មេរៀនទី១២​៖ ១៣-១៩ មីនា ២០២១

បុគ្គលម្នាក់ដែលយើងត្រូវការបំផុត

Jeans
ថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ អេសាយ ៥៩; អេសាយ ៥៩៖១៥-២១; អេសាយ ៦០៖១, ២; អេសាយ ៦១; អេសាយ ៦១៖២។

ខចងចាំ៖ «អស់ទាំងសាសន៍នឹងមូលគ្នាមកឯពន្លឺរបស់ឯង ហើយស្តេចទាំងប៉ុន្មាននឹងមកឯរស្មីដែលភ្លឺចេញពីឯងក្នុងកាលដែលឯងរះឡើង» (អេសាយ ៦០៖៣)។

«យើងត្រូវតែរៀននៅក្នុងសាលារបស់យេស៊ូវ។ ព្រះទ្រង់សព្វព្រះហឫទ័យនឹងប្រទានពរដល់យើងរាល់គ្នា នៅពេលដែលយើងបានទទួលយកនូវកិច្ចព្រមព្រៀងពិសេសរបស់ទ្រង់។ ប៉ុន្តែ ទ្រង់មិនអាច ប្រទានព្រះពរដល់យើងបានទេ ប្រសិនបើយើងមិនព្រមទទួលយកនូវអ្វីដែលព្រះយេស៊ូវបានពលិកម្មសម្រាប់យើងនៅលើឈើឆ្កាងនោះ។ ជារឿយៗ យើងបានព្យាយាមខំស្រវាចាប់ព្រះពរទាំងនេះដោយខ្លួនឯងដោយគិតថា យើងអាចប្រឹងប្រែងដើម្បីទទួលបាននូវការសព្វព្រះទ័យពីព្រះជាម្ចាស់ ឬក៏ធ្វើអោយខ្លួនយើងសក្ដិសមនឹងព្រះពររបស់ទ្រង់។ ប៉ុន្តែ គំនិតនេះគឺពិតជាខុសឆ្គងទទេ។ យើងត្រូវតែសម្លឹងមើលទៅកាន់ព្រះយេស៊ូវវិញដោយមើលរំលងខ្លួនឯងទើបត្រូវ។ យើងត្រូវតែជឿថា ទ្រង់ជាព្រះអង្គសង្រ្គោះដែលមានព្រះជន្មរស់។ យើងមិនត្រូវគិតថា ទង្វើល្អរបស់យើងនឹងជួយសង្រ្គោះយើងបានឡើយ។ សេចក្តីមេត្តាករុណារបស់ព្រះយេស៊ូវគឺជាក្តីសង្ឃឹមតែមួយគត់របស់យើង។ ព្រះជាម្ចាស់បានប្រទានដល់យើងរាល់គ្នានូវសេចក្តីសន្យានេះថា៖ «ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះទ្រង់នឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតទ្រង់នឹងអត់ទោសឲ្យជាបរិបូរ» (អេសាយ ៥៥៖ ៧)។ យើងត្រូវតែទុកចិត្តលើសេចក្តីសន្យារបស់ព្រះ។ យើងមិនត្រូវយល់ថា អារម្មណ៍គឺជាសេចក្តីជំនឿនោះឡើយ។ យើងត្រូវតែជឿទុកចិត្តលើព្រះអោយបានពេញលេញ។ យើងត្រូវតែពឹងផ្អែកលើព្រះយេស៊ូវ និងអ្វីដែលទ្រង់បានពលិកម្មដើម្បីជួយសង្រ្គោះយើងពីព្រោះទ្រង់ជាព្រះអង្គសង្គ្រោះរបស់យើងរាល់គ្នា។ នោះព្រះជាម្ចាស់នឹងប្រទានអោយយើងរាល់គ្នា នូវជំនួយដែលយើងត្រូវការជាចាំបាច់»។ ដកស្រង់ពី Ellen G. White, Faith and Works, page 36, adapted.

សប្តាហ៍នេះ យើងនឹងសិក្សាអំពីសំណេររបស់ហោរាអេសាយដើម្បីសិក្សាបន្ថែមទៀតអំពីសេចក្ដីពិតដ៏សំខាន់នៅក្នុងព្រះគម្ពីរ។ ​

ថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១

សេចក្តីអាក្រក់ដែលបង្កឡើងដោយបាប

នៅក្នុងខគម្ពីរអេសាយ ៥៨៖៣ ប្រជាជនបានសួរព្រះថា៖ «យើងខ្ញុំបានតមអត់ ហេតុអ្វីបានជាទ្រង់មិនឃើញសោះ យើងខ្ញុំបានបញ្ឈឺចិត្តខ្លួន ហេតុអ្វីបានជាទ្រង់មិនយកចិត្តទុកដាក់ដូច្នេះ?»។ ប្រជាជនយល់ថា ព្រះជាម្ចាស់ឥតមានបន្ទូលតបមកពួកគេក្នុងកាលដែលពួកគេបានអំពាវនាវរកព្រះអង្គ អោយជួយសង្រ្គោះខ្លួននោះ។ ប៉ុន្តែ នៅក្នុងខគម្ពីរអេសាយ៥៩៖១ លោកអេសាយបានឆ្លើយតបថា ព្រះអាចជួយសង្រ្គោះពួកគេហើយទ្រង់ក៏បានផ្ទៀងព្រះកាណ៍ស្តាប់នូវពាក្យទូលអង្វររបស់ពួកគេដែរ។

សូមអានខគម្ពីរអេសាយ ៥៩៖២។ តើខគម្ពីរនេះបង្ហាញប្រជាជនកំពុងធ្វើអ្វីខ្លះដែលបណ្តាលអោយព្រះបានងាកចេញពីការអធិស្ឋានរបស់ពួកគេ?

---------------------------------------------------------------------------------------

ព្រះជាម្ចាស់បានសម្រេចមិនយកព្រះទ័យទុកដាក់ចំពោះរាស្ត្ររបស់ទ្រង់ឡើយពីព្រោះ «អំពើ ទុច្ចរិតរបស់ឯងរាល់គ្នាដែលបានខណ្ឌជាកណ្តាលឯង» (អេសាយ ៥៩៖២)។ ខគម្ពីរនេះចង់សម្តែងអោយយើងឃើញថា អំពើបាបនេះឯងដែលធ្វើអោយចំណងទំនាក់ទំនងរវាងយើងនិងព្រះមានការប្រេះឆា។ ហោរាអេសាយបានចំណាយពេលជាច្រើនទៀតនៅជំពូក៥៩ ដើម្បីនិយាយអំពីប្រធានបទនេះ។ ប្រវត្ដិសាស្ដ្ររបស់មនុស្សជាតិបានបង្ហាញយើងថា អេសាយពិតជានិយាយត្រឹមត្រូវ។ អំពើបាបអាចបំផ្លាញទំនាក់ទំនងរវាងយើងជាមួយព្រះអម្ចាស់។ វាក៏អាចបណ្តាលអោយយើងបាត់បង់ជីវិតអស់កល្បជានិច្ចបានដែរ។ អំពើបាបមិនបានបង្វែរព្រះចេញពីយើងទេ ប៉ុន្តែ វាបានបង្វែរយើងចេញពីព្រះវិញ។

សូមអានខគម្ពីរលោកុប្បត្ដិ ៣៖៨។ តើឧទាហរណ៍នៃអំពើបាបនេះបានបង្ហាញយើងយ៉ាងដូចម្ដេចអំពីបញ្ញត្តិដ៏សំខាន់ក្នុងព្រះគម្ពីរដែលយើងទើបតែបាននិយាយ?

