មេរៀនទី១២​៖ ១២-១៨ មិថុនា ២០២១

សេចក្តីជំនឿ និងសេចក្តីសញ្ញាថ្មី

Jeans
ថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ កាឡាទី ៦៖១៤, រ៉ូម ៦៖២៣, យ៉ូហានទី១ ៥៖១១, ១៣, រ៉ូម ៤៖១-៧, លេវីវិន័យ ៧៖១៨, រ៉ូម ៥៖១។

ខចងចាំ៖«ហើយ​ច្បាស់​ជា​គ្មាន​អ្នក​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ព្រះ ដោយសារ​ក្រឹត្យវិន័យ​ឡើយ ពី​ព្រោះមនុស្ស​សុចរិត​នឹង​រស់ ដោយ​អាង​សេចក្តី​ជំនឿ» (កាឡាទី ៣៖១១)។

ហូមើរ គឺជាកវីនិពន្ធក៍សាសន៍ក្រេកមួយរូប។ លោកធ្លាប់រស់នៅប្រហែលជា៧០០ឆ្នាំមុនគ្រិស្តសករាជ។ ហូមើរបានសរសេររឿងដ៏ល្បីមួយដែលមានចំណងជើងថា អូឌីសេ (Odyssey)។ អូឌីសេ និយាយអំពីអ្នកប្រយុទ្ធម្នាក់ដែលមានឈ្មោះថា អូឌីស៊ូសដែលប្រយុទ្ធក្នុងសង្គ្រាមត្រូចាន់។ អូឌីស៊ូសបាន​វាយឈ្នះ​ពួកត្រូវចាន់ និងដណ្តើមបានទីក្រុងត្រួយរបស់ពួកគេ។ បន្ទាប់មក អូឌីស៊ូសជិះកប៉ាល់ទៅផ្ទះដែលនៅអ៊ីថាកា។ ការធ្វើដំណើរទៅផ្ទះវិញនេះត្រូវចំណាយពេល១០ឆ្នាំ។ នៅតាម ផ្លូវទៅផ្ទះ មានរឿង​អាក្រក់ៗកើតឡើងជាច្រើន៖ ពួកអ្នកកប៉ាល់បានប្រយុទ្ធដើម្បីការពារកប៉ាល់របស់ ពួកគេ។ កប៉ាល់របស់គាត់ក៏ត្រូវបែកបាក់ខូចខាតអស់។ មានព្យុះជាច្រើន មានអារក្សទឹក និងមានគ្រា លំបាកៗជាច្រើន។ បញ្ហាទាំងនេះធ្វើឲ្យអូឌីសេមិនអាចមកដល់ផ្ទះបានលឿនឡើយ។ ទីបំផុត ពួកព្រះ របស់សាសន៍ក្រេកបានសម្រេចថា អូឌីសេរងទុក្ខលំបាកល្មមហើយ។ ហេតុនោះ ពួកព្រះក៏បានអនុញ្ញាត ឲ្យទាហានដ៏ហេវហត់រូបនេះត្រឡប់ទៅផ្ទះដើម្បីជួបជុំគ្រួសារវិញ។ ពួកព្រះយល់ស្របថា ទុក្ខលំបាក ដែលអូឌីសេបានជួបគឺល្មមគ្រប់គ្រាន់សម្រាប់កំហុសដែលអូឌីសេបានធ្វើហើយ។

យើងរាល់គ្នាក៏ដូចជាអូឌីសេត្រង់ចំណុចខ្លះដែរ។ យើងកំពុងតែព្យាយាមទៅផ្ទះរបស់យើង វិញ។ ផ្ទះរបស់យើងគឺជាស្ថានសួគ៌។ ប៉ុន្តែ មានចំណុចមួយដែលយើងមិនដូចជាអូឌីសេ។ គឺយើងមិន ត្រូវរងទុក្ខវេទនាឲ្យគ្រប់គ្រាន់ដើម្បីទទួលបានការបើកផ្លូវទៅផ្ទះនោះទេ។ ស្ថានសួគ៌នៅឆ្ងាយ​ពីផែនដី ​ខ្លាំង​​ណាស់សម្រាប់យើង។ យើងមិនអាចទៅទីនោះដោយសារអំពើល្អរបស់យើងបានឡើយ។ យើង អាចទៅស្ថានសួគ៌បានដោយសារតែព្រះជាម្ចាស់បង្ហាញប្រាប់យើងអំពីព្រះគុណរបស់ព្រះអង្គប៉ុណ្ណោះ។

ថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១

ឈើឆ្កាងនៅកាល់វ៉ារី

ព្រះទ្រង់បានសង្គ្រោះរាស្ត្ររបស់ព្រះអង្គដែលស្ថិតនៅក្រោមសេចក្តីសញ្ញាចាស់តាមរបៀបដូចជាទ្រង់បានសង្គ្រោះយើងរាល់គ្នាដែលស្ថិតនៅក្រោមសេចក្តីសញ្ញាថ្មីដែរ៖ គឺដោយសេចក្តីជំនឿតែមួយគត់។ ចុះប្រសិនបើអំពើល្អ ឬអ្វីផ្សេងទៀតសង្គ្រោះយើងវិញយ៉ាងដូចម្តេចដែរ? បើដូច្នោះមែនមានន័យថា ព្រះជាម្ចាស់ជាអ្នកជំពាក់ជីវិតអស់កល្បដល់យើង។ ប៉ុន្តែ ព្រះជាម្ចាស់ពុំបានជំពាក់អ្វីដល់យើងឡើយ។ មាន តែមនុស្សដែលមិនយល់អំពីអំពើបាប និងមិនយល់អំពីលទ្ធផលរបស់បាបប៉ុណ្ណោះដែលគិតថា ព្រះជំពាក់ជីវិតអស់កល្បដល់មនុស្សនោះ។ ប្រសិនបើមនុស្សណាមួយជំពាក់អ្វីមួយដល់អ្នកណាម្នាក់ ពិតជាមាន មែន។ យើងរាល់គ្នាបានរំលងក្រឹត្យវិន័យរបស់ព្រះ។ ហេតុនោះ យើងត្រូវតែបង់ថ្លៃសម្រាប់ការរំលងនោះ។ ពិតណាស់ យើងនឹងមិនអាចបង់ថ្លៃបានឡើយ។ ប៉ុន្តែ សូមសរសើរតម្កើងដល់ព្រះជាម្ចាស់ ដ្បិតព្រះយេស៊ូវបានបង់ថ្លៃសម្រាប់យើងរាល់គ្នាហើយ។

«បុរសនិងស្ត្រីទាំងឡាយត្រូវតែព្យាយាមស្វែងយល់អំពីសេចក្តីសុគតរបស់ព្រះយេស៊ូវសម្រាប់ពួកគេឲ្យបានកាន់តែពេញលេញឡើងថែមទៀត។ នៅពេលដែលពួកគេធ្វើបែបនេះ នោះផែនការនៃការសង្គ្រោះរបស់ព្រះនឹងក្លាយជាសំខាន់ខ្លាំងឡើងក្នុងជីវិតរបស់ពួកគេ។ បន្ទាប់មកមនុស្សទាំងឡាយនឹងគិតអំពីកាល់វ៉ារីកាន់តែច្រើនឡើងថែមទៀត។ គំនិតទាំងនេះនឹងចាក់បំពេញសេចក្តីស្រឡាញ់របស់ព្រះទៅក្នុងចិត្តរបស់ពួកគេ។ បបូរមាត់និងដួងចិត្តរបស់ពួកគេនឹងបំពេញដោយការសរសើរតម្កើងដល់ព្រះ និងកូនចៀមរបស់ព្រះ។ កាលណាយើងគិតអំពីអ្វីដែលបានកើតឡើងនៅកាល់វ៉ារី​នោះអំនួតនឹងមិនអាច​រស់នៅក្នុងដួងចិត្តរបស់យើងបានទៀតឡើយ... តើអ្នកណាអាចនឹងវាស់សេចក្តីស្រឡាញ់ដែលព្រះយេស៊ូវមានចំពោះបាបជនទាំងឡាយខណៈដែលទ្រង់ជាប់ឆ្កាងនិងវេទនាដោយសារអំពើបាបរបស់យើងនោះ? គ្មានអ្នកណាអាចវាស់សេចក្តីស្រឡាញ់ដ៏ធំធេងនេះបានទេ។

