មេរៀនទី១៣​៖ ២០-២៦ មីនា ២០២១

ភពផែនដីថ្មី

Jeans
ថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ អេសាយ៦៥៖១៧, ២៥; អេសាយ ៦៦៖១-១៩; អេសាយ ៦៦៖១៩-២១; អេសាយ ៦៦៖២២-២៤។

ខចងចាំ៖ «ដ្បិតមើល អញនឹងបង្កើតផ្ទៃមេឃថ្មី ហើយនិងផែនដីថ្មី ឯរបស់ពីមុនៗ នោះនឹងគ្មានអ្នកណា នឹងចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ» (អេសាយ ៦៥៖១៧)។

ប៊ីលីគីជាក្មេងប្រុសម្នាក់ដែលមានអាយុ១២ឆ្នាំ។ គាត់បានអានសៀវភៅមួយក្បាលរហូតដល់ចប់ដែលនិយាយអំពីពិភពផ្កាយ។ បន្ទាប់មក គាត់ក៏លែងចង់ទៅសាលារៀនតទៅទៀត។ ម្ដាយរបស់គាត់ក៏ បាននាំគាត់ទៅជួបគ្រួពេទ្យប្រចាំគ្រួសារ។ លោកវេជ្ជបណ្ឌិតបានសួរគាត់ថា៖ «ប៊ីលីតើឯងកើតអី? តើហេតុអ្វីបានជាឯងមិនចង់ទៅសាលាអ៊ីចឹង?» ប៊ីលីបាននិយាយថា៖ «លោកគ្រូពេទ្យ នោះដោយសារតែខ្ញុំបានអានសៀវភៅមួយក្បាលស្តីអំពីភពផ្កាយ។ ក្នុងសៀវភៅនោះបានតំណាលថា ព្រះអាទិត្យនឹងដុតបំផ្លាញផែនដីនៅពេលអនាគត។ ពេលនោះរាល់ជីវិតទាំងឡាយនៅលើផែនដីនឹងត្រូវវិនាសអន្តរាយ។ ដូច្នេះ ប្រសិនបើអ្វីៗនឹងត្រូវសាបសូន្យនៅទីបញ្ចប់នោះ ហេតុអីខ្ញុំចាំបាច់ទៅសាលាទៀត?»។ ស្ត្រីជាម្តាយក្មេងប្រុសនោះបានស្រែកឡើងថា៖ «ចុះឯងទៅខ្វល់អី!» លោកវេជ្ជបណ្ឌិតបានញញឹមទៅកាន់ប៊ីលី រួចលោកបានមានប្រសាសន៍ថា៖ «ទោះជាយ៉ាងនេះក្តី ប៊ីលីប្អូនមិនចាំបាច់ព្រួយបារម្ភអំពីរឿងនោះទេ។ ទំរាំដល់រឿងនេះកើតឡើងនោះយើងរាល់គ្នាប្រហែលជាបានស្លាប់បាត់ទៅជាយូរណាស់មកហើយ»។

ជាការពិតណាស់នេះជាចំណែកមួយនៃបញ្ហា៖ នៅទីបញ្ចប់យើងរាល់គ្នានឹងត្រូវស្លាប់។ ប៉ុន្តែសេចក្តីស្លាប់មិនមែនជារឿងចុងក្រោយដែលកើតឡើងចំពោះជីវិតយើងទេ។ ព្រះនឹងប្រទានអោយយើង នូវជីវិតដ៏អស់កល្បជានិច្ចដល់យើងរាល់គ្នានៅលើផែនដីដែលទ្រង់នឹងរៀបចំសាជាថ្មីឡើងវិញ។ ​

ថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១

ផ្ទៃមេឃថ្មីនិងផែនដីថ្មី

សូមអានខគម្ពីរអេសាយ ៦៥៖១៧-២៥។ តើព្រះជាម្ចាស់សន្យាថានឹងធ្វើអ្វីខ្លះក្នុងខទាំងនេះ?

---------------------------------------------------------------------------------------

ព្រះជាម្ចាស់បានសន្យាថា ទ្រង់នឹងធ្វើអោយគ្រប់យ៉ាងទៅជាថ្មីឡើងវិញ។ ទ្រង់បានមានបន្ទូលថា «ដ្បិតមើល អញនឹងបង្កើតផ្ទៃមេឃថ្មី ហើយនិងផែនដីថ្មី ឯរបស់ពីមុនៗ នោះនឹងគ្មានអ្នកណានឹងចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ» (អេសាយ ៦៥៖១៧)។ ព្រះជាម្ចាស់បានសន្យាថា៖ «ប៉ុន្តែ ត្រូវ ឲ្យឯងរាល់គ្នាមានសេចក្តីអំណរ ហើយរីករាយឡើងជាដរាបចំពោះការដែលអញបង្កើតនោះ ដ្បិតមើល អញនឹងធ្វើឲ្យក្រុងយេរូសាឡិមបានជាទីរីករាយហើយប្រជាជនទាំងឡាយជាសេចក្តីអំណរ» (អេសាយ ៦៥៖១៨)។ នៅក្នុងទីក្រុងយេរូសាឡិមនឹងលែងមានអ្នកណាយំសោកទៀតហើយ (អេសាយ ៦៥៖ ១៩)។ មនុស្សនឹងមានអាយុជាង១០០ឆ្នាំមុនពេលពួកគេស្លាប់ (អេសាយ ៦៖២០)។ កិច្ចកាដែលដៃគេធ្វើ និងកូនចៅរបស់ពួកគេនឹងគង់វង្សស្ថិតស្ថេរនៅជាយូរអង្វែង និងបានផ្តល់នូវភាពរីករាយដល់មនុស្ស ទាំងពួង (អេសាយ ៦៥៖២១-២៣)។ ព្រះនឹងឆ្លើយតបពួកគេមុនពេលដែលពួកគេអំពាវនាវដល់ទ្រង់ (អេសាយ ៦៥៖ ២៤) ។

នេះគឺជាទិដ្ឋភាពដ៏ល្អក្រៃលែង។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តីតើហេតុអ្វីបានជារឿងនេះមិនមែនជាទិដ្ឋភាពនៃជីវិតដែលព្រះបានសន្យាថានឹងប្រទានមកយើងនោះឡើយ?