---------------------------------------------------------------------------------------

អំពើបាបជាការងាកបែរចេញពីព្រះ។ បញ្ហាដែលកើតឡើងដោយសារតែអំពើបាបនឹងបណ្តាលអោយយើងងាកចេញពីព្រះកាន់តែឆ្ងាយទៅ។ អំពើបាបបានបំបែកយើងរាល់គ្នាចេញពីព្រះជាម្ចាស់។ តើនេះដោយសារតែព្រះជាម្ចាស់មិនបានព្យាយាមនាំយើងត្រឡប់មករកទ្រង់វិញឬ? មិនមែនទេ ព្រះគម្ពីរទាំងមូលបានបង្ហាញប្រាប់យើងពីរបៀបដែលព្រះជាម្ចាស់ព្យាយាមនាំយើងត្រឡប់មកឯទ្រង់វិញ។ ហេតុផលដែលនាំអោយអំពើបាបបំបែកបំបាក់យើងបានគឺដោយសារតែអំពើបាបបានបំបែកយើងចេញពីព្រះ និងសេចក្តីស្រឡាញ់របស់ទ្រង់។ ហេតុនេះហើយ រឿងដែលសំខាន់គឺថាយើងរាល់គ្នាមិនត្រូវអោបក្រសោបបាបនៅក្នុងជីវិតរបស់យើងឡើយ។

តើលោកអ្នកបានឃើញអ្វីខ្លះនៅក្នុងជីវិតរបស់ខ្លួនដែលអំពើបាបបំបែកអ្នកចេញពីព្រះ? តើមានអ្វីដែលយើងអាចធ្វើបានដើម្បីដោះស្រាយបញ្ហានៃការបែកបាក់នេះ?

---------------------------------------------------------------------------------------

ថ្ងៃច័ន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១

តើអ្នកណាត្រូវបានអត់ទោសអោយនោះ?

កណ្ឌគម្ពីរអេសាយ៥៩ បានបង្ហាញយើងរាល់គ្នាអំពីទិដ្ឋភាពនៃអំពើបាប។ ព្រះគម្ពីរក៏បានសម្តែងអោយយើងឃើញនូវសេចក្ដីសង្ឃឹមដែរ។ តើអ្នកណាខ្លះបានធ្វើបាប? ព្រះគម្ពីរបានប្រាប់យើងនូវចម្លើយនោះ។ គឺថា មនុស្សរាល់គ្នាបានធ្វើបាប។ នោះហើយជាមូលហេតុដែលយើងត្រូវការព្រះដើម្បី ជួយសង្រ្គោះ និងអត់ទោសដល់យើងរាល់គ្នា (យេរេមា ៣១៖៣៤)។ លោកសាវកប៉ុលក៏មានការយល់ ស្របនឹងគំនិតនេះដែរដោយលើកឡើងថា៖ «ត្បិតគ្រប់គ្នាបានធ្វើបាប» (រ៉ូម ៣៖៩-២០, ២៣)។ ដូច្នេះ តើព្រះជាម្ចាស់អាចនិយាយថាយើងគ្មានទោសពៃរ៍ ហើយក៏មិនដែលធ្វើបាបសោះយ៉ាងដូចម្តេចទៅ? ព្រះពិតជាអាចនឹងជួយសង្រ្គោះយើងបាននៅពេលដែលយើងព្រមទទួលយកនូវការសុគតរបស់ព្រះយេស៊ូវ សម្រាប់យើងរាល់គ្នាដោយសេចក្តីជំនឿ។

សូមអានខគម្ពីររ៉ូម ៣៖២១-២៤។ តើខគម្ពីរទាំងនេះបានប្រាប់យើងដូចម្តេចខ្លះអំពីរបៀបដែលព្រះជាម្ចាស់ជួយសង្គ្រោះយើង? តើសេចក្តីពិតក្នុងព្រះគម្ពីរបានផ្តល់អោយយើងនូវសេចក្តីសង្ឃឹមអ្វីខ្លះក្នុងអំឡុងពេលដែលព្រះជាម្ចាស់វិនិច្ឆ័យទោសរាស្ត្ររបស់ទ្រង់?

---------------------------------------------------------------------------------------

ជាការពិតណាស់ ព្រះជាម្ចាស់ទ្រង់នឹងវិនិច្ឆ័យយើងរាល់គ្នាដោយផ្អែកទៅលើឥរិយាបថ និងការប្រព្រឹត្តរបស់យើងម្នាក់ៗ។ ប៉ុន្តែ អាកប្បកិរិយា និងទង្វើល្អរបស់យើងរាល់គ្នាមិនបានជួយសង្រ្គោះយើងទេ ពុំនោះយើងរាល់គ្នានឹងលែងបានសង្រ្គោះដោយសារសេចក្តីជំនឿហើយ (រ៉ូម ៤៖១៤)។ ការ ប្រព្រឹត្ត ឬទង្វើល្អរបស់យើងរាល់គ្នាបង្ហាញថា យើងបានសង្រ្គោះហើយឬអត់ប៉ុណ្ណោះ (យ៉ាកុប ២៖១៨)។

ការប្រព្រឹត្តរបស់យើងរាល់គា្នមិនអាចជួយសង្រ្គោះយើងបានទេ សូម្បីតែពេលនេះ និងនៅពេលដែលព្រះនឹងបំពេញភារកិច្ចរបស់ទ្រង់ជាចៅក្រមផងដែរ។ តើហេតុអ្វី? សម្រាប់ចម្លើយរបស់អ្នកសូមអានខគម្ពីររ៉ូម ៣៖២០, ២៣។

ទង្វើល្អ ឬការប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះដើម្បីអោយបានសង្គ្រោះ វាបានហួសពេល បាត់ទៅហើយសម្រាប់យើង។ ក្រឹត្យវិន័យរបស់ព្រះបានត្រឹមតែសម្តែងអោយយើងបានស្គាល់ពីបាបរបស់យើងប៉ុណ្ណោះ។ នោះហើយជាតួនាទីរបស់វា។ សេចក្តីជំនឿសម្តែងចេញតាមរយៈសេចក្តីស្រឡាញ់ (កាឡាទី ៥៖៦)។ ព្រះវិញ្ញាណនៃព្រះជាម្ចាស់បានចាក់បំពេញនូវសេចក្តីស្រឡាញ់របស់ព្រះមកក្នុង ចិត្តរបស់មនុស្សម្នាក់ៗ (រ៉ូម ៥៖៥)។ សេចក្តីស្រឡាញ់នេះបានសម្តែងអោយឃើញថា មនុស្សម្នាក់ៗមានសេចក្តីជំនឿដ៏រស់លើព្រះយេស៊ូវហើយ (សូមអានខគម្ពីរយ៉ាកុប ២៖២៦)។

