ពេញលេញអំពីព្រះជាម្ចាស់ ឬរបស់ដែលទ្រង់បានបង្កើតឡើយ។ ទ្រង់មានឫទ្ធានុភាព និងចេស្តាជាងយើង។ យ៉ាងនោះ គួរតែធ្វើឱ្យយើងកាន់តែងាយស្រួលក្នុងការទទួលយកជំនួយរបស់ទ្រង់ (សូមអានខគម្ពីរអេសាយ ៥៧៖១៥)។

សូមអានខគម្ពីរអេសាយ ៥៥៖៦-៩។ តើព្រះជាម្ចាស់មានបន្ទូលដូចម្តេចនៅក្នុងខទាំងនេះ? តើហេតុអ្វី? តើព្រះជាម្ចាស់ទ្រង់បានធ្វើអ្វីខ្លះ ដែលធ្វើអោយយើងពិបាកយល់?

---------------------------------------------------------------------------------------

ជីវិតគឺពោរពេញទៅដោយអាថ៌កំបាំង។ ប្រហែលជាអ្វីដែលធ្វើអោយមនុស្សពិបាកយល់បំផុត នោះគឺផែនការរបស់ព្រះក្នុងការជួយសង្គ្រោះមនុស្សពីបាប (សូមអានខគម្ពីរអេភេសូរ ៦៖១៩)។ ព្រះជាម្ចាស់ ដែលបានបង្កើតហ្វូងផ្កាយនិងពិភពនានា ហើយគឺទ្រង់តែមួយនេះឯងដែលបានយកកំណើតជាមនុស្ស និងបានមករស់នៅដោយភាពលំបាកលំបិន។ ទ្រង់បានរងទុក្ខគ្រប់យ៉ាង។ ក្រោយមកទ្រង់ក៏បានថ្វាយអង្គទ្រង់សម្រាប់អំពើបាបជំនួសយើងរាល់គ្នាដោយការសុគតនៅលើឈើឆ្កាង។ ទ្រង់បានធ្វើនូវការទាំងនេះ ដើម្បីអោយព្រះបានអត់ទោសបាប និងបង្ហាញសេចក្ដីមេត្ដាករុណាដល់យើងរាល់គ្នាផង។ តើយើងអាចយល់បានយ៉ាងពេញលេញអំពីសេចក្តីពិតដ៏អស្ចារ្យនេះយ៉ាងដូចម្តេច?

«ពួកទេវតាប្រាថ្នាចង់យល់ពីផែនការរបស់ព្រះក្នុងការជួយសង្គ្រោះមនុស្សមានបាបណាស់។ មនុស្សទាំងឡាយដែលព្រះជាម្ចាស់បានជួយសង្គ្រោះ នឹងសិក្សាសេចក្ដីពិតអំពីព្រះគម្ពីរនេះអស់កល្បជានិច្ច។ ពួកគេនឹងច្រៀងរៀបរាប់អំពីសេចក្តីនេះផងដែរ។ ដូច្នេះ ឥឡូវនេះហេតុអ្វីបានជាយើងរាល់គ្នាមិនសិក្សាអំពីសេចក្តីពិតនេះដោយយកចិត្តទុកដាក់ទៅ? យើងមិនអាចយល់ដឹងអស់នូវអ្វីគ្រប់យ៉ាងដែលត្រូវរៀនសូត្រអំពីប្រធានបទនេះនោះទេ។ នេះរួមទាំងរបៀបដែលព្រះយេស៊ូវបានក្លាយមកជាមនុស្ស និងរបៀបដែលទ្រង់បានប្រគល់ព្រះអង្គទ្រង់ជំនួសអំពើបាប ព្រមទាំងព្រះព័ន្ធកិច្ចរបស់ទ្រង់នៅឯនគរស្ថានសួគ៌សម្រាប់យើងរាល់គ្នានាពេលនេះផងដែរ។ យើងនឹងសិក្សាប្រធានបទទាំងនេះអស់កល្បជានិច្ចរៀងទៅ»។ ដកស្រង់ពី Ellen G. White, My Life Today, page 360, adapted។

តើមានបុគ្គលណាខ្លះដែលលោកអ្នកធ្លាប់បានធ្វើឱ្យឈឺចាប់ដែរឬទេ? តើពាក្យទ្រគោះបោះបោកអ្វីខ្លះដែលអ្នកបាននិយាយទៅកាន់នរណាម្នាក់? តើអ្នកធ្លាប់បានក្បត់ពាក្យសន្យាជាមួយគេប៉ុន្មានដងហើយ? ព្រះយេស៊ូវបានអត់ទោសឱ្យអ្នកចំពោះរឿងទាំងអស់នេះហើយ។ ឥឡូវនេះ ទ្រង់បានជួយអ្នករាល់គ្នាអោយបានឈរឡើងនៅចំពោះព្រះនេត្រព្រះដោយភាពបរិសុទ្ធ និងឥតកន្លែងបន្ទោសបានផង។ ទ្រង់បានប្រទានអោយអ្នករាល់គ្នាមានអំណាចលើអំពីបាប និងសេចក្តីអាក្រក់ក្នុងជីវិតរបស់លោកអ្នកហើយ។ មិនគួអោយជឿទេ សេចក្ដីពិតដ៏អស្ចារ្យដែលមាននៅក្នុងព្រះគម្ពីរនេះពិតជាពិបាក និងយល់បានណាស់។ នេះគឺជាអាថ៌កំបាំងមួយ។ ឥឡូវនេះ តើហេតុអ្វីបានជាអ្នកមិនអរព្រះគុណព្រះចំពោះអំណោយដ៏អស្ចារ្យនេះ?

--------------------------------------------------------------------------------------- ​

ថ្ងៃអង្គារ ទី០៩ ខែមីនា ២០២១

ការតមអត់

ការតមអាហារគឺជាពេលវេលាដែលបុគ្គលណាម្នាក់បានជ្រើសរើសមិនបរិភោគអាហារដោយហេតុផលសាសនាមួយរយៈខ្លី។ តើនៅក្នុងខគម្ពីរអេសាយ ៥៨៖៣ ព្រះបានមានបន្ទូលយ៉ាងដូចម្តេចអំពីការតមអាហារ?