---------------------------------------------------------------------------------------

រហូតមកដល់ពេលនេះ យើងបានឃើញទិដ្ឋភាពនៃជីវិតដ៏យូរអង្វែងប្រកបដោយសន្តិភាព និងសេចក្តីអំណរដែលរាស្ត្ររបស់ព្រះនឹងទទួលបាននៅក្នុងទឹកដីសន្យា។ ត្រូវហើយពួកគេពិតជារស់នៅបានយូរ។ ប៉ុន្តែ ពួកគេក៏នឹងត្រូវស្លាប់ដែរ។ តើសេចក្តីសន្យានៃការផ្លាស់ប្តូរដ៏ធំដែលយើងរំពឹងថានឹងកើតឡើងចំពោះគ្រប់យ៉ាងនៅលើផែនដីនេះគឺជាអ្វីទៅ? ខបន្ទាប់ប្រាប់យើងថា៖ «ឯឆ្កែព្រៃ និងកូនចៀមវានឹងរកស៊ីជាមួយគ្នា ហើយសិង្ហនឹងស៊ីចំបើងដូចជាគោ ចំណែកពស់វានឹងមានធូលីដីជាអាហារសត្វទាំងឡាយនឹងមិនបៀតបៀន ឬបំផ្លាញអ្វីនៅគ្រប់ក្នុងស្រុកភ្នំបរិសុទ្ធរបស់អញទៀតឡើយនេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា» (អេសាយ ៦៥៖២៥ )។

សត្វតោស៊ីសាច់ជាអាហារ។ ដើម្បីឱ្យសត្វតោបពា្ឈប់ការស៊ីសាច់ ពួកគេនឹងត្រូវការសារធាតុចិញ្ចឹមច្រើនយ៉ាងជាងថ្នាក់ចម្អិនអាហារដែលបង្រៀនអោយប្រើតែរុក្ខជាតិប៉ុណ្ណោះ។ ព្រះជាម្ចាស់នឹងបង្កើតផែនដីថ្មីម្តងទៀតអោយដូចជាសួនអេដែនមុនគ្រាដែលអំពើបាបបានចូលមក។

នៅក្នុងបទគម្ពីរអេសាយ៦៥ ព្រះបានបង្ហាញយើងពីទិដ្ឋភាពនៃផែនដីថ្មីជាដំណាក់ៗ។ ទីមួយ ទ្រង់នឹងស្ថាបនាក្រុងយេរូសាឡិមថ្មី។ សូមប្រៀបធៀបគ្នាជាមួយបទគម្ពីរអេសាយ១១ ដែលយើងបានសិក្សារួចមកថា ព្រះអង្គសង្គ្រោះនឹងធ្វើអោយអ្វីគ្រប់យ៉ាងបានល្អប្រសើរឡើងវិញ (អេសាយ ១១៖១-៥)។ ពេលនោះដល់គ្រាក្រោយមកសន្តិភាពនឹងកើតមានឡើងនៅគ្រប់ទិសទីក្នុងស្រុកភ្នំនៃព្រះជាម្ចាស់។ និមិត្តរូបដែលលោកអេសាយប្រើនៅក្នុងបទគម្ពីរអេសាយ៦៥ បង្ហាញយើងថា គ្រាអនាគតគឺនឹងបានដូចគ្នានិងអ្វីដែលយើងបានសិក្សានៅក្នុងព្រះគម្ពីរអេសាយ ១១៖៦, ៧។ សេចក្តីសន្យានៃផែនដីថ្មីនឹង ចាប់ផ្តើមនៅក្រុងយេរូសាឡិម។ ប៉ុន្តែ ការចាប់ផ្តើមនោះគ្រាន់តែជារសជាតិសាកល្បងនៃអ្វីដែលព្រះសន្យានឹងធ្វើប៉ុណ្ណោះ។ ទ្រង់នឹងបង្កើតផែនដីថ្មីសម្រាប់មនុស្សដែលនឹងត្រូវបានសង្រ្គោះ។ ​

ថ្ងៃច័ន្ទ ទី២២ ខែមីនា ឆ្នាំ២០២១

ការអញ្ជើញពីស្ថានសួគ៌

សូមអានខគម្ពីរអេសាយ ៦៦៖១-១៩។ តើបទបន្ទូលនៅក្នុងខទាំងនេះនិយាយអំពីអ្វី?

---------------------------------------------------------------------------------------

ព្រះជាម្ចាស់ទ្រង់បានប្រទានបទបន្ទូលមួយមកដល់លោកអេសាយ ដើម្បីផ្តល់អោយរាស្ត្ររបស់ទ្រង់។ ទ្រង់បានអំពាវនាវដល់រាស្ត្ររបស់ទ្រង់អោយវិលត្រឡប់មកឯទ្រង់វិញ។ ទ្រង់ក៏បានព្រមានពួកគេកុំអោយងាកចេញពីទ្រង់ដែរ។ យើងបានឃើញការអំពាវនាវ និងការព្រមានរបស់ព្រះនៅក្នុងកណ្ឌគម្ពីរអេសាយទាំងមូល។ ព្រះនឹងជួយសង្គ្រោះដល់អស់អ្នកណាដែលគ្មានភាពអំនួតនៅក្នុងចិត្តឡើយ។ ព្រះ ជាម្ចាស់នឹងប្រទានជីវិតថ្មីដល់គេ គឺដល់អស់អ្នកដែលទុកចិត្តលើព្រះបន្ទូលរបស់ទ្រង់ (អេសាយ ៦៦៖ ២, ៥)។ ដូចដែលយើងបានឃើញនៅក្នុងខគម្ពីរអេសាយ ៤០៖១ ព្រះជាម្ចាស់នឹងកំសាន្តចិត្តដល់រាស្ត្រ របស់ទ្រង់ដែលវិលមករកព្រះអង្គវិញ (អេសាយ ៦៦៖១៣)។ ប៉ុន្តែ ទ្រង់នឹងបំផ្លាញដល់អ្នកណាដែលប្រឆាំងនឹងទ្រង់ គឺនឹងអស់អ្នកដែលធ្វើពុតជាស្រឡាញ់ទ្រង់តែនៅចំពោះមុខបណ្តាជន ប៉ុន្តែ តាមពិតទៅពួកគេមិនដែលគោរពប្រតិបត្តិតាមទ្រង់ឡើយ (អេសាយ ៦៦៖៣, ៤ សូមប្រៀបធៀបអេសាយ ១៖១០-១៥)។ ព្រះក៏នឹងបំផ្លាញអស់អ្នកដែលស្អប់ខ្ពើម និងប្រឆាំងដល់អ្នកដែលស្មោះត្រង់នឹងទ្រង់ដែរ (អេសាយ ៦៦៖៥)។ ពួកមនុស្សអាក្រក់ទាំងនេះក៏មានរាប់បញ្ចូលទាំងអ្នកដែលថ្វាយបង្គំដល់ព្រះមិនពិតដែរ (អេសាយ ៦៦៖១៧ អេសេគាល ៨៖៧-១២)។

សូមក្រឡេកមើលខគម្ពីរអេសាយ៦៦៖៣ ។ តើខគម្ពីរនេះនិយាយអ្វីខ្លះ? តើលោកអ្នកបាន សង្កេតឃើញច្បាប់ខាងវិញ្ញាណអ្វីខ្លះនៅទីនេះ? តើពួកវាបានបង្រៀនយើងយ៉ាងដូចម្តេចអំពីខ្លួនយើង និងការថ្វាយបង្គំព្រះនៅពេលសព្វថ្ងៃនេះ?

