មេរៀនទី១១​៖ ៤-១០ ធ្នូ ២០២១

បទគម្ពីរចោទិយកថានៅក្នុងសំណេរក្រោយៗមកទៀត

Jeans
ថ្ងៃសៅរ៍ ទី៤ ខែធ្នូ ឆ្នាំ២០២១
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ពង្សាវតារក្សត្រទី២ ២២; ចោទិយកថា ១០៖១២-១៥; ចោទិយកថា ៤៖២៣-២៩; មីកា ៦៖១-៨; ចោទិយកថា ៩៖១-១៩។

ខចងចាំ៖ «ប៉ុន្តែ ព្រះយេហូវ៉ា​ទ្រង់​បាន​សព្វ​ព្រះហឫទ័យ​នឹង​ស្រឡាញ់​ដល់​ពួកអយ្យកោ​ឯង ហើយ​ទ្រង់​បាន​រើស​ពូជ​គេ​ត​រៀង​មក គឺ​ឯង​រាល់​គ្នា ដែល​ទ្រង់​រាប់អាន​លើស​ជាង​អស់​ទាំង​សាសន៍ ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ» (ចោទិយកថា ១០៖១៥)។

តើអ្នកដឹងថា អ្នកនិពន្ធក្រោយៗមកទៀតនៅក្នុងគម្ពីរសញ្ញាចាស់តែងតែប្រើពាក្យពីអ្នកនិពន្ធមុនៗ ដើម្បីបង្ហាញគំនិតរបស់ពួកគេដែរឬទេ?

ចូរយើងក្រឡេកមើលឧទាហរណ៍មួយចេញពីកណ្ឌគម្ពីរទំនុកដំកើង។ អ្នកសរសេរកណ្ឌគម្ពីរ ទំនុកដំកើង ៨១ បានមានប្រសាសន៍នូវពាក្យសឹងតែដូចគ្នានឹងអ្វីដែលលោកម៉ូសេបានសរសេរនៅក្នុង សេចក្តីណែនាំអំពីក្រឹត្យវិន័យទាំង១០ប្រការយ៉ាងដូច្នេះថា៖ «អញ​នេះ គឺ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯងដែល​បាន​នាំ​ឯង​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក» (ទំនុកដំកើង ៨១៖១០)។

អ្នកសរសេរជាច្រើននាក់បានពិពណ៌នាអំពីរបៀបដែលព្រះបានបង្កើតផែនដីនេះតាមរយៈគម្ពីរសញ្ញាចាស់ទាំងមូល។ អ្នកសរសេរទាំងនេះបានប្រើពាក្យដដែលដែលលោកម៉ូសេបានសរសេរនៅក្នុងបទគម្ពីរលោកុប្បត្តិ ១។ សូមក្រឡេកមើលអ្វីដែលលោកយេរេមាបានមានប្រសាសន៍ថា៖ «ខ្ញុំ​បាន​ពិចារណា​មើល​ផែនដី ឃើញ​ថា​ខូច ហើយ​នៅ​ទទេ រួច​មើល​ទៅ​លើ​មេឃ នោះ​ក៏​ឥត​មាន​ពន្លឺ​ដែរ» (យេរេមា ៤៖២៣; សូមប្រៀបធៀបអ្វីដែលលោកយេរេមាបានសរសេរនៅត្រង់នេះជាមួយនឹងពាក្យពេចន៍របស់លោកម៉ូសេនៅក្នុងខគម្ពីរលោកុប្បត្តិ ១៖២)។

អ្នកសរសេរគម្ពីរសញ្ញាចាស់ជាច្រើននាក់តែងតែមានប្រសាសន៍អំពីព្រះ និងសេចក្តីសញ្ញារបស់ទ្រង់ជានិច្ច។ ម្ល៉ោះហើយ យើងមិនគួរភ្ញាក់ផ្អើលឡើយក្នុងការដែលពួកគេបញ្ចូលផ្នែកមួយចំនួននៃកណ្ឌគម្ពីរចោទិយកនៅក្នុងសំណេរផ្ទាល់របស់ពួកគេ។ កណ្ឌគម្ពីរចោទិយកថាទាំងមូលស្តីអំពីសេចក្តីសញ្ញា។ សប្តាហ៍នេះ យើងនឹងក្រឡេកមើលអំពីរបៀបដែលអ្នកសរសេរព្រះគម្ពីរដទៃទៀតបានប្រើនូវសម្រង់មតិចេញពីកណ្ឌគម្ពីរចោទិយកថា។ តើអ្នកសរសេរទាំងនេះបានប្រើផ្នែកណាខ្លះនៃកណ្ឌគម្ពីរចោទិយកថា? តើគោលគំនិតរបស់ពួកគេសំខាន់ប៉ុនណាសម្រាប់យើងសព្វថ្ងៃនេះ?

ថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១

គម្ពីរក្រឹត្យវិន័យ

ស្តេចយ៉ូសៀសបានក្លាយជាសេ្តចនៃសាសន៍យូដា នៅពេលដែលគាត់មានព្រះជន្ម៨ឆ្នាំ។​ គាត់បានធ្វើជាស្តេចអស់រយៈពេល៣១ឆ្នាំ គឺចាប់ពីឆ្នាំ៦៤០រហូតដល់ឆ្នាំ៦០៩មុនគ្រិស្តសករាជ។ នៅពេលដែលស្តេចយ៉ូសៀសបានគ្រងរាជ្យអស់រយៈពេល១៨ឆ្នាំមក មានហេតុការណ៍ដ៏ធំមួយបានកើតឡើង។ ហេតុការណ៍មួយនេះបានផ្លាស់ប្តូរប្រវត្តិសាស្ត្រនៃសាសន៍អ៊ីស្រាអែលអស់រយៈកាលយ៉ាងយូរ។

តើយើងអាចរៀនអ្វីបានខ្លះចេញពីបទគម្ពីរពង្សាវតារក្សត្រទី២ ២២?

--------------------------------------------------------

អ្នកប្រាជ្ញខាងឯព្រះគម្ពីរបានជឿថា «គម្ពីរក្រឹត្យវិន័យ» នៅក្នុងបទគម្ពីរពង្សាវតារក្សត្រទី២ ២២៖ ៨ គឺជាខគម្ពីរចោទិយកថា។ គម្ពីរក្រឹត្យវិន័យត្រូវបានបំបាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ បន្ទាប់មក គម្ពីរនេះត្រូវបានរកឃើញវិញនៅក្នុងរជ្ជកាលរបស់ស្តេចយ៉ូសៀស។

