«ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹក ឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀនឲ្យគេកាន់តាម គ្រប់ទាំងសេចក្តី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជា រាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប» (ម៉ាថាយ ២៨៖១៩, ២០)។
មនុស្សទូទាំងពិភពលោកតែងតែប្រឈមមុខនឹងបញ្ហាអ្វីមួយ ដែលអ្នកនិពន្ធអាហ្វ្រិកខាងត្បូង លូរិនស៍ វែនឌឺរ ផុសថ៍ ហៅថា៖ «បន្ទុកនៃភាពគ្មានន័យ»។ មនុស្សរកឃើញខ្លួនឯងជាមួយនឹងអំណោយទាននៃជីវិត ប៉ុន្តែពួកគេមិនដឹងថា ត្រូវធ្វើយ៉ាងដូចម្តេចជាមួយវា ក៏មិនដឹងថាគោលបំណងនៃអំណោយទាននេះគឺជាអ្វី ហើយមិនដឹងពីរបៀបនៃការប្រើប្រាស់វាដែរ។ វាគឺដូចជាការផ្តល់ឱ្យនរណាម្នាក់នូវបណ្ណាល័យមួយមានពោរពេញទៅដោយសៀវភៅដ៏កម្រ គឺបានត្រឹមតែយកសៀវភៅទាំងនោះទៅទុកចោលដោយមិនបានអាន ប៉ុន្តែប្រើវាដើម្បីបង្កាត់រងើកភ្លើងវិញ។ វាគឺពិតជាការខ្ជះខ្ជាយខ្លាំងណាស់ចំពោះអ្វីដែលមានតម្លៃបំផុត!
ទោះយ៉ាងណា សម្រាប់គ្រីស្ទបរិស័ទដែលមានសេចក្តីសញ្ញាថ្មី បញ្ហានោះមិនមែនជាបញ្ហាដែលពួកគេត្រូវតយុទ្ធជាមួយនោះទេ។ ផ្ទុយទៅវិញ អ្នកដែលស្គាល់ (ហើយមានពិសោធន៍ផ្ទាល់) នូវដំណឹងល្អដ៏អស្ចារ្យរបស់ព្រះអង្គសង្រ្គោះដែលត្រូវបានឆ្កាង និងមានព្រះជន្មរស់ឡើងវិញ ដែលព្រះអង្គបាន សុគតសំរាប់អំពើបាបរបស់មនុស្សគ្រប់ទីកន្លែងដើម្បីឱ្យពួកគេអាចមានជីវិតអស់កល្បជានិច្ច ដោយបានស្គាល់នូវសេចក្តីអំណររីករាយនេះ។ ដោយពិចារណាលើការអំពាវនាវដ៏ជាក់លាក់នៅក្នុងព្រះគម្ពីរម៉ាថាយ ២៨៖១៩, ២០ អ្នកជឿពិតប្រាកដ ត្រូវមានបេសកកម្ម និងគោលបំណងនៅក្នុងជីវិត នោះគឺដើម្បីផ្សព្វផ្សាយដល់ពិភពលោកនូវសេចក្តីពិតដ៏អស្ចារ្យដែលគាត់មានបទពិសោធន៍ផ្ទាល់នៅក្នុងព្រះគ្រីស្ទយេស៊ូវ។ នេះពិតជាឯកសិទ្ធិដ៏មានតម្លៃមែន! អ្វីៗផ្សេងទៀតដែលយើងធ្វើនៅក្នុងពិភពលោកនេះនឹងត្រូវបញ្ចប់។ ប៉ុន្តែការផ្សព្វផ្សាយដំណឹងល្អអំពីព្រះគ្រីស្ទដល់អ្នកដទៃនឹងបំផ្លាស់បំប្រែជីវិតរបស់ពួកគេជារៀងរហូត។ ពិតជាអស្ចារ្យមែន! យើងមានបេសកកម្មដ៏អស្ចារ្យ និងគោលបំណងជាក់លាក់ដើម្បីបម្រើព្រះ។
សូមបំបែកខគម្ពីរសម្រាប់ថ្ងៃនេះ នៅក្នុងផ្នែកដាច់ៗ និងគំនិតផ្សេងៗរបស់វា។ តើព្រះយេស៊ូវកំពុងប្រាប់យើងឲ្យធ្វើអ្វីខ្លះ ហើយតើកិច្ចការនីមួយៗរួមបញ្ចូលអ្វីខ្លះ? តើយើងមានសេចក្តីសន្យាអ្វីខ្លះដែលគួរតែផ្តល់ឱ្យយើងនូវសេចក្តីជំនឿ និងភាពក្លាហានដើម្បីធ្វើតាមអ្វីដែលព្រះគ្រីស្ទបានបង្គាប់?
