មេរៀនទី១១​៖ ៥-១១ មិថុនា ២០២១

សេចក្តីសញ្ញាថ្មី និងព្រះវិហារនៅស្ថានសួគ៌

Jeans
ថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ និក្ខមនំ ២៥៖៨, អេសាយ ៥៣៖៤-១២, ហេព្រើរ ១០៖៤, ហេព្រើរ ៩៖១៤, ហេព្រើរ ៨៖១-៦, ធីម៉ូថេទី១ ២៖៥, ៦។

ខចងចាំ៖«ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​ជា​អ្នក​កណ្តាល​នៃ​សញ្ញា​ថ្មី ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​ទ្រង់​ហៅ បាន​ទទួល​សេចក្តី​សន្យា ទុក​ជា​មរដក​ដ៏​នៅ​អស់​កល្ប​ជានិច្ច» (ហេព្រើរ ៩៖១៥)។

នៅព្រលប់មួយពុំមានពន្លឺដួងច័ន្ទបំភ្លីទេ។ ផ្ទៃមេឃប្រែជាងងឹតសូន្យសុង។ លោកហ្វ្រែងកំពុង ដើរកាត់ស្បៃអន្ធការតាមផ្លូវដ៏ស្ងាត់ជ្រងំនៃទីក្រុង។ មួយសន្ទុះក្រោយមក លោកហ្វ្រែងបានឮសម្រឹបជើង នៅខាងក្រោយគាត់។ មានមនុស្សម្នាក់កំពុងដើរតាមលោកហ្វ្រែងក្នុងភាពងងឹតនោះ។ បន្ទាប់មក ម្នាក់ នោះក៏​បាន​មកទាន់លោកហ្វ្រែង ហើយសួរថា «តើលោកឈ្មោះហ្វ្រែង ជាអ្នកធ្វើសៀវភៅមែនទេ?»

លោកហ្វ្រែងមិនធ្លាប់ស្គាល់បុរសនោះទេ។ លោកបានឆ្លើយថា «បាទ គឺខ្ញុំហ្នឹងហើយ ហេតុអ្វី​ បានជាលោកស្គាល់ខ្ញុំ?»

«បាទ» បុរសចំឡែកនិយាយ «ខ្ញុំមិនស្គាល់លោកទេ។ ប៉ុន្តែ ខ្ញុំស្គាល់ប្អូនប្រុសរបស់លោក ច្បាស់។ បើទោះបីជាយប់ងងឹតយ៉ាងណា ក៏ខ្ញុំអាចចំណាំដំណើរ និងកាយវិការរបស់លោកគឺដូចគ្នានឹងប្អូនរបស់លោកដែរ។ អ្នកទាំងពីរមានរាងប៉ុនគ្នាទៀត។ ដូច្នេះ ពេលខ្ញុំឃើញលោក ខ្ញុំដឹងថា លោក ប្រាកដជាបងរបស់គាត់ ពីព្រោះគាត់បានប្រាប់ខ្ញុំថាគាត់មានបងប្រុសម្នាក់»។

រឿងនេះជួយយើងឲ្យយល់កាន់តែច្បាស់អំពីផែនការរបស់ព្រះសម្រាប់រោងឧបោសថដែលជា កន្លែងសម្រាប់ថ្វាយបង្គំព្រះនៅជំនាន់គម្ពីរសញ្ញាចាស់។ ព្រះគម្ពីរប្រាប់យើងថា រោងឧបោសថនេះគឺ ជាច្បាប់ចម្លងរបស់ព្រះវិហារដ៏ពិតនៅនគរស្ថានសួគ៌។ ពិតណាស់ រោងឧបោសថគឺជាច្បាប់ចម្លងតែប៉ុណ្ណោះ។ បើទោះបីជាដូច្នេះក្តី ច្បាប់ចម្លងក៏បានបង្ហាញអំពីការពិតដ៏សំខាន់របស់ព្រះគម្ពីរដែរ។ តើរោង ឧបោសថនៅលើផែនដីបង្ហាញការពិតនៃព្រះគម្ពីរអ្វីខ្លះ? រោងឧបោសថបង្ហាញប្រាប់អំពីសេចក្តីសុគត និង កិច្ចការរបស់ព្រះអង្គសម្រាប់យើងក្នុងព្រះវិហារនៅស្ថានសួគ៌។

ថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១

មិត្តភាពជិតស្និទ្ធប្រកបដោយក្តីស្រឡាញ់ជាមួយព្រះ

«អញនឹងតាំងទីលំនៅរបស់អញនៅកណ្តាលឯងរាល់គ្នា ឥតដែលមានសេចក្តីខ្ពើមដល់ឯងរាល់គ្នាឡើយ អញនឹងដើរនៅកណ្តាលពួកឯង ព្រមទាំងធ្វើជាព្រះដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជារាស្ត្រដល់អញ» (លេវិវិន័យ ២៦៖១១, ១២)។

ឥឡូវនេះ យើងគួរតែយល់អំពីគោលគំនិតមួយគឺ៖ នៅក្នុងសេចក្តីសញ្ញាទាំងពីរ ព្រះអម្ចាស់ចង់បានមិត្តភាពជិតស្និទ្ធប្រកបដោយក្តីស្រឡាញ់ជាមួយនឹងរាស្ត្ររបស់ព្រះអង្គ។ សេចក្តីសញ្ញាបង្ហាញប្រាប់យើងអំពីក្បួនច្បាប់សម្រាប់មិត្តភាពពិសេសនេះ។

មិត្តភាពគឺជាផ្នែកមួយដ៏សំខាន់នៃសេចក្តីសញ្ញា។ តើអ្វីខ្លះដែលមិត្តភាពត្រូវមានដើម្បីឲ្យជោគជ័យ? មិត្តភាពត្រូវការការចំណាយពេលជាមួយគ្នា។ មិត្តភាពក៏ត្រូវការការទំនាក់ទំនងដែរ។ មិត្តភាពត្រូវការការផ្សារភ្ជាប់និងទាក់ទងគ្នា។ ពិតណាស់ ព្រះអម្ចាស់ទ្រង់ជ្រាបអំពីការនេះ។ ហេតុនោះហើយបានជាទ្រង់ណែនាំឲ្យមានមិត្តភាព។ ទ្រង់សព្វព្រះទ័យឲ្យប្រាកដថា ក្នុងនាមជាបាបជនយើងអាចទាក់ទង ជាមួយទ្រង់តាមរបៀបដែលយើងយល់បាន។

ក្នុងខគម្ពីរនិក្ខមនំ ២៥៖៨, ព្រះអម្ចាស់ទ្រង់បង្គាប់រាស្ត្ររបស់ព្រះអង្គឲ្យសង់រោងឧបោសថថ្វាយព្រះអង្គ។ ហេតុអ្វីបានជាព្រះអម្ចាស់សព្វព្រះទ័យឲ្យរាស្ត្ររបស់ព្រះអង្គធ្វើរឿងនេះ? តើមានហេតុផលអ្វីខ្លះបានជាព្រះអម្ចាស់ប្រទានដល់រាស្ត្ររបស់ព្រះអង្គ?