«ស្តេចយ៉ូសៀសបានឮការដាស់តឿនចេញពីគម្ពីរក្រឹត្យវិន័យជាលើកដំបូង។ សេចក្តីទាំងនោះបានប៉ះពាល់ព្រះទ័យរបស់ទ្រង់ជាខ្លាំង។ ស្តេចយ៉ូសៀសបានជ្រាបក្បួនច្បាប់នៅក្នុងរបៀបដ៏ថ្មីមួយ។ ទ្រង់បានទតឃើញថា ព្រះបានផ្តល់ជម្រើសមួយដល់សាសន៍អ៊ីស្រាអែលរវាងផ្លូវ២៖ ‘ជីវិត និង​សេចក្តី​ស្លាប់’ (ចោទិយកថា ៣០៖១៩) រួមទាំង ‘ព្រះពរ និង​សេចក្តី​បណ្តាសា’ ផង (ចោទិយកថា ៣០៖១៩)។ ស្តេចយ៉ូសៀសបានទតឃើញថា ព្រះចង់សង្គ្រោះរាស្ត្ររបស់ទ្រង់ទាំងមូល ដូចជាទ្រង់បានរំដោះពួកគេ ចេញពីស្រុកអេស៊ីព្ទដូច្នោះដែរ។ ព្រះបានសន្យាថា នឹងប្រទានព្រះពរដល់រាស្ត្ររបស់ទ្រង់នៅក្នុងទឹកដីសន្យា។ ទ្រង់បានសន្យាថា នឹងធ្វើអោយពួកគេក្លាយទៅជាសាសន៍ដ៏មានអំណាចបំផុតនៅលើផែនដីនេះ»។ ដកស្រង់ពី Ellen G. White, Prophets and Kings, page 393, adapted។

ស្តេចយ៉ូសៀសបានព្យាយាមផ្គាប់ព្រះអម្ចាស់ជាខ្លាំង បន្ទាប់ពីពេលនោះមក។ ស្តេចយ៉ូសៀសបាន «ចុះ​សញ្ញា​នឹង​ព្រះយេហូវ៉ា ឲ្យ​បាន​ដើរ​តាម​ព្រះយេហូវ៉ា ហើយ​កាន់​តាម​ក្រឹត្យក្រម និង​សេចក្តី​បន្ទាល់ ហើយ​នឹង​បញ្ញត្តិរបស់​ទ្រង់​ទាំង​ប៉ុន្មាន អស់​អំពី​ចិត្ត ហើយ​អស់​អំពី​ព្រលឹង​ទ្រង់» (ពង្សាវតារក្សត្រទី២ ២៣៖ ៣; សូមអានខគម្ពីរចោទិយកថា ៤៖២៩; ចោទិយកថា ៦៖៥; ចោទិយកថា ១០៖១២ និងចោទិយកថា ១១៖១៣​ ផងដែរ)។ ស្តេចយ៉ូសៀសលើកស្ទួយជីរិតនៅក្នុងទឹកដីរបស់ទ្រង់តាមរយៈវិធីជាច្រើនយ៉ាង។ ស្តេច «យ៉ូសៀស​ក៏​បំបាត់​ពួក​គ្រូ​ខាប គ្រូ​គាថា ព្រម​ទាំង​រូប​ឆ្លាក់ និង​ព្រះ​ទាំង​ប៉ុន្មាន ហើយ​គ្រប់​ទាំង​សេចក្តី​គួរ​ស្អប់​ខ្ពើមដែល​ឃើញ​មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូសាឡិម​ទាំង​អស់​ចេញ ដើម្បី​ឲ្យ​បាន​សំរេច​តាម​ពាក្យ​នៃ​ក្រឹត្យវិន័យ​កត់​ទុក​ក្នុង​គម្ពីរដែល​ហ៊ីលគីយ៉ា​ជា​សំដេច​សង្ឃ បាន​ប្រទះ​ឃើញ​ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា» (ពង្សាវតារក្សត្រទី២ ២៣៖២៤)។ ស្តេចយ៉ូសៀសក៏បានសម្លាប់ពួកសង្ឃដែលបានថ្វាយ បង្គំរូបសំណាក់នៅក្នុងសាសន៍សាម៉ារីផងដែរ។

ស្តេចយ៉ូសៀសបានធ្វើការផ្លាស់ប្តូរធំៗ។ ការផ្លាស់ប្តូរទាំងនេះបង្ហាញយើងថា មនុស្សលោកបានងាកចេញពីព្រះឆ្ងាយប៉ុនណានៅក្នុងចិត្តរបស់ពួកគេ។ យើងចង់បម្រើព្រះអម្ចាស់អោយអស់ពីចិត្តរបស់យើងមែនទេ? ដូច្នេះ តើយើងត្រូវដកអ្វីខ្លះចេញពីផ្ទះ និងព្រះវិហាររបស់យើងដើម្បីអោយយើងអាចបម្រើព្រះអម្ចាស់បាននោះ?

ថ្ងៃច័ន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១

គ្រប់ទាំងអស់នៃស្ថានសួគ៌ជារបស់ព្រះ

កណ្ឌគម្ពីរចោទិយកថាបានបង្ហាញយើងថា បញ្ញត្តិ និងសេចក្តីសញ្ញាមានសារៈសំខាន់ជាទីបំផុត ចំពោះមិត្តភាពដែលសាសន៍អ៊ីស្រាអែលមានជាមួយនឹងព្រះ។ បញ្ញត្តិ និងសេចក្តីសញ្ញាក៏ជាផ្នែកមួយដ៏សំខាន់នៃផែនការដែលព្រះមានសម្រាប់សាសន៍ «ជ្រើសតាំង» របស់ទ្រង់ (ចោទិយកថា ៧៖៦, [បកប្រែថ្មី]; សូមអានខគម្ពីរចោទិយកថា ១៤៖២ និងចោទិយកថា ១៨៖៥ ផងដែរ)។

សូមអានខគម្ពីរចោទិយកថា ១០៖១២-១៥។ ខទាំងនេះបានពិពណ៌នាជាច្រើនអំពីបញ្ញត្តិ និងសាសន៍ជ្រើសតាំង។ តើពាក្យ «អស់ទាំងជាន់​ផ្ទៃ​មេឃ​ខាង​លើ» (ខ១៤) មានន័យយ៉ាងណានៅក្នុងព្រះគម្ពីរ? តើលោកម៉ូសេបង្ហាញពីគោលគំនិតអ្វីដល់យើងតាមរយៈពាក្យពេចន៍ទាំងនេះ?

--------------------------------------------------------

យើងមិនដឹងច្បាស់ថា «អស់ទាំងជាន់ផ្ទៃមេឃខាងលើ» មានន័យពិតប្រាកដយ៉ាងណានោះទេ។ ប៉ុន្តែ យើងប្រហែលគិតថា លោកម៉ូសេប្រើពាក្យទាំងនេះ ដើម្បីបង្ហាញយើងថា ព្រះទ្រង់ជាស្តេចដ៏ល្អ និងមានអំណាចជាទីបំផុត។ នេះគឺជាមូលហេតុដែលលោកម៉ូសេមានប្រសាសន៍ថា ផ្ទៃមេឃ ហើយអស់ទាំងជាន់ផ្ទៃមេឃខាងលើក៏ជារបស់ទ្រង់ផងដែរ។​ ដូច្នេះ «អស់ទាំងជាន់ផ្ទៃមេឃខាងលើ» បង្ហាញយើងថា ព្រះគ្រប់គ្រងលើរបស់ទាំងអស់នៅស្ថានសួគ៌ និងផែនដីទាំងស្រុង។

សូមអានខគម្ពីរខាងក្រោម។ តើលោកអ្នកឃើញខនីមួយៗពិពណ៌នាអំពីគោលគំនិតនៃពាក្យថា «អស់ទាំងជាន់ផ្ទៃមេឃខាងលើ» ដែរឬទេ? តើខនីមួយៗមានខ្លឹមសារយ៉ាងដូចម្តេច? តើលោកអ្នកឃើញខនីមួយៗបង្ហាញយើងនូវគោលគំនិតនៅក្នុងកណ្ឌគម្ពីរចោទិយកថាយ៉ាងដូចម្តេចអំពីពាក្យថា «អស់ទាំងជាន់ផ្ទៃមេឃខាងលើ» នេះ?