---------------------------------------------------------------------------------------

តើព្រះជាម្ចាស់មានលក្ខណៈដូចនឹងមេដែកយ៉ាងដូចម្តេច? បើដូច្នោះមែន តើទ្រង់អាចទាញនាំមនុស្សពីស្រុកដទៃអោយមករកព្រះអង្គដោយរបៀបណា? សម្រាប់ចម្លើយ សូមអានខគម្ពីរអេសាយ ៦៦៖១៨, ១៩។

---------------------------------------------------------------------------------------

ក្រោយពីព្រះជាម្ចាស់បានបំផ្លាញពួកខ្មាំងសត្រូវរបស់ទ្រង់រួចរាល់ហើយ (អេសាយ ៦៦៖ ១៤-១៧) ទ្រង់បានសម្តែងនូវសិរីរុងរឿងរបស់ទ្រង់ដែលដើរតួដូចជាមេដែក។ សិរីរុងរឿងរបស់ព្រះអង្គមានចេស្តាក្នុងការ «ទាញ» ឬអូសទាញមនុស្សអោយមកឯក្រុងយេរូសាឡិម (សូមប្រៀបធៀបអេសាយ ២៖២-៤)។ ព្រះជាម្ចាស់បានប្រទានដល់រាស្រ្តរបស់ទ្រង់នូវទីសម្គាល់មួយ។ លោកអេសាយមិនបង្ហាញទីសម្គាល់នោះដល់យើងទេ។ ប៉ុន្តែ យើងអាចស្មានដឹងថានេះជាទីសម្គាល់ចុងក្រោយ ដែលព្រះគម្ពីរអេសាយបានលើកឡើង៖ ព្រះជាម្ចាស់នឹងប្រទានអោយរាស្ត្ររបស់ទ្រង់មានសេចក្តីអំណរនិងសន្តិភាព ហើយទ្រង់នឹងប្រគល់ទឹកដីរបស់គេត្រឡប់មកវិញដែរ (អេសាយ ៥៥៖១២, ១៣)។ នៅពេលដែលព្រះជាម្ចាស់សម្តែងនូវសិរីរុងរឿងរបស់ទ្រង់ដោយធ្វើកិច្ចការទាំងនេះសម្រាប់រាស្ត្ររបស់ទ្រង់ នេះគឺជាទីសម្គាល់មួយហើយ។ ការនេះចង់បើកសម្តែងអោយឃើញថា ព្រះជាម្ចាស់សព្វព្រះទ័យដល់រាស្ត្ររបស់ទ្រង់ម្តងទៀតហើយ។ ដូចគ្នានេះដែរ ព្រះបានប្រទានទីសម្គាល់មួយនៃឥន្ទធនូដល់លោកណូអេ បន្ទាប់ពីទឹកជំនន់ (លោកុប្បត្ដិ ៩៖១៣-១៧)។

សូមអានខគម្ពីរអេសាយ ៦៦៖៥។ តើភាព «ញ័រញាក់ ចំពោះព្រះបន្ទូលនៃព្រះយេហូវ៉ា» មានន័យយ៉ាងណា? តើហេតុអ្វីក៏ព្រះជាម្ចាស់ចង់អោយយើងរាល់គ្នាធ្វើដូច្នេះ? ​

ថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១

មេដឹកនាំព្រះវិហារ និងអ្នកបម្រើព្រះ

សូមអានខគម្ពីរអេសាយ ៦៦៖១៩, ២០ នៅក្នុងខទាំងនេះ យើងបានសិក្សាអំពីរាស្ត្ររបស់ ព្រះដែលបានដឹកនាំមនុស្សពីប្រទេសផ្សេងៗមកថ្វាយព្រះជាតង្វាយ។ តើហេតុអ្វីបានជាប្រជាជននៃព្រះធ្វើដូច្នេះ?

---------------------------------------------------------------------------------------

ព្រះជាម្ចាស់បានបញ្ជូនមនុស្សដែលបានសង្រ្គោះរួចហើយ អោយចេញទៅគ្រប់ទិសទីនៅលើផែនដី។ ទ្រង់ចង់អោយរាស្ត្ររបស់ទ្រង់ចែកចាយដំណឹងល្អអំពីព្រះអង្គដល់មនុស្សដែលមិនធ្លាប់ស្គាល់ព្រះអង្គ។ «ប្រជាជនដែលបានសង្គ្រោះនឹងប្រាប់ដល់ប្រជាជាតិនានាអំពីព្រះកិត្តិនាមរបស់ព្រះ» (អេសាយ ៦៦៖១៩)។ នេះគឺជាឧទាហរណ៍ដ៏ល្អបំផុតមួយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែលបានបើកសម្តែងអំពីផែនការរបស់ព្រះមកដល់រាស្រ្តរបស់ព្រះអង្គ។ ទ្រង់ចង់អោយរាស្ត្ររបស់ទ្រង់ចែកចាយសេចក្តីបង្រៀនរបស់ទ្រង់ជាមួយពួកសាសន៍ដទៃ។ កណ្ឌគម្ពីរអេសាយបានបង្ហាញយើងរួចមកហើយថា មនុស្សម្នាដែល មកពីប្រទេសដទៃនឹងមករកសាសន៍យូដា។ ឥឡូវនេះ កណ្ឌគម្ពីរអេសាយក៏បានបង្ហាញយើងផងដែរថា ជនជាតិយូដាត្រូវតែទៅប្រទេសផ្សេងៗទៀត ដើម្បីបង្រៀនសាសន៍ទាំងនោះអំពីព្រះ។ នេះពិតជាអ្វីដែលបានកើតឡើងនៅក្នុងគម្ពីរសញ្ញាថ្មី។ ខគម្ពីរម៉ាថាយ ២៣៖១៥ បានបង្ហាញយើងថា ជនជាតិយូដាបានចែកចាយសេចក្ដីពិតក្នុងគម្ពីរជាមួយពួកសាសន៍ដទៃ។ ប៉ុន្តែ វាមិនមែនជារបៀបដែលពួកគ្រីស្ទានដំបូងបានធ្វើនោះទេ។ គ្រិស្តបរិស័ទដំបូងបានចែកចាយដំណឹងល្អអំពីព្រះយេស៊ូវបានយ៉ាងឆាប់រហ័សក្នុងទ្រង់ទ្រាយធំហើយចំណាយរយៈពេលខ្លីប៉ុណ្ណោះ (កូល៉ុស ១៖២៣)។