«ព្រះយេស៊ូវទ្រង់បានបង្ហាញថា សេចក្តីស្រឡាញ់របស់ព្រះអង្គមានអំណាចធំធេងជាងសេចក្តីសុគតទៅទៀត។ ព្រះយេស៊ូវបានសង្គ្រោះមនុស្សលោកខណៈដែលទ្រង់ជាប់នៅលើឈើឆ្កាង។ នៅ ទីនោះ ទ្រង់បានប្រយុទ្ធប្រឆាំងនឹងសាតាំងនិងពួកទេវតារបស់វា។ ប៉ុន្តែ សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវលូតលាស់ខ្លាំងឡើងសម្រាប់មនុស្សលោក។ បន្ទាប់មក ព្រះវរបិតាបានលាក់ព្រះភក្ត្រចេញពី ព្រះយេស៊ូវ។ ព្រះយេស៊ូវទ្រង់ស្រែកឡើងថា ‘ឱ​ព្រះអង្គៗ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូលបង្គំ’។ ទីបំផុត ព្រះយេស៊ូវបានស្រែកឡើងនៅចុងបញ្ចប់នៃការប្រយុទ្ធនឹងសេចក្តីអាក្រក់ថា ‘ការស្រេចហើយ’។​ នេះគឺជាការប្រកាសជ័យជំនះរបស់ព្រះយេស៊ូវប្រាប់ដល់បណ្តារបស់សព្វសារពើទាំងអស់ដែលទ្រង់បានបង្កើត។

«អ្វីដែលបានកើតឡើងនៅកាល់វ៉ារីគួរតែបានធ្វើឲ្យដួងចិត្តរបស់យើងសង្វេគខ្លាំងណាស់។ លោកអ្នកក៏គួរតែមានការរំភើបចិត្តផងដែរ។ គ្រប់ទាំងផ្លូវរបស់ព្រះយេស៊ូវសុទ្ធតែវិសេសទាំងអស់។ ទ្រង់សុចរិតក្នុងគ្រប់ទាំងផ្លូវទាំងអស់ផងដែរ។ ទ្រង់បានរងទុក្ខក្នុងសេចក្តីសុគតដ៏វេទនារបស់ទ្រង់។ ទ្រង់ព្រមទទួលទោសសម្រាប់អំពើបាបរបស់មនុស្សគ្រប់គ្នានៅលើផែនដីនេះ។ ចិត្តគំនិតរបស់យើងនឹងមិនយល់អំពីបទពិសោធន៍​របស់ព្រះអង្គនៅលើឈើឆ្កាងទាំងស្រុងទេ។ យើងគួរធ្វើយ៉ាងណាដើម្បីឲ្យគំនិតរបស់យើងបានផ្តោតទៅលើសេចក្តីស្រឡាញ់របស់ព្រះអង្គឲ្យបានខ្លាំងក្លាបំផុត។ សេចក្តីស្រឡាញ់របស់ព្រះអង្គនឹងប៉ះពាល់ដួងវិញ្ញាណ របស់យើង។ សេចក្តីស្រឡាញ់របស់ព្រះអង្គនឹងធ្វើឲ្យអារម្មណ៍របស់យើងបរិសុទ្ធ។ សេចក្តីស្រឡាញ់របស់ព្រះអង្គនឹងផ្លាស់ប្តូរយើងគ្រប់យ៉ាងទាំងស្រុង»។ ដកស្រង់ពី Ellen G. White, Testimonies for the Church, volume 2, pages 212, 213, adapted។

ចូរគិតអំពីការដកស្រង់របស់អ្នកស្រីអែល្លិនជីវ៉ៃត៍នៅខាងលើ។ ឥឡូវនេះសូមអានខគម្ពីរ ៦៖១៤។ បន្ទាប់មក សូមសួរខ្លួនឯងថា តើខ្ញុំអាចអួតអំពីឈើឆ្កាងរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទដោយរបៀបណាខ្លះ?

ថ្ងៃច័ន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១

សេចក្តីសញ្ញាថ្មី និងលោហិតរបស់ព្រះយេស៊ូវ

សូមអានខគម្ពីរពេត្រុសទី១ ១៖១៨, ១៩។ តើលោកពេត្រុសចង់មានន័យយ៉ាងដូចម្តេចពេលដែលមានប្រសាសន៍ថា ព្រះយេស៊ូវបានទិញយើងរាល់គ្នាហើយ?

លោកពេត្រុសមានប្រសាសន៍ថា យើងរាល់គ្នាត្រូវបានទិញដោយលោហិតរបស់ព្រះយេស៊ូវរួចហើយ។ គោលគំនិតនៃ «ការទិញ» ជួយយើងឲ្យនឹកចាំអំពីរបៀបដែលធ្វើឲ្យទាសករបានមានសេរីភាពឡើងវិញនៅក្នុងជំនាន់ព្រះគម្ពីរ។ នៅជំនាន់នោះ ទាសករនឹងត្រូវបានសេរីភាពឡើងវិញ កាលណាមានអ្នកណាម្នាក់បង់ថ្លៃសម្រាប់ពួកគេ។ ជាញឹកញាប់ បុគ្គលដែលបង់ថ្លៃគឺជាសមាជិកនៃគ្រួសារ។ ព្រះយេស៊ូវក៏បានទិញយើងពីទាសភាពឲ្យរួចពីបាប និងសេចក្តីស្លាប់តាមរបៀបដូចគ្នានេះដែរ។ សេចក្តីសញ្ញាទាំងអស់នៃព្រះគម្ពីរសុទ្ធតែតាំងឡើងលើសេចក្តីពិតនៃព្រះគម្ពីរនេះ។ បើគ្មានលោហិតរបស់ព្រះយេស៊ូវ សេចក្តីសញ្ញាជាមួយព្រះនឹងគ្មានតម្លៃអ្វីទាំងអស់។ បើគ្មានលោហិតរបស់ព្រះយេស៊ូវទេ ព្រះទ្រង់មិនអាចរក្សាសេចក្តីសន្យារបស់ទ្រង់បានទេ គឺជាសេចក្តីសន្យាថានឹងប្រទានជីវិតអស់កល្បដល់អ្នកជឿទាំងឡាយ។

សូមក្រឡេកមើលខគម្ពីរទាំងនេះ៖ រ៉ូម ៦៖២៣ និងយ៉ូហានទី១ ៥៖១១, ១៣។ តើខទាំងអស់នេះបង្ហាញប្រាប់អំពីសារដដែលនេះអ្វីខ្លះ?