---------------------------------------------------------------------------------------

ពិតប្រាកដណាស់ នេះគឺជាការតមអាហារមួយដែលបានធ្វើឡើងនៅថ្ងៃបុណ្យធួននឹងបាប។ ថ្ងៃបុណ្យធួនបាបគឺជាទិវាមួយដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងគ្រាដែលព្រះវិហារនៅលើផែនដីនេះត្រូវបានសំអាតពីអំពើបាប។ នៅថ្ងៃនោះរាស្ត្ររបស់ព្រះនឹងមិនបានបរិភោគអាហារអ្វីឡើយ។ នេះគឺជាពេលវេលាតែមួយគត់ដែលព្រះជាម្ចាស់ទ្រង់បានត្រាស់បង្គាប់អោយរាស្ត្ររបស់ទ្រង់បានតមអត់ ឬមិនបរិភោគក្នុងរយៈពេលខ្លីណាមួយ (លេវីវិន័យ ១៦៖២៩, ៣១; លេវីវិន័យ ២៣៖២៧-៣២)។ កណ្ឌគម្ពីរអេសាយបានបរិយាយអំពីអ្វីដែលយើងរាល់គ្នាគួរធ្វើនៅពេលដែលយើងតមអាហារ (អេសាយ ៥៨៖៣)។ ហោរាអេសាយបានសរសេរនូវពាក្យដដែលៗដែលយើងបានសង្កេតឃើញនៅក្នុងគម្ពីរលេវីវិន័យស្តីអំពី ការតមអាហារ។ នៅពេលដែលយើងរាល់គ្នាតមអាហារ ព្រះទ្រង់សព្វព្រះហឫទ័យអោយយើងរាល់គ្នាចេះបន្ទាបខ្លួន និងពោលបដិសេធទៅកាន់មោទនភាពរបស់យើង។ ទាំងកណ្ឌគម្ពីរលេវីវិន័យ និងកណ្ឌគម្ពីរអេសាយបានលើកឡើងអំពីភាពចាំបាច់ដែលយើងត្រូវធ្វើ ដើម្បីបំបាត់នូវភាពអំនួតរបស់យើង។ ន័យមួយទៀតសម្រាប់ប្រើក្នុងការនេះគឺបន្ទន់ចិត្តកាយរបស់យើងរាល់គ្នា។ ការបន្ទន់ចិត្តកាយរបស់យើងរាល់គ្នាគឺជាផ្នែកមួយនៃការតមអាហារខាងវិញ្ញាណ (ខគម្ពីរប្រៀបធៀបទំនុកដំកើង ៣៥៖១៣; ដានីយ៉ែល ១០៖២, ៣, ១២)។ ថ្ងៃបុណ្យធួនបាបបានជួយយើងរាល់គ្នាឱ្យបានយល់ពីការត្រាស់បង្គាប់របស់ព្រះជាម្ចាស់៖ «ស្រែកដូចជាសំឡេងត្រែដែលបន្លឺឡើង» (អេសាយ ៥៨៖១)។ នៅថ្ងៃបុណ្យធួននឹងបាបសម្តេចសង្ឃដ៏បរិសុទ្ធបានផ្លុំត្រែពិសេសមួយដែលមានឈ្មោះថា «ត្រែស្នែង»។ «ត្រែស្នែង» នេះត្រូវបានគេធ្វើឡើងពីស្នែងចៀមឈ្មោល។ សម្តេចសង្ឃបានផ្លុំត្រែស្នែងឡើងរយៈពេល១០ថ្ងៃជាប់គ្នាមុននិងថ្ងៃបុណ្យធួននឹងបាបបានមកដល់ (លេវីវិន័យ ២៣៖២៤)។ ព្រឹត្តិការណ៍នេះបានធ្វើអោយប្រជាជនបំភ្លេចមិនបានអំពីថ្ងៃបុណ្យធួននឹងបាបនេះទេ ព្រមទាំងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ពិធីបុណ្យនេះផងដែរ។ ដូចគ្នានេះដែរនៅរៀងរាល់៥០ឆ្នាំម្តងក្នុងថ្ងៃបុណ្យធួននឹងបាប សម្តេចសង្ឃដ៏បរិសុទ្ធបានផ្លុំត្រែស្នែងឡើង ដើម្បីប្រកាសពីការចាប់ផ្តើមនៃឆ្នាំសោមនស្សរីករាយ (លេវីវិន័យ ២៥៖៩, ១០; ប្រៀបធៀបខគម្ពីរអេសាយ ២៧៖១៣)។ នោះជាគ្រាដែលទាសករត្រូវបានគេដោះលែងអោយមានសេរីភាព។ ហើយទឹកដីដែលបានលក់អោយគេកាលពីមុននឹងត្រូវបានប្រគល់មកម្ចាស់ដើមវិញ។

សូមអានខគម្ពីរអេសាយ ៥៨៖៣-៧។ តើព្រះជាម្ចាស់ត្អូញត្អែរអំពីអ្វីនៅក្នុងខទាំងនេះ? តើអ្វីទៅជាកំហុសដែលពាក់ព័ន្ធនិងការ «តម» ដែលរាស្ត្ររបស់ទ្រង់កំពុងតែធ្វើ?