១. ពង្សាវតាក្សត្រទី១ ៨៖២៧------------------------------

២. នេហេមា ៩៖៦------------------------------------------

៣. ទំនុកដំកើង ១៤៨៖៤----------------------------------

យើងអាចឃើញនូវគោលគំនិតស្តីអំពីព្រះចេញពីកណ្ឌគម្ពីរចោទិយកថាតាមរយៈបទគម្ពីរ នេហេមា៩។ លោកនេហេមាបានសរសេរថា «គឺ​ទ្រង់​តែ​១​ដែល​ជា​ព្រះឯកអង្គ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ ព្រម​ទាំង​ពួក​ពលបរិវារ​នៅ​លើ​នោះ និង​ផែនដី ហើយ​សមុទ្រ និង​របស់​សព្វ​សារពើដែល​នៅ​ស្ថាន​ទាំង​នោះ​ផង ទ្រង់​ក៏​ទប់ទល់​ជីវិត​នៃ​របស់​ទាំង​នោះ ហើយ​ពួក​ពល​នៅ​លើ​មេឃក៏​ថ្វាយបង្គំ​ដល់​ទ្រង់» (នេហេមា ៩៖៦)។ ក្នុងខគម្ពីរចោទិយកថា ៩៖៣ «មានម្នាក់ [ជាពួកលេវី] អានមើលក្នុងគម្ពីរក្រឹត្យវិន័យ»។​ ជាការពិតណាស់ នេះប្រាកដជាកណ្ឌគម្ពីរចោទិយកថាតែមួយដែលស្តេចយ៉ូសៀសបានឮនៅក្នុងសម័យរបស់ទ្រង់មែនហើយ។ ឥឡូវនេះ យើងអាចយល់បានកាន់តែច្បាស់អំពីមូលហេតុដែលខដំបូងៗនៃកណ្ឌគម្ពីរលេវីវិន័យចែងអំពីពាក្យ «អស់ទាំងជាន់ផ្ទៃមេឃខាងលើ» នេះ។

ថ្ងៃអង្គារ ទី៧ ខែធ្នូ ឆ្នាំ២០២១

កណ្ឌគម្ពីរយេរេមា និងកណ្ឌគម្ពីរចោទិយកថា

កាលពីប៉ុន្មានឆ្នាំមុន មានបុរសវ័យក្មេងម្នាក់ចង់ស្វែងរក «សេចក្តីពិត» ជាខ្លាំង។ គាត់សុខចិត្តទៅគ្រប់ទីកន្លែងដែលគាត់ត្រូវទៅ ដើម្បីស្វែងរកសេចក្តីពិតនេះ។ ការស្រាវជ្រាវរបស់គាត់បាននាំគាត់ទៅឯព្រះវរបិតា និងព្រះយេស៊ូវដែលជាព្រះរាជបុត្រា។ បន្ទាប់មកបុរសវ័យក្មេងម្នាក់នេះបានក្លាយមកជាសេវេនដេយអាត់វេនទីស្ទ។ ខគម្ពីរដែលគាត់ពេញចិត្តបំផុតនោះគឺយេរេមា ២៩៖១៣ ដែលចែងយ៉ាង​ដូច្នេះ ថា៖ «ឯង​រាល់​គ្នា​នឹង​ស្វែង​រក​អញ ហើយ​នឹង​ឃើញ​ផង គឺ​កាល​ណា​ឯង​ស្វែង​រក​អញ​ឲ្យ​អស់​អំពី​ចិត្ត»។

សូមអានខគម្ពីរចោទិយកថា ៤៖៣២-២៩។ តើហេតុអ្វីបានជាព្រះតាំងសេចក្តីសន្យានេះជាមួយនឹងសាសន៍អ៊ីស្រាអែល។ តើសេចក្តីសន្យានេះមានអត្ថន័យយ៉ាងដូចម្តេចសម្រាប់យើងសព្វថ្ងៃនេះក្នុងនាមជាសេវេនដេយអាត់វេនទីស្ទ?

--------------------------------------------------------

ដូចដែលយើងបានឃើញរួចមកហើយថា កណ្ឌគម្ពីរចោទិយកថាបានបាត់ខ្លួនអស់រយៈកាលយ៉ាងយូររហូតដល់រជ្ជកាលនៃស្តេចយ៉ូសៀស។ ក្នុងអំឡុងនៃរជ្ជកាលស្តេចយ៉ូសៀស លោកយេរេមាបានចាប់ផ្តើមកិច្ចការរបស់គាត់សម្រាប់ព្រះ។ ដូច្នេះ យើងអាចមើលឃើញថា កណ្ឌគម្ពីរចោទិយកថាមានសារៈសំខាន់ជាទីបំផុតចំពោះលោកយេរេមា និងសំណេររបស់គាត់។

សូមអានខគម្ពីរយេរេមា ៧៖១-៧។ តើលោកយេរេមាបានប្រាប់ពួកបណ្តាជនអោយធ្វើអ្វីខ្លះនៅក្នុងខទាំងនេះ? តើពាក្យពេចន៍ទាំងនេះដែលចេញពីលោកយេរេមាបង្ហាញយើងអំពីសារនៅក្នុងខគម្ពីរ ចោទិយកថា ៤៖២៣-២៩ ដោយរបៀបណា?

--------------------------------------------------------

លោកម៉ូសេបានប្រាប់ពួកបណ្តាជនម្តងហើយម្តងទៀតថា ភាពជោគជ័យរបស់ពួកគេនៅក្នុងស្រុកកាណាននឹងកើតមានឡើង បើសិនជាពួកគេបានគោរពតាមព្រះ។ តែបើគេមិនបានគោរពតាមវិញ នោះព្រះនឹងដកពួកគេចេញពីទឹកដីដែលទ្រង់បានប្រគល់អោយពួកគេ។ សូមក្រឡេកមើលការដាស់តឿននៅក្នុងខគម្ពីរចោទិយកថា ៧៖៤។ ខនេះបានបង្ហាញយើងថា ការគោរពតាមមានសារៈសំខាន់ជាទីបំផុត។ ព្រះបានជ្រើសរើសសាសន៍អ៊ីស្រាអែលពិតមែន។ ហើយព្រះវិហាររបស់ព្រះក៏នៅក្នុងទឹកដីរបស់ពួកគេយ៉ាងពិតប្រាកដដែរ។ ប៉ុន្តែ ប្រសិនបើពួកគេអាក់ខានមិនបានគោរពតាមព្រះទេនោះ ព្រះពរទាំងពីរនេះមិនអាចជួយសង្គ្រោះពួកគេបានឡើយ។