យើងមានសេចក្តីសន្យាអំពីជីវិតអស់កល្បដោយសារតែព្រះយេស៊ូវ។ មានតែព្រះយេស៊ូវប៉ុណ្ណោះដែលអាចដោះស្រាយបញ្ហាដែលធ្វើឲ្យយើងបាត់បង់ជីវិតអស់កល្បនៅក្នុងកន្លែងដំបូង។ តើព្រះយេស៊ូវដោះស្រាយបញ្ហាដោយរបៀបណា? ទ្រង់មានព្រះជន្មនិងសុគតសម្រាប់យើងរាល់គ្នា។ ព្រះជន្មដ៏បរិសុទ្ធរបស់ព្រះអង្គគឺជាលក្ខខណ្ឌតែមួយដែលអាចបង់ថ្លៃដែលយើងរាល់គ្នាជំពាក់ព្រះសម្រាប់ការរំលងក្រឹត្យវិន័យរបស់ព្រះអង្គ។ តម្លៃនេះបង្ហាញយើងថា អំពើបាបដែលបណ្តាលឲ្យមានការញែកចេញរវាងយើងនិងព្រះគឺមានទំហំធំធេងខ្លាំងណាស់។ ចុះប្រសិនបើមានទេវតាណាមួយ ឬមនុស្សណាម្នាក់អាចបង់ថ្លៃសម្រាប់ការរំលងក្រឹត្យវិន័យវិញយ៉ាងដូចម្តេចដែរ? ដូច្នេះ ក្រឹត្យវិន័យរបស់ព្រះនឹងមិនមានតម្លៃច្រើនទេ មែនទេ?

មានតែតួអង្គណាមួយដែលដូចជាព្រះជាម្ចាស់ទ្រង់ផ្ទាល់ទេទើបអាចបង់ថ្លៃនេះបាន។ មានតែព្រះជាម្ចាស់ ទេទើបអាចធ្វើឲ្យយើងរួចពីការដាក់ទោសដែលយើងបានរំលងក្រឹត្យវិន័យបាន។ ឈាមធ្វើឲ្យសេចក្តី សញ្ញាប្រែជាស្របច្បាប់។ ព្រះត្រូវការឈាមដើម្បីរក្សាសេចក្តីសន្យាចំពោះយើង។ ដោយសារឈាម ព្រះជាម្ចាស់អាចសន្យាប្រទានជីវិតអស់កល្បដល់យើងបាន។ ទ្រង់ក៏អាចទិញយើងពីអំពើបាប និងសេចក្តី ស្លាប់បានដែរ។

ចូរស្រមៃអំពីរឿងនេះនៅក្នុងចិត្តរបស់លោកអ្នកមើល៖ មានក្មេងម្នាក់បានបោះប៉ឺតប៉ោងដែលទឹកខ្មៅនៅសើមធ្វើឲ្យគំនូរដ៏ល្បីមួយផ្ទាំងប្រឡាក់។ ទឹកខ្មៅធ្វើឲ្យខូចផ្ទាំងគំនូរ ដែលមានតម្លៃរាប់លាន ដុល្លារ។ ឪពុកម្តាយរបស់ក្មេងនោះក្រីក្រណាស់។ ពួកគេមិនអាចបង់ថ្លៃដែលត្រូវសងទេ។ តើរឿងនេះជួយយើងឲ្យដឹងអំពីបញ្ហារបស់អំពើបាប និងមូលហេតុដែលយើងមិនអាចសង្ឃឹមថានឹងដោះស្រាយវាដោយខ្លួន ឯងបានយ៉ាងដូចម្តេច? ហេតុអ្វីបានជាព្រះអម្ចាស់ផ្ទាល់គឺជាតួអង្គតែមួយគត់ដែលអាចបង់ថ្លៃដែលយើងត្រូវសងនេះទៅវិញ?

ថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១

សេចក្តីជំនឿរបស់លោកអ័ប្រាហាំ (ភាគ១)

«គាត់​ក៏​ជឿ​ដល់​ព្រះយេហូវ៉ា ហើយ​ទ្រង់​រាប់​សេចក្តី​ជំនឿ​នោះ ទុក​ជា​សេចក្តី​សុចរិតដល់​គាត់» (លោកុប្បត្តិ ១៥៖៦)។

ខគម្ពីរលោកុប្បត្តិ ១៥៖៦ គឺជាខមួយក្នុងចំណោមខដែលមានអំណាចបំផុតក្នុងព្រះគម្ពីរ។ ខ នេះបង្ហាញយើងអំពីសេចក្តីពិតដ៏សំខាន់នៃព្រះគម្ពីរថា យើងរាល់គ្នាគឺបានសង្គ្រោះដោយសារសេចក្តីជំនឿតែម្យ៉ាងប៉ុណ្ណោះ។ ព្រះទ្រង់ទទួលយើងរាល់គ្នាដោយសារសេចក្តីជំនឿរបស់យើងក្នុងព្រះយេស៊ូវ ដែល ជាព្រះរាជបុត្រារបស់ព្រះ។ លោកម៉ូសេបានកត់ត្រាអំពីសេចក្តីពិតនៃព្រះគម្ពីរនេះរាប់ពាន់ឆ្នាំមុនដែលលោកប៉ុលបានសរសេរអំពីរឿងនេះក្នុងកណ្ឌគម្ពីររ៉ូមឯណោះ។ នេះគឺជាភស្តុតាងដែលប្រាប់ថាព្រះទ្រង់បានសង្គ្រោះយើងតាមរបៀបដដែលតាំងពីអេដែនរហូតដល់បច្ចុប្បន្ន។

ខគម្ពីរលោកុប្បត្តិ ១៥៖៦ ជួយយើងឲ្យយល់ថា សេចក្តីជំនឿរបស់លោកអាប់រ៉ាមគឺធំធេងខ្លាំងណាស់។ លោកជឿជាក់លើសេចក្តីសន្យារបស់ព្រះ។ ព្រះទ្រង់នឹងប្រទានកូនប្រុសដល់លោកអាប់រ៉ាម បើទោះបីជាលោកមានវ័យចំណាស់ណាស់ទៅហើយក្តី។ សេចក្តីជំនឿរបស់លោកអាប់រ៉ាមបង្ហាញយើងថា លោកយល់ថាលោកតែលតោលក្នុងគ្រប់ទាំងផ្លូវរបស់លោក។ សេចក្តីជំនឿរបស់លោកក៏បង្ហាញយើងផងដែរថា យើងត្រូវតែថ្វាយខ្លួនទាំងស្រុងដល់ព្រះជាម្ចាស់។ យើងមិនត្រូវទុកចិត្តខ្លួនឯងទេ។ សេចក្តីជំនឿនេះដឹកនាំយើងឲ្យស្តាប់បង្គាប់តាមព្រះគ្រប់យ៉ាងទាំងស្រុង។ លោកអាប់រ៉ាមមានសេចក្តីជំនឿនេះ។ ព្រះជាម្ចាស់បានទទួលលោកអាប់រ៉ាមដោយសារជំនឿនេះឯង។

ហេតុអ្វីបានជាព្រះគម្ពីរនិយាយថា «ទ្រង់​រាប់​សេចក្តី​ជំនឿ​នោះ ទុក​ជា​សេចក្តី​សុចរិតដល់​គាត់»? តើលោកអាប់រ៉ាមខ្លួនឯងផ្ទាល់បរិសុទ្ធ ឬសុចរិតនៅចំពោះព្រះជាម្ចាស់មុនដែលទ្រង់ទទួលលោក​ឬ? មិនយូរប៉ុន្មានក្រោយពេលដែលព្រះទ្រង់ប្រកាសថាលោកសុចរិតហើយ តើលោកអាប់រ៉ាមបានធ្វើ​អ្វីខ្លះ?

