មេរៀនទី១២​៖ ១១-១៧ ធ្នូ ២០២១

កណ្ឌគម្ពីរចោទិយកថានៅក្នុងគម្ពីរសញ្ញាថ្មី

Jeans
ថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ម៉ាថាយ ៤៖១-១១; ចោទិយកថា ១០៖១៧-១៩; កាឡាទី ៣៖១-១៤; ចោទិយកថា ១៨៖១៥-១៩។

ខចងចាំ៖ «តែ​ទ្រង់​មាន​ព្រះបន្ទូល​ប្រាប់​ថា មាន​សេចក្តី​ចែង​ទុក​មក​ដូច្នេះ ‘មនុស្ស​មិន​មែន​រស់ ដោយសារ តែ​នំបុ័ងប៉ុណ្ណោះ​ទេ គឺ​រស់​ដោយសារ​គ្រប់​ទាំង​ព្រះបន្ទូលដែល​ចេញ​ពី​ព្រះឱស្ឋ​ព្រះ​មក​ដែរ’» (ម៉ាថាយ ៤៖៤)។​

គម្ពីរសញ្ញាថ្មីត្រូវបានបំពេញដោយខគម្ពីរសញ្ញាចាស់។ អ្នកសរសេរគម្ពីរសញ្ញាថ្មីតែងតែប្រើសម្រង់មតិចេញពីគម្ពីរសញ្ញាចាស់ជានិច្ច។ ព្រះយេស៊ូវអង្គទ្រង់ផ្ទាល់បានឆ្លើយតបសំណួរយ៉ាងដូច្នេះថា «មានសេចក្តីចែងទុកមកដូច្នេះ» (ម៉ាថាយ ៤៖៤) ហើយ «សំរេច​តាម​បទ​គម្ពីរ​ទេ» (ម៉ាកុស ១៤៖ ៤៩)។ ព្រះយេស៊ូវបានមានបន្ទូលនូវពាក្យពេចន៍ទាំងនេះ ដើម្បីបង្ហាញថា​សាររបស់ទ្រង់មានប្រភ មកពីគម្ពីរសញ្ញាចាស់។ នៅពេលដែលព្រះយេស៊ូវបានជួបសិស្សរបស់ទ្រង់២នាក់នៅតាមផ្លូវទៅឯភូមិ អេម៉ោស តើព្រះយេស៊ូវបានបង្ហាញពួកគេថា ទ្រង់ជាអ្នកណាដោយរបៀបណា? តើទ្រង់បានធ្វើបាដិហារ្យដែរឬទេ? ទេ។ «ទ្រង់​ក៏​ស្រាយ​ន័យ​សេចក្តីដែល​តម្រូវ​ដល់​ទ្រង់ពី​ក្នុង​គម្ពីរ​ទាំងឡាយ» (លូកា ២៤៖ ២៧)។

អ្នកសរសេរគម្ពីរសញ្ញាថ្មីបានប្រើរឿង សម្រង់មតិ និងបទទំនាយចេញពីគម្ពីរសញ្ញាចាស់ដើម្បីពន្យល់អំពីសំណេររបស់ពួកគេ។ អ្នកសរសេរគម្ពីរសញ្ញាថ្មីភាគច្រើនតែងតែប្រើសម្រង់មតិចេញពីកណ្ឌគម្ពីរចោទិយកថា ទំនុកដំកើង និងអេសាយជានិច្ច។ អ្នកសរសេរកណ្ឌគម្ពីរម៉ាថាយ ម៉ាកុស លូកា យ៉ូហាន រ៉ូម កាឡាទី កូរិនថូសទី១ កូរិនថូសទី២ ហេព្រើរ សំបុត្រនៃគម្ពីរសញ្ញាថ្មីមួយចំនួន និងវិវរណៈទាំងអស់សុទ្ធតែប្រើសម្រង់មតិចេញពីកណ្ឌគម្ពីរចោទិយកថា។​

សប្តាហ៍នេះ យើងនឹងក្រឡេកមើលសម្រង់មតិនៃឧទាហរណ៍ក្នុងសញ្ញាថ្មីមួយចំនួនចេញពីកណ្ឌគម្ពីរចោទិយកថា។ យើងនឹងចោទសួរថា តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីសេចក្តីពិតបច្ចុប្បន្ន? លោកអ្នកនឹងនឹកចាំថា សេចក្តីពិតបច្ចុប្បន្នគឺជាសេចក្តីពិតនៃព្រះគម្ពីរដែលយើងត្រូវការជាទីបំផុតសម្រាប់សម័យកាលរបស់យើង។

ថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១

មានសេចក្តីចែងទុកមកយ៉ាងដូច្នេះ

សូមអានគម្ពីរម៉ាថាយ ៤៖១-១១។ តើព្រះយេស៊ូវបានឆ្លើយទៅសាតាំងនៅក្នុងទីរហោស្ថានយ៉ាងដូចម្តេច?

--------------------------------------------------------

ព្រះយេស៊ូវមិនបានឈ្លោះប្រកែកជាមួយសាតាំងឡើយ។ ទ្រង់បានឆ្លើយទៅសាតាំងដោយប្រើខគម្ពីរ។ ព្រះយេស៊ូវជ្រាបថា «ព្រះបន្ទូល​នៃ​ព្រះ​រស់​នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ​២» ផង (ហេព្រើរ ៤៖១២)។ អស់ទាំងចម្លើយដែលព្រះយេស៊ូវបានឆ្លើយទៅសាតាំងសុទ្ធតែចេញមកពីកណ្ឌគម្ពីរចោទិយកថា។ តើលោកអ្នកឃើញថា ព្រះយេស៊ូវបានឆ្លើយទៅសាតាំងនៅក្នុងទីរហោស្ថាន ដោយប្រើខគម្ពីរដែលបានប្រគល់អោយសាសន៍អ៊ីស្រាអែលកាលនៅឯទីរហោស្ថានដែរឬទេ?