ចម្លើយគឺ៖ ព្រះអម្ចាស់ទ្រង់សព្វព្រះទ័យចង់រស់នៅជាមួយនឹងរាស្ត្ររបស់ព្រះអង្គ។ ចម្លើយនេះនាំឲ្យមានសំណួរមួយផ្សេងទៀត៖ ហេតុអ្វី? ហេតុអ្វីបានជាព្រះអម្ចាស់ទ្រង់សព្វព្រះទ័យរស់នៅជាមួយនឹងរាស្ត្ររបស់ព្រះអង្គ?

ចម្លើយសម្រាប់សំណួរចុងក្រោយនេះគឺរកឃើញនៅក្នុងខគម្ពីរលេវីវិន័យ ២៦៖១១, ១២។ សូមក្រឡេកមើលខទាំងនេះម្តងទៀត។ តើលោកអ្នកឃើញថា ព្រះអម្ចាស់នឹង «តាំង» ទីលំនៅរបស់ព្រះអង្គក្នុងចំណោមរាស្ត្ររបស់ព្រះអង្គឬទេ? នោះគឺដូចគ្នានឹងពាក្យថា ព្រះអម្ចាស់មានបន្ទូលថា ទ្រង់ នឹងរស់នៅជាមួយពួកគេដែរ។ បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលថា ទ្រង់នឹងមិន «បែរចេញពី» អ្នក រាល់គ្នាទេ។ បន្ទាប់មកទៀត ទ្រង់មានបន្ទូលថា ទ្រង់នឹង «ដើរជាមួយ» អ្នករាល់គ្នា និង «ធ្វើជាព្រះ» របស់អ្នករាល់គ្នា។ អ៊ីស្រាអែលនឹងក្លាយជារាស្ត្ររបស់ព្រះអង្គ (លេវីវិន័យ ២៦៖១១, ១២)។ សូមក្រឡេកមើលផ្នែកផ្សេងៗគ្នាទាំងនេះក្នុងខទាំងនេះចុះ សុទ្ធតែបង្ហាញយើងថា ព្រះអម្ចាស់ចង់មានមិត្តភាពជិតស្និទ្ធប្រកបដោយសេចក្តីស្រឡាញ់ជាមួយនឹងរាស្ត្ររបស់ព្រះអង្គ។

សូមអានលេវីវិន័យ ២៦៖១១, ១២ និងនិក្ខមនំ ២៥៖៨។ សូមសរសេរអំពីចំណុចផ្សេងៗពីគ្នាពីខទាំងនេះដែលបង្ហាញយើងថា ព្រះជាម្ចាស់ចង់មានមិត្តភាពជិតស្និទ្ធប្រកបដោយសេចក្តីស្រឡាញ់ជាមួយនឹងរាស្ត្ររបស់ព្រះអង្គ។

ឥឡូវនេះចូរក្រឡេកមើលមួយផ្នែកនៃខគម្ពីរលេវីវិន័យ ២៦៖១១ដែលព្រះអម្ចាស់មានបន្ទូល ថា «យើងនឹងមិនឃ្លាតឆ្ងាយពីអ្នករាល់គ្នាឡើយ» (គខប)។ តើរោងឧបោសថបង្ហាញប្រាប់យើងដូចម្តេចថាទ្រង់នឹងទទួលយើងរាល់គ្នា? ហេតុអ្វីបានជាសេចក្តីពិតនៃព្រះគម្ពីរនោះសំខាន់ម្ល៉េះសម្រាប់តាំងសេចក្តីសញ្ញា?

ថ្ងៃច័ន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១

អំពើបាប យញ្ញបូជា និងការអត់ទោស

ព្រះទ្រង់បានបង្កើតផ្លូវសម្រាប់បាបជនក្នុងអំឡុងគ្រាគម្ពីរសញ្ញាចាស់ ដើម្បីបានរួចពីបាប និង ពិរុទ្ធ។ ផែនការនេះរាប់បញ្ចូលទាំងយញ្ញបូជាផងដែរ។ លេវីវិន័យ ជំពូកទី១ដល់ទី៧ ចែងអំពីសត្វផ្សេងៗដែលត្រូវយកមកធ្វើជាយញ្ញបូជា។ ព្រះទ្រង់បានបង្គាប់ពួកសង្ឃក្នុងប្រទេសអ៊ីស្រាអែលឲ្យមានការប្រុងប្រយ័ត្នខ្លាំងជាមួយនឹងឈាមសត្វ។ ឈាមគឺជាផ្នែកដ៏សំខាន់បំផុតនៃយញ្ញបូជា។

កាលណាមនុស្សណាធ្វើបាប គឺគាត់បានបែកបាក់មិត្តភាពជាមួយនឹងព្រះជាម្ចាស់ ក្រឹត្យវិន័យ និងសេចក្តីសញ្ញារបស់ពួកគេ។ មានតែផ្លូវមួយគត់ដែលធ្វើឲ្យបាបជនរូបនេះអាចចូលរួមក្នុងមិត្តភាពដ៏ ពេញលេញជាមួយនឹងព្រះជាម្ចាស់ម្តងទៀតបាន។ បាបជនត្រូវតែនាំយកយញ្ញបូជាថ្វាយដល់ព្រះជាម្ចាស់។ សត្វនេះនឹងទទួលទោសដែលបាបជនគួរទទួលសម្រាប់ការរំលងក្រឹត្យវិន័យ។ សត្វនេះនឹង ក្លាយជាតួរងជំនួស។ សត្វនឹងស្លាប់ជំនួសបាបជន។ ព្រះទ្រង់បានបង្កើតយញ្ញបូជាជាផ្នែកមួយនៃការថ្វាយបង្គំដើម្បីបង្ហាញបាបជនអំពីរបៀបដែលទ្រង់នឹងសម្អាតពួកគេអំពីបាបនិងពិរុទ្ធ។ ព្រះអម្ចាស់ទ្រង់ យកអំពើបាប និងពិរុទ្ធទៅក្នុងព្រះវិហាររបស់ព្រះអង្គនៅស្ថានសួគ៌។ ពួកសង្ឃក្នុងជំនាន់ព្រះគម្ពីរសញ្ញាចាស់បានបង្ហាញអំពីកិច្ចការពិសេសនេះដែលទ្រង់នឹងធ្វើ។ ពួកសង្ឃបានយកឈាមចូលទៅក្នុងរោង-ឧបោសថនៅលើផែនដី។ បន្ទាប់មក ពួកសង្ឃបានរលាស់ឈាមក្នុងរោងឧបោសថដើម្បីបង្ហាញថា សេចក្តី សញ្ញានិងមិត្តភាពជាមួយព្រះត្រូវបានធ្វើឲ្យថ្មីឡើងវិញហើយ។

តើគោលគំនិតដែលយើងទើបតែបានអានជួយយើងឲ្យយល់សំណួរនៅចុងទំព័រមេរៀនម្សិលមិញយ៉ាងដូចម្តេចខ្លះ?