លោកអាប់រ៉ាមបានរស់នៅប្រកបដោយសេចក្តីជំនឿ និងសេចក្តីស្តាប់បង្គាប់។ ប៉ុន្តែ លោក​ អាប់រ៉ាមក៏មិនបានរស់នៅប្រកបដោយសេចក្តីជំនឿគ្រប់លក្ខណ៍និងសេចក្តីស្តាប់បង្គាប់គ្រប់លក្ខណ៍រហូតដែរ។ លោកអាប់រ៉ាមបង្ហាញឲ្យឃើញថាលោកមានចំណុចខ្សោយក្នុងសេចក្តីទាំងពីរនេះជាច្រើនលើកច្រើនសា។ (តើរឿងនោះដូចគ្នានឹងអ្នកណាម្នាក់ដែលលោកអ្នកដឹងឬទេ?)។

ហេតុនោះយើងឃើញថា ព្រះជាម្ចាស់ទទួលយើងដោយសារសេចក្តីជំនឿរបស់យើងមិនមែនដោយសារអាកប្បកិរិយាល្អផ្ទាល់ខ្លួននោះទេ។ ព្រះជាម្ចាស់ទ្រង់អត់ទោសដល់អំពើបាបអតីតកាលរបស់យើង។ លើសពីនេះទៀតនោះ ទ្រង់បានប្តូរកំណត់ត្រានៃអំពើបាបពីអតីតកាលរបស់យើងជាមួយនឹងព្រះជន្មបរិសុទ្ធរបស់ព្រះយេស៊ូវវិញ។ ហេតុនោះ ឥឡូវនេះការស្តាប់បង្គាប់ និងសេចក្តីជំនឿរបស់ព្រះយេស៊ូវបានចូលមកជំនួសជីវិតចាស់របស់យើងដែលរំលងក្រឹត្យវិន័យនេះហើយ។ ដូច្នេះពេលព្រះទ្រង់ក្រឡេកមើលមកយើង នោះទ្រង់ឃើញព្រះយេស៊ូវនិងព្រះជន្មដ៏បរិសុទ្ធទៅវិញ។ នោះហើយជាមូលហេតុដែលព្រះទ្រង់អាចប្រកាសថា យើងរាល់គ្នាបរិសុទ្ធក្នុងព្រះនេត្រទ្រង់។ ព្រះទ្រង់បានធ្វើបែបនេះជាមួយអាប់រ៉ាម។ ព្រះទ្រង់ក៏នឹងធ្វើរឿងនេះដដែលសម្រាប់មនុស្សគ្រប់គ្នាដែលមកឯទ្រង់ដោយមាន «សេចក្តីជំនឿរបស់អ័ប្រាហាំ» (រ៉ូម ៤៖១៦)។

សូមអានខគម្ពីរ ៤៖១-៧។ សូមក្រឡេកមើលប្រសាសន៍របស់លោកប៉ុលនៅក្នុងខទាំងនេះដែលនិយាយអំពីខគម្ពីរលោកុប្បត្តិ ១៥៖៦។ សូមអធិដ្ឋានដើម្បីឲ្យបានយល់ខទាំងអស់នេះចុះ។ សូមសរសេរពាក្យពេចន៍ផ្ទាល់ខ្លួនរបស់លោកអ្នកអំពីអ្វីដែលខទាំងនេះប្រាប់ដល់លោកអ្នក។

ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១

សេចក្តីជំនឿរបស់លោកអ័ប្រាហាំ (ភាគ២)

ចូរយើងក្រឡេកមើលខគម្ពីរលោកុប្បត្តិ ១៥៖៦ ក្នុងកំណែព្រះគម្ពីរផ្សេងៗមួយចំនួន។ «គាត់​ក៏​ជឿ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​រាប់​សេចក្ដី​ជំនឿ​នោះ ទុក​ជា​សេចក្ដី​សុចរិតដល់​គាត់» (ពគប)។ «លោក​ អាប់រ៉ាម​ជឿ​លើ​ព្រះ‌អម្ចាស់ ហើយ​ដោយ​យល់​ដល់​ជំនឿ​នេះ ព្រះអង្គ​ប្រោស​លោក​ឲ្យ​បាន​សុចរិត» (គខប)។ «អ៊ីប្រាំ​ជឿ​លើអុលឡោះ‌តាអាឡា ហើយ​ទ្រង់​រាប់​សេចក្តី​ជំនឿ​នោះ​ទុក​ជា​សេចក្តី​សុចរិត​ដល់​គាត់» (អគត)។ ខទាំងនេះបង្ហាញយើងអំពីរបៀបដែលព្រះធ្វើឲ្យយើងបានរាប់ជាសុចរិត។ យើងជឿលើព្រះអម្ចាស់។ បន្ទាប់ មក ព្រះទ្រង់បានប្តូរកំណត់ហេតុនៃជីវិតអំពើបាបចាស់របស់យើងជាមួយនឹងព្រះជន្មដ៏គ្រប់លក្ខណ៍របស់ព្រះយេស៊ូវវិញ។

លោកម៉ូសេបានប្រើពាក្យថា «រាប់ជាសុចរិត» ក្នុងខគម្ពីរផ្សេងៗទៀតក្នុងសំណេររបស់លោកផងដែរ។ នៅក្នុងខទាំងនេះ លោកម៉ូសេបង្ហាញយើងអំពីគំរូរបស់មនុស្ស ឬវត្ថុដែល «ត្រូវបានទទួលយក» ឬ «គិត» ថាមិនមែន។ នៅក្នុងឧទាហរណ៍មួយ រ៉ាជែល និងលេអាបាននិយាយអំពីឪពុករបស់ខ្លួនថា គាត់ «បាន​ចាត់​ទុក​យើង​ដូច​ជា​អ្នក​ដទៃ» (លោកុប្បត្តិ ៣១៖១៥)។ ពិតណាស់ រ៉ាជែល និងលេអា​គឺជា​បងប្អូនស្រីបង្កើត។ ក្នុងឧទាហរណ៍មួយទៀត លោកម៉ូសេបាននិយាយអំពីដង្វាយដែលពួកលេវីត្រូវនាំយកទៅថ្វាយដល់ព្រះ។ លោកម៉ូសេប្រាប់ពួកលេវីថា «តង្វាយ​ដែល​ឯង​ថ្វាយ​ដោយ​លើក​ចុះ​ឡើង​នោះ នឹង​បាន​រាប់​ទុក​ដូច​ជា​ស្រូវ ដែល​ទើប​នឹង​បញ្ជាន់​នៅ​ទីលាន ហើយ​ដូច​ជា​ទឹក​ទំពាំង‌បាយ‌ជូរ ដែល​ទើប​នឹង​គាប​ដែរ» (ជនគណនា ១៨៖២៧)។ ពិតណាស់ ដង្វាយនោះមិនមែនជាពោតទេ។

យើងរាល់គ្នាមិនមែនកើតមកបរិសុទ្ធទេ។ ប៉ុន្តែ ព្រះទ្រង់បានទទួលយើងដូចជាមនុស្សបរិសុទ្ធពីព្រោះសេចក្តីជំនឿរបស់យើងលើព្រះបុត្រារបស់ព្រះអង្គ។ ចូរសរសេរអំពីអត្ថន័យនៃសេចក្តីពិតដ៏អស្ចារ្យ នៃព្រះគម្ពីរនេះជាពាក្យពេចន៍ផ្ទាល់ខ្លួនរបស់លោកអ្នកចុះ។