សាសន៍ហេព្រើរនៅសម័យសញ្ញាចាស់បាននាំយកតង្វាយរបស់ខ្លួនមកថ្វាយដល់ព្រះជាម្ចាស់ នៅក្នុងព្រះវិហាររបស់ទ្រង់។ ដូចគ្នានេះដែរ ជនជាតិយូដាក៏នឹងនាំតង្វាយមកថ្វាយដល់ព្រះអម្ចាស់ផងដែរ។ ប៉ុន្តែ តង្វាយរបស់ពួកគេមិនមែនជាចំណីអាហារទេ។ តើតង្វាយរបស់ពួកគេនឹងបានជាអ្វីទៅ? ព្រះជាម្ចាស់បានមានបន្ទូលប្រាប់ដល់រាស្ត្ររបស់ទ្រង់ទាំងអស់គ្នាថា បាវបំរើដែលទ្រង់បានត្រាស់ហៅ «នឹងនាំបងប្អូនប្រុសស្រីទាំងអស់របស់អ្នកពី [ប្រទេសនានា] មកឯក្រុងយេរូសាឡិមជាភ្នំដ៏បរិសុទ្ធរបស់យើង» (អេសាយ ៦៦៖២០)។ មនុស្សថ្មីទាំងនេះនឹងប្រៀបបានដូចជា «យញ្ញបូជារស់» នៅចំពោះព្រះ (សូមប្រៀបធៀបគ្នាជាមួយខគម្ពីររ៉ូម ១២៖១ ; សូមអានខគម្ពីរជនគណនា ៨៖១១)។

ព្រះទ្រង់មានបន្ទូលថា «អញនឹងយកពួកអ្នកនោះខ្លះតាំងឡើងជាសង្ឃ ​ហើយជាពួកលេវី» (អេសាយ ៦៦៖២១)។ តើខនេះបង្ហាញអ្វីខ្លះ?

---------------------------------------------------------------------------------------

តើនរណាគេជា «ពួកអ្នកនោះខ្លះ» ដែលខគម្ពីរអេសាយ ៦៦៖២១ បានលើកឡើង? មនុស្សទាំងនេះជាសាសន៍ដទៃ ឬពួកអ្នកដែលមិនមែនជាសាសន៍យូដា។ ព្រះនឹងជ្រើសយកពួកគេខ្លះអោយធ្វើជាអ្នកដឹកនាំការថ្វាយបង្គំ។ ពិតជាមិនគួអោយជឿមែន! នេះគឺជាការកែទម្រង់ដ៏ធំមួយ។ គំនិតនេះពិតជាប្រឆាំង នឹងអ្វីគ្រប់យ៉ាងដែលពួកយូដាធ្លាប់បានដឹងអំពីអ្នកដែលអាចបំរើព្រះជាម្ចាស់បាន។ មានតែកូនប្រុសរបស់សង្ឃអើរ៉ុនប៉ុណ្ណោះដែលអាចបម្រើជាសង្ឃបាន។ ហើយមានតែពួកលេវីប៉ុណ្ណោះដែលអាចជួយក្នុងការងារសង្ឃបាន។ គ្មានសាសន៍យូដាឯទៀតណាអាចធ្វើការនេះបានឡើយ។ ប៉ុន្តែ ឥឡូវនេះព្រះជាម្ចាស់កំពុង មានបន្ទូលថា ទ្រង់នឹងអនុញ្ញាតអោយពួកអ្នកដែលមិនមែនជាសាសន៍យូដាចូលមកបម្រើទ្រង់ដូចជាពួកសង្ឃ និងពួកលេវីដែរ។

ថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១

សហគមន៍រួមជំនឿ

ព្រះជាម្ចាស់បានមានបន្ទូលទៅកាន់សាសន៍អ៊ីស្រាអែលថា៖ «ឯងរាល់គ្នានឹងបានធ្វើជានគរដល់អញដែលសុទ្ធតែជាសង្ឃ ហើយជាសាសន៍បរិសុទ្ធឲ្យអញដែរ» (និក្ខមនំ ១៩៖៦)។ ព្រះអង្គក៏បាន ត្រាស់ហៅមនុស្សទាំងនេះខ្លះអោយបានធ្វើជាសង្ឃសម្រាប់ប្រជាជនរបស់ទ្រង់ទាំងអស់។ ប៉ុន្តែ នៅពេលអនាគតសាសន៍ដទៃខ្លះ ឬអ្នកដែលមិនមែនជាសាសន៍យូដានឹងក្លាយជាអ្នកដឹកនាំសាសនា (អេសាយ ៦៦៖២២)។

ការសម្រេចព្រះទ័យរបស់ព្រះជាម្ចាស់ក្នុងការអនុញ្ញាតឱ្យជនក្រៅសាសន៍ក្លាយជាអ្នកដឹកនាំសាសនានោះគឺជាកំណែទម្រង់ដ៏ធំមួយ។ តើច្បាប់ថ្មីនេះនឹងផ្លាស់ប្តូរសហគមន៍រួមជំនឿក្នុងសម័យសញ្ញា ថ្មីយ៉ាងដូចម្តេច? សម្រាប់ចម្លើយសូមអានខគម្ពីរម៉ាថាយ ២៨៖១៩; កិច្ចការ ២៦៖២០; កាឡាទី ៣៖ ២៨; កូល៉ុស ៣៖១១; ធីម៉ូថេទី១ ៣៖១៦។

---------------------------------------------------------------------------------------

នៅក្នុងផែនការថ្មីរបស់ព្រះសម្រាប់រាស្ត្ររបស់ទ្រង់សាសន៍ដទៃ ឬអ្នកមិនមែនសាសន៍យូដានឹងចូលរួមជាមួយរាស្ត្ររបស់ព្រះ។ សាសន៍ដទៃក៏នឹងក្លាយជាដៃគូស្មើភាពគ្នាជាមួយសាសន៍យូដាដែរ។ ទាំងសាសន៍យូដានិងសាសន៍ដទៃនឹងក្លាយជានគរមួយដែលមានសុទ្ធតែពួកសង្ឃហ្លួង ឬអ្នកដឹកនាំបរិសុទ្ធ។ នេះបង្ហាញយើងរាល់គ្នាអោយឃើញថាការបែងចែកគ្នារវាងសាសន៍យូដានិងសាសន៍ដទៃនឹងលែងមានតទៅទៀតហើយ។

តើផែនការថ្មីរបស់ព្រះនេះនឹងកើតឡើងនៅពេលណា?