តើយញ្ញបូជាបង្ហាញប្រាប់យើងអំពីសារពិសេសអ្វីអំពីអនាគត? សម្រាប់ចម្លើយ សូមអានខគម្ពីរ ៥៣៖៤-១២ និងហេព្រើរ ១០៖៤។

យញ្ញបូជាធ្វើឲ្យព្រះទតមើលមកបាបតាមរបៀបផ្សេងវិញ។ សត្វបានស្លាប់ជំនួសបាបជន។ ហេតុនោះ ព្រះទ្រង់ពុំទតឃើញបាបជនថាមានទោស និងសក្តិសមសម្រាប់ត្រូវស្លាប់ទៀតឡើយ។ ឥឡូវ នេះ បាបជនត្រូវបានអត់ទោសឲ្យហើយ។ មិត្តភាពជាមួយព្រះត្រូវបានធ្វើឲ្យថ្មីឡើងវិញហើយ។ តាមពិតទៅ គ្មានសត្វណាមួយអាចស្លាប់ជំនួសបាបជនដែលបានរំលងក្រឹត្យវិន័យរបស់ព្រះបានឡើយ។ ដូចជា ខគម្ពីរហេព្រើរ ១០៖៤ ចែងថា «ដ្បិតឈាមគោឈ្មោល និងពពែឈ្មោល នោះពុំអាចនឹងដោះបាប បានឡើយ»។ ហេតុនោះ យើងឃើញថាយញ្ញបូជាប្រាកដជារូបសព្ទតំណាងឲ្យអ្វីមួយផ្សេងទៀត។ ព្រះយេស៊ូវទ្រង់បានសុគតសម្រាប់អំពើបាបរបស់មនុស្សគ្រប់គ្នានៅលើផែនដីនេះ។ ហេតុនោះហើយបានជាព្រះទ្រង់អាចសម្អាតយើងឲ្យរួចពីបាបនិងអត់ទោសបាបដល់យើងបាន។ ដោយសារតែព្រះយេស៊ូវទ្រង់សុគតជំនួសយើង បានជាយើងអាចមានមិត្តភាពជាមួយព្រះឡើងវិញ និងទទួលសេចក្តីសញ្ញារបស់ព្រះអង្គបាន។

ថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១

ព្រះយេស៊ូវជាតួអង្គជំនួសរបស់យើង

គោលគំនិតដ៏សំខាន់បំផុតក្នុងគម្ពីរសញ្ញាថ្មីគឺថា ព្រះយេស៊ូវបានប្រគល់អង្គទ្រង់សម្រាប់អំពើបាបរបស់យើង។ ប្រហែលជាគោលគំនិតនេះគឺជាគោលគំនិតដ៏សំខាន់បំផុតនៅក្នុងគម្ពីរសញ្ញាថ្មីទាំងមូល។ ព្រះទ្រង់បានបង្កើតផែនការនេះដើម្បីសង្គ្រោះយើងនៅលើសេចក្តីពិតនៃព្រះគម្ពីរនេះ។ ចុះប្រសិន បើមានគេបង្រៀនថា ព្រះយេស៊ូវពុំបានសង្គ្រោះយើងដោយសារលោហិតរបស់ព្រះអង្គទេនោះយ៉ាងដូចម្តេចវិញ? ដូច្នេះ មានន័យថា បុគ្គលនេះមិនបានទទួលយកសាសនាគ្រិស្តទេ។ ឈើឆ្កាងដែលគ្មាន ព្រះយេស៊ូវ និងលោហិតរបស់ព្រះអង្គនឹងមិនអាចសង្គ្រោះមនុស្សលោកបានឡើយ។

សូមអានកាឡាទី ១៖៤ ហើយបន្ទាប់មកសូមឆ្លើយនឹងសំណួរទាំងនេះ៖ តើព្រះយេស៊ូវស្ម័គ្រព្រះទ័យនឹងសុគតទេ? តើព្រះយេស៊ូវសុគតជំនួសអ្នកណា? តើសេចក្តីសុគតរបស់ព្រះអង្គធ្វើអ្វីខ្លះសម្រាប់យើងរាល់គ្នា?

ព្រះយេស៊ូវបានសុគតជំនួសយើងរាល់គ្នានៅលើឈើឆ្កាង។ ការស្លាប់ជំនួសគឺជាផ្នែកដ៏សំខាន់ក្នុងផែនការរបស់ព្រះសម្រាប់សង្គ្រោះយើងរាល់គ្នា។ អំពើបាបរបស់យើងធ្វើឲ្យយើងស័ក្តិសមនឹងទទួលទោស។ ទោសដែលយើងគួរតែទទួលគឺជាសេចក្តីស្លាប់។ ប៉ុន្តែ ព្រះយេស៊ូវ «បានប្រគល់ព្រះអង្គទ្រង់ ទៅ ដោយព្រោះបាបយើងរាល់គ្នា» (កាឡាទី ១៖៤)។ ទ្រង់បានទទួលយកទោសរបស់យើងរាល់គ្នា។ ហេតុអ្វី? ពីព្រោះទ្រង់បានស្រឡាញ់យើងរាល់គ្នា។ ហេតុនោះ ព្រះយេស៊ូវគឺជាតួអង្គជំនួសរបស់យើងរាល់គ្នា។ នោះហើយបានជាសេចក្តីសុគតរបស់ព្រះយេស៊ូវសម្រាប់យើងគឺជាសេចក្តីពិតដ៏សំខាន់របស់ព្រះគម្ពីរ។ សេចក្តីពិតដទៃទៀតនៃព្រះគម្ពីរសុទ្ធតែចេញពីការបង្រៀននេះ។ ហេតុនោះបានជាឥឡូវនេះយើងមានសង្ឃឹមថា ព្រះទ្រង់នឹងធ្វើឲ្យយើងរួចពីអំពើបាប។ សេចក្តីសង្ឃឹមរបស់យើងបានមកពីសេចក្តីជំនឿរបស់យើងនៅក្នុងកិច្ចការដែលព្រះយេស៊ូវបានធ្វើសម្រាប់យើងនៅលើឈើឆ្កាង។ ឥឡូវនេះ ទ្រង់ កំពុងធ្វើកិច្ចការសម្រាប់យើងរាល់គ្នានៅស្ថានសួគ៌។ ហេតុនោះ យើងអាចទទួលបាននូវការអត់ទោស និងជីវិតអស់កល្ប។ សេចក្តីសង្គ្រោះរបស់យើងបានមកពីសេចក្តីជំនឿរបស់យើងនៅក្នុងលោហិតរបស់ព្រះយេស៊ូវ។ បើគ្មានលោហិតរបស់ព្រះអង្គ នោះសេចក្តីជំនឿរបស់យើងនឹងពុំមានន័យអ្វីទាំងអស់។

សូមក្រឡេកមើលខទាំងនេះ៖ ម៉ាថាយ ២៦៖២៨, អេភេសូរ ២៖១៣, ហេព្រើរ ៩៖១៤, ពេត្រុសទី១ ១៖១៩។ តើខទាំងនេះប្រាប់យើងអ្វីខ្លះអំពីឈាម។ តើឈាមមានតួនាទីអ្វីក្នុងផែនការរបស់ព្រះដើម្បីសង្គ្រោះយើងរាល់គ្នាពីអំពើបាប និងសេចក្តីស្លាប់?