សេចក្តីពិតដ៏សំខាន់នៃព្រះគម្ពីរគឺថា ព្រះជាម្ចាស់ទ្រង់រាប់យើងរាល់គ្នាជាបរិសុទ្ធ។ យើងត្រូវបានរាប់ជាបរិសុទ្ធដោយសារសេចក្តីជំនឿរបស់យើងនៅក្នុងព្រះគុណដែលព្រះយេស៊ូវបានធ្វើសម្រាប់យើងរាល់គ្នា។ យើងមិនមែនត្រូវរាប់ជាបរិសុទ្ធដោយសារអ្វីមួយដែលយើង​បានធ្វើ​ដោយ​ខ្លួន​ឯង​​ឡើយ។ នេះគឺជាអត្ថន័យដ៏ពិតប្រាកដអំពីការរាប់ជាបរិសុទ្ធដោយសេចក្តីជំនឿក្នុងព្រះយេស៊ូវ។ ប៉ុន្តែតើ​សេចក្តីជំនឿរបស់យើងខ្លួនឯងអាចធ្វើឲ្យយើងបរិសុទ្ធទេ? ពិតណាស់មិនអាចទេ! សេចក្តីជំនឿរបស់យើងបើកផ្លូវឲ្យព្រះប្រទានជីវិតគ្រប់លក្ខណ៍របស់ព្រះយេស៊ូវដល់យើងរាល់គ្នា។ សេចក្តីពិតនៃព្រះគម្ពីរនេះគឺជាសេចក្តីបង្រៀនដ៏ល្អបំផុតក្នុងសាសនាគ្រិស្ត។ សេចក្តីបង្រៀននេះគឺជាអាថ៌កំបាំងមួយដែលយើងមិនអាចយល់បានទាំងស្រុងឡើយ។ ហេតុនោះ យើងត្រូវតែទទួលយកសេចក្តីបង្រៀននេះដោយសេចក្តីជំនឿ។ អ្វីៗទាំងអស់ដែលយើងជឿក្នុងនាមជាគ្រីស្ទាន​សុទ្ធតែបានមកពីសេចក្តីបង្រៀនដ៏អស្ចារ្យនេះ។ ព្រះទ្រង់រាប់យើងរាល់គ្នាជាបរិសុទ្ធក្នុងព្រះនេត្ររបស់ព្រះអង្គដោយសារសេចក្តីជំនឿរបស់យើងក្នុងព្រះយេស៊ូវ។ អ្វីៗផ្សេងទៀតក្នុងជីវិតគ្រីស្ទាន​សុទ្ធតែចេញមកពីសេចក្តីពិតដ៏ស្រស់បំព្រងរបស់ព្រះគម្ពីរមួយនេះ៖ ការស្តាប់បង្គាប់របស់យើង ការរស់នៅជាជីវិតបរិសុទ្ធ ការមានចិត្តដូចជាព្រះយេស៊ូវ និងការបង្ហាញសេចក្តី ស្រឡាញ់របស់ព្រះអង្គដល់មនុស្សដទៃជាដើម។

ចុះប្រសិនបើមាននរណាម្នាក់និយាយប្រាប់អ្នកថា «ខ្ញុំចង់ធ្វើជាគ្រីស្ទានខ្លាំងណាស់។ ប៉ុន្តែ ខ្ញុំមិនមានអារម្មណ៍ថាខ្ញុំបរិសុទ្ធសោះ» តើលោកអ្នកត្រូវឆ្លើយនឹងគាត់ ឬនាងដោយរបៀបណា?

ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១

ការជឿទុកចិត្តលើសេចក្តីសន្យា

មានរឿងមួយស្តីអំពីសាសនទូត បេលឡាមីន ដ៏ល្បីល្បាញ។ សាសនទូតគឺជាមេដឹកនាំសាសនាដ៏សំខាន់មួយរូបក្នុងព្រះវិហាររ៉ូម៉ាំងកាតូលិក។ ពេញមួយជីវិតរបស់លោក សាសនទូតបេលឡាមីន​បាន ប្រយុទ្ធប្រឆាំងនឹងសេចក្តីពិតរបស់ព្រះគម្ពីរដែលថា ព្រះទ្រង់សង្គ្រោះយើងដោយសារតែសេចក្តីជំនឿរបស់យើងក្នុងព្រះយេស៊ូវតែមួយមុខគត់។ ព្រះទ្រង់ពុំបានសង្គ្រោះយើងដោយសារតែអាកប្បកិរិយាល្អផ្ទាល់ខ្លួន របស់យើងឡើយ។ ខណៈពេលដែលលោកហៀបនឹងស្លាប់ មានមនុស្សម្នាក់បានយកចម្លាក់​ឈើឆ្កាង​មួ​យ​ឲ្យគាត់។ ចម្លាក់ឈើឆ្កាងគឺជាឈើឆ្កាងដែលមានឆ្លាក់រូបព្រះយេស៊ូវនៅលើនោះ។ សាសនទូតបេលឡាមីន​ក៏ត្រូវបានប្រគល់ជូននូវកិច្ចការល្អៗរបស់អ្នកកាតូលិកដែលបានស្លាប់ទៅហើយដើម្បីជួយលោកឲ្យមានអារម្មណ៍ថាមានសុវត្ថិភាពមុនពេលលោកស្លាប់។ ប៉ុន្តែ បេលឡាមីនមានប្រសាសន៍ថា «ចូរយករបស់​ទាំង​អស់នេះចេញទៅ។ ខ្ញុំគិតថាខ្ញុំសុខចិត្តទទួលជឿទុកចិត្តលើព្រះយេស៊ូវ និងសេចក្តីសុគតរបស់ព្រះអង្គជំនួសខ្ញុំនៅលើឈើឆ្កាងវិញល្អជាង»។

មនុស្សជាច្រើនក៏ដូចគ្នានឹងសាសនទូតបេលឡាមីនដែរ។ នៅទីបំផុតនៃជីវិតរបស់ពួកគេ ពួកគេ បានក្រឡេកថយក្រោយមើលទៅអតីតកាលរបស់ខ្លួន។ ពួកគេឃើញអំពីរបៀបដ៏ល្ងង់ខ្លៅ និងឥតប្រយោជន៍​នៃអាកប្បកិរិយា និងអំពើល្អផ្ទាល់ខ្លួនរបស់ពួកគេ។ អំពើទាំងអស់នេះមិនអាចសង្គ្រោះពួកគេ ឬធ្វើឲ្យពួកគេទទួលបានជីវិតអស់កល្បដែលមាននៅជាមួយព្រះដ៏បរិសុទ្ធបានឡើយ។ មនុស្សទាំងនេះបានមើលឃើញអំពីទំហំនៃសេចក្តីត្រូវការនូវព្រះជន្មដ៏បរិសុទ្ធរបស់ព្រះយេស៊ូវដើម្បីសង្គ្រោះពួកគេថាធំប៉ុនណា។

ដំណឹងល្អនោះគឺថា យើងមិនត្រូវរង់ចាំទាល់តែសេចក្តីស្លាប់មកដល់យើងទើបយើងមានអារម្មណ៍ ប្រាកដថា ព្រះយេស៊ូវសង្គ្រោះយើងនោះឡើយ។

ចូរក្រឡេកមើលខដូចតទៅនេះ។ បន្ទាប់មកឆ្លើយសំណួរជាមួយនឹងខនីមួយៗអំពីរបៀបដែលយើងរក្សាមិត្តភាពរបស់យើងជាមួយព្រះឲ្យបានរឹងមាំ៖

១) ទំនុកតម្កើង ៣៤៖៨ (តើលោកអ្នកអាច «ភ្លក់» យ៉ាងដូចម្តេចទើបដឹងថាព្រះទ្រង់ល្អ?)

--------------------------------------------------------

២) ម៉ាថាយ ១១៖៣០ (តើព្រះយេស៊ូវទ្រង់បានធ្វើអ្វីខ្លះសម្រាប់យើងរាល់គ្នាដើម្បីធ្វើឲ្យការទទួលយកសេចក្តីបង្រៀនរបស់ទ្រង់ងាយស្រួល និងបម្រើព្រះអង្គងាយស្រួលផងដែរនោះ?)

--------------------------------------------------------

៣) រ៉ូម ៥៖១ (ព្រះយេស៊ូវនាំយកយើងរាល់គ្នាត្រឡប់ទៅឯព្រះវិញ។ ព្រះយេស៊ូវទ្រង់ធ្វើឲ្យយើងអាចត្រូវគ្នានឹងព្រះឡើងវិញ។ តើកិច្ចការដែលព្រះយេស៊ូវធ្វើសម្រាប់យើងរាល់គ្នានេះនាំមកនូវសេចក្តីសុខសាន្តដល់យើងរាល់គ្នាដោយរបៀបណា?