---------------------------------------------------------------------------------------

សាវកប៉ុលជាអ្នកបំរើដែលព្រះជាម្ចាស់ត្រាស់ហៅអោយផ្សាយដំណឹងល្អអំពីព្រះយេស៊ូវដល់សាសន៍ដទៃ។ លោកប៉ុលបានប្រកាសថា៖ «គ្មានសាសន៍យូដា ឬសាសន៍ក្រេក គ្មានបាវបំរើ ឬអ្នកជា គ្មានប្រុស និងស្រីទៀតទេ ពីព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយនៅក្នុងព្រះគ្រីស្ទយេស៊ូវ ហើយបើអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទ នោះក៏ពេញជាពូជរបស់លោកអ័ប្រាហាំហើយក៏ជាអ្នកគ្រងមរដកតាមសេចក្តីសន្យាផង» (កាឡាទី ៣៖២៨, ២៩)។

តើការប្រកាសនេះមានអត្ថន័យយ៉ាងណាចំពោះសាសន៍ដទៃ? តើការប្រែក្លាយជាសង្ឃដ៏បរិសុទ្ធ មានន័យថាពួកគេអាចអួតអាង ឬគិតថាពួកគេប្រសើរជាងអ្នកដទៃទៀតមែនទេ? មិនមែនទេ សេចក្តីប្រកាសនេះគឺជាការអំពាវនាវ ឬការត្រាស់ហៅទេតើ។ ព្រះបានត្រាស់ហៅពួកសាសន៍ដទៃអោយចូល រួមជាមួយពួកយូដាក្នុងការប្រកាសដំណឹងល្អអំពីព្រះយេស៊ូវ (សូមអានខគម្ពីរពេត្រុសទី១ ២៖៩ ប្រៀបធៀបជាមួយខគម្ពីរអេសាយ ៦៦៖១៩) ។

ហើយចុះជនជាតិយូដាវិញ? តើពួកគេហ៊ានមកត្អូញត្អែរថាព្រះជាម្ចាស់មិនយុត្តិធម៌ទេ ព្រោះទ្រង់អនុញ្ញាតឱ្យសាសន៍ដទៃបានក្លាយជាសង្ឃ? ពិតជាមិនមែនទេ។ ក្នុងពេលតែមួយ សាសន៍ដទៃត្រូវតែសម្តែងនូវការគោរពចំពោះបងប្អូនប្រុសស្រីជនជាតិយូដារបស់ពួកគេ (សូមអានខគម្ពីរម៉ាថាយ ២០៖១-១៦)។ ព្រះបានប្រទានក្រឹត្យវិន័យជាមុនដំបូងមកដល់ពួកយូដា (រ៉ូម ៣៖២)។ ដូច្នេះ លោកប៉ុលបានព្រមានពួកសាសន៍ដទៃដើម្បីកុំអោយពួកគេអួតខ្លួនថាប្រសើរជាងជនជាតិយូដាដែលមិនទទួលយកសេចក្តីពិតអំពីព្រះយេស៊ូវនោះឡើយ (រ៉ូម ១១៖១៧, ១៨)។

ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១

អ្នកនឹងកូនចៅរបស់អ្នកនិងបានរស់នៅជារៀងរហូត

សូមអានខគម្ពីរអេសាយ ៦៦៖២២។ តើខគម្ពីរនេះបាននិយាយអ្វីខ្លះមកកាន់យើងរាល់គ្នា? តើសេចក្ដីសន្យានេះបានផ្ដល់អោយយើងនូវសេចក្ដីសង្ឃឹមអ្វីខ្លះ?

---------------------------------------------------------------------------------------

នៅក្នុងខគម្ពីរអេសាយ ៦៦៖២២ យើងបានអានអំពីសេចក្តីសន្យាដ៏អស្ចារ្យបំផុតមួយនៅក្នុងកណ្ឌគម្ពីរអេសាយទាំងមូល។ សូមអាននូវសេចក្តីសន្យានេះដោយយកចិត្តទុកដាក់។ នៅលើផែនដីថ្មី ពួកយើងនិងកូនចៅរបស់យើងនឹងរស់នៅជារៀងរហូតតទៅ។ ខគម្ពីរនេះគឺជាសេចក្តីសន្យានៃជីវិតអស់កល្បជានិច្ចនៅលើផែនដីថ្មី។ ព្រះនឹងបំផ្លាញអំពើបាបជារៀងរហូតតទៅ។ សេចក្ដីស្លាប់នឹងមិនបៀតបៀនយើងទៀតទេ។ យើងនឹងលែងរងទុក្ខវេទនាទៀតហើយ។ សេចក្តីសន្យានេះគឺជារង្វាន់ចុងក្រោយដែលព្រះបានសន្យានឹងយើងរាល់គ្នា។

សូមអានខគម្ពីរអេសាយ ៦៦៖២៣។ តើហេតុអ្វីបានជាមានខែថ្មី រួមជាមួយថ្ងៃឈប់សម្រាកនៅក្នុងទិដ្ឋភាពនៃផែនដីថ្មីដែលហោរាអេសាយបានបង្ហាញយើងដូច្នេះ?

---------------------------------------------------------------------------------------

ខគម្ពីរអេសាយ៦៦៖២៣ មិនមែនជាខគម្ពីរដែលងាយស្រួលយល់នោះទេ។ ប៉ុន្តែ នេះគឺជាសេចក្តីពន្យល់មួយដែលអាចទៅរួច។ ព្រះជាម្ចាស់បានបង្កើតថ្ងៃឈប់សំរាកមុនពេលដែលព្រះអង្គបានបញ្ជាអោយរាស្ត្ររបស់ទ្រង់នាំយកតង្វាយមកថ្វាយទ្រង់ (លោកុប្បត្ដិ ២៖២, ៣)។ នេះសរបញ្ជាក់អោយឃើញថា ថ្ងៃឈប់សម្រាកត្រូវបានចែកដាច់ដោយឡែកពីការថ្វាយតង្វាយបូជាផ្សេងៗដែលមនុស្សបានថ្វាយដល់ព្រះ។ ដូច្នេះ ថ្ងៃឈប់សម្រាកនៅតែបន្តជាផ្នែកមួយនៃជីវិតនៅលើផែនដីថ្មី។ គ្មានកន្លែងណានៅក្នុងព្រះគម្ពីរដែលយើងឃើញភស្តុតាងណាមួយមកបញ្ជាក់ថា ព្រះបានត្រាស់បង្គាប់អោយរាស្ត្ររបស់ ទ្រង់ថ្វាយបង្គំទ្រង់នៅថ្ងៃចូលខែ១ឡើយ។ ប៉ុន្តែ ប្រហែលជានៅលើផែនដីថ្មី ថ្ងៃចូលខែ១ នឹងបានជាថ្ងៃគោរពថ្វាយបង្គំទេដឹង។ (ប៉ុន្តែ ថ្ងៃឈប់សម្រាកផ្សេងៗមិនដូចគ្នានឹងថ្ងៃទី៧ទេ)។ ប្រហែលជាថ្ងៃចូលខែ១ មានទំនាក់ទំនងគ្នាពិសេសជាមួយនឹងដើមឈើជីវិតឬយ៉ាងណា។ នៅក្នុងខគម្ពីរវិវរណៈ ២២៖២ យើងដឹងថា ដើមជីវិតបង្កើតផលផ្លែជារៀងរាល់ខែ១២ដងក្នុងមួយឆ្នាំ។ យើងប្រហែលជាមិនដឹងច្បាស់ថាគម្ពីរអេសាយ៦៦៖២៣ មានន័យយ៉ាងដូចម្តេចអោយប្រាកដនោះទេ។ ប៉ុន្តែ អ្វីដែលសំខាន់បំផុតនៅ ក្នុងខនេះបង្ហាញយើងថា មនុស្សដែលព្រះជួយសង្គ្រោះនឹងថ្វាយបង្គំទ្រង់ជារៀងរហូតតទៅ។