ក្នុងនាមជាក្រុមជំនុំនៃសេចក្ដីសញ្ញាថ្មី យើងបានទទួលការផ្តល់ឯកសិទ្ធច្បាស់លាស់ពីព្រះអម្ចាស់ផ្ទាល់នៅក្នុងព្រះគម្ពីរម៉ាថាយ ២៨៖១៩, ២០។ មិនថាយើងជានរណា ស្ថិតនៅក្នុងស្ថានភាពបែបណានៃជីវិត ឬទោះបីស្ថិតនៅក្នុងកំរិតណាក៏ដោយ ក៏យើងទាំងអស់គ្នាមានតួនាទីអាចដើរតួជាអ្នកបម្រើព្រះបានដែរ។ តើអ្នកបានធ្វើអ្វីខ្លះដែរឬទេ? តើអ្នកអាចធ្វើឱ្យបានច្រើនជាងនេះទេ? តើថ្នាក់របស់អ្នកអាចធ្វើអ្វីខ្លះដើម្បីបំពេញផ្នែកនៃតួនាទីកាន់តែប្រសើរនៅក្នុងការងារនេះ?
ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១
សិក្សាបន្ថែម
សូមអាន Ellen G. White, “God’s People Delivered,” pp. 635–645, in The Great Controversy; “Rejoicing in the Lord,” pp. 115–126, in Steps to Christ។
«ព្រះរាជបុត្រាដ៏បរិសុទ្ធរបស់ព្រះទ្រង់គ្មានបាប ឬទុក្ខព្រួយផ្ទាល់ខ្លួនដែលព្រះអង្គត្រូវទទួលរងនោះទេ។ ទ្រង់បានរងអំពើបាបរបស់អ្នកដទៃ។ ដ្បិតព្រះអង្គបានទទួលរងទោសរបស់យើងរាល់គ្នាមកលើទ្រង់។ ព្រះអង្គបានផ្សារភា្ជប់ជាមួយយើងរាល់គ្នាតាមរយៈការអាណិតអាសូរ និងសេចក្តីស្រឡាញ់ ហើយក្នុងនាមជាអ្នកតំណាងនៃមនុស្សលោក ព្រះអង្គបានចុះចូលស្ម័គ្រចិត្តដើម្បីឱ្យគេបានប្រព្រឹត្តមកលើព្រះអង្គទុកដូចជាជនល្មើសច្បាប់។ ព្រះអង្គបានក្រឡេកមើលទៅក្នុងទីដ៏ជ្រៅបំផុតនៃសេចក្ដីវេទនាដែលអំពើបាបបានបំបែកបំបាក់យើងឱ្យឃ្លាតចេញពីព្រះ។ ហើយព្រះអង្គបានសន្យាថានឹងធ្វើជាស្ពានដើម្បីផ្សារភ្ជាប់មនុស្សជាមួយនឹងព្រះវិញ»។ ដកស្រង់ចេញពី Ellen G. White, Bible Echo and Signs of the Times, Aug. 1, 1892។
«សូមបងប្អូនស្ងួនភា្ងរបស់ខ្ញុំអញ្ជើញមក ជាអ្នកមានបាប ហើយទោះជាកខ្វក់យ៉ាងណាក្តី។ ចូរផ្ទេររាល់បន្ទុកនៃកំហុសរបស់អ្នកទៅលើព្រះយេស៊ូវ។ ហើយដោយជំនឿ នោះអ្នកនឹងទទួលបាននូវព្រះគុណនៃជីវិតរបស់ព្រះអង្គផ្ទាល់។ សូមមកឥឡូវនេះ នៅពេលដែលសេចក្តីមេត្តាករុណាកំពុងតែ ដង្ហោយហៅនៅឡើយ។ ចូរមកជាមួយការលន់តួសារភាពបាប