«ព្រះជាម្ចាស់ទ្រង់ពុំសព្វព្រះទ័យឲ្យលោកអ្នកភ័យខ្លាចឡើយ។ ព្រះទ្រង់ពុំសព្វព្រះទ័យឲ្យលោកអ្នកវាយដំរូបកាយខ្លួនឯងដោយសារតែអំពើបាបរបស់ខ្លួននោះឡើយ។ ហេតុនោះ សូមកុំឲ្យភ័យ ខ្លាចថា ព្រះទ្រង់នឹងពុំទទួលលោកអ្នកដោយសារតែអំពើបាបរបស់លោកអ្នក និងដោយសារតែលោកអ្នកពុំស័ក្តិសមនោះឡើយ... លោកអ្នកអាចនិយាយថា៖ ខ្ញុំដឹងថា ខ្ញុំជាបាបជន។ ហេតុនោះបានជាខ្ញុំត្រូវការព្រះអង្គសង្គ្រោះ... ខ្ញុំមិនបានធ្វើអ្វីមួយដើម្បីធ្វើឲ្យខ្លួនខ្ញុំល្អគ្រប់គ្រាន់សម្រាប់ឲ្យបានសង្គ្រោះនោះឡើយ។ ប៉ុន្តែ ខ្ញុំបានមកឯព្រះជាមួយនឹងលោហិតរបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវគឺជាកូនចៀមដ៏គ្រប់លក្ខណ៍របស់ព្រះ។ លោហិតរបស់ព្រះអង្គអាចលាងសម្អាតអំពើបាបរបស់មនុស្សលោកបាន។ ហេតុនោះ ខ្ញុំបានសូម ព្រះជាម្ចាស់ឲ្យលាងសម្អាតអំពើបាបរបស់ខ្ញុំផងដែរ»។ ដកស្រង់ពី Ellen G. White, The Faith I live By, page 100, adapted។

ថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១

ព្រះយេស៊ូវគឺជាសម្តេចសង្ឃរបស់យើងរាល់គ្នា

នៅក្នុងជំនាន់គម្ពីរសញ្ញាចាស់ ព្រះជាម្ចាស់សព្វព្រះទ័យនឹងគង់នៅជាមួយនឹងរាស្ត្ររបស់ព្រះអង្គ។ ទ្រង់បានជ្រើសរើសគង់នៅក្នុងរោងឧបោសថនៅពេលដែលសាសន៍អ៊ីស្រាអែលបានធ្វើដំណើរនៅវាលរហោឋាន។ ផ្នែកដ៏សំខាន់មួយនៃការថ្វាយបង្គំនៅឯរោងឧបោសថរួមមានការសម្លាប់សត្វផងដែរ។ ការស្លាប់របស់សត្វទាំងនេះសំខាន់ណាស់។ ឈាមរបស់វាក៏សំខាន់ដែរ។ សម្តេចសង្ឃបានយកឈាមចូលទៅក្នុងរោងឧបោសថ។ លោកបានធ្វើរឿងនេះសម្រាប់បាបជនបន្ទាប់ពីបានសម្លាប់សត្វរួចហើយ។

ការសម្លាប់សត្វ និងកិច្ចការជាសម្តេចសង្ឃគឺសុទ្ធតែជារូបស័ព្ទ។ កិច្ចការទាំងនេះបង្ហាញប្រាប់ អំពីកិច្ចការដែលព្រះយេស៊ូវនឹងធ្វើនៅលើផែនដីនិងនៅស្ថានសួគ៌សម្រាប់មនុស្សលោក។ កិច្ចការរបស់សម្តេចសង្ឃនៅជំនាន់គម្ពីរសញ្ញាចាស់មិនមែនចប់ត្រឹមតែសម្លាប់សត្វធ្វើយញ្ញបូជាប៉ុណ្ណឹងទេ។ តាមរបៀប ដូចគ្នានេះ កិច្ចការរបស់ព្រះយេស៊ូវក៏មិនបញ្ចប់ត្រឹមតែការសុគតនៅលើឈើឆ្កាងដែរ។

ការសិក្សាសម្រាប់ថ្ងៃនេះគឺខគម្ពីរហេព្រើរ ៨៖១-៦។ សូមអធិដ្ឋានអំពីខគម្ពីរទាំងនេះ។ សូមឲ្យព្រះអម្ចាស់ជួយលោកអ្នកឲ្យបានយល់អំពីអ្វីដែលទ្រង់កំពុងមានបន្ទូលមកកាន់យើងរាល់គ្នានៅក្នុងខទាំងនេះ និងអំពីមូលហេតុដែលវាសំខាន់សម្រាប់យើងក្នុងការដឹងអំពីខទាំងនេះផងដែរ។ ចូរសរសេរជាពាក្យផ្ទាល់ខ្លួនរបស់លោកអ្នកអំពីសាររបស់ព្រះអម្ចាស់ចំពោះលោកអ្នកក្នុងខទាំងនេះ។ សូមសួរខ្លួនឯងថា តើខទាំងនេះជួយយើងឲ្យយល់អំពីសេចក្តីសញ្ញាថ្មីយ៉ាងដូចម្តេចដែរ?

ព្រះគម្ពីរបង្រៀនយើងថា មានរោងឧបោសថនៅលើផែនដីនៅជំនាន់គម្ពីរសញ្ញាចាស់។ ពួកសង្ឃបានបម្រើព្រះនៅក្នុងរោងឧបោសថគឺជាផ្នែកមួយនៃសេចក្តីសញ្ញាចាស់។ តាមរបៀបដូចគ្នានេះ ក៏ មានរោងឧបោសថ ឬព្រះវិហារនៅលើស្ថានសួគ៌ដែរ។ ព្រះវិហារនេះក៏មានសម្តេចសង្ឃមួយអង្គផងដែរ។ ទ្រង់ធ្វើកិច្ចការនៅក្នុងព្រះវិហារជាផ្នែកមួយនៃសេចក្តីសញ្ញាថ្មី។ នៅក្នុងសេចក្តីសញ្ញាចាស់ រោងឧបោសថ និងការថ្វាយបង្គំនៅក្នុងនោះសុទ្ធតែជារូបស័ព្ទ។ ក្នុងសេចក្តីសញ្ញាថ្មី រូបស័ព្ទទាំងនេះប្រែក្លាយជាពិតទាំងអស់វិញ។