នៅថ្ងៃបុណ្យធួននឹងបាប សម្តេចសង្ឃជាន់ខ្ពស់បានចូលទៅក្នុងរោងឧបោសថបំផុតនៃព្រះវិហារបរិសុទ្ធ ដើម្បីសម្អាតអំពើបាបចេញម្តង។ ព្រះជាម្ចាស់បានអត់ទោសអោយរាស្ត្ររបស់ទ្រង់រួចជាស្រចហើយសំរាប់អំពើបាបទាំងនេះ។ នោះហើយជាមូលហេតុដែលរាស្ត្ររបស់ព្រះមិនព្រមបរិភោគអាហារអ្វីទាំងអស់។ ការតមអត់របស់ពួកគេបានសម្តែងនូវការដឹងគុណចំពោះអំណោយទាននៃការអត់ទោសបាបរបស់ទ្រង់។ ប៉ុន្ដែ ប្រជាជននៅក្នុងជំនាន់លោកអេសាយមានមោទនភាពណាស់។ ពួកគេបានតមអត ដើម្បីសម្តែងថា ពួកគេពិតជាបរិសុទ្ធ។ ពួកគេមិនបានដឹងថា អំពើបាបរបស់ខ្លួនបានធ្វើអោយព្រះវិហាររបស់ព្រះទៅជាកខ្វក់នោះទេ។ ​

ថ្ងៃពុធ ទី១០ ខែមីនា ២០២១

ការតមអត់សម្រាប់ហេតុផលខុសឆ្គង

សម្តេចសង្ឃដ៏បរិសុទ្ធបានផ្លុំត្រែស្នែងឡើងអស់រយៈពេល១០ថ្ងៃជាប់គ្នាមុនថ្ងៃបុណ្យធួននឹងបាបឈានចូលមកដល់។ ត្រែស្នែងគឺជាត្រែពិសេសមួយដែលបានធ្វើឡើងពីស្នែងរបស់ចៀមឈ្មោល។ សម្តេចសង្ឃដ៏បរិសុទ្ធបានផ្លុំត្រែនេះឡើង ដើម្បីជួយរំឭកប្រជាជនឱ្យបានត្រៀមខ្លួនជាស្រេចសម្រាប់ថ្ងៃបុណ្យធួននឹងបាបដែលនឹងឈានមកដល់ក្នុងរយៈពេល១០ថ្ងៃក្រោយ។ ថ្ងៃបុណ្យធួននឹងបាបគឺជាថ្ងៃមួយដែលសម្តេចសង្ឃជាន់ខ្ពស់នឹងចូលទៅក្នុងរោងឧបោសថបំផុតនៃព្រះវិហារបរិសុទ្ធ ដើម្បីនឹងធ្វើពិធីសម្អាតទីបរិសុទ្ធអោយបានជ្រះស្អាតពីរាល់គ្រប់ទាំងអំពើបាបរបស់ប្រជាជន។ ព្រះទ្រង់បានអត់ទោសបាបទាំងនេះរួចហើយ។ ឯត្រែស្នែងនេះក៏ជួយអោយរាស្រ្តរបស់ព្រះបានចងចាំថា ទ្រង់គឺជាស្តេចរបស់ពួកគេដែរ។ ១០ថ្ងៃក្រោយពីត្រែស្នែងត្រូវបានបន្លឺឡើង ហោរាអេសាយបានប្រកាសនូវព្រះបន្ទូលដោយសំឡេងយ៉ាងខ្លាំងដូចត្រែដល់ប្រជាជនថា ពួកគេកំពុងតែងាកបែរប្រឆាំងនឹងព្រះហើយ (អេសាយ ៥៨៖១)។

សូមអានខគម្ពីរអេសាយ ៥៨៖៦-១២។ តើទង្វើបែបណាខ្លះដែលព្រះចាត់ទុកថាជាផ្នែកមួយ នៃការតមអត់ដែលទ្រង់នឹងសព្វព្រះហឫទ័យ? សូមចងចាំថា ការតមអត់គឺជាពេលវេលាមួយដែលមនុស្សបានជ្រើសរើសមិនបរិភោគអាហារក្នុងរយៈពេលខ្លី។ តើអ្វីទៅដែលពិបាកនឹងធ្វើជាងនេះទៅទៀតនោះ? តើការតមអាហារពីរបីពេលនោះឬអីដែលពិបាកជាងការប្រើពេលវេលា និងថវិកាខ្លួនផ្ទាល់របស់អ្នកដើម្បីចម្អែតមនុស្សដែលគ្មានផ្ទះសម្បែងក្នុងទីក្រុងនោះ? តើមានច្បាប់អ្វីខ្លះនៅក្នុងព្រះគម្ពីរដែលជួយយើងអោយឆ្លើយនូវសំណួរទាំងនេះបាន? តើការជួយយកអាសារដល់អ្នកដទៃបង្ហាញនូវលក្ខណៈពិតប្រាកដនៃសាសនាក្នុងព្រះគម្ពីរយ៉ាងដូចម្តេច?

---------------------------------------------------------------------------------------

បុគ្គលណាម្នាក់ក៏អាចធ្វើល្អបានដែរ។ ប៉ុន្តែ នោះមិនមែនជារឿងតែម្យ៉ាងគត់ដែលព្រះជាម្ចាស់ចង់បានពីយើងនោះទេ។ សូមក្រឡេកមើលជីវិតរបស់ព្រះយេស៊ូវ។ មែនហើយ ទ្រង់ពិតជាស្មោះត្រង់នឹងសេចក្តីល្អរបស់ទ្រង់ណាស់។ ទ្រង់បានធ្វើគ្រប់យ៉ាងដែលទ្រង់ចាំបាច់ត្រូវធ្វើ។ ក្នុងពេលជាមួយគ្នានេះ តើលោកអ្នកមានដឹងទេថា អ្នកដែលសរសេរព្រះគម្ពីរបានបង្ហាញយើងយ៉ាងណាអំពីសកម្មភាពសប្បុរសធម៌ ការព្យាបាលមនុស្ស ការផ្តល់អាហារដល់អ្នកអត់ឃ្លាន និងការអត់ទោសបាបរបស់ទ្រង់នោះ? អ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីបានសម្តែងប្រាប់យើងយ៉ាងច្រើនសន្ធឹកសន្ទាប់ជាងនេះទៅទៀតអំពីអំពើល្អដែលព្រះយេស៊ូវត្រូវធ្វើ ដើម្បីក្លាយជាជនជាតិយូដាដ៏ល្អម្នាក់។ ដែលទង្វើទាំងនោះមានលក្ខណៈប្រសើរជាងអ្វីដែលពួកគេបានធ្វើឆ្ងាយណាស់។