ភាពខ្ទេចខ្ទាំនៃព្រលឹងវិញ្ញាណ នោះព្រះនឹងលើកលែងទោសអ្នកយ៉ាងពេញបរិបូណ៌។ សូមកុំធ្វើព្រងើយកន្តើយរង់ចាំឱកាសមួយផ្សេងទៀត។ ចូរស្តាប់សំឡេងនៃសេចក្តីមេត្តាដែលឥឡូវនេះអង្វរអ្នកឱ្យក្រោកពីស្លាប់ឡើងវិញ ដែលព្រះគ្រីស្ទនឹងផ្តល់ពន្លឺដល់អ្នក។ បន្ទាប់មក ចូរកុំឱ្យអំនួត និងការមិនជឿរបស់អ្នកនាំឱ្យអ្នកនៅតែច្រានចោលនូវសេចក្តីមេត្តាករុណាតទៅទៀត។ ប្រសិនបើអ្នកបន្តធ្វើដូច្នេះ នោះអ្នកនឹងត្រូវរងទុក្ខតែឯងនៅទីបញ្ចប់៖ «រដូវច្រូតកាត់បានកន្លងហើយ រដូវក្តៅក៏ផុតទៅ តែយើងរាល់គ្នាមិនទាន់បានសង្គ្រោះនៅឡើយ»។ ដកស្រង់ចេញ ពី Ellen G. White, Testimonies for the Church, vol. 5, p. 353។
សំនួរពិភាក្សា៖
- លោកហ្វ្រង់ស៊ីស្កូ ហូសេ ម៉ូរេណូ បានសរសេរថា៖ «យើងមើលឃើញខ្លួនយើងតូចតាចណាស់ ប្រៀបធៀបទៅនឹងភពផ្សេងៗទៀត។ ហើយយើងដឹងថាយើងយល់បានតិចតូចណាស់ និងគ្មានអំណាចអ្វីដើម្បីគេចផុតពីសេចក្តីស្លាប់នៅគ្រាចុងក្រោយរបស់យើងបានទេ។ ហេតុនេះហើយបានជាយើងមានការភ័យខ្លាច»។ ដកស្រង់ពីសៀវភៅ ㅠBetween Faith and Reason: Basic Fear and the Human Condition (New York: Harper & Row, Publishers, 1977), p. 7។ ចូរប្រៀបធៀបសេចក្តីថ្លែងនេះជាមួយនឹងអ្វីដែលអ្នកបានសិក្សាក្នុងសប្តាហ៍នេះនៅក្នុងខគម្ពីរអេភេសូរ ៣៖១៧-១៩។ សូមពិភាក្សាអំពីភាពខុសគ្នារវាងសំណេរទាំងពីរនេះ។
- ព្រះជាម្ចាស់បានសន្យាថានឹងឱ្យយើងមានសេចក្តីអំណរជាអ្នកជឿលើព្រះយេស៊ូវ។ តើសេចក្តីអំណរដូចគ្នាទៅនឹងសុភមង្គលដែរឬទេ? តើយើងគួរសប្បាយចិត្តជានិច្ចទេ? ប្រសិនបើយើងមិនមាន តើមានអ្វីខុសប្រក្រតីជាមួយបទពិសោធន៍គ្រីស្ទានរបស់យើងទេ? តើជីវិតរបស់ព្រះយេស៊ូវអាចបង្ហាញអ្វីដែលនឹងជួយឱ្យយើងយល់ពីចម្លើយចំពោះសំណួរទាំងនេះ?៣) ចូរពិភាក្សាបន្ថែមទៀតអំពីការដែលបាន «គ្រប់ទាំងសេចក្តីពោរពេញរបស់ផងព្រះ» (អេភេសូរ ៣៖១៩)។ តើវាមានន័យដូចម្តេច? តើយើងអាចទទួលនូវបទពិសោធន៍នេះនៅក្នុងជីវិតរបស់យើងបានយ៉ាងដូចម្តេច?