តើហេតុអ្វីបានជាហោរាអេសាយបញ្ចប់សៀវភៅរបស់គាត់ជាមួយនឹងទិដ្ឋភាពដ៏អាក្រក់ស្តីអំពីមនុស្សដែលបានសង្រ្គោះសម្លឹងមើលសាកសពមនុស្សអាក្រក់ដែលត្រូវបានបំផ្លាញដោយព្រះ (អេសាយ ៦៦៖២៤)?

---------------------------------------------------------------------------------------

លោកអេសាយចង់ព្រមានដល់រាស្ត្ររបស់ខ្លួនកុំអោយមានចិត្តងាករេចេញពីព្រះ។ ដូច្នេះហើយ បានជាអេសាយបង្ហាញពួកគេអំពីអ្វីដែលនឹងកើតឡើងចំពោះអ្នកដែលបានសង្រ្គោះនិងអស់អ្នកដែលត្រូវបំផ្លាញដោយព្រះជាម្ចាស់។ តើលោកអ្នកបានឃើញទេថាមនុស្សអាក្រក់នឹងត្រូវស្លាប់? នេះបង្ហាញយើងថា ព្រះនឹងមិនដុតសាកសពមនុស្សអាក្រក់ជារៀងរហូតនោះទេ។ ភ្លើងនឹងឆេះតែដរាបណាដែលវាត្រូវការដុត។ បន្ទាប់ពីវាបានបំពេញកិច្ចការវារួចហើយ នោះវានឹងរលត់វិញ។ បន្ទាប់មក ព្រះនឹងស្ថាបនាក្រុង យេរូសាឡិមថ្មីឡើងវិញម្តងទៀត។

ថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១

សិក្សាបន្ថែម

សូមអាន On the final cleansing of planet Earth from sin, read Ellen G. White, “The Controversy Ended,” in The Great Controversy, pp. 662-678។

«ពេលវេលានៅស្ថានសួគ៌នឹងកន្លងផុតទៅ។ នៅទីនោះពីមួយឆ្នាំទៅមួយឆ្នាំយើងនឹងឃើញនូវសេចក្ដីពិតដ៏អស្ចារ្យកាន់តែច្បាស់ទៅៗអំពីព្រះវរបិតា និងព្រះយេស៊ូវ។ ចំណេះដឹងរបស់យើងនឹង រីកចម្រើនឡើង។ សេចក្ដីស្រឡាញ់ ការគោរពប្រតិបត្តិចំពោះព្រះ ហើយនិងសុភមង្គលនឹងលូតលាស់ឡើងផងដែរ។ កាលណាមនុស្សជាតិបានរៀនអំពីព្រះកាន់តែច្រើន ពួកគេនឹងស្រឡាញ់ទ្រង់កាន់តែខ្លាំង។ ព្រះយេស៊ូវនឹងបង្ហាញយើងបន្ថែមទៀតអំពីសេចក្តីពិតដ៏អស្ចារ្យស្តីអំពីផែនការរបស់ព្រះវរបិតាដើម្បីជួយសង្គ្រោះយើងរាល់គ្នា។ ព្រះយេស៊ូវនឹងបង្ហាញយើងនូវអ្វីគ្រប់យ៉ាងដែលព្រះវរបិតាបានធ្វើដើម្បីយកជ័យជំនះលើសាតាំង។ នោះចិត្តរបស់យើងរាល់គ្នានឹងបានពោរពេញទៅដោយសេចក្តីស្រឡាញ់និងការគោរពចំពោះព្រះវរបិតាកាន់តែខ្លាំងឡើង។ យើងនឹងលេងពិណមាសថ្វាយព្រះដោយអំណរ។ សំឡេងជាច្រើន នឹងរួមប្រគុំគ្នាច្រៀងសរសើរតម្កើងដល់ព្រះ។ «នោះខ្ញុំក៏ឮគ្រប់ទាំងអស់ដែលមានជីវិតនៅស្ថានសួគ៌ នៅផែនដី នៅក្រោមដី ហើយនៅក្នុងសមុទ្រ និងគ្រប់ទាំងអស់ដែលនៅស្ថានទាំងនោះនិយាយថា សូមថ្វាយព្រះពរ កិត្តិនាម សិរីល្អ និងព្រះចេស្តាដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ហើយដល់កូនចៀមនៅអស់កល្បជានិច្ចរៀងរាបតទៅ» (វិវរណៈ ៥៖១៣)។

មហាវិវាទដែលបានកើតឡើងជាសកលរវាងព្រះ និងសាតាំងបានឈានដល់ទីបញ្ចប់ហើយ។ អំពើបាបនិងមនុស្សមានបាបត្រូវបានបំផ្លាញ។ ផ្ទៃមេឃនិងផែនដីក៏បានស្អាតឡើងវិញដែរ។ សន្តិភាពនិងសេចក្តីអំណរកើតមានពោរពេញឡើងចំពោះមនុស្សគ្រប់គ្នា និងរបស់សព្វសារពើទាំងអស់ផង។ ព្រះ ជាម្ចាស់ទ្រង់ជាអ្នកដែលបង្កើតរាល់របស់សព្វសារពើ។ ទ្រង់បានផ្តល់ជីវិត សេចក្តីពិត និងសេចក្តីអំណរមកដល់របស់គ្រប់យ៉ាងដែលទ្រង់បានបង្កើតបានធ្វើ។ របស់សព្វសារពើចាប់ពីរូបធាតុតូចបំផុតដែលទ្រង់បានបង្កើតរហូតដល់ពិភពធំៗ គឺមានភាពគ្រប់លក្ខណ៍នៅតាមសភាពដ៏ស្រស់ត្រកាលរបស់វា។ ភាពស្រស់ស្អាតនៃរបស់សព្វសារពើបានសម្តែងថាព្រះវរបិតាជាព្រះនៃសេចក្ដីស្រឡាញ់»។ ដកស្រង់ពី Ellen G. White, The Great Controversy, page 678, adapted។ ​

សំនួរពិភាក្សា៖
  1. តើហេតុអ្វីបានជាសេចក្ដីសន្យាស្តីអំពីជីវិតដ៏អស់កល្បជានិច្ចនៅលើស្ថានសួគ៌និងផែនដីថ្មីមានសារសំខាន់ចំពោះជំនឿគ្រិស្ដសាសនារបស់យើង? តើសេចក្តីជំនឿរបស់យើងមានប្រយោជន៍អ្វីទៀតប្រសិនបើគ្មានសេចក្តីសន្យានេះ?