--------------------------------------------------------

៤) ភីលីព ២៖៧, ៨ (តើព្រះជន្មនិងសេចក្តីសុគតរបស់ព្រះយេស៊ូវបានប្រទានអ្វីខ្លះដល់លោកអ្នក?)

--------------------------------------------------------

សូមសួរខ្លួនឯងថា៖ តើខ្ញុំកំពុងធ្វើអ្វីខ្លះនាពេលឥឡូវនេះដើម្បីធ្វើឲ្យទំនាក់ទំនងរបស់ខ្ញុំជាមួយព្រះកាន់តែរឹងមាំឡើង? តើខ្ញុំកំពុងធ្វើអ្វីខ្លះដែលធ្វើឲ្យទំនាក់ទំនងរបស់ខ្ញុំជាមួយព្រះរងការរង្គោះរង្គើ? តើខ្ញុំ ត្រូវការធ្វើការផ្លាស់ប្តូរអ្វីខ្លះ?

ថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១

សិក្សាបន្ថែម

«ព្រះជាម្ចាស់ទ្រង់អាចទទួលបាបជនបានដោយសារតែសេចក្តីជំនឿតែមួយមុខគត់។ បាបជនត្រូវថ្វាយការស្តាប់បង្គាប់ដ៏គ្រប់លក្ខណ៍របស់ព្រះយេស៊ូវ។ ព្រះអម្ចាស់ទទួលយកការស្តាប់បង្គាប់របស់ព្រះយេស៊ូវជំនួសឲ្យជីវិតដែលមិនស្តាប់បង្គាប់របស់បាបជន។ ព្រះទ្រង់ទទួលយកព្រះជន្មដ៏បរិសុទ្ធរបស់ព្រះយេស៊ូវជំនួសកន្លែងដែលមិនបរិសុទ្ធរបស់យើង។ ព្រះទ្រង់ទទួលយកយើងនិងអត់ទោសដល់យើង។ បន្ទាប់មកព្រះទ្រង់ប្រកាសថា យើងរាល់គ្នាបរិសុទ្ធហើយ។ ព្រះទ្រង់ចាត់ទុកយើងរាល់គ្នាដូចមិនបានធ្វើបាបអ៊ីចឹង។ ព្រះទ្រង់ស្រឡាញ់យើងដូចជាទ្រង់ស្រឡាញ់ព្រះបុត្រារបស់ទ្រង់ដែរ។ នេះគឺជារបៀបដែលព្រះទ្រង់ទទួលយើងរាល់គ្នាដោយសារសេចក្តីជំនឿរបស់យើង»។ ដកស្រង់ពី Ellen G. White, Selected Messages, book 1, page 367, adapted។

«យើងត្រូវតែបែរចេញពីអំពើបាប និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្គ្រោះរបស់យើងដោយសេចក្តីជំនឿ។ បន្ទាប់មកព្រះអម្ចាស់ទ្រង់នឹងអត់ទោសបាបដល់យើង។ ទ្រង់ក៏នឹងមិនដាក់ទោសយើងដោយសារការរំលងក្រឹត្យវិន័យដែរ។ យើងឈរនៅចំពោះព្រះជាម្ចាស់ក្នុងនាមជាមនុស្សសុចរិត។ ព្រះទ្រង់បានប្រទានក្តីសន្តោសប្រណីដល់យើងរាល់គ្នា។ ឥឡូវនេះយើងប្រកបគ្នាជាមួយនឹងព្រះវរបិតា និងព្រះរាជបុត្រាហើយ។ ព្រះវិញ្ញាណបរិសុទ្ធធ្វើការប្រកបនេះកើតឡើងទៅបាន។

«បន្ទាប់មកព្រះជាម្ចាស់ទ្រង់ធ្វើកិច្ចការមួយទៀតនៅក្នុងជីវិតរបស់យើងរាល់គ្នា។ ទ្រង់​ធ្វើឲ្យ​យើងបានបរិសុទ្ធ។ ទ្រង់ធ្វើឲ្យចិត្តរបស់យើងបានដូចជាព្រះទ័យរបស់ព្រះយេស៊ូវដែរ។ កិច្ចការនេះកើតឡើងពេញមួយជីវិតរបស់យើង។ យើងត្រូវបានធ្វើឲ្យបរិសុទ្ធដោយសារសេចក្តីពិតនៃព្រះគម្ពីរ។ កិច្ចការ​នេះក៏កើតឡើងដោយសារសេចក្តីជំនឿរបស់យើងដែរ។ មានតែព្រះគុណរបស់ព្រះយេស៊ូវប៉ុណ្ណោះ​ទើប​អាច​ជួយ​ផ្លាស់ប្តូរជីវិតរបស់យើងបរិសុទ្ធបាន។ ព្រះយេស៊ូវទ្រង់ប្រទានព្រះគុណរបស់ព្រះអង្គដល់យើងដោយសារយើងជឿជាក់លើព្រះអង្គ»។ ដកស្រង់ពី Ellen G. White, Selected Messages, book 3, page 191, adapted។

សំនួរពិភាក្សា៖
  1. តើសេចក្តីជំនឿដ៏រស់ខុសគ្នាពីសេចក្តីជំនឿដែលស្លាប់ដូចម្តេចខ្លះ? (សូមអានខគម្ពីរយ៉ាកុប ២៖១៧, ១៨ ដើម្បីរកចម្លើយ)។ តើលោកប៉ុលមានប្រសាសន៍ដូចម្តេចខ្លះអំពីសេចក្តីជំនឿដ៏រស់នេះ? (សូមអានរ៉ូម ១៦៖២៦ ដើម្បីរកចម្លើយ)។ តើលោកប៉ុល និងលោកយ៉ាកុបបានបង្ហាញអ្វីខ្លះដល់យើងអំពីផ្នែកដ៏សំខាន់បំផុតនៃសេចក្តីជំនឿរបស់យើង?

  2. យើងរាល់គ្នាបានសង្គ្រោះដោយសារតែព្រះជន្មដ៏បរិសុទ្ធរបស់ព្រះយេស៊ូវប៉ុណ្ណោះ។ យើងមិនមែនបានសង្គ្រោះដោយអ្វីមួយដែលយើងបានធ្វើឡើយ។ ហេតុនោះ មនុស្សខ្លះគិតថាអ៊ីចឹងយើងចង់ធ្វើអ្វីក៏បានដែរ។ ហេតុអ្វីបានជាអ្វីដែលយើងធ្វើមានបញ្ហាទៅវិញ? តើលោកអ្នកអាចឆ្លើយតបយ៉ាងដូចម្តេចទៅកាន់មនុស្សដែលគិតថាយើងអាចធ្វើក៏បានដែរ ពីព្រោះអំពើល្អរបស់យើងមិនអាចជួយយើងបានទេ? ​

  3. «ព្រះទ្រង់ទទួលយើងរាល់គ្នាដោយសារតែព្រះរាជបុត្រារបស់ទ្រង់តែប៉ុណ្ណោះ។ អាកប្បកិរិយាល្អ​​របស់​យើងអាចកើតឡើងបានដោយសារតែសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវចំពោះយើងរាល់គ្នាប៉ុណ្ណោះ។ សេចក្តីស្រឡាញ់របស់ព្រះអង្គបានអត់ទោសដល់អំពើបាបរបស់យើង។ ព្រះទ្រង់ពុំបានប្រទានរង្វាន់ដល់យើងជាជីវិតអស់កល្បដល់យើងដោយសារតែអំពើល្អណាមួយដែលយើងធ្វើឡើយ... គ្រីស្ទានមិនអាចយកអំពើល្អរបស់ខ្លួនធ្វើជាដង្វាយដល់ព្រះ ហើយសូមឲ្យទ្រង់សង្គ្រោះខ្លួនបាននោះឡើយ»។ ដកស្រង់​ពី Ellen G. White, Selected Messages, book 3, page 199, adapted។ ចូរគិតអំពីសំណេរដកស្រង់របស់អ្នកស្រីវ៉ៃត៍នេះ ហើយឆ្លើយសំណួរនេះ៖ ហេតុអ្វីបានជាអំពើល្អរបស់យើងសំខាន់ម៉្លេះចំពោះបទពិសោធន៍ជីវិតគ្រីស្ទានរបស់យើង?