តើព្រះជាម្ចាស់ ទ្រង់ប្រាថ្នាចង់បានអ្វីពីយើងក្នុងពេលសព្វថ្ងៃនេះ? ទ្រង់សព្វព្រះទ័យចង់បានព្រះវិហារ និងពួកជំនុំដែលនឹងបង្រៀនអំពីសេចក្ដីពិតនៃព្រះគម្ពីរដល់មនុស្សគ្រប់គ្នានៅលើផែនដីនេះ។ តើអ្វីទៅដែលនឹងបណ្តាលអោយមនុស្សទាំងឡាយទទួលយកនូវសេចក្តីពិតអំពីព្រះយេស៊ូវ? តើវាជាការ ប្រកាន់យ៉ាងតឹងរឹងអំពីច្បាប់សុខភាព ឬក៏ជាការផ្តល់អាហារដល់អ្នកអត់ឃ្លាន? តើវាជាការរក្សាថ្ងៃបរិសុទ្ធដ៏តឹងរឹុងរបស់យើង ឬក៏ជាការចំណាយពេលក្នុងការជួយសង្រ្គោះមនុស្សដែលកំពុងលិចលង់?

---------------------------------------------------------------------------------------

សូមអានខគម្ពីរម៉ាថាយ ២៥៖៤០ និងយ៉ាកុប ១៖២៧។ តើខគម្ពីរទាំងនេះបានបង្ហាញប្រាប់យើងយ៉ាងណាក្នុងការឆ្លើយតបទៅនឹងសំណួរនៅក្នុងកថាខណ្ឌខាងលើ? ​

ថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ២០២១

ពេលវេលាសម្រាប់យើងរាល់គ្នា

តើហេតុអ្វីបានជាលោកអេសាយបានលើកឡើងអំពីថ្ងៃឈប់សម្រាកនៅក្នុងខគម្ពីរអេសាយ ៥៨៖១៣, ១៤? តើថ្ងៃឈប់សម្រាកមានទំនាក់ទំនងអ្វីខ្លះជាមួយនឹងថ្ងៃបុណ្យធួននឹងបាប? ដូចដែលយើងបានឃើញហើយថា នៅថ្ងៃបុណ្យធួននឹងបាបគឺជាថ្ងៃដែលជារៀងរាល់ឆ្នាំព្រះវិហារនៅលើផែនដីនឹងត្រូវបានសំអាតពីអំពើបាប។

---------------------------------------------------------------------------------------

ថ្ងៃបុណ្យធួននឹងបាបត្រូវបានគេប្រារព្ធធ្វើឡើងតែម្តងគត់ជារៀងរាល់ឆ្នាំ នៅចំថ្ងៃបរិសុទ្ធតែម្តង។ គ្មានបុគ្គលណាម្នាក់ត្រូវបានអនុញ្ញាតឱ្យធ្វើការអ្វីឡើយនៅថ្ងៃនោះ (លេវីវិន័យ ២៣៖២៧-៣២) ដូចគ្នានឹងថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍ដែរ។ ដូច្នេះ អ្វីដែលជាការពិតស្តីអំពីការធ្វើការនៅថ្ងៃឈប់សម្រាក ប្រចាំសប្តាហ៍ក៏ជាការពិតស្តីអំពីថ្ងៃបុណ្យធួននឹងបាបដែរ។

សូមអានខគម្ពីរអេសាយ ៥៨៖១៣។ ដូចជាខនេះបានបង្ហាញដែរ តើព្រះជាម្ចាស់ចង់អោយ យើងរាល់គ្នារក្សាចាំយាមថ្ងៃឈប់សម្រាកយ៉ាងដូចម្តេច? តើយើងអាចធ្វើឱ្យបទពិសោធន៍នៃថ្ងៃឈប់ សម្រាករបស់យើង ដូចគ្នានឹងបទគម្ពីរនេះយ៉ាងដូចម្តេច? តើហេតុអ្វីបានជាយើងរាល់គ្នាគួរតែប្រតិបត្តិតាមផ្លូវនេះ?

---------------------------------------------------------------------------------------

បទគម្ពីរអេសាយ៥៨ បានលើកឡើងអំពីគំនិតសំខាន់ៗចំនួន ៣ ៖ (១) បដិសេធចំពោះអំពើបាប និងហ៊ានលះបង់នូវអ្វីដែលយើងចូលចិត្តដើម្បីជួយដល់អ្នកដទៃ។ (២) មានចិត្តសប្បុរសចំពោះអ្នកដទៃ និង (៣) ថ្ងៃឈប់សម្រាក។

តើគំនិតទាំងបីនេះមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេច?

---------------------------------------------------------------------------------------

(១) គំនិតទាំងបីនេះចង់បង្ហាញថា យើងគួរតែចាត់ទុកព្រះជាអាទិភាពនៅក្នុងជីវិត។ យើងត្រូវតែដឹងថា យើងរាល់គ្នាពិតជាត្រូវការពឹងផ្អែកលើទ្រង់ទាំងស្រុង។ (២) នៅពេលដែលយើងប្រតិបត្តិតាមទស្សនៈទាំងបីនេះនៅក្នុងជីវិតយើង នោះយើងនឹងរស់នៅក្នុងជីវិតដ៏បរិសុទ្ធទាំងធ្វើអ្វីដែលព្រះសព្វព្រះហឫទ័យ (សូមអានខគម្ពីរលេវីវិន័យ ១៩៖២)។ ព្រះជាម្ចាស់បានសម្តែងអង្គទ្រង់អោយយើងរាល់គ្នាបានឃើញផ្ទាល់តាមរយៈព្រះយេស៊ូវ។ ព្រះយេស៊ូវបានលះបង់នូវសិរីល្អរបស់ទ្រង់នៅឯស្ថានសួគ៌ ហើយបានប្រែក្លាយមកជាបាវបំរើរបស់មនុស្ស (ភីលីព ២៖៨)។ ព្រះយេស៊ូវបានបង្រៀនយើងរាល់គ្នាអោយចេះធ្វើល្អនិងចេះលះបង់គ្រប់យ៉ាង ដើម្បីជួយសង្រ្គោះដល់អ្នកដទៃ (យ៉ូហាន ៣៖១៦) ។ បន្ទាប់ពីទ្រង់បានបង្កើតផែនដីរួចរាល់ហើយ ព្រះយេស៊ូវបានឈប់សម្រាកពីកិច្ចការរបស់ទ្រង់ (លោកុប្បត្ដិ ២៖២, ៣, និក្ខមនំ ២០៖១១)។