រាល់ទង្វើ និងការប្រព្រឹត្តរបស់យើងរាល់គ្នាបានបង្ហាញពីសេចក្តីជំនឿដ៏រស់របស់យើងម្នាក់ៗ។ យើងអាចដឹងថា យើងបានសង្រ្គោះកាលណាយើងគោរពតាមក្រឹត្យវិន័យរបស់ព្រះ។ ចំពោះកាតព្វកិច្ចរបស់ទ្រង់ជាចៅក្រម​ ព្រះជាម្ចាស់ទ្រង់ទតមើលនូវផលផ្លែរបស់យើងដែលជាភស្តុតាងនៃសេចក្តីជំនឿក្នុងចិត្តរបស់យើងរាល់គ្នា។ ព្រះជាម្ចាស់ទ្រង់ទតមើលតែទង្វើរបស់យើងដែលបានប្រព្រឹត្តក្រោយពីយើងបានថ្វាយជីវិតរបស់យើងដល់ព្រះយេស៊ូវហើយប៉ុណ្ណោះ។ អំពើបាបទាំងអស់ដែលយើងបានប្រព្រឹត្តមុនពេលទទួលសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ នោះត្រូវបានអត់ទោសអោយ និងគ្របបាំងដោយព្រះលោហិតរបស់ទ្រង់រួចហើយ (សូមអានបទគម្ពីររ៉ូម ៦)។ ​

ថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១

ព្រះបន្ទូលសម្រាប់មនុស្សគ្រប់រូបនៅលើផែនដី

តើខគម្ពីរអេសាយ ៦០៖១, ២ កំពុងនិយាយអំពីអ្វី? តើអ្វីទៅជាបញ្ញត្តិដ៏សំខាន់ដែលអ្នកបានឃើញនៅទីនេះ ហើយក៏ត្រូវបានឃើញនៅក្នុងព្រះគម្ពីរទាំងមូលផងដែរ? តើបញ្ញតិ្តនេះផ្តល់សេចក្តីសង្ឃឹមអ្វីខ្លះដល់យើង?

---------------------------------------------------------------------------------------

នៅក្នុងខគម្ពីរអេសាយ ៦០៖១, ២ យើងបានឃើញទិដ្ឋភាពដែលព្រះនឹងធ្វើសម្រាប់រាស្ត្រ របស់ទ្រង់បន្ទាប់ពីពួកគេបានមានសេរីភាពពីនគរបាប៊ីឡូន។ ផែនការនេះមានរាប់បញ្ចូលទាំងព្រះអង្គសង្រ្គោះដែលនឹងជួយរំដោះមនុស្សទាំងឡាយអោយរួចផុតពីអំពើបាប។

នៅខគម្ពីរអេសាយ ៦០៖៣ តើអ្នកណាជា «ពន្លឺ» ដែលគ្រប់ទាំងស្តេច និងក្រុមមនុស្សបានចូលគាល់?

---------------------------------------------------------------------------------------

នៅក្នុងភាសាហេព្រើរ ពន្លឺនេះបង្ហាញយើងពីស្ត្រីម្នាក់។ ស្ត្រីនេះក៏ត្រូវបានបង្ហាញដោយទីក្រុងស៊ីយ៉ូនដែរ។ យើងនឹងសិក្សាអំពីទីក្រុងនេះនៅចុងបញ្ចប់នៃខគម្ពីរអេសាយ ៥៩៖២០។ ដូច្នេះ អស់ទាំងមនុស្សដែលនៅលើផែនដីនឹងមកឯក្រុងស៊ីយ៉ូន។ ពួកគេត្រូវបានគ្របដណ្តប់ទៅដោយស្បៃអន្ធការ។ ពួកគេនឹងធ្វើដំណើទៅឯទីក្រុងស៊ីយ៉ូនដោយសារតែពន្លឺដែលភ្លឺចាំងចែងនៅទីនោះ។ ពន្លឺដ៏ភ្លឺចាំងចែងនេះគឺជានិមិត្តរូបនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ (អេសាយ ៦០៖២)។ សិរីរុងរឿងនេះបានសម្តែងអោយឃើញក្នុងអង្គព្រះយេស៊ូវ។ ក្រុងស៊ីយ៉ូនគឺជាឈ្មោះមួយទៀតរបស់ទីក្រុងយេរូសាឡិម។ នៅពេលដែលលោកអេសាយបានរៀបរាប់អំពីទីក្រុង គាត់ពិតជាចង់មានន័យសំដៅទៅលើប្រជាជនរបស់ព្រះ។

បទគម្ពីរអេសាយ៦០ បានលើកឡើងបន្ថែមទៀតអំពីគំនិតដែលយើងបានសិក្សានៅខាងដើម ជំពូកក្នុងខ ១-៣។ មនុស្សទាំងឡាយនៅលើផែនដីបានធ្វើដំណើរទៅក្រុងយេរូសាឡិមដោយសារពន្លឺ។ ពន្លឺគឺជានិមិត្តរូបនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់។ សិរីល្អនេះបានមកដល់ទីក្រុងនៅពេលដែលព្រះយេស៊ូវបានយាងមកយកកំណើតជាមនុស្សនៅលើផែនដីនេះ។

តើព្រះបន្ទូលស្តីអំពីអនាគតកាលនេះអាចជួយយើងអោយចងចាំនូវសេចក្តីសន្យាដែលព្រះបានប្រទានមកលោកអ័ប្រាហាំនៅក្នុងខគម្ពីរលោកុប្បត្ដិ ១២៖២, ៣ យ៉ាងដូចម្តេច? តើខគម្ពីរទាំងពីរនេះនិយាយប្រហាក់ប្រហែលគ្នាយ៉ាងដូចម្តេច?

---------------------------------------------------------------------------------------

ព្រះជាម្ចាស់បានត្រាស់ហៅលោកអ័ប្រាហាំ និងកូនចៅជំនាន់ក្រោយរបស់គាត់ដើម្បីនាំព្រះពរទៅដល់មនុស្សទាំងអស់នៅលើផែនដីនេះ (លោកុប្បត្ដិ ១៖៣; លោកុប្បត្ដិ ១៨៖១៨; លោកុប្បត្ដិ ២២៖ ១៨)។ ដូច្នេះ ការតាំងសញ្ញារវាងព្រះនិងលោកអ័ប្រាហាំក៏មានចំណែកសម្រាប់មនុស្សទាំងអស់ផងដែរ។

លោកអេសាយចង់នាំប្រជាជនរបស់លោកវិលទៅរកផែនការដំបូងដែលព្រះបានធ្វើសម្រាប់ពួកគេវិញ នៅពេលដែលទ្រង់បានត្រាស់ហៅពួកគេមកជារាស្ត្ររបស់ទ្រង់។ ព្រះបានត្រាស់ហៅពួកគេអោយសម្តែងនូវសេចក្តីស្រឡាញ់របស់ទ្រង់ដល់មនុស្សគ្រប់គ្នានៅលើផែនដី (សូមអានខគម្ពីរអេសាយ ៥៦៖៣-៨ និងអេសាយ ៥៦៖៧ ផងដែរ)។

ព្រះជាម្ចាស់បានត្រាស់ហៅសាសន៍អ៊ីស្រាអែលមកធ្វើជារាស្ត្ររបស់ផងទ្រង់នៅជំនាន់ព្រះគម្ពីរ។ ហើយទ្រង់បានត្រាស់ហៅដល់ពួកជំនុំសេវេនដេយអាត់វេនទីស្ទអោយធ្វើជាពួកជំនុំចុងក្រោយរបស់ទ្រង់។ តើទ្រង់មានផែនការអ្វីសម្រាប់ពួកជំនុំមួយនេះ? ហើយតើទ្រង់មានផែនការអ្វីដែរសម្រាប់អ្នករាល់គ្នា?

ថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១

ឆ្នាំដែលព្រះនឹងរំដោះរាស្ត្រនៃទ្រង់អោយមានសេរីភាព

តើអ្នកណាគេដែលកំពុងនិយាយនៅក្នុងខគម្ពីរអេសាយ៦១៖២?

---------------------------------------------------------------------------------------

ព្រះបានត្រាស់ហៅបុគ្គលម្នាក់ដែលកំពុងនិយាយនេះ ហើយក៏បានចាក់បំពេញនូវព្រះវិញ្ញាណរបស់ទ្រង់មកលើលោកដែរ។ ការនោះបានបង្ហាញអោយយើងដឹងថា បុគ្គលរូបនេះពិតជាព្រះអង្គសង្រ្គោះហើយ។ ទ្រង់គឺជាព្រះដែលបានចាក់ប្រេងតាំងដើម្បីជួយសង្គ្រោះមនុស្សអោយរួចពីបាប។ តើអ្វីទៅជា ការងាររបស់ព្រះអង្គសង្គ្រោះ? លោកអេសាយបានបរិយាយប្រាប់យើងថា៖ «ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ា ទ្រង់សណ្ឋិតលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្ស ទាល់ក្រ ទ្រង់បានចាត់ខ្ញុំឲ្យមកដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង និងប្រកាសប្រាប់ពីសេចក្តី ប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង» (អេសាយ ៦១៖១)។ តើនេះជាមនុស្សម្នាក់ដែលយើងបានស្គាល់រួចមកហើយមែនទេ កាលពីយើងសិក្សានៅក្នុងកណ្ឌគម្ពីរអេសាយនោះ? សូមប្រៀបធៀបខគម្ពីរអេសាយ ៤២៖១-៧ ដែលនិយាយអំពីអ្នកបំរើរបស់ព្រះ។

ខគម្ពីរអេសាយ ៦១៖២ បានប្រកាសថា «ដល់ពេលដែលព្រះជាម្ចាស់ទ្រង់សំដែងព្រះហឫទ័យ មេត្តាករុណារបស់ទ្រង់ដល់រាស្ដ្ររបស់ទ្រង់ហើយ»។ អ្នកដែលបានចាក់ប្រេងតាំងដើម្បីមករំដោះរាស្រ្តអ៊ីស្រាអែលអោយមានសេរីភាពនៅពេលនោះបានប្រកាសប្រាប់ពីឆ្នាំដែលព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យ។ ក្នុងឆ្នាំពិសេសនេះ ព្រះនឹងបង្ហាញដល់រាស្ត្រទ្រង់នូវជំនួយពិសេស។ សូមប្រៀបធៀបខគម្ពីរលេវីវិន័យ ២៥៖១០៖ «ត្រូវឲ្យឯងរាល់គ្នាញែកឆ្នាំទី៥០នោះទុកជាបរិសុទ្ធ ព្រមទាំងប្រកាសប្រាប់សេចក្តីប្រោសលោះ បាវបំរើដល់មនុស្សទាំងអស់នៅពេញក្នុងស្រុកផង ឆ្នាំនោះជាឆ្នាំសោមនស្សដល់ឯងរាល់គ្នាដែលឯងនឹងត្រឡប់ទៅនៅឯទឹកដីរបស់ឯងរាល់គ្នារៀងខ្លួនបាន ហើយនិងត្រឡប់ទៅនៅនឹងញាតិសន្តានរបស់ខ្លួនវិញ»។ ខនេះបង្ហាញពីអ្វីដែលបានកើតឡើងនៅឆ្នាំសោមនស្សរីករាយ។ នេះជាដំណឹងល្អសម្រាប់មនុស្ស ដែលត្រូវបង្ខំចិត្តលក់ដីប្រចាំគ្រួសារ ឬធ្វើជាបាវបម្រើគេ (លេវីវិន័យ ២៥៖២៥-៥៥)។ ឥឡូវនេះ ប្រជាជនទាំងនេះអាចទទួលបានដីធ្លីនិងសេរីភាពរបស់ខ្លួនមកវិញ។

ឆ្នាំពិសេសដែលបានសម្តែងនៅក្នុងគម្ពីរអេសាយ ៦១៖២ នេះគឺជាឆ្នាំមេត្តាករុណា។ ប៉ុន្តែ វាក៏មានអត្ថន័យជ្រាលជ្រៅជាងនេះទៅទៀត។ ឆ្នាំពិសេសនេះគឺជាពេលវេលាដែលអ្នកដែលត្រូវចាក់ប្រេងតាំងជាព្រះមហាក្សត្រនឹងមកប្រកាសអង្គទ្រង់។ ទ្រង់នឹងបង្ហាញថា ព្រះអង្គជានរណា ដោយរំដោះរាស្ត្ររបស់ព្រះអង្គអោយមានសេរីភាព និងផ្តល់អោយពួកគេមានជីវិតថ្មីឡើងវិញ។ នៅសម័យព្រះគម្ពីរ ស្ដេចដែលគ្រងរាជ្យច្រើនតែប្រកាសថា មនុស្សដែលជំពាក់បំណុលគេនោះពុំចាំបាច់សងវិញទេ។ ព័ន្ធកិច្ចរបស់ អ្នកដែលបានចាក់ប្រេងតាំងគឺលើសពីការជួយប្រជាជនអោយរួចផុតពីទាសភាព ឬបំណុលដីធ្លីទៅទៀត។ ទ្រង់ក៏ជួយសម្រាលទុក្ខលំបាករបស់ប្រជាជន និងព្យាបាលដល់អស់អ្នកដែលមានចិត្តគ្រាំគ្រា ព្រមទាំងប្រទាននូវជីវិតថ្មីដល់ពួកគេផងដែរ (អេសាយ ៦១៖១-១១)។ ទ្រង់នឹងប្រកាសពីឆ្នាំពិសេសនៃការសព្វព្រះទ័យពីព្រះជាម្ចាស់។ ទ្រង់ក៏ប្រកាសផងដែរថា ទ្រង់នឹងដាក់ទោសដល់មនុស្សអាក្រក់ (អេសាយ ៦១៖២) ។

តើព្រះយេស៊ូវបានធ្វើអ្វីខ្លះដែលយើងរាល់គ្នាគួរតែធ្វើឥឡូវនេះ?