សូមក្រឡេកមើលកាលដែលសាតាំងបានព្យាយាមល្បួងព្រះយេស៊ូវជាលើកទី១អោយប្រព្រឹត្តអំពើបាប។ ព្រះយេស៊ូវមិនសព្វព្រះទ័យដែលសាតាំងព្យាយាមល្បួងទ្រង់អោយមានមន្ទិលសង្ស័យចំពោះព្រះ និងព្រះបន្ទូលរបស់ទ្រង់។ ម្ល៉ោះហើយ ទ្រង់បានឆ្លើយទៅសាតាំងដោយប្រើពាក្យធ្ងន់ៗចេញពីកណ្ឌគម្ពីរចោទិយកថា​ ៨៖៣។ នៅក្នុងខនេះ លោកម៉ូសេបានប្រាប់អោយសាសន៍អ៊ីស្រាអែលនឹកចាំអំពីអ្វីៗ គ្រប់យ៉ាងដែលព្រះអម្ចាស់បានធ្វើសម្រាប់ពួកគេនៅក្នុងទីរហោស្ថាន។ ព្រះបានប្រទាននំម៉ាន៉ាដល់ ពួកគេ។ នំម៉ាន៉ាគឺជាអាហារដ៏ពិសេសបំផុតដែលធ្លាក់មកពីលើមេឃជារៀងរាល់ព្រឹក។ «ទ្រង់​ក៏​បាន​បន្ទាប​ចិត្ត​ឯង​មែន ព្រម​ទាំង​ឲ្យ​ឃ្លាន​ផង រួច​បាន​ចិញ្ចឹម​ឯង​ដោយ​នំ​ម៉ាន៉ាដែល​ឯង និង​ពួកអយ្យកោ​ឯង​មិន​ដែល​ស្គាល់​ឡើយ ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា មនុស្ស​មិន​មែន​រស់ ដោយសារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយសារ​គ្រប់​ទាំង​ព្រះបន្ទូល ដែល​ចេញ​ពី​ព្រះឱស្ឋ​នៃ​ព្រះយេហូវ៉ា​មក​ដែរ» (ចោទិយកថា​៨៖៣)។

តើមានអ្វីកើតឡើង នៅពេលដែលសាតាំងបានព្យាយាមល្បួងព្រះយេស៊ូវអោយប្រព្រឹត្តអំពើបាបជាលើកទី២នោះ? ជាថ្មីម្តងទៀត ព្រះយេស៊ូវបានឆ្លើយទៅសាតាំងវិញជាមួយនឹងកណ្ឌគម្ពីរចោទិយកថា ៦៖១៦។ ក្នុងខនេះ លោកម៉ូសេបានប្រាប់ពួកបណ្តាជនអោយនឹកចាំអំពីរបៀបដែលពួកគេបានបែរមកទាស់នឹងព្រះនៅឯភ្នំស៊ីណាយ (សូមអាននិក្ខមនំ ១៧៖១-១៧)។ លោកម៉ូសេបានមានប្រសាសន៍ថា «កុំ​ឲ្យ​ ឯង​រាល់​គ្នា​ល្បងល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ដូច​ជា​បាន​ល្បង​ទ្រង់​នៅ​ត្រង់​ម៉ាសានោះ​ឡើយ» (ចោទិយកថា ៦៖១៦)។ ពាក្យដែលសរសេរថា «ល្បងល» ក៏អាចមានន័យថា «បង្ហាញ» ឬ «ដាក់អ្វីមួយទៅក្នុងការសាកល្បង» ផងដែរ។ ព្រះអម្ចាស់បានបង្ហាញរាស្ត្ររបស់ទ្រង់អំពីអំណាច និងសេចក្តីស្រឡាញ់របស់ទ្រង់ម្តង ហើយម្តងទៀតរួចទៅហើយ។ ប៉ុន្តែ នៅពេលដែលបញ្ហាមកដល់ពួកគេបានស្រែកឡើងថា «តើ​ព្រះយេហូវ៉ា​ ទ្រង់​នៅ​កណ្តាល​ពួក​យើង​រាល់​គ្នា​មែន​ឬ» (និក្ខមនំ ១៧៖៧)។

តើមានអ្វីកើតឡើង នៅពេលដែលសាតាំងបានព្យាយាមល្បួងព្រះយេស៊ូវអោយប្រព្រឹត្តអំពើបាបជាលើកទី៣នោះ? សាតាំងចង់អោយព្រះយេស៊ូវក្រាបថ្វាយបង្គំវា។ តើម្តងនេះ ព្រះយេស៊ូវនឹងឈ្លោះប្រកែកជាមួយសាតាំងឬ? ទេ មិនមែនទេ។ ជាថ្មីម្តងទៀត ព្រះយេស៊ូវបានឆ្លើយទៅសាតាំងដោយប្រើខមួយចេញពីកណ្ឌគម្ពីរចោទិយកថា។ ខនេះបានដាស់តឿនកុំអោយសាសន៍អ៊ីស្រាអែលងាកចេញពីព្រះ ទៅថ្វាយបង្គំពួកព្រះក្លែងក្លាយឡើយ។ សាសន៍អ៊ីស្រាអែលគួរតែ «កោតខ្លាច​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​គោរព​ប្រតិបត្តិ​ដល់​ទ្រង់» ផង (ចោទិយកថា​៦៖១៣)។ តើការសិក្សាព្រះគម្ពីររបស់យើងអាចជួយអោយយើងបង្ហាញអំពីព្រះយេស៊ូវ និងសេចក្តីស្រឡាញ់របស់ទ្រង់ដល់អ្នកដទៃកាន់តែពេញលេញឡើងដោយរបៀបណា? តើព្រះគម្ពីរអាចផ្តល់កម្លាំងបន្ថែមដល់យើងក្នុងការនិយាយពាក្យថា «ទេ» ទៅកាន់សាតាំងដោយរបៀបណា?

ថ្ងៃច័ន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១

ព្រះស្រឡាញ់មនុស្សទាំងអស់ស្មើៗគ្នា

ក្នុងបទគម្ពីរចោទិយកថា ១០ លោកម៉ូសេចង់អោយពួកបណ្តាជនមើលឃើញអំពីមូលហេតុដែលពួកគេគួរតែបង្ហាញសេចក្តីជំនឿលើព្រះ និងគោរពតាមទ្រង់។ ម្ល៉ោះហើយ លោកម៉ូសេបានរំលឹកពួកគេអំពីប្រវត្តិសាស្ត្ររបស់ពួកគេម្តងទៀត។ តើលោកម៉ូសេបានមានប្រសាសន៍អំពីអ្វីបន្ទាប់ទៀត?

សូមអានខគម្ពីរចោទិយកថា ១០៖១៧-១៩។ តើសារដ៏សំខាន់អ្វីដែលលោកម៉ូសេបានប្រគល់អោយពួកបណ្តាជននៅក្នុងខទាំងនេះ?