​ការគោរពតាមរបស់ពួកគេរាប់បញ្ចូលទាំងសេចក្តីសប្បុរសចំពោះពួកស្រុកក្រៅ ក្មេងកំព្រា និងស្ត្រីមេម៉ាយ។ តើគោលគំនិតនេះបានមកពីណា? ជាការពិតណាស់ គោលគំនិតនេះបានមកពីកណ្ឌគម្ពីរចោទិយកថា។ លោកម៉ូសេបានបង្គាប់ពួកគេថា៖ «មិន​ត្រូវ​ឲ្យ​ឯង​បង្វែរ​សេចក្តី​យុត្តិធម៌ ពី​អ្នក​ប្រទេស​ក្រៅ ឬ​ពី​កូន​កំព្រា​ឡើយ ក៏​មិន​ត្រូវ​ទទួល​បញ្ចាំ​អាវ​របស់​ស្រី​មេម៉ាយ​ដែរ» (ចោទិយកថា ២៤៖១៧; សូមអាន ខគម្ពីរចោទិយកថា ២៤៖២១; ចោទិយកថា ១០៖១៨, ១៩ និងចោទិយកថា ២៧៖១៩)។ សូមអានខគម្ពីរយេរេមា ៤៖៤ រួចប្រៀបធៀបខគម្ពីរនេះជាមួយនឹងខគម្ពីរចោទិយកថា ៣០៖ ៦។ តើសារសម្រាប់រាស្ត្ររបស់ព្រះនៅក្នុងខទាំងនេះគឺជាអ្វី? តើហេតុអ្វីបានជាក្បួនច្បាប់នៅក្នុងខទាំងនេះសំខាន់ម្ល៉េះ សម្រាប់ជីវិតនៃរាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះ?

ថ្ងៃពុធ ទី៨ ខែធ្នូ ឆ្នាំ២០២១

តើព្រះអម្ចាស់ចង់បានអ្វី?

សូមអានខគម្ពីរមីកា ៦៖១-៨។ (សូមអានខគម្ពីរអេម៉ុស ៥៖២៤ និងហូសេ ៦៖៦ ផងដែរ)។ តើព្រះអម្ចាស់បានបង្គាប់ដល់ពួកបណ្តាជននៅក្នុងខទាំងនេះយ៉ាងដូចម្តេច? តើសាររបស់ទ្រង់បង្ហាញយើងអំពីគោលគំនិតតែមួយនៅក្នុងកណ្ឌគម្ពីរចោទិយកថាដោយរបៀបណា?

--------------------------------------------------------

អ្នកប្រាជ្ញខាងឯព្រះគម្ពីរបានសម្លឹងឃើញគោលគំនិតមួយនៅក្នុងខគម្ពីរមីកា ៦៖១-៨ ដែលហៅថា «ជំលោះស្របច្បាប់រវាងព្រះ និងសាសន៍អ៊ីស្រាអែល»។ ព្រះបានឈ្លោះជាមួយនឹងរាស្ត្ររបស់ទ្រង់អំពីសេចក្តីរបស់ទ្រង់។ ពួកគេបានបំពានសេចក្តីសញ្ញានេះ។ ម្ល៉ោះហើយ ព្រះអម្ចាស់បានយកពួកគេទៅឯសាលាជំនុំជំរះ។ លោកមីកាបានបកស្រាយថា «​ព្រះ‌អម្ចាស់ចោទ​ប្រកាន់​អ៊ីស្រា‌អែលជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ» (មីកា ៦៖២, គខប)។ ពាក្យថា «ចោទប្រកាន់» នៅក្នុងភាសាហេព្រើរបង្ហាញអំពីការជំទាស់ដ៏ស្របច្បាប់មួយ។ ព័ត៌មាននេះបង្ហាញប្រាប់យើងថា ព្រះអម្ចាស់បានលើកការចោទប្រកាន់តាមផ្លូវច្បាប់ មួយទាស់នឹងរាស្ត្ររបស់ទ្រង់។ គោលគំនិតបង្ហាញយើងថា សេចក្តីសញ្ញាគឺជាកិច្ចសន្យានៃបញ្ញតិ្តយ៉ាងពិតប្រាកដ។ យើងពុំគួរភ្ញាក់ផ្អើលចំពោះគោលគំនិតនេះទាល់តែសោះ។ ដ្បិតបញ្ញត្តិមានសារៈសំខាន់បំផុតចំពោះសេចក្តីសញ្ញាដែលព្រះបានតាំងឡើងជាមួយនឹងរាស្ត្ររបស់ទ្រង់។

តើលោកអ្នកបានឃើញអំពីរបៀបដែលលោកមីកាខ្ចីភាសាចេញពីកណ្ឌគម្ពីរចោទិយកថាដែរឬទេ? ចូរយើងក្រឡេកមើលសម្រង់មតិចេញពីលោកម៉ូសេដែលលោកមីកាបានប្រើយ៉ាងដូច្នេះថា៖ «ឥឡូវ​នេះ ឱ​អ៊ីស្រាអែល​អើយ សេចក្តី​ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ទារ​ចង់​បាន​ពី​ឯង នោះ​គឺ​ឲ្យ​ឯង​បាន​កោតខ្លាច​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង និង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ទ្រង់ ហើយ​ឲ្យ​ស្រឡាញ់​ទ្រង់​ព្រម​ ទាំង​គោរព​ប្រតិបត្តិ​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង​ផង ហើយ​ឲ្យ​បាន​កាន់​ តាម​សេចក្តី​បញ្ញត្តិ​ផង​ព្រះយេហូវ៉ា និង​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​អញ​បង្គាប់​ឯង​នៅ​ថ្ងៃ​នេះសំរាប់​ជា​សេចក្តី​ល្អ​ដល់​ឯង» (ចោទិយកថា ១០៖១២, ១៣)។ ឥឡូវនេះ តើលោកមីកាបានមានប្រសាសន៍អំពីខទាំងនេះយ៉ាងដូចម្តេចដែរ? «ឱ​មនុស្ស​អើយ ព្រះ​បាន​បង្ហាញ​ឲ្យ​ឯង​ស្គាល់​សេចក្តី​ដែល​ល្អ តើ​ព្រះយេហូវ៉ា ​សព្វ​ព្រះហឫទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្តេច បើ​មិន​មែន​ឲ្យ​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្តី​សប្បុរស ហើយ​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួនដោយ​សុភាព​រាបទាបប៉ុណ្ណោះ» (មីកា ៦៖៨)។ លោកមីកាចង់អោយសាសន៍អ៊ីស្រាអែលមានភាពយុត្តិធម៌ និងបង្ហាញសេចក្តីមេត្តាដល់អ្នកដទៃ។