រឿងខ្លី
ព្រះគឺមានពិតប្រាកដ
គ្រីស្ទៀន ស៊ូរេស Cristian Suárez បានចាប់ផ្តើមប្រើប្រាស់គ្រឿងញៀនតាំងពីអាយុ១៤ឆ្នាំ នៅឯប្រទេសកូឡុំប៊ី។ កាលនៅអាយុ១៨ឆ្នាំ គាត់គឺជាអ្នកប្រើប្រាស់គ្រឿងញៀនពេញទំហឹង និងបានក្លាយជាតារាតន្រ្តីរ៉ុកដ៏លេចធ្លោមួយរូបបន្ទាប់ពីបានឈ្នះការសម្តែងជ្រើសរើសឲ្យចូលរួមក្រុមតន្ត្រីរ៉ុកដ៏ល្បីមួយ។ គាត់បានគិតថា គាត់បានឈានដល់កំរិតកំពូល ដោយការលេងភ្លេងទៅកាន់ទស្សនិកជនជាច្រើននៅក្នុង ពហុកីឡដ្ឋានបាល់ទាត់ដែលលក់ដាច់បំផុត។ នៅពេលគាត់មានអាយុ២១ឆ្នាំ គាត់បានសំរេចចិត្តថា នឹងប្រកបអាជីពនេះតែម្នាក់ឯង ប៉ុន្តែក្តីសុបិនរបស់គាត់ត្រូវបរាជ័យ។ បន្ទាប់ពី១ឆ្នាំនៃភាពតោកយ៉ាកដ៏គួរឱ្យភ័យខ្លាចក្នុងភាពឯកោ គាត់រស់នៅតែលតោល គ្មានប្រាក់កាស ឬផ្ទះសម្តែងអ្វីឡើយ។ គាត់ក៏បានវិលត្រឡប់មករស់នៅជាមួយម្តាយ របស់គាត់វិញ។ គ្រឿងញៀនហាក់ដូចជាជម្រកតែមួយគត់របស់គាត់។
គ្រីស្ទៀនមិនដែលជឿលើព្រះទេ។ ប៉ុន្តែ គាត់មានពេញដោយភាពសោកសៅ ហើយនៅក្នុងផ្ទះតែម្នាក់ឯង។ មានពេលមួយនោះ គាត់ក៏បានងើបមុខឡើង ហើយបានពោលថា៖ «ព្រះអង្គអើយ ខ្ញុំមិនដឹងថា ទ្រង់ជានរណាទេ។ ខ្ញុំថែមទាំងមិនជឿលើព្រះអង្គទៀតផង។ ប៉ុន្តែ ប្រសិនបើព្រះអង្គមានពិត ប្រសិនបើព្រះអង្គ ពិតជាមានព្រះជន្មរស់នៅពិត គឺខ្ញុំត្រូវការឱ្យព្រះអង្គប្រាប់ខ្ញុំ។ ប្រសិនបើព្រះអង្គប្រាប់ខ្ញុំថា ខ្ញុំពិតជានរណា នោះខ្ញុំនឹងដើរតាមទ្រង់ជាមិនខាន»។ ភ្លាមៗនោះ ទូរស័ព្ទដៃរបស់គាត់ក៏បានរោទិ៍ឡើង។ ស្ត្រីចំណាស់ម្នាក់បាននិយាយថា៖ «សួស្តី តើខ្ញុំអាចនិយាយជាមួយនឹងគ្រីស្ទៀន ស៊ូរេសបានទេ»? គាត់បានឆ្លើយតបថា៖ «អ្នកកំពុងតែនិយាយជាមួយគាត់ហើយ។ តើអ្នកមានការអ្វីដែរ?» អ៊ុំស្រីចំណាស់ម្នាក់នោះបាននិយាយថា៖ «គ្រីស្ទៀន ខ្ញុំបានទូរស័ព្ទមកប្រាប់អ្នកថា ព្រះគឺមានពិត»។ ភ្លាមនោះ គ្រីស្ទៀនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះអ្នកដែលបានទូរស័ព្ទមកកាន់គាត់ បាននិយាយពាក្យចំៗទៅនឹងអ្វីដែលគាត់បានទូលសុំពីព្រះដើម្បីឱ្យគាត់អាចជឿទៅលើទ្រង់។ គ្រីស្ទៀន បានសួរថា៖ «តើអ្នកមានឈ្មោះអ្វីដែរ?» ពេលអ៊ុំស្រីបានប្រាប់ថា គាត់ឈ្មោះនូលបៀរ គឺគាត់មិនដែលធ្លាប់បាននឹកចាំពីឈ្មោះរបស់អ៊ុំស្រីម្នាក់នោះទេ។ គាត់បានប្រាប់ថា គាត់គឺជាបងស្រីរបស់លោកលីអូអាល់ដូរ ជាម្នាក់ក្នុងចំណោមមិត្តភក្តិតន្ត្រីរបស់អ្នក។ គាត់មានអាយុ៦៥ឆ្នាំហើយ។ គ្រីស្ទៀនក៏បន្តសួរទៀតថា៖ «ហេតុអ្វីបានជាអ្នកប្រាប់ខ្ញុំយ៉ាងលំអិតនូវរឿងទាំងនោះ?»