សូមក្រឡេកមើលគំនិតទាំងបីនេះបន្ថែមទៀតនៅក្នុងបទគម្ពីរអេសាយ៥៨ ។ យើងបានសង្កេតឃើញថា ថ្ងៃឈប់សម្រាកបានផ្តល់អោយយើងនូវភាពទំនេរពីការងាររបស់យើងរាល់សប្តាហ៍។ សេរីភាពនេះជាសេចក្តីល្អចំពោះមនុស្ស។ ហេតុអ្វី? ពីព្រោះវាបានអនុញ្ញាតឱ្យមនុស្សឈប់សម្រាក (និក្ខមនំ ២៣៖ ១២; ម៉ាកុស ២៖២៧)។ ព្រះយេស៊ូវបានសម្តែងអោយមនុស្សឃើញថា ទង្វើល្អគឺជាអំពើដែលត្រឹមត្រូវ និងគួរធ្វើនៅថ្ងៃឈប់សម្រាក (ម៉ាកុស ៣៖១-៥ យ៉ូហាន ៥៖១-១៧)។ ការរក្សាថ្ងៃឈប់សម្រាកធ្វើអោយយើងបានរីករាយចិត្តឡើង (អេសាយ ៥៨៖១៤)។ ការជួយសង្រ្គោះអ្នកដទៃក៏ជាទង្វើដែលនាំអោយរីករាយចិត្តដែរ (អេសាយ ៥៨៖១០, ១១)។ តើមានអ្វីខ្លះដែលលោកអ្នកត្រូវផ្លាស់ប្តូរនៅក្នុងជីវិតរបស់លោកអ្នកផ្ទាល់ ដើម្បីធ្វើអោយសេចក្តីអំណរនេះបានក្លាយជារបស់អ្នក?

ថ្ងៃសុក្រ ទី១២ ខែមីនា ២០២១

សិក្សាបន្ថែម

«គ្មាននរណាម្នាក់អាចមានចិត្តសប្បុរស និងចេះអោយទានដោយមិនបានលះបង់គំនិតអាត្មានិយមចោលជាមុននោះឡើយ។ អ្នកត្រូវតែរស់នៅក្នុងជីវិតបែបសាមញ្ញ។ អ្នកត្រូវតែលះបង់ចោលនូវភាពលោភលន់របស់អ្នកចេញ។ អ្នកត្រូវតែមានការប្រុងប្រយ័ត្នជាមួយនឹងបញ្ហាលុយកាក់។ បន្ទាប់មក យើងនឹងអាចបំពេញនូវកិច្ចការដែលព្រះយេស៊ូវចង់អោយយើងធ្វើហើយ។ យើងត្រូវតែជម្រះចេញនូវចិត្តអំនួតទាំងអស់របស់យើង និងបំណងប្រាថ្នាដែលឈានមុខនៅក្នុងជីវិតនេះ។ ក្នុងកិច្ចការងារទាំងឡាយ របស់យើង យើងត្រូវប្រកាន់ខ្ជាប់នូវគោលការរបស់ព្រះគម្ពីរស្តីអំពីជីវិតដែលមិនគិតពីប្រយោជន៍ខ្លួនឯង។ នេះជាជីវិតដែលព្រះយេស៊ូវធ្លាប់ឆ្លងគាត់។ ជញ្ជាំង ផ្ទាំងរូបភាព និងគ្រឿងសង្ហារិមផ្សេងៗដែលតាំងនៅក្នុងផ្ទះសម្បែងរបស់យើងរាល់គ្នាគួរតែបង្ហាញអំពីគោលការរបស់ខព្រះគម្ពីរអេសាយ៥៨៖ ៧។ ទូខោអាវ និងតុបរិភោគអាហាររបស់យើងគួរតែបង្ហាញអំពីច្បាប់ដ៏សំខាន់នេះផងដែរ។ ខ្ញុំចង់អោយអ្នករាល់គ្នាចែករំលែកអាហាររបស់អ្នកជាមួយនឹងអ្នកដែលអត់ឃ្លាន ហើយនិងនាំពួកអ្នកដែលក្រីក្រគ្មានផ្ទះសម្បែងអោយមកជ្រកកោនក្នុងផ្ទះរបស់អ្នករាល់គ្នាវិញ។ ពេលដែលអ្នកឃើញមនុស្សអាក្រាត ចូរចែកសម្លៀកបំពាក់របស់អ្នកអោយគេបានស្លៀកពាក់បិទបាំងផង (អេសាយ ៥៨៖៧)»។ ដកស្រង់ពី Ellen G. White, The Ministry of Healing, page 206, adapted។ ​ ​

សំនួរពិភាក្សា៖
  1. លោកអេសាយបានសួរសំណួរមួយដល់ប្រជាជនដែលរស់នៅក្នុងជំនាន់របស់លោកថា៖ «ហេតុអ្វីបានជាចាយប្រាក់អោយបានតែរបស់ដែលមិនមែនជាអាហារ ហើយបង់កម្លាំងឲ្យបានតែរបស់ដែលមិនស្កប់ចិត្តដូច្នេះ» (អេសាយ ៥៥៖២)។ តើយើងរាល់គ្នាកំពុងតែធ្វើដូចគ្នានឹងប្រជាជននៅក្នុងជំនាន់របស់លោកអេសាយដោយរបៀបណាដែរ? បើដូច្នោះមែន តើយើងកំពុងតែធ្វើការអោយបានតែអ្វីដែលមិនសប្បាយចិត្តយ៉ាងដូចម្តេច? ហេតុអ្វីបានជាវាងាយស្រួលម្លេ៉ះក្នុងការធ្វើរឿងដែលខុសឆ្គងនោះ?