--------------------------------------------------------

លោកម៉ូសេបានរំលឹកពួកគេអំពីព្រះដែលស្រឡាញ់ដល់ពួកគេ។ តើលោកអ្នកឃើញពាក្យថា «ចំពោះទ្រង់ មនុស្សទាំងអស់គឺស្មើគ្នា » ដែរឬទេ? (ចោទិយកថា ១០៖១៧, បកប្រែថ្មី)។ ការនិយាយបែបនេះយកចេញពីរូបស័ព្ទនៅក្នុងភាសាហេព្រើរ។ រូបស័ព្ទនោះមានន័យយ៉ាងដូច្នេះថា «ទ្រង់មិនយោគ យល់មុខអ្នកណាសោះ»។ តើការនិយាយបែបនេះមានន័យយ៉ាងដូចម្តេច? ក្នុងសម័យព្រះគម្ពីរ ពេលខ្លះស្តេច និងពួកចៅក្រមមិនយុត្តិធម៌ឡើយ។ ពួកគេកាត់ក្តីពួកបណ្តាជនតាមរយៈរូបសម្បត្តិខាងក្រៅ។ ដោយឡែក កណ្ឌគម្ពីរចោទិយកថាបង្ហាញយើងថា ព្រះមិនបានជំនុំជំរះមនុស្សដោយរបៀបនេះឡើយ។ ព្រះទ្រង់ យុត្តិធម៌ចំពោះមនុស្សគ្រប់គ្នា។ ព្រះយេស៊ូវបានបង្ហាញយើងនូវសេចក្តីពិតដ៏សំខាន់នេះអំពីព្រះ នៅពេលដែលទ្រង់យាងចុះមកផែនដីនេះ។ ព្រះយេស៊ូវតែងតែសប្បុរសចំពោះមនុស្សគ្រប់គ្នាជានិច្ច។ ព្រះយេស៊ូវក៏សប្បុរសចំពោះមនុស្សដែលគេគិតថាមិនសំខាន់ផងដែរ។

សូមអានខគម្ពីរកិច្ចការ ១០៖៣៤; រ៉ូម ២៖១១; កាឡាទី ២៖៦; អេភេសូរ ៦៖៩; កូឡូស ៣៖ ២៥ និងពេត្រុសទី១ ១៖១៧។ តើខទាំងនេះបង្ហាញយើងយ៉ាងដូចម្តេច អំពីសេចក្តីពិតនៃព្រះគម្ពីរនៅក្នុងខគម្ពីរចោទិយកថា ១០៖១៧ នោះ?

--------------------------------------------------------

លោកប៉ុលបានមានប្រសាសន៍អំពីចំណុចពិបាកៗជាច្រើននៅក្នុងខទាំងនេះ។ ក្នុងកណ្ឌគម្ពីរអេភេសូរ លោកប៉ុលបានដាស់តឿនពួកចៅហ្វាយអោយប្រព្រឹត្តល្អចំពោះពួកបាវបម្រើខ្លួន។ ក្នុងកណ្ឌគម្ពីររ៉ូម លោកប៉ុលបានមានប្រសាសន៍ថា ព្រះសង្គ្រោះទាំងសាសន៍យូដា និងសាសន៍ដទៃ។ ប៉ុន្តែ មានចំណុចមួយដែលដូចគ្នានៅក្នុងខទាំងអស់នេះ។ ខទាំងអស់នេះបានចែងអំពីគោលគំនិតនៅក្នុងកណ្ឌគម្ពីរចោទិយកថាថា ព្រះស្រឡញ់មនុស្សទាំងអស់ស្មើៗគ្នា។ នេះគឺជាដំណឹងល្អមួយ។ ប្រសិនបើព្រះអនុវត្តបែបនេះ នោះយើងក៏គួរតែអនុវត្តបែបយ៉ាងដូច្នេះផងដែរ។ លោកប៉ុលបានប្រាប់យើងបន្ថែមទៀតអំពីដំណឹងល្អនេះនៅក្នុងកណ្ឌគម្ពីររ៉ូម។ ព្រះទតមើលយើងគ្រប់ពេលវេលា។ យើងទាំងអស់គ្នាជាបាបជន។ យើងត្រូវការព្រះបង្ហាញយើងអំពីព្រះគុណរបស់ទ្រង់ និងសង្គ្រោះយើង។ ដំណឹងល្អនោះគឺថា ព្រះបានផ្តល់ព្រះគុណរបស់ទ្រង់ដល់មនុស្សគ្រប់គ្នាតាមរយៈព្រះយេស៊ូវ។ តើលោកអ្នកបានបង្ហាញសេចក្តីស្រឡាញ់ចំពោះមនុស្សមួយចំនួនជាងអ្នកដទៃដែរឬទេ? តើហេតុ អ្វីបានជាឈើឆ្កាងបង្ហាញយើងថា​ ទង្វើបែបនេះគឺជារឿងមិនត្រឹមត្រូវទៅវិញ?

ថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១

ត្រូវព្យួរនៅលើឈើ

សូមអានខគម្ពីរកាឡាទី ៣៖១-៤។ តើលោកប៉ុលបានមានប្រសាសន៍យ៉ាងដូចម្តេច នៅក្នុងខទាំងនេះ? តើហេតុអ្វីបានជាសារនេះសំខាន់ម្ល៉េះសម្រាប់យើងនៅសព្វថ្ងៃនេះ? តើលោកប៉ុលបានប្រើខ គម្ពីរចោទិយកថា ២៧៖២៦ និងចោទិយកថា ២១៖២២, ២៣ ដើម្បីជួយអោយយើងយល់អំពីសាររបស់គាត់ដោយរបៀបណា?

--------------------------------------------------------

គួរអោយសោកស្តាយណាស់ គ្រីស្ទានជាច្រើននាក់បានប្រើកណ្ឌគម្ពីរកាឡាទីជាលេសក្នុងការនិយាយថា ពួកយើងមិនចាំបាច់រក្សាក្រឹត្យវិន័យទៀតឡើយ។ ជាការពិតណាស់ យើងបានយល់អំពីលេសនេះយ៉ាងច្បាស់។ គ្រីស្ទានទាំងនេះចង់យកលេសមិនរក្សាថ្ងៃសប្បាតហ៍។ ពួកគេគិតថា ការរក្សាថ្ងៃសប្បាតហ៍អោយបរិសុទ្ធបង្ហាញថា លោកអ្នកកំពុងតែព្យាយាមសង្គ្រោះខ្លួនឯងតាមរយៈការគោរពតាមក្រឹត្យវិន័យ។ លោកប៉ុលបានជំទាស់នឹងគោលគំនិតខុសឆ្គងនេះ។ លោកប៉ុលមិនបានជឿថា ការដែលយើងរក្សាថ្ងៃសប្បាតហ៍នោះបង្ហាញថា យើងកំពុងព្យាយាមដើម្បីអោយទទួលបានព្រះគុណរបស់ព្រះនោះឡើយ។