--------------------------------------------------------------------------------------- ​

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១

ព្រះនឹងដាក់ទណ្ឌកម្មដល់មនុស្សដែលចូលចិត្តធ្វើអាក្រក់

នៅក្នុងបទគម្ពីរអេសាយ៦១ ព្រះអង្គសង្គ្រោះបានចែកចាយដំណឹងល្អអំពីសេចក្តីល្អផ្សេងៗដែលទ្រង់នឹងធ្វើ ។ ដូច្នេះ តើហេតុអ្វីបានជាទ្រង់សន្យាថា ទ្រង់នឹងដាក់ទោសដល់មនុស្សដែលចូលចិត្ត ធ្វើអំពើអាក្រក់? តើនេះជាដំណឹងល្អដែរឬអី? បើមែន តើហេតុអ្វីទៅ? តើការសន្យានេះនឹងកើតឡើងនៅពេលណា?

---------------------------------------------------------------------------------------

នៅពេលដែលព្រះយេស៊ូវគង់នៅស្រុកណាសារ៉ែត ទ្រង់បានអានបទគម្ពីរអេសាយ៦១។ ទ្រង់ បានអានផ្នែកដំបូងនៃខទី២ថា៖ «ព្រះជាម្ចាស់បានចាត់ខ្ញុំអោយប្រកាសប្រាប់ពីឆ្នាំដែលព្រះយេហូវ៉ា ទ្រង់សព្វព្រះហឫទ័យ» (អេសាយ ៦១៖២) សូមអានខគម្ពីរលូកា ៤៖១៩)។ ក្រោយពីអានចប់នោះ ព្រះយេស៊ូវទ្រង់ចាប់តាំងមានបន្ទូលថា៖ «នៅថ្ងៃនេះ បទគម្ពីរនេះបានសំរេចនៅត្រចៀកអ្នករាល់គ្នាហើយ» (លូកា ៤៖២១)។ ព្រះយេស៊ូវបានជ្រើសមិនអានឃ្លាបន្ទាប់នៅក្នុងខដដែលនេះដែលនិយាយថា៖ «ព្រះនៃយើងខ្ញុំនឹងសងសឹកផង» (អេសាយ ៦១៖២)។ ព្រះយេស៊ូវបានយាងមកដើម្បីរំដោះមនុស្សចេញពីអំណាចសាតាំង។ ព្រះយេស៊ូវទើបតែចាប់ផ្ដើមបំពេញព័ន្ធកិច្ចនេះប៉ុណ្ណោះ។ ដូច្នេះ ពេលវេលាដែលព្រះនឹងដាក់ទោសដល់មនុស្សអាក្រក់មិនទាន់បានមកដល់នៅឡើយទេ។ នៅក្នុងបទគម្ពីរម៉ាថាយ២៤ (សូមប្រៀបធៀបគ្នាជាមួយបទគម្ពីរម៉ាកុស ១៣ និងលូកា ២១) ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ សាវករបស់ទ្រង់ថា ព្រះនឹងដាក់ទោសដល់មនុស្សមានបាបនៅគ្រាអនាគត។

នៅក្នុងបទគម្ពីរអេសាយ៦១ ថ្ងៃដែលព្រះនឹងដាក់ទោសមនុស្សអាក្រក់គឺប្រៀបបាននឹងថ្ងៃនៃការវិនិច្ឆ័យទោសរបស់ព្រះដ៏គួរអោយរន្ធត់ (យ៉ូអែល ២៖៣១ ; ម៉ាឡាគី ៤៖៥)។ ថ្ងៃនោះនឹងបានជាថ្ងៃដ៏គួរអោយភ័យរន្ធត់ញាប់ញ័រចំពោះអស់អ្នកដែលបដិសេធមិនទទួលយកការលើកលែងទោសពីព្រះ។ ថ្ងៃនោះនឹងមកដល់នៅពេលដែលព្រះយេស៊ូវយាងមកដើម្បីសង្រ្គោះលោកីយ៍នេះអោយរួចពីអំពើបាប។ ព្រះយេស៊ូវនឹងយកជ័យជំនះលើខ្មាំងសត្រូវរបស់ទ្រង់ ព្រមទាំងជួយរំដោះរាស្ត្ររបស់ព្រះអង្គអោយមានសេរីភាពដែរ (សូមប្រៀបធៀបបទគម្ពីរវិវរណៈ ១៩ និងដានីយ៉ែល ២៖៤៤, ៤៥) ព្រះយេស៊ូវបានប្រកាសពីការចាប់ផ្តើមនៃពេលវេលាដែលព្រះជាម្ចាស់បានបង្ហាញសេចក្តីមេត្តាករុណារបស់ទ្រង់ ប៉ុន្តែចុងបញ្ចប់នៃពេលវេលានោះនឹងមកដល់នៅពេលដែលព្រះយេស៊ូវយាងមកជាលើកទីពីរ។

តើព្រះជាម្ចាស់អាចជាព្រះនៃសេចក្ដីស្រឡាញ់ ហើយក៏ជាព្រះដែលនឹងកាត់ទោសដល់មនុស្សអាក្រក់យ៉ាងដូចម្តេច? តើវាសមហេតុផលទេ? ឬក៏ការដាក់ទណ្ឌកម្មរបស់ទ្រង់គឺជាផ្នែកមួយនៃសេចក្តីស្រឡាញ់របស់ទ្រង់ដែរ? បើលោកអ្នកយល់ស្របសូមពន្យល់។

---------------------------------------------------------------------------------------

ព្រះយេស៊ូវបានបង្រៀនយើងរាល់គ្នាអោយបែរថ្ពាល់ម្ខាងទៀត (ម៉ាថាយ ៥៖៣៩)។ ទន្ទឹមនឹងនេះដែរ ព្រះយេស៊ូវបានសន្យាថាទ្រង់នឹងដាក់ទោសដល់មនុស្សដែលចូលចិត្តប្រព្រឹត្តអំពើអាក្រក់ (ម៉ាថាយ ៨៖១២)។ លោកសាវកប៉ុលបានបង្រៀនយើងថា កុំអោយធ្វើអំពើអាក្រក់ស្នងនឹងការអាក្រក់ឡើយ (ថែស្សាឡូនីចទី១ ៥៖១៥)។ ហើយលោកក៏មានប្រសាសន៍ទៀតថាព្រះនឹង «ដាក់ទោសអស់អ្នកណា ដែលមិនស្គាល់ព្រះ» (ថែស្សាឡូនីចទី២ ១៖៨)។

មនុស្សម្នាក់ៗសុទ្ធតែមានដិតដាមទៅដោយកំហុស។ ប្រាជ្ញារបស់យើងរាល់គ្នាពិតជាមានកំរិត។ យើងមិនមែនតែងតែប្រព្រឹត្តនូវសេចក្តីយុត្តិធម៌ នៅពេលដែលយើងវិនិច្ឆ័យនិងដាក់ទណ្ឌកម្មអ្នកដទៃនោះឡើយ។ ប៉ុន្តែ ព្រះតែងតែផ្តល់នូវភាពយុត្តិធម៌ជានិច្ច។ មានតែទ្រង់ទេដែលអាចផ្តល់នូវសេចក្តីយុត្តិធម៌ និងមានពោរពេញទៅដោយសេចក្តីមេត្តាករុណានៅពេលដែលទ្រង់ដាក់ទណ្ឌកម្មដល់មនុស្សអាក្រក់។

ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១

សិក្សាបន្ថែម

សូមអាន Ellen G. White, Patriarchs and Prophets, pp. 376–378; also The Desire of Ages, pp. 236–243 ផងដែរ។

«ព្រះយេស៊ូវបានក្រោកឈរឡើងនៅចំពោះមុខបណ្តាជនប្រៀបដួចជាគ្រូបង្រៀនម្នាក់។ ទ្រង់បានពន្យល់នូវបទគម្ពីរសញ្ញាចាស់ដែលបានចែងអំពីព្រះអង្គទ្រង់ផ្ទាល់។ ទ្រង់បានមានបន្ទូលអំពីព្រះអង្គសង្គ្រោះ ដែលប្រៀបដូចជាមនុស្សម្នាក់ដែលនឹងយាងមកជួយសង្រ្គោះដល់មនុស្សដែលរងទុក្ខគ្រាំគ្រា។ ព្រះអង្គសង្គ្រោះនឹងប្រទាននូវសេរីភាពមកដល់ពួកឈ្លើយ ព្រមទាំងប្រោសអស់អ្នកដែលមានជំងឺគ្រាំគ្រា និងខ្វាក់ខ្វិនពិការអោយបានជាផង។ ទ្រង់នឹងបង្ហាញមនុស្សទាំងឡាយនៅនាលោកីយ៍នេះអោយបានយល់អំពីសេចក្ដីពិតរបស់ព្រះគម្ពីរ។ ជាការពិតណាស់ របៀបដែលព្រះយេស៊ូវទ្រង់បានបង្រៀននោះពិតជាគួរអោយស្ញប់ស្ញែងណាស់។ ពាក្យពេចន៍របស់ទ្រង់បានដក់ជាប់នៅក្នុងក្រអៅបេះដូងរបស់បណ្តាជន គ្រប់ៗគ្នាដោយអំណាចចេស្តាដែលពួកគេមិនធ្លាប់ឆ្លងកាត់ពីមុនមក។ ព្រះយេស៊ូវបានយាងមក ដើម្បីបំបែកនូវរនាំងទាំងឡាយរវាងព្រះជាម្ចាស់និងមនុស្សមានបាបចោលចេញ។ ប្រជាជនមានបទពិសោធន៍ដូចជាលោកម៉ូសេដែរ។ ពួកគេបានមើលឃើញនូវអ្វីដែលភ្នែកមនុស្សមិនអាចមើលឃើញ។ ព្រះវិញ្ញាណបរិសុទ្ធក៏បានប៉ះពាល់ចិត្តពួកគេ។ ពួកគេឆ្លើយតបទៅកាន់ព្រះយេស៊ូវដោយពាក្យថា អាម៉ែន ហើយក៏ពោលសរសើរតម្កើងដល់ព្រះជាម្ចាស់» ។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 237, adapted។

ថ្ងៃនោះនឹងមកដល់ នៅពេលដែលព្រះជាម្ចាស់នឹងដាក់ទោសមនុស្សដែលចូលចិត្តធ្វើអំពើអាក្រក់។ នេះគឺជាថ្ងៃដែលព្រះនឹងបង្ហាញសេចក្តីខ្ញាល់យ៉ាងសហ័សប្រឆាំងនឹងអំពើបាប។ តើអ្នកណានឹងឈរនៅបានក្នុងគ្រាដែលព្រះជាម្ចាស់ទ្រង់យាងមកម្តងទៀត? មនុស្សបានមានចិត្តរឹងទាស់នឹងព្រះវិញ្ញាណរបស់ព្រះ។ ប៉ុន្តែ នៅថ្ងៃនោះ សេចក្តីខ្ញាល់របស់ព្រះនឹងបានចាក់ទំលុះចិត្តមនុស្សដែលបដិសេធមិនទទួល ស្គាល់សេចក្តីពិតអំពីព្រះយេស៊ូវ។ មិនយូរប៉ុន្មាន ព្រះនឹងដាក់ទោសមនុស្សមានបាបទាំងឡាយ។ តើគ្រូ គង្វាលក្លែងក្លាយនឹងអាចជួយការពារមនុស្សមានបាបបានដែរទេនៅថ្ងៃនោះ? តើព្រះនឹងលើកលែងទោស ចំពោះបុគ្គលដែលចូលចិត្តដើរតាមហ្វូងមនុស្សដែលមិនគោរពច្បាប់របស់ព្រះជាម្ចាស់ដែរឬ? តើវាជាការពេញនិយមសម្រាប់យើងទេ? វានឹងមានបញ្ហាទេប្រសិនបើមនុស្សជាច្រើនចូលចិត្តយើង? មនុស្សខ្លះធ្វើហាក់ដូចជាពួកគេមិនខ្វល់ពីអ្វីដែលនឹងកើតឡើងនៅពេលខាងមុខឡើយ។ ប៉ុន្តែ ពួកគេក៏ត្រូវតែគិតដោយ ប្រុងប្រយ័ត្នអំពីចម្លើយចំពោះបញ្ហាចោទទាំងនេះដែរ។ ពួកគេត្រូវសម្រេចចិត្តថាតើពួកគេជឿលើអ្វី? ដកស្រង់ ពី Ellen G. White, Faith and Works, p. 33, adapted។ ​

សំនួរពិភាក្សា៖
  1. គ្រូអធិប្បាយនៃក្រុមជំនុំសេវេនដេលអាត់វេនទីស្ទម្នាក់បានលើកឡើងអំពីបញ្ហាដែលជាប់ចំណាត់ថ្នាក់លេខមួយនៅក្នុងព្រះវិហាររបស់គាត់។ ពួកជំនុំព្រះវិហារមិនចង់អោយអ្នកដទៃទៀតមកចូលរួមជាមួយពួកគេឡើយ។ តើហេតុអ្វីបានជាការនោះចាំបាច់ត្រូវតែផ្លាស់ប្តូរ? ការងាររបស់យើងគឺត្រូវតែនាំយកដំណឹងល្អអំពីព្រះយេស៊ូវទៅដល់មនុស្សជាច្រើនតាមដែលយើងអាចធ្វើបាន។ ធ្វើយ៉ាងនោះ ពួកគេអាចមានឱកាសដើម្បីទទួលបាននូវសេចក្តីសង្រ្គោះមុនពេលដែលគ្រាចុងក្រោយបានមកដល់ (ម៉ាថាយ ២៤៖ ១៤)។ ដូច្នេះ តើយើងអាចបង្ហាញដល់អ្នកដទៃទៀតនូវសេចក្តីស្រឡាញ់ សេចក្តីសង្ឃឹម និងដំណឹងល្អអំពីនគរព្រះបានយ៉ាងដូចម្តេច? តើយើងអាចធ្វើយ៉ាងដូចម្តេច ដើម្បីអោយភ្ញៀវដែលអញ្ជើញមកព្រះវិហាររបស់យើងមានអារម្មណ៍ទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្តៅ? ​ ​