  2. ការនិយាយបដិសេធចំពោះរឿងដែលអ្នកយល់ថាមិនចាំបាច់គឺពិតជាការដែលសំខាន់ណាស់នៅជំនាន់លោកអេសាយ ដូចគ្នាទៅនឹងទង្វើសប្បុរសធម៌ និងការរក្សាថ្ងៃឈប់សម្រាកដែរ។ តើវាសំខាន់យ៉ាងណាដែរចំពោះយើងនៅសម័យចុងក្រោយនេះ? (សម្រាប់ចម្លើយសូមអានខគម្ពីរកូរិនថូសទី១ ១៥៖ ៥២; សូមប្រៀបធៀបនឹងខគម្ពីរលេវីវិន័យ ២៥៖៩, ១០)។ ​

  3. នៅក្នុងថ្នាក់របស់អ្នក សូមពិភាក្សាអំពីការរក្សាថ្ងៃឈប់សម្រាក។ តើលោកអេសាយកំពុងតែមានប្រសាសន៍អំពីអ្វី នៅពេលលោកបានលើកឡើងថា យើងមិនគួរធ្វើតាមអំពើចិត្តរបស់ខ្លួន ឬស្វែងរកសេចក្តីអំណរដល់ខ្លួនឯងនៅថ្ងៃឈប់សម្រាកនោះ? ទន្ទឹមនឹងនេះដែរ ថ្ងៃឈប់សម្រាកគួរតែជាបទពិសោធន៍ដ៏រីករាយចិត្តសម្រាប់យើង (អេសាយ ៥៨៖១៣)។ តើយើងអាចរក្សាថ្ងៃឈប់សម្រាកអោយបរិសុទ្ធ និងមានបទពិសោធន៍រីករាយក្នុងពេលតែមួយបានយ៉ាងដូចម្តេច? ​ ​