  2. សូមអានខគម្ពីពេត្រុសទី២ ៣៖១០-១៤។ តើខគម្ពីរទាំងនេះបង្រៀននូវគំនិតដូចគ្នាដែលបង្ហាញនៅក្នុងបទគម្ពីរអេសាយ៦៦យ៉ាងដូចម្តេច? ​ ​

រឿងខ្លី

បញ្ហាសំបកកង់

Jeans

លោកអ៊ីលីយ៉ា គុលទូកជាគ្រូគង្វាលនិងព្រឹទ្ធបុរសនៅសាកលវិទ្យាល័យអាត់វេនទីស្ទសាវស្គី នៃប្រទេសរុស្ស៊ី ។ លោក និងភរិយារបស់លោកបានបើកឡានទៅសំរាកវិស្សមកាលមួយនៅក្នុងតំបន់ដែលគេហៅថា សមុទ្រខ្មៅ។ ក្រោយពីបើកឡានចេញទៅបានប្រហែលជាដប់ម៉ោងរួចមករថយន្តរបស់លោកក៏ចាប់ផ្តើមមានបញ្ហាសំបកកង់ ឮសូរតែ ប៉ុប! ប៉ុប! ប៉ុប! អ៊ីលីយ៉ាមិនដឹងប្រាកដថា មានអ្វីខុសប្រក្រតីនោះទេ ។ ប៉ុប! ប៉ុប! ប៉ុប! គាត់បានឈប់ឡានហើយក៏ចេញទៅពិនិត្យមើល។ ដោយឈរឈ្ងោកមើលនៅពីលើកង់ឡាន លោកមើលមិនដឹងថា វាមានបញ្ហាអ្វីនោះឡើយ។ លោកក៏បានអធិស្ឋានជាមួយនឹងប្រពន្ធរបស់លោក។ លោកបានអធិស្ឋានថា៖ «ឱព្រះវរបិតាអើយ! យើងខ្ញុំកំពុងមានបញ្ហាជាមួយកង់ឡាន សូមទ្រង់ជួយយើងខ្ញុំផង»។ កាលបានអធិស្ឋានចប់សព្វគ្រប់ហើយ លោកអ៊ីលីយ៉ាក៏បានត្រឡប់មកកាន់ចង្កូតឡានវិញ ហើយក៏បើកបន្តទៅមុខទៀត។ សំឡេងក៏លាន់ឮកាន់តែខ្លាំងឡើងៗ ប៉ុប! ប៉ុប! ប៉ុប!។ អ៊ីលីយ៉ា និងភរិយារបស់លោកធ្វើដំណើរបានចម្ងាយដី១០០០គីឡូម៉ែត្រ។ មិនងាយនឹងទេ ប្រសិនបើពួកគេត្រឡប់ទៅផ្ទះវិញនោះ។ ពួកគេនៅសល់ចម្ងាយដី៤០០គីឡូម៉ែត្រទៀតទើបបានទៅដល់គោលដៅ។ ប៉ុប! ប៉ុប! ប៉ុប! អ៊ីលីយ៉ាបានអធិស្ឋានយ៉ាងស្ងៀមស្ងាត់។ ភ្លាមៗនោះលោកក៏បានឮសំឡេងបុរសម្នាក់និយាយថា៖ «សូមឈប់នៅហាងជួសជុលរថយន្តនោះទៅ ហើយចូលទៅរកជាងមេកានិចដែលនៅខាងក្នុង»។ ដោយការភ្ញាក់ផ្អើល លោកក៏បានមើលតាមបង្អួចរថយន្តហើយឃើញថាមានហាងជួសជុលរថយន្តមួយកន្លែងមែន។ លោកបានចតឡាន ហើយបានឃើញបុរសពីរនាក់កំពុងអង្គុយនិយាយគ្នាដូចជាគ្មានការងារធ្វើអ៊ីចឹង។ អ៊ីលីយ៉ាបានសួរថា៖ «តើអ្នកអាចជួយខ្ញុំបានទេ? រថយន្តរបស់ខ្ញុំកំពុងតែមានសំឡេងរំខាន»។ ជាងក៏បានត្រួតពិនិត្យរថយន្តនោះ។ ពួកគេបានបង្វិលកង់ឡានចុះឡើងៗ និងបានធ្វើសកម្មភាពផ្សេងៗទៀត ។ ជាចុងក្រោយជាងមេកានិកម្នាក់ក៏បាននិយាយថា៖ «អាចចូលឡានបាន ហើយអ្នកអាចទៅបានហើយ»។ អ៊ីលីយ៉ាក៏បាននិយាយថា៖ «អរគុណ តើខ្ញុំត្រូវជូនអ្នកប៉ុន្មានដែរ?» ជាងម្នាក់នោះបានមានប្រសាសន៍ថា៖ «៣ដុល្លារ»។ លោកអ៊ីលីយ៉ាក៏បានរកឃើញ៣ដុល្លារ និងសៀវភៅដំណឹងល្អតាមរយៈលោកយ៉ូហានខ្នាតតូចមួយក្បាល។ គាត់បានស៊កលុយនៅក្នុងសៀវភៅ ហើយក៏បានប្រគល់ទៅអោយជាង។ ដោយភាពភ្ញាក់ផ្អើលជាងម្នាក់បានសួរថា៖ «តើនេះជាអ្វី?» អ៊ីលីយ៉ាបាននិយាយថា៖ «ដំណឹងល្អ»។ ជាងកាន់តែមានការភ្ញាក់ផ្អើលឡើង។ តើអ្នកជាគ្រូគង្វាលមែនទេ? ជាងម្នាក់ទៀតបានសួរ។ អ៊ីលីយ៉ា ក៏បានងក់ក្បាល ។ ទឹកមុខរបស់ជាងនោះបានភ្លឺថ្លាឡើងដោយក្ដីអំណរ។ ពួកគេបានយកលុយ៣ដុល្លារ ចេញពីសៀវភៅហើយប្រគល់វាទៅអោយអ៊ីលីយ៉ាវិញ។ ជាងម្នាក់ក្នុងចំណោមពួកគេបានលើកសៀវភៅនេះឡើងហើយបាននិយាយថា៖ «ព្រះបានបញ្ជូនសៀវភៅនេះមកអោយពួកយើង»។ យើងទើបតែបាននិយាយអំពីព្រះនៅពេលដែលអ្នកបានមកដល់។ ​ ​

អំណានដង្វាយប្រចាំសប្តាហ៍

នៅពេលដែលលោកណូអេបានយកព្រះទុកជាទី១

ការយកព្រះទុកជាទី១មិនមែនជារឿងងាយស្រួលឡើយ។ តើយើងអាចរៀនបានអ្វីខ្លះពីលោកណូអេដែលនឹងជួយយើងរាល់គ្នាឲ្យយកព្រះទុកជាទី១ក្នុងជីវិតរបស់យើងសព្វថ្ងៃនេះ?