យើងពុំចាំបាច់មានសត្វដែលមិនដឹងខុសត្រូវមកស្លាប់ជំនួសយើងទៀតឡើយ។ ឥឡូវនេះ យើង មានព្រះយេស៊ូវដែលពុំបានធ្វើបាបសោះ។ យើងក៏ពុំត្រូវការឈាមរបស់សត្វទៀតដែរ។ ឥឡូវយើងមានលោហិតរបស់ព្រះយេស៊ូវហើយ។ យើងមិនថ្វាយបង្គំព្រះក្នុងកន្លែងដែលធ្វើដោយដៃមនុស្សទៀតហើយ។ ឥឡូវនេះ ព្រះយេស៊ូវទ្រង់ «បំពេញកិច្ចការនៅក្នុងទីបរិសុទ្ធបំផុត និងរោងឧបោសថដ៏ពិតប្រាកដដែល ដំឡើងដោយព្រះជាម្ចាស់ មិនមែនដោយនរណាម្នាក់នៅលើផែនដីនេះទេ» (ហេព្រើរ ៨៖២, បកប្រែថ្មីពី ERV)។

សាសន៍អ៊ីស្រាអែលមានសង្ឃរបស់ខ្លួនដែលជាមនុស្សមិនគ្រប់លក្ខណ៍។ យើងមានព្រះយេស៊ូវដែលពុំធ្លាប់ធ្វើបាបសោះ។ ឥឡូវនេះ ទ្រង់កំពុងបំពេញកិច្ចសម្រាប់យើងនៅស្ថានសួគ៌ដើម្បីសង្គ្រោះយើង រាល់គ្នាពីអំពើបាប។ ខណៈដែលលោកអ្នកគិតអំពីរឿងទាំងនេះ សូមអានពាក្យពេចន៍ទាំងនេះពីលោកប៉ុល៖ «យើងនឹងត្រូវទទួលទោសប្រសិនបើយើងបំភ្លេច ឬបោះបង់ផ្លូវនៃសេចក្តីសង្គ្រោះដ៏ អស្ចារ្យនេះ នោះ» (ហេព្រើរ ២៖៣, បកប្រែថ្មីពី WE)។

ថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១

ព្រះយេស៊ូវទ្រង់បំពេញកិច្ចការសម្រាប់យើងនៅស្ថានសួគ៌

សូមសិក្សាខគម្ពីរហេព្រើរ ៩៖២៤។ ខនេះពន្យល់អំពីកិច្ចការដែលព្រះយេស៊ូវធ្វើនៅស្ថានសួគ៌នាពេលឥឡូវនេះ។ យើងអាចរៀនចំណុចជាច្រើនពីខគម្ពីរហេព្រើរ ៩៖២៤។ ប៉ុន្តែ យើងចង់ក្រឡេកមើលផ្នែកចុងក្រោយនៃខនេះ។ ផ្នែកនេះប្រាប់យើងថា ឥឡូវនេះព្រះយេស៊ូវទ្រង់ឈរ «នៅពីមុខព្រះជាម្ចាស់។ ទ្រង់គង់នៅទីនោះនាពេលឥឡូវនេះ» (ហេព្រើរ ៩៖២៤, បកប្រែពី NIrV)។

តើលោកអ្នកយល់ថា ខនេះសន្យានឹងយើងច្រើនប៉ុនណាដែរ? យើងរាល់គ្នាគឺជាបាបជន។ ប្រសិនបើយើងឈរនៅពីមុខព្រះនាពេលឥឡូវនេះ តើនឹងមានអ្វីកើតឡើងចំពោះយើងរាល់គ្នា? សិរីល្អ របស់ព្រះនឹងបញ្ឆេះយើងអស់មែនទេ? ហេតុនោះ យើងមិនអាចឈរនៅចំពោះព្រះនាពេលឥឡូវនេះបានទេ។ ប៉ុន្តែ មានតួអង្គមួយផ្សេងដែលឈរនៅទីនោះជំនួសយើងរាល់គ្នា នោះគឺជាព្រះយេស៊ូវនោះឯង។ ប្រហែលជាយើងធ្លាប់ជួបរឿងអាក្រក់ខ្លាំងក្នុងអតីតកាល។ ប្រហែលជាយើងបានរំលងក្រឹត្យវិន័យរបស់ព្រះតាមរបៀបមិនគប្បីណាមួយ។ ដំណឹងល្អនោះគឺថា ព្រះយេស៊ូវទ្រង់បានយាងចូលទីលានវិនិច្ឆ័យសម្រាប់យើងនៅស្ថានសួគ៌។ ទ្រង់សូមឲ្យព្រះជាម្ចាស់អត់ទោសដល់យើង។ ចូរគិតអំពីរបៀបដែលព្រះយេស៊ូវគង់ព្រះជន្មនៅលើផែនដី។ ទ្រង់តែងតែអត់ទោស និងទទួលយកផងដែរ។ ឥឡូវនេះ តួអង្គដដែលនេះគឺជាមេធាវីរបស់យើងនៅក្នុងកន្លែងជំនុំជំរះក្នុងស្ថានសួគ៌!

ព្រះយេស៊ូវគឺប្រៀបដូចជា «ស្ពាន» សម្រាប់មនុស្សលោក។ ព្រះយេស៊ូវបានបង់ថ្លៃសម្រាប់អំពើបាបរបស់យើងនៅត្រង់ឈើឆ្កាង (ពេត្រុសទី១ ២៖២៤)។ ហេតុនោះ ឥឡូវនេះព្រះទ្រង់ឈរនៅរវាងស្ថានសួគ៌ និងមនុស្សលោកនៅផែនដី។

យើងអាចយល់អំពីគោលគំនិតនេះបាន។ អំពើបាបបានបណ្តាលឲ្យមានការដាច់ចេញពីគ្នារវាងព្រះ និងមនុស្សលោក។ ព្រះយេស៊ូវគឺជាព្រះផង និងមនុស្សផង។ ទ្រង់គ្រប់លក្ខណ៍។ ហេតុនោះ ព្រះយេស៊ូវគឺជាតួអង្គដែលអាចធ្វើជា «ស្ពាន» រវាងបាបជន និងព្រះជាម្ចាស់បាន។ គោលគំនិតដ៏សំខាន់បំផុតដែលត្រូវនឹកចាំនោះគឺថា ព្រះយេស៊ូវដែលជាព្រះផងមនុស្សផងទ្រង់ឈរនៅខាងយើងនៅស្ថានសួគ៌។ ទ្រង់អាចយល់អំពីការសាកល្បងទាំងអស់ក្នុងជីវិតរបស់យើង និងទុក្ខវេទនារបស់យើង (ហេព្រើរ ៤៖១៤, ១៥)។ នោះហើយជាមូលហេតុទ្រង់គឺជាតួអង្គដ៏វិសេសបំផុតដែលឈរសម្រាប់យើងរាល់គ្នានៅពីមុខព្រះវរបិតា របស់យើងនៅស្ថានសួគ៌។