ខដែលពួកយើងបានសិក្សានៅថ្ងៃនេះចេញពីលោកម៉ូសេ និងលោកមីកាបានបង្ហាញយើងនូវចំណុចដ៏សំខាន់បំផុតដែលព្រះចង់បានពីរាស្ត្ររបស់ទ្រង់។ ទ្រង់ចង់អោយពួកគេបង្ហាញសេចក្តីមេត្តា និងសេចក្តីសប្បុរស។ តើយញ្ញនៃសត្វដែលពួកបណ្តាជនបាននាំយកមកថ្វាយព្រះមានប្រយោជន៍អ្វីទៅ ប្រសិនបើពួកគេធ្វើបាបដល់អ្នកក្រីក្រនោះ? «គេ​លោភ​ចង់​បាន​ស្រែ​ចំការ ក៏​ដណ្តើម​យក​បាន ព្រម​ទាំង​ផ្ទះ​ផង ហើយ​រឹប​យក​ទៅ គេ​សង្កត់សង្កិន​ទាំង​មនុស្ស​នឹង​ផ្ទះ​របស់​គេ» (មីកា ២៖២)។ ព្រះបានជ្រើសរើសសាសន៍អ៊ីស្រាអែលអោយបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ដល់អ្នកដទៃ។ ព្រះចង់អោយមនុស្សនៅលើផែនដីនេះនិយាយអំពីសាសន៍អ៊ីស្រាអែលថា «សាសន៍​នេះ​មាន​ប្រាជ្ញា និង​យោបល់​ពិត» មែន (ចោទិយកថា ៤៖៦)។ នេះគឺជាមូលហេតុដែលព្រះចង់អោយជនជាតិអ៊ីស្រាអែលប្រព្រឹត្តដោយប្រាជ្ញា និងបង្ហាញអំពី សេចក្តីមេត្តារបស់ទ្រង់ដល់មនុស្សគ្រប់គ្នា។

ថ្ងៃព្រហស្បតិ៍ ទី៩ ខែធ្នូ ឆ្នាំ២០២១

សេចក្តីអធិដ្ឋានរបស់លោកដានីយ៉ែល

បទគម្ពីរដានីយ៉ែលគឺជាសេចក្តីអធិស្ឋានមួយដ៏ពេញនិយមបំផុតនៅក្នុងគម្ពីរសញ្ញាចាស់។ លោកដានីយ៉ែលបានរៀនចេញពីកណ្ឌគម្ពីរយេរេមាថា ពេលវេលាសម្រាប់សាសន៍អ៊ីស្រាអែលត្រឡប់ទៅឯស្រុកខ្លួនវិញនឹងកើតឡើងឆាប់ៗនេះ។ ដូច្នេះ លោកដានីយ៉ែលបានអធិស្ឋានទូលសូមអោយព្រះរក្សាសេចក្តីសន្យានេះដល់រាស្ត្ររបស់ទ្រង់។

លោកដានីយ៉ែលបានសារភាពពីអំពើបាបរបស់គាត់ និងអំពើបាបនៃសាសន៍អ៊ីស្រាអែលទាំងទឹកភ្នែក។ ទន្ទឹមគ្នានេះ លោកដានីយ៉ែលក៏យល់ផងដែរថា សាសន៍អ៊ីស្រាអែលបានធ្វើអោយខ្លួនគេផ្ទាល់ មានការឈឺចាប់។ ព្រះទ្រង់យុត្តិធម៌ និងត្រឹមត្រូវនៅក្នុងការប្រព្រឹត្តរបស់ទ្រង់កាលដែលទ្រង់បានបណ្តោយអោយគេនាំសាសន៍អ៊ីស្រាអែលទៅឯក្រុងបាប៊ីឡូន។

សូមអានខគម្ពីរដានីយ៉ែល ៩៖១-១៩។ តើលោកអ្នកបានឃើញនូវគោលគំនិតអ្វីខ្លះ នៅក្នុងខទាំងនេះដែលចេញពីកណ្ឌគម្ពីរចោទិយកថានោះ?

--------------------------------------------------------

សេចក្តីអធិស្ឋានរបស់លោកដានីយ៉ែលបានបង្ហាញយើងយ៉ាងច្បាស់អំពីអ្វីដែលព្រះបានដាស់តឿនដល់រាស្ត្ររបស់ទ្រង់នៅក្នុងកណ្ឌគម្ពីរចោទិយកថា ប្រសិនបើពួកគេបំពានសេចក្តីសញ្ញារបស់ទ្រង់នោះ។ លោកដានីយ៉ែលបានមានប្រសាសន៍អំពីក្រឹត្យវិន័យរបស់លោកម៉ូសេ២ដង (ដានីយ៉ែល ៩៖១១, ១៣)។ ជាការពិតណាស់ ក្រឹត្យវិន័យនេះក៏រាប់បញ្ចូលទាំងកណ្ឌគម្ពីរចោទិយកថាផងដែរ។

កណ្ឌគម្ពីរចោទិយកថាបានបង្ហាញប្រាប់យើងថា ពួកបណ្តាជននឹងក្លាយជាអ្នកទោសសម្រាប់ ការមិនគោរពតាមក្រឹត្យវិន័យមកពីព្រះដែលលោកម៉ូសេបានប្រគល់អោយពួកគេ។ ពេលនោះ ពួកគេនឹងត្រូវនិរទេសចេញពីទឹកដីរបស់ពួកគេ (សូមអានខគម្ពីរចោទិយកថា ៤៖២៧-៣១ និងបទគម្ពីរចោទិយកថា ២៨ ផងដែរ)។ អ្វីៗគ្រប់យ៉ាងបានកើតឡើងដូចជាលោកម៉ូសេបានដាស់តឿនដល់ពួកគេមែន (ចោទិយកថា ៣១៖២៩)។

គួរអោយសោកស្តាយណាស់ សាសន៍ដទៃដែលនៅជំុវិញសាសន៍យូដាលែងនិយាយទៀត ហើយថា៖ «សាសន៍​នេះ​មាន​ប្រាជ្ញា និង​យោបល់​ពិត [មែន]» (ចោទិយកថា ៤៖៦)។ លោកដានីយ៉ែល បានមានប្រសាសន៍ថា សាសន៍ដទៃដែលរស់នៅជុំវិញក្រុងយេរូសាឡិមមិនបានគិតដល់សាសន៍អ៊ីស្រាអែលទាល់តែសោះ។ «ដ្បិត​ក្រុង​យេរូសាឡិម និង​ពួក​រាស្ត្រ​របស់​ទ្រង់​បាន​ត្រឡប់​ជា​ទី​ត្មះតិះដៀលដល់​មនុស្ស​ទាំង​អស់​ដែល​នៅ​ព័ទ្ធ​ជុំវិញ​យើង​ខ្ញុំ» (ដានីយ៉ែល ៩៖១៦)។