ម្ល៉ោះហើយ លោកប៉ុលបានមានប្រសាសន៍ជំទាស់នឹងក្រឹត្យវិន័យនៅក្នុងខគម្ពីរកាឡាទី ៣៖១-១៤។ ទោះជាយ៉ាងនេះក្តី ហេតុអ្វីបានជាគ្រីស្ទានទាំងនោះនៅតែប្រើខទាំងនេះដើម្បីបង្ហាញថា យើងមិនចាំបាច់រក្សាថ្ងៃសប្បាតហ៍ទៀតយ៉ាងដូច្នេះ? ខគម្ពីរកាឡាទី ៣៖១០ បង្ហាញយើងនូវចម្លើយឆ្លើយតបនឹងសំណួរនេះ។ លោកប៉ុលបានមានប្រសាសន៍ថា «តែ​អស់​អ្នក​ដែល​អាង​ដល់​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ នោះ​ត្រូវ​បណ្តាសា​វិញ» (កាឡាទី ៣៖១០)។ បន្ទាប់មក លោកប៉ុលបានប្រើសម្រង់មតិចេញពីខគម្ពីរចោទិយកថា ២៧៖២៦។ ដូច្នេះ តើខទាំងនេះបង្ហាញយើងយ៉ាងដូចម្តេច?​ ខទាំងនេះបង្ហាញយើងថា បញ្ហាមិនមែននៅត្រង់ការគោរពតាមក្រឹត្យវិន័យរបស់យើងនោះទេ។ ប៉ុន្តែ បញ្ហាដែលយើងមាននោះគឺថា យើងបានព្យាយាមសង្គ្រោះខ្លួនយើងតាមរយៈការគោរពតាមរបស់យើងទៅវិញនោះទេ។

លោកប៉ុលចង់អោយយើងយល់អំពីគោលគំនិតនេះ។ ម្ល៉ោះហើយ គាត់បានប្រើសម្រង់មតិផ្សេងទៀតចេញពីកណ្ឌគម្ពីរចោទិយកថា។ ម្តងនេះ លោកប៉ុលបានប្រើខគម្ពីរចោទិយកថា ២១៖២៣ ស្តីអំពីបុរសដែលមានកំហុសម្នាក់ដែលសមនឹងស្លាប់ដោយព្រោះឧក្រិដ្ឋកម្មរបស់គាត់។ បុរសនោះត្រូវបានគេកាត់ទោសព្យួរកនៅលើឈើ។

លោកប៉ុលបានប្រើឧទាហរណ៍នេះជារូបស័ព្ទមួយតំណាងអោយអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង។ យើងទាំងអស់គ្នាសុទ្ធតែជាប់បណ្តាសានៃការបំពានក្រឹត្យវិន័យ។ «ព្រះគ្រីស្ទ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នាឲ្យ​រួច​ពី​សេចក្តី​បណ្តាសា​របស់​ក្រឹត្យវិន័យ ដោយ​ទ្រង់​ត្រូវ​បណ្តាសា​ជំនួស​យើង​រាល់​គ្នា» (កាឡាទី ៣៖១៣)។ តើបណ្តាសានោះជាអ្វី? បណ្តាសានោះគឺជាសេចក្តីស្លាប់។ មនុស្សលោកទាំងអស់ត្រូវតែប្រឈមមុខនឹងសេចក្តីស្លាប់នេះ ពីព្រោះយើងទាំងអស់គ្នាបានបំពានក្រឹត្យវិន័យ។ ប៉ុន្តែ ដំណឹងល្អនោះគឺថា ព្រះយេស៊ូវបានទទួលយកសេចក្តីស្លាប់នេះជំនួសយើងនៅលើឈើឆ្កាងរួចទៅហើយ «ប្រយោជន៍ឲ្យ​យើង​បាន​ទទួល​សេចក្តី​សន្យា គឺ​ជា​ព្រះវិញ្ញាណ ដោយសារ​សេចក្តី​ជំនឿ» វិញ (កាឡាទី ៣៖១៤)។

«គ្មានអ្នកណាទៀតឡើយ មានតែព្រះយេស៊ូវប៉ុណ្ណោះដែលអាចសង្គ្រោះបាបជនចេញពីបណ្តាសានៃក្រឹត្យវិន័យនេះបាន។ មានតែព្រះយេស៊ូវប៉ុណ្ណោះដែលអាចធ្វើអោយជីវិតរបស់យើងបានជាសុចរិត។ ព្រះយេស៊ូវបានទទួលយកកំហុសរបស់យើងដាក់នៅលើអង្គទ្រង់។ ទ្រង់បានទទួលយកភាពអាម៉ាស់នៃអំពើបាបរបស់យើង។ អំពើបាបនេះកខ្វក់ខ្លាំងណាស់ចំពោះព្រះ ដោយសារតែទ្រង់បរិសុទ្ធ។ អំពើបាបរបស់យើងបានញែកព្រះវរបិតា និងព្រះរាជបុត្រាចេញពីគ្នា»។ Ellen G. White, Patriarchs and Prophets, page 63, adapted។ តើលោកអ្នកគួរតែមានអារម្មណ៍យ៉ាងដូចម្តេច​ ចំពោះអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់លោកអ្នក?

ថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១

ហោរាដែលព្រះចាត់អោយមក

សូមអានខគម្ពីរចោទិយកថា ១៨៖១៥-១៩។ តើលោកម៉ូសេបានប្រាប់ពួកបណ្តាជនយ៉ាងដូចម្តេចនៅក្នុងខទាំងនេះ? សូមប្រៀបធៀបខគម្ពីរចោទិយកថាទាំងនេះជាមួយនឹងខគម្ពីរកិច្ចការ ៣៖២២ និងកិច្ចការ ៧៖៣៧។ តើលោកពេត្រុស និងលោកស្ទេផានបានមានប្រសាសន៍យ៉ាងដូចម្តេចអំពីខគម្ពីរចោទិយកថា ១៨៖១៨?

--------------------------------------------------------

លោកម៉ូសេបានសន្យានឹងពួកបណ្តាជន២ដងថា ព្រះអម្ចាស់នឹងចាត់ហោរាម្នាក់អោយមកឯពួកគេនៅពេលអនាគត (ចោទិយកថា ១៨៖១៥,​១៨)។ ហោរាម្នាក់នេះក៏ដូចជាលោកម៉ូសេផងដែរ។ ហោរាម្នាក់នេះក៏នឹងឈររវាងព្រះ និងរាស្ត្ររបស់ទ្រង់ដូចជាលោកម៉ូសេផងដែរ (និក្ខមនំ ២០៖១៨-២១)។

ប៉ុន្មានរយឆ្នាំក្រោយមក លោកពេត្រុស និងលោកស្ទេផានបានប្រើខគម្ពីរចោទិយកថា ១៨៖១៥ និងខ១៨ ដើម្បីពិពណ៌នាអំពីព្រះយេស៊ូវ។ លោកពេត្រុសបានជឿថា ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះដែលអ្នកសរសេរដ៏បរិសុទ្ធនៅក្នុងគម្ពីរសញ្ញាចាស់បានពិពណ៌នា (កិច្ចការ ៣៖២១)។ ម្ល៉ោះហើយ លោកពេត្រុសបានប្រាប់ពួកយូដាថា ព្រះយេស៊ូវគឺជាហោរាដែលព្រះបានសន្យានៅក្នុងខគម្ពីរចោទិយកថា ១៨៖ ១៥ និងខ១៨ ថានឹងចាត់ទ្រង់អោយមកឯពួកគេ។ ពួកយូដាបានដឹងអំពីខទាំងនេះយ៉ាងច្បាស់។ នេះគឺជាមូលហេតុដែលនាំអោយលោកពេត្រុសប្រើខទាំងនេះទៅកាន់ពួកយូដា។ លោកពេត្រុសចង់ជួយពួកគេអោយមើលឃើញថា ព្រះយេស៊ូវជាអ្នកណាអោយពិតប្រាកដ។ ពេលនោះពួកយូដានឹងបានឃើញថា ហេតុអ្វីបានជាពួកគេត្រូវសារភាពទោសកំហុសដែលពួកគេបានធ្វើចំពោះព្រះយេស៊ូវកន្លងមក (កិច្ចការ ៣៖១៩)។