«ពី​ព្រោះ​មាន​ព្រះ​តែ​១ ហើយ​មាន​អ្នក​សង្រួប​សង្រួម​តែ​១ នៅ​កណ្តាល​ព្រះ និង​មនុស្ស គឺ​ជា​មនុស្ស​ដ៏​ជា​ព្រះគ្រីស្ទយេស៊ូវ​នោះ ទ្រង់​បាន​ថ្វាយ​ព្រះអង្គ​ទ្រង់ ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ទាំង​អស់ ដែល​ត្រូវ​មាន​ទី​បន្ទាល់​នៅ​ពេល​កំណត់» (ធីម៉ូថេទី១ ២៖៥, ៦)។ យោងតាមខទាំងនេះតើកិច្ចការពីរយ៉ាងដែលព្រះយេស៊ូវធ្វើមានអ្វីខ្លះ? តើកិច្ចការទាំងពីរនេះត្រូវបានបង្ហាញដោយរោងឧបោសថ និងយញ្ញបូជានៅជំនាន់ គម្ពីរសញ្ញាចាស់ដោយរបៀបណា?

សេចក្តីសញ្ញាថ្មីផ្តល់ឲ្យយើងនូវដំណឹងល្អ៖ ព្រះយេស៊ូវទ្រង់ឈរសម្រាប់យើងរាល់គ្នានៅចំពោះព្រះ។ ព្រះយេស៊ូវបានសូមព្រះឲ្យអត់ទោសដល់យើង និងប្រទានអំណាចដល់យើងឲ្យឈ្នះលើអំពើបាប។ តើយើងមានសង្ឃឹមលើអ្វីទៅបើគ្មានសេចក្តីសង្ឃឹមនេះនោះ?

ថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១

សិក្សាបន្ថែម

«ទេវតាដ៏មានអំណាចបំផុតនៅស្ថានសួគ៌មិនអាចបង់ថ្លៃសម្រាប់សង្គ្រោះបាបជនម្នាក់បានឡើយ។ កុំថាឡើយទេវតាដែលមានស្លាបបួន សូម្បីតែទេវតាដែលមានស្លាបប្រាំមួយក៏មិនអាចបង់ ថ្លៃនេះបានដែរ។ មានតែតួអង្គដែលដូចគ្នានឹងព្រះប៉ុណ្ណោះទើបអាចសង្គ្រោះមនុស្សលោក​បាន។ អ្វីៗគ្រប់យ៉ាងអំពីតួអង្គនេះបង្ហាញថា ទ្រង់ស័ក្តិសមនឹងឈរនៅចំពោះព្រះសម្រាប់បាបជន។ ទ្រង់ក៏អាចបង្ហាញឲ្យមនុស្សលោកបានស្គាល់ព្រះ និងសេចក្តីស្រឡាញ់របស់ព្រះអង្គបានដែរ។ តួអង្គជំនួសមនុស្សលោកក៏ត្រូវតែដូចជាមនុស្សលោកដែរ។ ទ្រង់ត្រូវតែកើតជាមនុស្សលោកដែលមានអារម្មណ៍ និងគំនិត​ដូចជាមនុស្សលោក។ ទ្រង់ត្រូវតែផ្សារភ្ជាប់ជាមួយនឹងគ្រួសារមនុស្សជាតិ។ ទើបទ្រង់អាចឈរឡើងនៅចំពោះព្រះសម្រាប់មនុស្សលោកបាន។ តួអង្គជំនួសសម្រាប់មនុស្សលោកក៏ត្រូវតែមានព្រះតម្រិះ និង​អារម្មណ៍ដូចជាព្រះដែរ។ ទ្រង់ត្រូវតែផ្សារភ្ជាប់ជាមួយនឹងព្រះ។ ទើបទ្រង់អាចបង្ហាញមនុស្សលោកឲ្យស្គាល់ព្រះ ព្រមទាំងឈររវាងព្រះនិងមនុស្សលោកបានផងដែរ»។ ដកស្រង់ពី Ellen G. White, Selected Messages, book 1, page 257, adapted។

«ព្រះយេស៊ូវមានបន្ទូលថា៖ កាលណាអ្នករាល់គ្នាប្រាប់គេអំពីខ្ញុំ ខ្ញុំក៏នឹងទូលប្រាប់ទៅព្រះ និងទេវតាបរិសុទ្ធអំពីអ្នករាល់គ្នាដែរ។ អ្នករាល់គ្នាគឺជាស្មរបន្ទាប់របស់ខ្ញុំនៅលើផែនដីនេះ។ ខ្ញុំនឹងចាក់ព្រះគុណ របស់ខ្ញុំទៅលើអ្នករាល់គ្នា។ ព្រះគុណនេះនឹងបង្ហូរពីអ្នករាល់គ្នាទៅកាន់អ្នកដទៃទៀត ដើម្បីឲ្យបានជា ផងដែរ។ ខ្ញុំនឹងឈរនៅចំពោះព្រះសម្រាប់អ្នករាល់គ្នានៅស្ថានសួគ៌។ ព្រះវរបិតានឹងមិនទតឃើញកំហុសដែលអ្នករាល់គ្នាបានធ្វើឡើយ។ អត់ទេ ទ្រង់នឹងទតឃើញអ្នករាល់គ្នាដូចជាទ្រង់ទតឃើញខ្ញុំដែរ។ អ្នករាល់គ្នានឹងបានគ្រប់លក្ខណ៍ក្នុងព្រះនេត្រទ្រង់។ ទ្រង់មានព្រះពរជាច្រើនសម្រាប់អ្នករាល់គ្នានៅស្ថានសួគ៌។ ព្រះទ្រង់ប្រទានព្រះពរទាំងនេះដល់ខ្ញុំដើម្បីឲ្យចែកដល់អ្នករាល់គ្នា។ ហេតុនោះ សូមប្រាប់អ្នកដទៃទៀតអំពីរបៀបដែលខ្ញុំបានសុគតដើម្បីសង្គ្រោះពួកគេនៅលើឈើឆ្កាងផងចុះ។ នោះអ្នករាល់គ្នានឹងក្លាយជាផ្នែកនៃក្រុមមនុស្សដែលនឹងត្រូវបានសង្គ្រោះ។ មនុស្សទាំងនេះនឹងមានសិរីល្អ និងសេចក្តីអំណរ»។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 357, adapted។

សំនួរពិភាក្សា៖
  1. សូមអានខគម្ពីររ៉ូម ៥៖២, អេភេសូរ ២៖១៨, និងអេភេសូរ ៣៖១២។ តើខទាំងនេះជួយយើងឲ្យយល់ យ៉ាងដូចម្តេចថា ព្រះយេស៊ូវគឺជាផ្លូវតែមួយគត់ដែលយើងអាចមកឯព្រះបាន?