រឿងខ្លី

ខ្ញុំចង់ដាំក្រុមជំនុំមួយ

Jeans

ជូលី អូវ៉ាលីពិតជារំភើបចិត្តយ៉ាងខ្លាំងនៅពេលដែលគាត់បានត្រឡប់មកពីចូលរូមនៅមហាសន្និបាតបេសកកម្មពិភពលោកដែលបានរៀបចំឡើងសម្រាប់សមាជិកក្រុមជំនុំនៅទូទាំងប្រទេសម៉ិកស៊ិកូ។ គាត់បានប្រាប់ប្រពន្ធរបស់គាត់ដែលមានឈ្មោះថា ម៉ារីយ៉ា ឌាស ដោយក្តីរំភើបអំពីអ្វីដែលគាត់បានរៀននៅឯមហាសន្និបាតព្រះគម្ពីរនោះ ក្នុងខែមករា ឆ្នាំ២០១៧។ លោកបានមានប្រសាសន៍ថា៖ «ឥឡូវនេះខ្ញុំចង់ដាំក្រុមជំនុំឡើង»។ ម៉ារីយ៉ាពេញចិត្តនឹងគំនិតនេះណាស់ នោះនាងក៏បាននិយាយថា៖ «តោះធ្វើ!»។ ប៉ុន្តែ តើយើងត្រូវចាប់ផ្តើមពីត្រង់ណាទៅ? ជូលីមានបំណងចង់ឈោងចាប់អ្នកជិតខាងថ្មីៗ នោះគាត់ក៏គិតថាវិធីដ៏ល្អ ដើម្បីចាប់ផ្តើមគំរោងនេះ គឺធ្វើតាមរយៈការបង្រៀនប្រជាជនអំពីគោលការសុខភាពជាចំបងរូមមានជាអាទិដូចជា៖ ខ្យល់អាកាស ការពិសាទឹក ពន្លឺព្រះអាទិត្យ និងការសម្រាកជាដើម។ ជូលី និងម៉ារីយ៉ាបានទទួលនូវការគាំទ្រពីសំណាក់ញូញាននៃប្រទេសម៉ិកស៊ិកភាគខាងជើង ដើម្បីធ្វើការជាអ្នកត្រួសត្រាយនៃបេសកកម្មស្ម័គ្រចិត្តជាសកល ហើយគ្រូគង្វាលប្រចាំព្រះវិហាររបស់ពួកគេក៏បានគាំទ្រផែនការនេះដែរ។ ប៉ុន្តែ សមាជិកក្រុមជំនុំខ្លះចងចាំថាការព្យាយាមក្នុងការដាំព្រះវិហារលើកមុនបានបរាជ័យរួចទៅហើយ។ មានម្នាក់បានលើកឡើងថា៖ «ផែនការនេះនឹងមិនដំណើរការទេ»។ អ្នកផ្សេងទៀតក៏បាននិយាយថា៖ «អ្នកនឹងមិនទទួលបានលទ្ធផលល្អដែរ»។ លោកជូលី និងអ្នកស្រីយ៉ូម៉ារីយ៉ា ព្រមទាំងកូនស្រីពេញក្រមុំពីរនាក់របស់ពួកគេបានពាក់អាវយឺតពណ៌បៃតងខ្ចីមានរំលេចដោយឈ្មោះ កម្មវិធីសុខភាពថា «ខ្ញុំចង់រស់នៅប្រកបដោយសុខភាព» ហើយបានចាប់ផ្តើមគោះទ្វារផ្ទះរបស់ប្រជាពលរដ្ឋផ្សេងៗ។ នៅតាមផ្ទះនីមួយៗ ពួកគេបានអញ្ជើញមនុស្សអោយមកចុះឈ្មោះ វគ្គសិក្សាសុខភាពតាមផ្ទះ និងថ្នាក់ចំអិនអាហារបែបសុខភាពនៅព្រះវិហារ។ ក្រុមគ្រួសារនេះបានធ្វើការយ៉ាងសស្រាក់សស្រាំអស់រយៈពេលបួនសប្តាហ៍ ហើយទីបំផុត ពួកគេក៏ចុះឈ្មោះបានមនុស្សដំបូងម្នាក់ដែលជាបុរសចំណាស់៦០ឆ្នាំដែលមានឈ្មោះថា រ៉ូហ្គេលី សម្រាប់ថ្នាក់ព្រះគម្ពីរ។ នៅពេលដែលសមាជិកក្រុមជំនុំបានឃើញពីភាពឧស្សាហ៍ព្យាយាមរបស់ក្រុមគ្រួសារនេះនិងបានដឹងថា លោករ៉ូហ្គេលី ដែលមានពាក់អាវយឺតពណ៌បៃតងខ្ចីបានចូលរួមសកម្មភាពជាមួយពួកគេក្នុងការធ្វើដំណើរពីផ្ទះមួយទៅកាន់ផ្ទះមួយ។ មិនយូរប៉ុន្មាន ក្រុមនេះបានកើនចំនួនឡើងដល់ទៅ១៥នាក់។ សមាជិកក្រុមជំនុំបានធ្វើការឥតឈប់ឈរអស់រយៈពេល៦ខែ។ ដោយមើលឃើញការរីកចម្រើននៃចំនួនមនុស្សបានចូលរួមសិក្សាព្រះគម្ពីរ នោះលោកជូលីបានសម្រេចចិត្តបង្កើតជាក្រុមតូចមួយ ដើម្បីជួបជុំគ្នានៅរសៀលថ្ងៃឈប់សម្រាក។ គាត់បានប្រកាសផែនការនេះទៅដល់ពួកជំនុំក្នុងខែកុម្ភះ ឆ្នាំ២០១៧ និងបានអញ្ជើញសមាជិកក្រុមជំនុំជាច្រើនអោយមកចូលរួមគំាទ្រផងដែរ។ ពួកជំនុំក៏បានយល់ព្រមក្នុងការបង្កើតជាក្រុមតូចនេះឡើង ហើយមានសមាជិក១០នាក់បានយល់ព្រមមកចូលរួមដែរ ។ លើសពីនេះទៅទៀតមានសមាជិកក្រុមជំនុំម្នាក់ដែល មានអាជីពជាអ្នកជួលកន្លែងសម្រាប់ធ្វើបុណ្យខួបកំណើត និងពិធីមង្គលការផ្សេងៗបានផ្តល់ជាកន្លែងប្រជុំសម្រាប់ក្រុមតូចនេះដោយឥតគិតថ្លៃ។ មានមនុស្ស២៥នាក់បានបង្ហាញខ្លួនចូលរួមសិក្សាព្រះគម្ពីរសម្រាប់កិច្ចប្រជុំលើកដំបូងរបស់ក្រុមតូចនេះ។ បីខែបន្ទាប់ពីត្រូវបានយល់ព្រមថា ជាក្រុមតូច រួចមកព្រះវិហារតំបន់ក៏បានទទួលស្គាល់វាថាជាសាខាថ្នាក់ថ្ងៃបរិសុទ្ធ។ ១៧ខែក្រោយមក ក្នុងខែកញ្ញាឆ្នាំ ២០១៨ វាបានក្លាយជាព្រះវិហារមួយ។ សព្វថ្ងៃនេះ ព្រះវិហារសេវេនដេយអាត់វេនទីស្ទពួតា ដិល សេឡូ (ទ្វារចូលឋានសួគ៌) មានសមាជិក៣៥នាក់ រួមទាំងមនុស្ស២៤នាក់ដែលបានទទួលបុណ្យជ្រមុជទឹកតាមរយៈថ្នាក់សុខភាពរបស់លោកជូលី និងអ្នកស្រីម៉ារីយ៉ា។ វត្តមានសមាជិកព្រះវិហារចូលរួមក្នុងថ្ងៃឈប់សម្រាកបានឈានដល់៥០នាក់ហើយ។ គំរោងសាងសង់អាគារព្រះវិហារក៏កំពុងតែដំណើរការហើយដែរ។ «គោលដៅរបស់យើងរាល់គ្នាគឺត្រូវបង្កើនក្រុមជំនុំថ្វាយព្រះ និងដឹកនាំមនុស្សជាច្រើនអោយបានចូលនគរព្រះ»។ នេះបើតាមសម្តីរបស់លោកជូលីដែលមានវ័យ៤៦ឆ្នាំ។ ​ ​