តើលោកអ្នកសង្កេតឃើញថា លោកដានីយ៉ែលមិនបានសួរសំណួរថា «ហេតុអ្វី» ដែរឬទេ? តើហេតុអ្វីបានជារឿងអាក្រក់ៗទាំងនេះកើតមានដល់សាសន៍អ៊ីស្រាអែលយ៉ាងដូច្នេះ? លោកដានីយ៉ែលបានដឹងយ៉ាងច្បាស់ថា ហេតុអ្វី។ គាត់បានអានកណ្ឌគម្ពីរចោទិយកថា។ កណ្ឌគម្ពីរចោទិយកថាបានជួយអោយលោកដានីយ៉ែល និងរាស្ត្ររបស់ទ្រង់យល់អំពីមូលហេតុដែលនាំអោយការអាក្រក់ និងការឈឺចាប់ កើតមានដល់ពួកគេ។ បទពិសោធន៍របស់ពួកគេមិនមែនជាសំណាងអាក្រក់នោះទេ។ ពួកគេបានបាត់បង់ ផ្ទះសំបែង និងទឹកដីដោយសារតែពួកគេមិនគោរពតាមព្រះ។ ទន្ទឹមគ្នានេះ សេចក្តីអធិស្ឋានរបស់លោកដានីយ៉ែលបានបង្ហាញយើងអំពីសេចក្តីសង្ឃឹមឡើងវិញ។ ព្រះមិនបានភ្លេចរាស្ត្ររបស់ទ្រង់នោះទេ។ ទ្រង់បានសន្យាថា នឹងដឹកនាំពួកគេត្រឡប់មកឯផ្ទះវិញម្តងទៀតក្នុងពេលឆាប់ៗនេះ។ សូមអានខគម្ពីរដានីយ៉ែល ៩៖២៤-២៧។ ខទាំងនេះបានបង្ហាញប្រាប់យើងអំពីការយាងមករបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ តើលោកអ្នកគិតថា ហេតុអ្វីបានជាព្រះប្រទានសារនៃពេលអនាគតដ៏ពិសេសនេះដល់លោកដានីយ៉ែល? តើលោកអ្នកគិតថា សារដ៏ពិសេសនេះបានផ្តល់នូវសេចក្តីសង្ឃឹមអ្វីដល់សាសន៍អ៊ីស្រាអែលអំពីការត្រឡប់ទៅផ្ទះវិញរបស់ពួកគេក្នុងពេលឆាប់ៗនោះ?

ថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១

សិក្សាបន្ថែម

«ការផ្លាស់ប្តូរដ៏ធំបានចាប់ផ្តើមកើតឡើង។ ក្នុងអំឡុងពេលនេះ ស្តេចយ៉ូសៀសបានព្យាយាមបំផ្លាញរូបសំណាកព្រះក្លែងក្លាយនៅក្នុងទឹកដីរបស់ទ្រង់។ ស្តេចយ៉ូសៀសក៏បានបំបាត់ការថ្វាយបង្គំពួកព្រះក្លែងក្លាយទាំងនេះ និងសាសនារបស់ពួកវាចេញពីទឹកដីរបស់ទ្រង់ផងដែរ។ កិច្ចការនេះសឹងតែគ្មានអ្នកណាម្នាក់អាចធ្វើបាននោះឡើយ។ ពួកបណ្តាជនបានឱនក្រាបថ្វាយបង្គំរូបសំណាកធ្វើពីឈើ និងដំុថ្មអស់រយៈកាលយូរមកហើយ។ ប៉ុន្តែ ស្តេចយ៉ូសៀសមិនចុះចាញ់ឡើយ។ ទ្រង់បានព្យាយាមលុប បំបាត់អស់ទាំងការថ្វាយបង្គំព្រះក្លែងក្លាយទាំងអម្បាលម៉ានចេញពីទឹកដី និងធ្វើអោយវាបានស្អាតឡើងវិញ»។ ដកស្រង់ពី Ellen G. White, Prophets and Kings, page 401, adapted។

សំនួរពិភាក្សា៖
  1. មែនហើយ យើងទាំងអស់គ្នាជាសេវេនដេយអាត់វេនទីស្ទ។ យើងមានសារនៃសេចក្តីពិតបច្ចុប្បន្ន ដើម្បីប្រគល់អោយមនុស្សនៅលើផែនដីនេះ។ យើងត្រូវនឹកចាំថា សេចក្តីពិតបច្ចុប្បន្នគឺជាសេចក្តីពិតដែលមនុស្សត្រូវការជាទីបំផុតសម្រាប់សម័យកាលរបស់ពួកគេ។ ក្នុងនាមជាសេវេនដេយអាត់វេនទីស្ទ យើងសម្លឹងឃើញខ្លួនយើងថា ត្រូវបានព្រះជ្រើសរើសអោយធ្វើជារាស្ត្រដ៏ពិសេសរបស់ទ្រង់។ យើងគិតអំពីខ្លួនយើងតាមរបៀបនេះត្រឹមត្រូវហើយ។ ព្រះបានជ្រើសរើសយើងអោយធ្វើជារាស្ត្ររបស់ទ្រង់ និងធ្វើកិច្ចការដ៏ពិសេសមួយសម្រាប់ទ្រង់នៅពេលនេះ។ ទ្រង់បានប្រទានអោយយើងនូវសេចក្តីពិតនៃព្រះគម្ពីរដែលមនុស្សនៅជុំវិញយើងត្រូវដឹង។ ព្រះបានផ្តល់កិត្តិយសដល់យើងជាខ្លាំង។ តើយើងកំពុងតែធ្វើកិច្ចការដ៏សំខាន់ដែលព្រះបានប្រទានដល់យើងនេះបានល្អប៉ុនណាដែរ?

  2. សូមគិតថា លោកអ្នកគឺជាលោកដានីយ៉ែលវិញ។ ជាដានីយ៉ែល លោកអ្នកបានសម្លឹងឃើញកងទ័ពបាប៊ីឡូនកំពុងតែលុកលុយចូលមកក្នុងប្រទេសរបស់លោកអ្នក។ លោកអ្នកបានឃើញខ្មាំងសត្រូវយកឈ្នះលើជនជាតិរបស់លោកអ្នកនៅក្នុងសង្គ្រាម។ ពួកគេបានបំផ្លាញព្រះវិហាររបស់ព្រះ។ ព្រះវិហារគឺជាស្នូលនៃសេចក្តីជំនឿខាងឯសាសនាសម្រាប់ប្រទេសរបស់លោកអ្នកទាំងមូល។ ហើយអាក្រក់ជាងនេះទៅទៀត ព្រះវិហាររបស់លោកអ្នកត្រូវបានបំផ្លាញដោយមនុស្សដែលថ្វាយបង្គំរូបសំណាកនៃពួកព្រះក្លែងក្លាយ និងពួកព្រះនៃធម្មជាតិ។ តើលោកអ្នកគិតថា កណ្ឌគម្ពីរចោទិយកថាបានផ្ដល់ក្ដីសង្ឃឹមដល់ដានីយ៉ែល (និងជនជាតិយូដាដទៃទៀត) យ៉ាងដូចម្តេចនៅពេលនោះ? តើលោកអ្នកគិតថា កណ្ឌគម្ពីរចោទិយកថាបាន ជួយអោយលោកដានីយ៉ែលយល់យ៉ាងដូចម្តេច ចំពោះអ្វីទាំងអស់ដែលបានកើតឡើង និងអំពីមូលហេតុដែលនាំរឿងទាំងនោះកើតមានឡើង? ទន្ទឹមគ្នានេះ តើការយល់ដឹងរបស់យើងអំពីព្រះគម្ពីរអាចជួយអោយយើងដោះស្រាយជាមួយនឹងគ្រាលំបាកៗដោយរបៀបណា? បើគ្មានចំណេះដឹងអំពីសេចក្តីពិតនៃព្រះគម្ពីររបស់យើងនេះទេ គ្រាលំបាកទាំងនេះនឹងធ្វើអោយយើងបាក់ទឹកចិត្តជាមិនខាន។ តើចម្លើយឆ្លើយតបរបស់យើងទៅនឹងសំណួរទាំងនេះគួរតែបង្រៀនយើងអ្វីខ្លះ អំពីសារៈសំខាន់នៃព្រះគម្ពីរចំពោះសេចក្តីជំនឿរបស់យើងនោះ?