អ៊ុំស្រីបាននិយាយថា គ្រីស្ទៀនបានមកលេងផ្ទះរបស់គាត់ជាលើកដំបូងកាលពីជាងពីរសប្តាហ៍មុន ដើម្បីយកប្អូនប្រុសរបស់គាត់ សម្រាប់ការហាត់សមមួយ។ នៅយប់នោះ អ៊ុំស្រីក៏បានអធិស្ឋានថា៖ «ព្រះអម្ចាស់អើយ បុរសម្នាក់នេះពិតជាត្រូវ ការព្រះអង្គណាស់»! គាត់បានលេខទូរស័ព្ទរបស់គ្រីស្ទៀនពីប្អូនប្រុសរបស់គាត់ ហើយពីរសប្តាហ៍ក្រោយមក គាត់មានអារម្មណ៍ឆេះឆួលក្នុងចិត្ត ក៏បណ្តាលឱ្យគាត់ទូរស័ព្ទទៅរកគ្រីស្ទៀន។ គាត់បានអធិស្ឋានថា៖ «ឱព្រះអម្ចាស់អើយ សូមប្រើប្រាស់ទូលបង្គំផង»។ រួចហើយគាត់ក៏បានខលរកគ្រីស្ទៀន។
គ្រីស្ទៀនមានការរំភើបចិត្តជាខ្លាំង ក៏បានទូរស័ព្ទទៅរកមិត្តភក្តិម្នាក់ទៀត ឈ្មោះអាល់ហ្វុនសូ ដោយរៀបរាប់ប្រាប់គាត់អំពីរឿងទាំងនោះ។ អាល់ហ្វុនសូរបានឮសូរប្លែកនៅក្នុងសំឡេងរបស់គាត់ ហើយសុំឱ្យគ្រីស្ទៀនមកឯផ្ទះរបស់គាត់។ គាត់បានជួបគ្រីស្ទៀនជាមួយព្រះគម្ពីរមួយនៅក្នុងដៃរបស់គាត់។ គ្រីស្ទៀនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយព្រោះអាល់ហ្វុនសូមិនដែលនិយាយអំពីរឿងព្រះប្រាប់គាត់ជាច្រើនឆ្នាំកន្លងមក ទោះបីជាពួកគេបានក្លាយជាមិត្ដភក្ដិអស់ជាច្រើនឆ្នាំកន្លងមកហើយក្តី។
នៅវេលាយប់នោះ អាល់ហ្វុនសូបានផ្តល់ការសិក្សាមេរៀនព្រះគម្ពីរយ៉ាងហ្មត់ចត់អំពីសេចក្តីជំនឿរបស់ព្រះវិហារសេវេនដេយ៍ អាត់វេនទីស្ទទៅកាន់គាត់។ បែរជាអាល់ហ្វាន់សូផ្ទាល់ចង់ក្លាយខ្លូនជាក្រុមជំនុំ ព្រះវិហារសេវេនដេយ៍អាត់វេនទីស្ទផងដែរ។ កន្លងបីខែក្រោយមក គ្រីស្ទៀនបានទទួលបុណ្យជ្រមុជទឹក និង លែងញៀនថ្នាំទៀតហើយ។ ជាង១០ឆ្នាំក្រោយមក គឺសព្វថ្ងៃនេះ គាត់កំពុងតែសិក្សារៀនសូត្រដើម្បីក្លាយជាគ្រូ គង្វាលម្នាក់នៅឯសាកលវិទ្យាល័យកូឡុំប៊ីអាត់វែនទីស្ទនារដ្ឋមេដេលីន ប្រទេសកូឡុំប៊ី។ អាល់ហ្វុនសូក៏បានចូលរួមក្នុងព្រះវិហារអាត់វែនទីស្ទផងដែរ។ គ្រីស្ទៀនក៏លែងមានមន្ទិលសង្ស័យអំពីព្រះទៀតឡើយ។ គាត់បានមានប្រសាសន៍ថា៖ «គ្មានអ្វីដែលមិនអាចធ្វើទៅរួចទេសម្រាប់ព្រះ»។ ការផ្តល់ដង្វាយសម្រាប់ថ្ងៃសប្បាតហ៍ទី១៣នៃត្រីមាសនេះ នឹងជួយទំនុកបំរុងការបើកមជ្ឈមណ្ឌលបណ្តុះបណ្តាលបេសកជននៅឯសាកលវិទ្យាល័យកូឡុំប៊ីអាត់វែនទីស្ទ។