រឿងខ្លី

ការធ្វើដំណើរប្រចាំសប្តាហ៍ទៅកាន់តំបន់បេសកកម្ម

Jeans

ក្មេងខ្លះនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក មិនគ្រាន់តែស្តាប់រឿងបេសកកម្មប៉ុណ្ណោះទេ ពួកគេក៏ហោះ​ហើរទៅកាន់ប្រទេសឆ្ងាយៗដើម្បីទទួលយកនូវបទពិសោធន៍នៃរឿងរ៉ាវនេះផ្ទាល់ផងដែរ។

នៅថ្ងៃសប្បាតហ៍ ក្មេងៗចូលទៅធ្វើការត្រួតពិនិត្យនៅឯក្រុមហ៊ុនអាកាសចរណ៍បេសកជន គឺនៅពេល​ដែលពួកគេបានមកដល់ថ្នាក់សប្បាតហ៍ស្គូលនៅឯព្រះវិហារសេវេនដេយ៍អាត់វេនទីស្ទហ្គ្រេនវ្យូ។ កុមារម្នាក់ៗបង្ហាញលិខិតឆ្លងដែនរបស់ខ្លួនដែលមានសម្គាល់ថា៖ លិខិតឆ្លងដែនសប្បាតហ៍ស្គូលហ្គ្រេនវ្យូ នៅលើតុទទួលភ្ញៀវរបស់ក្រុមហ៊ុនអាកាសចរណ៍ដើម្បីទទួលបានទិដ្ឋាការសម្រាប់ធ្វើការហោះហើរទៅកាន់ប្រទេសគោលដៅ។ នៅថ្ងៃសប្បាតហ៍មួយ ភ្ញៀវម្នាក់មកពីនាយកដ្ឋានបេសកកម្មអាត់វេនទីស្ទ បានជួយរៀបចំរឿងបេសកកម្មមួយ​ពីប្រទេសចិន ដូច្នេះ អ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍ លូលី វីគលុនដ៍ ជាគ្រូបង្រៀនបឋមសិក្សា បានបិទស្ទិកឃ័ររបស់ទង់ជាតិប្រទេសចិនពណ៌ក្រហមនៅពីលើលិខិតឆ្លងដែននីមួយៗ។ កុមារម្នាក់ៗក៏អាចទទួលបានស្ទិកឃ័រផ្កាយរហូតដល់ទៅបីនៅក្នុងលិខិតឆ្លងដែនផងដែរ គឺ៖ សម្រាប់ការបង្ហាញខ្លួនអោយទាន់ពេលវេលា សំរាប់ការយកព្រះគម្ពីរមកជាមួយ និងសំរាប់ការអញ្ជើញមិត្តម្នាក់មកចូលរួមផងដែរ។ ​

កុមារដប់នាក់ដំបូង​ដែលបានមកដល់ទាន់ពេលវេលា ត្រូវបានទទួលសំបុត្រយន្តហោះថ្នាក់វីអាយភី។ សម្រាប់អ្នកដែលមកដល់យឺត គឺទទួលបានសំបុត្រយន្តហោះថ្នាក់ធម្មតា។ ជាទូទៅ កុមារក៏ទទួលបាននូវខិត្តប័ណ្ណដែលមានខចងចាំនៅលើនោះផងដែរ។ យន្ដហោះដែលរចនាឡើងដោយសមាជិកក្រុមជំនុំមានមួយផ្នែកជាលោហធាតុ និងស៊ុមឈើគ្របដោយផ្ទាំងក្រណាត់ពណ៌ស និងបង្អួចមានរាងពងក្រពើ នៅសងខាងនៃតួយន្ត​ហោះ​​នោះ។

នៅពេលដែលកុមារបានអង្គុយចុះហើយ លូលីបានចាក់សំឡេងសារដែលបានថតទុក ‌‌‍«អរគុណសម្រាប់ការជ្រើសរើសក្រុមហ៊ុនអាកាសចរណ៍បេសកជន ដែលជាកន្លែងសម្រាប់ដំណើរផ្សងព្រេងថ្មីៗកំពុង​រង់ចាំអ្នករៀងរាល់ថ្ងៃសប្បាតហ៍!» សំឡេងបុរសនៃប្រធានក្រុមយន្ដហោះបានប្រកាសថា៖ «សូមរក្សាឥរិយាបថនៅក្នុងកន្លែងអង្គុយរបស់អ្នកនៅពេលដែលអ្នកបំរើតាមយន្តហោះធ្វើការអធិស្ឋានមុនពេលការហោះហើររបស់យើងចេញដំណើរ»។ ​

បន្ទាប់ពីសេចក្តីប្រកាសនៅថ្ងៃសប្បាតហ៍មួយ លូលីបានសួរទៅកាន់កុមារទាំងដប់មួយនាក់នៅលើ​យន្តហោះសម្រាប់សំណើអធិស្ឋានរបស់ពួកគេ។ ក្មេងប្រុសម្នាក់បានចង្អុលទៅប្រហោងនៅខាងក្រោយយន្ដហោះ និងបានស្រែកថា៖ «សូមអធិស្ឋាន ដើម្បីកុំឱ្យយើងត្រូវបានស្រូបចេញពីយន្ដហោះនេះ ក្នុងអំឡុងពេលហោះ​ហើរ​ឡើយ។ បន្ទាប់មក ក្មេងដទៃទៀតបានសើចឡើង ក្មេងប្រុសម្នាក់នោះក៏បានបន្ថែមយ៉ាងខ្លាំងទៀតថា៖ «សូម​អធិដ្ឋានឱ្យឆ្កែរបស់ខ្ញុំផង ព្រោះវាមិនស្រួលខ្លួនទេ»។ បន្ទាប់មក យន្ដហោះបានហោះឆ្ពោះទៅកាន់ប្រទេសចិន។

នៅពេលចុះចត ក្មេងៗបានចេញពីយន្ដហោះទៅអង្គុយលើកៅអីក្បែរនោះដើម្បីស្តាប់រឿងបេសកកម្មពីប្រទេសចិន។ ក្រោយមកពួកគេបានហោះត្រឡប់ទៅកាន់រដ្ឋតិចសាស់វិញ។ ក្នុងអំឡុងពេលនៃការហោះហើរ​ត្រឡប់មកវិញ គ្រូបានសួរសំណួរអំពីរឿងបេសកកម្ម។ លូលីដែលបានបង្កើតក្រុមហ៊ុនអាកាសចរណ៍បេសកជនតាមយោបល់កូនប្រុសរបស់គាត់ដែលមានអាយុ១១ឆ្នាំ កាលពីជាងដប់ឆ្នាំមុន បាននិយាយថា វាមានប្រយោជន៍ក្នុងការបង្កើតប្រធានបទថ្នាក់​សប្បាតហ៍​ស្គូល​សម្រាប់ត្រីមាសនីមួយៗ និងបង្កើតរឿងបេសកកម្មជាផ្នែកមួយនៃប្រធានបទនោះ។ ប្រធានបទមុនៗរួមមាន នាវាមុជទឹក រូងភ្នំ និងរ៉ុក្កែតដែលបានដឹកនាំកុមារទៅកាន់ទីកន្លែងផ្សេងៗជុំវិញពិភពលោក។ លូលី បាននិយាយថា ដំណើរនេះបានធ្វើឱ្យរឿងរ៉ាវបេសកកម្មក្លាយជាបទពិសោធន៍ផ្ទាល់ខ្លួន។ គាត់បាននិយាយថា៖ «ក្មេងៗឃើញថា ទាំងនេះគឺជាមនុស្សធម្មតាដែលទៅកន្លែងទាំងនេះ គឺជាមនុស្សសាមញ្ញដែលព្រះប្រើប្រាស់់ពួកគេ»។ ​

អំណានដង្វាយប្រចាំសប្តាហ៍

នៅពេលដែលពួកជំនុំឡៅឌីសេបដិសេធមិនយកព្រះទុកជាទីមួយ

ការយកព្រះទុកជាទីមួយមិនមែនជារឿងងាយស្រួលឡើយ។ តើយើងអាចរៀនអ្វីខ្លះ​ពីពួកជំនុំឡៅឌីសេដែលបានបដិសេធមិនយកព្រះទុកជាទីមួយ?