រឿងខ្លី

ពេលវេលាដ៏ល្អឥតខ្ចោះរបស់ព្រះ

Jeans

ម៉ាសៀ យ៉ូស្សា (Marcia Yuassa) គឺជាម្នាក់នៅក្នុងជនអន្តោប្រវេសន៍ប្រេស៊ីលរាប់ពាន់អ្នកដែលធ្វើការជាច្រើនម៉ោងនៅឯរោងចក្រកណ្តាលប្រទេសជប៉ុន ត្រូវបានឃាត់អោយស្នាក់នៅផ្ទះ បន្ទាប់ពីនាងបានធ្លាក់ខ្លួនឈឺមក។ ដោយទទួលរងនូវការឈឺចាប់យ៉ាងខ្លាំង នាងមិនដឹងថា នាងអាចមើលថែរក្សាក្រុមគ្រួសាររបស់នាងដោយរបៀបណានោះទេ សូម្បីតែជីវិតខ្លួនក៏មិនដឹងយ៉ាងណាផង។​ នាងបានអំពាវនាវទៅព្រះ សូមកុំអោយនាងស្លាប់ឡើយ។ នាងបានចំណាយពេលជាច្រើនទៅលើអ៊ិនធើរណិត ពីព្រោះនាងមិនអាចធ្វើអ្វីបានច្រើនដោយសារតែស្ថានភាពជំងឺរបស់នាង។

ថ្ងៃមួយ នាងបានចុចច្រឡំចូលទៅក្នុងស៊េរីនៃថ្នាក់សុខភាពដែលផ្អែកទៅលើព្រះគម្ពីរបកស្រាយដោយគ្រូពេទ្យសេវេនដេយអាត់វេនទីស្ទម្នាក់នៅក្នុងប្រទេសប្រេស៊ីល។ នាងបានតាមដានរាល់យូធ្យូប វីដេអូតាមដែលនាងអាចស្វែងរកឃើញ។ នាងបានរៀនអំពីផ្នែកផ្សេងៗគ្នានៃរបៀបរស់នៅអោយមាន សុខភាពល្អ ហើយក៏បានឮអំពីថ្ងៃទី៧ជាថ្ងៃសប្បាតហ៍ផងដែរ។ បន្ទាប់មក ពេលដែលនាងកំពុងតែមើល មិត្តភក្តិពីយុវវ័យរបស់នាងនៅក្នុងប្រទេសប្រេស៊ីលតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនោះ នាងបានរកឃើញអតីតមិត្តភក្តិរួមថ្នាក់ម្នាក់ដែលទើបតែបង្កើតប្រវត្តិរូបរបស់គាត់។ នាងម៉ាសៀបានភ្ជាប់ទំនាក់ទំនងជា មួយនឹងមិត្តភក្តិចាស់របស់នាងឡើងវិញដោយក្តីអំណរ រួចនាងបានទូរស័ព្ទប្រាប់មិត្តភក្តិស្រីម្នាក់នោះអំពីការយល់ដឹងថ្មីៗខាងផ្នែកសុខភាព និងថ្ងៃសប្បាតហ៍ដោយក្តីរំភើបជាខ្លាំង។ មិត្តភក្តិរបស់នាងបានស្តាប់យ៉ាងយកចិត្តទុកដាក់ រួចនៅពេលដែលនាងម៉ាសៀនិយាយចប់ហើយ មិត្តភក្តិម្នាក់នោះបានប្រាប់នាងថា គាត់ក៏ថ្វាយបង្គំព្រះយេស៊ូវនៅថ្ងៃសប្បាតហ៍ដែរ។ គាត់បានក្លាយជាសេវេនដេយអាត់វេនទីស្ទ តាំងពីគាត់បានដាច់ទំនាក់ទំនងជាមួយនឹងនាងម៉ាសៀមក។ ស្រ្តីទាំងពីរបានចាប់ផ្តើមសិក្សាព្រះគម្ពីរជាមួយគ្នា។

មួយស្របក់ក្រោយមក មិត្តភក្តិម្នាក់នោះបានផ្ញើព័ត៌មានទំនាក់ទំនងនៃព្រះវិហារអាត់វេនទីស្ទ និងគ្រូគង្វាលគ្រប់គ្រងនៅក្នុងតំបន់របស់នាង។ ប៉ុន្តែ នៅពេលដែលនាងម៉ាសៀក្រឡេកមើលអាសយដ្ឋាននៃព្រះវិហារ នាងដឹងថា អាសយដ្ឋាននោះស្ថិតនៅក្នុងទីក្រុងមួយទៀត ដែលឆ្ងាយហើយពិបាកក្នុងការទៅលេង ដោយសារតែនាងមិនទាន់ចេះបើកបរនៅឡើយ។ ទោះជាយ៉ាងនេះក្តី នាងនៅតែទូរស័ព្ទមកព្រះវិហារ ហើយនិយាយលេងជាមួយនឹងខ្ញុំដែលជាប្រពន្ធគ្រូគង្វាល។

ដើម្បីធ្វើអោយនាងភ្ញាក់ផ្អើល ខ្ញុំបានប្រាប់នាងថា មានគេបើកក្រុមសិក្សាព្រះគម្ពីរតូចមួយនៅក្នុងទីក្រុងអ៊ីវ៉ាតាដែលនាងរស់នៅ គេណាត់ជួបគ្នាដំបូងនៅក្នុងសប្តាហ៍ហ្នឹងឯង។ ៣ថ្ងៃក្រោយមក ក្រុមនោះបានជួបជុំគ្នាមិនដល់មួយគីឡូម៉ែតពីផ្ទះរបស់នាងម៉ាសៀផង ជិតមែនទែនដែលនាងអាចធ្វើដំណើរដោយថ្មើរជើងទៅទីនោះបាន។ ព្រះបានព្យាបាលជំងឺរបស់នាង ហើយចាប់តាំងពីពេលនោះមក នាងម៉ាសៀដែលមានអាយុ៥៤ឆ្នាំមិនដែលអាក់ខានការប្រជុំនោះម្តងណាឡើយ។

អំណានដង្វាយប្រចាំសប្តាហ៍

នៅពេលដែលលោកហ្វឺណាន់ដូយកព្រះទុកជាទីមួយ

លោកហ្វឺណាន់ដូបានសម្រេចចិត្តយកព្រះទុកជាទី​១បើទោះបីជាពួកគេមានការភ័យខ្លាចនិងមិនច្បាស់អំពីអនាគតក្តី។ ថ្ងៃនេះតើយើងអាចរៀនអ្វីខ្លះពីលោកហ្វឺណាន់ដូដែលនឹងជួយយើងឲ្យយកព្រះទុកជាទី១នៅក្នុងជីវិតផ្ទាល់របស់យើង?