បន្ទាប់មក យើងនឹងក្រឡេកមើលរបៀបដែលលោកស្ទេផានបានសរសេរខគម្ពីរចោទិយកថា ១៨៖១៥ និងខ១៨ នៅក្នុងខគម្ពីរកិច្ចការ ៧៖៣៧ វិញម្តង។ លោកស្ទេផានបានមានប្រសាសន៍ថា​ ខនៅក្នុងគម្ពីរចោទិយកថាទាំងនេះសុទ្ធតែឆ្លុះបញ្ចាំងអំពីព្រះយេស៊ូវ។ លោកស្ទេផានក៏បានប្រកាសថា ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះនៃសេចក្តីសន្យាផងដែរ។ ជាការពិតណាស់ ព្រះយេស៊ូវគឺជាព្រះអង្គនៃសេចក្តីសន្យាដែលព្រះបានមានបន្ទូលប្រាប់ដល់លោកម៉ូសេ។ លោកស្ទេផានក៏បានមានប្រសាសន៍ថា លោកម៉ូសេគឺជាឧទាហរណ៍មួយនៃមេដឹកនាំម្នាក់ដូចជាព្រះយេស៊ូវដែលបានយាងមកផែនដីនេះដូច្នោះដែរ។ ដូច្នេះ ពួកយូជាត្រូវតែគោរពតាមព្រះយេស៊ូវ និងអ្វីគ្រប់យ៉ាងដែលទ្រង់បានមានបន្ទូលទៅពួកគេ។ តែគួរអោយសោកស្តាយ ពួកយូដាមិនចង់ស្តាប់អ្វីដែលលោកស្ទេផានត្រូវថ្លែងនោះទេ។ ពួកគេបានចោទប្រកាន់លោកស្ទេផានថាបាន «ពោល​ពាក្យ​ប្រមាថ​ដល់​លោក​ម៉ូសេ ហើយ​ដល់​ព្រះ​ផង» (កិច្ចការ ៦៖១១)។ ប៉ុន្តែ ការចោទប្រកាន់នេះគ្រាន់តែជាការកុហកមួលបង្កាច់ប៉ុណ្ណោះ។

តើខគម្ពីរចោទិយកថា ១៨​៖១៥, ១៨ បង្ហាញយើងយ៉ាងដូចម្តេចអំពីព្រះយេស៊ូវ និងអំពីសារៈ សំខាន់នៃអត្តសញ្ញាណរបស់ទ្រង់ទៅនឹងព្រះគម្ពីរទាំងមូលនោះ? តើហេតុអ្វីបានជាព្រះយេស៊ូវត្រូវតែជាគោលកណ្តាលនៃការយល់ដឹងអំពីព្រះគម្ពីររបស់យើងយ៉ាងដូច្នេះ?

ថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១

រឿងដ៏អាក្រក់

កណ្ឌគម្ពីរហេព្រើរគឺជាកិច្ចអញ្ជើញដ៏វែងមួយបែបជូនដល់គ្រីស្ទានជនជាតិយូដា។ តើលោកប៉ុលដែលជាអ្នកសរសេរកណ្ឌគម្ពីរហេព្រើរកំពុងតែអញ្ជើញអ្នកអានរបស់គាត់អោយធ្វើអ្វីខ្លះ? លោកបានសូមអោយពួកគេរក្សាភាពស្មោះត្រង់ និងគោរពតាមព្រះអម្ចាស់។

ជាការពិតណាស់ ការគោរពតាមរបស់យើងចេញពីសេចក្តីស្រឡាញ់របស់យើងចំពោះព្រះ។ យើងគោរពតាមទ្រង់ ពីព្រោះទ្រង់ល្អ ហើយទ្រង់ស្រឡាញ់យើង។ យើងអាចឃើញសេចក្តីស្រឡាញ់របស់ទ្រង់ត្រូវបានបង្ហាញតាមរបៀបដ៏មានអំណាចមួយនៅត្រង់ឈើឆ្កាងនៃព្រះយេស៊ូវ។ យើងត្រូវតែនឹកចាំអំពីសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើងជានិច្ច។ ប៉ុន្តែ ពេលខ្លះក្នុងភាពជាមនុស្សលោក យើងក៏ត្រូវតែនឹកចាំអំពីអ្វីនឹងកើតចំពោះយើង ប្រសិនបើយើងងាកចេញពីសេចក្តីស្រឡាញ់នេះ។ ប្រសិនបើយើងមិនទទួលស្គាល់ថា ព្រះយេស៊ូវបានចេញថ្លៃលោះបាបជំនួសយើងនោះទេ នោះយើងនឹងត្រូវចេញថ្លៃលោះបាបដោយខ្លួនឯង។ អស់អ្នកដែលចេញថ្លៃលោះបាបដោយខ្លួនគេផ្ទាល់ «នឹង​យំ ហើយ​សង្កៀត​ធ្មេញ» (ម៉ាថាយ​ ២២៖១៣) នៅថ្ងៃដែលព្រះទ្រង់ជំនុំជំរះមនុស្សគ្រប់គ្នាដែលរស់នៅលើផែនដីនេះ។

សូមអានខគម្ពីរហេព្រើរ ១០៖២៨-៣១។ តើលោកប៉ុលបានមានប្រសាសន៍យ៉ាងដូចម្តេច​ នៅក្នុងខទាំងនេះ?​ តើសារនេះមានន័យយ៉ាងដូចម្តេចចំពោះជីវិតរបស់យើងសព្វថ្ងៃនេះ?