  2. សូមក្រឡេកមើលកថាខណ្ឌទីពីរនៃការដកស្រង់របស់អ្នកស្រីអែល្លិន ជី វ៉ៃត៍ខាងលើ។ តើលោកអ្នកឃើញរបៀបដែលគាត់ពន្យល់អំពីការងាររបស់មេធាវីដែរឬទេ? នៅពេលដែលព្រះវរបិតា​ក្រឡេកទត​មកយើង ទ្រង់ពុំបានឃើញអំពើបាបរបស់យើងទេ។ អត់ទេ ទ្រង់ទតឃើញព្រះជន្មដ៏បរិសុទ្ធរបស់ព្រះ-យេស៊ូវ ដែលជាមេធាវីនៅស្ថានសួគ៌ទៅវិញ។ ចូរគិតអំពីអត្ថន័យនៃរឿងនេះ។ ចូរពិភាក្សាចម្លើយរបស់លោកអ្នកនៅក្នុងថ្នាក់។ ​

  3. យើងដឹងថា ព្រះយេស៊ូវគង់នៅក្នុងព្រះវិហារនៅស្ថានសួគ៌។ តើរឿងនោះមានន័យដូចម្តេចសម្រាប់យើងនាពេលឥឡូវនេះ?

រឿងខ្លី

ក្មេងប្រុសម្នាក់បានធ្វើឱ្យព្រះវិហារដែលស្លាប់រស់ឡើងវិញ

Jeans

ចាស់ទុំព្រះវិហារសេវេនដេយ៍អាត់វេនទីស្ទម្នាក់បានសុំឱ្យអាឡេហាន់ដ្រូអធិប្បាយដំបូងបង្អស់ក្នុងការផ្សាយដំណឹងល្អជាស៊េរីនៅអាយុ៨ឆ្នាំ។ ចាស់ទុំព្រះវិហារបានប្រាប់ទៅកាន់ម្តាយរបស់អាឡេហាន់ដ្រូ ថា៖ «យើងចង់ដាំគ្រាប់ពូជ មិនមែនដើម្បីប្រមូលផលទេ»។ ព្រះវិហារនេះបានស្លាប់នៅលើកោះធារ៉ាប៊ុមបារ (Tierra Bomba) ដែលជាកោះមួយស្ថិតនៅក្បែរឆ្នេរសមុទ្រការ៉ាប៊ីនរបស់ប្រទេសកូឡុំប៊ី។ ប្រធានចាស់ទុំ ​​បានលាឈប់ពីវេទិកាអធិប្បាយ ហើយបានចាកចេញពីក្រុមជំនុំនៅថ្ងៃចុងក្រោយនៃការប្រជុំផ្សាយ-ដំណឹងល្អដែលគាត់បានដឹកនាំនោះ។ សមាជិកក្រុមជំនុំបានបាក់ទឹកចិត្ដ ហើយមនុស្សជាច្រើនបានឈប់ថ្វាយបង្គំព្រះនៅថ្ងៃសប្បាតហ៍។

អាឡេហាន់ដ្រូដែលធ្លាប់ធ្វើការអធិប្បាយតាំងពីគាត់មានអាយុ៤ឆ្នាំ មកម្ល៉េះ ក៏គាត់នៅតែខ្លាចមិនហ៊ាននិយាយក្នុងការជួបជុំលើកដំបូងនេះដែរ។ ប៉ុន្តែម្ដាយរបស់គាត់បាន​ឱប​គាត់​យ៉ាងខ្លាំង ហើយពួកគេក៏បានអធិស្ឋានរួមគ្នា។ មនុស្សម្នាបាននាំគ្នាមកអង្គុយនៅទីធ្លានៃផ្ទះរបស់ សមាជិកព្រះវិហារម្នាក់ដើម្បីស្តាប់ការអធិប្បាយរបស់ក្មេងប្រុសម្នាក់នេះ។ ដោយសង្ឃឹមថា នឹងរំខានដល់ការប្រជុំពេញមួយសប្តាហ៍នេះ អតីតប្រធានចាស់ទុំបានរៀបចំការប្រជុំផ្ទាល់ខ្លួននៅក្នុងផ្ទះរបស់គាត់តាមផ្លូវក្បែរកន្លែងរបស់អាឡេហាន់ដ្រូផ្សាយដំណឹងល្អ។ គាត់បានអញ្ជើញសមាជិកក្រុមជំនុំបច្ចុប្បន្ន និងអតីតឱ្យមកចូលរួមក្នុងការប្រជុំប្រចាំថ្ងៃរបស់គាត់។ មនុស្សម្នាដែលធ្វើដំណើរទៅកាន់ផ្ទះរបស់គាត់បានឃើញក្មេងប្រុសនោះកំពុងធ្វើការអធិប្បាយនៅពេលពួកគេដើរកាត់ ហើយក៏បានឈប់ទ្រឹង។ ពួកគេងឿងឆ្ងល់​ថា៖ «តើក្មេងប្រុសជាអ្នកអធិប្បាយម្នាក់នេះគឺជានណាដែរ?» មនុស្សជាច្រើនបានឈប់ចាំស្តាប់។ អតីតប្រធានចាស់ទុំក្រុមជំនុំមានការតូចចិត្តនៅពេលឃើញមនុស្សទៅចូលរួមក្នុងការប្រជុំរបស់អាឡេហាន់ដ្រូ ហើយគាត់ក៏បានដើរទៅទីនោះដើម្បីដុកដាន់ឱ្យពួកគេមកផ្ទះរបស់គាត់។ ​

គាត់ក៏បានប្រាប់មនុស្សម្នាក់​ដោយ​ចាប់ដៃ​ពួកគេទាំងនិយាយថា៖ «ឆាប់ឡើង តោះទៅ!» មនុស្សមួយចំនួនបានទៅជាមួយគាត់ ប៉ុន្តែនៅពេលដែលគាត់មិនយកចិត្តទុកដាក់ នោះពួកគេលបលួចត្រឡប់មកស្តាប់សេចក្តីអធិប្បាយរបស់អាឡេហាន់ដ្រូវិញ។