វេជ្ជបណ្ឌិតហ្វឺណាន់ដូគឺជាគ្រូពេទ្យនៅទីក្រុងប្រាស៊ីលៀ ដែលជារដ្ឋធានីនៃប្រទេស​ប្រេស៊ីល។ រឿងរបស់យើងចាប់ផ្តើមពីពេលដែលលោកបានទស្សនាវីឌីអូមួយស្តីអំពីបេសកជនអាត់វេនទីស្ទមួយគ្រួសារនៅក្នុងប្រទេសម៉ុងហ្គោលី។ លោកក៏ស្រាប់តែចង់ធ្វើជាបេសកជននឹងគេដែរ ប៉ុន្តែការប្តេជ្ញាចិត្តរបស់លោកនៅក្នុងប្រទេសប្រេស៊ីលមិនអាចឲ្យគាត់ចេញ​ទៅ​បានទេ។ លោកបានពិភាក្សាគ្នាជាមួយភរិយារបស់លោក ហើយនាងបានយល់ព្រមបង្កើនប្រាក់ដង្វាយសទ្ធាដល់ព្រះវិហារសេវេនដេយ៍អាត់វេនទីស្ទមូលដ្ឋានរបស់ពួកគេ។ រឿងនេះគឺជាការពិបាកសម្រេចចិត្តនឹងធ្វើបានណាស់ ប៉ុន្តែមិនយូរប៉ុន្មានពួកគេក៏រកឃើញសេចក្តី​អំណរក្នុងការយកព្រះទុកជាទីមួយតាមរយៈដង្វាយសទ្ធា។ ៦ខែក្រោយមក លោកហ្វឺណាន់ដូ និងគ្រួសាររបស់លោកបានជុំគ្នាទស្សនា វីឌីអូ១ទៀតដែលផ្ញើមកពីប្រទេសម៉ុងហ្គោលី។ នៅក្នុង​វីឌីអូ បេសកជនបានថ្លែងអំណរគុណដល់គ្រួសាររបស់លោកដែលបានលះបង់ក្នុងការថ្វាយដង្វាយសទ្ធា។ លោកបានឃើញ​ព្រះ​វិហារ និងស្ទុឌីយោដែលបានកសាងចេញពីប្រាក់ដង្វាយសទ្ធារបស់​ពួកគេ។ លោកហ្វឺណាន់ដូ និងគ្រួសាររបស់លោកបានចាត់ទុកខ្លួនឯងថាជាបេសកជនតាមរយៈដង្វាយសទ្ធា ហើយបានប្តេជ្ញាចិត្តថានឹងបន្តកិច្ចការនេះតទៅទៀត។

អ្នកស្រីអែល្លិនជីវ៉ៃត៍បានសរសេរអំពីរឿងនេះថា «តើពេលវេលាដែលយើងគួរតែចាប់ផ្តើមបរិច្ចាគទ្រព្យសម្បត្តិមួយចំនួនរបស់យើងមិនទាន់មកដល់ទេឬអី? សូមព្រះជាម្ចាស់ជួយដល់លោកអ្នកដែលអាចធ្វើអ្វីមួយឥឡូវនេះដើម្បីវិនិយោគក្នុងធនាគារនៃស្ថានសួគ៌ផងចុះ។ យើងមិនសូមឲ្យលោកអ្នកឲ្យខ្ចីទេ ប៉ុន្តែសូមឲ្យលោកអ្នកថ្វាយនូវដង្វាយស្ម័គ្រពី​ចិត្ត​វិញ ដែលជាការបង្វិលថ្វាយនូវទ្រព្យសម្បត្តិដែលទ្រង់បានឲ្យលោកអ្នកខ្ចីនោះឯង។ ប្រសិនបើលោកអ្នកស្រឡាញ់ព្រះជាម្ចាស់យ៉ាងខ្លាំង និងស្រឡាញ់អ្នកជិតខាងដូចជាស្រឡាញ់ដល់ខ្លួនឯងមែន យើងជឿថា លោកអ្នកនឹងបង្ហាញនូវភស្តុតាងដ៏ច្បាស់នៅក្នុងការថ្វាយដង្វាយសទ្ធាសម្រាប់ឧបត្ថម្ភដល់កិច្ចការបេសកកម្មរបស់យើងមិនខាន។ មានព្រលឹងជាច្រើនកំពុងរង់ចាំ​ឲ្យបានសង្គ្រោះ។ សូមលោកអ្នកបានធ្វើជាអ្នកសហការជាមួយព្រះយេស៊ូវគ្រីស្ទក្នុងការសង្គ្រោះព្រលឹងទាំងឡាយដែលព្រះគ្រីស្ទពលីព្រះជន្មដើម្បីពួកគេនោះផង។ ព្រះអម្ចាស់ទ្រង់នឹងប្រទានពរលោកអ្នកក្នុងផលផ្លែនៃជីវិតរបស់លោកអ្នកដែលបានលើកតម្កើងសិរីល្អព្រះអង្គ។ សូមឲ្យព្រះវិញ្ញាណដដែលដែលបានបណ្តាលឲ្យមានព្រះគម្ពីរបានចូលមកគ្រប់គ្រងលើដួងចិត្តរបស់លោកអ្នក ដឹកនាំលោកអ្នកឲ្យស្រឡាញ់ព្រះបន្ទូលរបស់ព្រះអង្គ ដែលជាវិញ្ញាណនិងជីវិត​ផង។ សូមឲ្យព្រះបន្ទូលបានបើកភ្នែករបស់លោកអ្នកឲ្យរកឃើញមេរៀនស្តីអំពីព្រះវិញ្ញាណរបស់ព្រះ។ មូលហេតុដែលមានសាសនាក្រិន (គ្រីស្ទានមិនលូតលាស់) យ៉ាងច្រើនគឺដោយសារ​តែ​មនុស្សទាំងឡាយមិនព្រមអនុវត្តគោលការនៃការលះកាត់ចិត្តខ្លួនឯង និងការលះបង់ប្រយោជន៍ផ្ទាល់ខ្លួនក្នុងជីវិតរបស់ពួកគេនោះឯង»។ ដកស្រង់ពី Counsels on Stewardship, p.51។

លោកហ្វឺណាន់ដូនិងគ្រួសាររបស់គាត់បានយកព្រះទុកជាទី១។ សព្វថ្ងៃនេះសេចក្តីជំនឿរបស់លោកក៏បណ្តាលចិត្តយើងរាល់គ្នាដែរ។ ព្រះយេស៊ូវបានលះបង់អ្វីៗគ្រប់យ៉ាង​​ដើម្បី​ប្រោសលោះយើង ហើយសេចក្តីស្រឡាញ់របស់ទ្រង់ក៏ជំរុញយើងឲ្យយកនគររបស់ទ្រង់ទុកជាទី១ក្នុងជីវិតផ្ទាល់របស់យើងដែរ។ ខណៈដែលអ្នក​ជំនួយការប្រមូលប្រាក់ដង្វាយ១០ហូត១ និងសទ្ធា យើងក៏ត្រូវបានលើកទឹកចិត្តឲ្យយកព្រះទុកជាទី១ដែរ។ ​

Powered by CAM