ប្រសិនបើលោកអ្នកធ្លាប់មានអារម្មណ៍ថាមនុស្សទាំងឡាយនៅក្នុងទីក្រុងរបស់លោកមិនខ្វល់ខ្វាយអំពីព្រះ លោកអ្នកត្រូវដឹងថាលោកណូអេក៏មានអារម្មណ៍បែបនោះដែរ។ តាមពិតទៅ ពួកគេមិនត្រឹមតែមិនខ្វល់ខ្វាយអំពីព្រះតែប៉ុណ្ណោះទេ ពួកគេថែមទាំងមិនខ្វល់ខ្វាយអំពីមនុស្សលោក​ដូចគ្នាថែមទៀត។ ស្ថានភាពនឹងកាន់តែអាក្រក់ឡើងប្រសិនបើបណ្តោយឲ្យពួកគេបន្តប្រព្រឹត្តបែប​នោះតទៅទៀត មនុស្សគ្រប់គ្នាប្រាកដជាវិនាសទាំងស្រុងតែម្តង។

គឺនៅដំណាក់កាលនោះឯងដែលព្រះទ្រង់បានយាងចូលមកធ្វើអន្តរាគមន៍ដើម្បីសង្គ្រោះ​មនុស្សលោកជាគ្រាដំបូងបង្អស់។

ព្រះទ្រង់បានប្រាប់ឲ្យលោកណូអេយកព្រះទុកជាទី១ និងថ្វាយពេលវេលាមួយសតវត្សនៃជីវិតរបស់លោកដើម្បីកសាងទូកមួយ ហើយហៅមនុស្សគ្រប់គ្នាឲ្យកែប្រែចិត្ត និងផ្លាស់ប្តូរផ្លូវជីវិតរបស់ពួកគេចេញ។ លោកត្រូវបានគេសើចចំអក និងប្រមាថមើលងាយដោយមនុស្សដែលលោកបានផ្សាយប្រាប់ ប៉ុន្តែលោកមិនចុះចាញ់កណ្តាលទីឡើយ។ រៀងរាល់ថ្ងៃ លោកណូអេបានយក​ព្រះ​ទុកជាទី១ និងធ្វើតាមការណែនាំរបស់ព្រះជានិច្ច។

យើងទាំងអស់គ្នាសុទ្ធតែត្រូវល្បួងឲ្យយកគម្រោង និងអាទិភាពផ្ទាល់ខ្លួនទុកជាទី១។ លោកអ្នកប្រហែលជាអ្នកគ្រប់គ្រងលើធនធានជាច្រើន។ ឬមួយក៏លោកអ្នកកំពុងតែខំប្រឹងធ្វើយ៉ាងណាដើម្បីឲ្យដល់គោលដៅណាមួយ។ យើងរាល់គ្នាក៏ដូចជាលោកណូអេដែរ សុទ្ធតែខំប្រឹងប្រែងជារៀងរាល់សប្តាហ៍ រៀងរាល់ខែ ដើម្បីយកនគររបស់ព្រះទុកជាទី១។ ព្រះទ្រង់បានសន្យាថា របស់ដទៃផ្សេងទៀតនឹងត្រូវបានបន្ថែមឲ្យមកទៀត។ ហើយព្រះទ្រង់តែងតែរក្សាសេចក្តីសន្យារបស់ព្រះអង្គជានិច្ច។

ទីបំផុត ទឹកជំនន់ក៏បានមកដល់ ហើយទូកនោះក៏បានជួយសង្គ្រោះលោកណូអេ និងគ្រួសាររបស់លោកពីការវិនាសទាំងស្រុង។ មនុស្សជាតិក៏ត្រូវបានសង្គ្រោះឲ្យរួចជីវិតឡើង។

មនុស្សលោកដែលព្រះបានប្រើយើងឲ្យផ្សាយដំណឹងល្អអាចនឹងមើលងាយនិងសើចចំអកដាក់លោកអ្នកដូចជាជំនាន់លោកណូអេដែរ។ ប៉ុន្តែ មិនយូរទេ ព្រះជាម្ចាស់នឹងយាងមកសង្គ្រោះយើងរាល់គ្នាមិនខាន។ អស់អ្នកដែលយកព្រះទុកជាទី១នឹងបានឃើញលទ្ធផលនៃការខំប្រឹងប្រែងរបស់ខ្លួនដែលមានចំណែកជួយឲ្យមនុស្សដទៃទៀតបានសង្គ្រោះដែរ។

លោកណូអេបានយកព្រះទុកជាទី១តាមរយៈការខំប្រឹងប្រែងអារក្តារ និងដំដែកគោល​ដោយផ្ចិតផ្ចង់។ គំរូរបស់ពួកលោកដាស់តឿនយើងរាល់គ្នាឲ្យធ្វើតាមពួកលោក។ ខណៈ​ដែលពួកអ្នកជំនួយការប្រាក់ដង្វាយកំពុងប្រមូលប្រាក់ដង្វាយ សូមយើងរាល់គ្នា បានទទួលយក​ព្រះ​​ជាម្ចាស់​ទុកជាទី១ចុះ។

សេចក្តីអធិដ្ឋាន៖
ឱព្រះវរបិតាម្ចាស់សួគ៌ យើងរាល់គ្នាថ្វាយបង្គំព្រះអង្គព្រឹកនេះ ដោយភ្ជាប់មកជាមួយនូវប្រាក់ដង្វាយ១០ហូត១ និងដង្វាយសទ្ធា។ យើងសូមអធិដ្ឋានឲ្យព្រះអង្គប្រទានសេចក្តីក្លាហានដល់យើងរាល់គ្នាឲ្យយកទ្រង់ទុកជាទី១ក្នុងជីវិតរបស់យើងរាល់គ្នា។ សូមអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវ។ អាម៉ែន។ ​

Powered by CAM