--------------------------------------------------------

លោកប៉ុលបានប្រើខគម្ពីរចោទិយកថា ១៧៖៦ ដើម្បីជួយអោយអ្នកអានរបស់គាត់មើលឃើញថា​ ពួកគេត្រូវតែរក្សាភាពស្មោះត្រង់ និងគោរពតាមព្រះជានិច្ច។ ខគម្ពីរចោទិយកថា ១៧៖៦ គឺជាក្រឹត្យវិន័យអំពីការដាស់ទោស។ ខគម្ពីរនេះបានបកស្រាយអំពីអ្វីដែលពួកបណ្តាជនគួរតែធ្វើជាមួយអ្នកណាម្នាក់ដែលមានកំហុសនៃឧក្រិដ្ឋកម្មដ៏អាក្រក់។ ជាដំបូងស្មរបន្ទាល់ពីរទៅបីនាក់ត្រូវតែផ្តល់របាយការណ៍ ដែលបង្ហាញថា បុគ្គលនោះមានកំហុសពិតមែន។ បន្ទាប់មក ទើបគេអាចប្រហាជីវិតបុគ្គលនោះចំពោះអំពើឧក្រិដ្ឋកម្មរបស់គាត់បាន។

លោកប៉ុលបានប្រើខនេះចេញពីកណ្ឌគម្ពីរចោទិយកថា ដើម្បីបង្រៀនសេចក្តីពិតនៃព្រះគម្ពីរអំពីសេចក្តីសញ្ញាថ្មី។ នៅក្រោមសេចក្តីសញ្ញាចាស់ អ្នកដែលមិនគោរពតាមព្រះត្រូវបានគេសម្លាប់។ «គេ​ គួរ​មាន​ទោស​ជា​ធ្ងន់​ជាង​យ៉ាង​ណា​ទៅដែល​គេ​ជាន់​ឈ្លី​ព្រះរាជបុត្រា​នៃ​ព្រះ ទាំង​រាប់​ព្រះលោហិត​នៃសេចក្តីសញ្ញា ដែល​បាន​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ទុក​ដូច​ជា​របស់​ប្រើ​ធម្មតា ហើយ​ត្មះតិះដៀល​ដល់​ព្រះវិញ្ញាណ​ដ៏​មាន​ព្រះគុណ​ផង​នោះ» (ហេព្រើរ ១០៖២៩)។ ម៉្យាងទៀត លោកប៉ុលបានប្រាប់អ្នកអានរបស់គាត់ថា ពួកគេមានចំណេះដឹងអំពីព្រះច្រើនជាងពួកយូដាដែលរស់នៅក្រោមសេចក្តីសញ្ញាចាស់ទៅទៀត។ បើសិនគ្រីស្ទាននៅក្រោមសេចក្តីសញ្ញាបានងាកចេញពីព្រះ នោះទណ្ឌកម្មរបស់ពួកគេនឹងធ្ងន់ធ្ងរលើសជាងអ្វីដែលជនជាតិអ៊ីស្រាអែលបានរងទុក្ខទៅទៀត។ ដូច្នេះហើយ សូមប្រុងប្រយ័ត្នទាំងអស់គ្នា។

តើអ្វីទៅជាសេចក្តីសង្ឃឹមតែមួយគត់របស់យើងនៅពេលដែលព្រះជំនុំជំរះមនុស្សគ្រប់គ្នាដែលរស់នៅលើផែនដីនេះ?

ថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១

សិក្សាបន្ថែម

យើងបានរៀនអំពីសប្តាហ៍នេះថា អ្នកសរសេរគម្ពីរសញ្ញាចាស់ជាច្រើនបានប្រើសម្រង់ មតិចេញពីអ្នកសរសេរគម្ពីរសញ្ញាចាស់ដទៃទៀត។​ ទន្ទឹមនឹងនេះ គម្ពីរសញ្ញាថ្មីមានពេញទៅដោយសម្រង់មតិ គោលគំនិត ប្រវត្តិសាស្ត្រ សារ និងរឿងទាំងឡាយចេញពីគម្ពីរសញ្ញាចាស់។ អ្នកសរសេរគម្ពីរសញ្ញាថ្មីបានប្រើខចេញពីកណ្ឌគម្ពីរទំនុកដំកើង អេសាយ និងចោទិយកថាច្រើនជាងប្រើខចេញពីកណ្ឌគម្ពីរសញ្ញាចាស់ដទៃទៀត។ អ្នកសរសេរគម្ពីរសញ្ញាថ្មីបានប្រើសម្រង់មតិចេញពីសេបធួជីនដែលជាគម្ពីរសញ្ញា ចាស់ជាភាសាក្រេក (LXX)។ សេបធួជីនគឺជាច្បាប់ចម្លងនៃគម្ពីរហេព្រើរដែលបានសរសេរជាភាសាក្រេក។

យើងអាចរៀនបានច្រើនអំពីរបៀបនៃការយល់ព្រះគម្ពីរតាមវិធីដែលអ្នកសរសេរគម្ពីរសញ្ញាថ្មី បានប្រើខចេញពីគម្ពីរសញ្ញាចាស់។ មេរៀនមួយដែលយើងអាចរៀនបាននោះគឺថា អ្នកសរសេរគម្ពីរសញ្ញាថ្មីមិនដែលសង្ស័យថា សំណេរនៅក្នុងគម្ពីរសញ្ញាចាស់មានប្រភពមកពីព្រះឬអ្នកណានោះទេ។ អ្នកសរសេរគម្ពីរសញ្ញាថ្មីក៏មិនបានសង្ស័យអំពីប្រវត្តិសាស្ត្រ ឬរឿងណាមួយចេញពីគម្ពីរសញ្ញាចាស់នោះដែរ។ អ្នកសរសេរគម្ពីរសញ្ញាថ្មីបានជឿថា រឿង និងប្រវត្តិសាស្ត្រទាំងអស់នេះគឺជាការពិត។ អ្នកសរសេរគម្ពីរសញ្ញាថ្មីបានជឿលើរឿងអ័ដាម អេវ៉ា ការធ្លាក់ចុះក្នុងអំពើបាប ទឹកជំនន់ដ៏ធំ រឿងរបស់លោកអ័ប្រាហាំ និងរឿងជាច្រើនទៀត។ «អ្នកប្រាជ្ញ» ខាងឯព្រះគម្ពីរសព្វថ្ងៃនេះដែលមានចម្ងល់ទៅលើរឿងទាំងអស់នេះបានបង្ហាញនូវការសង្ស័យដ៏អាក្រក់នៅក្នុងចិត្តរបស់ពួកគេ។ ការសង្ស័យនេះមិនមាននៅក្នុងចិត្ត និងគំនិតរបស់ពួកសេវេនដេយអាត់វេនទីស្ទនោះឡើយ។

សំនួរពិភាក្សា៖
  1. សូមគិតអំពីសេចក្តីពិតនៃព្រះគម្ពីរទាំងអស់ដែលព្រះបានប្រទានអោយយើងក្នុងនាមជាសេវេនដេយអាត់វេនទីស្ទ។​ តើហេតុអ្វីបានជាការដែលយើងរស់នៅតាមអ្វីដែលយើងជឿសំខាន់ម្ល៉េះ?