ហេតុការណ៍នេះបានបន្តអស់រយៈពេលជាច្រើនថ្ងៃ។ បន្ទាប់មកសមាជិកក្រុមជំនុំបានអញ្ជើញអតីតប្រធានចាស់ទុំក្រុមជំនុំឱ្យទៅចូលរួមក្នុងការផ្សាយដំណឹងល្អ ហើយគាត់ក៏បានមក។ ជាផ្នែកមួយ​នៃការផ្សាយដំណឹងល្អ អាឡេហាន់ដ្រូបានទៅសួរសុខទុក្ខផ្ទះរបស់បងប្អូនដែលបានឆ្លើយតបទៅនឹង​ការអំពាវនាវរបស់គាត់សម្រាប់ការទទួលយកបុណ្យជ្រមុជទឹក។ ក្នុងការចុះសួរសុខទុក្ខនៅលើកទី១ មានមនុស្សបីនាក់បានបញ្ជាក់ពីបំណងប្រាថ្នារបស់ពួកគេសម្រាប់ទទួលយកបុណ្យជ្រមុជទឹក។ ក្នុងលើកទី២ មាន​បុរស និងស្ត្រីមួយគូដែលមិនទាន់រៀបការនៅឡើយ ក៏បានស្នើសុំទទួលយកបុណ្យជ្រមុជទឹក។ ម្តាយរបស់អាឡេហាន់ដ្រូបានជួយពួកគេឱ្យបំពេញឯកសារក្រដាសស្នាម ដើម្បីឱ្យពួកគេអាចរៀបការស្របតាមផ្លូវច្បាប់បាន។ មានមនុស្សសរុបចំនួន៧នាក់ បានទទួលបុណ្យជ្រមុជទឹកនៅចុងបញ្ចប់នៃ​ការប្រជុំពេញ​មួយសប្តាហ៍។ អាឡេហាន់ដ្រូបានចាកចេញពីកោះធារ៉ាប៊ុមបារ ទាំងចិត្ត​អរ សប្បាយរីករាយ។ សមាជិកក្រុមជំនុំក៏ទទួលបានសេចក្តីអំណររីករាយផងដែរ។ ព្រះវិហារនេះក៏បានរឹងមាំ និងត្រូវ​បានរីកលូតលាស់។ អាឡេហាន់ដ្រូបាននិយាយថា៖ «ព្រះយេស៊ូវ​បានទទួលជ័យជំនះហើយ»។ ​

អំណានដង្វាយប្រចាំសប្តាហ៍

នៅពេលដែលអាន្ន៉ានាស និងសាភីរ៉ាបដិសេធមិនយកព្រះទុកជាទីមួយ

ការយកព្រះទុកជាទីមួយមិនមែនជារឿងងាយស្រួលឡើយ។ តើយើងអាចរៀនអ្វីខ្លះ​ពីអាន្ន៉ានាស និងសាភីរ៉ាដែលបានបដិសេធមិនយកព្រះទុកជាទីមួយ?

ពួកគេពិតជាចង់យកព្រះទុកជាទីមួយខ្លាំងណាស់។ ពួកគេបានជឿលើព្រះយេស៊ូវ ហើយទំនងជាបានទទួលពិធីជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធផង។ ប៉ុន្តែ អាន្ន៉ានាស និងសាភីរ៉ាហាក់មានការពិបាកក្នុងការរក្សាការសន្យារបស់ពួកគេចំពោះព្រះទៅវិញ។

ដំបូង ពួកគេនិយាយថា ពួកគេនឹងថ្វាយប្រាក់ទាំងអស់ពីការលក់ដីរបស់ខ្លួន។ នេះគឺជាទឹកចិត្តសប្បុរសដែលខ្ពង់ខ្ពស់លើសពីអ្វីដែលព្រះបានតម្រូវទៅទៀត។ នៅមុនពេលលក់ ពួកគេប្រាកដជាសប្បាយចិត្តក្នុងការសន្យាហើយមើលទៅ។ ប្រហែលជាការនោះកើតមកពីសម្ពាធនៃការឃើញមនុស្សជាច្រើននាំគ្នាលក់ទ្រព្យសម្បត្តិរបស់ពួកគេ​និងប្រគល់ទាំងអស់​ដល់​ពួកសាវ័កហើយ។

បញ្ហាកើតឡើងនៅពេលដែលអាន្ន៉ានាសនិងសាភីរ៉ាបានលុយនៅក្នុងដៃរបស់ពួកគេ។ សេចក្តីលោភលន់ក៏បានកើតឡើង។ ពួកគេចាប់ផ្តើមគិតអំពីរបស់ទាំងអស់ដែលពួកគេអាចយកលុយនោះទៅទិញបាន។ សេចក្តីលោភលន់បានបង្វែរផែនការ ហើយផែនការនោះក៏បានដឹកនាំពួកគេទៅសេចក្តីស្លាប់។

ពួកគេបានព្រមព្រៀងគ្នាថានឹងប្រាប់ពួកជំនុំថាពួកគេបានទទួលលុយតិចជាងចំនួនដែលពួកគេបានរំពឹងទុក។

នៅចុងបញ្ចប់នៃថ្ងៃនោះ ទាំងអាន្ន៉ានាស និងសាភីរ៉ាក៏បានស្លាប់និងត្រូវបានកប់។ ហេតុអ្វីបានជាព្រះប្រព្រឹត្តដាក់ពួកគេកាចម៉្លេះ? តើលុយគឺជាហេតុផលគ្រប់គ្រាន់ដើម្បីបញ្ចប់ជីវិតរបស់ពួកគេមែនទេ?

ព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះភាពស្មោះត្រង់និងទៀងត្រង់ខ្លាំងណាស់។ សព្វ​ថ្ងៃនេះ ប្រាក់ដង្វាយ១០ហូត១ និងសទ្ធាក៏ត្រូវតែពិតប្រាកដដូចជាប្រាក់ដែលបានមកពីការលក់ដីរបស់អាន្ន៉ានាសនិងសាភីរ៉ាដែរ។ ព្រះទ្រង់ពុំបានបង្ខំនរណាម្នាក់ឲ្យសន្យាថ្វាយចំនួនណាមួយជាដង្វាយសទ្ធាដល់ព្រះអង្គជារៀងរាល់ខែឡើយ។ ប៉ុន្តែ កាលណាយើងសន្យាជា​មួយព្រះអង្គ វាច្បាស់ណាស់ថា ព្រះទ្រង់នឹងរំពឹងពីយើងឲ្យរក្សាពាក្យសន្យានោះ។

ប៉ុន្តែ ចុះប្រសិនបើយើងខកខានមិនបានធ្វើកាលពីអតីតកាលវិញដូចម្តេចដែរ? ចូរយើងឈប់បន្តកុហកដល់ខ្លួនឯងនិងដល់ព្រះតទៅទៀតទៅ។ យើងអាចពិតត្រង់ចំពោះពាក្យសន្យារបស់យើងគ្រប់ពេលវេលា រាប់ទាំងថ្ងៃនេះផង។

អាន្ន៉ានាសនិងសាភីរ៉ាបានបដិសេធមិនយកព្រះទុកជាទីមួយ។ លទ្ធផលចេញមកគឺអាក្រក់ណាស់សម្រាប់ពួកគេនិងមនុស្សដែលនៅជុំវិញពួកគេ។ គំរូអាក្រក់របស់ពួកគេបានដាស់តឿនយើងរាល់គ្នានៅថ្ងៃនេះ ហើយសេចក្តីស្រឡាញ់របស់ព្រះក៏ជម្រុញយើងឲ្យយកនគររបស់ព្រះទុកជាទីមួយដែរ។ ខណៈដែលអ្នកជំនួយការកំពុងប្រមូលប្រាក់ដង្វាយ សូមយកព្រះទុក​ជា​ទី​មួយ​ចុះ។ ​

Powered by CAM