អំណានដង្វាយប្រចាំសប្តាហ៍
នៅពេលដែលលុយស៊ីហ្វ័របដិសេធមិនយកព្រះទុកជាទីមួយ
ការយកព្រះទុកជាទីមួយមិនមែនជារឿងងាយស្រួលឡើយ។ តើយើងអាចរៀនអ្វីខ្លះពីលុយស៊ីហ្វ័រដែលបានបដិសេធមិនយកព្រះទុកជាទីមួយ?
ជួនកាលយើងរង់ចាំទាល់តែគ្រប់យ៉ាងល្អឥតខ្ចោះជាមួយនឹងរឿងលុយកាក់និងជីវិតរបស់យើងសិនមុននឹងយើងស្មោះត្រង់នឹងរឿងប្រាក់ដង្វាយ១០ហូត១ និងសទ្ធា។ យើងប្រាប់ខ្លួនឯងថា «ប្រសិនបើបរិយាកាសល្អហើយ នោះខ្ញុំនឹងមិនមានបញ្ហាក្នុងការយកព្រះទុកជាទីមួយឡើយ។ ប្រសិនបើខ្ញុំបានឡើងតំណែង ប្រសិនបើការទាបជាងនេះបន្តិច ប្រសិនបើខ្ញុំបានកៀកជិតព្រះបន្តិចទៀត ប្រសិនបើ ប្រសិនបើ...»។ មានទេវតាមួយអង្គក្នុងចំណោមទេវតាដ៏មានអំណាចនិងសម្រស់ស្រស់បស់ល្អបំផុតធ្លាប់បានរស់នៅក្នុងបរិយាកាសដ៏គ្រប់លក្ខណ៍បំផុត និងបានឃើញព្រះជារៀងរាល់ថ្ងៃផង។ លក្ខណៈល្អឥតខ្ចោះនេះពុំបានជួយគាត់ឲ្យនៅស្មោះត្រង់រហូតឡើយ ពីព្រោះនេះគឺជាការសម្រេចចិត្តដែលយើងម្នាក់ៗត្រូវតែធ្វើឡើងទៅតាមកាលៈទេសៈដែលយើងកំពុងរស់នៅតាមដំណាក់កាលនីមួយៗ។
លុយស៊ីហ្វ័របានប្រែក្លាយជាមានអំនួតរហូតដល់ថ្នាក់មិនអាចយកព្រះទុកជាទីមួយបាន។ ភាពអាត្មានិយមរបស់គាត់គឺសំខាន់ខ្លាំងណាស់សម្រាប់មូលហេតុនោះ។ សេចក្តីត្រូវការរបស់លុយស៊ីហ្វ័រគឺសំខាន់ណាស់។ គឺគាត់ចង់ក្លាយជាព្រះខ្លួនឯងតែម្តង។ ពេលនោះគាត់អាចនឹងបង្កើតក្បួនច្បាប់ខ្លួនឯង និងបង្កើតស្នាដៃធំៗចេញពីជីវិតដោយគ្មានការជ្រៀតជ្រែកពីព្រះទៅលើសេរីភាពរបស់គាត់។ ហេតុអ្វីបានជាព្រះគួរតែទទួលបាននូវអ្វីៗដែលប្រសើរបំផុតចេញពីការថ្វាយបង្គំរបស់គាត់ និងការបម្រើរបស់គាត់?