ព្រះគម្ពីរបានប្រាប់យើងថា ពួកជំនុំឡៅឌីសេពិតជាជួបការលំបាកក្នុងការយកព្រះទុកជាទីមួយ។ ពួកគេមិនធ្លាប់ផាត់ព្រះចេញឡើយ ប៉ុន្តែពួកគេក៏ពុំបានយកព្រះទុកជាទីមួយ​ក្នុង​ជីវិត​របស់ពួកគេដែរ។ ព្រះយេស៊ូវបានហៅសណ្ឋានរបស់ពួកគេថាក្តៅមិនក្តៅត្រជាក់មិនត្រជាក់។ តទៅនេះគឺជាសារពីព្រះគម្ពីរទាំងស្រុង៖

«ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ឡៅឌីសេ​ថា ព្រះ​ដ៏​ជា «អាម៉ែន» ជា​ស្មរ​បន្ទាល់​ស្មោះត្រង់ ហើយ​ពិត​ប្រាកដ ជា​ដើម​ការ​ដែល​ព្រះ​ទ្រង់​បង្កើត​មក ទ្រង់​មាន​ព្រះ​បន្ទូល​សេចក្តី​ទាំង​នេះ​ថា អញ​ស្គាល់​ការ​ដែល​ឯង​ធ្វើ ហើយ​ថា ឯង​មិន​ត្រជាក់ ក៏​មិន​ក្តៅ​ផង អញ​ចូល​ចិត្ត​ឲ្យ​ឯង​បាន ទោះ​ត្រជាក់​ឬ​ក្តៅ​ក្តី ដូច្នេះ ដោយ​ព្រោះ​ឯង​គ្រាន់​តែ​ស្ទើរៗ ប៉ុណ្ណោះ គឺ​មិន​មែន​ត្រជាក់ ក៏​មិន​ក្តៅ​ផង នោះ​អញ​នឹង​ខ្ជាក់​ឯង​ចេញ​ពី​មាត់​អញ​ទៅ ដោយ​ព្រោះ​ឯង​អួត​ថា ឯង​ជា​អ្នក​មាន បាន​កាន់​តែ​ស្តុកស្តម្ភ​ឡើង​ហើយ ក៏​មិន​ត្រូវ​ការ​នឹង​អ្វី​សោះ តែ​ឯង​មិន​ដឹង​ថា ឯង​វេទនា លំបាក ទ័លក្រ ខ្វាក់​ភ្នែក ហើយ​អាក្រាត​វិញ​នោះ​ទេ បាន​ជា​អញ​ទូន្មាន​ឲ្យ​ឯង​ទិញ​មាស​ដែល​សំរង​ក្នុង​ភ្លើង​ពី​អញ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​អ្នក​មាន​ពិត​មែន ហើយ​ទិញ​សំលៀក​បំពាក់​ស ឲ្យ​បាន​ស្លៀកពាក់ កុំ​ឲ្យ​គេ​ឃើញ​កេរ្តិ៍​ខ្មាស ដែល​ឯង​នៅ​អាក្រាត​នោះ​ឡើយ ព្រម​ទាំង​ថ្នាំ​លាប​ភ្នែក​ផង ឲ្យ​ឯង​បាន​មើល​ឃើញ​វិញ អញ​បន្ទោស ហើយ​ផ្ចាញ់ផ្ចាល ដល់​អស់​អ្នក​ណា​ដែល​អញ​ស្រឡាញ់ ដូច្នេះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ហើយ​ប្រែ​ចិត្ត​ចុះ មើល អញ​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ បើ​អ្នក​ណា​ឮ​សំឡេង​អញ ហើយ​បើក​ទ្វារ​ឲ្យ នោះ​អញ​នឹង​ចូល​ទៅ​ឯ​អ្នក​នោះ អញ​នឹង​បរិភោគ​ជា​មួយ​នឹង​អ្នក​នោះ ហើយ​​អ្នក​នោះ​ជា​មួយ​នឹង​អញ​ដែរ ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ជា​មួយ​នឹង​អញ ដូច​ជា​អញ​បាន​ឈ្នះ ហើយ​បាន​អង្គុយ​ជា​មួយ​នឹង​ព្រះវរបិតា​លើ​បល្ល័ង្ក​ទ្រង់​ដែរ ២២ អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្តី ដែល​ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ»។ ដកស្រង់ពីវិវរណៈ ៣៖១៤-២១។

ព្រះជាម្ចាស់ទ្រង់យកព្រះទ័យទុកដាក់នឹងការប្រព្រឹត្តរបស់យើង និងអារម្មណ៍របស់​យើង​ខ្លាំង​ណាស់។ ទ្រង់ជ្រាបអំពីបរាជ័យ និងជោគជ័យរបស់យើង។ ព្រះយេស៊ូវទ្រង់ជ្រាបពេលដែលយើងធ្វើពុតជាស្មោះត្រង់។ ទ្រង់អាចមើលធ្លុះម៉ាស់របស់យើង។ ទ្រង់ជ្រាបទាំងអស់។

នោះហើយជាមូលហេតុដែលព្រះទ្រង់ពុំបានផាត់យើងរាល់គ្នាចេញ។ ព្រះយេស៊ូវបានបន្តគោះនៅឯទ្វារចិត្តរបស់យើងមួយថ្ងៃហើយមួយថ្ងៃទៀត មួយសប្តាហ៍ហើយ​មួ​យ​សប្តាហ៍​ទៀត មួយឆ្នាំហើយមួយឆ្នាំទៀត។ កាលណាយើងអនុញ្ញាតឲ្យព្រះយេស៊ូវយាងមកគង់នៅ​ខាង​ក្នុងចិត្ត ការយកព្រះទុកជាទីមួយប្រាកដជាងាយស្រួលមិនខាន។

ពួកជំនុំឡៅឌីសេបានបដិសេធមិនយកព្រះទុកជាទីមួយ។ លទ្ធផលចេញមកគឺអាក្រក់ណាស់សម្រាប់ពួកគេនិងមនុស្សដែលនៅជុំវិញពួកគេ។ គំរូអាក្រក់របស់ពួកជំនុំឡៅឌីសេបានដាស់តឿនយើងរាល់គ្នានៅថ្ងៃនេះ ហើយសេចក្តីស្រឡាញ់របស់ព្រះក៏ជម្រុញយើងឲ្យយកនគររបស់ព្រះទុកជាទីមួយដែរ។ ខណៈដែលអ្នកជំនួយការកំពុងប្រមូលប្រាក់ដង្វាយ សូមយក​ព្រះ​ទុក​ជា​ទី​មួយ​ចុះ។ ​

Powered by CAM