រឿងខ្លី

ទឹមនឹមស្រៀក

Jeans

ខ្ញុំមិនចង់រៀបការជាមួយនឹងស្វាមីរបស់ខ្ញុំទេ ពីព្រោះខ្ញុំជាអ្នកសេវេនដេយអាត់វេនទីស្ទ រីឯគាត់វិញជាអ្នកគោរពនូវនិកាយគ្រីស្ទសាសនាផ្សេងមួយទៀតដែលស្ថិតនៅភាគខាងត្បូងនៃកោះតៃវ៉ាន់។ ប៉ុន្តែ ឪពុកម្តាយរបស់យើងទាំងពីរពិតជាចង់អោយយើងរៀបការជាមួយគ្នា ហើយពួកយើងក៏មិនហ៊ានប្រកែក ដែរ។ ដូច្នេះ ខ្ញុំក៏បានប្រាប់អនាគតស្វាមីរបស់ខ្ញុំឈ្មោះមិងហួងវួថា៖ «យើងអាចរៀបការបាន ប៉ុន្តែ ខ្ញុំនឹងមិនផ្លាស់ប្តូរជំនឿសាសនារបស់ខ្ញុំទេ»។ គាត់ក៏មិនបានប្រកែកជាមួយរឿងនោះដែរ។ ប៉ុន្តែក្រោយមក យើងក៏ចាប់ផ្តើមពិភាក្សាគ្នាអំពីពិធីមង្គលការ។ ខាងខ្ញុំចង់អោយកម្មវិធីនេះបានប្រារព្ធឡើងនៅក្នុងព្រះវិហារអាត់វេនទីស្ទរបស់ខ្ញុំ ប៉ុន្តែ គាត់បាននិយាយថា៖ «ទេ! ខ្ញុំជាប្តី ដូច្នេះកម្មវិធីនេះគួរតែប្រារព្ធធ្វើនៅក្នុងព្រះវិហាររបស់ខ្ញុំវិញ»។ ខ្ញុំក៏បានព្យាយាមស្វែងរកនូវការសម្របសម្រួលគ្នាឡើងវិញ ហើយក៏បាននិយាយថា៖ «សូម ឱ្យពិធីមង្គលនេះបានប្រារព្ធធ្វើនៅខាងក្រៅវិញ ហើយមិនមែននៅក្នុងព្រះវិហារណាមួយនោះឡើយ។ ប៉ុន្តែ គ្រូគង្វាលអាត់វេនទីស្ទត្រូវតែជាអ្នករៀបចំផ្សំផ្គុំនៅក្នុងពិធីមង្គលការនេះ»។ យើងក៏បានឈ្លោះប្រកែកតវ៉ាគ្នាទៅវិញទៅមក។ ចុងបញ្ចប់ខ្ញុំក៏បាននិយាយថា៖ «ប្រសិនបើមិនបានគ្រូគង្វាលអាត់វេនទីស្ទមកផ្សំផ្គុំអោយយើងទេនោះ ខ្ញុំនឹងមិនព្រមរៀបការជាមួយអ្នកឡើយ»។ គាត់ក៏បានសុំយោបល់ពីម្តាយរបស់គាត់ ហើយម្តាយរបស់គាត់ក៏បានអនុញ្ញាតអោយគ្រូគង្វាលអាត់វេនទីស្ទធ្វើជាអ្នកផ្សំផ្គុំអោយពួកយើងទៅ។ ប៉ុន្តែ ម្តាយរបស់គាត់មានផែនការសម្ងាត់។ គាត់គិតថា ខ្ញុំនឹងចូលរួមជំនឿជាមួយគាត់ដែរបន្ទាប់ពីការហើយ។ គាត់ក៏មានបំណងចង់ឱ្យខ្ញុំផ្លាស់ប្តូរកូនប្រុសរបស់គាត់ដែលជាមនុស្សប្រមឹកដែរ។ ខ្ញុំនៅតែវិលវល់ក្នុងគំនិតដែល មករៀបការជាមួយមនុស្សជំនឿផ្សេងគ្នាបែបនេះ ហើយខ្ញុំក៏បានប្រាប់រឿងនេះទៅដល់មិងហួង។ តែមកដល់ពេលនេះទៅហើយ អ្នកភូមិទាំងអស់បានដឹងឮអំពីពិធីមង្គលការនេះរួចទៅហើយ ប្រសិនបើយើងចង់បពា្ឈប់វា នោះយើងនឹងអាប់មុខមាត់ជាមិនខាន។ មិងហួងបានក្លាយមកជាអ្នកអាត់វេនទីស្ទ ដើម្បីកុំអោយគាត់ត្រូវអាប់អោន។ មួយខែមុនថ្ងៃមង្គលការចូលមកដល់គាត់ក៏បានសិក្សាព្រះគម្ពីរហើយបានទទួលបុណ្យ ជ្រមុជទឹកទៅ។ ខ្ញុំនឹកមិនភ្លេចថ្ងៃនោះទេ។ គាត់បានយំសោកនៅពេលដែលគាត់ងើបចេញពីទឹកភ្លាម ពីព្រោះគាត់ចង់រៀបការប៉ុណ្ណោះ ប៉ុន្តែ គាត់មិនចង់ចាកចេញពីជីវិតចាស់របស់គាត់ដែលធ្លាប់ប្រមឹកនោះឡើយ ។ មិងហួងគឺជាបុរសដែលបរាជ័យម្នាក់។ គាត់បានបាត់បង់នូវការគោរពខ្លួនឯងដោយសារតែមករៀបការជាមួយខ្ញុំ។ ក្នុងអំឡុងពេលប្រាំពីរខែដំបូងនៃអាពាហ៍ពិពាហ៍របស់យើង ខ្ញុំក៏បានអោយគាត់ពិសានូវអាហារដែលផ្តល់សុខភាព និងបានបង្រៀនគាត់ពីរបៀបរស់នៅដែលប្រកបដោយសុខុមាលភាព។ អ្នកជិតខាងរបស់យើងបានកត់សម្គាល់ឃើញថា គាត់មិនដូចជាមនុស្សពីមុនទៀតទេ។ ពួកគេនិយាយថា៖ «អ្នកគឺជាមនុស្សថ្មីហើយ»។ ទោះយ៉ាងណាក៏ដោយ មិងហួងមិនចង់ក្លាយជាមនុស្សថ្មីទេ។ ក្រោយពីកូនស្រីរបស់យើងបានប្រសូតមកនោះ គាត់ក៏បានត្រឡប់ទៅជាមនុស្សប្រមឹកវិញ។ ដប់ឆ្នាំបានកន្លងផុតទៅ ហើយយើងក៏មានកូនស្រីទីពីរដែរ។ យើងមានជម្លោះជាច្រើនលើកច្រើនសាអំពីបញ្ហាគោលជំនឿ។ ថ្ងៃមួយ ដោយសារតែការឆ្អែតចិត្តទ្រាំលែងបាន ខ្ញុំក៏បាននាំកូនទាំងពីររបស់យើង និងក្មេងស្រីអាយុ១០ឆ្នាំម្នាក់រត់ទៅស្នាក់នៅផ្ទះមិត្តភក្តិ។ ខ្ញុំចង់អោយប្តីរបស់ខ្ញុំនៅតែឯង ដើម្បីភ្លក់រសជាតិនៃការលែងលះគ្នា។ មិងហួង ពិតជាមិនចង់លែងលះគ្នានោះទេ។ គាត់បានស្វះស្វែងរកខ្ញុំអស់រយៈកាលបីថ្ងៃ ហើយពេលដែលរកខ្ញុំឃើញ គាត់ក៏បានផ្លាស់ប្តូរមាគ៌ារបស់ខ្លួន។ គាត់បានក្លាយជាមនុស្សថ្មីពិតប្រាកដមែន។ សព្វថ្ងៃនេះ គាត់គឺជាស្វាមីនិងឪពុកដែលយកចិត្តទុកដាក់បំផុត។ គាត់ក៏បានក្លាយមកជាចាស់ទុំព្រះវិហារផងដែរ។ ប៉ុន្តែ ទោះបីជាយ៉ាងនេះក្តី ខ្ញុំនឹងមិនដើរតាមផ្លូវ «បេសកជន» នេះម្តងទៀតឡើយ។ ខ្ញុំបានរៀបការជាមួយគាត់ដោយសារតែខ្ញុំគិតថាខ្ញុំអាចផ្លាស់ប្តូរគាត់បានតាមរយៈអំណាចរបស់ព្រះ។ ប៉ុន្តែ ព្រះគម្ពីរពិតជាបានចែងយ៉ាងត្រឹមត្រូវណាស់ដោយថា៖ «កុំឲ្យទឹមនឹមស្រៀកជាមួយនឹងមនុស្សមិនជឿឡើយ» (កូរិនថូសទី២ ៦៖១៤)។ យើងគួរតែរៀបការប្តីប្រពន្ធជាមួយអ្នកដែលមានជំនឿដូចគ្នាវិញទើបជាការប្រសើរជាង។ ហ្លួងសាឡូម៉ូនដែលជាអ្នកប្រាជ្ញល្បីពេញពិភពលោក លោកក៏បានឆ្លងកាត់នូវបទពិសោធនេះទាំងលំបាកដូចជាខ្ញុំផងដែរ។ ​ ​

អំណានដង្វាយប្រចាំសប្តាហ៍

នៅពេលដែលលោកប៉ុលយកព្រះទុកជាទី១

ការយកព្រះទុកជាទី១មិនមែនជារឿងងាយស្រួលឡើយ។ តើយើងអាចរៀនបានអ្វីខ្លះពីលោកប៉ុលដែលនឹងជួយយើងរាល់គ្នាឲ្យយកព្រះទុកជាទី១ក្នុងជីវិតរបស់យើងសព្វថ្ងៃនេះ?