អារម្មណ៍ទាំងនេះនៅតែស្ថិតនៅជាឫសគល់នៃការលំបាករបស់យើងក្នុងការយកព្រះទុកជាទីមួយក្នុងរឿងដង្វាយ១០ហូត១ និងដង្វាយសទ្ធារបស់យើង។ ភាពអាត្មានិយមរបស់យើង និងសេចក្តីត្រូវការរបស់យើងតែងតែចូលមករាំងផ្លូវរបស់យើង។ យើងគិតពីខ្លួនឯង និងទំហំនៃសេចក្តីត្រូវការលុយកាក់របស់យើងបើប្រៀបធៀបទៅនឹងពួកជំនុំ។ យើងប្រកែកថា «ព្រះជាម្ចាស់ពុំត្រូវការលុយកាក់នេះឡើយ។
បើគិតពីជ្រុងម្ខាង រឿងនេះហាក់ដូចជាត្រឹមត្រូវ។ ព្រះ និងព្រះវិហារពុំត្រូវការលុយកាក់របស់លោកអ្នកឡើយ។ ការថ្វាយរបស់យើងមានចំណែកតិចណាស់ក្នុងការឆ្លើយតបតាមសេចក្តីត្រូវការ ប៉ុន្តែវាបង្ហាញពីអំពីភាពស្មោះត្រង់ និងការបន្ទាបខ្លួនច្រើនជាង។ ព្រះគឺជាព្រះ រីឯយើងវិញគ្រាន់តែជាមនុស្សប៉ុណ្ណោះ។ ព្រះទ្រង់សូមឲ្យយើងថ្វាយដង្វាយ១០ហូត១គឺសម្រាប់ជាប្រយោជន៍ដល់យើងវិញ។ ដង្វាយ១០ហូត១ និងសទ្ធារបស់យើងគឺជាឱសថដ៏ធំសម្រាប់ព្យាបាលជំងឺលោភលន់ និងភាពអាត្មានិយមរបស់យើង។
ការរង់ចាំលក្ខណៈល្អឥតខ្ចោះនៃកាលៈទេសៈគឺជាមិនប្រាកដថាអាចជួយឲ្យយកព្រះទុកជាទីមួយក្នុងជិវិតបានឡើយ។ ព្រះទ្រង់កំពុងត្រាស់ហៅយើងរាល់គ្នាឲ្យយកភាពអាត្មានិយមរបស់យើងចុះចូលនឹងទ្រង់នៅថ្ងៃនេះ និងអនុញ្ញាតឲ្យទ្រង់បើកទ្វារស្ថានសួគ៌ដើម្បីចាក់ព្រះពរមកលើយើងរាល់គ្នា។
លុយស៊ីហ្វ័របានបដិសេធមិនយកព្រះទុកជាទីមួយ។ លទ្ធផលចេញមកគឺអាក្រក់ណាស់សំរាប់ពួកគេនិងមនុស្សដែលនៅជុំវិញពួកគេ។ គំរូអាក្រក់របស់គាត់បានដាស់តឿនយើងរាល់គ្នានៅថ្ងៃនេះ ហើយសេចក្តីស្រឡាញ់របស់ព្រះក៏ជម្រុញយើងឲ្យយកនគររបស់ព្រះទុកជាទីមួយដែរ។ ខណៈដែលអ្នកជំនួយការកំពុងប្រមូលប្រាក់ដង្វាយ សូមយកព្រះទុកជាទីមួយចុះ។