  2. សូមអានខគម្ពីរចោទិយកថា ១៨៖៩-១៤។ តើមានឧទាហរណ៍អំពី «​ការគួរ​ស្អប់​ខ្ពើម» (ចោទិយកថា ១៨៖៩) នៃសម័យទំនើបណាខ្លះដែលព្រះមិនសព្វព្រះទ័យនោះ? តើយើងអាចធ្វើអ្វីបានខ្លះ ដើម្បីចៀសចេញពីរឿងទាំងនោះ? ​

  3. តើហេតុអ្វីបានជាយើងមិនគួរបង្ហាញថា យើងស្រឡាញ់អ្នកណាម្នាក់លើសជាងអ្នកណាម្នាក់ផ្សេងទៀតនោះ? តើហេតុអ្វីបានជាឈើឆ្កាងបង្ហាញយើងថា ទង្វើបែបនេះមិនត្រឹមត្រូវនោះទេ? តើឈើឆ្កាងអាចព្យាបាលយើងចេញពីទង្វើមិនត្រឹមត្រូវនេះបានដោយរបៀបណា?

រឿងខ្លី

ខួបកំណើតដែលមិនអាចបំភ្លេចបាន

Jeans

ជីយូលដែលមានអាយុ៩ឆ្នាំគឺជាក្មេងប្រុសដ៏មានប្រជាប្រិយម្នាក់នៅឯសាលារៀនជនបទនៃប្រទេសកូរ៉េខាងត្បូងរបស់គាត់។ លោកគ្រូអ្នកគ្រូក៏ចូលចិត្តគាត់ខ្លាំងណាស់ដែរដោយសារតែគាត់បាន ជួយសំអាតថ្នាក់រៀន។ ប៉ុន្តែ ជីយូលមានបញ្ហាមួយ។ មិត្តភក្តិរបស់គាត់មិនចង់មកលេងផ្ទះរបស់គាត់បន្ទាប់ពីរៀនរួចនោះទេ។ ជីយូលតែងតែទៅលេងផ្ទះរបស់ពួកគេ ហើយបានឃើញរបស់លេង អាងចិញ្ចឹម ត្រី និងសត្វចិញ្ចឹមរបស់ពួកគេ។ ប៉ុន្តែ គ្មានអ្នកណាចង់មកលេងផ្ទះគាត់វិញសោះ។ គាត់មិនយល់ថា ហេតុអ្វីបានជាពួកគេមិនចង់មកលេងផ្ទះគាត់យ៉ាងដូច្នេះ។

ថ្ងៃមួយ នៅពេលដែលជីយូលបានអញ្ជើញមិត្តភក្តិម្នាក់ បន្ទាប់ពីរៀនរួចហើយ ក្មេងប្រុសនោះបាននិយាយថា «ម៉ាក់ខ្ញុំប្រាប់ខ្ញុំថា ‘ខ្ញុំអាចលេងនៅឯសាលារៀនជាមួយឯងបាន ប៉ុន្តែ ខ្ញុំមិនអាចទៅផ្ទះរបស់ឯងបានទេ»។ ជីយូលបានសួរថា «ហេតុអ្វីបានជាម៉ាក់ឯងប្រាប់អ៊ីចឹង»។ មិត្តម្នាក់នោះបានតបទៅវិញថា «ពីព្រោះផ្ទះរបស់ឯងគឺជាព្រះវិហារ»។

ជីយូលគឺជាកូនប្រុសនៃគ្រូគង្វាលអាត់វេនទីស្ទម្នាក់ ហើយផ្ទះរបស់គាត់បានយកមកធ្វើជាសាខានៃអគារព្រះវិហារអាត់វេនទីស្ទ។ អ្នកស្នាក់នៅក្នុងទីក្រុងភាគច្រើនបានចូលព្រះវិហារដ៏ធំទាំង៣ដែលជាកម្មសិទ្ធិនៃគ្រីស្ទាននិកាយដទៃទៀតនៅចំកណ្តាលក្រុង។ ឪពុកម្តាយមិត្តភក្តិជីយូលមិនចង់អោយកូនៗរបស់ពួកគេទៅលេងនៅក្នុងព្រះវិហារអាត់វេនទីស្ទនោះឡើយ។ ជីយូលបានប្រាប់ឪពុកម្តាយរបស់គាត់ អំពីការសន្ទនានេះ។ ឪពុកម្តាយរបស់គាត់បានជួយគិតថា ធ្វើយ៉ាងណាអោយមិត្តភក្តិរបស់ជីយូលអាចមកលេងទីនោះបាន។ ដោយឃើញថា ថ្ងៃកំណើតរបស់ជីយូលជិតដល់ហើយ ទើបពួកគេសម្រេចចិត្តថា ពួកគេមិនទៅក្រៅឡើយ តែពួកគេនឹងធ្វើខួបកំណើតនៅឯផ្ទះជាលើកដំបូង។ ជីយូលបានអធិស្ឋានយ៉ាងអស់ពីចិត្តថា​ «សូមព្រះអង្គជួយអោយមិត្តភក្តិទូលបង្គំបានមកជប់លៀងខួបកំណើតទូលបង្គំ និងមានពេលវេលាល្អជាមួយនឹងទូលបង្គំផង សូមទ្រង់ធ្វើអោយឪពុកម្តាយរបស់ពួកគេចិត្តល្អចំពោះព្រះវិហារទូលបង្គំផង»។

ជីយូលបានធ្វើលិខិតអញ្ជើញខួបកំណើតដោយមានឈ្មោះ និងទីតាំងនៃព្រះវិហារ។ រួមគ្នាជាមួយអំណោយតូចៗគាត់បានចែកកាតដល់មិត្តរួមថ្នាក់របស់គាត់ទាំងអស់។ គាត់បានចែកលិខិតទាំងនោះដល់មិត្តរួមថ្នាក់របស់គាត់ទាំងអស់ជាមួយនឹងអំណោយតូចៗ។ ទីបំផុត ថ្ងៃកំណើតជីយូលបានមកដល់។ មិត្តភក្តិ១០នាក់បានបង្ហាញខ្លួនដើម្បីអបអរសាទថ្ងៃកំណើតជាមួយនឹងគាត់ នៅពេលដែលពិធីជប់លៀងចាប់ផ្តើមនៅម៉ោង១១ព្រឹក។ នេះជាលើកទីមួយហើយ ដែលគាត់អាចលេងជាមួយនឹងមិត្តភក្តិរបស់គាត់នៅឯផ្ទះ។

ចាប់ពីថ្ងៃនោះមក ប្រសិនបើមានការប្រគំតន្ត្រី ឬកម្មវិធីដទៃទៀតនៅឯព្រះវិហារ ជីយូលតែងតែធ្វើលិខិតអញ្ជើញ ហើយចែកជូនលិខិតទាំងនោះដល់មិត្តរួមថ្នាក់របស់គាត់។ គាត់បានដឹងថា កាលណាមិត្តភក្តិរបស់គាត់មកព្រះវិហារកាន់តែញឹកញាប់ គាត់ក៏កាន់តែសប្បាយនៅឯផ្ទះផងដែរ។ ឥឡូវនេះ គាត់មានមិត្តភក្តិ៣នាក់ដែលមកលេងផ្ទះរបស់គាត់ជាប្រចាំ។ គាត់បានអធិស្ឋានសូមអោយថ្ងៃមួយមិត្តភក្តិរបស់គាត់នឹងចូលរួមថ្វាយបង្គំជាមួយនឹងគាត់នៅឯព្រះវិហារ។