លោកប៉ុលតែងតែយកព្រះទុកជាទី១ជានិច្ច ប៉ុន្តែពេលដែលលោកធ្វើទុក្ខបុកម្នេញលើពួកអ្នកដើរតាមព្រះយេស៊ូវ លោកប៉ុលមិនអាចយល់ឃើញថាអ្វីជារឿងត្រឹមត្រូវនៅចំពោះមុខគាត់បានឡើយ។ លោកចាប់ផ្តើមមើលយល់ពិតប្រាកដនៅពេលដែលលោកធ្លាក់ចុះដល់ដី ហើយងងឹតភ្នែកដោយសារពន្លឺរបស់ព្រះយេស៊ូវតែប៉ុណ្ណោះ។ សម្រាប់លោកប៉ុល ការយកព្រះទុកជាទី១មាន​ន័យថាការរៀនអំពីការយល់ខុសរបស់គាត់ដោយបន្ទាបខ្លួន ហើយត្រឡប់ទៅសិក្សាព្រះគម្ពីរឡើងវិញ។

បន្ទាប់ពីបានចំណាយពេលបីឆ្នាំនៅប្រទេសអារ៉ាប់រួចមក លោកប៉ុលបានត្រឡប់មកវិញដោយមានសេចក្តីជំនឿថ្មីដែលជឿថាព្រះជាម្ចាស់ទ្រង់ពុំបានបោះបង់មនុស្សលោកចោលឡើយ។ ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះដែលចង់ឈោងទៅដល់មនុស្សគ្រប់ៗគ្នា។ លោកប៉ុលបានបន្តយកព្រះទុកជាទី១ខណៈដែលលោកធ្វើដំណើរពីទីក្រុងមួយទៅទីក្រុងមួយទៀត និងពីភូមិ១ទៅភូមិ១ទៀតដើម្បីប្រកាសអំពីព្រះយេស៊ូវ។ គ្មានអ្វីដែលអាចរារាំងលោកប៉ុលមិនឲ្យយកព្រះទុកជាទី១​បាន​ឡើយ បើទោះបីជាមានមនុស្សព្យាយាមប៉ុនប៉ងសម្លាប់លោកជាច្រើនលើកច្រើនគ្រាក្តី។

មានពេលមួយ លោកប៉ុល និងលោកស៊ីឡាសដែលគូកនត្រូវបានគេវាយកន្ត្រាក់ហែកអាវរបស់ពួកគេនៅកណ្តាលក្រុង។ ពួកលោកត្រូវបានគេវាយដំ និងចាប់យកទៅដាក់គុក ព្រមទាំង​ដាក់ខ្នោះជើងផង។ ក្នុងពេលដែលមានឈាមហូរ និងស្នាមជាំនៅឡើយ លោកប៉ុល និងលោកស៊ីឡាសបានធ្វើរឿងដែលមិនអាចគិតដល់មួយ៖ ជាជាងដែលត្អូញត្អែរអំពីទុក្ខលំបាក ពួកលោកបែរជានាំគ្នាថ្វាយបង្គំព្រះយេស៊ូវទៅវិញ។ ប្រសិនបើលោកអ្នកកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកបំផុតនាពេលឥឡូវនេះ ហើយអ្វីៗហាក់ដូចជាត្រឡប់ជាខុសប្រក្រតីអស់ តើលោកអ្នកគ្មានពេលដ៏ប្រសើរសម្រាប់ថ្វាយបង្គំជាងសព្វថ្ងៃនេះទេឬអ្វី?

បន្ទាប់មក ព្រះទ្រង់បានបណ្តាលឲ្យមានការកក្រើកដីឡើង។ មន្ត្រីទទួលខុសត្រូវលើគុកគិតស្មានថា ពួកអ្នកទោសបានរត់គេចខ្លួនអស់ហើយ ក៏បានទាញដាវឡើងប្រុងនឹងសម្លាប់ខ្លួន។ លោកប៉ុល និងលោកស៊ីឡាសនៅនឹកចាំអំពីការដែលមន្ត្រីរូបនោះវាយដំ ធ្វើទារុណកម្ម និងបន្ទាប​បន្ថោកពួកលោកនៅឡើយ។ ប្រសិនបើពួកលោកមានចិត្តចង់សងសឹក ពួកលោកគ្រាន់តែរង់ចាំឲ្យសាកសពមន្ត្រីនោះធ្លាក់ដល់ដីគឺជាការស្រេច។

ប៉ុន្តែលោកប៉ុល និងលោកស៊ីឡាសគឺជាប្រភេទមនុស្សដែលយកព្រះទុកជាទី១។ ក្នុងវិនាទី​ដ៏បន្ទាន់នោះ ពួកលោកបានសម្រេចចិត្តអត់ទោសដល់មន្ត្រីរូបនោះ ហើយបានស្រែកឃាត់លោក។ មន្ត្រីរូបនោះ និងគ្រួសាររបស់លោកក៏បានទទួលយកព្រះយេស៊ូវនៅយប់នោះ ហើយពួកលោកក៏បានថ្វាយបង្គំស្តេចលើអស់ទាំងស្តេច។

លោកប៉ុលនិងលោកស៊ីឡាសយកព្រះទុកជាទី១។ គំរូរបស់ពួកលោកដាស់តឿនយើងរាល់គ្នាឲ្យធ្វើតាមពួកលោក។ ខណៈ​ដែលពួកអ្នកជំនួយការប្រាក់ដង្វាយកំពុងប្រមូលប្រាក់ដង្វាយ សូមយើងរាល់គ្នា បានទទួលយក​ព្រះ​​ជាម្ចាស់ទុកជាទី១ចុះ។

សេចក្តីអធិដ្ឋាន៖
ឱព្រះវរបិតាម្ចាស់សួគ៌ យើងរាល់គ្នាថ្វាយបង្គំព្រះអង្គព្រឹកនេះ ដោយភ្ជាប់មកជាមួយនូវប្រាក់ដង្វាយ១០ហូត១ និងដង្វាយសទ្ធា។ យើងសូមអធិដ្ឋានឲ្យព្រះអង្គប្រទានសេចក្តីក្លាហានដល់យើងរាល់គ្នាឲ្យយកទ្រង់ទុកជាទី១ក្នុងជីវិតរបស់យើងរាល់គ្នា។ សូមអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវ។ អាម៉ែន។ ​

Powered by CAM