អំណានដង្វាយប្រចាំសប្តាហ៍

នៅពេលដែលលោកយ៉ូហានយកព្រះទុកជាទី១

ការយកព្រះទុកជាទី១មិនមែនជារឿងងាយស្រួលឡើយ។ តើយើងអាចរៀនបានអ្វីខ្លះពីលោកប៉ុលដែលនឹងជួយយើងរាល់គ្នាឲ្យយកព្រះទុកជាទី១ក្នុងជីវិតរបស់យើងសព្វថ្ងៃនេះ?

ក្នុងចំណោមសិស្សទាំងអស់របស់ព្រះយេស៊ូវលោកយ៉ូហានគឺជាសិស្សដែលក្មេងជាងគេបង្អស់។ លោកស្រឡាញ់ព្រះយេស៊ូវយ៉ាងអស់ពីចិត្ត។ នៅពេលដែលសិស្សដទៃៗទៀតបានរត់ខ្ចាត់ខ្ចាយអស់បន្ទាប់ពីការចាប់ខ្លួនព្រះយេស៊ូវ លោកយ៉ូហាននៅតែនៅជិតព្រះយេស៊ូវជានិច្ច។ ព្រះយេស៊ូវបានលើកតម្កើងភាពស្មោះត្រង់របស់លោក ដោយប្រទានបេសកកម្មនៃការមើលថែស្ត្រីដែលធ្លាប់មើលថែព្រះយេស៊ូវបំផុត គឺម៉ារី ដែលជាមាតាព្រះយេស៊ូវ។

ប៉ុន្តែ កាលលោកនៅក្មេងនៅឡើយ លោកយ៉ូហានគឺជាមនុស្សឆេវឆាវ និងគុំគួនម្នាក់។ លោកមិនងាយនឹងមានចិត្តមេត្តាលើអស់អ្នកដែលបដិសេធព្រះយេស៊ូវឡើយ។ មានពេលមួយ លោកបានស្នើឲ្យព្រះយេស៊ូវទម្លាក់ភ្លើងពីស្ថានសួគ៌ដើម្បីបំផ្លាញពួកសាសន៍សាម៉ារីដែលបដិសេធ ព្រះយេស៊ូវ។ ការយកព្រះទុកជាទី១ក្នុងជីវិតរបស់លោកយ៉ូហានពុំមែនជាឱកាសសម្រាប់បង្ហាញ​សេចក្តីក្លាហានតែម្តងគត់នោះឡើយ។ ផ្ទុយទៅវិញ វាគឺជាការប្តេជ្ញាចិត្តពេញមួយជីវិតថាត្រូវតែ​ ​ស្រឡាញ់ព្រះយេស៊ូវដូចជាទ្រង់បានស្រឡាញ់ដែរ។

បន្ទាប់ពីព្រះយេស៊ូវបានយាងត្រឡប់ទៅស្ថានសួគ៌វិញ លោកយ៉ូហាននៅតែស្មោះត្រង់រហូតដល់ស្លាប់ ដែលមានរយៈពេលប្រហែល៧០ឆ្នាំតមកទៀត។ ទីបំផុតលោកបានក្លាយជាគ្រូគង្វាលរបស់ក្រុមជំនុំនៅទីក្រុងអេភេសូរ ហើយបានសរសេរកណ្ឌគម្ពីរជាច្រើននៅក្នុងគម្ពីរសញ្ញាថ្មី មានដូចជា ដំណឹងល្អរបស់លោកយ៉ូហាន និងកណ្ឌគម្ពីរវិវរណៈជាដើម។ ទោះជាយ៉ាងណា សំបុត្ររបស់លោកទៅកាន់ពួកជំនុំក៏បានជួយបង្ហាញឲ្យឃើញសេចក្តីជំនឿរបស់លោកផងដែរ។ តទៅនេះគឺជាពាក្យពេចន៍ផ្ទាល់របស់លោកដែលបានកត់ត្រាក្នុងខគម្ពីរយ៉ូហានទី១ ៤៖៧ «ពួក​ស្ងួនភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្តី​ស្រឡាញ់​មក​ពី​ព្រះ»។

ជួនកាលយើងមានការខកចិត្តដោយសារតែយើងនៅមិនទាន់អាចគ្រប់គ្រងកំហឹង និង​បំណងចិត្តរបស់យើងបាននៅឡើយ។ ប៉ុន្តែ លោកយ៉ូហានបានរកឃើញការកែប្រែចិត្តដ៏អស្ចារ្យក្នុងជីវិតរបស់លោកដោយការយកព្រះទុកជាទី១ជារៀងរាល់ថ្ងៃ។

លោកយ៉ូហានយកព្រះទុកជាទី១។ គំរូរបស់លោកដាស់តឿនយើងរាល់គ្នាឲ្យធ្វើតាមលោក។ ខណៈ​ដែលពួកអ្នកជំនួយការប្រាក់ដង្វាយកំពុងប្រមូលប្រាក់ដង្វាយ សូមយើងរាល់គ្នាបាន​ទទួលយក​ព្រះ​​ជាម្ចាស់ទុកជាទី១ចុះ។ ​

សេចក្តីអធិដ្ឋាន៖
ឱព្រះវរបិតាម្ចាស់សួគ៌ យើងរាល់គ្នាថ្វាយបង្គំព្រះអង្គព្រឹកនេះ ដោយភ្ជាប់មកជាមួយនូវប្រាក់ដង្វាយ១០ហូត១ និងដង្វាយសទ្ធា។ យើងសូមអធិដ្ឋានឲ្យព្រះអង្គប្រទានសេចក្តីក្លាហានដល់យើងរាល់គ្នាឲ្យយកទ្រង់ទុកជាទី១ក្នុងជីវិតរបស់យើងរាល់គ្នា។ សូមអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវ។ អាម៉ែន។ ​

Powered by CAM