អំណានដង្វាយប្រចាំសប្តាហ៍

នៅពេលដែលលោកអ្នកយកព្រះទុកជាទីមួយ

តើលោកអ្នកនឹកចាំពីពេលដែលលោកអ្នកបានសម្រេចចិត្តយកព្រះទុកជាទី​១ បើទោះបីជាលោកអ្នកមានការភ័យខ្លាចនិងមិនច្បាស់អំពីអនាគតក្តីដែរឬទេ? ថ្ងៃនេះតើយើងអាចរៀនអ្វីបានខ្លះពីរឿងរបស់លោកអ្នក ដែលនឹងជួយយើងឲ្យយកព្រះទុកជាទី១នៅក្នុងជីវិតផ្ទាល់របស់យើង?

តើលោកអ្នកនៅចាំអំពីពេលដែលលោកអ្នកចាប់ផ្តើមស្រឡាញ់ព្រះយេស៊ូវជាលើកដំបូងដែរឬទេ? យើងម្នាក់ៗសុទ្ធតែមានដំណាក់កាលដំបូងដែលយើងមានអំណរដោយសារសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ។ គ្មានអ្វីដែលសំខាន់សម្រាប់លោកអ្នកជាងការដើរ​តាម​ព្រះយេស៊ូវ និងការទទួលស្គាល់ទ្រង់ថាជាមហាក្សត្រលើជីវិតរបស់លោកអ្នកឡើយ។

លោកអ្នកបានធ្វើការលះបង់គ្រប់យ៉ាងដើម្បីរក្សាថ្ងៃសប្បាតហ៍ឲ្យបរិសុទ្ធ។ លោកអ្នក​បានធ្វើរឿងដ៏ត្រឹមត្រូវ និងបានអានសៀវភៅដែលត្រឹមត្រូវ។ លោកអ្នកបានមើលវីឌីអូដែលត្រឹមត្រូវ និងបានផាត់ចោលនូវចម្រៀងដែលខុសឆ្គង។ លោកអ្នកបានជៀសវាងគេហទំព័រដែលមិនល្អ ហើយលោកអ្នកប្រាថ្នាចង់អធិដ្ឋាននិងពិភាក្សាជាមួយនឹងព្រះរបស់លោកអ្នក។

ជាអកុសល សកម្មភាពទាំងនេះមិនបានកើតឡើងបានយូរទេសម្រាប់លោកអ្នកនិងគ្រួសាររបស់លោកអ្នក។ សេចក្តីស្រឡាញ់ដំបូងរបស់លោកអ្នកប្រែជាស្រពាប់ស្រពោន ហើយសង្គ្រាមរវាងទោសកំហុសនិងព្រះគុណក៏បានលេចឡើងរហូតមកដល់សព្វថ្ងៃនេះ។ តើលោកអ្នកត្រូវធ្វើអ្វីខ្លះដើម្បីទទួលបាននូវសេចក្តីស្រឡាញ់ដំបូងដែលលោកអ្នកធ្លាប់មាននោះមកវិញ? មានរឿងមួយចំនួនដែលលោកអ្នកអាចធ្វើដើម្បីនាំលោកអ្នកត្រឡប់មករក​ផ្លូវ​ត្រឹមត្រូវឡើងវិញក្នុងរវាង៤០ថ្ងៃ ឬក៏តិចជាងនេះ ដូចជា ការថ្វាយពេលវេលា និងប្រាក់ដង្វាយ។ ទាំងនេះសុទ្ធតែជារបស់ដែលមានតម្លៃបំផុតរបស់លោកអ្នក ហើយក្រៅពីថ្វាយរបស់ទាំងនេះក្នុងនគររបស់ព្រះ គ្មានមធ្យោបាយណាទៀតដែលធ្វើឲ្យលោកអ្នកអាចថ្វាយចិត្តទាំងស្រុង​ដល់ព្រះយេស៊ូវបានឡើយ។ តទៅនេះគឺជារបៀបដែលព្រះយេស៊ូវបានថ្លែងប្រាប់៖ «កុំ​ឲ្យ​ប្រមូល​ទ្រព្យសម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត និង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ចោរ​ទំលុះ​ប្លន់​នោះ​ឡើយ ត្រូវ​ប្រមូល​ទ្រព្យសម្បត្តិទុក​សំរាប់​ខ្លួននៅ​ឯ​ស្ថានសួគ៌​វិញដែល​​ ជា​កន្លែង​គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ​ឡើយ ក៏​គ្មាន​ចោរ​ទំលុះ ឬ​ប្លន់​ផង ពី​ព្រោះ​សម្បត្តិ​ទ្រព្យ​របស់​​អ្នក​ស្ថិត​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ» (ម៉ាថាយ ៦៖១៩-២១)។ កុនហូលីវូតបានល្បួងពួកយើងជាច្រើនឲ្យធ្វើតាមចិត្តរបស់យើងជាមុន។ ម្ល៉ោះហើយបានជាជួនកាលធ្វើឲ្យយើងមានចិត្តស្ទាក់ស្ទើរ។ យើងគ្មានអារម្មណ៍ចង់ថ្វាយដង្វាយ១០ហូត១និងសទ្ធាឡើយលុះត្រាតែយើងអនុវត្តវាឲ្យបានខ្ជាប់ខ្ជួនប៉ុណ្ណោះ ពីព្រោះចិត្តរបស់យើងនឹងដក់ជាប់នៅក្នុងនគររបស់ព្រះបានប្រសិនបើនោះគឺជាកន្លែងដែលយើងវិនិយោគពេលវេលានិងលុយកាក់របស់យើង។

«សម្បត្តិ​ទ្រព្យ​របស់​អ្នក​ស្ថិត​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ»។

លោកអ្នកបានយកព្រះទុកជាទី១។ ថ្ងៃនេះសេចក្តីជំនឿរបស់លោកអ្នកក៏បណ្តាលចិត្តយើងរាល់គ្នាដែរ។ ព្រះយេស៊ូវបានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីប្រោសលោះយើង ហើយសេចក្តីស្រឡាញ់របស់ទ្រង់ក៏ជំរុញយើងឲ្យយកនគររបស់ទ្រង់ទុកជាទី១ក្នុងជីវិតផ្ទាល់របស់យើងដែរ។ ខណៈដែល​អ្នក​ជំនួយការ ប្រមូលប្រាក់ដង្វាយ១០ហូត១ និងសទ្ធា យើងក៏ត្រូវបានលើកទឹកចិត្តឲ្យយកព្រះទុកជាទី១ដែរ។ ​

Powered by CAM